Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការតរោមភ្នែកបច្ចុប្បន្ន គឺជាទីពេញនិយមសម្រាប់នារីសម័យថ្មីទាំងឡាយ ព្រោះការតរោមភ្នែកនេះវាជួយលើកសម្រស់ផ្ទៃមុខនារីៗឲ្យកាន់តែស្អាតមួយកម្រិតទៀត។ យ៉ាងណាមិញ គ្លីនិកហ្វេសឡាញខេមបូឌៀ សូមបង្ហាញពីអត្ថប្រយោជន៍ និងផលវិបាក និងអត្ថប្រយោជន៍មួយចំនួន នៃការតរោមភ្នែកដូចខាងក្រោម៖ អត្ថប្រយោជន៍ប្រយោជន៍នៃការតរោមភ្នែក ធ្វើឲ្យភ្នែកមានភាពទាក់ទាញលើកសម្រស់ផ្ទែមុខបានមួយកម្រិតបន្ថែមទៀត។ ការតរោមភ្នែកមានភាពងាយស្រួលដល់មិត្តនារី ដោយមិនចាំបាច់បិតរោមភ្នែកជារៀងរាល់ថ្ងៃ ហើយអ្នកអាចជ្រើសរើសទំហំ កម្រាស់ និងប្រវែងតាមចំណង់ចំណូលចិត្តទៀតផង។ ការតរោមភ្នែកដែលជ្រើសរើសគ្លីនិកត្រឹមត្រូវនឹងមិនផ្តល់ឲ្យអ្នកមានការឈឺចាប់ អាចផ្តល់ជូនលោកអ្នកនូវសរសៃរោមភ្នែកទន់ និងការប្រើកាវដែលមិនប៉ះពាល់សុខភាពភ្នែក ជួយរក្សាសម្រស់ភ្នែកឲ្យស្អាតបានយូរ និងមិនធ្វើឲ្យដាច់រោមភ្នែក។ ផលវិបាកក្រោយការតរោមភ្នែក  ប្រសិនបើការតរោមភ្នែកមិនប្រព្រឹត្តទៅត្រឹមត្រូវ ភ្នែករបស់អ្នកនាងអាចមានបញ្ហាដូចជា៖ ខុសទម្រង់ភ្នែក ដាច់រោមភ្នែក រលាកគល់រោមភ្នែក។ ដូច្នេះ មិត្តនារីគួរមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុនជ្រើសរើសគ្លីនិក ដើម្បីទទួលយកការតរោមភ្នែកដែលអ្នករំពឹងទុក។ តំហែទាំក្រោយការតរោមភ្នែក ក្រោយទទួលបានការតរោមភ្នែកពីគ្លីនិកដែលអាចផ្តល់សុវត្ថភាពសម្រស់ភ្នែករបស់អ្នកហើយ មិត្តនារីគួរយកចិត្តទុកដាក់ធ្វើតំហែទាំឲ្យបានត្រឹមត្រូវ ដើម្បីរក្សារោមភ្នែកឲ្យវែងស្អាតបានយូរ។ ទាំងនេះ ជាចំណុចមួយចំនួនដែលមិត្តអ្នកនាងគួរធ្វើ បន្ទាប់ពីទទួលការតរោមភ្នែករួច៖  -បន្ទាប់ពីទទួលការតរោមភ្នែកហើយ មិត្តនារីគួរចៀសវាងការធ្វើឲ្យរង្វង់ភ្នែកសើមរយៈពេល៤ ទៅ៥ម៉ោង ដើម្បីចាំឲ្យកាវបានស្ងួតល្អ។  -រាល់ពេលលាងមុខ មិនត្រូវញីខ្លាំងនៅត្រង់បរិវេណភ្នែក មិនត្រូវមានទម្លាប់ច្បូត ឬទាញរោមភ្នែកលេងដែលធ្វើឲ្យរោមភ្នែកស្អាតរបស់មិត្តអ្នកនាងឆាប់ជ្រុះចេញក្នុងរយៈពេលខ្លី។  -មិត្តនារីមិនចាំបាច់ប្រើម៉ាស្ការ៉ាសិតបន្ថែមទៅលើរោមភ្នែកដែលតហើយនោះឡើយ ព្រោះថាការប្រើម៉ាស្ការ៉ាអាចធ្វើឲ្យរោមភ្នែករបស់អ្នកនាងឆាប់ជ្រុះទៅវិញទេ។

Share

ការប៉ាក់ចិញ្ចើម គឺជា semi-permanent makeup វាធ្វើឲ្យចិញ្ចើមរបស់អ្នកស្អាតក្នុងរយៈពេលវែង។ ការប៉ាក់ចិញ្ចើមបច្ចុប្បន្ន គឺជាទីពេញនិយមរបស់ស្ត្រីដែលចូលចិត្តធ្វើការតុបតែងមុខ តែមិនសូវពូកែគូសចិញ្ចើម ឬមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងមុខរៀងរាល់ថ្ងៃ ដូច្នេះ ពួកគាត់ជ្រើសរើសយកការប៉ាក់ចិញ្ចើម ដើម្បីជួយសន្សំពេលវេលារបស់គាត់។ ដើម្បីទទួលបានចិញ្ចើមស្អាត មិនអាចគ្រាន់តែសម្រេចចិត្តថាប៉ាក់ហើយក៏ទៅប៉ាក់បានទេ ត្រូវការឲ្យមិត្តនារីជ្រើសរើសកន្លែងប៉ាក់ឲ្យបានត្រឹមត្រូវផងដែរ ព្រោះថាការប៉ាក់ចិញ្ចើមនៅកន្លែងដែលមិនមានការសិក្សាច្បាស់លាស់ បច្ចេកទេសនឹងមិនមានលក្ខណៈស្តង់ដា ការប្រើទឹកថ្នាំមិនល្អ ទឹកថ្នាំអាចបែកទៅជាក្រហម ឬខៀវ បើសិនជាទឹកថ្នាំមានលាយជាតិគីមីខ្ពស់ អាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។ រីឯការគូសទម្រង់ និងរាងចិញ្ចើមដែលគ្មានជំនាញ និងធ្វើឲ្យចិញ្ចើមមិនសាកសមជាមួយទម្រង់មុខ ឬទម្រង់ចិញ្ចើមសងខាងមិនដូច ឬស្មើគ្នា។ ការឆូតដែលគ្មានជំនាញច្បាស់លាស់ នឹងនាំលោកអ្នកប្រឈមនឹងការរលាកធ្ងន់ធ្ងរនៅបរិវេណដែលធ្វើរួច អាចទៅជាកើតសំលាក ឬផ្លែសាច់ក្រោយការធ្វើ។ ចំពោះការប៉ាក់ចិញ្ចើមនៅ គ្លីនិកកែសម្ផស្សហ្វេសឡាញ ហៅថា Microblading ។ លក្ខណៈពិសេសទាំងបី ដែលគ្លីនិកយើងមាននោះគឹ ៖ ការប្រើផលិតផលដែលផលិតពីប្រទេស Austria ទឹកថ្នាំដែលផ្សំពីធាតុផ្សំធម្មជាតិមិនប់ះពាល់ដល់សុខភាព និងស្បែក និងមិនងាយប្រែពណ៌ក្លាយទៅជាក្រហម ឬខៀវ បន្ទាប់ពីធ្វើរួច។ យើងធ្វើតាមបច្ចេកវិទ្យាពិសេសរបស់ Phi-brows ដែលល្បីនៅអឺរ៉ុបនិង អាស៊ី។ ឧបករណ៍វាស់ និងគូសរូបរាងចិញ្ចើមដែលល្អជាងគេបំផុត ដែលអាចផ្តល់ឲ្យការគូសចិញ្ចើមសមស្របមួយទៅនឹងទម្រង់មុខ និងលើករាសី។ បច្ចេកទេសនៃការប៉ាក់ចិញ្ចើមឲ្យមើលទៅឃើញដូចជាចិញ្ចើមធម្មជាតិពិតៗ និងមានទម្រង់ស្អាតសាកសមនឹងទម្រង់មុខ។ អនាម័យខ្ពស់ ចៀសវាងបាននូវផលវិបាកក្រោយពេលប៉ាក់ ដូចជាការលាក សំលាក ឬស្នាម ការហើម និងការឈឺចាប់។ យើងមានផ្តល់ជូននូវផលិតផលថែរក្សាក្រោយពេលប៉ាក់រួច ដែលអាចធានានូវលទ្ធផលល្អ និងសុវត្ថិភាពសម្រាប់ស្បែក។ លទ្ធផល៧០%នៃការធ្វើ Microblading គឺអាស្រ័យលើការថែទាំជាមួយនឹងផលិតផលដែលមានគុណភាព និងការថែទាំ។ មិត្តនារីអានអត្ថបទនេះហើយ គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសគ្លីនិក ដើម្បីធ្វើការផ្លាស់ប្តូររូបរាងចញ្ចើមរបស់អ្នកនាង...

