Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា? ពន្លឺព្រះអាទិត្យ ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។ អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។    ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។ បរិយាកាស និងបរិស្ថាន អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។ របបអាហារ ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។ អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។ ការជក់បារី អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។ ជាតិអាល់កុល អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។ ស្ត្រេស អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។ អាយុច្រើន អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។ អ័រម៉ូន ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។ អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។ អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ…

Share

អ្នកធ្វើការនៅការិយាល័យមួយចំនួន ជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាកដើម្បីធ្វើការឲ្យ ឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។ តាមពិតទៅ ប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ ហេលស៍ថាម សូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ •ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬ ដើរទៅក្រៅ ដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ •សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះ ពេលកំពុងធ្វើការ អ្នកអាចសម្រាករួច ដើរជុំវិញការិយាល័យក្នុងរយៈពេល១០ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹងសរសៃបានមួយផ្នែក បន្ថែមពីនេះ អ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ •ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាល ហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ •សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់អោន ឬ ងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែក ហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ •អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះ ដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ •ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬ លើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ •ចលនាលំហាត់ប្រាណងាយៗ លំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។  ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។  លំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬ អង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់ យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។  ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នានោះពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។   ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី…

Share

ចំពោះអ្នកដែលចង់បានរាងស្អាត ឬចង់រក្សារាង តែងតែគិតនៅពេលកំពុងញ៉ាំថា ខ្លាចតែញ៉ាំច្រើនទៅឡើងគីឡូទេ៎…អ្នកខ្លះពេលកំពុងញ៉ាំមានភាពសប្បាយរីករាយណាស់ រួចទើបអង្គុយកើតទុក្ខ ថាខ្លួនឡើងគីឡូរហូត…ជាការពិត មនុស្សម្នាក់ៗត្រូវតែញ៉ាំ ដើម្បីផ្ទេរថាមពលទៅកាន់រាងកាយសម្រាប់ប្រើប្រាស់ គ្រាន់តែពេលខ្លះ យើងញ៉ាំលើស ឬខ្វះពីតម្រូវការរបស់រាងកាយតែប៉ុណ្ណោះ។ អ្នកគួរតែយល់ដឹងពីបរិមាណថាមពលដែលអ្នកត្រូវការ ឬបរិមាណថាមពលដែលអ្នកបានញ៉ាំ និងគួរតែដុតកាឡូរីប៉ុណ្ណា តាមដែលអ្នកចង់បាន។ ហេលស៍ថាម សូមបង្ហាញពីចំណេះដឹងទាក់ទងនឹងថាមពលដែលមកពីចំណីអាហារ និងគន្លឹះនៃសកម្មភាពងាយៗដែល មានបង្ហាញពីបរិមាណកាឡូរីដែលអាចដុតតាមសកម្មភាពនីមួយៗ។ តើអ្វីទៅជាកាឡូរី? កាឡូរី គឺជាខ្នាត ឬរង្វាស់រង្វាល់នៃថាមពលដែលមាននៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ ឬភេសជ្ជៈដែលយើងបរិភោគរាល់ថ្ងៃ។ នៅពេលដែលយើងបរិភោគចំណីអាហារទាំងនោះ គឺយើងទទួលនូវថាមពលដែលស្តុកទុកក្នុងម៉ូលេគុល ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសារធាតុខ្លាញ់នៃចំណីអាហារដែលយើងបានទទួលទាន។ បរិមាណសរុបនៃថាមពលមាននៅក្នុងចំណីអាហារ គឺត្រូវបានតំណាងដោយ កាឡូរី ដែលផលិតផលខ្លះមានបង្ហាញក្នុងស្លាកអាហារូបត្ថម្ភដែលមាននៅលើកញ្ចប់ស្រាប់។ ហេតុអ្វីបានជាញ៉ាំកាឡូរីហើយត្រូវដុតចោលវិញ? រាងកាយមានសកម្មភាព២យ៉ាងទៅលើកាឡូរី គឺប្រើប្រាស់វា ឬស្តុកទុកវា។ កាឡូរីដែលបានមកពីការបរិភោគអាហារមិនអាចបាត់បង់ ឬក៏ត្រូវបានបំផ្លាញដោយឯកឯងទេ គឺគ្រាន់តែផ្លាស់ប្តូរទម្រង់ប៉ុណ្ណោះ។ នៅពេលយើងបរិភោគអាហារចូលទៅសារពាង្គកាយ ខ្លួនរបស់យើងបំលែង ឬដុតកាឡូរីទៅជាប្រភេទថាមពលផ្សេងៗគ្នាដែលរាងកាយត្រូវការ ដើម្បីដំណើរការដូចជា ៖ សម្រាប់ដកដង្ហើម ធ្វើចលនា ឬការធ្វើកាងារផ្សេងៗ។ ផ្ទុយទៅវិញ នៅពេលកាឡូរីដែលយើងញ៉ាំមិនបានយកទៅប្រើប្រាស់នោះ វានឹងត្រូវបានស្តុកទុកក្នុងរាងកាយក្រោមទម្រង់ជាខ្លាញ់ ច្រើនជាងទុកក្នុងសាច់ដុំ ដែលជាកត្តាធ្វើឲ្យអ្នកឡើងទម្ងន់ ឬធាត់ជាដើម។ ដូចនេះហើយទើបយើងត្រូវការធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រើប្រាស់កាឡូរីឲ្យអស់។ តើរាងកាយរបស់យើងត្រូវការកាឡូរី និងដុតទៅវិញក្នុងបរិមាណប៉ុន្មានដែរ?  តម្រូវការកាឡូរីអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយការដុតកាឡូរីវិញក៏ដូចគ្នាដែរ។ តុល្យភាពនៃការតម្រូវការ និងការដុតកាឡូរីមាន ៣ករណី៖     ១. ប្រសិនបើអ្នកញ៉ាំកាឡូរី ច្រើនជាងការដុត នោះអ្នកនឹងឡើងទម្ងន់     ២. ប្រសិនបើអ្នកញ៉ាំកាឡូរី តិចជាងការដុត នោះអ្នកនឹងស្រក់ទម្ងន់     ៣. ប្រសិនបើអ្នកញ៉ាំកាឡូរី ស្មើនឹងការដុត នោះអ្នកនឹងអាចរក្សាទម្ងន់របស់អ្នកឲ្យនៅដដែលបាន។ ជាធម្មតា មនុស្សប្រុសត្រូវការបរិមាណកាឡូរី ២,៥០០កាឡូរីក្នុងមួយថ្ងៃ ចំនែកឯមនុស្សស្រីត្រូវការ ២,០០០កាឡូរីក្នុងមួយថ្ងៃ។ អ្នកអាចសម្រេចចិត្តថាអ្នកចង់ ឡើង ស្រក ឬរក្សាទម្ងន់ឲ្យនៅដដែល។ បន្ទាប់មកចាប់ផ្តើមគណនាបរិមាណកាឡូរីដែលត្រូវដុតក្នុងមួយថ្ងៃ ឬហៅថា BMR= Basal Metabolic Rate ជាមួយយើងទាំងអស់គ្នា… រូបមន្ត ៖ BMR = 10m + 6.25h - 5a + 5 ចំពោះបុរស             BMR = 10m + 6.25h - 5a - 161 ចំពោះស្រ្តី m  ជាទម្ងន់ (គីឡូក្រាម) h ជាកម្ពស់ (សង់ទីម៉ែត្រ) a ជាអាយុ (ឆ្នាំ) បន្ទាប់ពីបានដឹងពីបរិមាណកាឡូរីដែលត្រូវដុតហើយ អ្នកអាចចាប់ផ្តើមកំណត់បរិមាណកាឡូរីត្រូវញ៉ាំ ដើម្បីស្របទៅតាមទម្ងន់ដែលអ្នកចង់បានដូចការណែនាំខាងលើ។ បន្តទៅទៀតនេះ សូមឈានទៅដល់សកម្មភាព ឬប្រភេទកីឡាងាយៗដែលអាចដុតកាឡូរីបានច្រើន បើបៀបធៀបទៅនឹងសកម្មភាពផ្សេងទៀតក្នុងរយៈពេលដូចគ្នា។ ១.  ការលោតអន្ទាក់ ការលោតអន្ទាក់ ជាសកម្មភាពងាយធ្វើ ហើយអាចធ្វើបាននៅគ្រប់ទីកន្លែងតាមចំណូលចិត្តរបស់អ្នកថែមទាំងដុតកាឡូរីបានដល់ទៅ ១,០៧៤ កាឡូរីក្នុងមួយម៉ោង។ ២. ការរត់ ការរត់ជាប្រភេទកីឡាដែលអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅ អាចមើលទេសភាពបាន និងអាចដុតកាឡូរី បាន១,០៧៤ កាឡូរី ក្នុងមួយម៉ោង ប្រសិនបើអ្នករត់ក្នុងល្បឿន១២គីឡូម៉ែត្រក្នុងមួយម៉ោង។ ៣. ការរត់ឡើងជណ្តើរ ការរត់ឡើងជណ្តើរអាចឲ្យអ្នកដុតកាឡូរីបាន ៨១៩កាឡូរី ក្នុងមួយម៉ោង។ អ្នកអាចចំណាយពេលចុងសប្តាហ៍ ឬពេលល្ងាចៗ ទៅរត់ឡើងជណ្តើរស្តាតអូឡាំពិកក៏បាន។ ៤. ការលេងបាល់បោះ ជាកីឡា ដែលមានលក្ខណៈជាក្រុមដែលបង្កភាពសប្បាយរីករាយ និងអាចជួយអ្នកដុតកាឡូរី បាន៧២៨ កាឡូរីក្នុងមួយម៉ោង។        ៥. ការលេងកូនបាល់ ជាកីឡាដែលអ្នកអាចលេងជាគូ ឬលេងតែឯង ហើយអាចដុតកាឡូរីបាន៧២៨កាឡូរីក្នុងមួយម៉ោង។      ៦. ការដើរផ្សារ បើទោះជាមានសេវាដឹកជញ្ជូនដល់ទីកន្លែងក៏ដោយ អ្នកគួរចំណាយពេលទៅទិញរបស់របរ ប្រើប្រាស់ ឬទិញម្ហូប ដោយខ្លួនឯងកាន់តែប្រសើរ ព្រោះវាអាចជួយដុតកាឡូរីបាន២៦០កាឡូរី ក្នុងមួយម៉ោង។ ៧. ការបោសសម្អាត ការបោសសម្អាតនៅផ្ទះប្រៀបដូចជាការហាត់ប្រាណមួយដែរ។ ការបោសសម្អាតអាចដុតបាន ២៣៦កាឡរីក្នុងមួយម៉ោង ហើយការជូតផ្ទះវិញអាចដុតបាន២៥៩កាឡូរីក្នុងមួយម៉ោង។ ៨. ការដាំដំណាំ ឬមើលថែសួន ជាសកម្មភាពដែលផ្តល់ប្រយោជន៍ជាច្រើន ដូចជាបានផលិតផលហូបផ្លែ ហើយបានសុខភាពល្អ ភាពស្រស់ស្អាត និងអាចដុតកាឡូរីបាន៣៣៤កាឡូរី ក្នុងមួយម៉ោងទៀតផង។ អ្នកបានស្គាល់ហើយ ថាតើអ្វីទៅជាកាឡូរី? រូបមន្តគណនាបរិមាណកាឡូរីដែលមនុស្សម្នាក់ៗគួរដុតក្នុងមួយថ្ងៃ និងសេចក្តីណែនាំពីសកម្មភាពដែលអាចដុតកាឡូរីបាន។ ជំហានបន្ទាប់គឺ ការសម្រេចចិត្តរបស់អ្នកក្នុងការជ្រើសរើសសកម្មភាពដែលអ្នកគិតថាសមស្របទៅនឹងលក្ខខណ្ឌរបស់អ្នក…

