Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បញ្ហាភ្នែកខុសកំនុំរូបភាព បានកើតឡើងចំពោះប្រជាជនដល់ទៅជិត ៩០%ក្នុងសហរដ្ឋអាមេរិក តែនៅកម្ពុជា ករណីជំងឺនេះ មានត្រឹមតែ ១៣%ប៉ុណ្ណោះនៃប្រជាជនទូទាំងប្រទេស។ នេះ ជាតួលេខមួយល្អដែលប្រជាជនខ្មែរមិនទទួលរងនូវបញ្ហាភ្នែកបែបនេះច្រើនទេ តែក៏អាចបញ្ជាក់ផងដែរថា ការយល់ដឹងពីវារបស់ប្រជាជនយើង ក៏នៅមានកម្រិតនៅឡើយ។ ហេលស៍ថាមសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ពីបញ្ហាកំហុសកំនុំ។ ចំពោះភ្នែកធម្មតា កំនុំរូបភាព ត្រូវធ្លាក់លើសរសៃបាតភ្នែក ដែលនាំឲ្យយើងអាចមើលឃើញរូបភាពទាំងឆ្ងាយ និងជិតបាន។ ប៉ុន្តែ ករណីកំហុសកំនុំ ភ្នែកមិនអាចមើលឃើញរូបភាពនៅឆ្ងាយ និងជិតបាន ដោយសារកំនុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ ។ កំហុសកំនុំនេះ ចែកចេញជាបី គឺ ភ្នែកមីញូប(Myopia) ភ្នែកខ្លី(Hyperopia) និងភ្នែកអាស្ទីម៉ាត(Astigmatism)។ ១. ភ្នែកម្ញ៉ូប (Myopia) ភ្នែកម្ញ៉ូប គឺជាភ្នែកដែលមើលឆ្ងាយមិនច្បាស់តែមើលជិតច្បាស់ដោយសារទំហំភ្នែកធំ នាំឲ្យកំនុំរូបភាពធ្លាក់នៅខាងមុខសរសៃបាតភ្នែក ដូចនេះអ្នកជំងឺត្រូវការវ៉ែនតាដក។ រោគសញ្ញាភ្នែកមីញូបមានដូចជា មើលឆ្ងាយមិនច្បាស់ អ្នកជំងឺពេលមើលឆ្ងាយធ្វើភ្នែកព្រឹមៗ រោយនិងស្រវាំងភ្នែក។ មូលហេតុនៃការកើតជំងឺនេះ អាចជាកត្តាតំណពូជឬការខំប្រឹងសម្លឹងច្រើនពេលសិក្សា។ វិធីព្យាបាលភ្នែកម្ញ៉ូបគឺ ករណីអ្នកជំងឺមានភ្នែកម្ញ៉ូបតាំងពីក្មេង ត្រូវពាក់វ៉ែនតារហូតដល់គាត់អាយុ១២ឆ្នាំ ដើម្បីឲ្យសរសៃបាតភ្នែកធ្វើការវិវត្ត ព្រោះប្រសិនបើអ្នកជំងឺមិនពាក់វ៉ែនតាពីតូចទេ វានឹងធ្វើឲ្យភ្នែកខ្ជិល(Amblyopia) ហើយបើទោះគាត់ធំឡើងចង់ពាក់វ៉ែនតាវិញ ក៏មើលឆ្ងាយមិនឃើញដែរ។ ក្រោយអាយុ១២ឆ្នាំ ប្រសិនបើគាត់អាចពាក់ Contact lenses បាន គាត់អាចពាក់វ៉ែនតាផង Contact lenses ផង។ នៅអាយុ ១៨ឆ្នាំ បើគាត់មិនចង់ពាក់វ៉ែនតាទេ គាត់អាចជ្រើសរើសការព្យាបាលដោយកាំរស្មី (LASIK) គឺការបាញ់កាំរស្មីលើកញ្ចក់ភ្នែកឲ្យស្តើងបន្តិច ហើយការព្យាបាលនេះធ្វើត្រឹមរយៈពេលតែ ៥ទៅ ១០នាទីប៉ុណ្ណោះ។  ប៉ុន្តែចំពោះអ្នកម្ញ៉ូបជ្រៅពី ១០០០ ទៅ ២០០០ដឺក្រេ ការព្យាបាលដោយLASIK មិនអាចធ្វើបានទេ តែគេអាចធ្វើ ICL គឺដាក់ Lens នៅលើកែវភ្នែកខាងក្នុងរបស់យើង ព្រោះប្រសិនបើយើងធ្វើ LASIK ចំពោះភ្នែកដែលមានដឺក្រេខ្ពស់បែបនេះ ត្រូវបាញ់កញ្ចក់ភ្នែកយើងស្តើងខ្លាំងតែតាមធម្មតា យើងត្រូវរក្សាកម្រាស់ភ្នែកយ៉ាងហោចណាស់ ៣០០មីក្រុង។ សព្វថ្ងៃ ការព្យាបាលដោយ LASIK មានការពេញនិយមច្រើននៅលើពិភពលោក ជាពិសេសយុវវ័យ។ បន្ទាប់ពីការព្យាបាលដោយ LASIK ភ្នែកអាចនឹងស្ងួតបន្តិច ដូចនេះយើងត្រូវការទឹកភ្នែកសិប្បនិមិ្មតមួយរយៈ និងត្រូវការថ្នាំបន្តក់ ព្រមទាំងការការពារមួយចំនួន ដូចជាត្រូវពាក់វ៉ែនតាដើម្បីការពារខ្យល់ពេលធ្វើដំណើរ។ ២. ភ្នែកខ្លី (Hyperopia) Hyperopia ឬ ភ្នែកខ្លី ជាភ្នែកដែលកំនុំរូបភាពធ្លាក់ទៅនៅក្រោយសរសៃបាតភ្នែក ដូច្នេះយើងមើលឆ្ងាយនិងជិតសុទ្ធតែមិនឃើញ។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាបូក ដើម្បីឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែក។ រោគសញ្ញារបស់វា គឺមើលឆ្ងាយមិនឃើញ អ្នកជំងឺធ្វើភ្នែកព្រឹមៗ ពេលមើលឆ្ងាយដូចអ្នកជំងឺមីញូបដែរ។ វិធីព្យាបាលមានដូចជាពាក់វ៉ែនតា ឬអាចធ្វើ LASIK បានដូចគ្នាទៅនឹងភ្នែកមីញូប។ ៣. ភ្នែកអាស្ទីម៉ាត(Astigmatism) ភ្នែកអាស្ទីម៉ាត គឺជាភ្នែកដែលមានកំណោងកញ្ចក់ភ្នែកមិនស្មើធ្វើឲ្យកំនុំរូបភាពធ្លាក់លើសរសៃបាតភ្នែកមិនស្មើគ្នា ដែលជាហេតុនាំឲ្យមើលមិនច្បាស់។ រោគសញ្ញានៃភ្នែកអាស្ទីម៉ាត រួមមានមើលឆ្ងាយមិនច្បាស់មើលជិតក៏មិនច្បាស់ ហើយឃើញរូបភាពវៀច។ ភ្នែកប្រភេទនេះ ត្រូវការវ៉ែនតាដើម្បីឲ្យភ្នែកមើលឃើញឆ្ងាយបាន ហើយអាចមានអាស្ទីម៉ាតបូក ឬដក។ បញ្ហានេះ ក៏អាចព្យាបាលបានដោយកាំរស្មីដែរ។ បញ្ហាភ្នែកមនុស្សចាស់(Presbyopia) មនុស្សដែលមានភ្នែកធម្មតា ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ ការសម្របសម្រួល(Accommodation) របស់ភ្នែកនឹងចុះថយ ដែលជាហេតុធ្វើឲ្យគាត់ពិបាកមើលរូបភាពដែលនៅជិត។ បញ្ហាភ្នែកនេះ គេហៅថាPresbyopia។ ដូចនេះហើយ មនុស្សចាស់ដែលមានភ្នែកធម្មតាត្រូវការវ៉ែនតាដើម្បីមើលអក្សរ ប៉ុន្តែចំពោះអ្នកមីញូបវិញពួកគាត់មិនចាំបាច់ត្រូវការវ៉ែនតាទេ ព្រោះភ្នែកម្ញ៉ូបអាចមើលជិតឃើញ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែកខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា។

Share

អ្វីទៅជាបាយភ្នែក? ជំងឺបាយភ្នែកកើតមានការស្រអាប់របស់កែវភ្នែក។ ជាធម្មតា កែវភ្នែកមានលក្ខណៈថ្លាធ្វើតួនាទីរួមពន្លឺ ឲ្យចំលើសរសៃប្រសាទបាតភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺបានមិនពេញល្អធ្វើឲ្យអ្នកជំងឺមានខ្សែភ្នែកស្រអាប់ដូចសំឡឹងឆ្លងកាត់កញ្ចក់ស្រអាប់ តែមិនមានអាការៈហើមរលាក ឬឈឺចាប់តែកែវភ្នែកស្រអាប់ឡើងការមើលឃើញក៏នឹងធ្លាក់ចុះ។ ការយល់ដឹងពីជំងឺបាយភ្នែក បាយភ្នែកមិនមែនជាជំងឺឆ្លងហើយវានឹងមិនរាលដាលពីភ្នែកម្ខាងទៅម្ខាងទៀតទោះបីភាគច្រើននឹងកើតឡើងព្រមគ្នាទាំងសងខាងតែអាការៈអាចធ្ងន់ធ្ងរមិនស្មើគ្នា។ ការប្រើខ្សែភ្នែកច្រើនមិនមែនជាមូលហេតុរបស់បាយភ្នែក