-
May 10, 2017
|
-
7 years ago
|
-
4.8K views
បំណិន ឬជំនាញជីវិត គឺជាអ្វីមួយដ៏ចាំបាច់បំផុតដែលមនុស្សម្នាក់ៗត្រូវតែឈោងចាប់យក ជាពិសេសបណ្តាបុរសៗដែលនៅលីវមិនទាន់មានភរិយា ដ្បិតយោងតាមការអង្កេតស្រាវជ្រាវពីក្រុមអ្នកជំនាញបញ្ហាជីវិតបានបង្ហាញថា ស្ត្រីភាគច្រើនបំផុតពេញចិត្តបុរសដែលមានជំនាញពិតប្រាកដណាមួយ បើទោះជំនាញមួយចំនួននោះហាក់មិនចាំបាច់សម្រាប់ជីវិតរបស់មនុស្សក្តី។ តើស្ត្រីចូលចិត្តបុរសមានជំនាញអ្វីខ្លះ ?
១-ចេះនិយាយភាសាបរទេសណាមួយ៖ ពិតប្រាកដណាស់ នេះជាជំនាញមួយដែលមនុស្សពេញវ័យពិបាកនឹងចាប់យក។ នេះជាមូលហេតុដែលជម្រុញឲ្យស្ត្រីឲ្យតម្លៃ និងចាប់អារម្មណ៍លើបុរសដែលចេះភាសាបរទេស ដ្បិតពួកគេយល់ថា បុរសដែលចេះអាន សរសេរ និងនិយាយភាសាជាតិសាសន៍ដទៃបាន ប្រហែលជាមានការយល់ដឹងខ្ពស់ និងទូលំទូលាយពីស្ថានការណ៍ជុំវិញពិភពលោកផងដែរ ។
២-ចេះលេងឧបករណ៍តន្ត្រីណាមួយ៖ សម្រាប់បុរសដែលទើបស្គាល់គ្នាជាមួយស្ត្រីណាម្នាក់ជាលើកដំបូង ការចេះលេងឧបករណ៍តន្ត្រីបានយ៉ាងពិរោះ គឺជាសមត្ថភាពមួយដែលអាចទាក់ទាញនាងបាន។ លើសពីនេះ វាក៏អាចបង្ហាញឲ្យឃើញនូវចរិតឫកពាររបស់អ្នកឲ្យបុរស និងស្ត្រីដទៃទៀតបានឃើញផងដែរ។ បុរសដទៃអាចនឹងកោតសរសើរ ព្រមទាំងគោរពទទួលស្គាល់ថាអ្នកជាមនុស្សម្នាក់ដែលអាចធ្វើរឿងរ៉ាវមួយដែលបណ្តាមនុស្សភាគច្រើនធ្វើមិនកើត។
៣-មានសមត្ថភាពជួសជុលគ្រឿងម៉ាស៊ីន (រថយន្ត, ម៉ូតូ)៖ ការរៀនពីបច្ចេកទេសជួសជុលម៉ាស៊ីនរថយន្ត ឬម៉ូតូ មើលទៅហាក់ដូចជាសមត្ថភាពមួយដែលធ្វើឲ្យអ្នករឹតតែពិបាក។ ប៉ុន្តែដោយសំណាងល្អ អ្នកមិនចាំបាច់ចេះច្រើននោះទេ បើសិនគ្រាន់តែក្នុងគោលបំណងទាក់ទាញចិត្តស្ត្រីដែលខ្លួនស្រឡាញ់នោះ។ ចំណុចសំខាន់ គឺអ្នកត្រឹមតែអាចយល់ដឹងថា រថយន្ត ឬម៉ូតូខូចអ្វី ពោលគឺប្រសើរជាងចេះត្រឹមតែបើកគម្របម៉ាស៊ីន ហើយគ្រវីក្បាល។ នេះពិតជាសំខាន់ណាស់ ជាពិសេសក្នុងខណៈអ្នកកំពុងជូនស្ត្រីណាម្នាក់ដើរកម្សាន្ត។ មួយវិញទៀត ការយល់ដឹងពីមូលដ្ឋានគ្រឹះរបស់ម៉ាស៊ីនរថយន្តឬម៉ូតូ វានឹងមិនធ្វើឲ្យអ្នកងាយក្លាយជាមនុស្សចាញ់បោកជាងជួសជុលដែលមិនស្មោះត្រង់នោះទេ ។