Share

ដោយសារតែការមមាញឹកនឹងការងារ ឬបំណងចង់ផ្លាស់ប្តូរបរិយាកាសការទទួលទានអាហារ បុគ្គលក៏ដូចជាក្រុមគ្រួសារមួយចំនួនមានទំនោរ និងចំណូលចិត្តក្នុងការភ្លក្សនូវរសជាតិថ្មី តាមរយៈការទទួលទានអាហារនៅតាមភោជនីយដ្ឋានផ្សេងៗ។ យើងខ្ញុំ សូមធ្វើការណែនាំនូវចំណុចខ្លះៗដែលលោកអ្នកគួរធ្វើការពិចារណារាល់ពេលអ្នកចេញទៅទទួលទានអាហារនៅក្រៅផ្ទះ ៖ •ពិនិត្យស្ថានភាពហាង ៖  ចំណាប់អារម្មណ៍ដំបូង គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើមានការរៀបចំខាងក្រៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពនោះ មិនថាយើងមិនថាគេប្រាកដជាចង់ចូលមិនខានទេ។ •បញ្ជីម្ហូបអាហារ ៖ ដើម្បីចៀសវាងបញ្ហាខកចិត្ត ឬភ្ញាក់ផ្អើល អ្នកគួរពិនិត្យមើលតម្លៃម្ហូបអាហារជាមុនសិន មុននឹងធ្វើការកុម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈសម្រាប់ទទួលទាន។ •បុគ្គលិកបម្រើសេវាកម្ម ៖ ដោយសារតែបញ្ហាចំណីអាហារអាចនឹងបង្កផលប៉ះពាល់ច្រើនដល់សារពាង្គកាយស្ទើរតែទាំងមូល ជាពិសេសប្រព័ន្ធរំលាយអាហារ ហេតុនេះហើយបុគ្គលិកជាពិសេសផ្នែកលើកម្ហូប ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់អនាម័យជានិច្ច។ •អនាម័យម្ហូបអាហារ ៖  ភោជនីយដ្ឋានភាគច្រើនផ្តោតលើចំណុចនេះខ្លាំងជាងគេ ដោយដាក់លក់នូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ អនាម័យខ្ពស់ និងសេវាកម្មល្អ ព្រោះជាប្រភេទអាជីវកម្មផ្នែកចំណីអាហារ តែក៏មានហាងខ្លះ បើកឲ្យតែបើក ហើយលក់ក៏មិនខ្វល់ខ្វាយពីអតិថិជនទៀត។ •កន្លែងចម្អិនម្ហូបអាហារ ៖ កន្លែងចម្អិនអាហារក្នុងហាងមួយចំនួនបើកចំហ ដែលអាចឲ្យភ្ញៀវពិនិត្យមើលការចម្អិនអាហាររបស់ចុងភៅបាន។ ហេតុនេះហើយ អ្នកអាចពិនិត្យមើលថាតើមានអនាម័យឬទេ។ •ម្ហូបអាហារ ៖ ទទួលទានតែអាហារណាដែលក្តៅ  ឬទើបតែចម្អិនហើយ ព្រោះថាអាហារដែលត្រជាក់អាចជាអាហារដែលត្រូវបានទុកយូរ ដែលអាចបណ្តាលឲ្យមានការលូតលាស់របស់បាក់តេរី។ •ភេសជ្ជៈ ៖ បើជាភេសជ្ជៈកំប៉ុង ឬដប អ្នកគួរចាំធ្វើការបើកដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ •អាហារគួរចៀសវាង ៖ អ្នកគួរចៀសវាងការទទួលទានសាច់ ស៊ុត ឬអាហារដែលចម្អិនមិនទាន់ឆ្អិនល្អ។ ប្រសិនបើជួបប្រទះនឹងបញ្ហានេះ សូមកុំរារែកក្នុងការសុំឲ្យគេធ្វើការចម្អិនបន្ថែមទៀត។

Share

ការថែរក្សាធ្មេញរបស់អ្នកគឺជាការសំខាន់ណាស់។ មនុស្សភាគច្រើនដឹងថាស្ករគ្រាប់ និងអាហារផ្សេងៗដែលមានជាតិផ្អែមអាចធ្វើឲ្យធ្មេញខូចបាន ប៉ុន្តែចុះផ្លែឈើ? អ្នកប្រហែលជាធ្លាប់ឮហើយថាការដុសធ្មេញ និងសម្អាតចន្លោះធ្មេញ២ដងក្នុង១ថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែអាហារមួយចំនួនដែលអាចធ្វើឲ្យធ្មេញខូចបានទោះជាមានការសម្អាតយ៉ាងណាក៏ដោយ។ ខាងក្រោមនេះជាអាហារទាំង៦យ៉ាងដែលធ្វើធ្មេញខូចបានៈ ១.ផ្លែប៉ោម ផ្លែប៉ោមគឺមានជាតិអាស៊ីតខ្ពស់វាធ្វើឲ្យរឹងនៅកាចាធ្មេញរបស់អ្នក ខណៈពេលដែលការញុំផ្លែប៉ោម១ផ្លែអាចឲ្យអ្នកមានសុខភាពល្អចៀសឆ្ងាយពីគ្រូពេទ្យក៏ដោយ។ អាស៊ីតនោះអាចឲ្យអ្នកទៅជួបពេទ្យធ្មេញលឿនផងដែល។ ការញុំផ្លែប៉ោមគឺល្អគ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឺក ឫទឹកខ្ពុលមាត់លឿនតាមដែលអាចធ្វើទៅបាន។ ២. ទឹកកក អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាមនុស្សប៉ុន្មានអ្នកដែលគិតថាទឹកកកល្អសំរាប់ធ្មេញ។ វាធ្វើពីទឹកហើយអត់មាននូវជាតិស្ករ ឬសារជាតិផ្សេងទេ។ ប៉ុន្តែការទំពារលើរបស់ដែលរឹងអាចធ្វើឲ្យធ្មេញរបស់អ្នកងាយឈឺចាប់ទៅជាជំងឺធ្មេញបន្ទាន់មួយហើយអាចធ្វើឲ្យខូចដល់កាចាធ្មេញផងដែរ។ ៣. ពោតលីង ពោតលីងគឺច្បាស់ណាស់ពិតជាជាប់នៅនឹងធ្មេញរបស់អ្នកហើយកន្លែងដែលនៅចន្លោះធ្មេញរបស់អ្នកនឹងដុះបាក់តេរីផងដែរ។ វាមិនអីទេដែលញ៉ាំពោតលីងមួយកញ្ចប់គ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឹក ឬទឹកខ្ពុរមាត់លឿនតាមដែលអាចធ្វើទៅបាន។ ៤. ស្ករគ្រាប់រឹងៗ អ្នកបានដឹងរួចមកហើយថាជាតិស្ករនៅក្នុងស្ករគ្រាប់ គឺជាបញ្ហា ហើយស្ករគ្រាប់រឹងគឺកាន់តែគ្រោះថា្នក់ ព្រោះថាពួកយើងបានបៀមវាក្នុងមាត់រយៈពេលយូរ។ ៥. បន្លែត្រាំ របស់ត្រាំគឺបានធ្វើឡើងជាមួយទឹកខ្មេះដែលមានអាស៊ីតខ្ពស់ហើយពេលខ្លះក៏មានស្ករដែរ។ ខណៈពេលដែលបន្លែធ្វើឲ្យមានសុខភាពល្អតែទឹកអំបិលធ្វើឲ្យខូចធ្មេញរបស់អ្នកវិញ។ ផឹកទឹកជាមួយអាហាររបស់អ្នកជួយសម្អាតអាស៊ីត និងស្ករចេញពីធ្មេញរបស់អ្នក។ ៦. ប៊័ររសជាតិសណ្តែកដី ដោយសារតែវាស្អិតនិងមានស្ករទៀតនោះប៊័ររសជាតិសណ្តែកដីមិនត្រឹមតែចិញ្ចឹមបាក់តេរីប៉ុណ្ណោះទេតែវាធ្វើឲ្យបាក់តេរីទាំងនោះងាយស្រូលក្នុងការច្រៀតចូលក្នុងចន្លោះធ្មេញផងដែរ។ បើមើលតាមធម្មជាតិទៅគឺប៊័រសណ្តែកដីដែលគ្មានជាតិស្ករគឺកាត់បន្ថយបញ្ហាផងដែរ។

