Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រទេសនីមួយៗសុទ្ធតែមានអ្វីប្លែក និងគួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យមនុស្សទូទាំងសកលលោកស្ងើចសរសើរ។ តាមប្រពៃណីនិងទំនៀមទម្លាប់របស់ប្រទេសនីមួយៗ វាក៏មានដូចជា របៀបរស់នៅប្រចាំថ្ងៃ និងអ្វីច្រើនទៀត ដែលអ្នកត្រូវរៀនសូត្រផងដែរ។ ឧទាហរណ៍ ប្រទេសឥណ្ឌាមានយូហ្កា និងក្បួនថ្នាំបូរាណ ដើម្បីបង្អួតពិភពលោក។ អ៊ីចឹង តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីនារីជនជាតិជប៉ុនស្រស់ស្អាត ហើយមិនងាយចាស់? ជាការពិត អាចនិយាយបានថា ជនជាតិជប៉ុនទាំងប្រុស ទាំងស្រី ភាគច្រើន មានស្បែកស្រស់ស្អាត ហើយមិនងាយចាស់នោះទេ ហើយបើនិយាយរូបរាងវិញ គឺស្រឡូន គួរឲ្យខ្នាញ់តែម្តង។ បើចង់ដឹង អ្នកគួរតែមើលទម្លាប់នៃការរស់នៅរបស់ពួកគេហើយ ៖ · ពួកគេញ៉ាំតែបៃតង ពីព្រោះ វាជាអង់ទីអុកស៊ីដង់ ដែលជួយពន្យារភាពចាស់ជរា។ វាក៏ជួយការពារប្រឆាំងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ ជនជាតិជប៉ុនតែងតែញ៉ាំតែបៃតងមួយ ឬពីរពែងជាប្រចាំថ្ងៃ។ · ពួកគេចូលចិត្តអាហារសមុទ្រ ច្រើនជាងសាច់មាន់ សាច់ជ្រូក និងសាច់គោ។ ជាការពិត សាច់ក្រហម ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាក ជំងឺធាត់ លើសទម្ងន់ និងការឡើងកូឡេសស្តេរ៉ូល។ · ជនជាតិជប៉ុនចូលចិត្តត្រីសាលម៉ុន ត្រីធូណា និងបង្គា។ ត្រី ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កាបី។ · ជនជាតិជប៉ុនញ៉ាំអាហារប្រើមេ ដូចជា kimchi, tempeh, miso, sauerkraut, kombucha និង kefir ដែលវាសំបូរអង់ស៊ីម វីតាមីន និងប្រូប្យូទិក ព្រមទាំងបង្កើនបាក់តេរីល្អៗ ក្នុងក្រពះពោះវៀន។ · ជនជាតិជប៉ុនដើរច្រើនបំផុត ការដើរអាចកាត់បន្ថយស្រ្តេស និងជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ និងស្រស់ស្អាត។ · ជនជាតិជប៉ុនភាគច្រើនហាត់ក្បួនការពារខ្លួន ដូចជា ការ៉ាត់តេ យូដូ និងអាគីដូជាដើម ដែលជាហេតុធ្វើឲ្យពួកគេ មានរាងកាយស្រស់ស្អាត រឹងមាំ ងាយបត់បែន និងពូកែអត់ទ្រាំ។ · ជនជាតិជប៉ុនញ៉ាំអាហារតិចៗ ប៉ុន្តែ មានគុណភាព និងមានសុខភាពល្អ។ · ពួកគេចូលចិត្តសមាធិ និងសម្រួលអារម្មណ៍ ដើម្បីកាត់បន្ថយស្រ្តេស និងសម្ពាធការងារ។ ត្រូវចងចាំថា បើគ្មានភាពតានតឹង គុណភាពជីវិតរស់នៅរបស់អ្នក នឹងកើនឡើង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។   ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភា​ផ្នែក​ជំងឺ​កុមារ​អាមេរិក។   ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។   យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។   អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យុវវ័យ ហើយកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានមួយទៀតនោះគឺSnapchatនេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយThe Royal Society សម្រាប់សុខភាពសាធារណៈនៅចក្រភពអង់គ្លេស។ ការសិក្សារបស់ពួកគេទៅលើ#StatusofMind បានធ្វើការស្រង់មតិពីយុវវ័យប្រមាណជា ១,៥០០នាក់ ដែលពួកគេមានអាយុចាប់ពី ១៤ដល់២៤ឆ្នាំ ហើយការសិក្សានោះគឺផ្ដោតទៅលើកម្មវីធីប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមានផលប៉ះពាល់ដល់បញ្ហាសុខភាព និងសុខុមាលភាពដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការស្គាល់នូវអត្តសញ្ញាណខ្លួនឯង (Self-identity)និងការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង (Body image)។ YouTube ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមានខ្លាំងជាងគេ នៅពេលដែល Instagram Snapchat Facebook និងTwitter សុទ្ធតែបង្ហាញថាមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ បើយោងទៅតាមរបាយការណ៍ដែលបានផ្សាយកាលពីថ្ងៃសុក្របានថ្លែងថា «Instagram គឺជាកម្មវិធីផ្សព្វផ្សាយរូបភាពដែលមានអ្នកលេងច្រើនជាង ៧០០លាននាក់នៅទូទាំងពិភពលោក ហើយកម្មវិធីនេះបានជាប់ចំណាត់ថ្នាក់កំពូលជាកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងជាងគេ និងជាពិសេសក្នុងចំណោមមនុស្សស្រី»។ លោក Matt Keracher ដែលជាអ្នកសរសេររបាយការណ៍នេះបាននិយាយថា “Instagram បានធ្វើឲ្យស្រ្ដីវ័យក្មេងចាប់ផ្ដើមប្រៀបធៀបខ្លួនពួកគេទៅនឹងភាពមិនពិត ការប្រមូលផ្ដុំជាច្រើនដាក់ Filter និងការកាត់តនៃភាពពិត។” ស្ដ្រីម្នាក់មិនបានបញ្ចេញអត្តសញ្ញាណបានឆ្លើយតបនៅក្នុងរបាយការណ៍ថា “Instagram គឺងាយនឹងធ្វើឲ្យស្រីៗមានអារម្មណ៍ដូចជារូបរាងរបស់ពួកគេមិនស្អាតដូចអ្នកដែលដាក់ Filter ហើយកែសម្រួលបន្ថែមទៅលើរូបភាពរបស់ពួកគេដើម្បីឲ្យពួកគេមើលទៅគឺល្អឥតខ្ចោះ។” ដើម្បីដោះស្រាយបញ្ហានេះ the Royal Society សម្រាប់សុខភាពសាធារណៈបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចាត់វិធានការជួយដល់អ្នកប្រើប្រាស់ក្មេងៗទាំងនោះ ដើម្បីកុំឲ្យមានអារម្មណ៍មិនត្រឹមត្រូវ និងជំងឺថប់បារម្ភដោយដាក់ជាសារព្រមានលើរូបភាពដែលត្រូវបានកែសម្រួលបែបឌីជីថល។ លោក Keracher បាននិយាយថា «យើងមិនមែនអំពាវនាវឲ្យកម្មវិធីទាំងនោះហាមឃាត់មិនឲ្យកាត់ត ឬដាក់ filterនោះទេ ប៉ុន្ដែយើងចង់ឲ្យអ្នកប្រើប្រាស់ដឹងថាពួកគេមិនគួរឲ្យតម្លៃទៅលើរូបភាពដែលត្រូវបានកែសម្រូលហើយនោះ ដូចជារូបភាពពិតទេ»។ លោកបានបន្ដថា «យើងពិតជាចង់ផ្ដល់ឲ្យយុវវ័យនូវវិធីសាស្ត្រ និងចំណេះដឹងមួយដើម្បីណែនាំពួកគេអំពីផលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងលើកកម្ពស់សុខភាពផ្លូវចិត្ត»។ ការស្រង់មតិបានសន្និដ្ឋានថា ខណៈពេលដែល Instagram បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង វដ្ដនៃការគេង និងការបន្ថែមនូវអារម្មណ៍នៃការខ្លាចការបាត់បង់។ កម្មវិធីរូបភាពមួយនេះក៏មានចំណុចវិជ្ជមានមួយចំនួនសម្រាប់អ្នកប្រើប្រាស់វា ដើម្បីសម្តែងចេញនូវអារម្មណ៍ និងការស្គាល់អត្តសញ្ញាណខ្លួនឯង។ អ្នកជំនាញ YouTuber Laci Green ដែលមានប្លុកវីឌីអូមួយ ដែលមានអ្នកតាមដានជាង ១៥លាននាក់ បាននិយាយថា «ការអប់រំជុំវិញបញ្ហាសុខភាពផ្លូវចិត្តក្នុងយុគសម័យឌីជីថលនេះ គឺជាការអប់រំដែលចាំបាច់បំផុតសម្រាប់យុវវ័យ»។ នាងបាននិយាយថា «កម្មវិធីដូចជា Instagram និងFacebook បានបង្ហាញពីមនុស្សដែលយើងស្គាល់ និងពិភពលោកជុំវិញខ្លួនយើង។ វាពិតជាងាយនឹងធ្វើឲ្យការយល់ឃើញនៃភាពពិតរបស់យើងប្រែជាខុស។ ទំនាក់ទនងនៅពីក្រោយឧបករណ៍ឌីជីថលអាចជាភាពឯកោមួយ ហើយភាពមិនច្បាស់នៃបញ្ហាសុខភាពផ្លូវចិត្តមានការកើតឡើយច្រើនជាងធម្មតា»។ លោកស្រី Green បានបន្ថែមថា ឥឡូវនេះជាពេលដ៏សំខាន់មួយដែលយើងគួរតែចាប់ផ្ដើមការងារមូលដ្ឋានគ្រឹះ ដើម្បីកាត់បន្ថយនូវហានិភ័យដ៏គ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជំនាន់ដំបូងនៃប្រព័ន្ធផ្សព្វផ្សាយឈានចូលដល់វ័យជំទង់។  YouTube គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលនៅក្នុងការសិក្សានេះបានបង្ហាញថាមានផលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ របាយការណ៍ក៏បានរកឃើញថាវាមិនមែនគ្រាន់តែជាអ្វីដែលយុវវ័យយើងបានចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះទៅទៀត គឺរយៈពេលដែលពួកគេបានចំណាយទៅលើវា។ យោងទៅតាមរបាយការណ៍យុវវ័យដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃទៅលើបណ្ដាញសង្គម គឺត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តចុះខ្សោយរួមបញ្ចូលទាំងវិបត្តិផ្លូវចិត្ត។ នាយកប្រតិបត្តិនៃ The Royal Society លោក Shirley Cramer បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «កម្មវិធីដែលជួយឲ្យយុវវ័យតភ្ជាប់ទៅមិត្តរបស់ពួកគេគឺអាចបង្កជាបញ្ហាសុខភាពផ្លូវចិត្ត»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម័យនេះ ផលិតផលលាងសម្អាតអ្វី ក៏មានលក់ដែរនៅលើទីផ្សារ ប៉ុន្តែ បើអ្នកប្រើប្រាស់ដោយមិនចេះគិតគូរច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំនឹងនាំបងប្អូន ឲ្យស្គាល់ផលិតផលលាងសម្អាតមួយដ៏ល្អមួយ ដែលអ្នកអាចរកឃើញ នៅក្នុងផ្ទះបាយរបស់អ្នក នោះគឺម្សៅដុតនំ។   ការសម្អាតពូកប្រឡាក់ដោយប្រើម្សៅដុតនំ វាជាវិធីសាស្រ្តងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ហើយសន្សំសំចៃថវិកាទៀតផង។ ម្សៅដុតនំ អាចជួយកម្ចាត់ស្នាមប្រឡាក់ ជាតិសំណើម កោសិកាងាប់ៗ និងក្លិនមិនអាក្រក់ ចេញពីក្នុងពូករបស់អ្នក។   វិធីសាស្រ្ត ៖ ១ ជូតសម្អាត ឬយកម៉ាស៊ីន មកបូមធូលីដីនៅលើពូកឲ្យស្អាតល្អ ២ បន្ទាប់មក ប្រើតម្រងស្អាតមួយ រួចចាក់ម្សៅដុតនំក្នុងនោះ ដើម្បីរោយវាឲ្យពេញផ្ទៃពូករបស់អ្នក ៣ ទុកវាចោលបីបួនម៉ោង ៤ រួចជូតសម្អាត ឬយកម៉ាស៊ីន មកបូមម្សៅដុតនំនោះចេញវិញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

