Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) បានរៀបចំការប្រគុំតន្រ្តី «JAMES JI 2017 ASEAN TOUR» ដ៏ធំមួយនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមវត្តមានកំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានវត្តមាននៃប្រិយមិត្តចូលរួមគាំទ្រ និងទស្សនាយ៉ាងច្រើនកុះករ។ លោកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានឲ្យដឹងថា ក្រុមការងារលោកស្រីបានអញ្ជើញ កំពូលតារា James Jirayu តាមការសំណូមពរយ៉ាងច្រើនពីប្រិយមិត្តកម្ពុជា ស្របពេលតារារូបនេះមានគម្រោងបើកការប្រគុំតន្រ្តីនៅប្រទេសមួយចំនួននៅអាស៊ី ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលកម្ពុជាជាប្រទេសដំបូងក្នុងព្រឹត្តការណ៍តន្រ្តីទេសចរណ៍អាស៊ាន ២០១៧របស់លោក។ លើសពីនេះទៅទៀត លោកJames Jirayu និងក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន បាននាំអំណោយផ្តល់ជូនដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃ«អង្គការគ្រួសារថ្មី»ផងដែរ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារារូបនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗជាច្រើនរបស់ TV3 និងTVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមការសំណូមពរពីប្រិយមិត្ត និងអ្នកគាំទ្ររាប់លាន់នាក់។ Photo Credit : PNN

Share

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលបានប្រព្រឹត្តឡើងរយៈពេល4ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) កន្លងទៅនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស-និស្សិត សាធារណជន និងជនបរទេសជាច្រើនម៉ឺននាក់ ក្នុងគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ។  ជាការរំលឹកផងដែរ មហោស្រពគីហ្សូណានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្លាស់ប្តូររវាងវប្បធម៌ជប៉ុន និងកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ន ដែលប្រធានបទនៅក្នុងឆ្នាំនេះគឺ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់តាមរយៈជើងហោះហើរត្រង់ ពោលគឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។ មហោស្រពគីហ្សូណាឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយសារតែឃើញមានដៃគូសហការជាច្រើនបានចូលរួម ដូចជាបណ្តាស្ថាប័ន និងក្រុមហ៊ុនតាមវិស័យផ្សេងៗ ដោយមានការតាំងបង្ហាញផលិតផលតាមស្តង់ដូចជា សិល្បៈ ម្ហូប តំបន់ទេសចរណ៍ ភេសជ្ជៈ និងសិប្បកម្ម ដែលធ្វើឲ្យមានភាពងាយស្រួល ប្លែកភ្នែក និង ជម្រើសជាច្រើនដល់ទស្សនិកជនដែលមកទស្សនា។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺមានវត្តមានរបស់សិល្បករល្បីៗនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ដូចជា លោក ថេណា និង ក្រុមសិល្បករវ័យក្មេងល្បីឈ្មោះ Tempura Kidz របស់ប្រទេសជប៉ុនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកម្មវិធីមហោស្រពគីហ្សូណា ក៏មានវគ្គបង្ហាញសិល្បៈវប្បធម៌ដូចជា ចាប៉ីដងវែង ល្ខោនខោលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងមហោស្រពឆ្នាំនេះពិតជាមានការទាក់ទាញយ៉ាងខ្លាំង ដោយឃើញមានផ្ទាំងគំនូរពីរផ្ទាំងបន្ថែមទៀតដូចជា ដើមសាគូរ៉ាដ៏រ៉ូមែនទិក និង គំនូរបែបវប្បធម៌ចំរុះជប៉ុន អមជាមួយនឹងរូបគំនូរឆ្នាំមុន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យដែលចូលចិត្តថតរូប។ លើសពីនេះទៅទៀត ការរៀបចំឆ័ត្រសម្រាប់អមផ្លូវ និងមានពន្លឺតិចៗ នៅពេលដែលមេឃព្រលប់កាន់តែធ្វើឲ្យកម្មវិធីកាន់តែមានភាពរ៉ូមែនទិក។ នាពេលល្ងាច ក៏មានផងដែរនូវកម្មវិធីរាំលេងកម្សាន្តជាមួយនឹងបទចម្រៀងកម្ពុជា និងជប៉ុនដែលមានភាពសប្បាយរីករាយជាខ្លាំង។ ជាមួយគ្នានេះផងដែរ មហោស្រពគីហ្សូណាអាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA និង ក្រុមហ៊ុនភេសជ្ជៈលេខ១ពីប្រទេសជប៉ុន Aquarius ព្រមទាំងចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាច្រើនទៀតផងដែរ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center ប្រចាំកម្ពុជា ក្រោមការគាំទ្រពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ បើមិនទាន់បានចូលរួមឆ្នាំនេះ អាចចូលរួមលេងកម្សាន្តឆ្នាំក្រោយៗទៀតក៏បាន...

Share

ចំណីអារម្មណ៍ប្លែកដែលជាស្នាដៃនិពន្ធថ្មីក្នុងខ្សែភាពយន្តរឿង «ខូចចិត្តអាជីព» ដែលជាប្រភេទខ្សែភាពយន្តបែបស្នេហាអន្លង់អន្លោច ផ្អែមល្អែម រ៉ូមែនទិចរវាងកំលោះសង្ហា លី វ៉ាហេត និងតារាសម្តែងស្រីរូបស្រស់ដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី តាមរយៈការបញ្ចេញរូបភាពបែបរ៉ូម៉េនទិចលើបណ្តាញសង្គម បានអង្រួនចិត្ត និងបេះដូងយុវវ័យ ព្រមទាំងអ្នកគាំទ្រឲ្យទន្ទឹងរង់ចាំទស្សនារឿងនេះជាខ្លាំងលំដាប់ថា«យូរយ៉ាងណាក៏ចាំ»។ ធ្លាប់ខូចចិត្តនឹងរឿងស្នេហាដែរទេ? ច្បាស់ណាស់ថា ស្ទើរតែ៨០% ប្រាកដជាជៀសមិនផុតពីការខូចចិត្តទេ... ចុះធ្លាប់គិតថាខ្លួនឯងនឹងឈប់មានស្នេហាដែរឬទេ? តើម្នាក់ៗមានវិធីអ្វីខ្លះ ដើម្បីឲ្យខ្លួនឯងឈប់ខូចចិត្ត? មានអ្នកខូចចិត្តជាច្រើន តែងតែបង្ហោះសារ និង រូបភាពខូចចិត្ត តាមបណ្តាញសង្គមហ្វេសប៊ុក ចុះដែលសួរខ្លួនឯងអត់...«ធ្វើបាបខ្លួនឯងចឹង ដោះស្រាយបញ្ហាបានទេ?» ប្រាកដហើយបានត្រឹមស្បើយចិត្តបន្តិចហ្នឹង!!! មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ខូចចិត្តរឿងស្នេហា អ្នកខ្លះខូចចិត្តខ្លាំងដល់ទៅជាឆ្កួត      ខ្លះក៏សម្លាប់ខ្លួន ខ្លះក៏ខូចមនុស្សម្នា ខ្លះទៀតក៏ព្យាយាមធ្វើជាអ្នកផ្សេង។ សួរទៅវិញ ធ្វើអញ្ចឹងធ្វើអី ? ពេលខ្លះយើងមិនចាំបាច់ប្រឹងរត់តាមនរណាម្នាក់ ហើយក៏មិនបាច់សួរខ្លួនឯងថា «WHY NOT ME?» ព្រោះថាបើដល់ពេលស័ក្តិសម យើងនឹងជួបមនុស្សដែលយើងស្រឡាញ់ ហើយម្នាក់នោះក៏ស្រឡាញ់យើងដែរ និយាយទៅ គឺ«មនុស្សគ្រប់គ្នាកើតមកមានគូ» នេះជាច្បាប់ធម្មជាតិ ហើយបុរសម្នាក់នោះហើយ ជាព្រះបុត្រា ជាថ្នាំបំបាត់ភាពខូចចិត្ត។ ចង់ដឹងឲ្យកាន់តែច្បាស់ថា«ការខូចចិត្តអាចធ្វើឲ្យយើងផ្លាស់ប្តូរខ្លួនឯងឲ្យរឹងមាំបានកម្រិតណា? »ស្នេហារយលានឈឺចាប់បូកផ្សំនឹងភាពផ្អែមល្អែមដូចស្ករ ដែលបង្កប់ក្នុងសាច់រឿង «ខូចចិត្តអាជីព» ដែលតួឯកស្រីជាមនុស្សធ្លាប់ឈឺចាប់នឹងរឿងស្នេហាជាច្រើនលើកច្រើនសាររហូតដល់ផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សប្រុសដែលបន្លំខ្លួនក្នុងក្រុមបាល់ទាត់មួយក្រុមរហូតបានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ដែលអាចព្យាបាលបេះដូងរបស់នាងឲ្យស្គាល់អ្វីទៅហៅថា«ស្នេហ៍ពិត»។ ដូច្នេះ...រង់ចាំទស្សនារឿងខូចចិត្តអាជីពទាំងអស់គ្នា... ចង់ដឹងថាបុរសម្នាក់នោះមានវិធីសាស្រ្ត និងចំណុចពិសេសអ្វីខ្លះដែលអាចធ្វើឲ្យនារីម្នាក់ដែលខ្លាចស្នេហា ត្រលប់ទៅជឿជាក់លើស្នេហាវិញបាន?

Share

ពីមុន បើប្រាប់គេថាអ្នកចូលចិត្តអានសៀវភៅ ដូចជាមិនមានអ្វីប្លែកប៉ុន្មានទេ ប៉ុន្តែបច្ចុប្បន្នគឺពិតជាប្លែក។ សម័យដែលរាល់គ្នាមានសកម្មភាព និងនិន្នាការប្លែកៗជាច្រើន ឯបច្ចេកវិទ្យាក៏កាន់តែទំនើប តើមានអ្នកណាខ្លះនៅតែចូលចិត្តចំណាយពេលវេលាជាមួយសៀវភៅ? ប៉ុន្តែការអានត្រូវបានជម្រុញ និងលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់ស្ថាប័ន អង្គការនានា ជាពិសេសយុវជនជាច្រើននៅតាមសាលា និងសហគមន៍ ដោយបង្កើតជាក្លឹបសម្រាប់អ្នកអាន និងសកម្មភាពផ្សេងៗ។ រីឯវត្ដមាននៃបណ្ណាល័យជាច្រើនដែលបើកជាសេរីដល់អ្នកអាន ក៏ដូចជាបណ្ណាល័យចល័តនានានៅតាមសហគមន៍ក៏បញ្ជាក់អំពីការលើកទឹកចិត្តឲ្យមានការអានផងដែរ។ ជាពិសេស យុវជនគំរូមួយចំនួនបានកា្លយជានិមិត្តរូបរបស់មិត្តយុវវ័យ ក៏ដូចជាប្រជាជនទូទៅតាមរយៈការអានរបស់ពួកគេទៀតផង។ ជាលទ្ធផល ការអានហាក់ដូចជាបានទទួលការគាំទ្រយ៉ាងខ្លាំងពីមនុស្សសម័យថ្មីតែម្តង។ ជុំវិញ trend ថ្មីនេះដែរ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យុវជនគំរូមួយរូបគឺលោក លី តារា ជាមួយនឹងបទពិសោធន៍នៃការអានសៀវភៅបានដល់ទៅ៧៧៩ក្បាលក្នុងរយៈពេល៣ឆ្នាំ ដែលពេលនេះ លោកនឹងចូលរួមចែករំលែកដល់អ្នកទាំងអស់គ្នា តាមរយៈ ហេលស៍ថាម ទាក់ទិននឹងបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ ហេលស៍ថាម៖    តើអ្វីទៅដែលគួរឲ្យចាប់អារម្មណ៍អំពីការអាន? តារា៖ គឺវាបង្រៀនឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលចេះគិតគូរច្រើនជាងមុន ព្រមទាំងចេះវែកញែកវិភាគនូវរឿងរ៉ាវកើតឡើងចំពោះសាច់រឿង  ជាពិសេសខ្លឹមសារនីមួយៗក្នុងសៀវភៅ  ដោយពេលខ្លះគ្រាន់តែជួបប្រទះនូវពាក្យអ្វីមួយ យើងអាចគិតភ្លាមៗជាក់ស្តែងមកក្នុងស្ថានភាពដែលយើងកំពុងរស់នៅ ហើយយកមកអនុវត្តដើម្បីឲ្យការរស់នៅកាន់តែល្អប្រសើរ។ ភាពវៃឆ្លាត និងរហ័សរហួនទាំងនេះសុទ្ធតែបានមកពីការអានសៀវភៅច្រើន។ ហេលស៍ថាម៖ តើការអានប្រកបដោយប្រសិទ្ធភាពគួរតែមានលក្ខណៈបែបណា? តារា៖ ប្រសិទ្ធភាពនៃការអានមានកត្តា៣សំខាន់ៗ៖ ល្បឿន ការយល់ និងការចងចាំ។ អ្នកចាប់ផ្តើមអានដំបូងគឺមានការពិបាកបន្តិចដើម្បីឲ្យកត្តាទាំង៣នោះមានលំនឹង ដូច្នេះអ្នកគួរកុំខ្វល់ច្រើន គួររៀនជាសន្សឹមៗ ឬក៏អាចចាប់ផ្តើមអនុវត្តនូវចំណុចណាមួយខាងលើសិន។ ហេលស៍ថាម៖ វិធីសាស្រ្តអ្វីដែលតារាប្រើ   ដើម្បីបង្កើតទម្លាប់អានបានប្រសើរយ៉ាងនេះ? តារា៖ ដើម្បីបង្កើតឲ្យបានទម្លាប់អានមួយជោគជ័យគឺយើងត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់អំពីសារប្រយោជន៍បន្ទាប់ពីអានសៀវភៅ។ ហើយអ្វីដែលជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំកន្លងមក គឺខ្ញុំមានវិធីសាស្រ្ត ជំពាក់ខ្លួនឯង។ ជារឿយៗ យើងអាចនឹងមិនអានឲ្យចប់នូវអ្វីដែលយើងបានកំណត់ទុកនោះទេ ដូចនេះយើងអាចជំពាក់ទំព័រ ឬសៀវភៅដែលយើងកំពុងអានបាន។ ឧទាហរណ៍ យើងកំណត់ថាក្នុងមួយអាទិត្យនេះ យើងត្រូវតែអានបញ្ចប់សៀវភៅមួយក្បាលដែលមាន២៥០ទំព័រ តែផ្ទុយទៅវិញ យើងអានចប់បានត្រឹមតែ២០០ទំព័រតែប៉ុណ្ណោះ ដូច្នេះក្នុងអាទិត្យថ្មីយើងក៏ចាប់ផ្តើមអានសៀវភៅថ្មី តែដោយសារតែយើងបានជំពាក់ទំព័រខ្លួនឯងនៅសៀវភៅចាស់ ដូច្នេះយើងបានពន្លឿនការអានសៀវភៅថ្មីឲ្យឆាប់ចប់ និងអានសងទំព័រសៀវភៅចាស់វិញ។ ស្តាប់ទៅដូចជាត្រូវចំណាយពេលច្រើន អញ្ចឹងយើងក៏គួរតែបង្កើតទម្លាប់អានឲ្យបានរាល់ថ្ងៃ គ្រប់នាទីដែលយើងគិតថាអាចអានសៀវភៅបានដូចជាមុនពេលញុំាបាយ និងរង់ចាំមិត្តភក្តិជាដើម។ ដោយឡែក អ្នកអានច្រើនចូលចិត្តសេរីភាព មិនចូលចិត្តដាក់សម្ពាធ ដូច្នេះការទម្លាប់អានតាមសម្រួល មិនបង្ខំ អាចធ្វើឲ្យការអានមានការរីកចម្រើន និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ។ ហេលស៍ថាម៖ រហូតមកដល់ពេលនេះ តើតារាបានទទួលបានអត្ថប្រយោជន៍អ្វីខ្លះហើយពីការអាន? តារា៖ តាមបទពិសោធន៍អានកន្លងមក    ខ្ញុំបានទទួលអត្ថប្រយោជន៍ច្រើនដែលខ្ញុំមិនធ្លាប់ដឹងពីមុន តួយ៉ាងខ្ញុំលែងមានអារម្មណ៍ថាខ្លាចគេ ព្រោះជាធម្មតានៅក្នុងបរិបទសិក្សា ឬការងារតែងមានការប្រកួតប្រជែង តែដោយសារខ្ញុំបានអានសៀវភៅច្រើនដូច្នេះខ្ញុំដឹងអ្វីច្រើនដែលមិនបានបង្រៀននៅក្នុងសាលា ឬជួបប្រទះផ្ទាល់។ មិនតែប៉ុណ្ណោះខ្ញុំក៏បានយកចំណេះដឹងទាំងប៉ុន្មានមកចែករំលែកទៅអ្នកផ្សេង ក៏ដូចជាអាជីពការងាររបស់ខ្ញុំ និងជាអ្នកដឹកនាំយុវជន២០០នាក់ដែលចូលចិត្តអានសៀវភៅផងដែរ។ ហើយខ្ញុំក៏ជឿជាក់ថា  នៅថ្ងៃអនាគតបទពិសោធន៍ទាំងនេះអាច ជួយខ្ញុំក្នុងការប្រកបមុខរបរ ឬអាជីវកម្មផ្សេងៗដូចគ្នាដែរ។ ហេលស៍ថាម៖ ចូលចិត្តអានយ៉ាងនេះ តើមានអ្នកណាជាអ្នកជម្រុញទឹកចិត្តដែរឬទេ? តារា៖ គ្មានអ្នកណាក្រៅពីខ្លួនឯងនោះទេ។ ហេលស៍ថាម៖ អញ្ចឹង តើតារាគិតថាអាចជួយជម្រុញទឹកចិត្តអ្នកដទៃឲ្យចូលចិត្តអានតាមរបៀបណា? តារា៖ ចំណុចសំខាន់បំផុតគឺបង្ហាញពីអត្ថប្រយោជន៍នៃការអានប្រសើរជាងការនិយាយប្រាប់ឲ្យគេធ្វើតាមយើង។ ហេលស៍ថាម៖ អ្នកអានដ៏ល្អម្នាក់គួរមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? តារា៖ អ្នកអានដ៏ជោគជ័យ និងល្អម្នាក់គួរតែមានការប្តេជ្ញាខ្ពស់ក្នុងការចង់រៀនរបស់ថ្មី បន្ទាប់មកចែករំលែកចំណេះដឹងដល់អ្នកដទៃ ទើបអាចញុំាងឲ្យគាត់កាន់តែចង់អាន ចង់ចេះបន្ថែមទៀត។ ហេលស៍ថាម៖ តារាចង់ផ្តល់សារទៅដល់មិត្តអ្នកអាន និងមិត្តចង់អានយ៉ាងដូចម្តេចខ្លះ? តារា៖ សូមលើកទឹកចិត្តឲ្យយុវជនទាំងអស់ចូលរួម Community អានជាមួយអ្នកដទៃឲ្យបានច្រើន ព្រមទាំងចេះចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ហើយព្យាយាមបង្កើតទម្លាប់អានដោយខ្លួនឯង ទោះបីមានភាពមមាញឹកជាមួយកិច្ចការផ្សេងៗក៏ដោយ ព្រោះការអានពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដែលនឹកស្មានមិនដល់។

