Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  យោងតាមមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ការជក់បារីនឹងធ្លាក់ចុះពីអត្រា៤៨.៩៨%នៅក្នុងឆ្នាំ២០០៥ទៅ៤៣.៣%ក្នុងឆ្នាំ២០១០ចំពោះមនុស្សប្រុសនិងពី២០.៣%ក្នុងឆ្នាំ២០០៥ទៅ១៧.២%ក្នុងឆ្នាំ២០១០ចំពោះមនុស្សស្រី។ ផ្អែកទៅតាមវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការក្នុងឆ្នាំ២០១១ ចំនួននៃអ្នកប្រើប្រាស់ថ្នាំជក់នៅមានប្រហែល២លាននាក់ ឯចំនួននៃអ្នកជក់បារី មានប្រហែល១.៤លាននាក់។ការជក់បារីត្រូវបានចាត់ទុកជាមូលហេតុចម្បងនៃជំងឺត្បៀតផ្លូវដង្ហើម ដែលផ្តល់ផលវិបាកដូចជា ជំងឺឆ្លងនៅសួត បញ្ហាឆ្អឹង និងខូចបេះដូងខាងស្តាំជាដើម។ ដោយផ្អែកលើបញ្ហានេះហើយ​ ហេលស៍ថាមបានធ្វើការស្រង់ព័ត៌មានស្តីពីបញ្ហាសុខភាពរបស់អ្នកជក់បារី ព្រោះជំងឺត្បៀតផ្លូវដង្ហើមនេះ ស្តែងចេញឡើងតាមរយៈការក្អករយៈពេលយូរ មានស្លេស្មច្រើន និងមានអាការៈថប់ដង្ហើម។ សម្រង់មតិនេះ ត្រូវបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបរិវេណជុំវិញផ្សារអូឡាំពិកនៃរាជធានីភ្នំពេញ។ កម្រងសំណួរដែលប្រើ មានសរុបចំនួន៨សំណួរដែលក្នុងនោះមានទាំងប្រភេទសំណួរបិទនិងសំណួរបើក។ អ្នកដែលចូលរួមឆ្លើយសំណួរមានចំនួន១០០នាក់ ក្នុងនោះស្រី១១នាក់និងប្រុស៨៩នាក់ ដែលមានមុខរបរជាអ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្ត សន្តិសុខ អ្នកលក់ដូរ ប៉ូលីសចរាចរ និងបុគ្គលិកនាយកដ្ឋានសុខាភិបាល។ ក្នុងចំណោមអ្នកដែលចូលរួមទាំង១០០នាក់មាន៥៥នាក់ដែលមិនជក់បារីក្នុងនោះមានស្រី១១(២០%)នាក់ ប្រុស៤(៤៤%)នាក់និង៤៥នាក់ជាអ្នកជក់បារីរយៈពេលពី១ទៅ២៥ឆ្នាំ ក្នុងនោះមាន៦នាក់ធ្លាប់ជក់បារីពីមុនឬយូរៗជក់ម្តង(ប្រុសទាំង៦(១០០%)នាក់) ហើយ៣៩នាក់ទៀតជក់បារីជាប្រចាំ(ប្រុសទាំង៣៩(១០០%)នាក់)។ ក្នុងចំណោមអ្នកមិនជក់បារីទាំង៥៥នាក់ ៤(៨១.៨២%)នាក់ជាអ្នកស្រូបផ្សែងបារី ព្រោះមានសមាជិកគ្រួសារឬអ្នកនៅជុំវិញខ្លួនជាអ្នកជក់បារី ហើយបានប៉ះពាល់ផ្សែងបារីនេះប្រមាណពី៤ទៅ២០ឆ្នាំ ឯ១០(១៨.១៨%)នាក់ មិនប៉ះពាល់ហ្នឹងផ្សែងបារី។ ទាំងអ្នកជក់បារីនិងអ្នកស្រូបផ្សែងបារីទាំង៩0នាក់ មាន៧៧(៨៥.៥៦%)នាក់ដែលមិនធ្លាប់មានក្អករយៈពេលយូរ ១២(១៣.៣៣%)នាក់មិនចាំថាធ្លាប់មានឬអត់ហើយមានត្រឹមតែម្នាក់(១.១១%)ប៉ុណ្ណោះដែលក្អករយៈយូរប្រហែល១០ឆ្នាំ។ ក្នុងនោះផងដែរ ៤៣(៤៧.៧៨%)នាក់មិនមានស្លេស្ម ហើយ៤៧(៥២.២២%)នាក់មានស្លេស្ម៖ ២៦(៥៥.៣២%)នាក់មានស្លេស្មពណ៌ស ៨(១៧.