Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើអ្នកមានលទ្ធភាពប្រើរបស់ទំនើបដូចជា Smartwatch ហើយ អ្នកក៏គួរតែវៃឆ្លាតប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពដែរមែនទេ? មិនអាចពាក់ត្រឹមលម្អខ្លួន និងបង្អួតគេថាវាឡូយនោះទេ ត្រូវតែបង្ហាញឲ្យគេឃើញផងដែរថាវាពិតជាឡូយ និងឆ្លាតវៃស័ក្តិសមនឹងអ្នក។  ក្នុងអត្ថបទកន្លងមក ហេលស៍ថាមបានលើកឡើងអំពីការប្រើប្រាស់កម្មវិធីក្នុង smartphone សម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ  អ្នកប្រាកដជាបានដឹងឮជាច្រើនផងដែរអំពីភាពសម្បូរបែបរបស់ smartwatch ដ៏ពេញនិយម ដែលយើងនឹងលើកមកបង្ហាញក្នុងលេខនេះផ្ទាល់ អំពីមុខងាររបស់វាចំពោះការរស់នៅ។  បន្ទាប់ពីនេះ អ្នកនឹងអាចដឹងបានហើយថាហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសរើសយក smartwatch? នាឡិកាអេឡិចត្រូនិចSmartwatchត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួល  និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់   ដែលលើសពីការមើលពីពេលវេលា  ការភ្ជាប់ជាមួយនឹង  smartphone  ឆែកសារ ប្រើអ៊ីនធឺណែត ស្តាប់ចម្រៀង  ព្រមទាំងកម្មវិធីជាច្រើនទៀត ដែលក្នុងនោះមុខងារតាមដានសុខភាពទូទៅ និងឈានដល់ការគ្រប់គ្រងនូវជំងឺមួយចំនួន ក៏ជាមុខងារដែលអ្នកប្រើប្រាស់មិនគួរមើលរំលងផងដែរ។ 1.កំណត់ជំហានក្នុងការដើរ៖ បើចង់បាននូវជីវិតរស់នៅដ៏សកម្ម និងទទួលបានសុខភាពដ៏ល្អប្រសើរនោះ អ្នកគួរដើរឲ្យបាន ១០,០០០ជំហានក្នុងមួយថ្ងៃ។  Smart Watch មានមុខងាររាប់នូវជំហានដែលអ្នកបានដើរ និងអាចឲ្យអ្នកគ្រប់គ្រងនូវចំនួនជំហានដែលអ្នកបានដើរជារៀងរាល់ថ្ងៃ។ ក្រៅពីនោះវានឹងកត់ទុកនូវទិន្នន័យទាក់ទងនឹងជំហាន  ចម្ងាយ និងកាឡូរីបានដុតបំផ្លាញដើម្បីអាចឲ្យអ្នកកំណត់គោលដៅសម្រាប់ការហាត់ម្តងៗ។ 2.តាមដានការគេង៖ បុគ្គលភាគច្រើនអាចនឹងមានបញ្ហាក្នុងការមិនទទួលបានដំណេកគ្រប់គ្រាន់ ឬលើស ដែលជាហេតុបង្កឲ្យមានផលអវិជ្ជមានចំពោះរាងកាយ។ SmartWatch មានមុខងារ ដោយប្រាប់អ្នកនូវចំនួនម៉ោងដែលអ្នកគេងបានស្កប់ស្កល់ ដែលវាអាចឲ្យអ្នកកំណត់ពេលវេលាយ៉ាងជាក់លាក់សម្រាប់ទទួលបាននូវការគេងគ្រប់គ្រាន់ និងមានគុណភាព។ 3.តាមដានលំហាត់ប្រាណ៖ នរណាក៏ចង់មានលំហាត់ប្រាណមួយដ៏ជាប់លាប់ដែរ   តែសំខាន់គឺការអត់ធ្មត់ និងការមានទម្លាប់ជាប្រចាំថ្ងៃ។ លក្ខណៈពិសេសនៃមុខងារ Smart Watch គឺផ្តល់នូវរំញ័រទៅលើ កដៃរបស់អ្នកដើម្បីជួយប្រាប់អ្នកថាដល់ពេលក្នុងការធ្វើលំហាត់ប្រាណ។ វាក៏អាចធ្វើការគ្រប់គ្រងនូវចំនួនកាឡូរីដែលអ្នកត្រូវដុតបំផ្លាញដើម្បីសម្រេចគោលដៅផងដែរ។ 4.កម្មវិធីសម្រាប់អ្នកកីឡា៖ កម្មវិធី GPS នៅក្នុងSmartwatch អាចជួយឲ្យកីឡាកររត់ចម្ងាយ អ្នកជិះកង់ និងអ្នកហ្វឹកហាត់រាងកាយផ្សេងៗអាចកំណត់ទីតាំងរបស់ពួកគេបានដោយមិនបាច់ត្រូវការsmartphone។ ក្រៅពីនោះ ពួកគេក៏អាចតាមដាននូវចម្ងាយ ល្បឿន និងរង្វាស់ផ្សេងៗទៀតទាក់ទងនឹងការលេងកីឡា។ ដោយឡែក អ្នកហែលទឹកក៏អាចប្រើប្រាស់នូវនាឡិកានេះដូចគ្នា  ពីព្រោះវាមានសមត្ថភាពអាចការពារចូលទឹកបាន។ 5.មុខងារសម្រាប់ដាស់តឿន និងរំលឹក៖ សកម្មភាពប្រចាំថ្ងៃជាច្រើនត្រូវការមានការដាស់តឿន ដូចជាការក្រោកពីគេង ការញ៉ាំទឹក ការញ៉ាំថ្នាំឲ្យទៀងទាត់ ការប្រជុំ ការធ្វើចលនាពេលអ្នកអង្គុយយូរ និងជម្រុញឲ្យធ្វើសកម្មភាពផ្សេងៗទៀតចៀសផុតពីការរស់នៅដែលមិនសកម្ម។ 6.កម្មវិធីតាមដានសុខភាព៖ ក្រៅពីមុខងារក្នុងការវាស់ចង្វាក់បេះដូង និងប៉ារ៉ាមែត្រជាច្រើនទៀតទាក់ទងនឹងសុខភាព  មានក្រុមហ៊ុនមួយចំនួនបានបង្កើតនូវកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់ Smart watch ដោយពួកគេអាចធ្វើការទាញយកកម្មវិធីដែលអាចបកប្រែនូវលទ្ធផលសុខភាពដែលមានសារប្រយោជន៏សម្រាប់វេជ្ជបណ្ឌិតធ្វើការពិនិត្យ និងតាមដានសុខភាព ហើយវាស័ក្តិសមបំផុតចំពោះអ្នកដែលចាប់អារម្មណ៍ទៅលើសុខភាពឬអ្នកដែលមានជំងឺរ៉ាំរៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺធាត់ហួសកម្រិតជាដើម។ 7.មុខងារសម្រួលដល់អ្នកជំងឺ៖ Smart Watchក៏មានមុខងារអាចជួយសម្រួលការរស់នៅដល់អ្នកដែលមានជំងឺហឺត   ជំងឺParkinson ទឹកនោមផ្អែម មហារីកសុដន់   ឬអ្នកដែលមានជំងឺបេះដូងជាដើម។ ដោយផ្អែកលើការពិសោធន៍ទៅលើអ្នកជំងឺហឺត ឃើញថាកម្មវិធីនេះអាចជួយពួកគេឲ្យដឹងថាទីតាំងណាដែលមានខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីនោះ ក៏មានកម្មវិធីសម្រាប់ណែនាំអំពីការដកដង្ហើមផងដែរ។ 8.ជំនួយក្នុងការស្តាប់៖ Connect Line ក៏ជាកម្មវិធីដ៏អស្ចារ្យមួយ មាននៅក្នុង Smart Watchដែលបង្កើតឡើងសម្រាប់អ្នកដែលកំពុងប្រើប្រាស់ឧបករណ៏ជំនួយត្រចៀក។ វាអាចជួយគ្រប់គ្រងនូវសម្លេងនៃឧបករណ៏ជំនួយត្រចៀកបានយ៉ាងងាយស្រួល ដោយពុំមានអ្នកណាដឹងថាអ្នកកំពុងតែប្រើប្រាស់ឧបករណ៏ជំនួយត្រចៀកនោះទេ។ ជាមួយនឹងគ្រឿងលម្អខ្លួនដ៏ទាន់សម័យបែប Smartwatch នេះអាចឲ្យអ្នកផ្លាស់ប្តូរបែបផែនជីវិតរស់នៅឲ្យកាន់តែរស់រវើក  និងសម្បូរបែប ព្រមទាំងប្រកបដោយផាសុកភាពយ៉ាងពេញលេញ ដូចនេះវាពិតជាស័ក្តិសមនឹងក្លាយជាដៃគូដ៏ល្អដែលនៅជាប់ខ្លួនរបស់អ្នកគ្រប់គ្នាគ្រប់ពេលវេលា។ 

