Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សព្វថ្ងៃនេះ ការលាបពណ៌សក់បានក្លាយជាទង្វើមួយដ៏ពេញនិយម​ជាពិសេសចំពោះយុវវ័យ ហើយក្នុងនោះក៏ឃើញថាក្នុងនោះ គឺជាមិត្តនារីផងដែរ។ លទ្ធផលដែលពួកគេនឹងទទួលបានអាចជាអ្វីដែលគាប់ចិត្ត ហើយជួនកាលក៏ធ្វើឲ្យគេខកចិត្តផងដែរ។ ហេតុនេះហើយមុននឹងសម្រេចចិត្តធ្វើវានោះ អ្នកចាំបាច់ត្រូវពិចារណាឲ្យបានម៉ត់ចត់ ពិសេសលើចំណុចទាំង៥ខាងក្រោមនេះ៖ 1. អ្នកអាចនឹងឃើញតារាល្បីៗដែលបានធ្វើការលាបពណ៌សក់ពេញទាំងអស់ដែលមើលទៅស្រស់ស្អាត​ ហើយគួរឲ្យទាក់ទាញជាទីបំផុតដែលជាហេតុជម្រុញអ្នកឲ្យចង់ធ្វើដូចជាពួកគេដែរ។ បើទោះជាមើលទៅមានលក្ខណៈប្លែកខ្លាំងដោយសារតែបម្រែបម្រួលស្ទើរតែទាំងស្រុងនេះក៏ដោយ សម្រាប់សក់ដែលមិនធ្លាប់លាបពីមុនសោះ អាចនឹងជាបទពិសោធន៍មួយដែលទាមទារនូវការត្រៀមចិត្តទុកជាមុន ជាមួយនឹងចំណាយច្រើន ហើយលទ្ធផលអាចនឹងមិនដូចនឹងអ្វីដែលខ្លួនបានរំពឹងទុកឡើយ។​ សម្រាប់សក់បែបនេះ អ្នកគួរចាប់ផ្តើមពីការលាបពណ៌ឆ្កឹះមួយដុំៗនៅខាងក្រោម ឬ ត្រង់ដុំណាមួយនៅចំហៀង ឬសក់មុខដែលបានកាត់។ 2. គួរចាប់ផ្តើមពីការលាបបែបឆ្កឹះៗ៖ សម្រាប់នារីដែលមានសក់ពណ៌ខ្មៅខ្លាំង និងពណ៌រាងទង់ដែង ការលាបពណ៌ពេញមួយក្បាលតែម្តងជាការប្រថុយមួយ។​ អ្វីដែលអ្នកត្រូវធ្វើមិនត្រឹមតែជាការជ្រើសរើសពណ៌ដែលខ្លួនចូលចិត្ត ហើយជះវាលើសក់សេះរបស់អ្នកនោះទេ។ ជំហានដំបូង អ្នកត្រូវធ្វើឲ្យក្លាយជារាងសសិន ដើម្បីឲ្យបានពណ៌ដែលភ្លឺដូចដែលអ្នកចង់បាន។ សក់ចាំបាច់ត្រូវមានរន្ធច្រើន ដើម្បីអាចស្រូបពណ៌បាន ហើយនៅពេលដែលអ្នកធ្វើឲ្យមានពណ៌រាងសនោះ អ្នកនឹងច្រានចេញនូវម៉ូលេគុលពណ៌ដែលមានស្រាប់នៅលើសក់របស់អ្នក​ ក្រោយមកទើបអ្នកដាក់ពណ៌ថ្មីចូល។ 3. ពណ៌ដែលអ្នកឃើញមិនមែនជាពណ៌ដែលអ្នកនឹងទទួលនោះទេ៖ វាស្រដៀងទៅនឹងពាក្យដែលគេនិយាយថា “កុំមើលវាយមនុស្សតាម សម្បកក្រៅ ឬ កុំវាយតម្លៃសៀវភៅតាមក្រប”ពណ៌ដែលអ្នកឃើញនៅលើប្រអប់ថ្នាំសក់នោះ រាងឌិតជាងពណ៌ ដែលនឹងលេចចេញលើ សក់របស់អ្នក ដោយសារសក់ត្រូវការម៉ូលេគុលពណ៌ជាច្រើន ដើម្បីឲ្យចេញពណ៌ឌិត។ ប្រសិនបើអ្នកធ្វើវាដោយខ្លួនឯងត្រូវប្រាកដថាខ្លួនអ្នកបានទិញ​ត្រឹមត្រូវ។ តែប្រសិនបើអ្នកជួបជាមួយនឹងអ្នកជំនាញនោះអ្នកអាចគ្រាន់តែប្រាប់គេទៅហើយគេអាចនឹងធ្វើការជ្រើសរើសបានល្អជាងអ្នក។ 4. ពិចារណាឡើងវិញពីទម្លាប់នៃការថែរក្សាសក់៖ សក់ដែលលាបពណ៌ពិតជាត្រូវការការថែទាំឌិតដល់ជាងសក់ធម្មជាតិ។ ហេតុនេះហើយ ផលិតផលសម្រាប់សក់នឹងមានការផ្លាស់ប្តូរជាមួយនឹងសភាពនៃសក់របស់អ្នកដែរ។ វាពិតជាត្រឹមត្រូវពិសេសចំពោះសាប៊ូដែលអាចនឹងបំផ្លាញនូវពណ៌សក់ដែលទើបនឹងលាបថ្មីរបស់អ្នក។ អ្នកជំនាញបានធ្វើការណែនាំឲ្យប្រើប្រភេទសាប៊ូដែលមិនមានស៊ុលផាត ព្រោះវាអាចរក្សាពណ៌ឲ្យនៅជាប់បានយូរ។ បើទោះជាអ្នកប្រើប្រាស់សាប៊ូដែលការពារការសាបពណ៌ក៏ដោយ ពណ៌នឹងសាបបន្តិចម្តងៗ រាល់ពេលដែលអ្នកកក់ម្តងៗ​ ដូច្នេះហើយ អ្នកគួរតែបន្លាយពេលវេលានៃការកក់សក់(កុំកក់ញឹកពេក)។ សាប៊ូដែលគួរប្រើ គឺ dry shampoo។ 5. ការរក្សាពណ៌ឲ្យនៅជាប់មិនមែនជារឿងងាយស្រួលនោះទេ៖  វាជារឿងមួយដែលមិនអាចចៀសបាន ដោយពណ៌នោះនឹងសាបទៅវិញ។ បើអ្នកចង់បានពណ៌ជាប់នោះ វាមិនជារឿងងាយនោះទេ។  បើអ្នកកក់សក់មួយ ទៅពីរដង ក្នុងមួយសប្តាហ៍អ្នកត្រូវទៅសាឡនរៀងរាល់ ២សប្តាហ៍ ដើម្បីឲ្យពណ៌នៅជាប់បានយូរ។ តែបើអ្នកកក់ញឹកញាប់ជាងនេះ អ្នកត្រូវទៅម្តងក្នុងមួយសប្តាហ៍ ដែលអាចនឹងធ្វើឲ្យអ្នករវល់ ហើយក៏ចំណាយប្រាក់ច្រើនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បំណិន​ ឬ​ជំនាញ​ជីវិត​ គឺ​ជា​អ្វី​មួយ​ដ៏​ចាំ​បាច់​បំផុត​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែឈោង​ចាប់​យក​ ជាពិសេស​បណ្តា​បុរសៗ​ដែល​នៅ​លីវ​មិន​ទាន់​មាន​​ភរិយា​ ដ្បិត​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​ពីក្រុមអ្នក​ជំនាញ​បញ្ហា​ជីវិត​បាន​បង្ហាញ​ថា​ ស្ត្រី​ភាគ​ច្រើន​បំផុត​ពេញ​ចិត្ត​បុរស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ណា​មួយ​ បើ​ទោះជំនាញ​មួយ​ចំនួន​នោះ​ហាក់​មិន​ចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស​ក្តី។​ តើ​ស្ត្រី​ចូល​ចិត្ត​បុរស​មាន​ជំនាញ​អ្វី​ខ្លះ ?