Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការសម្អាតផ្ទៃមុខឲ្យបានត្រឹមត្រូវ រួមជាមួយការផ្តល់សំណើម និងលាបឡេការពារកម្តៅថ្ងៃដែលសមស្រប គឺជាវិធីសាស្ត្រសាមញ្ញ ដើម្បីឲ្យស្បែកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើអ្នកចូលចិត្តសាកល្បងផលិតផលផ្សេងៗ នោះ អ្នកគួរប្រើប្រាស់បន្ថែមនូវសេរ៉ូមបំប៉នស្បែក។ 1- តើអ្វីទៅជាសេរ៉ូម? សេរ៉ូម ជាប្រភេទជែលម៉្យាងដែលត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់លាបនៅលើស្បែក ពិសេសផ្ទៃមុខ និងក។ វាមានប្រសិទ្ធភាព អាចជួយដោះស្រាយរាល់បញ្ហាស្បែកមួយចំនួនរួមមាន បញ្ហារលាក ស្នាមជ្រីវជ្រួញ និងការពារស្បែកមិនឲ្យឡើងក្រហម ឬស្ងួតជាដើម។ 2- តើនៅក្នុងសេរ៉ូមមានផ្ទុកអ្វីខ្លះ? សេរ៉ូមផ្ទុកនូវសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពស្បែក ភាគច្រើនសម្បូរដោយជាតិទឹកដែលសម្រួលដល់ការជ្រាបចូលទៅក្នុងកោសិកាស្បែកបានយ៉ាងឆាប់រហ័ស  ប៉ុន្តែ វាគ្មាននូវសារធាតុផ្តល់សំណើមខ្លាំង ដូចជាពពួកប្រេងធម្មជាតិនោះទេ។ 3- ការជ្រើសរើសសេរ៉ូមសមស្រប អ្នកគួរតែជ្រើសរើសសេរ៉ូមទៅតាមប្រភេទ និងតម្រូវការជាគោលដៅនៃស្បែករបស់អ្នក ដែលរួមមាន៖ •    ប្រសិនបើអ្នកមានបញ្ហាស្បែកជ្រីវជ្រួញ ឬមានសញ្ញានៃភាពជ្រួញ អ្នកគួរតែប្រើប្រភេទសេរ៉ូមដែលមានផ្ទុកទៅដោយសារធាតុដែលជំរុញដល់ការលូតលាស់ ឬសារធាតុPeptide គឺល្អបំផុត។ •    ចំពោះអ្នកមានសភាពស្បែកមិនសូវប្រតិកម្មគួរជ្រើសរើសប្រើប្រាស់ប្រភេទសេរ៉ូមដែលមានផ្ទុកទៅដោយ វីតាមីនA  សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC និងអាស៊ីត kojic។ •    ប្រភេទសេរ៉ូមមានផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជាជម្រើសល្អមួយសម្រាប់ការប្រើប្រាស់ពេលថ្ងៃដោយប្រសិទ្ធភាពការពារស្បែក និងពេលល្ងាចដោយសមត្ថភាពជួសជុលការខូចខាតពីពេលថ្ងៃ និងភ្ញោចកូឡាជែន។ អ្នកអាចប្រើសេរ៉ូមរួមជាមួយនឹងផលិតផលថែបំប៉នស្បែកផ្សេងទៀតបានយ៉ាងប្រសើរ ប៉ុន្តែអ្នកមិនអាចជំនួសផលិតផលផ្សេងដូចជាក្រែមផ្តល់សំណើមនោះទេ។ 4-  របៀបប្រើប្រាស់សេរ៉ូមត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសេរ៉ូម អ្នកត្រូវអនុវត្តតាមសេចក្តីណែនាំដែលបានបិតនៅលើប្រអប់ផលិតផលទាំងនោះ។ ម៉្យាងវិញទៀត អ្នកគួរលាបសេរ៉ូមបំប៉នស្បែក មុនពេលប្រើប្រាស់ផលិតផលថែរក្សាស្បែកផ្សេងទៀត៖ •    ពេលព្រឹក៖ លាបសេរ៉ូមបំប៉នស្បែក បន្ទាប់ពីអ្នកលាងសម្អាតផ្ទៃមុខរួច និងមុនពេលអ្នកលាបផលិតផលផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ។ •    ពេលយប់៖ លាបសេរ៉ូម បន្ទាប់ពីលាងសម្អាតផ្ទៃមុខរួច និងមុនពេលលាបឡេពេលយប់របស់អ្នក ដើម្បីឲ្យសារធាតុសកម្មនៃសេរ៉ូមអាចជ្រាបចូលជ្រៅ ក្នុងស្រទាប់ស្បែក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកធ្លាប់បានប្រើប្រទាលកន្ទុយក្រពើក្នុងការថែរក្សាស្បែករបស់អ្នក ឬទេ? តើអ្នកប្រើប្រាស់វាបែបណាខ្លះ? មានមូលហេតុជាច្រើននៅពីក្រោយបញ្ហាស្បែកស្ងួតរបស់អ្នក រួមទាំងទម្លាប់ប្រចាំថ្ងៃ និងការងារ ដែលស្ទើរតែមិនអាចចៀសបាន។ ដូច្នេះហើយ ទើបអ្នកត្រូវប្រុងប្រយ័ត្ន និងធ្វើការថែរក្សាស្បែកឲ្យបានដិតដល់មិនថាជាការប្រើប្រាស់ផលិតផលផ្សេងៗ ឬការប្រើសារធាតុចម្រាញ់ពីធម្មជាតិដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបាន។ ជាក់ស្តែង ម៉ាស់ប្រទាលកន្ទុយក្រពើជាមួយនឹងសមាសធាតុធម្មជាតិមួយចំនួន ត្រូវបានណែនាំក្នុងការរក្សាសំណើមស្បែកមុខ ដែលរួមមានដូចខាងក្រោម៖     ប្រទាលកន្ទុយក្រពើត្រសក់ •    អ្នកអាចចាប់ផ្តើមដោយកាត់ត្រសក់ពាក់កណ្តាល លាងឲ្យស្អាត ហាន់វាជាចំណិតៗ (ដោយមិនបាច់ចិតសម្បកចេញ) រួចក្រឡុកឲ្យម៉ត់ ទើបបន្ថែមជែលប្រទាលកន្ទុយក្រពើ ក្រឡុកម្តងទៀតឲ្យសព្វស្មើសាច់ល្អ •    ធ្វើការលាងសម្អាតមុខជាមួយទឹកក្តៅឧណ្ហៗបន្ទាប់មកលាបល្បាយនេះ ដោយម៉ាស្សាថ្នមៗពិសេសលើមុខ ក និងថ្ពាល់ រយៈពេល១៥-២០នាទីក្រោយមក លាងមុខចេញដោយទឹកត្រជាក់ និងជូតសម្ងួតជាមួយកន្សែងស្អាត។ ល្បាយពិសេសនេះប្រើសម្រាប់ស្បែកស្ងួត ឬរលាកដោយសារប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យញឹកញាប់ ដោយគុណប្រយោជន៍ប្រហាក់ប្រហែលគ្នានៃប្រទាលកន្ទុយក្រពើ និងត្រសក់ ជួយរក្សាជាតិទឹកលើស្បែក ព្រមទាំងធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់។ ដើម្បីប្រសិទ្ធភាពដ៏អស្ចារ្យមួយនេះ អ្នកត្រូវប្រាកដថាអនុវត្តវាជាទៀងទាត់ យ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។     ប្រទាលកន្ទុយក្រពើចេកទុំ •    យកជែលប្រទាលកន្ទុយក្រពើ១ស្លាបព្រា និងផ្លែចេកទុំដែលបកសម្បករួច៤ចំណិត កិនឲ្យសព្វចូលគ្នា •    លាបម៉ាស់នេះ នៅលើមុខដែលបានលាងសម្អាតរួច ទុកចោលរយៈពេល១០-១៥នាទី ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ ល្បាយផ្សំពីវត្ថុធាតុទាំងពីរនេះ មិនត្រឹមជាអាហារដ៏សំខាន់សម្រាប់ស្បែកទេវាថែមទាំងសម្បូរនូវជាតិទឹក ជួយផ្តល់សំណើមដល់ស្បែក ពិសេសជួយបំបាត់ស្នាមរបកទាំងឡាយដែលតែងកើតមានចំពោះអ្នកស្បែកស្ងួត និងបង្កើនភាពរលាស់នៃស្បែក។ បើអាច អ្នកគួរលាបល្បាយនេះ នៅពេលព្រឹកព្រលឹម និងលាបឲ្យបានម្តងក្នុងមួយសប្តាហ៍ទើបប្រសើរ។     ប្រទាលកន្ទុយក្រពើយ៉ាអួ •    ជែលប្រទាលកន្ទុយក្រពើ២ស្លាបព្រា និងយ៉ាអួ១ស្លាបព្រា កិនចូលគ្នាឲ្យម៉ត់ ហើយស្មើសាច់ល្អ •    លាងមុខ និងកឲ្យស្អាត រួចលាបល្បាយនេះថ្នមៗ រយៈពេល២ទៅ៣នាទីក្រោយមក សឹមលាងមុខចេញជាមួយនឹងទឹកស្អាត។ អ្នកអាចប្រើប្រាស់ល្បាយខាងលើ ក្នុងរយៈពេលត្រឹម២ទៅ៣ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានស្បែកទន់រលោង ត្រជាក់ពោរពេញដោយសំណើម។ ទាំងអស់នេះ ក៏ដោយសារតែប្រទាលកន្ទុយក្រពើ និងយ៉ាអួដែលមានលទ្ធភាពទប់សំណើមលើស្បែកធ្វើឲ្យស្បែកអាចរក្សាសំណើមបានយូរជាងធម្មតា។          ប្រទាលកន្ទុយក្រពើប្រេងអូលីវ •    លាយបញ្ចូលគ្នារវាង ប្រទាលកន្ទុយក្រពើ១ភាគ និងប្រេងអូលីវ១/៣ភាគគ្នាឲ្យសព្វ •    បន្ទាប់ពីអ្នកលាងសម្អាតមុខរួច លាបម៉ាស់នេះលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ១ទៅ២នាទី ទុករយៈពេល៥ទៅ១០នាទីទើបលាងជម្រះជាមួយទឹកស្អាត។ ប្រសិនស្បែកអ្នកជាប្រភេទស្បែកស្ងួតស្រាប់ ឬងាយនឹងស្ងួត ល្បាយប្រទាលកន្ទុយក្រពើ និងប្រេងអូលីវគឺជាជម្រើសមួយល្អបំផុតសម្រាប់អ្នក។ ត្រឹមតែអនុវត្តជារៀងរាល់២ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានការផ្តល់សំណើមឡើងវិញ ប្រកបដោយទំនុកចិត្ត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

