
- Apr 10, 2017 |
- 7 years ago |
- 4.4K views
រដូវក្តៅគួរតែផាត់មុខបែបនេះ ដើម្បីរក្សាបានភាពស្រស់ស្អាត
នៅរដូវក្តៅ រឿងស្អុះស្អាប់ បែកញើសជារឿងធម្មតា តែដែលគួរឲ្យធុញទ្រាន់ជាពិសេសសម្រាប់មិត្តនារីៗនោះគឺរឿង makeupលើផ្ទៃមុខជាប្រចាំហ្នឹងតែម្តង។ ប្រាកដជាមិនចង់នឹកឃើញដល់ពេលដែលផាត់មុខបណ្តើរ ជូតញើសបណ្តើរ ឬក៏ជូតញើសដោយទាំងគ្រឿង makeup ថ្លៃៗរបស់យើងនោះទេមែនទេ? ការបែកញើសខ្លាំងរំខានអ្នក មិនថានៅអំឡុងពេលផាត់មុខ និងក្រោយពេលផាត់នោះទេ ដោយវានាំឲ្យម្សៅផាត់ឡើងប្រតេកប្រតាកពេញមុខ ឬក៏ផាត់មិនស្មើសាច់ និងពិបាកស្មានក្នុងការផាត់ឲ្យដូចការរំពឹងទុក ព្រោះម្សៅអាចនឹងចូល ហើយក៏កកក្តាំងនៅពេលក្រោយ ឬក៏ត្រូវលាងទៅអស់ដោយសារតែញើស ពិបាកឲ្យផាត់ញឹកញាប់។ ម្យ៉ាង វាក៏ធ្វើឲ្យឧបករណ៍ផាត់មុខរបស់អ្នកឆាប់ប្រឡាក់ កខ្វក់ដោយសារញើស លាយម្សៅ និងធូលីដីដែលងាយនឹងតោងជាប់នឹងផ្ទៃមុខ ដែលចុងក្រោយបង្កការប្រឈមនឹងការកើតមុនទៀតផង។ សំណាងល្អដែលមានវិធីសាស្រ្តមួយចំនួនអាចជួយអ្នកបានក្នុងការកាត់បន្ថយបញ្ហាក្នុងការ makeupនៅរដូវក្តៅ និងធ្វើឲ្យអ្នករក្សាភាពស្រស់ស្អាតបានគ្រប់ស្ថានភាព។ ខាងក្រោមនេះជាគន្លឹះទាំង៧ សម្រាប់មិត្តនារីវៃឆ្លាតដែលធ្វើការ makeupជារៀងរាល់ថ្ងៃ និងដឹងខ្លួនច្បាស់ថាខ្លួនងាយនឹងបែកញើស ឬជាញឹកញាប់ ត្រូវស្ថិតក្នុងស្ថានភាពដែលត្រូវបែកញើសមិនថាតិចតួច ឬក៏ខ្លាំង៖ • ក្រែមការពារកម្តៅថ្ងៃ៖ ត្រូវលាបដំបូងគេឲ្យសព្វពេញមុខ និងទុករយៈពេល ២ទៅ៣នាទីដើម្បីអាចឲ្យក្រែមអាចជ្រាបចូលស្បែកបានល្អ។ • ស្ព្រៃយន៍ប្រើពេលផាត់មុខ (Makeup Setting spray)៖ ជាប្រភេទទឹកសម្រាប់បាញ់លើផ្ទៃមុខ មុន និងក្រោយពេលផាត់ ព្រោះវាជួយការពារកុំឲ្យម្សៅឆាប់រលាយ ដោយទប់ទល់មិនឲ្យសារធាតុខ្លាញ់ចេញមកច្រើនលើផ្ទៃមុខ ដូចនេះភាពស្រស់ស្អាតនៅលើផ្ទៃមុខអាចរក្សាបានយូរ។ • ចៀសវាងលាបម្សៅទ្រនាប់ក្រាស់ពេក៖ ដើម្បីបិទបាំងរាល់ស្លាកស្នាមដែលមានលើផ្ទៃមុខ នារីជាច្រើនបានលាបម្សៅទ្រនាប់ក្រាស់ៗរហូតអាចឲ្យវាឃើញកកឡើងយ៉ាងច្បាស់ និងប្រតេកប្រតាកជាពិសេសនៅពេលបែកញើស។ ករណីនេះអ្នកគប្បីផ្លាស់ប្តូរទៅប្រើប្រភេទផលិតផលដែលគ្មានផ្ទុកសារធាតុប្រេង និងកុំលាបច្រើនពេក ព្រោះស្បែកមានលក្ខណៈរាងរលោងស្រាប់ហើយនៅរដូវក្តៅ។ • បន្ថយការប្រើប្រាស់ម្សៅផាត់៖ ដូចគ្នាផងដែរចំពោះការផាត់ម្សៅក្រាស់ពេកក្រោយពីម្សៅទ្រនាប់ ដោយវាងាយនឹងបង្កឲ្យលេចចេញនូវស្នាមជ្រួញនៅលើផ្ទៃមុខ ដូច្នេះអ្នកគួរតែប្រើក្រដាសបឺតសារធាតុប្រេងនៅលើផ្ទៃមុខជាមុនសិន ដើម្បីជម្រះខ្លាញ់ និងកុំឲ្យពេលផាត់មុខទៅប្រតាក។ • ខ្មៅដៃគូសចិញ្ចើមធន់នឹងទឹក៖ ការប្រើប្រាស់ខ្មៅដៃគូសចិញ្ចើមបែបក្រមួនមានប្រសិទ្ធភាពអាចទប់ទល់នឹងការរលុបបានល្អបំផុត អ្វីដែលសំខាន់គឺអ្នកមិនចាំបាច់ព្រួយបារម្ភនឹងញើសដែលហូរឆ្លងកាត់ចិញ្ចើមធ្វើឲ្យរលុបនោះទេ។ • ចៀសវាងប្រើពណ៌ភ្នែកក្រម៉ៅ៖ ការផាត់ស្រមោលភ្នែកជាមួយនឹងពណ៌ក្រម៉ៅពេកពិតជាធ្វើឲ្យអ្នកដទៃងាយនឹងចាប់អារម្មណ៍នឹងអ្នកណាស់ ជាពិសេសពេលបែកញើសក្រោមពន្លឺថ្ងៃតែម្តង។ ដើម្បីចៀសវាងកង្វល់មួយនេះបានអ្នកគួរតែជ្រើសរើសពណ៌ស្រាលៗសមស្របជាមួយនឹងស្បែកភ្នែករបស់អ្នកបាន ហើយអញ្ចឹងទោះអ្នកបែកញើសក៏មិនអាចមើលឃើញប្រតាកដែរ។ • ជ្រើសរើសប្រភេទម៉ាស្ការ៉ាធន់នឹងទឹក៖ នេះជាអ្វីដែលស្រីៗខ្លាចបំផុត មិនថាពេលលុបមុខចេញ ឬបែកញើសនោះទេ ពីព្រោះវាមិនត្រឹមនឹងរលុបរូបរាងដើម ម៉ាស្ការ៉ាក៏នឹងធ្វើឲ្យជុំវិញភ្នែកឡើងខ្មៅ ប្រតាកផងដែរប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលត្រឹមត្រូវ។ • ប្រើក្រែមបែបធម្មជាតិ៖ បបូរមាត់ជាកន្លែងដែលទាក់ទាញជាងគេ ដូច្នេះក្តៅខ្លាំងបែបនេះអ្នកគួរតែជ្រើសរើសប្រភេទក្រែមពណ៌បែបធម្មជាតិ ប្រសើរជាងក្រែមដែលផ្តល់ភាពរលើបរលោងដល់បបូរមាត់ ហើយក្រែមប្រភេទក្រមួនគឺសមស្របជាងគេសម្រាប់មិត្តៗនារី។ សំខាន់ផងដែរក្នុងការផ្តល់ភាពស្រស់ស្អាតពីខាងក្នុង ដើម្បីជំនួយដល់ការmakeup ខាងក្រៅរបស់អ្នកដូច្នេះកុំភ្លេចការរក្សាសំណើមក្នុងខ្លួនឲ្យបានល្អដើម្បីឲ្យស្បែកមាន ភាពភ្លឺរលោង និងស្រស់ថ្លា ដោយការពិសាទឹកឲ្យបានច្រើន និងពិសាបន្លែ ផ្លែឈើដែលជួយដល់សុខភាពស្បែករបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share