Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្វីជាជំងឺស្ទះសរសៃឈាមសួត? ជំងឺស្ទះសរសៃឈាមសួត គឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន។ មូលហេតុបង្ក ជាទូទៅ ជំងឺស្ទះសរសៃឈាមសួត បង្កឡើងដោយមូលហេតុធំៗមួយចំនួន រួមមាន៖ •ផលវិបាកនៃជំងឺរលាកសរសៃឈាមខ្មៅនៅជើង ឬហៅថា Deep venous thrombosis •ផលវិបាកដែលកើតឡើងក្រោយការវះកាត់ ជាពិសេសទៅលើការវះកាត់ជើង ត្រគាក ឬបាក់បែកឆ្អឹង •អ្នកជំងឺរ៉ាំរ៉ៃដែលគេងលើគ្រែ ឬកន្ទេលយូរ(bedridden patient ) បង្កឲ្យកើតមានជាកំណកឈាម រួចកំណកឈាមនោះអណ្ដែតចូលទៅក្នុងសួត •កើតឡើងក្រោយការសម្រាលកូន ទាំងការសម្រាលតាមបែបធម្មជាតិ ឬវះកាត់ •អ្នកដែលមានជំងឺមហារីក •អ្នកជំងឺដែលមានបញ្ហាកំណកឈាមពីកំណើត។ កត្តាប្រឈម មនុស្សមួយចំនួនអាចនឹងប្រឈម ប្រសិនបើគាត់៖ •ជក់បារី •ធាត់លើសទម្ងន់ •អ្នកពុំសូវធ្វើពលកម្ម ឬកីឡា •ទទួលទានសុរាច្រើន •ធ្វើដំណើរផ្លូវឆ្ងាយ ឬប្រើរយៈពេលអង្គុយយូរលើសពី៤ម៉ោង •មានតំណពូជ នៃជំងឺនេះ។ រោគសញ្ញា អ្នកជំងឺស្ទះសរសៃឈាមសួតអាចនឹងមានរោគសញ្ញាដូចជាហត់ភ្លាមៗ ចុកទ្រូង បេះដូងដើរញាប់ខុសប្រក្រតី អាចមានក្អកធ្លាក់ឈាម និងមានអាការៈដូចជាខ្យល់ចាប់ ងងឹតមុខ ឬឈានដល់ការសន្លប់បាត់ស្មារតីតែម្ដង។ ការធ្វើរោគវិនិច្ឆ័យ ក្រៅពីរោគសញ្ញាគ្លីនិកខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ត្រូវពឹងផ្អែកទៅលើតេស្ដអមវេជ្ជសាស្ត្រមួយចំនួនដូចជា ការវាស់អគ្គីសនីបេះដូង (ECG) អេកូបេះដូងដែលបង្ហាញពីការរីកធំ ឬប៉ោងឡើង នៃថតបេះដូងខាងស្ដាំ រួមជាមួយការកើនឡើងនៃសម្ពាធឈាមសួត។ ការធ្វើអេកូសរសៃឈាមដែលអាចឲ្យឃើញពីការរលាក ឬស្ទះសរសៃឈាមខ្មៅជាពិសេសនៅជើង។ ពិនិត្យឈាមមើលទៅលើសម្ពាធខ្យល់ក្នុងសួត (Arterial Blood Gas) និងអង់ស៊ីមម៉្យាងឈ្មោះថា ដេឌីមែរ (D-Dimer enzyme) ដែលការកើនឡើងនៃអង់ស៊ីមនេះនាំឲ្យមានការសង្ស័យខ្ពស់ទៅលើជំងឺស្ទះសរសៃឈាមសួត ការថតសួត (Chest X-ray) សំខាន់លើសពីនេះ រូបភាពវេជ្ជសាស្រ្ដ ស៊ីធីស្គេន (CT-scan) គឺជាមធ្យោបាយបញ្ជាក់នូវរោគវិនិច្ឆ័យយ៉ាងជាក់លាក់បំផុត។  ការព្យាបាល ការព្យាបាលតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យនឹងប្រើប្រាស់ឱសថប្រភេទជាថ្នាំចាក់ និងថ្នាំគ្រាប់ពង្រាវឈាម ក៏ដូចជារំលាយកំណកឈាមដែលស្ទះនោះ។ អំឡុងពេលនៃការព្យាបាល អ្នកជំងឺត្រូវបានហាមមិនឲ្យងើប ឈរ ឬ ដើរ រហូតដល់គ្រូពេទ្យបញ្ជាក់ថាឈាមរាវល្អ ទើបអាចធ្វើចលនាបាន។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកជំងឺត្រូវបន្តប្រើប្រាស់ថ្នាំគ្រាប់ពង្រាវឈាមឲ្យបានទៀងទាត់ជាចាំបាច់គ្រប់រយៈពេល៦ខែ និងត្រឡប់មកតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានការកើតសារជាថ្មីឡើងវិញ បន្ទាប់ពីការកើតលើកទីមួយអ្នកជំងឺនឹងត្រូវប្រើប្រាស់ថ្នាំមួយជីវិត។ ផលវិបាក ជំងឺស្ទះសរសៃឈាមសួត ត្រូវបានចែកចេញជាពីរកម្រិត៖ •កម្រិតធ្ងន់ (Massive pulmonary embolism) អ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ។ •កម្រិតមធ្យម ឬ តិចតួច ភាពជោគជ័យនៃការព្យាបាល មានច្រើន ប៉ុន្តែ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានតាមដាន ឬទទួលការពិនិត្យត្រឹមត្រូវ វាអាចនឹងវិវឌ្ឍទៅរកការស្ទះសរសៃឈាមធ្ងន់ធ្ងរ ឫ ការខ្សោយបេះដូងផ្នែកខាងស្ដាំជាអចិន្ត្រៃយ៍ ឬការស្ទះសរសៃឈាមសួតរ៉ាំរ៉ៃដែលបណ្ដាលឲ្យមានការកើនឡើងសម្ពាធឈាមក្នុងសួតជាអចិន្ត្រៃយ៍ ( post embolic -pulmonary hypertension)។ វិធីបង្ការ វិធីសាស្រ្ដក្នុងការការពារ គឺគួរគប្បីលុបបំបាត់នូវកត្តាប្រឈម តួយ៉ាងដូចជា បញ្ឈប់ការជក់បារី ឬទទួលទានសុរា គ្រប់គ្រងលើតុល្យភាពទម្ងន់ក៏ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវងើបធ្វើចលនារាល់ពីរទៅបួនម៉ោងម្ដង  ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ រីឯអ្នកដែលទើបវះកាត់រួច ឫអ្នកមានជំងឺរុំារ៉ៃគេងនៅកន្ទេល (bedridden patient) គ្រូពេទ្យគួរឲ្យប្រើប្រាស់នូវថ្នាំការពារកំណកឈាម ។   សុខភាព ជារឿងសំខាន់ ដូចនេះ សូមធ្វើការថែរក្សាសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងងាកមករករបបអាហារសុខភាពវិញ។ បើមានបញ្ហាសុខភាពណាមួយខុសប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត   មុនពេលដែលស្ថានភាពជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្មេងតូចៗភាគច្រើនចូលចិត្តមានវត្ថុអ្វីម្យ៉ាងនៅក្បែរខ្លួនរបស់គេជាប្រចាំ ដែល​អាចផ្តល់នូវភាពកក់ក្តៅ និងស្និទ្ធស្នាលដល់ពួកគេ។ យ៉ាងណាមិញ ចំពោះអាយុ​ដែលអ្នកគួរផ្តល់នូវវត្ថុសំណព្វដល់គេ​នោះជាប្រធានបទមួយដែលមានការពិភាក្សាពីអ្នកជំនាញជាច្រើន អ្នកខ្លះណែនាំឲ្យចាំដល់កូនរបស់អ្នកមានអាយុ៦ ឬ៩ខែសិនអ្នកខ្លះក៏គិតថាគួរចាំដល់អាយុ១ឆ្នាំ ប៉ុន្តែអ្នកអាចធ្វើការសម្រេចចិត្តបាន អាស្រ័យលើសភាពរបស់កូនអ្នកផ្ទាល់ រួមផ្សំនឹង វត្ថុដែលអ្នកផ្តល់ឲ្យគេនោះ ថាតើវាអាច នឹងមានសុវត្ថិភាពសម្រាប់ការក្លាយជាម្ចាស់របស់វត្ថុនោះឬទេ សម្រាប់កូនរបស់ អ្នកក្នុងវ័យណាមួយនោះ? វត្ថុសំណព្វ ទាំងនោះអាចជាភួយ តុក្កតា របស់លេង ជាដើម ដែលសុទ្ធតែអាចផ្តល់នូវកាដូភ្ញាក់ផ្អើលដល់ទៅ៧យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់បាននឹកគិតពីមុនមក…   រៀនពីវិធីលួងលោមខ្លួនឯង ទារកខ្លះចូលចិត្តលួងលោមខ្លួនឯងដោយការបៀមមេដៃ ស្របពេលអ្នកខ្លះទៀតចូលចិត្តលេង ជាមួយនឹងវត្ថុសំណព្វរបស់ខ្លួន។ អ្នកជំនាញ ក៏បានបង្ហាញដែរថា វត្ថុនោះក៏អាចជាតំណាងនៃក្តីស្រឡាញ់ និងចំណងដ៏ជិតស្និទ្ធរវាងឳពុក ម្តាយ និងកូន ព្រោះថាក្មេងនឹងទទួលបានក្តីស្រឡាញ់ និងចំណាប់អារម្មណ៍ពីវត្ថុនោះនៅពេល ដែលប៉ាម៉ាក់របស់គេមិននៅក្បែរខ្លួន។   ឆាប់គេងលក់ ពេលដែលមានវត្ថុសំណព្វនៅក្បែរខ្លួនជាប្រចាំនឹងជួយឲ្យកូនរបស់អ្នកឆាប់គេងលក់។ ជាមួយនឹងវត្ថុដែលគេស្រឡាញ់ និងទុកចិត្តជាងគេនៅ ក្បែរខ្លួន គេអាចនឹងឆាប់គេង បើទោះជាពេលខ្លះមិនមានការលួងលោមពីប៉ាម៉ាក់របស់គេក៏ដោយ។ ពេលខ្លះ វាក៏អាចកាត់បន្ថយការយំពេល ភ្ញាក់ពីគេងមក ហើយមិនឃើញប៉ាម៉ាក់នៅក្បែរខ្លួនដែរ ដរាបណាមានវត្ថុនោះនៅក្បែរខ្លួនគេ។   ចេះយល់ចិត្តអ្នកដទៃ ការដែលមានវត្ថុសំណព្វនៅក្បែរខ្លួន នឹងផ្តល់ផលវិជ្ជមានដល់ផ្លូវប្រាជ្ញាស្មារតី និងសុខភាពផ្លូវចិត្តគឺធ្វើឲ្យក្មេងកាន់តែមានភាពច្នៃប្រឌិត មានការស្រមើស្រមៃខ្ពស់ កាត់បន្ថយស្ត្រេស និងក្តីបារម្ភទាំងឡាយ ហើយថែមទាំងបង្ការពីបញ្ហាថប់បារម្ភទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈការលួងលោមខ្លួនឯងដោយការប្រើប្រាស់ ឬលេងជាមួយនឹងវត្ថុនោះ គេក៏អាចរៀនយល់ពីចិត្ត និងអារម្មណ៍អ្នកដទៃទៀតផង។ មានទំនួលខុសត្រូវ ភាពជាម្ចាស់នៃវត្ថុសំណព្វរបស់ខ្លួន នឹងធ្វើឲ្យក្មេងមានទំនួសខុសត្រូវតាំងពីវ័យក្មេង ព្រោះគេនឹងព្យាយាមមើលថែទាំ និងរក្សាវាឲ្យនៅក្បែរ ខ្លួនជានិច្ច ដោយមិនចង់បាត់បង់នោះឡើយ។ ប្រាកដណាស់ គេអាចយល់ដឹងពីគុណតម្លៃរបស់ វាចំពោះខ្លួនឯងយ៉ាងច្បាស់ ហើយក៏នឹងធ្វើយ៉ាងណាមិនឲ្យវាខូចខាត ឬបាត់បង់ដោយងាយៗ នោះឡើយ។   មានឯករាជ្យភាព ពេលដែលគេជិតស្និទ្ធទៅនឹងវត្ថុនោះខ្លាំង គេក៏នឹង មានភាពឯករាជ្យដោយមិនមានត្រូវការវត្តមានរបស់អ្នកគ្រប់ពេលវេលានោះទេ ព្រោះថាវាជួយសម្រាលនូវអារម្មណ៍ភ័យខ្លាច និងថប់បារម្ភផ្សេងៗហើយផ្តល់មកវិញនូវទំនុកចិត្តដល់គេក្នុងការធ្វើអ្វីៗនិងទៅទីណាដោយមិនសូវខ្វល់ថានឹងមានវត្តមានរបស់អ្នកទៅជាមួយឬអត់។ រៀនពីវិធីគ្រប់គ្រងអារម្មណ៍ រឿងល្អមួយទៀតនោះ គឺគេអាចយល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង និងចេះគ្រប់គ្រងវា តាមរយៈការក្លាយជាក្មេងម្នាក់ដែលកាន់តែរឹងមាំ និងមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងអ្នកដទៃ ដូចទៅនឹងទំនាក់ទំនងដែលគេមានជាមួយនឹងវត្ថុសំណព្វរបស់គេដែរ។   រៀនពីវិធីទំនាក់ទំនងជាមួយអ្នកដទៃ កូនរបស់អ្នកប្រហែលជានិយាយ ឬទាក់ទងច្រើនជាមួយនឹងវត្ថុសំណព្វនោះ មិនថានៅក្នុងផ្ទះ ឬចេញក្រៅនោះទេ មិនខុសអ្វីពីមនុស្សធំបច្ចុប្បន្នដែលប្រាស្រ័យទាក់ទងតាមរយៈទូរស័ព្ទរបស់ខ្លួនជាប្រចាំឡើយ។ រាល់ពេលដែលអ្នកនាំគេចេញទៅក្រៅកុំភ្លេចនាំយកវត្ថុនោះទៅផងដើម្បីឲ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅហើយក៏រីករាយនឹងបើកចិត្តឲ្យទូលាយក្នុងការទាក់ទងជាមួយនឹងអ្នកដទៃបណ្តើរៗដែរ បើទោះបីជាដំបូងៗគេហាក់ដូចជាមិនសូវនិយាយច្រើនក៏ដោយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការហាត់ប្រាណ ឬលេងកីឡាមួយចំនួន តែងផ្តល់ឲ្យអ្នកនូវសុខភាពល្អ មិនថាស្ថិតក្នុងវ័យណានោះទេ។ ដោយឡែក ការជិះកង់ជាលំហាត់ប្រាណមួយ ដែលត្រូវបានបង្ហាញថាស័ក្តិសមបំផុតសម្រាប់ក្មេង។ ដូចនេះ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម នឹងបង្ហាញនូវគុណសម្បត្តិ៦ចំណុច ដែលមាតាបិតាគ្រប់រូបមិនគួរមើលរំលង៖ រក្សាឲ្យក្មេងសកម្ម ភាពអសកម្ម អាចនាំដល់បញ្ហាសុខភាពជាច្រើន មិនត្រឹមតែយុវវ័យនោះទេ តែក្មេងៗក៏ដូចគ្នា។ ឳពុកម្តាយមួយចំនួនច្រើនទម្លាប់កូន ជាមួយនឹងឧបករណ៍អេឡិចត្រូនិកនៅតែក្នុងផ្ទះ ឬនៅមួយកន្លែង ព្រោះតែបារម្ភពីសុវត្ថិភាពពួកគេ ជាលទ្ធផលវាអាចធ្វើឲ្យកូនរបស់អ្នកឡើងទម្ងន់ ដោយមិនដឹងខ្លួន ហើយអាចក្លាយជាក្មេងអសកម្ម។ គួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកឲ្យជិះកង់ ហើយនាំពួកគេជិះ ជាជម្រើសល្អបំផុត ធ្វើឲ្យពួកគេរីករាយ កាន់តែជិះ កាន់តែធ្វើឲ្យពួកគេសកម្មឡើង។ ម៉្យាង វាក៏ត្រូវបានចាត់ជាទម្រង់ហាត់ប្រាណសមល្មមបំផុតដែលមានប្រសិទ្ធភាពខ្ពស់ចំពោះកូនៗរបស់អ្នក។ បង្កើនទំនាក់ទំនង តាមពិតទៅវាជាវិធីល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងឳពុកម្តាយ និងកូនៗ ល្អជាងការអង្គុយមើលទូរទស្សន៍ ឬធ្វើការងារលើតុមួយកន្លែង រឹតតែបង្កើនភាពរីករាយជាលក្ខណៈគ្រួសារដោយការជិះកង់រៀងៗខ្លួន។ អ្នកអាចជិះពេលទៅកម្សាន្តនៅមាត់សមុទ្រ ផ្តល់ឲ្យអ្នក និងកូនៗរបស់អ្នកនូវភាពរីករាយបង្កប់ជាមួយលំហាត់ប្រាណ។ មិន-ត្រឹមផ្តល់នូវលំហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំពេញនូវពេលវេលាប្រកបដោយសំណើច  អនុស្សាវរីយ៍ល្អៗ និងធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ សម្រួលបេះដូង សរសៃឈាម និងសាច់ដុំ វាមិនលឿនពេកទេ ដែលចាប់ផ្តើមឲ្យកូនៗរបស់អ្នក មានចង្វាក់បេះដូងកើនឡើងបន្តិច ដើម្បីបង្កើនការច្របាច់ឈាមចេញទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ នៅពេលជិះកង់ រាងកាយមានការចូលរួមពីក្រុមសាច់ដុំធំៗនៃប្រអប់ជើង បង្កើនចង្វាក់បេះដូង ខណៈពេលនោះ វាភ្ញោចឲ្យមានការបង្កើនសន្ទុះកម្លាំងកុមារឡើងវិញ។ ក្មេងដែលចូលរួមក្នុងការជិះកង់ជាទៀងទាត់ ត្រូវបានរកឃើញថា ការរក្សាថាមពលរបស់ពួកគេ គឺកាន់តែប្រសើរ បើប្រៀបធៀបទៅនឹងខណៈពេលដែលពួកគេហាត់កីឡាផ្សេងទៀត ដូចជាហែលទឹក និងបាល់ទាត់ជាដើម។ លើសពីនេះ វាក៏មានលទ្ធភាពបង្កើនឲ្យសាច់ដុំរឹងមាំ និងលូតលាស់បានយ៉ាងល្អផងដែរ។ បន្ថយការលើសខ្លាញ់ចំពោះកុមារ បច្ចុប្បន្ន ក្មេងធាត់ហួស ហាក់ក្លាយជាហានិភ័យចម្បងមួយសម្រាប់ឳពុកម្តាយភាគច្រើន ស្ទើរតែទូទាំងសកលលោក។ តាមការស្រាវជ្រាវ បានបង្ហាញថា ការជិះកង់គឺជាវិធីសាស្រ្តល្អបំផុត ដើម្បីប្រយុទ្ធនឹងបញ្ហានេះ ព្រោះវាអាចរក្សាឲ្យក្មេងសកម្មដោយគ្មានការធុញទ្រាន់។ កុមារភាគច្រើនអាចអនុវត្តកីឡានេះបានយ៉ាងងាយ ហើយវាមិនធ្វើឲ្យមានបញ្ហាទៅលើសន្លាក់ជង្គង់នោះឡើយ។ ការជិះកង់នេះ ក៏អាចអនុវត្តដើម្បីបន្ថយផ្នែកធាត់ខ្លះនៃរាងកាយបានផងដែរ។ បង្កើនស្មារតីប្រុងប្រយ័ត្ន អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត ផ្តល់ដោយការជិះកង់ចំពោះកុមារ គឺជួយបង្កើនទំនុកចិត្តចំពោះខ្លួនឯង។ វាអនុញ្ញាតឲ្យក្មេងក្លាយជាជោគជ័យទៅលើខ្លួនពួកគេផ្ទាល់ ខណៈពេលដែលអារម្មណ៍មិនសូវមានភាពភ័យ ពីមិត្តភក្តិក៏ដូចជាកត្តាផ្សេងៗនៅជុំវិញខ្លួន។ ពិសេសការជិះកង់ធ្វើឲ្យកុមារចេះបែងចែកទីតាំង បង្កើននូវទំនុកចិត្ត និងស្មារតីប្រុងប្រយ័ត្នជានិច្ច ទោះពេលពួកគេស្ថិតក្នុងស្ថានភាពមិនច្បាស់ ក៏ពួកគេពិតជាអាចរកផ្លូវដ៏មានសុវត្ថិភាពត្រឡប់ទៅផ្ទះបាន។ អត្ថប្រយោជន៍ពីបរិយាកាសខាងក្រៅ ភាគច្រើនក្មេងៗចូលចិត្តចេញក្រៅបំផុត ពួកគេអាចទទួលបានពន្លឺធម្មជាតិដែលផ្តល់ឲ្យពួកគេនូវវីតាមីន D និងខ្យល់បរិសុទ្ធយ៉ាងច្រើន ជួយឲ្យក្មេងគេងលក់ស្រួលនៅពេលយប់។ ជាក់ស្តែង ការគេងលក់ស្រួលផ្តល់ឲ្យក្មេងនូវសុខភាពរាងកាយរឹងមាំ លូតលាស់បានល្អ និងបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ។ ជិះកង់ជួយឲ្យពួកគេរៀនទទួលយកអ្វីៗនៅជុំវិញខ្លួនពួកគេ និងអាចឲ្យពួកគេទៅចំណាយពេលផ្ទាល់ខ្លួនបានយ៉ាងរីករាយ។ លើសពីនេះ ការជិះកង់នឹងធ្វើឲ្យកូនៗរបស់អ្នកស្គាល់ទីតាំងច្បាស់លាស់ និងអាចចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានមួយផ្នែក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មាតាមួយចំនួនហាក់បីដូចជាមានកង្វល់ក្នុងការត្រៀមខ្លួនឲ្យបុត្រាបុត្រីរបស់ខ្លូនសម្រាប់ការបើកទំព័រនៃការសិក្សាជាពិសេសចំពោះបុត្រដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភច្រើននោះឡើយ អ្នកអាចធ្វើចិត្តឲ្យសប្បាយរីករាយ ហើយសាកល្បងជាមួយនឹងវិធីសាស្រ្តដូចខាងក្រោម ៖ -សាកសួរទឹកចិត្តកូន ៖ ដោយសារតែការចូលរៀនជាលើកដំបូងនឹងមានផលប៉ះពាល់ច្រើនទៅលើកូនរបស់អ្នក ដូច្នេះហើយអ្នកត្រូវធ្វើការសាកសួរពួកគេជាមុនសិនថាតើពួកគេបានត្រៀមចិត្តរួចឬនៅសម្រាប់ការទៅសាលារៀន? អ្នកអាចនិយាយលួងលោមពួកគេដោយរៀបរាប់ពីចំណុចល្អៗនៅក្នុងសាលារៀន ឬ ចែករំលែកបទពិសោធន៍ជាគម្រូដល់ពួកគេផងដែរ។ -ជ្រើសរើសសាលារៀន ៖ ប្រសិនបើបុត្ររបស់លោកអ្នកយល់ព្រមហើយ អ្នកអាចចាប់ផ្តើមធ្វើការស៊ើបរកមើលសាលារៀនណាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និង ប្រកបដោយផាសុកភាពដែលអ្នកគិតថាកូនរបស់អ្នកនឹងអាចទទួលយកបាន ព្រោះថាទិដ្ឋភាពនៅក្នុងសាលាទីមួយរបស់គេអាចនឹងបន្សល់នូវសុបិន្តល្អ ឬ អាក្រក់នៅក្នុងការចងចាំរបស់ពួកគេ។ -ស្គាល់សាលារៀន ៖ អ្នក និងកូនគួរតែរៀនសូត្រពីស្ថានភាពក៏ដូច ជាស្គាល់ពីទីតាំងផ្សេងៗនៅក្នុងបរិវេណសាលាឲ្យហើយ។ -ត្រៀមសម្ភារៈសិក្សា ៖ លោកអ្នកចាំបាច់ត្រូវទិញសម្ភារៈសិក្សាឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងទម្លាប់មិនល្អទៅថ្ងៃក្រោយ ហើយអ្នកក៏គួរតែបង្រៀនពួកគេឲ្យស្គាល់ពីរបៀបប្រើ ប្រាស់ផងដែរ។ -ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៖ ព្យាយាមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះឲ្យស្រដៀងនឹងនៅក្នុងសាលារៀន ដើម្បីផ្សាំទៅនឹងស្ថានភាពជាក់ស្តែងដែលកូនអ្នកនឹងជួបប្រទះ។ អ្នកក៏ត្រូវបង្ហាត់បង្ហាញពួកគេអំពីកិច្ចការមួយចំនួនដែលគេត្រូវធ្វើដោយខ្លួនឯងដែរ ដូចជាការពាក់ ឬ ដោះស្បែកជើង ការបត់ជើងជាដើម។ -ធ្វើជាគម្រូល្អ ៖ ដោយសារតែលោកអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើពួកគេជាងគេ អ្នកត្រូវតែធ្វើជាគម្រូល្អដល់ពួកគេជានិច្ច មិនថាការនិយាយស្តី ការបរិភោគអាហារនោះឡើយ។ អ្នកត្រូវចាំក្នុងចិត្តថា ក្មេងប្រៀបបាននឹងក្រដាសសស្អាតមួយសន្លឹកអញ្ចឹង អ្នកគប្បីផ្តល់នូវ សោភ័ណភាពស្រស់ស្អាតនៅលើក្រដាសមួយនោះ។ -កុំដាក់សម្ពាធដល់កូន ៖ ដោយហេតុថាកូនរបស់អ្នកនៅក្មេងនៅឡើយ អ្នកមិនត្រូវរំពឹងថាគេអាចនឹងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនេះឡើយ។ ដូចគ្នាចំពោះការនិយាយណែនាំពួកគេផងដែរ ជំនួសឲ្យការនិយាយប្រដៅវែងឆ្ងាយ អ្នកគួរតែលើកយកឧទាហរណ៍នៅក្នុងសៀវភៅរឿងតុក្កតាផ្សេងៗ ហើយបញ្រ្ជាបគតិរឿងនោះដោយនិយាយដោយងាយៗ។ -បង្រៀនកូនបន្ថែម ៖ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងនាមជាឪពុកម្តាយអ្នកអាចបង្កើតទម្លាប់ដ៏ល្អមួយ ដោយធ្វើការអានសៀវភៅអប់រំកុមារខ្លីៗដែលមានលាយឡំជាមួយនឹងរូបគំនូរដែលអាចឲ្យកូនអ្នកមើលយល់ទុកសម្រាប់ឲ្យកូនអ្នកស្តាប់នៅមុនពេលចូលគេង។ -បម្រុងប្រយ័ត្ន ៖ ចំពោះក្មេងសម័យបច្ចុប្បន្ន  ភាគច្រើនគឺ សុទ្ធតែចេះចុចទូរស័ព្ទទំនើបរបស់ឪពុកម្តាយរបស់ខ្លួនដោយយ៉ាងហោចណាស់ក៏ចេះលេងហ្គេមដែរ។ ចំពោះចំណុចនេះ អាចជារឿងល្អមួយដែលអាចបង្កើនភាពវៃឆ្លាតដល់កូនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបណ្តោយ ឲ្យគេប្រើប្រាស់ក្នុងរយៈពេលយូរពេកនោះដែរ។ -ផ្តល់កម្លាំងចិត្តដល់កូន ៖ ដើម្បីជាការលើកទឹកចិត្តដល់កូនរបស់អ្នក អ្នកអាចធ្វើការព្រមព្រៀងជាមួយពួកគេដូចជា ប្រសិនបើគេទទួលបានចំណាត់ថ្នាក់ល្អ អ្នកអាចនឹងជូនជាកាដូលើកទឹកចិត្តខ្លះៗ តាមដែលគេចង់បាន ឬ នាំគេទៅដើរកំសាន្តនៅរមណីយដ្ឋានក៏បាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់ស្ត្រីដែលទើបតែនឹងក្លាយជាម្ដាយគេលើកដំបូង ដូច្នេះ អ្នកម្ដាយគួរតែសិក្សាបន្ថែមពីរបបអាហារ របៀបថែទាំងកុមារ និងការគេង  ក៏ដូចជារយៈពេលគេងផងដែរ។ ហេលស៏ថាម សូមលើកយកពីរយៈពេលដែលកូនរបស់អ្នកត្រូវគេងមកបកស្រាយ។  ថ្វីត្បិតមានការព្រួយបារម្ភថាកុមារគេងមិនគ្រប់ អាចបណ្ដាលឲ្យមានបញ្ហាតាំងពីការប្រព្រឹត្តរហូតដល់សុខភាពក៏ដោយ តែរហូតមកទល់សព្វថ្ងៃនៅតែពុំទាន់មានភស្តុតាងគួរឲ្យទុកចិត្តអំពីរឿងកុមារថាតើគួរគេងប៉ុន្មានម៉ោងទើបគ្រាន់គ្រាន់សម្រាប់ក្មេង។ ឳពុកម្ដាយទាំងឡាយតែងតែជួបការលំបាកពេលឲ្យកូនរបស់ខ្លួនចូលគេងមិនតែប៉ុណ្ណោះ ពួកគេត្រូវប្រើវិធីល្បូងឲ្យគេឆាប់គេងលក់ដូចជា ការនិទានរឿង  ឬឲ្យពួកគេទទួលទានទឹកឲ្យ ដើម្បីឲ្យពួកគេចូលគេងងាយស្រួល ឬគេងគ្រប់គ្រាន់។   តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិចបានបានធ្វើការសន្និដ្ឋានពាក់ព័ន្ធដល់បរិមាណពេលវេលាដំណេកចាំបាច់របស់កុមារក្នុងប្រទេសនោះ។ តាមលទ្ធផលស្រាវជ្រាវបានប្រកាសថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ ការសន្និដ្ឋាននេះក៏ដូចគ្នានឹងការសន្និដ្ឋានរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការប្រឆាំងជំងឺរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏ធ្វើការព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់។ យកល្អអាណាព្យាបាល ឬមាតាបិតាគួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ឲ្យពួកគេចូលគេងតាមពេលវេលាឲ្យបានទៀងទាត់ផង។ ហើយផលអាក្រក់ដែលកុមារដេកបានតិច អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៏ដូចជា ឆាប់ក្រេវក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ដូច្នេះ មាតាបិតាអាចរកវិធីទាក់ទាញ ឬបញ្ឆោតឲ្យគេចូលគេង ឬក៏នៅនិទានរឿងឲ្យគេស្ដាប់ ។ វិធីទាំងនោះ សុទ្ធសឹងតែមានប្រសិទ្ធភាពបំផុតឲ្យពួកគេឆាប់ចូលគេងបានយ៉ាងងាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ​ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឲ្យបានដិតដល់។ ក្នុងវ័យនេះផងដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយះចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។  តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖ - ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ - ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។ - ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ - សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។ តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន? -ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ ជាចុងក្រោយ លោកទន្តបណ្ឌិត មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន៕ ស្វែងយល់បន្ថែម៖ របៀបថែទាំធ្មេញដែលឪពុកម្តាយគួរយល់ដឹង បងស្រាយដោយ ៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក្នុងពេលថ្មីៗនេះបានបង្ហាញថា កុមារដែលចូលចិត្តញុំប្រភេទអាហារងាយចម្អិន ដូចជាភីហ្សា បឺហ្គ័រ មាន់បំពង ឬនំផ្សេងៗជាច្រើនប្រភេទទៀត និងអាចជះឥទ្ធិពល ធ្វើឲ្យខួរក្បាលមិនសូវវិវត្តដូចក្មេងដែលញុំអាហារធម្មតា។ នេះបើយោងតាមការផ្សាយរបស់កាសែត The Telegraph ។ បើតាមប្រភពដដែលនេះ លោកវេជ្ជបណ្ឌិត Kelly Purtell មកពីសកលវិទ្យាល័យ Ohio State Univercity  បានដឹកនាំការសិក្សាមួយនៅរដ្ឋអាមេរិក ស្ដីពីការប៉ះពាល់នៃការបរិភោគអាហារ Fast food។ លោកបានឲ្យដឹងថាការសិក្សានេះបានផ្ដោតសំខាន់លើអាហារ Fast food អាចធ្វើឲ្យក្មេងធាត់ជ្រុលតាមរបៀបណា? លទ្ធបានបង្ហាញថា ការញុំអាហារ Fast food បណ្ដាលឲ្យមានបញ្ហាមួយទៀតកើតឡើងគឺលទ្ធផលនៃការសិក្សាធ្លាក់ចុះ។ ​ការសិក្សាបានពិនិត្យលើលទ្ធផលការសិក្សាក្មេងៗដែលជាសិក្សាសាលា ចំនួន ៨៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក លើមុខវិជ្ជាចំនួន៣ គឺ គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ហើយជាលទ្ធផលច្រើនជាង ៥០%នៃក្មេងទាំងនោះគឺខ្សោយមុខវិជ្ជាគណិត។ នៅពេលនោះពួកគេក៏ត្រូវឆ្លើយសំណួរផងដែរថា​ តើពួកគេចូលហាងដែលលក់អាហារ Fast food ដូចជា McDonala’s, pizza Hut, Burger King និង KFC ប៉ុន្មានដងក្នុងមួយសប្ដាហ៍? ចម្លើយ គឺពួកគេទៅញុំអាហារ Fast Food ជាប្រចាំគឺរហូតទៅ៣ដងក្នុងមួយសប្ដាហ៍។ ការសិក្សានេះបានឲ្យដឹងទៀតថាអាហារ​ Fast foodគឺខ្វះជាតិដែក ដែរធ្វើឲ្យការវិវត្តន៍របស់ខួរក្បាលក្មេង មិនមានដំណើរការល្អ។ ម្យ៉ាងទៀត អាហារប្រភេទនេះ គឺងាយនឹងធ្វើឲ្យពួកគេធាត់ ព្រោះជាអាហារសម្បួរជាតិស្ករ និងប៉ះពាល់ដល់ស្បែកទៀតផង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មូលហេតុ កូនរបស់លោកអ្នកអាចទល់លាមក កា​លណាគេមិនបានផឹកទឹកដោះ អង្គធាតុរាវ ឬអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ សរសៃមាននៅក្នុងចំណីធម្មជាតិ ដូចជាគ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែជាដើម។  ប្រសិនបើកូនរបស់លោកអ្នកបរិភោគបបរដែលសម្បូរទៅដោយជាតិខ្លាញ់ជាតិស្ករចម្រាញ់(ស្ករគ្រាប់ឬបង្អែម)នោះមានន័យថាគេមិនបានបរិភោគជាតិសរសៃឲ្យបានគ្រប់គ្រាន់ដែលជាហេតុនាំឲ្យទល់លាមក។ ការផ្លាស់ប្ដូរពីការបំបៅទឹកដោះម្ដាយទៅបៅទឹកដោះគោវិញ ឬការប្ដូរពីការចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។   ជួនកាល កូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីងើបពីឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភពេកទេព្រោះការទល់លាមកតែងតែកើតឡើងជាធម្មតាហើយអាចបាត់ទៅវិញដោយឯងៗដែរ។ អាការៈទល់លាមកធ្ងន់ធ្ងរអាចកើតឡើងដោយសារតែកុមារមិនព្រមទៅបន្ទោរបង់។ ពេលដែលលាមកប្រមូលផ្ដុំ នៅក្នុងពោះវៀនធំយូរវាចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។ ដំណោះស្រាយ អ្នកគួរចាប់ផ្ដើមបង្កើនបរិមាណទឹកដែលកូនរបស់អ្នកទទួលទានក្នុង១ថ្ងៃ។ បើកូនរបស់លោកអ្នកធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។ សូមបន្ថយបរិមាណស្ករគ្រាប់ និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។អ្នកគួរណែនាំកូនឲ្យយល់ដឹងពីការបន្ទោរបង់ហើយគួរតែមានទម្លាប់បន្ទោរបង់ដោយមានម៉ោងពេលច្បាស់លាស់។ ពេលដល់ម៉ោងបន្ទោរបង់សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ។ ក្នុងពេលបន្ទោរបង់ អ្នកអាចឲ្យកូនអានសៀវភៅ ឬស្ដាប់វិទ្យុក៏បាន។ មានឱសថបញ្ចុះលាមករបស់កុមារ។អ្នកអាចជ្រើសយកឱសថណាមួយមកប្រើអាស្រ័យទៅតាមអាយុករបស់កូននិងទៅតាមសភាពការទល់លាមក។សូមសាកសួរគ្រូពេទ្យអំពីឈ្មោះនិងរបៀបប្រើឱសថ។  ក្រោយពីសាកល្បងវិធីខាងលើរួចហើយអាការៈទល់លាមករបស់កូនអ្នកមិនមានសភាពប្រសើរឡើងទេ សូមយកកូនរបស់អ្នកទៅជួបជាមួយគ្រូពេទ្យ។ ជួនកាលអាការៈទល់លាមកអាចជាសញ្ញាបញ្ចាក់អំពីលក្ខខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយក៏ថាបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកុមារខ្លះមិនងាយនឹងមានជំងឺតែបែរជាកុមារមួយចំនួនតែងតែទទួលរងនូវជំងឺទូទៅជាញឹកញាប់ ដូចជាជំងឺផ្តាសាយជាដើម។ ជាទូទៅ កុមារដែលងាយទទួលការចម្លងពីជំងឺមួយផ្នែកអាចជាប់ទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំដែលទន់ខ្សោយតែម៉្យាងទៀត វាអាចបណ្តាលមកពីការធ្វេសប្រហែលរបស់អាណាព្យាបាលក្នុងការថែទាំ ក៏ដូចជាហ្វឹកហាត់ទម្លាប់របស់ពួកគេទាក់ទងនឹងការរស់នៅស្អាត។ ជំហានខាងក្រោមដែលនឹងលើកឡើងតាមរយៈអត្ថបទខាងក្រោម អាចជាជំនួយខ្លះៗសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រងកុមារតូចៗពីជំងឺដែលអាចកើតជាញឹកញាប់។ 1- រក្សាអនាម័យដៃ ការលាងដៃជាប្រចាំ និងញឹកញាប់ អាចជួយកាត់បន្ថយការចម្លងនៃមេរោគផ្លូវដង្ហើម និងក្រពះពោះវៀន។ ទម្លាប់ឲ្យកូនរបស់អ្នកលាងដៃ ឬប្រើប្រាស់ទឹកលាងដៃ ជាពិសេសនៅរាល់ពេលចេញពីសាលា បន្ទាប់ពីការរត់លេង និងពេលញ៉ាំអាហារ ដែលការលាងគួរប្រើពេលពី ១៥ ទៅ ២០វិនាទី។ 2- ធ្វើសកម្មភាពជាប្រចាំ ការសិក្សាបានបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំ និងសមរម្យអាចជួយកាត់បន្ថយអត្រានៃជំងឺផ្តាសាយក្នុងកម្រិត ២៥% ទៅ ៥០% ព្រោះលំហាត់ប្រាណបានបង្កើននូវសមត្ថភាពរាងកាយក្នុងការទប់ទល់នឹងការចម្លង។ ដូច្នេះ កុមារត្រូវមានការណែនាំ និងគួរបានលើកទឹកចិត្តពីអាណាព្យាបាលសម្រាប់ហ្វឹកហាត់ខ្លួនឯងឲ្យចាប់យកលំហាត់ប្រាណជាចម្បងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 3- ទទួលដំណេកគ្រប់គ្រាន់ អ្នកត្រូវច្បាស់ថាកូន ឬកុមារតូចៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្លួន ព្រោះការបាត់បង់ដំណេកជួយពន្លឿននូវហានិភ័យក្នុងការឆ្លងជំងឺផ្តាសាយដល់ទៅពីរដងចំពោះកុមារ។ ជាទូទៅ ទារកគួរគេងក្នុងពេលប្រមាណ ១៤ម៉ោងក្នុងមួយថ្ងៃ ចំណែកកុមារដែលឈានចូលវ័យសិក្សាគួរគេងពីចន្លោះ ១១ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។   4- ចៀសវាងប៉ះពាល់ផ្ទាល់លើផ្ទៃមុខ មេរោគគ្រុនផ្តាសាយងាយនឹងឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះភ្នែក