Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំឈ្មោះអាយុ ២០ឆ្នាំរស់នៅភ្នំពេញ។ ខ្ញុំមិនពេញចិត្តនឹងកម្ពស់ខ្លួនឯងសោះខ្ញុំចង់ខ្ពស់ជាងនេះបន្តិចទៀត។ តើខ្ញុំនៅអាចលូតកម្ពស់បន្ថែមទេបើខ្ញុំប្រើថ្នាំពន្លូតកម្ពស់ និងហាត់ប្រាណឲ្យបានច្រើន? តើមានវិធីអ្វីផ្សេងទៀតក្រៅពីនេះទេ? ចម្លើយ ៖ ជាក់ស្តែងវ័យលូតលាស់នៅមានដល់អាយុ២៥ឆ្នាំ ឬលើសបន្តិចបន្តួច។ ក្នុងករណីប្អូន គឺប្អូនគ្រាន់តែប្រាប់អំពីអាយុ ហើយគ្រាន់តែបញ្ជាក់ពីភាពមិនសប្បាយចិត្តដោយមិនបានប្រាប់ពីកម្ពស់នោះទេ។ ជាទូទៅគ្រូពេទ្យតែងតែផ្ទៀងផ្ទាត់ជាមួយការថតកាំរស្មី x ទៀតដើម្បីពិនិត្យមើលផ្ទៃលូតលាស់របស់ឆ្អឹងថាតើប្អូននៅលូតលាស់ច្រើនទៀតឬអត់។ វិធីដែលប្អូនអាចធ្វើបាន គឺការលេងកីឡាដែលជាជម្រើសល្អមួយដែលជួយឲ្យឆ្អឹងមានការលូតលាស់ល្អ ហើយការប្រើថ្នាំគួរតែប្រើក្នុងករណីដែលបានធ្វើការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ចំណែកឯជម្រើសមួយទៀតដែលមានការពេញនិយមនៅប្រទេសរីកចម្រើននោះ គឺការវះកាត់ពន្លូតកម្ពស់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

Share

ជាទូទៅ ជំងឺខាន់ស្លាក់ កើតជាចម្បងទៅលើកុមារអាយុចន្លោះពី៣ទៅ៧ឆ្នាំដោយសារតែប្រព័ន្ធការពាររបស់កុមារនៅខ្សោយនៅឡើយ។ ម្យ៉ាងទៀត ជំងឺនេះ ភាគច្រើនត្រូវបានរកឃើញថាកើតមាននៅក្នុងប្រទេសអន់ថយ និងប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក កម្រមានករណីជំងឺនេះលេចឡើងលើកុមារកម្ពុជាយើងណាស់ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុក សំអាត អតីតប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។ ជំងឺខាន់ស្លាក់នេះ ត្រូវបានគេឲ្យនិយមន័យថាជាជំងឺឆ្លងមួយប្រភេទដែលមានសភាពធ្ងន់ធ្ងរ ហើយវាបណ្តាលមកពីបាក់តេរីមួយប្រភេទដែលមានឈ្មោះថា Corynebacterium diphtherae។ មេរោគនេះ ចម្លងជំងឺដោយបញ្ចេញជាតិពុល (Exotoxin) ដែលនាំឲ្យកោសិកាខូចឬរលាកនៅកន្លែងណាមួយដូចជា បំពង់ក បំពង់សំឡេង ច្រមុះឬក៏អាចមាននៅលើស្បែកផងដែរ។ ជំងឺនេះឆ្លងពីមនុស្សឈឺទៅមនុស្សជាព្រមទាំងតាមរយៈរបស់ប្រើប្រាស់ និងចំណីអាហារចំពោះខាន់ស្លាក់ប្រភេទផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះ អាចលេចចេញក្នុងរយៈពេលពី ២ទៅ៥ថ្ងៃក្រោយឆ្លងជំងឺ។ វាស្តែងឡើងនូវរោគសញ្ញាមួយចំនួនដែលស្រដៀងទៅនឹងជំងឺរលាកបំពង់កធម្មតាដូចជា ក្តៅខ្លួន ឈឺបំពង់ក ហើមកូនកណ្តុរ ឬពិបាកលេបជាដើម។ ប៉ុន្តែអ្វីដែលគេអាចញែកជំងឺនេះពីជំងឺឈឺបំពង់ក នោះគឺមានលេចឡើងនូវភ្នាសសមួយបាំងទៅលើបំពង់ក ជាពិសេសនៅលើអាមីដាល់ហើយមិនអាចជូតវាចេញបានទេ តែបើនៅតែព្យាយាមជូតវានោះនឹងមានឈាមហូរនៅកន្លែងនោះ ព្រមទាំងមានដុះដុំសាច់ផងដែរ។ រោគវិនិច្ឆ័យ គឺផ្អែកទៅលើការកាត់យកសាច់ដែលដុះមួយផ្នែកទៅមើលនិងធ្វើការបណ្តុះមេរោគ។ មួយវិញទៀត យើងអាចធ្វើតេស្តមួយដែលមានឈ្មោះថា Mononucleoinfectious ដើម្បីទាត់ចោលនូវការចម្លងពីពួកវីរុសឈ្មោះថា Epstine barr virus ដែលវាមានលក្ខណៈស្រដៀងទៅនឹងជំងឺខាន់ស្លាក់។ យ៉ាងណាមិញ ខាន់ស្លាក់អាចព្យាបាលជាឬមិនជា អាស្រ័យទៅលើកន្លែងកើតជំងឺ និងស្ថានភាពរបស់អ្នកជំងឺពេលមកជួបគ្រូពេទ្យ។ ការព្យាបាលជំងឺនេះ ត្រូវប្រើប្រាស់ថ្នាំផ្សះរួមជាមួយនឹងសេរ៉ូមប្រឆាំងជាតិពុលទប់ទល់នឹងបាក់តេរី Diphtherae នេះ។ ប្រសិនបើជំងឺនេះកើតលើប្រព័ន្ធប្រសាទឬសាច់ដុំ នោះការព្យាបាលអាចនឹងពិបាកព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺពិបាកដកដង្ហើម និងត្រូវការការសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីចៀស-វាងការប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ គួបផ្សំជាមួយការព្យាបាលដោយថ្នាំផ្សះ និងសេរ៉ូមប្រឆាំងជាតិពុល។ ចំពោះការការពារជំងឺខាន់ស្លាក់នេះវិញ យើងត្រូវ៖ •ចៀសវាងការប៉ះពាល់អ្នកជំងឺខាន់ស្លាក់ •ដាក់អ្នកជំងឺឲ្យនៅដាច់ពីគេ •ចាក់វ៉ាក់សាំង ក្រោយព្យាបាលជំងឺនេះជា •ចាក់វ៉ាក់សាំងលើទារក។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋថា ជំងឺនេះកម្រតែមានសភាពធ្ងន់ធ្ងរ ដូចនេះប្រសិនបើកូនលោកអ្នកមានបញ្ហាពិបាកដកដង្ហើម ត្រូវប្រញាប់នាំកូនៗរបស់លោកអ្នកទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា ព្រោះបំពង់ករបស់ក្មេងតូចហើយបើមានដុះដុំសាច់នៅទីនោះ អាចនឹងងាយស្ទះដង្ហើមដែលជាហេតុបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ពួកគាត់។

Share

នាងខ្ញុំឈ្មោះ ក.ស.គ អាយុ២៣ឆ្នាំ ទម្ងន់៤៨ កម្ពស់១ម៉ែត្រ៥៦ ជានិស្សិត។ ខ្ញុំធ្លាប់ជ្រុះសក់ពីមុន តែក្រោយពេល ប្រើប្រាស់ថ្នាំនិងផលិតផលតាមការណែនាំរបស់គ្រូពេទ្យ បញ្ហានេះក៏បានស្បើយជាងមុន។ ប៉ុន្តែបច្ចុប្បន្ននេះ សក់របស់ខ្ញុំ ចាប់ផ្តើមជ្រុះច្រើនទៀតរហូតច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ ហើយសមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែជ្រុះសក់។ តើបញ្ហាជ្រុះសក់នេះអាចព្យាបាលដូចម្តេច? តើកូឡាជែនមានប្រយោជន៍អ្វីសម្រាប់សុខភាពសក់? ចម្លើយ៖ ការជ្រុះសក់លើសពី 100 សរសៃក្នុង1ថ្ងៃនេះអាចចាត់ទុកជាបញ្ហាដែលត្រូវទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវបំផុត និងឲ្យបានឆាប់រហ័ស។ រីឯបញ្ហាដែលសមាជិកទាំងអស់ក្នុងគ្រួសារសុទ្ធតែជ្រុះសក់អាចទាក់ទងនឹងតំណពូជ ឬជីវភាព និងការរស់នៅក្នុងគ្រួសារទាំងមូល ដែលតម្រូវឲ្យគ្រូពេទ្យ ត្រូវស្រាវជ្រាវពីបញ្ហានេះឲ្យបានច្បាស់លាស់ និងត្រូវព្យាបាលជាបន្ទាន់ទៅតាមមូលហេតុនៃការជ្រុះសក់។ ចំពោះសារធាតុ កូឡាជែន ជាប្រូតេអុីនដែលមាន២៥%នៃប្រូតេអុីនដែលស្រាប់នៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពហាប់ណែនរបស់ស្បែក ធ្វើឲ្យមានភាពស្រស់ស្អាតនិងរក្សាភាពក្រាស់របស់ស្បែក  ក៏ដូចជាចូលរួមក្នុងការលូតលាស់របស់សក់ផងដែរ។ ដោយឡែកបរិមាណរបស់កូឡាជែននឹងថយចុះទៅតាមអាយុ នាំឲ្យស្បែកមានភាពជ្រីវជ្រួញ បាត់បង់ភាពយឺត សក់ស្តើង សក់ស សក់លែងសូវដុះជាដើម។ ដូចនេះការប្រើប្រាស់កូឡាជែនពីខាងក្រៅតាមការលេបឬលាបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយចំពោះសក់ផ្ទាល់អាចមានដូចជា ចិញ្ចឹមគល់សក់ សរសៃសក់ក្រាស់ កាត់បន្ថយការជ្រុះសក់ ធ្វើឲ្យសក់ខ្មៅ កាត់បន្ថយសក់បែកចុង និងសក់មានសំណើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ម្ចាស់គ្លីនិកសើស្បែក ប៊ីស៊ី I (បឹងកេងកង) និង II (ទួលគោក)

Share

នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងមានការឈឺចាប់ភ្លាមៗ នៅពេលដែលពាក់ស្បែកជើងកែង។ គេគ្រប់គ្នានិយាយថា មកពីឆ្អឹងខ្ញុំមានបញ្ហាតាំងពីកំណើត។ តើនេះជាការពិតទេ? តើអាចធ្វើការកែខៃដោយវិធីណាមួយឬទេ? ចម្លើយ៖ ចំពោះស្ថានភាពរបស់ប្អូន ត្រង់ដែលគេនិយាយថាវាបណ្តាលមកពីឆ្អឹងជើង ក៏ជាបញ្ហាមួយត្រូវគិតដែរ។ ដូច្នេះហើយ ប្អូនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឯកទេស និងធ្វើការថតដោយកាំរស្មីX ដើម្បីធ្វើការពិនិត្យមើលទម្រង់ឆ្អឹងជើងជាមុនសិន បើទម្រង់ឆ្អឹងជើងសំប៉ែត គ្រូពេទ្យនឹងផ្តល់ដំបូន្មានឲ្យកាត់ស្បែកជើងតម្រូវទៅនឹងទម្រង់ជើង នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត ប្អូនត្រូវគិតគូរដល់បាតស្បែកជើង ធ្វើយ៉ាងណាកុំឲ្យរឹងពេក ហើយកែងទៀតសោតក៏មិនគួរខ្ពស់ពេកដែរ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

Share

សំណួរ៖ នាងខ្ញុំអាយុ 23 ឆ្នាំរស់នៅរាជធានីភ្នំពេញ។ ខ្ញុំមានកូនប្រុសអាយុ ៣ខែ។ ខ្ញុំ និងប្តីចេះតែស្តាប់ឮសំឡេងកូនខ្ញុំស្រមុកដូចសំឡេងឆ្មា។ ខ្ញុំឆ្ងល់ណាស់ថាក្មេងតូច ក៏អាចស្រមុកដែរ។ តើវាជារឿងធម្មតាឬក៏ជាបញ្ហាដែលត្រូវទៅជួបគ្រូពេទ្យ? ចម្លើយ៖ កូនរបស់លោកស្រីប្រហែលជាមានបញ្ហានៅអាមីដាល់ ឬរលាកច្រមុះ។ នៅពេលគេង អាមីដាល់អាចរីកធំ ឬអាល្លែកហ្ស៊ីច្រមុះរ៉ាំរ៉ៃដែលធ្វើឲ្យមានសំបោរ និងតឹងច្រមុះ ធ្វើឲ្យត្បៀតផ្លូវដង្ហើមដែលនាំឲ្យឮសំឡេង។ ដូចនេះ ដំណោះស្រាយ គឺត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យច្រមុះថាតើមានបញ្ហាអាល្លែកហ្ស៊ីឬក៏អត់ និងមើលសាច់អាមីដាល់ថាធំកម្រិតណា ត្រូវកាត់ចេញឬក៏អត់ និងកាត់នៅពេលណា ព្រមទាំងវាយតម្លៃថាវាអាចប៉ះពាល់ដល់ការលូតលាស់និងការរៀនសូត្ររបស់ក្មេងឬទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ

Share

ត្រចៀកត្រូវបានគេប្រើប្រាស់សម្រាប់ការស្តាប់នូវសំឡេងដែលនៅជុំវិញខ្លួនហើយវាក៏មាននាទីក្នុងការរក្សាលំនឹងរបស់សារពាង្គកាយផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថាត្រចៀកផ្គុំឡើងយ៉ាងដូចម្តេចខ្លះ? ជាទូទៅ ត្រចៀករបស់មនុស្សត្រូវបានគេចែកចេញជាបីតំបន់ គឺត្រចៀកក្រៅត្រចៀកកណ្តាល និងត្រចៀកក្នុងដែលគេហៅថា Labyrinth។ ត្រចៀកខាងក្នុងមានបីផ្នែកតូចៗទៀតគឺ Semicircular Canal រួមជាមួយ Vestibularដែលមាននាទីក្នុងការរក្សាលំនឹងរបស់យើង និង Cochlea មាននាទីធ្វើឲ្យយើងស្តាប់លឺសំឡេង។ ហេលស៍ថាម បានលើកយកប្រធានបទស្តីពីជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង)។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ។ បច្ចុប្បន្នលោកសាស្ត្រាចារ្យជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា។ តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា បានឲ្យដឹងថាជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុង។ ជំងឺនេះបណ្តាលមកពីមូលហេតុជាច្រើនតែមានបីមូលហេតុដែលគ្រូពេទ្យជួបញឹកញាប់ជាងគេគឺ៖ -ជំងឺរលាកត្រចៀកផ្នែកកណ្តាលរ៉ាំរ៉ៃឬហៅថាជំងឺអំបៅអំបែកដែលមានពីរប្រភេទគឺអំបៅអំបែកស្លូតនិងអំបៅអំបែកកាច -មហារីកក្នុងរន្ធត្រចៀកឬមានដុំសាច់ក្នុងត្រចៀកខាងក្នុង -ការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់ចរាចរណ៍ត្រង់ត្រចៀក -ការវះកាត់ត្រចៀកដោយមិនប្រយ័ត្នធ្វើឲ្យធ្លាយដល់សម្បករបស់ត្រចៀកខាងក្នុង។ លោកសាស្ត្រាចារ្យបានបន្តថាជំងឺនេះមានស្តែងចេញនូវរោគសញ្ញាដូចជាវិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯងពោលគឺខាងដែលរលាក​​​ (Nyst-agmus) ចង្អោរ ក្អួតជាដើម។ ក្រៅពីនេះក៏មានសញ្ញាថយចុះនូវការស្តាប់ផងដែរប្រសិនបើការរលាកនេះរាលដាលដល់ Cochlea។ប៉ុន្តែករណីជំងឺនេះសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរវាអាចបណ្តាលឲ្យអ្នកជំងឺស្តាប់មិនលឺតែម្តង។ ជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ៖ -ការថត CT scan   -ការសង្កត់ទៅលើ Tragus (Put pressure ontragus) ដើម្បីឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍វិលមុខ និងភ្នែករេមកម្ខាងដោយឯកឯង។ -ការពិនិត្យតាម Siegel Speculum ដោយដាក់ឧបករណ៍នេះចូលក្នុងរន្ធត្រចៀកហើយសប់ខ្យល់ឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍ថាវិលមុខ ភ្នែកងាកទៅម្ខាងដោយឯក  ឯង។ តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំងឺនេះមាន៣កម្រិតគឺ៖ ១. Circumscribed labyrinthitis : វាកើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង។ការរលាកក្នុងកម្រិតនេះគឺអាចព្យាបាលជាដោយធ្វើការវះកាត់និងប្រើជេលហ្វូមរួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯងនៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេហើយការរលាកនេះ នឹងជាសះស្បើយបន្តិចម្តងៗ។ ២. Diffuses serous labyrinthitis: ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ។ ការរលាកក្នុងកម្រិតនេះគឺពិបាកក្នុងការព្យាបាល។ ៣. Diffuse suppurative labyrinthitis: វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុងហើយបានសាយភាយទៅដល់ស្រោមខួររួចជាស្រេច។ ការព្យាបាលរលាកត្រចៀកខាងក្នុងកម្រិតនេះគឺមានការពិបាកនិងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតថែមទៀត។​ ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ។ បន្ទាប់មកវានឹងបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។ ដើម្បីការពារមិនឲ្យកើតជំងឺរលាកត្រចៀកខាងក្នុងនេះកើតឡើងយើងត្រូវការពារមូលហេតុនៃជំងឺនេះ ពោលគឺ៖ -ការពារកុំឲ្យកើតជំងឺអំបៅអំបែកត្រចៀក -ពាក់មួកសុវត្ថិភាពដើម្បីការពារកុំឲ្យប៉ះទង្គិចត្រង់ក្បាលជាពិសេសត្រចៀកដោយគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងទៀតគ្រូពេទ្យវះកាត់ត្រង់ត្រចៀកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដល់ត្រចៀកខាងក្នុង។ ជាចុងក្រោយលោកសាស្ត្រាចារ្យក៏បានជូនជាមតិខ្លះផងដែរថា «សូមនិស្សិតទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីឲ្យមានជំនាញច្បាស់លាស់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកុំឲ្យអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសហើយក៏សូមគិតលើក្រមសីលធម៌វិជ្ជាជីវៈឲ្យច្បាស់លាស់។  មួយវិញទៀតចំពោះអ្នកជំងឺវិញសូមមកជួបគ្រូពេទ្យនៅពេលមានបញ្ហាភ្លាមៗសូមកុំទុកឲ្យជំងឺខកពេលក្នុងការព្ព្យាបាលព្រោះវាអាចបណ្តាលឲ្យបាត់បង់ជីវិតហើយសូមមកជួបគ្រូពេទ្យតាមជំនាញរបស់គាត់ដូចជាបើឈឺត្រង់ត្រចៀក ច្រមុះ បំពង់ក ត្រូវទៅរកគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ បំពង់ក តែបើមានបញ្ហារោគស្ត្រីត្រូវទៅជួបគ្រូពេទ្យរោគស្រ្តីវិញ»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំឈ្មោះ ត.