៤-ចេះរាំ និងច្រៀងកម្សាន្ត៖ បុរសមិនចេះរាំហាក់ដូចជាបាត់បង់សិល្បៈមួយក្នុងការទាក់ទាញស្ត្រី ដ្បិតក្នុងពេលចូលរួមពិធីផ្សេងៗ ស្ត្រីរមែងចង់ឡើងរាំ ជាពិសេសជាមួយដៃគូបុរសណាម្នាក់ដែលនាងដឹងថាកំពុងតាមស្រឡាញ់ និងចែចង់នាង ។ បុរសមិនគួរបញ្ចេញភាពខ្មាសអៀនញើតញើមក្នុងការបបួលស្ត្រីដែលខ្លួនស្រឡាញ់ពេញចិត្តឲ្យឡើងរាំនោះទេ ។
៥-ចេះចម្អិនអាហារ៖ អ្នកមិនចាំបាច់ត្រូវទៅរកគ្រូបង្ហាត់ដាំស្ល ឬទៅទិញគ្រឿងផ្ទះបាយដើម្បីមករៀនធ្វើម្ហូបនោះទេ។ ចូរចាប់ផ្តើមជាលក្ខណៈតូចតាចបានហើយ។ ស្ត្រីជាមិត្តភក្តិរបស់អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកចេះធ្វើម្ហូប ហើយនាងអាចនឹងចង់ដឹងថាអ្នកចេះធ្វើម្ហូបអ្វីទៀតផង ។
៦-មានសុខភាពមាំមួនដូចជាអត្តពលិក៖ ក្រៅពីសមត្ថភាពដាំស្ល ស្ត្រីក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរលើបុរសដែលមានរាងកាយមាំមួន ។ ពួកនាងពិតជាចង់ឲ្យអ្នកក្លាយជាបុរសម្នាក់ដែលមានកម្លាំងខ្លាំងដូចជាអ្នកលេងកីឡា ពោលគឺឲ្យសមជាកូនប្រុសដើមទ្រូង៥ហត្ថ រឹងមាំមិនទន់ជ្រាយដូចជាស្ត្រីភេទ ។
៧-រចនាបថ និងការតុបតែងខ្លួន៖ ការតុបតែងខ្លួនរបស់បុរស ក៏ជាចំណុចមួយអាចទាក់ទាញស្ត្រីបានផងដែរ។ ស្ត្រីភាគច្រើនមិនចូលចិត្តបុរសគ្មានអនាម័យខ្លួនប្រាណនោះទេ ។ ដូច្នេះការកាត់សក់ខ្លី កោរពុកមាត់ ស្លៀកពាក់ស្អាតបាត សុទ្ធតែជាចំណុចដែលទាក់ទាញភ្នែកស្ត្រី ។ បណ្តាស្ត្រីតែងតែរអ៊ូថា បុរសៗកម្រនឹងយកចិត្តទុកដាក់លើរូបរាងរបស់ខ្លួនខ្លាំងណាស់ ។
៨-ការនិយាយស្តី៖ ថ្វីមាត់ក្នុងការនិយាយស្តី ក៏ជាចំណុចមួយដែលស្ត្រីដាក់ពិន្ទុឲ្យបុរសផងដែរ។ ការនិយាយស្តីនៅទីនេះ គឺចង់សំដៅទៅលើពាក្យពេចន៍ដែលបុរសនិយាយទៅកាន់ស្ត្រីដែលខ្លួនចាប់អារម្មណ៍ ឬស្ត្រីដែលខ្លួនមិនដែលស្គាល់។ ទាំងអស់នេះគឺទាមទារឲ្យមានជំនាញ។ ទន្ទឹមនឹងការនិយាយស្តី បុរសក៏ត្រូវមានជំនាញក្នុងការស្តាប់យោបល់របស់គូសន្ទនាផងដែរ ។ ស្ត្រីពិតជាគិតថាសំខាន់ចំពោះតុល្យភាពនៃពាក្យពេចន៍សន្ទនា។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share