Share

មើលសៀវភៅ ផឹកកាហ្វេ ផឹកកាហ្វេ មើលសៀវភៅ ផឹកយូរៗទៅ បិទសៀវភៅ ផឹក(តា៎)កាហ្វេ! (បិទសៀវភៅសិន ចាំផឹកកាហ្វេអស់ចាំមើលតទៀតហ្នឹងណា…) កំណាព្យមួយដ៏មានន័យជូនចំពោះបងៗ និងប្អូនៗដែលចូលចិត្តទៅមើលសៀវភៅ ឬមើលមេរៀននៅខាងក្រៅ ជាពិសេសនៅហាងកាហ្វេតែម្តង។ ហាងកាហ្វេសម័យនេះ ហាក់ក្លាយទៅជាស្នាក់ការកណ្តាលជំនួសឲ្យការឡើងភ្នំផឹកតែសម្រាប់អ្នកក្លាហានមកពីគ្រប់បក្ស  ដើម្បីជួបជុំគ្នាផឹកកាហ្វេ និងសាកល្បងវិជ្ជាគុនទាក់ទងនឹងមេរៀន ក៏ដូចជាកិច្ចការស្រាវជ្រាវផ្សេងៗផងដែរ។     សំណួរសួរថា តើកន្លែងសម្រាប់អ្នកគុននិយមបែបអ្នកសិក្សាគួរមានលក្ខណៈបែបណា? ទីតាំងនៅជិតៗសាលា ជាកន្លែងដែលសិស្សនិស្សិតអាចឆ្លៀតពេលទំនេរពីម៉ោងសាលាមកបាន ដោយមិនចាំបាច់ចំណាយពេលជិះទៅណាឆ្ងាយ   ហើយក៏ជាកន្លែងដែលអាចជួបជុំគ្នាបានទាំងថ្ងៃសៅរ៍ និងអាទិត្យផងដែរ។ ជាក់ស្តែង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  ហាងកាហ្វេធម្មជាតិ(Nature Café) ជាកន្លែងដែលសិស្សនិសិ្សតមិនត្រឹមមកពីសាកលវិទ្យាល័យផ្ទាល់ តែក៏មកសឹងតែពីគ្រប់សាលាមិនថាសាលាពេទ្យ សាលាតិចណូ ឬសាលាច្បាប់ជាដើម ចូលចិត្តមកជួបជុំគ្នាញ៉ាំអាហារ រៀនជាក្រុម និងពិភាក្សាគ្នាយ៉ាងហូរហែរមិនថាថ្ងៃធម្មតា ឬចុងសប្តាហ៍ឡើយ។ បរិយាកាសបែបធម្មជាតិ     ខ្យល់អាកាសបរិសុទ្ធ រុក្ខជាតិនៅជុំវិញពណ៌បៃតង ពិតជាអំណោយផលដល់ការមើលសៀវភៅ និងការតាំងអារម្មណ៍រៀនដែលត្រូវចំណាយរយៈ-ពេលយូរៗ ដោយយ៉ាងហោចណាស់អ្នកអាចក្រឡេកមើលទេសភាពឲ្យភ្នែកបានសម្រាកខ្លះ ក៏ដូចជាដកដង្ហើមវែងៗ ដើម្បីកុំឲ្យស្រេ្តសពេក។ ម្យ៉ាងទៀត ការនិយាយពិភាក្សាគ្នា ក៏នឹងមិនចោទជាបញ្ហាសំឡេងរំខានខ្លាំងឡើយជាមួយនឹងបរិវេណធំទូលាយ និងមិនមានជញ្ជាំងបិទជិត ដូចជានៅ Nature Café ។ ជាពិសេស បរិយាកាសដែលសម្បូរដោយអ្នករៀន   នឹងជម្រុញឲ្យអ្នកព្យាយាមរៀនដូចគ្នាដែរ។ រចនាបទបែបសាមញ្ញៗ  ជាការពិតដែលយុវវ័យច្រើនចូលចិត្តកន្លែងដែលឡូយៗ និងតុបតែងគួរឲ្យស្រឡាញ់ ក៏ប៉ុន្តែក្នុងកាលៈទេសៈខ្លះ កន្លែងដែលតុបតែងបែបសាមញ្ញគឺល្អបំផុត ជាពិសេសសម្រាប់ការរៀនដែលមិនត្រូវមានការបែកអារម្មណ៍។ ម្យ៉ាងទៀត វាគួរជាកន្លែងមានតុ និងកៅអីដែលផ្តល់ផាសុកភាពសម្រាប់ទាំងអ្នកដែលចង់អង្គុយរៀនតែឯង និងទាំងអ្នកអង្គុយលក្ខណៈជាក្រុមផងដែរ។  ក្រៅពីនោះ  ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា កន្លែងកុម្ម៉ង់គួរនៅឆ្ងាយពីកន្លែងអង្គុយបន្តិច។ អាហារប្លែកៗទៅតាមរសនិយមរបស់យុវវ័យ ក្នុងនោះ ការភ្លក្សរសជាតិដែលបង្ហាញពីវប្បធម៌របស់ប្រទេសដទៃពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏អាចជាចំណីចំណេះដឹងបន្ថែមផងដែរ។ Nature Café ជាកន្លែងដែលអាចផ្តល់រសជាតិអាហារទាំងបែបខ្មែរ និងបែបជប៉ុនជាមួយនឹងគោលបំណងក្នុងការបង្ហាញពីវប្បធម៌របស់ប្រទេសទាំងពីរទៅដល់និសិត្ស និងសាស្ត្រាចារ្យខ្មែរ  ក៏ដូចជានិស្សិត  និងសាស្ត្រាចារ្យបរទេសដូចជាជប៉ុនផ្ទាល់ផងដែរ។ សេវាកម្មប្រកបដោយទំនុបចិត្ត បើនិយាយពីសេវាកម្មបែបជប៉ុន គឺតម្រូវឲ្យអតិថិជនទាំងអស់ត្រូវតម្រង់ជួរដើម្បីកុម្ម៉ង់ និងបង់ប្រាក់ ទើបបុគ្គលិកលើករបស់ដែលភ្ញៀវកុម្ម៉ង់ទៅជូន ដែលវាជួយសម្រួលដល់ការងាររបស់បុគ្គលិកមួយចំណែក  ព្រមទាំងផ្តល់អតិភាពដល់អ្នកមកមុនផងដែរ។ ដែលគួរឲ្យចាប់អារម្មណ៍ពី Nature Café គឺមិនប្រើនូវធុងសំរាមតូចៗនៅក្រោមតុនីមួយៗនោះទេ មានន័យថាអតិថិជនត្រូវយកសំរាមរបស់ខ្លួនទៅចោលនៅក្នុងធុងសំរាមធំៗដោយខ្លួនឯង ដែលបង្ហាញពីការស្រឡាញ់បរិស្ថាន និងភាពមានទំនួលខុសត្រូវរបស់ពួកគេ។នុស្សម្នាក់ៗ  ហើយអ្នកក៏ដូចគ្នា    គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា  បណ្ណាល័យសាធារណៈនិងក្លិបសិក្សា  ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។   សរុបមក មានលក្ខខណ្ឌច្រើនទៀតសម្រាប់អ្នកសិក្សាទៅតាមរសនិយមរបស់មនុស្សម្នាក់ៗ  ហើយអ្នកក៏ដូចគ្នា    គួរតែមានលក្ខខណ្ឌផ្ទាល់ខ្លួនដែលអាចជម្រុញឲ្យអ្នករៀនបានល្អដោយមិនចាំបាច់ចេញមកហាងកាហ្វេរាល់ពេលអី ពេលខ្លះបរិវេណសាលា  បណ្ណាល័យសាធារណៈនិងក្លិបសិក្សា  ឬផ្ទះតែម្តងក៏ជាកន្លែងល្អដែរ។   សូមអរគុណដល់លោក ស៊ាង និមល អ្នកគ្រប់គ្រងទូទៅរបស់ Nature Café  សម្រាប់ព័ត៌មានគំរូពីអាហារដ្ឋានធម្មជាតិ...

