Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការសិក្សាថ្មីមួយបានណែនាំថា ការទំពាស្ករកៅស៊ូឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗ ៣០ នាទី អាចជួយឲ្យក្រពះពោះវៀនរបស់ស្រ្តីឆាប់ត្រឡប់មក ធម្មតាវិញ ក្រោយពេលសម្រាលកូនដោយវះកាត់រួច។   ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ អាចនឹងជួបប្រទះបញ្ហាស្ទះពោះវៀន បន្ទាប់ពីសម្រាលកូនដោយការវះកាត់ នេះបើយោងតាមការវិភាគមួយនៅក្នុង ព្រឹត្តប័ត្រសុខភាព Maternal-Fetal & Neonatal Medicine ។   លោកវេជ្ជបណ្ឌិត Vincenzo Berghella មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Philadelphia បានមានប្រសាសន៍ថា ការស្ទះពោះវៀន មានន័យថា ចលនាក្រពះពោះវៀនមានការស្ពឹកស្រពន់ ឬត្រូវការពេលវេលាយូរដើម្បីរំកិល ឬរុញច្រានអាហារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយក្នុងករណីខ្លះ គឺលែងកម្រើកតែម្តង។ ចលនាក្រពះពោះវៀនយឺតបែបនេះ អាចបង្កជាផលវិបាកមួយចំនួនដូចជា ចង្អោរ ឈឺពោះ និងហើមពោះជាដើម។   ជាធម្មតា បញ្ហាស្ទះក្រពោះវៀនក្រោយពេលសម្រាលកូនរួច នឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលបីបួនថ្ងៃ ប៉ុន្តែស្រ្តីភាគច្រើនចង់ឲ្យវាបាត់លឿន ជាងនេះ ពីព្រោះ វាពិតជាមិនមានផាសុកភាពនោះឡើយ។   ក្រុមគ្រូពេទ្យក៏បានណែនាំវិធីសាស្រ្តមួយចំនួនផងដែរ ដើម្បីជួយក្រពះពោះវៀនរបស់ស្ត្រីមានដំណើរការធម្មតាវិញ ដោយឲ្យស្រ្តីងើបឡើង ដើរតិចៗ និងញ៉ាំអាហារជាដើម។ ប៉ុន្តែ ដោយសារតែការស្ទះពោះវៀននេះ វាក៏បានធ្វើឲ្យស្រ្តីមិនឃ្លាន ហើយចេះតែមានអារម្មណ៍ថាចង់ក្អួត ទើបការទំពាស្ករកៅស៊ូ ត្រូវបានណែនាំ។ ការទំពាស្ករកៅស៊ូ អាចជួយបំភាន់រាងកាយរបស់យើង ឲ្យគិតថារាងកាយកំពុងតែញ៉ាំអាហារ ហើយចរន្តទឹកមាត់ហូរអាចជួយបញ្ជូន សញ្ញាទៅកាន់ពោះវៀនឲ្យចាប់ផ្តើមធ្វើចលនាសារជាថ្មី។   ការដើរខ្យល់ (ផោម) គឺជាសញ្ញាដំបូងគេដែលអាចបញ្ជាក់ថា ពោះវៀនរបស់អ្នកអាចបំពេញតួនាទី បានតាមធម្មតាវិញហើយ។ វាក៏ជាសញ្ញាបញ្ជាក់ថា គ្មានការរាំងស្ទះណាមួយនៅក្នុងពោះវៀនទៀតទេ។   ការសិក្សាបានបង្ហាញថា អ្នកគួរតែទំពាស្ករកៅស៊ូ បន្ទាប់ពីសម្រាលកូនបានពីរម៉ោង ហើយបន្តទៀត ឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗឲ្យបាន ១៥ ទៅ ៣០ នាទី៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មនុស្សគ្រប់គ្នាគួរតែមានចំណេះដឹងតិចតួច ជុំវិញការថែរក្សាសុខភាព ដើម្បីងាយស្រួលដោះស្រាយស្ថានភាពមួយចំនួន បានដោយខ្លួនឯង និងមានប្រសិទ្ធភាពខ្ពស់។ ការឈឺខ្នង ឬឈឺចង្កេះ ថ្វីបើក្នុងករណីមួយចំនួន វាស្ថិតក្នុងកម្រិតស្រាល ហើយបាត់ទៅវិញ ក្រោយពេលញ៉ាំថ្នាំ ប៉ុន្តែប្រសិនបើអ្នកធ្វេសប្រហែស មិនរកដំណោះស្រាយសមស្របទេ វាអាចនឹងក្លាយទៅជារ៉ាំរ៉ៃ ព្រមទាំងរំខានដល់គុណភាពនៃជីវិតរបស់លោកអ្នកទៀតផង។ ការឈឺចង្កេះ ពិតជាស្ថានភាពរំខានមួយ ដែលមនុស្សគ្រប់គ្នាខ្លាចរអា។ ការឈឺចង្កេះរ៉ាំរ៉ៃ អាចបង្កផលវិបាកជាច្រើនដល់អ្នកជំងឺ សូម្បីតែការដើរ គេង និងអង្គុយ ក៏មិនស្រណុកប៉ុន្មានដែរ។ អ្នកជំងឺមួយចំនួនតែងតែប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែ វាមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពនោះឡើយ។ដូច្នេះ ដើម្បីកាត់បន្ថយការឈឺចុកចាប់ចង្កេះ តាមវិធីធម្មជាតិ និងមិនមានផលប៉ះពាល់ច្រើនសូមបងប្អូនអនុវត្តតាមការណែនាំខាងក្រោមនេះ ៖ ១. ពេលគេង សូមបងប្អូនដាក់ខ្នើយមួយកល់ក្រោមជង្គង់ ដើម្បីលើកជើងឲ្យខ្ពស់បន្តិច ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ និងសម្ពាធទៅកាន់ខ្នង។ ២. ហាត់ប្រាណពង្រឹងសាច់ដុំតំបន់ចង្កេះ និងពោះ (ធ្វើតាមការណែនាំច្បាស់លាស់) ឲ្យបានយ៉ាងតិច ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ។ ៣. ថែក្សាទម្ងន់ឲ្យបានល្អ មានន័យថា កុំឲ្យលើសគីឡូខ្លាំងពេក ពីព្រោះ វាអាចនឹងដាក់បន្ទុកបន្ថែមទៅលើចង្កេះរបស់អ្នក។ ៤. ពិនិត្យមើលកាយវិការ ដំណើរ និងសកម្មភាពទូទៅរបស់អ្នក ជាពិសេស ពេលក្រោកឈរ លើករបស់របរ និងការប្រើកម្លាំងខ្លាំងៗជាដើម។ ៥. ញ៉ាំអាហារសំបូរកាល់ស្យូមដូចជាទឹកដោះគោ ត្រី ស៊ុត បន្លែ។ល។ ដើម្បីជួយពង្រឹងដល់ឆ្អឹងខ្នង ដូច្នេះ វាអាចកាត់បន្ថយការឈឺចាប់ បានមួយកម្រិតផងដែរ។ ៦. ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ មានផាសុកភាព និងងាយស្រួលដើរ។ ស្បែកជើងកែងចោទ ស្បែកជើងរឹងខ្លាំង ឬពិបាកពាក់ដើរ ក៏អាចធ្វើឲ្យអ្នកឈឺចង្កេះផងដែរ។ ៧. បញ្ឈប់ការជក់បារី ពីព្រោះ ការសិក្សាមួយចំនួនបានរកឃើញថា ការជក់បារី បានបន្ថែមការរលាក និងធ្វើឲ្យអាការៈរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អំឡុងពេលបំបៅដោះកូន តើអ្នកអាចមានផ្ទៃពោះ សារជាថ្មីម្តងទៀតបានទេ? ចុះប្រសិនបើអ្នក មិនទាន់មានរដូវលើកដំបូង រាប់ចាប់តាំងពីសម្រាលកូនរួច? ចម្លើយ គឺអាច! អាច! អាច! ផ្ទុយស្រឡះនឹងការគិតរបស់មនុស្សជំនាន់ដើម ការបំបៅដោះកូន មិនមែនជាវិធីពន្យារកំណើតនោះឡើយ ហើយអ្នកអាចមានកូនសារជាថ្មីម្តងទៀត ទោះបីជាអ្នកមិនទាន់មករដូវក៏ដោយ។ ហេតុដូច្នេះ ប្រសិនបើអ្នកមិនទាន់ចង់បានកូនភ្លាមៗទៀត សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក មុនពេលដែលអ្នកធ្វើការរួមភេទ ដើម្បីស្វែងរកវិធីសាស្រ្តណាមួយ ដែលស័ក្តសមនឹងអ្នក ក្នុងការពន្យារកំណើត។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពទូទៅ ព្រមទាំងសាកសួរសំណួរខ្លះៗ មុននឹងផ្តល់ការណែនាំដែលល្អបំផុត សម្រាប់លក្ខខណ្ឌ និងស្ថានភាពរបស់អ្នក។ ជម្រើសក្នុងការពន្យារកំណើត ដែលអ្នកអាចជ្រើសរើសមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ ការដាក់កងដើមដៃ និងការដាក់កងក្នុងស្បូនជាដើម។ប្រសិនបើអ្នកធ្លាប់ប្រើថ្នាំគ្រាប់ពន្យារកំណើត ហើយឥឡូវនេះ អ្នកកំពុងបំបៅដោះកូន គ្រូពេទ្យប្រហែលជាមិនណែនាំឲ្យអ្នកប្រើវាបន្តទៀតនោះទេ ពីព្រោះ ក្នុងករណីមួយចំនួន វាអាចប៉ះពាល់ដល់កូនរបស់អ្នក៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺបេះដូង និងការស្លាប់ដែលបណ្ដាលមកពីការគាំងបេះដូងបានស្ថិតនៅលំដាប់ថ្នាក់លេខមួយនៅទូទាំងពិភពលោក។ វា គឺជាមូលហេតុដ៏ចម្បងមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់អាយុជីវិត។ ស្ថានភាពជីវិតដែលមមាញឹក និងមានបញ្ហាទុក្ខព្រួយច្រើន បូកផ្សំជាមួយនឹងអាហារកែច្នៃទាំងអស់ដែលយើងបរិភោគជារៀងរាល់នេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យយើងមានជំងឺបេះដូង។ ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ និងការរួមបញ្ចូលទាំងរបបអាហារដ៏ត្រឹមត្រូវមួយ អាចជួយថែរក្សានូវសុខភាពបេះដូងរបស់អ្នក។ ប៉ុន្ដែវានឹងរឹតតែប្រសើរ ប្រសិនបើអ្នកដឹងពីរោគសញ្ញាដែលរាងកាយរបស់អ្នកបានប្រាប់ទៅអ្នក។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង៦នៃជំងឺគាំងបេះដូង។ 1. ចុកទ្រូង រោគសញ្ញាមួយនេះ ត្រូវបានមនុស្សទូទៅជាច្រើនមិនបានយកចិត្តទុកដាក់នឹងវា ហើយគិតថាវាគ្មានអ្វីពិសេសទេ។នេះ គឺជារោគសញ្ញាដ៏ច្បាស់មួយដែលប្រាប់អ្នកថាបេះដូងរបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយ ហើយការគាំងបេះដូងអាចនឹងកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ បើអ្នកជួបអាការៈបែបនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ 2. ពិបាកដកដង្ហើម សួត និងបេះដូង គឺជាប្រព័ន្ធពីរដែលមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតរមួត។ ប្រសិនបើក្នុងករណីខ្វះអុកស៊ីសែននៅក្នុងសួត នោះមានន័យថា បេះដូងរបស់អ្នកនឹងមិនបានទទួលឈាមដែលវាត្រូវការឡើយ។ ប្រសិនបើអ្នកមានបញ្ហាអំឡុងពេលដកដង្ហើម អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់អ្នកអាចប្រឈមនឹងជំងឺគាំងបេះដូង។ 3. រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ មានភស្ដុតាងជាច្រើនដែលបានបង្ហាញថាមានមនុស្សជាច្រើនមានជំងឺគ្រុនផ្ដាសាយមុនពេលជំងឺគាំងបេះដូងបានកើតឡើង។ ប្រសិនបើអ្នកមានបញ្ហាជំងឺបេះដូងហើយអ្នកតែងតែមានជំងឺផ្ដាសាយនោះ អ្នកមិនត្រូវបង្អង់ឡើយអ្នកត្រូវឆាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។ 4. បែកញើសត្រជាក់ខ្លួន និងវិលមុខ រោគសញ្ញានេះអាចបង្ហាញបានថា អ្នកមានចរន្តឈាមរត់មិនបានល្អ ហើយវាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូង។ 5. អស់កម្លាំង ប្រសិនបើអ្នកមានអារម្មណ៍ថាចេះតែហត់អស់កម្លាំង បើទោះបីជាបន្ទាប់ពីអ្នកបានសម្រាក ឬគេងយ៉ាងណាក្ដី នេះមានន័យថា ចរន្តឈាមទៅកាន់បេះដូងរបស់អ្នកមិនមានដំណើរការល្អទេ។ 6. ទន់ខ្សោយ នៅពេលដែលសរសៃឈាមអាក់ទែរបស់អ្នកក្លាយជារួមតូចនោះ ពួកវាមិនបានអនុញ្ញាតឲ្យឈាមធ្វើការចែកចាយបានល្អទេ នេះមានន័យថាសាច់ដុំរបស់អ្នកមិនបានទទួលនូវអ្វីដែលពួកគេត្រូវការ ហើយវាអាចធ្វើឲ្យសុខភាពអ្នកមានការធ្លាក់ចុះ។ ដូច្នេះ ចូរអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពរបស់អ្នក ប្រសិនបើអ្នកធ្លាប់ជួបនូវបទពិសោធន៍មានអាការៈខ្សោយដូចនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សា និងស្គាល់អំពីរោគសញ្ញាទាំងអស់នេះ។ ប្រសិនបើអ្នកមានបញ្ហាបេះដូង ឬមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ អ្នកគួរតែស្វែងយល់បន្ថែមអំពីសុខភាពរបស់អ្នក និងទៅពិគ្រោះអំពីអាការៈរបស់អ្នកជាមួយគ្រូពេទ្យជំនាញបើមានអ្វីមួយមិនប្រក្រតី។ វា គឺល្អបំផុតក្នុងការបញ្ឈប់នូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រុងប្រយ័ត្ន៖ បុរសវ័យ៤០ឆ្នាំម្នាក់បានប្រើទូរស័ព្ទដៃរបស់គាត់ជារៀងរាល់យប់ ធ្វើឲ្យគាត់មានជំងឺមហារីកភ្នែក។   ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ​ ក៏អាចកើតជំងឺនេះដែរ។   យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យបាត់បង់នូវកោសិការ៉េទីន (Retinal cells) ដែលវាអាចមានផលប៉ះពាល់ដល់ចក្ខុវិញ្ញាណរបស់យើង»។   លើសពីនេះទៅទៀត អ្នកជំនាញបាននិយាយថា ពន្លឺដែលចាំងចេញពីឧបករណ៍អេឡិចត្រូនិចទាំងអស់ រួមបញ្ចូលទាំងស្មាតហ្វូនដែរ សុទ្ធតែអាចប៉ះពាល់ ដល់ការមើលឃើញ និងបង្កើននូវការស្លាប់របស់កោសិការ៉េទីន។   មុនពេលចូលគេងជារៀងរាល់យប់ បុរសម្នាក់នេះបានប្រើប្រាស់ទូរស័ព្ទរបស់គាត់យ៉ាងតិច៣០នាទី ហើយនៅទីបំផុត វាធ្វើឲ្យខូចខាតនូវការមើលឃើញរបស់គាត់ និងមិនអាចព្យាបាលបាន។ ដូចនេះ វាគឺជាការក្រើនរំឭកសម្រាប់យើងគ្រប់គ្នា ឲ្យបញ្ឈប់នូវទម្លាប់ទាំងនោះ ដើម្បីចៀសវាងបញ្ហានេះ និងអ្វីដែលសំខាន់ គឺការពារភ្នែករបស់យើង។   បុរសរូបនេះបានទៅពិគ្រោះជាមួយគ្រូពេទ្យ ក្រោយពេលដែលគាត់មានបញ្ហាមើលមិនឃើញ។ ភ្នែករបស់គាត់បានប្រែជាក្រហម ក៏ព្រោះតែការរងរបួសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ស្មាតហ្វូនរបស់គាត់ នៅទីងងឹតរយៈពេល៣០នាទី ឬលើសពីនេះជារៀងរាល់យប់។ វាធ្វើឲ្យភ្នែករបស់គាត់មានការខូចខាត ហើយបាត់បង់គំហើញ និងចេញជារោគសញ្ញាមហារីកភ្នែក។   គ្រូពេទ្យពុំមានមធ្យោបាយក្នុងការព្យាបាលទេ ព្រោះថាការផ្លាស់ប្ដូរស្រទាប់រ៉េទីន គឺមានភាពលំបាកខ្លាំង ហើយក៏អាចបាត់បង់ជីវិតដែរ។ ដូចនេះ យើងត្រូវប្រាកដថា ត្រូវតែកែប្រែទម្លាប់ប្រើទូរស័ព្ទដៃនៅទីងងឹតមុនពេលចូលគេង ដើម្បីចៀសវាងបញ្ហាដូចបុរសម្នាក់នេះ ហើយការពារភ្នែករបស់អ្នក​ ពីជំងឺដ៏កាចសាហាវខាងលើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

អ្នក​យល់​ថា​កម្ពស់​របស់​អ្នក ទាប​ជាងគេ​ក្នុង​ចំណោម​មិត្ត​ភ​ក្តិទាំងអស់​គ្នា ឬក៏​នៅ​ក្នុង​គ្រួសារ​របស់​អ្នក នោះអ្នក​ត្រូវ​ដឹង​ថា មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ជួយ​ពន្លូត​កម្ពស់តាម​បែប​ធម្មជាតិ។ កម្ពស់​របស់​មនុស្ស​មាន​ទំនាក់ទំនង យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹងសកម្មភាព​រស់នៅ ទម្លាប់ និង​តំណពូជដែល​មាន​ឥទ្ធិពល​ដល់​បញ្ហា​លូតលាស់​នៃ​រា​ង​កាយ​។ បើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង«​វ័យ​លូតលាស់​» ហើយ​ចង់បាន​កម្ពស់​ធំ​ខ្ពស់​នោះ អត្ថបទ​នេះ​ប្រហែលជា​អាច​ជួយ​អ្នកឲ្យ​បន្ថែម «​ធ្មេញឈើ​» បាន​វែង​ជាង​មុន ៖ ការលូត​កម្ពស់​តាម​ធម្មជាតិ អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​នោះទេ ក៏ប៉ុន្តែ​សូម​ជម្រាបការពិតទៅ​ចុះថាវា​គឺ​ងាយស្រួល​នោះទេ​ដើម្បីឲ្យ​លូត​កម្ពស់ខ្ពស់ជាងកម្ពស់​បច្ចុប្បន្ន​របស់​អ្នក​​ សូម្បី​តែអ្នក​ឆ្លង​ផុត​ហួស​អាយុ​ត្រូវ​លូតកម្ពស់​របស់​អ្នក ឬ​ផុត​អំឡុងពេល​នៃ​ភាព​យុវវ័យ​ក៏ដោយ។​​ តើ​អ្នក​បាន​ជ្រាប​ទេ​ថា អ្នក​អាច​លូត​កម្ពស់​ដោយ​កើតចេញពី​រឿង​សាមញ្ញៗ នៅក្នុង​អ្វីដែល​អ្នកទទួល​ទាន ឬ អ្វីដែល​ប្រាប់​អ្នក​ឲ្យ​ផ្លាស់ប្តូរ​នូវ​ការអនុវត្ត​ការទទួល​ទាន​ចំណី​​អាហារ​ទាំងស្រុង​របស់​អ្នក ? មាន​របប​អាហារ​ត្រឹមត្រូវ  មនុស្ស​ទូទៅ​តែងតែ​គិត​ថា​ការ​បរិភោគ​អាហារ​ច្រើន​ហួស​កម្រិត នឹង​ធ្វើ​ឲ្យ​ខ្លួនរបស់​ពួក​គេ​ធាត់ និង​មើលទៅ​មាន​កម្ពស់ទាប​។ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវនិង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​អារ​ម្ម​ណ៍ស្រស់ថ្លា​។ បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីនឲ្យ​បាន​គ្រប់គ្រាន់  សារធាតុ​ទាំងនោះ​មាននៅ​ក្នុង​សាច់សត្វ ត្រី សណ្តែក និង​ទឹកដោះគោ ដែលអាច​ជួយ​ឲ្យ​សាច់ដុំ​មានការ​លូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់​បន្ថយ​នៅ​អាហារ​ដែល​មានសារធាតុ កាបូហាយដ្រាត (carbohydrates) ដែល​មាននៅ​ក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។ បរិភោគ​អាហារដែល​មាន​ជាតិ​កាល់ស្យូមឲ្យ​បាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មាន​នៅ​ក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុង​ការ​លូតលាស់​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​ស័ង្កសី ឲ្យ​បាន​គ្រប់គ្រាន់  អាហារទាំងនោះមាន​ដូច​ជា នៅ​ក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។ បរិភោគ​អាហារ ដែល​មាន​ជាតិ​វីតាមីនឌី (Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំរបស់​ក្មេង​ៗ មានការ​លូតលាស់បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាននៅ​ក្នុង​សាច់​ត្រី បន្លែ ឬ​ក៏​នៅ​ក្នុង​ផ្សិត​។ ការ​ហាត់ប្រាណ  ទាក់​ទិន​នឹង​លំ​ហាត់ប្រាណ​វិញ អ្នក​ចាំបាច់​ត្រូវ​បន្ទន់​ជង្គង់​បូករួម​ទាំង​ដៃ​របស់​អ្នក​ត្រូវដាក់​ឲ្យ​ដល់​ដី ។ ហើយ​ត្រូវ​កន្ធែកជើង​ទាំងសងខាង​ដោយ​ត្រូវ​លាត​ស្មា​ឲ្យ​ទូលាយ​ផងដែរ។ ដាក់​បាតដៃ​ទៅ​លើដី​ជាមួយនឹង​ម្រាមដៃ​ទាំងអស់។  បន្ទាប់មក​ត្រូវ​ ដកដង្ហើម​វែងៗ​អំឡុងពេល​បន្ទាប់ពី​​កន្ធែកជើង​ណាមួយ​បើទោះបីជា​អ្នក​កំពុងបញ្ចេញ​ចំហាយ​ក្នុង​ខ្លួន​ក៏ដោយ។ ខណៈ​កំពុង​ធ្វើ​ដូចនេះ ត្រូវដាក់​ដៃ​ទៅមុខ​ផងដែរ ។  បន្ទាប់មក ជំហរ​ទីតាំង​ខ្លួន​របស់អ្នកត្រូវ​ប្តូរ​ទៅជា​រាង​អក្សរ V ហើយ​វា​សំខាន់​ណាស់​ត្រូវដាក់​ជើង​ទាំងពីរឈរ​ឲ្យ​ត្រង់​ជាមួយនឹង​​ម្រាមជើងទាំងអស់​របស់​អ្នកត្រូវ​ទប់​ជំហរ​ខ្លួនឲ្យ​រឹងមាំ​ដូចជា​ដើមឈើ​មួយ​ដើម​ អ៊ីចឹង ។កុមា​រវ័យ​ជំទង់ ដើម្បី​មានការ​លូតលាស់​បាន​ល្អ ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​​ ដូច​ជា​ការ​រត់ លោត ឬ​ក៏​ធ្វើ​សកម្មភាពហាត់ប្រាណ​ផ្សេង​ៗ យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុង​ពេល​មួយ​ថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់​គេ​ធ្វើការ​។ ការ​ទទួលទានដំណេក ឲ្យ​បាន​គ្រប់គ្រាន់ ជា​ប្រចាំ​ថ្ងៃ  ពេល​គេង​លក់ ជា​ពេលវេលា​ដែលខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះការ​គេង​បាន​គ្រប់គ្រាន់ បាន​ផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នកក្នុង​ការ​លូតលាស់។ បើ​អ្នកមាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យ​បានពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រាង​កាយ​លូតលាស់​បាន​ល្អ និង​ឆាប់រហ័ស​។ ស្វែង​យល់​ពី​បញ្ហា​មក​ពី​តំណពូជ  ជា​ទូទៅ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នកមក​ពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មក​ពី​តំណពូជ​មែន ឬ​​មិនមែន​ក៏​ដោយ ​មិនប្រាកដ​ថា អ្នក​មិន​អាច​លូត​កម្ពស់​បាន​នោះ​ទេ​។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ចំពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការ​ហាត់ប្រាណ​។ កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់ដល់​ការ​លូតលាស់​របស់​អ្នក  បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ជួយ​ដល់​ការ​លូតលាស់​នៃ​រា​ង​កាយ​របស់​អ្នក​ទេ អ្នក​ក៏​មិន​គួរ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ដែរ​។ ថ្នាំ​ញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​របស់​អ្នក និងធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ជាង​ធម្មតា នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វាក្នុង​វ័យ​កំពុង​លូតលាស់​។ ត្រូវ​គិត​ថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មានការ​លូតលាស់  ក្មេង​ៗ​ជា​ច្រើន​តែងតែ​សួរ​សំណួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មានការ​លូតលាស់​ហើយ​ឬ?» បើ​អ្នកមាន​អាយុ​ក្រោម១៨​ឆ្នាំ នោះចម្លើយ​ប្រាកដជា «​ទេ​»​។ បើអ្នក​មិន​ទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅ​តែ​មានការ​លូតលាស់​នៅឡើយ​។ដូច្នេះ​អ្នកមាន​ពេល​ធ្វើ​អ្វី​ៗ ដើម្បី​ឲ្យ​រា​ង​កាយ​របស់​អ្នក​លូតលាស់​បន្ថែម​ទៀត ជា​ជាង​ទុក​ពេល​ព្រួយ​ពី​ការ​ឈប់​លូតលាស់​ទាំងនោះ​។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  មានមនុស្សជាច្រើនដែលកំពុងតែអានអត្ថបទនេះ ប្រហែលជាមានកម្រិតជាតិអាស៊ីតខ្ពស់ក្នុងរាងកាយរបស់ពួកគេ។ នេះ គឺបណ្ដាលមកពីអាហារកែច្នៃ ស្ករដែលបានចម្រាញ់រួច និងប្រភេទអាហារសរីរាង្គដែលបានកែប្រែហ្សែន (Genetically Modified Organism or GMO)។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនមិនបានដឹងថារាងកាយដែលមានជាតិអាស៊ីតច្រើនជាប្រភពនៃការកកើតរបស់មហារីក ការលើសទម្ងន់ ការឈឺចាប់ និងបញ្ហាសុខភាពជាច្រើនទៀត។ ការធ្វើឲ្យជាតិអាស៊ីតក្នុងសារពាង្គកាយអ្នកថយចុះ គឺពិតជាងាយ និងសាមញ្ញណាស់។ ការបង្កើតមជ្ឈដ្ឋានអាល់កាឡាំងក្នុងខ្លួនគឺផ្ទុយគ្នាទៅនឹងមជ្ឈដ្ឋានអាស៊ីត។ ខាងក្រោមនេះ ជាវិធីសាស្រ្ដតាមបែបធម្មជាតិយ៉ាងសាមញ្ញទាំង១០ដែលអ្នកអាចអនុវត្ដជារៀងរាល់ថ្ងៃ ហើយវានឹងជួយបន្ថយនូវជាតិអាស៊ីតក្នុងខ្លួនអ្នក​ ស្របពេលជាមួយគ្នានេះដែរ អ្នកនឹងកាន់តែមានភាពស្វាហាប់ និងមានថាមពល។ ១.    អ្វីដែលសំខាន់ជាងគេដែលអ្នកគួរធ្វើនោះ គឺចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងស្នាមញញឹម និងទឹកក្រូចឆ្មារស្រស់ច្របាច់មួយកែវធំ។ តាមពិតទៅ​ ផ្លែក្រូចមានឥទ្ធិពលផ្ទុយទៅលើរាងកាយរបស់អ្នក ទោះបីជាវាមានផ្ទុកជាតិអាស៊ីតក៏ដោយ។ ផឹកវាមុនគេ នៅពេលព្រឹក ដើម្បីលាងសម្អាតប្រព័ន្ធផ្សេងៗ ក្នុងរាងកាយអ្នក។   ជម្រើសមួយទៀតនោះ គឺផឹកទឹកខ្មេះដែលធ្វើពីផ្លែប៉ោមសរីរាង្គ លាយជាមួយទឹកចំនួនមួយ ឬពីរកែវជារៀងរាល់ថ្ងៃ។ អ្នកគួរតែលាយវាជាមួយទឹកខ្មេះនេះ តែមួយទៅពីរស្លាបព្រាបាយបានហើយ សម្រាប់ចំណុះទឹកប្រហែល២០០មីលីលីត្រ។   ២.    អ្នកគួរទទួលទានសាឡាដបៃតង ដែលលាយជាមួយទឹកក្រូចឆ្មារ និងប្រេងអូលីវ ដែលមានគុណភាពខ្ពស់ឲ្យបានច្រើន។ បន្លែ និងផ្លែឈើបៃតង គឺជាប្រភពអាហារសម្បួរសារធាតុរ៉ែអាល់កាឡាំងដូចជា កាល់ស្យូមជាដើម។ បរិភោគអាហារមានជាតិអាល់កាឡាំង ដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន។ ពួកវាជួយរក្សាលំនឹង pH ក្នុងខ្លួនយើង និងជួយឲ្យរាងកាយយើងមានតុល្យភាព។ ៣.    អាហារសម្រន់របស់អ្នកគួរតែមាន គ្រាប់អាល់ម៉ុងឆៅ (Raw and unsalted almond)។ អាល់ម៉ុងសម្បូរទៅដោយរ៉ែ ដែលមានសារធាតុអាល់កាឡាំងធម្មជាតិ ដូចជា ម៉ាញេស្យូម និងកាល់ស្យូម ដែលជួយក្នុងសម្រួលឲ្យមានតុល្យភាពនៃជាតិអាស៊ីត​ និងជាតិស្ករ ក្នុងឈាម នៅពេលតែមួយ។ ៤.    ទទួលទាននូវទឹកដោះគោអាល់ម៉ុង (Almond Milk) ឬក៏ធ្វើ Berry smoothie ញ៉ាំដោយខ្លួនឯង ដោយបន្ថែមនូវម្សៅបៃតង ដូចជាម្សៅសារាយ (Spirulina) ឬម្សៅបៃតងផ្សេងទៀត។ ប្រសិនបើអ្នកមានជម្រើសរវាងទឹកដោះគោអាល់ម៉ុង និងទឹកដោះគោស្រស់ នោះអ្នកគួរតែជ្រើសយកទឹកដោះគោអាល់ម៉ុង។ ៥.    អ្នកគួរតែដើរ ឬធ្វើលំហាត់ប្រាណផ្សេងៗ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើខ្លួនឲ្យសកម្ម។ ការធ្វើលំហាត់ប្រាណពិតជាជួយឲ្យរាងកាយអ្នក បញ្ចេញចោលនូវផលិតផលអាស៊ីតកាន់តែបានល្អ។ ៦.    