Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការបោះបង់ទម្លាប់អាក្រក់អាចជាការពិបាក ហើយវាកាន់តែពិបាកក្នុងការបំបាត់ចោលនូវទម្លាប់ដែលយើងគិតថាវាមានប្រយោជន៍សម្រាប់យើង ប៉ុន្តែ​ ផ្ទុយទៅវិញ វាបែរជាអាចបំផ្លាញរាងកាយរបស់យើងសោះ។ ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កជាទុក្ខទោសដល់សុខភាពយើង ជាជាងការធ្វើឲ្យយើងមានសុខភាពល្អ។ ការព្យាយាមបញ្ឈប់ ឬទប់ការកណ្ដាស់របស់អ្នក នៅពេលដែលយើងព្យាយាមបិទមាត់ និងបិទច្រមុះរបស់យើង ដើម្បីបញ្ចៀសការកណ្ដាស់នោះ វាអាចបង្កើនសម្ពាធយ៉ាងខ្លាំងនៅក្នុងក្បាលរបស់យើង។ លំហូរឈាមទៅកាន់ខួរក្បាលរបស់យើងត្រូវបានរំខាន ហើយវាបានសង្កត់ទៅលើសរសៃឈាម និងជាលិកាប្រសាទរបស់យើង។ ជាលទ្ធផល វាអាចធ្វើឲ្យមាន ការឈឺក្បាល ការខូចខាតដល់សរសៃឈាម និងមានបញ្ហានៃការស្ដាប់ជាដើម។ ដូច្នេះអ្នកមិនគួរព្យាយាមទប់ការកណ្ដាស់របស់អ្នកទេ។​   ការប្រើប្រាស់ទឹកអប់ សារធាតុសំយោគជាច្រើនត្រូវបានគេប្រើក្នុងការផលិតទឹកអប់ ដើម្បីឲ្យវាមានក្លិនក្រអូបខ្លាំង និងមានតម្លៃថោកជាងប្រេងធម្មជាតិ។ សារធាតុទាំងនោះ អាចបណ្ដាលឲ្យយើងវិលមុខ ចង្អោរ និងងងុយគេង។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យយើងក្រហាយភ្នែក រលាកបំពង់ក និងពេលខ្លះ អាចធ្វើឲ្យមានឡើងរោល នៅលើស្បែកផងដែរ។ វាគឺជាគំនិតល្អមួយក្នុងការប្ដូរពីការប្រើទឹកអប់ មកប្រើប្រេងក្រអូបវិញ ឬក៏អ្នកគួរតែប្រើវាក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។   ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក នៅមុនពេលដែលអ្នកចូលគេង ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទអាចបញ្ឈប់ការផលិតអ័រម៉ូន Melatonin បាន។ អរម៉ូន Melatonin មាននាទីក្នុងការគ្រប់គ្រងការគេង និងការភ្ញាក់របស់យើង។ ប្រសិនបើកម្រិតនៃអរម៉ូននេះទាប វាអាចបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺធាត់ ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំ ចុះអន់ខ្សោយ។ ដូច្នេះ ការចូលគេងឲ្យបានឆាប់ គឺជាជម្រើសដ៏ល្អមួយសម្រាប់សុខភាពរបស់អ្នក។   ការរក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ប្លាស្ទិកជាច្រើនមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Phthalate និងBisphenolដែលសារធាតុទាំងនេះ ជួយធ្វើឲ្យប្រអប់ មានសភាពជាប់ធន់។ ប្រសិនបើអ្នករក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិកក្នុងរយៈពេលយូរ សារធាតុទាំងនោះអាចជ្រាបចូលទៅក្នុងចំណីអាហាររបស់អ្នក ហើយវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ ជាការល្អ អ្នកគួរតែរក្សាទុកអាហាររបស់អ្នកនៅក្នុងប្រអប់ដែលធ្វើពីកែវ ដែកអ៊ីណុក ឬសម្ភារៈសេរ៉ាមិច ជាដើម។ ដូចគ្នានេះដែរ អ្នកគួរតែយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាខាងលើ ព្រោះថាវាផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍អំពីរបៀបប្រើប្រអប់ទាំងនោះ។   ការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ ទន្តពេទ្យបានណែនាំថា អ្នកគួរតែធ្វើការដុសធ្មេញរបស់អ្នក បន្ទាប់ពីការទទួលទានអាហាររបស់អ្នកបាន យ៉ាងតិច៣០នាទី។ ប្រសិនបើអាច មួយម៉ោងក្រោយ ពីការទទួលទានអាហារ គឺរឹតតែល្អ។ ចំណីអាហារ និងភេសជ្ជៈ ជាពិសេសអាហារដែលសម្បូរជាតិអាស៊ីតខ្ពស់ អាចប៉ះពាល់ដល់សារធាតុស្រោបនៅលើធ្មេញ (Enamel) ក៏ដូចជាស្រទាប់ដែលនៅពីក្រោមសារធាតុនោះ (Dentin)។ ចលនានៃច្រាសដុសធ្មេញរបស់អ្នក អាចរុញច្រានជាតិអាស៊ីត ចូលកាន់តែជ្រៅ និងកាន់តែជិតទៅនឹង Dentin។ ការធ្វើដូច្នេះ អាចធ្វើឲ្យអ្នកមានសភាពស្រៀវធ្មេញ និងបំផ្លាញស្រទាប់ Enamel។   ការប្រើប្រាស់សាប៊ូប្រឆាំងបាក់តេរី (Antibacterial soap) ញឹកញាប់ មានបាក់តេរីដែលមានប្រយោជន៍ជាច្រើន ដែលរស់នៅលើផ្ទៃនៃស្បែករបស់យើង ហើយពួកវាមាននាទីក្នុងការការពាររាងកាយយើង។ ប្រសិនបើយើង ប្រើសាប៊ូប្រឆាំងបាក់តេរីញឹកញាប់ពេក យើងនឹងអាចសម្លាប់មេរោគនៅលើដៃរបស់យើង