- Jan 19, 2017 |
- 7 years ago |
- 8.1K views
អ្វីដែលត្រូវស្វែងយល់ពីតេស្តរកមេរោគរលាកថ្លើម
ជំងឺរលាកថ្លើម គឺជាជំងឺដែលមានការរលាកនៅលើសរីរាង្គថ្លើម ហើយមូលហេតុនៃការរលាក គឺមានច្រើន។ មូលហេតុសំខាន់ៗនៃជំងឺនេះ គឺបណ្តាលមកពីវីរុស ការពិសាស្រាច្រើន ថ្នាំមួយចំនួន បញ្ហាAutoimmune (សារពាង្គកាយរបស់អ្នកជំងឺបង្កើតអង់ទីក័រប្រឆាំងនឹងថ្លើមខ្លួនឯង)។ វីរុសដែលធ្វើឲ្យរលាកថ្លើមមាន៥ប្រភេទ គឺ A, B, C, D, និង Eហើយវីរុសសំខាន់ដែលឲ្យរលាកថ្លើមរ៉ាំរ៉ៃ គឺវីរុសរលាកថ្លើមB និងC។ គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកកើតជំងឺរលាកថ្លើមប្រភេទBនៅកម្ពុជាមាន៤.៦% និងប្រភេទC ចំនួន៥.៨% មិនត្រឹមតែប៉ុណ្ណោះ រលាកថ្លើមដែលគេព្រួយបារម្ភ គឺរលាកថ្លើមរ៉ាំរ៉ៃដែលអាចវិវឌ្ឍទៅជាក្រិនថ្លើម និងមហារីកថ្លើម។ ដូចនេះ ការធ្វើតេស្តរកមេរោគរលាកថ្លើម គឺជាការចាំបាច់។ និយមន័យ ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។ ក្នុងការធ្វើតេស្តរកមេរោគថ្លើម អ្នកជំងឺមិនចាំបាច់ធ្វើតេស្តឈាមមុនញ៉ាំអាហារទេ អាចធ្វើនៅពេលណាក៏បាន។ បរិមាណឈាមត្រូវការតិចតួចត្រឹមតែ១មីលីលីត្រឈាមប៉ុណ្ណោះសម្រាប់ម៉ាស៊ីនធ្វើតេស្តទំនើបនៅមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ហើយលទ្ធផលនឹងទទួលបានក្នុងរយៈពេល១ម៉ោង។ ប្រភេទតេស្តរកមេរោគថ្លើម ១. តេស្តរកវីរុសថ្លើមប្រភេទ A មាន២ប្រភេទគឺ ៖ •តេស្តរកជំងឺរលាកថ្លើមស្រួចស្រាវ (anti-HAV IgM) តេស្តនេះត្រូវបានប្រើ ដើម្បីរកការវិវឌ្ឍទៅជាជំងឺរលាកថ្លើមស្រួចស្រាវ (Acute Hepatitis) ដែលក្នុងករណីកម្រអាចវិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរ (Fulminant Hepatitis) ត្រូវព្យាបាលដោយធ្វើការផ្លាស់ប្តូរថ្លើមទើបអាចបន្តជីវិតបាន។ វីរុសនេះមានវ៉ាក់សាំងសម្រាប់ចាក់ការពារ ដើម្បីបង្ការទម្រង់ធ្ងន់ធ្ងរនេះ។ •តេស្តរកអង់ទីក័រគ្រប់ប្រភេទប្រឆាំងនឹងវីរុសថ្លើមA (anti-HAV IgM, IgG, IgA) វីរុសរលាកថ្លើមប្រភេទ A អាចឆ្លងតាមចំណីអាហារ និងទឹកដែលមានវីរុសនៅក្នុងនោះ ហើយចំពោះប្រទេសដែលអនាម័យនៅមានកម្រិត អ្នកជំងឺអាចនឹងមានវីរុសនេះតាំងពីតូច។ ចំពោះកូនក្មេង ៩០%នៃអ្នកដែលផ្ទុកវីរុសរលាកថ្លើមប្រភេទ A មិនមានលេចចេញជារោគសញ្ញាទេ។ ចំពោះប្រទេសកម្ពុជាយើង ភាគច្រើននៃអ្នកជំងឺដែលមកធ្វើតេស្តភាគច្រើនមានអង់ទីក័រទាំងមូលរួចជាស្រេច។ ដូចនេះ ការធ្វើតេស្តរកអង់ទីក័រទាំងមូល(anti-HAV -IgM, IgG, IgA) ត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ថាអ្នកជំងឺដែលបានឆ្លងវីរុសរលាកថ្លើមប្រភេទ A ហើយបានជាសះស្បើយដោយមានអង់ទីក័រការពារខ្លួនជាស្រេច ឬក៏ក្នុងករណីដែលមានសញ្ញារលាកថ្លើមស្រួចស្រាវចាំបាច់ត្រូវរកanti-HAV IgM បន្ថែមទៀត។ ២. តេស្តរកមេរោគរលាកថ្លើមប្រភេទ B (Seroimmunology test) មាន ៥តេស្តផ្សេងៗគ្នា ដែលអាចធ្វើបាន ២ទៅ៤សប្តាហ៍ក្រោយការឆ្លងវីរុស៖ - តេស្តរកអង់ទីហ្សែន HBs បញ្ជាក់ពីវត្តមានរបស់មេរោគក្នុងខ្លួនអ្នកជំងឺ - តេស្តរកអង់ទីក័រ anti-HBs បញ្ជាក់ពីវត្តមានអង់ទីក័រការពារអ្នកជំងឺពីមេរោគ - Anti-HBc total បញ្ជាក់ពីការធ្លាប់ប៉ះជាមួយមេរោគ - Anti-HBc IgM បញ្ជាក់ពីការរលាកថ្លើមស្រួចស្រាវ - HBe និង anti-HBe សម្រាប់តាមដានការវិវឌ្ឍរបស់មេរោគតេស្តមួយប្រភេទទៀត គឺតេស្តរាប់មេរោគ សម្រាប់តាមដាន ឬវាយតម្លៃការព្យាបាល។ តេស្តនេះអាចធ្វើបាន២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើតេស្ត និងចង់ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គួរធ្វើតេស្តរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs និងអង់ទីក័រ anti-HBc។ ៣. តេស្តរកមេរោគរលាកថ្លើមប្រភេទ C គឺរកអង់ទីក័រ anti-HCV ករណីអង់ទីក័រ anti-HCV វិជ្ជមាន អាចបញ្ជាក់បានថា អ្នកជំងឺកំពុងមានវីរុសនៅក្នុងខ្លួន ឬអ្នកជំងឺបានជាសះស្បើយហើយ។ ជាទូទៅ ៧៥% នៃអ្នកឆ្លងមេរោគរលាកថ្លើមប្រភេទ C នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ និង២៥%ទៀតអាចជាដោយខ្លួនឯង។ ដូចនេះ ដើម្បីញែកឲ្យដាច់ពីស្ថានភាពទាំងពីរនេះ អ្នកជំងឺត្រូវធ្វើតេស្តរាប់ចំនួនវីរុសរលាកថ្លើមប្រភេទ C ក្នុងឈាមបន្តទៀត។ ៤. តេស្តរកមេរោគរលាកថ្លើមប្រភេទ D គឺរកអង់ទីក័រ anti-HDV ដោយសារជំងឺរលាកថ្លើមប្រភេទ D អាចកើតមានបាន លុះត្រាតែអ្នកជំងឺមានជំងឺរលាកថ្លើមប្រភេទ B ដូចនេះ ចំពោះអ្នកដែលមិនមានវីរុសរលាកថ្លើមប្រភេទ B ឬធ្លាប់ចាក់វ៉ាក់សាំងការពាររួចហើយ គឺមិនចាំបាច់បារម្ភពីការកើតជំងឺរលាកថ្លើមប្រភេទ D ទេ។ សព្វថ្ងៃ នៅកម្ពុជាយើងនៅមិនមានការធ្វើតេស្តរកវីរុសប្រភេទនេះទេ។ ៥. តេស្តរកមេរោគរលាកថ្លើមប្រភេទ E គឺរកអង់ទីក័រ anti-HEV វីរុសនេះឆ្លងតាមរយៈចំណីអាហារដូចទៅនឹងជំងឺរលាកថ្លើមប្រភេទ A ដែរ ហើយវាងាយនឹងជាទៅវិញដោយឯកឯង។ នៅកម្ពុជា តេស្តក្នុងមន្ទីរពិសោធន៍ដែលអាចធ្វើបានមាន តេស្តរកមេរោគថ្លើមប្រភេទ A មេរោគថ្លើមប្រភេទ B និងមេរោគថ្លើមប្រភេទ C ទាំង Serology test និងតេស្តរាប់មេរោគ។ លទ្ធផលនៃតេស្តរកមេរោគថ្លើមប្រភេទ B អាចមាន False-positive លើ Screening test ព្រោះតេស្តប្រភេទនេះ មាន Sensibility ខ្ពស់ជាមួយនឹងអង់ទីហ្សែនរបស់មេរោគ ប៉ុន្តែកំហុសនេះអាចចៀសវាងបានដោយការប្រើប្រាស់ម៉ាស៊ីនដែលមានគុណភាព (ម៉ាស៊ីនរបស់ក្រុមហ៊ុន Roche ដូចមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិកំពុងប្រើ) ជាមួយនឹងបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ ឧបករណ៍ទំនើប និងប្រតិករដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ។ តើអ្នកណាចាំបាច់ត្រូវធ្វើតេស្តទាំងនេះ? ការធ្វើតេស្តស្វែងរកមេរោគរលាកថ្លើមនេះ អ្នកដែលចាំបាច់ត្រូវតែធ្វើមានដូចជា៖ •ស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់ចាក់វ៉ាក់សាំង ព្រោះវីរុសរលាកថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូនបានតាមរយៈឈាម ហើយក្មេងដែលឆ្លងវីរុសនេះពីម្តាយ មានការប្រឈមខ្ពស់លើការវិវឌ្ឍទៅរលាកថ្លើមរ៉ាំរ៉ៃរហូតដល់ទៅ៩០% ដូចនេះ មានការប្រឈមខ្ពស់នឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម ។ •អ្នករស់នៅប្រទេសដែលប្រឈមនឹងការឆ្លងមេរោគនេះខ្ពស់ (ប្រទេសកម្ពុជា) ជាពិសេសវីរុសរលាកថ្លើមប្រភេទB និងវីរុសរលាកថ្លើមប្រភេទ C •អ្នកត្រូវបញ្ចូលឈាមញឹកញាប់ •អ្នកមានដៃគូរួមភេទច្រើន •អ្នកបម្រើការក្នុងសេវាកម្មសុខាភិបាលដូចជាក្នុងមន្ទីរពិសោធន៍ •អ្នកជំងឺទឹកនោមផ្អែម ព្រោះបើមានឆ្លងវីរុសរលាកថ្លើមប្រភេទ B អ្នកជំងឺអាចនឹងប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺមហារីកថ្លើម •អ្នកដែលប៉ះពាល់ជាមួយរបស់មុតស្រួច ដូចជាអ្នកចូលចិត្តសាក់។ បកស្រាយដោយ ៖ លោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share