Share

ហួសពីថ្ងៃ១៤កុម្ភៈនេះ បើមើលទៅនៅតែរកពន្លឺអីមិនឃើញទៀត  (អត់មានអ្នកសារភាពឬក៏គេបដិសេដអីហ្នឹង)   គ្នាយើងខ្លះគួរតែទៅលេងសារមន្ទីរម្តងហើយ ទៅរកកន្លែងសមរម្យទុកឲ្យហើយនោះអី!    និយាយលេងទេ… តែក៏ដូចមែនដែរ  ព្រោះថាអ្នកខ្លះនៅភ្នំពេញយូរហើយ  តែមិនដឹងសារមន្ទីរជាតិបែរមុខទៅខាងណាផង។ ឥឡូវ ចុងសប្តាហ៍ហ្នឹង ទំនេរៗកុំយកពេលគិតច្រើននាំតែសៅហ្មងចិត្ត  ទៅទស្សនាសារមន្ទីរជាតិកម្ពុជាម្តងទៅ  យ៉ាងហោចណាស់អ្នកនឹងអាចចាស់ចិត្ត ចាស់គំនិតខ្លះ ហើយក៏អាចមានអារម្មណ៍ប្លែកៗដែលមិនធ្លាប់មានផងដែរ។  ជឿចុះវាមិនត្រឹមផ្តល់ចំណេះដឹងដល់អ្នកហើយអ្នកក៏នឹងមិនធុញទ្រាន់ឡើយ  ដោយសារអ្វីៗនៅទីនោះ ក៏ដូចជាសកម្មភាពជាច្រើនទៀត អាចនឹងធ្វើឲ្យអ្នកពេញចិត្តនឹងចំណាយពេលពេញមួយថ្ងៃនៅទីនោះតែម្តង។   ស្រួលមិនស្រួលអាចនឹងជួបអ្នក single អាជីពដូចគ្នានៅទីនោះផងមិនដឹង… •ទីតាំង៖ ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំព្រះបរមរាជវាំងដែលមានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ១៧៨ ខាងត្បូងជាប់ទៅនឹងផ្លូវ ១៨៤ និងខាងកើតជាប់នឹងផ្លូវ ១៣ •កាលវិភាគបើកបិទ៖ មានបើកឲ្យចូលទស្សនាពីម៉ោង ៨ព្រឹកដល់ម៉ោង  ៥ល្ងាចជារៀងរាល់ថ្ងៃរួមទាំងចុងសប្តាហ៍ផងដែរ •លក្ខខណ្ឌក្នុងការចូលទស្សនា ៖  សម្រាប់ភ្ញៀវខ្មែរ ត្រូវចំណាយត្រឹមតែ៥០០រៀលប៉ុណ្ណោះ និងមិនមានបង់ថ្លៃចំពោះកូនក្មេង និងសិស្សសាលា ខណៈពេលភ្ញៀវបរទេសត្រូវចំណាយ   ៥ដុល្លាក្នុងម្នាក់។ •មានសេវាកម្មមគ្គទេសក៍ផ្ទាល់ខ្លួន ឬជាក្រុមផងដែរ។ ហេតុអ្វីបានជាយើងគួរតែទៅទស្សនាសារមន្ទីរជាតិ? ជាមួយនឹងអាយុកាលជិតមួយសតវត្ស(សាងសង់ឡើងនៅកំឡុងឆ្នាំ១៩១៧ដល់១៩២៤)   និងរចនាបថដ៏បុរាណ ព្រមទាំងជាកន្លែងដ៏សំខាន់ជាងគេក្នុងការតម្កល់នូវវត្ថុមានតម្លៃ   និងវត្ថុប្រវត្តិសាស្ត្រជាច្រើន សារមន្ទីរជាតិអាចចាត់ទុកជាកន្លែងដ៏ទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍សម្រាប់ទេសចរ។ ម្យ៉ាងទៀត ការពិតទៅ វប្បធម៌នៃការចូលទស្សនាសារមន្ទីរ ពិតជាពេញនិយមខ្លាំងណាស់នៅបរទេស ហើយយើងក៏បានឃើញដែរថា មានជនបរទេសជាច្រើនបានចូលទស្សនាសារមន្ទីរជាតិរបស់ខ្មែរ អញ្ចឹងហេតុអ្វីបានជាវាមិនមែនជាអ្វីដែលយើងគួរធ្វើ បើសិនជាវាផ្តល់នូវការយល់ដឹង  ក៏ដូចជាជួយលើកស្ទួយវប្បធម៌ជាតិ និងជាការបង្ហាញអំពីមោទនភាពមួយរបស់យើងផងនោះ? ដោយឡែក  សម្រាប់អ្នកចូលចិត្តទៅទស្សនាសារមន្ទីរទើបដឹងថាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអាចទទួលបានដូចជា ការទទួលបានផ្នត់គំនិតថ្មីៗ ច្នៃពីស្នាដៃចាស់ ជាពិសេសបើអ្នកជាមនុស្សមានគំនិតបែបសិល្បៈ  និងការពង្រីកចំណេះដឹងទូទៅឲ្យបានទូលំទូលាយ ក៏ដូចជាយល់ពីវប្បធម៌នៃការរស់នៅរបស់មនុស្សនាសម័យមុន  តាមរយៈឯកសារជាច្រើនដែលតម្កល់ទុកនៅទីនោះ ព្រមទាំងការទទួលបានឱកាសក្នុងការចូលរួមក្នុងសកម្មភាព និងកម្មវិធីផ្សេងៗដូចជាការតាំងពិព័រណ៍ជាដើម   (ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកអាចចូលគេហទំព័ររបស់សារមន្ទីរផ្ទាល់)។ ក្រៅពីនោះ អ្នកអាចស្គាល់មនុស្សថ្មីៗដែលមានផ្នត់គំនិតចាស់ទុំ ចូលចិត្តស្វែងយល់ និងឲ្យតម្លៃស្នាដៃដូនតា ក៏ដូចជាអាចអនុវត្តចំណេះដឹងទូទៅ    ព្រមទាំងភាសាទំនាក់ទំនងរបស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរផងដែរ។ មិនខ្វះអី្វធ្វើទេនៅសារមន្ទីរ ប៉ុន្តែដែលសំខាន់ៗមិនគួររំលងនោះគឺ… •ដើរមើលវត្ថុបុរាណដើម្បីទទួលបានចំណេះដឹង​ និងកុំភ្លេចកត់ទុក ក៏ដូចជាសួរនាំបន្ថែមនូវព័ត៌មានសំខាន់ៗ (កុំឲ្យថាមកវិញដៃទទេ) •រួចសម្រាកនៅមាត់ស្រះស្រូបខ្យល់បរិសុទ្ធបន្តិចសិន ឬក៏និយាយលេងជាមួយមិត្តភក្តិ •ពេលថ្ងៃត្រង់ និងរសៀល អាចចូលអង្គុយផឹកភេសជ្ជៈ និងញ៉ាំអាហារសិននៅហាងកាហ្វេក្នុងបរិវេណសារមន្ទីរ •ល្ងាចត្រជាក់បន្តិច អ្នកគួរថតរូបលេងនៅតាមបរិវេណជុំវិញកុំឲ្យខកខានឲ្យសោះ ព្រោះទេសភាពនៅសារមន្ទីរជាតិពិតជាអស្ចារ្យ (ប្រយ័ត្នត្រង់បរិវេណហាមមិនឲ្យថតរូប) ជាពិសេសនៅពេលថ្ងៃរាបលិច ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យជាមួយនឹងអគារពណ៌ឈាមជ្រូករបស់សារមន្ទីរពិតជាផ្តល់ឲ្យអ្នកនូវរូបភាពដ៏ល្អឥតខ្ចោះ  ហើយធានាថាអ៊ែម! •អាចចូលមើល   ឬជាវវត្ថុអនុស្សាវរីយ៍ដូចជាចម្លាក់  ផសកាត  ឬសៀវភៅជាដើមដែលមានលក់នៅបរិវេណសារមន្ទីរជាតិ •ពេលល្ងាចចេញមកវិញ   មានអារម្មណ៍ថាអស់កម្លាំងបន្តិច តែអ្នកអាចឆ្លៀតដើរកម្សាន្តនៅជិតៗនោះ ដូចជាតាមមាត់ទន្លេ ឬបរមរាជវាំង ស្រូបខ្យល់បរិសុទ្ធ រកអីញ៉ាំ និងលំហែកាយតែម្តង។ គន្លឹះខ្លះៗសម្រាប់អ្នកចូលទស្សនាសារមន្ទីរកុំឲ្យឆ្គង •អានការណែនាំ និងបម្រាមមុនចូល •មើលស្លាកសញ្ញាណែនាំ (ដូចជាការហាមថតរូប) និងផែនទីនៅក្នុងសារមន្ទីរជាតិ(យ៉ាងហោចណាស់ដឹងថាបន្ទប់ទឹកនៅត្រង់ណាដែរ) •អ្នកគួរមានអាកប្បកិរិយាសមរម្យ កុំច្រងេងច្រងាង និងឡូឡា ចៀសវាងធ្វើឲ្យខូចខាតវត្ថុដាក់តាំង ឬប៉ះពាល់ដល់អ្នកទស្សនាដទៃ •បើអ្នកចង់ខ្ចីឯកសារសម្រាប់ធ្វើការស្រាវជ្រាវ ឬចង់បានរូបភាពសម្រាប់ចងក្រង អាចអីុម៉ែលទៅកាន់សារមន្ទីរដើម្បីស្នើយកពាក្យបំពេញ ឬទាក់ទងបុគ្គលិកនៅទីនោះផ្ទាល់ •អ្នកក៏អាចចូលរួមបរិច្ចាគតាមលទ្ធភាព  ដែលថវិកានេះនឹងត្រូវប្រើសម្រាប់ដំណើរការសារមន្ទីរ ការបង្កើតជាកម្មវិធីផ្សេងៗដើម្បីរក្សាទុក និងការពារវត្ថុបុរាណ។ និយាយរួម អ្នកគួរតែទៅសារមន្ទីរជាតិឲ្យបានយ៉ាងហោចម្តងទើបសមជាកុលបុត្រកុលធីតាខ្មែ។ ម្យ៉ាង បានដើរលេងហើយ បានស្វែងយល់ទៀត គឺពិតជាល្អណាស់ ដូចនេះបើមានពេលគួរឆ្លៀតទៅផងណា៎…