​ ១-ចេះ​និយាយ​ភាសា​បរទេស​ណា​មួយ៖​ ពិតប្រាកដ​ណាស់​ នេះ​ជា​ជំនាញ​មួយ​ដែល​មនុស្ស​ពេញ​វ័យ​ពិបាក​នឹង​ចាប់​យក។ នេះជាមូលហេតុដែលជម្រុញឲ្យស្ត្រី​ឲ្យ​តម្លៃ និង​ចាប់​អារម្មណ៍​លើ​បុរស​ដែល​ចេះ​ភាសា​បរទេស​ ដ្បិត​ពួកគេ​យល់​ថា​ បុរស​ដែល​ចេះ​អាន សរសេរ​ និង​និយាយ​ភាសា​ជាតិ​សាសន៍​ដទៃ​បាន​ ប្រហែល​ជា​មាន​ការ​យល់​ដឹង​ខ្ពស់ និង​ទូលំទូលាយ​ពី​ស្ថាន​ការណ៍​ជុំវិញ​ពិភព​លោក​ផង​ដែរ​ ។​ ២-​ចេះ​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​៖​ សម្រាប់​បុរស​ដែលទើប​ស្គាល់​គ្នា​ជា​មួយ​ស្ត្រី​ណា​ម្នាក់​ជា​លើក​ដំបូង​ ការ​ចេះ​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាងពិរោះ​ គឺ​ជា​សមត្ថ​ភាព​មួយ​ដែល​អាច​ទាក់​ទាញ​នាងបាន។​ លើសពី​នេះ​ វា​ក៏​អាច​បង្ហាញ​ឲ្យឃើញ​នូវ​ចរិត​ឫកពាររបស់​អ្នក​ឲ្យ​បុរស និង​ស្ត្រី​ដទៃ​ទៀតបានឃើញ​ផង​ដែរ។​ បុរស​ដទៃ​អាច​នឹង​កោត​សរសើរ​ ព្រម​ទាំង​គោរព​ទទួល​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែលអាច​ធ្វើ​រឿង​រ៉ាវ​មួយ​ដែល​បណ្តា​មនុស្ស​ភាគច្រើន​ធ្វើ​មិន​កើត​។​ ៣-មានសមត្ថ​ភាព​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ (រថយន្ត​, ម៉ូតូ)៖​ ការរៀន​ពី​បច្ចេក​ទេស​ជួស​ជុល​ម៉ាស៊ីន​រថយន្ត​ ឬ​ម៉ូតូ​ មើលទៅ​ហាក់ដូចជា​សមត្ថ​ភាព​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ពិបាក។​ ប៉ុន្តែ​ដោយ​សំណាង​ល្អ​ អ្នក​មិន​ចាំបាច់​ចេះ​ច្រើន​នោះ​ទេ​ បើសិនគ្រាន់តែក្នុង​គោល​បំណង​ទាក់​ទាញ​ចិត្ត​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​នោះ។​ ចំណុច​សំខាន់ ​គឺ​អ្នក​ត្រឹម​តែ​អាច​យល់​ដឹង​ថា រថយន្ត ​ឬ​ម៉ូតូ​ខូច​អ្វី​ ពោល​គឺ​ប្រសើរ​ជាង​ចេះ​ត្រឹម​តែ​បើក​គម្រប​ម៉ាស៊ីន​ ហើយ​គ្រវី​ក្បាល​។ នេះ​ពិត​ជា​សំខាន់​ណាស់​ ជាពិសេស​ក្នុង​ខណៈ​អ្នក​កំពុង​ជូន​ស្ត្រី​ណា​ម្នាក់​ដើរ​កម្សាន្ត។​ មួយ​វិញ​ទៀត​ ការ​យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​របស់​ម៉ាស៊ីន​រថយន្ត​ឬ​ម៉ូតូ​ វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្លាយ​ជា​មនុស្ស​ចាញ់​បោក​ជាង​ជួស​ជុល​ដែល​មិន​ស្មោះត្រង់​នោះ​ទេ ។​ ៤-​ចេះ​រាំ និង​ច្រៀង​កម្សាន្ត៖​ បុរស​មិន​ចេះ​រាំ​ហាក់​ដូច​ជា​បាត់​បង់​សិល្បៈ​មួយ​ក្នុង​ការ​ទាក់​ទាញ​ស្ត្រី​ ដ្បិត​ក្នុង​ពេល​ចូល​រួម​ពិធី​ផ្សេងៗ​ ស្ត្រី​រមែង​ចង់​ឡើង​រាំ​ ជាពិសេស​ជាមួយ​ដៃគូ​បុរស​ណា​ម្នាក់​ដែល​នាង​ដឹង​ថា​កំពុង​តាម​ស្រឡាញ់​ និង​ចែចង់​នាង ។​ បុរស​មិន​គួរ​បញ្ចេញ​ភាព​ខ្មាស​អៀន​ញើត​ញើម​ក្នុងការ​បបួល​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ឲ្យ​ឡើង​រាំ​នោះ​ទេ ។​ ៥-​ចេះ​ចម្អិន​អាហារ​៖​ អ្នក​មិនចាំបាច់​ត្រូវ​ទៅ​រក​គ្រូ​បង្ហាត់​ដាំ​ស្ល ឬ​ទៅ​ទិញ​គ្រឿង​ផ្ទះ​បាយ​ដើម្បី​មក​រៀន​ធ្វើ​ម្ហូប​នោះ​ទេ។​ ចូរ​ចាប់​ផ្តើមជា​លក្ខណៈ​តូច​តាច​បានហើយ។​ ស្ត្រី​ជា​មិត្ត​ភក្តិ​របស់​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា​អ្នក​ចេះ​ធ្វើ​ម្ហូប​ ហើយ​នាង​អាច​នឹង​ចង់ដឹងថាអ្នកចេះ​ធ្វើ​ម្ហូប​អ្វី​ទៀត​ផង ។​ ៦-​មាន​សុខភាព​មាំ​មួន​ដូច​ជា​អត្ត​ពលិក៖​ ក្រៅ​ពី​សមត្ថ​ភាព​ដាំ​ស្ល​  ស្ត្រី​ក៏​ចាប់​អារម្មណ៍​ខ្លាំងណាស់​ដែរ​លើ​បុរស​ដែលមាន​រាង​កាយ​មាំ​មួន ។​ ពួក​នាង​ពិតជាចង់​ឲ្យ​អ្នក​ក្លាយ​ជា​បុរស​ម្នាក់​ដែល​មាន​កម្លាំង​ខ្លាំង​ដូច​ជា​អ្នក​លេង​កីឡា​ ពោល​គឺ​ឲ្យ​សម​ជា​កូន​ប្រុស​ដើម​ទ្រូង​៥​ហត្ថ  រឹង​មាំ​មិន​ទន់​ជ្រាយ​ដូចជាស្ត្រី​ភេទ ។​ ៧-រចនា​បថ និង​ការ​តុប​តែង​ខ្លួន៖​ ការតុប​តែង​ខ្លួ​នរបស់​បុរស ក៏​ជា​ចំណុច​មួយ​អាច​ទាក់​ទាញ​ស្ត្រី​បាន​ផង​ដែរ។​ ស្ត្រី​ភាគ​ច្រើន​មិន​ចូល​ចិត្ត​បុរស​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​នោះ​ទេ​ ។ ដូច្នេះ​ការ​កាត់​សក់​ខ្លី​ កោរ​ពុក​មាត់​ ស្លៀក​ពាក់​ស្អាត​បាត​ សុទ្ធ​តែ​ជា​ចំណុច​ដែល​ទាក់​ទាញ​ភ្នែក​ស្ត្រី ​។​ បណ្តា​ស្ត្រី​តែងតែ​រអ៊ូ​ថា បុរសៗ​កម្រ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​រូប​រាង​របស់​ខ្លួន​ខ្លាំង​ណាស់ ។ ៨-​ការ​និយាយ​ស្តី៖​ ថ្វី​មាត់​ក្នុង​ការ​និយាយ​ស្តី​ ក៏​ជាចំណុច​មួយ​ដែល​ស្ត្រីដាក់​ពិន្ទុ​ឲ្យ​បុរស​ផង​ដែរ។​ ការ​និយាយ​ស្តី​នៅ​ទី​នេះ​ គឺ​ចង់សំដៅ​ទៅលើ​ពាក្យ​ពេចន៍​ដែល​បុរស​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​ខ្លួន​ចាប់​អារម្មណ៍ ឬ​ស្ត្រី​ដែល​ខ្លួន​មិន​ដែល​ស្គាល់។​ ទាំង​អស់​នេះ​គឺទាម​ទារឲ្យ​មាន​ជំនាញ។​ ទន្ទឹម​នឹង​ការ​និយាយ​ស្តី​ បុរស​ក៏​ត្រូវ​មាន​ជំនាញ​ក្នុងការ​ស្តាប់​យោបល់​របស់​គូសន្ទនា​ផងដែរ​ ។ ស្ត្រី​ពិតជា​គិត​ថាសំខាន់​ចំពោះ​តុល្យ​ភាព​នៃ​ពាក្យ​ពេចន៍​សន្ទនា​។​ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។      