ប៉ុន្តែ ការធ្វើដូចនេះ អាចបង្កើតជាឱកាសដល់ពពួកបាក់តេរីអាក្រក់ ចូលទៅក្នុងរាងកាយរបស់យើងវិញ។ អ្នកឯកទេសផ្នែកជំងឺស្បែកបានណែនាំឲ្យប្រើសាប៊ូប្រឆាំងបាក់តេរីនេះ តែក្នុងករណីយើងមានដាច់រលាត់ស្បែកប៉ុណ្ណោះ។ អ្នកមិនគួរលាងដៃជាមួយសាប៊ូប្រភេទនេះ លើសពីពីរដងក្នុងមួយសប្ដាហ៍ឡើយ។   ការស្លៀកខោខាវប៊យរឹបៗ ទោះបីជាវាមានភាពទាន់សម័យក៏ដោយ ប៉ុន្តែការស្លៀកខោខាវប៊យរឹប អាចសង្កត់ជាប់ទៅលើស្បែក​ និងផ្នែកចុងសរសៃប្រសាទរបស់អ្នក។ វាអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនស្រួលជាប់ជានិច្ច ហើយវាអាចធ្វើឲ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។ បន្ថែមពីនេះទៅទៀត ការកាត់បន្ថយ លំហូរនៃខ្យល់ចេញចូល ក្នុងជើងរបស់អ្នក អាចបណ្ដាលឲ្យអ្នកមានសភាពស្កៀប រមាស់ និងទីបំផុត វាធ្វើឲ្យជើងរបស់អ្នកស្ពឹក។   ការទទួលទានទឹកផ្លែឈើដែលទើបតែធ្វើថ្មីៗ មានមនុស្សតិចណាស់ដែលបានដឹងថាការទទួលទានទឹកផ្លែឈើធ្វើភ្លាមៗ អាចផ្ដល់ផលប្រយោជន៍ល្អតែមួយចំនួនតូចប៉ុណ្ណោះ ដល់សុខភាព។ ចំពោះជំងឺមួយចំនួន ទឹកផ្លែឈើថែមទាំងអាចបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់រាងកាយរបស់អ្នក។ ឧទាហរណ៍ ទឹកទំពាំងបាយជូរ គឺមិនត្រូវបានណែនាំ ឲ្យអ្នកដែលមានបញ្ហាលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមទទួលទាននោះទេ។ លើសពីនេះទៅទៀត ទឹកផ្លែឈើ គឺជាសមាសធាតុអាល្លែកហ្ស៊ីខ្លាំង។ អ្នកគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់នៅពេលដែលអ្នកឲ្យកូនទទួលទានទឹកផ្លែឈើ ឬអ្នកគួរតែឲ្យកូនរបស់អ្នកទទួលទានតែបន្តិចបន្តួចបានហើយ និងប្រសិនបើអាច អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញមុនពេលឲ្យពួកគេទទួលទាន។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។   យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។   ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់​ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។   សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។   ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។   វេជ្ជបណ្ឌិត Amber GaumeGiannoniអ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។   តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។ ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។   វេជ្ជបណ្ឌិត Giannoniបានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មនុស្សយើងសព្វថ្ងៃនេះ គ្មាននរណាចេញទៅក្រៅផ្ទដោយមិនយកទូរស័ព្ទតាមខ្លួននោះទេ ហើយតើអ្នកស្រមៃទៅមើលថា បើគ្មានទូរស័ព្ទមួយថ្ងៃ តើអ្នកនឹងក្លាយ ទៅជា​យ៉ាងណា? ប៉ុន្តែ តើអ្នកបានដឹងទេថា ទូរស័ព្ទមិនមានសុវត្ថិភាពចំពោះអ្នក ដូចដែលអ្នកគិតនោះទេ ជាពិសេស ចំពោះបុរសភេទតែម្តង។   ការសិក្សាថ្មីមួយផ្សេងទៀតបានបញ្ជាក់ អ្នកមិនគួរដាក់ទូរស័ព្ទ នៅក្នុងហោប៉ៅខោ ឬហៅប៉ៅអាវយូរពេកនោះទេ ពីព្រោះ​ វាអាចបង្កជាផលវិបាកយ៉ាងច្រើន​ ចំពោះសុខភាពទូទៅរបស់អ្នករួមមាន៖ ១- ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អាចធ្វើបុរសពិបាកក្នុងការមានកូន ២-ជាតិវិទ្យុសកម្មរបស់ទូរស័ព្ទ អាចកាត់បន្ថយបរិមាណ គុណភាព និងចលនារបស់មេជីវិតឈ្មោល ៣-វាក៏អាចធ្វើឲ្យបុរសប្រឈមទៅនឹងបញ្ហាផ្លូវភេទនានា ជាពិសេស ការងាប់លិង្គជាដើម ៤- វាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីកផងដែរ ៥- ចំណុចមួយទៀត គឺទាក់ទងទៅនឹងសញ្ញាធម្មជាតិ ដែលមានន័យថា ពេលអ្នកកាន់ទូរស័ព្ទជាប់ខ្លួនរហូតបែបនេះ ទូរស័ព្ទនឹងបញ្ចេញជាតិវិទ្យុសកម្ម ហើយអាចស្រូបយកថាមពលរាងកាយរបស់អ្នក ហើយធ្វើឲ្យអ្នកឈឺដោយមិនដឹងមូលហេតុ។ ៦- ជាតិវិទ្យុសកម្ម និងរលកសញ្ញារបស់ទូរស័ព្ទ អាចសម្លាប់កោសិកាក្នុងរាងកាយរបស់អ្នកបាន។   ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការទុកដាក់ទូរស័ព្ទរបស់អ្នក ហើយកុំទុក ឬប្រើប្រាស់វាច្រើនពេក ប្រសិនបើមិនចាំបាច់..... