Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទម្រាំបង្កើតបានជាទម្លាប់ហាត់ប្រាណទៀងទាត់មួយមិនមែនជាការងាយស្រួលឡើយ ហើយអ្នកពិតជាមិនចង់ឲ្យមានការផ្អាកសូម្បីមួយថ្ងៃ មិនថាដោយហេតុផលណាមួយឡើយ។ តើនេះជាការត្រឹមត្រូវឬទេ?  រាល់ហេតុផលដែលធ្វើឲ្យអ្នកត្រូវសម្រាកហាត់ប្រាណមួយរយៈមិនគួរត្រូវបានបដិសេធទាំងអស់នោះទេ ជាពិសេសនៅពេលអ្នកមានបញ្ហាសុខភាពណាមួយ។ ដោយឡែក ក៏មិនបានន័យថាគ្រប់បញ្ហាអាចក្លាយទៅលេសដែលអ្នកត្រូវផ្អាកនោះដែរ ពីព្រោះចំពោះបញ្ហាមួយចំនួន ការហាត់ប្រាណអាចក្លាយទៅជារឿងដែលមិនគួរខកខានទៅវិញ។ តើពេលណាដែលអ្នកគួរផ្អាក និងពេលណាមិនគួរផ្អាក? សូមស្វែងរកចម្លើយនៅខាងក្រោម។ ពេលដែលគួរផ្អាកហាត់ប្រាណ ជាការទុកពេលវេលាឲ្យខ្លួនអ្នកដើម្បីបានត្រឡប់មកសុខភាពល្អដូចដើម និងអាចបន្តហាត់ដោយថាមពលវិញ។ ទាំងនេះជាស្ថានភាពសុខភាពដែលតម្រូវឲ្យអ្នកសម្រាកមួយរយៈសិន៖ • បញ្ហាតំបន់ក្រោមក៖ មានអារម្មណ៍ស្ទះដោយស្លេស្មនៅត្រង់ទ្រូង ក្អកខ្លាំងក្លា បញ្ហាប្រព័ន្ធអាហារ (ក្អួតចង្អោរ ឈឺពោះ ឬរាកដែលធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក) ឬការចុករោយខ្លួនជាដើម។ • គេងមិនបានគ្រប់គ្រាន់៖ អាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការហាត់ប្រាណ ដោយវាធ្វើឲ្យអ្នកមិនអាចតាំងអារម្មណ៍ និងថែមទាំងអាចធ្វើឲ្យមានរបួស ឬការឈឺចាប់ដោយចៃដន្យផងដែរ។ • ឈឺចាប់សាច់ដុំ៖ មិនថាឈឺនៅតំបន់ណា ដោយសាររាងកាយរបស់អ្នកទាំងអស់មានការជាប់ទាក់ទងនឹងគ្នា ដូចនេះវាធ្វើឲ្យការធ្វើចលនារបស់អ្នកមានកម្រិត និងខុសប្រក្រតី អាចនាំឲ្យមានរបួសដូចគ្នា។ • ក្តៅខ្លួន៖ ការហាត់ប្រាណធ្វើឲ្យកម្តៅក្នុងរាងកាយកាន់តែកើនឡើង ដែលធ្វើឲ្យស្ថានភាពអ្នកកាន់តែអាក្រក់។ • អស់កម្លាំង៖ មិនថាអស់កម្លាំងដោយសារជំងឺហាត់លើសកម្រិត ឬមិនផ្តល់ពេលគ្រប់គ្រាន់ឲ្យរាងកាយសម្របសម្រួលមកសភាពដើម សុទ្ធតែតម្រូវឲ្យអ្នកផ្អាកមួយរយៈសិន។ • មានរបួស៖ ការបង្ខំហាត់ក្នុងអំឡុងពេលនេះអាចឲ្យអ្នកប្រឈមនឹងការឈឺចាប់រយៈពេលកាន់តែយូរ និងរបួសអាចកាន់តែធ្ងន់ធ្ងរ អាស្រ័យនឹងស្ថានភាព និងទីតាំងនៃរបួស។ ពេលដែលមិនគួរផ្អាកហាត់ប្រាណ • ផ្តាសាយ៖ បើជាអាការៈកើតឡើងនៅលើផ្នែកកដូចជា តឹងច្រមុះ ហៀរសំបោរ ឈឺក ឬក្អកតិចតួចអាចជួយឲ្យប្រសើរឡើងវិញបាន ព្រមជាមួយការបង្កើនប្រព័ន្ធភាពស៊ាំតាមរយៈការហាត់ប្រាណសមរម្យ។ • ឈឺក្បាល៖ ក្នុងករណីឈឺក្បាលតឹងណែន ឬមានសម្ពាធនៅត្រង់ថ្ងាស ឬនៅផ្នែកខាងក្រោយនៃក្បាល និងក ការហាត់ប្រាណជាជម្រើសដ៏ល្អ ប្រសិនបើអ្នកធ្វើវានៅកម្រិតសមរម្យ និងតាមរបៀបត្រឹមត្រូវ។ • ពេលមករដូវ (សម្រាប់ស្ត្រី)៖ អ្នកអាចមានការឈឺចាប់ត្រង់ពោះ ឬអាការៈចុករួយខ្លះ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាការហាត់ប្រាណនៅពេលនេះអាចជួយកាត់បន្ថយនូវអាការៈទាំងនោះបានទៅវិញ។ • ពេលមានផ្ទៃពោះ៖ ការធ្វើចលនាត្រឹមត្រូវតាមការណែនាំពីអ្នកជំនាញ អាចជួយទាំងសុខភាពម្តាយ និងទារកថែមទាំងអាចជួយឲ្យការសម្រាលកូនមានរយៈពេលខ្លីផងដែរ។ • ពេលស្ត្រេស៖ ការហាត់ប្រាណជាជម្រើសល្អបំផុតដោយវាអាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អ និងបន្ធូរភាពតានតឹង ថែមទាំងកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងផងដែរ។ អ្វីដែលអ្នកអាចធ្វើបាន អ្នកត្រូវទុកការហាត់ប្រាណជាធម្មតារបស់អ្នកនៅដោយឡែកសិន មិនថានៅពេលដែលអ្នកត្រូវបានណែនាំឲ្យផ្អាកហាត់ប្រាណ ឬពេលមិនគួរផ្អាកនោះទេ។ ជំនួសឲ្យការហាត់ជាធម្មតានេះ អ្នកក៏អាចធ្វើការសម្របសម្រួលខ្លះបើអ្នកពិតជាមិនចង់ខកខានការហាត់ ឬអ្នកមិនត្រូវបានណែនាំឲ្យផ្អាក តែក៏មិនអាចហាត់បានធម្មតា។ • បន្ថយការបញ្ចេញកម្លាំង និងរយៈពេលក្នុងការហាត់ • ជំនួសដោយលំហាត់ប្រាណស្រួលជាងមុន ឧទាហរណ៍ គួរដើរ ជំនួសឲ្យការរត់ • លំហាត់ប្រាណដែលល្អគឺការផ្តោតលើដង្ហើមដូចជា យោគៈ (Yoga)ពីឡាត (Pilate) ឬក៏ការធ្វើសមាធិ • លំហាត់ប្រាណដែលល្អសម្រាប់ជំងឺផ្តាសាយគឺ ការដើរ ឬរត់ត្រឹកៗប្រហែល២០នាទីដែលអាចជួយសម្រួលនូវអាការៈផ្តាសាយ និងធ្វើឲ្យដកដង្ហើមបានស្រួលជាងមុន • លំហាត់ប្រាណដែលណែនាំដោយអ្នកជំនាញ (សម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកមានការឈឺចាប់សាច់ដុំ ឬសន្លាក់ជាដើម) • អ្វីដែលសំខាន់ជាងគេនោះគឺ អ្នកត្រូវតែធ្វើការកម្តៅសាច់ដុំជានិច្ចមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកពិតជាមានអារម្មណ៍មិនល្អក្នុងការហាត់ប្រាណពិតមែន សម្រាកសិនជាជម្រើសល្អបំផុត ការរំលងការហាត់ប្រាណត្រឹមរយៈពេល ២ទៅ៣ថ្ងៃមិនអាចប៉ះពាល់ដល់ទម្លាប់ហាត់ប្រាណឬសមត្ថភាពក្នុងការហ្វឹកហាត់នោះឡើយ។ ត្រូវប្រាកដផងដែរថាអ្នកនឹងមិនបង្ខំខ្លួនឯងឡើយ ហើយរាល់ការមានបញ្ហាសុខភាព គួរទៅជួបនឹងអ្នកជំនាញ ដើម្បីអាចឲ្យអ្នកដឹងអំពីការធ្វើលំហាត់ប្រាណដែលស័ក្តិសមនឹងអ្នកបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រសិនបើអ្នកធ្លាប់ទៅកន្លែងហាត់ប្រាណ អ្នកប្រាកដជាធ្លាប់បានឃើញនូវទង្វើរបស់ជនមួយចំនួន ដែលមិនបានអនុវត្ដតាមការណែនាំរបស់កន្លែងហាត់ប្រាណ ហើយធ្វើឲ្យអ្នកគិតថា នៅផ្ទះល្អជាង។ ត្រូវចាំក្នុងចិត្តថា កន្លែងហាត់ប្រាណជាកន្លែងសាធារណៈ ​មិនមែនជាកន្លែងឯកជនដាច់មុខរបស់អ្នកនោះទេ ហេតុនេះហើយ រាល់ទង្វើដែលអ្នកធ្វើ ចាំបាច់ណាស់ត្រូវតែគិតគូរដល់អ្នកដែលនៅក្បែរខ្លួនផង។ ៨ចំណុចដែលមិនគួរប្រតិ​ប​ត្តិនោះ​ រួមមានដូចខាងក្រោម៖​ ១. មិនត្រូវទុកម៉ាស៊ីនហាត់ប្រាណឲ្យនៅមានញើស វាជារឿងធម្មតាទេដែលយើងតែងតែបែកញើសរាល់ពេលយើងហាត់ប្រាណ។ ការប្រើកូនកន្សែង គឺជាវិន័យមួយដ៏សំខាន់របស់កន្លែងហាត់ប្រាណ ក៏ដូចជា ការប្រើនូវកូនកន្សែងនេះ ដើម្បីជូតញើសរបស់អ្នកចេញពីម៉ាស៊ីនដែលអ្នកបានប្រើរួច។ ចូរចងចាំថាម៉ាស៊ីនស្ទើរតែទាំងអស់ គឺមានស្បែកគ្របពីលើ ហើយញើសរបស់អ្នកនឹងជាប់នៅទីនោះ លុះត្រាតែអ្នកជូតវាចេញ។   ២. កុំកាន់កាប់ម៉ាស៊ីនហាត់ប្រាណ​ ប្រសិនបើអ្នកមិនប្រើវា មានមនុស្សជាច្រើនចូលចិត្តទៅអង្គុយលេងនៅលើម៉ាស៊ីនហាត់ប្រាណ។ ពូកគេតែងតែចុចទូរស័ព្ទលេង មើលសារអេឡិចត្រូនិច ថតរូបលេង ឬក៏សម្រាកលេង នៅលើម៉ាស៊ីនទាំងនោះ នៅពេលដែលមានអ្នកដទៃកំពុងតែរង់ចាំប្រើនូវម៉ាស៊ីនមួយនោះដែរ។ ប្រសិនបើអ្នកនៅកន្លែងហាត់ប្រាណ អ្នកត្រូវចងចាំថា ​អ្នកមកទីនេះដើម្បីហាត់ប្រាណ។ ៣. ការនិយាយទូរស័ព្ទ និងការប្រើប្រាស់ប្រដាប់បំពងសម្លេង នៅកន្លែងហាត់ប្រាណមានមនុស្សរំខានមួយចំនួនដែលតែងតែនិយាយទូរស័ព្ទឮៗ​ ហើយយូរៗ នៅកំឡុងពេលហាត់ប្រាណ ហើយមានអ្នកខ្លះទៀត ចូលចិត្តចាក់ចម្រៀងឮៗ សូម្បីតែអ្នកដែលពាក់កាសក៏អាចស្ដាប់ឮដែរ។ ៤. ម៉ាស៊ីនហាត់ប្រាណ គឺសម្រាប់អ្នករាល់គ្នា តើអ្នកចាំទេ កាលពីយើងរៀននៅថ្នាក់មតេ្តយ្យ យើងត្រូវបានបង្រៀនថា របស់លេងនៅក្នុងសាលាគឺសម្រាប់ក្មេងៗគ្រប់គ្នា? ដូច្នេះហើយ អ្នកគួរតែអនុវត្ដដូចគ្នា ពេលអ្នកនៅកន្លែងហាត់ប្រាណ។ អ្នកមិនគួរហាត់ប្រាណដោយប្រើម៉ាស៊ីនតែមួយគត់នោះទេ។ អ្នកមិនគួរចំណាយពេល២ម៉ោង ទៅលើតែម៉ាស៊ីនរត់ហាត់ប្រាណ មួយទេ ប្រសិនបើអ្នកឃើញថាមានអ្នកដទៃទៀតកំពុងរង់ចាំប្រើម៉ាស៊ីននោះដែរ។ ៥. មិនត្រូវទុកដុំដែក (ទម្ងន់) ឲ្យនៅពាសវាលពាសកាលទេ មេរៀនមួយទៀតដែលអ្នកបានរៀនកាលពីនៅក្មេងៗនោះ គឺមិនត្រូវទុករបស់លេងអ្នកឲ្យនៅពង្រាយគ្រប់ទីកន្លែងនោះទេ។ វិន័យដូចគ្នានេះ ក៏គួរតែអនុវត្ត នៅកន្លែងហាត់ប្រាណ។ អ្នកគួរតែដាក់ដុំដែកទៅកាន់កន្លែងដើមរបស់វាវិញ។ កាលដែលទុកដុំដែកនៅលើឥដ្ឋចោល វាអាចធ្វើឲ្យអ្នកដទៃដួល ឬមានរបួសបាន។ ៦. ការដាក់សម្ពាធដល់អ្នកដទៃ ការប្រើម៉ាស៊ីនហាត់ប្រាណណាមួយរហូតដល់៦០នាទី គឺវាមិនសមរម្យទេ ប៉ុន្តែការឈរឱបដៃ និងព្យាយាមតឿនអ្នកដែលកំពុងហាត់ប្រាណឲ្យលឿនឡើង គឺជាទង្វើមួយដែលមិនគួរសមដូចគ្នា។ ៧. ទៅយឺត អ្នកមិនគួរទៅយឺតទេ ទោះបីវាជាថ្នាក់កាយសម្បទាជាក្រុម ឬឯកជនក៏ដោយ។ ការទៅយឺតអាចរំខានដល់គ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរ។ ប្រសិនបើអ្នកមកដល់យឺត អ្នកគួរតែព្យាយាមកាន់បន្ថយការរំខានរបស់អ្នកឲ្យតិចបំផុត ទៅតាមដែលអ្នកអាចធ្វើបាន។ ៨. បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណ មិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកទេ មានអ្នកខ្លះដើរដោយគ្មានខោអាវនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទង្វើបែបនេះអាចធ្វើ  ឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយមានអ្នកខ្លះងូតទឹករាប់ម៉ោង និងមានអ្នកខ្លះទៀតចេញទៅទាំងមិនបានសំអាតបន្ទប់ទឹក ហើយបន្សល់ទុកនូវពពុះសាប៊ូ និងសក់ជាដើម។ ទោះបីជាអ្នកមិនប្រកាន់ ឲ្យអ្នកដទៃឃើញអ្នកអាក្រាតកាយក៏ដោយ អ្នកគួរចងចាំថា មានអ្នកខ្លះមិនចូលចិត្តនៅជិតអ្នកដែលគ្មានពាក់សម្លៀកបំពាក់ ឬអ្នកដែលដោះសម្លៀកបំពាក់ នៅកន្លែងសាធារណៈទេ។ អ្នកគួរគោរពអ្នកដទៃ គោរពពេលវេលា និងឯកជនភាពរបស់ពួកគេ។ អ្នកត្រូវចងចាំថា បន្ទប់ប្ដូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណ មិនមែនជាបន្ទប់ទឹកផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយអ្នកត្រូវប្រាកដថាអ្នកបានលាងសំអាតវាក្រោយពេលប្រើប្រាស់វារួច។    ប្រភព ៖ Bright Side © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រោយពីត្រឡប់ពីធ្វើការ ឬមកពីរៀនវិញ តែងតែអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅអំពីទម្រេតខ្លួនឲ្យបានបន្តិច ក៏អស់ចិត្តដែរ។ ប្រាកដទេថាការធ្វើបែបនេះ ជួយឲ្យអ្នកមានថាមពលឡើងវិញ?បន្ទាប់ពីបំពេញការងារ ឬសិក្សាពេញមួយថ្ងៃហើយក៏ដោយ អ្នកនៅមានកិច្ចការផ្សេងទៀតជាច្រើនដែលត្រូវធ្វើបន្ថែមដូចជា ធ្វើកិច្ចការសាលា បង្ហើយការងារមួយចំនួន ឬរៀបគម្រោងនានាសម្រាប់ថ្ងៃស្អែក។ ហេតុនេះ អ្នកត្រូវប្រាកដថាអ្នកមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារទាំងនោះ។      មិនត្រឹមតែអាហារទេដែលផ្តល់ឲ្យអ្នកនូវថាមពល លំហាត់ប្រាណក៏ជួយអ្នកបានដូចគ្នា  បើចង់ដឹងច្បាស់ពីហេតុផល និងប្រភេទលំហាត់ប្រាណនានា សូមធ្វើការតាមដានជាមួយ ហេលស៍ថាម ដូចខាងក្រោម៖ ហេតុអ្វីបានជាការហាត់ប្រាណអាចផ្តល់ថាមពលដល់រាងកាយ? មនុស្សភាគច្រើនតែងគិតថាឲ្យតែហាត់ប្រាណរួច ដឹងតែអស់កម្លាំង បើមិនតិចក៏ច្រើនដែរ ហើយអ្នកអាចជាម្នាក់ដែលគិតបែបនេះ។ ពិសេសគឺបន្ទាប់ពីត្រឡប់មកពីធ្វើការ ឬពីសាលា ដោយយល់ថាខ្លួនឯងអស់កម្លាំងស្រាប់ទៅហើយ បើទៅហាត់ប្រាណទៀតរឹតតែហត់។ ហេតុផល២យ៉ាង អាចប្តូរការគិតរបស់អ្នកបាន ដែលបង្ហាញយ៉ាងជាក់លាក់ថាលំហាត់ប្រាណអាចផ្តល់ថាមពលដោយផ្ទាល់រួមមាន៖ • បង្កើនកម្រិត Endorphins ដែលជាអ័រម៉ូនធម្មជាតិ ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកធ្វើលំហាត់ប្រាណ ផ្តល់ឲ្យអ្នកមានអារម្មណ៍មានថាមពល និងស្វាហាប់ជាងមុន បង្កើនការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងៗ និងផ្តល់ឲ្យអ្នកនូវការត្រៀមខ្លួនជាមួយនឹងដំណោះស្រាយបញ្ហានានា បន្ទាប់ពីការហាត់ប្រាណសមស្រប ព្រោះ Endorphinsជួយជំរុញថាមពលរាងកាយអ្នកប្រកបដោយប្រសិទ្ធភាព។ • បង្កើនសុខភាពបេះដូងសរសៃឈាមឲ្យដំណើរការបានល្អ ផ្តល់ឲ្យអ្នកនូវការធ្វើកិច្ចការបានច្រើនជាងមុន និងប្រសើរបំផុតជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកហាត់ប្រាណជាប្រចាំ ពិសេសនៅពេលល្ងាចបន្ទាប់ពីអ្នកមកដល់ផ្ទះត្រឹមតែ១៥នាទីឬ៣០នាទីនោះ អ្នកនឹងអាចបញ្ចប់កិច្ចការនៅពេលយប់តាមគម្រោងរបស់អ្នកដោយជោគជ័យ។ ហើយអ្នកនឹងគេងលក់ស្រួល ស្ងប់ហើយមានអារម្មណ៍ថាគេងឆ្អែត  ផ្ទុយពីការគេងច្រើនតែនៅតែអស់កម្លាំង។ ហេតុផលនៃការហាត់ប្រាណជាប្រចាំ ទោះជានៅពេលព្រឹក ឬល្ងាចគឺ អ្នកនឹងមានថាមពលច្រើនជាងធម្មតា ហើយមិនឆាប់អស់កម្លាំងទោះជាអ្នកធ្វើការ ឬសិក្សាពេញមួយថ្ងៃក៏ដោយ។ ប្រភេទកីឡាដែលមានប្រសិទ្ធភាពបំផុត? ការហាត់ប្រាណជាប្រចាំពិតជាសំខាន់ ប៉ុន្តែការជ្រើសរើសប្រភេទកីឡាសមស្រប និងរយៈពេលហាត់ គឺកាន់តែសំខាន់ដើម្បីឲ្យអ្នកទទួលបានអត្ថប្រយោជន៍តាមការរំពឹងទុក។ ភាគច្រើននៃប្រភេទលំហាត់ប្រាណដែលផ្តល់ថាមពលដល់អ្នកបាន ជាលំហាត់ប្រាណដែលប្រើដង្ហើម(aerobic) មានន័យថាប្រើប្រាស់អុកស៊ីហ្សែនដើម្បីភ្ញោចទៅបេះដូង និងប្រព័ន្ធដំណកដង្ហើមដូចជា ការរត់ត្រឹកៗ ដើរ ធាក់កង់ ឬហែលទឹក។ ប៉ុន្តែត្រូវចាំថា គ្រប់សកម្មភាពរបស់អ្នកសុទ្ធតែអាចជាការហាត់ប្រាណ តួយ៉ាង  ក្រោយត្រឡប់មកដល់ផ្ទះល្ងាច  អ្នកអាចធ្វើសកម្មភាពនានា ដែលតម្រូវឲ្យអ្នកដើរទៅមកៗនៅក្នុងផ្ទះ  ឬជុំវិញផ្ទះ ដូចជាការស្រោចទឹកផ្កាឬដំណាំផ្សេងៗ នេះវាក៏ជាឱកាសក្នុងការផ្តល់ថាមពលពីធម្មជាតិបៃតងនៃផ្ទះអ្នកបានផងដែរ។ ម៉្យាង អ្នកអាចហាត់ប្រាណជាលក្ខណៈការធ្វើចលនាដៃជើង ការលើកដៃជើង ឬពត់ខ្លួនអមជាមួយបទភ្លេងដែលអ្នកចូលចិត្តវាពិតជាឱសថទិព្វផ្តល់ថាមពលដ៏អស្ចារ្យដល់អ្នក បន្ទាប់ពីហត់នឿយនឹងកាងារដ៏មមាញឹករបស់អ្នក។ ចំពោះរយៈពេលនៃការចាប់ផ្តើមដ៏ល្អបំផុតគឺ ត្រឹម១០នាទីឡើងទៅ១៥នាទីឬ៣០នាទី និងយ៉ាងហោចណាស់ក៏៣ដងក្នុងមួយសប្តាហ៍ដែរ។ វាគឺជាការសម្រេចចិត្តរបស់អ្នក ថាតើអ្នកនៅបន្តគេងមើលទូរទស្សន៍ ឬទូរស័ព្ទបន្ទាប់ពីអ្នកទៅដល់ផ្ទះទៀត ឬយ៉ាងណា? បើអ្នកក៏ដឹងខ្លួនឯងហើយថា ធ្វើបែបនេះ អ្នកមិនមានអារម្មណ៍ទៅធ្វើកិច្ចសាលា បង្ហើយការងារ ឬធ្វើគម្រោងសម្រាប់ស្អែក ដែលអ្នកតែងតែប្រាប់ខ្លួនឯងរាល់ថ្ងៃថានឹងធ្វើ។ ផ្លាស់ប្តូររបៀបរបបរស់នៅរបស់អ្នក គឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកដូច្នោះដែរ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ការហែលទឹកជាប្រភេទកីឡាដែលមិនបាច់ត្រូវចេញញើស ហើយស្របពេលអាកាសធាតុកំពុងតែក្តៅនេះ​ វាក៏អាចការពារការបាត់បង់ជាតិទឹក ព្រមទាំងភាពស្អុះស្អាប់នៅពេលហាត់ប្រាណផងដែរ។    ណាមួយការហែលទឹកអាចកាត់បន្ថយស្រេ្តស​ ​បង្កើនភាពរហ័សរហួន​ ​បង្កើនសម្រស់​ ​ជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំផងដែរ​ ​ជា ពិសេសក៏ចៀសវាងពីការកើត​ និងការរើឡើងនៃជំងឺហឺតបានថែមទៀតផង។ តែបញ្ហាដែលតែងតែជួបប្រទះនៅកន្លែងហែលទឹកខ្លះ នោះគឺនៅត្រង់ថា​ ​អនាម័យ​ ​ផាសុកភាពមិនសូវល្អ​ និងភាពអ៊ូអរពេក រកតែកន្លែងបណ្តែតខ្លួនមិនឃើញ។​ ​ហេតុនេះសូមមកមើល​ ពីការណែនាំពីទីកន្លែងហែលទឹក៥​ ​កន្លែងជាមួយនឹងសេវាកម្ម​ និងតម្លៃសមរម្យ ដែលអ្នកនឹងមិនបាច់បារម្ភពីបញ្ហាខាងលើទៀតទេ។  1.​ ​​The​ ​Place​ ​Fitness​ ​Center  ជាប្រភេទកន្លែងហាត់ប្រាណមានអាងហែលទឹក ដ៏ស្រស់ស្អាត​ ​និងធំទូលាយដែលមានគំនូស បន្ទាត់សម្រាប់ហែលងាយស្រួលដល់អ្នកចង់ហ្វឹក ហាត់ហែលទឹក។    ទីតាំង៖​ ​ផ្លូវ​ ​៥១​ ​សង្កាត់បឹងកេងកង១​ ​ខណ្ឌចំការមន​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១៨០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    2​. ​​Superfit-Fitness​ ​and​ ​Health​ ​Club    ជាកន្លែងហាត់ប្រាណដែលមានអាងហែលទឹក ធំទូលាយ​ ​​ ​និងបរិយាកាសស្ងប់ស្ងាត់ដែលអ្នក អាចតាំងអារម្មណ៍ហែលទឹក​ ​​ ​ដោយផ្តោតលើ ដង្ហើម​ ​និងធ្វើឲ្យសួតដំណើរការល្អ។     ទីតាំង៖​ ​នៅលើផ្លូវម៉ៅសេទុង​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១០០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    3.​ ​​Cambodiana​ ​Hotel   ជាអាងទឹកមានការរចនាជាលក្ខណៈបែបខ្មែរ បុរាណមានកន្លែងអង្គុយ​ ​និងគេងសម្រាក​ ​​ ​បន្ទាប់ពីហែលទឹកហើយ។​ ​​ជាមួយខ្យល់អាកាសបែបធម្មជាតិ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ​ ​និងស្ងប់ស្ងាត់។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវត្ថិ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    4.​ ​​Himawari​ ​Hotel  អាងហែលទឹកដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ​Himawari​ ​ទីធ្លាធំទូលាយ​ ​ផ្តល់ភាពងាយស្រួល ដល់ការទៅលេងជាក្រុម​ ​តែបើម្នាក់ឯងក៏អាចរាប់អានមិត្តថ្មីៗបានច្រើនដែរ។​ ​​​អាងទឹកមាន ភាពត្រជាក់​ ​និងមានទឹកថ្លា​ ​​បើទៅលក្ខណៈជាគូក៏កាន់តែរ៉ូមែនទិក។អារម្មណ៍ស្រស់ស្រាយ  ហើយបានសុខភាពល្អទៀត។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវតិ្ថ​ ​ភ្នំពេញ  សេវាកម្ម៖​ ​ថ្ងៃច័ន្ទ-សុក្រ​ ​តម្លៃ៧$​ ​​ ​និងសៅរ៍-អាទិត្យ​ ​​ ​តម្លៃ៨$​ ​​ ​​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    5.​ ​​Aquarious​ ​Hotel​ ​&​ ​Urban​ ​Resort  អាងទឹកស្ថិតលើកំពូលអគារ​ ​មានខ្យល់អាកាស បរិសុទ្ធ​ ​ដែលធ្វើឲ្យអ្នកដកដង្ហើមស្រួល​ ​និងអាចគេងសម្រាកមើលទេសភាពទីក្រុងបាន។​ ការហែលទឹកក្នុងអាងទឹកប្រៃបែបនេះគឺអាចធ្វើឲ្យ ស្បែកអាចជម្រុះកោសិកាចាស់ៗបាន​ ​និងមានភាពទន់រលោង។    ទីតាំង៖​ ​ផ្លូវ​ ​២៤០​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    អ្នកប្រហែលជាធ្លាប់ទៅកន្លែងហែលទឹកផ្សេងៗពីមុនមកហើយ​ ​តែចង់ដឹងថាកន្លែងពីមុនខុសពីកន្លែងដែលបានណែនាំទាំង៥ខាងលើ នេះយ៉ាងណានោះ​ចុងសប្តាហ៍នេះជាឱកាសដែលអ្នកអាចសាកល្បង មើលបាន។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

