-
May 10, 2017
|
-
7 years ago
|
-
12.5K views
តើអ្វីទៅជាអាហារូបត្ថម្ភ និងមានប៉ុន្មានកម្រិត?
អាហារូបត្ថម្ភគឺជាសារជាតិចិញ្ចឹម (nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាងកាយ និងសុខភាពរបស់មនុស្សយើង។ បរិមាណសារជាតិចិញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេទអាហារនីមួយៗ។ ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសម្រាប់ប្រើប្រាស់បានដោយរាងកាយ អាហារ ឬភេសជ្ជៈត្រូវឆ្លងកាត់បីដំណាក់កាលគឺ៖
១. អាហារឬភេសជ្ជៈត្រូវបានហូបចូល។
២. រាងកាយបំបែកអាហារឬភេសជ្ជៈទៅជាសារជាតិចិញ្ចឹម។
៣. សារជាតិចិញ្ចឹមធ្វើដំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីប្រើប្រាស់តាមតម្រូវការ។
សារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភចែកជាពីរ គឺ៖
• ម៉ាក្រូសារជាតិ (macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា៖
- កាបូហាយដ្រេត (ជាតិម្សៅ)៖ មានប្រភពពីបាយ ឬនំបុ័ងជាដើម។ មុខងាររបស់កាបូហាយ ដ្រេត គឺផ្តល់ថាមពល។
- ប្រូតេអ៊ីន (សាច់)៖ មានប្រភពពីសាច់មាន់ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ ជួសជុល និងថែរក្សាកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។
- លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឲ្យរាងកាយបឺតស្រូបប្រូតេអ៊ីន និងកាបូហាយដ្រេតកាន់តែមានប្រសិទ្ធភាព។
• មីក្រូសារជាតិ (micronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជាពួកជាតិរ៉ែខនិជ និងវីតាមីន។ ជាតិរ៉ែខនិជ ចែកជាពីរគឺ ម៉ាក្រូរ៉ែ និងមីក្រូរ៉ែ។ ម៉ាក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង២៥០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត ម៉ាញេស្យូម និងក្លរ។ មីក្រូរ៉ែគឺជារ៉ែ ដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង២០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។មីក្រូរ៉ែមានដូចជា៖ ជាតិដែក អ៊ីយ៉ូត ទង់ដែង ស័ង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល និង ភ្លុយអរ។ ចំពោះ វីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុង ទឹកនិងវីតាមីនរលាយក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា៖ វីតាមីន B1, B2, B6, B12, អាស៊ីតហ្វូលីក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា៖ វីតាមីន A, D, E, និង K។
តើកុមារត្រូវការអាហារូបត្ថម្ភច្រើនជាងមនុស្សធំឬយ៉ាងណា? ហេតុអ្វី?
ជាធម្មតាក្មេងត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍ កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រី អាយុដូចគ្នាត្រូវការថាមពលតែចំនួន ៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី ១ ដល់២ឆ្នាំ ត្រូវការថាមពល ៩៤៨កាឡូរី។ ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន ៨៦៥កាឡូរី។ មនុស្សប្រុសពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ៣,៤១០កាឡូរី។ មនុស្សស្រីពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ២,៥០៣កាឡូរី។
តើកុមារត្រូវការអាហារបែបណា?
តម្រូវការរបស់កុមារបែងចែកទៅតាមអាយុ៖
• កុមារអាយុពី ០ខែ ទៅ៦ខែ៖ ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត។ ទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចម្បងតែមួយគត់ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។
• ក្មេងអាយុពី ៦ខែ ទៅ២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយរួមជាមួយការចាប់ផ្តើមអាហារបន្ថែម គឺផ្តល់អាហារដែលមាន
អាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារ។ អាហារបន្ថែមនោះគួរជាប្រភេទអាហារចម្រុះពីប្រភេទអាហារសំខាន់ៗទាំង ៣ក្រុម។ អាហារទាំង៣ក្រុមនេះរួមមានដូចជា៖
• អាហារថាមពល៖ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។
• អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាង-សង់រាងកាយកុមារឲ្យបានធំធាត់។
• អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ។
តើត្រូវផ្តល់អាហារឲ្យកុមារតាមរបៀបណាខ្លះដើម្បីឲ្យពួកគាត់លូតលាស់ និងមានសុខភាពល្អ?
ដើម្បីឲ្យក្មេងមានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារទៀងទាត់ពេលវេលា និងមានការយកចិត្តទុកដាក់។
• ក្មេងក្រោមអាយុ ៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់ និងបំបៅតាមតែពួកគេចង់បៅ។
• ក្មេងអាយុ ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ២ដង ក្នុងមួយថ្ងៃ (២ ទៅ ៣ស្លាបព្រាបាយម្តង)
• ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង)
• ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយ ទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កាច ឬជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ
• ក្មេងចាប់ពីអាយុ ១២-២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។
បកស្រាយដោយ ៖ លោក ហ៊ូ ក្រើន នាយករង ហេឡែនខេលល័រអន្តរជាតិ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share