និងមាត់ ដូច្នេះ អ្នកគួរទម្លាប់កុមារឲ្យចៀសវាងដាក់ដៃលើតំបន់ផ្ទៃមុខនោះ។ វាអាចមានភាពពិបាកក្នុងការទប់ស្កាត់ ទើបការលាងដៃនៅតែជាវិធីសាស្រ្តដ៏ល្អ។ ម៉្យាងវិញទៀត អ្នកអាចបង្រៀនកុមារដោយមិនត្រូវទម្លាប់ប្រើប្រាស់ទុយោ កែវ ឬច្រាសដុសធ្មេញរួមគ្នានោះទេ។ 5- ញ៉ាំអាហារសុខភាព គួរចាប់ផ្តើមបញ្ចូលរបបអាហារដូចជា បន្លែ ផ្លែឈើ អាហារសម្បូរវីតាមីនសេ (ស្ពៃប្រូខូលី ផ្លែក្រូច) ពពួកវីតាមីនដេ (ត្រីធូណា ទឹកដោះគោ អាហារធញ្ញជាតិ)និងប្រភេទយ៉ាអួទៅក្នុងការញ៉ាំរបស់កុមារ ពីព្រោះវាជាប្រភពយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់ការពាររាងកាយកុមារពីជំងឺទូទៅ។ 6- ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ កុមារតែងត្រូវបានណែនាំ និងតម្រូវឲ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ដូច្នេះ អ្នកពុំគួរមើលរំលងខកខានមិនបាននាំកូនអ្នកទៅទទួលវ៉ាក់សាំងនោះទេ ដោយហេតុថា វាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុមារពីជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម្ញ៉ូបច្រើនជាងក្មេងដែលរស់នៅជនបទ​។ ​ជំងឺម្ញ៉ូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម្ញ៉ូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ក្នុងករណីជាមួយគ្នាផងនោះ​ប្រសិនបើកុមារមិនបានទទួលការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលមួយត្រឹមត្រូវកុមារអាចមានផលវិបាកជាច្រើនក្នុងការរស់នៅ ជាពិសេសការសិក្សារៀនសូត្រ។ផលវិបាកវាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖ -វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes)៖  ករណីម្ញ៉ូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម្ញ៉ូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ។ វិវឌ្ឍទៅភ្នែកស្រលៀង -ការសិក្សាថយចុះ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ។ -គ្រោះថ្នាក់ពេលបើកបរ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត  ចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម្ញ៉ូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម្ញ៉ូបកាន់តែឡើងដឺក្រេ» ។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ស៊ុន សារិន  អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង ស្វែងយល់បន្ថែម៖ ម្ញ៉ូបជំងឺត្រូវតាមដានលើកុមារ ©2017រក្សាសិទ្ធិគ្រប់យ៉ា​ដោយHealthtimeCorporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើជំងឺទឹកនោមផ្អែមដែលតែងត្រូវបានគេជឿថាជាប្រភេទជំងឺមនុស្សពេញវ័យនោះ អាចកើតមានលើកុមារ ឬកូនតូចរបស់អ្នកដែរឬទេ?កុមារស្ថិតក្នុងវ័យក្រោម ១៦ឆ្នាំ ក្នុងអត្រា ៩០ ទៅ៩៥ភាគរយអាចនឹងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមប្រភេទ ១ នេះបើយោងតាមការសិក្សាស្រាវជ្រាវ។ ជំងឺប្រភេទនេះ កើតមានឡើងដោយសារសរីរាង្គលំពែងពុំមានលទ្ធភាពក្នុងការផលិតអ័រម៉ូន អាំងស៊ុយលីន សម្រាប់បំលែងជាតិស្ករយកមកប្រើប្រាស់ ដែលធ្វើឲ្យបរិមាណជាតិស្ករបន្សល់ក្នុងឈាមច្រើន។ ចំណែកមូលហេតុនៃជំងឺនេះទៀតសោត គឺមិនមានការបញ្ជាក់ច្បាស់លាស់នៅឡើយដោយវាប្រហែលជាអាចបណ្តាលមកពីការរួមផ្សំគ្នានៃការប្រែប្រួលនៃហ្សែន និងកត្តាខាងក្រៅផ្សេងមួយចំនួនទៀត។ ស្ថានភាពជំងឺអាចនឹងស្តែងឡើងជារោគសញ្ញាមួយចំនួន ដែលនឹងប្រាប់អ្នកតាមរយៈអត្ថបទខាងក្រោម ជាជំនួយអាចឲ្យស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាសុខភាពកូនរបស់អ្នក។  1    ស្រេកទឹកខុសធម្មតា កុមារដែលសង្ស័យមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងមានតម្រូវការសារធាតុទឹកច្រើន និងញឹកញាប់។ វាកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យមានការទាញយកសារធាតុរាវចេញពីកោសិកា។ កុមារអាចនឹងចង់ទទួលបាននូវសារធាតុដែលមានជាតិផ្អែម និងភេសជ្ជៈដែលត្រជាក់។  2    បត់ជើងតូចញឹកញាប់ ដោយសារចំណង់នៃការចង់បានសារធាតុទឹកច្រើននោះការបត់ជើងតូចក៏ញឹកញាប់ទៅតាមនោះដែរ។ ប្រសិនអ្នកសង្កេតឃើញកូនរបស់អ្នកបង្ហាញនូវការបញ្ចេញចោលច្រើនខុសធម្មតា