Share

សម្រាប់កីឡាករបាល់ទាត់ សម្ភារៈគ្រប់គ្រាន់ជាផ្នែកមួយសំខាន់ផងដែរ។ អ្នកអាចនឹងមិនត្រូវការវាទាំងអស់ ពេលដែលអ្នកគ្រាន់តែលេងវាជាលក្ខណៈសប្បាយរីករាយ ឬប្រកួតលេងៗជាមួយមិត្តភក្តិ។ ប៉ុន្តែប្រសិនបើក្នុងការប្រកួតលក្ខណៈជាក្រុមក្នុងកន្លែងធ្វើការ ឬសាលារៀន ដើម្បីដណ្តើមយកជ័យជំនះ និងមុខមាត់នោះ គ្រូបង្វឹកនឹងមិនអនុញ្ញាតឲ្យអ្នកចូលលេងឡើយ បើអ្នកមិនមានសម្ភារៈគ្រប់គ្រាន់នោះ។ សម្ភារៈមិនត្រឹមតែបង្ហាញពីការរៀបចំ និងទំនួលខុសត្រូវរបស់អ្នកប៉ុណ្ណោះទេ វាក៏អាចឲ្យអ្នកលេងដោយអស់ពីលទ្ធភាព ដោយមិនចាំបាច់បារម្ភពីគ្រោះថ្នាក់ ឬរបួសអ្វីនោះឡើយ...   ស្បែកជើង ៖ កីឡាករបាល់ទាត់គួរតែពាក់ស្បែកជើងការ៉ាំប៉ុង(Cleats) ឬស្បែកជើងបាល់ទាត់ធម្មតា ហើយស្បែកជើងបាល់ទាត់ក៏ត្រូវបានរចនាឡើងជាពិសេសជាមួយនឹងបាតដ៏ពិសេស។ ស្បែកជើងទាំងនោះជួយដល់ទំនាញនៅលើស្បែក ដែលជួយបង្កើនសមត្ថភាពរបស់កីឡាករឲ្យមានលំនឹងឈរបានល្អ។ ស្រោមជើង ៖ ស្រោមជើងមានប្រវែងវែង និងការពារខ្មងជើង។ ប្រដាប់ការពារខ្មង ៖ វាជួយការពារខ្មងជើងរបស់កីឡាករ ដែលជាកន្លែងដែលងាយនឹងត្រូវបានទាត់​ចំ ឬរងរបួសជាងគេ។ អ្នកគួររកជាវមួយណាដែលមានទំហំល្មមនឹងជើងរបស់អ្នក និងមានកម្រាស់ក្រាស់ល្មម ហើយម្យ៉ាងក៏គួរស៊ីនឹងស្រោមជើងផងដែរ។ បាល់ ៖ បើអ្នកមានបាល់ផ្ទាល់ខ្លួន ក៏ងាយស្រួលដល់ការហ្វឹកហាត់ដោយខ្លួនឯងដែរ។ ដោយបាល់មានទំហំខុសៗពីគ្នា ដែលត្រូវបានផលិតឡើងសម្រាប់អ្នកលេងក្នុងវ័យខុសគ្នា។ ទឹក ឬភេសជ្ជៈប៉ូវកម្លាំង ៖ កីឡាករត្រូវការជាតិទឹកច្រើន ហើយត្រូវតែទទួលទានទឹកច្រើនទាំងក្នុងពេលប្រកួត និងហាត់ ដើម្បីបំបាត់នូវភាពនឿយហត់។ មិនថាជាទឹកបរិសុទ្ធ ឬទឹកកម្លាំងសម្រាប់កីឡាករនោះទេ អ្នកគួរតែត្រៀមវាទុកសម្រាប់ទទួលទាន។ កម្តៅសាច់ដុំ​ និងសន្លាក់ ៖ អ្នកមិនអាចទៅដល់ក៏ចូលលេងភ្លាមនោះទេ ព្រោះអ្នកងាយនឹងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសរមួលសាច់ដុំ ឬឈឺចុកសន្លាក់ជាដើម។ រក្សាភាពរឹងមាំ ៖ បើអ្នកមានសុខភាពមិនល្អ គួរតែកុំចូលលេងអី ដើម្បីចៀសវាងរបួសធ្ងន់ធ្ងរ ឬភាពនឿយហត់។ កុំប្រឹងហួសកម្រិតពេក ត្រូវគិតពីលទ្ធភាព និងលក្ខខណ្ឌសុខភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ចូលចិត្តហាត់ប្រាណ ហើយក៏ហាត់ជាប្រចាំ ប៉ុន្តែមើលពីប្រសិទ្ធភាពវិញគឺមិនបានដូចចិត្តទាល់តែសោះ ធាត់នៅតែធាត់ រីឯក្បាលពោះវិញក៏នៅតែមាន។ កត្តាជាច្រើនអាចមានឥទ្ធិពលដល់រាងកាយ ក៏ដូចជាប្រសិទ្ធភាពក្នុងការហាត់ប្រាណរបស់អ្នកផងដែរ ហើយអាចមានកត្តាណាមួយដែលអ្នកកំពុងតែធ្វើ ដោយមិនធ្លាប់ដឹងថាវាខុស។  ដូចនេះ កុំឲ្យកំហុសដដែលៗបន្តកើតឡើងជាមួយនឹងកំហុស៦យ៉ាងពេលហាត់ប្រាណតទៅទៀត៖  1.    ញ៉ាំច្រើនពេកមុនពេលហាត់ប្រាណ ប្រាកដណាស់ដែលការញ៉ាំមុនហាត់ប្រាណជួយផ្តល់ថាមពលដល់អ្នកក្នុងការហាត់ ហើយមិនធ្វើឲ្យអ្នកឃ្លានពេលកំពុងហាត់ ប៉ុន្តែអ្នកក៏មិនគួរបណ្តោយខ្លួនអ្នក ឲ្យញ៉ាំលើសលប់ដែរ ដោយហេតុថា ការញ៉ាំមុនហាត់-ប្រាណអាចឲ្យអ្នកឈឺពោះ និងចង្អោរពេលកំពុងហាត់។ ប្រសិនបើចាំបាច់ អ្នកគប្បីញ៉ាំអាហារសម្រន់ដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ ឬប្រភេទយ៉ាអួ យ៉ាងហោចណាស់៤៥នាទីមុនហាត់ តែបើអ្នកត្រូវញ៉ាំអាហារច្រើនអ្នកត្រូវចាំ១ម៉ោងក្រោយ ចាំហាត់ទើបប្រសើរ។ 2.    ញ៉ាំភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកមិនឆាប់ហត់ក៏ពិតមែន ប៉ុន្តែភេសជ្ជៈប្រភេទនេះមិនត្រូវបានណែនាំឲ្យញ៉ាំអំឡុងពេលហាត់ឡើយ ដោយសារវាមានផ្ទុកនូវជាតិស្ករ និងសារធាតុដែលមានកាឡូរីច្រើនអាចប៉ះពាល់ដល់មុខងារបេះដូង។ ម៉្យាងទៀត សារធាតុកាហ្វេអ៊ីននៅក្នុងភេសជ្ជៈអាចបង្កផលរំខានដល់លំហូរឈាម ប្រសិនបើអ្នកបរិភោគវាក្នុងពេល និងក្រោយពីហាត់រួចភ្លាម។ ផ្ទុយមកវិញ  លោកអ្នកអាចជំនួសវាបានដោយការញ៉ាំទឹក ឬពពួកភេសជ្ជៈ សម្រាប់អ្នកកីឡា (Sport Drink) ក្នុងបរិមាណសមរម្យជាការល្អបំផុត។ 3.    ហាត់យូរពេក ហាត់ប្រាណដើម្បីបានសុខភាពល្អ មិនមែនមានន័យថាអ្នកត្រូវហាត់ច្រើនបំផុតតាមដែលអាចធ្វើបាននោះទេ អ្នកត្រូវមានកាលវិភាគត្រឹមត្រូវ និងរយៈពេលសមស្រប។ តាមការស្រាវជ្រាវមួយបង្ហាញថា ការហាត់ប្រាណហួសហេតុពេក ជាមូលហេតុនៃស្ត្រេស បាក់កម្លាំង ខ្សោយសាច់ដុំ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ពីការហាត់ប្រាណថែមទៀត។  អ្នកគួរអនុវត្តការធ្វើលំហាត់ប្រាណតាមបរិមាណកម្លាំងរបស់អ្នក និងគួរធ្វើការហាត់ក្នុងកម្រិតជុំវិញ ៥ម៉ោងក្នុងមួយសប្តាហ៍។ ម៉្យាងទៀត ត្រូវផ្តល់ពេលវេលាឲ្យរាងកាយ អ្នកបានសម្រាកនៅពេលអ្នកមានអារម្មណ៍ឈឺចាប់នៅត្រង់កន្លែងណាមួយ។ 4.    សម្រាកយូរពេក ដូចនឹងការហាត់យូរពេក ការសម្រាកយូរពេកក៏ប៉ះពាល់ដល់ប្រសិទ្ធភាពនៃការហាត់ប្រាណផងដែរ។ ជាទូទៅ ត្រឹមតែ១ទៅ២នាទីនៃការសម្រាកអំឡុងពេលហាត់ត្រូវបានណែនាំ និងបង្ហាញថាគ្រប់គ្រាន់ដើម្បីឲ្យរាងកាយអ្នកត្រឡប់មកសភាពល្អឡើងវិញ។ ការលេង ឬនិយាយទូរស័ព្ទក្នុងពេលហាត់ប្រាណមិនមែនជាគំនិតល្អនោះទេព្រោះវាអាច ធ្វើឲ្យអ្នកមិនផ្តោតអារម្មណ៍លើការហាត់ ហើយក៏ជាមូលហេតុដែលធ្វើឲ្យអ្នកសម្រាកយូរ និងលែងចង់ហាត់បន្តទៀត។ យកល្អពេលហាត់ប្រាណប្រើទូរស័ព្ទត្រឹមតែស្តាប់ ចម្រៀងដែលអ្នកចូលចិត្ត ដើម្បីប្រមូលអារម្មណ៍ជំរុញការហាត់ទៅបានហើយ។ 5.    ហាត់ម្នាក់ឯង អ្នកអាចនឹងចង់មានឯករាជ្យ ហើយចូលចិត្តហាត់ប្រាណតែម្នាក់ឯង ដែលមើលទៅអ្នកទំនងជារីករាយជាមួយនឹងការធ្វើបែបនេះ ដោយភ្លេចគិតដល់ការជំរុញទឹកចិត្ត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកទឹកចិត្តខ្លួនឯងត្រឹមតែខ្លួនអ្នកម្នាក់ប្រាកដជាមិនអាចប្រសើរនោះទេ។ ប្រសិនបើអ្នកហាត់មានដៃគូ ត្រឹមតែ២នាក់ឬច្រើន នឹងអាចបង្កើនកម្លាំងជំរុញចិត្ត ២ដងឲ្យការហាត់កាន់តែមានប្រសិទ្ធភាព ហាត់បានទៀងទាត់ ហើយក៏មិនសូវធ្វើឲ្យអ្នកឆាប់ធុញដែរ។ 6.    