Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

   ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។   ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។   តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។   បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។   តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។   តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។   តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។   ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងតែជួបបញ្ហាសុខភាពភ្នែក ដែលតម្រូវឲ្យពួកគាត់ទៅទទួលការព្យាបាលពីសំណាក់គ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្ត្រ។ ក្នុងនោះផងដែរ ជំងឺកន្ទុយថ្លែនជាជំងឺភ្នែកស្រាលមួយ ប៉ុន្តែបើលោកអ្នកមិនបានទៅព្យាបាលនោះទេ វាអាចជះឥទ្ធិពលអាក្រក់ច្រើនដល់ការមើលរបស់អ្នក។ ជាការពិតណាស់ វិធីសាស្ត្រនៃការព្យាបាលជំងឺនេះ គឺការទទួលយកការវះកាត់ទើបមានប្រសិទិ្ធភាពខ្ពស់។ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែក ម៉ារ អមរិន្ទ បានបញ្ចាក់ថា “ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់” ។  ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖ •ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។ •ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។   ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក៕ ស្វែងយល់បន្ថែម៖   ជំងឺកន្ទុយថ្លែន មិនមែនជាជំងឺធ្ងន់តែកកើតច្រើន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពទូទៅទេ វាក៏អាចជាជំនួយដល់សាច់ដុំភ្នែក និងធ្វើឲ្យភ្នែកមានសភាពសម្រាកទៀតផងតាមរយៈប្រភេទលំហាត់ជាក់លាក់នៅលើភ្នែកដែលក្នុងនោះ ក៏រួមមានទាំងរបៀបម៉ាស្សា ក៏ដូចជាសម្រាកមួយចំនួនផងដែរ។ ក៏ប៉ុន្តែ...អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ប្រាណនេះ ប្រសិនបើភ្នែកអ្នកមានជំងឺផ្សេងៗទៀត... ពង្រឹងត្របកភ្នែក អ្នកអាចពង្រឹងសាច់ដុំនៅជុំវិញភ្នែករបស់អ្នកឲ្យរឹងមាំបានដូចនឹងសាច់ដុំដទៃទៀតដែរ។ វាចាប់ផ្តើមដោយការបិទត្របកភ្នែកពាក់កណ្តាលព្រឹមៗ។ ពេលនោះអ្នកនឹងកត់សម្គាល់ថាត្របកភ្នែករបស់អ្នកនឹងញ័រតិចៗដោយការប្រឹង។ •    ដូច្នេះដើម្បីកុំឲ្យមានសភាពញ័រនេះ អ្នកគ្រាន់តែសម្លឹងមើលវត្ថុដែលនៅឆ្ងាយជាការស្រេច. •    ធ្វើភ្នែកព្រឹមៗបែបនេះរយៈពេល ១០ទៅ១៥វិនាទី រួចបិទភ្នែកតិចៗ។ ដកដង្ហើមវែងៗ ដើម្បីបង្កើនអុកស៊ីហ្សែននៅក្នុងឈាម។ នៅពេលអ្នកដកដង្ហើមចូល