Share

ជាការពិតណាស់ ការកាត់សក់ជារឿងធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែម្នាក់ៗមុននឹងសម្រេចចិត្តទៅកាត់សក់ក៏មានគោលបំណងរបស់ខ្លួនដែរ។ តែអ្នកមានដឹងអាថ៌កំបាំងពីក្រោយគោលបំណងរបស់អ្នកដែរឬទេ? គោលបំណងខ្លះសមស្របនឹងការធ្វើបែបនេះ តែខ្លះក៏ជាការយល់ច្រឡំ ដែលអ្នកគួរយល់ដឹងដើម្បីកុំឲ្យខាតពេលវេលាហើយបែរជាមិនបានលទ្ធផលដែលខ្លួនចង់បានថែមទៀត។ ១. ពេលដែលសក់ជ្រុះច្រើនជាងធម្មតា  ការពិតសក់មានវដ្តរបស់របស់វាក្នុងការលូតលាស់ឬក៏ជ្រុះទៅវិញ ទោះយ៉ាងណាមិញ ក្រៅពីកត្តាជំងឺមួយចំនួន ក៏មានកត្តាមួយចំនួនទៀតជះឥទ្ធិពលដល់ការជ្រុះមុនពេលកំណត់ផងដែរ មិនថាសុខភាពទូទៅ តុល្យភាពចំណីអាហារ កត្តាខាងក្រៅដូចជាសារធាតុពុល កំដៅជាដើមដែលអាចឲ្យសក់ និងស្បែកក្បាលអ្នកមានសុខភាពមិនល្អងាយនឹងជ្រុះរួមជាមួយកត្តានៃទម្ងន់របស់សក់ ឬក៏ការលេងម៉ូតសក់ធម្មតារបស់អ្នកក្លាយទៅជាបន្ទុករបស់សក់របស់អ្នកទៅវិញ។ ការកាត់សក់ក្នុងប្រវែងសមល្មមមួយអាច ជួយកាត់បន្ថយបន្ទុករបស់គល់សក់របស់អ្នក ព្រោះវាធ្វើឲ្យស្រាលជាងមុន។ ដោយឡែក សក់ម៉ូតថ្មីអាចឲ្យអ្នកទម្លាក់សក់ និងកាត់បន្ថយការលើកចងឬក្រងបានមួយរយៈដែរដើម្បីបង្ហាញម៉ូតសក់។ ២. ពេលដែលសក់ហាក់ដូចជាគ្មានសុខភាព សក់គ្មានសុខភាពទីនេះសំដៅដល់សក់ស្ងួត និងបែកចុង គ្មានភាពរស់រវើក។ ការកាត់សក់ដើម្បីជម្រុសសក់បែកចុងធ្វើឲ្យសក់របស់អ្នកមើលទៅពេញស្អាត និងឃើញក្រាស់និងភ្លឺរលោងជាងមុន។ ម្យ៉ាង សក់បែកចុងក៏ជាកត្តារាំងដល់ការលូតលាស់របស់សក់ផងដែរ ដូចនេះសក់របស់អ្នកអាចធ្វើការលូតលាស់ដូចប្រក្រតីវិញក្រោយពីកាត់ផ្នែកបែកចុងនេះចេញ។  ក្រៅពីនេះ អ្នកក៏អាចដោះស្រាយបញ្ហាសក់ជំពាក់ដោយសារសក់ដែលជំពាក់គ្នានៅខាងចុងៗផងដែរ ក៏ដូចជាការងាយស្រួលក្នុងការថែទាំផងដែរ បើសិនអ្នកមានសក់ខ្លីជាងមុន។ ៣. ពេលដែលអ្នកស្ត្រេស  ការផ្លាស់ប្តូរផ្នែកខ្លះនៃខ្លួនអ្នកទៅជាល្អជាងមុន អាចធ្វើឲ្យអ្នកបង្កើនជំនឿចិត្ត និងកាត់បន្ថយភាពស្មុគស្មាញបានមួយកម្រិតធំ។នេះទាក់ទងនឹងកត្តាផ្លូវចិត្តដែលពិតជាសំខាន់ក្នុងការជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ឬក៏អាចមានថាមពលប្រឈមមុខនិងដោះស្រាយបញ្ហាបានផងដែរ។ ៤. ពេលមានជំងឺ ដូចបញ្ជាក់ពីលើ ជំងឺមួយចំនួនអាចធ្វើឲ្យអ្នកជ្រុះសក់មួយរយៈ ឬដោយសារតែផលរំខានពីការប្រើប្រាស់ថ្នាំមួយចំនួន។ ដូចនេះ ក្នុងអំឡុងពេលនេះ អ្នកអាចធ្វើការកាត់សក់ឲ្យខ្លីសិន ដើម្បីចៀសវាងការភ្ញាក់ផ្អើលនឹងការឃើញទំហំនៃការជ្រុះសក់ខ្លាំងពេក ដែលអាចជៈឥទ្ធិពលដល់អារម្មណ៍របស់អ្នក។    ៥. ដល់ពេលដែលគួរផ្លាស់ប្តូរម៉ូតសក់ហើយ បើអ្នកខានកាត់សក់ ឬផ្លាស់ប្តូរម៉ូតជាយូរមកហើយ គួរតែដល់ពេលដែលអ្នកត្រូវកាត់សក់ម្តងហើយដើម្បីឲ្យទាន់នឹងសម័យកាល ទោះជាអ្នកមានសក់ដែលមានសុខភាពល្អស្រាប់ក៏ដោយ ។ សំខាន់ ក្នុងកាលៈទេសៈខ្លះ ក៏ជាការល្អក្នុងការផ្លាស់ប្តូរម៉ូតសក់ ដូចជាការឡើងមុខតំណែង ចូលកម្មវិធីពិសេសៗជាដើម ដើម្បីបង្កើននូវជំនឿចិត្ត។ ដោយឡែក ការផ្លាស់ប្តូរម៉ូតសក់ អាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីៗ បំបាត់ភាពធុញថប់ផងដែរ។   បញ្ជាក់ ៖  សូមកុំកាត់សក់ដោយសាររំពឹងគិតថាវានឹងដុះលឿនជាងមុន ការដែលជឿថាការកាត់សក់អាចជម្រុញឲ្យសក់ដុះលឿនជាងធម្មតា ត្រូវបានអ្នកជំនាញខាងសរសៃសក់បដិសេធថាជារឿងមិនត្រឹមត្រូវ។ សក់របស់យើងជាទូទៅនឹងលូតតិចជាងកន្លះអ៊ីញក្នុងមួយខែ ទោះជាអ្នកកាត់សក់ ឬក៏អត់ក៏ដោយ។ ប៉ុន្តែ គេទទួលស្គាល់ថាពេលខ្លះវាពិតជាមានការលូតលឿនជាងធម្មតា តែមូលហេតុអាចទាក់ទងនឹងចំណីអាហារបំប៉ន ឬសុខភាពឯណោះទេ។