 ១. បើប្រឹងខ្លាំងម្លឹងៗ តើខ្ញុំអាចនឹងបត់ជើងធំដែរឬទេ អំឡុងពេលសម្រាលកូន? មិនចាំបាច់ព្រួយបារម្ភនោះទេ អ្នកមិនអាចឡើយ! វាអាចកើតឡើង តែក្នុងករណីដែលក្រពះពោះវៀនរបស់អ្នកពេញខ្លាំងពេកប៉ុណ្ណោះ។ ដូច្នេះ ចូរផ្តោតសំខាន់ទៅលើកូនរបស់អ្នក កុំគិតរឿងហ្នឹង​ ហើយបើវាកើតឡើងមែនវាក៏មិនជាបញ្ហាអ្វីនោះដែរ។ ២. តើប្រដាប់ភេទរបស់ខ្ញុំអាចយឺត ឬរលុងពេកទេ? ចម្លើយដ៏ខ្លីគឺ ប្រដាប់ភេទរបស់អ្នក បង្កើតឡើងសម្រាប់ធ្វើឲ្យវាយឺត ឬយារ សម្រាប់ការរួមភេទ និងសម្រាលកូននេះឯង ហើយបន្ទាប់ពីនោះ វានឹងត្រឡប់ទៅរកសភាពដើមជាធម្មតា។ ទោះបីមិនដូចមុន ១០០ ភាគរយ ប៉ុន្តែ វាខុសគ្នាតិចតួចបំផុត។ ជាការពិតទ្វារមាសស្រ្តីមានសាច់ដុំចងចាំ ដែលវានឹងត្រឡប់ទៅរកភាពធម្មតា ក្រោយពេលបំពេញការងាររួច។ យ៉ាងណាមិញបើអ្នកព្រួយបារម្ភខ្លាំងថាវានឹងរលុងអ្នកអាចសាកល្បងហាត់ខ្ជឹបទ្វារមាស ដូចជាការដែលអ្នកទប់នោមអ៊ីចឹងបានផងដែរ។ ៣. តើខ្ញុំអាចនឹងឡើងទម្ងន់ច្រើនពេកដែរឬទេ? វាជាសំណួរដ៏រសើបមួយ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនឆ្ងល់។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកបាន ពីព្រោះវាក៏អាស្រ័យទៅលើសុខភាព និងទម្ងន់ចាស់របស់អ្នកផងដែរ។ ជាទូទៅ ស្រ្តីមានផ្ទៃពោះគួរតែឡើងទម្ងន់ចន្លោះពី ១០ ទៅ ១២ ឬ ១៦ គីឡូ ដើម្បីបញ្ជាក់ថាអ្នកម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ។ ៤. ខ្ញុំលឺថា មនុស្សស្រីពិបាកទប់នោម ក្រោយពេលសម្រាលកូនរួច? ជាការពិត មុន និងក្រោយសម្រាលរួច ប្លោកនោមរបស់អ្នកអាចនឹងពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែ ក្រោយសម្រាលកូនរួច ពី ៦ ទៅ ១២ អាទិត្យ វានឹងត្រឡប់មករកធម្មតាវិញ។ ជាថ្មីម្តងទៀត អ្នកអាចហាត់ខ្ជឹបទ្វារមាសដូចដែលយើងបានណែនាំខាងលើនេះ។ ៥. ខ្ញុំ និងស្វាមី មិនហ៊ានរួមភេទនោះទេ ព្រោះខា្លចប៉ះពាល់កូនក្នុងផ្ទៃ តើខ្ញុំគួរធ្វើបែបណាទៅ? វាជាក្តីបារម្ភរបស់គូស្វាមីភាគច្រើន ប៉ុន្តែ ជាការពិត វាមិនងាយប៉ះពាល់ដល់ទារកនោះទេ ប្រសិនបើអ្នកធ្វើវាថ្នមៗ និងគិតពីសុវត្ថិភាពជាចំបង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម។ សម្រាប់អ្នកជំងឺមហារីក វាមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវសិក្សាស្វែងយល់ និងធ្វើការសម្រេចចិត្តជាច្រើន។ វាអាចធ្វើឲ្យអ្នកស្រ្តេស និងធុញថប់ក្នុងជីវិត ប៉ុន្តែ តាមពិតទៅឱកាសនៃការជាសះស្បើយ ក៏មានខ្ពស់ដែរសម្រាប់ដំណាក់កាលដំបូងៗ ហើយផលវិបាក និងការឈឺចាប់ ក៏ត្រូវបានកាត់បន្ថយច្រើនដែរដោយសារតែបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ននេះ។ ការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺម្នាក់នោះ។ ប្រភេទនៃការព្យាបាលទាំងនោះមានដូចជា ៖ ការវះកាត់ ការវះកាត់ ជាដំណើរការមួយដែលក្រុមគ្រូពេទ្យជំនាញមួយក្រុម ធ្វើការវះកាត់យកដុំសាច់មហារីក ចេញពីរាងកាយរបស់អ្នកជំងឺ។   ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលតាមវិធីនេះ គឺជាការប្រើប្រាស់ជាតិវិទ្យុសកម្ម ក្នុងកម្រិតមួយខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបង្រួមដុំសាច់ឲ្យតូចជាងមុន។   ការប្រើថ្នាំគីមី វាជាការព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់កោសិកាមហារីកទាំងនោះ។ ការព្យាបាលប្រព័ន្ធភាពស៊ាំ ចំណែកឯការព្យាបាលមួយនេះវិញ គ្រូពេទ្យនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។   ការព្យាបាលដោយអ័រម៉ូន វាជាការព្យាបាលមួយប្រភេទទៀត ដែលទៅពន្យឺតការលូតលាស់នៃជំងឺមហារីកសុដន់ និងប្រូស្តាត ដែលវាប្រើប្រាស់អ័រម៉ូនដើម្បីរីកលូតលាស់។   