០២%)នាក់មានស្លេស្មពណ៌លឿង ៨(១៧.០២%)នាក់មានស្លេស្មពណ៌បៃតង ៤៥(៨.៥១%)នាក់មានស្លេស្មពណ៌ក្រហមនិងមានម្នាក់(២.១៣%)ប៉ុណ្ណោះមានស្លេស្មស្អិតខ្លាំងខាកមិនចេញ។ មួយវិញទៀត អ្នកដែលក្អកទាំង៩០នាក់ មាន២៦(២៨.៨៩%)នាក់មិនមានអាការៈពិបាកដកដង្ហើម និង៦៨(៧៥.៥៦%)នាក់មានអាការៈពិបាកដកដង្ហើមនៅពេលល្ងាច ក្រោយពេលក្អក ពេលត្រូវខ្យល់ ពេលត្រជាក់ខ្លាំង ឬពេលធ្វើការហត់។ ផ្អែកតាមលទ្ធផលដែលទទួលបានអ្នកជក់បារីឬប៉ះពាល់នឹងផ្សែងបារីនៅមានច្រើននៅឡើយ៤៥នាក់ក្នុងចំណោមមនុស្ស១០០នាក់។ម្យ៉ាងវិញទៀតរោគសញ្ញានៃជំងឺត្បៀតផ្លូវ ដង្ហើមក៏លេចឡើងផងដែរ ដូចជាអាការៈក្អកមានស្លេស្ម និងពិបាកដកដង្ហើមជាដើម។ យ៉ាងណាមិញការស្រង់មតិនេះបានធ្វើឡើងលើប្រជាជនត្រឹមតែ១០០នាក់ក្នុងតំបន់មួយនៃរាជធានីភ្នំពេញប៉ុណ្ណោះដែលនេះនៅមិនអាចតំណាងឲ្យប្រជាជនខ្មែរទូទាំងប្រទេសនោះទេ។ប៉ុន្តែលទ្ធផលនេះក៏អាចជាផ្នែកតូចមួយនៃការបញ្ជាក់ថាប្រជាជនកម្ពុជានៅតែមានការប្រឈមនឹងបញ្ហាត្បៀតផ្លូវដង្ហើមផងដែរ។ លើសពីនេះទៅទៀត នេះក៏បញ្ជាក់ថា បញ្ហាជំងឺត្បៀតផ្លូវដង្ហើមគួរតែត្រូវបានគេយកចិត្តទុកដាក់ ព្រោះថាជំងឺនេះ អាចគំរាមដល់អាយុជីវិតរបស់អ្នកជំងឺហើយក៏មានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់គ្រួសារនិងសង្គមផងដែរដោយហេតុថាអ្នកជក់បារីភាគច្រើនជាអ្នកផ្គត់ផ្គង់ប្រាក់ចំណូលរបស់គ្រួសារផ្ទាល់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ការជក់បារីនឹងធ្លាក់ចុះពីអត្រា៤៨.៩៨%នៅក្នុងឆ្នាំ២០០៥ទៅ៤៣.៣%ក្នុងឆ្នាំ២០១០ចំពោះមនុស្សប្រុសនិងពី២០.៣%ក្នុងឆ្នាំ២០០៥ទៅ១៧.២%ក្នុងឆ្នាំ២០១០ចំពោះមនុស្សស្រី។ ផ្អែកទៅតាមវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការក្នុងឆ្នាំ២០១១  «បញ្ហាជ្រុះសក់» សំដៅដល់ការជ្រុះសក់ខុសពីធម្មជាតិនៃរដ្តលូលាស់របស់សក់ ពោលគឺជាការជ្រុះសក់ច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ប្រធានគ្លីនិកសើស្បែកប៊ីស៊ីបឹងកេងកង និងទួលគោក។ មួយវិញទៀត តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច ក្នុងបទសម្ភាសន៍ខែសីហាឆ្នាំ២០១៥ បញ្ហាជ្រុះសក់មានការកើនឡើងច្រើនក្នុងប្រទសកម្ពុជាយើង ហើយក៏កើតមានឡើងលើមនុស្សគ្រប់វ័យទាំងអស់។  ដោយហេតុនេះហើយ ហេលស៍ថាម បានធ្វើការសិក្សាមួយលើករណីសក់ជ្រុះនេះនៅទីក្រុងភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីចំនួននៃអ្នកមានបញ្ហានេះ ប្រភេទសក់ជ្រុះដែលប្រជាជនជួបប្រទះ និងដំណោះស្រាយដែលពួកគាត់កំពុងធ្វើ។  ការសិក្សានេះ មានអ្នកចូលរួមសរុប ១០០នាក់ ដោយឆ្លើយតបទៅនឹងកម្រងសំណួរជាភាសាខ្មែរក្នុងប្រព័ន្ធអ៊ីនធឺណែតនិងនៅកីឡដ្ឋានអូឡាំពិក ប៉ុន្តែមានត្រឹមតែ៨៩ចម្លើយប៉ុណ្ណោះដែលយកជាការបាន។ អ្នកចូលរួមទាំង៨៩នាក់ មានអាយុរចន្លោះពី ១៥ទៅ៦១ឆ្នាំ ក្នុងនោះស្រីចំនួន ៦៦ (៧៤,១៦%) នាក់ និងប្រុសចំនួន ២៣ (២៥,៨៤%) នាក់។  តាមរយៈចម្លើយក្នុងកម្រងសំណួរ មាន៖  ១៩ (២១,៣៥%) នាក់មានបញ្ហាជ្រុះសក់ធម្មតា (ស្រី ១៦, ៨៤,២១% និងប្រុស ៣, ១៥,៧៩%)  ៤ (៤.៤៩%) នាក់មានបញ្ហាឆក (ស្រី ១, ២៥% និងប្រុស ៣, ៧៥%) ៣ (២៣,០៨%) នាក់មានបញ្ហាសក់ជ្រុះតាមដោយសារតំណពូជ (ស្រី ៣, ១០០% និងប្រុស ០, ០%) ១៣ (១៤,៦១%) នាក់មានបញ្ហាជ្រុះសក់ច្រើនគ្រប់កន្លែងនៃស្បែកក្បាល (ស្រី ១៣, ១០០% និងប្រុស ០, ០%) ៥០ (៥៦,១៨%) នាក់មានបញ្ហាសក់ខូច (ស្រី ៣៣, ៦៦% និងប្រុស ១៧, ៣៤%) ក្នុងចំណោមអ្នកដែលមានបញ្ហាសក់ទាំង ៧០ (៧៨,៦៥%) នាក់ មានត្រឹមតែ ១ (១,៤៣%) នាក់ដែលបានធ្វើតេស្តសក់និងទទួលការព្យាបាល ៤ (៥,៧១%) នាក់ប៉ុណ្ណោះដែលធ្លាប់បានធ្វើតេស្តសក់ ហើយ ៣៣ (៤៧,១៤%) នាក់ បានធ្វើការព្យាបាលសក់របស់ខ្លួនដោយការប្រើប្រាស់ថ្នាំឬផលិតផលផ្សេងៗ ឯ៣២ (៤៥,៧១%) នាក់មិនបានស្វែងរកការព្យាបាលឬធ្វើតេស្តអ្វីទេ។ លើសពីនេះទៅទៀត មានត្រឹមតែ ២នាក់ប៉ុណ្ណោះដែលបានទៅពិនិត្យនៅគ្លីនិកសើស្បែក ឯអ្នកផ្សេងទៀតបាននិយាយថា ខ្លួនមិនដឹងថាត្រូវទៅពិនិត្យនៅឯណា។ យោងតាមលទ្ធផលដែលបានរកឃើញនេះ យើងអាចទាញសន្និដ្ឋានបានថា បញ្ហាជ្រុះសក់និងសក់ខូចពិតជាចោទជាបញ្ហាចំពោះប្រជាជនខ្មែរយើងទាំងក្មេងនិងចាស់។ មួយវិញទៀត ការស្វែងរកការព្យាបាលដូចជាមិនសូវមានប៉ុន្មានទេ ដោយយើងឃើញថាចំនួយនៃអ្នកដែលមានបញ្ហាហើយមិនទទួលយកការព្យាបាលគឺនៅមានច្រើននៅឡើយ (៤៥,៧១%) ហើយបើទោះអ្នកមួយចំនួន (៤៧,១៤%) បានធ្វើការព្យាបាល ក៏អ្នកទាំងនោះមិនបានធ្វើការពិនិត្យស្វែងរកមូលហេតុឲ្យបានច្បាស់ដែរដោយហេតុថាមានត្រឹម ៥,៧១% បានធ្វើតេស្ត។ សរុបមក ការសិក្សានេះ មានអ្នកចូលរួមត្រឹមតែ៨៩នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនអាចតំណាងឲ្យលទ្ធផលនៃប្រជាជនខ្មែរទូទាំងប្រទេសបាន ប៉ុន្តែនេះជាការពញ្ញាក់អារម្មណ៍ដល់ប្រជាជនយើងព្រមទាំងអ្នកផ្តល់សេវាសុខាភិបាលឲ្យងាកមកយកចិត្តទុកដាក់ក្នុងបញ្ហានេះ ដោយហេតុថា បញ្ហនេះ បើទោះជាមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាជនមែន តែវានឹងធ្វើឲ្យធ្លាក់ចុះនូវគុណភាពរស់នៅរបស់ពួកគាត់ផ្ទាល់ ហើយក៏អាចប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«ជំងឺរលាកថ្លើម»​ ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុសមានដូចជាវីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែក្នុងចំណោមវីរុសទាំងអស់នេះពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ វីរុសទាំងនេះចែកចេញជា៣ក្រុមខុសៗគ្នាដោយក្រុមទី១អាចបង្កឲ្យមានជំងឺរលាកថ្លើម ក្រុមទី២មិនអាចបង្កឲ្យមានជំងឹទេតែមានការចម្លង និងក្រុមទី៣វាមិនអាចរស់នៅក្នុងខ្លួនមនុស្សបានទេ តួយ៉ាងដូចជាវីរុសប្រភេទG បន្ទាប់ពីឆ្លងរួច វានឹងងាប់ទៅវិញ ដោយសារវាមិនអាចសម្របសម្រួលទៅនឹងមជ្ឈដ្ឋានក្នុងខ្លួនមនុស្សបាន ប៉ុន្តែវីរុសនេះអាចបង្កជាជំងឺនៅក្នុងខ្លួនរបស់សត្វបាន។     តើជំងឺរលាកថ្លើមប្រភេទAជាជំងឺអ្វី? ជំងឺរលាកថ្លើមប្រភេទA ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV)។ វីរុសនេះ ស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើមតែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ។ ‌ការចម្លង និងកត្តាប្រឈម ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាបដែលយើងសង្កេតឃើញជំងឺនេះតែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ក៏ដូចជាកម្រិតអនាម័យខ្ពស់មិនត្រូវបានកត់សម្គាល់ក្នុងការចម្លងជំងឺនេះច្រើន ទេ។ ដោយឡែកក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅ ទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះគ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវវាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទAនេះ។ កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ ឬមិនធ្លាប់បានឆ្លងដែលខុសពីមនុស្សពេញវ័យមួយចំនួនធ្លាប់បានឆ្លង និងបង្កើតប្រព័ន្ធការពាររួចទៅហើយ។ ការឆ្លងពីម្តាយទៅកូនមិនត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទនៃការចម្លងឡើយ ហើយការចម្លងជំងឺរលាកថ្លើមប្រភេទA ត្រូវបានគេហៅថា“ ការឆ្លងពីចំណីអាហារនិងទឹក ទៅមនុស្ស”(លាមកជាប្រភពនៃមេរោគ) ដែលវាឆ្លងដោយសារការរស់នៅខ្វះអនាម័យ ដូចដែលពួកយើងបានរៀបរាប់ខាងលើ។ រោគសញ្ញា និងរោគវិនិច្ឆ័យ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទAជារោគសញ្ញានៃជំងឺរលាកថ្លើមស្រួចស្រាវ ឬទាន់ហន់ព្រោះវាកើតឡើងភ្លាមៗបន្ទាប់ពីឆ្លងរយៈពេល២ទៅ7 សបា្តហ៍(15 ទៅ 