Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ? ចម្លើយ ៖ នៅអំឡុងពេលព្យាបាលដោយប្រើប្រាស់ឱសថ ឬសារធាតុគីមី  វាពិតជាមានសារសំខាន់ក្នុងការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្លាំងសម្រាប់ទប់ទល់ និងប្រឆាំងនឹងកោសិកាមហារីក។ ក្រៅពីនោះ ការណែនាំខាងក្រោមក៏អាចជួយអ្នកបានផងដែរ៖ • ព្យាយាមបរិភោគអាហារឲ្យបានញឹកញាប់ ដោយញ៉ាំត្រឹមតែប៉ុន្មានម៉ាត់ពេញៗ ទោះបីអ្នកមិនឃ្លានក៏ដោយ។ ព្យាយាមបរិភោគតិចៗបែបនេះ រៀងរាល់ ២ម៉ោងម្តង • បរិភោគអាហារដែលអ្នកចូលចិត្ត ទោះជាអ្នកនឹងញ៉ាំវាដដែលៗក៏ដោយ • ទុកអាហារនៅជាប់ខ្លួនអ្នកជានិច្ច នៅពេលដែលអ្នកចេញក្រៅ (ទៅទទួលការព្យាបាល ឬទៅធ្វើការ) • បរិភោគអាហារចម្បង នៅពេលណាដែលអ្នកមានចំណង់ញ៉ាំបំផុត ដែលវាអាចជាអាហារពេលព្រឹកជាជាងអាហារពេលល្ងាច • កុំភ្លេចឆ្លៀតពេលដើរបន្តិចនៅចន្លោះអាហារនីមួយៗ  • អាចអញ្ជើញមិត្តភក្តិ និងគ្រួសារឲ្យបរិភោគជាមួយអ្នក  • បង្កើតអាហារដែលមើលទៅគួរឲ្យចង់បរិភោគ • បរិភោគអាហារ និងភេសជ្ជៈដែលមានកាឡូរី និងប្រូតេអុីនខ្ពស់៖    ឧទាហរណ៍រួមមាន៖ * ត្រីធូណា ឬត្រីសាលម៉ុន ជាមួយនឹងបាយ * ស៊ុប (សាច់ត្រី សាច់មាន់ ជាមួយនឹងគុយទាវ ឬមី) * ដំឡូងបារាំង គុយទាវ ឬមី និងសាឡាត់ធ្វើពីសណ្តែក * ត្រីដុត មាន់ដុត សណ្តែក ឬ សាច់ផ្សេងៗទៀត * បាប៊ីឃ្យូសាច់មាន់ * គុយទាវ ឬផាស្តាជាមួយឈីស * ស៊ុតស្ងោរ ស៊ុតចៀនជាមួយឈីស និងបន្លែ * បង្អែមចាហួយធ្វើពីអង្ករ គ្រាប់សារគូ ទឹកដោះគោ ឬសណ្តែកសៀង * ទឹកដោះគោ ឬយ៉ាអ៊ួរក្តៅឧណ្ហៗជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ និង ស្ករក្រហម * នំដុត ជាមួយក្រែមឈីស ប័រ ទឹកស៊ីរ៉ូ ឬតំណាប់លាបនំបុ័ង * ការ៉េម យ៉ាអួរ  * គ្រាប់រុក្ខជាតិ និងតំណាប់ផ្លែឈើក្រៀម  * ទឹកដោះគោក្រឡុកធ្វើឡើងពីទឹកដោះគោ ឬទឹកសណ្តែកជាមួយទឹកឃ្មុំ (ប្រសិនបើអ្នកមិនមាន ការហើមពោះក្រោយពីបរិភោគទឹកដោះគោ) * ទឹកផ្លែឈើក្រឡុក * ភេសជ្ជៈសូកូឡាក្តៅៗ ឬជាមួយទឹកកក។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះស្រ្តីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺមានអត្រាខ្ពស់ជាងស្រ្តីដទៃទៀត។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រ្តីបានជះឥទ្ធិផលអាក្រក់ដល់សុខភាពដោយមិនបានចាប់អារម្មណ៍ជាមុន ពោលគឺការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី3 បន្ទាប់ពីមហារីកដោះ និងពោះវៀនសម្រាប់ស្រ្តីទូទាំងពិភពលោក។ ជំងឺមហារីកមាត់ស្បូនគឺ ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖  - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ  -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ  -ការជក់បារី​​​​  -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ  -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។  ស្វែងយល់បន្ថែម៖ មហារីកមាត់ស្បូន  បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ជាវេជ្ជបណ្ឌិតជំនាញសម្ភព និង រោគស្រ្តី និងជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហារីក ជាជំងឺកាចសាហាវមួយ ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ជុំវិញបញ្ហានេះ ហេលស៍ថាម បានលើកយកប្រធានបទជំងឺមហារីកបំពង់ក ដែលមានវត្តមានលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ជាវេជ្ជបណ្ឌិតជំនាញជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។    និយមន័យ  ដោយឡែកចំពោះប្រធានបទនេះ យើងសូមលើកយកតែមហារីកបំពង់កផ្នែកខាងលើមកបង្ហាញតែប៉ុណ្ណោះដែលភាសាពេទ្យហៅថា «ជំងឺមហារីកកាហ្វូម Cancer Cavum» ។ ជំងឺមហារីកកាហ្វូមនេះជាជំងឺម៉្យាងដែរមានប្រភេទជា Squamous Cell Carcinoma ដែលកើតមានភាគច្រើននៅក្បែរ ត្រចៀកផ្នែកខាងក្នុង។    រោគសញ្ញា យើងធ្វើការពិនិត្យជំងឺមហារីកបំពង់កនេះដោយប្រើឧបករណ៍បើកច្រមុះ ឬបំពង់ក ឬម៉ាស៊ីនអង់ដូស្កូបជាដើម។ ចំពោះសញ្ញានោះអ្នកជំងឺអាចជួបប្រទះ អាការៈសំខាន់ៗបីយ៉ាងដូចជា៖ -ទី១ ឧស្សាហ៍កើតឈាមច្រមុះញឹកញាប់៖ ជាការហូរឈាមតិចតួចលាយឡំគ្នានឹងសំបោរ ខ្ទុះ និងតឹងច្រមុះផង (ភាគច្រើនកើតតែម្ខាងប៉ុណ្ណោះ)។  -ទី២ ហឹងត្រចៀកម្ខាង៖ បើឈាមច្រមុះខាងណាក៍បណ្តាលឲ្យហឹងត្រចៀកខាងនោះដែរ។ អាការៈហឹងត្រចៀកនេះគឺបណ្តាលមកពីជំងឺមហារីក នេះវាកើតឡើងទៅបិទជិតរន្ធត្រចៀក។ -ទី៣ ឈឺក្បាល និងស្រវាំងភ្នែក៖ អ្នកជំងឺមានអាការៈឈឺចាប់ក្នុងក្បាល និងមានបញ្ហាភ្នែក (វិបត្តិគំហើញស្រវាំងភ្នែក) ។   មូលហេតុបង្ករោគ ចំពោះមូលហេតុបង្ករោគវិញ ជំងឺមហារីកបំពង់កកើតឡើងដោយសារប្រភេទមេរោគម៉្យាងដែលឲ្យឈ្មោះថា Epstein Barr Virus (EBV) តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ជួនកាលជំងឺនេះក៏អាចជាប់ទាក់ទងនឹងប្រភេទមេរោគម៉្យាងទៀតត្រូវបានគេហៅថា យូមិនផ្លូម៉ាវីរុស (HIV16)។ ដោយឡែកក្រៅពីមេរោគសំខាន់ពីរនេះ ក៏នៅមានមូលហេតុមួយចំនួនទៀតដែលសុទ្ធតែជះឥទ្ធិពលដល់ការកើត មានជំងឺមហារីកបំពង់កនេះដូចជាទម្លាប់នៃការទទួលទានសាច់ច្រើនប្រភេទត្រីប្រឡាក់ ត្រីងៀត វត្ថុផ្អាប់ អាហារហិរជាដើម។ ដទៃពីនេះ ការរស់នៅ ក្នុងមជ្ឈដ្ឋានតំបន់មួយចំនួនដូចជាអាហ្វ្រិក ចិនខាងត្បូង និង ហ្សែន ក៏ជាកត្តាមួយនៃកើតជំងឺនេះដែរ។ ចំណែកចំនុចពិសេសមួយនៃជំងឺនេះវិញគឺ វាមិនជាប់ទាក់ទងនឹងការពិសាស្រា ឬជក់បារីដូចជាប្រភេទជំងឺមហារីកដទៃឡើយ។    ផលប៉ះពាល់ បើនិយាយពីផលប៉ះពាល់នៃជំងឺមហារីកបំពង់កវិញ គឺវាមានបញ្ហាធំណាស់ដែរគួរឲ្យព្រួយបារម្ភ។ វាបណ្តាលឲ្យអ្នកជំងឺមានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរ និង ពិបាកក្នុងការរស់នៅ។ ជំងឺនេះធ្វើឲ្យសុខភាពអ្នកជំងឺចុះទ្រុឌទ្រោមបន្តិចម្តងៗទៅតាមការវិវឌ្ឍរបស់វា។ ជាទូទៅ ដំណាក់កាលវិវឌ្ឍនៃជំងឺមាន ៤ គឺ៖  -ដំណាក់កាលទី១ ៖ អ្នកជំងឺមិនសូវជួបផលវិបាកប៉ុន្មានទេ គឺគ្រាន់តែមានបណ្តាលឲ្យហូរឈាមច្រមុះ ហឹងត្រចៀកជាដើម។  -ដំណាក់កាលទី២ ៖ អ្នកជំងឺរងការលំបាកផ្នែកសុខភាពធ្ងន់ធ្ងរជាងមុនបន្តិចដោយសារមេរោគវារីករាលដាលទៅផ្នែកសងខាងជុំវិញបំពង់ក។  -ដំណាក់កាលទី៣ និងទី៤ ៖ សភាពអ្នកជំងឺកាន់តែដុនដាបទៅៗ រហូតដល់ពេលវេលាមួយដែលមិនអាចសង្គ្រោះបាន។    អត្រាអ្នកកើត តាមការស្រាវជ្រាវកន្លងមកគេឃើញថា ជំងឺនេះច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ចំពោះអាយុវិញផ្លាស់ប្តូរទៅតាមតំបន់។ គេសង្កេតថា ប្រជាជននៅអាស៊ីយើងច្រើនកើតលើវ័យកណ្តាល នៅអាហ្វ្រិកច្រើនកើតនៅលើក្មេង ហើយនៅអាមេរិកមាន២ករណីគឺ ក្មេងច្រើននៅចន្លោះអាយុ ១៥ ទៅ ២៤ឆ្នាំ និងមនុស្សចាស់កើតនៅចន្លោះអាយុ ៦៥-៧៩ឆ្នាំ។ ដោយឡែក ភាគរយអ្នកកើតជំងឺនេះក្នុងចំនោមមនុស្ស១សែននាក់ដូចគ្នា ឃើញថានៅអាស៊ី យើងកើតមានពី ៨-១២នាក់ នៅចិនភាគខាងត្បូងមាន២០នាក់ នៅអឺរ៉ុបមានត្រឹមតែ ០.៥-២នាក់ប៉ុណ្ណោះ។   ការព្យាបាល ការព្យាបាល គឺទាក់ទងទៅនឹងកម្រិតជាក់ស្តែងរបស់ជំងឺ។ បើអ្នកជំងឺស្ថិតនៅក្នុងកម្រិតទាប (កម្រិតទី១-២) ការព្យាបាលអាចមានលទ្ធភាពជាសះស្បើយ បានច្រើន។ ទោះជាយ៉ាងណាក្តី លោកអ្នកអាចយល់បានថាជំងឹមហារីកភាគច្រើនមិនអាចព្យាបាលឲ្យជាដាច់ ១០០ ភាគរយបានឡើយ។ វេជ្ជបណ្ឌិតជំនាញ មានលទ្ធភាពព្យាបាលបានត្រឹមបន្ធូរការឈឹចាប់ ឬពន្យារការរស់របស់លោកអ្នកឲ្យបានយូរប៉ុណ្ណោះ។ ចំនែកវិធីសាស្ត្រនៃការព្យាបាលមាន ៣ យ៉ាងគឺ ការព្យាបាលដោយប្រើថ្នាំគីមី កាំរស្មី និងជាការវះកាត់កូនកណ្តុរ។ មានតែវេជ្ជបណ្ឌិតជំនាញតែមួយគត់ជាអ្នកសម្រេចជ្រើសរើស វិធីណាមួយក្នុង ការព្យាបាលជំងឺនេះ។ ទន្ទឹមនេះ ករណីទុកអ្នកជំងឺឲ្យកាន់តែធ្ងន់ធ្ងរ (ដំណាក់កាលទី៣-៤) ទោះមានការព្យាបាលក្តី ក៏រយៈពេលរស់របស់អ្នកជំងឺមិនបាន យូរប៉ុន្មានដែរ។   ការចៀសវាង វិទ្យាសាស្រ្តយើង មិនទាន់បានរកឲ្យច្បាស់ថាត្រូវធ្វើយ៉ាងណាដើម្បីការពារបង្ការជំងឺមហារីកបំពង់កនេះឡើយ។ ប៉ុន្តែយើងឃើញថាមូលហេតុបង្កមានច្រើន  ដូច្នោះ ការបង្ការនោះគឺ មានតែធ្វើយ៉ាងណារស់នៅស្អាត ហើយចៀសវាងនូវចំណីអាហារដូចជា ត្រីឆ្អើរ ត្រីងៀត ត្រីប្រឡាក់ ជាតិហិរជាដើម ។ ជាមួយគ្នានេះ បើសិនជាយើងមានការសង្ស័យពីរោគសញ្ញាមហារីកបំពង់កយើងត្រូវរួសរាន់ទៅពិនិត្យរោគវិនិច្ឆ័យដើម្បីអាចស្រាវជ្រាវជំងឺទុកមុនទាន់ពេលវេលាទើបមិនប៉ះពាល់ធ្ងន់ធ្ងរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សំណួរ​ ៖ ខ្ញុំបាទមានអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំមួយចំនួន មានជំងឺមហារីក។ ខ្ញុំចង់សួរវេជ្ជបណ្ឌិតថា តើធ្វើដូចម្តេចទើបខ្ញុំអាចដឹងថាខ្លួនឯងមានជំងឺមហារីក ឬមិនមាន? ចម្លើយ ៖ ដោយសារក្រុមគ្រួសាររបស់អ្នកធ្លាប់មានប្រវត្តិកើតជំងឺមហារីក នោះអ្នកគួរតែស្វែងរកការពិនិត្យរកមើលសញ្ញានៃជំងឺមហារីក។ វិធីសាស្រ្តក្នុងការរកមើលជំងឺមហារីក អាចជួយអ្នកក្នុងការបែងចែក និងកំណត់ពីសញ្ញាសង្ស័យនានាពីប្រភេទនៃជំងឺមហារីក។ គេអាចរកមើលបានតាមវិធីសាស្រ្តទាំងនោះពីសញ្ញាដំបូងនិងរោគសញ្ញាដទៃទៀតនៃជំងឺមហារីក (ជាពិសេសសម្រាប់ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកថ្លើមជាដើម) ដើម្បីឲ្យការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលមុនជំងឺអាចរាលដាលកាន់តែខ្លាំងក្លា។  ការពិនិត្យរកមើលជំងឺមហារីករួមបញ្ចូលនូវវិធីសាស្រ្ត ការវិភាគក្នុងមន្ទីរពិសោធន៍ ពិនិត្យតាមរយៈ Ultrasonography និងដោយប្រើប្រាស់ X-ray។ មានកត្តាមួយចំនួនដែលចាំបាច់ឲ្យអ្នកត្រូវស្វែង រកការពិនិត្យដូចជា៖ • អ្នកមានកត្តាដែលអាចប្រឈមនឹងការកើតជំងឺមហារីក៖ ប្រវត្តិក្រុមគ្រួសារដែលធ្លាប់មានជំងឺមហារីក អ្នកដែលមានអាយុ ៥០ឆ្នាំ ជក់បារី