Share

អស់កម្លាំងល្ហិតល្ហៃ មិនអាចផ្តោតអារម្មណ៍បានល្អ ជាបញ្ហាដែលតែងតែជួបយ៉ាងញឹកញាប់ ដែលវាពិតជារំខានដល់ផលិតភាពការងារ និងការរៀនសូត្រ  ព្រមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើន ហើយអ្នក    ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានល្អ។ អាការៈអស់កម្លាំងជាសញ្ញាណសុខភាពដែលប្រាប់ថារូបរាងកាយរបស់អ្នកកំពុងបាត់បង់នូវថាមពល ដែលជាទូទៅអ្នកគ្រប់គ្នានឹងគ្រាន់តែគិតថានេះជារឿងធម្មតាមួយ ដោយភ្លេចគិតថាតើអាការៈនេះកើតឡើងដោយសារមូលហេតុធម្មតា ឬដោយសារតែបញ្ហាគួរឲ្យបារម្ភណាមួយ?    ហើយវាគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេចយោងទៅតាមករណីនីមួយៗ? 1.ជំងឺផ្តាសាយ៖ អាការៈកណ្តាស់ ឬហៀរចេញនូវសំបោរ ជារោគសញ្ញាដ៏ជាក់លាក់មួយនៃជំងឺផ្តាសាយ ជាមួយគ្នាផងដែរ អ្នកអាចបាត់បង់ថាមពល និងរាងកាយចុះខ្សោយ ដែលទាមទារឲ្យអ្នកត្រូវការពេលវេលាមួយរយៈសម្រាប់សម្រាកយកថាមពលឡើងវិញ។ ការបាត់បង់កម្លាំងរាងកាយកើតឡើង ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានប្រើប្រាស់ថាមពលខ្លាំងដើម្បីធ្វើការសម្លាប់នូវមេរោគដែលបង្កជាជំងឺផ្តាសាយនោះ ដែលជាហេតុ ធ្វើឲ្យថាមពលនៃសាច់ដុំចុះខ្សោយ នោះរាងកាយក៏អន់ថយទៅតាមហ្នឹងដែរ។ ដូចនេះ អ្នកត្រូវ៖ •បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ និងញ៉ាំអាហារដែលជាពពួកស្រូវសាលី នំបុ័ង យ៉ាអួដែលគ្មានសារធាតុធ្វើឲ្យធាត់ (ចៀសវាងអាហារប្រភេទខ្លាញ់ និងផ្អែម) ដើម្បីបង្កើនកម្លាំងឡើងវិញ។ •សម្រាកឲ្យបានគ្រប់គ្រាន់ ចៀសឲ្យឆ្ងាយពីអារម្មណ៍ស្រេ្តស និងតប់ប្រមល់។ 2.ការមករដូវ៖ វាអាចជាមូលហេតុដែលគ្រប់ស្រ្តី តែងតែមានអារម្មណ៍ល្ហិតល្ហៃ និងបាត់បង់ថាមពលរាងកាយ មិនអាចបំពេញការងារប្រចាំថ្ងៃបានរលូន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការមករដូវនោះ។ ការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឈាមនោះទេ បរិមាណទឹកក្នុងរាងកាយក៏ត្រូវបានចុះថយដូចគ្នា ដែលវាធ្វើឲ្យអ្នកមានអាការៈចុះខ្សោយក្នុងរាងកាយ។   ដោយសារតែវាតែងតែកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ ដូច្នេះ មិនគួរបណ្តោយឲ្យស្ថានភាពនោះគ្រប់គ្រងអ្នកជារៀងរហូតនោះទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖ •ញ៉ាំអាហារបន្ទាប់បន្សំ បន្ថែមពីលើអាហារចម្បង ៣ពេល។ ចំណែក អាហារដែលញ៉ាំ គួរតែជាពពួកដែលសម្បូរប្រូតេអុីនខ្ពស់ដូចជា សាច់មាន់ឬត្រី និងអាចលេបវីតាមីនបន្ថែមដែលជាប្រភេទ Multivitamins។ •ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានចៀសវាងយកភេសជ្ជៈប្រភេទ សូដា ឬមានជាតិស្ករច្រើន មកជំនួសការបំពេញជាតិទឹក។ •ហាមទទួលទានភេសជ្ជៈមានជាតិ កាហ្វេអីុន ឬអាល់កុល ដែលអាចឲ្យអ្នកពិបាកក្នុងការគេងនៅពេលយប់  ជាលទ្ធផល អ្នកអាចមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ 3.ជំងឺខ្វះជាតិស្ករក្នុងឈាម៖ ជាតិស្ករមានសារសំខាន់សម្រាប់ឲ្យសរីរាង្គក្នុងរាងកាយអាចបង្កើនថាមពល ដូច្នេះ អាការៈអស់កម្លាំងខ្លះ ក៏អាចបណ្តាលមកពីការខ្វះជាតិស្ករក្នុងឈាមដែរ ដែលការខ្វះនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការញ៉ាំអាហារដែលមិនមានសារជាតិស្ករគ្រប់គ្រាន់ ឬអាចមកពីជំងឺរ៉ាំរ៉ៃប្រភេទជំងឺទឹកនោមផ្អែម។ អ្វីដែលគួរធ្វើគឺ៖ •គួរទម្លាប់បញ្ចូលនូវអាហារខ្លះក្នុងរបបអាហាររបស់អ្នក ដែលជាប្រភេទ បាយ ដំឡូង នំបុ័ង ស្រូវសាលី បន្លែ និងទឹកដោះគោ ដែលជាប្រភពយ៉ាងសំខាន់នៃជាតិស្ករ។ •បើមិនបានធូរស្បើយ គួរស្វែងរកគ្រូពេទ្យឯកទេសសម្រាប់កំណត់ការព្យាបាលឲ្យមានប្រសិទ្ធភាព។ 4.ជំងឺកង្វះគ្រាប់ឈាមក្រហម៖ អាការៈចុះខ្សោយខ្លះទៀត វាក៏អាចជាប់ពាក់ព័ន្ធទៅនឹងបរិមាណគ្រាប់ឈាមក្នុងខ្លួនរបស់អ្នក ដែលជាជំងឺដែលអ្នកប្រហែលជាមិនអាចដឹងជាមុន ហើយវាអាចបណ្តាលមកពីការបាត់បង់ឈាមដោយខូចសរីរាង្គខាងក្នុង ការដាច់រលាត់ផ្នែកណាមួយនៃរាងកាយធ្វើឲ្យមានការហូរឈាមច្រើន។ ជាការពិត គ្រាប់ឈាមជាចំណែកដ៏ធំក្នុងការទ្រទ្រង់រាងកាយទាំងមូល ហើយការបាត់បង់ឈាមតែងតែធ្វើឲ្យមានអារម្មណ៍ហេវហត់ ដោយសារបាត់បង់លំនឹងនៃគ្រាប់ឈាម។ អ្វីគួរធ្វើ៖ •ទទួលទានត្រី ព្រោះវាជាប្រភពនៃជាតិដែក ឬអាចលេបគ្រាប់ថ្នាំជាតិដែក ដើម្បីបង្កើនការផលិតគ្រាប់ឈាមឡើងវិញ។ •ញ៉ាំបន្លែ  និងផ្លែឈើឲ្យបានច្រើន ដោយសារវាសម្បូរវីតាមីនC ដែលអាចជំរុញការស្រូបជាតិដែកបានល្អ។ មិនថាអាការៈអស់កម្លាំងនេះកើតឡើងដោយសារអ្នកមានជំងឺ ឬគ្រាន់ជាការបាត់បង់ថាមពលដោយមូលហេតុណាមួយទេ វាពិតជាទាមទារឲ្យយើងចំណាយពេលវេលាសម្រាកមួយរយៈ និងបំប៉នសុខភាពឲ្យបានល្អ ដើម្បីបង្កើនកម្លាំងឡើងវិញ ហើយអ្នកកាន់តែត្រូវប្រុងប្រយ័ត្នខណៈដែលអាការៈនេះក៏អាចជាសញ្ញាណព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ។