ខ្យល់ដែលពោរពេញទៅដោយអុកស៊ីហ្សែននឹងចូលតាមច្រមុះរបស់អ្នក។ ដកដង្ហើមចេញ ហើយធ្វើដូចនេះរយៈពេល១នាទី ឬក៏ច្រើន។ ម៉ាស្សាភ្នែក ម៉ាស្សា គឺជាការព្យាបាលដែលគេនិយមប្រើ ដើម្បីសម្រួលភាពតានតឹង និងសម្ពាធផ្សេងៗ ពីព្រោះវាជួយឲ្យឈាមរត់ស្រួល។ ការ ម៉ាស្សាចាប់ផ្តើមពីត្របកខាងលើចំនួន១០វិនាទី រួចត្របកខាងក្រោមជាបន្តបន្ទាប់។ •    ប្រើម្រាមដៃដំបូងទាំង៣សង្កត់ថ្នមៗ និងមានចលនាជារង្វង់ •    សង្កត់តិចៗនៅលើក្រពេញឡាគ្រីមាល(Lacrimal gland) ដែលជាក្រពេញបញ្ចេញទឹកភ្នែកច្រើនជាងគេ ដើម្បីធ្វើឲ្យមានទឹកភ្នែកចេញ និងមានសំណើមនៅក្នុងភ្នែក ហើយធ្វើឲ្យភ្នែកដែលមានភាពនឿយហត់បានសភាពសម្រាក។ •    នៅពេលម៉ាស្សាត្របកភ្នែកខាងក្រោម ត្រូវម៉ាស្សានៅម្តុំឆ្អឹងឡាគ្រីមាល(Lacrimal bone) ដែលនៅជិតភ្នែកផ្នែកខាងក្នុង។ ព្រិចភ្នែក ការព្រិចភ្នែកធ្វើឲ្យភ្នែកបានសម្រាក ដោយសារការព្រិចភ្នែកនេះធ្វើឲ្យភ្នែកសើម និងបញ្ចេញជាតិពុលតាមទឹកភ្នែក។ អ្នកគួរព្រិចភ្នែក៤វិនាទីម្តង ដើម្បីការពារភាពស្អិតស្ងួតរបស់គ្រាប់ភ្នែក។ សម្រាក អ្នកគួរតែសម្រាកភ្នែករបស់អ្នកនៅពេលអ្នកធ្វើការច្រើន ជាពិសេសពេលប្រើប្រាស់កុំព្យូទ័រ។ •    វិធីសាស្រ្ត 20-20-20៖ រៀងរាល់២០នាទី អ្នកគួរតែមើលរបស់ដែលនៅទីឆ្ងាយចម្ងាយប្រហែលជាង ២០ហ្វីត(20 feet) រយៈពេល២០វិនាទី។ •    ប្រសិនបើអ្នករវល់ពេក អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីរំលឹកពេលដែលភ្នែកត្រូវសម្រាក។ •    អ្នកអាចបើកភ្នែកឲ្យអស់ និងបន្ទាប់មកបិទភ្នែកឲ្យអស់ម្តងម្កាល ព្រោះការសិក្សាថ្មីៗបានបញ្ជាក់ថា សកម្មភាពបែបនេះកាត់បន្ថយការស្រវាំងភ្នែក ព្រិលភ្នែក ភ្នែកមានសភាពនឿយហត់ និងភ្នែកស្ងួត។ សម្រាកភ្នែកដោយប្រើបាតដៃ ការធ្វើឲ្យភ្នែកសម្រាក គឺធ្វើឡើយដោយគ្រាន់តែប្រើបាតដៃរបស់អ្នកដាក់លើភ្នែក២ ឬ៣នាទី។ •    អង្គុយនៅលើកៅអីដែលមានខ្នងត្រង់។ ដាក់កែងដៃនៅលើតុ ឬក៏ដាក់ក្រណាត់កល់ ដើម្បីកុំឲ្យឈឺកែងដៃ។ ត្រដុសបាតដៃអ្នកឲ្យមានកំដៅ រួចយកមកខ្ទប់លើភ្នែកទាំងសងខាង។ ដកដង្ហើមមួយៗធម្មតា និងសម្រាករយៈពេល ៥ទៅ១០នាទី។ អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីកំណាត់នាទី។ •    ប្រសិនបើអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីម៉ោងរោទ៍នោះ រយៈពេលនេះ គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។តែអ្នកអាចបន្ថែមនាទី ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់។ ភ្នែកក៏ចេះនឿយហត់ដែរ...ហើយសុខភាពភ្នែកក៏រឹតតែត្រូវការថែទាំដូចផ្នែកដទៃដូចគ្នា...ចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីនេត្រាដ៏មានតម្លៃទាំងគូរបស់អ្នក...