ឬអ្នកដែលមានផ្ទុកនូវវីរុសថ្លើម B ឬC។ • ប្រសិនអ្នកសង្កេតឃើញមានរោគសញ្ញាទូទៅមួយចំនួនដូចជា៖ -    ការឡើងក្រាស់ ឬដុំនៅលើផ្នែករាងកាយណាមួយ -    ស្លេកស្លាំង ឬឡើងលឿងជាប្រចាំ -    របួសលើស្បែក ឬមាត់ ដែលមិនជាសះស្បើយហើយក្លាយទៅជាឫស ឬដុំពកពណ៌ខ្មៅផ្សេងៗ -    ឈឺក្បាលធ្ងន់ធ្ងរ អាចមានលាយឡំនឹងការក្អួត ឬមិនមាន (ភាគច្រើននៅពេលព្រឹក) អាការៈប្រកាច់ -    ក្អកជាប់លាប់ កំហាកមានឈាម និងសំឡេងស្អក -    មានការហូរឈាមពីច្រមុះ ឬប្រែប្រួលការស្តាប់ -    មិនឃ្លានអាហារ ស្រកទម្ងន់ និងអស់កម្លាំងដោយមិនដឹងមូលហេតុ -    ឡើងកម្តៅកម្រិតស្រាល ដោយគ្មានមូលហេតុជាក់លាក់ -    ពិបាកក្នុងការលេបអាហារ បញ្ហារំលាយអាហារ ឬឈឺចាប់ផ្នែកតំបន់ពោះ -    ផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់ ដោយអាចមានឈាមក្នុងលាមក ទល់លាមក និងរាកជាប្រចាំ -    មានឈាមក្នុងទឹកនោម -    ហូរឈាមនៅផ្នែកខ្លះនៃរាងកាយដោយគ្មានហេតុផលពិតប្រាកដ និងកន្ទួលក្រហម (ដូចឈាម)នៅក្រោមស្បែក។ បកស្រាយដោយ​ ៖  វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហារីកជាជំងឺដ៏កាចសាហាវដែលគ្រាន់តែលឺឈ្មោះ ពេលខ្លះក៏គួរឲ្យខ្លាចដែរ។ ដើម្បីជាចំណេះដឹងសម្រាប់យល់ដឹង និងអនុវត្ត ដើម្បីការពារខ្លួនអ្នកពីជំងឺទាំងនោះ ក៏មានចំណុចខ្លះដែលអ្នកអាចស្វែងយល់បានពីវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារទាក់ទិននឹងជំងឺនេះ តាមរយៈអត្ថបទទាំង១០ខាងក្រោមនេះ ៖  ១. កត្តាត្រូវយល់ដឹងដើម្បីការពារខ្លួនអ្នកពីជម្ងឺមហារីកសុដន់  ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិត ជា ចាន់ឌីជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន បានបកស្រាយថា… ២. យល់ដឹងពីជំងឺមហារីកកូនកណ្តុរជាមួយលោកវេជ្ជបណ្ឌិត ផេង បូរ៉ា  ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើ… ៣. ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ អាចជារោគសញ្ញានៃជំងឺមហារីកឈាមក្នុងឆ្អឹង…  លោកវេជ្ជបណ្ឌិត ផេង បូរ៉ា  បានឲ្យដឹងថា ជំងឺមហារីកឈាមក្នុងឆ្អឹងប អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង ហើយវាគឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)… ៤. តើដុំពកដែលដុះចេញពីក្នុងស្បែកអាចបង្កជាដុំមហារីកដែរឬទេ?  យោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ « Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)»ដែលអាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ… ៥. ៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់  ដោយហេតុថា ជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះ  លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹង…. ៦ . ជំងឺមហារីក គេព្យាបាលដោយវិធីណាខ្លះ?   អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម ហើយការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺ… ៧. បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺមហារីកភ្នែក ព្រោះតែ…  ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ ក៏អាចកើតជំងឺនេះដែរ។ យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យ…» ៨. (វីដេអូ) ដឹងថាខ្លួនអ្នកមានដុំមហារីកសុដន់ឬអត់ដោយខ្លួនឯង...  