Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការក្លាយជាម្តាយម្នាក់ គឺពិតជាការប្រពៃណាស់ចំពោះអ្នកមានផែនការណ៍គ្រួសារច្បាស់លាស់។ ប៉ុន្ តែបើសិនអ្នកមិនបានទៅពិនិត្យសុខភាពមុនយកកូននោះទេ អ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើន ថែមទាំងអាចប្រឈមមុខនឹងវិបត្តិផ្លូវចិត្តទៀតផង។ ដូចនេះ ការពិនិត្យរកភាពមិនប្រក្រតីមុនយកកូន ជាកិច្ចការចាំបាច់មួយរបស់អនាគតម្តាយគ្រប់រូប។ ឧទាហរណ៍ដូចជា ការពិនិត្យរកម្រិតជាតិស្ករក្នុងឈាមជាដើម។ ការខ្វះ ឬលើសកម្រិតជាតិស្ករក្នុងឈាម គឺសុទ្ធតែជាបញ្ហាចោទឡើងទាំងអស់។   លោកវេជ្ជបណ្ឌិតឯកទេស ទូច ឃុន​​ នាយករងមន្ទីរពេទ្យ ព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានលើកឡើងថា ផលប៉ះពាល់មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមហើយមិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើង ហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក៕ ស្វែងយល់បន្ថែម៖  ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម មិនមែនសុទ្ធតែមិនអាចព្យាបាលជាសះស្បើយនោះទេ! នៅក្នុងស្រទាប់មហាជនបងប្អូនប្រជាជន តែងមានការយល់ឃើញថារាល់អ្នកជំងឺទឹកនោមផ្អែម ដែលមានដំបៅជើងសុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយ ហើយអាចប្រឈមនឹងការកាត់ជើងទៀតផង។ តើការយល់ឃើញខាងលើនេះជាការពិតដែរឬទេ? ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើន ដូចជា៖ ក) ដំបៅជើងប្រភេទទីមួយ៖ ជាដំបៅដែលកើតដោយសារការប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៅនឹងជើងរបស់អ្នកជំងឺ (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរឆ្នាំ ពួកគាត់អាចមានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់អាចមានសភាពស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចមានស្រមោចវារលើ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងកើតដំបៅ ជាពិសេសប្រសិនបើមានការប៉ះទង្គិចណាមួយ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬរឹបដោយស្បែកជើងដែលចង្អៀត ដែលបណ្តាលអោយមានការកកិត។ ដោយសារតែមានការប៉ះពាល់លើប្រព័ន្ធវិញ្ញាណ អ្នកជំងឺមិនដឹងពីការឈឺចាប់នោះទេ ដែលជាហេតុធ្វើអោយគាត់ធ្វេសប្រហែស មិនបានចាប់អារម្មណ៍ ឬមិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ។ នៅពេលដែលមិនមានការថែទាំត្រឹមត្រូវ ដំបៅទាំងនោះអាចនឹងមានការបង្កជាការក្លាយរោគ (Infection)។ ខ) ដំបៅប្រភេទទីពីរ៖ ជាដំបៅដែលបណ្តាលមកពីការស្ទះសរសៃឈាមដែលចិញ្ចឹមជើងទៅសងខាង។ នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍន៍រ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះក្រិន ដូច្នេះហើយ កម្រិតអុកស៊ីហ្ស៊ែន និងចំណីអាហារដែលរត់ ទៅតាម សរសៃឈាមទាំងនោះមានការថយចុះ វាមិនអាចទៅចិញ្ចឹមកោសិកានៅតាមចុងជើងរបស់អ្នកជំងឺបានឡើយ។ កោសិកាដែល ខ្វះចំណីអាហារ វានឹងខូចខាត ដែលជាហេតុអាចធ្វើអោយអ្នកជំងឺមានដំបៅ (Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺវាបង្កអោយមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក បន្តិចម្តងៗ ជើងរបស់គាត់ចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ប្រែពណ៌ទៅជាពណ៌ខ្មៅ។ ដំបៅអាចចេញលើម្រាមមួយ ឬច្រើន ទៅតាមស្ថានភាពនៃការស្ទះសរសៃឈាម។ ប្រសិនណាបើគាត់មិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការថែទាំត្រឹមត្រូវនោះទេ ដំបៅនោះក៏អាចមានការក្លាយរោគ (Infection)ផងដែរ។ គ) ប្រភេទដំបៅទីបី៖ កើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។  រាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុដែលបណ្តាលអោយមានដំបៅនោះ ថាតើវាមកពី Neuropathy ឬមួយ Arteriopathy ឬក៏បណ្តាលមកពីការលាយគ្នារវាង Neuropathy និង Arteriopathy ។ ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុដែលបង្កអោយមានដំបៅទាំងនោះ ព្រមទាំងឆាប់ព្យាបាលអោយបានទាន់ពេលវេលា។ ការយឺតយ៉ាវណាមួយ ក្នុងការស្វែងរកការព្យាបាល រឺក៏ព្យាបាលមិនបានត្រឹមត្រូវ ឧទាហរណ៍ការប្រើឱសថបុរាណ រឺមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុអោយបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចវិវឌ្ឍឈានទៅរកការព្យាបាលមិនជា ឬអាចឈានដល់ការកាត់អវយវៈ។  បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​  

Share

ជំងឺទឹកនោមផ្អែម​គឺជំងឺរ៉ាំរៃ ដែលមិនមែនបង្កឡើងដោយការមេរោគ ឬវីរុសណាមួយឡើយ។ ស្របពេលអត្រាអ្នកក់ើតជំងឺនេះមានការកើនឡើងខ្ពស់ក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីជំងឺនេះ តើជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ កើតឡើងលើមនុស្សប្រភេទណាច្រើនជាងគេ មានរោគសញ្ញា និងផលវិបាកយ៉ាងណាខ្លះ សូមស្តាប់ការបកស្រាយ​ពីលោកវេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម។  

Share

