- Jun 17, 2017 |
- 8 years ago |
- 4.3K views
ចង់ចំណេញពេល និងថវិកាមុនទៅជួបពេទ្យពិនិត្យជំងឺម្តងៗ អ្នកគួរតែ …
មនុស្សគ្រប់គ្នាចៀសមិនផុតពីការឈឺថ្កាត់ ហើយត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញនោះទេ។ ហេតុនេះ ដើម្បីធ្វើជាអ្នកជំងឺឆ្លាតម្នាក់ និងដើម្បីសន្សំថវិកា ព្រមទាំងពេលវេលាតើអ្នកគួរធ្វើដូចម្តេចខ្លះ មុនពេលទៅជួបគ្រូពេទ្យ? ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការរៀបចំខ្លួនទុក មុននឹងទៅមន្ទីរពេទ្យ៖ ១. ឯកសារសុខភាព ឬកាតពេទ្យ ប្រសិនបើអ្នកធ្លាប់មកកាន់មន្ទីរពេទ្យនេះពីមុន អ្នកគួរតែយកអត្តលេខ ឬឯកសារផ្សេងៗមកជាមួយ ដើម្បីងាយស្រួលនិងឆាប់រហ័សរកឃើញឯកសារ ពាក់ព័ន្ធរបស់អ្នក ឬអាចទទួលបានការបញ្ចុះតម្លៃផ្សេងៗផងដែរ ទៅតាមឱកាសនានា សេវាកម្ម ឬមន្ទីរពេទ្យ។ ២. ឯកសារវេជ្ជសាស្រ្ត ការថត ឬការពិនិត្យនានា ប្រសិនបើអ្នកទើបតែធ្វើការពិនិត្យឈាម ថតអេកូ ឬធ្វើតេស្តផ្សេងៗទៀត អ្នកគួរតែយកវាមកជាមួយ ដើម្បីងាយស្រួលឲ្យគ្រូពេទ្យណែនាំ និងពិនិត្យ មើលភាពខុសគ្នា ឬអាចទាញទៅរកការធ្វើរោគវិនិច្ឆ័យបន្ទាប់កាន់តែជាក់លាក់ ដែលអាចកាត់បន្ថយការចំណាយពេលវេលា ព្រមទាំងថវិកាបាន។ ៣. ថ្នាំពេទ្យ មិនថាថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា ឬអាហារបំប៉នអ្វីនោះទេ គឺអ្នកគួរតែនាំយមកជាមួយ ដើម្បីឲ្យគ្រូពេទ្យរបស់អ្នកពិនិត្យមើលថាតើអ្នកអាចបន្ត ការញ៉ាំទៀត ឬយ៉ាងណា ចៀសវាងប្រើប្រាស់បន្តដោយខ្លួនឯង ឬបញ្ឈប់ដោយខ្លួនឯង ដែលអាចឲ្យជួបបញ្ហានៅពេលក្រោយ។ ៤. ការព្យាបាលនានាដែលអ្នកកំពុងធ្វើ ឬបានធ្វើពីមុន តើអ្នកមានចាក់ម្ជុលវិទ្យាសាស្រ្ត ព្យាបាលដោយចលនា ឬការព្យាបាលអ្វីផ្សេងទៀតដែរឬទេ? តើអ្នកមានប្រើថ្នាំជំនួយ ឬអាហារបំប៉នណាមួយដែរឬទេ? អ្នកត្រូវជម្រាបគ្រូពេទ្យនូវព័ត៌មានទាំងនេះផងដែរ ចៀសវាងការទទួលយកការព្យាបាលដោយវិធីសាស្ត្រ ឬថ្នាំណាមួយដែលអ្នកមានហើយឬកំពុងទទួល ការព្យាបាលហើយ។ ៥. តារាងរោគសញ្ញា និងបញ្ហារបស់អ្នក ដើម្បីកុំឲ្យភ្លេច ចូរកត់ត្រាទុកនូវរោគសញ្ញា និងអាការៈមិនស្រួលណាមួយ ដែលអ្នកបានជួបប្រទះពីមុន និងឥឡូវនេះ ចៀសជាងចំណាយពេលរកនឹក នៅពេលបានជួបគ្រូពេទ្យ។ ៦. កម្រងសំណួរសួរគ្រូពេទ្យ ដូចគ្នានឹងចំណុចខាងលើ អ្នកអាចនឹងភ្លេច ឬត្រូវរកនឹកសំណួរផ្សេងៗពេលជួបគ្រូពេទ្យ ដូច្នេះ ដើម្បីចំណេញពេលវេលា និងថវិកា អ្នកគួរតែត្រៀមសំណួរ និងចម្ងល់នានា ដែលអ្នកចង់ដឹង ដើម្បីប្រាកដថាអ្នកទទួលបានព័ត៌មានគ្រប់គ្រាន់ និងចៀសវាង ឬកាត់បន្ថយការមានបញ្ហានៅលើកក្រោយ។ ៧. ប៊ិច និងសៀវភៅ វាហាក់បីដូចជាចម្លែក ប៉ុន្តែ អ្នកមិនអាចចងចាំការណែនាំរបស់គ្រូពេទ្យបានទាំងស្រុងនោះទេ ដូចនេះការកត់ត្រាចំណុចសំខាន់នានា ពិតជាអ្វីដែល អ្នកមិនគួរមើលរំលងឡើយ មិនដូច្នោះទេ អ្នកអាចនឹងត្រូវចំណាយពេល និងថវិកាមកជួបគ្រូពេទ្យម្តងទៀតក្នុងករណីដែលអ្នកភ្លេចត្រង់ចំណុចណាមួយ។ ៨. សមាជិកគ្រួសារ ឬមិត្តភក្តិ ការមានមនុស្សទៅជាមួយ អាចជួយអ្នកបានច្រើនពេលពិនិត្យសុខភាព ដោយពួកគេអាចជួយសម្របសម្រួលការរត់ឯកសារនានា និងការងារផ្សេងទៀត ដើម្បីឲ្យអ្នកអាចចំណេញពេលវេលាបានច្រើន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share