តើអ្នកព្រួយបារម្ភពីបញ្ហាជ្រុះសក់ ឬ​ទំពែកក្បាលមែនទេ? តើអ្នកកំពុងគិតថាសក់របស់អ្នកស្តើងទៅៗ ឬប្រែទៅជាពណ៍សមែនទេ?​នៅពេលយើងសង្កេតឃើញថាសក់មានការផ្លាស់ប្តូរ យើងប្រាកដជាលែងមានជំនឿចិត្តក្នុងការបង្ហាញវាទៀតហើយ។ ដូចនេះ សក់ជាផ្នែកមួយដែលងាយស្រួលមើលឃើញ ហើយមនុស្សជាច្រើនបានចំណាយពេលយូរ ដើម្បីការពារកុំឲ្យគេឃើញ។ ខ្ទឹមបារាំងសម្បូរនូវសារធាតុស្ពាន់ធ័រ ដែលមាននាទីជួយប្រព័ន្ធរត់ចលនាឈាមក្នុងខ្លួនយើង ក្នុងការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សក់សម្រាប់លូតលាស់។ ខ្ទឹមបារំាងក៏មានមុខងារក្នុងការប្រឆាំងនឹងពពួកបាក់តេរីដែលការពារស្បែកក្បាលពីការឆ្លងមេរោគផ្សេងៗបង្កឲ្យជ្រុះសក់ផងដែរ។ ជាការពិតណាស់ សារធាតុប្រើប្រាស់ក្នុងសាប៊ូកក់សក់ជាច្រើនមានប្រើសារធាតុក្នុងទឹកខ្ទឹមបារំាង ហើយអ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ច្បាស់ថា​ វាជួយជម្រុញ ការបណ្តុះសក់ថ្មីនិងកម្ចាត់មេរោគ។ ខ្ទឹមបារំាងសម្បូរនូវសារធាតុស្ពាន់​ធ័រ ដែលវាមាននាទីជួយប្រព័ន្ធរត់ចលនាឈាមក្នុងខ្លួនយើងក្នុងការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សក់សម្រាប់ការលូតលាស់។ ខ្ទឹមបារំាងក៏មានមុខងារក្នុងការប្រឆាំងនឹងពពួកបាក់តេរីដែលការពារស្បែកក្បាលពីការឆ្លងមេរោគផ្សេងៗបង្កឲ្យជ្រុះសក់ផងដែរ។ ជាធម្មតា ២០% ទៅ ៣០% នៃសក់មនុស្សស្រីចាប់ផ្តើមជ្រុះ នៅផ្នែកងាយនឹងមើលឃើញច្បាស់។ យ៉ាងណាមិញមនុស្សប្រុសចាប់ផ្តើមជ្រុះសក់ចាប់ពីផ្នែកខាងមុខនៃក្បាលដែលងាយនឹងកត់សម្គាល់ឆាប់រហ័ស។ ដោយឡែក តាមការសិក្សា សក់របស់មនុស្សស្រីត្រូវការរយៈពេល អាចរហូតដល់ច្រើនឆ្នាំ ដើម្បីដុះមកវិញ។  ខាងក្រោមនេះ ជាវិធីសាស្រ្តដោយងាយៗប្រើខ្ទឹមបារំាង ដើម្បីទទួលបានសក់ក្រាស់ត្រលប់មកវិញ៖ ១. ត្រូវបកសំបកខ្ទឹមបារំាងចិតជាចំណិត ២. ចិញ្រ្ចាំសង្កត់ ឬកិនយកទឹករួចច្រោះវាជាមួយស្បៃ ដើម្បីឲ្យកាន់តែងាយស្រួល ៣. ប្រើទឹកដែលច្រោះបាននោះមកលាបម៉ាស្សាលើស្បែកក្បាល ៤. ទុកចោលរយៈពេលយ៉ាងតិចណាស់១៥នាទី រួចសឹមលាងជម្រះជាមួយសាប៊ូកក់សក់ ៥. អ្នកអាចទុកលើសពី ១៥នាទី ប្រសិនបើអ្នកអាចទ្រាំទ្រនឹងក្លិនរបស់ខ្ទឹមបារំាងបាន ៦. វិធីបែបនេះ ២ដងក្នុងមួយសប្តាហ៍ ផ្អែកតាមស្បែកក្បាលរបស់អ្នក។ ផ្អែកតាមវិធីងាយៗខាងលើ យើងនឹងទទួលបាននូវគុណប្រយោជន៍ច្រើន ជាពិសេសចំពោះស្បែកក្បាល។ ដូចនេះ ចូលសាកល្បងវិធីសាស្រ្តខាងលើ ដើម្បីទទួលបានសក់ដុះមកវិញ និងក្រាស់ដូចដើម។ មិនបាច់ចំណាយប្រាក់ច្រើនមិនបាច់ចំណាយរយៈពេលយូរ យើងនឹងទទួលបានលទ្ធផលគាប់ប្រសើរ!! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

Share

ដោយសារភាពរីកចម្រើននៃការផ្លាស់ប្តូរក្នុងសង្គមសព្វថ្ងៃ ឃើញមានការកើនឡើងនូវផ្នែកជាច្រើន ក្នុងនោះផ្នែកចំណីអាហារក៏កំពុងមានការប្រែប្រួល និងលូតលាស់ទៅតាមនោះផងដែរ។ របបអាហារដែលសម្បូរដោយជាតិស្ករ មានជាតិកាល់ឡូរីខ្ពស់ ឬអាហារកែច្នៃកំពុងត្រូវបានប្រើប្រាស់ និងជាតម្រូវការសម្រាប់មនុស្សទូទាំងពិភពលោក ដែលវាជាមូលហេតុមួយបណ្តាលឲ្យបញ្ហាធ្មេញដុះមិនត្រង់ជួរ ឬដុះជួសគ្នា បានប៉ះពាល់ប្រជាជនដល់ទៅ ៩៥% ដោយមិនដឹងខ្លួន។ លក្ខណៈធ្មេញមិនត្រង់ជួរ ធ្មេញដុះមិនត្រង់ជួរ ឬដុះជួសគ្នា ជាពាក្យបច្ចេកទេសនៃបញ្ហាសុខភាពមាត់ធ្មេញ ដែលបង្ហាញជាការដុះមិនស្មើជួរ ធ្មេញដុះច្រើន និងបង្កើតឲ្យធ្មេញមានកំណាំទំពាខុសប្រក្រតី។ រូបរាងនៃបញ្ហាសុខភាពមាត់ធ្មេញនេះ អាចធ្វើឲ្យសភាពធ្មេញលយចេញទៅក្រៅខ្លាំង ខ្លះរង្គើ និងខ្លះមានទំហំមិនស្មើគ្នា។ មូលហេតុ មានមូលហេតុធំ ៣ យ៉ាងដែលបង្កឲ្យមានបញ្ហាធ្មេញដុះមិនត្រង់ជួរ ឬដុះជួសគ្នា ដូចជា៖ •    របបអាហារ ៖ អាហារសម្បូរទៅដោយជាតិស្ករ ឬអាហារកែច្នៃ ជាកត្តាសំខាន់មួយដែលបណ្តាលឲ្យមានបញ្ហាធ្មេញដុះមិនត្រង់ជួរ •    តំណពូជ៖  លក្ខណៈធ្មេញរបស់បុគ្គលម្នាក់អាចបន្តដល់សមាជិកគ្រួសារនៅជំនាន់បន្ទាប់ •    បរិយាកាស ៖ កុមាររស់នៅក្នុងបរិយាកាសដែលសម្បូរទៅដោយការបំពុល តែងរងនូវជំងឺផ្នែកត្រចៀក ច្រមុះ បំពង់ក បណ្តាលឲ្យការដកដង្ហើមធ្វើឡើងតាមមាត់។ សកម្មភាពនេះ បានធ្វើឲ្យមាត់ផ្នែកខាងលើមិនអាចលូតលាស់បានត្រឹមត្រូវ បង្កឲ្យចង្កាមានទំហំតូច ដែលជាហេតុធ្វើឲ្យធ្មេញដុះច្រើន ឬមិនស្មើជួរ។ បញ្ហាបណ្តាលមកពីធ្មេញដុះមិនត្រង់ជួរ ធ្មេញដុះប្រជ្រៀតច្រើន ឬមិនស្មើគ្នា ហាក់ជាបញ្ហាតូចតាចសម្រាប់បុគ្គលមួយចំនួន ប៉ុន្តែវាអាចវិវឌ្ឍទៅជាបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតតួយ៉ាងដូចជា៖ -បញ្ហាចម្បងបំផុត គឺវាអាចប៉ះពាល់ទៅលើផ្លូវចិត្តរបស់បុគ្គល នាំឲ្យខ្វះភាពជឿជាក់លើខ្លួនឯង សម្រាប់ការទំនាក់ទំនងនៅក្នុងសង្គម មិនថាជាមួយមិត្តភក្តិឬមិត្តរួមការងារ -ដោយសារធ្មេញដុះមិនត្រង់ជួរ នោះការសម្អាតធ្វើឡើងក៏មិនបានស្អាតល្អ ដែលនាំឲ្យមានបញ្ហាសុខភាពមាត់ធ្មេញមួយចំនួនដូចជា៖ •    បញ្ហាក្លិនមាត់ ដោយសារមានអាហារនៅជាប់ចន្លោះធ្មេញ •    ឈាមអញ្ចាញ ព្រោះអញ្ចាញរងការរលាក •    ធ្មេញប្រហោង ឬធ្មេញពុក នឹងអាចកើតឡើងជាបន្តបន្ទាប់។ -យោងទៅតាមការរកឃើញថ្មីៗនេះ ក៏បានបង្ហាញថាមេរោគពពួកបាក់តេរីដែលមាននៅក្នុងចន្លោះធ្មេញដុះមិនស្មើគ្នា ឬដុះច្រើន ក៏អាចជាប់ទាក់ទងទៅនឹងជំងឺបេះដូងផងដែរ។ វិធីសាស្រ្តព្យាបាល ការព្យាបាលអាចធ្វើទៅបានជាមួយបច្ចេកទេសខុសៗគ្នាទៅតាមអាយុ និងស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ជាទូទៅ ការព្យាបាលសម្រាប់កុមារ ហាក់មានភាពប្រសើរ និងមានប្រសិទ្ធភាពជាង។ ១.