សំណួរ ៖ នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ម្តាយខ្ញុំមានជំងឺទឹកនោមផ្អែម១ឆ្នាំហើយ។ ខ្ញុំឮគេថាជំងឺនេះជាជំងឺតពូជ តើជាការពិតឬទេ? ហើយខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្ការកុំឲ្យកើតជំងឺនេះ? ចម្លើយ ៖ ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន។  ទោះជាយ៉ាងណាក៏ដោយ ៦០-៧០%ទៀតនៃមូលហេតុបង្កជាជំងឺទឹកនោមផ្អែម អាចបណ្តាលមកពីការបរិភោគ និងការរស់នៅប្រចាំថ្ងៃ។ ដូចនេះ កាឡូរីខ្ពស់ ឬអាហារប៉ូវ ដូចជាអាហារដែលមានជាតិស្ករខ្ពស់ ខ្លាញ់ សាច់ច្រើន និងមិនសូវមានបន្លែ។ អាហារទាំងនេះ ធ្វើឲ្យយើងឡើងទម្ងន់ និងបង្កើនការប្រើអាំងស៊ុយលីនមិនបានល្អ ហើយវាបង្កឲ្យជាតិស្ករកើនឡើង និងបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ក្នុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខ ប្រសិនបើអ្នកជំងឺមិនបានធ្វើការបញ្ចុះទម្ងន់មកវិញ។ គេឃើញថាប្រសិនបើយើងបញ្ចុះទម្ងន់៥%នៃទម្ងន់ខ្លួន និងជាអតិបរមា១០%នោះ អត្រានៃការកើតជំងឺទឹកនោមផ្អែមអាចចុះទាបជាង៥០%។ ការកាត់បន្ថយភាពតានតឹងក៏ចាំបាច់ដែរ ពោល គឺកុំធ្វើការងារណាដែលជាការងារគិតច្រើន ព្រោះវាអាចនាំឲ្យស្ត្រេស។ គេបានរកឃើញថា អ្នកមានការងារទទួលខុសត្រូវខ្ពស់ មានសម្ពាធអារម្មណ៍ខ្ពស់ ធ្វើឲ្យប្រឈមខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមលើសឈាម និងបេះដូងខ្ពស់ជាងគេ។  ត្រូវហាត់ប្រាណឲ្យបានញឹកញាប់ ដោយគ្រាន់តែដើរឲ្យញាប់ជាងធម្មតារយៈពេល៣០នាទីក្នុងមួយថ្ងៃ៥ថ្ងៃក្នុងមួយសប្តាហ៍។ វិធីទាំង៣ដែលបានរៀបរាប់ខាងលើ បើប្អូនអាចធ្វើបាននោះ ប្អូនអាចកាត់បន្ថយមិនឲ្យកើតជំងឺនេះបានពី៥០-៨០%។ ប្រសិនបើជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ រួមនឹងមានការប្រើប្រាស់ថ្នាំជាប្រចាំវិញនោះ ត្រូវតែដឹងមុនថា ជំងឺនោះកើតឡើងបណ្ដាលមកពីអ្វី។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីបញ្ហា អាលែ្លកហ្ស៊ី (ជំងឺហឺត) គឺតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំថ្ងៃ។ តែការប្រើប្រាស់ថ្នាំជាប្រចាំ មានច្រើនលក្ខណៈដោយឡែកៗពីគ្នាទៅតាមប្រភេទនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ចំពោះការព្យាបាលលើជំងឺរលាកទងសួតរ៉ាំរ៉ៃ ថាអាចជាសះ-ស្បើយ ឬ មិនជាអាស្រ័យទៅលើមូលហេតុបង្ក ដែលមូលហេតុខ្លះអាចព្យាបាលជា រីឯមូលហេតុខ្លះទៀតអាចត្រឹមកាត់បន្ថយ ឬ សម្រួលដល់ជីវភាពរស់នៅ និងសុខភាពអ្នកជំងឺឲ្យបានធូរស្បើយក្នុងរយៈពេលកំណត់ណាមួយប៉ុណ្ណោះដើម្បីប្រកបមុខរបរបានធម្មតា ដោយទាមទារឲ្យគាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។ បកស្រាយដោយ​ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌។      និយមន័យ ជំងឺទឹកនោមផ្អែម គឹជាការរុករាន និងការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះដែលគេហៅស្ត្រីនោះថា មានជំងឺទឹកនោមផ្អែមពេលកំពុងមានគភ៌។ កម្រិតជាតិស្ករនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះកើតជំងឺនេះ នឹងវិលមករកសភាពធម្មតាវិញនៅក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែ សូមកុំយល់ច្រឡំនឹងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ដែលមិនដឹងខ្លួន ឬមិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឹទឹកនោមផ្អែម។ ចំណុចនេះមានន័យថា ករណីមួយគឺគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២រួចមកហើយ ប៉ុន្តែពេលគាត់ចង់បានកូន ទោះគាត់សម្រាលកូនរួចហើយក៏ដោយ ក៏គាត់នៅតែត្រូវការព្យាបាលជាបន្តបន្ទាប់រហូត។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកឲ្យឃើញថា ជំងឺទឹកនោមផ្អែមកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះ គឺយើងត្រូវចែកឲ្យដាច់រវាងស្រ្តីមានផ្ទៃពោះហើយកើតជំងឺទឹកនោមផ្អែម និងស្រ្តីមានជំងឺទឹកនោមផ្អែម រួចហើយតែគាត់ចង់មានកូន។  •ចំពោះការវិនិច្ឆ័យ រកឲ្យឃើញជំងឹទឹកនោមផ្អែមលើស្រ្តីដែលកំពុងមានផ្ទៃពោះ៖  ត្រូវពឹងផ្អែកទៅលើតេស្តម៉្យាង ដើម្បីតាមដានរកកម្រិតជាតិស្ករក្នុងឈាម (ការធ្វើតេស្តគឺអាស្រ័យទៅលើបុគ្គលម្នាក់) បានធ្វើការបែងចែកចេញជាពីរផ្នែក។ ដូចជា គាត់ធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុនមក មានប្រវត្តិលើសទម្ងន់ ឬធ្លាប់មានឪពុកម្តាយកើតជំងឺទឹកនោមផ្អែម ឬធ្លាប់មានផ្ទៃពោះតែកូនស្លាប់ក្នុងផ្ទៃ ឬកូនមានក្បាលធំជាដើម។ ស្រ្តីប្រភេទដូចបានរៀបរាប់ខាងលើនេះ ការធ្វើតេស្តរកជាតិស្ករ និងការតមអាហារនៅពេលមានផ្ទៃពោះដំបូង គឺជាប្រការមួយដ៏សំខាន់។  •ចំណែកឯទីពីរ ចំពោះស្រ្តីផ្សេងទៀត ការរកមើលជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ គឺពឹងទៅលើតេស្តម៉្យាងដែលតម្រូវឲ្យស្រ្តីនោះញ៉ាំទឹកស្ករ រួចរកមើលកម្រិតជាតិស្ករក្នុងឈាមរយះពេលមួយម៉ោង ពីរម៉ោងឬបីម៉ោង។ ក្រោយពីការតេស្តហើយ ឲ្យញ៉ាំទឹកស្ករនោះទៀតទៅតាមបច្ចេកទេសរបស់វេជ្ជបណ្ឌិតជំនាញ ដូចជាតេស្តមួយដែលគេឲ្យឈ្មោះថា O’sullivan Test ជាដើម។ តេស្តនេះគឺត្រូវរកមើលចន្លោះសប្តាហ៍ទី២៤ និងទី២៨ នៃការមានផ្ទៃពោះបន្ទាប់ពីបាត់រដូវ។ មានន័យថា O’sullivana Test គេច្រើនតែធ្វើនៅពេលដែលស្ត្រីបាត់រដូវនៅសប្តាហ៍ទី២៤ និងទី២៨(ចំពោះអ្នកដែលមិនធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមក)។ គេអាចកត់សម្គាល់បានថាស្ត្រី អាចកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ កាលណាគាត់មានបញ្ហា យ៉ាងហោចណាស់មួយក្នុងចំណោមបញ្ហាដូចខាងក្រោមនេះ៖  •ប្រវត្តិគ្រួសារមានជំងឺទឺកមានផ្អែម ពិសេសឪពុកម្តាយ •មុនពេលមានផ្ទៃពោះ ធ្លាប់មានប្រវត្តិលើសទម្ងន់ធម្មតា ១០% •អាយុលើសពី២៥ឆ្នាំ •ធ្លាប់មានប្រវត្តិបញ្ហាវិបត្តិជាតិស្ករក្នុងឈាមដែលភាសាបច្ចេកទេសពេទ្យហៅថា Impaired Glucose Tolerance ដែលមានន័យថា បុគ្គលម្នាក់នេះ គាត់នៅចន្លោះអ្នកមានសុខភាពធម្មតា និងអ្នកមានជំងឺទឹកនោមផ្អែម។ •ធ្លាប់មានប្រវត្តិរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ ឬធ្លាប់សម្រាលកូនថ្លោសពេក ដែលមានន័យថា កូននោះមានទម្ងន់លើសពី ៤kg ឡើងទៅ។ មានផ្ទៃពោះច្រើនដង លើសពី៤ដងឡើងទៅ។      ចំពោះស្ត្រីមានលក្ខណៈដូចរៀបរាប់ខាងលើនេះ ចាំបាច់នៅពេលដែលពិនិត្យផ្ទៃពោះលើកដំបូង វេជ្ជបណ្ឌិតអាចធ្វើតេស្តរកមើលជំងឹទឹកនោមផ្អែម នៅពេលដែលគាត់មានផ្ទៃពោះសប្តាហ៍ទី២៤ និងទី២៨។ ភាគរយនៃករណីជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលស្រ្តីមានផ្ទៃពោះ បញ្ចាក់ថាស្រ្តីនោះគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនដឹងខ្លួន។ ថ្មីៗនេះ គេជួបប្រទះស្ត្រីមានផ្ទៃពោះមានជំងឹទឹកនោមផ្អែមប្រភេទទី២ មានការកើនឡើងជាលំដាប់ ចាប់តាំងពីគេរកឃើញជំងឺទឹកនោមផ្អែម កាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗ។ គេបានសម្គាល់ឃើញថា យ៉ាងហោចណាស់ ៥០% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលគាត់មានផ្ទៃពោះ គឺកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការព្យាបាល នៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមគោលការណ៍៤យ៉ាងដែលអ្នកជំងឺត្រួវគោរពឲ្យបាននោះគឺ : •ទី១ ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ •ទី២ ការប្រើប្រាស់ថ្នាំ •ទី៣ លំហាត់ប្រាណ •ទី៤ ការតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់។ គោលការណ៍ទាំង៤ខាងលើនេះ អ្នកជំងឺទឹកនោមផ្អែមត្រួវតែគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើងនៅពេលខាងមុខ។ បន្ថែមពីនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ ត្រូវធ្វើការតាមដាន និងព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានកាន់តែញឹកញាប់។ មានន័យថា ត្រូវណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមរៀងរាល់២សប្តាហ៍ម្តងរហូតដល់ពេលសម្រាល ដើម្បីឲ្យវេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យពីការវិវឌ្ឍនៃកម្រិតជាតិស្ករក្នុងឈាម ពីព្រោះការប្រើឱសថចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ពុំមែនប្រើនៅកម្រិតដដែលៗនោះទេ គឺត្រូវបង្កើនកម្រិតថ្នាំទៅតាមការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។      វិធានការព្យាបាលចំពោះស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដំបូង គឺ ៖ •ធ្វើការណែនាំឲ្យស្រ្តីនោះជួបប្រាស្រ័យជាមួយអ្នកឯកទេសខាងចំណីអាហារសិន ដើម្បីឲ្យគាត់វាយតម្លៃអំពីចំណីអាហារដែលអ្នកជំងឺគួរតែទទួលទានរាល់ថ្ងៃ (គិតជាប៉ុន្មានកាល់ឡូរី)។  •ប្រសិនបើ ការធ្វើរបបអាហារមិនអាចធ្វើឲ្យកម្រិតជាតិស្ករចុះមកត្រឹមគោលដៅដែលវេជ្ជបណ្ឌិតចង់បាននោះទេ នោះវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែម នឹងតម្រូវឲ្យចាក់ថ្នាំប្រភេទអាំងស៊ុយលីន។ ការចាក់ថ្នាំនេះ ពុំមានផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃនោះទេ ព្រោះវាមិនឆ្លងកាត់ទៅដល់សុកម្តាយឡើយ។ ផ្ទុយមកវិញ ថ្នាំនេះបង្កើតជាតិស្ករក្នុងឈាមឲ្យទៅដល់សុក និងជួយមិនឲ្យមានផលលំបាកផ្សេងៗដល់ទារក។ ក្នុងការប្រើប្រាស់អាំងស៊ុយលីន ជាជំហានដំបូងត្រូវចាក់ក្នងកម្រិតទាប បន្ទាប់មកធ្វើការដំឡើងទៅតាមកម្រិតជាតិស្ករក្នុងឈាម។ ការចាក់ថ្នាំនេះ អ្នកជំងឺត្រូវចាក់ពី៣ទៅ៤ដងក្នុងមួយថ្ងៃ។ មុននឹងចាក់ថ្នាំដល់អ្នកជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតត្រូវបង្រៀនពីរបៀបចាក់ និងរបៀបប្រើប្រាស់ថ្នាំ ដើម្បីចៀសវាងការចុះជាតិស្ករពេក។ ពេលនោះដែរ ស្ត្រីមានជំងឺទឹកនោមផ្អែមដែលមានផ្ទៃពោះ ក្រោយពីការសម្រាលកូនរួច ត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញទឹកនោមផ្អែមដើម្បីវាយតម្លៃឡើងវិញ។ ប្រសិនជាមិនមានសញ្ញាត្រូវការប្រើប្រាស់ថ្នាំទឹកនោមផ្អែមទេ ៦ខែក្រោយ ស្ត្រីនោះត្រូវធ្វើតេស្តរកជាតិស្ករម្តងទៀត។ ប្រសិនបើ៦ខៃក្រោយសម្រាលហើយ វេជ្ជបណ្ឌិតពិនិត្យមើលទៅលើកម្រិតជាតិស្ករមិនមានការកើនឡើងនោះទេ សន្មត់ថាអ្នកជំងឹជាសះស្បើយ។ ដូចនេះ គឺមិនបាច់ត្រូវប្រើថ្នាំទៀតទេ។  គួរកត់សម្គាល់ថា ស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ច្រើនតែបង្កឲ្យមានជំងឺទឹកនោមផ្អែមនៅថ្ងៃខាងមុខ ជាពិសេសបើសិនជាស្ត្រីមានការកើនឡើងទម្ងន់ជាលំដាប់។ ដូច្នេះ ដើម្បីចៀសវាងពីផលប៉ះពាល់នេះ ស្ត្រីដែលសម្រាលកូនរួច គួររក្សាទម្ងន់ឲ្យនៅធម្មតា បង្កើននូវសកម្មភាពការងារ និងតាមដានកម្រិតជាតិស្ករក្នុងឈាម។  ជាទូទៅ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបាន (ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមរួចទៅហើយ មុនពេលមានផ្ទៃពោះ) ដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែមដែរ លើកលែងតែស្ត្រីនោះមានបញ្ហាសុខភាពផ្សេងៗដូចជា ជំងឺបេះដូង ឬជាពិសេសជំងឺសរសៃឈាមបេះដូង ឬក៏ជំងឺទឹកនោមផ្អែមរបស់គាត់នោះមិនគ្រប់គ្រងជាតិស្ករបានត្រឹមត្រូវ។ បើសិនជាដូចករណីដូចរៀបរាប់ខាងលើនេះ គួរចៀសវាងកុំឲ្យមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែម មុនសម្រេចចិត្តចង់បានកូន ត្រូវទៅជួបជាមួយអ្នកជំនាញផ្នែកទឹកនោមផ្អែមជាមុនសិន។ ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមធ្លាប់ប្រើថ្នាំជាប្រភេទគ្រាប់ ត្រូវបញ្ឈប់បែរមកប្រើថ្នាំចាក់វិញ ដើម្បីឲ្យមានសុវត្ថិភាពមុន និងក្រោយពេលសម្រាលកូន។  ចំណែកឯផលប៉ះពាល់វិញ មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមហើយ មិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ​៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើងហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក។ ការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ចំពោះទារក និងម្តាយ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ វេជ្ជបណ្ឌិតជំនាញត្រូវធ្វើការព្យាបាលយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ចុះឲ្យដល់គោលដៅគឹត្រឹមតិចជាង ៩៥mg/dlនៃឈាម ហើយមុនពេលបរិភោគអាហារ និងពីរម៉ោងក្រោយពីពិសាអាហារ ឲ្យនៅត្រឹមតិចជាង ១២០mg/dlនៃឈាម។ គួរបញ្ចាក់ថាដែរ កម្រិតជាតិស្ករចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវទាបជាងអ្នកមានជំងឺទឹកនោមប្រភេទទី២ និងជំងឺទឹកនោមផ្អែមប្រភេទទី១។ មានន័យថា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ គេឲ្យកម្រិតជាតិស្ករនៅខ្ពស់ជាងនេះបន្តិច។ និយាយជារួម នៅពេលស្រ្តីមានផ្ទៃពោះមានជំងឺទឹកនោមផ្អែម នោះកម្រិតជាតិស្កររបស់គាត់ត្រូវតែទាបជាងអ្នកមានជំងឺទឹកនោមផ្អែមធម្មតា ទើបអាចរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។ ដូច្នេះ ចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះគួរធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យបានយ៉ាងហោចណាស់ពី៣ទៅ៤ដងក្នុងមួយថ្ងៃបើអាចធ្វើបាន ហើយកត់លទ្ធផលទុកសម្រាប់យកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងទឹកនោមផ្អែម ដើម្បីឲ្យវេជ្ជបណ្ឌិតបានដឹងពីការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាម និងងាយស្រួលដល់គាត់ក្នុងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយដែលត្រូវចុះផ្សាយដោយ Pubmed ក្នុងអត្ថបទ Diabetes (ខែធ្នូ ២០១២) បានបង្ហាញស្ត្រីដែលមាន Gestational Diabetes ការបំបៅដោះកូនរយះពេលបីខែឡើងទៅ អាចការពារពួកគេពីជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងពេលអនាគតបាន៤០%៕ បកស្រាយដោយ​លោកវេជ្ជបណ្ឌិត ទូច ឃុន​​ នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម។ និយមន័យ   ជំងឺទឹកនោមផ្អែមប្រភេទ ២ជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ក្នុងនោះដែរភាពធាត់ពេកក៏ជាកត្តាចម្បងឲ្យមានជំងឺទឹកនោមផ្អែម ចំពោះករណីបុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។ រោគសញ្ញា ជំងឺនេះរោគសញ្ញាចម្បងមានដូចជា បត់ជើងតូចច្រើនជាពិសេសនៅពេលយប់ ស្រេកទឹកខ្លាំងអាចទទួលទានទឹកប្រមាណ ១០កែវក្នុងមួយថ្ងៃ ឃ្លាន ចុះស្គម។ ចំណែករោគសញ្ញាផ្សែងៗទៀតមានដូចអស់កម្លាំង ស្រវាំងភ្នែក បើសិនមានដំបៅគឺក្រជា។ ប៉ុន្តែរោគសញ្ញាទាំងនេះមិនត្រូវបានលេចចេញឲ្យដឹងក្នុងដំណាក់កាលដំបូងទេ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចដែលរៀបរាប់ខាងលើនៅពេលដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញ គឺអាចមានផលវិបាក មួយឬពីររួចទៅហើយ។ ដូចនេះប្រសិនបើលោកអ្នកធាត់ ឬមានប្រវត្តិគ្រួសារកើតជំងឺនេះ ការពិនិត្យសុខភាពជាប្រចាំ ជាពិសេសការតាមដានជាតិស្ករមួយដងក្នុងមួយឆ្នាំជាការល្អ។ មូលហេតុបង្ក មូលហេតុនៃការកើតជំងឺនេះកើតឡើងដោយសារការបូកបញ្ចូលគ្នានៃកត្តាដែលអាចធ្វើការផ្លាស់ប្ដូរបាន និងកត្តាដែលផ្លាស់មិនបាន។ កត្តាដែលយើងអាចផ្លាស់ប្ដូរបាន ឬហោះថាlifestyle cause មានដូចជារបៀបរបបរស់នៅបែបអ្នកទីក្រុងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ មានជាតិសាច់ជាតិខ្លាញ់ជាតិប្រេងអាក្រក់ ឬភេជ្ជៈដែលមានជាតិផ្អែមខ្លាំងនិងការមិនសូវមានការបញ្ចេញកំលាំងពលកម្ម។ ឯកត្តាដែលមិនអាចផ្លាស់ប្ដូរបានដូចជាតំណពូជ ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម កត្តាភេទ និងកត្តាអាយុ ពេលអាយុកាន់តែច្រើន ការកើនជំងឺកាន់តែមានភាគរយខ្ពស់។ ក្រៅពីកត្តាដែលរៀបរាប់ខាងលើការប្រើប្រាស់ឱសថ និងជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតជំងឺនេះដែរ ដូចជាឱសថបំបាត់ការឈឺចាប់ លើសសំពាធឈាម ឱសថបញ្ចុះជាតិខ្លាញ់ហើយស្រ្តី