បើសាកហើយមានប្រសិទ្ធភាព ជួយចែករំលែកបន្តផង… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ករណីកំហុសកំនុំភ្នែកមិនអាចមើលឃើញរូបភាពឆ្ងាយ និងជិតបានទេ ដោយសារកំណុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ។   បញ្ហាកំនុំភ្នែកចែកចេញជាបីប្រភេទ ប៉ុន្តែការព្យាបាលពុំសូវមានភាពខុសគ្នាប៉ុន្មានទេ។ · ភ្នែកម៉្ញូប៖ ការព្យាបាលដែលប្រសើរបំផុត គឺ ការពាក់វ៉ែនតាប្រភេទដក ឬការប្រើ Contact lenses ។ ការព្យាបាលដោយកាំរស្មី (LASIK) ​​​​   និងការវះកាត់ត្រូវបានពិចារណា ក្នុងករណីម៉្ញូបជ្រៅ។ · ភ្នែកខ្លី៖  ត្រូវជ្រើសរើសការប្រើវ៉ែនតាប្រភេទបូក ឬអាចធ្វើ (LASIK) បានដូចភ្នែកម៉្ញូប។ · ភ្នែកអាស្ទីម៉ាត៖  ភ្នែកប្រភេទនេះអាចពាក់វ៉ែនតាប្រភេទបូក​ ឬប្រភេទដកក៏បាន និងការព្យាបាលដោយកាំរស្មីបានដូចគ្នា។ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ក៏សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែក ខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា៕   ស្វែងយល់បន្ថែមពីបញ្ហាភ្នែកខុសកំនុំ    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ភ្នែកជាសរីរាង្គមួយដ៏សំខាន់សម្រាប់យើងគ្រប់គ្នា ដោយហេតុថាគំហើញដែលយើងមានរាល់ថ្ងៃ គឺពឹងផ្អែកទៅលើភ្នែកនេះឯង។ បើទោះជាមានពេលខ្លះ យើងបានដឹងពីវិធីថែទាំ  និងបង្ការខ្លួនយើងពីបញ្ហាផ្សេងៗដែលអាចកើតមានហើយក៏ដោយ ក៏នៅតែមានកត្តាជំរុញផ្សេងទៀតដែលបណ្តាលឲ្យយើងកើតមាននូវជំងឺ ឬបញ្ហារំខានខ្លះដែលមិនអាចចៀសវាងបាន។ ក្នុងករណីដែលមានថ្លោះថ្លោយធ្វើឲ្យភ្នែកមានបញ្ហានោះ តើអ្នកដឹងអត់ថាគួរទៅគ្លីនិកណា? ហេលស៍ថាម ក៏សូមណែនាំនូវស្ថាប័នផ្តល់សេវាកម្មសុខភាពដែលអាចស្រាយបញ្ហាសុខភាពភ្នែករបស់អ្នកបានចំនួន៣ ៖   គ្លីនិកភ្នែក ម៉េង រ័ត្ននីន (វេជ្ជបណ្ឌិត ងឺ ម៉េង) មន្ទីរឯកទេសព្យាបាលចក្ខុរោគ ម៉េង រត្ននីន ជាមជ្ឈមណ្ឌលថែរក្សាភែ្នកដំបូងបំផុតនៅប្រទេសកម្ពុជា ដែលមានឯកទេសក្នុងការព្យាបាលចក្ខុរោគ ដោយប្រើថ្នាំ និងការវះកាត់ ​និង ត្រូវបានបំពាក់ដោយឧបករណ៍វះកាត់ទំនើបចុងក្រោយគេបង្អស់ដែលប្រកបដោយការថែទាំដែលមានស្តង់ដា និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់សុខភាពកែវភែ្នករបស់លោកអ្នក។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលថែរក្សាភែ្នកយើងខ្ញុំ គឺជាមជ្ឈមណ្ឌលថែរក្សាភែ្នកតែមួយគត់ដែលបានចូលរួមកិច្ចសហការជាមួយមន្ទីរពេទ្យភ្នែក រត្ននីន នៅទីក្រុងបាងកកប្រទេសថៃ។ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់  