- Oct 15, 2018 |
- 6 years ago |
- 6.4K views
កម្រិតសមស្រប នៃការទទួលទានគ្រឿងស្រវឹង
កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។ ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង • មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ • គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។ ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ • ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា • ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា • ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង ឧទាហរណ៍ ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។ គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស • ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ • មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ • ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ សម្រាប់នារី • ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ • មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ • ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ • ជាមធ្យមមិនត្រូវលើសពី ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ • ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ • ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា • មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ • ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ និងក្អួត។ អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន • អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ • ស្ត្រីមានផ្ទៃពោះ • អ្នកដែលត្រូវបើកបរ • អ្នកបញ្ជាម៉ាស៊ីន • ក្មេងអាយុក្រោម១៨ឆ្នាំ។ វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច • ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន • ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង • សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស • កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន • ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង • ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា • ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ • កំណត់ល្បឿនទទួលទានដោយខ្លួនឯង • មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ • ត្រូវមានគោលការណ៍ខ្លួនឯង • ធ្វើខ្លួនឲ្យរវល់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share