Share

ដោយសារពីអត្ថបទមុន យើងបានណែនាំខ្លះៗរួចមកហើយអំពីប្រភេទ និងត្រេននៃការធ្វើដំណើរនៅពេលបច្ចុប្បន្ន ប៉ុន្តែការស្លៀកពាក់យ៉ាងណាឲ្យស័ក្តិសមទៅនឹងដំណើរកម្សាន្តនីមួយៗ គឺជារឿងមួយផ្សេងទៀត។ ជាការពិត ពេលទៅដើរលេងម្តងៗ ដែលខ្វល់ជាងគេគឺសម្លៀកបំពាក់ហ្នឹងហើយ មិនមែនតែដើម្បីថតរូបហ្គោលឲ្យបានស្អាតៗនោះទេ តែក៏ដើម្បីបង្កើនទំនុកចិត្ត ទទួលបានផាសុកភាព   និងជាពិសេសគឺភាពស័ក្តិសមផងដែរ។ តែនិយាយដល់រឿងជ្រើសរើសការស្លៀកពាក់ ក៏ធ្វើឲ្យឈឺក្បាលមិនតិចដែរ ហើយក៏មិនអាចលេងសើចបានដូចគ្នា ដូចនេះ កុំប្រាប់ណា៎ថាអ្នកស្លៀកពាក់ស្ទាយដដែលៗ មិនថាទៅដើរលេងបែបណាក៏ដោយ?កុំលេងសើច… ដំណើរកម្សាន្តនៅតំបន់សមុទ្រ ជាមួយនឹងអាកាសធាតុល្អៗ  ខ្យល់ត្រជាក់រួមជាមួយទេសភាពនៃសមុទ្រ  នារីៗអាចជ្រើសរើសយកអាវវាលដៃ រលុងឬរឹបមិនមែនជាបញ្ហាហើយ ស្លៀកជាមួយនឹងខោខ្លី និងអាវស្បៃពីក្រៅ។ ឯបុរសអាចលេងអាវវាលក្លៀក ជាមួយនឹងអាវសាច់ក្រណាត់ពីក្រៅ ស្លៀកជាមួយនឹងខោខ្លីត្រឹមជង្គង់។ សម្លៀកបំពាក់ទាំងនេះ មិនត្រឹមផ្តល់ផាសុកភាព ស័ក្តិសមនឹងបរិយាកាស តែក៏អាចងាយសម្រាប់ការលេងទឹកផងដែរ។ យ៉ាងណាក៏កុំភ្លេចឲ្យសោះនូវសម្ភារៈមួយចំនួនដូចជាវ៉ែនតាខ្មៅធំៗ មួកស្អាតៗ និងស្បែកជើងផ្ទាត់សម្រាប់ការដើរលេងនៅលើខ្សាច់។ ដំណើរកម្សាន្តបែបកីឡា សំដៅដល់ដំណើរកម្សាន្តដោយជិះកង់ ឬក៏ឡើងភ្នំជាដើម។ អ្នកប្រាកដជាធ្លាប់ឃើញអ្នកដែលធ្វើដំណើរកម្សាន្តប្រភេទនេះក្នុងឈុតសម្លៀកបំពាក់បែបកីឡារាងជិតៗបន្តិច ហើយក៏ភាគច្រើនជាប្រភេទក្រណាត់ដែលមិនជ្រាបទឹក ដែលវាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការពារពីកម្តៅថ្ងៃ ការពារការប្រឡាក់ឬសើម ហើយក៏ជួយរក្សាជាតិទឹកនៅក្នុងខ្លួនបានល្អផងដែរ។ ចំពោះមិត្តនារីៗ អ្នកគួរត្រៀមអាវកាក់សម្រាប់ហាត់កីឡា ពីព្រោះអាវកាក់ដែលអ្នកពាក់រាល់ថ្ងៃមិនផ្តល់ផាសុកភាពគ្រប់គ្រាន់ដល់អ្នកសម្រាប់សកម្មភាពទាំងនេះឡើយ។    ដោយឡែក ការជិះកង់ ឬការឡើងភ្នំទាមទារឲ្យអ្នកត្រៀមផងដែរនូវសម្ភារៈ ព្រមទាំងស្បៀងផ្ទាល់ខ្លួនមួយចំនួន តែក៏មិនអាចយកជាប់ខ្លួនច្រើនពេកដែរ ដូចនេះ អ្នកត្រូវការសាក់កាដូមាំមួយសម្រាប់ដាក់របស់ដែលសំខាន់ៗប៉ុណ្ណោះ។ ដំណើរកម្សាន្តបែបផ្សងព្រេង (Backpacking) វាមិនខុសពីដំណើរកម្សាន្តបែបកីឡា ដោយសារតែអ្នកដំណើរត្រូវដើរច្រើនជាមួយនឹងសាក់កាដូរបស់ខ្លួនទៅកន្លែងជាច្រើន។ ដំណើរកម្សាន្តប្រភេទនេះជារឿយៗត្រូវចំណាយរយៈពេលយូរ ដូចនេះអ្វីដែលអ្នកត្រូវត្រៀមក៏មានច្រើនដែរ និងគ្រប់បែបយ៉ាង។ អ្នកត្រូវមានប្រភេទសម្លៀកបំ-ពាក់លក្ខណៈដើរលេងបែបលំហែ បែបកីឡា និងបែបគេងយប់អាស្រ័យនឹងកាលៈទេសៈ  និងកន្លែងដែលអ្នកទៅដល់។ ក្រៅពីនោះ អ្នកមិនត្រូវភ្លេចអាវ និងខោការពារភ្លៀង ព្រមទាំងស្បែកជើងដ៏រឹងមាំមួយគូផងដែរ។ ដំណើរកម្សាន្តបែប Business អ្វីដែលចាំបាច់ក្នុងដំណើរកម្សាន្តប្រភេទនេះ គឺត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ។ អ្នកត្រូវត្រៀមសម្លៀកបំពាក់ផ្លូវការសម្រាប់ចូលរួមប្រជុំ ឬការពិភាក្សាផ្សេងៗតាមជំនាញរបស់អ្នក ក៏ដូចជាសម្លៀកបំពាក់បែបសាមញ្ញតែថ្លៃថ្នូរទុកសម្រាប់ការចុះអង្កេតទីផ្សារ  ឬទស្សនកិច្ចកន្លែងសាធារណៈណាមួយ។ និយាយរួមវាមិនសូវខុសពីសម្លៀកបំពាក់ទៅធ្វើការឡើយ គ្រាន់តែពេលខ្លះអ្នកក៏អាចលេងស្ទាយបែបលំហែទៅតាមទីកន្លែងដែលអ្នកចុះបេសកកម្មផងដែរ។ ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សា ភាគច្រើនដំណើរទស្សនកិច្ចបែបនេះធ្វើឡើងជាមួយនឹងក្រុមហ៊ុន ឬសាលានានា។ ជួនកាលខាងស្ថាប័ន   មានជាសម្លៀកបំពាក់រួមសម្រាប់អ្នកទស្សនា ប៉ុន្តែពេលខ្លះស្ថាប័នមិនកំណត់។ ដូចនេះក្នុងសកម្មភាពនេះ អ្នកមិនចាំបាច់លេងខ្លួនពេកទេ ទាំងបុរសនិងសុភាពនារី អ្នកអាចពាក់អាវយឺត ជាមួយនឹងខោខូវប៊ូយ ឬសំពត់ បូកនឹងស្បែកជើងប៉ាតាឬផ្សេងៗតាមចំណង់ចំណូលចិត្ត។   ប៉ុន្តែអ្វីដែលសំខាន់ត្រូវដឹងថាអ្នកនៅមានអ្វីធ្វើពេញមួយថ្ងៃ   ដូចនេះការស្លៀកសម្លៀកបំពាក់ត្រូវមានភាពងាយស្រួលក្នុងការបត់បែន។ ដំណើរកម្សាន្តក្នុងក្រុង អាចចាត់ទុកថាជាការដើរលេងធម្មតាដូចជាទៅមើលកុន ដើរផ្សារទំនើប ទិញទំនិញ ទៅញ៉ាំអាហារ រួចថតរូបបង្ហោះក្នុង Facebook អីជាដើម។ ដូចនេះការស្លៀកពាក់គឺនិយាយបានថាហ្រ្វីស្ទាយ(មិនប្រកាន់) ដែលអ្នកអាចស្លៀកពាក់អ្វីតាមរសនិយមរបស់អ្នក ប៉ុន្តែត្រូវប្រាកដថាវាក៏ ទាន់សម័យផងដែរ។ នារីៗជាមួយនឹងរ៉ូបខ្លីៗលើជង្គង់បន្តិច ស្ពាយកូនកាបូប និងពាក់ស្បែកជើងកែងបន្តិច ឬក៏ស្បែកជើងប៉ាតា ជាស្ទាយសាមញ្ញតែពេញនិយម និងមានភាពទាក់ទាញមែនទែន។ ចំណែកបុរសៗវិញ គ្រាន់តែអាវយឺត ឬអាវក្រណាត់កឌុប ពាក់ជាមួយនឹងខោខូវប៊ូយ បូកនឹងស្បែកជើងប៉ាតា ឬស្បែកជើងស្បែកប្រាកដជាអ៊ែម។ ដំណើរកម្សាន្តមានច្រើនប្រភេទ ស្ទាយនៃការស្លៀកពាក់ក៏មានច្រើនបែប ប៉ុន្តែភាពស័ក្តិសមគ្នា (a good matching) មិនមែនកើតឡើងបានគ្រប់ពេលទេ ហើយអ្នកពិតជាត្រូវបន្ស៊ីវាឲ្យល្អទើបមិនបាក់កាលីប។   តែទោះយ៉ាងណា មនុស្សម្នាក់ៗសុទ្ធតែមានអត្តសញ្ញាណផ្ទាល់ខ្លួនដែរ ដូចនេះអ្នកអាចបញ្ចូលស្ទាយជាគោលរបស់អ្នកទៅក្នុងប្រភេទនៃការស្លៀកពាក់នីមួយៗរបស់អ្នកបានដូចគ្នា។