ការដកដង្ហើមឲ្យបានវែងៗ ហើយវាពិតជាល្អណាស់បើអ្នកអាចជ្រើសយកកន្លែងណាមួយ មានខ្យល់អាកាសបរិសុទ្ធ និងសម្បូរអុកស៊ីហ្សែន ហើយឧស្សាហ៍ទៅទីនោះឲ្យបានញឹកញាប់។ នៅពេលដែលអ្នកទៅកន្លែងនោះ អ្នកគួរតែផឹកទឹកឲ្យបានច្រើន(និងញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃផងដែរ) ដើម្បីលាងសម្អាតប្រព័ន្ធបញ្ចេញចោល។ ៧.    អ្នកមិនគួរទទួលទានសាច់ជារៀងរាល់ថ្ងៃទេ ប្រសិនបើអ្នកមិនទទួលទានសាច់បានប៉ុន្មានថ្ងៃ នោះវាពិតជាល្អ ព្រោះថាការទទួលទានសាច់រាល់ថ្ងៃអាច បន្សល់នូវជាតិអាស៊ីតច្រើន។ យើងមានរូបមន្ដធ្វើម្ហូបជាច្រើនចំពោះអ្នកតមសាច់ ដើម្បីបន្ថយជាតិអាស៊ីតក្នុងខ្លួនអ្នក។ ៨.    អ្នកមិនគួរទទួលទាននូវបង្អែមដែលមានជាតិស្ករច្រើនពេក និងមិនគួរញ៉ាំទឹកសូដា។ ស្ករ គឺជាអាហារដែលមានជាតិអាស៊ីតដ៏អាក្រក់ជាងគេ ដែលយើងតែងតែទទួលទាន ហើយវាជាសត្រូវរបស់យើង។ ប្រសិនបើអ្នកផឹកទឹកសូដាមួយកំប៉ុង អ្នកត្រូវការទឹកប្រហែល៣០កែវ ដើម្បីបន្សាបជាតិអាស៊ីត ពីក្នុងខ្លួនរបស់អ្នក។ ៩.    អ្នកគួរបន្ថែមបន្លែឲ្យបានច្រើនទៅក្នុងរបបអាហាររបស់អ្នក។ អ្នកត្រូវដឹងថា ដំឡូងមិនត្រូវបានរាប់បញ្ចូលទេ។ ទោះបីជាដំឡួងផ្អែមជាជម្រើសដ៏ល្អក្ដី អ្នកមិនគួរធ្វើវាញ៉ាំជាមួយប័រទេ អ្នកគួរតែប្រើប្រេងអូលីវ និងអំបិល Himalayan សម្រាប់ចំអិនវា។ ម្ទេស ត្រពាំងបារាំង ល្ពៅ ត្រប់ និងបន្លែដទៃទៀត សុទ្ធតែជាជម្រើសដ៏ល្អ។ ១០. វិធីចុងក្រោយនោះគឺ បន្ថែមបន្លែប្រភេទពួកពន្លក (Sprouts) ទៅក្នុងរបបអាហាររបស់អ្នក។ ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹម និងអង់ស៊ីមបង្កើនថាមពល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ម្នាក់ក្នុងចំណោមមនុស្សបីនាក់នៃប្រជាជនអាមេរិក បានរងគ្រោះដោយសារការលើសសម្ពាធឈាម ហើយអ្វីដែលកាន់តែស្មុគស្មាញ ជំងឺនេះអាចបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ទៅនឹងជំងឺមួយចំនួនដូចជា ជំងឺទាក់ទងនឹងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមជាដើម។  អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន។ មានទម្លាប់រស់នៅល្អ អាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតនាពេលអនាគត។ វិធីការពារជំងឺលើសសម្ពាធឈាម៖   •រក្សាទម្ងន់ឲ្យបានល្អ៖ ការការពារខ្លួនពីជំងឺលើសសម្ពាធឈាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទម្ងន់របស់អ្នក។ បុគ្គលដែលមានបញ្ហាលើសទម្ងន់ គួរតែស្វះស្វែងក្នុងការបញ្ចុះទម្ងន់ តាមរយៈវិធីសាស្រ្តមួយចំនួន ចំណែកអ្នកដែលមានទម្ងន់ធម្មតា គួរតែរក្សាទម្ងន់នោះឲ្យមានស្ថេរភាព ហើយអ្នកក៏នឹងអាចពិភាក្សាជាមួយអ្នកជំនាញពីការថែរក្សាទម្ងន់ខ្លួនប្រាណនោះ។  •បរិភោគអាហារមានតុល្យភាព៖ បរិភោគអាហារដែលផ្តល់នូវសុខភាព ធ្វើឲ្យសម្ពាធឈាមស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកផ្ទាល់។ គួរបង្កើនការញ៉ាំអាហារប្រភេទ បន្លែ និងផ្លែឈើ ជាពិសេសរបបអាហារដែលសម្បូរទៅដោយប៉ូតាស្យ៉ូម និងម៉ាញេស្យូមឲ្យបានច្រើន និងកាត់បន្ថយអាហារដែលមានការឡូរីខ្ពស់ ធ្វើឲ្យធាត់ និងជាតិស្ករជាដើម។  •កាត់បន្ថយជាតិប្រៃ៖ អ្នកដែលមានទម្លាប់បរិភោគអាហារដែលមានជាតិប្រៃទាប (សូដ្យូម) អាចគ្រប់គ្រងឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតា។ អ្នកអាចកាត់បន្ថយបរិភោគអាហារកញ្ចប់ ឬអាហារកែច្នៃ ដែលមានជាតិប្រៃកម្រិតខ្ពស់ និងចៀសវាងបន្ថែមជាតិប្រៃក្នុងអាហាររបស់អ្នក។ •ធ្វើលំហាត់ប្រាណជាប្រចាំ៖ លំហាត់ប្រាណ ជាផ្នែកមួយអាចជួយអ្នកបានពីការលើសសម្ពាធឈាម។ លំហាត់ប្រាណកាន់តែច្រើន និងញឹកញាប់ រឹតតែអាចបង្កើនប្រសិទ្ធភាព ដែលការចាប់ផ្តើមដែលល្អគឺគួរអនុវត្ត ៣០នាទី ៣ ដងក្នុង១សប្តាហ៍ •កំណត់កម្រិតជាតិអាល់កុល៖ ការពិសាជាតិអាល់កុលច្រើន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ យកល្អគួរកំណត់កម្រិតឲ្យបានជាល់លាក់ ដោយមួយថ្ងៃការពិសាភេសជ្ជៈដែលមានជាតិអាល់កុលនោះ មិនឲ្យលើសពីមួយកែវ។  •តាមដានសម្ពាធឈាម៖ បុគ្គលដែលមានការប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម គួរតែមាននូវឧបករណ៍វាស់សម្ពាធនៅក្នុងផ្ទះ សម្រាប់ធ្វើការតាមដានឲ្យបានដិតដល់ជាប្រចាំ ពីព្រោះអាការៈនៃជំងឺលើសសម្ពាធពុំមានសញ្ញាណជាក់លាក់នោះទេ ដែលទាមទារឲ្យមានការបង្ហាញពីឧបករណ៍វាស់សម្ពាធឈាម។ ជាទូទៅអ្នកដែលមានបញ្ហាសុខភាពបម្រុងនឹងមានជំងឺលើសសម្ពាធឈាម (prehypertension) សម្ពាធឈាមអាចស្ថិតក្នុងកម្រិត ១២០-១៣៩/៨០-៨៩ mmHg។  ក្រឡេកមើលទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកឡើងវិញ ហើយធ្វើការសម្រេចចិត្តថាតើអ្នកគួរធ្វើការផ្លាស់ប្តូរ ឬយ៉ាងណា ដើម្បីការពារខ្លួនអ្នកពីជំងឺលើសម្ពាធឈាម រួចចាប់ផ្តើម អនុវត្តនូវទម្លាប់ដូចដែលបានបង្ហាញខាងលើ ហើយធ្វើឲ្យវាក្លាយជាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក។  បើចង់ស្វែងយល់កាន់តែច្បាស់អំពីជំងឺនេះ សូមអាន គ្រោះថ្នាក់នៃជំងឺលើសឈាម! បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​​

Share

មនុស្សគ្រប់គ្នាបានដឹងហើយថា ក្រូចឆ្មារ មានអត្ថប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាពទូទៅ ពីព្រោះ វាសំបូរទៅដោយវីតាមីន C យ៉ាងច្រើន។ យើងអាចដាក់វាទៅក្នុងទឹកតែ ម្ហូបអាហារ និងភេសជ្ជៈនានា ដើម្បីបង្កើនរសជាតិ និងទទួលយកអត្ថប្រយោជន៍ដ៏អស្ចារ្យ ប៉ុន្តែ វាមិនចប់ត្រឹមនេះនោះឡើយ។   ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នក អំពីគុណសម្បត្តិរបស់ក្រូចឆ្មារ នៅពេលដែលអ្នកដាក់វា ក្បែរគ្រែគេងរបស់អ្នក ៖   ១. ក្រូចឆ្មារ ជួយឲ្យអ្នកធូរស្រាលក្នុងអារម្មណ៍ ដោយសារតែក្លិនក្រអូបរបស់វា។ វាក៏ជួយបំបាត់ស្រ្តេស ភាពតានតឹង និងសម្ពាធការងារពេញមួយថ្ងៃរបស់អ្នក។ ២. អ្នកអាចផ្ចង់អារម្មណ៍ និងធ្វើការបានល្អជាងមុន នៅពេលអ្នកស្រង់ក្លិនរបស់វា ដូច្នេះ អ្នកក៏អាចដាក់ក្រូចឆ្មារ នៅលើតុធ្វើការរបស់អ្នកបានផងដែរ។ ៣.ក្រូចឆ្មារ ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងកាត់បន្ថយការបាក់ទឹកចិត្ត។ ៤. ក្រូចឆ្មារ អាចជួយកម្ចាត់បាក់តេរី និងខ្យល់មិនល្អ នៅក្នុងបន្ទប់របស់អ្នក ដូច្នេះ វាអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងគេងលក់បានស្រួល។ ៥. ក្រូចឆ្មារ អាចជួយបញ្ចុះសម្ពាធឈាម តាមរយៈក្លិនដ៏ក្រអូបរបស់វា ដូច្នេះ វាពិតជាល្អ សម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាម។ ៦. ក្រៅពីនេះ វាអាចកម្ចាត់ និងបណ្តេញសត្វល្អិតចង្រៃ ចេញពីកន្លែងគេងរបស់អ្នកបានគួរឲ្យកត់សម្គាល់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ភាពរីករាយ និងសេចក្តីសុខ គឺជាលទ្ធផលនៃសារធាតុគីមីនៅក្នុងរាងកាយរបស់អ្នក។ ខួរក្បាលរបស់មនុស្សយើងមានផ្ទុកទៅដោយសរសៃប្រសាទ រាប់ពាន់លាន ហើយវាមានទំនាក់ទំនងគ្នាតាមរយៈអ្នកបញ្ជូនសារ (សារធាតុគីមី)។ ពេលអ័រម៉ូន dopamine មានកម្រិតខ្ពស់ អ្នកអាចបង្កើតគម្រោងការ និងធ្វើវាបានយ៉ាងល្អ មិនថាការងារ ឬសេចក្តីស្នេហានោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកកើតទុក្ខ ឬគ្មានអារម្មណ៍ក្នុងការធ្វើអ្វីនោះទេ សូមអានការពិតមួយចំនួន ដែលទាក់ទងទៅនឹងរបបអាហារ ដែលអ្នកគួរទទួលទាន។   ១ Dopamine ជាសារធាតុគីមី ដែលបញ្ចេញមកពី tyrosine ដូច្នេះ អ្នកអាចញ៉ាំអាហារដូចជា គ្រាប់ល្ពៅ ផ្លែឪឡឹក សណ្តែកខៀវ ផ្លែប៉ោម និងចេក ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយឡើងវិញ។ ២ ដើម្បីបង្កើនការផលិត dopamine នៅក្នុងរាងកាយរបស់អ្នក ចូរព្យាយាមទទួលទានសូកូឡា គ្រាប់អាល់ម៉ុន ផ្លែប័រ រមៀត និងបន្លែពណ៌បៃតង។ ៣ Dopamine ជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយការខ្វះសារធាតុមួយនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខ ឬស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ។ ៤ ធ្វើដូចម្តេចទើបដឹងថា អ្នកខ្វះសារធាតុមួយនេះ? រោគសញ្ញាដូចជា មិនអាចផ្ចង់អារម្មណ៍ អស់សង្ឃឹម មិនចង់រួមភេទ ខ្វះការលើកទឹកចិត្ត​ អស់កម្លាំង ងងុយគេង គេងមិនលក់ និងខ្ជិល គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខ្វះសារធាតុមួយនេះហើយ។ ពេលខ្លះ អ្នកមិនចង់ញ៉ាំអាហារអ្វីនោះទេ។ ៥ ជាមួយគ្នានេះផងដែរ អ្នកដែលខ្វះសារធាតុមួយនេះ អាចប្រព្រឹត្តនូវអំពើមិនល្អមួយចំនួនរួមមានដូចជា ការរួមភេទ ប្រើប្រាស់ថ្នាំខុសច្បាប់ លេងល្បែង ដើរផ្សារទិញអីវ៉ាន់ និងផឹកស្រាជាដើម។ ៦ ជំនួសឲ្យការញ៉ាំអាហារគ្មានសុខភាពល្អ អ្នកគួរតែញ៉ាំទឹកដោះគោជូរ ឬអាហារសម្បូរប្រូប៊ីយូទិកដើម្បីជួយបង្កើនការផលិត dopamine។ ៧ រមៀត និងតែបៃតង ក៏ល្អសម្រាប់អ្នកខ្វះសារធាតុមួយនេះដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកសន្លាក់ឆ្អឹងគឺជា ប្រភេទជំងឺរលាកសន្លាក់ចម្បងនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹក ឆ្អឹង និងឆ្អឹងត្រូវកកិតគ្នា ដែលជាហេតុធ្វើឲ្យហើម តឹងណែន និងឈឺចាប់នៅតំបន់នោះ។ រយៈពេលយូរទៅ សន្លាក់នឹងបាត់បង់ ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ ដែលនឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកធាត់លើសទម្ងន់ ប្រវត្តិគ្រួសារមានកើត ជំងឺនេះ អាយុចាស់ ឬធ្លាប់មានគ្រោះថ្នាក់នៅតំបន់សន្លាក់នោះ។   ប្រសិនបើរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នក ស្ថិតក្នុងកម្រិតមួយស្រាល ឬមធ្យម អ្នកអាចគ្រប់គ្រង ឬព្យាបាលវាបាន តាមរយៈ ៖ - សម្រាក និងមានតុល្យភាពចំពោះសកម្មភាពរបស់អ្នក - ប្រើប្រាស់ទឹកក្តៅ ឬទឹកត្រជាក់ ដើម្បីស្អំនៅតំបន់ដែលមានបញ្ហា - ហាត់ប្រាណតិចៗ តាមការណែនាំពីអ្នកជំនាញជាប្រចាំ - រក្សាទម្ងន់ឲ្យបានល្អ (បើលើស ត្រូវព្យាយាមសម្រកមកធម្មតាវិញ) - ហាត់បន្តឹង ឬធ្វើឲ្យសាច់ដុំនៅជុំវិញសន្លាក់រឹងមាំឡើង ដើម្បីជួយទ្រទ្រង់សន្លាក់បន្ថែម - ប្រើប្រាស់ឧបករណ៍ជំនួយ តាមវេជ្ជបញ្ជាគ្រូពេទ្យ - ប្រើប្រាស់ថ្នាំ ដើម្បីបំបាត់ការឈឺចាប់ និងបំបាត់ការលាក ឬហើមតាមវេជ្ជបញ្ជា - ចៀសវាងធ្វើចលនាខ្លាំងពេក។ ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកពិបាក ឬមិនអាចធ្វើចលនាបាន គន្លឹះណែនាំខាងលើនេះ នៅតែអាចជួយអ្នកបាន ប៉ុន្តែ ការប្រឹក្សាយោបល់ និងការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃបែបនេះ អាចការពារបានដោយការធ្វើឲ្យរាងកាយសកម្ម ថែរក្សាទម្ងន់ឲ្យបានល្អ និងចៀសវាងការរងរបួស និងការធ្វើចលនាដដែលៗញឹកញាប់ខ្លាំងពេក៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សព្វថ្ងៃ បញ្ហាទម្ងន់ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍ច្រើន។ គ្រប់គ្នាចង់ដឹងណាស់ថា តើគួរធ្វើដូចម្តេចទើបអាចសម្រកទម្ងន់ បាន? តើគួរធ្វើដូចម្តេច ទើបញ៉ាំហើយ មិនឡើងគីឡូ?  ថ្ងៃនេះ គេហទំព័រយើង មានប្រធានបទពិសេសមួយ ដើម្បីណែនាំឲ្យបងប្អូនបានដឹងថា របបអាហារពេលព្រឹកពិតជាល្អបំផុតសម្រាប់អ្នកដែលចង់ សម្រកទម្ងន់។ ជាការពិតណាស់ អាហារពេលព្រឹក គឺជាអាហារចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ឬខកខានក្នុងការទទួលទាននោះទេ ជាពិសេស អ្នកដែលចង់សម្រកទម្ងន់។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹក នឹងឡើងគីឡូច្រើនជាងអ្នកញ៉ាំអាហារពេលព្រឹកដែលត្រឹមត្រូវ ទៅទៀត។   តើអាហារពេលព្រឹកបែបណាទើបល្អ?  កាហ្វេ? ឬបាយ? ជាការពិត អ្នកគួរតែញ៉ាំអាហារពេលព្រឹក មិនថានំប៉័ង បបរ បាយ ឬគុយទាវនោះទេ។ ការញ៉ាំបែបនេះ នឹងធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយមិនញ៉ាំអាហារផ្សេងៗទៀត ដែលនាំឲ្យអ្នកឡើងគីឡូនោះឡើយ។ ការសិក្សាក៏បានបង្ហាញផងដែរថា ការញ៉ាំអាហារពេលព្រឹកគឺជាផ្នែកមួយ នៃការសម្រកទម្ងន់ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។  អ្នកខ្លះ មិនព្រមញ៉ាំអាហារពេលព្រឹក ពីព្រោះ ពួកគេគិតថា វាអាចកាត់បន្ថយកាឡូរី និងបរិមាណអាហារដែលគេទទួលទាននោះ គេប្រាកដជាស្គម។ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាញ៉ាំច្រើននៅអាហារថ្ងៃត្រង់ អាហាររសៀល បូករួមនឹងអាហារសម្រន់ផ្សេងៗទៀត ហើយជាលទ្ធផលគឺធាត់លើសដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share
Top