ការសិក្សាបង្ហាញថា ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ ហើយមកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា… ៩. ជំងឺមហារីកកុមារមានដល់ទៅជាង៤០ប្រភេទ?  វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា «នៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញពីអត្រាជំងឺមហារីកលើកុមារនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់…» ១០. ឈឺក្រពះ? រលាកក្រពះ? ដំបៅក្រពះ? មហារីកក្រពះ?  ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ ក្រៅពីបញ្ហាក្រពះ វាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជាផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង ហើយមានតែគ្រូពេទ្យទេ ដែលអាចវិភាគបែងចែករោគទាំងនេះបាន។ លោកសាស្ត្រាចារ្យ តាន់ តេកស្រេង… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំមានអាយុ ៥៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ខ្ញុំបានទទួលការព្យាបាលជំងឺមហារីកសុដន់រួចមកហើយ ម្យ៉ាងទៀត ជំងឺមហារីកក៏មិនបង្កជាបញ្ហាអ្វីទៀតនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតនៅតែឲ្យខ្ញុំបន្តធ្វើការពិនិត្យជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការពិនិត្យបន្តទៀត បើខ្ញុំបានធូរស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរួចទៅហើយ? ចម្លើយ ៖ មហារីក ជាជំងឺធ្ងន់ធ្ងរ ដែលអ្នកជំងឺមានដុំសាច់ប្រភេទកាច ស្ថិតនៅក្រោមការពិនិត្យតាមដានពីសំណាក់អ្នកឯកទេសក្នុងរយៈពេលយូរ ជាពិសេសកំឡុងពេល ៥ឆ្នាំបន្ទាប់ពីការព្យាបាលបានបញ្ចប់។ ការតាមដាននោះ គឺដើម្បីអាចធានាបាននូវគ្មានការលាប់ឡើងវិញនៃជំងឺ ដោយភាគច្រើនការប្រឈមនៃការរើឡើងវិញពាក់ព័ន្ធទៅលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ពេលវេលា និងប្រសិទ្ធភាពនៃការព្យាបាល។   មានហេតុផល ៣យ៉ាងដែល អ្នកគួរតែទៅទទួលបានការតាមដាន បន្ទាប់ពីការព្យាបាល ដើម្បី៖ • រកមើលការត្រឡប់ឡើងវិញនៃជំងឺ ឬតើវាអាចរាលដាលដល់សុដន់ម្ខាងទៀតដែរ ឬយ៉ាងណា • រកមើលផលវិបាក និងបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលនៃការព្យាបាល • អ្នកជំនាញអាចមានឱកាសផ្តល់នូវការប្រឹក្សាជាកម្លាំងចិត្តដល់អ្នកជំងឺ ពីព្រោះស្រ្តីអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលមួយ ឬពីរឆ្នាំ បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសុដន់។   កំឡុងពេលតាមដាន អ្នកជំនាញនឹងធ្វើការពិនិត្យដោយ៖ • សួរពីសញ្ញា និងរោគសញ្ញានានា • ពិនិត្យដោយការស្ទាបផ្ទាល់ • ធ្វើតេស្តឈាមសម្រាប់វិភាគផ្សេងៗ ក៏ដូចជាការធ្វើ mammography, ultrasonography និងការថតឆ្លុះដោយ CT-scan  ឬ MRI-scan ដើម្បីកំណត់ពីប្រសិទ្ធភាពនៃការព្យាបាល និងរកមើលការរើឡើងវិញនៃជំងឺមហារីក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារ និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