Share

អ្នកទើបនឹងទទួលបានផ្កានៅថ្ងៃបញ្ចប់ការសិក្សា  ថ្ងៃខួបកំណើត ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬឱកាសពិសេសណាមួយ…     ភាពស្រស់បំព្រងរបស់ផ្ការួមជាមួយក្លិនក្រអូបរបស់វាអាចរក្សាបានប៉ុន្មានថ្ងៃដែរ។  បើជាអ្នកស្រឡាញ់ផ្កាប្រាកដជាមិនចង់យកផ្កាមួយបាច់ដ៏ស្រស់ស្អាតនោះចោលដោយមិនមានប្រយោជន៍ឡើយ      តែក៏មិនអាច ខូចចិត្តនៅពេលឃើញផ្កាទាំងនោះត្រូវទុកចោលឲ្យស្វិតស្រពោនទៅដែរ។ អញ្ចឹងគិតធ្វើយ៉ាងម៉េចល្អជាមួយនឹងផ្កាទាំងនេះ?  ខាងក្រោមជាគំនិតល្អៗ និងពេញនិយមក្នុងការប្រើប្រាស់ផ្កាទាំងនេះក្នុងគោលបំណងផ្សេងម្តងទៀត។ ទុកលម្អផ្ទះ •សម្ងួតផ្កាហើយ យកវាមកដាក់ក្នុងថូតាំង ក្នុងកែវថ្លា ឬអំពូលតុបតែង •សម្ងួត និងចងព្យួរលម្អផ្ទះ រក្សាទុកជាការចងចាំ ឬទុកជាកាដូ •អ្នកអាចសម្ងួតវា ហើយរក្សាទុកក្នុងស៊ុមកញ្ចក់ ឬអាចសង្កត់វាឲ្យកំប៉ិតសិនមុនដាក់ស៊ុម                                                                                                                           •សង្កត់វាដាក់ក្នុងសៀវភៅ ឬកៀបជាប់នឹងកាតជូនពរ ឬអរគុណ និង លិខិតអញ្ជើញជាដើម។ ច្នៃជារបស់ប្រើប្រាស់ •ធ្វើថង់ក្រអូបដោយប្រើត្របកផ្កាស្ងួត និងមានបន្តក់ប្រេងផ្កាកូឡាប ឬទឹកអប់បន្ថែម ដាក់ក្នុងថង់យាមតូចមួយ  ឬកូនស្បោងសំណាញ់ ដាក់ក្នុងឡាន ថតតុ ឬដាក់ក្នុងបន្ទប់ និងក្រោមខ្នើយគេងដើម្បីឲ្យក្លិនស្រស់ស្រាយ និងគេងលក់ស្រួល។ •លាយជាមួយអំបិលខាត់ស្បែក ដើម្បីបង្កើនក្លិនក្រអូប។ ចែករំលែកក្តីស្រឡាញ់ អ្នកអាចផ្តល់ផ្កាទាំងនោះទៅឲ្យអ្នកដែលត្រូវការវាដូចជាអ្នកដែលនឹងមានកម្មវិធីណាមួយនៅផ្ទះ ឬជូនផ្កាទាំងនោះទៅកាន់ភ្ញៀវ ឬអ្នកជិតស្និទ្ធរបស់អ្នកសម្រាប់តុបតែងផ្ទះរបស់គេក៏បាន។

Share

ប្រតិកម្មស្បែកត្រូវបានគេចាត់ទុកថាជាផលវិបាកមួយដែលទទួលបានពីការមានផ្ទៃពោះដោយសារតែសារពាង្គកាយរបស់មនុស្សស្រីមិនអាចសម្របបានជាមួយនឹងការបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ បញ្ហាទាំងនោះអាចមានដូចជាសង្វារ មុន និងជាំមុខជាដើម។ ១. មុន មនុស្សស្រីមួយចំនួនអាចនឹងសំណាងល្អ ព្រោះមុនរបស់គាត់បានថយចុះនៅពេលគាត់មានផ្ទៃពោះ។ ផ្ទុយទៅវិញ ស្ត្រីមួយចំនួនទៀត បែរជាឡើងមុនកាន់តែច្រើន ហើយសូម្បីតែកន្លែងដែលគាត់មិនធ្លាប់មានមុនសោះក៏អាចមានដែរពេលកំពុងមានផ្ទៃពោះ។ គ្រាប់មុនទាំងនេះ នឹងបាត់ទៅវិញក្រោយសម្រាល ប៉ុន្តែស្នាមខ្មៅដែលបន្សល់ពីគ្រាប់មុននេះ នឹងមិនងាយរលុបទេ ហើយថែមទាំងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តទៀតផង។ ២. ជាំមុខ ការមានផ្ទៃពោះ អាចធ្វើឲ្យមានការកើនឡើងនូវជាតិពណ៌របស់ស្បែកនៅកន្លែងខ្លះនៃរាងកាយ ជាពិសេសផ្ទៃមុខដែលយើងហៅថាជាំមុខ។ ការឡើងពណ៌ក្រម៉ៅនៅលើមុខនេះ ភាគច្រើនកើតឡើងនៅលើថ្ពាល់ ចង្កា និងថ្ងាស។ ការប៉ះពាល់នឹងកម្តៅក៏អាចធ្វើឲ្យការជាំមុខនេះកាន់តែធ្ងន់ធ្ងរឡើងដែរ។ ៣. សង្វារ សង្វារកើតឡើងនៅពេលដែលកូនក្នុងផ្ទៃរបស់អ្នកលូតលាស់លឿនជាងការលូតលាស់របស់ស្បែកពោះអ្នក។ នេះជាមូលហេតុដែលធ្វើឲ្យសរសៃយឺតនៅនឹងផ្ទៃខាងលើរបស់ស្បែកអ្នកប្រេះ និងបណ្តាលឲ្យមានស្នាមដែលហៅថាសង្វារ។