Share

ពេលចំណងស្នេហាផ្អែមល្អែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញ តើអ្នកមានអារម្មណ៍បែបណា? សុភាពបុរសទាំងឡាយប្រាកដជាប្រឈមមុខច្រើននឹងការរករឿងទាំងរឿងតូចរឿងធំ ពីសំណាក់មិត្តស្រីរបស់ខ្លួន ហើយជួនកាលរឿងតូចក៏ក្លាយជារឿងធំនៅពេលដែលអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។ មិត្តនារីតែងតែងយកចិត្តទុកដាក់ និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារសំខាន់ និងតម្លៃរបស់គេចំពោះអ្នក។ តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ? កុំបារម្ភអី...ហេល៍ថាមនឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនឹងវិធីងាយៗ៨យ៉ាងខាងក្រោម... បន្តផ្ញើរសារ ៖ មនុស្សស្រីនឹងមិនចង់លើកទូរស័ព្ទ ឬឆ្លើយតបសារមកកាន់អ្នកឡើយ នៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនឹងចុចមើលទូរស័ព្ទរបស់ខ្លួនជានិច្ច ដើម្បីរង់ចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែផ្ញើសារដោយសរសេរពាក្យថា«សុំទោស» ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្អែម និងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយ ព្រោះនាងកំពុងរង់ចាំអ្នក... បង្ហាញខ្លួនជាមួយនឹងកាដូ ៖ កាដូ និងភាពភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ។ អ្នកអាចទៅចាំនៅមុខផ្ទះ មុខរបងសាលា ឬកន្លែងធ្វើការរបស់នាង ជាមួយនឹងកាដូផ្សេងៗ(ជាបាច់ផ្កា តុក្កតា...) និងកាត«សុំទោស»ដែលបង្ហាញពីទឹកចិត្តរបស់អ្នក នោះនាងនឹងទន់ចិត្ត ហើយអត់ទោសឲ្យអ្នកមិនខាន។ កាតសុំទោស ៖ មនុស្សស្រីចូលចិត្ត ពេលដែលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះ និងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំងពីរជាគូស្វាមីភរិយា ឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាត់នោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រ អេក្រង់ទូរស័ព្ទ ឬទ្វារទូទឹកកកជាដើម។ នាងប្រាកដជាយល់ថាអ្នកគួរឲ្យស្រលាញ់ជាមិនខាន។   ធ្វើកាយវិការប្លែកៗ ៖ ប្រសិនបើគេងរង៉ក់ មិនព្រមនិយាយរកអ្នក ពេលនៅក្បែរគ្នានោះ ចូរព្យាយាមរកនឹករឿងកំប្លែងស្ងួតមកនិយាយ ដើម្បីផ្លាស់ប្តូរបរិយាកាស។ បន្ថែមពីលើនេះ អ្នកក៏អាចធ្វើការអាវ៉ង់ហើយនិយាយពាក្យ«សុំទោស» រាំជាមួយនឹងកាយវិការប្លែកៗ ឬធ្វើមុខបែបកំប្លែងនៅចំពោះមុខនាង   នោះនាងនឹងមិនអាចទប់សំណើចបាន ហើយញញឹមឡើងជាមិនខាន។ ចំណាយពេលខ្លះ ដើម្បីប៉ះប៉ូវ ៖ សុំច្បាប់មួយថ្ងៃ ដើម្បីចំណាយពេលនៅជាមួយគ្នា។ បង្កើតគម្រោងមួយ ដោយរួមបញ្ចូលការទទួលទានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ទៅមើលការប្រគុំតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្តោតលើចំណូលចិត្តរបស់នាង។ ហើយផ្តល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។ និយាយបញ្ជោរ ៖ ការបញ្ជោរ ឬកោតសរសើរ ជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើកសរសើរអំពីគុណសម្បត្តិរបស់នាង មិនថារូបរាងកាយ ឬកិច្ចការងារដែលនាងបានធ្វើ ហើយបន្ថែមនូវអារម្មណ៍អំណរគុណរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នក រួមជាមួយនឹងទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេប្រែជាអៀនមុខក្រហម ហើយភ្លេចពីរឿងងរង៉ក់មិនខាន។   ធ្វើឲ្យនាងរំភើបខ្លាំង ៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្តល់ឲ្យនាងនូវភាពភ្ញាក់ផ្អើលលក្ខណៈខ្លាំងក្លាដូចគ្នា។ វាអាចជាការសុំនាងរៀបការ ពិធីជប់លៀងមួយសម្រាប់រូបនាង កាដូផ្ទាល់ដៃដែលប្រើប្រាស់ពេលវេលា និងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬសំបុត្រដំណើរកំសាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ ក៏អាចជួយសម្រាលនូវកំហឹង ឬអាការៈអន់ចិត្តរបស់នាងដែរ។ ប្រើកែវភ្នែកបរិសុទ្ធ(បែបកំសត់) ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនឹងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខាន ហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។    «មានរបស់ខ្លះ ហួសហើយមិនអាចស្រោចស្រង់វិញបានទេ...ហេតុនេះហើយ ទាន់ពេលដែលមានឱកាស  អ្នកមិនគួរបណ្តោយឲ្យពេលវេលាហួសពេកនោះទេ...ប្រសិនបើគេជាមនុស្សសំខាន់របស់អ្នក កុំធ្វើឲ្យគេពិបាកចិត្តណា៎...»

Share

ការមានចិត្តទៅលើនរណាម្នាក់ជារឿងមួយសាមញ្ញហើយងាយជាទីបំផុត ប៉ុន្តែអ្វីដែលពិបាក គឺថាយើងមិនអាចមើលដឹងពីជម្រៅចិត្តរបស់គេម្នាក់នោះ ថាតើគេមានចិត្តលើយើងវិញឬអត់? ប្រសិនបើអ្នកស្ទាក់ស្ទើរថាគួរបញ្ជាក់ពីអារម្មណ៍របស់ខ្លួនឬអត់ សូមចំណាយពេល៥នាទី ដើម្បីធ្វើការអាននូវចំណុចទាំង៧ខាងក្រោមនេះសិន ហើយសឹមធ្វើការសម្រេចចិត្តថាតើគួរឈានមួយជំហានទៀតទេ៖ •តើកាយវិការរបស់គេប្លែកទេ?   តើគេមានអាកប្បកិរិយាអៀនប្រៀន ពេលនៅក្បែរអ្នកដែរឬទេ? ព្យាយាមពិនិត្យមើលកែវភ្នែករបស់គេ តើគេឧស្សាហ៍ញញឹមមកកាន់អ្នកដោយគ្មានមូលហេតុទេ?ប្រសិនបើគេចែករំលែក ឬឈឺឆ្អាលរឿងរ៉ាវសូម្បីតែរឿងតូចតាចរបស់អ្នក ហើយព្យាយាមនិយាយពីនេះពីនោះរហូត នោះអ្នកមានសង្ឃឹមហើយ។ •តើគេប្រាប់ពត៌មានផ្ទាល់ខ្លួនដល់អ្នកដែរទេ?   ប្រសិនបើគេសុខៗក៏និយាយប្រាប់ពីរឿងផ្ទាល់ខ្លួនរបស់គេដូចជា គ្រួសារ អតីតកាលជាដើមនោះ ជាសញ្ញាមួយដែលបញ្ជាក់ថាគេមានទំនុកចិត្តចំពោះអ្នក ហើយក៏ចង់ឲ្យអ្នកចែករំលែកសេចក្តីសុខ ឬទុក្ខរបស់អ្នកដែរ។ •តើគេឧស្សាហ៍ប៉ះអ្នកដែរឬទេ?   មនុស្សដែលមានអារម្មណ៍ល្អចំពោះអ្នកនឹងប៉ះអ្នកដោយមិនដឹងខ្លួន នេះមិនសំដៅដល់ការលូកលាន់រូបរាងកាយឡើយ អាចជាការប៉ះស្មា ការប៉ះសក់ ការអង្អែលក្បាលជាដើម ទោះបីដោយចេតនា ឬអចេតនាក៏ដោយ។ •តើគេសម្លឹងមើលអ្នកញឹកញាប់ដែរទេ? អ្នកប្រាកដជាព្យាយាមគេចពីកែវភ្នែករបស់គេដោយមានបំណងលាក់បាំងអារម្មណ៍របស់ខ្លួន ដូច្នេះហើយចូរពឹងពាក់មិត្តជិតស្និទ្ធិរបស់អ្នកឲ្យជួយមើលជំនួសវិញ។ ប្រសិនបើគេសម្លឹងមើលអ្នកជាញឹកញាប់ហើយយូរៗនោះ វាជាក្តីសង្ឃឹមមួយទៀតហើយ។ បើចង់ដឹងឲ្យច្បាស់ខ្លួនឯង ត្រូវហ៊ានងាកមើលគេវិញ ពេលដែលមានអារម្មណ៍ថាគេកំពុងសម្លឹងមើលអ្នក បើគេងាកចេញភ្លាមៗនោះ ប្រាកដណាស់ថាគេមានអារម្មណ៍ដូចគ្នាចំពោះអ្នក។ •តើគេមានភាពអៀនប្រៀនទេ ពេលនៅក្បែរអ្នក?   បើឫកពារបស់គេផ្លាស់ប្តូរជាអៀនប្រៀនជាងធម្មតា ពេលដែលមានវត្តមានរបស់អ្នកនោះ ក៏ជាសញ្ញាវិជ្ជមានមួយដែរ។ ប៉ុន្តែសម្រាប់មនុស្សដែលអៀនច្រើន គេនឹងមានអាក្បកិរិយាបែបនោះជាប្រចាំ ហេតុដូចនេះហើយ ត្រូវពិនិត្យមើលចំណុច៦ផ្សេងទៀត ដើម្បីឲ្យប្រាកដចិត្ត។ •តើគេនៅក្បែរអ្នកញឹកញាប់ដែរទេ? តើគេមានចេតនាបង្កើតឱកាសនៅក្បែរអ្នកដែរទេ? តើគេព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេ? ដូចជាការខំប្រឹងនិយាយអំពីអ្វីដែលអ្នកចូលចិត្ត ឬប្រើសម្លេងខ្លាំងៗដើម្បីឲ្យអ្នកបានលឺ? បើគេតែងតែរកលេសតិចតួច ដើម្បីបានជួបអ្នក ដូចជា ខ្ចីរបស់ ពឹងពាក់អ្នកឲ្យធ្វើកិច្ចការអ្វីមួយ បបួលអ្នកទៅកន្លែងណានោះ ហ្នឹងហើយជាភ្លើងខៀវហើយ។ •តើគេមានការគោរពចំពោះអ្នកដែរទេ? ក្នុងករណីអ្នកត្រូវគេធ្វើបាប ឬនិយាយមិនល្អនោះ បើគេចេញមុខតវ៉ា ឬការពារអ្នកនោះ ច្បាស់ណាស់គេចង់ផ្តល់ភាពកក់ក្តៅ និងកិត្តិយសដល់អ្នក។ ជួនកាល គេចែករំលែកនូវរបស់ខ្លះ ឬធ្វើរឿងខ្លះដែលគេមិនងាយធ្វើ តែគេបានធ្វើដើម្បីអ្នក នេះក៏បញ្ជាក់ថាគេមានអារម្មណ៍ល្អចំពោះអ្នកដែរ។   គ្មានអ្វីប្រាកដជាងកែវភ្នែកនោះទេ ប្រសិនបើអ្នកពិតជាចង់ដឹងថាគេមានអារម្មណ៍ចំពោះអ្នកឬទេ អ្នកត្រូវហ៊ានប្រថុយសង្កេតមើលកែវភ្នែកមួយគួនោះ។ បើចង់ឲ្យកាន់តែប្រាកដក្នុងចិត្តទៀតនោះ  សាកល្បងសារភាពប្រាប់គេហ្មងទៅដើម្បីទទួលបានចម្លើយពីក្នុងមាត់របស់គេ…តែបើដឹងថាមិនអាចទៅរួចហើយ កុំខ្ជះខ្ជាយពេលវេលាបន្តទៀតធ្វើអ្វី,,,