ហាត់ដដែលៗ ការហាត់ប្រាណដដែលៗអាចឲ្យអ្នកមានភាពងាយស្រួល តែបើអ្នកនៅតែធ្វើវាជារៀងរាល់ថ្ងៃ   នោះវានឹងកាត់បន្ថយនូវប្រសិទ្ធភាពហើយធ្វើឲ្យអ្នកកាន់តែធុញទ្រាន់។ សាកល្បងរាងកាយអ្នកឲ្យមានការប្រកួតប្រជែងដោយការហាត់បែបផ្សេងទៀត ពេលនោះអ្នកនឹងបានឃើញលទ្ធផលរីកចម្រើន។ ព្យាយាមផ្លាស់ប្តូរពីការហាត់​ប្រើកម្លាំងតិចទៅច្រើនបន្តិចម្តងៗមានន័យថាប្រសិនបើអ្នកធ្លាប់ជិះកង់អ្នកគួរប្តូរមកជាការរត់វិញម្តង។ ការរក្សាឲ្យមានការពញ្ញាក់ដល់រាងកាយអ្នកជាអ្វី​ ដែលអ្នកមិនត្រូវមើលរំលង។ ការហាត់ប្រាណវាជារឿងមួយដែលត្រូវប្រកួតនឹងខ្លួនឯងទៅហើយ ដូចនេះកុំដោយសារកំហុសដែលអ្នកមិនបានដឹង ក្លាយជាមូលហេតុដែលអ្នកអស់ទឹកចិត្តក្នុងការប្រកួត។ អញ្ចឹងពេលនេះល្មមដល់ពេលដែលអ្នកត្រូវបញ្ឈប់ ដើម្បីឲ្យការហាត់ប្រាណរបស់អ្នកផ្តល់លទ្ធផលតាមការរំពឹងទុកហើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ប្រជាជនកម្ពុជាហាក់យល់ដឹងច្រើនពីបញ្ហាសុខភាព ទើបយើងសង្កេតឃើញថាប្រជាជនទាំងក្មេង ទាំងចាស់ ហាក់ងាកទៅរកការហាត់ប្រាណជាប្រចាំនៅតាមទីសាធារណៈ និងក្លិបហាត់ប្រាណឯកជន។ ហេលស៍ថាម សូមលើកយក ៩ចំណុចដែលអ្នកគួរពិចារណាក្នុងការរើសក្លិបហាត់ប្រាណ៖ 1.    តម្លៃ ទោះអ្នកមានជីវភាពណាក៏ដោយ ការសន្សំសំចៃនៅតែជារឿងល្អមួយ។ •ការបញ្ចុះតម្លៃពិសេស៖ អ្នកមិនគួរឲ្យរំលងនូវឱកាសបុណ្យនានាឡើយព្រោះក្លិបហាត់ប្រាណ នីមួយៗ តែងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យទាំងនោះ ។ •ការចុះជាសមាជិករយៈពេលវែង៖ សម្រាប់អ្នកទើបតែចូល អ្នកមិនគួរចុះជាសមាជិករយៈពេលវែងដូចជា ១ឆ្នាំ ២ឆ្នាំ ភ្លាមៗនោះទេ។ អ្នកគួរសាកល្បងហាត់នៅក្លិបនោះឲ្យបានមួយរយៈសិន ដើម្បីដឹងថាអ្នកពិតជា ពេញចិត្តនឹងក្លិបនោះពិតប្រាកដមែន។   2. ប្រភេទអ្នកចូលចិត្តទៅក្លិប ក្លិបនីមួយៗតែងមានប្រភេទអ្នកទៅផ្សេងៗគ្នាដូចជាក្លិបខ្លះ សម្បូរដោយ ប្រុសៗ ខ្លះដោយស្រីៗ ជាដើម។ •ប្រសិនបើអ្នកជាស្រី៖ អ្នកប្រហែលមិនចង់ឲ្យប្រុសៗជាច្រើនសម្លឹងមើលអ្នកពេលអ្នកកំពុងហាត់ប្រាណនោះទេ ដែលធ្វើឲ្យអ្នកអៀន ឬមិនហ៊ានសាកល្បងហាត់ឧបករណ៍ថ្មីៗជាដើម។ •ចំនួនអ្នកទៅក្លិបនោះ៖ អ្នកក៏គួរតែសង្កេតមើលថាក្លិបនោះមានអ្នកហាត់ប៉ុន្មាននាក់ដែរជាពិសេសពេលល្ងាច និងថ្ងៃចុងសប្តាហ៍ព្រោះ អ្នកប្រហែលជាមិនចង់អង្គុយរង់ចាំឧបករណ៍ ហាត់ប្រាណដែលអ្នកចង់ប្រើនោះទេ។ 3. ឧបករណ៍ហាត់ប្រាណ ពេលរើសកន្លែងហាត់ប្រាណ អ្នកគួរដើរមើលមួយជុំក្លិបនោះ តើក្លិបនោះមានឧបករណ៍ហាត់ប្រាណ គ្រប់គ្រាន់ដែរឬទេ  ជាពិសេសឧបករណ៍ដែល អ្នកចូលចិត្តហាត់។ 4. សេវាកម្មបន្ថែម ក្លិបហាត់ប្រាណមួយចំនួនមានការផ្តល់ជូនសេវាកម្មបន្ថែមដូចជាកន្លែងក្មេងលេង ការម៉ាស្សា ធ្វើសរសៃ ឬសាឡនផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសាកសួរថាក្លិបនោះមានអ្នកប្រឹក្សាយោបល់ពីចំណីអាហារផ្សេងៗដែរឬទេជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានសាច់ដុំ ៦កង់ជាដើម។ 5.ទីតាំង អ្នកគួរជ្រើសរើសយកក្លិបហាត់ប្រាណណាដែលនៅក្បែរផ្ទះ សាលា ឬកន្លែងធ្វើការរបស់អ្នក បើមិនដូច្នោះទេ អ្នកទំនងជាមិនអាចទៅហាត់ប្រាណបានទៀងទាត់ទេ ឬខ្ជិលទៅហាត់ប្រាណតែម្តង ជាពិសេសក្នុងក្រុងភ្នំពេញដែលមានការកកស្ទះចរាចរណ៍ច្រើនផងដែរ។ 6. ភាពស្អាត និងអនាម័យ ក្លិបហាត់ប្រាណក៏ជាកន្លែងដែលអ្នកសម្រាកអារម្មណ៍ពីការងារ និងបញ្ចេញស្រេ្តសផងដែរ  ដូច្នេះហើយក្លិបហាត់ប្រាណត្រូវជាកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ អ្វីដែលអ្នកគួរសង្កេតមានដូចជា ឧបករណ៍ហាត់ប្រាណរប៉ាត់រប៉ាយឬទេ ឧបករណ៍ដែលខូចមានអ្នកធ្វើឬទេ ក្លិបនោះមានធុំក្លិនអាក្រក់ឬទេ កន្សែងបោកបានស្អាតឬទេ ឬសំរាមទុកដាក់មានរបៀបជាដើម។ 7. ម៉ោងដែលបំរើការ អ្នកខ្លះចូលចិត្តហាត់ពេលព្រឹក ខ្លះក៏ចូលចិត្តហាត់ពេលល្ងាច ដូច្នេះអ្នកត្រូវពិនិត្យឲ្យច្បាស់ថាក្លិបនោះបើកពីពេលណាដល់ពេលណា។ ដោយឡែក អ្នកក៏គួរសួរពីកាលវិភាគបិទក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ព្រោះជួនកាលបើថ្ងៃបុណ្យផ្សេងៗ យើងក៏អាចទៅហាត់ប្រាណលេងផងដែរ។ 8. គ្រូបង្ហាត់ គ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណក៏ជាកត្តាសំខាន់មួយផងដែរ ព្រោះបើមានគ្រូត្រឹមត្រូវ នោះយើងនឹងហាត់បានត្រូវតាមការណែនាំ និងឆាប់ទទួលបានលទ្ធផលផងដែរ។ 9. ការផ្តល់ជូនពិសេសៗសម្រាប់សមាជិក ក្លិបហាត់ប្រាណមួយចំនួនមានការសហការណ៍ជាមួយហាងផ្សេង ដូច្នេះប័ណ្ណសមាជិកដែលអ្នកកាន់អាចនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗ ឬទទួលបានសេវាកម្មមួយចំនួនដោយឥតគិតថ្លៃផងដែរ។

Share

តើអ្នកមានបញ្ហាដំណេកមែនឬទេ? តើអ្នកតែងតែជួបប្រទះនឹងភាពលំបាកក្នុងការទទួលទានដំណេកមែនទេ? វាអាចបណ្តាលមកពីកត្តាជាច្រើនដែលលោកអ្នកអាចនឹងមិនបានចាប់អារម្មណ៍ ឬបានចាប់អារម្មណ៍ទទួលដឹងលឺហើយ តែមិនអាចចៀសវាងបាន។ ក្រៅពីរបបអាហារ និងទម្លាប់ប្រចាំថ្ងៃដែលអ្នកគួរផ្លាស់ប្តូរ យោគៈក៏អាចជាដំណោះស្រាយដ៏ល្អមួយសម្រាប់បញ្ហានេះផងដែរ។ ចង់ដឹងទេថា តើវាពិតជាមានប្រសិទ្ធភាពយ៉ាងណានោះ សូមធ្វើការសាកល្បងដោយផ្ទាល់ជាមួយនឹងចលនាយោគៈដូចខាងក្រោម ៖ ការតាំងសមាធិរយៈពេលខ្លីអង្គុយសម្រាកលើគ្រែ ដោយធ្វើការបត់ជើង ឬពន្លាតជើងឲ្យត្រង់ពីមុខ(បែបណាក៏បាន ឲ្យតែគិតថាស្រួល)។ អង្គុយចុះ ហើយផ្អែកខ្នងលើខ្នើយបន្តិច។ បិទភ្នែក ដោយដាក់ដៃលើភ្លៅ ហើយធ្វើការដកដង្ហើមឲ្យបានវែងៗ។ Savasana ពន្លាតជើងចេញទៅក្រៅ នៅស្ងៀមមួយសន្ទុះ។ ប្រសិនបើអ្នកចូលចិត្តគេងក្នុងរូបភាពមួយនេះ អ្នកក៏គេងលក់ស្កប់ស្កល់តែម្តង។ទៅដៃមួយនោះ។ ធ្វើដូចគ្នាចំពោះមួយចំហៀងខ្លួនទៀត។ Bend Knee Lying Down Twist ពត់ជង្គង់ទៅកាន់ដើមទ្រូង ហើយដាក់ជើងខ្វែងនឹងដងខ្លួន។ បង្វែរក្បាលទៅទិសផ្ទុយ ហើយដាក់ដៃឲ្យចេញជារាងអក្សរ T។ Half Happy Baby ពត់ជង្គង់ម្តងទៀត ដោយព្យាយាមទាញជើងឲ្យបែរទៅរកដំបូលខាងលើ។ ហើយព្យាយាមបន្ទន់ជង្គង់ទៅកាន់ក្លៀក។ Hamstring Stretch ពន្លាតជើងឲ្យត្រង់ឆ្ពោះទៅរកដំបូល។ ប្រើដៃចាប់ផ្នែកខាងក្រោយជង្គង់ ឬនៅក្បែរកជើង។ ដាក់ជើងឲ្យត្រង់ ហើយទាញវាតិចៗមកជិតក្បាលម្តងៗបន្តិច រាល់ពេលដកដង្ហើមចេញម្តងៗ។ ធ្វើដូចគ្នាចំពោះមួយចំហៀងទៀត។ ត្រូវធ្វើចលនានេះដោយថ្នមៗ ដោយកុំប្រឹងអស់ពីកម្លាំងពេក។ វានឹងជួយបន្ថយភាពតានតឹងដែលមាននៅសេសសល់ក្នុងខ្លួនរបស់អ្នក មុនពេលចូលគេង។ ពន្លាតជើងនៅចំពីមុខដងខ្លួន ហើយបន្ទន់ខ្លួនថ្នមៗមកកាន់ជើងនោះ។ ពន្លាជើងទៅមុខ ហើយខ្នងត្រង់ ស្រដៀងនឹងចលនាខាងលើដែរ ប៉ុន្តែបន្ទាប់ពីធ្វើការពន្លាតជើងយឺតៗទៅមុខ អ្នកអាចបន្ទន់ជង្គង់ម្តងបន្តិចៗរហូតដល់អ្នកអាចចាប់កាន់ជើងរបស់ខ្លួនឯងបាន ហើយសឹមធ្វើការបន្ទន់ជង្គង់យ៉ាងណាឲ្យខ្នងរបស់អ្នកនៅត្រង់។  បន្ទន់ខ្លួនទៅមុខ អង្គុយពែនភ្នែនឲ្យស្រួលរួចបន្ទន់ត្រគាកទៅមុខ ដោយដាក់ដៃត្រដាងទៅមុខ។ បង្វិលខ្លួនដោយអង្គុយ អង្គុយពែនភ្នែនធម្មតា ហើយបង្វិលដងខ្លួនបន្តិចទៅចំហៀង ឬទៅក្រោយ រួចធ្វើបង្វិលដូចគ្នាទៅមួយចំហៀងទៀត។ គេង បង្វែរខ្លួនទៅចំហៀង ហើយរីករាយជាមួយនឹងដំណេកដ៏ស្កប់ស្កល់ពេញមួយយប់របស់អ្នក។ «អ្នកគួរចងចាំថា យោគៈទាំងប៉ុន្មានខាងលើនេះនឹងជួយសម្រួលដល់ដំណេករបស់លោកអ្នក ហេតុនេះហើយអ្នកមិនគួរអនុវត្តវាខ្លាំងក្លាពេកឲ្យដូចជាលំហាត់ប្រាណ ឬយោគៈដែលជួយបន្ថែមភាពរឹងមាំ ឬភាពរហ័សរហួន ដល់ថ្នាក់ឈឺចុកចាប់លើដងខ្លួននោះទេ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលឈឺឆ្អាល និងស្រលាញ់សុខភាពរបស់ខ្លួនឯងនោះ អ្នកចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយដំណេកនោះទៀតសោតក៏គួរតែជាដំណេកដែលស្កប់ស្កល់យ៉ាងពិតប្រាកដដែរ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ហាត់ប្រាណពេលព្រឹក មិនមែនល្អជាងពេលល្ងាចនោះទេ ប៉ុន្តែវាជាសកម្មភាពដែលធ្វើឲ្យថ្ងៃរបស់អ្នកចាប់ផ្តើមយ៉ាងល្អ ដោយធ្វើឲ្យអ្នកស្រស់ស្រាយ និងសកម្មបានពេញមួយថ្ងៃ។ សម្រាប់អ្នកដែលមានពេលល្ងាចដ៏មមាញឹក ឬក៏មិនចង់ខកខាន happy- hour ប្រាកដជាព្យាយាមស្រឡាញ់ការហាត់នៅពេលព្រឹកជាង។ តែអ្នកណាខ្លះដែលបានសន្យាជាមួយខ្លួនឯងម្តងហើយម្តងទៀតថានឹងក្រោកពីព្រឹកទៅហាត់ប្រាណ ជាពិសេសនៅពេលដែលមេឃនៅងងឹតនៅឡើយជាមួយអាកាសធាតុចុះត្រជាក់បែបនេះ? សូម្បីតែគេងនោះក៏មិនងាយក្រោកបានផង តែដែលកាន់តែខូចចិត្តនោះគឺ នៅពេលដែលទម្លាប់ហាត់ប្រាណពេលព្រឹកត្រូវបានបាត់ទៅវិញ នៅពេលដែលអ្នកផ្អាកមួយរយៈពិសេសនៅខែត្រជាក់។ ដូចនេះទើបអ្នកត្រូវរកល្បិចខ្លះៗដើម្បីអាចសម្រេចការសន្យានេះឡើងវិញមិនថានៅកាលៈទេសៈណាក៏ដោយ។ 1.    បង្កើតជាសកម្មភាពភ្លាមក្រោយពីភ្ញាក់ភ្លាម ដាក់នាឡិការោទ៍នៅឆ្ងាយពីគ្រែគេង ហើយក្រោយពីក្រោកទៅបិទ អ្នកត្រូវប្រញាប់បើកអំពូលភ្លើង ឬបង្អួចភ្លាមព្រោះពន្លឺអាចធ្វើឲ្យអ្នកពិបាកគេងទៅវិញ។ បន្ទាប់មក ត្រូវមានសកម្មភាពជាបន្តបន្ទាប់ដូចជាបើកចម្រៀងដែលធ្វើឲ្យអ្នកកន្ត្រាក់អារម្មណ៍ ធ្វើការងារផ្ទះបន្តិច និងប្រញាប់លុបមុខ ព្រមទាំងកម្តៅសាច់ដុំជាដើម។ 2.    យកភាពត្រជាក់មកជាការកម្តៅសាច់ដុំ ខណៈពេលដែលអ្នកក្រោកហើយ  និងមុនពេលអ្នកបានអូសទាញដោយភួយដ៏កក់ក្តៅវិញ សូមចេញទៅក្រៅបន្ទប់ ឬផ្ទះដើម្បីឲ្យខ្យល់ត្រជាក់នៅពេលព្រឹកមកប៉ះស្បែកមុខរបស់អ្នករហូតផ្តល់អារម្មណ៍ថាស្វាងដល់អ្នក។ 3.    ធ្វើអ្វីដែលអ្នកចូលចិត្ត ការហាត់នៅកន្លែងស្អាតៗជាមួយនឹងទិដ្ឋភាពពេលព្រឹក រួមជាមួយប្រភេទហាត់ប្រាណដែលអ្នកចូលចិត្ត ពិតជាធ្វើឲ្យអ្នកគ្មានលេសគេចវេស ។ កុំភ្លេចត្រៀម playlist បទចម្រៀងដែលអ្នកចូលចិត្តផងដែរ (Dizzy ដោយ Taylor swift និង ស្មារតីកីឡា ព្រមទាំង Jailbreak ដោយក្មេងខ្មែរ ស្ថិតក្នុង playlist ដែលអ្នកគួរតែសាកល្បង)។ 4.    រៀបចំទុកគ្រប់យ៉ាងជាមុន មិនថាសម្លៀកបំពាក់ ស្បែកជើងកីឡា ចំណីទ្រាប់ពោះ និងទឹកជាដើម គួរតែត្រូវបានរៀបចំរួចជាស្រេចតាំងពីយប់ ដូចនេះក្រោកឡើងអ្នកមិនចាំបាច់ខ្វល់អំពីសម្ភារៈដែលត្រូវប្រើប្រាស់សម្រាប់ហាត់ប្រាណនោះទេ។ 5.    ធ្វើឲ្យវាងាយៗ​ (កុំឲ្យវាជាសម្ពាធ) កុំដាក់គោលដៅខ្ពស់ ឬTo-do list វែងពេករហូតវាក្លាយជាសម្ពាធធ្វើឲ្យអ្នកមិនចង់ក្រោកទៅវិញ។ គួរកំណត់ជាការហាត់ត្រឹមរយៈពេលសមរម្យត្រឹម១៥ ទៅ៣០នាទី ឬការរត់ចម្ងាយខ្លីៗជាដើម។ 6.    ដាក់ម៉ោងរោទ៍ច្រើន ហើយធ្វើឲ្យពួកវាមានឥទ្ធិពល នៅម៉ោងរោទ៍នីមួយៗមានភ្ជាប់ជាមួយនឹងឃ្លាជម្រុញទឹកចិត្ត ដូចជាម៉ោងរោទ៍ទី១ ជាមួយនឹងឃ្លាថា ខ្ញុំអាចធ្វើបាន ហើយម៉ោងរោទ៍បន្ទាប់គឺ ខ្ញុំនឹងធ្វើវា និងចុងក្រោយគឺ ខ្ញុំធ្វើវាបានហើយ។ ​  វាអាចនឹងរំខានបន្តិចប៉ុន្តែ វាក៏ល្អជាងការចុចប៊ូតុង snooze  ឲ្យដាស់អ្នកម្តងហើយម្តងទៀត   រហូតអ្នកអាចច្រឡំចុចបិទ។ 7.    ផឹកទឹកមួយកែវពេញ ក្រោយពេលភ្ញាក់ពីគេង បើគិតថាមិនទាន់ស្វាង វិធីនេះអាចនឹងប្រសិទ្ធភាព ព្រោះថាចង់មិនចង់ ជាដំណើរការធម្មតា អ្នកនឹងត្រូវចូលបន្ទប់ទឹកបន្ទាប់ពីនេះ។ តែអ្នកមិនចង់រំខានដោយការចូលបន្ទប់ទឹកពេលហាត់ប្រាណដូចគ្នា   ដូចនេះអាចញ៉ាំតិចជាងនេះ និងចូលបន្ទប់ទឹកម្តងទៀតមុនពេលហាត់។ 8.    