
- Aug 17, 2017 |
- 8 years ago |
- 16.1K views
អាថ៌កំបាំងបំបាត់បញ្ហាជាំមុខងាយៗ
ជាំ ជាការកើតឡើងនូវពណ៌លើស្បែក ដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា«ជាំ» កើតមានលើស្ត្រីច្រើនជាងបុរស ហើយច្រើនកើតលើមនុស្សចាប់ពី២០ឆ្នាំ តែមូលហេតុរបស់វា មិនត្រូវបានបញ្ជាក់ ច្បាស់លាស់នោះទេ។ រីឯការព្យាបាលនោះទៀតសោត ក៏ធ្វើតាមវិធីសាស្ត្រផ្សេងៗពីគ្នា នេះបើតាមការបកស្រាយរបស់លោកស្ត្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសជំងឺសើស្បែកនិងកាមរោគ។ ក្រៅពីការព្យាបាលបែបវេជ្ជសាស្ត្រ ជាំក៏អាចធ្វើការព្យាបាលតាមរយៈគ្រឿងផ្សំងាយៗដែលមាននៅផ្ទះរបស់អ្នកស្រាប់បានដែរ….. ម្សៅរមៀត ម្សៅរមៀត ជាធម្មតាត្រូវបានស្គាល់ថាជាប្រភេទម្សៅបរិសុទ្ធ មានផ្ទុកនូវលក្ខណៈសម្បត្តិជាថ្នាំធម្មជាតិពិសេសក្នុងការព្យាបាលជំងឺសើស្បែក ឬបញ្ហាស្បែកមួយចំនួន។ វាអាចបន្ថយផងដែរនូវជាតិពណ៌របស់ស្បែកនិងជួយបំបាត់ស្នាមជាំបានទៀតផង។ សមាសធាតុ curcumin នៅក្នុងរមៀតជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយភាពចាស់ជ្រីវជ្រួញនិងបង្កើនពន្លឺស្បែកជួយឲ្យផ្នែកខ្មៅនៃស្បែកឡើងភ្លឺមួយ កម្រិត។ របៀបធ្វើ៖ លាយ៥ស្លាបព្រានៃម្សៅរមៀត ជាមួយ១០ស្លាបព្រានៃទឹកដោះគោ ច្របល់ចូលគ្នាឲ្យសព្វ(មិនខាប់ពេកមិនរាវពេក)។ លាបល្បាយនេះនៅកន្លែងមានស្នាមជាំ ទុកវាឲ្យស្ងួតរយៈពេល២០នាទី បន្ទាប់មកលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗ ហើយជូតជាមួយកន្សែងពោះគោដែលស្អាត។លោកអ្នកអាចអនុវត្តជាប្រចាំ១ថ្ងៃម្តង ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។ គួរបញ្ជាក់ថានៅក្នុងទឹកដោះគោមានផ្ទុកអាស៊ីតឡាក់ទិច និងកាល់ស្យូមដែលជួយឲ្យស្បែកទន់រលោងស្អាត ម៉្យាង ល្បាយនេះក៏មានសមត្ថភាពជួយបញ្ចេញ toxin ដែលជាជាតិពុលពីស្បែក និងជួយព្យាបាលមុនបានយ៉ាងប្រសើរថែមទៀត។ ម៉ាសល្ហុងទុំ នរណាៗក៏ដឹងថាល្ហុងមានផលប្រយោជន៍ចំពោះស្បែកដែរមិនថាខ្ចីឬទុំនោះទេ។ លក្ខណៈដោយឡែក ចំពោះល្ហុងទុំ វាមានឥទ្ធិពលខ្ពស់ ក្នុងការព្យាបាលជាំមុខ ដោយសារប៉ាប៉ាអីុន ដែលជាអង់ស៊ីមសកម្មនៅក្នុងល្ហុង ដើរតួនាទីជាអ្នកកម្ចាត់កោសិកាស្បែកចាស់ៗ ជាំ និងជួយឲ្យស្បែកទន់រលោងស្អាត។ របៀបធ្វើ៖ យកល្ហុងទុំប៉ុន្មានចំណិតច្របល់ ឬកិនឲ្យសព្វ ហើយលាបលើមុខរបស់អ្នកទុកវារយៈពេល១៥ ទៅ២០នាទី ទើបលាងជាមួយនឹងទឹកត្រជាក់ចេញ ក្រោយមកទៀតលោកអ្នកអាចលាបឡេផ្តល់សំណើមដល់ស្បែកបន្ថែម។ លោកអ្នកអាចអនុវត្តម៉ាសល្ហុងនេះ ឲ្យបាន២ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបានប្រសិទ្ធភាពគួរជាទីគាប់ចិត្ត។ យ៉ាអួរ ជឿឬអត់ថា យ៉ាអួរមានប្រសិទ្ធភាពអាចកំចាត់នូវស្បែកជាំ? ប្រាកដណាស់ វាជួយបន្ថយសភាពជាំលើស្បែកមុខ ដោយសារអាស៊ីតឡាក់ទិចដែលមានផ្ទុកក្នុងនោះ។ អាស៊ីតឡាក់ទិចមានលក្ខណៈសម្អាត ជួយកាតបន្ថយជាតិពណ៌លើស្បែក និងជួយផលិតកោសិកាស្បែកថ្មីផងដែរ។ របៀបធ្វើ៖ ត្រូវសម្អាតមុខរបស់អ្នកឲ្យបានស្អាត បន្ទាប់មកលាបយ៉ាអួរស្តើងៗ លើផ្ទៃមុខត្រង់ផ្នែកជាំ ទុករយៈពេល១០នាទីមុននឹងលាងជាមួយនឹងទឹកស្អាត ដែលលោកអ្នក អាចអនុវត្តបាន ម្តងឬ២ដង ក្នុង១សប្តាហ៍។ ជែលប្រទាលកន្ទុយក្រពើ លក្ខណៈសម្បត្តិដ៏អស្ចារ្យនៃម៉ាស់ប្រទាលកន្ទុយក្រពើ មានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងmucilaginous polysaccharidesដែលអាចជួយព្យាបាលជំងឺសើស្បែកមួយចំនួន និងបន្ថយស្នាមជាំខ្មៅលើផ្ទៃមុខរបស់អ្នកបាន។ របៀបធ្វើ៖ ចិតយកសាច់ប្រទាលកន្ទុយក្រពើរួចក្រឡុកឲ្យម៉ត់ លាបជែលប្រទាលកន្ទុយក្រពើសុទ្ទ លើផ្នែកជាំ និងម៉ាស្សាស្រាលៗរយៈពេល២នាទីបន្ទាប់មកទុកឲ្យស្ងួតរយៈពេល១៥នាទីរួចលាងជម្រះជាមួយនឹងទឹកស្អាត។លោកអ្នកអាចអនុវត្តជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពឆាប់ រហ័ស។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share