Share

ពងបែក ឬភាសាបច្ចេកទេសហៅថា Vesicle គឺជាការពកឡើងនៃស្បែកដែលមានផ្ទុកសារធាតុរាវនៅខាងក្នុង។ មូលហេតុទូទៅដែលបណ្តាលឲ្យកើតមានពងបែកនេះ គឺមកពីការកកិតរវាងស្បែក និងស្បែកបណ្តាលឲ្យស្រទាប់ស្បែកដាច់ចេញពីគ្នា ហើយបង្កជាទឹកដែលជាញឹកញាប់ផ្តល់ជាផលរំខានការឈឺចាប់ ឬមានអារម្មណ៍មិនស្រួលជាដើម។ សំណួរ៖ នាងខ្ញុំអាយុ ២៩ ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៥ ទម្ងន់ ៥៨ គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំតែងតែមានឡើងពងបែកតូចៗ ដែលមានទឹកនៅចន្លោះម្រាមដៃនីមួយៗ មិនឈឺ ឬរមាស់ឡើយ ហើយវាកើតមានជាញឹកញាប់ ប៉ុន្តែច្រើនតែបាត់ទៅវិញនៅរយៈពេលប៉ុន្មានថ្ងៃក្រោយដោយខ្លួនឯង។ តើនេះជាជំងឺអ្វី?តើគួរព្យាបាល និងការពារកុំឲ្យកើតឡើងវិញយ៉ាងដូចម្តេច? ចម្លើយ៖ បើតាមបច្ចេកទេស បញ្ហាពងទឹកនៅចន្លោះម្រាមដៃអាចជារោគសញ្ញាដែលទាក់ទងនឹងជំងឺជាច្រើន ដោយក្នុងនោះរួមមានផងដែរនូវជំងឺហឺបភីស (Herpes) ឬជំងឺពងបែក ឬអាចជាការរោលអាល្លែកហ្ស៊ី។ដោយឡែក បញ្ហាអាល្លែកហ្ស៊ីច្រើននាំមកជាមួយនឹងការរមាស់ហេតុនេះក្នុងករណីដែលពុំមានការរមាស់ ហើយបញ្ហាកន្ទួលពងទឹកនេះតែងកើតឡើងម្តងហើយម្តងទៀតជាញឹកញាប់ វាអាចទាក់ទងនឹងជំងឺហឺបភីស ដែលអាចបង្ហាញជារោគសញ្ញាឡើងបាន ដោយមិនចាំបាច់ប៉ះពាល់នឹងអ្វីមួយជាក់លាក់ឡើយ ពីព្រោះវាពាក់ព័ន្ធនឹងភាពខ្សោយនៃប្រព័ន្ធភាពស៊ាំ។ ជំងឺកញ្ចុំពងទឹកនេះផងដែរមិនបង្ហាញជាការរមាស់ឡើយលុះត្រាតែវាលេចចេញនៅទីតាំងផ្សេងទៀតនៃរាងកាយក្រៅពីម្រាមដៃ ពីព្រោះស្បែកនៅដៃមានលក្ខណៈក្រាស់ ដែលអាចបណ្តាលឲ្យមានអាការៈសង្កៀរ ក្រហាយ ឬការឈឺចាប់នៅតំបន់នោះ។ ប្រសិនបើរោគសញ្ញានេះ ពិតជាជំងឺកញ្ចុំពងទឹក ឬហឺបភីសមែននោះ ការព្យាបាលគឺត្រូវធ្វើឡើងដោយប្រើប្រាស់ឱសថប្រឆាំងនឹងវីរុសរយៈពេលពី ៥ថ្ងៃទៅ ១សប្តាហ៍ ដែលការព្យាបាលនេះនឹងត្រូវបានផ្តល់ជូនក្រោយពីអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតសើស្បែកដើម្បីធ្វើការពិនិត្យបានច្បាស់លាស់ជាមុនសិន។ ទាក់ទងនឹងករណីជំងឺនេះដែរអ្នកជំងឺនឹងត្រូវបានណែនាំឲ្យរក្សាប្រព័ន្ធភាពស៊ាំរបស់ខ្លួនឲ្យបានមាំទាំដើម្បីបង្ការការកើតឡើងវិញ។ ម្យ៉ាងទៀត ប្រសិនជំងឺនេះកើតឡើងដដែលៗលើសពី ៥ដងក្នុងមួយឆ្នាំ នោះវីធីបង្ការនឹងតម្រូវឲ្យមានការផ្តល់ថ្នាំបង្ការពីវេជ្ជបណ្ឌិតជំនាញ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺ អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រធានសមាគមគ្រូពេទ្យសើស្បែក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានទង្វើខ្លះដែលអ្នកអាចនឹងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃដោយមិនដឹងខ្លួនថា បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួនឯងឡើយ... បើសិនជាអាចសូមចៀសវាងនូវសកម្មភាពខាងក្រោមនេះ ដើម្បីធានាបានមួយផ្នែកថា អ្នកមិនបាន ឬកំពុងតែផ្តល់ផលអវិជ្ជមានដល់សម្រស់របស់អ្នក៖ ការដុសសម្អាតធ្មេញភ្លាម ក្រោយទទួលទានកាហ្វេ ថ្វីត្បិតថា ជាតិអាស៊ីត និងស្ករនៅក្នុងកាហ្វេ សូដា និងទឹកផ្លែឈើនឹងកម្ទេចចោលស្រទាប់ក្រៅបង្អស់របស់ធ្មេញ ដែលហៅថា «កាចាធ្មេញ» ប៉ុន្តែ អ្នកមិនគួរដុសសម្អាតវាចេញភ្លាមៗនោះទេ។ នៅពេលដុសធ្មេញភ្លាមៗក្រោយទទួលទានអាហារ ឬភេសជ្ជៈមានជាតិអាស៊ីតនោះ វានឹងកម្ទេចចោលនូវកាចាដែលទន់ខ្សោយ ហេតុនេះហើយ អ្នកគួរតែធ្វើការខ្ពុរសម្អាតជាមួយនឹងទឹកស្អាតជាមុនសិន ហើយរង់ចាំប្រមាណជា១ម៉ោងសឹមធ្វើការដុសសម្អាតធ្មេញរបស់អ្នក។ ការញ៉ាំភេសជ្ជៈមានជាតិអាល់កុលដោយមិនញ៉ាំទឹក ជាតិអាស៊ីត និងតានីន (Tannin) ដែលមាននៅក្នុងស្រានឹងបំផ្លាញកាចាធ្មេញ ហើយធ្វើឲ្យធ្មេញងាយនឹងឡើងពណ៌ទៀតផង។ ជាតិអាល់កុលក៏នឹងធ្វើឲ្យមាត់ស្ងួត ដែលមានន័យថាបរិមាណទឹកមាត់នឹងថយចុះ ហើយក៏មានភាពលំបាកក្នុងការកម្ចាត់ចោលនូវជាតិអាស៊ីត និងបាក់តេរី។ ដើម្បីការពារបញ្ហានេះ អ្នកអាចធ្វើការសម្អាតមាត់ដោយទឹកស្អាតក្រោយពេលទទួលទានភេសជ្ជៈទាំងនោះ។ ការចុះហែលទឹកទាំងសក់នៅស្ងួត នៅក្នុងអាងហែលទឹក ជាទូទៅមានសារធាតុ​ដែលបំផ្លាញដល់សុខភាពសក់។ អ្នកអាចប្រៀបធៀបសក់របស់អ្នកដូចជា ប៉ុងស្ងួត ពេលដែលវាប៉ះជាមួយនឹងទឹកខាងក្រៅស្រាប់មុននឹងប៉ះជាមួយ​នឹងទឹកក្នុងអាងហែលទឹកនោះ វានឹងមិនសូវសើមជោកជាមួយនឹងទឹកក្នុងអាងក្រោយពេលអ្នកចុះងូតនោះទេ។ យ៉ាងណាមិញ ក្រោយពេលដែលងើបចេញពីអាងអ្នកគួរតែធ្វើការលាងសម្អាតជាមួយនឹងសាប៊ូភ្លាមៗ។ បើសិនជាអាច អ្នកគួរប្រើប្រាស់មួកហែលទឹកសម្រាប់ការពារសក់របស់អ្នកពីការទទឹកក្នុងពេលហែលផងដែរ។ ការកក់សាប៊ូច្រើនពេក ឬតិចពេក សាប៊ូកក់សក់ជម្រះចោលនូវសារធាតុប្រេងពីធម្មជាតិនៃស្បែកក្បាលរបស់អ្នក។ បើអ្នកប្រើប្រាស់វាញឹកញាប់ពេកនោះ ​វានឹងធ្វើឲ្យសក់របស់អ្នកស្ទក់ (មិនរស់រវើក) និងស្ងួត