ឬធ្វើឲ្យអាការៈរបស់ជំងឺនេះធ្ងន់ធ្ងរឡើយ។ បាយភ្នែករមែងកើតឡើងយ៉ាងយឺតៗ ខ្សែភ្នែករបស់អ្នកជំងឺភាគច្រើននឹងស្រអាប់ស្រវាំងរហូតមើលឃើញមិនច្បាស់អាចប្រើពេលយូរ ឬច្រើនខែច្រើនឆ្នាំជាទូទៅបាយភ្នែកចាត់ទុកជាជំងឺដែលព្យាបាលបានផលល្អណាស់។ មូលហេតុរបស់បាយភ្នែក មូលហេតុរបស់បាយភ្នែកដែលជួបភាគច្រើនបំផុត គឺវ័យ ភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹងដែលបាយភ្នែកប្រភេទនេះអាចកើតឡើងបានខ្លះចំពោះអ្នកជំងឺដែលមានអាយុ៤០ឆ្នាំឡើងទៅ។ ឧបទ្ទវហេតុ បាយភ្នែកកើតឡើងបានជាមួយមនុស្សគ្រប់វ័យ ប្រសិនគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជារបស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។ មូលហេតុដែលបង្កឡើងដោយជំងឺផ្សេងៗ ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួនដូចជាការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះអាចជាមូលហេតុជម្រុញឲ្យកែវភ្នែកស្រអាប់។ លក្ខណៈតពូជ និងភាពខុសធម្មតាពីកំណើត៖ ក្នុងករណីអ្នកជំងឺនៅក្មេងខ្ចីបាយភ្នែកកកើតឡើងតាំងពីនៅក្នុងផ្ទៃពោះម្តាយដូចជាម្តាយមានជំងឺស្អូចក្នុងខណៈមានផ្ទៃពោះតែក្នុងប្រការខ្លះបាយភ្នែកក៏កើតឡើងដោយគ្មានមូលហេតុពិតដែរ។ អាការៈរបស់បាយភ្នែក ខ្សែភ្នែកស្រវាំងដូចមានពពកបាំងហើយស្រវាំងលឿន ឬយឺតខ្លាំង ឬតិច អាស្រ័យទៅតាមកម្រិត និងទីតាំងរបស់ភាពស្រអាប់ក្នុងសាច់កែវភ្នែក ប្រសិនជាចំក្នុងបរិវេណខាងៗ អ្នកជំងឺនឹងនៅមើលឃើញបានច្បាស់តាមធម្មតា។ អ្នកជំងឺអាចឃើញវត្ថុបែកជាពីរជួរ Diplopia និងស៊ូពន្លឺមិនបានអាការៈលើកដំបូងរបស់បាយភ្នែកក្នុងប្រការខ្លះខ្សែភ្នែកអ្នកជំងឹ និងខ្លីឡើងនឹងធ្វើឲ្យត្រូវការប្តូរវ៉ែនតាញឹកញាប់ ពេលបាយភ្នែកឡើងខ្លាំងខ្សែភ្នែក នឹងស្រអាប់រហូតវ៉ែនតាជួយអ្វីក៏មិនបានកូនក្រមុំភ្នែកធម្មតាឃើញពណ៌ខ្មៅក្លាយជាពណ៌លឿង ឬស។ ពាក្យដាស់តឿន ប្រសិនទុកចោលរហូតបាយភ្នែកទុំហួសទៅអាចកើតជំងឺទឹកដក់ក្នុងភ្នែកនិងជំងឺរលាកប្រស្រីភ្នែក ដែលធ្វើឲ្យភ្នែកឈឺឡើងក្រហមនិងអាចខ្វាក់បាន។ វិធីព្យាបាលបាយភ្នែក ក្នុងករណីខ្លះវេជ្ជបណ្ឌិតខ្លះអាចប្រើថ្នាំបន្តក់ភ្នែក ដើម្បីព្យាយាមបង្អង់ភាពធ្ងន់ធ្ងររបស់បាយភ្នែក តែមិនមានថ្នាំប្រភេទណាមួយអាចកាត់បន្ថយ ឬបញ្ឈប់បាយភ្នែកបានទេ ពេលខ្សែភ្នែកស្រអាប់ស្រវាំងធ្វើឲ្យមានការពិបាកក្នុងការប្រើជីវិតប្រចាំថ្ងៃបាន។ ការវះកាត់ ឬការបំបែកបាយភ្នែកជាវិធីព្យាបាលដែលជួយធ្វើឲ្យកែវភ្នែករបស់អ្នកជំងឺថ្លាឡើង និងមើលឃើញបានដូចដើម។ ដំណាក់កាលព្យាបាល វេជ្ជបណ្ឌិតឯកទេសភ្នែកនឹងត្រួតពិនិត្យវិនិច្ឆ័យគ្រាប់ភ្នែកយ៉ាងលំអិតដើម្បីញែកប្រភេទ ទីតាំង