ដែលធ្លាប់ឡើងជាតិស្ករក្នុងពេលមានផ្ទៃពោះនិងជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត មហារីក ហើយការទទួលទានដំណេកមិនគ្រប់គ្រាន់។  វិធីព្យាបាល នៅពេលធ្វើការវិនិច្ឆ័យដឹងថាអ្នកជំងឺមានជំងឺទឹកនោមផ្អែម តែបើជាតិស្ករមិនទាន់ខ្ពស់ខ្លាំងនៅឡើយ ការព្យាបាលដោយផ្លាស់ប្ដូររបបអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ជាជម្រើសទីមួយ។ បន្ទាប់ពីការអនុវត្តរបបអាហារត្រឹមត្រូវ នឹងលំហាត់ប្រាណទៀងទាត់បានរយៈពេល ២-៣ខែហើយ គ្រូពេទ្យនិងពិនិត្យជាតិស្ករដែលមាននៅក្នុងឈាមម្ដងទៀត ប្រសិនបើលទ្ធផលនៅតែខ្ពស់ដដែលគ្រូពេទ្យនឹងឲ្យប្រើថ្នាំបញ្ចុះជាតិស្ករមួយមុខគួបផ្សំនឹងទម្លាប់រស់នៅល្អដដែល និងមានការពិនិត្យជាតិស្ករមួយខែ និងបីខែក្រោយ បើជាតិស្ករនៅតែខ្ពស់គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់ថ្នាំពីរ ឬបីមុខបញ្ជូលគ្នា តែបើជាតិស្ករនៅតែមិនចុះទៀត គ្រូពេទ្យនឹងសម្រេចឲ្យចាក់អាំងស៊ុយលីនតែម្ដង ដើម្បីឲ្យជាតិស្ករចុះឲ្យដល់គោលដៅឲ្យបានឆាប់ ក្នុងគោលបំណងបន្ថយផលវិបាក។ វិធីពន្យារ ឬការពារ ចំពោះមធ្យោបាយសម្រាប់ពន្យារកុំឲ្យឆាប់កើត ឬការពារកុំឲ្យកើតជំងឺនេះគឺសំខាន់ទាក់ទងនឹងរបបអាហារនិងការហាត់ប្រាណឲ្យបានទៀងទាត់។ ឧទាហរណ៏ ប្រសិនបើដឹងថាបុគ្គលម្នាក់ធាត់ពេក និងមានប្រវត្តិគ្រួសារមានជំងឺនេះត្រូវចាត់វិធានការផ្លាស់ប្តូរបៀបនៃការរស់នៅ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្ថយទម្ងន់របស់គាត់ឲ្យបាន។ ក្នុងការសិក្សាបានបង្ហាញថាបុគ្គលដែលមានទំនោរកើតជំងឺនេះ ប្រសិនបើទម្លាប់នៃការរស់នៅរបស់គាត់ល្អអាចពន្យារ ឬកាត់បន្ថយអត្រានៃការកើតជំងឺ។ ជាមួយគ្នានេះដែរត្រូវកាត់បន្ថយទទួលទានភេជ្ជៈដែលមានជាតិផ្អែម បន្ថយការបរិភាគប្រេងដែលមិនល្អ។  ប៉ុន្តែចំពោះបុគ្គលដែលស្ថិតនៅចន្លោះអ្នកកើតជំងឺ និងអ្នកជំងឺនេះ ការធ្វើកីឡា និងរបបអាហារប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ គ្រូពេទ្យអាចនឹងជ្រើសឱសថ មួយប្រភេទសម្រាប់គាត់ដើម្បីពន្យារការកើតជំងឺ។ អ្នកដែលមានវីតាមីន D3 ទាប ប្រឈមការកើតជំងឺនេះច្រើន ការសិក្សាបានបង្ហាញថា ការបំពេញបង្គ្រប់វីតាមីន D3 នាំឲ្យបន្ថយហានិភ័យនៃការកើតជំងឺ។ មួយវិញទៀតការធ្វើអនុវត្តក្នុងការរស់នៅបានត្រឹមត្រូវ មានប្រសិទ្ធភាពជាងការប្រើប្រាស់ឱសថតែមួយមុខទៅទៀត។ ផលវិបាក ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ អ្នកជំងឺអាចនឹងជួបប្រទះនឹងផលវិបាកភ្លាមៗ និងផលវិបាករយៈពេលយូរ។ ផលវិបាកភ្លាមៗមានដូចជាសន្លប់ ដោយសារជាតិស្ករឡើងខ្ពស់ពេក ឬចុះទាបពេក ដែលជាមូលហេតុអ្នកជំងឺត្រូវទទួលការសង្គ្រោះភ្លាមៗ។ ផលវិបាករយៈពេលយូរមានដូចជា​ ការប៉ះពាល់សរសៃឈាមតូចៗនៅភ្នែកធ្វើឲ្យអ្នកជំងឺងងឹតភ្នែកនៅតម្រងនោមនាំឲ្យខូចតម្រងនោម ហើយអាចវិវត្តទៅដំណាក់កាលចុងក្រោយដែលត្រូវឈាងឈាម និងប្រពន្ធ័សរសៃប្រសាទបញ្ជានាំឲ្យអ្នកជំងឺមានសភាពស្ពឹក ក្ដៅ ហាក់បីដូចជាមានសត្វខាំ ឬទេច ឬមានអ្វីមកចាក់នៅបាតជើង អ្នកជំងឺខ្លះស្ពឹកពេលប៉ះជាមួយនឹងទឹកក្ដៅខ្លាំង ពេលមុតអ្វីមួយគាត់មិនដឹងឈឺ ហើយក្លាយជាដំបៅរលួយ និងអាចឈានដល់ការកាត់ជើងក៏មាន។ ផលវិបាករយះពេលយូរអាចប៉ះពាល់លើសរសៃឈាមធំៗដូចជានៅបេះដូងធ្វើឲ្យត្បៀត ឬស្ទះសរសៃឈាមបេះដូង នៅខួរក្បាលឲ្យទៅជាជំងឺស្ត្រូក នៅផ្នែកខាងចុះៗ ដូចជាអវៈយវៈខាងក្រោមដែលនាំឲ្យមិនមានលំហូរឈាមទៅដល់ផ្នែកខាងចុងនៅជើង ហើយនៅពេលមានរបូស ដំបៅទាំងនោះមិនងាយជា ហើយអាចទៅជារលួយ។ សារជូនដល់មិត្តអ្នកអាន ជាចុងក្រោយ ខ្ញុំសូមផ្ដាំផ្ញើរដល់អ្នកជំងឺទាំងអស់ថា ជំងឺនេះទាមទារឲ្យមានការព្យាបាលរហូតគឺត្រូវមកជួបគ្រូពេទ្យតាមការណាត់ឲ្យបានទៀងទាត់ ធ្វើយ៉ាងណាកុំឲ្យកម្រិតជាតិស្ករឡើងខ្ពស់។ ការប្រើប្រាស់ថ្នាំដោយមិនមានការតាមដានឲ្យបានត្រឹមត្រូវ កម្រិតជាតិស្ករអាចនៅតែខ្ពស់ហើយផលវិបាកនឹងកើតមានជាមិនខាន។ អ្នកជំងឺត្រូវតែមកជួបគ្រូពេទ្យតាមការណាត់ដើម្បីតាមដាន និងធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករអាចស្ថិតនៅក្នុងគោលដៅដែលចង់បានក្នុងគោលបំណងចៀសវាងការកើតផលវិបាក។ ម្យ៉ាងទៀត គ្រូពេទ្យក៏មានតេស្ដម្យ៉ាង ដែលអាចដឹងពីកម្រិតជាតិស្ករជាមធ្យមដែលគេហៅថា HbA1C។ ចំពោះអ្នកជំងឺទឹកនោមផ្អែម បើមានការព្យាបាលនឹងតាមដានបានត្រឹមត្រូវ ផលវិបាកអាចចៀសវាងបាន ឬបើកើតក៏នៅពេលយូរទៀតដែរ ហើយពួកគាត់អាចប្រកបរបររកស៊ីបានដូចធម្មតា។ ប្រសិនផលវិបាកលេចហើយនោះការចំណាយលើការព្យាបាលមិនមែនត្រឹមតែលើទឹកនោមផ្អែមមួយមុខទេ គឺព្យាបាលត្រូវបូកបញ្ចូលជាមួយជំងឺផ្សេងៗទៀតជាច្រើន។ សរុបមក ការព្យាបាលត្រូវមាន ៤ចំនុចសំខាន់ៗគឺ ការគ្រប់គ្រងរបបអាហារ និងការហាត់ប្រាណឲ្យបានទៀងទាត់ ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងការតាមដានជាតិស្ករឲ្យបានទៀងទាត់។​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រូខូលី ជាបន្លែដែលសំបូរវីតាមីន និងជាតិសរសៃ។ ការទទួលទានប្រូខូលីជាប្រចាំ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករបានល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ។   ជំងឺទឹកនោមផ្អែមប្រភេទទីពីរ បានកើតលើមនុស្សប្រហែលជា ៤៥០ លាននាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះ អ្នកជំងឺចំនួន ១៥ភាគរយ មិនអាចទទួលការព្យាបាលដំបូងបានឡើយ ដោយសារតែវាហួសពេល គឺតម្រងនោមរបស់ពួកគេ ត្រូវបានខូចខាតអស់ទៅហើយ។   ការសិក្សាបានបង្ហាញថា ការទទួលទានប្រូខូលី ដែលសំម្បូរទៅដោយ sulforaphane អាចជួយអ្នកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងព្រឹត្តបត្រសុខភាព Science Translational Medicine បានបង្ហាញថា អ្នកដែលបានទទួលទានប្រូខូលីក្នុងរយៈពេល ១២សប្តាហ៍ ឃើញថាអាចថែរក្សាកម្រិតជាតិស្ករ បានល្អគួរឲ្យកត់សម្គាល់។   យ៉ាងណាមិញ គេត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចចេញផ្សាយ ជាសេចក្តីណែនាំផ្លូវការណាមួយ សម្រាប់ករណីខាងលើនេះ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ដើម្បីបង្កភាពងាយស្រួលដល់មិត្តអ្នកអាន ដែលប្រាថ្នាចង់ស្វែងយល់ពីជំងឺទឹកនោមផ្អែម លោកអ្នកក៏អាចស្វែងយល់ពីបញ្ហាផ្សេងៗដែល ហេលស៍ថាម បានធ្វើការចោទសួរ ក៏ដូចជាធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងគ្រូពេទ្យជំនាញ ដែលលោកអ្នកអាចស្វែងយល់បានតាមរយៈលីងនីមួយៗខាងក្រោម ៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ ហានិភ័យខ្ពស់ចំពោះកុមារ បកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ ពិលោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ យល់ដឹងពីជំងឺទឹកនោមផ្អែមប្រភេទទី១ជាមួយសាស្រ្តាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី មួយផ្នែកទៀតនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលអ្នកអាចស្វែងយល់ជាមួយវេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជំងឺទឹកនោមផ្អែម  ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមានគ្លីនិកផ្ទាល់ខ្លួន ជំងឺទឹកនោមផ្អែមអាចបង្កឲ្យអន់ត្រចៀកមែន ឬទេ? ​ សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ? ស្តាប់ការបកស្រាយពីលោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ម៉េចក៏អ្នកជំងឺទឹកនោមផ្អែមត្រូវទៅជួបពេទ្យ១ខែម្តង? ​ សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ស្រាយចម្ងល់នេះជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត កើតជំងឺទឹកនោមផ្អែម ហេតុអីត្រូវតមជាតិខ្លាញ់? ​ សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង? លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ បានបកស្រាយថា... តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?  សកម្មភាពថ្នាំ ផលរំខាន បម្រាម និងផលល្អ នៃឱសថ៦មុខ ដែលអាចប្រើប្រាស់សម្រាប់ជំងឺទឹកនោមផ្អែម ត្រូវបានលើកបង្ហាញឡើងនៅក្នុងអត្ថបទនេះ ដោយមានការរៀបរាប់យ៉ាងក្បោះក្បាយអំពីលោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh) ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?  បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម  ដែលបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes)  លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ «ជំងឺទឹកនោមផ្អែមដែលកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ ជាបញ្ហាដែលទាក់ទងនឹងសុខភាពដ៏ធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវការការខិតខំប្រឹងប្រែងទាំងសងខាងពោលគឺ ម្ខាងពីសំណាក់វេជ្ជបណ្ឌិតជំនាញ និងម្ខាងទៀតពីសំណាក់អ្នកជំងឹខ្លួនឯងផ្ទាល់តែម្តង គឺគ្រប់ស្រ្តីមានគភ៍ទាំងអស់។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺ មានតែជំងឹទឹកនោមផ្អែមប្រភេទទី២ ដែលមានប្រហែលជាង ៩០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភទទី១ដែលមានប្រហែល ៥-១០% នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះដែលមានប្រហែលពី ៣-៥% ក្នុងចំណោមស្ត្រីដែលមានគភ៌…» ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម  ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើនដែលរួមមានដំបៅជើង៣ប្រភេទ បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center… ១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន(Diabetes Care Clinic, Phnom Penh) «លោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម  គាំងបេះដូងស្លាប់ ខូចមួយចំហៀងខ្លួន  ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមគន្លឹះទាំង ១១នៅក្នុងអត្ថបទនេះ…» ជំងឺទឹកនោមផ្អែមជាជំងឺតពូជ?  «ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន…» សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត។ ៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម  ស្វែងយល់ពី «និយមន័យ កត្តាប្រឈមមុខ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង) » ក្រោមការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ ខ្ញុំបាទអាយុ ៤០ឆ្នាំមកពីខេត្តព្រះសីហនុ។ បន្ទាប់ពីខ្ញុំបានកើតជំងឺទឹកនោមផ្អែម និងលើសឈាមអស់រយៈពេល៣ឆ្នាំមក រូបខ្ញុំផ្ទាល់សង្កេតឃើញថា ត្រចៀករបស់ខ្ញុំចាប់ផ្តើមអន់ថយជាងមុន ពេលខ្លះទាមទារនូវសំឡេងខ្លាំងៗទើបអាចស្តាប់បាន ប៉ុន្តែពេលខ្លះវិញស្រាប់តែស្តាប់ឮដូចធម្មតា។ តើបញ្ហាជំងឺរបស់ខ្ញុំសព្វថ្ងៃអាចមានឥទ្ធិពលដល់ត្រចៀករបស់ខ្ញុំពិតមែនទេ? ចម្លើយ៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមអាចផ្តល់ផលវិបាកជាច្រើនស្រាប់ទៅហើយហើយក្នុងនោះជំងឺលើសឈាមរបស់ប្អូន ក៏អាចជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែមដែរ។ ការ ប៉ះពាល់ទៅលើសរសៃប្រសាទ ជាផលវិបាកមួយកើតមានជាញឹកញាប់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ក្នុងនោះ ការប៉ះពាល់លើសរសៃវិញ្ញាណភ្នែកនឹងបង្កឲ្យព្រិលភ្នែក ឬអាចឲ្យខូចភ្នែក ការប៉ះលើសរសៃវិញ្ញាណត្រចៀកនាំឲ្យខូចត្រចៀក(ហឹងឬស្តាប់លែងឮ)។ ក្រៅពីនេះ ផលវិបាកនៃជំងឺទឹកនោមផ្អែមក៏អាចឈានដល់ការខូចស្បែក និងប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។ សរុបមកវិញ ជំងឺទឹកនោមផ្អែមរបស់ប្អូនប្រុសពិតជាទាក់ទងនឹងអាការៈហុឹងត្រចៀករបស់ប្អូនពិតប្រាកដមែន ដូចនេះដើម្បីឲ្យចៀសផុត ឬក៏អាចកាត់បន្ថយនូវផលវិបាកផ្សេងៗទៀត សូមប្អូនទៅជួបជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ   ចៀសវាងការទិញថ្នាំលេបតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជាដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាព។ សូមរំលឹកថា បើជំងឺទឹកនោមផ្អែមរបស់ប្អូនបានទទួល ការព្យាបាលទាន់ពេលវេលា និងគ្រប់គ្រងជាតិស្ករបានល្អដោយអនុវត្តតាមគ្រូពេទ្យឲ្យបានត្រឹមត្រូវនោះ ប្អូនក៏អាចកាត់បន្ថយផលវិបាកផ្សេងទៀត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាងត្រចៀក ច្រមុះនិងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។        

Share

សំណួរ៖ នាងខ្ញុំអាយុ៦០ឆ្នាំ   រស់នៅរាជធានីភ្នំពេញ។ ខ្ញុំចេះតែញ័រខ្លួននៅពេលឃ្លានហើយធាត់ទៅៗ។កូនខ្ញុំក៏នាំខ្ញុំទៅជួបគ្រូពេទ្យនៅជិតផ្ទះហើយគាត់ប្រាប់ខ្ញុំថាខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំបានទទួលយកការព្យាបាលជាមួយគ្រូពេទ្យនោះ តែខ្ញុំមិនយល់ថាហេតុអ្វីបានជាគ្រូពេទ្យមិនព្រមឲ្យតែថ្នាំខ្ញុំលេបទៅបានហើយម៉េចចាំបាច់ណាត់ឲ្យខ្ញុំទៅជួបមួយខែម្តង? ចម្លើយ៖ ខ្ញុំសូមជម្រាបជូនថា អ្នកដែលមានទម្ងន់ខ្ពស់ មុននឹងកើតជំងឺទឹកនោមផ្អែមមានរយៈពេលត្រៀមទឹកនោមផ្អែម ពី៥ទៅ១៥ឆ្នាំ។ ក្នុងពេលនេះ អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំងមុនពេលបាយ និងគាត់មានទំនោរចង់ញ៉ាំស្ករ ទឹកផ្អែម និងរបស់ផ្អែម។ គាត់យល់ថា គាត់ខ្វះជាតិស្ករ គាត់ត្រូវហូបបង្អែម និងជាតិផ្អែមច្រើន។ រយៈពេល៥ទៅ១៥ឆ្នាំក្រោយមក ស្រាប់តែគាត់កើតជំងឺទឹកនោមផ្អែម។ នេះជាយន្តការធម្មជាតិនៃការកើតជំងឺទឹកនោមផ្អែម គឺក្នុងដំណាក់កាលត្រៀមទឹកនោមផ្អែម អាំងស៊ុយលីនខ្ពស់ក្នុងឈាមដែលនាំឲ្យស្ករចុះទាប ធ្វើឲ្យយើងឃ្លាន។ តែនៅពេលដែលយើងញ៉ាំច្រើនក្នុងពេលមួយដែលអាំងស៊ុយលីនមិនមានលទ្ធភាពទប់ជាតិស្ករឲ្យចុះទាបវិញបាន ពេលនោះស្ករនឹងកើនលើសលប់នៅក្នុងឈាម ហើយរោគវិនិច្ឆ័យក៏បញ្ជាក់ថា មានកើតជំងឺទឹកនោមផ្អែម។ ចំពោះរឿងដែលថាពេទ្យឲ្យថ្នាំព្យាបាលហើយនៅមានការណាត់ឲ្យទៅជួបមួយខែម្តងនោះ ខ្ញុំសូមជម្រាបលោកស្រីថា ក្នុងករណីអ្នកជំងឺថ្មីដែលទើបជួបដំបូង ការស្វែងយល់ពីអ្នកជំងឺច្បាស់លាស់ ទាំងការរស់នៅ ហូបចុក ទទួលថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលទាំងអស់នេះ គ្រូពេទ្យត្រូវស្គាល់លោកស្រីឲ្យច្បាស់ ដើម្បីសម្របសម្រួលថ្នាំដែលដាក់ទៅដំបូងឲ្យស្របនឹងការវិវឌ្ឍរបស់អ្នកជំងឺ ដូច្នេះរយៈពេលនៃការតាមដានដំបូង អាចជួបមួយសប្តាហ៍ម្តង ក្រោយមកមួយខែម្តង ក្រោយមកទៀតអាចឈានដល់បីខែម្តង។ ដូច្នោះ ការតាមដានការព្យាបាលជំងឺទឹកនោមផ្អែម មិនទាមទារការតាមដានមួយខែម្តង មួយជីវិតទេ គឺទាមទារការជួប៣ទៅ៤ខែម្តងប្រសិនបើជំងឺទឹកនោមផ្អែមនោះត្រូវគ្រប់គ្រងបានល្អ ដោយថ្នាំដោយរបៀបរស់នៅ ដោយការស្វែងយល់ច្បាស់លាស់។ ហើយចំពោះការពិនិត្យឈាម ដើម្បីតាមដានការប៉ះពាល់ចំពោះអ្នកជំងឺថ្មីក្នុងពេល១០ទៅ២០ឆ្នាំដំបូង បើគាត់នៅមិនទាន់មានការប៉ះពាល់អ្វីទេ ការពិនិត្យឈាមអាចធ្វើ២ទៅ៣ដងក្នុងមួយឆ្នាំ តែបើសិនគាត់មានបញ្ហាខ្សោយតម្រងនោម ខ្សោយបេះដូង មានជំងឺសរសៃឈាមខួរក្បាលជាដើម បានន័យថា ជំងឺទឹកនោមផ្អែមមានការប៉ះពាល់ខ្ពស់ លើសរីរាង្គផ្សេង ហើយគ្រូពេទ្យត្រូវជួបគាត់ឲ្យបាន១ទៅ២ខែម្តង ដើម្បីពិនិត្យ និងរក្សាជីវិតឲ្យរស់បានដូចធម្មតា។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត

Share

ជំងឺទឹកនោមផ្អែម មានច្រើនប្រភេទ តែប្រភេទដែល  ច្រើនជាងគេគឺ ជំងឺទឹកនោមផ្អែមប្រភេទ២(៩០%ទៅ៩៥%នៃករណីជំងឺទឹកនោមផ្អែមសរុប) និងជំងឺទឹកនោមផ្អែមប្រភេទ១(៥%ទៅ១០%នៃករណីជំងឺទឹកនោមផ្អែមសរុប)។ ក្រៅពីនេះ មានប្រភេទជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ(Gestational diabetes) និងជំងឺទឹកនោមផ្អែមដែលបង្កឡើងដោយបញ្ហាផ្សេងៗទៀត(Secondary diabetes)។ ជំងឺទឹកនោមផ្អែមនេះផងដែរ ច្រើនកើតមានលើមនុស្សធំ ប៉ុន្តែក៏មានជំងឺទឹកនោមផ្អែមដែលកើតឡើងលើកុមារផងដែរ។ អត្ថបទនេះ នឹងបកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ។ និយមន័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។ មូលហេតុ គ្មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទនេះ ត្រូវបានបង្ហាញនៅឡើយទេ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ភាគច្រើនប្រព័ន្ធភាពស៊ាំការពាររាងកាយ នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលជាធម្មតាសម្លាប់បាក់តេរី និងវីរុសបង្ករោគ ច្រឡំបំផ្លាញកោសិកាអាំងស៊ុយលីន អ័រម៉ូនផលិតនៅហ្នឹងលំពែង។ ហ្សែនក៏អាចដើរតួនាទីក្នុងដំណើរការនេះ និងប៉ះពាល់ទៅលើវីរុសជាច្រើនដែលអាចបង្កជាជំងឺនេះ។ កត្តាដែលជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ រួមមាន៖ •កត្តាហ្សែន ប្រវត្តិគ្រួសារ •កត្តាបរិស្ថានជុំវិញ •ការប៉ះពាល់ជាមួយពពួកវីរុសដូចជា Epstein-Barr virus, coxsackie virus, rubella or cytomegalovirus •កង្វះបរិមាណវីតាមីនD •កត្តារបបអាហារមួយចំនួនរួមមានទឹកដែលមានផ្ទុកនីត្រាត។ រោគសញ្ញា រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ លេចឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ ដែលខុសពីរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈស្ងប់ស្ងាត់នៅដំណាក់កាលដំបូងហើយលេចចេញនៅដំណាក់កាលធ្ងន់ទៅហើយក្នុងរយៈពេល៥ទៅ១០ឆ្នាំ។ នេះជាហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មកជួបនឹងគ្រូពេទ្យក្នុងដំណាក់កាលដំបូង។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានដូចជា៖ •បទជើងតូចញឹក •ស្រេកទឹក •ញ៉ាំច្រើន •ស្រកទម្ងន់ •ស្រវាំងភ្នែក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អាចធ្វើបានតាម៤ប្រភេទ៖ ១. ពិនិត្យរកជាតិស្ករក្នុងឈាមពេលពោះទទេ(ពោះទទេរយៈពេលយ៉ាងតិច៨ម៉ោង)៖ ជាតិស្ករច្រើនជាង ១២៦ម.ក្រ/ដ.ល ២. ពិនិត្យរក HbA1c មានច្រើនជាងឬស្មើ ៦.៥% ៣. ពិនិត្យរកជាតិស្ករដោយចៃដន្យ៖ ជាតិស្ករធំជាង ២០០ម.ក្រ/ដ.ល បូករួមជាមួយនឹងរោគសញ្ញា ៤. ពិនិត្យជាតិស្ករ ២ម៉ោងក្រោយឲ្យអ្នកជំងឺបរិភោគជាតិស្ករ ៧៥ក្រាម៖ ជាតិស្ករច្រើនជាង ២០០ម.ក្រ/ដ.ល។ ការធ្វើតេស្តនេះ ប្រើតែក្នុងការសិក្សា ស្រាវជ្រាវតែប៉ុណ្ណោះ។ ការព្យាបាល ការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ត្រូវធ្វើការព្យាបាលនិងតាមដានអស់មួយជីវិត។ ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានតែដោយឱសថប្រភេទចាក់ប៉ុណ្ណោះ។ ដូចនេះ ករណីដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម តែមិនមានឱសថអាំងស៊ុយលីនប្រភេទចាក់សម្រាប់ព្យាបាលទេនោះ អ្នកជំងឺគឺមិនអាចបន្តអាយុបានយូរទេ។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានរហូតដល់ជាតិស្ករចុះដល់កម្រិត ពោលគឺ៖ •ជាតិស្ករមុនអាហារ ត្រូវស្ថិតនៅចន្លោះ ៩០ម.ក្រ/ដ.ល ទៅ ១៣០ម.ក្រ/ដ.ល •ជាតិស្ករ២ម៉ោងក្រោយអាហារ ត្រូវទាបជាងឬស្មើ ១៨០ម.ក្រ/ដ.ល •HbA1c តិចជាង ៧%។ វិធានការព្យាបាល •ចាក់អាំងស៊ុយលីនពី២ទៅ៥ដងក្នុងមួយថ្ងៃ •គ្រប់គ្រងរបបអាហារពិសេសអាហារផ្អែម •ធ្វើលំហាត់ប្រាណជាប្រចាំ លើកលែងតែក្មេងតូច •តាមដានកម្រិតជាតិស្ករមុននិងក្រោយអាហារជាប្រចាំ។ ផលវិបាក ករណីអ្នកជំងឺមិនបានអនុវត្តតាមវិធានការនៃការព្យាបាលឲ្យបានខ្ជាប់ខ្ជួន ផលវិបាកភ្លាមៗដែលជួបញឹកញាប់បំផុតគឺការឡើងជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងដែលអាចធ្វើឲ្យអ្នកជំងឺសន្លប់។ ឯផលវិបាករ៉ាំរ៉ៃ បញ្ញាដែលប្រឈមចម្បងគេនោះគឺខូចតម្រងនោម ដែលអាចឈានទៅដល់ការលាងឈាមឬផ្សាំតម្រងនោមក្នុងដំណាក់កាលចុងក្រោយ។ ក្រៅពីនេះ មានខូចខាតដល់៖ •ភ្នែក •ប្រព័ន្ធប្រសាទបញ្ជា •សរសៃឈាមធំៗ៖ ស្ទះត្បៀតសរសៃឈាមបេះដូង ស្ទះត្បៀតសរសៃឈាមដែលអាចធ្វើឲ្យមានដំបៅរលួយនៅជើង ឬស្ទះត្បៀតសរសៃឈាមខួរក្បាល(Stroke)។ សរុបមក អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ នោះផលវិបាកនៃជំងឺនេះនឹងអាចចៀសវាងបានទាំងស្រុង ឬកើតក្នុងរយៈពេលយូរទៀតមិនមែនកើតភ្លាមៗទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង? ចម្លើយ៖ ខ្ញុំសូមជម្រាបប្អូនថា នៅពេលកើតជំងឺទឹកនោមផ្អែម មានន័យថាមានជាតិស្ករលើសនៅក្នុងឈាម ហើយជាតិស្ករនោះនឹងធ្វើឲ្យខ្លាញ់លើស និងស្តុកវាក្នុងខ្លួនដល់ទៅ ១០០%។ នេះជាហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមដល់ទៅ ៨០% បានស្លាប់ដោយសារការស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង។ ហេតុដូច្នេះហើយ គ្រូពេទ្យមិនត្រឹមតែធ្វើការព្យាបាលបញ្ចុះជាតិស្ករដែលលើសទេ តែព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការលើសជាតិខ្លាញ់ក្នុងខ្លួនអ្នកជំងឺទៀត។ ដូចនេះហើយ ប្អូនគួរតែធ្វើការកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ សាច់ក្រហម និងស្ករឲ្យបានច្រើនដើម្បីរក្សាទម្ងន់ឲ្យបានល្អ និងអាំងស៊ុយលីនទាញយកស្ករទៅប្រើប្រាស់បានល្អ តែមិនមែនតមមិនបរិភោគទេ។ បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ

Share
Top