Share

និយាយពីរឿងជិះយន្តហោះ មានអ្នកខ្លះវិលមុខទុកមុនបាត់ហើយ។ មិនបាច់និយាយដល់ការពុលយន្តហោះ ឬខ្លះក៏ហ៊ឹងត្រចៀក តែក៏មានបញ្ហាខ្លះទៀតដែលអ្នកដំណើរមួយចំនួនបានភ្លក្សរសជាតិរួចទៅហើយ ជាពិសេសគឺអ្នកដែលឧស្សាហ៍ចេញដំណើរទៅក្រៅប្រទេស ដែលមានម៉ោងខុសគ្នាដែលយើងហៅថាការច្រឡំពេលវេលា (Jet-Lag)។ និយាយរួមគឺម៉ោងដែលគេត្រូវគេង មិនគេង ដល់ម៉ោងដែលមិនត្រូវគេងទៅជាគេងខុសគេខុសឯង…ទោះមានគម្រោងសប្បាយយ៉ាងណាក៏លែងសប្បាយដែរ។ Jet-Lag អាចចាត់ទុកថាជា ភាពមិនប្រក្រតីរយៈពេលខ្លីនៃភាពធ្លាប់ទៅនឹងពេលថ្ងៃ និងពេលយប់ ឬការអស់កម្លាំងជាដើមដែលបណ្តាលមកពីភាពមិនស៊ីចង្វាក់គ្នារវាងពេលវេលា  នៅពេលអ្នកធ្វើដំណើរទៅប្រទេសដែលមានល្វែងម៉ោងផ្សេងគ្នា។   រាងកាយយើងមានកម្មវិធីធម្មជាតិកំណត់រយៈពេល២៤ម៉ោង  មានវដ្តនៃការញ៉ាំ និងគេងយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ល្វែងម៉ោងរបស់អាមេរិក ដើរក្រោយកម្ពុជា១៥ម៉ោង(គិត-ត្រឹមរដ្ឋCalifornia)។   ខ្លួនអ្នកអាចមានការភាន់ច្រឡំ ដែលអាចធ្វើឲ្យមានការអស់កម្លាំងខ្លាំង ពិបាករំលាយអាហារ ឈឺសាច់ដុំ ឬមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ បញ្ហាត្រូវការដំណោះស្រាយ មុនពេលចេញដំណើរ 1. គួរគេងឲ្យបានគ្រប់គ្រាន់ ៖ ចៀសវាងអស់កម្លាំងពេលធ្វើដំណើរ។ 2. កំណត់ពេលវេលាគេង ៖ បើអ្នកធ្វើដំណើរ ទៅភាគខាងកើត ដូចជាបណ្តាប្រទេសក្នុងទ្វីបអាស៊ី អ្នកគួរគេងមួយម៉ោងមុន ហើយបើធ្វើដំណើរទៅភាគខាងលិចដូចអាមេរិក  ឬកាណាដា គួរតែគេងមួយម៉ោងយឺតជាងធម្មតា។ 3. រៀបគម្រោងការធ្វើដំណើរ ៖ គួរជ្រើសរើសជើងហោះហើរដែលគួរទៅដល់ពេលថ្ងៃដើម្បីអាចឲ្យអ្នកសម្របខ្លួននឹងបរិយាកាសថ្មីបាន។ ម្យ៉ាងទៀត អ្នកគួរសិក្សាពីពេលវេលានៃប្រទេសដែលអ្នកត្រូវទៅឲ្យបានល្អផងដែរ។ កំឡុងពេលធ្វើដំណើរ 1. ញ៉ាំទឹកឲ្យបានច្រើន ៖ ទាំងមុនពេល អំឡុងពេលធ្វើដំណើរ និងក្រោយពីធ្វើដំណើរ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ករណីជើងហោះហើររបស់អ្នក ត្រូវទៅដល់ពេលយប់គួរតែកុំទទួលទានសារជាតិកាហ្វេអ៊ីនព្រោះវាអាចប៉ះពាល់ដល់ការគេង។ 2. សម្រាកពេលធ្វើដំណើរ ៖ គួរតែគេងរយៈពេលខ្លី ដែលអាចឲ្យអ្នកសន្សំកម្លាំងបានខ្លះ។ ករណីអ្នកពិបាកគេង អាចប្រើវ៉ែនតា ឬក្រណាត់បិទភ្នែក ដើម្បីសម្ងំបានខ្លះ។ 3. ចៀសវាងការប្រើថ្នាំងងុយគេង ៖  ពេលកំពុងធ្វើដំណើរ ដោយអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជាស្ទះសរសៃឈាម ឬឈានដល់ដាច់ ស្របពេលរាងកាយកំពុងរងសម្ពាធពីបរិយាកាស។ 4. ចៀសវាងការញ៉ាំគ្រឿងស្រវឹង ៖ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការរក្សាលំនឹងពេលធ្វើដំណើរ។ 5. ធ្វើចលនា ៖ ពេលអ្នកធ្វើដំណើរឆ្ងាយ គួរពត់ដៃ ជើងអំឡុងពេលអង្គុយ ឬដើរមួយជុំក្នុងយន្តហោះដើម្បីជួយឲ្យឈាមរត់បានល្អ។ 6. ដូរពេលវេលា ៖ ដូរម៉ោងនាឡិកាដៃ ឬទូរស័ព្ទដៃរបស់អ្នកឲ្យត្រូវទីកន្លែងថ្មីឲ្យហើយ ដែលអាចជួយអ្នកងាយប្រែប្រួលតាមពេលវេលា។ នៅពេលទៅដល់ទិសដៅ 1. គេង ៖ ពេលទៅដល់ភ្លាម អ្នកគួរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងរយៈពេល១ថ្ងៃដំបូង។ 2. ញ៉ាំ ៖ ចាប់ផ្តើមញ៉ាំអាហារ ៣ពេល តាមពេលថ្មីនៅប្រទេសដែលអ្នកទៅ និងញ៉ាំតែក្តៅៗ។ 3.  ដើរ ៖ ទៅរកពន្លឺថ្ងៃពិសេសពេលព្រឹក ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងជួយឲ្យកម្មវិធីធម្មជាតិកំណត់រយៈពេលមកប្រក្រតីវិញ។ 4.  ងូតទឹក ៖ ពេលព្រឹកគួរងូតទឹកក្តៅ ឧណ្ហៗហើយពេលល្ងាចគួរងូតទឹកត្រជាក់។ ចំណុចខាងលើអាចជួយអ្នកចៀសពីការនឿយហត់បន្ទាប់ពីធ្វើដំណើរលើយន្តហោះ  និងការបន្សុំាខ្លួនក្នុងពេលវេលាថ្មីបានយ៉ាងល្អ ដូចនេះ អ្នកមិនមានអ្វីត្រូវបារម្ភអំពីការធ្វើដំណើរញឹកញាប់ទៅបណ្តាប្រទេសជិតឆ្ងាយទៀតឡើយ។

Share

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។  ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឲ្យមានភាពស្មុគស្មាញថាគួរទៅណា  ហេលស៍ថាម សូមណែនាំ រមណីយដ្ឋានចំនួន៥ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយ ទៅតាមទីតាំងនៃកន្លែងកម្សាន្តនោះ។ •ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី) ទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ  ជឿជាក់ថាមិនថាមនុស្សចាស់ ឬក្មេងនឹងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ និងទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។   ជាពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។ •បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ) គ្រាន់តែចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតង់គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឲ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។ •តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ) ជាមួយបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ។ កន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ  ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។ •កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង) ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ ដែលពិសេសនោះគឺ សត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់  ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។ •ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត) ធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។ បើអ្នកបានទៅកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ ឱកាសបុណ្យចូលឆ្នាំខ្មែរ មួយឆ្នាំមានតែម្តងនេះទេ  គួរតែបង្កើតឱកាសថ្មី  បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានកាន់តែច្រើន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថាវាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ ខណៈនេះ លោកអ្នកអាចស្រាយចម្ងល់ទាក់ទិននឹងបញ្ហានេះជាមួយនឹងអត្ថបទណែនាំដោយលោកស្រីខាងក្រោម៖ សាច់ដុះលើស្បែកជាអ្វី? វាប្រៀបបាននឹងបណ្តុំនៃសរសៃនិងបំពង់ស្នូល កោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅ​ដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។ ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្ម ឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតា ឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។ តើអ្វីខ្លះជាហេតុបង្កឲ្យមានបញ្ហាសាច់ដុះលើស្បែកសាច់ដុះលើស្បែក? ជាបញ្ហាមួយសាមញ្ញហើយតែងកើតមានក្រោយពាក់កណ្តាលជីវិតរបស់មនុស្ស មូលហេតុដែលគេបានអះអាងនោះ គឺបណ្តាលមកពីចង្កោមនៃកូឡាជែន និងសរសៃឈាម ដែលត្រូវបានប្រមូលផ្តុំគ្នាហើយឃាំងជាប់នៅស្រទាប់ក្រាស់នៃស្បែក។ វាក៏ជាលទ្ធផលពីការត្រដុសស្បែក និងស្បែក ហើយជាហេតុបណ្តាលឲ្យវាកើតមានត្រង់ផ្នែកនៃស្បែក និងស្បែកដែលមានគន្លាក់។ មូលហេតុដែលបង្កបញ្ហានេះក៏មានខុសៗគ្នាទៅតាមប្រភេទមនុស្សផងដែរ៖ • អ្នកដែលធាត់ហួស ៖ អាចមកពីពួកគេមានស្បែកផ្នត់ និងគន្លាក់ច្រើន • ស្រ្តីមានផ្ទៃពោះ ៖  ភាគច្រើន បណ្តាលមកពីអ័រម៉ូនដែលត្រូវបានបញ្ចេញ • អ្នកជំងឺទឹកនោមផ្អែម •​​​ បុគ្គលដែលមានផ្ទុកវីរុសមហារីកស្បូន (ដែលមានហានិភ័យទាប ប្រភេទ 6 និង11) • ការប្រើប្រាស់ស្តេរ៉ូអ៊ីតដោយខុសច្បាប់ ៖ វាជ្រៀតចូលទៅក្នុង​សារពាង្គកាយ និងសាច់ដុំ ដែលបណ្តាលឲ្យសរសៃកូឡាជែនដែលនៅក្នុងស្បែកចងភ្ជាប់គ្នា ហើយក៏បង្កជាដុំសាច់ដុះនៅលើស្បែកតែម្តង។ តើអាចធ្វើការព្យាបាលដោយវិធីណាខ្លះ? សាច់ដុះលើស្បែកនេះភាគច្រើនមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំនោះទេហើយអ្នកដែលកើតមានបញ្ហានេះធ្វើការដកវាចេញ ក៏ដើម្បីតែភាពស្រស់ស្អាត ក៏ដូចជាសម្ផស្សប៉ុណ្ណោះ។ ជួនកាល ដុំសាច់ធំជាពិសេសពួកដែលកើតមានត្រង់តំបន់ដែលងាយនឹងមានការប៉ះទង្គិច តាមរយៈការត្រដុសជាមួយនឹងសម្លៀកបំពាក់ គ្រឿងអលង្ការឬស្បែកងាយនឹងបាត់រូបរាងដោយសារតែវាមានការប៉ះពាល់ច្រើន។ បុគ្គលមួយចំនួនទៀតធ្វើការកំចាត់ដុំសាច់នោះចេញពីមុខ ឬក្រោមក្លៀករបស់ខ្លួន ដើម្បីងាយស្រួលក្នុងការកោរសម្អាតរោមរបស់ខ្លួន។ ប្រិយមិត្តអ្នកអានអាចធ្វើការអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីធ្វើការសម្អាតសាច់ដុះលើស្បែក៖ • ការដុត(Cauterization)៖ សាច់ដែលដុះនឹងត្រូវបានដុតចេញដោយអគ្គិសនី • ការកាត់ ៖ សាច់ដែលដុះនឹងត្រូវបានកាត់ចេញដោយកាំបិតវះ។ សម្ផស្សជាអ្វីដែលមនុស្សប្រុសស្រីប្រាថ្នាចង់បានមិនថាសិ្ថតក្នុងវ័យណានោះទេនរណាៗក៏មានកូនចិត្តប្រាថ្នាឲ្យខ្លួនឯងមានភាពស្រស់ស្អាតក៏ដូចជាមន្តស្នេហ៍ប្រកបដោយភាពទាក់ទាញដែរ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងបញ្ហាផ្សេងៗ ដែលបង្កជារូបភាពមិនល្អ ឬបញ្ហារំខានដល់ភាពស្រស់ស្អាត​របស់អ្នកនោះ សូមអញ្ជើញមកកាន់ LaluneBeauty Care ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ 257B ផ្លូវ182 សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ឬក៏អាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ 016 313 333/ 012 712 233។

