
- Jul 26, 2017 |
- 7 years ago |
- 3.8K views
ការស្រាវជ្រាវថ្មីបានបង្ហាញថា «មនុស្សស្ទើរតែគ្រប់រូបនឹងមានជំងឺផ្លូវចិត្តយ៉ាងតិចមួយ»
យ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមយើងរាល់គ្នាដែលបានរងសម្ពាធពីបញ្ហាសតិអារម្មណ៍។ ក្រៅពីការទទួលស្គាល់នូវបញ្ហារបស់ពួកគេ អាការៈបែបនេះត្រូវបានចាត់ទុកថាមិនប្រក្រតី និងគួរឲ្យខ្មាសគេ ការស្រាវជ្រាវថ្មីមួយ ហើយក៏ដូចជាការស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោកបានបង្ហាញថា «មនុស្សស្ទើរតែគ្រប់រូបនឹងមានជំងឺផ្លូវចិត្តយ៉ាងតិចមួយក្នុងជីវិតរបស់ពួកគេ» ដែលភាគច្រើនមិនបានទទួលយកការព្យាបាលទេ បន្ទាប់មកការទំនាក់ទំនង ការបំពេញការងារ និងភាពរីករាយនឹងជីវិតរបស់ពួកគេនឹងរងការប៉ះពាល់ជាមិនខាន។ ទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនតូចដែលមិនមានបញ្ហាផ្លូវចិត្តសោះ ហើយពួកគេអាចនឹងចូលរួមផ្ដល់ជាការសិក្សាថ្មីមួយដែលអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រអាចស្វែងយល់ថាអ្វីទៅដែលធ្វើឲ្យមានភាពមិនប្រក្រតី ការជំនះនៃបញ្ហា និងធ្វើយ៉ាងណា ដើម្បីចៀសវាងពីបញ្ហាសុខភាពផ្លូវចិត្ត។ អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្របានដឹងជាយូរមកហើយថាមានមនុស្សប្រហែលជា ២០ទៅ២៥% បានរងគ្រោះដោយសារជំងឺផ្លូវចិត្តនេះមានន័យថាពួកគេធ្លាប់មានបញ្ហាផ្លូវចិត្តក្នុងកម្រិតមួយដែលអាចនឹងប៉ះពាល់ដល់ការ សិក្សា ការបំពេញការងារ និងការប្រាស្រ័យទាក់ទងរបស់ពួកគេ។ ការសិក្សាថ្មីដែលបានបោះពុម្ពផ្សាយកាលពីដើមឆ្នាំនេះក្នុងទស្សនាវដ្តី The Journal of Abnormal Psychology (ដែលឈ្មោះរបស់ទស្សនាវដ្តីនេះមានន័យថាការយល់ដឹងពីជំងឺផ្លូវចិត្តមិនធម្មតា) បានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីប៉ាន់ស្មានពីភាពធ្ងន់ធ្ងរនៃជំងឺ។ ជំនួសឲ្យការសួរនាំពីរឿងកាលពីអតីតកាល យើងបែរមកធ្វើការតាមដានទៅលើប្រជាជននូវែលសែឡង់មួយជំនាន់ដែលបានកើតក្នុងទីក្រុងដូចគ្នាចាប់តាំងពីពេលចាប់កំណើតរហូតដល់ពាក់កណ្ដាលជីវិត។ យើងបានធ្វើការសិក្សាស៊ីជម្រៅរៀងរាល់ពីរទៅបីឆ្នាំម្ដង ដើម្បីប្រមូលយកភស្តុតាងនៃជំងឺផ្លូវចិត្តដែលបានកើតឡើងក្នុងអំឡុងពេលនៃការតាមដាន ហើយបានរកឃើញថាប្រសិនបើអ្នកតាមដានពួកគេ និងពិនិត្យយ៉ាងទៀងទាត់ដោយប្រើវិធីសាស្ត្រសាមញ្ញ និងផ្អែកលើភស្តុតាងនោះភាគរយនៃមនុស្សដែលវិវឌ្ឍជាមានជំងឺផ្លូវចិត្តនៅក្នុងដំណាក់កាលណាមួយក្នុងជីវិតរបស់ពួកគេនឹងឡើងដល់ទៅ៨០%។ ក្នុងការស្រាវជ្រាវរបស់យើង មានត្រឹមតែ ១៧%នៃក្រុមអ្នកចូលរួមក្នុងការស្រាវជ្រាវនេះប៉ុណ្ណោះដែលមិនមានជំងឺផ្លូវចិត្តហើយពួកគេស្ថិតនៅក្នុងវ័យកណ្ដាល។ ដោយសារតែយើងមិនអាចធ្វើឲ្យប្រាកដថាពួកគេនៅតែមិនមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលនៃការសិក្សា ដូចនេះសមាមាត្រពិតប្រាកដនៃអ្នកដែលមិនធ្លាប់មានជំងឺផ្លូវចិត្តអាចមានតូចជាងនេះទៅទៀត។ និយាយម្យ៉ាងទៀតគឺថាការស្រាវជ្រាវរបស់យើងបានបង្ហាញថា «អ្នកទំនងជាមានជំងឺផ្លូវចិត្តច្រើនជាងកាលដែលអ្នកអាចនឹងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺមហារីកទៅទៀត»។ ការរកឃើញទាំងនេះត្រូវបានបញ្ជាក់ដោយទិន្នន័យដែលបានពីក្រុមមនុស្សស្រដៀងគ្នាផ្សេងទៀតនៅក្នុងប្រទេសនូវែលសេឡង់ស្វ៊ីស និងសហរដ្ឋអាមេរិក។ ការស្រាវជ្រាវថ្មីបំផុតបានបង្ហាញថា «ប្រសិនបើអ្នកធ្លាប់វិវឌ្ឍទៅជាមានជំងឺផ្លូវចិត្តនោះ អ្នកនឹងត្រូវបានសន្មតថានឹងមានវាអស់មួយជីវិត» គឺមិនពិតទេ។ លោក John Horwood អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្រនៃជំងឺផ្លូវចិត្ត និងជាប្រធាននៃ Christchurch Health and Development Study ក្នុងប្រទេសនូវែលសេឡង់ បាននិយាយថា «សមាសធាតុសំខាន់នៃអ្វីដែលយើងពណ៌នាថាជា “Disorder” គឺជាទូទៅកើតមានក្នុងរយៈពេលខ្លី មិនសូវធ្ងន់ធ្ងរ ឬមានកម្រិត។» Horwood បានរកឃើញថាជិត ៨៥%នៃសមាជិកដែលចូលរួមក្នុងការសិក្សារបស់ Christchurch អាចនឹងមានជំងឺផ្លូវចិត្តនៅពាក់កណ្តាលជីវិតរបស់ពួកគេ។ នេះប្រហែលជាសារមួយដែលមានប្រយោជន៍ក្នុងការផ្សព្វផ្សាយ។ យោងទៅតាមលោក Jason Siegel ដែលលោកជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រសង្គមនៃសាកលវិទ្យាល័យ Claremont Graduate បាននិយាយថា មនុស្សមានទំនោរក្នុងយកចិត្តទុកដាក់និងជួយមិត្តភក្តិ ឬអ្នករួមការងាររបស់ពួកគេនៅពេលដែលពួកគេជឿថាបញ្ហាសុខភាពទាំងនោះ គឺគ្រាន់តែជាបញ្ហាបណ្ដោះអាសន្ន។ រីឯអ្នកដែលមានបញ្ហាផ្លូវចិត្តវិញត្រូវការការគាំទ្រនិងលើកទឹកចិត្តព្រោះថាទោះបីជាជំងឺរបស់ពួកគេកើតមានតែក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចបំផ្លាញដល់ជីវិតរបស់ពួកគេដែរ។ លោក Horwood បាននិយាយថា ដើម្បីអាចចាត់ទុកថាជា Disorder បាន «បុគ្គលម្នាក់ជាទូទៅត្រូវតែមានរោគសញ្ញាមួយស្របតាមលក្ខខ័ណ្ឌដែលបានកំណត់យ៉ាងម៉ត់ចត់គឺវាចាំបាច់ត្រូវមានការខូចខាតនៃមុខងាររបស់រាងកាយ។» លោក Paul Gionfriddo ប្រធាននៃ Mental Health America បានបញ្ចេញយោបល់ថា «រូបលោកមិនមាន ការភ្ញាក់ផ្អើលទេ ចំពោះការរកឃើញនេះ»។ អង្គការរបស់លោកបានចាត់ទុកថាជំងឺផ្លូវចិត្ត គឺជារឿងធម្មតា ប៉ុន្តែវាមិនមែនកើតមានរហូតទេ។ កាលពី ៣ឆ្នាំមុនអង្គការរបស់លោកបានដំណើរការកម្មវិធីមួយលើប្រព័ន្ធអ៊ីនធើណែតដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាធ្វើការពិនិត្យរកមើលជំងឺផ្លូវចិត្តដោយខ្លួនឯង។ ចាប់ពីពេលនោះមកមានមនុស្សច្រើនជាង ២លាននាក់បានប្រើកម្មវិធីនោះ និងមានមនុស្សច្រើនជាង ៣០០០នាក់ក្នុងមួយថ្ងៃបានចុះឈ្មោះជាមួយកម្មវិធីនេះដើម្បីទទួលបានប្រយោជន៍ពីការព្យាបាល។ លោកបាននិយាយថា «នៅពេលដែលយើងបានទទួលស្គាល់សារៈសំខាន់នៃការធ្វើអន្តរាគមន៍ឲ្យបានឆាប់រហ័សចំពោះជំងឺមហារីក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ចុះហេតុអ្វីបានជាយើងនិយាយថាបញ្ហាសុខភាពផ្លូវចិត្ត គឺមិនមានអីទេ ហើយមិនចាំបាច់មានធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់រហ័សទេ?» ផលវិបាកមួយទៀត គឺមកពីបុគ្គលដែលមិនធ្លាប់កើតមានជំងឺផ្លូវចិត្ត គឺជាក្រុមមនុស្សដែលយើងហៅថា «សុខភាពផ្លូវចិត្តយូរអង្វែង»។ ពួកគេទាំងនេះអាចមានសមភាពនៃសុខភាពផ្លូវចិត្តអស់មួយជីវិតហើយពួកគេអាចគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់ពួកគេបានល្អជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ វាអាចទៅរួចក្នុងការសិក្សាអំពីភាពខ្លាំង និងមានសុខភាពល្អនៃផ្លូវចិត្តដើម្បីផ្ដល់ជាការយល់ដឹងពីរបៀបដែលយើងអាចជួយមនុស្សកាន់តែច្រើនឲ្យរីករាយនឹងជីវិតរបស់ពួកគេ។ នៅក្នុងប្រទេសនូវែលសេឡង់ យើងបានរកឃើញថាអ្នកដែលមានសុខភាពផ្លវចិត្តយូរអង្វែង គឺមានចំណុច ២ដូចគ្នា៖ ទីមួយ គឺពួកគេពុំមានប្រវត្តិគ្រួសារដែលមានជំងឺផ្លូវចិត្ត និងទីពីរគឺពួកគេមានបុគ្គលិកលក្ខណៈមួយដែលយើងហៅថា “Advantageous Personalities”។ ការណែនាំដ៏សំខាន់ចុងក្រោយនៃការស្រាវជ្រាវថ្មីនេះគឺការព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ដូច្នេះយើងគួរតែចាប់ផ្ដើមចាត់ទុកជំងឺផ្លូវចិត្តមានសារៈសំខាន់ដូចជាការបាក់ឆ្អឹង ការមានគ្រួសក្នុងតម្រងនោម ឬជំងឺផ្ដាសាយអីចឹងដែរ ព្រោះថាវាជាផ្នែកមួយដែលអាចកើតមាននិងបំផ្លាញជីវិតដូចគ្នា។ ការទទួលស្គាល់ជាលក្ខណៈសកលបែបនេះអាចឲ្យយើងមានធនធានគ្រប់គ្រាន់ ដើម្បីពិនិត្យមើល ព្យាបាល និងបង្ការជំងឺផ្លូវចិត្តនេះបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share