Share

ខណៈនេះ យើងងាកមកគិតអំពីវិធីបង្ហាញវាចាបេះដូងទៅតាមកម្រិតនៃការសិក្សាវិញម្តង ហើយក៏ចង់បញ្ជាក់ផងដែរថា វាអាចនឹងមិនដូចជាអ្វីដែលអ្នកធ្លាប់ជួបកន្លងមក ឬក៏ខុសកម្រិតគ្នា តែនេះគ្រាន់តែជាអ្វីដែលអេដមីនឧស្សាហ៍ជួប និងឃើញក្នុងជំនាន់តែប៉ុណ្ណោះ… ជឿជាក់ថា មានមនុស្សមិនតិចទេដែលធ្លាប់លួចក្រាស់គេ មិនថាដោយលួចលាក់ទុកក្នុងចិត្តតែម្នាក់ឯង ឬបានប្រាប់ពួកម៉ាកខ្លះឲ្យដឹងនោះទេ…គឺដឹងតែថា កាលពីនៅក្មេង ប្រាកដជាមិនទាន់មានអីទំនើបដូចជាទូរស័ព្ទសម្រាប់stalkគេនោះទេ ហើយវិធីតាមគេនោះ ក៏មានលក្ខណៈប្រពៃណី តែបើគិតឡើងវិញ ក៏គិតថាគួរឲ្យស្រលាញ់ម្យ៉ាងដែរ… តោះ! សូមធ្វើតាមខ្ញុំ!!!  បិទភ្នែក…ព្យាយាមកុំគិតពីអ្វីទាំងអស់…ដកដង្ហើមចេញ ដកដង្ហើមចូល….ធ្វើបែបនេះ ប្រមាណ២នាទី… ហើយ…បើកភ្នែកវិញ…អានបន្តទៀត XD (លលេងតិចហ្នឹងណា៎!!!) កម្រិតមត្តេយ្យសិក្សា នៅក្មេងពេក!!! ធ្វើអីកើត?? នៅតែអាច…ព្រោះថា អ្វីក៏អាចកើតមានដែរ (ចាំទេ៎? Nothing is Impossible…) ១. ទិញរបស់ញ៉ាំ ឬរបស់លេងឲ្យគេ មានលុយតិចបំផុត តែរបស់លេង ឬញ៉ាំសម្រាប់ក្មេងមានទៅថ្លៃអីម៉ាន…គឺថា ឆ្លៀតបាន ចេះតែឆ្លៀតទៅ!!! សន្សំតិចតួច ហើយក៏ដើរយ៉ាងរីករាយទៅកាន់តូបនំ ទិញ២ចំណែក សម្រាប់គេមួយ ខ្លួនឯងមួយ… កម្រិតបឋមសិក្សា រាងធំបន្តិចហើយ តែតាមពិតទៅ មិនគួរមានស្នេហាក្នុងវ័យនេះទេ តែធ្វើម៉េច បើជ្រុលស្រលាញ់ហើយ…ក្រែងគេថា អាយុគ្រាន់តែជាតួលេខហី… ២. សរសេរលើតុរៀន គ្រូហាមថា មិនឲ្យសរសេរអីនៅលើតុជាដាច់ខាត ជាពិសេសគឺយកទឹកលុបសរសេរ…មានអ្នកខ្លះ សរសេរលើតុឯងសមជាស្រេច ហើយលួចសរសេរនៅលើតុគេ     សារភាពបែបប្រពៃណីហ្មងហា៎!!! ក៏មានអ្នកខ្លះទៀត ស្តាប់បង្គាប់គ្រូ ហើយក៏ឆ្លៀតសរសេរដែរ តែគេចេះរកក្រដាសសរសេរត្រឹមត្រូវ រួចបានរកស្កុតទៅបិទលើតុគេ។ ៣. ខ្ចីសៀវភៅ «សុំខ្ចីសៀវភៅចម្លងមេរៀនសិនម៉ោ…» លេសណាស់!!! ការពិត ចង់បង្កើតឱកាសឲ្យខ្លួនឯងសោះ…មុនពេលយកសង មិនភ្លេចទេ សរសេរnoteផ្ញើឲ្យគេ មិនថាជាពាក្យអរគុណ ឬពាក្យក្នុងចិត្តនោះទេ(ស្ទាយហ្នឹង ត្រូវប្រយ័ត្នតិច ខ្លាចលោថាប៉ាម៉ាក់គេឆែកសៀវភៅអីហ្នឹង…នាំរឿងឲ្យគេប៉ាដោយ) ៤. បោះរបស់ទៅលើតុគេ កំសាក៥០% ត្រង់ថាហ៊ានឲ្យគេផ្ទាល់ដៃដែរ តែបានត្រឹមបោះ…ខ្លះក៏បត់ជារូបយន្តហោះនាំវាចាបេះដូងទៅប្រាប់គេ…ខ្លះទៀត ក៏ទិញស្ករគ្រាប់ ឬកាដូតូចៗខ្ចប់ជាមួយនឹងសំបុត្រ…(បើប្រើវិធីនេះ ត្រូវតែសមដៃឲ្យបានស្ទាត់សិន ប្រយ័ត្នគប់ខុសមនុស្ស ឬត្រូវដែរ តែត្រូវគេ) ៥. ដាក់កាដូក្នុងកន្រ្តកកង់ ឬម៉ូតូ ព្រោះតែមិនទាន់មានភាពក្លាហានក្នុងការប្រឈមនឹងគេផ្ទាល់ តែនេះប្រឈមខ្លាំងនឹងការបាត់កាដូច្រើនជាង…អញ្ចឹងហើយ បើដាក់ ត្រូវនៅឃ្លាំមើលផងថាតើបានដល់ដៃគេឬអត់? ៦. សរសេរសំបុត្រស្នេហា ប្រហែលជាមានមិនច្រើនទេ តែវិធីហ្នឹង ពិតជាបងា្ហញពីទឹកចិត្តមែន ហើយក៏ជាវិធីប្រសើរបំផុតសម្រាប់អ្នកដែលមិនសូវចេះវោហាសាសព្ទតាមពាក្យសម្តីដែរ…អស់ក្រដាសតែមួយសន្លឹក តែក៏អាចបង្ហាញនូវអ្វីដែលកប់ទុកក្នុងបេះដូង កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា វ័យនេះ បានចាស់ចិត្ត ចាស់គំនិតគ្រាន់បើ…មិនប្រើវិធីបែបក្មេងៗ លាក់មុខលាក់ក្រោយទៀតហើយ… ៧.  ប៉ាវញ៉ាំអាហារ អាចជាអាហារពេលថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅកន្លែងណាមួយ…ស្ថានភាពបែបនេះមានបង្ហាញច្រើន នៅក្នុងរឿងកុន និងរឿងភាគហើយ… ៨. ប្រើប្រាស់គ្រឿងអេឡិចត្រូនិច ច្រើនបែប ច្រើនយ៉ាងណាស់…ទាំងក្រៅ និងក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយមិនចង់ឲ្យទ្រលាន់ អាចប្រើស្នៀតទាំងនេះបាន ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់  នៅចាំបានទេថា មកទល់ពេលនេះ…ធ្លាប់ប្រើវិធីមួយណាខ្លះហើយ? ឬក៏ធ្លាប់ត្រូវបានគេប្រើវិធីណាមកលើខ្លួនដែរ? គ្រាន់តែជាការរំលឹកអនុស្សាវរីយ៍ល្អៗលេងលេងហ្នឹងណា៎…

Share

សព្វថ្ងៃហ្នឹងអ្នកណាមិនដឹងថា រូបថតបែប Outdoor ពេញនិយមបំផុតហើយ។ តែថាថតនៅកន្លែងណាល្អជារឿងមួយ អញ្ចឹងមើលថាកន្លែងទាំងអស់នេះយ៉ាងម៉េចដែរ? មុខព្រះបរមរាជវាំង ល្អបំផុតគឺព្រឹកពីម៉ោង ៧  ទៅ ៩គឺថាមិនសូវមានមនុស្សច្រើន ហើយវាក៏ជាពេលដែលសត្វព្រាបហោះទៅមកច្រើនផងដែរ។   សារមន្ទីរជាតិ ពិសេសគឺផ្លូវទៅកាន់សារមន្ទីរ សម្បូរដើមឈើធំៗផ្តល់រូបភាពធម្មជាតិលាយឡំនឹងសម័យកាលមួយ ដែលល្អ បំផុតសម្រាប់រូបថតបែប roadside  ។ កាំកូស៊ីធី ផ្លូវស្អាត ដើមឈើច្រើន ហើយដែលពិសេសគឺខ្យល់អាកាសល្អ អំណោយផលសម្រាប់ការថតបែបស៊ីអារម្មណ៍នៅពេលដែលខ្យល់បក់មកតែម្តង។ ក៏មានស្មៅវែងៗដុះ បង្កើតទិដ្ឋភាពយ៉ាងស្រទន់ពេលថ្ងៃលិច។ វិហារចិននៅតាខ្មៅ ជិះឆ្លងតែស្ពានតាខ្មៅតិចទៅដល់ហើយ វិហារចិនជាប់ទន្លេមានទេសភាពពេញភ្នែកតែម្តង។ វិហារចិនលក្ខណៈបុរាណ ទីធ្លាស្អាត ដើមឈើក៏ធំៗ ខ្យល់ក៏ខ្យល់ ល្អបំផុតសម្រាប់ការថតបែបសន្តិភាព និងស្ងប់ស្ងាត់។ សួនផ្កានៅតាខ្មៅ ជិះហួសភ្នំពេញតែបន្តិចទៅ បានឃើញសួនផ្កាចម្រុះពណ៌ស្អាតមែនទែន អមទេសភាពជុំវិញបែបជាយក្រុងកាន់តែពិសេស អ្វីដែលសំខាន់ផ្កាតំណាងឲ្យនារីៗ និងភាពស្រស់ស្រាយផងដែរ។ Credit :   កញ្ញា សាន សោភា

Share

និយាយដល់រឿងទៅលេងកោះ  អ្នកណាៗក៏រំជើបរំជួល ទាំងជាកន្លែងស្ងប់ស្ងាត់ល្មម ទេសភាពស្អាត មានឆ្នេរខ្សាច់ មានសមុទ្រ ផ្ទះបែបប្រជាជននៅកោះ កៅអីតូចៗនៅតាមឆ្នេរ ដើមដូងតំរៀបជួរ ហើយក៏ទូកចម្រុះពណ៌នៅលើផ្ទៃសមុទ្រ… អាចនឹកឃើញដល់ភ្នក់ភ្លើងពេលយប់ សម្លេងទឹកសមុទ្រ ក្លិនទឹកសមុទ្រ តន្ត្រីតិចៗពីបារបារាំង ឬក៏ហ្គីតា  អូគូឡេឡេអីហ្នឹង ជាមួយ cocktail ត្រជាក់់ៗ…និយាយរួមគឺ កន្លែងដ្រាម៉ាតែម្តង។ ដូចនេះឱកាសល្អៗបែបវិស្សមកាលតូចជាដើមនេះ បើរៀបចំគម្រោងទៅលេងនៅតំបន់កោះប្រាកដជាល្អ។ តាមរយៈលោក ទេស តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Island Speed Ferry Cambodia ហេលស៍ថាម បាននាំមកជូននូវព័ត៌មានមួយចំនួនអំពីដំណើរកម្សាន្តដ៏អស្ចារ្យនេះ   ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែប្រាកដចិត្តថា  កោះគឺជាទិសដៅទេសចរណ៍បន្ទាប់របស់អ្នក។ ហេតុអ្វីការទៅលេងកោះជាជម្រើសល្អ? ឱកាសល្អ ឧទាហរណ៍ ម្តុំខែកុម្ភៈនេះផ្ទាល់ អាកាសធាតុ គឺពិតជាអំណោយផលក្នុងការទៅកម្សាន្តនៅតំបន់សំខាន់ៗជាច្រើននៅកម្ពុជា ហើយក្នុងនោះក៏រួមបញ្ចូលទាំងតំបន់កោះផងដែរ។ ដោយឡែក នៅរដូវនេះ ឱកាសនៃការភ្លៀងដូចជាមិនសូវមានដែរ ដូចនេះវាជាឱកាសល្អសម្រាប់ការចុះហែលទឹកដែលមានសីតុណ្ហភាពល្មម និងថ្លាល្អ ពិសេសគឺនៅកោះរ៉ុង និងកោះរ៉ុងសន្លឹមតែម្តង។      មានអារម្មណ៍ល្អ បទពិសោធន៍ជិះទូកធំៗប្រភេទ Ferryទៅកាន់ទីកន្លែងដ៏ស្រស់ស្អាត  មើលទឹកសមុទ្រដ៏ថ្លាឆ្លុះជាមួយនឹងផ្ទៃមេឃទូលំទូលាយ  ខ្យល់អាកាសត្រជាក់ និងបរិសុទ្ធ  ក៏ដូចជាកោះតូចធំស្អាតៗដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន ដែលកោះទាំងនេះជាកន្លែងដ៏កក់ក្តៅសម្រាប់ការសម្រាកលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងជាមួយនឹង សកម្មភាព     និងទិដ្ឋភាពដែលបានរៀបរាប់ពីខាងលើ។     តែក៏កុំភ្លេចស្រែកឲ្យខ្លាំងៗទៅកាន់សមុទ្រ ព្រោះអ្នកមិនមានឱកាសធ្វើបែបនេះទេពេលនៅទីក្រុង ហើយជឿថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អមិនខាន។ សម្រាប់អ្នកចូលចិត្តចូលតួ ពិតជាត្រូវចិត្តជាមួយនឹងបរិយាកាសនៅតំបន់កោះ ព្រោះគ្រាន់តែអង្គុយលេង ឬដើរតាមឆ្នេរដោយជើងទទេក៏អាចឲ្យពួកគេចូលទៅដល់ពិភពមួយទៀតបានដែរ។ មានផាសុកភាព និងសុវត្ថិភាព ក្រៅពីការធ្វើដំណើរតាមទូកធំៗ និងទំនើបៗដែលអាចផ្តល់ឲ្យអ្នកទេសចរនូវផាសុកភាព ក៏ដូចជាសុវត្ថិភាពនោះ   បច្ចុប្បន្នក៏មានផងដែរនូវប៉ុស្តិ៍យាម ២៤ម៉ោងរបស់ក្រុមសមត្ថកិច្ចនៅតាមកោះនីមួយៗ ដើម្បីផ្តល់ជូនអ្នកមកលេងកម្សាន្ត ក៏ដូចជាប្រជាជនផ្ទាល់ដែលនៅលើកោះនូវភាពកក់ក្តៅ និងសុវត្ថិភាពដែលអាចជឿទុកចិត្តបាន។ ដូចនេះ អ្នកទេសចរជាច្រើនបានស្នាក់នៅកម្សាន្តនៅទីនោះឆ្លងយប់ដោយមិនមានការបារម្ភណាមួយឡើយ។ កោះស្អាតៗណាខ្លះដែលអ្នកមិនគួរមើលរំលង? មានកោះ៤ ដែលគួរជាទីទាក់ទាញបំផុតសម្រាប់អ្នកទេសចរ ដែលក្នុងនោះមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត និង កោះឋានសួគ៌។ លក្ខណៈពិសេសជារួមនៃកោះទាំងអស់គឺផ្កាថ្ម ឆ្នេរដ៏ស្អាត     និងទេសភាពនៃព្រៃកោងកាងជាដើម។ ចំពោះអ្នកចូលចិត្តភាពអ៊ូអរ   និងកម្សាន្តបែបលក្ខណៈបារបារាំង នោះកោះរ៉ុង គឺស័ក្តិសមនឹងអ្នកបំផុត ពីព្រោះទីកន្លែងនោះសម្បូរអ្នកទេសចរបែប Backpackers ភោជនីយដ្ឋាន និងមានកម្មវិធីកម្សាន្តច្រើន។ ផ្ទុយទៅវិញ បើអ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងទេសភាពបែបធម្មជាតិ អ្នកគួរទៅកោះរ៉ុងសន្លឹម។ ចំពោះឆ្នេរសុខសាន្ត វាស្ថិតនៅផ្នែកមួយនៃកោះរ៉ុង  ប៉ុន្តែលក្ខណៈពិសេសរបស់ទីតាំងនោះគឺមានឆ្នេរខ្សាច់ម៉ត់ជាមួយនឹងប្រវែងដល់ទៅ ៧ គីឡូម៉ែត្រ។ រីឯអ្នកចូលចិត្តភាពឯកជន អ្នកគួរទៅកម្សាន្តនៅកោះឋានសួគ៌ដែលមិនត្រឹមស្រស់ស្អាតដូចឋានសួគ៌ អ្វីដែល ពិសេសគឺព្រៃទឹកសាប និងចំការដូងដែលដាំជាជួរ។    ខ្លះៗអំពីមធ្យោបាយធ្វើដំណើរទៅលេងកោះ ដោយការធ្វើដំណើរតាមទូកជាមួយនឹងក្រុមហ៊ុនទូកដែលដឹកអ្នកទេសចរទៅលេងកោះនានានោះ កោះរ៉ុង ដែលមានចម្ងាយមិនសូវឆ្ងាយពីក្រុងព្រះសីហនុប៉ុន្មាន អ្នកនឹងត្រូវចំណាយពេល ១ម៉ោងក្នុងការធ្វើដំណើរ ចំណែកកោះរ៉ុងសន្លឹមវិញត្រូវចំណាយរយៈពេល ៤៥ នាទី ស្របពេលដែលឆ្នេរសុខសាន្ត និងកោះឋានសួគ៌ ត្រូវចំណាយពេលរាងយូរបន្តិចគឺ ១ម៉ោង១៥នាទីចំពោះឆ្នេរសុខសាន្ត និង ប្រហែល ១ម៉ោង៣០នាទីចំពោះកោះឋានសួគ៌។ បើតាម Island Speed Ferry Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរតាមទូក ពេលវេលានៃការចេញដំណើរពីក្រុងព្រះសីហនុទៅកោះរ៉ុងផ្ទាល់គឺមាន ៣ពេលក្នុង១ថ្ងៃ ដែលក្នុងនោះមានម៉ោង ៩ព្រឹក ១២ថ្ងៃត្រង់ និង ៣រសៀល។ បន្ទាប់ពីបានស្តាប់ពីដំណើរកម្សាន្តតាមកោះហើយ មានអារម្មណ៍ថាចង់ទៅខ្លាំងណាស់មែនទេ?  នៅចាំដល់ណាទៀត មិនចាំបាច់ទៅណាឆ្ងាយនិងមិនចំណាយច្រើន...    ទៅលេងកោះទាំងអស់គ្នា!!!