ជាមួយនឹងសេវាកម្មដែលប្រកបដោយទំនុកចិត្ត​ក្រោមការផ្តល់ជូនដោយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដែលមានបទពិសោធន៍ការងារក្នុងការព្យាបាល​ ក៏ដូចជាដោះស្រាយបញ្ហាភ្នែករបស់អ្នក គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ក៏ជាជម្រើសល្អមួយសម្រាប់លោកអ្នកក្នុងការស្រាយនូវកង្វល់ និងវិបត្តិនៃសុខភាពភ្នែករបស់លោកអ្នក។   មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ​​  មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ផ្តល់នូវសេវាកម្មដ៏ល្អវិសេសក្នុងការថែទាំសុខភាពភ្នែកទាក់ទិននឹងចក្ខុ ឱសថ ​និងបន្ទប់ពិសោធន៍ ដោយមានផងដែរនូវបន្ទប់អង្កេត និងបន្ទប់ដែលអាចសាច់ញាតិ ឬក្រុមគ្រួសារ មើលឃើញដំណើរការនៃការវះកាត់។ មន្ទីរពេទ្យក៏ជាមន្ទីរពេទ្យដែលបានបើកដំណើរការនូវការព្យាបាលដោយកាំរស្មី (LASIK) ចំពោះអ្នកដែលចង់ឈប់ពាក់វ៉ែនតា និងសេវាព្យាបាលផ្លាស់ប្ដូរកញ្ចក់ភ្នែក (Corneal transportation)ដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបាននាំមកជូននូវការវះកាត់បាយភ្នែកដំបូងគេនៅកម្ពុជា។   កុំបង្អង់ពេលយូរ​ រាល់ពេលដែលអ្នកមានបញ្ហាសុខភាពភ្នែក ព្រោះថាការពន្យារពេលនៃការព្យាបាលអាចនឹងត្រូវ ចំណាយធនធានច្រើន ទាំងថរិកា និងពេលវេលា… បញ្ជាក់ ៖ លោកអ្្នកអាចស្វែងយល់បន្ថែមពីព័ត៌មានទូទៅនៃគ្លីនិកនីមួយៗ រួមមាន សេវាកម្ម ម៉ោងធ្វើការ ក្រុមការងារ តម្លៃព្យាបាល​ ដោយគ្រាន់តែចុចលើឈ្មោះគ្លីនិកនីមួយៗ... ស្វែងរកសេវាកម្មសុខភាពដែលអាចទុកចិត្តបានផ្សេងទៀតតាមរយៈ www.healthtime.tips © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺបាយភ្នែក ជាការកើតមានការស្រអាប់របស់ភ្នែក។ ពេលកើតបាយភ្នែកសរសៃប្រសាទបាតភ្នែកទទួលពន្លឺមិនបានល្អ ធ្វើឲ្យភ្នែកស្រអាប់ ហើយការមើលឃើញ មានការថយចុះ។ បាយភ្នែកកើតឡើងបានលើមនុស្សគ្រប់វ័យ ប្រសិនបើគ្រាប់ភ្នែកទទួលអន្តរាយពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដូចជា របស់មុត សារធាតុគីមី ឬពន្លឺកាំរស្មី។ ជំងឺបាយភ្នែកដែលបង្កឡើងដោយជំងឺទូទៅមួយចំនួន ដូចជា ការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ និងជំងឺភ្នែកខ្លះ អាចជាមូលហេតុជំរុញឲ្យកែវភ្នែកស្រអាប់។ ប៉ុន្តែ បាយភ្នែកច្រើនកើតលើវ័យចាស់ដែលមានអាយុ៤០ឆ្នាំឡើងទៅ ដោយសារភាពជរាដែលធ្វើឲ្យកែវភ្នែកស្រអាប់ ហើយឡើងរឹង នេះបើយោងតាមការបកស្រាយពីលោកវេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមពីជំងឺបាយភ្នែក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។   វេជ្ជបណ្ឌិត Amber GaumeGiannoniអ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។   តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។ ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។   វេជ្ជបណ្ឌិត Giannoniបានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។  4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines­) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។   6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួម​ជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។   លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កែវដាក់ក្នុងភ្នែក (contact lenses) អាចជួយដល់មនុស្សមួយចំនួន ដែលមានបញ្ហាភ្នែកមើលជិត ឬឆ្ងាយមិនសូវឃើញ ជាពិសេស អ្នកដែលមាន ភ្នែកម៉្ញូប ហើយមិនចង់ប្រើប្រាស់វ៉ែនតាម្តងម្កាល។ យ៉ាងណាមិញ សព្វថ្ងៃ កែវដាក់ក្នុងភ្នែកនេះ ត្រូវបានមនុស្សភាគច្រើនប្រើប្រាស់ដើម្បី តុបតែងលម្អខ្លួន ធ្វើជាស្តាយ ឬលេងពណ៌ភ្នែកផងដែរ។ ស្របពេលនេះផងដែរ ក៏មានការនិយាយតៗគ្នាផងដែរអំពី ករណីគ្រោះថ្នាក់ដែលបណ្តាលពីការប្រើប្រាស់ កែវដាក់ភ្នែកនេះ។ តើការពាក់បែបនេះ អាចមានផលប៉ះពាល់ចំពោះភ្នែកពិតមែនឬទេ?   ខាងក្រោមជាការបកស្រាយរបស់ក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែកចំពោះបញ្ហានេះ៖ ជាការពិត កែវដាក់ភ្នែកសព្វថ្ងៃមានគុណភាពខ្ពស់ ទន់ ហើយងាយស្រួលពាក់។ វាមិនធ្វើឲ្យឈឺភ្នែក រកាំ ឬមានបញ្ហាក្នុងការមើលឡើយ។ ប៉ុន្តែ វាមិនប្រាកដថា មានសុវត្ថិភាពក្នុងការពាក់ ១០០ ភាគរយនោះទេ។ ហេតុអ្វី?   ពេលអ្នកពាក់កែវក្នុងភ្នែក ការឆ្លងមេរោគតាមរយៈដៃរបស់អ្នក អាចកើតឡើងគ្រប់ពេលវេលា។ វាក៏អាចមានជាប់ធូលីដី ឬកម្ទេចកម្ទីផ្សេងៗ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នករកាំ ឬឆ្កូតបានដោយងាយ។ ការពាក់កែវក្នុងភ្នែកនេះយូរម៉ោង ក៏មិនល្អ ចំពោះសុខភាពភ្នែកដែរ ជាពិសេស ប្រសិនបើអ្នកភ្លេចដោះវាចេញពេលគេង។ ក្រៅពីនេះ កែវដាក់ក្នុងភ្នែកដែលមានតម្លៃថោក និងគ្មានគុណភាព ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះភ្នែក រហូតអាចធ្វើឲ្យអ្នក បាត់បង់ភ្នែករបស់អ្នកផងក៏ថាបាន។   គ្រូពេទ្យជំនាញបានណែនាំថា កែវដាក់ក្នុងភ្នែក គឺជាឧបករណ៍ពេទ្យ ដើម្បីព្យាបាល ឬដោះស្រាយបញ្ហាភ្នែកប៉ុណ្ណោះ ដូច្នេះ ប្រសិនបើមិនចាំបាច់ទេ ការចៀសវាងប្រើប្រាស់ក្នុងករណីមិនចាំបាច់ គឺជាការល្អបំផុត។ អ្នកត្រូវចងចាំថា ទោះបីជាអ្នកប្រយ័ត្នយ៉ាងណាក៏ដោយ មេរោគ ឬបញ្ហានានា អាចនឹងកើតឡើងបាន នៅពេលអ្នកពាក់ ឬដោះកែវដាក់ក្នុងភ្នែកម្តងៗ។ អ្វីដែលអ្នកគួរធ្វើ ប្រសិនបើអ្នកត្រូវពាក់កែវដាក់ក្នុងភ្នែក ៖     · ជ្រើសរើស ឬពាក់កែវដាក់ក្នុងភ្នែក ដែលគ្រូពេទ្យ ឬអ្នកជំនាញបានណែនាំប៉ុណ្ណោះ     · កុំប្រើប្រាស់វាម្តងទៀត​ ប្រសិនបើអ្នកគិតថា វាជ្រុះធ្លាក់ ហួសថ្ងៃកំណត់ ឬសឹកខ្លាំង     · លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតបំផុត មុន និងក្រោយពេលពាក់     · ផ្លាស់ប្តូរកែវក្នុងភ្នែកនេះ តាមកាលកំណត់ ទៅតាមផលិតផលដែលអ្នកទិញ     · ដកកែវនេះចេញភ្លាម ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល ឬពិបាកមើល    ​ · កុំពាក់វា នៅពេលហែលទឹក ឬអំឡុងពេលគេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ោក ធន បានមានប្រសាសន៍ថា «ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប ដែលពុំទាន់រកឃើញពីមូលហេតុច្បាស់លាស់ តែ៩០%ត្រូវ បានគេសន្និដ្ឋានថា បណ្តាលមកពីតំណពូជ តែមិនទាន់ដឹងថាកំណត់ដោយក្រូម៉ូសូមប្រាកដណាមួយ»។  មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? -ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។  -ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍ មានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះ ការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។  បញ្ជាក់ ៖ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ -ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ -រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវនឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយដើម្បីមើលច្បាស់ ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបាន ប៉ុន្តែមិនទាំងស្រុងទេ។ ចំពោះជំនឿរបស់បងប្អូនយើង ជាពិសេសមាតាបិតាដែលថា «ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ» គួរតែត្រូវបានពិចារណាឡើងវិញ ពីព្រោះអ្វីដែលសំខាន់ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ។ យល់ដឹងបន្ថែមពី បញ្ហាភ្នែកម៉្ញូប © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកប្រើប្រាស់ភ្នែកច្រើនពេលយប់ ប្រាកដជាធ្លាប់ចាប់អារម្មណ៍ហើយថា គំហើញរបស់ខ្លួនហាក់ដូចជាប្រក្រតីនៅពេលដែលសម្លឹងមើលទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ តែប្រែជាមើលរូបភាពមិនឃើញនៅទីងងឹត ដឹងទេថា នេះជារោគសញ្ញានៃជំងឺម៉្ញួបយប់ (Noctunal myopia or nightmyopia) បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ។ លោកបានបញ្ជាក់ផងដែរថា វាមិនមែនបង្កឡើងពីតំណពូជនោះទេ តែច្រើនមកពីលក្ខខណ្ឌការងារ ហើយវាក៏អាចនឹងបាត់ទៅវិញពេលចូលដល់វ័យ៤០ឆ្នាំ ពេលដែលសាច់ដុំភ្នែកលែងត្រូវបានប្រើប្រាស់ខ្លាំង ហើយការព្យាបាលដែលអាចធ្វើបានមុនចូលដល់វ័យនោះ គឺការកែគំហើញរបស់អ្នកជំងឺដោយការប្រើប្រាស់វ៉ែនតា។ ថ្វីត្បិតថា ផលវិបាកនៃជំងឺនេះមិនធ្ងន់ធ្ងរ តែអាចនឹងបង្កគ្រោះថ្នាក់ក្នុងពេលបំពេញការងារក្នុងទីងងឹត ដូចនេះ អ្នកមិនត្រូវធ្វេសប្រហែសឡើយ… ស្វែងយល់បន្ថែមពី ជំងឺម៉្ញួបយប់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ជាការពិត ស្បែកនៅត្រង់បរិវេណភ្នែកជាតំបន់ដែលមានសភាពស្តើង និងរស់ ហើយងាយនឹងទទួលការខូចខាត។ ការលេចឡើងជាស្នាមជ្រីវជ្រួញ ត្រង់កន្ទុយភ្នែក ក្រោមភ្នែក និងសភាពជាំ ឬឡើងខ្មៅនៅជុំវិញភ្នែក ជាបញ្ហាមួយដែលអ្នកទាំងអស់គ្នាមានកង្វល់ស្រាប់ទៅហើយ ខណៈពេលដែលអាយុកាន់តែច្រើន ព្រោះវាជាផ្នែកមួយ ដែលស្តែងចេញច្បាស់ជាងគេ នូវការវិវឌ្ឍទៅរកភាពចាស់ ប៉ុន្តែអ្នកក៏ត្រូវប្រឈមមុខនឹងកត្តាជាច្រើនទៀត ដែលត្រូវបានដឹងថា ជាមូលហេតុ​ នៃឥទ្ធិពលអាក្រក់នេះ។ ដោយឡែក ក្នុងនោះកត្តាទាក់ទិននឹងភ្នែកដែលត្រូវបំពេញមុខងារជារៀងរាល់ថ្ងៃ បែរជាត្រូវបានមើលរំលងទៅវិញ។   តើភ្នែកមានទំនាក់ទំនងយ៉ាងណាជាមួយភាពចាស់របស់ផ្ទៃមុខ?   ១. ការប្រើប្រាស់លេនដាក់ភ្នែក មិនទាក់ទងនឹងឥទ្ធិពលរបស់លេនទេ តែសំដៅដល់របៀបពាក់លេន ដែលជាទូទៅតម្រូវឲ្យមានការទាញស្បែកដើម្បីសូកបញ្ចូលលេនទៅក្នុងភ្នែក។ ប្រព្រឹត្តិទង្វើបែបនេះដដែលៗ អាចឲ្យស្បែកមានសភាពយារធ្លាក់ បាត់បង់ភាពរស់រវើក និងហាប់ណែន។   ២. ការផ្តល់សម្ពាធដល់ភ្នែក ដូចជាការពាក់វ៉ែនតាម៉ូតធំៗ ឬដងធ្ងន់ជាប្រចាំ អាចចាត់ទុកថាជាការផ្តល់សម្ពាធដល់ភ្នែក ដែលហុចផលអាក្រក់ដល់ស្បែក ពិសេសក្រោមភ្នែក និងសងខាងស្លាបច្រមុះ ដោយបន្សល់នូវស្នាមជាំខ្មៅដែលមើលឃើញច្បាស់។   ៣. ការប្រើប្រាស់គ្រឿងសម្អាងទៅលើភ្នែក ជាក់ស្តែងពពួក eyeliner ដែលជាទីពេញនិយមរបស់ស្រ្តី ក៏អាចបង្កជាស្នាមជ្រីវជ្រួញដែរ   ដោយសាររបៀបនៃការគូស ក៏ដូចជាការជូតសម្អាតវិញ  ធ្វើឲ្យ ស្បែកទទួលរងការកកិត។ ក្នុងនោះការប្រើប្រាស់នូវគ្រឿងសម្អាងសម្រាប់ភ្នែកផ្សេងៗ ដែលគ្មានគុណភាព ក៏អាចបណ្តាលឲ្យស្បែកដ៏ស្តើងនៅតំបន់ភ្នែក ទទួលរងការខូចខាតផងដែរ។   ៤. ការប្រើប្រាស់ភ្នែកហួសកម្រិត ការប្រឹងសម្លឹងមើលអ្វីមួយក្នុងរយៈពេលយូរ មិនត្រឹមតែជះឥទ្ធិពលដល់សមត្ថភាពក្នុងការមើលរបស់ភ្នែកទេ ថែមទាំងអាចធ្វើឲ្យភ្នែករបស់អ្នក មានការនឿយហត់ ដែលសម្តែងឡើងតាមរយៈស្បែកនៅជុំវិញភ្នែកឡើងខ្មៅ។ ដោយឡែក ចំពោះការសម្លឹងនៅមុខកុំព្យូទ័រ ទូរទស្សន៍ ឬថេបប្លេត រឹតតែមិនល្អ ដល់ស្បែករបស់អ្នក។ មិនតែប៉ុណ្ណោះ ពន្លឺដែលចេញពីឧបករណ៍ទាំងអស់នេះ អាចជាមូលហេតុនៃការគេងមិនស្កប់ស្កល់ ឈឺក្បាល