- Mar 16, 2017 |
- 7 years ago |
- 8.6K views
អំពីការសិក្សាឯកទេសចក្ខុរោគពីនិស្សិត៤រូប....
នរណាក៏មានក្តីស្រមៃរបស់គេដែរ ហើយជាទូទៅ ការសិក្សាទៅតាមឯកទេស គឺជាស្ពានមួយចម្លងគ្រប់គ្នាទៅកាន់ក្តីស្រមៃរបស់ខ្លួន។ ក្នុងចំណោមឯកទេសជាច្រើន ផ្នែកចក្ខុរោគ ក៏ជាឯកទេសមួយដែលកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែរ។ ហេលស៍ថាម ក៏បានជួួបផ្ទាល់ជាមួយនឹងនិស្សិតឯកទេសនេះចំនួន៤រូប ដើម្បីធ្វើការសាកសួរអំពីចំណាប់អារម្មណ៍ កង្វល់ និងសារណែនាំរបស់ពួកគេផងដែរ។ ចង់ដឹងថាពួកគាត់មានអ្វីចែករំលែកជាមួយអ្នកខ្លះ តោះ! អានបន្តទាំងអស់គ្នា... លោក តោ គ្រីថា មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ ដោយសារមានការជម្រុញពីលោកអ្នកមានគុណទាំងពីរនិងបងប្រុសហើយក្រោយពីទទួលការសិក្សា និងការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យកាលពីឆ្នាំទី៥អស់រយ:ពេលមួយខែមក ខ្ញុំមានចំណាប់អារម្មណ៍ថា យ៉ាងធំធេងបំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា»។ ខ្ញុំក៏បានមើលឃើញ«ថ្វីត្បិតតែភ្នែកជាសរីរាង្គតូចមួយនៃរាងកាយ ប៉ុន្តែវាមានតួនាទីពីភាពធ្វេសប្រហែសនៃការប្រើប្រាស់ថ្នាំបន្តក់ភ្នែករបស់ប្រជាជនយើងដែលជាហេតុធ្វើឲ្យប៉ះពាល់ដលសុខភាពភ្នែកយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញថាជំងឺពិការភ្នែកមួយចំនួនអាចជួយសង្រ្គោះបាន។ ហេតុដូចនេះ ទើបខ្ញុំចង់ការពារ និងព្យាបាលប្រជាជនឲ្យផុតពីភាពពិការភ្នែក។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ កាលពីនៅថ្នាក់វេជ្ជសាស្រ្តទូទៅ (ឆ្នាំទី១-៦) ការសិក្សា គឺពឹងផ្អែកទាំងស្រុងលើភាសាបារាំង ដោយឡែកថ្នាក់ឯកទេសត្រូវបានជំនួសដោយភាសាអង់គ្លេស។ និស្សិតត្រូវមានភាពតស៊ូក្នុងការរៀនសូត្រ ពីព្រោះឯកទេសនេះភាគច្រើនពឹងផែ្អកលើការស្វ័យសិក្សា និងឧបករណ៍ជាច្រើន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដូច្នេះ និស្សិតត្រូវមានភាពបត់បែន និងសម្របខ្លួនក្នុងការប្រើប្រាស់ម៉ាស៊ីន។ ម្យ៉ាងវិញទៀត ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ គ្រូពេទ្យ និងនិស្សិតត្រូវមានការស្រាវជ្រាវឯកសារ និងការព្យាបាលថ្មីៗច្រើនដែលមានការទទួលស្គាល់ពីលើសកលលោក។ ទោះបីជាមានឧបសគ្គខ្លះដោយ រៀមច្បងសាស្រ្តាចារ្យក្នុងស្រុក និងក្រៅស្រុកតែងតែជួយបង្ហាញ និងណែនាំខ្ញុំក៏ដូចជានិស្សិតផ្សេងទៀតជានិច្ច ដែលជាហេតុធ្វើឲ្យពួកខ្ញុំមានដំណោះស្រាយក្នុងការសិក្សា។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ វិជ្ជាពេទ្យនាំមកនូវការជួយសង្រ្គោះជីវិតរបស់អ្នកជំងឺ និងសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង។ ដូចនេះ ក្រៅពីការប្រឹងប្រែងក្នុងការសិក្សា យើងជាអនាគតគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់លោកអ៊ីប៉ូក្រាត ដោយ «ត្រូវចាត់ទុកការឈឺចាប់របស់អ្នកជំងឺដូចជាការឈឺចាប់របស់យើងនិងក្រុមគ្រួសារយើង ដោយធ្វើការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់» ទើបវិជ្ជាពេទ្យរបស់យើងទទួលបានការកោតសរសើរ។ កញ្ញា ឃឹម ណាំហ្គេច មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ ដោយសារតែខ្ញុំពេញចិត្តនឹងការធ្វើការជាមួយនឹងមីក្រូទស្សន៍ថ្វីត្បិតតែពិបាកតែគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត ការងារជាគ្រូពេទ្យឯកទេសចក្ខុរោគ គឺផ្តល់ក្តីសង្ឃឹមសារជាថ្មីដល់ជំងឺ ពីព្រោះជាទូទៅ យើងតែងប្រៀបធៀបអ្វីដែលជាទីស្រលាញ់បំផុតទៅនឹងកែវភ្នែក«ស្រលាញ់ស្មើកែវនេត្រា»។ ចំពោះចំណាប់អារម្មណ៍វិញ ប្រហែលជាពិបាកពិពណ៌នាបន្តិចគ្រាន់តែដឹងថាកាន់តែរៀនកាន់តែស្រលាញ់ ហើយក៏យល់ថាជាឯកទេសមួយដែលអាចឲ្យក្លាយជាវេជ្ជបណ្ឌិតមួយរូបប្រកបដោយមោទនភាព។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ ៖ បញ្ហាបរិយាកាសសិក្សាថ្មី គឺមនុស្ស ទីកន្លែង និង ឧបករណ៍ បញ្ហាជំនាញបច្ចេកទេសថ្មី និងបញ្ហាសេដ្ឋកិច្ច។ ការចូលសិក្សាឯកទេសចក្ខុរោគប្រៀបបាននឹងការចូលក្នុងសង្គមថ្មី។ រីឯឧបករណ៍វិញគឺត្រូវធ្វើការពិគ្រោះជំងឺ និងវះកាត់ដោយប្រើមីក្រូទស្សន៍។ មួយវិញទៀត បញ្ហាសេដ្ឋកិច្ចក៏ត្រូវចំណាយច្រើនជាងមុនផងដែរ។ បទពិសោធន៍ថ្មី ៖ ការទទួលនូវការបណ្ដុះបណ្ដាល បែបក្រោយឧត្ដមសិក្សា គឺពឹងផ្អែកលើស្វ័យសិក្សា និងការបង្ហាត់បង្ហាញពីសិស្សច្បង និងសាស្រ្ដាចារ្យជាតិ និងសាស្រ្ដាចារ្យបរទេស។ ឯកទេសនេះធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍នៃការរស់នៅជាគ្រួសារតែមួយ និងការរៀបចំអប់រំចិត្ត ប្រកាន់ភាពស្ងប់ក្នុងការងារពិសេសពេលកំពុងវះកាត់។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ ការងារមួយដែលធ្វើឲ្យយើងអាចប្រើអស់សក្តានុពលគឺជាការងារណាដែលកើតចេញពីការស្រលាញ់។ ថ្វីបើវាការរកឃើញដោយកម្រ ប៉ុន្តែសូមព្យាយាមស្វែងរកវា ហើយពុះពារធ្វើវាដោយក្ដីមោទនៈ។ លោក សេង សិរី មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ កត្តាសង្គមគឺដោយសារតែប្រទេសយើងមានចំនួនវេជ្ជបណ្ឌិតឯកទេសចក្ខុរោគតិចនៅឡើយ ហើយការយល់ដឹងពីបញ្ហាសុខភាពភ្នែករបស់ប្រជាពលរដ្ឋក៏នៅមានកម្រិតនៅឡើយ ទើបសង្ឃឹមថាឱកាសក្នុងការចូលរួមកាត់បន្ថយអត្រានៃពិការភាពរបស់ប្រជាជនកម្ពុជា នឹងអាចផ្តល់បានតាមរយៈការសិក្សាឯកទេសនេះ។ ដោយសារតែខ្លួនខ្ញុំផ្ទាល់ស្រលាញ់ និងចូលចិត្តមុខវិជ្ជានេះខ្លាំងណាស់ហើយខ្ញុំមានចិត្តសប្បាយរីករាយ នៅពេលដែលអ្នកជំងឺអាចមើលឡើងវិញបាន ព្រមជាមួយនោះខ្ញុំគិតថាភ្នែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗ។ គ្រួសារក៏មានការជម្រុញ និងលើកទឹកចិត្តព្រមទាំងយល់ស្របពីឳពុកម្តាយជីដូនជីតា និងសាច់ញាតិរបស់ខ្ញុំទៅលើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេសភ្នែកនេះផងដែរ។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ បញ្ហាចម្បងជាងគេ គឺការផ្លាស់ប្តូរមកប្រើប្រាស់ភាសាអង់គ្លេស ព្រោះថាពីឆ្នាំទី១ដល់ទី៦ គឺប្រើភាសាបារាំង។ ការសិក្សាក៏ផ្តោតលើខ្លួនឯងជាចាំបាច់ស្ទើរតែទាំងស្រុង