សម្រាប់កុមារ ៖  ការព្យាបាល គឺជាវិធីការពារសម្រាប់បង្ការពីការមានបញ្ហាបន្តទៀត។ វិធីសាស្រ្តនេះទាមទារឲ្យអ្នកជំនាញតាមដាន និងថែរក្សាអញ្ចាញធ្មេញរបស់កុមារបន្ទាប់ពីធ្មេញទឹកដោះបានជ្រុះអស់ រហូតដល់ធ្មេញស្រុកចាប់ផ្តើមដុះ។ ២.សម្រាប់ក្មេងជំទង់ និងមនុស្សពេញវ័យ ៖ បញ្ហាក្នុងវ័យនេះស្តែងចេញរួចមកហើយ ដែលការព្យាបាលគឺទាមទារឲ្យមានការកែប្រែសភាពធ្មេញដែលមិនស្មើគ្នាតាមរយៈការពត់ធ្មេញ។ ក្នុងករណីធ្មេញដុះច្រើន អ្នកជំនាញអាចធ្វើការដកធ្មេញខ្លះចេញ ឬបន្ថយទំហំរបស់ធ្មេញក្នុងកម្រិតចន្លោះពី ១ ទៅ ៥មីលីម៉ែត្រ មុននឹងធ្វើការពត់ធ្មេញ។ ត្រូវចាំថាវិធីសាស្រ្តដែលត្រឹមត្រូវនិងប្រភេទនៃការពត់ធ្មេញគឺត្រូវការការណែនាំ និងអនុវត្តផ្ទាល់ពីទន្តពេទ្យដែលមានជំនាញច្បាស់លាស់ ហើយគួរចៀសវាងប្រើប្រាស់ផលិតផលមួយចំនួនដែលលក់នៅលើទីផ្សារ។ បន្ទាប់ពីទទួលសេវាកម្មព្យាបាលអ្នកជំងឺក៏ត្រូវបន្តការតាមដាន និងអនុវត្តទៅតាមការណែនាំបន្ថែមទៀតដូចជា៖ ៣​.អំឡុងពេលព្យាបាល ៖ ចៀសវាងទទួលទានអាហារប្រភេទរឹង (ឆ្អឹងសាច់) អាហារ ឬភេសជ្ជៈមានជាតិផ្អែម ឬផលិតផលកែច្នៃ បន្ថែមពីនោះអ្នកជំងឺត្រូវបានណែនាំពីវិធីសាស្រ្តដុសសម្អាតធ្មេញដែលស័ក្តិសម និងមានប្រសិទ្ធភាព។ ៤.បន្ទាប់ពីព្យាបាលរួច ៖ អ្នកជំងឺត្រូវបន្តការពាក់ Retainers ក្នុងរយៈពេល ២ឆ្នាំដើម្បីការពារធ្មេញកុំឲ្យត្រឡប់មកសភាពដើមវិញ ដោយសារតែឆ្អឹងធ្មេញនៅមិនទាន់លូតលាស់ពេញលេញបានល្អនៅឡើយ។ វិធីសាស្រ្តការពារ ការការពារគួរធ្វើឡើងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាពិសេសចំពោះកុមារអាយុចន្លោះពី ៧ ទៅ ៨ឆ្នាំ។ ឪពុកម្តាយ ឬអាណាព្យាបាលគួរចំណាយពេលវេលាសម្រាប់ឲ្យកុមារទទួលបានការពិនិត្យសុខភាពមាត់ធ្មេញទូទៅនោះទន្តពេទ្យនឹងអាចរកឃើញនូវបញ្ហាមាត់ធ្មេញបានទាន់ពេលវេលា។ នាំយកស្នាមញញឹមរបស់អ្នកត្រឡប់មកវិញ ដោយធ្វើការចំណាយសម្រាប់ការកែប្រែឲ្យបានឆាប់រហ័ស ពីព្រោះបុគ្គលគ្រប់រូបមានសិទិ្ធទទួលបានការញញឹមដែលស្រស់ស្អាត។ស្នាមញញឹម និងធ្មេញ ជាវត្ថុដ៏សំខាន់សម្រាប់ជីវិតក្នុងសង្គម ពីព្រោះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវសម្រស់ និងភាពជឿជាក់នោះទេ ថែមទាំងពាក់ព័ន្ធជាមួយសុខភាពអ្នកផងដែរ។   បកស្រាយដោយ​៖ ទន្តបណ្ឌិត Navdeep Bhusri ឯកទេសផ្នែកពត់តម្រង់ធ្មេញ ប្រចាំមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ផ្ទៃមុខស្រស់ស្អាត ជាក្តីប្រាថ្នារបស់មិត្តនារីគ្រប់រូប តែមនុស្សមួយចំនួនបាន និងកំពុងមើលរំលងផ្នែកមួយដែលវាគួរត្រូវបានថែរក្សាឲ្យដូចផ្ទៃមុខ នោះគឺស្បែកនៅក…៥យ៉ាង ខាងក្រោមនឹងជួយអ្នកសម្រេចក្តីប្រាថ្នានៃការដែលមានដងកស្អាតគួរឲ្យទាក់ទាញ៖ ទឹកក្រូចឆ្មារ ដោយហេតុថានៅក្នុងទឹកក្រូចឆ្មារផ្ទុកអង់ស៊ីមម៉្យាង មានប្រសិទ្ធភាពសម្អាតកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឲ្យស្បែកមុខ និងកអ្នកទន់ស្រស់ថ្លា។  ហាន់ក្រូចឆ្មារជាបន្ទះស្តើងៗ បន្ទាប់មកធ្វើការខាត់ ក៏ដូចជាម៉ាស្សាថ្នមៗនៅជុំវិញករបស់អ្នក រួចបិតទុកចោល ២ ទៅ ៣នាទីចាំលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ។ ក្រៅពីនេះ អ្នកក៏អាចយកវាលាយជាមួយទឹកឃ្មុំ និងម្សៅអង្ករ ឲ្យបានជាល្បាយស្មើសាច់មួយលាបហើយទុកចោល ១៥នាទីចាំលាងជម្រះចេញជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះជារៀងរាល់២ដង ក្នុងមួយសប្តាហ៍។ ប្រេងអូលីវ អ្នកអាចសាកល្បងប្រើប្រាស់ប្រេងអូលីវក្តៅឧណ្ហៗព្រោះវាមានលទ្ធភាពជួយថែរក្សាសុខភាព ពិសេសស្បែកនៅដៃ និងក។ ម៉្យាងវិញទៀត អ្នកអាចលាយជាមួយវីតាមីន A ប្រមាណ ២ ទៅ ៣តំណក់ទៅក្នុងប្រេងអូលីវមុននឹងយកទៅលាបលើស្បែកក និងម៉ាស្សាថ្នមៗ ដើម្បីកាត់បន្ថយស្នាមគ្រើម គន្លាក់ ព្រមទាំងបង្កើនសំណើមនៅក មួយកម្រិត។ លោកអ្នកគួរប្រើប្រាស់ល្បាយប្រេងអូលីវនេះ ត្រឹមតែម្តងក្នុងមួយសប្តាហ៍ ឬហោចណាស់២ដងក្នុងមួយខែ នោះអ្នកនឹងបានឃើញពីប្រសិទ្ធភាពស្ទើរមិនគួរឲ្យជឿ។ ទឹកឃ្មុំ សមាសធាតុផ្សំធម្មជាតិមួយទៀត ដែលលោកអ្នកប្រើប្រាស់ជាញឹកញាប់ ទាំងការទទួលទាន និងថែរក្សាសម្រស់ នោះគឺទឹកឃ្មុំ។ ក្រៅពីញ៉ាំ អ្នកអាចគ្រាន់តែលាបទឹកឃ្មុំទៅលើស្បែកករបស់អ្នកនៅរាល់ពេលព្រឹកព្រលឹម ឬពេលយប់មុនចូលគេង ទុករយៈពេល១០នាទី រួចលាងសម្អាតចេញដោយទឹកត្រជាក់។ ជម្រើសមួយទៀតលោកអ្នកអាចលាយស៊ុតពណ៌សជាមួយទឹកឃ្មុំហើយលាបនៅលើស្បែកករបស់អ្នករយៈពេល២០នាទី បន្ទាប់មកលាងជម្រះដោយទឹកត្រជាក់ និងសាប៊ូដើម្បីបំបាត់ក្លិនរបស់ស៊ុតពណ៌សជាការស្រេច។       ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ គឺជាធាតុផ្សំធម្មជាតិដ៏អស្ចារ្យមួយប្រភេទទៀត ដែលត្រូវបានប្រើនៅក្នុងរូបមន្តសម្រាប់ថែរក្សាស្បែកឲ្យភ្លឺរលោង រក្សាសំណើម ព្យាបាលមុន និងបន្ថយស្នាមជ្រួញ។ អ្នកអាចហាន់វាជាបន្ទះស្តើងៗដូចដែលអ្នកធ្លាប់ធ្វើវាបិតលើមុខដូចគ្នា ឬបង្កើតជាល្បាយ លាយជាមួយទឹកឃ្មុំ និងស៊ុតពណ៌ស ក្រឡុកចូលគ្នាឲ្យសព្វ បន្ទាប់មកលាប និងម៉ាស្សាថ្នមៗ ទុករយៈពេល១៥ ទៅ ២០នាទី សឹមលាងសម្អាតជាមួយទឹកស្អាត ដោយអ្នកអាចអនុវត្តចន្លោះពី២ទៅ៣ដង ក្នុងមួយសប្តាហ៍។ ផ្លែល្ហុងទុំ ផ្លែល្ហុងមានអង់ស៊ីមធម្មជាតិដែលត្រូវបានគេស្គាល់ថា Papain មានសមត្ថភាពប្រឆាំងនឹងបាក់តេរីព្យាបាលស្បែក ដើម្បីឲ្យស្បែកមានភាពស្រស់ស្អាត និងទន់រលោង។ ដូច្នេះអ្នកអាចប្រើល្ហុងដើម្បីលាងសម្អាតស្បែកមុខ និងក