Share

រដូវកាលចុងឆ្នាំ រដូវកាលធ្វើដំណើរកំសាន្តទៀតហើយ!   មានគិតថាទៅ   Count down   នៅម៉ាឡេស៊ីទេ? គួរតែឆ្ងល់ដែរថាហេតុអ្វី ម៉ាឡេស៊ីជាកន្លែងដែល ហេលស៍ថាមណែនាំ? តាមដានកិច្ចសម្ភាសន៍ផ្តល់ដោយ «បងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា» បន្តិចទៅ នឹងដឹងហើយ! តែថាទៅលើកនេះមិនមែនទៅធម្មតាទេ…   គឺទៅបែបលក្ខណៈសេដ្ឋកិច្ច ចំណាយតិច ហើយសប្បាយ! ហេតុអ្វីម៉ាឡេស៊ីស័ក្តិសមបំផុតសម្រាប់ដំណើរកំសាន្តនៅក្នុងឆ្នាំនេះ? អ្វីដែលពិសេសគឺ សម្រាប់ឆ្នាំនេះផ្ទាល់   ដោយសារតែរូបិយវត្ថុនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ១ដុល្លាអាមេរិកអាចប្តូរបានដល់ទៅប្រហែល ៤រីងហ្គីត(Ringgit)   ជាមួយតម្លៃទំនិញនៅដដែល ធ្វើឲ្យការចំណាយផ្សេងៗ  និងការទិញទំនិញរបស់អ្នកកាន់តែចំណេញជាងឆ្នាំមុនៗ។ ដូចនេះ មិនថាឱកាសដំណើរកំសាន្ត   ឱកាសទិញទំនិញ  និងឱកាសសន្សំសំចៃ គឺមកក្នុងពេលតែមួយ។ ក្នុងនោះផងដែរ តំបន់ទិញទំនិញពេញនិយម និងតម្លៃសមរម្យជាងគេគឺនៅតំបន់    សូងៃវាំង(Sungei Wang Plaza)ដែល នៅ KL central  ផ្ទាល់តែម្តង ដោយសារវាមានមជ្ឈមណ្ឌលលក់ទំនិញច្រើននៅជិតៗគ្នាពី៦ ទៅ៧ និងតំបន់ Mid Valley- City ដែលមានមជ្ឈមណ្ឌលលក់ធំមួយ ជាមួយនឹងកន្លែងលក់ទំនិញតូចៗនៅក្បែរមួយចំនួនទៀត  តែវាមានតម្លៃថ្លៃជាង Sungei Wang ។ ការសន្សំសំចៃទៅលើសំបុត្រយន្តហោះ មានជម្រើសជើងយន្តហោះ  ២  ដែលធ្វើការហោះហើរផ្ទាល់ពីកម្ពុជាទៅទីក្រុងកូឡាឡាំពួរ(KL) គឺ AirAsia និង Malaysia Airline ។ ដោយគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះឲ្យបានមុនក្នុងរយៈយូរ(ជាទូទៅប្រហែលជា៦ខែ) តាម AirAsia អ្នកអាចទិញបានសំបុត្រយន្តហោះក្នុងតម្លៃមួយដ៏មិនគួរឲ្យជឿគឺចាប់ពី៣៥ដុល្លាសម្រាប់oneway ។ ចំពោះ Malaysia Airline អាចមានតម្លៃថ្លៃជាងបន្តិចគឺចាប់ពី១០៧ដុល្លាសម្រាប់ one way  ក៏ប៉ុន្តែតម្លៃនេះនឹងមិនសូវមានការប្រែប្រួលឡើយបើទោះជាអ្នកទិញកៀកពេលចេញដំណើរក៏ដោយ។ គំរូដំណើរកំសាន្តបែបផ្សងព្រេង (back packing)ដោយសន្សំសំចៃមួយ  ទៅកាន់ម៉ាឡេស៊ី ជាឧទាហរណ៍សម្រាប់អ្នកចូលចិត្ត Back packing ដែលចង់ចំណាយពេល ៥ថ្ងៃនៅម៉ាឡេស៊ី៖ •នៅម៉ាឡេស៊ី មានព្រលានយន្តហោះពីរដែលនៅជិតគ្នា ដែលKLIH2ជាទីតាំងដែល AirAsia ចុះចត •បន្ទាប់មក អាចជិះ shuttle bus ដែលចាកចេញពីចំណតរៀងរាល់១៥នាទីម្តង ពីព្រលានយន្តហោះទៅទីក្រុង កូឡាឡាំពួរ (KL central) ដោយចំណាយពេលប្រហែល៣០នាទី និងតម្លៃប្រហែលជា១០ Ringgits ប៉ុណ្ណោះ •ពេលទៅដល់ KL central អាចជិះតាក់ស៊ីបន្តទៅកាន់កន្លែងស្នាក់នៅដែលមានតម្លៃចាប់ពី ១០០ Ringgits   (ប្រហែល២៥ដុល្លា និងអាចធានាបាននូវភាពស្អាត និងអនាម័យ។ •ចំពោះការធ្វើដំណើរនៅ KL central ផ្ទាល់ មាន Hop-On Hop-Off bus ជាប្រភេទឡានក្រុងគ្មានដំបូល ដែលយើងអាចចំណាយត្រឹមតែ៣៥ Ringgits  ដោយសំបុត្រជិះនេះមានប្រសិទ្ធភាពមួយថ្ងៃពេញ  មិនថាអ្នកចុះ  ឬឡើងប៉ុន្មានដងក៏ដោយ ។ ឡាននេះនឹងឈប់នៅតំបន់ចំនួន២២ (រៀងរាល់៣០នាទីនឹងមានឡានមួយមកដល់ចំណត) ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ   ដូចនេះ អ្នកដំណើរអាចមើលតាមផែនទី   និងចុះនៅកន្លែងដែលខ្លួនចាប់អារម្មណ៍។  ការធ្វើដំណើរនេះអាចប្រើពេលប្រហែល១ទៅ២ថ្ងៃទៅតាមការចូលចិត្តរបស់អ្នកទេសចរ។ •ចំពោះការញ៉ាំនៅ KL central អ្នកទេសចរអាចជ្រើសរើសញ៉ាំនៅតាមមជ្ឈមណ្ឌលទិញទំនិញតែម្តង ដែលតែងតែមាន food court ជាមួយនឹងតម្លៃសមរម្យ។ •ភ្ញៀវទេសចរអាចបន្តទៅកាន់ភ្នំ ហ្កេនធីង(Genting)     ដែលជាតំបន់ដ៏ល្បីសម្រាប់អ្នកទេសចរ (ពិសេសលក្ខណៈគ្រួសារ) ដោយជិះឡានក្រុងប្រហែល១ម៉ោងពីកូឡាឡាំពួរ ។ ប្រសិនបើជាដំណើរកំសាន្តបែបម្នាក់ឯង ឬផ្សងព្រេង កន្លែងដែលស័ក្តិសមគួរតែជា តំបន់សមុទ្រ ឡាំងកាវី(Langkawi) ដែលត្រូវធ្វើដំណើរតាមយន្តហោះ រយៈពេល៤៥នាទី ឬក៏ជិះកាណូត (តែតម្រូវឲ្យតជើងពីការជិះឡានមកទីក្រុងកេដាស(Kedah) ជាមុន ទើបបន្តជិះកាណូតមកឡាំងកាវី ដែលពេលវេលាសរុប គឺប្រហែលជា៧ទៅ៨ម៉ោង)។ Langkawi ជាទីប្រជុំកោះ ដែលមានសរុប៩៩កោះ ហើយបានជាប់ចំណាត់ថ្នាក់ជា World UNESCO មួយនៅម៉ាឡេស៊ី ។ គួរឲ្យដឹងផងដែរថា Langkawi   ជាកោះដែលមាន Dutyfree (មិនមានចំណាយពន្ធទៅលទំនិញ)ហើយក៏មានរឿងជាច្រើនទាក់ទងនឹងកោះនេះផងដែរ។ •រីឯតំបន់អាហារដែលល្បីគឺប៉េណាំង(Penangដែលនៅក្បែរគ្នានឹង   Langkawi  ហើយពេញនិយមចំពោះម្ហូបលក្ខណៈចិន    និងអាហារសមុទ្រជាដើម ។ •ចុងក្រោយគឺតំបន់ទេសចរណ៍នៅព្រំដែនដែលហៅថា ជោហ៊ោ(Johor) ដែលមានកន្លែងកំសាន្តដ៏ល្បីគឺ LEGOLAND (ប្រហែលនឹង Disneyland)  ដោយអាចចំណាយពេលធ្វើដំណើរប្រហែល៤ម៉ោងពីកូឡាឡាំពួរ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងទេសចរណ៍ប្រទេសម៉ាឡេស៊ី  អ្នកទេសចរ ឬមានគម្រោងចង់ទៅកំសាន្តនៅទីនោះ អាចធ្វើការទាក់ទងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជាដែលមានទីតាំងផ្ទាល់នៅស្ថានទូតម៉ាឡេស៊ី។

Share
Top