Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC។ Sofosbuvir ក្រោយពេលស្រូបចូល ត្រូវបានបំលែងយ៉ាងលឿនទៅជា GS-331007 ដែលជាមេតាបូលីតច្រើនជាងគេនៅក្នុងឈាមរបស់ថ្នាំនេះពោល គឺច្រើនជាង៩០%នៃសារធាតុសកម្មរបស់ថ្នាំនៅក្នុងឈាម។ GS-331007 ត្រូវបានចាប់យកដោយកោសិកាថ្លើមដែលអង់ស៊ីមគីណាសរបស់កោសិកា បំលែងវាទៅជាទម្រង់អាណាឡូក 5’-triphosphate form (GS-461203)។ ទម្រង់អាណាឡូក 5’-triphosphate form (GS-461203) បានធ្វើត្រាប់តាមអាស៊ីតអាមីនេ uridine របស់កោសិកាហើយមិនសហការជាមួយនឹងអង់ស៊ីម RNA polymerase របស់មេរោគរលាកថ្លើមប្រភេទC ក្នុងការធ្វើឲ្យខ្សែដំបូងនៃ RNA វែង ដោយធ្វើឲ្យបញ្ឈប់ដំណើរកកើតរបស់ RNA។ ទម្រង់សកម្ម GS-461203 មានឥទ្ធិពលទៅលើកការសំយោគ NS5B និងដើរតួជាខ្សែខាងចុងដែលមិនពេញលេញ។ ទម្រង់សកម្មមិនរារាំងសកម្មភាពអង់ស៊ីម  DNA polymerases, RNA polymerases,or mitochondrial RNA polymerase របស់មនុស្សទេ។   Sofosbuvir អាចប្រើបានទៅលើអ្នកជំងឺរលាកថ្លើមប្រភេទCដោយមិនចាំបាច់ប្រែប្រួលកម្រិតនៃការប្រើទៅតាមស្ថានភាពនៃការខូចខាតថ្លើម របស់អ្នកជំងឺ ឬកម្រិតនៃការខូចខាតតម្រង់នោមពីស្រាលទៅមធ្យម។ ថ្នាំនេះ ត្រូវបានរកឃើញថាមិនមានអន្តរកម្មជាមួយនឹងថ្នាំដែលប្រើប្រាស់ញឹកញាប់ទៅលើអ្នកកើតជំងឺរលាកថ្លើមប្រភេទC ដែលគួរឲ្យកត់សម្គាល់ទេ។   ការឆ្លាស់គ្នាដែលគួរឲ្យកត់សម្គាល់ទៅលើការជួប GS-331007 ឬ sofosbuvir ត្រូវបានកម្រិតពី P-glycoprotein របស់ពោះវៀនដែលអាចកាត់ បន្ថយការប៉ះរបស់ថ្នាំទៅគោលដៅរបស់វា។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

រដ្ឋបាលចំណីអាហារ និងឱសថរបស់អាមេរិក (FDA) បានបន្ថែមឲ្យមានការប្រើប្រាស់ឱសថ Regorafenib សម្រាប់អ្នកជំងឺមហារីកថ្លើម (Hepatocellular carcinoma) ដែលត្រូវបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការបង្កើនឲ្យមានការប្រើប្រាស់ ឱសថ Regorafenib នេះ គឺជាការសម្រេចដំបូងរបស់ FDA សម្រាប់អ្នកជំងឺមហារីកថ្លើម ក្នុងរយៈពេលជិត១០ឆ្នាំនេះ។ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA។   គួរបញ្ជាក់ផងដែរ Regorafenib គឺជាឱសថប្រភេទថ្នាំគ្រាប់ ដែលមានសកម្មភាពរារាំងការរីកលូតលាស់របស់កោសិកាមហារីក (Antiangiogenic)។ វាត្រូវបានគេប្រើប្រាស់រួចមកហើយ ចំពោះជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ និងដុំសាច់ដែលមានក្នុងក្រពះ ពោះវៀន ដែលជាប្រភេទ មិនអាចធ្វើការវះកាត់យកចេញបាន និងមានភាពស៊ាំទៅនឹងថ្នាំ Imatinib និង Sunitinib។   ទិន្នន័យការសិក្សាលើជំងឺមហារីកថ្លើម   ការយល់ស្របឲ្យមានការប្រើប្រាស់ឱសថនេះសម្រាប់ជំងឺមហារីកថ្លើម គឺពឹងផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវដំណាក់កាលទី៣ ដែលរួមបញ្ចូលចំនួនអ្នកជំងឺ សរុបទាំងអស់ ៥៧៣នាក់ ក្នុងនោះ មានជំងឺមហារីកថ្លើម ហើយបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការរស់រានមានជីវិតជាមធ្យមសរុប គឺ១០.៦ខែ សម្រាប់អ្នកដែលបានព្យាបាលដោយថ្នាំ Regorafenib បើប្រៀបទៅនឹងក្រុមប្រើប្រាស់ថ្នាំ គ្មានសារធាតុសកម្ម (Placebo) ដែលសង្កេតឃើញមានតែ ៧.៨ ខែ។ លទ្ធផលខាងលើ បង្ហាញឲ្យឃើញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការស្លាប់។   បន្ថែមពីនេះ ការគ្រប់គ្រងស្ថានភាពជំងឺ គឺកើនឡើងគួរឲ្យកត់សម្គាល់ចំពោះការប្រើប្រាស់ថ្នាំ Regorafenib ក្នុងអត្រា ៦៥.២% ប្រៀបធៀបទៅនឹង ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo)ចំនួន ៣៦.១%។   ក្រៅពីប្រសិទ្ធភាពដូចដែលបានរៀបរាប់ខាងលើ គេក៏សង្កេតឃើញមានផងដែរនូវផលរំខាននានា របស់ឱសថដែលអាចកើតលើអ្នកជំងឺ ក្នុងអត្រា៧៩.៧% ដែលបានប្រើប្រាស់ Regorafenib ប្រៀបទៅនឹងឱសថគ្មានសារធាតុសកម្ម (៥៨.៥%)។ ផលរំខានទាំងនោះមានដូចជា ការឡើងសម្ពាធឈាម (១៥.២% Vs ៤.៧%) ប្រតិកម្មលើស្បែកដៃ និងជើង (១២.៨% Vs ០.៥%) ការអស់កម្លាំង (៩.១% Vs ៤.៧%) និងជំងឺរាក (៣.២% Vs ០.០%)។   ការរុករកសម្រាប់បង្កើនការព្យាបាលលើជំងឺមហារីកថ្លើមនេះ ពិតជាមានអត្ថប្រយោជន៍ អាចជាជំនួយ និងជាកម្លាំងចិត្តឲ្យមានការបង្កើតនូវថ្នាំផ្សេងៗ សម្រាប់ព្យាបាលជំងឺដែលកម្រដទៃទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិដែលមានប្រភពមកពីបន្លែ ជាពិសេសគឺ«សណ្តែកសៀង» បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ហើយសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានដូចជា ៖ •រោគសញ្ញាក្រោយពេលអស់រដូវ  •ជំងឺពុកឆ្អឹង  •បញ្ហាសុខភាពសរសៃឈាមបេះដូង •ជំងឺទឹកនោមផ្អែម •ជំងឺមហារីក  •សុខភាពស្បែក។ វាមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen  និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។   សកម្មភាពប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។ បកស្រាយដោយ ៖ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព  និងរោគស្រ្តីនៃគ្លីនិកលុច្ស ស្វែងយល់ពីបន្ថែម ការព្យាបាលដោយធម្មជាតិដ៏អសា្ចរ្យាពីសណ្តែកសៀង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វិធីសាស្ត្រជាច្រើនត្រូវបានណែនាំសម្រាប់អ្នកពិបាកមានកូន ឬអ្នកកំពុងរៀបគម្រោងយកកូន ហើយក្នុងនោះអ្នកមុខជាបានឮអំពីវីតាមីនបំប៉នផងដែរ។ តើវាពិតជាមានប្រយោជន៍មែនឬទេ? ដោយសារការបង្កើតនូវរបបអាហារមាននូវគ្រប់យ៉ាង​ដែលរាងកាយត្រូវការឲ្យបានគ្រប់ពេល​អាចនឹងមានការពិបាក​ ដូចនេះហើយទើបអាហារ ឬវីតាមីនបំប៉ន ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយអ្នកជំនាញសុខភាព ក្នុងការបំពេញនូវចន្លោះខ្វះខាត និងប្រាកដថា ស្ត្រីអាចទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនមានកូន ឬក៏កែខៃនូវបញ្ហាមិនមានកូនដោយសារកង្វះសារធាតុណាមួយ។   សារសំខាន់នៃសារធាតុចិញ្ចឹមចំពោះលទ្ធភាពក្នុងការមានកូន និងការមានទម្ងន់តាមការសិក្សាមួយពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Harvard ដែលបានសិក្សាលើស្ត្រីចំនួន ១៨០០០ នាក់ បានបង្ហាញអំពីការកើនឡើងនៃឱកាសក្នុងការមានកូន ចំពោះស្ត្រីដែលបានប្រើប្រាស់វីតាមីនចម្រុះ។ ជាមួយនឹង តួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យមានការបង្កកំណើតនេះ ធ្វើឲ្យកង្វះនូវសារជាតិចិញ្ចឹមអាចមានទំនាក់ទំនងនឹងបញ្ហាលើដំណើរអូវុល អតុល្យភាពអ័រម៉ូន ភាពខ្សោយ​ នៃមេជីវិត ចំនួនស្ពែមរបស់បុរសមិនគ្រប់គ្រាន់ និងបញ្ហាជាច្រើនទៀតដែលជាការរាំងស្ទះដល់ការមានកូន។ ដោយឡែក ប្រសិនសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ក៏មិនអាចធ្វើឲ្យការមានផ្ទៃពោះប្រកបដោយសុខភាពបានឡើយ បើទោះបីជាលទ្ធភាពនៃការមានកូនមិនមានបញ្ហាក៏ដោយ។ វីតាមីនចម្រុះជំនួយការបង្កកំណើត និងការមាន ផ្ទៃពោះគួរមានសមាសធាតុទាំងនេះ៖ • វីតាមីន B9 ឬអាស៊ីតហ្វូលិក (យកល្អប្រើក្រោមទម្រង់ methylated folate)៖​ ចាំបាច់បំផុតសម្រាប់ការមានផ្ទៃពោះ ដែលវាអាចជួយការពារ បញ្ហាការបិទមិនជិតនៃឆ្អឹងខ្នងរបស់ទារក (Spina fibrida) បញ្ហាបេះដូង ព្រមទាំងការលូតលាស់ផ្សេងៗផងដែរ។ គួរបញ្ជាក់ថា អាស៊ីតហ្វូលិក ត្រូវបានណែនាំឲ្យញ៉ាំមុនពេលគ្រោងយកកូនមួយខែ។ វាមានសារសំខាន់ផងដែរ សម្រាប់លទ្ធភាពនៃការមានកូន ទាំងចំពោះបុរស (ជួយរក្សាគុណភាព និងចំនួនស្ពែម) និងស្ត្រី (ការពារការរលូត)។ • វីតាមីន D៖ សម្រាប់ជួយបង្កើនអ័រម៉ូនដែលមានឥទ្ធិពលលើដំណើរអូវុល និងតុល្យភាពអ័រម៉ូន។ ការសិក្សារបស់សាកលវិទ្យាល័យ Yale បានបង្ហាញថា មានតែស្ត្រី ៧%ប៉ុណ្ណោះ នៃស្ត្រីដែលមិនមានកូន មានកម្រិតវីតាមីនដេក្នុងខ្លួនធម្មតា។ • វីតាមីន E៖ ត្រូវបានដឹងថាអាចជួយបង្កើនសុខភាពស្ពែមរបស់បុរស។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ផងដែរ ក្នុងការការពារភាពខូចខាត នៃDNA របស់ស្ពែម និងអូវុល។ • វីតាមីន C៖ ជំរុញកម្រិតអ័រម៉ូន និងបង្កើនលទ្ធភាពបង្កកំណើតចំពោះស្ត្រី។ រីឯចំពោះបុរស វាអាចបង្កើនគុណភាពស្ពែម ការពារការខូតខាតនៃ DNA និងការកកផ្តុំរបស់ស្ពែម។ • វីតាមីន B6៖ គឺជាអ្នកសម្របសម្រួលអ័រម៉ូន និងជួយអន្តរាគមនៅក្នុងបញ្ហាដែលកើតមានក្នុងវគ្គនៃវដ្តរដូវ ដែលអាចជាបញ្ហានៃការមិនមានកូន ឬការរលូតកូន។ • វីតាមីន B12៖ ជួយជំរុញការផលិតស្ពែម  បង្កើនគុណភាពរបស់វា និងជំរុញការបង្កើតជាស្រទាប់ស្បូនឲ្យសមស្របសម្រាប់ឲ្យមេជីវិតញីធ្វើការកាច់សម្បុក កាត់បន្ថយការរលូតកូនផងដែរ។ កង្វះ B12 អាចធ្វើឲ្យដំណើរអូវុលមិនទៀងទាត់ ឬឈានដល់ការបាត់ដំណើរការនេះតែម្តង។ • ជាតិដែក (Iron)៖ កង្វះជាតិដែកអាចឲ្យស្ត្រីប្រឈមនឹងការរាំងដំណើរអូវុល និងសុខភាពមេជីវិតញីខ្សោយ ដែលរាំងស្ទះដល់ការមានផ្ទៃពោះ។ តាមការសិក្សា ស្ត្រីដែលមានបញ្ហាលើដំណើរការនេះ 40%នឹងអាចមានផ្ទៃពោះវិញ ក្រោយពេលបំពេញជាតិដែកបានគ្រប់គ្រាន់។ • សេលេនីញ៉ូម (Selenium)៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយមេជីវិតញី និងឈ្មោល ពីការខូតខាតដែលនាំទៅដល់ការរលូតកូន និងកំហុសកំណលើទារក ព្រមទាំងជួយបង្កើនការផលិតស្ពែម។ • ស័ង្កសី (Zinc)៖ ជាសមាសធាតុដែលធ្វើការជាមួយអង់ស៊ីមក្នុងខ្លួនជាង 300ប្រភេទ ដើម្បីធ្វើឲ្យមុខងារនៃដំណើរការផ្សេងៗប្រព្រឹត្តិទៅបានល្អ។ កង្វះនៃសារធាតុនេះ នាំឲ្យមានអតុល្យភាពអ័រម៉ូន និងប្រព័ន្ធបន្តពូជមិនដំណើរការល្អ ហើយអាចមានទំនាក់ទំនងនឹងការរលូតកូនផងដែរ។ • អាស៊ីតខ្លាញ់អូមេហ្កាបី៖ ជួយសម្រួលវដ្តរដូវរបស់ស្ត្រីដើម្បីជំរុញការបង្កកំណើត។ អូមេហ្កាបីក៏អាចជួយឲ្យអារម្មណ៍ល្អ ព្រមទាំងបង្កើនលទ្ធភាព ក្នុងការបង្កកំណើតដូចគ្នា (ស្ត្រេសអាចជាអ្នករារាំងដល់ការមានកូន)។ វាក៏ត្រូវបានប្រើដើម្បីកាត់បន្ថយការប្រឈមនឹងការរលូតកូន ការសម្រាលមុនខែ ព្រមទាំងជួយដល់សុខភាពខួរក្បាល ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារកផងដែរ។ មានសមាសធាតុសំខាន់ជាច្រើនទៀត ដែលមានមុខងារផ្សេងៗ ដើម្បីជាជំនួយចំពោះការលំបាកក្នុងការមានកូន ក៏ដូចជាដើម្បីរក្សាសុខភាពកូន និងម្តាយ ពេលមានផ្ទៃពោះ។ ដោយឡែក របបអាហារ និងការរស់នៅ តែងជាកត្តាពាក់ព័ន្ធនឹងលទ្ធភាពនៃការមានកូន ដែលចាំបាច់ឲ្យមានការពិគ្រោះ​ នឹងអ្នកជំនាញជានិច្ច មុនពេលសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រណាមួយ រួមទាំងវីតាមីនចម្រុះផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Loperamide ត្រូវបានប្រើប្រាស់ជាថ្នាំបំបាត់អាការៈរាកដោយមិនត្រូវការវេជ្ជបញ្ជា ប៉ុន្តែឱសថការីប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើឥទ្ធិពលជម្រុញសកម្មភារបស់វាលើរេសិបទ័រmu របស់សារធាតុអាភៀន។   ឥទ្ធិពលរបស់សារធាតុអាភៀនទៅលើប្រព័ន្ធប្រសាទកណ្តាលមិនត្រូវបានគេរកឃើញទាក់ទងនឹង Loperamide ទេនៅពេលដែលវាត្រូវបានគេប្រើប្រាស់ក្នុងកម្រិតតាមការណែនាំ ដោយសារតែការជ្រៀបចូលរបស់វាទៅក្នុងប្រព័ន្ធប្រសាទកណ្តាលមានកម្រិតទាប។ ប៉ុន្តែ ឥទ្ធិពលរបស់សារធាតុអាភៀនទៅលើប្រព័ន្ធប្រសាទកណ្តាល ពិតជាមាននៅពេលដែលអ្នកជំងឺប្រើប្រាស់ថ្នាំនេះហួសកម្រិត។   ការប្រើប្រាស់ Loperamide ដើម្បីបំបាត់រាកដោយខ្លួនឯង មានការកើនឡើង ហើយបច្ចុប្បន្នបញ្ហាចង្វាក់បេះដូងថតក្រោមមិនប្រក្រតី និងការពន្យឺតនៃចង្វាក់ QRS (Prolongation of the QRS duration) និងចន្លោះQTc ត្រូវបានរាយការណ៍ថាកើតឡើងក្រោយអ្នកជំងឺញៀននឹងថ្នាំ Loperamide ដែលប្រើលេបតាមមាត់។   Loperamideត្រូវបានគេរកឃើញថាក្នុងការសិក្សាលើកោសិកា ឬសរីរាង្គក្នុងមន្ទីរពិសោធន៍ វាមានឥទ្ធិពលបិទផ្លូវចេញចូលរបស់សូដ្យូមនៅត្រង់បេះដូង និងពន្យឺតចង្វាក់ QRS នៅពេលប្រើថ្នាំនេះលើសកម្រិត ហើយឥទ្ធិពលនេះក៏ត្រូវបានរកឃើញផងដែរក្នុងការសិក្សាលើសារពាង្គកាយរស់។ Loperamideក៏បង្អាក់នូវការហូរត្រឡប់ចូលកោសិកាវិញរបស់ប៉ូតាស្យូមផងដែរក្នុងការសិក្សាលើកោសិកាឬសរីរាង្គក្នុងមន្ទីរពិសោធន៍។   ឥទ្ធិពលទាំងនេះ សុទ្ធតែអាចបណ្តាលឲ្យប៉ះពាល់ដល់បេះដូងប្រសិនបើប្រើប្រាស់ថ្នាំក្នុងកម្រិតខ្ពស់។តម្លៃទាប