ដោយគ្រាន់តែកិនល្ហុងឲ្យម៉ត់ លាយជាមួយស៊ុតពណ៌ស លាបឲ្យពេញផ្ទៃមុខ និងក រួចទុកប្រហែល១៥នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តឧណ្ហៗ។ត្រឹម២ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងដឹងពីភាពខុសប្លែកដ៏គួរឲ្យទុកចិត្ត។ ទោះបីគ្រឿងផ្សំ៥យ៉ាងខាងលើរក្សាឲ្យអ្នកមានដងកស្អាតហើយយ៉ាងណាក៏ដោយ លោកអ្នកអាចរក្សាភាពស្អាតនេះឲ្យនៅស្ថិតស្ថេរ ដោយគោរពនូវគោលការណ៍រួមខាងក្រោម៖ •    ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៨ទៅ ១០កែវក្នុងមួយថ្ងៃ •    គួរកាត់បន្ថយប្រភេទភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេ •    បង្កើនការញ៉ាំបន្លែ ផ្លែឈើមានបរិមាណទឹកខ្ពស់ដូចជា ទឹកដូង ឬឪឡឹកជាដើម •    ប្រសិនបើស្ថិតនៅតំបន់មានអាកាសធាតុត្រជាក់ គួរស្លៀកពាក់ជិតៗក ឬប្រើកន្សែងរុំក •     ប្រើប្រាស់ផលិតផលផ្តល់សំណើមជាប្រចាំដល់ស្បែកករបស់អ្នកឲ្យដូចផ្ទៃមុខផងដែរ។ អ្នកមិនទាន់ហួសពេលក្នុងការចាប់ផ្តើមថែរក្សាស្បែកករបស់អ្នកនោះទេ...តោះ! សាកល្បងពីថ្ងៃនេះ... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សញ្ញាសង្ស័យនៅលើស្បែកត្រង់ផ្នែកណាមួយ ជាមូលហេតុនៃជំងឺសើស្បែកផ្សេងៗ ប៉ុន្តែករណីខ្លះ វាជាជំងឺកាមរោគ។ តាមរយៈអត្ថបទខាងក្រោម អ្នកនឹងអាចស្វែងយល់បន្ថែមលើក្រុមជំងឺដែលត្រូវបានចាត់ទុកជាជំងឺកាមរោគ ដោយវេជ្ជបណ្ឌិតជំនាញ។ សំណួរ ៖ ខ្ញុំឆ្ងល់ថាតើជំងឺកាមរោគជាជំងឺអ្វី? តើវាកើតឡើងយ៉ាងដូចម្ដេច? ហើយមានវិធីបង្ការដែរឬទេ? ចម្លើយ ៖ ជំងឺកាមរោគជាជំងឺឆ្លងដែលកើតឡើងតាមរយៈការរួមភេទ ហើយវាត្រូវបានបែងចែកជា៥ក្រុម៖ •    ក្រុមទី១ ៖ ជាពពួកមានដំបៅ ដូចជា ជំងឺស្វាយ (Syphilis) ដែលជាពពួកបាក់តេរីនាំឲ្យកើតមានដំបៅនៅលើប្រដាប់ភេទតែមិនឈឺទេ ឬបណ្ដាលមកពីពពួកវីរុសបង្កជាពងបែកមួយ ឬច្រើនជុំវិញប្រដាប់ភេទ ហើយមានការឈឺចាប់ខ្លាំងដូចជា Herpes Simplex Virus ជាដើម។ មួយប្រភេទទៀតជាពពួកបាក់តេរី ឆ្លងតាមការរួមភេទ ដែលជំងឺនេះហៅថា “តេនឡា” ឬពាក្យបច្ចេកទេស ហៅថា “Chancroid” អ្នកដែលកើតជំងឺ Herpes simplex គឺមានឡើងនូវពងបែកច្រើនជាកញ្ចុំលើប្រដាប់ភេទ និងមានការឈឺចាប់ខ្លាំង។ •    ក្រុមទី២ ៖ ជាប្រភេទ Genital discharge មានន័យថាជាជំងឺមានហូរខ្ទុះ ឬធ្លាក់ស ចេញពីប្រដាប់បន្តពូជ រួមមានជំងឺប្រមេះទឹកបាយ (Gonnorrhea) ជំងឺប្រមេះទឹកថ្លា (Clamydia) ឬមានប្រភេទដទៃទៀតដូចជា ការធ្លាក់សដោយសារពួកផ្សិត (Candida, Bacillus vaginalis, Trichomonas) ដែលពពួកនេះធ្លាក់សមាននូវក្លិនអាក្រក់។ •    ក្រុមទី៣ ៖ ជាក្រុមមានដុះសាច់ តួយ៉ាង ជំងឺសិរមាន់ ដែលដើរតួសំខាន់ជាងគេ ហើយក្នុង ភាសាបច្ចេកទេសហៅថា Candiloma acuminata។ •    ក្រុមទី៤ ៖ ជាជំងឺដែលវិវឌ្ឍមកពីពពួកជំងឺ ក្រុមទី២ បណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ខាងក្នុងពោះដោយសារតែមានការរលាកទៅដល់សរីរាង្គខាងក្នុង។ •    ក្រុមទី៥ ៖ ជាជំងឺកាមរោគណាដែលឆ្លងតាមឈាមមានដូចជាជំងឺអេដស៍ជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត អ្នកតែងគិតដល់វិធីសាស្ត្រដែលអាចបំប៉នដល់ស្បែកមុខ ជាពិសេសគឺការប្រើប្រាស់ផលិតផលមានគុណភាពផ្សេងៗដោយមើលរំលងអំពីការលុបលាងមុខឲ្យបានត្រឹមត្រូវ... ជាការពិត ផលិតផលល្អៗជាច្រើន ជាផ្នែកមួយនាំអ្នកទៅកាន់ស្បែកមុខដែលប៉ងប្រាថ្នា មិនថាស្បែកមុខតឹង ម៉ត់រលោង គ្មានស្នាមជ្រួញ ស្នាមអុចខ្មៅ ឬមុនជាដើម ក៏ប៉ុន្តែតើអ្នកគិតថាផលិតផលល្អៗទាំងនោះនឹងជួយអ្នកតាមរបៀបណានៅពេលដែលស្បែកអ្នកមិនត្រូវបានសម្អាតស្អាតសម្រាប់ត្រៀមទទួលយកសារធាតុចិញ្ចឹមផង? ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើជំហានដំបូងគេ ដែលជាការលាងសម្អាតមុខឲ្យបានត្រឹមត្រូវ។ តើអ្នកលាងមុខបានស្អាតឬនៅ? ហើយតើអ្នកគួរលាងដូចម្តេចទើបត្រឹមត្រូវ? សញ្ញាបង្ហាញថាអ្នកលាងមុខមិនបានត្រឹមត្រូវ • នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត • ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ត់រលោង • មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម • មានស្នាមជ្រួញច្រើនជាងមុន • ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល • ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត • ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន • សញ្ញាដែលខុសប្រក្រតីលើមុខផ្សេងៗទៀត។ របៀបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ 1.     ភាពញឹកញាប់ក្នុងការសម្អាតមុខ • អ្នកគួរសម្អាតមុខ ឲ្យបានយ៉ាងតិច ២ ដងក្នុងមួយថ្ងៃសម្រាប់អ្នកមានស្បែកធម្មតា គឺមុនពេលចូលគេង ក្រោយពេលភ្ញាក់ពីគេង និងយ៉ាងតិចម្តងចំពោះអ្នកមានស្បែកស្ងួតគឺរាល់មុនពេលចូលគេង។ • អ្នកក៏ត្រូវសម្អាតមុខក្រោយពេលហាត់ប្រាណឬបែកញើសខ្លាំងផងដែរ • ចៀសវាងសម្អាតមុខញឹកញាប់ពេក បើមិនចាំបាច់ ព្រោះវាធ្វើឲ្យស្បែកស្ងួត និងបន្ទាប់មកធ្វើឲ្យមានការផលិតខ្លាញ់កាន់តែច្រើនដើម្បីសម្របសម្រួលភាពស្ងួតនោះវិញ។ 2.    សីតុណ្ហភាពទឹកសម្រាប់លាងមុខ • ការប្រើប្រាស់ទឹកក្តៅ៖  ការប្រើទឹកក្តៅលាងមុខ អាចធ្វើឲ្យសរសៃឈាមរីកធំ ខូចកោសិកា ថែមទាំងបំផ្លាញស្រទាប់ខ្លាញ់ធម្មជាតិសម្រាប់ការពារស្បែកផងដែរ ដែលនាំឲ្យស្បែកស្ងួត  និងងាយរមាស់ប្រតិកម្ម។ ជំនួសមកវិញ គួរប្រើប្រាស់ទឹកក្តៅឧណ្ហៗដែលអាចជួយបន្ទន់ខ្លាញ់កករឹងនៅរន្ធរោមបាន។ • ការផ្លាស់ប្តូរសីតុណ្ហភាពទឹក៖  ចៀសវាងផ្លាស់ប្តូរសីតុណ្ហភាពពីក្តៅមកត្រជាក់ភ្លាមៗ ដោយជឿថាម៉ាស្សាមុខជាមួយទឹកក្តៅជាវិធីបង្កើនចរន្តឈាម និងទឹកត្រជាក់អាចជួយបិទរន្ធរោម ដែលនេះមានតែធ្វើឲ្យស្បែកមានប្រតិកម្ម  និងងាយខូចខាតទៅវិញ។ 3.    ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ • ជាទូទៅហ្វូមសម្អាតមុខមានលក្ខណៈស្រាលដែលមានន័យថាវាមិនអាចសម្អាតផលិតផលគ្រឿងសម្អាង ឬឡេការពារកម្តៅបានស្អាតឡើយ។ ដូចនេះ អ្នកគួរតែប្រើប្រាស់ទឹកសម្អាតមុខដែលស័ក្តិសមនឹងស្បែក ដោយយកល្អវាគួរតែជាប្រភេទស្រាល គ្មានជាតិអាល់កុល ដើម្បីសម្អាតមុខ មុនប្រើហ្វូមលាងមុខ។ • អ្នកត្រូវជ្រើសរើសហ្វូមសម្អាតមុខឲ្យបានត្រឹមត្រូវតាមប្រភេទស្បែក តែមិនថាអ្នកមានស្បែកប្រភេទអ្វី អ្នកត្រូវចៀសវាងផលិតផលដែលមាន Parabens  អាល់កុល ឬក្លិន(Fragrance) ដែលមិនល្អចំពោះស្បែកឡើយ។ 4.    ការខាត់សម្អាតមុខ ការខាត់កោសិកាចាស់ៗចេញជាវិធីរក្សាភាពលូតលាស់នៃកោសិកាថ្មីរបស់ស្បែក។ ទោះយ៉ាងណា នេះពុំមែនមានន័យថា អ្នកគួរខាត់ស្បែកញឹកញាប់ ឬខាត់យូរៗពេកនោះទេ។ ការខាត់ម្តងៗត្រឹម ២០ ទៅ ៣០ វិនាទី តាមចលនាជារង្វង់ រួចលាងជាមួយទឹកឧណ្ហៗ មួយសប្តាហ៍យ៉ាងច្រើន ១ ទៅ ២ ដង ត្រូវបានចាត់ទុកថាគ្រប់គ្រាន់។ 5.    ការជូតសំងួតមុខ ចៀសវាងសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដែលបានបោកសម្អាតជាប្រចាំ។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ។ 6.    ក្រោយពីលាងសម្អាតមុខ ចំពោះគ្រប់ប្រភេទស្បែក អ្នកចាំបាច់ត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗក្រោយពីលាងសម្អាត និងមុនពេលលាបផលិតផលរក្សាស្បែកផ្សេងទៀត ឬគ្រឿងសម្អាង ដោយកុំចាំឲ្យស្បែកស្ងួត ធ្វើឲ្យពិបាកលាប។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ      

Share

តើអ្នកផ្តល់អាហារឲ្យសក់របស់អ្នក បានគ្រប់គ្រាន់ហើយឬនៅ? តើអាហារបំប៉នទាំងនោះ គួរតែជាអ្វីខ្លះ? សរសៃសក់ដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពរបស់អ្នក ជាផ្នែកមួយនៃរាងកាយដែលត្រូវការអាហារ ក៏ដូចជាសារធាតុចិញ្ចឹមសមស្រប ដើម្បីទ្រទ្រង់ និងដំណើរការលូតលាស់ទៅមុខតាមអាយុកាល។ ដោយហេតុនេះ ហេលស៍ថាម នឹងបង្ហាញនូវអាហារបំប៉នសក់៣យ៉ាង ដែលលោកអ្នកគួរមាន ៖                                             វីតាមីនសំខាន់ៗ -វីតាមីន A ៖ វីតាមីនដ៏សំខាន់សម្រាប់ជួយឲ្យសក់មានសុខភាពល្អគឺវីតាមីនA ដូចទៅនឹងលទ្ធផលនៃដំណើរការធ្វើមេតាបូលីសផ្សេងៗគ្នា។ រាងកាយរបស់យើងផលិតជាបន្តបន្ទាប់នូវរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញការលូតលាស់របស់កោសិកាធម្មតាកម្រិតខ្ពស់។ ស្រដៀងគ្នានេះ គល់សក់របស់អ្នកក៏ត្រូវបានបំផ្លាញទៅតាមការផលិតនូវរ៉ាឌីកាល់សេរីនេះដូចគ្នាដែរ។ វីតាមីនA មានលក្ខណៈប្រឆាំងអុកស៊ីតកម្ម ដែលជួយបញ្ឈប់ការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងស្តារសុខភាពសក់ឡើងវិញ។ -វីតាមីន C ៖ ការបំផ្លាញពីរ៉ាឌីកាល់សេរីអាចរារាំងការលូតលាស់ និងធ្វើឲ្យសក់របស់អ្នកចាស់មុនអាយុ។ វីតាមីនC គឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារប្រឆាំងការធ្វើអុកស៊ីតកម្មដោយសាររ៉ាឌីកាល់សេរី។ បន្ថែមពីនេះ រាងកាយរបស់អ្នកត្រូវការវីតាមីនC ដើម្បីបង្កើតប្រូតេអុីនមួយប្រភេទ ហៅថាកូឡាជែន ដែលសំខាន់នៅក្នុងផ្នែកមួយនៃការបង្កើតរចនាសម្ព័ន្ធសក់។ បន្លែផ្លែឈើមួយចំនួនដូចជា ស្ត្រូប័ររីម្ទេសផ្លោក ត្របែក និងផ្លែក្រូច សុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីនC ធម្មជាតិ។ -វីតាមីន E ៖ ក្នុងការសិក្សាមួយបង្ហាញថាវីតាមីន E មានឥទ្ធិពលប្រហាក់ប្រហែលនឹងវីតាមីនCដែរ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកំណើនច្រើននៃរ៉ាឌីកាល់សេរី។ តាមការពិសោធន៍រកឃើញថា ប្រជាជនដែលមានបញ្ហាសក់ជ្រុះប្រមាណ៣៤.៥% មានការកើនឡើងនូវការលូតលាស់នៃសរសៃសក់ បន្ទាប់ពីបានប្រើប្រាស់វីតាមីន E រយៈពេល៨ខែ។ គួរបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E រួមមាន គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង ផ្លែប័រជាដើម។ សារធាតុរ៉ែចាំបាច់ -ជាតិដែក៖  រាងកាយរបស់អ្នក ត្រូវការជាតិដែកដើម្បីជួយឲ្យកោសិកាឈាមក្រហម អាចចាប់យកអុកស៊ីសែនទៅគ្រប់កោសិកាទាំងអស់។ ម៉្យាង វាធ្វើឲ្យជាតិរ៉ែចាំបាច់មួយចំនួន ចូលរួមក្នុងមុខងារសំខាន់ៗនៃរាងកាយ រួមទាំងការលូតលាស់នៃសរសៃសក់ផងដែរ។ គួរបញ្ជាក់ថា ខ្វះជាតិដែកជាមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងចូលរួមចំណែកក្នុងការបង្កឲ្យសក់ជ្រុះ ពិសេសចំពោះស្ត្រី។ ភាគច្រើនប្រភេទអាហារសម្បូរជាតិដែកជាងគេគឺ អ៊័យស្ទ័រ ស៊ុត សាច់ក្រហម និងបន្លែពណ៌បៃតងចាស់ ជាដើម។ -ជាតិស័ង្កសី៖  វាដើរតួនាទីសំខាន់ក្នុងការលូតលាស់របស់ជាលិកាសក់ និងចូលរួមជួសជុលនូវការខូចខាតផ្សេងៗ។ ជាតិស័ង្កសីក៏ជួយរក្សាក្រពេញប្រេងជុំវិញគល់សក់ ឲ្យដំណើរការបានល្អផងដែរ។អាការៈជ្រុះសក់អាចជាសញ្ញាធម្មតានៃកង្វះជាតិស័ង្កសីនៅក្នុងរាងកាយ។ ដូចនេះ វាអាចជារឿងមួយល្អបំផុតដែលអ្នកបង្កើនបរិមាណជាតិស័ង្កសីពីរបបអាហារប្រចាំថ្ងៃរបស់អ្នក ក្នុងនោះប្រភេទអាហារដែលសម្បូរដោយជាតិស័ង្កសីរួមមានអ៊័យស្ទ័រ សាច់គោ និងស្រូវសាលី ជាដើម។ ប្រូតេអ៊ីនដ៏មានគុណប្រយោជន៍ សក់របស់អ្នកត្រូវបានបង្កើតឡើងស្ទើរតែទាំងស្រុងដោយប្រូតេអ៊ីន ដូច្នេះការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់គឺសំខាន់បំផុត សម្រាប់ដំណើរការលូតលាស់នៃសក់។ កាលណាកម្រិតនៃជាតិប្រូតេអ៊ីនគ្រប់គ្រាន់វានឹងជួយរក្សាឫសសក់របស់អ្នកឲ្យរឹងមាំល្អ និងបង្កើនការលូតលាស់មួយកម្រិតទៀត។ ផ្ទុយមកវិញ ការដែលគ្មាននូវកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកប៉ុណ្ណោះទេវារឹតតែប៉ះពាល់ដល់សក់ធ្ងន់ធ្ងរថែមទៀត។ អាហារបំប៉នខាងលើនេះ លោកអ្នកអាចបង្គ្រប់បានដោយការទទួលទានចំណីអាហារ ឬអាចប្រើប្រាស់វាក្រោមទម្រង់ជាប្រេងលាបសក់ដោយផ្ទាល់ជាប្រចាំ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ជាធម្មតា នៅពេលដែលអ្នកមានស្រទាប់ខាងក្រោមភ្នែកខ្មៅ ពេលនោះអ្នកជុំវិញប្រាកដជាសួរថា “តើអ្នកគេងមិនគ្រប់គ្រាន់មែនទេ?” ឬក៏មិត្តភក្តិចំអន់ថា អ្នកមានទឹកមុខអាក្រក់មើលជាដើម។ ការស្តាប់លឺពាក្យសម្តីទាំងនោះ ពិតជាធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្ត និងមិនពេញចិត្តចំពោះរូបសម្ផស្សរបស់អ្នកជាមិនខាន ដូច្នេះ វាពិតជាមានសារសំខាន់ក្នុងការរកមូលហេតុដែលធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកខ្មៅ ហើយរកវិធីការពារនូវបញ្ហាចោទឡើងទាំងនោះ។ ក្រៅពីហេតុផលថាអ្នកគេងមិនបានគ្រប់គ្រាន់ និងការសេពគ្រឿងស្រវឹង នៅមានកត្តាផ្សេងៗដទៃទៀតដូចជា៖ កត្តាហ្សែន ៖ មនុស្សមួយចំនួនមានស្រទាប់ខាងក្រោមភ្នែកខ្មៅតាំងពីកុមារភាព ដែលអាចជាលក្ខណៈតំណពូជ។ចំពោះមនុស្សមួយចំនួនស្រទាប់ភ្នែកខ្មៅនោះនឹងបាត់ទៅវិញ នៅពេលពួកគេធំពេញវ័យ តែអ្នកខ្លះវិញមានជាប់រហូតពេញមួយជីវិត។ ប្រសិនបើអ្នកសង្កេតឃើញថាប្រវត្តិគ្រួសារមានបញ្ហានេះដូច្នេះ វាប្រហែលជាហេតុផលមួយសមស្របក្នុងការធ្វើឲ្យស្រទាប់ភ្នែកខ្មៅ។ ការតឹងច្រមុះ ៖ អាចធ្វើឲ្យសរសៃឈាមនៅតំបន់ជុំវិញភ្នែករីក ដែលជាមូលហេតុធ្វើឲ្យមានសភាពខ្មៅ។ ប្រសិនបើអ្នកផ្តាសាយ ឬមានបញ្ហាឆ្លងនៅប្រព័ន្ធដង្ហើម នោះអ្នកអាចមានស្រទាប់ភ្នែកខ្មៅនោះកើតឡើង។ ពណ៍ស្បែកមានសភាពមិនប្រក្រតី ៖ ស្បែកដែលនៅជុំវិញភ្នែករបស់អ្នកស្តើងជាងនៅកន្លែងផ្សេងៗ ដូច្នេះ ងាយនឹងមើលឃើញសរសៃឈាមណាស់ ហើយការបែងចែកសារធាតុមេឡានីនដែលជាសារធាតុផ្តល់ពណ៍ដល់រាងកាយអាចបង្កឲ្យលេចឡើងនូវស្រទាប់ភ្នែកខ្មៅនោះផងដែរ។ ពន្លឺព្រះអាទិត្យ ៖ ជាការពិត កម្តៅព្រះអាទិត្យបង្កឲ្យខ្លួនប្រាណយើងបង្កើតសារធាតុមេឡានីនកាន់តែច្រើន ដែលជាមូលហេតុធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកកាន់តែខ្មៅ។ របៀបរស់នៅ ៖ ការជក់បារី ពិសាស្រា ផឹកកាហ្វេ ឬប្រើប្រាស់ថ្នាំ កុំឲ្យងងុយគេងអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ក៏ជាមូលហេតុមួយក្នុងចំណោមកត្តាផ្សេងដែរ។ អាយុ ៖ នៅពេលដែលលោកអ្នកកាន់តែមានអាយុជ្រេទៅៗ នោះលោកអ្នកនឹងបាត់បង់សារធាតុខ្លាញ់ និងខូឡាជែននៅជុំវិញភ្នែក គួបផ្សំនឹងស្បែកស្តើងផងនោះ អាចបង្កើនភាពលេចឡើងនូវស្រទាប់ពណ៍ខ្មៅក្រោមភ្នែកកាន់តែច្បាស់។ ការបរិភោគអំបិលច្រើន ៖ បរិភោគអំបិលច្រើន ឬសូដ្យូមអាចបង្កឲ្យមានការរក្សាទុកសារធាតុរាវច្រើននៅក្នុងខ្លួន ជាពិសេសនៅម្តុំភ្នែក ហើយធ្វើឲ្យភ្នែកខ្មៅ។  ដូច្នេះ ដើម្បីចៀសវាសនូវបញ្ហាស្រទាប់ភ្នែកខ្មៅទាំងនោះ វិធីសាស្រ្តដែលល្អបំផុត គឺដឹងពីមូលហេតុ និងកត្តាទាក់ទងផ្សេងៗដែលបង្កឲ្យបញ្ហាទាំងនោះកើតមានឡើង។ ជាក់ស្តែង បើអ្នកគិតថាមូលហេតុមកពីអ្នកមិនបានគេងគ្រប់គ្រាន់ ដូច្នេះ អ្នកគួរតែគេងឲ្យបានច្រើនជាងនេះ។ បើសិនមកពីកម្តៅព្រះអាទិត្យ ដូចនេះ ត្រូវរកវិធីផ្សេងៗឲ្យនៅឆ្ងាយពីពន្លឺព្រះអាទិត្យជាដើម ហើយអាចប្រើប្រាស់ផលិតផលមានប្រសិទ្ធភាពឲ្យបានត្រឹមត្រូវ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

“តើអ្នកមិនពេញចិត្តធ្មេញធម្មជាតិរបស់អ្នកត្រង់ណា ?” ជាសំណួរដំបូងដែលទន្តបណ្ឌិតនឹងសួរទៅកាន់អ្នកដែលចង់ទទួលយកការពត់តម្រង់ធ្មេញ។   ជាមួយនឹងការរីកចម្រើននៃបច្ចេកទេសក្នុងការពត់ធ្មេញនៅកម្ពុជា បច្ចេកទេសនេះបានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យដែលចង់ទទួលបានទំនុកចិត្តលើខ្លួនឯង និងបង្កើនគុណភាពក្នុងការរស់នៅតាមរយៈគុណសម្បត្តិនៃបច្ចេកទេសពត់ធ្មេញរួមមាន លើកសម្រស់មាត់ធ្មេញឲ្យស្រស់ស្អាត ការទទួលបានងុាំទំពាល្អ ភាពងាយស្រួលក្នុងការសម្អាត ក៏ដូចជាបង្កើនសុខភាពមាត់ធ្មេញឲ្យបានកាន់តែប្រសើរផងដែរ។តាមរយៈភាពនិយមនេះ មានសំណួរមួយចំនួនអំពីការពត់ធ្មេញ ត្រូវបានចោទសួរឡើងជាពិសេសដោយអ្នកដែលមានបំណងចង់ពត់តម្រង់ធ្មេញដែលបង្ហាញដូចខាងក្រោម។ ១.    តើការពត់តម្រង់ធ្មេញសំដៅទៅលើអ្វី? ទិសដៅរួមនៃការពត់តម្រង់ធ្មេញ គឺធ្វើយ៉ាងណាឲ្យធ្មេញដែលអ្នកជំងឺមិនពេញចិត្តដោយសារវាមិនស្អាត មិនត្រង់ជួរ វៀច ជំពឹស ឬប៉ោងចេញមកក្រៅត្រឡប់មកស្អាត ត្រង់ជួរ មាត់ធ្មេញមានសុខភាពល្អ និងមានងុាំទំពាល្អឡើងវិញទៅតាមបច្ចេកទេសទន្តសាស្ត្រ។ ២.    តើការពត់ធ្មេញមានប៉ុន្មានប្រភេទ និងគួរជ្រើសរើសដូចម្តេច? ការពត់ធ្មេញមានច្រើនប្រភេទ ក្នុងនោះការពត់ធ្មេញដោយដាក់ Brace រួមមានដូចជា ដែកធម្មតា សេរ៉ាមិក ផ្លាស្ទិក ជាដើម។ ការជ្រើសរើសគឺអាស្រ័យទៅតាមការចង់បានរបស់បុគ្គលម្នាក់ៗ សោភ័ណភាព តម្លៃ និងពេលខ្លះគឺអាស្រ័យនឹងករណីរបស់បុគ្គលផ្ទាល់ផងដែរ។ ៣.    តើអ្នកណាខ្លះអាចទទួលយកការពត់ធ្មេញបាន? មនុស្សគ្រប់វ័យសុទ្ធតែអាចទទួលយកការពត់ធ្មេញបាន ទោះជាគាត់អាយុច្រើនរហូតដល់ ៥០ ឬ៦០ ឆ្នាំហើយក៏ដោយ ឲ្យតែគាត់មានសុខភាពមាត់ធ្មេញល្អ តែពុំមានការពេញចិត្តនឹងធ្មេញធម្មជាតិរបស់គាត់ ឬមានការលំបាកណាមួយដោយសារតែបញ្ហាធ្មេញមិនត្រង់ជួររបស់គាត់។ ៤.    តើការពត់ធ្មេញមានប៉ុន្មានដំណាក់កាល? និងចំណាយពេលប៉ុន្មាន? វិធីសាស្ត្រនៃការពត់ធ្មេញចែកចេញជា ៣ ដំណាក់កាល៖ • ទី១ គឺ Levelling & Alignment ៖ ជាដំណាក់កាលដាក់ Braces ដើម្បីធ្វើឲ្យធ្មេញត្រង់ជួរ • ទី២ គឺ Mechanism ៖ ជាដំណាក់កាលធ្វើឲ្យធ្មេញសមស្របតាមទិសដៅដែលចង់បានដូចជា ការទាញធ្មេញឲ្យចូលគ្នា ទាញធ្មេញឲ្យត្រង់តាម Midline ឬទាញធ្មេញដែលប៉ោងឲ្យចូលក្នុងវិញជាដើម។ • ទី៣ គឺ Final ៖ ជាដំណាក់កាលដោះ Braces ចេញ និងដាក់ Retainer ដើម្បីការពារធ្មេញ។ រយៈពេលនៃការពត់ធ្មេញ គឺពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ដោយសារវាអាស្រ័យផងដែរនឹងករណីនីមួយៗ ការថែទាំ ការណាត់ជួបព្រមទាំងការសហការរបស់អ្នកជំងឺ និងទន្តបណ្ឌិតផ្ទាល់តែម្តង ដែលរយៈពេលសរុបអាចប្រែប្រួលពី ៨ខែ ទៅ ២ឆ្នាំ ឬលើសពីនេះ។ ៥.    