និងភាពធ្ងន់ធ្ងររបស់បាយភ្នែក ក្រៅពីនេះវេជ្ជបណ្ឌិតនៅត្រូវការវាស់សម្ពាធទឹកភ្នែក និងពិនិត្យទឹកចាហួយភ្នែកជាមួយសរសៃប្រសាទភ្នែកបាតភ្នែកយ៉ាងលំអិតដើម្បីឲ្យដឹងច្បាស់ថាបាយភ្នែកជាមូលហេតុមួយធ្វើឲ្យខ្សែភ្នែកស្រអាប់ស្រវាំង ឬមានជំងឺផ្សេងៗមកផ្សំជាមួយ។ វិធីបកបាយភ្នែក វិធីដែលនិយមប្រើជាទូទៅមាន២វិធីក្រោយពីការបញ្ចេញបាយភ្នែកហើយវេជ្ជបណ្ឌិតនឹងដាក់កែវភ្នែកសិប្បនិមិ្មតឲ្យចំពោះអ្នកជំងឺ ដើម្បីឲ្យមើលឃើញបានច្បាស់ជាធម្មតា។ វិធីបំបែកបាយភ្នែកដោយប្រើ Ultrasound (Phacoemulcification Machine) ការរំលាយបាយដោយប្រើ Ultrasound គឺជាវិធីចុងក្រោយបំផុតដែលបានទទួលការនិយមយ៉ាងខ្លាំងហើយគ្លីនិកភ្នែក ម៉េង រត្ន័នីន ជាគ្លីនិកឯកជនដំបូងបំផុតក្នុងប្រទេសដែលនាំវិធីព្យាបាលនេះមកបម្រើសេវាអ្នកជំងឺ។ ក្នុងការប្រើវិធីនេះវេជ្ជបណ្ឌិតបើកចន្លោះតូចប្រមាណ ២.២មម កន្លែងជញ្ជាំងភ្នែកដើម្បីស៊កបញ្ចូលសម្ភារៈបំបែក និងកម្ទេចបាយភ្នែករហូតអស់ទុកតែសំបកក្រោយរបស់កែវភ្នែកដែលកើតពីការព្យាបាលវិធីនេះមានខ្នាតតូចណាស់ទើបជាសះបានដូចធម្មតាយ៉ាងលឿនដោយមិនត្រូវការដេរក្រោយពីការរំលាយបាយ។ អ្នកជំងឺអាចមើលឃើញយ៉ាងច្បាស់បានទាន់ពេលអ្នកជំងឺ អាចប្រើជីវិតប្រចាំថ្ងៃភាគច្រើនបានតាមធម្មតាតែគួរបន្ថែមការប្រុងប្រយត្ន័ក្នុងការថែរក្សា។ ត្រូវធ្វើការសំអាតគ្រាប់ភ្នែក ទទួលទានថ្នាំ និងដាក់បន្តក់ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងហ្មត់ចត់។ ការវះកាត់ភ្នែកឡើងបាយបែបបើកមុខរបួសធំ វេជ្ជបណ្ឌិតអាចប្រើវិធីនេះវះកាត់ដែលជាវិធីដើមដោយបើកមុខរបួសវែងប្រមាណ ១០មម តាមជួរស្នាមតភ្ជាប់រវាងកញ្ចក់ភ្នែកខ្មៅ និងជញ្ជាំងភ្នែកសបរិវេណពាក់កណ្តាលលើគ្រាប់ភ្នែក ដើម្បីយកគ្រាប់កែវភ្នែកដែលឡើងបាយចេញនៅសល់សំបកស្រោមកែវភ្នែកផ្នែកខាងក្រោយទុកជាថង់ ។ គ្រូពេទ្យនឹងដាក់កែវភ្នែកសិប្បនិមិ្មតចូលទៅជំនួសក្នុងថង់នេះក្រោយមកទើបដេរបិទមុខរបួសដោយចេសនីឡុងប្រភេទពិសេស។ ហេតុអ្វីត្រូវដាក់កែវភ្នែកសិប្បនិមិត? IOL  (IntraOcular Lens) ក្រោយពីការបញ្ចេញកែវភ្នែកដែលជាបាយភ្នែកអស់ហើយគ្រាប់ភ្នែកនឹងមិនមានកែវភ្នែកធ្វើតួនាទីបង្រួមពន្លឺដែលនាំឲ្យខ្សែភ្នែកនៅស្រវាំង។ ដូចនេះ ទើបគ្រូពេទ្យដាក់កែវភ្នែកសិប្បនិមិ្មត ដើម្បីឲ្យមើលឃើញបានជាធម្មតា។ កែវភ្នែកសិប្បនិមិ្មតមានអាយុកាលប្រើការបានយូររហូតអស់មួយជីវិត។ មកដល់បច្ចុប្បន្ននេះគេប្រើកែវភ្នែកសិប្បនិមិ្មតពណ៌លឿងដើម្បីជួយទប់នឹងពន្លឹព្រះអាទិត្យ និងការពារសសៃបាតភ្នែកព្រមទាំងធ្វើឲ្យគំហើញកាន់តែប្រសើរ។ ក្នុងករណីខ្លះក្រោយពីដាក់កែវភ្នែកសិប្បនិមិ្មតនេះរយៈពេលយូរខ្សែភ្នែកដែលធ្លាប់ឃើញច្បាស់ក៏នឹងស្រវាំងបន្តិចម្តងៗគ្រូរពេទ្យនឹងកែបញ្ហានេះបានយ៉ាងលឿនហើយងាយមិនឈឺចាប់ដោយប្រើ Laser (Yzag Laser) កំចាត់ភាពស្រអាប់នេះឲ្យអស់បានទាន់ពេលហើយមើលឃើញដូចធម្មតា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                                           

Share

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។ ការធ្វើរោគវិនិច្ឆ័យ ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor  វិញ។ មូលហេតុ -ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។ -ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។ -កង្វះអាហារូបត្ថម្ភ។ ការព្យាបាល -បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។ -ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។ -ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។ -ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។ យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។ ផលវិបាក វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ -វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ -គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។ ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប? ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor  និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។ គួរបញ្ជាក់ថា​ការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។ ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ? វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។ មូលហេតុនៃការម៉្ញូប ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។ សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។ កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។ គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។ អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប? តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។ មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។ មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ ដើម្បីមើលច្បាស់ ​ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។ ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។ «ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top