ហើយអំឡុងពេលដែលអ្នកគួរកក់នោះ គឺអាស្រ័យលើប្រភេទសក់របស់​អ្នក។ សម្រាប់សក់ស្លូត និងត្រង់នោះ អ្នកគួរកក់រៀងរាល់ថ្ងៃ ប្រសិនបើមានឡើងជាតិប្រេង និងក្អែលលើស្បែកក្បាលប៉ុន្តែជាទូទៅ អ្នកជំនាញ​ណែនាំឲ្យកក់សក់ក្នុងរយៈពេល២ទៅ៣ថ្ងៃ រីឯអ្នកដែលមានសក់រួញ និងក្រាស់នោះ អ្នកអាចកក់វាក្នុងរយៈពេល៣ទៅ៤ថ្ងៃម្តង។ អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសាប៊ូ និងផលិតផលថែរក្សាសក់របស់អ្នកផងដែរ ដោយជ្រើសរើសឲ្យត្រូវនឹងប្រភេទសក់របស់អ្នក។ ការមិនប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ (Conditioner)   អ្នកប្រហែលជាបារម្ភថាវានឹងធ្វើឲ្យសក់របស់អ្នកបាត់បង់ទម្ងន់ ហើយជួនកាលអ្នកក៏មិនសូវមានពេលសម្រាប់ធ្វើវា ប៉ុន្តែបើអ្នកមិនប្រើប្រាស់វាទេ សក់របស់អ្នកក៏ប្រឈមនឹងការបាត់បង់សំណើម (សក់ប្រែជាស្ងួត) និងភាពរស់រវើកផងដែរ។ ដើម្បីឲ្យសរសៃសក់របស់អ្នកមើលទៅភ្លឺរលោង មានជីវិត និងសុខភាពល្អនោះ អ្នកគួរតែប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ប្រភេទ Lightweight (រាវ មិនសូវស្អិត) រាល់ពេលកក់សក់ម្តងៗ ដោយដាក់វានៅចុងសក់ (មិនមែនគល់សក់) ហើយប្រើម្រាមដៃច្បូតថ្នមៗ។ ការមិនផ្លាស់ប្តូរផ្លែឡាមកោររោម ឬពុកមាត់ ជួនកាល អ្នកត្រូវប្រើប្រាស់វា ដើម្បីកោរនៅត្រង់កន្លែងដដែលជាច្រើនដង ហើយជាទូទៅវាក៏នឹងបង្កជាស្នាមមុតតូចៗនៅលើស្បែក ដែលអាចបង្កជាដុំពក ស្នាមកន្ទួល ឬបញ្ហាស្បែកផ្សេងៗផងដែរ។ ហេតុដូចនេះហើយ អ្នកមិនគួរប្រើប្រាស់វាច្រើនដងពេកឡើយ ដើម្បីចៀសវាងនូវបញ្ហាស្បែកទាំងនោះ។ ការត្រដុសខ្លាំងៗលើស្បែកមុខ អ្នកមិនចាំបាច់ធ្វើការជូតសម្អាត ដោយការត្រដុសឬជូតខ្លាំងៗលើស្បែកមុខជាមួយនឹងក្រណាត់ ឬកន្សែងនោះទេ អ្វីដែលស្បែកមុខអ្នកត្រូវការ គឺការប្រើប្រាស់នូវហ្វូមលាងសម្អាតមុខដែលត្រឹមត្រូវនឹងប្រភេទស្បែកមុខ ជាមួយនឹងការម៉ាស្សាថ្នមៗដោយប្រើម្រាមដៃ និងការលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់តិចៗពី១ទៅ២ដងក្នុងមួយថ្ងៃ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខច្រើនពេក ក្រៅពីហ្វូមលាងសម្អាតមុខ អ្នកជំនាញផ្នែកស្បែកបានណែនាំថា ផលិតផលដែលចាំបាច់មានតែផលិតផលផ្តល់សំណើមដល់ស្បែក និងក្រែមការពារកម្តៅថ្ងៃប៉ុណ្ណោះ។ ប្រសិនបើមិនចាំបាច់ទេ អ្នកមិនគួរប្រើប្រាស់ផលិតផលច្រើនពេកនោះទេ បើសិនជាស្បែកមុខរបស់អ្នកមិនមានបញ្ហាដូចជាបញ្ហាមុនជាដើម ដែលអ្នកត្រូវការពិនិត្យ និងពិភាក្សាជាមួយនឹងអ្នកជំនាញ ជាពិសេសវេជ្ជបណ្ឌិតឯកទេសស្បែក ដើម្បីដឹងថាផលិតផលណាត្រឹមត្រូវ និងស័ក្តិសមសម្រាប់សភាពស្បែករបស់អ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សក់ជ្រុះ ហាក់ជាកង្វល់សម្រាប់មនុស្សគ្រប់វ័យ រីឯផលិតផលការពារក៏ដូចជាកាត់បន្ថយបញ្ហានេះ មានរាប់សិបមុខលើទីផ្សារពិបាកក្នុងការជ្រើសរើស តែពេលខ្លះប្រើហើយនៅតែគ្មានប្រសិទ្ធភាព ឬធ្វើការសាកល្បងសឹងតែលែងមានជំនឿចិត្តថាអាចកែប្រែវាបាន។ ប៉ុន្តែ អ្នកអាចនឹងភេ្លចគិតថាមិនមែនត្រឹមតែប្រើផលិតផលទាំងនោះនឹងបំបាត់សក់ជ្រុះ១០០ភាគរយបាននោះទេ សក់របស់អ្នកត្រូវការសារធាតុបំប៉នបន្ថែមពីខាងក្នុងដែលអ្នកអាចនឹងមិនបានគិតដល់។ អត្ថបទនេះ នឹងណែនាំមិត្តអ្នកអាននូវប្រភេទអាហារ៧មុខ ដែលអាចជួយអ្នកបាន៖ ១    អាហារសម្បូរវីតាមីនC៖ វីតាមីន C ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម បន្ថយការបំផ្លាញដោយសាររ៉ាឌីកាល់សេរី ដែលអាចធ្វើឲ្យសក់របស់អ្នកផុយស្រួយ និងគ្មានសុខភាពល្អ។ មិនត្រឹមមានអត្ថប្រយោជន៍ចំពោះស្បែក និងភ្នែក ជាក់ស្តែងវាមានលទ្ធភាពពិសេសជួយទ្រទ្រង់ការស្រូបនៃជាតិដែកក្នុងរាងកាយ។ ផ្ទុយមកវិញ កាលណាខ្វះវាក្នុងរបបអាហាររបស់អ្នកអាចឲ្យសក់ជ្រុះខុសធម្មតា។ អ្នកគួរបន្ថែមប្រភេទផ្លែឈើដូចជា ក្រូច ល្ហុង ប្លូបឺររីក្រូចឆ្មារ និងផ្លែវីគីក្នុងរបបអាហារ របស់អ្នក។ ម៉្យាងវិញទៀត វីតាមីនC ក៏ជួយក្នុង ការបង្កើនការផលិតប្រូតេអ៊ីនសំខាន់ៗហៅថា កូឡាជែន ដែលពង្រឹងលំហូរឈាម ទ្រទ្រង់ដល់សុខភាពសក់។ ២    អេពីណា៖ ប្រភេទស្ពៃម៉្យាងជាប្រភពនៃជាតិដែកវីតាមីនA វីតាមីនC និងប្រូតេអ៊ីនដ៏អស្ចារ្យ។ កង្វះជាតិដែក គឺជាមូលហេតុចម្បងនៃសក់ជ្រុះ ម៉្យាងអេពីណាមិនត្រឹមសម្បូរដោយជាតិដែកប៉ុណ្ណោះទេវាមានរួមទាំងជាតិប្រេង (Sebum) ដែល​ដើរតួនាទីជាក្រែមបន្ទន់សក់ធម្មជាតិ។​ វាក៏ផ្តល់នូវអាស៊ីតអូមេហ្គា៣ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាសុខភាពស្បែកក្បាល និងធ្វើឲ្យសក់ស្រស់ស្អាត។​ ការសិក្សាមួយរកឃើញថា ស្ត្រីដែលមានបញ្ហាជ្រុះសក់តែងមានការថយចុះនូវកម្រិតជាតិដែក និងវីតាមីន D2មិនអាចគ្រប់គ្រងបាន។ ៣    ការ៉ុត និងដំឡូងបារាំង៖ ដាក់បញ្ចូលការ៉ុត ឬទឹកការ៉ុតក្នុងរបបអាហារសម្រន់របស់អ្នក ដោយសារវីតាមីន A ដ៏ច្រើនលើសលប់ និងប្រសិទ្ធភាពមិនត្រឹមតែល្អសម្រាប់ភ្នែកទេ វាក៏ជួយបង្កើនការលូតលាស់នៃសក់។ រីឯដំឡូងបារាំងមាននូវ បេតាការ៉ូតែន ចូលរួមយ៉ាងសកម្មក្នុងការបំប្លែងទៅជាវីតាមីនA ក្នុងសារពាង្គកាយ។ ការទទួលទានវីតាមីនA មិនគ្រប់គ្រាន់ នឹងធ្វើឲ្យស្បែកក្បាលអ្នកមានទំនោរទៅជាស្ងួត និងរមាស់ ដែលជាមូលហេតុមួយធ្វើឲ្យសក់ងាយនឹងជ្រុះជាងធម្មតា។ ៤    ត្រីសាល់ម៉ុង៖ សក់ក៏ត្រូវការប្រភេទប្រូតេអ៊ីនសរសៃ​(Fiber) ដូចនឹងក្រចករបស់អ្នកផងដែរ មានន័យថាអ្នកត្រូវការញ៉ាំប្រូតេអ៊ីនបន្ថែម។​ ​ប្រូតេអ៊ីនក៏ទាមទារនូវការផលិតកេរ៉ាទីន ដែលជាសមាសធាតុនៃរចនាសម្ព័ន្ធសក់។ ជម្រើសល្អបំផុតគឺ Marinebasedprotein ដូចជាសាល់ម៉ុង ដែលត្រូវបានបង្ហាញថាបង្កើនសុខភាពសក់បានល្អ ពិសេសចំពោះស្ត្រី។ ៥    សាច់មាន់៖ គួរបញ្ជាក់ថាសាច់ពពួកបក្សី សម្បូរនូវប្រូតេអ៊ីនកម្រិតខ្ពស់ ពង្រឹងសក់ដែលផុយ ឬសក់ខូច និងការពារកុំឲ្យសក់ឆាប់ជ្រុះ។ ទាំងសក់ ទាំងក្រចក ត្រូវបានរួមផ្សំដោយប្រូតេអ៊ីន ដូច្នេះហើយអ្នកគួរទទួលទានឲ្យបានគ្រប់គ្រាន់។ ៦    ស្ត្រូបឺររី៖ ស្ត្រូបឺររីមានកម្រិត Silica ខ្ពស់ ដែលជាប្រភេទរ៉ែធម្មជាតិដ៏សំខាន់សម្រាប់ជួយឲ្យសក់ត្រង់ និងលូតលាស់ល្អ។ ក្រៅពីស្ត្រូបឺររី Silica អាចមានក្នុងស្រូវ ខ្ទឹមបារាំង ខាត់ណា និងត្រសក់ជាដើម។ ៧    យ៉ាអួរ៖ វីតាមីន B5 និងវីតាមីន D ដែលជាសារធាតុផ្សំនៅក្នុងយ៉ាអួរ ផ្តល់ឲ្យគល់សក់មានសុខភាពល្អ។ អ្វីដែលពិសេសនោះគឺ អ្នកក៏អាចប្រើយ៉ាអួរ ធ្វើជាម៉ាសសក់ យូរៗម្តងបានផងដែរ។ ញ៉ាំដោយភាពឆ្លាតវៃ ជាអ្វីដែលគ្រប់គ្នាត្រូវគិតដល់ ដូច្នេះ ជឿជាក់ថាអាហារខាងលើនឹងផ្តល់លទ្ធផលឲ្យអ្នកដូចដែលបានរំពឹងទុក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ថូនឺរ (Toner) ជាសារធាតុរាវផ្សំពីធាតុសកម្មជាក់លាក់ រួមជាមួយនឹងសមាសធាតុចម្រាញ់ពីធម្មជាតិ និងប្រភេទប្រេងចាំបាច់សម្រាប់សម្របសម្រួលមុខងារស្បែកមុខ។ ជាក់ស្តែងវាអាចជួយសម្អាតស្បែកមុខពីធូលីដីកម្ចាត់សារធាតុពុល និងភាពកខ្វក់នៅសល់បន្ទាប់ពីលាងសម្អាតដោយហ្វូម។ ហេតុអ្វីអ្នកគួរប្រើប្រាស់ថូនឺរ? ក្រៅពីជួយសម្អាតស្បែកមុខផ្នែកខាងលើ ថូនឺរផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនរួមមាន៖ • បង្រួមរន្ធញើសធ្វើឲ្យស្បែកមុខម៉ត់ • រក្សាតុល្យភាពpHនៃស្បែក (ចន្លោះ ៥ ទៅ ៦) • បន្ថែមស្រទាប់ការពារស្បែកមុខ • ផ្តល់សំណើមដល់ស្បែក • ធ្វើឲ្យស្បែកមុខភ្លឺរលោង។ តើគួរជ្រើសរើសថូនឺរដោយរបៀបណា? ការជ្រើសរើសថូនឺរគួរត្រូវបានធ្វើឡើងតាមប្រភេទនៃស្បែកមុខរបស់អ្នក៖ • ស្បែកមុខធម្មតា ចំពោះលោកអ្នកដែលមានស្បែកមុខធម្មតា មិនស្ងួតហើយមិនខ្លាញ់ពេកគឺជាសំណាងមួយ ហើយអ្នក អាចនឹងមានជម្រើសច្រើនជាងអ្នកផ្សេងក្នុងការជ្រើសរើសថូនឺរ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើស ល្អបំផុតរបស់អ្នក គឺប្រភេទថូនឺរកម្រិតមធ្យម មានសារធាតុផ្សំចម្បងជាទឹក រួមជាមួយសមាសធាតុដែលធ្វើឲ្យមានភាពសើមសមល្មម និងអាចមានអាល់កុលក្រោម២០ដឺក្រេ។ • ស្បែកមុខស្ងួត ករណីស្បែកមុខរបស់អ្នកមានទំនោរស្ងួតជាធម្មតាទាមទារឲ្យមានការជ្រើសរើសដោយប្រុងប្រយ័ត្ន។ អ្នកចាំបាច់គួរជ្រើសរើសថូនឺរ ដែលមានកម្រិតខ្សោយជាងគេ ផ្សំពីទឹកភាគច្រើន និងសារធាតុរាវជួយរក្សាសំណើមដូចជា គ្លីសេរីន(Glycerin) និងគ្មានឬមានបរិមាណអាល់កុលតិចបំផុត (០ ទៅ១០ដឺក្រេ) ជាដើម។ ក្រៅពីល្អសម្រាប់ស្បែកមុខស្ងួត វាក៏ស័ក្តិសមសម្រាប់ស្បែកងាយប្រែប្រួល ឬប្រតិកម្មផងដែរ។ • ស្បែកមុខខ្លាញ់ ស្បែកមុខខ្លាញ់ ឬប្រេងច្រើន ហាក់ទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ពិសេសការជ្រើសរើសផលិតផលប្រើប្រាស់ផ្សេងៗ។ ដូចគ្នាផងដែរ ថូនឺរដែលល្អសម្រាប់អ្នកគួរមាន ទឹក សារធាតុផ្តល់សំណើមកម្រិតស្រាល និងអាល់កុលចន្លោះ ២០ទៅ៦០ដឺក្រេ ជួយកាត់បន្ថយការផលិតប្រេងលើសលប់ និងអាចសម្លាប់បាក់តេរីបានខ្ពស់។ ប៉ុន្តែលោកអ្នកក៏មិនត្រូវប្រើញឹកញាប់ពេកដែរ ព្រោះអាចឲ្យស្បែកស្ងួតខ្លាំង និងក្លាយជារលាក។ ប្រើប្រាស់ថូនឺរបែបណាទើបមានប្រសិទ្ធភាព? បន្ទាប់ពីលាងមុខជាមួយសាប៊ូ ឬហ្វូមលាងមុខរួច ជូតមុខឲ្យស្ងួតដោយសំទ្បីទន់ៗ បន្ទាប់មកប្រើថូនឺរជូតឲ្យសព្វពេញផ្ទៃមុខ ក នៅពេលយប់ និងពេលព្រឹក មុនប្រើផលិតផលផ្តល់សំណើម ឬការពារកម្តៅថ្ងៃផ្សេងទៀត។ ម៉្យាង អ្នកក៏អាចប្រើប្រាស់ដើម្បីជូតសម្អាតគ្រឿងសម្អាងបានផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការជម្រុះរោមដោយបាញ់កាំរស្មីមានន័យថាជាការបញ្ចប់នូវការបករោម ការកោររោម ដករោម ឬការជម្រុះរោមដោយវិធីផ្សេងៗទៀត។ តើការជម្រុះរោមដោយបាញ់កាំរស្មីទាំងនោះពិតជាមានប្រសិទ្ធភាពឬទេ? គោលបំណងចម្បងដំបូងគេនៃការជម្រុះរោមដោយបាញ់កាំរស្មីគឺជាការប្រើកាំរស្មីដើម្បីសម្លាប់គល់រោម