Q : ខ្ញុំបាទអាយុ៣០ឆ្នាំ រស់នៅខេត្តសៀមរាប។ តើជំងឺមហារីកនេះបណ្តាលមកពីមូលហេតុអ្វី? តើវាកើតឡើងដោយសារវីរុស បាក់តេរី ឬមេរោគផ្សេងទៀត? A : មានកត្តាមួយចំនួនដែលអាចបង្កឲ្យកើតជំងឺមហារីក ដែលមូលហេតុទាំងនោះមានជាគោលដូចជា៖ •វីរុស ឬបាក់តេរី៖ -    វីរុសរលាកថ្លើមប្រភេទបេ និងសេ ឲ្យកើតជំងឺមហារីកថ្លើម។ -    វីរុស Human papillomavirus (HPV) ឲ្យជាជំងឺមហារីកមាត់ស្បូន។ -    វីរុស Epstein-Barr virus ឲ្យកើតជំងឺមហារីកត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកកូនកណ្តុរ។ -    បាក់តេរី Helicobacter Pylori ឲ្យជាជំងឺមហារីកក្រពះ។ •កត្តាខ្លួន និងឥរិយាបថខ្លួនឯង៖ មិនសូវហាត់ប្រាណ ធាត់ខ្លាំង អនាម័យខ្លួនប្រាណ ការបរិភោគអាហារដែលសម្បូរខ្លាញ់ និងស្ករ ឬប្រៃខ្លាំង។ •ការចុះខ្សោយប្រព័ន្ធភាពស៊ាំដូចជា៖ អ្នកជំងឺអេដស៍។ •កត្តាតំណពូជ៖ BACR1 or 2 gene mutation, Li-Fraumeni syndrome។ល។ ក្នុងករណីនេះ ឧទាហរណ៍ ក្នុងគ្រួសារមានអ្នកជំងឺមហារីកក្នុងតំណទី១របស់អ្នក (ឳពុក ម្តាយ ពូ មីង)នោះអ្នកអាចនឹងមានឱកាសកើតជំងឺនេះ២០% លើសអ្នកដែលមិនមានប្រវត្តិគ្រួសារកើតជំងឺនេះ។ •បរិស្ថានជុំវិញ៖ បារី ស្រា ឬសារធាតុដែលផ្ទុកដោយជាតិដែលអាចបង្កជាមហារីកបាន (Carcinogene)។ល។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

សំណួរ ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។ នាងខ្ញុំចង់សួរថា ហេតុអ្វីក៏ជំងឺមហារីកពិបាកព្យាបាលជាងជំងឺផ្សេងម្ល៉េះ?ហេតុអ្វីការព្យាបាលដោយចាក់គីមី ធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងយ៉ាងនេះ? ចម្លើយ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។ និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។ ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

វិធីធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកដែលគេប្រើប្រាស់ទូទៅ មានដូចជាការថតស្កេនជាច្រើនប្រភេទ និងវិធីសាស្ត្រចាក់បញ្ចូលផ្សេងទៀតដូចជាការច្រិបយកជាលិកាទៅពិនិត្យ។ ប៉ុន្តែ វិធីថ្មីមួយដែលអាចរកឃើញជំងឺនេះបានដោយគ្រាន់តែជួសម្រាមដៃ។អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យយូមា(Umeå University)ក្នុងប្រទេសស៊ុយអែត បានបង្កើតវិធីវិភាគ RNA នៃផ្លាកែតរបស់ឈាមដែលអាចរកឃើញ    បែងចែក    និងកំណត់ទីតាំងនៃជំងឺមហារីកនៅលើខ្លួនយើងបានដោយប្រើប្រាស់សំណាកឈាមមួយដំណក់ប៉ុណ្ណោះ។ លោក Jonas Nilsson បាននិយាយថា ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងជារឿងសំខាន់ណាស់។ ពួកយើងបានសិក្សាពីវិធីសាស្ត្រដែលរកជំងឺមហារីកដោយប្រើប្រាស់សំណាកឈាម ដើម្បីជំនួសឲ្យការច្រិបយកសំណាកជាលិកាក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកសួត។ បើទោះបីជាវិធីនេះ នៅមិនទាន់ល ្អ១០០% ក៏ដោយវាក៏បានបង្ហាញពីក្តីសង្ឃឹមដល់យើងដែរ។ តេស្តវិភាគ RNA នេះឲ្យអ្នកស្រាវជ្រាវអាចរកឃើញជំងឺមហារីកដែលផ្តល់ភាពត្រឹមត្រូវដល់ទៅ ៩៦%ដែលនេះ  ជាជោគជ័យមួយសម្រាប់ការស្វែងរកវិធីវិភាគដែលប្រើប្រាស់សំណាកជាជាលិការាវដែមិនចាំបាច់ចាក់ចូលទៅក្នុងរាងកាយមនុស្ស។ ដើម្បីសាកល្បងតេស្តរបស់ពួកគេ អ្នកស្រាវជ្រាវបានប្រមូលយកសំណាកឈាមពីមនុស្សចំនួន ២៨៣នាក់។ ក្នុងចំណោមនោះ មនុស្សចំនួន ២២៨នាក់មានជំងឺមហារីកផ្សេងៗគ្នា ឯ ៥៥នាក់ទៀតមិនមានជំងឺនេះទេ។ ដោយវិភាគ និងប្រៀបធៀប RNA ក្នុងសំណាកឈាមទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញវត្តមានជំងឺមហារីកក្នុងចំណោមអ្នកជំងឺទាំងនោះជាមួយនឹងកម្រិតជាក់លាក់ផ្សេងៗគ្នា។ តេស្តថ្មីនេះ បានកំណត់ពីវត្តមានជំងឺនិងដឹងពីប្រភេទមហារីកដោយមានភាពជាក់លាក់ដល់ទៅ១០០% ចំពោះអ្នកជំងឺចំនួន៣៩រូប ដែលបានដឹងថាមានជំងឺមហារីកក្នុងកម្រិតដំបូង។ យោងតាមការតាមដាន តេស្តនេះ នៅមិនទាន់ផ្តល់ប្រសិទ្ធភាពបានដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែវានៅតែផ្តល់នូវលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍។អ្នកស្រាវជ្រាវ អាចរកកំណត់ប្រភពនៃដុំសាច់មហារីកបានលើសពី៧១% ចំពោះអ្នកជំងឺដែលមានជំងឺមហារីសួត មហារីកសុដន់ មហារីកលំពែងមហារីកខួរក្បាល មហារីកថ្លើម មហារីកពោះវៀនធំនិងមហារីកថង់លាមក។ ក្នុងការសិក្សានេះក៏មិនបានបញ្ជាក់ថាវិធីមួយនេះគួរតែប្រើជំនួសឲ្យវិធីរកជំងឺមហារីកដែលកំពុងប្រើប្រាស់សព្វថ្ងៃដែរ ប៉ុន្តែវាច្បាស់ណាស់ថាប្រសិនបើវិធីនេះផ្តល់លទ្ធផលល្អ១០០% វាអាចជាការសន្យាមួយយ៉ាងធំចំពោះគ្រូពេទ្យនិងអ្នកជំងឺជាពិសេសជាមួយនឹងវិធីងាយក្នុងការរកឃើញជំងឺបានតាំងពីដំបូង។ លោក នីលស៊ុន(Nilsson) បាននិយាយថា ក្នុងការសិក្សានេះ ស្ទើរតែគ្រប់ទម្រង់ទាំងអស់នៃជំងឺមហារីកត្រូវបានរកឃើញ ដែលនេះបង្ហាញថាតេស្តប្រើសំណាកឈាមមានសក្តានុពលខ្ពស់ក្នុងការបង្កើនការរកឃើញជំងឺមហារីកក្នុងដំណាក់-កាលដំបូងៗ៕

Share

ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី (Abnormal mitosis) និង លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀត។ កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែង ផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជាៈ ស្បែក, ខួរក្បាល, ក្រពះ ពោះវៀន ។-ល-។ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ។ ក) ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទសំខាន់ៗគឺ ៖     ១) មហារីកកូនកណ្តុរ ប្រភេទHodgkin ៖  កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់ អាយុ ជាង៥០ ឆ្នាំ និង បុរសកើតជំងឺនេះច្រើនជាងស្ត្រី។     ២) មហារីកកូនកណ្តុរ ប្រភេទ Non Hodgkin ៖  មានប្រមាណ ៣០ប្រភេទផ្សេងគ្នា និង ច្រើនកើតលើៈ     - មនុស្សពេញវ័យ ៖ បុរស កើតជំងឺនេះច្រើនជាងស្ត្រី     - មនុស្សវយ័ចំណាស់ អាយុចន្លោះពី៤០ ទៅ៧០ ឆ្នាំ     - មនុស្សវ័យចំណាស់ មហារីកកូនកណ្តុរ Non Hodgkinមានការវិវឌ្ឍយឺតៗ បុន្តែ វា មានការវិវត្តន៍លឿន និង កាចខ្លាំង លើ មនុស្សពេញវយ័ និង កុមារតូចៗ ។ ខ) រោគសញ្ញានៃជំងឺ ៖ រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជាៈ ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក។ល។ រោគសញ្ញាផ្សេងទៀតរួមផ្សំមាន     - ក្តៅខ្លួន     - បែកញើសពេលយប់     - អស់កម្លាំងខ្លាំង     - ស្រកទម្ងន់ដោយមិនមានមូលហេតុ គ) ការធ្វើរោគវិនិច្ឆ័យ ៖ គេអាចដឹងបានថាមានជំងឺមហារីកកូនកណ្តុរដោយ ៖     -ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយស្បែក សង្សយ័ថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។     - ការវិភាគរកមើលស៊ែន ដោយបច្ចេកវិទ្យាថ្មី អាចអោយយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។     - ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតំរៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។     - ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។     - ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។ ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន៖     - ការព្យាបាលដោយកាំរស្មីសំរាប់ជំងឺមហារីកកួនកណ្តុរ Hodgkin ដំណាក់កាលដំបូង។     - ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។     - Stem cell transplant: ព្យាបាលដោយប្តូរខួរឆ្អឹងក្រហមរឺដោយប្តូរកោសិកាពូជថ្មីៗ (Stem cell) សំរាប់ករណីមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង។     - ព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងអោយសម្លាប់កោសិកាមហារីកដោយខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth)     - ការព្យាបាលដោយប្រើអង្គបដិបក្ខពិសេសៗបែបជីវសាស្ត្រទំនើប ដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរយ៉ាងជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និងមិនប៉ះពាល់ដល់កោសិកាធម្មតា។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និង កំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។ ង) ការព្យាករណ៍៖ លទ្ធផលនៃការព្យាបាលជំងឺមហារីកកូនកណ្តុរអាស្រ័យលើកត្តាជាច្រើនដូចជា ៖       - ប្រភេទមហារីកកូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)។ ប្រភេទវិវត្តន៍យឺតៗ ជាសះស្បើយ បានច្រើនជាង ប្រភេទ កាចៗ ដែលវិវត្តលឿន។     - ដំណាក់កាលរបស់ជំងឺមហារីក (cancer’s stage)។ ដំណាក់កាលដំបូងៗ ជាសះស្បើយ បានច្រើនជាង ដំណាក់កាលធ្ងន់ធ្ងរ ទី៣ ឬ ទី៤។     - អាយុរបស់អ្នកជំងឺនិងសុខភាពទូទៅ (patient’s age and general health)។ ចាស់ជរា មានជម្ងឺប្រចាំកាយដ៏ទៃទៀតច្រើន ប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។     - តើមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗ ឆ្លើយតបទៅនឹងការព្យាបាលដំបូង ឬបានលាប់ឡើងវិញ (whether the cancer is newly diagnosed, responds to initial treatment, or has come back)។ ការលាប់មកវិញ នៃ ជម្ងឺនេះ មានហានិភយ័គ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុត។ «សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់យើង ប្រសិនបើលោកអ្នកសម្គាល់ឃើញមានហើមកូនកណ្តុរមួយឬច្រើនហើយដែលនៅតែបន្តកើនទំហំនិងចំនួន និង/ឬ លោកអ្នកមានរោគសញ្ញាផ្សេងទៀតនៃមហារីកកូនកណ្តុរដូចជាគ្រុនក្តៅរ៉ាំរ៉ៃ ការស្រកទម្ងន់ និងការបែកញើសពេលយប់ច្រើនខុសធម្មតា»

Share
Top