Share

នរណាក៏ដោយតែងតែជួបប្រទះនឹងភាពបរាជ័យ ព្រោះថាដំណើរជីវិតរបស់យើងម្នាក់ៗមិនអាចចៀសផុតពីបញ្ហា ឬឧបសគ្គផ្សេងៗនោះឡើយ ប៉ុន្តែអ្នកមិនត្រូវស្អប់ខ្លួនឯងនោះទេ។ ជាការពិតណាស់ ប្រសិនបើអ្នកចង់ទទួលបានការគោរព និងក្តីស្រលាញ់នោះ អ្នកត្រូវតែជាអ្នកទីមួយដែលត្រូវផ្តល់នូវតម្លៃទាំងពីរនោះដល់ខ្លួនឯង។ បុគ្គលម្នាក់ៗសុទ្ធតែអាចមិនពេញចិត្តនឹងខ្លួនឯងដោយសារមូលហេតុណាមួយ ដូចជា មានរាងមិនស្អាត មិនទទួលបានការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន ឬពេលដែលជួបនឹងភាពបរាជ័យក្នុងដំណាក់កាលណាមួយនៃជីវិតជាដើម។ មិនថាអ្នកតូចចិត្តនឹងខ្លួនឯងដោយសារហេតុផលអ្វីនោះទេ សូមធ្វើការសាកល្បងជាមួយនឹងវិធីទាំង១០ខាងក្រោម ដើម្បីកែប្រែផ្នត់គំនិតរបស់អ្នក ហើយស្រលាញ់ខ្លួនឯងជាងមុន។ ជឿជាក់លើខ្លួនឯង! អ្នកត្រូវតែប្រាកដប្រជាជាមួយនឹងអ្វីគ្រប់យ៉ាងដែលខ្លួនធ្វើដោយមានគោលដៅមួយច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួន។ វាក៏ជាវិធីមួយដែលអាចឲ្យអ្នកឈ្វេងយល់ពីសមត្ថភាពរបស់ខ្លួនផងដែរ ហើយអ្នកក៏អាចធ្វើការផ្លាស់ប្តូររឿងបែបណាក៏ដោយ ដោយខ្លួនឯងដែរ។ សូមព្យាយាមផ្លាស់ប្តូរពីរឿងតូចតាច ម្តងបន្តិចៗរហូតដល់បានក្លាយជារឿងធំមួយ។ ត្រូវតែម៉តចត់ ហើយជឿជាក់ និងស្រលាញ់ខ្លួនឯង។ គោរពខ្លួនឯង! ដើម្បីស្រលាញ់ខ្លួនឯង ដំបូងអ្នកត្រូវគោរពខ្លួនឯងជាមុនសិន។ ក្នុងនាមជាមនុស្សម្នាក់ គឺតែងតែងមានចំណុចល្អ និងអាក្រក់ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកផ្តល់តម្លៃលើខាងណាច្រើនជាង។ ហេតុដូច្នេះហើយ គិតបែបវិជ្ជមាន ហើយទុកចំណុចអាក្រក់មួយឡែកសិន។ ថែរក្សារាង! វាហាក់ដូចជាពិបាកជឿបន្តិច ប៉ុន្តែការដែលមានរាងសមល្មមពិតជាមានប្រយោជន៍ខ្លាំងណាស់។ ប្រសិនបើអ្នករាងធាត់ពេក ឬស្គមពេកនោះ អ្នកនឹងមិនមានទំនុកចិត្តលើការបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃនោះឡើយ។ ចង់ឲ្យឡើងទម្ងន់គឺងាយមែនទែន តែបើសម្រកវិញ គឺជាកិច្ចការមួយពិបាក។ ហើយការអង្គុយនៅលើកៅអីរកនឹកពីវិធីសម្រកទម្ងន់នឹងមិនបានជាប្រយោជន៍អ្វីឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺរៀបចំកាលវិភាគច្បាស់លាស់មួយសម្រាប់ខ្លួនឯង បូករួមជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំមួយ ដើម្បីរង់ចាំមើលលទ្ធផលដែលនឹងទទួលបាន។ ធ្វើបែបហ្នឹង អាចនឹងឲ្យទំនុកចិត្ត និងការគោរពខ្លួនឯងនឹងកើនឡើងផងដែរ។ ជួបជាមួយនឹងមនុស្សថ្មី! អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះនឹងបញ្ហាលំបាកក្នុងជីវិតនោះទេ ទេវតាផ្តល់ឲ្យមនុស្សគ្រប់គ្នានូវចំនួនស្មើគ្នានៃបញ្ហា និងដំណោះស្រាយ ប៉ុន្តែគ្រាន់តែក្នុងពេលខុសគ្នា ដោយអ្នកខ្លះសំណាងក៏រកឃើញដំណោះស្រាយក្នុងពេលខ្លី ហើយខ្លះទៀតត្រូវចំណាយពេលយូរ។ ការជួបជាមួយនឹងមនុស្សថ្មីជួយឲ្យអ្នករកឃើញខ្លួនឯង ហើយមានការលូតលាស់ខាងផ្លូវចិត្តគំនិត។ ព្យាយាមស្វែងរកមនុស្សដែលមានចំណូលចិត្ត និងក្តីស្រមៃដូចអ្នក ហើយធ្វើការចែករំលែកគ្នានូវអារម្មណ៍របស់ខ្លួន។ ខណៈនោះ ពួកគេនឹងគោរពស្រលាញ់អ្នក ហើយអ្នកក៏ដូចគ្នាដែរ អ្នកនឹងគោរពស្រលាញ់ខ្លួនឯងដែរ។ ស្តាប់អ្នកដទៃ តែធ្វើតាមបេះដូងរបស់អ្នក! វាអាចជាការគួរសមមួយក្នុងការស្តាប់គំនិត និងដំបូន្មានរបស់អ្នកដទៃ ប៉ុន្តែអ្នកមិនត្រូវផ្តល់ឱកាសឲ្យនរណាម្នាក់មានឥទ្ធិពលលើជីវិតរបស់អ្នកឡើយ។ ពេលដែលអ្នកអនុញ្ញាតឲ្យនរណាម្នាក់គ្របដណ្តប់លើអ្នក ទំនុកចិត្តរបស់អ្នកនឹងគិតឡើងសារជាថ្មី ហើយក៏លែងខ្លាំងក្លាដូចពីមុនដែរ។ ប្រសិនបើមានមិត្តណាម្នាក់ដែលតែងតែទាញយកប្រយោជន៍ពីអ្នកនោះ អ្នកមិនគួររក្សាចំណងមិត្តភាពនេះទៀតឡើយ។ គួរចំណាយពេលជាមួយមិត្តដែលមិនធ្វើឲ្យអ្នកស្ទាក់ស្ទើរលើទំនុកចិត្តរបស់អ្នក។ បន្តសម្រេចក្តីប្រាថ្នារបស់ខ្លួន! អ្នកត្រូវតែជម្រុញខ្លួនឯងឲ្យបន្តសម្រេចរាល់ក្តីប្រាថ្នារបស់ខ្លួនជាបន្តបន្ទាប់ ហើយវានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត។ ហើយទំនុកចិត្តនោះនឹងទាក់ទាញខ្លួនអ្នកឲ្យងាកមកចាប់អារម្មណ៍នឹងខ្លួនឯងកាន់តែខ្លាំងទៀត។ កំណត់ទិសដៅដែលត្រូវដើរ ហើយដើរឆ្ពោះទៅរកវាជាមួយនឹងការផ្តោតគោលដៅ១០០%។ មិនថាលំបាកយ៉ាងណា កុំបោះបង់ចោល!!! រៀបចំខ្លួនឲ្យបានស្អាត! «កុំវាយតម្លៃមនុស្សតាមរយៈសំបកក្រៅ» ប្រហែលជាអ្នកធ្លាប់បានលឺពាក្យមួយឃ្លានេះ តែសម័យនេះទៅហើយ មនុស្សភាគច្រើនសុទ្ធតែឲ្យតម្លៃលើលក្ខណៈខាងក្រៅដូចជាសម្លៀកបំពាក់ ទម្ងន់ រូបរាងកាយ និងអំណាចទឹកប្រាក់ ជាដើម។ វាមិនជាកិច្ចការអ្វីធំដុំនោះទេ ព្រោះថាការតុបតែងខ្លួនឲ្យបានស្អាតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយអ្នកដទៃទៀតសោតក៏និយាយសរសើរអ្នកផងដែរ។ ប្រាកដណាស់អារម្មណ៍ពេលត្រូវបានគេសរសើរ គឺអារម្មណ៍សប្បាយរីករាយ និងស្រស់ថ្លា។ ស្វែងរកនិមិត្តរូបផ្ទាល់ខ្លួន! និមិត្តរូបនឹងមិនធ្វើឲ្យអ្នកស្រលាញ់ខ្លួនឯងនោះទេ ប៉ុន្តែពួកគេនឹងជាកម្លាំងជម្រុញដោយប្រយោលដែលអាចឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលល្អជាងមុន។ តើអ្នកធ្លាប់មាននិមិត្តរូប ហើយតែងតែកោតសរសើររូបគេ និងស្រម៉ៃថាថ្ងៃណាមួយខ្លួននឹងធ្វើដូចជាគេដែរឬទេ? ពួកគេប្រៀបបានជាកម្លាំងជម្រុញទឹកចិត្តដែលធ្វើឲ្យអ្នករីកលូតលាស់ និងដើរកាន់តែឆ្ងាយនៅក្នុងដំណើរជីវិត ដោយដើរតាមគន្លងរបស់ពួកគេ។ ចាប់ផ្តើមស្រលាញ់ខ្លួនឯង! ប្រើចិត្តគំនិតរបស់អ្នកគិតទៅលើចំណុចខ្លាំង និងចំណុចវិជ្ជមានរបស់ខ្លួនឯង ព្រោះថាសុភមង្គលពិតប្រាកដ និងក្តីស្រលាញ់កតើចេញពីគំនិតបែបនោះ។ ធ្វើជាមនុស្សសុទិដ្ឋិនិយម ហើយត្រូវចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលខ្លួនមាន។ ពេលនោះអ្នកនឹងមិនចាំបាច់ខ្វល់ចិត្តក្នុងការដើររកមនុស្សដែលស្រលាញ់អ្នកឡើយ។ កុំតឹងតែងចំពោះខ្លួនឯងពេក! ការស្រលាញ់ខ្លួនឯងអាចនឹងត្រូវការពេលវេលាខ្លះ ហើយការដែលត្រូវបានគេចូលចិត្ត និងសរសើរក៏ត្រូវការពេលវេលាផងដែរ។ មនុស្សម្នាក់ៗមិនគួររំពឹងទុកច្រើនពេកនោះទេ អ្វីដែលគង់នឹងកើត វាគង់តែនឹងកើតទេ តែប្រសិនបើវាមិនកើត ទោះជាប្រឹងយ៉ាងណាក៏គ្មានន័យដែរ។ រឿងល្អៗប្រាកដជាចូលមកក្នុងជីវិតរបស់អ្នក ប៉ុន្តែវាក៏ត្រូវការពេលវេលាដែរ។ «វិធីខាងលើអាចនឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលតែងតែមានក្តីសុខ និងផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ និងស្រស់ថ្លា។ មិនថានៅទីកន្លែងណា ឬពេលវេលាណានោះទេ ត្រូវច្រានចោលនូវភាពខ្មាសអៀន ហើយបញ្ចេញនូវទំនុកចិត្តលើខ្លួនឯងដែលនឹងនាំមកនូវជោគជ័យសម្រាប់អនាគតរបស់អ្នក!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ...» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានគម្រោងអ្វីខ្លះឬនៅសម្រាប់ថ្ងៃ១៤ កុម្ភៈ ឆ្នាំហ្នឹង? មានកម្មវិធីពិសេសមួយចង់ណែនាំជូនអ្នក... គឺ កម្មវិធី«ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»   បើមានវិបត្តិមិនដឹងថាគួរជូនកាដូអ្វី...ទៅកាន់នរណាខ្លះ... អាចផ្តល់កាដូចេញពីក្នុងបេះដូងផ្ទាល់ ដើម្បីជួយជីវិតមនុស្សដែលជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការចែករំលែកសេចក្តីស្រលាញ់សម្រាប់មនុស្សជាតិផងដែរ... តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ... ចូលរួមនៅទីណា? មជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ថ្ងៃណា? ទិវានៃក្តីស្រលាញ់ (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧) ពេលណា? ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៤:៣០រសៀល តោះ!!! ចូលរួមទាំងអស់គ្នា ដើម្បីចែករំលែកក្តីស្រលាញ់!!! អាវ៎...ភ្លេចប្រាប់ទៅថា អ្នកផ្តល់ឈាមនឹងបានទទួលកាដូ ព្រមទាំងផ្កាកុលាបផងដែរ...