ហើយនៅពេលគល់រោមងាប់អស់​ នោះវានឹងមិនដុះមកវិញឡើយ។ តើធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាព? ដើម្បីឲ្យការព្យាបាលទទួលបាននូវប្រសិទ្ធភាព អ្នកតម្រូវឲ្យមានការអនុវត្តច្រើនលើក យ៉ាងតិច១២ដងអាស្រ័យតាមប្រភេទស្បែក និងរោម ។ ម៉្យាង អ្នកត្រូវប្រាកដថាមកព្យាបាលម្តងហើយម្តងទៀតនៅពេលវេលាសមស្របណាមួយ ​ដែលជាទូទៅអំឡុងពេល៤ទៅ៦សប្តាហ៍ អាស្រ័យតាមតំបន់នៃខ្លួនប្រាណរបស់អ្នក។ តើតំបន់ណាខ្លះដែលអ្នកអាចធ្វើការជម្រុះរោមដោយបាញ់កាំរស្មីបាន? អ្នកអាចបាញ់បានគ្រប់កន្លែងនៃដងខ្លួន ប៉ុន្តែ ត្រូវចៀសវាងនៅតំបន់រោមភ្នែកព្រោះវាស្ថិតនៅជិតភ្នែក។ ជាទូទៅ ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីមិនមានការឈឺខ្លាំងពេកទេ ប៉ុន្តែ នៅតំបន់មួយចំនួននៃរាងកាយអាចនឹងមានប្រតិកម្មប្រែប្រួលខ្លះ ពិសេសនៅតំបន់ប្រដាប់ភេទ ហើយការឈឺចាប់ទាំងនោះអាចប្រែប្រួលអាស្រ័យតាមបុគ្គលម្នាក់ៗ។ ករណីអ្នកមានបញ្ហាក្នុងអំឡុងពេលដំណើរការនៃការជម្រុះរោមនេះ អ្នកអាចប្រើក្រែមលាបនៅកន្លែងទាំងនោះមួយម៉ោងមុនពេលធ្វើការបាញ់។ តើដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីផ្តល់ផលរំខានអ្វីខ្លះ? ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីអាចមានផលរំខានមួយចំនួនអាស្រ័យលើស្បែក ឬរន្ធរោមដែលងាយរងប្រតិកម្មតិចតួចបំផុតដូចជា រលាក ពងបែក ក្រមរ ស្នាមកន្ទួល សម្លាក ពណ៌ស្បែកអាចប្រែប្រួលទៅជាជាំ និងពេលខ្លះអាចជ្រុះហើយដុះឡើងវិញ។ សរុបមក ការជម្រុះរោមដោយបាញ់កាំរស្មី ទាមទារឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ឬផ្នែកវះកាត់កែសម្ផស្សដែលមានជំនាញច្បាស់លាស់។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការជ្រុះសក់អាចកើតមានឡើងទាំងនៅផ្នែកក្បាល និងដងខ្លួនទាំងមូលដែលវាអាចជាលទ្ធផលនៃតំណពូជ ការប្រែប្រួលអ័រម៉ូន ការប្រើប្រាស់ថ្នាំ ឬលក្ខខណ្ឌព្យា បាលជំងឺជាដើម។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាសក់ជ្រុះតែភាគច្រើនកើតមានចំពោះមនុស្ស​ប្រុស។ ដើម្បីឲ្យសក់ដុះឡើងវិញបានយ៉ាងមានប្រសិទ្ធភាព អ្នកគួរស្វែងយល់ពីឫសគល់នៃបញ្ហាទាំងនេះឲ្យបានច្បាស់លាស់ ព្រមទាំងទទួលយកការព្យាបាលមួយដែលត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញផងដែរ។ សំណួរ៖ ខ្ញុំបាទអាយុ ២០ឆ្នាំ កម្ពស់ ១ម៉ែត្រ៧០ ទម្ងន់ ៥០គីឡូក្រាម ជានិស្សិត។ ខ្ញុំមានការបាត់បង់ ឬជ្រុះសក់ជាដុំ មើលទៅដូចជាឆក ដែលមិនមានជាដំបៅ រមាស់ ឬការឈឺចាប់អ្វីទេនៅលើផ្នែកបាត់សក់នោះ តែខ្ញុំមានការខ្មាសអៀនចំពោះសក់ក្បាលរបស់ខ្លួនឯងបែបនេះណាស់។ តើបញ្ហានេះបណ្តាលមកពីអ្វី? តើមានវិធីព្យាបាលណាធ្វើឲ្យដុះសក់វិញបានទេ? ចម្លើយ៖ គួរជម្រាបថា ជំងឺជ្រុះសក់ត្រូវបានបែងចែកទៅតាមទម្រង់នៃការជ្រុះ (pattern) របស់វាដែលរួមមានដូចជា ការជ្រុះមួយៗស្មើ ការជ្រុះនៅ ចំកន្លែងជាក់លាក់ណាមួយ ឬជ្រុះលក្ខណៈឆក។ ក្នុងករណីជាការជ្រុះទម្រង់ឆក ជាទូទៅអាចបណ្តាលមកពីបញ្ហាតំណពូជ មានន័យថាក្រុមគ្រួសាររបស់អ្នកជំងឺ ធ្លាប់មានបញ្ហាជ្រុះសក់ទម្រង់ឆក (ឧទាហរណ៍ ជំងឺ androgenic alopecia) ប៉ុន្តែ សញ្ញានៃការជ្រុះសក់ទម្រង់នេះអាចកើតមានខ្លាំង ដរាបណាអ្នកជំងឺមានអាយុចាប់ពី ៤៥ឆ្នាំឡើងឯណោះ ដែលខុសពីបញ្ហារបស់ប្អូន កើតមានតាំងពីវ័យក្មេង។ ជាទូទៅ សក់ជ្រុះ និងសក់ដែលដុះឡើងវិញ ត្រូវមានការសមាមាត្រគ្នាហើយក្នុងករណីដែលសក់ជ្រុះមានភាពលើសលុបលើសក់ដុះតាំងពីវ័យនៅក្មេងអាចបញ្ជាក់អំពីបញ្ហាមិនប្រក្រតីណាមួយ។ ចំពោះការព្យាបាលនឹងត្រូវធ្វើឡើងទៅតាមមូលហេតុនៃការជ្រុះសក់ដែលក្នុងចំណោមមូលហេតុទាំងនោះក៏អាចរួមមានផងដែរនូវបញ្ហាបណ្តាលមកពីផលិតផលសាប៊ូកក់សក់ ស្ត្រេស ភាពតានតឹង ការគេងមិនបាន ឬផលវិបាកនៃជំងឺផ្សេងទៀតដូចជាជំងឺពកក ឬជំងឺស្វាយក្រាប (មេរោគស្វាយក្នុងឈាម) ជាដើម។ អាស្រ័យហេតុនេះការព្យាបាលអាចនឹងធ្វើឡើងតាមរយៈ ការបញ្ឈប់ការប្រើប្រាស់សាប៊ូកក់សក់មិនសមស្រប ការប្រើប្រាស់សាប៊ូដែលមានប្រយោជន៍សម្រាប់ស្បែកក្បាល ថ្នាំលាប ឬស្ព្រៃយន៍បាញ់ដើម្បីភ្ញោចដំណើរការដុះសក់ និងបន្ទាប់ ពីនោះ ការព្យាបាលជាលក្ខណៈរួមផ្សំរវាងការប្រើប្រាស់ថ្នាំស្ព្រៃយន៍ ថ្នាំលាប និងថ្នាំលេប ក៏អាចត្រូវបានណែនាំសម្រាប់មូលហេតុមួយចំនួនដូចជាក្នុងករណីជ្រុះសក់ទម្រង់ឆកជាដើម។ ក្រៅពីនោះ ការព្យាបាលក៏រួមមានការចាក់ថ្នាំនៅនឹងកន្លែងដែលជ្រុះតែម្តងផងដែរ។ ចុងក្រោយ ប្រសិនការព្យាបាលខាងលើមិនទទួលបានលទ្ធផលទេនោះ ការដាំសក់នឹងត្រូវបានណែនាំ ប៉ុន្តែការព្យាបាលនេះតម្រូវឲ្យមានការចំណាយច្រើន ហើយបច្ចុប្បន្ននៅកម្ពុជាក៏ពុំទាន់មានអ្នកជំនាញដែលមានឯកទេសដាំសក់ច្បាស់លាស់នៅឡើយទេ ដូចនេះការព្យាបាលជាទូទៅមានតែជាការប្រើប្រាស់ថ្នាំលាប