តើផលលំបាកនៃការពត់ធ្មេញមានអ្វីខ្លះ? ជាទូទៅ ការពត់ធ្មេញមិនផ្តល់ជាផលលំបាកច្រើនគួរឲ្យកត់សម្គាល់នោះទេ តែយើងអាចសង្កេតឃើញបញ្ហាមួយចំនួនតូចដូចជា  ការមានអារម្មណ៍ឈឺឬមិនស្រួលនៅពេលដាក់ Braces ពិបាកទំពា(១ ទៅ ២ សប្តាហ៍ដំបូង) និងការពិបាកធ្វើអនាម័យមាត់ធ្មេញជាងធម្មតាបន្តិច។ ដោយឡែកជាទូទៅ ដរាបណាអ្នកជំងឺអនុវត្តតាមការណែនាំរបស់ទន្តបណ្ឌិតឲ្យបានត្រឹមត្រូវ និងមានការតាំងចិត្តនោះបញ្ហាខាងលើក៏នឹងមិនចោទជាផលលំបាកខ្លាំងដល់ពួកគេដែរ។ ម្យ៉ាងទៀត អ្នកជំងឺទទួលការពត់ធ្មេញមិនបាច់បារម្ភអំពីការបរិភោគឡើយដោយពួកគេអាចបរិភោគបានធម្មតា តែយកល្អគួរទំពាយឺតៗដើម្បីចៀសវាងការរបូត Bracesពត់ធ្មេញ។ ៦.    តើដំណើរការពត់ធ្មេញអាចផ្តល់ផលវិបាកឬទេ? ផលវិបាកអាចកើតមាន ប្រសិនបើអ្នកជំងឺពុំមានការសហការបានល្អ ដោយគាត់មិនថែទាំ សម្អាតមាត់ធ្មេញបានត្រឹមត្រូវតាមការណែនាំ និងមិនណាត់ជួបជាមួយទន្តបណ្ឌិតបានទៀងទាត់ ដែលវាអាចបង្កជាដង្កូវស៊ីធ្មេញ ឬកាន់តែធ្ងន់ធ្ងរគឺបញ្ហាអញ្ចាញ ឬដំណើរការកាន់តែចំណាយពេលយូរ។ ក្នុងករណីនេះ ទន្តបណ្ឌិតអាចនឹងធ្វើការបញ្ឈប់ដំណើរការពត់ធ្មេញតែម្តង។ រីឯផលវិបាកទៅថ្ងៃមុខក៏ពុំមានជាបញ្ហាអ្វីកើតឡើងផងដែរ ប្រសិនបើដំណើរការនេះគឺធ្វើឡើងដោយទន្តបណ្ឌិតដែលមានជំនាញត្រឹមត្រូវ និងមានការសហការគ្នាបានល្អជាមួយអ្នកជំងឺទាំងអំឡុងពេល និងក្រោយពេលពត់ធ្មេញ។ ៧.    តើការថែទាំអំឡុងពេលពត់ធ្មេញមានអ្វីខ្លះ? • ការដុសធ្មេញមួយថ្ងៃ ៣ ទៅ ៤ដង ទៅតាមរបៀបណែនាំដោយទន្តបណ្ឌិត ដោយប្រើប្រាស់ប្រភេទច្រាស់ឲ្យបានសមស្រប • ប្រើប្រាស់ខ្សែទាក់សម្អាតនៅចន្លោះធ្មេញ • ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់ ៣ ទៅ៤សប្តាហ៍ម្តង។ ៨.    តើអ្នកជំងឺគួរធ្វើការសហការយ៉ាងដូចម្តេចជាមួយនឹងទន្តពេទ្យក្នុងដំណើរការពត់ធ្មេញ? មុនពេលពត់ធ្មេញ ទន្តពេទ្យនឹងធ្វើការពិភាក្សាជាមួយអ្នកជំងឺជាមុន អំពីទិសដៅនៃការពត់ធ្មេញ (អ្វីដែលអ្នកជំងឺចង់កែតម្រូវលើធ្មេញធម្មជាតិ) ណែនាំដំណាក់កាលនៃការពត់ធ្មេញ  លក្ខខណ្ឌក្នុងការសហការរវាងអ្នកជំងឺ ដូចជាការថែទាំ ការណាត់ជួប និងការអនុញ្ញាតដែលចាំបាច់ផ្សេងៗ(ឧ. ពេលខ្លះតម្រូវឲ្យដកធ្មេញ ១ ឬ២ចេញដើម្បីអាចតម្រង់ធ្មេញ) ព្រមទាំងបង្ហាញពីឧទាហរណ៍នៃលទ្ធផលដែលប្រហែលនឹងករណីរបស់អ្នកជំងឺផ្ទាល់ផងដែរ។ ប្រសិនបើអ្នកចង់ទទួលបានការពត់ធ្មេញ ការស្វែងរកទន្តបណ្ឌិតដែលមានជំនាញត្រឹមត្រូវ និងមានបទពិសោធន៍ ជាមួយបរិក្ខារសមស្រប គឺពិតជាសំខាន់ ដើម្បីចៀសវាងលទ្ធផលខុសទិសដៅ ឬប៉ះពាល់ដល់អនាគត ពីព្រោះដំណើរការនេះក៏ទាមទារឲ្យមានការសហការគ្នារយៈពេលយូរផងដែរ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត គង់ គាំង ឯកទេសពត់តម្រង់ធ្មេញ និងជាប្រធានបច្ចេកទេសនៃមន្ទីរព្យាបាលមាត់ធ្មេញ សុខជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ស្បែកស្ងួតជាទូទៅមិនមានធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែវាអាចទៅជាមិនមានផាសុកភាព មិនច្បាស់លាស់ មើលមិនឃើញ ហើយក៏មិនអាចដឹង។ ជាមួយនឹងអត្ថបទនេះ អ្នកនឹងកាន់តែច្បាស់ពីចំណុចទាំង៤ ពីក្រោយស្បែកស្ងួតរបស់អ្នក៖    ១. តើសញ្ញាណាខ្លះបញ្ជាក់ថាអ្នកកំពុងមានស្បែកស្ងួត? អាការៈមួយចំនួនដែលអាចបញ្ជាក់បានថាស្បែករបស់អ្នកមិនមែនស្ងួតធម្មតា គឺអ្នកសម្គាល់ឃើញថាស្បែកហាក់ដូចជាស្ងួតជាប្រចាំ ទោះអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ។ ជាក់ស្តែង អ្នកអាចមានអារម្មណ៍ដឹងដោយញាណថា ស្បែកតឹងជាងធម្មតា ពិសេសបន្ទាប់ពីងូតទឹករួច ស្បែកឡើងក្រហម មានរមាស់ របក ជ្រួញ ហើយរបើកស្បែកងាយនឹងឡើងស្រអាប់ ឬពេលខ្លះប្រេះរហូតដល់ចេញឈាម។   ២. ហេតុអ្វីអ្នកងាយប្រឈមនឹងស្បែកស្ងួតជាងគេ? -កត្តាអាកាសធាតុ ៖ ស្បែកភាគច្រើនមានទំនោរទៅជាស្ងួតនៅរដូវត្រជាក់ នៅពេលដែលសីតុណ្ហភាព និងសំណើមធ្លាក់ចុះ។ ប៉ុន្តែ រដូវអាចប្រហែលមិនមែនជាមូលហេតុនោះទេ នៅតំបន់ក្តៅខ្លាំង មួយចំនួន។ -កត្តាកម្តៅ ៖ ករណីខ្លះ កម្តៅក្តៅខ្លាំង ឬកន្លែងដែលប្រើប្រាស់ភ្លើងធ្វើឲ្យក្តៅ សុទ្ធតែបន្ថយ នូវសំណើម និងធ្វើឲ្យស្បែករបស់អ្នកស្ងួតដូចគ្នា។ -ការងូតទឹកក្តៅជាប្រចាំ ៖ ងូតទឹកក្តៅជាប្រចាំ ហើយរយៈពេលយូរ អាចធ្វើឲ្យស្បែកអ្នកស្ងួតជាប្រចាំដោយមិនដឹងខ្លួន។ -សាប៊ូដុំ ៖  ប្រភេទសាប៊ូដុំភាគច្រើនបំផ្លាញសំណើមពីស្បែករបស់អ្នក ដោយសារវាផលិតពីរូបមន្តដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ប្រេងលើស្បែក។ -លក្ខខណ្ឌស្បែកផ្សេងទៀត ៖ ប្រជាជនមានបញ្ហាស្បែក ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយមួយចំនួន ដូចជា Eczema or Psoriasis តែងធ្វើឲ្យស្បែកស្ងួតជានិច្ច។   មនុស្សគ្រប់រូបសុទ្ធតែអាចវិវឌ្ឍទៅស្បែកស្ងួតបានដូចគ្នា ប៉ុន្តែអ្នកប្រហែលងាយកើតជាងអ្នកផ្សេងទៀត ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំ ឬលើសពីនេះ ដោយហេតុថាវាកើនឡើងតាមអាយុ ជាក់ស្តែង លើសពី៥០%នៃអ្នកដែលមានអាយុច្រើនគឺមានបញ្ហាស្បែកស្ងួត។ ទោះជាយ៉ាងណាក៏ដោយ យុវវ័យមួយចំនួនដែលនិយមចូលចិត្តការហែលទឹកនៅក្នុងអាងដែលប្រើប្រាស់ក្លរ ដើម្បីសម្លាប់មេរោគ មានភាគរយខ្ពស់ក្នុងការប្រឈមនឹងបញ្ហាស្បែកស្ងួតនេះជាពិសេស។   ៣. ផលរំខានអ្វីខ្លះ ដែលអ្នកស្បែកស្ងួតងាយប្រឈម? បញ្ហាស្បែកស្ងួត ជាទូទៅងាយប្រឈមបំផុត ប្រសិនបើមិនបានថែរក្សាឲ្យបានដិតដល់ ករណីខ្លះ ភាពស្ងួតកើនឡើង អាចបង្កឲ្យទៅជាជំងឺផ្សេងៗ ដែលស្បែកនឹងឡើងទៅជាក្រហម របក និងរលាកធ្ងន់ធ្ងរ។ ម៉្យាងទៀត អាចឈានដល់ការបង្ករោគលើស្បែកដោយសារបាក់តេរីចូល។   ៤. តើអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា? -ផ្តល់សំណើម ៖ ក្រែមផ្តល់សំណើមមានប្រសិទ្ធភាពធ្វើឲ្យស្បែករបស់អ្នករក្សាជាតិទឹកកុំឲ្យចេញ ក្នុងរយៈពេលកំណត់មួយ ដូច្នេះ អ្នកត្រូវរក្សាការផ្តល់សំណើមជាប្រចាំតាមការណែនាំពិសេសបន្ទាប់ពីអ្នកងូតទឹករួចភ្លាមៗ។ -ប៉ះពាល់ជាមួយទឹកមានកម្រិត ៖ ការងូតទឹកយូរ និងទឹកក្តៅខ្លាំង គឺជាមូលហេតុបំផ្លាញជាតិប្រេងនៅលើស្បែក។ ដូចនេះ អ្នកគួររក្សាការងូតទឹកសម្អាតខ្លួន យ៉ាងហោចណាស់ត្រឹម១០នាទី ឬតិចជាងនេះ និងគួរប្រើប្រាស់ប្រភេទទឹកក្តៅឧណ្ហៗ ឬក្តៅល្មម មិនក្តៅខ្លាំង។ លោកអ្នកត្រូវព្យាយាមងូតទឹកមិនឲ្យលើសពីម្តងក្នុងមួយថ្ងៃបើស្បែកអ្នកស្ងួតខ្លាំង។ -បញ្ឈប់ការប្រើសាប៊ូដុំ ៖ ព្យាយាមប្រើប្រាស់ក្រែមសម្អាតស្បែក ឬសាប៊ូដុសខ្លួន និងមុខ ប្រភេទទឹក ដែលមានមុខងារបន្ថែមសំណើម ដល់ស្បែក។ -ស្លៀកពាក់ឲ្យជិតៗ នៅពេលត្រជាក់ ៖ រដូវរងារ អាចធ្វើឲ្យស្បែកស្ងួត ដូច្នេះហើយ អ្នកត្រូវប្រាកដថាអ្នកបានស្លៀកពាក់ជិតមានស្រោមដៃមានមួកពេលអ្នកចេញក្រៅ។ ម៉្យាងទៀត អ្នកគួរពាក់ស្រោមដៃជាប្រចាំ បើអ្នកប្រើដៃដើម្បីសម្អាត ឬលាងរបស់របរផ្សេងៗ។   ការថែរក្សារបស់អ្នក ត្រូវតែអមជាមួយនឹងការចៀសវាង ទើបលោកអ្នកអាចទទួលបានស្បែក មានសុខភាពល្អដូចក្តីប្រាថ្នា។ តែប្រសិនបើការអនុវត្តរបស់អ្នកមិនទទួលបានជោគជ័យទេនោះ អ្នកអាចត្រូវការ ការប្រឹក្សាបន្ថែមពីឱសថការី ឬគ្រូពេទ្យជំនាញដែលនៅជិតអ្នកបំផុត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភាពស្រស់ស្អាត នរណាៗក៏ចង់បានដែរ… គឺ ស្អាតអមជាមួយនឹងសុខភាពរឹងមាំនៃសរីរាង្គផ្សេងៗ ជាពិសេសអ្វីដែលងាយនឹងមើលឃើញ ឬត្រូវបានចាប់អារម្មណ៍មុនគេ រាល់ពេលដែលជួបគ្នាម្តងៗ។  ក្នុងនោះ សក់ក៏ជាចំណែកមួយផងដែរ ព្រោះថាមើលពីចម្ងាយបើទោះជាមិនទាន់ឃើញមុខច្បាស់   ក៏គេអាចមើលឃើញពីសណ្ឋាននៃសក់របស់យើងដែរ ហើយការដែលស្អាតមួយបែបមិនគ្រប់គ្រាន់នោះទេ  ព្រោះពេលមើលជិត  គេនឹងអាចឃើញពីរូបភាពកាន់តែច្បាស់នៃសុខភាពសក់ ដែលជាទូទៅមើលពីខាងក្រៅ ក៏អាចដឹងបានខ្លះៗ។   យ៉ាងណាមិញ សរសៃសក់ជារឿយៗត្រូវបានទទួលរងផលប៉ះពាល់ទៅនឹងកត្តាផ្សេងៗដូចជាកម្តៅព្រះអាទិត្យ ខ្យល់អាកាស ធូលីដី ទឹកភ្លៀង។ល។  ដែលអាចជាហេតុនាំឲ្យស្ងួត ប្រេះបែក និងមើលទៅមិនភ្លឺរលោង។ ប៉ុន្តែ…យើងគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យសក់របស់ខ្លួនឯងមានសុខភាពល្អ   ហើយមើលទៅរឹងមាំបានជាមួយនឹងគន្លឹះដែលត្រូវបានណែនាំរួមមានដូចខាងក្រោម ៖   ប្រុងប្រយ័ត្នចំពោះរបបអាហារ ស្ថានភាពសក់របស់អ្នក ក៏អាចបង្ហាញពីភាពប្រក្រតីនៅក្នុងរាងកាយ  និងរបបអាហារមិនត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកមិនបានបរិភោគសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សរសៃសក់របស់អ្នកមើលទៅហាក់មិនមានជីវិតឡើយ (មិនភ្លឺរលោង មិនមានសំណើម...) ហើយជួនកាលក៏ជ្រុះទៀតផង។  អ្នកជំនាញផ្នែកសក់បានណែនាំឲ្យបរិភោគអាហារដែលសម្បូរដោយវីតាមីនA, C, E ជាតិដែក និង អូមេហ្គា៣ គឺសុទ្ធតែមានសារសំខាន់សម្រាប់ការថែរក្សាសុខភាពស្បែកក្បាលសរសៃសក់ឲ្យមានសុខភាពល្អ ទប់ស្កាត់ការខូចខាត ឬស្ងួតបែកចុង ហើយក៏អាចការពារពីសារធាតុពុលផ្សេងៗផងដែរ។   ការពារសរសៃសក់ ត្រៀមខ្លួនជានិច្ចសម្រាប់ការការពារសរសៃសក់របស់អ្នក រួមមានដូចជាពាក់មួក ឬប្រើប្រេងបន្ទន់ពេលត្រូវស្ថិតនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងដើម្បីកុំឲ្យសក់រសាត់ ឬការពារកម្តៅថ្ងៃរាល់ពេលចេញទៅក្រៅ។ អ្នកក៏គួរចៀសវាងការចេញទៅក្រៅ ពេលមានខ្យល់ត្រជាក់ ឬភ្លៀងធ្លាក់ ទាំងសក់នៅសើម ព្រោះវាអាចនឹងធ្វើឲ្យសក់ស្រួយផុយ។ ចំណែកឯអ្នកហែលទឹកវិញ គួរតែពាក់មួកគ្របសក់ ឬប្រើប្រាស់ប្រេងការពារព្រោះអ្នកមិនដឹងថាមានសារធាតុអ្វីខ្លះនៅក្នុងអាងហែលទឹកឡើយ។   កាត់បន្ថយការរឹតសង្កត់ ការចងសក់ ឬលេងម៉ូតសក់ដែលតឹងរាល់ថ្ងៃ អាចនាំឲ្យសរសៃសក់ខូចបាន ជាពិសេសការក្រងសក់ ឬចងដោយប្រើកៅស៊ូរឹតខ្លាំង។ សម្រាប់អ្នកក្រង ឬចងសក់ជាប្រចាំ គួរតែផ្លាស់ប្តូរកន្លែងចង ដើម្បីកុំឲ្យសម្ពាធមានទៅលើតែកន្លែងដដែល និងជំនួសដោយការប្រើកៅស៊ូកង ឬរឹតគួរតែប្រើរបស់ផ្សេងដែលអាចចងបានដែរដូចជាបូក្រណាត់ ឬក្រណាត់សូត្រជាដើម។   កុំកក់សម្អាតសក់ញឹកញាប់ពេក ការកក់សក់រាល់ថ្ងៃ នាំឲ្យជាតិប្រេងពីធម្មជាតិនៅសរសៃសក់ថយចុះជាបន្តបន្ទាប់។ វានឹងជាការប្រសើរ ប្រសិនបើអ្នក កក់សក់ពី៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ក្រែមបន្ទន់រាល់ពេលកក់។ សីតុណ្ហភាពទឹកគួរតែកុំក្តៅពេក ពីព្រោះវាធ្វើឲ្យមានការរលាកស្បែកក្បាល និងសក់ប្រែជារួញ។   ថ្នាក់ថ្នមសក់ជាប្រចាំ ថែទាំសរសៃសក់របស់អ្នកដោយយកចិត្តទុកដាក់ និងជាប្រចាំរាល់ពេលកក់សក់ ឬសិតសក់។ ជាក់ស្តែង សូមកុំប្រើកម្លាំងដៃធ្ងន់ៗ នាំឲ្យភាពរឹងមាំនៃសុខភាពសក់មានការថយចុះ ដូចនេះហើយ គួរកុំកេះខ្លាំងដល់លលាដ៍ក្បាលដោយគ្មានទិសដៅច្បាស់លាស់ គួរតែច្បូតតិចៗតាមទិសដៅតែមួយពីលើចុះក្រោម និងដូចគ្នាដែរចំពោះការជូតសក់ សូមប្រើក្រណាត់ច្បូតថ្នមៗ ជំនួសឲ្យការញីខ្លាំងៗ។   កាត់បន្ថយការលេងម៉ូតសក់ រាល់ពេលអ្នកកៀបសក់ម្តងៗ គឺប្រៀបដូចជាចម្អិនសក់ដែរ ហើយជាហេតុនាំឲ្យសក់បាត់បង់ភាពរឹងមាំ។   ហេតុនេះហើយអ្នកគួរព្យាយាមកំណត់ចំនួនដងនៃការផ្លុំ ឬការកៀបសក់របស់អ្នក ហើយវាជាការល្អ បើអ្នកផ្លុំសក់ដោយប្រើកម្លាំងខ្យល់ និងកម្តៅល្មមៗ និងកៀបសក់តែ២ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ផលិតផលការពារកម្តៅលើសក់ជានិច្ច។   ប្រើប្រាស់អាហារបំប៉នសក់ បន្ថែមពីលើការញ៉ាំអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការថែទាំសុខភាពសក់ជាប្រចាំហើយ អ្នកអាចជ្រើសរើសផលិតផលថែរក្សាសក់ដែលអាចចិញ្ចឹម និងបំប៉នសរសៃសក់របស់អ្នក។ ឧទាហរណ៍៖ប្រទាលកន្ទុយក្រពើ ប្រេងដូងជាដើម ដែលអាចផ្តល់សំណើមដល់សរសៃសក់បន្ថែមទៀត។   កាត់តម្រឹមសក់ឲ្យបានទៀងទាត់ អ្នកគួរតែធ្វើការកាត់សក់ដែលបែកចុង និងស្ងួតចេញឲ្យបានទៀងទាត់ ដើម្បីឲ្យសរសៃសក់អ្នកមើលទៅមានសភាពស្រស់ស្អាត និងមានសុខភាពល្អ ក៏ដូចជាប្រសើរជាងមុន ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top