50ថ្ងៃ) ប៉ុណ្ណោះ ។ គ្រប់រោគសញ្ញារលាកថ្លើមទាំងអស់អាចកើតមានក្នុងរយៈពេលខ្លីដែលមានដូចជា៖ ដំណើរការថ្លើមមិនល្អ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ព្រោះថ្លើមក៏ចូលរួមចំណែកក្នុងការរំលាយអាហារផងដែរ មានសភាពហើមតិចតួច មានសញ្ញានៃការឆ្លងវីរុស (ក្តៅខ្លួន ឈឺសាច់ដុំ និងឈឺសន្លាក់អស់កំលាំង...) ។  រោគសញ្ញាសំខាន់ចំពោះជំងឺនេះ គឺមានការឈឺចាប់នៅផ្នែកខាងស្តាំខាងលើនៃពោះដែលជាទីតាំងរបស់ថ្លើម កើតឡើងដោយសារភាពតឹង ឬហើមនៃថ្លើមជាមួយនឹងការឡើងលឿងលើស្បែក។ ផ្នែកសនៃភ្នែកក៏ដូចជាក្នុងទឹកនោមមានពណ៌លឿងខុសធម្មតា។ ក្នុងករណីអ្នកជំងឺកំពុងមានជំងឺរលាកថ្លើម ឬមានភាពចុះខ្សោយនៃថ្លើម វីរុសរលាកថ្លើមប្រភេទAអាចនាំឲ្យវិវឌ្ឍទៅជារលួយថ្លើម គឺថ្លើមមានភាពទន់ ឬជ្រាយនិងបាត់បង់នូវមុខងារ ដែលអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយងាយ ប្រសិនបើពុំបានទទួលការព្យាបាលត្រឹមត្រូវ។  ការធ្វើរោគវិនិច្ឆ័យជាក់លាក់តាមបែបវេជ្ជសាស្រ្តទៅលើជំងឺនេះគេពឹងផ្អែកទៅលើការពិនិត្យឈាមដែលលទ្ធផលឃើញមានការកើនឡើងនៃអង់ស៊ីមរបស់ថ្លើមទាំង២ (Transaminase) និងការនិងការកើនឡើងនៃ Unconjugated bilirubin ដែលមានន័យថាថ្លើមមិនអាចបំពេញមុខងារក្នុងការបន្សាប bilirubin បាន មិនតែប៉ុណោ្ណះយើងឃើញមានការកើតឡើងនៃអ៊ីមុយណូក្លូបូលីន​ M (IgM) ដែលជារោគសញ្ញារលាកថ្លើមស្រួចស្រាវនាំឲ្យយើងអាចកំណត់បានថាជាការឆ្លងថ្មី។យើងក៏អាចរកឃើញវីរុសA នៅក្នុងឈាមអ្នកជំងឺដែរ (HAV-RNA) ពររាប់ពាន់ដល់រាប់លានឯកត្តាក្នុងមួយមីលីលីត្រឈាម។ ការព្យាបាល និងវិធីបង្ការ “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។  ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។ បកស្រាយដោយ ៖ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE     ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៦៥ ដោយជនជាតិអូស្រ្តាលី ហើយវ៉ាក់សាំង ការពារជំងឺនេះ ត្រូវបានគេរកឃើញជាស្ថាពរក្នុងឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨៦ វ៉ាក់សាំងនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ ទូទាំងពិភពលោក។ ក្នុងឆ្នាំ១៩៩១ អង្គការសុខភាពពិភពលោកបានបញ្ចូលវ៉ាក់សាំងនេះក្នុងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងបង្ការលើកុមារ។ យោងតាមសមាគមថ្លើមអាមេរិកាំង ត្រឹមឆ្នាំ២០០៤កុមារដែលមានអាយុពី១៨ខែដល់៣០ខែ លើសពី៩២%បានទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B។  និយមន័យ ជំងឺរលាកថ្លើមប្រភេទ B ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B។ វីរុសនេះស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។ ការចម្លងរោគ អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាម មានដូចជា៖ •    ឆ្លងពីម្តាយដែលមានមេរោគនេះទៅកូនពេលមានផ្ទៃពោះ និងពេលសម្រាល •    ឆ្លងតាមការរួមភេទ ជាពិសេសការរួមភេទដូចគ្នា •    ការប៉ះពាល់ស្បែកមានរបួសទៅនឹងឈាមដែលមានផ្ទុកមេរោគ •    ការប្រើប្រាស់សឺរ៉ាំងរួមគ្នា (អ្នកប្រើគ្រឿងញៀន) ការបញ្ចូលឈាមដែលមានផ្ទុកមេរោគស្រាប់ •    ការប្តូរសរីរាង្គពីអ្នកផ្ទុកមេរោគថ្លើមប្រភេទ B។ រោគសញ្ញា ពេលឆ្លងមេរោគនេះដំបូង មិនមានរោគសញ្ញាណាគួរកត់សម្គាល់ទេ។ រោគសញ្ញាដែលគេជួបញឹកញាប់មានដូចជាឈឺក្បាល ឈឺដៃជើង ទ្រោមខ្លួន ដូចនឹងជំងឺផ្តាសាយដែរ ហើយរោគសញ្ញាទាំងនេះ បាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។ រយៈពេលសម្ងំរបស់វាចន្លោះពី ៣០ទៅ១៨០ថ្ងៃ បើគិតជាមធ្យមគឺ៧០ថ្ងៃ ហើយជាទូទៅ ៩០%នៃអ្នកឆ្លងជំងឺនេះ នឹងជាទៅវិញដោយខ្លួនឯង និងបង្កើតអង់ទីក័រការពារខ្លួនបាន ឯ១០%ទៀតនឹងវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ។ ក្នុងនោះ១%នៃអ្នកវិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ អាចវិវឌ្ឍបន្តទៅជាក្រិនថ្លើម។ យ៉ាងណាមិញ ការវិវឌ្ឍនៃជំងឺរលាកថ្លើម គឺមិនមានស្តែងចេញជារោគសញ្ញាទៅតាមដំណាក់កាលនីមួយៗនោះទេ ហើយរោគសញ្ញាដែលទាក់ទងនឹងថ្លើម នឹងលេចចេញនៅពេលដែលថ្លើមបានខូចខាតក្នុងកម្រិតធ្ងន់ធ្ងរទៅហើយ។ រោគសញ្ញាទាំងនោះរួមមាន ការឡើងលឿង ទាចទឹក ថ្លើមរឹងឬក្រិន ទឹកនោមតិចនិងឡើងលឿងចាស់ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តឈាមរកមេរោគនេះនៅក្នុងឈាម។ តេស្តដែលត្រូវធ្វើរួមមាន ការរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs អង់ទីហ្សែន HBe អង់ទីក័រ anti-HBe និងអង់ទីក័រ anti-HBc IgM, anti-HBc IgG៖ •    វត្តមាននៃអង់ទីហ្សែន HBs បានន័យថា អ្នកជំងឺមានវត្តមានរបស់មេរោគនេះនៅក្នុងឈាម។ •    វត្តមាននៃអង់ទីក័រ anti-HBs បានន័យថាអ្នកជំងឺមានប្រព័ន្ធការពារមេរោគថ្លើមប្រភេទ B រួចហើយ។ •    វត្តមាននៃអង់ទីហ្សែន HBe បានន័យថា អ្នកជំងឺកំពុងឆ្លងមេរោគ។ •    វត្តមានអង់ទីក័រ anti-HBe មានន័យថា អ្នកជំងឺអាចកំពុងមានមេរោគនៅក្នុងខ្លួនដែលវត្តមានអង់ទីហ្សែន HBs