ថ្នាំលេបនិងចាក់នៅកន្លែងជ្រុះតែម្តង។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  ដំបៅដែលមិនងាយជាសះស្បើយ ឬដំបៅរ៉ាំរ៉ៃ សំដៅដល់ដំបៅដែលមិនបានសះជា  បន្ទាប់ពីរយៈពេល៤សប្តាហ៍ ឬ៨សប្តាហ៍។ បញ្ហាទាំងនេះកើតមានក្នុងករណី ដំបៅនៅលើជើងចំពោះអ្នកជំងឺទឹកនោមផ្អែម ដំបៅក្លាយដែលទាក់ទងនឹងសរសៃវ៉ែន ដំបៅមិនជាបណ្តាលមកពីការវះកាត់ និងដំបៅមកពីជំងឺមេតាបូលីសជាដើម។ សំណួរ៖ ឪពុករបស់ខ្ញុំអាយុ ៤០ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៧ ទម្ងន់ ៦៥ គីឡូក្រាម ជាអាជីវករ។ រាល់ពេលដែលគាត់មានការមុតរលាត់ស្បែកម្តងៗ គឺមិនងាយនឹងជាសះស្បើយឡើយទោះបីគាត់បានលាងរបួស និងលាបថ្នាំបានត្រឹមត្រូវក៏ដោយ។ តើនេះអាចជាបញ្ហាណាមួយមិនប្រក្រតីឬទេ? តើគាត់គួរធ្វើដូចម្តេច? ចម្លើយ៖ ទាក់ទងនឹងករណីដូចដែលបានរៀបរាប់មូលហេតុនៃបញ្ហាអាចអាស្រ័យនឹងសុខភាពផ្ទាល់របស់ឪពុកប្អូន ដោយរួមទាំងជំងឺមួយចំនួនដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់គាត់ចុះខ្សោយ ឧទាហរណ៍ គាត់អាចមានជំងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួន ឬជំងឺផ្សេងៗទៀតដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាទូទៅ ករណីស្បែកមានបញ្ហារបួសចំពោះអ្នកដែលមានសុខភាពធម្មតារបួសអាចនឹងជាសះស្បើយដោយខ្លួនឯងទោះបីជាមិនមានការប្រើប្រាស់ឱសថក៏ដោយ។ តែក្នុងករណីដែលរបួសនោះមិនងាយនឹងជាទៅវិញ អ្នកជំងឺត្រូវគិតលើកត្តាផ្ទាល់ខ្លួនមួយចំនួនដូចជា ការមានជំងឺណាមួយ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការនៃការជាសះស្បើយនៃរបួស ដូចជាការសម្អាតរបួសមិនបានត្រឹមត្រូវឬការកេះរបួសជាដើម។ ដូចនេះ ឪពុករបស់ប្អូនគួរអញ្ជើញទៅពិនិត្យសុខភាពទូទៅ ដើម្បីដឹងថាគាត់មានជំងឺណាមួយដែលផ្តល់ជាផលវិបាកនេះឬទេ និងគួរមកជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញផងដែរ ដើម្បីទទួលបានការណែនាំអំពីការព្យាបាល ព្រមទាំងការថែទាំរបួសឲ្យបានត្រឹមត្រូវ។ អ្នកគួរធ្វើតាមការណែនាំទាំងអស់នេះ ជាជាងការរង់ចាំឲ្យរបួសនោះជាសះស្បើយដោយខ្លួនឯង ដោយសារពេលខ្លះវាអាចវិវឌ្ឍទៅជាដំបៅក្លាយដែលមិនងាយនឹងជាសះស្បើយឡើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្នាមជ្រួញ ត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅត្រង់កន្ទុយភ្នែក ថ្ងាស ពិសេសកណ្តាលចិញ្ចើម ជុំវិញបបូរមាត់ ផ្នែកក ប្រអប់ដៃ និងដើមដៃជាដើម។ តើស្នាមជ្រួញទាំងនោះ កើតមានដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចឡើងនូវស្នាមទាំងនោះបានទេ? ចុះបើកើតហើយ តើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ? និយមន័យ និងមូលហេតុបង្កភាពជ្រួញលើស្បែក ភាពជ្រីវជ្រួញ ត្រូវបានគេឲ្យនិយមន័យថាជាលទ្ធផលនៃភាពចាស់របស់ស្បែក ដែលជាទូទៅបណ្តាលមកពីការវិវឌ្ឍនៃវ័យរបស់មនុស្ស ការខ្វះជាតិទឹកនៅលើស្រទាប់ស្បែក ការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ការជក់បារី និងការពិសាគ្រឿងស្រវឹងជាដើម។ ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាមួយចំនួនទៀត ក៏បានចូលរួមចំណែកក្នុងការជំរុញឲ្យស្បែកវិវឌ្ឍទៅរកភាពជ្រីវជ្រួញផងដែរ ដូចជា៖ •  ការសម្តែងសកម្មភាពទឹកមុខមួយចំនួន៖ សើច ឬញាក់មុខ ញាក់មាត់ដដែលៗច្រើនដង •  ការប៉ះពាល់ជាមួយកម្តៅថ្ងៃច្រើន •  ការប្រើប្រាស់ឡេ ឬម្សៅលាយ ដែលមានសារធាតុកាត់៖ បង្កឲ្យស្បែកបាត់បង់ជាតិទឹក និងធ្វើឲ្យស្បែកស្តើងងាយនឹងខូចពេលប៉ះពាល់ជាមួយកម្តៅថ្ងៃ។ សញ្ញាប្រាប់មុនពីការវិវឌ្ឍទៅរកភាពជ្រីវជ្រួញ មានកត្តាមួយចំនួន ដែលអាចបញ្ជាក់ប្រាប់មុនថាស្បែករបស់យើងកំពុងវិវឌ្ឍទៅរកភាពជ្រីវជ្រួញដូចជា៖ •  ជរាភាព •  បញ្ហាស្បែកស្ងួត •  ការបាត់បង់ភាពយឺតនៃស្បែកជាដើម។ វិធីសាស្ត្រព្យាបាលបញ្ហាស្បែកជ្រីវជ្រួញ បញ្ហាស្បែកជ្រីវជ្រួញអាចធ្វើការស្រោចស្រង់បានតាមរយៈវិធីសាស្ត្រមួយចំនួន ដូចជា៖ •  ប្រើប្រាស់ផលិតផលលាបលើស្បែកមួយចំនួនដូចជា ពពួក Topical Retinoids និងប្រភេទឡេផ្តល់សំណើម •  ការបញ្ចូលវីតាមីន •  ការអ៊ុតស្បែកមុខ •  ការភៀលស្បែកមុខ •  ការចាក់ Botox ឬបាញ់ឡាស៊ែរ។ ចំពោះអ្នកមានបញ្ហាស្បែកជ្រួញខ្លាំង គេអាចធ្វើការព្យាបាលដោយចាក់បំពេញស្បែកមុខ (Filler)។ វិធីសាស្រ្តការពារពីបញ្ហាជ្រីវជ្រួញ បើទោះបីជាស្បែករបស់យើងវិវឌ្ឍទៅរកភាពជ្រួញតាមវ័យរបស់យើងក៏ដោយ តែក៏មានវិធីសាស្ត្រការពារមួយចំនួន ដែលអាចជួយទប់ស្កាត់នូវល្បឿន នៃការកកើតស្នាមទាំងនេះផងដែរ។ វិធីសាស្ត្រទាំងនោះរួមមាន៖ •  ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង •  ញុំាទឹកឲ្យបានច្រើន •  ញុំាអាហារសុខភាពឲ្យបានត្រឹមត្រូវ •  ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ •  ប្រើប្រាស់ឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃជាប្រចាំ •  គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ •  ចៀសវាងការប្រើប្រាស់នូវផលិតផលដែលមានសារធាតុជាតិកាត់ស្បែក •  បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង។ គ្រប់យុវវ័យត្រូវចៀសវាងការប្រើប្រាស់ផលិតផលដែលកាត់ស្បែកដូចជា ម្សៅ ឬឡេលាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅថ្ងៃអនាគត។ ប្រសិនបើមានបញ្ហាស្បែកណាមួយ ចាំបាច់គួរទៅពិនិត្យ និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញសើស្បែក ឬគ្លីនិកដែលមានជំនាញឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស័ក្ត សេដ្ឋសារក្ស ជំនាញសើស្បែក នៅ អេស វី គ្លីនិក & ឡាស៊ែរ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

Isoflavones គឺអឺស្ត្រូសែនពីរុក្ខជាតិ ហើយវាជាអ្នកសម្របសម្រួលកម្រិតអឺស្ត្រូសែនរបស់រាងកាយឲ្យមកឋិតនៅក្រោមការគ្រប់គ្រង។ ករណីដែលអឺស្ត្រូសែននៅក្នុងខ្លួនឡើងខ្លាំងពេក ដូចជាករណីស្ត្រីដែលស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលដ៏លើសលុបរបស់អឺស្ត្រូសែនទៅលើកោសិកា។ ដោយឡែក ករណីដែលអឺស្ត្រូសែនពុំមានកម្រិតគ្រប់គ្រាន់ ដូចជាក្នុងករណីស្ត្រីអស់រដូវ នោះIsoflavones នឹងបន្សាំខ្លួនឲ្យដូចនឹងអឺស្ត្រូសែនក្នុងខ្លួន តែបញ្ចេញឥទ្ធិពលក្នុងកម្រិតស្រាលជាង។ ហេតុនេះ វាត្រូវបានដឹងថាមានសកម្មភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនចំពោះស្ត្រីអស់រដូវដោយក្នុងនោះរួមមាន៖ ធ្វើឲ្យឆ្អឹងរឹងមាំ តាមការសិក្សានៅតាមបណ្តាអាស៊ានប្រទេសបានឲ្យដឹងថាស្ត្រីអស់រដូវដែលបានទទួលទានអាហារដែលសម្បូរដោយ Isoflavones មានដង់ស៊ីតេឆ្អឹងខ្ពស់ជាងនៅឆ្អឹងខ្នងផ្នែកខាងក្រោម បើធៀបនឹងស្ត្រីដែលមិនសូវបានទទួលទាន។ ភស្តុតាងដែលបង្ហាញថា Isoflavones មានសកម្មភាពការពារឆ្អឹងត្រូវបានបង្ហាញឡើងដោយសមត្ថភាពក្នុងការភ្ជាប់ដោយជម្រើសទៅនឹងរេសិបទ័ររបស់អឺស្ត្រូសែន។ ករណីដែលសកម្មភាពក្នុងការការពារឆ្អឹងនេះត្រូវបានបន្តរហូតដល់អាយុច្រើន នោះវាក៏អាចធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺពុកឆ្អឹកនិងអត្រាប្រេះបែកឆ្អឹងផងដែរ។ ការប្រឆាំងនឹងអុកស៊ីតកម្ម ក្នុងចំណោមអត្ថប្រយោជន៍ពីឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម  Isoflavones  ត្រូវបានដឹងថាជាការការពារប្រព័ន្ធសរសៃប្រសាទដ៏សំខាន់ក្នុងករណីស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TFCI) នេះបើតាមការពិសោធន៍លើកណ្តុរឈ្មោល និងកណ្តុរញីដែលបានកាត់សរីរាង្គអូវែចេញ។ Isoflavonesត្រូវបានបង្ហាញថាអាចជួយដល់បញ្ហាស្វិតសាច់ដុំដែលជាបញ្ហាកើតឡើងលើមនុស្សចាស់ និងអ្នកដែលមិនសូវមានការរស់នៅសកម្មទៀតផង។ ការប្រឆាំងនឹងជំងឺលើសទម្ងន់ ជំងឺលើសទម្ងន់ ជាភាពខុសប្រក្រតីនៃតុល្យភាពថាមពល និងមានទំនាក់ទំនងផងដែរទៅនឹងភាពលើសនៃអាំងស៊ុយលីនក្នុងឈាម ភាពស៊ាំនៃអាំងស៊ុយលីន ព្រមទាំងភាពខុសធម្មតានៃមេតាបូលីសទៅលើលីពីត។ Isoflavones ត្រូវបានជឿថាអាចមានអន្តរអំពើជាមួយនឹងរេសិបទ័រអឺស្ត្រូសែនដែលមាននៅក្នុងកោសិកា ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំនៃជាតិលីពីត និងការចែកចាយនៃជាលិកាខ្លាញ់។ ការប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones ត្រូវបានបង្ហាញថាមានសារប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែម ដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់រាងកាយ និងសមត្ថភាពក្នុងការការពារប្រតិកម្មអុកស៊ីតកម្មនៃខ្លាញ់ចេញដោយសារស្ករគ្លុយកូស ព្រមទាំងរារាំងការចាប់យកគ្លុយកូសនៅក្នុងពោះវៀនតូច ដោយកាត់បន្ថយភ្នាក់ងារដឹកជញ្ជូនគ្លុយកូសដែលពឹងផ្អែកលើសូដ្យូមផងដែរ។ ជាលទ្ធផល វាជួយកាត់បន្ថយនូវអត្រាកើននៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ។ ការប្រឆាំងនឹងជំងឺមហារីក ការប្រើប្រាស់ Isoflavones ជាការព្យាបាលដ៏មានអានុភាពនៅក្នុងករណីជំងឺមហារីក គឺមានទំនាក់ទំនងនឹងសកម្មភាពប្រឆាំងការលូតលាស់មិនប្រក្រតីនៃកោសិកា ឬការលូតលាស់នៃកោសិកាមិនប្រក្រតី (antineoplastic) របស់វា។ វាក៏ត្រូវបានដឹងថាអាចរារាំងនឹងដំណើរកើតឡើងនៃដុំសាច់ដោយសារចលនការមួយចំនួនទៀតផងដែរ។ ឥទ្ធិពលជំនួយដល់បេះដូង និងចរន្តឈាម Isoflavones អាចធ្វើឲ្យដំណើរលូតលាស់នៃការបង្កើតឡើងនូវបន្ទះខ្លាញ់ក្នុងសរសៃឈាម តាមរយៈការរារាំងការស្អិតជាប់នៃកោសិកា និងធ្វើឲ្យខូចខាតនូវសកម្មភាពនៃកត្តាជាក់លាក់សម្រាប់ជំរុញការលូតលាស់មួយចំនួនដូចជា platelet derived growth factor និង cytokines ដែលអាចជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ក្រៅពីនោះវាក៏រារាំងអង់ស៊ីម tyrosine kinases ព្រមទាំងធ្វើឲ្យថយចុះនូវការធ្វើអុកស៊ីតកម្មលើលីពីតផងដែរ។ អត្ថប្រយោជន៍លើស្បែក ភាពខូចខាតសុខភាពស្បែកចំពោះស្ត្រីអស់រដូវអាចមានទំនាក់ទំនងជាចម្បងនឹងដំណើរចាស់ជរាទៅតាមអាយុ ការប៉ះពាល់នឹងកម្តៅថ្ងៃ និងមួយចំណែកជាលទ្ធផលនៃការថយចុះនូវអឺស្ត្រូសែនក្នុងខ្លួន។ Isoflavones ជាពិសេស genistein មានភាពជាប់ខ្ពស់នឹងរេសិបទ័រប្រភេទ ß ដែលច្រើនមាននៅក្នុងឆ្អឹង ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងសកម្មភាពដូចនឹងអឺស្ត្រូសែនអាចជួយក្នុងបញ្ហានេះបាន។ អត្ថប្រយោជន៍លើភាពរួមស្វិតនៃទ្វារមាស ភាពរួមនៃទ្វារមាសជាបញ្ហារួមមួយសម្រាប់ស្ត្រីជាច្រើននៅក្នុងវ័យអស់រដូវដែលផ្តល់ជាផលរំខានជាច្រើនរួមមាន ភាពស្ងួត រមាស់ រលាកក្តៅក្រហាយ ឈឺ ធ្លាក់ស និងឈឺចាប់ពេលរួមភេទជាដើម។ នៅក្នុងការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន Obstetrics & Gynaecology (2016)Isoflavones ត្រូវបានបង្ហាញថាអាចធ្វើឲ្យប្រសើរឡើងលើអាការៈទៅលើទ្វារមាសដែលបានរៀបរាប់ខាងលើជាបន្តបន្ទាប់។ អត្ថប្រយោជន៍លើមុខងារនៃការគិត ការរៀនសូត្រ ភាពចង់ដឹង ការចងចាំ គឺសុទ្ធសឹងទាក់ទងនឹងមុខងារនៃការគិត ដែលមុខងារទាំងនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន Menopause (2015) ថាអាចមានការប្រសើរឡើងចំពោស្ត្រីក្រោយអស់រដូវដែលបានប្រើប្រាស់ Isoflavones ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភាពស្ងួតនៃស្បែក គឺជាលក្ខខណ្ឌមួយនៃលក្ខខណ្ឌផ្សេងៗទៀតរបស់ស្បែកគ្រប់ប្រភេទដោយ ស្តែងឡើងជាសញ្ញាស្ងួតស្បែក ដែលបណ្តាលមកពីការខ្វះជាតិទឹកនៅស្រទាប់សើស្បែក។ វាកើតមានឡើងទាំងបុរស និងស្ត្រីក្នុងភាគរយប្រហាក់ប្រហែលគ្នា  ប៉ុន្តែប្រឈមជាមួយមនុស្សចាស់ច្រើនជាងកូនក្មេង។ ស្បែកស្ងួតច្រើនកើតទៅតាមរដូវកាលដូចជា រដូវត្រជាក់ស្ងួត (រដូវលំហើយ) និងអាចជាជំងឺតំណពូជ។   ភាគច្រើនអ្នកមានបញ្ហាស្បែកស្ងួតអាចស្តែងចេញជាអាការៈមួយចំនួន រួមមាន រមាស់ ឡើងក្រហម ស្ងួត បែកស្រកានិងអាចមានចេញសញ្ញានៃជំងឺតាអក ជាដើម។ អ្វីជាមូលហេតុពីក្រោយភាពស្ងួតនៃស្បែក? បញ្ហាស្បែកស្ងួតបណ្តាលមកពីមូលហេតុចម្បងពីរ គឺ៖ ភ្នាក់ងារខាងក្រៅ •    ការលាងសម្អាតច្រើនហួសពេក •    បរិយាកាសត្រជាក់ស្ងួត •    បរិយាកាសដែលមានសំណើមតិចតួច។​ ភ្នាក់ងារខាងក្នុង •    តំណពូជ ដូចជាជំងឺ Ichthyosis •    ប្រវត្តិជំងឺផ្ទាល់ខ្លួន អាល្លែកហ្ស៊ី តាអក និង បញ្ហាក្រពេញទីរ៉ូអីុត •    ការប្រើឱសថយូរអង្វែងដូចជា ទឹកនោមផ្អែមជាដើម។ ក្រៅពីមូលហេតុទាំងពីរខាងលើ បញ្ហាស្បែកស្ងួតអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖ •    ការញ៉ាំទឹក និងបន្លែ មិនបានគ្រប់គ្រាន់ ទៀងទាត់ •    ការដែលមិនបានហាត់ប្រាណ ដើម្បីឲ្យក្រពេញញើសដំណើរការបានល្អជាដើម •    ការទម្លាប់ងូតទឹកក្តៅច្រើនហួសហេតុ •    មនុស្សមានវ័យកាន់តែចាស់ ដូចជាស្ត្រីអស់រដូវជាដើម។ ស្បែកស្ងួតខ្លំាងផ្តល់ផលវិបាកដូចម្តេចខ្លះ? ស្បែកដែលមានសភាពស្ងួតខ្លាំង អាចបង្កជាជំងឺសើស្បែកផ្សេងៗទៀតបាន ដែលមានដូចជា៖ •    ជំងឺងាយអាល្លែកហ្ស៊ី ជាមួយសារធាតុប្រតិកម្មពីខាងក្រៅ •    ជំងឺតាអកស្ងួត •    ឆាប់ចាស់ ជ្រីវជ្រួញជាងវ័យ។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺដែលមានបញ្ហាស្បែកស្ងួត គឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន ដូចដែលបានរៀបរាប់ខាងលើ។ គ្រប់លក្ខខណ្ឌនៃស្បែកស្ងួត គួរតែទទួលការព្យាបាលសមស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់ស្បែក។ ប្រសិនបើមិនទាន់ស្តែងជាជំងឺផ្សេងទេនោះ អ្នកជំងឺត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន និងកាត់បន្ថយការងូតទឹកក្តៅ។ ករណីអ្នកជំងឺលេចចេញជារោគសញ្ញាធ្ងន់ធ្ងរអ្នកជំងឺត្រូវធ្វើការព្យាបាលជាមួយអ្នកជំនាញឯកទេសសើស្បែក ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន។ វិធីសាស្ត្រការពារខ្លួនពីស្បែកស្ងួត •    ត្រូវញ៉ាំទឹកឲ្យបានច្រើន •    ចៀសវាងងូតទឹក ឬត្រាំទឹកក្តៅឧណ្ហៗ ញឹកពេក •    ចៀសវាងការសម្អាតជាមួយសាប៊ូ ឬសារធាតុកាត់ច្រើនហួសហេតុពេក •    បើបរិយាកាសត្រជាក់ ស្ងួត ត្រូវស្លៀកពាក់ក្រាស់ៗ និងជិតៗ •    ហាត់ប្រាណឲ្យបានទៀងទាត់។ មិនថាអ្នកមានបញ្ហាស្បែកស្ងួត ឬអ្នកជំងឺស្បែកទូទៅនោះទេ  ឲ្យតែពាក់ពន្ធ័នឹងស្បែក ចាំបាច់គួរតែទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែក និងទាន់ពេលវេលា។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត  សារុន សេងហួរ ឯកទេសជំងឺទូទៅ សើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top