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។  4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines­) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។   6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួម​ជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។   លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការទទួលទានអាហារដែលមានសុខភាពល្អគឺជាការលំបាកណាស់ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនបានសាកល្បងផ្លូវកាត់មួយ ឬពីរដោយសង្ឃឹមថាពួកគេអាចទទួលបានលទ្ធផលឆាប់រហ័ស។ ប៉ុន្ដែការទទួលអាហារបំប៉នមួយចំនួនដើម្បីប៉ះប៉ូវបន្ថែមនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ ហើយមួយចំនួនតូចក៏អាចមានគ្រោះថ្នាក់ផងដែរ។   ខណៈនេះ គេហទំព័រសុខភាព ហេលស៍ថាម សូមនាំអារម្មណ៍អ្នកមកក្រឡេកទៅមើលជំនឿដែលទាក់ទងនឹងអាថ៌កំបាំងនៃអាហារ និងអាហារូបត្ថម្ភមួយចំនួនដោយមានការបកស្រាយអមជាមួយនឹងវិទ្យាសាស្រ្តផងដែរ។   ជំនឿ៖ អ្នកគួរតែមានរបបអាហារដែលថេរ ការពិត៖ វាជាការប្រសើរណាស់ក្នុងការបំភ្លេចនូវការទទួលទានអាហារដែលមានសុខភាពល្អយូរៗម្ដង នេះបើតាមការបកស្រាយរបស់លោក Nichola Whitehead ជាអ្នកជំនាញខាងចំណីអាហារដែលបានទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេសបានប្រាប់ថា“វាគឺជាការប្រសើរក្នុងការទទួលទានច្រើនហួសកម្រិតម្ដងម្កាល។ ការទទួលទានហួសកម្រិតជារៀងរាល់ថ្ងៃនោះទេ ដែលធ្វើឱ្យកើនទម្ងន់នោះ”។ លោកបាននិយាយថាប្រសិនបើអ្នកបានប្តូរពីរបបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងកាបូអ៊ីដ្រាតដែលបានកែច្នៃមកទទួលទានភាគច្រើនជាបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ នោះអ្នកបានសម្រេចការងារបានមួយចំនួនធំរួចទៅហើយ។   ជំនឿ៖ ការរាប់កាឡួរី គឺជាវិធីដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ការពិត៖ ទោះបីជាការគណនាកាឡូរីអាចជាវិធីមួយដ៏មានប្រយោជន៍សម្រាប់ការសម្រកទម្ងន់ក៏ដោយក៏វាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទាននូវអាហារដែលផ្ដល់សុខភាពនោះទេ ជាពិសេសនោះ គឺនៅពេលដែលវាត្រូវបានប្រើដាច់ដោយឡែកពីគេ។ ការដាក់កំហិតទៅលើការទទួលទានកាឡូរីមិនត្រូវបានយកចិត្តទុកដាក់ទៅគ្រប់ទិដ្ឋភាពទាំងអស់នៃអាហារដែលជាតម្រូវការនៃរាងកាយអ្នកទេ ការទទួលទានអាហារគឺទាមទារឲ្យមានចាប់ពីប្រូតេអ៊ីន និងកាបូអ៊ីដ្រាតរហូតដល់វីតាមីន និងសារធាតុរ៉ែ។ ថ្វីត្បិតតែកាឡួរី គឺមានសារៈសំខាន់ក្នុងការសម្រក រក្សា ឬការឡើងទម្ងន់ក៏ដោយ ប៉ុន្តែពួកវាមិនមែនជាវិធីតែមួយគត់ដែលយើងគួរតែផ្ដោតសំខាន់លើទេ នៅពេលដែលយើងចង់ឲ្យសុខភាពយើងកាន់តែប្រសើរ។     ជំនឿ៖ ការទទួលទានអាហារដែលមានខ្លាញ់ទាបនឹងធ្វើឲ្យអ្នកបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ការពិត៖ ការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបមិនមែនមានន័យថាការបាត់បង់ទម្ងន់ទេ។ នៅក្នុងការសិក្សាស្រាវជ្រាវរយៈពេល ៨ឆ្នាំដែលមានការចូលរួមពីស្ត្រីចំនួន ៥០.០០០នាក់ហើយប្រហែលជាពាក់កណ្ដាលនៃអ្នកចូលរួមទាំងអស់ទទួលទានអាហារ ដែលមានជាតិខ្លាញ់ទាប ខណៈពេលដែលអ្នកដទៃទៀតបរិភោគធម្មតា។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានអាហារដែលមានជាតិខ្លាញ់ទាបមិនបានបន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ ឬជំងឺបេះដូងនោះទេ។ ហើយពួកគេក៏មិនបានស្រកទម្ងន់ច្រើនដែរ។ ការណែនាំថ្មីមួយបានបង្ហាញថាខ្លាញ់ល្អដែលបានមកពីសណ្ដែក ត្រី និងផ្លែប័រគឺសុទ្ធតែល្អសម្រាប់សុខភាពអ្នក។ ដូច្នេះអ្នកគួរតែបន្ថែមវាចូលទៅក្នុងរបបអាហាររបស់អ្នកប្រសិនបើអ្នកមិនទាន់មានពួកវា។   ជំនឿ៖ ការលាងសំអាត និងការបន្សាបជាតិពុល គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមរបបអាហារមួយ។ ការពិត៖ គ្មាននរណាម្នាក់ត្រូវការការបន្សាបជាតិពុលទេ។ លុះត្រាតែអ្នកពុលចំណីអាហារ រាងកាយអ្នកមានបំពាក់ជាមួយនឹងប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយសម្រាប់លាងសម្អាតច្រោះយកសារធាតុពុលដែលអ្នកបានទទួលទាននោះចេញ។ វាត្រូវបានបង្កើតឡើងដោយសរីរាង្គពីរគឺ ថ្លើម និងតម្រងនោម។ តម្រងនោមរបស់យើងច្រោះឈាម និងនាំយកកាកសំណល់ពីអាហាររបស់យើង រីឯថ្លើមរបស់យើងវិញមាននាទីដំណើរការថ្នាំ និងបន្សាបសារធាតុពុលផ្សេងៗ ដែលយើងបានទទួលទាន។ សរីរាង្គទាំងពីរនេះរួមគ្នាគឺអាចធ្វើឲ្យរាងកាយយើងស្អាតតាមបែបធម្មជាតិ។   ជំនឿ៖ ការបន្ថែមអាហារបំប៉នទៅក្នុងផែនការសម្រកទម្ងន់របស់អ្នក គឺជាគំនិតល្អ ការពិត៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ថាអាហារបំប៉នមានប្រយោជន៍ច្រើនចំពោះសុខភាព។ ផ្ទុយទៅវិញ ពួកវាខ្លះអាចផ្ដល់ផលអាក្រក់ចំពោះសុខភាព។ យោងតាមលោកសាស្ត្រាចារ្យ S. Bryn Austin ដែលលោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard Medical School បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard T. H. Chan ថា “ប្រភេទអាហារបំប៉នដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកថ្នាំដែលមានទាក់ទងទៅនឹងការសម្រកទម្ងន់ ការលូតលាស់សាច់ដុំ និងថ្នាំពង្រឹងសមត្ថភាពផ្លូវភេទ”។   ជំនឿ៖ របបអាហារដែលល្អសម្រាប់មនុស្សម្នាក់គួរតែល្អសម្រាប់អ្នកគ្រប់គ្នាដែរ ការពិត៖ ពុំមានរាងកាយពីរដែលដូចគ្នាទេ ដូច្នេះវាក៏មិនមានរបបអាហារណាមួយដែលល្អបំផុតដែរ។ អ្វីៗគ្រប់យ៉ាងចាប់តាំងពីហ្សែនរបស់បុគ្គលម្នាក់ៗរហូតដល់ចំណង់ចំណូលចិត្តនៃរសជាតិរបស់ពួកគេ ហើយសូម្បីតែកាលវិភាគរបស់ពួកគេក៏អាចជះឥទ្ធិពលដល់ប្រភេទនៃផែនការទទួលទានអាហារសុខភាពដែលល្អសម្រាប់់ពួកគេដែរ។ ការសិក្សាបានបង្ហាញថាកត្តាសំខាន់បំផុតដែលត្រូវស្វែងរកក្នុងការទទួលទានអាហារដែលមានសុខភាពល្អ គឺជាទម្លាប់មួយដែលអ្នកអាចធ្វើបានជាប់លាប់។ វាមានន័យថា គឺជាការព្យាយាមសាកល្បងជម្រើសផ្សេងៗគ្នាមួយចំនួនរហូតដល់អ្នកអាចរកឃើញជម្រើសមួយដែលអ្នកចូលចិត្តហើយអ្នកអាចរក្សានូវទម្លាប់នោះបាន។   ជំនឿ៖ ផ្នែកសៗនៃស៊ុត គឺផ្ដល់នូវសុខភាពល្អជាងស៊ុតទាំងមូល ការពិត៖ មានអ្នកខ្លះហាក់ដូចជាព្យាយាមមិនទទួលទានស៊ុតទាំងមូល ដោយសារតែស៊ុតមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ប៉ុន្តែការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា កូលេស្តេរ៉ូលដែលបានមកពីអាហាររបស់យើងមិនសូវមានឥទ្ធិពលទៅលើកម្រិតកូលេស្តេរ៉ូលក្នុងឈាមរបស់យើងទេ។ ការស្រាវជ្រាវចាស់ៗជាច្រើន ដែលបង្ហាញថាការទទួលទានកូលេស្តេរ៉ូល គឺមិនល្អសម្រាប់សុខភាពទេប៉ុន្ដែការពិសោធន៍នោះត្រូវបានតេស្តលើទន្សាយដែលជាសត្វមួយដែលមិនស៊ីសាច់ជាអាហារ។   ជំនឿ៖ ទឹកផ្លែឈើ គឺល្អហើយអាចជំនួសឲ្យអាហារបាន ការពិត៖ ខណៈពេលដែលទឹកផ្លែឈើមានផ្ទុកនូវវីតាមីនមួយចំនួន និងក្នុងករណីខ្លះវាមានផ្ទុកប្រូតេអ៊ីនបន្តិចបន្តួចប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវិធីដ៏ល្អបំផុតក្នុងការទទួលបាននូវសារធាតុចិញ្ចឹមទាំងនោះគឺតាមរយៈការទទួលទានរបបអាហារដែលមានតុល្យភាពមួយដែលមានបញ្ចូលទាំងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ សំខាន់ជាងនេះទៅទៀត ទឹកផ្លែឈើបានយកជាតិសរសៃចេញដែលវាគឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាឆ្អែតដល់អាហារបន្ទាប់។ នេះគឺជាមូលហេតុមួយដែលកាឡួរីដែលបានពីភេសជ្ជៈផ្អែមៗត្រូវបានចាត់ទុកថា “គ្មានកាឡូរី” ព្រោះថាពួកវាបានបង្កើនកម្រិតភាពឃ្លាននិងធ្វើឲ្យអារម្មណ៍ប្រែប្រួលហើយធ្វើឲ្យអ្នកមានកម្រិតថាមពលទាប។   ជំនឿ៖ អ្នកគួរតែចៀសវាងការទទួលទាន Monosodium Glutamate (MSG ឬប៊ីចេង) ការពិត៖ ប៊ីចេង គឺជាគ្រឿងផ្សំមួយដែលត្រូវបានបន្ថែមទៅក្នុងអាហារដើម្បីបង្កើនរសជាតិរបស់អាហារហើយវាពិតជាមានសុវត្ថិភាពក្នុងការទទួលទាន។ ជារឿយៗ MSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ការស្ពឹកនៅកញ្ចឹងក និងមានអារម្មណ៍ថាអស់កម្លាំង។ ការទទួលទានច្រើនពេកដោយមិនគិតពីបរិមាណនៃសារធាតុ MSG គឺជាកំហុសមួយ។   ជំនឿ៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់ Microwave​ អាចបំផ្លាញសារធាតុចិញ្ចឹមរបស់អាហារ ការពិត៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់គឺមិនបានធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់អាហារទេ។ Microwave ចំអិនអាហារដោយប្រើរលកថាមពលដែលធ្វើឲ្យម៉ូលេគុលក្នុងសាច់ញ័រយ៉ាងលឿន ហើយបង្កើនថាមពលទៅជាកម្ដៅ។ សារធាតុចិញ្ចឹមមួយចំនួនចាប់ផ្ដើមបែកចេញពីគ្នានៅពេលត្រូវកម្ដៅ មិនថាចំអិនក្នុងចង្ក្រាន ឡ ឬម៉ាស៊ីនអាំងសាច់ក៏ដោយ។ ប៉ុន្តែដោយសារតែការចំអិនអាហារនឹង Microwave ចំណាយពេលតិចជាងការចំអិនអាហារក្នុងឡ នោះការចំអិនអាហារក្នុង Microwave អាចរក្សាបរិមាណនៃវីតាមីនបានច្រើនដដែល។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បុរសហាក់ដូចជាមើលពីខាងក្រៅទៅរឹងមាំជាងស្រ្តី ប៉ុន្តែចំពោះបញ្ហាសុខភាពខាងក្នុងវិញ ពិតជាមិនអាចធ្វើការប្រៀបធៀបទេ ហើយទាំងនេះគឺជាហេតុផលខ្លះៗ ដែលកើតមានជាក់ស្តែង។   • ញ៉ាំលឿនពេក ឬមិនញ៉ាំតែម្តងចំពោះអាហារពេលព្រឹក ជាពិសេស ដោយសារមានលេសថាប្រញាប់ ឬការរវល់ជាដើម ហើយថែមទាំងឧស្សាហ៍ញ៉ាំអាហារ ខាងក្រៅផង កាន់តែមិនអាចធានាបាន។   • ហាក់ដូចជាប្រពៃណីរបស់បុរសៗ នៅពេលដែលជួបជុំគ្នាទៅហើយ តែផលប៉ះពាល់យូរអង្វែងរបស់គ្រឿងស្រវឹងពិតជាធ្ងន់ធ្ងរ រីឯផលប៉ះពាល់ភ្លាមៗនោះ គឺបញ្ហាគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។   • ទម្លាប់មិនល្អមួយចំនួន ដូចជាការជួបជុំដល់យប់ៗ ការមើលបាល់ដាច់យប់ លេងហ្គេម ក៏ដូចជាបញ្ហាទំនួលខុសត្រូវមួយចំនួន ដូចជាការងារ ការសិក្សា និងគ្រួសារ សុទ្ធតែធ្វើឲ្យជះឥទ្ធិពលដល់ការបែងចែកពេលវេលាសម្រាប់សម្រាករបស់គេយ៉ាងខ្លាំង។   • ដោយសារការចាត់ទុកថាការងារផ្ទះមិនមែនជាបន្ទុករបស់ខ្លួន ឬក៏មមាញឹកនឹងការងារផ្សេងៗ ធ្វើឲ្យបុរសភាគច្រើនសុខចិត្តបន្សាំនឹងការរស់នៅមិនសូវ មានអនាម័យ ដែលអាចឲ្យប្រឈមនឹងជំងឺយ៉ាងងាយ។   • សកម្មភាពនេះហាក់មានការកាត់បន្ថយជាច្រើន តែក៏មិនទាំងស្រុង ចំពោះមនុស្សប្រុសពិសេសវ័យចំណាស់បន្តិច ដោយមានលេសថា​ពិបាកផ្តាច់ ឬក៏ក្មេងទើបនឹងធំមួយចំនួន ដែលចង់ចេះ ចង់ដឹង ដែលពួកគេទាំងនេះសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើន។   • មិនខ្លាចនឹងប្រថុយថាន ជាធម្មជាតិរបស់បុរសជាច្រើន ហើយរួមផ្សំនឹងការមិនអើពើនឹងបញ្ហាសុខភាពបន្តិចបន្តួចរបស់ខ្លួនផង ធ្វើឲ្យប្រឈមមុខនឹងបញ្ហា​ នៅពេលក្រោយយ៉ាងងាយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ការប្រែប្រួលជាច្រើននឹងអាចកើតមានឡើង កំឡុងពេលដ៏សប្បាយរីករាយនៃការពពោះ។ ក្នុងនោះដែរ ការឡើងទម្ងន់ជាកង្វល់ចម្បងមួយ ក្នុងចំណោមបញ្ហា ផ្សេងទៀតនៃការមានផ្ទៃពោះ ហើយប្រសិនអ្នកមានបញ្ហាលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកកាន់តែត្រូវទាមទារឲ្យមានការគ្រប់គ្រងបញ្ហាទម្ងន់នោះឲ្យបានល្អ ដើម្បីទទួលបានការពពោះ ដែលមានសុខភាពរឹងមាំ។ តើក្នុងលក្ខខណ្ឌណាដែលអ្នកមានបញ្ហាលើសទម្ងន់? ជាទូទៅអ្នកនឹងអាចឡើងទម្ងន់ ពី ១១ ទៅ ១៧គីឡូក្រាម ក្នុងពេលពពោះ ប្រសិនអ្នកមិនមានបញ្ហាលើសទម្ងន់ ហើយសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់ស្រាប់ ជាទូទៅអ្នកអាចឡើងទម្ងន់ត្រឹម ៧ ទៅ ១១គីឡូក្រាមប៉ុណ្ណោះ ពេលមានផ្ទៃពោះ។ ដូច្នេះ ការលើស ឬខ្វះ គឺវាប្រែប្រួលទៅនឹងទម្ងន់ធម្មតារបស់អ្នក ជាហេតុទាមទារឲ្យមានការយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងទម្ងន់ឲ្យមានស្ថេរភាព ដែលក្នុងនោះ ការហាត់ប្រាណ ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អ ក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយវារួមបញ្ចូលនូវប្រភេទកីឡាជាច្រើនដែលអ្នកអាចធ្វើការហាត់នៅក្នុងផ្ទះ ឬតាមក្លឹបហាត់ប្រាណនានា។ លំហាត់ប្រាណ សម្រាប់អ្នកមានផ្ទៃពោះ អ្នកឯកទេសផ្នែកសម្ភព តែងតែណែនាំឲ្យស្រ្តីមានផ្ទៃពោះ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ចន្លោះពី ១៥នាទី ទៅ ៣០នាទី រៀងរាល់ថ្ងៃ ឬ ៥ថ្ងៃក្នុងមួយអាទិត្យ ចំណែកជម្រើសលំហាត់ប្រាណដែលត្រូវបានណែនាំ មានដូចជា៖ • កីឡាហែលទឹក៖ ការហែលទឹក ជាជម្រើសដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ ពីព្រោះនៅក្នុងទឹក អាចជួយទប់ទម្ងន់របស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រាលខ្លួន ដែលនឹងធ្វើឲ្យដំណើរការនៃលំហាត់ប្រាណប្រព្រឹត្តទៅបានរលូន។​ លំហាត់ប្រាណនេះផងដែរក៏ជួយសម្រួលនូវអាការៈក្អួតចង្អោរ និងកាត់បន្ថយការហើមកជើង។   • លំហាត់ប្រាណបែបរាំ៖ អ្នកអាចចាក់ភ្លេងតិចៗដើម្បីធ្វើចលនាជាការរាំក្នុងផ្ទះ ឬចូលរួមថ្នាក់រាំជាមួយអ្នកម្តាយដទៃទៀត ដែលមិនត្រឹមតែជួយថែរក្សាទម្ងន់ វាក៏អាចធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរបានស្រួលផងដែរ។ • ធាក់កង់ក្នុងផ្ទះ៖ ប្រសិនបើមានកង់ចាស់ៗនៅផ្ទះ អ្នកគួរតែកែច្នៃវាឲ្យអស់ពីលទ្ធភាព ដែលជាឧបករណ៍សម្រាប់ហាត់ប្រាណស័ក្ដិសមបំផុត ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងការធ្វើលំហាត់ប្រាណ ដោយគ្រាន់តែធ្វើចលនាជើងធាក់  ហើយមិនចាំបាច់បារម្ភពីការមានគ្រោះថ្នាក់ ដូចទៅនឹងការជិះកង់ នៅខាងក្រៅតាមទីសារធារណៈនោះទេ។ • កីឡាយោគៈ៖ ក្រៅពីចលនាលំហាត់ប្រាណដែលនឹងអាចជួយអ្នកគ្រប់គ្រងការលើសទម្ងន់នោះ កីឡាយោគៈក៏អាចឲ្យអ្នកហ្វឹកហាត់ពីរបៀបដកដង្ហើម ដែលត្រូវការចាំបាច់ខ្លាំងបំផុតនៅពេលសម្រាលផងដែរ។ អត្ថប្រយោជន៍នៃលំហាត់ប្រាណលំហាត់ប្រាណ ជាចំណែកជួយពង្រឹងនូវកម្លាំងសាច់ដុំ ដើម្បីទ្រាំទ្រ ទៅនឹងទម្ងន់របស់កូន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង អាចជួយសម្រួលដល់អ្នក ក្នុងការបំពេញការងារប្រចាំថ្ងៃ នៅត្រីមាសទី ៣ នៃការមានផ្ទៃពោះ។ ការហាត់ប្រាណ ធ្វើឲ្យអ្នកមានភាពរហ័សរហួន ដែលអ្នកនឹងអាចមានភាពងាយស្រួលក្នុងការរក្សា និងគ្រប់គ្រងទម្ងន់របស់អ្នកឲ្យមានស្ថេរភាព ជាពិសេស វាក៏អាចជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមផងដែរ។ ត្រូវចាំថា អ្នកត្រូវជ្រើសរើសអ្វីដែលអ្នកចូលចិត្តធ្វើ នោះវានឹងជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់ការហាត់ប្រាណកំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតមើលពីសុខភាពខ្លួនឯង ក្នុងករណី ប្រទះនឹងបញ្ហាផ្សេងៗកំឡុងពេលហាត់ ឬក៏អាចសុំយោបល់ពីអ្នកជំនាញ ដើម្បីទទួលបានការហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មនុស្សមួយចំនួនធំមានបញ្ហាសុខភាពផ្លូវចិត្តក្រោយពីពិការភាព។  មានកត្តាជាច្រើនដែលបណ្តាលមានពិការភាពដោយការកាត់អវយវៈចេញពីរាងកាយដូចជា៖ គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ រលាកភ្លើង ឆក់ខ្សែភ្លើង ពស់ចិក ដំបៅដោយសារជំងឺទឹកនោមផ្អែម រលាកធ្ងន់ធ្ងរ ជម្ងឺមហារីក ជម្ងឺសរសៃឈាម និងកក្តាផ្សេងៗទៀត ជាទួទៅ អ្នកជម្ងឺពិបាកទទួលយកការពិតនៅពេលគ្រូពេទ្យវៈកាត់ប្រាប់ថា​ អវយវៈរបស់គាត់មិនអាចទុកទៀត ត្រូវកាត់ចេញបើមិនដូច្នេះទេវានិងអាចធ្វើអោយមេរោគរាលដាលដល់ផ្នែកដ៏ទៃកាន់តែធ្ងន់ទៅរឺក៏អាចធ្វើអោយបាត់បង់។​​ អ្នកជម្ងឺភាគច្រើនមានបញ្ហាសុខភាពផ្លូវចិត្តបារម្មណ៏អំពីក្រោយពីការកាត់អវយវៈហើយគាត់និងជួបបញ្ហាជាច្រើនទាក់ទងនិង ដូចជា មិនអាចធ្វើអ្វីកើត ខ្មាស់អ្នកដ៏ទៃ ក្លាចមិត្តភក្រ័ រឺ សង្គមមិនទទួលយក ក្លាចមិនមានការងារធ្វើ​​ និងបារម្មថាទៅណាមកណាមិនកើត។​ ប៉ុន្តែការបារម្ភមិនមែនជាកំហុសរបស់អ្នកជំងឺទេដោយសារគាត់មិនដែលបានឃើញពីមុខថាមានអ្នកដ៏ទៃត្រូវបានគេកាត់អវយវៈចេញទេ។​ ហើយក៏មិនដែលដឹងថាតើក្រោយពីការកាត់អវយវៈហើយតើជីវិតរបស់អ្នកទាំងនៅនឹងទៅជាយ៉ាងណា។​ តាមពិតក្រោយពេលវេជ្ជបណ្ឌិតបានវាយតំលៃតាមបច្ចេកទេសវេជ្ជសាស្រ្តរួចហើយមានករណីជាច្រើនការកាត់អវយវៈចេញគឺជារឿងជៀសវាងមិនរួច។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងផ្តល់ផលអវិជ្ជមានដល់អ្នកជំងឺទេផ្ទុយទៅវិញវាបានជួយសង្គ្រោះអ្នកជំងឺនិងផ្តល់ការសង្ឃឹមជាថ្មីដល់អ្នកជំងឺ។​ អវយវៈសិប្បនិម្មតមានតួរនាទីមួយចំនួនក្នុងការផ្តល់ក្តីសង្ឃឹមជាថ្មីដល់ជនពិការអ្នកពិការប្រហែល៩០%បន្ទាប់ពីគាត់ទទួលបានអវយវៈសិប្បនិម្មតនិងកម្មវិធីស្តារលទ្ធភាពពលកម្មរួចមក​គាត់អាចប្រកបមុខរបរ​ និងរស់នៅដូចកាលពីមិនទាន់ពិការដែរ។​​ រហូតដល់មានអ្នកពិការមួយចំនូនគាត់អាចមានលទ្ធភាពធ្វើការងារប្រសើរជាងកាលគាត់មិនទាន់ពិការទៀត។​ បើសិនជាលោក អ្នកជួបអ្នកជម្ងឺដែលពិបាកចិត្តក្នុងការសំរេចចិត្តទទួលយកការកាត់អវយវៈរឺក៏មិនទាន់មានអវយវៈសិប្បនិម្មិត សួមលោកអ្នកជួយផ្សព្វផ្សាយអត្ថបទនេះ។​ ហើយសូមអោយគាត់បានមើល វីដេអូក្លីបមួយចំនួន​ខាងក្រោមដែលទាក់ទងនឹងពិការភាព ដើម្បីផ្តល់ជាកម្លាំងទឹកចិត្តដល់គាត់។​ https://www.youtube.com/watch?v=HWwxjg3im-E https://www.youtube.com/watch?v=SScxAdM43nE https://www.youtube.com/watch?v=0bfAujmA2hQ&spfreload=1 https://www.youtube.com/watch?v=lSGBwUEcM6c នៅក្នុងប្រទេសកម្ពុជាមានមណ្ឌលស្តារលទ្ធភាពពលកម្មចំនួន១០កន្លែងផ្តល់អវយវៈសិប្បនិម្មិតនិងសេវាស្តារលទ្ធភាពពលកម្មជូនគាត់ដោយឥតគិតថ្លៃ មណ្ឌលស្តារលទ្ធភាពពលកម្មគៀនឃ្លាំង (ឆ្លងស្ពានជ្រោយចង្វា) មណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ (ផ្លូវឌួងងៀប ២) មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តតាកែវ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តកំពង់ស្ពឺ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រៃវែង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តក្រចេះ មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប មណ្ឌលស្តារលទ្ធភាពពលកម្ម​ខេត្តបាត់ដំបង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រះសីហនុ​ គ្លីនិកឯកជន (Exceed Prosthetics and Orthotics) , ក្រោយសាលា ណត ប្រឺដ (សំរាប់អតិថិជនមានលទ្ធភាពបង់សេវា) សំរាប់ព័ត៏មានពិគ្រោះបន្ថែមដោយឥតថ្លៃ សូមទាក់ទងទូរសព្ទ័ 086 30 75 75 ឬ 077 67 18 78 សរសេរអត្តបទដោយ ទៀប ឧត្តម ប្រធានសមាគមអ្នកបច្ចេកទេសអវយវៈសិប្បម្មិតនិងរណប​

Share

យោគៈ ហាក់ដូចជាទទួលបានប្រជាប្រិយភាពនៅទូទាំងពិភពលោក ពីព្រោះគេបានរកឃើញថា វាមានប្រយោជន៍យ៉ាងច្រើនលើសលុបចំពោះសុខភាពទូទៅ។ សម្រាប់ប្រទេសកម្ពុជាយើង យោគៈក៏បានក្លាយជាការហាត់ប្រាណដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋមួយចំនួនផងដែរ ជាពិសេស សម្រាប់អ្នកមានបញ្ហាស្រ្តេស និងអ្នកធាត់លើសទម្ងន់។   ប៉ុន្តែ​ តើអ្នកដឹងទេថា ការសិក្សាមួយចំនួនថ្មីៗនេះ បានរកឃើញថាសម្រាប់មនុស្សមួយចំនួន យោគៈមិនមានសុវត្ថិភាពក្នុងការហាត់នោះទេ។ ការសិក្សាដោយសាកលវិទ្យាល័យ Sydney និងសាកលវិទ្យាល័យ Mercy នៅទីក្រុងញូយ៉ក បានបង្ហាញថា «អ្នកហាត់យោគៈ ១០% បានទទួលរងការឈឺចុកចាប់សាច់ដុំ ខណៈពេលដែល ២១ % បានទទួលរងគ្រោះថ្នាក់នានាផ្សេងៗទៀត»។   សាស្រ្តាចារ្យរង Evangelos Pappas មកពីសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានស៊ីនហួររបស់ប្រទេសចិនថា ការសិក្សារបស់គាត់ បានរកឃើញគ្រោះថ្នាក់ និងបញ្ហាមួយចំនួន ដែលបណ្តាលមកពីការហាត់ក្បាច់យូហ្កា។ គាត់បាននិយាយថា ៖ «យើងចង់បង្ហាញថា យោគៈអាចធ្វើឲ្យអ្នកហាត់ ឈឺចុកចាប់សាច់ដុំ ហើយប្រឈមទៅនឹងបញ្ហានានាមួយចំនួនទៀត»។   ការសិក្សាហាក់ដូចជា សារក្រើនរំលឹក ដល់អ្នកស្រឡាញ់ការហាត់យោគៈទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះក្បាច់ហាត់ប្រាណមួយនេះ។ យោគៈ ជាក្បាច់ហាត់ប្រាណមួយ ដែលទាមទារចលនា និងកាយវិការជាច្រើន ហើយកាយវិការទាំងនោះមួយចំនួនមិនស័ក្តសមនឹងមនុស្សទាំងអស់គ្នានោះឡើយ។ ដូច្នេះ សូមអ្នកស្រឡាញ់ការហាត់យោគៈទាំងអស់មេត្តាប្រុងប្រយ័ត្ន និងស្វែងយល់ពីការហាត់នេះឲ្យបានច្បាស់ ដើម្បីឲ្យដឹងថាវាស័ក្តសមនឹងសុខភាព ឬលក្ខខណ្ឌរាងកាយរបស់អ្នកដែរឬទេ។ ជាមួយគ្នានេះផងដែរ អ្នកគួរតែស្វែងរកគ្រូបង្វឹក ឬអ្នកណែនាំឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ និងផលវិបាកនានា៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការទទួលទានដំណេក គឺជារឿងសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់មនុស្សយើង ហើយវាដូចជាម៉ាស៊ីនដែលត្រូវការបិទ ដើម្បីអាចមានដំណើរការល្អ និងបានយូរអង្វែងអញ្ចឹងដែរ។ យើងត្រូវការគេង ដើម្បីជួយឲ្យរាងកាយបានសម្រាក និងចាប់ផ្តើមថ្ងៃថ្មីឡើងវិញ ដោយភាពស្រស់ស្រាយ និងរហ័សរហួន។   គ្រូពេទ្យតែងតែនិយាយអប់រំ និងណែនាំឲ្យអ្នកជំងឺរបស់ខ្លួន ធ្វើការសម្រាក និងគេងឲ្យបានគ្រប់គ្រាន់ ប៉ុន្តែក្នុងករណីភាគច្រើនបំផុត គឺគ្រូពេទ្យនេះហើយ ដែលជាអ្នកគេងមិនបានគ្រប់គ្រាន់។ បើអញ្ចឹង តើអ្នកដឹងទេថា តើមានរឿងអ្វីកើតឡើង ប្រសិនបើគ្រូពេទ្យមានបញ្ហាគេងមិនបានគ្រប់គ្រាន់នេះ​ ក្នុងរយៈពេលយូរអង្វែង? គ្រូពេទ្យគេងមិនសូវលក់ មិនបានគ្រប់គ្រាន់ ឬចេះតែងងុយគេងនៅពេលថ្ងៃ អាចបង្កផលវិបាក ក៏ដូចជាគ្រោះថ្នាក់ច្រើនណាស់។   កង្វះការគេងអាចធ្វើឲ្យខួរក្បាល និងការគិតរបស់គ្រូពេទ្យត្រូវបានចុះខ្សោយជាលំដាប់ ដែលជាហេតុធ្វើឲ្យពួកគេ ពេលខ្លះ សម្រេចចិត្ត ឬចេញវេជ្ជបញ្ជាខុសឆ្គង។ ហើយថ្មីៗនេះដែរ គ្រូពេទ្យពីរនាក់បានដួលសន្លប់ បន្ទាប់ពីធ្វើការវះកាត់អ្នកជំងឺអស់រយៈពេល ៣២ ម៉ោងរួចមក។ ដូច្នេះ ការគេងពិតជាសំខាន់ណាស់ សម្រាប់គ្រូពេទ្យ។   ខាងក្រោមនេះ គឺជាផលវិបាក និងគ្រោះថ្នាក់ ប្រសិនបើគ្រូពេទ្យគេងមិនបានគ្រប់គ្រាន់ ៖ · អស់កម្លាំង ហើយអាចប៉ះពាល់ដល់បញ្ហាផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស គឺស្រ្តេសតែម្តង។ · ខ្សោយការគិត និងមានការភាន់ច្រឡំម្តងម្កាល ដែលជាហេតុនាំឲ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកជំងឺរបស់ពួកគេ។ · ការចងចាំធ្លាក់ចុះ ហើយភ្លេចភ្លាំងច្រើន (ដូច្នេះ គ្រូពេទ្យគួរតែគេងឲ្យបានគ្រប់ ដើម្បីពង្រឹងការចងចាំ និងសមត្ថភាពខួរក្បាលឡើងវិញ)។ · ប្រឈមនឹងគ្រោះថ្នាក់នានា ខណៈពេលធ្វើដំណើរ ឬបើកបរនៅតាមផ្លូវ។ · ប្រព័ន្ធការពាររាងកាយ និងសុខភាពទាំងមូលចុះខ្សោយជាលំដាប់។ · ប្រឈមនឹងជំងឺនានា ជាពិសេស ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កាហ្វេ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដាស់ស្មារតី ហើយមនុស្សមួយចំនួនតែងតែទទួលទានវាជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ កាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា វាអាចប៉ះពាល់ដល់សុខភាពទារក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។   អ្នកអាចញ៉ាំទឹកដោះគោ ទឹកដូង ទឹកផ្លែឈើស្រស់ជំនួសវិញ ប៉ុន្តែ​ក៏មិនត្រូវច្រើន ឬញឹកញាប់ពេកដែរ ពីព្រោះវាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹង ជំងឺទឹកនោមផ្អែមផងដែរ។   យ៉ាងណាមិញ នៅក្នុងកាហ្វេ ឬតែមួយចំនួន គេបានដកយកជាតិកាហ្វេអ៊ីនចេញហើយ ដូច្នេះ អ្នកអាចញ៉ាំវាបាន ប៉ុន្តែត្រូវប្រាកដថា អ្នកបានឆែកមើលវាបានត្រឹមត្រូវច្បាស់លាស់ហើយ។   ខាងក្រោមនេះ គឺជាបរិមាណសារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងអាហារមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ គួរតែចៀសវាង ៖   1.   កាហ្វេឆុងធម្មតា មានជាតិកាហ្វេអ៊ីនប្រហែលជា ២០០ មីល្លីក្រាម 2.   អ៊ីប្រេសសូ (Espresso) មានជាតិកាហ្វេអ៊ីនប្រហែលជា  ៩០ មីល្លីក្រាម 3.   កាហ្វេឆុងភ្លាមៗ មានជាតិកាហ្វេអ៊ីនប្រហែលជា ១៧៣ មីល្លីក្រាម 4.   កាហ្វេគ្មានជាតិកាហ្វេអ៊ីន មានជាតិកាហ្វេអ៊ីនប្រហែលជា ១២ មីល្លីក្រាម 5.   តែឆុង មានជាតិកាហ្វេអ៊ីនប្រហែលជា ៧៥ មីល្លីក្រាម 6.   តែទឹកកក មានជាតិកាហ្វេអ៊ីនប្រហែលជា ៤០ មីល្លីក្រាម 7.   តែកញ្ចប់ មានជាតិកាហ្វេអ៊ីនប្រមាណ ៣០ មីល្លីក្រាម 8.   កូកាកូឡា មានជាតិកាហ្វេអ៊ីនប្រហែល ៥៦ មីល្លីក្រាម 9. Diet Cola មានជាតិកាហ្វេអ៊ីនប្រហែលជា ៦៤ មីល្លីក្រាម 10. សូកូឡា មានជាតិកាហ្វេអ៊ីនប្រហែលជា ៥០ មីល្លីក្រាម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top