យ.អ អាយុ ២៤ឆ្នាំ ទម្ងន់៤៥គីឡូក្រាម កម្ពស់១.៥៧ម៉ែត្រ ជានិសិ្សត។ នាង ខ្ញុំធ្លាប់ឈឺភ្នែកហើយមើលមិនសូវច្បាស់ទេទើបខ្ញុំប្រើប្រាស់វ៉ែនតាជំនួយ។ បច្ចុប្បន្ន នាងខ្ញុំឆាប់ហូរទឹក ភ្នែកហើយឧស្សាហ៍ឈឺក្បាល និងឈឺភ្នែកនៅពេលសម្លឹងយូរ។ ម្យ៉ាងទៀត ភ្នែកខ្ញុំកាន់តែពិបាកមើល ជាងមុនទាំងរបស់នៅជិត និងនៅឆ្ងាយ។ តើការហូរទឹកភ្នែកជារោគសញ្ញានៃការឡើងដឺក្រេមែនទេឬក៏ មានបញ្ហាអ្វីផ្សេងទៀត?  នៅពេលដែលខ្ញុំមើលអ្វីដោយនឹង មិនកំរើកខ្ញុំអាចមើលច្បាស់ប៉ុន្តែខ្ញុំងាក ឬ ក្រឡេកមើល ខ្ញុំមានអារម្មណ៍វិលមុខ តើមកពីមូលហេតុអ្វី? ចម្លើយ ៖ ជាដំបូង ត្រូវដឹងថាវ៉ែនតារបស់ប្អូនវាស់តាំងពីពេលណាមក។ ជាធម្មតា អ្នកពាក់វ៉ែនតា ត្រូវពិនិត្យភ្នែកឡើងវិញរាល់៦ខែម្តង ការហូរទឹកភ្នែកស្តែងថាភ្នែករបស់ប្អូនកំពុងតែប្រឹងសម្លឹងហើយ ព្រោះពេលសម្លឹងភ្នែករបស់យើងគឺមិនព្រិចទេ (ធម្មតាភ្នែករបស់យើងនឹងព្រិច១៦ដងក្នុងមួយនាទី) ធ្វើឲ្យភ្នែកស្ងួតហើយទឹកភ្នែកត្រូវបញ្ចេញដើម្បីផ្សើមភ្នែក។ នេះបង្ហាញថាភ្នែកប្អូនកំពុងប្រឹងសម្លឹង(វ៉ែន-តាមានបញ្ហាឬភ្នែករបស់ប្អូនវិវឌ្ឍឡើងដឺក្រេ)។ ហេតុនេះ ប្អូនគួរទៅជួបជាមួយគ្រូពេទ្យជំនាញភ្នែកដើម្បីពិនិត្យមើលបញ្ហាផ្សេងៗ និងត្រូវទៅដូរវ៉ែនតាតាមដឺក្រេភ្នែក។ រីឯការវិលមុខរបស់ប្អូនទាក់ទងនឹងការប្រើវ៉ែនតាខុសដឺក្រេ ព្រោះវ៉ែនតាប្រភេទដក(Lentil Minus)  ពេលពន្លឺចាំងចូលជាពន្លឺចំណាំងផ្លាតទាំងស្រុង។ បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ វេជ្ជបណ្ឌិត ប៉ោក ធន ប្រធានសមាគមភ្នែកអាណត្តិ២០១៤-២០១៦ និងបញ្ចប់នៅឆ្នាំ២០១៧  

Share

សំណួរ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២។ ខ្ញុំធ្លាប់ឃើញចាស់ៗច្របាច់ក្រូចឆ្មារចូលក្នុងភ្នែករបស់ទារកដែលទើបនឹងកើត។ ពួកគាត់និយាយថា វាអាចជួយឲ្យក្មេងនោះមិនឧស្សាហ៍ឈឺភ្នែកដូចអ្នកដទៃ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ចម្លើយ៖ ទម្លាប់ដែលបានរៀបរាប់ខាងលើ ជាការយល់ខុស។ ជាធម្មតា ភ្នែករបស់ក្មេងដែលទើបនឹងកើត មិនអាចបន្តក់ទឹកក្រូចឆ្មារចូលបានទេ ព្រោះនៅក្នុងក្រូចឆ្មារមានជាតិអាស៊ីត។ ដូចនេះ ពេលដាក់ចូលទៅក្នុងភ្នែក អាចឲ្យរលាកកញ្ចក់ភ្នែក ឬភ្នាសភ្នែក ដែលអាចធ្វើឲ្យក្មេងពិការភ្នែកបាន។ តាមពិតទៅ ក្មេងដែលទើបនឹងកើតមក ភ្នែករបស់គាត់ល្អស្អាត គ្មានបញ្ហាអ្វីទេ លើកលែងតែក្មេងដែលមានជំងឺតំណពូជប៉ុណ្ណោះ។ ប៉ុន្តែ ឆ្មបអាចនឹងប្រើថ្នាំបន្តក់ពពួកថ្នាំអង់ទីប៊ីយ៉ូទិចដើម្បីចៀសវាងការបង្ករោគ ក្នុងករណីដែលទារកអាចនឹងឆ្លងមេរោគពីម្តាយនៅពេលសម្រាលដូចជា ពពួកបាក់តេរី ឬមេរោគប្រមេះ។  តាមការសំណូមពររបស់គ្រូពេទ្យភ្នែក យើងបានធ្វើការណែនាំដល់ឆ្មបលើការពិនិត្យមើលលក្ខណៈភ្នែករបស់កុមារដូចជាមើលទៅលើភាពពេញលេញរបស់ភ្នែក ត្របកភ្នែក គ្រាប់ភ្នែក និងប្រស្រីភ្នែក។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពត។ រាល់ព្រឹក ពេលខ្ញុំដុសធ្មេញ ខ្ញុំតែងតែមានអារម្មណ៍ចង់ក្អួតជានិច្ច ហើយអាការៈនេះកើតមានប្រមាណ ៦ខែ។ តើនេះជាបញ្ហាអ្វីដែរ? ចម្លើយ ៖ ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

សំណួរ៖ នាងខ្ញុំអាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។ រាល់ពេលជិតដល់ម៉ោងបាយម្តងៗ ខ្ញុំចេះតែក្រហាយត្រង់ចុងដង្ហើម តែពេលបានញ៉ាំបាយរួចស្រាប់តែបាត់ទៅវិញ។ តើនេះមកពីមូលហេតុអ្វីដែរ?ហើយត្រូវព្យាបាលដូចម្តេចដែរ? ចម្លើយ៖ ចំពោះករណីរបស់ប្អូន គេហៅថាការឈឺដោយសារឃ្លាន (painful hunger) ដែលវាជាសញ្ញាទាក់ទងនឹងក្រពះ។ វាអាចបណ្តាលមកពីជំងឺរលាកក្រពះ ដំបៅក្រពះឬក្រពះខ្សោយ។ វាអាចបាត់ទៅវិញនៅពេលប្អូនបរិភោគអាហារ ឬអាចបាត់ពេលប្អូនប្រើថ្នាំក្រពះប្រភេទកញ្ចប់សម្រាប់បឺត នោះបញ្ជាក់ច្បាស់ថាប្អូនមានបញ្ហាក្រពះហើយ។ ហេតុដូចនេះហើយ ចូរប្អូនមកជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះនិងព្យាបាល។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

សំណួរ ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងបញ្ហាបំពង់ក គឺថាតែងតែមានស្លេស្មនៅជាប់បំពង់កជានិច្ច ទោះបីខ្ញុំមិនមានអាការៈក្អក ឬឈឺបំពង់កក៏ដោយ ហើយពេលខ្លះមានស្លេស្មច្រើនទៀតផង បន្ទាប់ពីខ្ញុំបានញុំាអាហារមានរសជាតិផ្អែមៗរួច។ តើនេះបណ្តាលមកពីបញ្ហាអ្វី? ចម្លើយ៖ ជាទូទៅ វាច្រើនទាក់ទងនឹងការអាលែ្លកហ្ស៊ីទៅនឹងអាហារដែលយើងបរិភោគដូចជាអាហារផ្អែម ហិរ ប្រៃ ផ្អាប់ ទឹកកកជាដើម។ ជាក់ស្តែង ករណីរបស់ប្អូនគឺទាក់ទងទៅនឹងការអាល្លែកហ្ស៊ីនឹងអាហារផ្អែម ដែលនាំឲ្យមានការបញ្ចេញស្លេស្ម (mucus) ចេញមកច្រើន ដោយស្រទាប់ជាលិកាសើម(mucusa layer) របស់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះប្អូនគ្រាន់តែចៀសវាងនូវអាហាររសជាតិផ្អែម ឬសារធាតុដែលជាមូលហេតុនៃអាល្លែកហ្ស៊ីនោះតែម្តង។ ម្យ៉ាងទៀត ការអាល្លែកហ្ស៊ី ក៏អាចបណ្តាលឲ្យមានការកកើតនូវគ្រាប់សាច់លើជញ្ជាំងបំពង់ក ដែលហៅថា Pharyngranulation ដែលជាមូលហេតុនៃការបញ្ចេញស្លេស្មប្រចាំ ស្ងួតបំពង់ក និងក្អកផងដែរ ដែលក្នុងករណីនេះទាមទារឲ្យមកជួបវេជ្ជបណ្ឌិតផ្នែក ENT