-
Jan 23, 2017
|
-
7 years ago
|
-
3.5K views
ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។
ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប?
ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។
គួរបញ្ជាក់ថាការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។
ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ?
វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។
មូលហេតុនៃការម៉្ញូប
ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។
សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។
កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប
កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។
គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។
អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប?
តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។
មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។
មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប?
ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។
ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។
រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។
គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ
ដើម្បីមើលច្បាស់ ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។
ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប
ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។
«ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share