Share

បើទោះជាការកើតមុន  អាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយក៏ដោយតែក៏នៅមានកត្តាផ្សេងៗ រួមផ្សំជាមួយដែរ។ ក្នុងនោះអាហារដែលយើងបរិភោគប្រចាំថ្ងៃ ក៏បានដើរតួយ៉ាងសំខាន់ទាំងការជួយព្យាបាល​ និងការពារ ហើយខ្លះក៏ផ្តល់ជាទុក្ខទោសដល់ស្បែកមុខដែលបង្កកើតមុនដែរ។ ការបកស្រាយខាងក្រោមនេះអាចឲ្យអ្នកស្វែងយល់បន្ថែម លើសារធាតុចិញ្ចឹមមានឥទ្ធិពលលើមុខ៖ អាហារដែលបង្កឲ្យកើតមុន៖   1.    កាហ្វេ ញ៉ាំកាហ្វេរាល់ថ្ងៃអាចជួយអ្នកពីការងងុយគេងបាន តែវាក៏អាចបង្កជាបញ្ហាមុនបានផងដែរ។ កាហ្វេមានសារជាតិធ្វើឲ្យអ័រម៉ូន Cortisolចេញមកច្រើន ដែលជាអ័រម៉ូនបណ្តាលឲ្យស្ត្រេស ហើយវាទៅភ្ញោចក្រពេញសេបូមរបស់ស្បែក និងបង្កឲ្យមានការរលាក។ 2.    នំបុ័ង ក្នុងម្សៅនំបុ័ងមានសារធាតុម្យ៉ាងឈ្មោះថា Gluten ដែលធ្វើឲ្យអ្នកបន្ថយចំណង់អាហារ និងបង្កើនការរលាករបស់ស្បែក។ 3.    ម្ទេស ការញ៉ាំអាហារដែលមានរសជាតិហិរខ្លាំងមិនត្រឹមតែអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រពន្ធ័រំលាយអាហារនោះទេតែក៏ធ្វើឲ្យកើនឡើងចរន្តឈាមរត់ជាហេតុធ្វើឲ្យមុខរបស់អ្នកឡើងក្រហម និងអាចឈានដល់ការកើតមុន។ ដូចនេះអ្នកកំពុងកើតមុនគួរតែញ៉ាំក្នុងបរិមាណសមស្រប។ 4.  ពោតលីង វាសម្បូរទៅដោយ ខ្លាញ់មិនឆ្អែត អាមីដុង និងមានលាយជាមួយផលិតផលទឹកដោះគោ  ដែលសុទ្ធតែជាភ្នាក់ងារបង្កឲ្យកើតមុន។ 5.    ទឹកដោះគោ ឬផលិតផលទឹកដោះគោ វាជាប្រភពផ្តល់កាល់ស្យូម   ដល់រាងកាយដ៏សំខាន់។ វាសម្បូរទៅដោយ អ័រម៉ូនលូតលាស់  និងធ្វើឲ្យការផលិតខ្លាញ់កើនឡើង។ 6.    ភេសជ្ជៈ ភេសជ្ជៈកំប៉ុងមានជាតិស្ករច្រើន និងមិនមានកាកសរសៃ ដែលធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង បង្កឲ្យកើតជាមុន។ 7.    ខ្លាញ់សត្វ ការបរិភោគអាហារដែលមានសារជាតិខ្លាញ់ ដូចជាខ្លាញ់ជ្រូក ឬគោ អាចធ្វើឲ្យក្រពេញសេបូម មានភាពរាំងស្ទះ និងបង្កឲ្យកើតជាមុន។ អាហារដែលជួយព្យាបាលមុន៖​   1.    អយស្ទ័រ ជាប្រភេទគ្រឿងសមុទ្រ សម្បូរសារធាតុស័ង្កសីជួយដល់ការធ្វើមេតាបូលីសបានល្អ ក៏ជាសារធាតុប្រឆាំងនឹងការរលាក ដែលអាចព្យាបាលជំងឺមុនបាន។ សារធាតុស័ង្កសីក៏មានក្នុងសាច់គោ គ្រាប់ស្វាយចន្ទី ឬគ្រាប់ល្ពៅដែរ។ 2.    បន្លែពណ៌បៃតង វាសម្បូរទៅដោយ ក្លរ៉ូភីល ដែលមានសមត្ថភាពសម្លាប់មេរោគ និងបំផ្លាញជាតិពុលក្នុងឈាម ហើយក៏ជាអ្នកព្យាបាលមុនផងដែរ។ 3.    រមៀត វាជាអ្នកប្រឆាំងនឹងការរលាក    ជួយឲ្យស្បែកស្រស់ស្អាត និងអាចសម្លាប់បាក់តេរីដែលបង្កមុនបាន។ 4.    ការ៉ុត វាជាប្រភពវីតាមីនA ដ៏សំខាន់ដែលមានមុខងារប្រឆាំងនឹងការកើតមុន  និងជួយព្យាបាលមុនបានឆាប់រហ័ស។ 5.    ត្រី ត្រីដែលសម្បូរពពួក  អូមេហ្គា៣ ដូចជាត្រីសាលម៉ុនធូណាជាដើម ជាប្រភពប្រូតេអ៊ីនជួយឲ្យស្បែកបង្កើតកូឡាជែន ជួយស្បែកពីការរលាក និងប្រឆាំងពីការរីករាលដាលនៃជំងឺមុន។ 6.    យាអ៊ួ វាជាប្រភេទ Probiotic ល្អបំផុត សម្រាប់ព្យាបាលមុនដែលបណ្តាលមកពីការរលាកចូលរួមបន្ថយការផលិតជាតិខ្លាញ់លើស្បែកនិងការពារការស្ទះរន្ធញើស។ អាហារដែលអាចការពារកុំឲ្យកើតមុន៖ •  អាហារគួរញ៉ាំ ញ៉ាំទឹកឲ្យបានច្រើន៖ វាជាមូលដ្ឋានសំខាន់សម្រាប់សុខភាពល្អ  និងជួយឲ្យស្បែកស្រស់ស្អាត។ ញ៉ាំតែបៃតង៖    ជួយឲ្យស្បែកមានអុកស៊ីហ្សែនគ្រប់គ្រាន់សម្រាប់ដកដង្ហើម និងជួយឲ្យឈាមរត់បានល្អ។ ការពារពីការកើតសម្លាក៖ បន្លែពណ៌បៃតង ដំឡូង ម្ទេសហាវៃ និងគ្រាប់អាល់មុនមានសមត្ថភាពការពារសម្លាកក្រោយពីកើតមុន។ •  អាហារគួរចៀសវាង ស្ករ៖ ជាអ្នកផ្តើមឲ្យមានការរលាក ដែលជំងឺមុនគឺកើតឡើងពីការរលាកក្រពេញនៅក្រោមស្បែក។ មិនមែនថា មិនឲ្យញ៉ាំស្ករនោះទេ តែអាចជំនួសដោយញ៉ាំផ្លែឈើ ឬទឹកឃ្មុំវិញ។ ប្រេងដូង៖ ការញ៉ាំអាហារដែលធ្វើឡើងពីប្រេងដូង អាចបង្កឲ្យស្ទះរន្ធរោម បង្កជាការរលាក ឬកើតជាមុននៅលើថ្ពាល់ និងចង្កា។ តែកត្តានាំឲ្យមានបញ្ហានេះ គឺមកពីប្រេងដូងខូចគុណភាព ដូចនេះគួរតែពិនិត្យមើលមុនពេលទទួលទាន។ ការញ៉ាំគ្រឿងស្រវឹង៖ ព្រោះការញ៉ាំគ្រឿងស្រវឹង ធ្វើឲ្យសរីរាង្គរងការបំផ្លាញរួមទាំងស្បែកផងដែរ។ ពេលកើតមុន គឺធ្វើឲ្យេស្រ្តស និងមានអារម្មណ៍ឆេវឆាវ ដូចនេះគួរតែយកចិត្តទុកដាក់ចំពោះអាហារដែលញ៉ាំរាល់ថ្ងៃដែលជាផ្នែកមួយនៃបញ្ហា ក៏ដូចជាដំណោះស្រាយនៃការកើតមុនរបស់អ្នក។

Share

អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំតែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1.    កុំរំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹកធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេកជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់ និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisolដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។   យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2.    កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុង ដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែក គឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំអ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែល អាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3.    បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោប បន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថាអ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4.    កុំបង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ ដែលបន្ទាប់មកវាអាចធ្វើឲ្យមានការរលាក និងក្លាយជាមុនបាន។ជំនួសមកវិញអ្នកអាចបរិភោគចំណីទ្រាប់ពោះដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5.    ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ  ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។

Share

សុខភាពល្អ អ្នកណាក៏ប្រាថ្នាចង់បាន ឯការហាត់ប្រាណវិញ នរណាៗក៏ប្រាថ្នាថានឹងធ្វើមើលតែរាងក៏ដឹងដែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានព្រលឹងទៅៗហើយ…ប៉ុន្តែ ថាទៅក្លឹបហាត់ប្រាណក៏ខ្ជិល ទិញឧបករណ៍មកហាត់ប្រាណខ្លួនឯងនៅផ្ទះក៏ត្រូវមានច្រើនមុខ ពេលខ្លះ ពិបាកដែរក្នុងការទិញឲ្យគ្រប់តាមតម្រូវការ។ ចុះបើមិនបាច់ទិញក៏មាន ហើយហាត់ប្រាណនៅផ្ទះអារម្មណ៍ដូចនៅក្លឹបហាត់ប្រាណវិញនោះ អស្ចារ្យយ៉ាងណាទៅ…តាមដាន អំពីឧបករណ៍ហាត់ប្រាណដែលអ្នកអាចបង្កើតដោយខ្លួនឯងបាន (DIY)៖ • សម្ភារៈជំនួសការធាក់កង់ កង់ដែលឈប់ប្រើទៅហើយ កុំទុកចោលនាំតែចង្អៀតផ្ទះធ្វើអ្វី យកមកច្នៃជាកង់ដែលនៅនឹងមួយកន្លែងសម្រាប់ធាក់ហាត់ប្រាណនៅផ្ទះមិនជាការល្អទេឬ? គ្រាន់តែដាក់កង់ក្រោយកុំប៉ះដល់ដី និងកំណត់ល្បឿនដូចកង់ធាក់ក្នុងក្លឹបហាត់ប្រាណទៅបានហើយ។ ការពិតទៅវាមានលក្ខណៈមិនសូវទំនើបប៉ុន្តែលោកអ្នកអាចប្រើវាបាន ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតផង។ • សម្ភារៈសម្រាប់ទាញ អ្នកធ្លាប់តែប្រើកន្សែងពោះគោសម្រាប់ជូតខ្លួន តែអ្នកដឹងទេថា វាក៏អាចជួយអ្នកក្នុងការហាត់ប្រាណបានដែរ។ ជាដំបូងអ្នកគ្រាន់តែកាន់វាជាមួយដៃទាំងពីរ ដើម្បីទប់លំនឹងដងខ្លួន បន្ទាប់មកធ្វើចលនាងើបចុះឡើងៗដូចអ្នកធ្លាប់ហាត់នៅក្នុងក្លឹបហាត់ប្រាណដូច្នេះដែរ។ • សម្ភារៈសម្រាប់គង ឬទប់លំនឹង កោអី ឬគ្រែរបស់អ្នក មិនត្រឹមតែសម្រាប់គេងនោះទេ វាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដោយមិនដឹងខ្លួន តាមរយៈការប្រើធ្វើជាឧបករណ៍សម្រាប់ធ្វើចលនាផ្សេងៗ ដូចជាពត់ដៃ ជើង ឬគងដៃ ជើង និងបត់បែនខ្លួនជាមួយវាជាដើម។ រីឯជញ្ជាំងផ្ទះវិញ អ្នកគ្រាន់តែឈរផ្កាប់មុខជាមួយវា ឬគេងផ្ទប់ជើងឡើងស្របតាមជញ្ជាំង ក៏ជាផ្នែកជួយដល់ចលនាឈាមរត់ដែរ។ • សម្ភារៈជំនួសម៉ាស៊ីនរត់ ផ្ទះនរណាក៏មានកាំជណ្តើរដែរ សាកប្រើវាធ្វើជាឧបករណ៍ហាត់ប្រាណរបស់អ្នកម្តងទៅមើល។  ងាយៗ អ្នកអាចរត់ ឬលោតតាមកាំជណ្តើរឡើងចុះ តែ២ ឬ៣ដង ក៏បែកញើសបាត់ទៅហើយ។   • សម្ភារៈជំនួសខ្សែលោត ខ្សែចងដែលអ្នកប្រើសម្រាប់ចងរបស់របរ មានទម្ងន់ធ្ងន់បន្តិច អ្នកក៏អាចយកវាមកជំនួសការទិញខ្សែលោតបាន គ្រាន់តែកាត់ខ្សែឲ្យល្មមនឹងកម្ពស់របស់អ្នក ដែលអាចលោតបានជាការស្រេច។ • សម្ភារៈជំនួសខ្សែយឺត ឬខ្សែទាញ វាជាប្រភេទឧបករណ៍ដែលសាមញ្ញ និងមានភាពងាយស្រួលក្នុងការអនុវត្ត ដោយលោកអ្នកអាចជ្រើសរើសយកខ្សែយឺតដូចជាកៅស៊ូរឹត ឬប្រភេទកៅស៊ូផ្សេងទៀតដែលផ្តល់ភាពយឺតបាន។ លោកអ្នកអាចប្រើវាដោយគ្រាន់តែដាក់២ ទៅ៣ជាន់ ដើម្បីកុំឲ្យងាយនឹងដាច់ អញ្ចឹង អ្នកអាចប្រើបានហើយ។ • សម្ភារៈដែលអាចជំនួសដុំដែក ការធ្វើលំហាត់ប្រាណនានាគួបផ្សំជាមួយការកាន់ដុំដែក គឺធ្វើឲ្យលំហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាពល្អ។ អ្នកអាចប្រើរបស់របរមួយចំនួនដើម្បីជំនួសវាបានដូចជា ដុំឥដ្ឋ សៀវភៅ ដបទឹកសុទ្ធចំនុះ ១លីត្រ ឬ២លីត្រ ឬច្នៃបាវខ្សាច់ដែលល្មមនឹងកាន់បាន។ ម្យ៉ាងទៀត អ្នកអាចជំនួសដោយដុំស៊ីម៉ង់ដែលអ្នកអាចកំណត់ទម្ងន់ដោយខ្លួនឯងបានក៏ជាការប្រសើរដែរ។ ឃើញទេ នៅផ្ទះអ្នកប្រាកដជាមានសម្ភារៈទាំងអស់នេះ សាកល្បងច្នៃហាត់ជាមួយគ្រួសាររបស់អ្នកល៎មើល មិនត្រឹមតែអាចសន្សំសំចៃថវិកាថែមទាំងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារថែមទៀតផង។

Share

តើអ្នកធ្លាប់បានជួបប្រទះបញ្ហាសុខភាពជាច្រើនដែលបានកើតឡើងព្រមគ្នាដូចជា មានការឈឺចាប់នៅទីនេះ ឈឺបំពង់កនៅទីនោះ ... ហើយអ្នកមិនដឹងថាតើអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែរឬទេ? វាអាចជាការលំបាកក្នុងការសម្រេចចិត្តថាតើរោគសញ្ញាណាខ្លះដែលមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីទៅជួបគ្រូពេទ្យ។ ហេលស៍ថាម នឹងបង្ហាញប្រិយមិត្តអ្នកអានអំពីពេលវេលាពិតប្រាកដនៅពេលដែលអ្នកគួរអញ្ជើញទៅជួបវេជ្ជបណ្ឌិតនៅក្នុងអត្ថបទខាងក្រោមនេះ... តើអ្នកគួរទៅជួបពេទ្យនៅពេលណា? ដំបូង វាជាការសំខាន់ណាស់ក្នុងការកំណត់ឲ្យបាននូវស្ថានភាពជំងឺទាំងឡាយណាដែលត្រូវការជួយសង្គ្រោះភ្លាមៗ។ ប្រសិនបើអ្នកកំពុងតែមានបញ្ហាក្នុងការដកដង្ហើម ចុកទ្រូង ចុកពោះខ្លាំង មានការហូរឈាម បោកត្រូវក្បាល ឬបាត់បង់ស្មារតី សូមហៅទូរស័ព្ទទៅលេខ 119 ឬទៅមន្ទីរពេទ្យជាបន្ទាន់។ ពេលខ្លះ អ្នកអាច ទូរស័ព្ទទៅកាន់គ្រូពេទ្យដែលដឹងពីស្ថានភាពជំងឺរបស់អ្នក ដើម្បីស្វែងរកដំបូន្មាន ឬគិលានុបដ្ឋាយិកាដែលអាចផ្ដល់ជាយោបល់ដល់អ្នកអំពីអ្វីដែលអ្នកត្រូវធ្វើ។ គេហទំព័រសុខភាពលើបណ្តាញអ៊ីនធើណេតដូចជា WebMD និង Medline Plus អាចជួយអ្នកក្នុងការស្រាវជ្រាវ រកមើលព័ត៌មានអំពីរោគសញ្ញារបស់អ្នកមុននឹងអ្នកស្វែងរកសេវាថែទាំសុខភាព។ អ្នកត្រូវចងចាំថា ស្ថានភាពជំងឺស្រាលនិងធ្ងន់ខ្លះ មានរោគសញ្ញាស្រដៀងគ្នា។ ប៉ុន្តែប្រសិនបើអ្នកអាចហៅទូរស័ព្ទ និងធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត នោះអ្នកនឹងមានភាពទុកចិត្តជាង។ ប្រសិនជាអ្នកមានជំងឺរ៉ាំរ៉ៃ តើអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតនៅពេលណា? នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន នេះហើយជាសញ្ញាមួយដែលប្រាប់អ្នកថាវាគឺជាពេលវេលាដែលអ្នកត្រូវទៅជួបគ្រូពេទ្យម្តងទៀត ហើយប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ឬជំងឺលើសសម្ពាធឈាម គ្រូពេទ្យរបស់អ្នកគួរតែបានប្រាប់អ្នកអំពីរោគសញ្ញាណាខ្លះដែលអ្នកត្រូវទៅជួបម្តងទៀត ឬណាត់ជួបអ្នកក្នុងពេលណាមួយដើម្បីតាមដានស្ថានភាពជំងឺរបស់អ្នកដើម្បីប្រាកដថាស្ថានភាពជំងឺរបស់អ្នកនៅតែល្អប្រសើរ។ តើខ្ញុំត្រូវការការពិនិត្យសុខភាពឲ្យបានទៀងទាត់ដែរឬទេ? បើទោះជាអ្នកមានសុខភាពល្អក៏ដោយ ការពិនិត្យសុខភាពគឺជាគំនិតល្អមួយដែលអ្នកអាចរក្សាសុខភាពរបស់អ្នកឲ្យនៅតែល្អជានិច្ច ហើយកាលដែលមានគ្លីនិក ឬមន្ទីរពេទ្យណាមួយដែលដឹងច្បាស់ពីប្រវត្តិជំងឺ និងស្ថានភាពសុខភាពរបស់អ្នកនាពេលបច្ចុប្បន្ន នោះនឹងកាន់តែប្រសើរ។ ប្រសិនបើមានជំងឺ ឬបញ្ហាណាមួយត្រូវបានពិនិត្យឃើញនៅក្នុងដំណាក់កាលដំបូង ការព្យាបាលទាមទារឲ្យចំណាយប្រាក់តិច និងពេលវេលាខ្លីផងដែរ។