Share

នៅពេលដែលនិយាយដល់ Collagen តើអ្នកនឹងគិតដល់អ្វីមុនគេ? ជាការពិតណាស់ បញ្ហាទាក់ទងសម្រស់នឹងលេចឡើងមកមុនគេ ប៉ុន្តែអ្នកមានដឹងដែរទេថាជាក់ស្តែងការប្រើប្រាស់សារធាតុកូឡាជែនក្រោមរូបភាព ផ្សេងៗគ្នាក្នុងគោលបំណងរក្សាសុខភាពមានលើសពីនេះសន្ធឹកសន្ធាប់  ស្របពេលដែលមានការមន្ទិលសង្ស័យមួយចំនួនទាក់ទងនឹងប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពរបស់សារធាតុនេះផងដែរ។ តើអ្វីទៅជាកូឡាជែន(collagen)? Collagen ជាប្រូតេអ៊ីនដ៏សម្បូរម្យ៉ាងដែលមានលក្ខណៈរឹងមិនរលាយ និងរាងជាសរសៃៗ ដែលត្រូវបានផលិតក្នុងរាងកាយរបស់មនុស្សស្រាប់ ដោយកោសិកាមួយចំនួនពិសេសគឺកោសិកាហ្វីប្រូប្លាស (fibroblast) នៃជាលិកាភា្ជប់ (connectivetissue) ឆ្អឹងសាច់ដុំ ស្បែក សរសៃពួរជាដើម។ វាក៏ជាធាតុផ្សំដ៏សំខាន់របស់សក់ និងក្រចកផងដែរ។ វាត្រូវបានផ្សំឡើងពីអាស៊ីតអាមីនេចម្បង៣ គឺគ្លីស៊ីន(Glycine) ប្រូលីន(Proline) និងអ៊ីត្រូស៊ីប្រូលីន (Hydroxyproline)។  រីឯបំណែករបស់collagen ហៅថា gelatin មានតួនាទីមិនខុសពី collagen ឡើយ។ តើ Collagen មានប្រសិទ្ធភាពយ៉ាងណាខ្លះ? Collagen មាននាទីប្រៀបដូចជាអ្នកទ្រទ្រង់នូវរចនាសម្ព័ន្ធនានានៃសរីរាង្គឲ្យមានភាពរឹងមាំដោយវាធ្វើការភ្ជាប់ជាមួយគ្នាផងដែរនូវសរីរាង្គទាំងអស់នៃរាងកាយទាំងមូល។  លើសពីនេះ Collagen ក៏ត្រូវបានដឹងផងដែរថាអាចជួយជំនួសកោសិកាដែលងាប់ក៏ដូចជាជួសជុលឡើងវិញនូវជាលិកាដែលខូចខាតព្រមទាំងការពារការស្រូបយក និងការរីករាលដាលនៃសារធាតុដែលអាចបង្កជំងឺ មេរោគ និងកោសិកាមហារីកបានទៀតផង។ ដូចនេះហើយបានជា Collagen ត្រូវបាននិយមយកមកប្រើប្រាស់ក្នុងរូបភាពវេជ្ជសាស្ត្រ  និងគ្រឿងសម្អាងយ៉ាងទូលំទូលាយ៖ ១.ប្រើជាបង់សម្រាប់បិទរបួស ជាមួយនឹងឥទ្ធិពលក្នុងការធ្វើឲ្យរបួសឆាប់ជាសះស្បើយ Collagen ក៏ទាក់ទាញផងដែរនូវកោសិកាថ្មីៗឲ្យមកកាន់ទីតាំងរបួសដោយវាបង្កើតជាទម្រង់មួយសម្រាប់កោសិកាថ្មីៗអាចលូតលាស់បានល្អ និងជម្រុញឲ្យមុខរបួសឆាប់ជា។ គួរកត់សម្គាល់ថាបង់ប្រភេទនេះ មិនគួរជ្រើសរើសប្រើប្រាស់សម្រាប់ការរលាកកម្រិតធ្ងន់ដែលមានដំបៅគ្របដណ្តប់ដោយក្រម៉ស្ងួត ឬក៏អ្នកជំងឺដែលមានប្រតិកម្មជាមួយនឹងផលិតផលពីសត្វគោ ឬសត្វសមុទ្រឡើយ។ ២.ប្រើប្រាស់ក្នុងវិស័យកែសម្ផស្ស ការចាក់បំពេញសារធាតុ Collagen ទៅក្នុងស្បែកត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យប្រសើរឡើងនៅត្រង់បរិវេណស្បែកដែលជ្រីវជ្រួញ ក៏ដូចជាសម្លាកផ្សេងៗផងដែរពិសេសគឺប្រហោងមុខដោយសារមុនជាដើម។ គួរបញ្ជាក់ផងដែរថា Collagenនឹងត្រូវបានចាក់បំពេញតែតំបន់ស្បែកផ្នែកខាងលើប៉ុណ្ណោះ និងអាចរក្សាប្រសិទ្ធភាពបានរយៈពេលរហូតដល់ទៅ៦ខែ។ ចំពោះការខូចខាតនៃស្បែកនៅជ្រៅច្រើនបំពេញដោយសារធាតុខ្លាញ់ស៊ីលីកូនឬក៏ប្រើប្រាស់បច្ចេកវិទ្យាអ៊ីមផ្លានតែម្តង។ យ៉ាងណាមិញ ការជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រនេះត្រូវបានប្រុងប្រយ័ត្នខ្លាំងចំពោះអ្នកដែលមានប្រតិកម្ម ឬក៏អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ និងតម្រូវឲ្យមានការធ្វើតេស្តលើស្បែកជាមុនជាចាំបាច់។ ដោយឡែក ការបង្កើនកម្រិត Collagen ក្នុងខ្លួនឡើងវិញដោយការប្រើប្រាស់ Collagen ក្នុងទម្រង់ផ្សេងៗទៀតក៏អាចជួយឲ្យស្បែកមើលទៅមានសភាពតឹងណែន រលោង និងជួយឲ្យកោសិកាថ្មីៗដុះព្រមទាំងជួសជុលនូវកោសិកាចាស់ៗមកធម្មតាទៀតផង។ ក្រៅពីនោះ សុខភាពសក់ក្រចកនិងធ្មេញក៏នឹងប្រសើរឡើង ដោយឥទ្ធិពលនៃCollagen នេះដូចគ្នា។ ៣.វិធីសាស្ត្រតម្រង់ទិសនៃការកកើតថ្មីរបស់កោសិកា(GTR) ក្នុងការវះកាត់មាត់ធ្មេញ, Collagen ដែលមានទម្រង់ជាស្រទាប់របាំង (membrane) ត្រូវបានប្រើក្នុងគោលបំណងជម្រុញការលូតលាស់របស់កោសិកាជាក់លាក់ណាមួយដោយវាក្លាយជារបាំងសម្រាប់បន្ថយល្បឿននៃកោសិកាអេប៉ីតេល្យូម(Epithelium) របស់អញ្ចាញដែលអាចរំកិលទៅដល់ត្រង់មុខរបួសនោះដើម្បីទុកចន្លោះសម្រាប់កោសិកាថ្មីៗ របស់ធ្មេញឲ្យដុះឡើងវិញបានល្អ។ ម្យ៉ាងទៀត ដោយសារ Collagen អាចស្រូបទៅវិញដោយកោសិកា និងត្រូវបានបំផ្លាញទៅវិញដោយឯកឯងដូចនេះអ្នកជំងឺមិនចាំបាច់តម្រូវឲ្យទទួលយកការវះកាត់ម្តងទៀត ដើម្បីដករបាំងCollagen នេះចេញវិញឡើយ។     ៤.Collagen ក្នុងការព្យាបាលរលាកសន្លាក់ឆ្អឹង ដោយយោងទៅលើប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ Collagen ត្រូវបានជ្រើសរើសមកប្រើប្រាស់ក្នុងជំងឺរលាកសន្លាក់ឆ្អឹង។ ប្រសិទ្ធភាពនេះបានមកដោយសារ Collagen ដែលប្រមូលផ្តុំនៅក្នុងឆ្អឹងខ្ចីទៅជួយភ្ញោចកោសិកាដែលនៅក្នុងសន្លាក់ហៅថា Chondrocytes ឲ្យផលិតសារធាតុដែលស្ថិតនៅក្រៅកោសិកា (Extracellular matrix) ដែលធានាមុខងាររបស់ឆ្អឹងខ្ចី។ ដោយឡែក ត្រង់តំបន់សន្លាក់ឆ្អឹងនេះផ្ទាល់ ប្រសិនបើមានកង្វះ Collagen កើតឡើងនឹងធ្វើឲ្យសរសៃពួរក៏ដូចជាសរសៃភា្ជប់ធ្វើចលនាមិនសូវស្រួលនាំឲ្យមានភាពគាំងនិងហើមសន្លាក់និងបញ្ហាដទៃទៀត។ ៥.ជម្រុញមេតាបូលីស និងបង្កើនថាមពល គ្លីស៊ីន (Glycine) ដែលមានក្នុង collagen នឹងជួយក្នុងការស្រូបយកស្ករចូលទៅក្នុងកោសិកា ដើម្បីធ្វើការផលិតថាមពល។ មិនតែប៉ុណ្ណោះ វាក៏ជួយក្នុងការកសាងសាច់ដុំផងដែរដោយវាទៅដុតរំលាយកាឡូរីច្រើនជាងខ្លាញ់នៅក្នុងសាច់ដុំ។ ៦.