
- Mar 29, 2017 |
- 8 years ago |
- 3.3K views
អ្នកត្រូវទៅជួបពេទ្យនៅពេលណា?
តើអ្នកធ្លាប់បានជួបប្រទះបញ្ហាសុខភាពជាច្រើនដែលបានកើតឡើងព្រមគ្នាដូចជា មានការឈឺចាប់នៅទីនេះ ឈឺបំពង់កនៅទីនោះ ... ហើយអ្នកមិនដឹងថាតើអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែរឬទេ? វាអាចជាការលំបាកក្នុងការសម្រេចចិត្តថាតើរោគសញ្ញាណាខ្លះដែលមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីទៅជួបគ្រូពេទ្យ។ ហេលស៍ថាម នឹងបង្ហាញប្រិយមិត្តអ្នកអានអំពីពេលវេលាពិតប្រាកដនៅពេលដែលអ្នកគួរអញ្ជើញទៅជួបវេជ្ជបណ្ឌិតនៅក្នុងអត្ថបទខាងក្រោមនេះ... តើអ្នកគួរទៅជួបពេទ្យនៅពេលណា? ដំបូង វាជាការសំខាន់ណាស់ក្នុងការកំណត់ឲ្យបាននូវស្ថានភាពជំងឺទាំងឡាយណាដែលត្រូវការជួយសង្គ្រោះភ្លាមៗ។ ប្រសិនបើអ្នកកំពុងតែមានបញ្ហាក្នុងការដកដង្ហើម ចុកទ្រូង ចុកពោះខ្លាំង មានការហូរឈាម បោកត្រូវក្បាល ឬបាត់បង់ស្មារតី សូមហៅទូរស័ព្ទទៅលេខ 119 ឬទៅមន្ទីរពេទ្យជាបន្ទាន់។ ពេលខ្លះ អ្នកអាច ទូរស័ព្ទទៅកាន់គ្រូពេទ្យដែលដឹងពីស្ថានភាពជំងឺរបស់អ្នក ដើម្បីស្វែងរកដំបូន្មាន ឬគិលានុបដ្ឋាយិកាដែលអាចផ្ដល់ជាយោបល់ដល់អ្នកអំពីអ្វីដែលអ្នកត្រូវធ្វើ។ គេហទំព័រសុខភាពលើបណ្តាញអ៊ីនធើណេតដូចជា WebMD និង Medline Plus អាចជួយអ្នកក្នុងការស្រាវជ្រាវ រកមើលព័ត៌មានអំពីរោគសញ្ញារបស់អ្នកមុននឹងអ្នកស្វែងរកសេវាថែទាំសុខភាព។ អ្នកត្រូវចងចាំថា ស្ថានភាពជំងឺស្រាលនិងធ្ងន់ខ្លះ មានរោគសញ្ញាស្រដៀងគ្នា។ ប៉ុន្តែប្រសិនបើអ្នកអាចហៅទូរស័ព្ទ និងធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត នោះអ្នកនឹងមានភាពទុកចិត្តជាង។ ប្រសិនជាអ្នកមានជំងឺរ៉ាំរ៉ៃ តើអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតនៅពេលណា? នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន នេះហើយជាសញ្ញាមួយដែលប្រាប់អ្នកថាវាគឺជាពេលវេលាដែលអ្នកត្រូវទៅជួបគ្រូពេទ្យម្តងទៀត ហើយប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ឬជំងឺលើសសម្ពាធឈាម គ្រូពេទ្យរបស់អ្នកគួរតែបានប្រាប់អ្នកអំពីរោគសញ្ញាណាខ្លះដែលអ្នកត្រូវទៅជួបម្តងទៀត ឬណាត់ជួបអ្នកក្នុងពេលណាមួយដើម្បីតាមដានស្ថានភាពជំងឺរបស់អ្នកដើម្បីប្រាកដថាស្ថានភាពជំងឺរបស់អ្នកនៅតែល្អប្រសើរ។ តើខ្ញុំត្រូវការការពិនិត្យសុខភាពឲ្យបានទៀងទាត់ដែរឬទេ? បើទោះជាអ្នកមានសុខភាពល្អក៏ដោយ ការពិនិត្យសុខភាពគឺជាគំនិតល្អមួយដែលអ្នកអាចរក្សាសុខភាពរបស់អ្នកឲ្យនៅតែល្អជានិច្ច ហើយកាលដែលមានគ្លីនិក ឬមន្ទីរពេទ្យណាមួយដែលដឹងច្បាស់ពីប្រវត្តិជំងឺ និងស្ថានភាពសុខភាពរបស់អ្នកនាពេលបច្ចុប្បន្ន នោះនឹងកាន់តែប្រសើរ។ ប្រសិនបើមានជំងឺ ឬបញ្ហាណាមួយត្រូវបានពិនិត្យឃើញនៅក្នុងដំណាក់កាលដំបូង ការព្យាបាលទាមទារឲ្យចំណាយប្រាក់តិច និងពេលវេលាខ្លីផងដែរ។
Share