-
Aug 21, 2017
|
-
7 years ago
|
-
8.3K views
រុក្ខជាតិឱសថនៃកម្ពុជា ត្រូវបានប្រើប្រាស់តាំងពី យូរលង់ណាស់មកហើយ ក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ មានដូចជា អាការៈឈឺក្បាល ការរលាក អាការៈក្អក ជំងឹរាករូស អាការៈគ្រេច ថ្លោះ ជំងឺគ្រុនចាញ់ និង អាការៈក្រោយសំរាលកូន។
ការសិក្សាស្រាវជ្រាវនេះក្រោមចំណងជើង «ការវាយតម្លៃបឋមលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗនៅក្នុងរុក្ខជាតិមួយចំនួនដែលមានប្រភពក្នុងប្រទេសកម្ពុជា» ត្រូវបានធើ្វឡើងក្នុងគោលបំណងធ្វើការវាយតំម្លៃលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗ រួមមាន ស្លឹកថ្នាំជក់ (Leaves of Nicotiana tabacum), ស្មៅរុយ (Whole plant of Vernonia cinerea), សំបកស្តៅ (Barks of Azadirachta indica), ស្លឹកទាបបារាំង (Leaves of Annona muricata), មើមពន្លៃ (Rhizomes of Zingiber cassumunar) និង មើមរមៀត (Rhizomes of Curcuma longa)។ រុក្ខជាតិជាទំរង់ស្ងួត នៃពូជរុក្ខជាតិនីមួយៗ ត្រូវបានយកទៅធ្វើការវាយតំលៃ ដើម្បីធ្វើតេស្តរកសមាសធាតុឱសថ Alkaloids, Phenolic Compounds,Tannins, Flavonoids, Cardiac Glycosides, Steroids, Terpenoids, Essential Oils, Resins, Saponins, Quinones និង Polypeptides។
លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញឲ្យឃើញថា នៅក្នុងរុក្ខជាតិខាង លើនេះមានសមាសធាតុឱសថ Phenolic Compounds, Tannins, Flavonoids, Steroids, Terpenoids, Cardiac Glycosides, Resins និង Saponins។ ទិន្នន័យនៃសមាសធាតុឱសថនៃរុក្ខជាតិទាំងនេះ គឺជាប្រភពព័ត៌មានដែលមានសារប្រយោជន៍យ៉ាងខ្លាំង ចំពោះវិស័យឱសថបុរាណនៅកម្ពុជា ហើយវាក៏មានសារប្រយោជន៍យ៉ាងខ្លាំងផងដែរសម្រាប់ការស្រាវជ្រាវបន្តក្នុងគោលបំណងដើម្បីរកអោយឃើញនូវម៉ូលេគុលឱសថថ្មី ដែលចម្រាញ់ចេញពីស្លឹកថ្នាំជក់ ស្មៅរុយ សម្បកស្តៅ ស្លឹកទាបបារាំង មើមពន្លៃ និង មើមរមៀត។
សំគាល់ៈ
លទ្ធផលស្រាវជ្រាវនេះត្រូវបានគ្រោងនឹងបោះពុម្ពនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosy នៅខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ។
អត្តបទដោយ ៖ កែវ សំអែល, ម៉េង ចាន់ណែត, អ៊ឹង សុគន្ធវ៉ារី, នូវ វលក្ខណ៍, លន ស្រីអូន, វិចិត្រ ទេពី, វ៉ា ថុងស៊ី, សឿន មករា, ជា ស៊ីន
ក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យ នៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share