បណ្តេញជាតិពុលនៅក្នុងខ្លួន គ្លីស៊ីន (Glycine) នឹងទៅកាត់បន្ថយការខូចខាតនៃថ្លើមដោយវាធ្វើការបឺតស្រូបសារធាតុខាងក្រៅផ្សេងៗមិនឲ្យឆ្លងកាត់ថ្លើម។ លើសពីនោះ វាក៏ជួយឲ្យរាងកាយចៀសផុតពីសារធាតុគីមីជាច្រើន  និងកសាងឡើងវិញនូវសុខភាពផ្លូវអាហារផងដែរ។ តើអ្នកអាចបាន Collagen ដោយរបៀបណា? •ការលូតលាស់នៃ Collagen, elastin និងMelanin សុទ្ធតែអាចភ្ញោចតាមរយៈការព្យាបាល ដោយកាំរស្មីឡាស៊ែរដែលប្រើប្រាស់នូវបច្ចេកវិទ្យានៃពន្លឺដែលមានកម្រិតរលកខ្លាំង។ វិធីសាស្ត្រមួយនេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលស្នាមសង្វារ។ •សារធាតុចិញ្ចឹមមួយចំនូនទៀតដែលអាចទ្រទ្រង់ការផលិត ឬស្រូបយកព្រមទាំងបំលែង Collagenឲ្យប្រើការបានរួមមាន៖ •Proline ដែលច្រើនមាននៅក្នុងស៊ុតផ្នែកស សាច់ ឈីស សណ្តែក និងស្ពៃក្តោប •Anthocyanidins ដែលមាននៅក្នុងផ្លែឈើមួយចំនួនដូចជាប្លេកប៊ែរី ប្លូប៊ែរី ឆៀរី និងរ៉ាស់ប៊ែរី •Vitamin C អាចរកបាននៅក្នុងផ្លែក្រូច ស្ត្រូប៊ែរី ម្រេចនិង ផ្កាស្ពៃ •Vitamin A សម្បូរនៅក្នុងអាហារធ្វើពីសាច់សត្វនិង រុក្ខជាតិមួយចំនួនដែលមានផ្ទុក betacarotene •Copper ដែលមាននៅក្នុងខ្យង គ្រាប់ធញ្ញជាតិ សាច់ពណ៌ក្រហម និងនៅក្នុងទឹករ៉ែសម្រាប់បរិភោគមួយចំនួនផងដែរ។ តើ collagen នឹងត្រូវបំផ្លាញឬបាត់បង់នៅពេលណា? ខណៈពេលដែល collagen ត្រូវបានសំយោគនៅក្នុងរាងកាយរបស់មនុស្សដោយធម្មជាតិ វាក៏អាចនឹងបាត់បង់ទៅវិញផងដែរដោយកត្តាទាំងក្នុង និងក្រៅខ្លួនជាច្រើនរួមមាន៖ •វ័យ ការបាត់បង់នៃ Collagen នឹងកើតមានជាបន្តបន្ទាប់ និងកើនឡើងជាពិសេសចាប់ពីអាយុ៤០ ឆ្នាំឡើងទៅហើយចំពោះស្ត្រីក្រោយវ័យអស់រដូវវិញការបាត់បង់របស់វាជាលទ្ធផលធ្វើឲ្យមានបញ្ហាសុខភាពក៏ដូចជាសម្រស់យ៉ាងគួរឲ្យកត់សម្គាល់ដូចជា ស្បែកយារធ្លាក់ លេចឡើងនូវស្នាមជ្រីវជ្រួញ និងភាពចុះទន់ខ្សោយនៃឆ្អឹងខ្ចីនៅនឹងសន្លាក់ផងដែរ។ •ពេលមានបញ្ហាសុខភាពណាមួយ ឬមានភាពតានតឹងអារម្មណ៍    អំឡុងពេលនេះ មិនត្រឹមតែមានការខូចខាត Collagen ទេខ្លួនប្រាណរបស់អ្នកក៏មិនអាចផលិតគ្រប់គ្រាន់នូវអាស៊ីតអាមីនេដោយខ្លួនឯងបានឡើយហើយលើសពីនេះតម្រូវការនៃសារធាតុសំខាន់ៗទាំងនេះក៏មានការកើនឡើងផងដែរដូចនេះជំនួយពីអាហារបំប៉នពីក្រៅពិតជាសំខាន់។ •ការបរិភោគស្ករក្នុងបរិមាណខ្ពស់ អាហារមានកម្រិតជាតិស្ករខ្ពស់អាចបង្កើតឲ្យមានចលនាការមួយដែលស្ករនៅក្នុងឈាមទៅភ្ជាប់ជាមួយប្រូតេអ៊ីនបង្កើតជាផលិតផលថ្មីមួយដែលទៅបំផ្លាញ ប្រូតេអ៊ីនដែលនៅជិតៗដែលក្នុងនោះក៏រួមមានទាំង Collagen ផងដែរជាហេតុធ្វើឲ្យវាមានសភាពស្ងួត ទន់ខ្សោយ និងផុយស្រួយងាយនឹងខូចខាត។ •ការជក់បារី សារធាតុគីមីដែលមាននៅក្នុង បារីអាចទៅបំផ្លាញទាំង Collagenនិង Elastin រីឯសាធាតុនីកូទីនក៏ជះឥទ្ធិពលដល់សរសៃឈាមដែលធ្វើការនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកោសិកាផងដែរ។ •ពន្លឺព្រះអាទិត្យ កាំរស្មីស្វាយអុលត្រាពីព្រះអាទិត្យ អាចធ្វើឲ្យ Collagen បាក់បែកហើយ ថែមទាំងអាចធ្វើឲ្យមានការកកើតនៃ Elastin ជាមួយនឹងលក្ខណៈខុសប្រក្រតីដែលជម្រុញឲ្យមានការផលិតអង់ស៊ីមទៅបំផ្លាញ collagen បន្ថែមទៀត។ •ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ការប្រឆាំងនឹងខ្លួនឯង) ករណីខ្លះនៃភាពមិនធម្មតានៃប្រ-ព័ន្ធភាពស៊ាំ គឺធ្វើឲ្យមានការផលិតអង់ទីករដែលប្រឆាំងផ្ទាល់ នឹងប្រូតេអ៊ីនរបស់ខ្លួនឯងផ្ទាល់ក៏អាចរួមមានទាំង Collagen ផងដែរ។ ការប្រើប្រាស់ Collagen ពីផលិតផលខាងក្រៅអាចមានផលរំខានអ្វីខ្លះ? •ការកើនឡើងខ្ពស់នូវកម្រិតកាល់ស្យូមនៅក្នុងខ្លួន ជាពិសេសសម្រាប់  Collagen ដែលមានប្រភពពីឆ្អឹងខ្ចីរបស់ត្រីឆ្លាម និងខ្យងច្រើនផ្ទុកនូវបរិមាណដ៏ច្រើននៃកាល់ស្យូម ហើយជាក់ស្តែងភាពលើសលប់នេះនឹងបង្ហាញឡើងតាមរយៈអាការៈមួយចំនួនដូចជា ការទល់លាមក ការឈឺឆ្អឹងអស់កម្លាំង ក្អួតចង្អោរ និងមានចង្វាក់បេះដូងមិនប្រ-ក្រតីផងដែរ។ កាន់តែត្រូវប្រុងប្រយ័ត្នក្នុងករណីដែល Collagenត្រូវបានប្រើប្រាស់ជាមួយអាហារបំប៉នផ្សេងទៀតដែលមានផ្ទុកសារធាតុកាល់ស្យូមដូចគ្នា។ •ការមានប្រតិកម្មជាមួយនឹងសារធាតុនៃផលិតផល ដោយសារប្រភពនៃ Collagen ដែលចម្រាញ់ចេញពីសត្វសមុទ្រ ឬស៊ុត ដូចនេះប្រតិកម្មអាចកើតមានឡើងជាពិសេសជាមួយក្មេងៗ។ ដូចនេះ ការធ្វើតេស្តមុនប្រើប្រាស់ពិតជាសំខាន់។ •ផ្តល់នូវរសជាតិនិងក្លិនមិនល្អជាប់នៅក្នុងមាត់ ការប្រើប្រាស់ផលិតផល Collagen ជាមួយទឹកផ្លែឈើដើម្បីបិទបាំងរសជាតិនិងក្លិនមិនល្អរបស់វាអាចនិយមប្រើប្រាស់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផ្លែឈើដែលមានសារធាតុអាស៊ីតដូចជា ក្រូច ប៉ោម ទំពាំងបាយជូ ប៉េងប៉ោះ ដោយសារវាអាចកាត់បន្ថយឥទ្ធិពលរបស់ Collagen បាន។ •ការបាត់បង់ចំណង់អាហារ អាចនឹងកើតមាននៅអំឡុងពេលប្រើប្រាស់វាផងដែរដូចនេះការប្រើប្រាស់ខុសពីគោលបំណងក្នុងការសម្រកទម្ងន់នឹងក្លាយទៅជាផលរំខានទៅវិញ។ ទោះបីផលរំខានទាំងនេះកើតមានក្នុងភាគរយតិចក៏ដោយ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសប្រើប្រាស់ ប្រភេទ Collagen ប្រភេទណាមួយ អ្នកគប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬក៏អ្នកជំនាញសើស្បែកណាមួយ ដើម្បីធានាឲ្យបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចៀសផុតពីផលរំខានក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ។

Share
Top