Share

សម័យនេះ ការប្រើទូរស័ព្ទដៃមិនមែនសម្រាប់តែទំនាក់ទំនង និងកម្សាន្តតាមបែបសាមញ្ញនោះទេ។ មុខងារដ៏ឆ្លាតវៃជាច្រើនតាមរយៈទូរស័ព្ទទំនើបៗ អាចជួយសម្រួលនូវការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃជាដើម ហើយក្នុងនោះក៏រួមមានសុខភាពរបស់យើងផងដែរ។ ខាងក្រោមជាកម្មវិធីដែលទទួលបានការពេញនិយម ក៏ដូចជា rating ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកដោយសារតែមុខងារដ៏ឆ្លាតវៃ ភាពងាយស្រួល  និងអត្ថប្រយោជន៍ប្លែកៗជាច្រើនដែលអ្នកក៏នឹងអាចក្លាយទៅជាអ្នកប្រើ-ប្រាស់ម្នាក់ទៀតផងដែរ។  តែថាមិនត្រូវអ្នកអាចនឹងមានកម្មវិធីណាមួយនៅក្នុងទូរស័ព្ទហើយមិនដឹង? កម្មវិធីសុខភាពទូទៅ 1.    Moves (អាចរកបានតាម IOS) ៖ ដោយគ្រាន់តែដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅ ឬកាបូបរបស់អ្នកដែលមានរួចជាស្រេចនូវកម្មវិធី Moves ប្រៀបដូចជាមានគ្រូបង្វឹកមួយរូបដើម្បីធ្វើការកំណត់    តើអ្នកមានភាពសកម្មកម្រិតណា។ ក្នុងរយៈពេល ២៤ ម៉ោងអ្នកអាចទទួលបានលទ្ធផលដែលកំណត់ថា តើអ្នកបានធ្វើសកម្មភាព ឬធ្វើដំណើរបានប៉ុណ្ណាអាស្រ័យនឹងចលនារបស់អ្នក។ 2.    MyfitnessPal (ប្រើប្រាស់បានទាំង IOS និងAndroid) ៖ កម្មវិធីដែលផ្តល់ជាទិន្នន័យទាក់ទិននឹងកម្រិតកាឡូរី  និងសារធាតុចិញ្ចឹមសរុបជាង ៥ លានប្រភេទអាហារប្រចាំថ្ងៃ។ អ្នកអាចតាមដាននូវកម្រិតជីវជាតិដែលអ្នកបានពីការបរិភោគដោយលែងមានកង្វល់ថា អ្នកខ្វះ ឬលើសជីវជាតិឡើយ។  វាក៏មានមុខងារចង្អុលបង្ហាញអំពីការធ្វើលំហាត់ប្រាណដែលសមស្របទៅនឹងកម្រិតកាឡូរីដែលអ្នកបាននាំចូលពីអាហារផងដែរ។ 3.    Waterlogged (ប្រើប្រាស់បានទាំង IOS និងAndroid) ៖ សម្រាប់អ្នកដែលមមាញឹករហូតមិនបានចាប់អារម្មណ៍នឹងការបរិភោគទឹកប្រចាំថ្ងៃដែលជាកត្តាដ៏សំខាន់ចំពោះទាំងសុខភាព និងសម្រស់។ កម្មវិធីត្រូវបានបង្កើតឡើងដើម្បីជួយអ្នកសម្រេចបាននូវបរិមាណទឹកដែលចាំបាច់ត្រូវការប្រចាំថ្ងៃ។  វាមានមុខងារជាច្រើនរួមទាំង  ការតឿនរំលឹកឲ្យអ្នកញ៉ាំទឹក និងការរក្សាទុកទិន្នន័យមុនៗជាដើម។ កម្មវិធីតាមដានសុខភាព 4.    Clue (ប្រើប្រាស់បានទាំង IOS និងAndroid) ៖ កម្មវិធីបង្កើតឡើងជាពិសេសសម្រាប់នារីៗ ដើម្បីតាមដានវដ្តនៃរដូវ តាមរយៈមុខងាររំលឹកមុនពេលថ្ងៃមករដូវខាងមុខ ដូចនេះអ្នកនឹងបានត្រៀមខ្លួនទុកជាមុនដោយមិនបាច់បារម្ភឡើយ។  ជាមួយនឹងការយល់អំពីទម្រង់នៃវដ្តរដូវរបស់អ្នកផ្ទាល់ កម្មវិធីនេះអាចផ្តល់នូវគន្លឹះជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នកបានទៀតផង។ 5.    Health​ogo (ប្រើប្រាស់បានទាំង IOS និងAndroid) ៖ ជា «ជម្រើសទី១សម្រាប់សុខភាពរបស់អ្នក» ដែលផ្សារភ្ជាប់រវាងអ្នកផ្តល់សេវាសុខភាព និងសាធារណជន។ សម្រាប់សាធារណជន៖ នៅពេលដែលអ្នកមានបញ្ហាសុខភាព ឬត្រូវការការប្រឹក្សាសុខភាពផ្សេងៗ អ្នកអាចស្វែងរកសេវាកម្មសុខភាពដែលអ្នកអាចទុកចិត្តបាន និងផ្តល់មតិយោបល់ផ្សេងៗពីអ្នកធ្លាប់ទទួលសេវាកម្មនោះ មុននឹងសម្រេចចិត្តណាត់ជួបអ្នកផ្តល់សេវាកម្មសុខភាពតាមរយៈ App នេះ។ ពេលទំនេរ អ្នកអាចស្វែងយល់អំពីការថែទាំសុខភាពផ្សេងៗ ដែលផ្តល់ជូនដោយអ្នកឯកទេស និងវេជ្ជបណ្ឌិតល្បីៗផងដែរ។ ក្នុងនោះ ក៏នឹងមានមុខងារពិសេសៗជាច្រើនទៀត ដែលនឹងជាមិត្តជិតស្និទ្ធរបស់អ្នកសម្រាប់ការថែទាំសុខភាពរបស់អ្នក។ សម្រាប់អ្នកផ្តល់សេវាកម្មសុខាភិបាល៖ លោកអ្នកអាចបង្កើតទំព័រសម្រាប់ស្ថាប័នរបស់អ្នក ឆ្លើយឆ្លងមតិយោបល់ជាមួយសាធារណជន និងទទួលការណាត់ជួបផងដែរ។លើសពីនេះ អ្នកគ្រប់គ្នាអាចចែករំលែកចំណេះដឹងព័ត៌មានផ្សេងៗដោយឥតគិតថ្លៃផងដែរ។ 6.    iTriage (ប្រើប្រាស់បានទាំង IOS និងAndroid)៖ កម្មវិធីនេះប្រៀបបានជាអ្នកឯកទេសផ្នែកសុខភាពមួយរូបដែលនៅជិតអ្នក វានឹងនាំអ្នកឲ្យស្គាល់ពីរោគសញ្ញា ស្ថានភាពនៃជំងឺ និងការព្យាបាល រួមជាមួយនឹងការណែនាំនានាអំពីជំងឺ។ កម្មវិធីនេះក៏អាចជួយអ្នកក្នុងការសម្រេចចិត្តថាគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬយ៉ាងណាផងដែរ។   ពិសេស វាក៏អាចរក្សាទុកនូវទិន្នន័យអំពីការព្យាបាលរបស់អ្នកបានទៀតផង។ កម្មវីធីសម្រាប់សុខភាពខួរក្បាល 7.    Lumosity (ប្រើប្រាស់បានទាំង IOS និង Android)៖ ជាកម្មវិធីបង្កើតឡើងតាំងពីឆ្នាំ ២០០៧ និងមានអ្នកប្រើប្រាស់ប្រមាណជាង ៧០ លាននាក់រួចមកហើយ។ វាត្រូវបានគេកែប្រែ និងបានបញ្ចូលនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ រួមមានល្បែងល្បងប្រាជ្ញា ក៏ដូចជាលំហាត់ប្រាណខួរក្បាលជាច្រើនសម្រាប់អ្នកដែលចង់អភិវឌ្ឍសមត្ថភាពនៃការគិត     បង្កើនការចងចាំ និងស្មារតីប្រុងប្រយ័ត្នជាដើម។ 8.    Peak (ប្រើប្រាស់បានទាំង IOS និងAndroid)៖ ជាកម្មវិធីល្បែងសម្រាប់សុខភាពខួរក្បាល បង្កើតឡើងដោយអ្នកជំនាញពីសាកលវិទ្យាល័យ Cambridge និង Yaleក្នុងទិសដៅឲ្យអ្នកប្រើប្រាស់អាចបង្កើនការចងចាំ  ការប្រុងប្រយ័ត្ន ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត សមត្ថភាពក្នុងការគិត និងការគ្រប់គ្រងអារម្មណ៍។ មានផ្លូវជាច្រើនដើម្បីឆ្ពោះទៅរកសុខភាពល្អ តែពេលខ្លះអ្នកក៏អាចមិនឃើញពីជ្រុងដ៏ងាយស្រួលដែលនៅជិតអ្នកបំផុត និងចាំជួយអ្នកគ្រប់ពេលវេលាទៅវិញ។   ដូចនេះ ប្រើទូរស័ព្ទដោយឆ្លាតវៃ កុំភ្លេចដោនឡូតកម្មវិធីទាំងនេះ។ #smart phone, smart people, smart app © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើស្ត្រេស និងការព្រួយចិត្ដពិតជាអាចធ្វើឱ្យមនុស្សចាស់មុនអាយុមែនទេ? ពិតមែនហើយក្រៅពីនាំទៅរកជីវិតគ្មានការរីកចម្រើន ឬទោរទៅរកការញ៉ាំអាហារមិនល្អសម្រាប់សុខភាពនោះការព្រួយចិត្ដ និងស្ត្រេសពិតជាមូលហេតុនាំមុខធ្វើឱ្យមនុស្សចាស់មុនអាយុ។ នៅក្នុងឱកាសមួយយើងប្រហែលជាបានជួបមនុស្សដែលមើលទៅក្មេងជាងវ័យហើយយើងប្រហែលជាសួរខ្លួនឯងថា «តើពួកគេទទួលបានលទ្ធផលនេះដោយរបៀបណា?»យើងតែងតែភ្លេចថាវិធីដ៏ប្រសើរបំផុតដើម្បីធ្វើឱ្យសម្រស់ក្មេងជាងវ័យគឺការដឹកនាំជីវិតប្រកបដោយសុខភាពល្អដែលរួមទាំងកត្ដាជាច្រើនទៀតដូចជារបបអាហារ ការហាត់ប្រាណ ការថែរក្សាស្បែក និងការមានសមត្ថភាពដោះស្រាយបានគ្រប់ស្ថានការដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាពីមូលហេតុដែលបណ្ដាលឱ្យចាស់មុនអាយុ។ ១. ភាពសោកសៅក្នុងចិត្ដ ការមានសុខភាពផ្លូវចិត្ដល្អប្រសើរស្រស់បំព្រងអាចមានឥទ្ធិពលវិជ្ជមានទៅលើរូបសម្រស់ខាងក្រៅរបស់យើងគ្រប់គ្នា។ អញ្ចឹង ប្រសិនបើយើងរស់នៅក្នុងភាពសោកសៅ និងមិនមានហេតុផលល្អៗញ៉ាំងអារម្មណ៍ឱ្យសប្បាយចិត្ដ និងមានស្នាមញញឹមទេ ភាពជូរចត់ក្នុងអារម្មណ៍យើងនឹងបង្ហាញឱ្យឃើញនៅលើផ្ទៃមុខរបស់យើងជានិច្ចកាលនឹងធ្វើឱ្យយើងចាស់មុនអាយុ។ ម្យ៉ាងទៀត ប្រសិនបើយើងមានទស្សនៈវិជ្ជមានចំពោះជីវិត និងគ្រប់គ្រងខ្លួនឯងឱ្យមានអារម្មណ៍សប្បាយ និងមានស្នាមញញឹមលើផ្ទៃមុខដោយការសម្លឹងមើលផ្នែកល្អនៃស្ថានការបន្ទាប់មកយើង នឹងមានអារម្មណ៍សប្បាយរីករាយហើយជាលទ្ធផលយើងនឹងមានសមត្ថភាពពន្យឺតដំណើរការវិវឌ្ឍទៅរកភាពចាស់។ ២. ស្ត្រេស ស្ត្រេសគឺជាអាការៈមួយដែលកើតមានឡើងកាន់តែច្រើននាពេលបច្ចុប្បន្ន។ វាត្រូវបានគេចុះបញ្ជីថាជារឿងអកុសលមួយនៃទស្សវត្សរ៍ទី២១ និងប្រែក្លាយជាមូលហេតុដ៏ចម្បងមួយក្នុងចំណោមមូល-ហេតុទាំងឡាយដែលធ្វើឱ្យមនុស្សចាស់មុនអាយុនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផលប៉ះពាល់នៃស្ត្រេសដែលអាចមើលឃើញដោយភ្នែកជាក់ស្ដែងមួយចំនួនមានដូចជាការជ្រុះសក់ ស្នាមជ្រីវជ្រួញ ឬសញ្ញាដទៃទៀតដែលធ្វើឱ្យយើងចាស់មុនអាយុ។ ក្នុងករណីជាច្រើនរឿងដែលបណ្ដាលឱ្យយើងកើតនូវស្ត្រេសវាមិនសមនឹងឱ្យយើងយកចិត្ដផ្ដោតអារម្មណ៍ខ្លាំងនោះទេ។ ការបណ្ដោយឱ្យអ្វីៗកន្លងផុតទៅតាមដំណើរអាចឱ្យយើងមានឱកាសល្អក្នុងការស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព និងឆាប់រហ័សចំពោះស្ថានភាពតានតឹងហើយជាលទ្ធផលធ្វើឱ្យយើងអាចចៀសវាងឥទ្ធិពលអវិជ្ជមាន។ ៣. កង្វះលំហាត់ប្រាណ សកម្មភាពធម្មតានៃការហាត់ប្រាណបន្តិចបន្ដួចធ្វើឱ្យយើងមើលទៅមានអារម្មណ៍ថាសកម្ម ដែលថែមទាំងផ្ដល់ឱ្យយើងនូវភាពក្មេងជាងវ័យ និងមានសុខភាពល្អ។ លំហាត់ប្រាណជាប្រចាំផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាការពារអាការៈធាត់លើសគីឡូ លើកកម្ពស់ចរន្ដឈាមរត់និងបង្កើនសមត្ថភាពសួត។ ម្យ៉ាងទៀត វាក៏ជួយរក្សាស្បែករបស់យើងឱ្យក្មេងជាងវ័យ និងកាន់តែស្រស់ស្រាយផងដែរ។ ៤. ចំណីអាហារមិនល្អ អាហារដែលខ្វះសារធាតុចិញ្ចឹម និងមានផ្ទុកជាតិខ្លាញ់ច្រើនគឺវាមិនត្រូវធាតុជាមួយនឹងរាងកាយរបស់យើងនោះទេ។ ផ្ទុយទៅវិញវាអាចមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរសម្រាប់សុខភាពរបស់យើងនិងរូបរាងកាយទាំងស្រុង។ ដើម្បីរក្សារូបរាងកាយរបស់យើងឱ្យក្មេងជាងវ័យវាជារឿងចាំបាច់ក្នុងការពិសាអាហារដែលសម្បូរដោយផ្លែឈើបន្លែ សាច់សត្វមិនផ្ទុកជាតិខ្លាញ់ និងពិសាទឹកឱ្យគ្រប់គ្រាន់រាល់ថ្ងៃ។ ៥. សម្រាកមិនបានគ្រប់គ្រាន់ ការគេងបានគ្រប់គ្រាន់រាល់យប់គឺជារឿងចាំបាច់សម្រាប់ការផ្លាស់ប្ដូរកោសិកាថ្មី និងស្រោចស្រង់ឡើងវិញនូវកម្រិតថាមពលរាងកាយដែលបានបាត់បង់ដោយកត្ដាទាំងពីរនេះជួយឱ្យយើងមានសុខភាពល្អ និងមានកម្លាំងកាន់តែខ្លាំង។ សម្រាប់ការសម្រាកឱ្យពេញភ្នែកនៅពេលយប់គឺយ៉ាងតិចត្រូវគេងឱ្យបាន៨ម៉ោងក្នុងពេលយប់។ ប្រសិនបើអ្នកគេងបានតិចជាងនេះមានន័យថាអ្នកកំពុងតែប្រឈមនឹងការវិវឌ្ឍន៍ទៅរកភាពចាស់មុនអាយុ។