ធ្វើឲ្យការក្រោកពីព្រលឹមទៅជាទម្លាប់  ហាត់ប្រាណវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សស្រឡាញ់ពេលព្រឹក ព្រោះអ្នកអាចចំណាយពេលវេលានៅសល់បានយ៉ាងរីករាយ ដូចជាណាត់ញ៉ាំអាហារពេលព្រឹកជាមួយមិត្តភក្តិ ផឹកកាហ្វេ មើលសៀវភៅ ឬទេសភាពនៅក្រៅបង្អួច ទៅសាលា ឬកន្លែងធ្វើការមុនម៉ោងដើម្បីត្រៀមខ្លួន ចៀសវាងការប្រញាប់ដែលអាចបំផ្លាញថ្ងៃរបស់អ្នកទៅវិញ។ 9.    មានអ្នកជុំវិញខ្លួនជម្រុញទឹកចិត្ត ណាត់មិត្តភក្តិដែលមានទម្លាប់ចូលចិត្តហាត់ប្រាណព្រឹករហូតអាចហៅបានថាញៀននឹងការហាត់ប្រាណ ហើយពួកគេតឹងតែងបំផុតនឹងការខកខានហាត់ប្រាណ។ អ្នកក៏អាចប្រាប់ឲ្យមិត្តដទៃទៀតពីយប់តាមFacebook ឬ IG ថាអ្នកនឹងក្រោកហាត់ពេលព្រឹក ហើយធ្វើការភ្នាល់គ្នាថានឹងប៉ាវអាហារពេលព្រឹកបើសិនអ្នកអាចធ្វើវាបាន។ 10.    តាំងចិត្តធ្វើឲ្យបានម្តង អ្នកគួរជម្រុញអូសទាញខ្លួនឯងឲ្យក្រោកហាត់ពេលព្រឹកបានម្តង ហើយនៅលើកក្រោយៗ ទោះវានឹងមិនងាយស្រួលជាងមុន តែមានលើកទី១ ក៏នឹងមានលើកទី២  ទី៣ជាបន្តបន្ទាប់ ​ ព្រោះអ្នកដឹងហើយថាអ្នកធ្លាប់ធ្វើវាបាន។ គិតទៅនៅពេលយើងកំពុងបែកញើស ស្របពេលដែលអ្នកដទៃនៅគេងនៅឡើយ វាជាមោទនភាពមួយដែរ  នេះមិនទាន់គិតដល់អត្ថប្រយោជន៍ជាច្រើនទៀតផង ដូចនេះ ​យប់នេះគេងឲ្យឆ្អែតដើម្បីក្រោកពីព្រលឹមហាត់ប្រាណ ហើយអ្នកនឹងអរគុណខ្លួនឯងនៅពេលក្រោយ ហើយក៏កុំភ្លេចត្រៀមរង្វាន់ឲ្យខ្លួនឯងណា៎…

Share

ការយកចិត្តទុកដាក់អំឡុងពេលហាត់ប្រាណ ដូចជាការជ្រើសរើសប្រភេទកីឡា ឬកំណត់រយៈពេលនៃការហាត់ប្រាណ ពិតជាសំខាន់⁣⁣⁣តែដើម្បីសម្រេចបំណងក្នុងការសម្រកទម្ងន់⁣ មានរឿងដែលអ្នកត្រូវធ្វើមុន⁣ និងក្រោយពេលហាត់ប្រាណកាន់តែសំខាន់ និងមិនគួរមើលរំលងឡើយ⁣ ដើម្បីឲ្យប្រសិទ្ធភាពនៃការហាត់ប្រាណ⁣⁣ និងលទ្ធផលដែលទទួលបានកាន់តែប្រសើរ។ មុនពេលហាត់ប្រាណ ១.អាហារសម្រន់ បើអ្នកហាត់ប្រាណទាំងពោះទទេរ នោះកោសិកានឹងទាញយកប្រូតេអ៊ីនពីសាច់ដុំមកប្រើប្រាស់    ដែលបង្កឲ្យការធ្វើមេតាបូលីសរបស់អ្នកធ្លាក់ចុះ   និងធ្វើឲ្យអ្នកពិបាកក្នុងការសម្រកទម្ងន់។   អ្នកគួរញ៉ាំអាហារដែលមានកាបូអ៊ីដ្រាត និងប្រូតេអ៊ីនយ៉ាងហោចណាស់ឲ្យបាន១៥០កាឡូរីដែរមុនពេលហាត់ប្រាណ ហើយអាហារទាំងនោះអាចមានដូចជា៖  បាយលាយគ្រាប់សណ្តែក ផ្លែឈើ (ផ្លែចេក ផ្លែប៉ោម ឬឪឡឹក) ដំឡូងបារាំង ប្រូកូលីនិង គ្រាប់ធញ្ញជាតិជាដើម។ ២.ការគេង អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ និងយ៉ាងហោចណាស់បាន៨ម៉ោង ទើបការហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាព។   ការគេងលក់ស្រួល និងស្ងប់មិនត្រឹមតែជួយបង្កើនថាមពលទេ  ថែមទាំងអាចជួយឲ្យសាច់ដុំបានសម្រាក និងអ័រម៉ូនដំណើរការល្អទៀតផង។ •ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ អ្នកគួរញ៉ាំទឹកពី២០០ ទៅ៣០០មីលីលីត្រ ២០នាទីមុនពេលហាត់ប្រាណ ព្រោះពេលហាត់ប្រាណ  អ្នកនឹងត្រូវប្រើប្រាស់ជាតិទឹកជាច្រើន។  ខ្លួនរបស់អ្នកប្រៀបដូចជាឡានដែរ បើមិនមានសាំង ឡានក៏មិនអាចរត់បាន ចំណែកខ្លួនអ្នកបើមិនមានទឹកគ្រប់គ្រាន់ ក៏មិនអាចដំណើរការដុតកាឡូរីបានដែរ។ •ការកម្តៅសាច់ដុំ អត្ថប្រយោជន៍នោះគឺ ជួយឲ្យខ្លួនរបស់អ្នក បង្កើនកម្តៅរបស់សាច់ដុំ ពង្រីកសរសៃឈាម និងរៀបចំទាំងអារម្មណ៍⁣ និងស្មារតីឲ្យបានល្អសម្រាប់ការហាត់ប្រាណ។  លើសពីនេះ  អ្នកគួរកម្តៅសាច់ដុំដោយគ្រាន់តែពត់ដៃជើងយ៉ាងហោចណាស់ ៥ នាទីមុនពេលហាត់ប្រាណ   ដើម្បីកាត់បន្ថយឱកាសនៃការឈឺចាប់អំឡុងពេលហាត់ប្រាណផងដែរ។ ក្រោយការហាត់ប្រាណ ១.ការបន្ថយកម្តៅសាច់ដុំ បន្ទាប់ពីហាត់ប្រាណ អ្នកមិនគួរបញ្ចប់វាភ្លាមៗទេ។ ព្យាយាមបន្ថយកម្លាំងរបស់អ្នកបន្តិចម្តងៗ ដោយធ្វើចលនាយោគៈ ឬហែលទឹកក៏បាន។ អ្នកគួរធ្វើឲ្យសាច់ដុំអ្នកសម្រាកបន្តិចម្តងៗ យ៉ាងហោចណាស់ ១០ ទៅ១៥នាទីក្រោយពីការហាត់ប្រាណ។ ២. អាហារសម្រន់ ក្រោយពីបានហាត់ប្រាណហើយ ខ្លួនរបស់អ្នកត្រូវការ កាបូអីុដ្រាត និងប្រូតេអីុនកាន់តែខ្លាំងដើម្បីផ្តល់ថាមពលឲ្យសាច់ដុំឡើងវិញ ក៏ដូចជាស្តុកទុកក្រោមទម្រង់ជាគ្លីកូសែន   សម្រាប់ប្រើប្រាស់នៅពេលក្រោយ។ ការសិក្សាបង្ហាញឲ្យឃើញថា សមត្ថភាពសាច់ដុំរបស់អ្នកនឹងថយចុះអស់ ៥០ភាគរយ   ប្រសិនបើអ្នកញ៉ាំអាហារនៅរយៈពេល ២ម៉ោងក្រោយហាត់ប្រាណ ដូចនេះអ្នកគួរញ៉ាំអាហារឲ្យបានពី៣០ ទៅ៤០នាទីក្រោយពីហាត់ប្រាណហើយ។ អាហារដែលអ្នកគួរញ៉ាំអំឡុងពេលនេះមានដូចជា៖បន្លែស្រស់ (អាចចម្អិនក៏បាននិងសាច់ដែលមិនសូវមានជាតិខ្លាញ់។ •ការញ៉ាំទឹក ដោយឡែក បន្ទាប់ពីហាត់ប្រាណអ្នកនឹងឃ្លាន   និងស្រេកទឹកខ្លាំង   ដែលជាកត្តាអាចឲ្យអ្នកញ៉ាំអាហារក្នុងចំនួនច្រើន។   ដូចនេះអ្នកគួរព្យាយាមញ៉ាំទឹកឲ្យបាន២០០មីលីលីត្រ និងមិនឲ្យលើសពី៣០នាទី បន្ទាប់ពីហាត់ប្រាណរួច ដើម្បីកាត់បន្ថយចំណង់អាហារបានមួយចំណែក។ ៣.ការងូតទឹកត្រជាក់ បន្ទាប់ពីហាត់ប្រាណ  អ្នកប្រាកដជាត្រូវងូតទឹកសម្អាតខ្លួន។   វាជាការប្រសើរបើអ្នកងូតទឹកដែលមានសីតុណ្ហភាពត្រជាក់ជាងធម្មតាបន្តិច ដើម្បីសម្រួលការរលាក  ឬឈឺសាច់ដុំក្រោយពីការហាត់ប្រាណ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ហេលស៍ថាម សូមណែនាំឧបករណ៍ហាត់ប្រាណល្អៗ ហើយមានតម្លៃសមរម្យ តែប្រសិទ្ធភាពល្អ ដែលគួរមាននៅផ្ទះ និងកាន់តែពិសេសគឺការច្នៃសម្ភារៈដែលមានស្រាប់នៅផ្ទះដើម្បីហាត់ប្រាណផងដែរ។ដូចនេះ អ្នកក៏មិនចាំបាច់បារម្ភពីការចំណាយលើឧបករណ៍ហាត់ប្រាណថ្លៃបានហើយ។   ឧបករណ៍ហាត់ប្រាណងាយៗដែលគួរមាននៅផ្ទះ៖ 1.កម្រាល Yoga ចំពោះអ្នកដែលចូលចិត្តធ្វើចលនាយោគៈ អ្នកអាចទិញកម្រាល សម្រាប់ហាត់នៅផ្ទះក៏បាន។ មានកម្រាលនេះនៅផ្ទះ មិនសម្រាប់តែធ្វើចលនាយោគៈតែមួយមុខទេ តែសម្រាប់ធ្វើលំហាត់ប្រាណផ្សេងៗ សម្រាប់អង្គុយលេង ឬគេងលេងពេលអ្នកមានអារម្មណ៍ធុញថប់ក៏បាន ព្រោះកម្រាលនេះមានភាពទន់ និងមិនរអិល។ 2.