ម្យ៉ាងទៀតក៏តម្រូវឲ្យចេះប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចយ៉ាងស្ទាត់ជំនាញដូចជា កុំព្យូទ័រ កាំរស្មីឡាស៊ែរ Slit Lampម៉ាស៊ីនវាស់ដែនគំហើញ (Visual Field Test) ជាដើម។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ ប្រឹងប្រែងរៀនសូត្រ តស៊ូ ឧស្សាហ៍ព្យាយាមទាំងក្នុងការសិក្សាមេរៀន និងការអនុវត្តនៅមន្ទីរពេទ្យ គួបផ្សំនឹងសីលធម៌ក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ។ លោក ឡេង ចាន់ណាត មូលហេតុដែលរើសឯកទេសចក្ខុរោគ៖ មូលហេតុដ៏សាមញ្ញបំផុតនោះគឺដោយសារតែទឹកចិត្តស្រលាញ់និងការសម្លឹងមើលឃើញបរិយាកាសច្រើនដែលទាក់ទិននឹងបញ្ហាភ្នែកមានសារៈសំខាន់។ ក្នុងពេលដែលចុះហ្វឹកហាត់ការងារនៅមន្ទីរពេទ្យកុមារ-អង្គរនៅខេត្តសៀមរាប ក៏បានស្គាល់លោកគ្រូពេទ្យម្នាក់ដែលជានិច្ចកាលតែងតែបានជួយជម្រុញទឹកចិត្ត និងជ្រោមជ្រែងរហូតមក។ បញ្ហាលំបាកទាក់ទិននឹងការសិក្សាឯកទេសនេះ៖ បន្ថែមពីលើការពិគ្រោះជាមួយអ្នកជំងឺ គឺចាំបាច់ត្រូវប្រើប្រាស់នូវមីក្រូទស្សន៍ដើម្បីពិនិត្យ ទើបអាចធ្វើរោគវិនិច្ឆ័យបាន។ ជាក់ស្តែង ការចាប់ផ្តើមប្រើប្រាស់នូវឧបករណ៍នីមួយៗទាមទារនូវការហ្វឹកហាត់ឲ្យបានស្ទាត់ និងរយៈពេលយ៉ាងហោចណាស់ក៏ច្រើនខែដែរ។ ដោយសារតែការវះកាត់នៅក្នុងឯកទេសនេះតម្រូវឲ្យមានការប្រើប្រាស់នូវឧបករណ៍ដែលខុសប្លែកពីការវះកាត់ផ្សេងៗ ព្រោះមានការពង្រីក និងបង្រួមទៅមកជាប្រចាំ។ ការសិក្សាត្រូវផ្លាស់ប្តូរទាំងស្រុងមកជា Student Center ដែលតម្រូវឲ្យរៀបចំមេរៀនដោយខ្លួនឯង ធ្វើបទបង្ហាញដល់សិស្សច្បង និងសាស្រ្តាចារ្យតាមការកំណត់។ ចំណែក បែបផែននៃការបង្រៀនរបស់គ្រូមកពីក្រៅប្រទេសក៏មានលក្ខណៈខុសប្លែកពីគ្រូជាតិផងដែរ។ ក្រៅពីនោះដើម្បីឈានទៅដល់ការវះកាត់មួយដោយជោគជ័យ គឺត្រូវការពេលវេលាមួយក្នុងការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។ សារជូនដល់ប្អូនៗជំនាន់ក្រោយ៖ ត្រូវដាក់ចិត្តខំប្រឹងប្រែងរៀនសូត្រ ហើយកុំខ្លាចរអា បើទោះជាត្រូវធ្វើការងារជាមួយនឹងសរីរាង្គដ៏តូចមួយ (ភ្នែក) ក៏ដោយ។ ម្យ៉ាងទៀត មិនគួរបោះបង់ចោលនៅពេលដែលបានជួប ឬឮពីបុគ្គលដែលធ្វើឲ្យអ្នកមានអារម្មណ៍អវិជ្ជមានជាមួយនឹងការងារនេះឡើយ។ សារជូនដល់មិត្តអ្នកអានទូទៅ ៖ * មិនគួរប្រើប្រាស់ថ្នាំផ្សេងៗដោយខ្លួនឯងនោះឡើយ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសជាមុនសិន មុននឹងប្រើប្រាស់ថ្នាំ * អ្នកជំងឺដែលមានបញ្ហាភ្នែកគួរគប្បីជួប និងព្យាបាលជាមួយគ្រូពេទ្យឯកទេសភ្នែកឲ្យបានឆាប់រហ័ស ហើយត្រូវសម្អាតដៃឲ្យបានស្អាត មុននឹងប៉ះពាល់ភ្នែក * ប្រជាពលរដ្ឋដែលមានអាយុលើសពី៤០ឆ្នាំ គួរគប្បីពិនិត្យភ្នែកឲ្យបានយ៉ាងតិច១ដង ជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងពីភាពពិការភ្នែកដោយសារជំងឺមួយចំនួនដូចជា ភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក និងបញ្ហាកំណុំរូបភាព ជាដើម ដើម្បីព្យាបាលទាន់ពេលវេលា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share