វាអាចបង្កប់នូវមូលហេតុនៃជំងឺដែលអ្នកគួរតែយកចិត្តទុកដាក់។  3    ស្រកទម្ងន់ កុមារដែលមានជំងឺទឹកនោមផ្អែម នោះសារពាង្គកាយរបស់គេ មិនអាចបំប្លែងជាតិស្ករមកជាថាមពលបាននោះទេ ដែលនាំឲ្យមានការថយចុះនូវម៉ាសសាច់ដុំ និងជាតិខ្លាញ់។ ការស្រកទម្ងន់ ចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមដែលមិនទទួលបានការព្យាបាល តែងតែកើតឡើងយ៉ាងឆាប់រហ័ស និងភ្លាមៗ។  4    បាត់បង់ថាមពល កុមារអាចស្តែងឡើងនូវភាពហត់ និងមិនសូវមានភាពរហ័សរហួន ដោយសារពួកគេខ្វះខាតថាមពលដែលបានពីការបំប្លែងនូវជាតិស្ករនៅក្នុងចរន្តឈាម សម្រាប់សាច់ដុំ និងសរីរាង្គផ្សេងៗ ដើម្បីប្រើប្រាស់។  5    ឃ្លានខុសធម្មតា នៅពេលដែលរាងកាយបាត់បង់ថាមពល ដោយសារការធ្លាក់ចុះកម្រិតនៃអាំងស៊ុយលីន កុមារអាចប្រឈមនឹងការកើនឡើងនៃចំណង់អាហារខ្លាំង។  6    ការប្រែប្រួលនៃគំហើញ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យមានការទាញយកទឹកចេញពីសរីរាង្គ រួមជាមួយនឹងការបាត់បង់សំណើមក្នុងភ្នែកផងដែរ ដែលបណ្តាលឲ្យការមើលមានភាពស្រវាំង និងបញ្ហាគំហើញមួយចំនួនផ្សេងទៀត។ យ៉ាងណាមិញ បញ្ហានេះអាចនឹងពិបាកក្នុងការប៉ាន់ស្មាន ដោយសារកុមារមិនទាន់អាចបែងចែកបានពីគំហើញធម្មតា ឬយ៉ាងណា តែអាចសង្កេតឃើញថាកុមារដែលមានផលវិបាកនៃគំហើញនេះធ្វើឲ្យពួកគេមិនអាចអានបាន។ ប្រសិនសង្កេតឃើញមាននូវសញ្ញាណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទ ១ អ្នកពុំគួរពន្យារពេលក្នុងការធ្វើការណាត់ជួបជាមួយអ្នកឯកទេសផ្នែកកុមារជាដាច់ខាត ដោយហេតុថាទោះជាជំងឺនេះមិនអាចធ្វើការព្យាបាលបាន តែវាអាចគ្រប់គ្រងស្ថានភាពជំងឺ ធ្វើឲ្យកុមារមានជីវភាពរស់នៅទូទៅដូចកុមារដទៃទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការទៅខាងក្រៅផ្ទះ អាចផ្តល់នូវឱកាសជាច្រើនសម្រាប់ឲ្យកូនអ្នកជួបនឹងមេរោគ ធាតុកខ្វក់ ក៏ដូចជាសត្វល្អិតផ្សេងៗ។ ប៉ុន្តែ ពួកគេមិនអាចផ្តាច់ខ្លួនពីធម្មជាតិក៏ដូចជាបរិយាកាសនៅខាងក្រៅផ្ទះឡើយដោយសារវាក៏អាចជាចំណែកមួយដែលធ្វើឲ្យកូនរបស់អ្នកលូតលាស់បានល្អដូចគ្នា។ ដូចនេះ ការការពារពួកគេដោយការកាត់បន្ថយការប៉ះពាល់នឹងកត្តាមិនល្អ ទាំងនោះតាមដែលអាចធ្វើបានគឺជាអ្វីដែលមាតាបិតាទាំងអស់គួរធ្វើ។ ១) បង្កើតទម្លាប់អនាម័យដល់កូន៖ អ្នកគួរណែនាំអំពីរបៀបលាងដៃត្រឹមត្រូវ និងការលាងដៃជាប្រចាំជាពិសេសរៀងរាល់ពេលចេញពីបន្ទប់ទឹក មុនអាហារ ឬមុនពេលប៉ះមាត់ ភ្នែក ច្រមុះ និងមុខជាដើម។ អ្នកក៏អាចទុកទឹកសម្រាប់កម្ចាត់មេរោគដបតូចៗនៅជាមួយពួកគេ សម្រាប់ប្រើករណីមិនមានទឹក និងសាប៊ូគ្រប់គ្រាន់នៅខាងក្រៅ។ ក្រៅពីនោះ ពួកគេក៏គួរចេះពីរបៀបកាត់បន្ថយការរាតត្បាតនៃមេរោគដោយ ការក្អក និងកណ្តាស់ដោយខ្ទប់ឲ្យបានត្រឹមត្រូវផងដែរ។  ២) ការពារការរំខានដោយសត្វមូស៖ សម្រាប់ក្មេងពីអាយុ ២ឆ្នាំឡើងអាចប្រើប្រាស់នូវឡេសម្រាប់ការពារមូស តែត្រូវប្រាកដថាវាជាប្រភេទសម្រាប់ប្រើប្រាស់លើកូនក្មេង ដែលវាយកល្អគួរជាប្រភេទឡេលាប ឬសូលុយស្យុង ឬបន្ទះបិទលើសម្លៀកបំពាក់ជាជាងប្រភេទស្ព្រៃយន៍។  ៣) ការរក្សាជាតិទឹកក្នុងខ្លួនជាប្រចាំ៖ ក្មេងចន្លោះពី ៤ ទៅ ៨ឆ្នាំ គួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៥កែវក្នុងមួយថ្ងៃ។ ដូចនេះ ករណីដែលពួកគេត្រូវនៅខាងក្រៅ កុំភ្លេចច្រកទឹកក្នុងកូនដបតូចល្មមសម្រាប់ពួកគេ។ ភេសជ្ជៈផ្សេងទៀតដូចជា ទឹកដោះគោ និងទឹកផ្លែឈើស្រស់ ក្នុងកម្រិតមួយសមស្របក៏អាចបន្ថែមជាតិទឹកផងដែរ។  ៤) សុវត្ថិភាពនៅតាមដងផ្លូវ៖ ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគឺជាការចាំបាច់ មិនថាកូនរបស់អ្នកចូលចិត្តជិះកង់ ឬរត់លេងនៅជិតៗផ្ទះ ក្បែរដងផ្លូវ ឬបើទោះបីជាអ្នកនៅជាមួយពួកគេក៏ដោយ។ ក្រៅពីនោះ អ្នកក៏គួរបង្រៀនពួកគេ អំពីមូលដ្ឋានខ្លះៗអំពីសុវត្ថិភាពនៅលើដងផ្លូវផងដែរ ដូចជាការមើលឆ្វេងស្តាំមុនឆ្លងថ្នល់ ជាដើម។  ៥) រក្សាការនាំកូនចេញទៅខាងក្រៅផ្ទះ៖ ការឲ្យកូនអ្នកមានសកម្មភាពនៅខាងក្រៅ មិនត្រឹមជួយឲ្យពួកគេជាមនុស្សរីករាយ និងសកម្មនោះទេ តែក៏ជាឱកាសល្អសម្រាប់ការទទួលបានវីតាមីនដេគ្រប់គ្រាន់ដែលមានប្រយោជន៍ទៅលើការលូតលាស់ និងប្រព័ន្ធការពាររបស់ពួកគេ។ អ្នកក៏មិនគួរភ្លេចការលាបលេការពារកម្តៅឲ្យបានត្រឹមត្រូវឲ្យពួក គេផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top