Share

សព្វថ្ងៃនេះ អាហាររបស់អ្នកកំពុងតែស្ថិតក្នុងស្ថានភាពមួយណា? មានទាំងគុណភាព និងធានាសុខភាព តែតម្លៃថ្លៃ ឬ មានគុណភាព តែមិនល្អចំពោះសុខភាព ហើយតម្លៃក៏ថ្លៃ ឬគ្មានទាំងគុណភាព និងសុខភាព តែតម្លៃថោក? មួយបែបទៀតគឺចម្រុះ ទៅតាមស្ថានភាពសេដ្ឋកិច្ច និងពេលវេលាជាដើម។ បើអាហារផ្តល់សុខភាព មានគុណភាព តែចំណាយតិចនោះ? ស្តាប់ទៅដូចជាពិបាក តែវាអាចទៅរួច តាមរយៈអត្ថបទខាងក្រោម៖ ជំនួសចំណីអាហារប្រភេទសាច់ដោយបន្លែ និង ស៊ុត ជំនួសឲ្យការបរិភោគសាច់ យើងគួរតែទទួលទានប្រភេទបន្លែឲ្យបានច្រើនដូចជា ពពួកសណ្ដែក ស្ពៃ និងស៊ុត​ដែលសុទ្ធសឹងតែជាបន្លែសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលផ្ដល់ផលល្អចំពោះសុខភាព ហើយថែមទាំងមានតម្លៃថោក និងងាយស្រួលរកទិញនៅតាមទីផ្សារ។​ មានគម្រោងច្បាស់លាស់ បង្កើតជាសបភីងលីស ហើយសួរខ្លួនឯងថា តើមានបន្លែ ឬសាច់អ្វីខ្លះ ដែលមាននៅសល់ក្នុងទូរទឹកកករបស់អ្នក តើអ្នកត្រូវធ្វើម្ហូបអ្វី ជាមួយនឹងបន្លែសាច់ទាំងនោះ មុនពេលដែលអ្នកទៅផ្សារ។ ធ្វើបែបនេះធ្វើឲ្យអ្នកចំនេញពេលវេលា និងអាចចៀសវាងការទិញចំណីអាហារច្រើនលើសលប់ ហើយមិនត្រូវបានប្រើប្រាស់។ កុំទៅសបភីងទាំងឃ្លាន បើអ្នកជាមនុស្សចូលចិត្តការញ៉ាំ ពិសេសចំណីកំប៉ិកកំប៉ុកដែលនឹងធ្វើឲ្យអ្នកចំណាយអស់ច្រើនទាំងមិនដឹងខ្លួន គួរសាកល្បងញ៉ាំអាហារជាប្រភេទផ្លែឈើ ឬផឹកទឹក ដែលផ្តល់អារម្មណ៍ឆ្អែតដល់អ្នក មុនពេលទៅទិញទំនិញដើម្បីកាត់បន្ថយចំណង់ក្នុងការទិញ និងការឃ្លានរបស់អ្នក។ បរិភោគចំណីអាហារដែលមិនសូវមានជាតិផ្អែម ចំពោះអ្នកដែលមានរសនិយមផ្អែម គួរតែបន្ថយចំណីអាហារដែលមានជាតិស្ករ ហើយជំនួសវិញដោយការជ្រើសរើសបន្លែផ្លែឈើដែលមានជាតិផ្អែមពីធម្មជាតិ ដូចជាពោត និងប៉េងប៉ោះផ្អែម ពីព្រោះអាហារផ្អែមៗ មិនត្រឹមតែមិនសូវមានប្រយោជន៍ តែក៏អាចឲ្យអ្នកប្រឈមទៅនឹងការកើតជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែមផងដែរ។ ទិញអាហារជាកញ្ចប់ធំ ឬទិញដុំ ការទិញអាហារជាកញ្ចប់ធំជាការសន្សំសំចៃមួយ ពីព្រោះវាមានតម្លៃថោកជាងការទិញរាយ ហើយថែមទាំងធ្វើឲ្យលោកអ្នកចំនេញពេលវេលា ដោយមិនចាំបាច់ចំនាយពេល ធ្វើដំណើរទៅផ្សារញឹកញាប់ទៀតផង។ បរិភោគអាហារទៅតាមរដូវកាលរបស់វា តម្លៃចំណីអាហារអាចមានការប្រែប្រួលទៅតាមរដូវកាលនៃការប្រមូលផលរបស់វា ឬរដូវកាលដែលវាសម្បូរ ហើយការទិញចំណីអាហារនៅអំឡុងពេលនេះ ធ្វើឲ្យអ្នកទិញបានទំនិញស្រស់ល្អ ហើយមានតម្លៃថោក និងសន្សំសំចៃបានច្រើន។ ចៀសសវាងការប្រើប្រាស់គ្រឿងស្រវឹង ហើយពិសារទឹកឲ្យបានច្រើន គ្រឿងស្រវឹងពិតជាមានតម្លៃថ្លៃ ហើយថែមទាំងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាព ដូចនេះដើម្បីកុំឲ្យខ្ចះខ្ចាយថវិកា និងទទួលបានសុខភាពល្អ អ្នកគួរចៀសវាងការពិសាគ្រឿងស្រវឹងតាមដែលអាចធ្វើបាន ផ្ទុយមកវិញ គួរពិសារទឹកឲ្យបានច្រើនវិញ ពីព្រោះទឹកគឺជាអ្វីដែលរាងកាយ និងសម្រស់របស់អ្នកត្រូវការបំផុត។ បង្កើតសួនបន្លែខ្លួនឯង ដាំដុះបន្លែដោយខ្លួនឯងគឺជាជម្រើសដ៏ល្អ ពីព្រោះវាអាចជួយឲ្យអ្នកប្រើប្រាស់នូវថវិកាអស់តិច​ ហើយទទួលបានផលិតផលធម្មជាតិ ដែលគ្មានជាតិគីមី។​ បន្លែមួយចំនួន ដូចជាប៉េងប៉ោះ ននោង ស្លឹកបាស សុទ្ធតែជាបន្លែដែលល្អចំពោះសុខភាព ហើយមានលក្ខខណ្ឌងាយស្រួលក្នុង​ការដាំដុះ។ ការមមាញឹករបស់អ្នកអាចធ្វើឲ្យអ្នករំលងសុខភាព ឬក៏ចំណាយច្រើនដោយមិនដឹងខ្លួន ដូចនេះចាប់ផ្តើមរៀបចំគម្រោងអាហាររបស់អ្នកនៅថ្ងៃនេះ ព្រោះមិនថាបញ្ហាសេដ្ឋកិច្ច ឬសុខភាពរបស់អ្នក និងក្រុមគ្រួសារ គឺសុទ្ធតែមិនអាចរង់ចាំបាន ហើយចាប់ពីពេលនេះទៅ ការមានសុខភាពល្អ មិនចាំបាច់ទាល់តែចំណាយច្រើនទៀតនោះទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

តែផ្តាសាយ ដឹងតា៎មិនស្រួលខ្លួនតែម្តង ក្អក កណ្តាស់ ក្តៅខ្លួន បើតិចតួចមិនអីទេ តែពេលខ្លះក៏ខ្លាំង ទ្រាំស្ទើរតែមិនចង់បាន ធ្វើការងារអីក៏មិនកើត។ អញ្ចឹង ចាំអង្កាល់..! ដើម្បីឲ្យឆាប់ជា ប្រហែលជាត្រូវទៅឱសថស្ថានហើយ ​តែថា ទៅដល់ហើយ មិនមែនសួររកតែថ្នាំឯណា អ្នកអាចនឹងត្រូវការលើសពីនេះ​។     ប្រភេទថ្នាំមិនត្រូវការវេជ្ជបញ្ជា៖ ថ្នាំប្រឆាំងការលាក​ សម្រាប់ជួយកាត់បន្ថយ ការរលាក បន្ថយកម្តៅ ឈឺក ឈឺក្បាល ឈឺសាច់ដុំយ៉ាងមានប្រសិទ្ធភាព ឬក៏ថ្នាំប៉ារ៉ាសេតាមុល ដែលត្រូវបានប្រើជាជម្រើសដ៏ល្អ សម្រាប់អ្នកកើតផ្តាសាយ ក្នុងការបំបាត់អាការៈក្តៅខ្លូន