វិលមុខ ក៏ដូចជា ការរលាកភ្នែករបស់អ្នក និងធ្វើឲ្យវាក្លាយជាមូលហេតុដោយប្រយោល នៃភាពចាស់ទាក់ទងនឹងការប្រើប្រាស់ភ្នែករបស់អ្នក។ ចំពោះបញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការអនុវត្តការសម្រាកភ្នែក៥នាទីរៀងរាល់មួយម៉ោងម្តង និងអាចប្រើប្រាស់ផ្ទាំងការពារពន្លឺសម្រាប់កុំព្យូទ័រ ឬទូរទស្សន៍ផងដែរ។   ៥. ជ្រួញចិញ្ចើមដោយការចាញ់ពន្លឺ វាជារឿងធម្មតាដែលយើងនឹងជ្រួញចិញ្ចើមនៅពេលប្រឈមមុខនឹងពន្លឺអ្វីមួយ ដោយមិនអាចចៀសបាន ដែលការធ្វើបែបនេះញឹកញាប់ ឬក្នុងរយៈពេលយូរ នឹងបង្ហាញឡើងឲ្យឃើញនូវភាពជ្រីវជ្រួញជាមិនខាន។ ម្យ៉ាងទៀត ការប្រឈមនឹងពន្លឺ គឺផ្តល់នូវលទ្ធផលមិនល្អស្រាប់ទៅហើយដល់ស្បែក និងភ្នែក ដូចនេះយល់ល្អ អ្នកគួរតែជ្រើសរើសប្រើប្រាស់ផលិតផលការពារកំដៅសម្រាប់ស្បែកជុំវិញភ្នែកផ្ទាល់ ហើយក៏គួរជ្រើសរើសប្រើវ៉ែនតាការពារពន្លឺថ្ងៃ ដែលមានដងស្រាល ពេលអ្នកនៅក្រោមពន្លឺ។   ៦. ការញីភ្នែកញឹកញាប់ នេះអាចជាទម្លាប់មួយរបស់មនុស្សមួយចំនួន ជាពិសេសក្រោយពេលភ្ញាក់ពីគេង។ ដោយឡែក ការរកាំភ្នែក ស្ងួត រមាស់ភ្នែក ឬជំងឺភ្នែកមួយចំនួនទៀត ក៏អាចជាមូលហេតុ​ ដែលឲ្យអ្នកញីភ្នែកញឹកញាប់ ដោយមិនដឹងខ្លួនផងដែរ។ដូចនេះ អ្នកគប្បីថែទាំសុខភាពភ្នែករបស់អ្នកឲ្យចៀសផុតពីបញ្ហាទាំងអស់នេះ ដើម្បីផាសុកភាពនៃភ្នែករបស់អ្នក។ ចំពោះករណីធូលីចូលភ្នែក អ្នកក៏ត្រូវចៀសវាង ប្រើដៃញីភ្នែកខ្លាំងៗ ដែលមិនត្រឹមតែធ្វើឲ្យស្បែកយារ ក៏អាចប្រឈម នឹងការឆ្លងរោគ ទៅជាជំងឺភ្នែកផងដែរ។ សម្រាប់បញ្ហានេះ អ្នកអាចដោះស្រាយបាន ដោយការប្រើប្រាស់ទឹកសម្រាប់លាងភ្នែក ថ្នាំបន្តក់ភ្នែក ឬទឹកស្អាតដើម្បី សម្អាតកម្ទេច ឬធូលីចេញ។   ៧. ការមិនទៅជួបនឹងគ្រូពេទ្យភ្នែកទៀងទាត់ ពិសេសចំពោះអ្នកមានបញ្ហាភ្នែក ឬម្ញូប ដែលទាមទារឲ្យធ្វើការតាមដានការវិវឌ្ឍរបស់វា ដើម្បីធ្វើការការព្យាបាល ឬប្តូរវ៉ែនតាចំពោះអ្នកម្ញូប។ បើអ្នកធ្វេសប្រហែស ចំពោះបច្ចុប្បន្នភាព ទាក់ទងនឹងសុខភាពភ្នែក អ្នកប្រកដណាស់នឹងប្រឈមមុខនឹងបញ្ហាឈឺ រកាំភ្នែក រួមជាមួយអាការៈឈឺក្បាល និងនឿយហត់ និងបញ្ហាព្រិច ឬជ្រួញចិញ្ចើម ដោយសារការប្រឹងមើល ដែលជាមូលហេតុពីរចម្បងនៃភាពជ្រីវជ្រួញ។ ដោយគ្រាន់តែចំណាយពេលខ្លះទៅជួបនឹងគ្រូពេទ្យភ្នែក អ្នកមិនបាច់បារម្ភ ពីបញ្ហានេះទៀតទេ។   ទន្ទឹមនឹងនេះ អ្នកគួរស្វែងយល់នូវគន្លឹះផ្សេងៗទាក់ទងការថែទាំសុខភាពភ្នែក ក៏ដូចជាសុខភាពស្បែកដទៃទៀត ដើម្បីជាជំនួយ និងពន្យារនូវភាពចាស់របស់អ្នក និងជាពិសេសចៀសវាងសម្រេចធ្វើការព្យាបាល ឬប្រើប្រាស់នូវផលិតផល ដែលមិនគួរទុកចិត្តណាមួយដោយខ្លួនឯង៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top