ដើម្បីធ្វើការបំបែកគ្រាប់សាច់នោះចេញ(Cauterisation)។ សូមជម្រាបផងថា ករណីប្រើប្រាស់ថ្នាំដើម្បីការពារអាលែ្លកហ្ស៊ីទុកជាមុន ពពួកantihistamine អាចធ្វើទៅបាន ប៉ុន្តែមិនអាចការពារបាន100%នោះទេ ដូចនេះបើដឹងថាមានអាល្លែកហ្ស៊ីជាមួយរបស់ណាមួយនោះយើងត្រូវឈប់បរិភោគឬ ក៏ឈប់ប្រើប្រាស់របស់ទាំងនោះ យើងអាចចៀសផុតពីជំងឺទាំងនោះបាន។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ៖ ខ្ញុំបាទឈ្មោះ វិសិដ្ឋ អាយុ២២ឆ្នាំម កពីរាជធានីភ្នំពេញ។ ចាប់ពីខ្ញុំមានអាយុ១២ឆ្នាំមក តែងមានអាការៈវិលមុខ នៅពេលដែលអង្គុយឱនមុខចុះក្រោម តែវាបាត់ទៅវិញ នៅពេលដែលខ្ញុំសម្ងំគេង។ ចាស់ៗនៅម្តុំផ្ទះខ្ញុំតែងនិយាយថា វាជាជំងឺឬសដូងវិល។ តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះបញ្ហានេះ? ចម្លើយ៖ អាការៈនេះគឺអាចបណ្តាលមកពីវិបត្តិនៃចរន្តឈាមដែលបញ្ជូនមកផ្នែកត្រចៀកខាងក្នុង ពិសេសគឺសរសៃវិញ្ញាណទី៨ ដែលជាហេតុធ្វើឲ្យមានអតុល្យភាពនៃចរន្តឈាមនៅក្នុងត្រចៀក ហើយអតុល្យភាពនេះផ្ទាល់អាចបណ្តាលឲ្យមានអាការៈវិលមុខកើតឡើង ឬអាចព្រមជាមួយនឹងអាការៈផ្សេងៗមួយចំនួនដូចជា ការថយចុះសមត្ថភាពក្នុការស្តាប់ កាណែន ឬហឹងត្រចៀក ជាដើម។ ហេតុនេះ ដំណោះស្រាយល្អគឺប្អូនគប្បីធ្វើការផ្លាស់ប្តូរចលនាយឺតៗ និងថ្នមៗ មិនថាជាការក្រោកឈរ ការងាកខ្លួន ឬឱនចុះឡើយ ដើម្បីឲ្យចរន្តឈាមរត់នៅពេលផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយមានតុល្យភាពនឹងគ្នាល្អសិន។ ក្រៅពីនោះ ការហាត់ប្រាណជាប្រចាំក៏អាចជួយឲ្យប្អូនមានចរន្តឈាមរត់ស្មើល្អឡើងវិញផងដែរ។ ចំពោះពាក្យនិយាយថា មានជំងឺឬសដូងវិលជាពាក្យនិយាយតគ្នាប៉ុណ្ណោះ។ ក៏ប៉ុន្តែការសិក្សាបានបង្ហាញថា មានជំងឺឬសដូងច្រមុះ(nasal polyps) ដែលធ្វើឲ្យអ្នកជំងឺមានរោគសញ្ញា តឹងច្រមុះម្ខាង ឬសងខាង អត់ធុំក្លិន ឈឺក្បាល ថប់ដង្ហើម ឬអាចឲ្យវិលមុខខ្លះដែរ។ ដូចនេះ ដើម្បីឲ្យដឹងពីរោគសញ្ញា ឬក៏ជំងឺពិតប្រាកដនោះ ប្អូនគួរតែមកជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យឲ្យបានច្បាស់ ចៀសវាងទៅទិញថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ តាមករណីរបស់ប្អូន ខ្ញុំគិតថាវាទាក់ទងនឹងវិបត្តិនៃចរន្តឈាមច្រើនជាង (ដោយសារតែអាការៈរបស់ប្អូនបានធូស្រាលនៅពេលប្អូនសម្រាក)។ ទោះយ៉ាងណាក៏ដោយ ប្អូនគួរតែទទួលបានការពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ មុននឹងសន្និដ្ឋានថាជាជំងឺណាមួយ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត កៅ សែ នាយផ្នែកផ្ទាល់ខាង ត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share
Top