និងបំបាត់ការឈឺចាប់។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន អាចកាត់បន្ថយអាល្លែកហ្ស៊ី ពេលផ្តាសាយ ដូចជា ហៀរសំបោរ កណ្តាស់ ហៀរទឹកភែ្នក និងកន្ទួលរមាស់ ដែលវាក៏អាចជួយឲ្យគេងលក់ស្រួលបានទៀតផង។ ក្រៅពីនោះ ថ្នាំក្អក ថ្នាំបំបាត់តឹងច្រមុះ និងថ្នាំកាត់ស្លេស្ម ឬថ្នាំរំលាយស្លេស្ម៍ ដែលកកជាប់នៅនឹងបំពង់ក ក៏គួរគិតដល់ផងដែរប្រសិនបើអ្នក មានអាការៈទាំងអស់នោះ។ ប្រភេទវីតាមីននិងរ៉ែ៖​ រួមមាន វីតាមីនC និងគ្រាប់ថ្នាំស័ង្គសី ជាញឹកញាប់ត្រូវបានណែនាំឲ្យប្រើ ដើម្បីសម្រួលបំពង់ក បំបាត់អាការៈឈឺក ព្រមទាំង បង្កើនប្រព័ន្ធការពាររាងកាយ ជួយឲ្យឆាប់ជាសះស្បើយពីជំងឺ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍ផ្តាសាយតែម្តង។ ប្រភេទប្រេងខ្យល់ឬប្រេងកូឡា៖ ជួយសម្រួលអាការៈ ឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ដែលផ្តល់ឲ្យលោកអ្នក នូវក្លិនដ៏ស្រស់ស្រាយ និងសម្រួលការដកដង្ហើម ទៀតផង។ គ្រឿងបន្ទាប់បន្សំ៖ ទឹក​ ឬក្រដាសសើមកំចាត់មេរោគ ដែលងាយស្រួលក្នុងការដាក់ជាប់ខ្លួន សម្រាប់សម្អាតដៃអ្នកជាប្រចាំ ព្រោះវាចាំបាច់ក្នុងការកាត់បន្ថយការចម្លង។ ក៏មានផងដែរ នូវក្រដាសជូតមាត់ស្ងួត ទែម៉ូម៉ែត្រសម្រាប់វាស់កម្តៅ ដើម្បីឲ្យប្រាកដថា អ្នកពិតជាឡើងកម្តៅប្រាកដមែន និងកៅអៀក ដើម្បីកាត់បន្ថយអាការៈឈឺសាច់ដុំ ដែលអាចកើតមានអំឡុងពេលផ្តាសាយជាដើម។ ដំបូន្មានល្អៗពីឱសថការី៖ កុំភ្លេចឲ្យសោះណា​ ស្តាប់ដោយប្រុងប្រយ័ត្ន នូវដំបូន្មានពីឱសថការី ដើម្បីថែរក្សាខ្លួនក្នុងអំឡុងពេលនេះ ក៏ដូចជា ការណែនាំដែលផ្តល់ឲ្យលោកអ្នក នូវការប្រើប្រាស់ថ្នាំត្រឹមត្រូវ រួមនឹងបម្រុងប្រយ័ត្នមួយចំនួនក្នុងពេលប្រើប្រាស់ផងដែរ។   ការពិត សុទ្ធតែជារបស់សាមញ្ញដែលអ្នកស្គាល់ ក៏ប៉ុន្តែពួកវាពិតជាអាច ផ្តល់ផាសុកភាពដល់អ្នកជាងមុន ទោះបីជាអ្នកកំពុងតែវាយលុក ដោយអាការៈដ៏គួរឲ្យធុញ នៃជំងឺផ្តាសាយក៏ដោយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ស្រ្តីគ្រប់រូបសុទ្ធតែបានជួបប្រទះនូវការឈឺចាប់ត្រង់ផ្នែកពោះ ឬចុករោយខ្នងជារៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះឈឺចាប់ខ្លាំង រហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ ​វានឹងបាត់បង់ទៅវិញក្នុងរយៈពេល ២ឬ៣ថ្ងៃបន្ទាប់។​ គ្មានវិធីសាស្រ្តណាដែលអាចលុបបំបាត់ការឈឺចាប់នេះបានទាំងស្រុងទេ​ មានតែវិធីសម្រាលការឈឺចាប់តែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវការឈឺចាប់ទាំងនោះ ហេលស៍ថាម នឹងបង្ហាញវិធីសាស្រ្ត៤យ៉ាងដូចខាងក្រោម៖ ១. ប្រើប្រាស់ថង់កំដៅ  ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក​ អាចប្រសើរជាងការប្រើប្រាស់ថ្នាំ។​ អ្នកអាចប្រើប្រាស់ថង់ទឹកក្តៅ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់នៃស្បែកនៅលើខ្នង និងពោះផ្នែកខាងក្រោម។​ បច្ចុប្បន្ន ថង់ទឹកក្តៅដែលលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចលោកអ្នកអាចជ្រើសរើសតាមតម្រូវការ ដែលប្រភេទខ្លះអ្នកអាចពាក់វាបានតាមខ្លួនទៀងផង។ ២. ផឹកទឹកក្តៅ វិធីមួយទៀត គឺបរិភោគទឹកក្តៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្តៅ ឬទឹកក្តៅឧណ្ហៗ ធ្វើឲ្យចលនារត់របស់ឈាមបានល្អទៅកាន់កន្លែងសាច់ដុំរមួល​ ដើម្បីបន្ថយការឈឺចាប់។ ៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបាន​ ដោយធ្វើការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកនៅលើពោះ ឬខ្នង បន្ទាប់មកសង្កត់  ហើយច្របាច់តិចៗនៅកន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែលមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវបា្រកដថាកុំសង្កត់ខ្លាំងពេក។ ៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំ មានអារម្មណ៍ថាការឈឺចាប់ថយចុះ នៅពេលពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ នេះក៏ជាហេតុផលមួយទៀត ដែលអ្នកចាំបាត់ត្រូវចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត​ បើមានការឈឺចាប់ខ្លាំង។ ម៉្យាងវិញទៀត អ្នកក៏អាចជំនួសកាហ្វេរបស់អ្នកបាន ដោយការផឹកតែខ្មៅ។ គ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ​ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត​ ដោយហេតុ​ថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង... ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ធុរ៉េនត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានការពេញនិយមខ្លាំង គ្រាន់តែកាលរដូវកាលរបស់ធុរ៉េនដល់ភ្លាម ធ្វើដំណើរទៅណាក៏ធុំក្លិនធុរ៉េនដែរ អ្នកដែលចូលចិត្តនឹងយល់អារម្មណ៍មួយនេះ(មិនបានញ៉ាំបានតែហិតក្លិនក៏អស់ចិត្ត)។ ភាគច្រើនគេចូលចិត្តញ៉ាំសាច់ធុរ៉េនផ្ទាល់ ឬច្នៃជាបង្អែមផ្សេងៗ។ រសជាតិ និងក្លិនធុរ៉េនអាចច្នៃទៅជាបង្អែមបានច្រើនយ៉ាង ដូចជាសង់ខ្យាធុរ៉េន ឬនំដុតជាដើម។ តើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ? ការពិតទៅយើងគ្រាន់តែបន្ថែម​ ធុរ៉េនចូលបង្អែមចេកខ្ទិះ ដើម្បីបង្កើនឱជារសរបស់វាមួយកម្រិតទៀត។ គ្រឿងផ្សំ៖ • ចេកទុំ ចិតជាចំណិតៗ • ធុរ៉េន បកយកសាច់ និងបំបែកជាបំណែកតូចៗ • សណ្តែកប្រេង លីងឲ្យមានក្លិនឈ្ងុយល្មម • គ្រាប់សាគូស ត្រាំទឹកឲ្យរីក • ខ្ទិះដូង • ស្ករស ឬស្ករត្នោត របៀបធ្វើងាយៗ៖ • ដាក់ដាំទឹកមានលាយខ្ទិះដូងខ្លះកាន់តែល្អ • ដាក់ចេកទុំចូល ប្រហែល៥នាទីរួចដាក់សណ្តែកប្រេងចូល • រំងាស់ប្រហែល១០នាទីទៀត • បន្ទាប់មកបន្ថែមគ្រាប់សាគូសចូល ទុកប្រហែល២នាទី • រួចដាក់សធុរ៉េន ស្ករ និអំបិលចូល អាស្រ័យតាមរសជាតិដែលអ្នកចង់បានជាការស្រេច បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់.... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសម្ពោធបើកជាផ្លូវការ ក្នុងបរិវេណអាគារ Exchange Square ដែលមានការិយាល័យនៅជាន់ទី១២ នៃអាគារ Exchange Square នេះផងដែរ។ ការសម្ពោធនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Edmund Tse អភិបាលនៃក្រុមហ៊ុន AIA Group Limited និងគណៈអធិបតីកិត្តិយសទាំងអស់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលនានា។  ក្នុងឱកាសសម្ពោធជាផ្លូវការនេះ Ng Keng  Hooi អគ្គនាយកប្រតិបត្តិ និងប្រធានចាត់តាំង នៃក្រុមហ៊ុន អេ អាយ អេ គ្រុប លីមីធីត បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណដល់ អេ អាយ អេ។ សព្វថ្ងៃ អេ អាយ អេ មានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ហើយលោកបន្ថែមទៀតថា យើងនឹងធ្វើការអបអរសារទរខួប១០០ឆ្នាំ ក្នុងឆ្នាំ២០១៩។ លោកបានប្តេជ្ញាចិត្តចំពោះការមកដល់កម្ពុជារបស់ អេ អាយ អេ ដើម្បីជីវិតពិត នឹងផ្តល់ជូននូវសុវត្ថិភាពហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត ជូនប្រជាជនកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។  លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ  អេ ខេមបូឌា ក៏បានថ្លែងអំណរគុណដល់ការជួយជ្រោមជ្រែងពីដៃគូរបស់ខ្លួន គឺធានាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុន Smart Axiata សម្រាប់ការជឿទុកចិត្ត និងឆន្ទៈសហការយ៉ាងពិតប្រាកដ។ បន្ថែមពីនេះក៏មានការ ចុះហត្ថលេខារវាងធនាគារកម្ពុជាសាធារណៈ ក្នុងនាមជាភ្នាក់ងារណែនាំអតិថិជន និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេអាយអេ ខេមបូឌានៅជាន់ផ្ទាល់ដី នៃអាគារធនាគារកម្ពុជាសាធារណៈបន្ទាប់ពីធ្វើសន្និសិទកាសែត ក្នុងការិយាល័យ អេអាយអេ ជាន់ទី១២ នៃអាគារExchange Square។  អ្វីដែលពិសេសនោះ គឺក្នុងថ្ងៃទី០៦ឧសភានេះផងដែរ អេអាយអេ រៀបចំការប្រគុំតន្រ្តីមួយដែលហៅថា ដើម្បីអបអរការសម្ពោធជាផ្លូវការរបស់អេអាយអេ។ ក្រោមវត្តមានរបស់តារាល្បីៗជាច្រើនដូចជាលោកព្រាបសុវត្ថិ កញ្ញាពេជ្រ សោភា និងក្រុមក្មេងខ្មែរជាដើម។ ក្រៅពីនោះក៏មានការហាត់យោគៈជាមួយឌីជេ ណាណា និងការលេងហ្គេមផ្សេងៗផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៤រសៀលនេះទៅ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                     

Share

សព្វថ្ងៃក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ជាការពិតណាស់ទូរបំរុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ទោះជាយ៉ាងណាក៏ដោយមិនមែនទូរបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួនដើម្បីប្រាកដថាទូរថ្នាំរបស់អ្នកតែងតែផ្តល់នូវសារៈប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការនិងមិនបង្កផលរំខានណាមួយដល់អ្នកឬគ្រួសារឡើយ។ តើទូរបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ? ១.    សំភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគលឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។ • សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។ ២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថាអ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។ • សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។ ៣.    សំភារៈបន្ទាប់បន្សំ • បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល •  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ • ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង • ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ • ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ • ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។ តើគួររក្សាទុកទូរ ឬប្រអប់ថ្នាំនេះនៅកន្លែងណា? ការដាក់នៅកន្លែងត្រឹមត្រូវគឺដើម្បីធានាបាននូវគុណភាពសំភារៈនិងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុក ទូរឬប្រអប់សង្រ្គោះបន្ទាន់គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅនិងសំណើមដូចនេះត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។ លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀតវាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូរនោះដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែកអ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូរ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ដើម្បីដឹងថា តើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយអ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួលនិងឆាប់រហ័ស។ ត្រូវចងចាំថាទូរថ្នាំរបស់អ្នកអាចជួយអ្នកបានដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជាទូទៅ មធ្យោបាយដើម្បីដឹងថាមានផ្ទៃពោះគឺ ប្រាកដណាស់ថាជាការធ្វើតេស្ត។ ទន្ទឹមនឹងនេះ យើងក៏អាចសម្គាល់ទៅលើរោគសញ្ញាដំបូងមួយ ចំនួនរបស់ស្រ្តីដែលកំពុងមានផ្ទៃពោះផងដែរ។  ការមានផ្ទៃពោះតែងតែស្តែងចេញនូវរោគសញ្ញាផ្សេងៗគ្នាពីស្រ្តីមា្នក់ទៅស្រ្តីម្នាក់ ហើយពីកូនដំបូងទៅកូនបន្ទាប់។ ដោយរោគសញ្ញាខ្លះវាតែងតែ កើតឡើងរួចទៅហើយក្នុងអំឡុងពេលដែលស្រ្តីមានរដូវ ដែលធ្វើឲ្យមានការពិបាកក្នុងការកត់សម្គាល់។ រោគសញ្ញាមួយចំនួនទៀតសោត ក៏អាច មានលក្ខណៈស្រដៀងទៅនឹងអាការៈជំងឺមួយចំនួនទៀតផង។ វាអាចបណ្តាលអោយច្រឡំគ្នាទៅនឹងការមានផ្ទៃពោះ។ ដូច្នេះ មធ្យោបាយ​ដែលពិត ប្រាកដ នៅតែជាការធ្វើតេស្តដដែល។ ខាងក្រោមនេះគឺជារោគសញ្ញាដែលតែងតែកើតមានចំពោះស្រ្តីមានផ្ទៃពោះ៖ ការធ្លាក់ឈាម និងឈឺចាប់ រយៈពេល ២ ឬ ៣ ថ្ងៃបន្ទាប់ពីការបង្កកំណើត ស៊ុតចាប់ផ្តើមរំកិលខ្លួនទៅក្នុងតួស្បូន និងធ្វើការកាច់សំបុក។ វាក៏បានស្តែងចេញនូវរោគសញ្ញា ដំបូង គឺមានការឈឺចាប់តិចតួច និងការធ្លាក់ឈាមតិចៗ (implantation bleeding)ដែលធ្វើឲ្យមានការច្រឡំទៅនឹងការមករដូវរបស់ ស្រ្តី។  វាកើតឡើងគ្រប់ពេលចន្លោះពីថ្ងៃទី ៦ទៅ ១២ ក្រោយការកាច់សំបុក។ ដោយសារមានការឈឺចាប់តិចៗ និងការធ្លាក់ឈាមមានតិចតួច ដែលធ្វើឲ្យស្រ្តីទូទៅគិតថាជាការមករដូវ។ ក្រៅពីការធ្លាក់ឈាម ស្រ្តីគួរតែសម្គាល់ទៅលើទឹករំអិលពណ៌ ស អន្លាយៗដែលហូរចេញពីទ្វារមាសដែល បញ្ជាក់ពីការរីកក្រាស់របស់ជញ្ជាំងស្បូន។ វាកើតឡើងតាំងពីពេលមានការកាច់សំបុក ហើយការរីកក្រាស់របស់កោសិកាជញ្ជាំងស្បូនបង្កើតឲ្យមាន ជាតិទឹករំអិលពណ៌ ស (ធ្លាក់ស) ។ ទឹករំអិលនេះទៀតសោត កើតមានជានិច្ចក្នុងអំឡុងពេលមានផ្ទៃពោះ និងមិនបង្កឲ្យមានបញ្ហាអ្វីនោះទេ ហើយក៏មិនត្រូវធ្វើការព្យាបាលអ្វីដែរ។ ប៉ុន្តែ ប្រសិនបើទឹករំអិលនេះមានក្លិនមិនល្អ បង្កឲ្យមានអារម្មណ៍រមាស់ និងរលាកត្រូវទៅជួបគ្រូពេទ្យដើម្បី បញ្ជាក់ពីមូលហេតុដែលបង្ក អាចមកពីផ្សិត ឬបាក់តេរី។  ការប្រែប្រួលទំហំដើមទ្រូង ការប្រែប្រួលទំហំដើមទ្រូងជាសញ្ញាមួយផ្សេងទៀតដែលអាចបញ្ជាក់ពីការមានផ្ទៃពោះ។ ការកើនឡើងនូវកម្រិតអ័រម៉ូនរបស់ស្រ្តីយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្កកំណើត ធ្វើឲ្យទំហំដើមទ្រូងមានការរីកធំ ឈឺស្រគៀល និងតឹងណែន ហើយមានអារម្មណ៍ធ្ងន់ៗ។ ចំណែកចុងសុដន់ប្តូរពី ពណ៌ត្នោតទៅជាពណ៌ក្រម៉ៅ។ វាតែងតែកើតឡើងនៅសប្តាហ៍ទី១ ឬ២ បន្ទាប់ពីការបង្កកំណើត។ បើការប្រែប្រួលនេះជាសញ្ញាដំបូងនៃការមាន ផ្ទៃពោះ អាការៈត្រូវមានរយៈពេល ២ទៅ ៣សប្តាហ៏ដើម្បីស៊ាំនឹងការកើតឡើងនូវកម្រិតអ័រម៉ូននេះ។ ប៉ុន្តែ បើអាការៈនៅតែបន្ត យើងគួរតែជួប គ្រូពេទ្យ។ ភាពល្ហិតល្ហៃ ភាពល្ហិតល្ហៃតែងតែកើតមានឡើងចំពោះស្រ្តីមានផ្ទៃពោះ ចាប់តាំងពីសប្តាហ៍ដំបូងនៃការបង្កកំណើត។ វាកើតឡើងដោយសារតែអ័រម៉ូន (progesterone) មានកម្រិតខ្ពស់ហើយក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតដូចជា ខ្វះជាតិស្ករក្នុងឈាម សម្ពាធឈាមចុះទាប និងការ ផលិតគ្រាប់ឈាមមិនគ្រប់គ្រាន់។ ប្រសិនបើភាពល្ហិតល្ហៃជាសញ្ញានៃការមានផ្ទៃពោះ យើងគប្បីសម្រាកឲ្យបានច្រើន និងញុំាអាហារដែលសម្បូរ ដោយប្រូតេអ៊ីន និងសារធាតុដែក។ ក្អួតចង្អោរ (ពេលព្រឹក) ការក្អួតចង្អោរគឺជាសញ្ញាញឹកញាប់ដែលកើតមានឡើងចំពោះស្រ្តីនៅអំឡុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាមិនបានកើតឡើងគ្រប់ស្រ្តីមានផ្ទៃពោះនោះ ទេ។ មិនមានមូលហេតុច្បាស់លាស់ណាមួយដែលបញ្ជាក់ពីការក្អួតចង្អោរនេះទេ ប៉ុន្តែវាអាចបង្កដោយអ័រម៉ូនអំឡុងពេលមានផ្ទៃពោះតែប៉ុណ្ណោះ។ ការក្អួតចង្អោរតែងតែកើតមានគ្រប់ពេលទាំងអស់ ប៉ុន្តែភាគច្រើនគឺនៅពេលព្រឹក។ ស្រ្តីមួយចំនួនអាចទ្រាំទ្របាន និងមួយចំនួនទៀតមិនអាច ទ្រាំទ្របានទេអាស្រ័យលើរបបអាហារពេលដែលគាត់ញុំាក្នុងអំឡុងពេលមានផ្ទៃពោះ។ អាការៈនេះអាចបាត់ទៅវិញនៅសប្តាហ៍ទី១៣ ឬ១៤ (៣ ខែ ទៅ ៣ខែកន្លះ)។ ក្នុងអំឡុងពេលនេះ ស្រ្តីទាំងអស់គប្បីញុំាអាហារណាដែលល្អចំពោះសុខភាព អាចឲ្យទារកលូតលាស់បានល្អ និងទទួលបាន នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ក្នុងករណីនេះ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីពិភាក្សាពីរឿងនេះ។ ការបាត់រដូវ ការបាត់រដូវគឺជាសញ្ញាទី ១ ដែលជាក់លាក់របស់ស្រ្តីអាចបញ្ជក់ថាមានផ្ទៃពោះយ៉ាងពិតប្រាកដ។ ប៉ុន្តែមិនមានន័យថាការបាត់រដូវ ឬរដូវមកយឺត ទាំងអស់សុទ្ធតែជាមូលហេតុនៃការមានផ្ទៃពោះនោះទេ។ ស្រ្តីមួយចំនួនក៏អាចជួបប្រទះនឹងការធ្លាក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះនេះដែរ។ ប្រសិនក្នុងករណីនេះ ស្រ្តីគួរតែទៅជួបគ្រូពេទ្យដើម្បីយល់ដឹងពីមូលហេតុនៃការធ្លាក់ឈាមនេះ ថាតើវាជាការធ្លាក់ឈាមធម្មតាឬក៏ជាសញ្ញា អាសន្ន។ ចំពោះការបាត់រដូវនេះក៏មានមូលហេតុផ្សេងទៀតផងដែរក្រៅពីការមានផ្ទៃពោះ ដូចជាការឡើងគីឡូ ឬស្រកគីឡូពេក បញ្ហា បម្រែបម្រួលអ័រម៉ូន ភាពល្ហិតល្ហៃ ស្រេ្តសជាដើម។ ការបាត់រដូវនេះក៏អាចបណ្តាលមកពីស្រ្តីដែលធ្លាប់លេបថ្នាំពន្យារកំណើត ប៉ុន្តែបានផ្អាកការ លេបថ្នាំវិញ។ សញ្ញាដំបូងផ្សេងៗទៀត៖ -ការនោមញឹក ៖ ស្រ្តីតែងតែមានអាការៈនេះនៅចន្លោះសប្តាហ៍ទី ៦-៨ បន្ទាប់ពីមានការបង្កកំណើត ដោយសារការកើនឡើងនូវកម្រិតអ័រម៉ូន។ ប៉ុន្តែវាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរដូចជា ការរលាកផ្លូវនោម ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមហួសកំណត់។ -ការទល់លាមក ៖ អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូន (progesterone) កើនឡើងខ្ពស់ អាចបណ្តាលឲ្យមានការទល់លាមក។ ដូចនេះ ដើម្បីបន្ធូរបន្ថយរោគសញ្ញានេះ ត្រូវញុំាទឹកឲ្យបានច្រើន ញុំាអាហារដែលសំបូរជាតិសរសៃ (fiber) និងការធ្វើហាត់ប្រាណ។ -ការផ្លាស់ប្តូរអារម្មណ៏ ៖ វាតែងតែកើតឡើងក្នុងអំឡុងពេលត្រីមាសទី១ (៣ខែដំបូង) នៃការមានផ្ទៃពោះដោយសារមានការកើនឡើងនូវ កម្រិតអរម៉ូន។ -ឈឺក្បាល និងឈឺខ្នង ៖ ស្រ្តីមានផ្ទៃពោះមួយចំនួនតែងតែមានអាការៈឈឺក្បាល និងមួយចំនួនទៀតមានអាការៈឈឺខ្នងចង្កេះ។ -វិលមុខ និងសន្លប់ ៖ អាការៈនេះតែងកើតឡើងដោយសារបញ្ហាសម្ពាធឈាមទាប ការបញ្ជូនឈាមទៅចិញ្ចឹមកោសិកាយឺត កម្រិតជាតិស្ករ ក្នុងឈាមទាប។ ចំពោះស្រ្តីដែលគ្រប់អាយុរៀបការដែលមានការបាត់រដូវ ឬក៏សញ្ញាទាំងឡាយណាដែលសង្ស័យថាមានផ្ទៃពោះ គប្បីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តពិនិត្យឲ្យបានជាក់លាក់  ចៀសវាងការប៉ាន់ស្មានដោយគ្មានអំណៈអំណាង។ អានបន្ថែមពីដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃតាមសប្តាហ៍ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ក្រៅពីអណ្តាតជាប់ដែលជាផលពិបាកនៅពេលបំបៅដោះទារក នៅមានបបូរមាត់ជាប់ ដែលបបូរមាត់ខាងលើជាប់ជាមួយនឹងសាច់អញ្ចាញខាងមុខដោយភ្នាស់ម៉្យាងឈ្មោះ Maxillary Frenum។ ហើយភ្នាស់មួយនេះមិនមានផលប្រយោជន៍អ្វីទេផ្ទុយទៅវិញវាមានផលរំខានជាច្រើននៅពេលវាភ្ជាប់បបូរមាត់ និងសាច់អញ្ចាញកាន់តែតឹង។ ភ្នាស់នេះផ្តល់ភាពលំបាកនៅពេលបំបៅដោះទារកដោយទារកមិនអាចបើកមាត់ធំនិងបឺតយកទឹកដោះបានស្រួល។ ហើយម្យ៉ាងទៀតវាអាចបណ្តាលឲ្យធ្មេញពុក ចន្លោះកណ្តាលធ្មេញមុខ បញ្ហាអញ្ចាញ និងបញ្ហាដែលទាមទារឲ្យមានការពត់ធ្មេញ ហើយបបូរមាត់ក៏មានភាពលំបាកក្នុងការធ្វើចលនា និងតួនាទីដទៃទៀតដូចជាពេលញញឹម និងនិយាយ។ ជាធម្មតាការព្យាបាលភ្នាសជាប់នេះមិនត្រូវការធ្វើនៅបន្ទប់វះកាត់ឬប្រើថ្នាំសន្លប់ទេ។ ចំណាត់ថ្នាក់នៃ Maxillary Frenum របស់ក្មេងតូចៗនៅលើកុមារតូចៗដែលមានអាយុចាប់ពី ៨ខែដល់៣ឆ្នាំយើងឃើញថាមានចំណាត់ផ្សេងៗចំនួន ៤ដែលគួរឲ្យកត់សំគាល់: ប្រភេទទី១ : Frenumធម្មតា ប្រភេទទី២ : ភ្នាសនៅលើធ្មេញ ប្រភេទទី៣ : ភ្នាសលាតសន្ធឹងនៅចន្លោះធ្មេញ ប្រភេទទ៤ :  ភ្នាសលាតសន្ធឹងទៅដល់ក្រអូមមាត់ ការព្យាបាល ការព្យាបាលបបូរមាត់ជាប់នេះមិនពិបាកប៉ុន្មានទេ។ យើងអាចព្យាបាលដោយការវះកាត់ឬដោយឡាហ្សែរ។ ចំពោះទារកការព្យាបាលមិនទាមទារការចាក់ថ្នាំស្ពឺកនោះទេដោយគ្រាន់តែប្រើប្រភេទជែល១នាទីមុនធ្វើការព្យាបាល។ តែប្រសិនបើក្មេងរៀងធំបន្តិចគឺត្រូវប្រើថ្នាំស្ពឹកជាជំនួយ។ ក្រោយពីធ្វើការព្យាបាល ១. ឧស្សាហ៍ទាញបបូរមាត់កុំឲ្យនៅស្អិតជាប់ជា-មួយនឹងអញ្ចាញដោយវាងាយនឹងជាប់វិញ(ករណីព្យាបាលដោយឡាហ្សែរ) ២. អាចនឹងមានហើមតិចៗដោយបាត់ទៅវិញបន្ទាប់ពី ២៤ទៅ ៣៦ម៉ោងក្រោយព្យាបាល។ គួរប្រើទឹកកកស្អំដើម្បីកាត់បន្ថយការហើមនេះ។ ៣. អាចប្រើថ្នាំ Tylenol ឬប្រភទដូចគ្នានេះប្រសិនបើទារកមិនមានអាការៈល្អ ៤. ប្រើជែលបំបាត់ភាពឈឺចាប់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។           

Share

នៅពេលយើងឈានដល់វ័យកណ្តាល ភាពអស់កម្លាំងគឺជាការត្អូញត្អែរដ៏ញឹកញាប់បំផុត ក៏ប៉ុន្តែយើងនឹងមានវិធីច្រើនយ៉ាងដើម្បីបង្កើននូវកម្លាំង ដោយវិធីខ្លះអាចនឹងជួយឲ្យក្មេងជាងវ័យផងដែរ។ទាំងនេះជាគន្លឹះក្នុងការជួយឲ្យអ្នកមានកម្លាំងមាំមួនៈ 1. យល់ដឹង និងដោះស្រាយបញ្ហា ការនឿយហត់អស់កម្លាំង គឺជារោគសញ្ញានៃជំងឺជាច្រើន ដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ហើយភាពនឿយហត់ ក៏អាចបណ្តាលមកពីថ្នាំមួយចំនួនដែលអ្នកអាចនឹងទទួលទានប្រចាំថ្ងៃ ដូចជាថ្នាំលើសឈាមជាដើម។ 2. លំហាត់ប្រាណ អ្នកប្រាកដជាគិតថាការធ្វើលំហាត់ប្រាណជាសកម្មភាពមួយដែលនឿយហត់ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថាការហាត់ប្រាណច្រើន ជាពិសេសយោគ: នឹងធ្វើឲ្យយើងមានកម្លាំងកំហែងស្វាហាប់ល្អ។ 3. ការទទួលទានទឹក ការបាត់បង់ជាតិទឹកធ្វើឲ្យសរីរាង្គចុះខ្សោយ។ តើពេលណាទើបយើងដឹងថាយើងបរិភោគទឹកគ្រប់គ្រាន់? ជាធម្មតានៅពេលដែលទឹកនោមមានពណ៌លឿងខ្ចី ឬពណ៌ចំបើង តែប្រសិនបើវាមានពណ៌ក្រម៉ៅ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន។ 4. បរិភោគសាច់ត្រី ប្រេងអូមេហ្កាបី មានគុណប្រយោជន៍សំខាន់ណាស់សម្រាប់ដាស់បេះដូង។ តាមការស្រាវជ្រាវបានឲ្យដឹងថានៅពេលបរិភោគអាហារប្រភេទនេះ ខួរក្បាលនឹងគិតបានរហ័ស និងមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អនិងមានកម្លាំងមាំមួន។ 5. គេងឲ្យបានគ្រប់គ្រាន់ ការទទួលដំណេកមិនគ្រប់គ្រាន់នឹងប្រឈមមុខការហត់នឿយនៅពេលថ្ងៃ។ ប្រសិនបើអ្នកគេងមិនទាន់ឆ្អែត អ្នកអាចគេងថ្ងៃ១០នាទីដោយមិនឲ្យលើសពី៣០នាទីឡើយ ព្រោះអ្នកនឹងមានបញ្ហាពេលគេងនៅពេលយប់។ ហើយបើអ្នកញ៉ាំកាហ្វេ ក្រោយក្រោកពីគេង នោះអ្នកនឹងមានអារម្មណ៍កាន់តែស្រស់ថ្លា។ 6. បរិភោគតិចតែច្រើនដង ការបរិភោគតិចតែច្រើនដងនៅពេលថ្ងៃជួយធ្វើឲ្យកម្រិតស្ករនៅក្នុងឈាមមានលំនឹងល្អ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

Share

សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជា​​​​​​​​​​​​​​​ឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖ · អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។ · ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។ · ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។ · ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។ · បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀង ពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ​ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។ · ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន​ ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។ · ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល​​ ប​ណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។ · ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

Share
Top