វិជ្ជមានឬកំពុងវិវឌ្ឍទៅរកភាពជាសះស្បើយបើអង់ទីហ្សែន HBs អវិជ្ជមាន។ •    វត្តមាននៃអង់ទីក័រ anti-HBc IgM បានន័យថាអ្នកជំងឺទើបនឹងឆ្លងមេរោគថ្មីៗ •    វត្តមាននៃអង់ទីក័រ anti-HBc IgG បានន័យថាអ្នកជំងឺធ្លាប់មានមេរោគឆ្លង។ ក្រៅពីនេះ មានការធ្វើតេស្តរក Transaminase ដើម្បីដឹងពីសភាពខូចខាតរបស់ថ្លើម។ ក្នុងករណីដែលមានវត្តមានមេរោគ ការរាប់ DNA និងសម្បកមេរោគអង់ទីហ្សែន HBs ក៏ត្រូវបានធ្វើបន្ថែម ដើម្បីកំណត់ការព្យាបាល។ ការព្យាបាល ជំងឺរលាកថ្លើមប្រភេទ B តម្រូវឲ្យព្យាបាលឬមិនចាំបាច់ព្យាបាល គឺអាស្រ័យទៅលើលទ្ធផលនៃការធ្វើតេស្តឈាម៖ •    ករណី Transaminase ធម្មតា និងចំនួនមេរោគមិនឡើងអ្នកជំងឺប្រភេទនេះ ត្រូវបានចាត់ទុកថាជាអ្នកផ្ទុកដែលមិនឈឺ (Inactive carrier)និងមិនតម្រូវឲ្យព្យាបាលទេ •    ករណី Transaminase កើនឡើង និងចំនួនមេរោគច្រើនអ្នកជំងឺប្រភេទនេះ តម្រូវឲ្យធ្វើការព្យាបាលតែអត្រាជាសះស្បើយមានចំនួនតិចតួច។ គោលបំណងនៃការព្យាបាល គឺ •    ទប់ស្កាត់ការកើនឡើងខ្លាំងនៃចំនួនមេរោគក្នុងឈាមដែលងាយឆ្លងអ្នកដទៃ •    បន្ថយចំនួនមេរោគដែលមានក្នុងឈាមស្រាប់ និងមិនឲ្យត្រឡប់ចូលទៅស៊ីសាច់ថ្លើមវិញ •    រក្សាសាច់ថ្លើមពីក្រិននិងមហារីក។ ឱសថដែលប្រើក្នុងការព្យាបាលមានពពួក Antiviral ដែលត្រូវប្រើជាប់រហូតដល់អ្នកជំងឺអាចបង្កើតប្រព័ន្ធការពារ។ យន្តការនៃការព្យាបាលនេះគឺ Antiviral នឹងសម្លាប់មេរោគក្នុងសរសៃឈាមដែលអាចត្រឡប់ទៅបំផ្លាញកោសិកាថ្លើមបាន។ មួយវិញទៀត ជំងឺនេះក៏អាចព្យាបាលដោយ ប្រើថ្នាំចាក់Peginterferon alfa 2a ប្រើក្នុងរយៈពេល៤៨សប្តាហ៍។ ថ្នាំនេះអាចប្រើបានតែលើអ្នកជំងឺដែលមានសាច់ថ្លើមល្អ អង់ទីហ្សែន HBs តិចជាង 1500UI, DNAមិនមានឬមានតិចតួច។ ការព្យាបាលដោយថ្នាំចាក់ប្រភេទនេះ អាចមានអត្រាជាប្រហែល ៥៨%។ •    ករណីអ្នកជំងឺដែលមានសញ្ញាថ្លើមរឹង ឬក្រិន ការព្យាបាលអ្នកជំងឺប្រភេទនេះ ត្រូវធ្វើឡើងដោយប្រើថ្នាំលេប (Antiviral )យូរអង្វែងច្រើនឆ្នាំ ដើម្បីបន្ថយចំនួនមេរោគក្នុងឈាមនិងកាត់បន្ថយការបំផ្លាញកោសិកាថ្លើមពីមេរោគ។ ការបង្ការ ចំពោះអ្នកដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ B ៖ •    ត្រូវចៀសវាងការពិសាស្រា ជក់បារី •    ហាមប្រើប្រាស់ច្រាស់ដុសធ្មេញរួមជាមួយអ្នកដទៃ •    មិនត្រូវផ្តល់ឈាម •    ការពារដោយប្រើស្រោមអនាម័យនៅពេលរួមភេទ •    ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ និងរបបហូបចុកគ្រប់គ្រាន់ដើម្បីបង្កើនការពារឲ្យបានរឹងមាំ •    ត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យចំពោះអ្នកដែលមិនមានវត្តមានមេរោគ និងអង់ទីក័រត្រូវចាក់ វ៉ាក់សាំងការពារ។ ម្យ៉ាងទៀត អ្នកដែលតម្រូវឲ្យចាក់វ៉ាក់សាំងនេះជាចាំបាច់គឺ ក្មេងដែលកើតពីម្តាយមានមេរោគរលាកថ្លើមប្រភេទ B។ ទារកកើតមកភ្លាមត្រូវចាក់ព្រមគ្នានូវប្រព័ន្ធការពារនិងថ្នាំវ៉ាក់សាំង។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម ត្រូវធ្វើឡើង៣ដង និងមាន៣ជម្រើស៖ •    ជម្រើសទី១៖ ០, ១, ២ ខែ •    ជម្រើសទី២៖ ០, ១, ៦ ខែ •    ជម្រើសទី៣ សម្រាប់អ្នកដែលប្រឈមខ្លាំង៖ ចាក់៣ដងក្នុង១ខែដំបូង។ ក្រោយការចាក់វ៉ាក់សាំងគ្រប់ចំនួន នឹងមានការចាក់រំលឹកក្រោយរយៈពេល១ឆ្នាំ ហើយ២ទៅ៣ឆ្នាំក្រោយ ត្រូវធ្វើការត្រួតពិនិត្យមើលកម្រិតអង់ទីក័រក្នុងឈាម បើមានគ្រប់គ្រាន់ គឺមិនចាំបាច់ចាក់បន្ថែមទេ តែបើមិនគ្រប់គ្រាន់ គឺចាំបាច់ត្រូវចាក់រំលឹក។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោយក្រសួងសុខាភិបាលបានដាក់បញ្ចូលការចាក់វ៉ាក់សាំងនេះទៅក្នុងកម្មវិធីជាតិចាក់វ៉ាក់សាំងសម្រាប់កុមារនិងទារកតាំងពីឆ្នាំ២០០០ម្ល៉េះ ដើម្បីការពារសុខភាពកុមារ។ ផលវិបាក ប្រសិនបើគ្មានការព្យាបាលទេ ជំងឺរលាកថ្លើមប្រភេទ B នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ (Fibrose) ដែលក្នុងនោះ៥០%នឹងវិវឌ្ឍទៅរកក្រិនថ្លើមនិងចុងក្រោយគឺមហារីកថ្លើម តែ៥០%ផ្សេងទៀតនឹងវិវឌ្ឍទៅជំងឺមហារីកថ្លើមតែម្តង។ កត្តាជម្រុញឲ្យទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើមនេះ មានដូចជា៖ •    ហូបចុកមិនបានគ្រប់គ្រាន់ •    សម្រាកមិនបានគ្រប់គ្រាន់ •    ពិសាស្រា ជក់បារីច្រើនពេក។ មួយវិញទៀត ការវិវឌ្ឍនៃជំងឺនេះក៏អាស្រ័យទៅលើចំនួនមេរោគផងដែរ។ បើមេរោគមានចំនួនកាន់តែច្រើន នោះការវិវឌ្ឍនេះក៏កាន់តែលឿនផងដែរ។ ម្យ៉ាងទៀត អត្រាស្លាប់ដោយជំងឺនេះគឺកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ៖ •    អ្នកផ្ទុកមេរោគដែលមានអាយុតិចជាង១៩ឆ្នាំ នៅមិនទាន់មានរបាយការណ៍បង្ហាញពីករណីស្លាប់នៅឡើយទេ។ •    អ្នកផ្ទុកមេរោគដែលមានអាយុពី ២០ទៅ២៩ឆ្នាំ មានអត្រាមរណៈតិចតួច •    អ្នកផ្ទុកមេរោគដែលមានអាយុពី៣០ទៅ៦៤ឆ្នាំ មានអត្រាមរណៈកើនឡើងតាមអាយុ •    អ្នកផ្ទុកមេរោគដែលមានអាយុច្រើនជាង៦៤ឆ្នាំ មានអត្រាមរណៈខ្ពស់រហូតដល់៦៥%។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top