ដុំដែក វាមានទម្ងន់ចាប់ពីកន្លះគីឡូ ដែលអាចឲ្យអ្នករើសបាន ដោយសារតម្លៃអាចទទួលយកបាន និងជាឧបករណ៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនដែរនោះ ទើបអ្នកគួរតែមានវាទុកនៅផ្ទះ។ ចំពោះអ្នកដែលចង់បានសាច់ដុំធំៗ គួរតែយកដុំដែកប្រភេទធ្ងន់ល្មម ចំណែកអ្នកដែលចង់ហាត់ដើម្បីបានស្បែកហាប់ណែន គួរយកស្រាលបន្តិចបានហើយ។ 3.កងបង្វិល វាមានជាប្រភេទឈើផ្តៅ ឬជ័រផ្លាស្ទិច ល្អសម្រាប់អ្នកដែលចង់បានចង្កេះស្អាត។  វាជាឧបករណ៍ដែលមានភាពងាយស្រួលក្នុងការធ្វើសកម្មភាព និងមិនប្រកាន់ថាប្រុស ឬស្រីប្រើទេ។ អ្នកអាចបង្វិលក្នុងផ្ទះ និងអាចហាត់បណ្តើរ មើលទូរទស្សន៍ ឬចុចទូរស័ព្ទលេងបណ្តើរក៏បាន។ 4.ខ្សែយឺត (Resistance Bands) ជាប្រភេទខ្សែដែលមានលក្ខណៈយឺត ហាត់បានទាំងដៃទាំងជើង។ វាជួយពង្រឹងសាច់ដុំឲ្យកាន់តែរឹងមាំ ជាពិសេសសាច់ដុំភ្លៅ ស្មា និងទ្រូង។ ម្យ៉ាងទៀតអ្នកអាច ប្រើខ្សែនេះជាមួយឧបករណ៍ផ្សេងទៀត តាមប្រភេទនៃការហាត់ដែលអ្នកចង់បាន។ 5.ខ្សែលោត (Jump Rope) ការហាត់ប្រាណតាមបែបលោតអាចជួយអ្នកដុតកាឡូរីបានច្រើនហើយអ្នកអាចហាត់ក្នុងបន្ទប់គេងក៏បានព្រោះមិនតម្រូវទីកន្លែងធំទេ។ វាជាឧបករណ៍តូច ស្រាល និងងាយស្រួលទុកដាក់។ ការលោតជួយឲ្យឆ្អឹងរឹងមាំ និងខួរក្បាលដំណើរការបានល្អ។ 6.បាល់ (Stability Ball) វាជាប្រភេទឧបករណ៍មួយកំពុងពេញនិយមដែរ ព្រោះវាមានលក្ខណៈពិសេសលើសពីបាល់ធម្មតា។ ទំហំវាធំ អាចទ្រទម្ងន់ខ្លួនយើងបាន ហើយមានភាពទន់ និងងាយស្រួលប្រើ អ្នកនឹងទទួលបានភាពរីករាយពេលប្រើវាសម្រាប់ហាត់ប្រាណនៅផ្ទះ។ ក្រៅពីនេះ តម្លៃរបស់វាក៏ទទួលយកបាន ហើយមានគុណប្រយោជន៍ជាច្រើនដូចជា ជួយដល់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ គួរបញ្ជាក់ផងដែរថា ឧបករណ៍ខាងលើនេះ អ្នកអាចរកទិញបានតាមហាងលក់សម្ភារៈកីឡា ឬបណ្ណាគារជាដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម័យនេះម្នាក់ៗពោលថា ចង់ហាត់ប្រាណ ដើម្បីឲ្យរាងស្អាត សុខភាពល្អ ខួរក្បាលក៏ស្រឡះអីបែបហ្នឹង។ បញ្ហាគឺ អ្នកខ្លះក៏បានតែពោល ហើយខ្លះទៀតក៏បានអនុវត្តពិតមែន តែមិនទៅបានយូរអី ហាត់មួយថ្ងៃចោលមួយថ្ងៃ ថ្ងៃណានឹកឃើញក៏ហាត់ ថ្ងៃណាខ្ជិលក៏ខានសិន យូរៗទៅក៏បោះបង់ចោលឯកឯង។ សាកល្បងម្តងទៀតជាមួយតិចនិកដែលនឹងជួយឲ្យអ្នកស្រឡាញ់ការហាត់ប្រាណរហូតមិនចង់ខកខានសូម្បីតែមួយថ្ងៃ។ ១ ធ្វើគម្រោងសម្រាប់ហាត់ប្រាណ ហាត់នៅពេលណា? ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍?មួយថ្ងៃប៉ុន្មាននាទី?  ត្រូវហាត់បែបណាខ្លះ? សុទ្ធតែជាសំណួរដែលត្រូវបញ្ចូល   ដើម្បីឲ្យអ្នកដឹងថាអ្នកនឹងត្រូវធ្វើអ្វីនៅពេលហាត់ប្រាណ។ ២ កំណត់គោលដៅឲ្យច្បាស់ ត្រូវចាំថាគោលដៅរបស់អ្នកមិនគួរធំពេកទេនៅពេលចាប់ផ្តើមដំបូង ឧទាហរណ៍ ហាត់ដើម្បីមិនឲ្យឡើងគីឡូ ជំនួសឲ្យហាត់ដើម្បីឲ្យស្រកគីឡូសិន ឬដើរឲ្យបានពីរគីឡូ ជំនួសឲ្យការរត់ឲ្យបានពីរគីឡូជាដើម។ កុំទាន់ប្រញាប់ដាក់សម្ពាធលើខ្លួនឯងពេក។ ៣ ឈុតកីឡា អ្នកអាចរកឈុតកីឡាដែលអ្នកស្រឡាញ់ និងផ្តល់ផាសុកភាពដល់ខ្លួនឯង ដោយវានឹងផ្តល់អារម្មណ៍បែបកីឡា    និងថាមពលស្ទុះស្ទារាងធម្មតា     ហើយធ្វើឲ្យអ្នកមានជំនឿចិត្តក្នុងការបង្ហាញមុខក្នុងពេលហាត់ប្រាណម្តងៗផងដែរ។ ៤ ជ្រើសរើសទីតាំង ប្រាកដជាទីតាំងដែលអ្នកចូលចិត្តហើយ ទើបអាចជម្រុញឲ្យអ្នកទៅដោយមិនស្ទាក់ស្ទើរ និងគ្មានសម្ពាធ។ ហើយជម្រើសរបស់អ្នកអាចជា ផ្ទះ ក្លិបហាត់ប្រាណ ឬទីសាធារណៈជាដើម។ ៥ ពេលវេលា មិនទាន់ដល់ពេលគិតថា ហាត់ប្រាណនៅពេលណាល្អជាងទេ សំខាន់តើពេលណាអំណោយផលដល់អ្នកជាងគេ?ពេលព្រឹក ដោយត្រូវធ្វើការ ឬរៀនដល់យប់ៗធ្វើឲ្យពិបាកក្រោក ជ្រើសរើសពេលល្ងាចក៏បាន ឬក៏ពេលល្ងាចច្រើនតែរវល់បញ្ចប់ការងារ ឬអស់កម្លាំង អញ្ចឹងព្យាយាមពីព្រឹកទៅ ឬជ្រើសរើសចុងសប្តាហ៍ក៏បាន។ ៦ រាប់អានមិត្តថ្មីៗ សម្រាប់ការហាត់នៅក្លិប ឬទីសាធារណៈ អ្នកអាចមានឱកាសជួបមនុស្សច្រើន ហើយហេតុអ្វីអ្នកមិនរាប់អានមិត្តល្អៗនៅទីនោះ? មិនត្រឹមតែអាចកំដរគ្នានិយាយលេង ថែមទាំងអាចចែករំលែកបទពិសោធន៍នៃការហាត់ប្រាណ ឬបញ្ហាផ្សេងៗផងដែរ។ ម្យ៉ាង មានមិត្តខ្លះក៏ជួយឲ្យអ្នកស៊ាំជាមួយនឹងបរិយាកាស មានអារម្មណ៍ល្អ គ្មានសម្ពាធ និងមិនទើសទាល់ពេលជួបគ្នាច្រើនដង។ ៧ រកអ្នកដែលអាចជម្រុញទឹកចិត្តរបស់អ្នក អ្នកគួរតែរកមើលអ្នកណាម្នាក់ជាបុគ្គលគំរូ ដែលអាចជម្រុញទឹកចិត្តអ្នកឲ្យចង់ធ្វើដូចគេ ឬចង់សម្រេចដូចគេ  ដូចជាអ្នកដែលមានរាងស្អាតៗដែលអ្នកជួបនៅក្លិបហាត់ប្រាណ    ឬរត់នៅផ្លូវជាមួយគ្នា ឬអាចបិតរូបតារាបង្ហាញម៉ូតនៅបន្ទប់ហាត់ប្រាណជាដើម។ ៨  តាមដានរឿងជុំវិញការធ្វើលំហាត់ប្រាណ តាមអ៊ីនធឺណេត  ឬទស្សនាវដ្តីបានដឹងច្រើន មិនថាជាអត្ថប្រយោជន៍   វិធីសាស្រ្តថ្មីៗ   ឬក៏ព័ត៌មានដែលទាក់ទងនឹងការហាត់ប្រាណឬកីឡា   អ្នកនឹងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលឡើងជាមួយនឹងសកម្មភាពទាំងនោះ ធ្វើឲ្យអ្នកកាន់តែចង់ហាត់ប្រាណ ។ ៩ តន្រ្តី សាមញ្ញបំផុត អ្នកអាចយកពេលវេលាហាត់ប្រាណ ជាពេលដែលអ្នកអាចមានឱកាសស្តាប់បទចម្រៀងកំសាន្តអារម្មណ៍   ដូចនេះអ្នកនឹងមិនគិតថា អ្នកត្រូវចំណាយពេលធ្វើរឿងដែលនឿយហត់នោះឡើយ ហើយវាកាន់តែល្អបើអ្នកមិនសូវចូលចិត្តនិយាយ។ ១០ ឲ្យរង្វាន់ខ្លួនឯង រាល់ពេលសម្រេចគោលដៅនីមួយៗ  អ្នកគួរលើកទឹកចិត្តខ្លួនឯងខ្លះ   ដើម្បីបន្តទៅជំហានមួយទៀត។ មិនចាំបាច់ជាកាដូធំដុំទេឧទាហរណ៍អ្នកគ្រាន់តែឲ្យពេលខ្លួនឯងមួយម៉ោងលេងហ្គេមដែលអ្នកពេញចិត្ត   ឬមើលរឿងភាគមួយភាគក៏បាន។ ទាំងនេះអាចជាថាមពលជម្រុញទឹកចិត្តឲ្យអ្នកហាត់ប្រាណជាទៀងទាត់   តែអ្វីដែលសំខាន់ចុងក្រោយគឺការតាំងចិត្តរបស់អ្នកផ្ទាល់ពោល គឺតាំងចិត្តមិនបោះបង់ មិនយកលេស មិនកុហកខ្លួនឯង មិនពន្យារពេលហាត់ប្រាណ...  

Share
Top