ការបណ្តុះកាសិកា Stem Cell វាជាដំណើរការមួយ ដែលជួយធ្វើការបង្កើតឡើងវិញនូវទម្រង់កោសិកា stem cell នេះចំពោះអ្នកជំងឺមហារីកដែលបានទទួលការខូចខាត ដោយសារតែការព្យាបាលដោយការប្រើថ្នាំគីមី ឬជាតិវិទ្យុសកម្ម។   ការព្យាបាលជាក់លាក់ វាជាដំណើរការនៃការព្យាបាលជំងឺមហារីក ដែលអនុញ្ញាតឲ្យគ្រូពេទ្យសម្រេចចិត្ត និងធ្វើការជ្រើសរើសវិធីព្យាបាលណាមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ដោយពឹងផ្អែកទៅលើប្រភេទ កម្រិត និងស្ថានភាពរបស់អ្នកជំងឺមហារីក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកប្រហែលជាគិតថា ស្រ្តីមានផ្ទៃពោះភាគច្រើន តែងតែឃ្លានម្ជូរ ជ្រក់ និងការ៉េម ប៉ុន្តែ តាមពិតទៅ ស្រ្តីមានផ្ទៃពោះ ឃ្លានគ្រប់ម្ហូបដែលគេចង់ញ៉ាំ។ នៅសហរដ្ឋអាមេរិច ស្រ្តីមានផ្ទៃពោះប្រហែលជា ៥០ ភាគរយហើយ ដែលចង់ញ៉ាំជ្រក់ និងការ៉េម។ ហេតុអ្វីស្រ្តីមានផ្ទៃពោះឃ្លានជ្រក់ ឬអាហារផ្សេងៗទៀតខុសប្លែកពីធម្មតា? ការឃ្លាន និងការស្អប់អាហារមួយចំនួន កើតឡើងដោយសារតែកត្តាអ័រម៉ូន ដែលបណ្តាលឲ្យស្រ្តីមានផ្ទៃពោះ ផ្លាស់ប្តូរអារម្មណ៍ និងជីវសាស្រ្តនៅក្នុងរាងកាយ។ អ័រម៉ូននៃការមានផ្ទៃពោះ អាចជះឥទ្ធិពលទៅលើរសជាតិ និងក្លិន ហើយអ្វីដែលអ្នកធ្លាប់ចូលចិត្តញ៉ាំពីមុន ពេលនេះ អ្នកប្រហែលជាស្អប់ដល់ឆ្អឹងផងក៏មិនដឹង។ ប៉ុន្តែ អ្នកជំនាញវេជ្ជសាស្រ្តមួយចំនួន បែរជារកឃើញថា ការឃ្លានអាហារខុសពីធម្មតា អាចបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ កំពុងតែខ្វះវីតាមីន និងសារធាតុរ៉ែហើយ។ ក្នុងករណីមួយចំនួន ការឃ្លានអាហារខុសធម្មតាខ្លាំងពេក អាចបង្កជាបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាព អំឡុងពេលមានផ្ទៃពោះ ដូច្នេះ អ្នកគួរតែប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យ ដោយសារតែអ្នកញ៉ាំអាហារដដែលៗ។ គ្រូពេទ្យជំនាញបាននិយាយថាការឃ្លានអាហារបែបនេះ អាចនឹងផ្លាស់ប្តូរផងដែរ ទៅតាម ដំណាក់កាលនីមួយៗ នៃការមានផ្ទៃពោះ។ ការឃ្លានអាហារអំឡុងពេលមានផ្ទៃពោះ អ្នកអាចគិតថាជារឿងធម្មតា ប៉ុន្តែ វាអាចជារឿងគ្រោះថ្នាក់ ប្រសិនបើអ្នកញ៉ាំតាមឃ្លាន ហើយមិនញ៉ាំតាមការណែនាំ របស់គ្រូពេទ្យ។ ឧទារហណ៍ ស្រ្តីមានផ្ទៃពោះខ្លះ ឃ្លានតែប្រហុក និងម្ជូរ ដូច្នេះ វាអាចប៉ះពាល់សុខភាពម្តាយ និងទារក រីឯស្រ្តីខ្លះទៀត បែរជាឃ្លានតែផ្លែទុរ៉េន ដែលជាហេតុធ្វើឲ្យគាត់ធាត់​ លើសទម្ងន់។ អ្នកត្រូវចងចាំថា ត្រូវញ៉ាំអាហារផ្តល់ឲ្យអ្នកនូវសុខភាពល្អ ដើម្បីខ្លួនអ្នកផ្ទាល់ និងកូនក្នុងផ្ទៃ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាចិញ្ចឹមកូនតែងតែខ្វល់ខ្វាយចំពោះការលេងឧបករណ៍ឌីជីថល និងតែងតែមានចម្ងល់ អំពីឧបករណ៍ទាំងនោះ​ ត្រូវបានចោទសួរឡើង។ ក្នុងនោះមានដូចជា តើវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់កូនរបស់យើង? តើបច្ចេកវិទ្យាទាំងនោះ អាចប៉ះពាល់ដល់ ខួរក្បាលរបស់ពួកគេទេ? តើវាអាចកំណត់នូវការលូតលាស់ផ្នែកសង្គមដែរ ឬទេ? តើវាអាចបង្កគ្រោះថ្នាក់ដល់អារម្មណ៍របស់ពួកគេទេ? តើវាអាចពន្យារ នូវការចាប់ផ្ដើមការចេះនិយាយរបស់ពួកគេទេ? ប្រហែលជាមានច្រើននាក់ មិនបានគិតអំពីសំណួររចុងក្រោយនេះទេ រហូតដល់មានការសិក្សាថ្មីមួយ ដែលបានបង្ហាញពីការរកឃើញមួយចំនួន ដ៏គួរឲ្យចាប់អារម្មណ៍ ហើយបានចេញផ្សាយ និងត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ របស់សមាគមគ្រូពេទ្យឯកទេសផ្នែកកុមារ។ ការសិក្សាបានរកឃើញថា «បើក្មេងអាយុនៅចន្លោះពី ៦ខែដល់២ឆ្នាំ ចំណាយពេលលេងឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេបផ្លេត និងហ្គេមអេឡិចត្រូណិច កាន់តែច្រើ​ន ពួកគេអាចនឹងប្រឈមនូវភាពយឺតយ៉ាវនៃការចេះនិយាយរបស់ពួកគេកាន់តែខ្ពស់»។ វេជ្ជបណ្ឌិត Catherine Birken អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការសិក្សានេះ និងជាគ្រូពេទ្យឯកទេសផ្នែកកុមារ ហើយក៏ជាអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពេទ្យសម្រាប់ជំងឺកុមារនៅ Toront, Ontario បានថ្លែងថា «ខ្ញុំជឿថា វាជាការសិក្សាលើកដំបូង ដែលទាក់ទងនឹងផលប៉ះពាល់ របស់ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយចល័ត និងការពន្យារពេល នៃការប្រាស្រ័យទាក់ទងរបស់កុមារ។» លោកស្រីបានបន្តថា «វា គឺជាលើកទីមួយហើយ ដែលយើងបានរកឃើញគំហើញថ្មី ទៅលើបញ្ហាដ៏មានសក្ដានុពលនេះ ប៉ុន្តែខ្ញុំគិតថា លទ្ធផលទាមទារឲ្យមានការសិក្សាបន្ថែម និងការកែសម្រួល ព្រោះថា វាគ្រាន់តែជាការសិក្សាជំហានដំបូងប៉ុណ្ណោះ»។ ការស្រាវជ្រាវនេះ បានសិក្សាទៅលើកុមារជាង៩០០នាក់ ដោយឪពុកម្ដាយរបស់ទារកមានអាយុ១៨ខែ បានរាយការណ៍ ពីរយៈពេលដែលកូនរបស់ពូកគាត់ បានចំណាយទៅលើឧបករណ៍ឌីជីថលទាំងនោះ គិតជានាទីក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើនូវកម្រងសំណួរមួយប្រភេទ សួរទៅកាន់ឪពុកម្ដាយរបស់ទារក ដើម្បីតាមដាន និងវាយតម្លៃអំពីការលូតលាស់ផ្នែកទំនាក់ទំនងរបស់ទារក (Infant toddler checklist) និងកម្រងសំណួរសម្រាប់ធ្វើតេស្ដរកមើលបញ្ហាសុខភាពផ្លូវចិត្ត (A validated screening tool) ដើម្បីវាយតម្លៃទៅលើការអភិវឌ្ឍភាសារបស់ទារក​ នៅអាយុ១៨ខែ។ ពួកគេបានធ្វើការសិក្សាទៅលើការប្រើប្រាស់សម្លេង ឬពាក្យរបស់កុមារ ក្នុងការទាមទារការយកចិត្តទុកដាក់ ឬការសុំជំនួយផ្សេងៗ ហើយការដាក់បញ្ចូលនូវពាក្យទាំងនោះចូលគ្នា និងចំនួនពាក្យដែលកុមារបានប្រើ។ ការសិក្សាបានរកឃើញថា ២០%នៃកុមារ បានចំណាយពេលប្រមាណជាមធ្យម២៨នាទីក្នុងមួយថ្ងៃ លេងឧបករណ៍ឌីជីថល។ រាល់ការកើនឡើង៣០នាទី ជារៀងរាល់ថ្ងៃ ទៅលើការលេងឧបករណ៍ទាំងនេះ គឺអាចនាំឲ្យកើនឡើង៤៩%នៃហានិភ័យមួយ ដែលអ្នកស្រាវជ្រាវហៅថា ភាពយឺតយ៉ាវនៃការចេះនិយាយ របស់កុមារ ដែលវាគឺជាការប្រើប្រាស់សម្លេង និងពាក្យសម្ដី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានរកឃើញអំពី ទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាមួយនឹងការទំនាក់ទំនងផ្សេងទៀត ដូចជាតាមរយៈកាយវិការ ភាសាកាយវិការ និងទំនាក់ទំនងសង្គមនោះទេ។   យើងត្រូវការការស្រាវជ្រាវមួយដែលច្បាស់លាស់ជាងនេះ លោកស្រី Birken ដែលជាសាស្ដ្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យToronto បានសង្កត់ធ្ងន់ថា ខណៈពេលដែលការសិក្សារបស់លោកស្រីបានបង្ហាញថា វាមានទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ និងការពន្យារពេល ក្នុងការប្រាស្រ័យទាក់ទងរបស់កុមារ ដូច្នេះ វាទាមទារឲ្យមានការស្រាវជ្រាវជាច្រើនទៀត ដើម្បីបញ្ជាក់បានថា ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ។ លោកស្រីបានថ្លែងថា «ការសិក្សាបន្ថែមទៀតក៏ត្រូវការផងដែរ ដើម្បីឲ្យបានដឹងថា កុមារកំពុងមើលអ្វីខ្លះ? ថាតើពួកគេកំពុងតែប្រើឧបករណ៍ទាំងនេះ ជាមួយឪពុកម្ដាយ ឬក៏អ្នកថែទាំរបស់ពួកគេ?»។ លោកស្រី Birken បាននិយាយថា «ខ្ញុំគិតថា ដើម្បីទទួលបានភស្ដុតាងដ៏ជាក់លាក់មួយ ព្រមទាំងជូនដំណឹងទៅកាន់ឪពុកម្ដាយ និងគ្រូពេទ្យ អំពីអ្វីដែលគួរតែណែនាំ យើងត្រូវការ​​ ការស្រាវជ្រាវបន្ថែមទៀត»។  ចំណែកឯ American Academy of Pediatrics បានថ្លែងថា «អ្នកត្រូវការការពិសោធ និងភស្ដុតាងដ៏ល្អមួយ យ៉ាងហោចណាស់ការសិក្សារយៈពេលយូរមួយ ប៉ុន្តែការរកឃើញនេះក៏បានបង្ហាញនូវទំនាក់ទំនងមួយដ៏សំខាន់ ហើយវាក៏គាំទ្រនូវការណែនាំនាពេលបច្ចុប្បន្ននេះ ដូចគ្នាដែរ»។ ក្រុមនេះក៏បានផ្ដល់ជាអនុសាសន៍ថា «មិនគួរឲ្យកុមារដែលមានអាយុក្រោម១៨ខែ ប្រើប្រាស់ ឬលេងជាមួយឧបករណ៍ឌីជីថលទាំងនេះទេ។ សម្លេងរំខាន និងសកម្មភាពរបស់ឧបករណ៍ទាំងនេះ អាចមានផលប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កឲ្យមានការបាត់បង់នូវទំនាក់ទំនង​ រវាងពួកគេ និងឪពុកម្ដាយរបស់ពួកគេ នេះបើយោងតាមការបកស្រាយរបស់គ្រូពេទ្យឯកទេសជំងឺកុមារ»។​ សម្រាប់កុមារអាយុចន្លោះពី ១៨ដល់២៤ខែ ក្រុមគ្រូពេទ្យឯកទេស ផ្នែកកុមារនៅសហរដ្ឋអាមេរិក បានច្រានចោលនូវការណែនាំ កាលពីឆ្នាំមុន ដែលហាមដាច់ខាត មិនឲ្យកុមារនៅក្នុងក្រុមអាយុនេះប្រើឧបករណ៍ឌីជីថលទេ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យនេះបានផ្ដល់អនុសាសន៍ថា​ «ឪពុកម្ដាយគួរតែជ្រើសរើស យកកម្មវិធីណាល្អៗ និងមានគុណភាពខ្ពស់ ហើយមើលជាមួយកូនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេបានដឹង និងយល់ពីអ្វីដែលពួកគេកំពុងមើល»។ ស្ទើរតែ៤០%នៃកុមារ ដែលមានអាយុក្រោម២ឆ្នាំ បានប្រើទូរស័ព្ទចល័ត គឺកើនឡើងពី១០%នៅឆ្នាំ២០១១ នេះបើយោងតាមការសិក្សាមួយ ក្នុងឆ្នាំ២០១៣ របស់ Common Sense Media ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ផ្ដោតលើការជួយកុមារ ឪពុកម្ដាយ និងអ្នកអប់រំឲ្យដើរតាមពិភព នៃការផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ចំនួននេះ គឺកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ចាប់តាំងពីស្មាតហ្វូនកាន់តែមានភាពពេញនិយម។​ លោក Michael Robb ដែលជានាយកស្រាវជ្រាវនៃ Common Sense Media បានថ្លែងថា «វាគឺជាការសិក្សាដ៏មានសារៈសំខាន់មួយ ដែលបានពន្លេចពីហានិភ័យដ៏គ្រោះថ្នាក់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ និងជាពិសេសនោះ គឺការប្រើប្រាស់ឧបករណ៍ឌីជីថល»។ លោកបានបន្ថែមទៀតថា «អ្វីដែលបង្កឲ្យមានផលប៉ះពាល់នោះ ពិតជាសំខាន់ណាស់ ដែលផលប៉ះពាល់អវិជ្ជមាន គឺដោយសារការប្រើឧបករណ៍ឌីជីថល បានជំនួសនូវទំនាក់ទនង រវាងឪពុកម្ដាយ និងកូន (ការលេង ការអាន ការជជែកគ្នា ការច្រៀង ។ល។) សកម្មភាពទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍមួយដ៏ល្អ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ស្ត្រេស និងអន្ទះសារ គឺជាបញ្ហាសុខភាព ដែលប្រជាពលរដ្ឋខ្មែរទូទៅ កំពុងតែជួបប្រទះរាល់ថ្ងៃ ប៉ុន្តែ ពួកគាត់ទាំងនោះ មិនបានដឹងថា វាជាជំងឺដែលកំពុងគម្រាមកំហែង ដល់សុខភាពពួកគាត់ឡើយ។ ស្ត្រេស ជាស្ថានភាពមួយ ដែលទាមទារការព្យាបាល ពីព្រោះ បើទុកយូរទៅវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ អាចនឹងកើតឡើងជាមិនខានឡើយ។  ជាការពិត ការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះ អាចដោះស្រាយបញ្ហាទាំងនេះបាន។​ ថ្ងៃនេះ គេហទំព័រសុខភាព Healthtime យើងខ្ញុំ សូមលើកយកគន្លឹះងាយៗចំនួន ៧ ដើម្បីជួយឲ្យបងប្អូនទាំងអស់ ចាកផុតពីស្ថានភាពអន្ទះសារ ក៏ដូចជាស្ត្រេសនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកធ្វើតាមការណែនាំ។ ១. ដាក់ផែនការឲ្យច្បាស់លាស់ ហើយបញ្ចប់ការងារតាមលំដាប់លំដោយ ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង ២. កុំបង្ខំចិត្តធ្វើការងារហួសកម្លាំង (ដាក់ផែនការតែពីរ បី ឬច្រើននេះ ប៉ុន្តែ ត្រូវមើលសមត្ថភាពរបស់អ្នកសិន បើអ្នកចេះតែដាក់ ហើយធ្វើមិនបាន ស្ត្រេសនឹងកើតឡើងភ្លាម) ៣. ត្រូវទទួលស្គាល់ថា គ្មាននរណាអស្ចារ្យ ឬល្អឥតខ្ចោះនោះទេ ហើយគ្រប់ពេលដែលអ្នកបរាជ័យ ឬធ្វើការងារមិនបានសម្រេច អ្នកត្រូវគិតថា អ្នកខំប្រឹងអស់ពីសមត្ថភាពហើយ ធ្វើម៉េចបើលទ្ធផល មិនដូចការរំពឹងគិត ១០០ ភាគរយនោះ ៤. រៀនទទួលស្គាល់ការពិត ហើយកុំចង់ឈ្នះ អ្វីដែលអ្នកមិនអាចធ្វើបានច្រើនពេក ៥. រីករាយ និងប្រារព្ធពិធីស្វាគមន៍ ចំពោះជោគជ័យតូចតាចរបស់អ្នក ដើម្បីជាការលើកទឹកចិត្ត ក្នុងការបន្តការងារទៅមុខទៀត ៦. ញ៉ាំអាហារមានសុខភាពល្អ ហើយហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយស្ត្រេស និងសម្ពាធការងារ ៧. ស្វែងរកជំនួយ ឬអ្នកប្រឹក្សាយោបល់ជំនាញ ប្រសិនបើអ្នកគិតថា អ្នកមិនអាចដោះស្រាយវាដោយខ្លួនឯងបានទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះ គឺជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់យើងរាល់គ្នា ដើម្បីធ្វើការពិចារណា ព្រោះថាពួកយើងស្ទើរតែទាំងអស់ គឺបានធ្វើខុសនូវទម្លាប់នេះ? គឺថា…ពួកយើងម្នាក់ៗបាន និងកំពុងតែយកទូរស័ព្ទចូលក្នុងបន្ទប់ទឹក ពេលយើងបន្ទោរបង់។ ចំពោះបញ្ហាវិញនោះ គឺថាយើងប្រហែលជាអាចនាំយក ពពួកមេរោគមកជាមួយ ព្រោះថាពពួកមេរោគទាំងនេះ អាចតោងជាប់នៅនឹងទូរស័ព្ទរបស់យើងនៅពេលដែលយើងបានប៉ះពាល់ពួកវា ពេលយើងបន្ទោរបង់រួច ហើយពពួកមេរោគដែលអាចឆ្លងនោះ រួមមានដូចជា ពួក E Coli និង Salmonella។ អ្នកជំនាញខាងអនាម័យបានណែនាំថា «ទូរស័ព្ទរបស់អ្នកអាចចម្លងរោគបាន ដោយសារតែទំនាក់ទំនងរវាងអ្នក ទូរស័ព្ទ និងមេរោគនៅក្នុងបន្នប់ទឹកតែម្តង»។ នេះ គឺជាវិធីដ៏លឿនបំផុតក្នុងការចម្លងបាក់តេរី និងវីរុសទៅលើទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកអ្នកអាចឆ្លងមេរោគនោះដោយខ្លួនឯង នៅពេលដែលអ្នកចុចទូរស័ព្ទ និងប្រើដៃរបស់អ្នក ដើម្បីចាប់កាន់ចំណីអាហារមួយចំនួន ដូចជា ប៊័រហ្គឺ (burger) ហតដក (hot dog) ឬក៏ផ្លែឈើជាដើម។ អ្នកស្រាវជ្រាវជឿជាក់ថា បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត បើសិនជាអ្នកប្រើប្រាស់បង្គន់សាធារណៈហើយយកទូរស័ព្ទរបស់អ្នកចូលទៅចុចក្នុងបង្គន់នោះ។ អ្នកអាចប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗតាមរយៈទូរស័ព្ទរបស់អ្នក។ វីរុសដែលតោងនៅជាប់នឹងទូរស័ព្ទរបស់អ្នកអាចរស់បានជាច្រើនថ្ងៃ ហើយឱកាស ដែលវាអាចចម្លងជំងឺ គឺដូចជាភ្លើងឆេះព្រៃអញ្ចឹង។ អ្នកគួរតែចៀសវាងការយកទូរស័ព្ទរបស់អ្នកចូលទៅក្នុងបង្គន់ និងត្រូវចងចាំថា ហើយជូតដៃជាមួយកន្សែងដែលស្អាត មុនពេលចាប់កាន់ទូរស័ព្ទរបស់អ្នក។ ស្របពេលជាមួយគ្នានេះផងដែរ ត្រូវប្រកាន់ឲ្យបានជាប់ជានិច្ច នូវការរស់នៅស្អាត និងត្រូវចងចាំថា «បង្គន់របស់អ្នកមិនមែនជាបន្ទប់ទទួលភ្ញៀវទេ អ្នកមិនគួរចំណាយពេលអង្គុយក្នុងបង្គន់យូរពេកទេ អ្នកគួរតែចាកចេញឲ្យបានកាន់តែឆាប់តាមដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកនៅក្នុងបង្គន់កាន់តែយូរ អ្នកអាចប្រឈមនឹងហានិភ័យដែលអាចឆ្លងជំងឺទៅកាន់អ្នកកាន់តែខ្ពស់»។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំនាន់ថ្មី មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរមករកការហាត់ប្រាណហើយ ព្រោះតែហេតុផលដែលតែងទន្ទេញជាប់មាត់ថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួននិយមនឹងការហាត់ប្រាណតាមក្លឹប រីឯមួយចំនួនទៀតក៏មានចំណូលចិត្តដើរ រត់ រាំ និងជិះកង់ នៅខាងក្រៅវិញ។ ទោះជាសកម្មភាពអ្វីក៏ដោយឲ្យតែជាការហាត់ប្រាណ សុទ្ធតែផ្តល់មកវិញនូវអត្ថប្រយោជន៍ គ្រាន់តែខុសៗគ្នាអាស្រ័យនឹងបរិស្ថានជុំវិញ។ ដោយឡែក ការហាត់ប្រាណបែប outdoor នេះផ្តល់ឲ្យលោកអ្នកជាច្រើនរួមមាន៖ បង្កើនការផលិតវីតាមីនD ក្នុងពេលហាត់ប្រាណនៅក្រៅ អ្នកចៀសមិនផុតពីការប៉ះពាល់នៃពន្លឺថ្ងៃ ដែលអ្នកក៏ដឹងហើយថាកាលណាស្បែករបស់អ្នកប៉ះជាមួយពន្លឺថ្ងៃក្នុង កម្រិតមធ្យម ជួយបង្កើនការផលិតវីតាមីនDដ៏មានគុណប្រយោជន៍ក្នុងការកាត់បន្ថយបញ្ហាពុកឆ្អឹង និងហានិភ័យនៃជំងឺមហារីកមួយចំនួន។ ភ្ញោចលើផ្លូវចិត្ត ការកើនឡើងនូវចំនួននៃការស្រាវជ្រាវបង្ហាញថាសកម្មភាពខាងក្រៅ ឬការហាត់បែប outdoor ពិតជាល្អបំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់ បុគ្គលម្នាក់ៗ ដែលការហាត់បែប indoor ហាក់ដូចជាមិនផ្តល់ឲ្យអ្នក។ ការហាត់នៅក្នុងចំណោមធម្មជាតិ ឬរុក្ខជាតិជាច្រើនផ្តល់ត្រឡប់មកឲ្យអ្នក វិញនូវសុខភាពផ្លូវចិត្តល្អ និងអាចជួយបំបាត់ជំងឺថប់អារម្មណ៍ ព្រមទាំងស្ត្រេសបានយ៉ាងប្រសើរ។ ជាការពិត ការសម្លឹងមើលជញ្ជាំងទាំង ៤ នៃបន្ទប់ ក្នុងផ្ទះ ឬនៅក្លឹប អាចនឹងធ្វើឲ្យអ្នកវិលមុខបាន ដូចច្នេះ ហើយគួរចំណាយពេលហាត់ប្រាណនៅខាងក្រៅខ្លះសម្រាប់ផ្តល់នូវការភ្ញោចខួរក្បាល និង ធ្វើឲ្យចិត្តអ្នកក៏ទទួលបានការហាត់ប្រាណដែរ។ បន្ថែមពីនេះ ខ្យល់បរិសុទ្ធនឹងបង្កើនបរិមាណ អុកស៊ីហ្សែន ដែលជួយបញ្ចេញនូវសារធាតុគីមីល្អពីខួរក្បាលគឺ សេរ៉ូតូនីន មានន័យថាការហាត់ប្រាណនៅខាងក្រៅមិនត្រឹមតែដើម្បីរក្សារាង និងសុខភាពល្អប៉ុណ្ណោះទេ គឺរឹតតែធ្វើឲ្យអារម្មណ៍ល្អអស្ចារ្យទៀតផង។ ពិសេស វាគឺត្រូវបានចាត់ចូលជាការព្យាបាលដ៏សាមញ្ញមួយ នៃជំងឺធ្លាក់ទឹកចិត្ត និងវិបត្តិអារម្មណ៍ផ្សេងទៀត។ កាត់បន្ថយកាឡូរីខ្ពស់ ជាការពិតណាស់ លំហាត់ប្រាណទាំងឡាយសុទ្ធតែកាត់បន្ថយកាឡូរី ប៉ុន្តែគ្រាន់តែនៅក្នុងកម្រិតខុសៗគ្នាប៉ុណ្ណោះ។ លំហាត់ប្រាណនៅក្រៅ ឬហៅថាបែប outdoor នេះអាចផ្តល់ឲ្យអ្នកនូវការកាត់បន្ថយកាឡូរីបានខ្ពស់ជាងការហាត់នៅក្នុងក្លឹប ឬបែប indoor ។ ជាឧទាហរណ៍ស្រាប់ បើអ្នករត់ដោយម៉ាស៊ីន នៅក្នុងក្លឹប នោះអ្នកនឹងចំណាយថាមពលតិចជាង បើធៀបនឹងការរត់នៅក្រៅ ព្រោះអ្នកអាចនឹងត្រូវរត់បញ្ច្រាសខ្យល់រួមនឹងរបាំងធម្មជាតិផ្សេងៗទៀត។ បង្កើនប្រសិទ្ធភាព លោកអ្នកប្រហែលជាចំណាយពេលជាទូទៅ ៣០ នាទីក្នុងក្លឹបហាត់ប្រាណ ហើយមានអារម្មណ៍ថាពិតជាយូរខ្លាំងណាស់ មែនទេ? ជួនកាលធ្វើឲ្យអ្នក ឆាប់ធុញថប់ និងមិនសូវចង់ហាត់ ដែលពេលខ្លះជាហេតុផលធ្វើឲ្យអ្នកមិនសូវហាត់បានទៀងទាត់។ បើអញ្ចឹងមែន ប្តូរទម្លាប់ចាស់ហើយចាប់ផ្តើម ហាត់ប្រាណបែប outdoor នេះវិញម្តង លោកអ្នកអាចនឹងហាត់បានទ្វេដងដោយមិនដឹងខ្លួន មិនធុញព្រមទាំងជំរុញឲ្យលោកអ្នកហាត់បាន ទៀងទាត់ផង។ តើលោកអ្នកនឹងចាំដល់ពេលណាទៀត? ចាប់ផ្តើមពីថ្ងៃនេះ ឈានជើងចេញក្រៅ ដើរ រត់ ឬ ជិះកង់ សាកល៎មើល លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែក និងអត្ថប្រយោជន៍ដ៏ល្អទាំងនោះ…. ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកសន្លាក់ ជាធម្មតាតែងតែកើតឡើងសឹងតែមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានវ័យចំណាស់។ ការឈឺចាប់នៅទីតាំងសន្លាក់ ជាសញ្ញាដ៏ច្បាស់លាស់នៃជំងឺសន្លាក់ ហើយវាជាមូលហេតុធ្វើឲ្យមានការពិបាកក្នុងពេលធ្វើចលនា ភាពស្ពឹកស្រពន់ និងផ្តល់ភាពរំខាននានាក្នុង ជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណចំពោះអ្នកដែលមានជំងឺសន្លាក់ ត្រូវបានអ្នកជំនាញណែនាំឲ្យធ្វើដើម្បីជាការសម្រួលដល់ ការឈឺចាប់។ នឹកគិតដល់លំហាត់ប្រាណ ដូចជា ការដើរ រត់ជាដើម ប្រហែលជាអាចធ្វើឲ្យសន្លាក់កាន់តែមានភាពឈឺចាប់អំឡុងពេលហាត់ ដូច្នេះ ដើម្បីកុំឲ្យការហាត់ប្រាណជាបន្ទុកនោះ ការហែលទឹកអាចចាត់ទុកជាជម្រើសដ៏ល្អបំផុត។  ហេតុអ្វីការហែលទឹកជាជម្រើសល្អចំពោះអ្នករលាកសន្លាក់? ការហែលទឹក មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឬឆ្អឹង។ បើប្រៀបធៀបជាមួយការរត់ ឬដើរ ការហែលទឹកមិនសូវជា បន្សល់នូវការអស់កម្លាំង ឬការចុករួយខ្លាំងក្លា បន្ទាប់ពីហាត់នោះទេ មួយវិញទៀតវាក៏ជាកីឡាដែលផ្តល់នូវអារម្មណ៍សប្បាយរីករាយដែល អាចកាត់បន្ថយនូវភាពតានតឹងក្នុងចិត្តផងដែរ។  មូលហេតុដែលការហែលទឹកជាជម្រើសល្អសម្រាប់អ្នកមានជំងឺរលាកសន្លាក់គឺ៖ • នៅពេលអ្នកហែលទឹក ទម្ងន់ខ្លួនរបស់អ្នក ៩០% ត្រូវបានទ្រដោយទឹកដែលវាជួយឲ្យអ្នកមិនមានការឈឺចាប់នៅត្រង់សន្លាក់ពេលធ្វើ លំហាត់ប្រាណ។ • ការហែលទឹកជួយសម្រួលនូវភាពតានតឹងរបស់សាច់ដុំ។ • ការហែលទឹកក៏ជួយផងដែរនូវការកាត់បន្ថយហានិភ័យកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់នៅពេលក្រោយ ដោយវាជួយរក្សានូវកម្លាំងសាច់ដុំ ឲ្យមានស្ថេរភាព និងរចនាសម្ព័ន្ធរបស់សន្លាក់។   ការហែលទឹក មានអត្ថប្រយោជន៍យ៉ាងណាខ្លះ? អ្នកមានជំងឺរលាកសន្លាក់ ឬឆ្អឹង អាចធ្វើលំហាត់ប្រាណក្នុងទឹក ដោយគ្រាន់តែដើរ ឬរត់ក្នុងទឹក លោត និងហែលទឹកជាដើមដែលវាអាចផ្តល់នូវ ភាពវិជ្ជមានដល់សភាពជំងឺសន្លាក់របស់អ្នកតួយ៉ាង៖ • ពង្រឹងសាច់ដុំ៖ វាជាអត្ថប្រយោជន៍ដ៏ប្រសើរ ដោយហេតុថាពេលដែលសាច់ដុំមានភាពរឹងមាំ វាអាចកាត់បន្ថយសម្ពាធទៅលើសន្លាក់របស់អ្នក។ • សម្រួលការបត់បែន៖ ការហែលទឹកនឹងអាចការពារខ្លួនអ្នកពីបញ្ហាដែលអាចមានការប្រែប្រួលកាន់តែធ្ងន់ធ្ងរនាពេលខាងមុខតាមរយៈ ការរក្សានូវតុល្យភាពនៃសន្លាក់របស់អ្នក។ • កាត់បន្ថយការឈឺចាប់៖ ហែលទឹក ជាពិសេសក្នុងអាងទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ​ អាចជួយធ្វើឲ្យដំណើរសាច់ដុំរបស់អ្នកសម្រាក ដោយវាបង្កើននូវប្រព័ន្ធចរន្តឈាម បន្ថយភាពស្ពឹកស្រពន់ និងការឈឺចាប់។ អ្វីគួរយល់ដឹង អំឡុងពេលហាត់? • ចាប់ផ្តើមដោយសន្សឹមៗ មិនត្រូវបង្ខំខ្លួនឯងជាពិសេសត្រូវចាប់អារម្មណ៍ទៅលើភាពប្រែប្រួលនៃរាងកាយអ្នកថាតើការហែលទឹកបង្កឲ្យ មានការឈឺចាប់ ឬយ៉ាងណា។ • បញ្ឈប់ការហាត់ប្រាណភ្លាមៗ ប្រសិនវាបណ្តាលឲ្យមានការឈឺចាប់ • បន្តញ៉ាំអាហារសុខភាព និងមានជីវជាតិគ្រប់គ្រាន់ ដើម្បីកាន់តែមានថាមពល និងសន្លាក់ដែលមានសុខភាពល្អ។ ប្រសិនអ្នកមិនទាន់គិតដល់ក្នុងការចាប់ផ្តើមលំហាត់ប្រាណមួយណានៅឡើយ អ្នកប្រាកដជាអាចនឹងជួបនូវផលវិបាកកាន់តែច្រើន យកល្អ គួរចាប់ផ្តើមឲ្យបានឆាប់រហ័ស និងគួរមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចបាននូវទម្លាប់ទាំងនោះ ដោយហេតុការឈឺចាប់ និងស្ពឹកស្រពន់ ប្រាកដជាអ្វីដែលគ្មានអ្នកណាចង់បាននោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top