Share

បញ្ហាស្រេ្តស ការថប់បារម្ភ និងភាពភ័យខ្លាចអាចកើតឡើងចំពោះស្រី្ដដែលឈានដល់វ័យកណ្តាលដោយសារការថយចុះនូវកម្រិតអ័រម៉ូនestrogen និង progesterone នៅក្នុងខ្លួន។ អ័រម៉ូន Estrogen មានឥទ្ធិពលទៅលើការបញ្ចេញ serotonin និង norepinephrine ដែលសារធាតុទាំងពីរមានទំនាក់ទំនងទៅនឹងបញ្ហាផ្លូវចិត្ត។ បន្ថែមពីនេះ ស្រ្តីដែលដល់វ័យអស់រដូវ អាចនឹងជួបប្រទះនឹងការប្រែប្រួលអារម្មណ៍ ដូចជាការបារម្ភ និងភ័យខ្លាចច្រើនអំពីភាពកាន់ចាស់របស់ខ្លួន និងការបាត់បង់សមាជិកគ្រួសារជាដើម។ហេតុនេះ ចំពោះស្ត្រីជាច្រើន ការឈានដល់វ័យអស់រដូវ ហាក់ដូចជាពេលវេលាដែលធ្វើឲ្យពួកគេមានភាពឯកា និងធុញទ្រាន់ ដែលការប្រែប្រួលផ្លូវចិត្តទាំងនេះ អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ឬភ័យខ្លាចធ្ងន់ធ្ងរ ប្រសិនពុំទទួលបានការព្យាបាលឬការយកចិត្តទុកដាក់ណាមួយ។  ជាថ្មីម្តងទៀត លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឯក  ម៉េងលី វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅគ្លីនិកលុច្សនឹងបកស្រាយជុំវិញទំនាក់ទំនងនៃការអស់រដូវរបស់ស្រ្តី និងជំងឺបាក់ទឹកចិត្ត។ កត្តាប្រឈមនឹងជំងឺបាក់ទឹកចិត្ត ការផ្លាស់ប្តូរនូវកម្រិតអ័រម៉ូននៅក្នុងខ្លួន ជាកត្តាចម្បងដែលអាចនាំឲ្យមានបញ្ហាសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់ស្ត្រី ប៉ុន្តែនៅមានកត្តាផ្សេងទៀតដែលអាចមានឱកាសធ្វើឲ្យស្ត្រីមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលអស់រដូវរបស់ស្ត្រីដូចជា៖ •    ធ្លាប់មានប្រវត្តិមានជំងឺបាក់ទឹកចិត្តនៅពេលវ័យក្មេង •    មានអារម្មណ៍ភ័យខ្លាចចំពោះការអស់រដូវ ឬភាពចាស់ •    មានបញ្ហាស្រ្តេសដោយសារការងារ  ឬបញ្ហាផ្ទាល់ខ្លួន •    ការធុញទ្រាន់នឹងបរិយាកាសរស់នៅប្រចាំថ្ងៃ •    ការមិនទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន •    កង្វះការហាត់ប្រាណ •    ការជក់បារី។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត •    អារម្មណ៍មួម៉ៅ ធុញថប់ និងឆាប់ខឹង •    បារម្ភ មិនស្រណុកចិត្ត និងរវើរវាយ •    អារម្មណ៍មានកំហុស និងគ្មានតម្លៃ •    បាត់បង់ចំណូលចិត្តក្នុងកិច្ចការងារប្រចាំថ្ងៃ •    ពិបាកក្នុងការផ្ចង់អារម្មណ៍ •    ថយចុះការចងចាំ •    អស់កម្លាំង •    ទទួលដំណេកច្រើនពេក ឬតិចពេក •    ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ •    ការឈឺចាប់ដោយគ្មានមូលហេតុច្បាស់លាស់។ វិធីសាស្ត្រព្យាបាលជំងឺបាក់ទឹកចិត្ត ការព្យាបាលជំងឺផ្លូវចិត្តចំពោះស្រ្តីអំឡុងពេលអស់រដូវពុំមានភាពខុសប្លែកពីជំងឺផ្លូវចិត្តដែលតែងតែកើតឡើងចំពោះបុគ្គលទូទៅនោះទេ។  វិធីសាស្រ្តអាចរួមបញ្ចូលនូវ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ការប្រើប្រាស់ថ្នាំ ឬអាចបូកបញ្ចូលនូវវិធីសាស្រ្តទាំងពីរក្នុងពេលតែមួយតែម្តង។ 1.    ការផ្លាស់ប្តូរទម្លាប់រស់នៅ៖ •    ទទួលដំណេកគ្រប់គ្រាន់ ៖   ស្រ្តីក្នុងវ័យអស់រដូវ អាចមានបញ្ហាទាក់ទងនឹងដំណេក។ អ្នកគួរកំណត់ម៉ោងឲ្យបានច្បាស់ក្នុងការចូលគេង និងភ្ញាក់ពីដំណេក ចំណែកបន្ទប់គេង គួរស្ថិតក្នុងភាពងងឹត ស្ងប់ស្ងាត់ និងត្រជាក់ល្មម។ •    ធ្វើលំហាត់ប្រាណទៀងទាត់ ៖   លំហាត់ប្រាណអាចជួយបង្កើនថាមពល និងអារម្មណ៍ល្អ។ជាការល្អគួរមានទម្លាប់ធ្វើលំហាត់ប្រាណ ៣០ នាទី ប្រាំថ្ងៃក្នុងមួយសប្តាហ៍។ •    វិធីសាស្រ្តរំងាប់អារម្មណ៍ ៖ កីឡាយោគៈ ការតាំងសម្មាធិ និងការម៉ាស្សា ជាសកម្មភាពអាចកាត់បន្ថយស្រេ្តសបានមួយផ្នែក និងបង្កភាពងាយស្រួលក្នុងការទទួលទានដំណេក។ •    ឈប់ជក់បារី ៖ ស្រ្តីដែលជក់បារីមានឱកាសជួបបញ្ហាផ្លូវចិត្តច្រើនជាងស្រ្តីដែលគ្មានប្រវត្តិជក់បារី។ ប្រសិនបើអ្នកជក់បារី គួរស្វែងរកវិធីសាស្រ្តផ្តាច់ការជក់បារីពីអ្នកឯកទេស។ •    របបអាហារសុខភាព ៖ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចការពារកុំឲ្យមានបញ្ហានានាពេលឈានដល់វ័យអស់   រដូវ។ គួរទទួលទានអាហារសម្បូរដោយសារធាតុចិញ្ចឹមដែលមានក្នុងផ្លែឈើ បន្លែ ផលិតផលសណ្តែកនិងញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយប្រភេទអាហារធ្វើឲ្យធាត់ ស្ករ អំបិល ព្រមទាំងសារធាតុអាល់កុលផងដែរ។ •     ស្វែងរកការលើកទឹកចិត្ត ៖ ក្រុមគ្រួសារ ឬមិត្តភក្តិ អាចជួយលើកទឹកចិត្តស្ត្រីអស់រដូវឲ្យបានប្រសើរឡើង ហើយស្ត្រីខ្លួនឯងផ្ទាល់ត្រូវចាំថាអ្នកមិននៅម្នាក់ឯងនោះទេ ព្រោះស្រ្តីគ្រប់រូបដែលឈានដល់វ័យនេះគង់ចៀសមិនផុតពីដំណាក់កាលនេះដូចគ្នា។ 2.    ព្យាបាលដោយប្រើប្រាស់ថ្នាំ •    ថ្នាំអ័រម៉ូនជំនួសជាពពួក estrogen    (កម្រិតទាប) ៖ ការប្រើប្រាស់ថ្នាំជាពពួក estrogen អាចជួយព្យាបាលបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្តនៅពេលអស់រដូវ យ៉ាងណាមិញ ថ្នាំប្រភេទនេះ អាចបង្កឲ្យមានការប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់ និងកំណកឈាម។ •    ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ៖ ប្រសិនថ្នាំជំនួសជាប្រភេទអ័រម៉ូនមិនស័ក្តិសមនឹងការព្យាបាល ស្ត្រីដែលអស់រដូវនឹងត្រូវបានណែនាំឲ្យប្រើប្រាស់នូវថ្នាំប្រឆាំងការបាក់ទឹកចិត្តជំនួសវិញ ដែលការព្យាបាលអាចមានរយៈពេលខ្លី ឬវែងតាមសភាពនៃជំងឺ។ •    ការព្យាបាលបែបធម្មជាតិ ៖  ថ្នាំដែលមានផ្ទុកIsoflavones ស្ថិតនៅក្នុងថ្នាក់ Phytoestrogenដែលជាសមាសធាតុមានខ្សែស្រឡាយពីរុក្ខជាតិដូចជាពពួកសណ្តែក   ហើយមានសកម្មភាពដូចទៅនឹងអ័រម៉ូន estrogen ដែលវាអាចធ្វើឲ្យប្រសើរឡើងនូវរោគសញ្ញានៃការអស់រដូវ។ •    ការប្រឹក្សាយោបល់ ៖ ប្រសិនមិនហ៊ានប្រឈមមុខនឹងការចែករំលែកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ស្រ្តីដែលកំពុងមានបញ្ហានេះអាចស្វែងរកការពិភាក្សាពីសំណាក់អ្នកប្រឹក្សាជំនាញដើម្បីជួយសម្រាលនូវវិបត្តិទាំងនោះ។ ត្រូវចាំថា ជំងឺបាក់ទឹកចិត្តចំពោះស្រ្តីអស់រដូវ អាចព្យាបាលបាន  ជាមួយនឹងវិធីសាស្រ្តនានាដែលអាចសម្រាលនូវរោគសញ្ញា និងការផ្លាស់ប្តូរនៅអំឡុងពេលនោះ ហើយស្ត្រីខ្លួនឯង និងក្រុមគ្រួសារផ្ទាល់ត្រូវតែប្រញាប់ជ្រើសរើសមធ្យោបាយណាមួយឲ្យបានឆាប់រហ័សផងដែរមុនពេលអាការៈទាំងនោះ ជាពិសេសជំងឺបាក់ទឹកចិត្តនេះវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top