ងាយស្រួលរកទិញ និងការអនុញ្ញាតឲ្យប្រើប្រាស់របស់ Loperamide បានធ្វើឲ្យអ្នកជំងឺញៀននឹងឥទ្ធិពលអាភៀនរបស់វា។   CPR និង ACLS ត្រូវបានគេគិតថាជាការព្យាបាលជម្រើសទីមួយចំពោះបញ្ហាគាំងបេះដូងដែលបណ្តាលមកពីការប្រើលើសកម្រិតនៃ Loperamide។ ទិន្នន័យនៃការសិក្សាលើសត្វ និងមនុស្សបានបង្ហាញថា Naloxone អាចនឹងប្រើប្រាស់ចំពោះអ្នកជំងឺដែលមានបញ្ហាថប់ដង្ហើម ឬបាត់ដង្ហើមបន្ទាប់ពីញៀនLoperamide។   ការលោតខុសចង្វាក់នៃបេះដូងថតក្រោម ដូច ជាមួយនឹងការលោតញាប់នៃបេះដូងថតក្រោមក្នុងទម្រង់ខុសៗគ្នា ត្រូវបានព្យាបាលដោយជោគជ័យជាមួយនឹងម៉ាញេស្យូមស៊ូលផាត និងសូដ្យូមកាបូណាត ប្រើចាក់តាមសរសៃវ៉ន។ ការចាក់ isoproterenol តាមសរសៃវ៉ែន និងការឆក់ភ្ញោចឲ្យបេះដូងមានចលនា (Transcutaneous pacing) ត្រូវបានប្រើប្រាស់ដោះស្រាយបញ្ហាចង្វាក់QTc យឺតនៅពេលប្រើថ្នាំលើសកម្រិត។   វាជារឿងចាំបាច់ដែលឱសថការីនៅតាមមន្ទីរពេទ្យត្រូវដឹងពីបញ្ហាទាំងនេះ និងត្រូវសាកសួរអ្នកជំងឺពីការញៀន Loperamide នៅពេលដែលពួកគាត់សន្លប់ដោយគ្មានមូលហេតុ ឬចង្វាក់ the QRS ឬ QTc យឺតជាងធម្មតា។ ចំណែកឱសថការីនៅសហគមន៍វិញ ត្រូវមានការប្រុងប្រយ័ត្នទៅលើការទិញ Loperamide ក្នុងចំនួនច្រើនហួស។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺសឹងតែគ្រប់ប្រភេទទាមទារនូវការព្យាបាលដោយប្រើប្រាស់ឱសថដែលស្របពេលនឹងការផ្តល់ភាពធូរស្រាលដល់អ្នកជំងឺ ក៏នាំមកនូវផលរំខានតិចឬច្រើនផងដែរ។ ដូចនេះ ការព្យាបាលដោយផលិតផលធម្មជាតិជាច្រើនត្រូវបានបង្កើតឡើងក្នុងបំណងសម្រួលផលរំខាន ក៏ដូចជាជំនួសការព្យាបាលមួយចំនួនតាមដែលអាចធ្វើបាន។ Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិមួយប្រភេទដែលត្រូវបានដឹងថាមានប្រភពយ៉ាងសំខាន់មកពីបន្លែ និងជាពិសេសគឺសណ្តែកសៀង បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ដែលសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានជំងឺមហារីក រោគសញ្ញាក្រោយពេលអស់រដូវ ជំងឺបេះដូង ជំងឺពុកឆ្អឹង និងសុខភាពស្បែក។ Isoflavonesមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen  និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។ គួរបញ្ជាក់ថា សកម្មភាព ប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។ បើយោងតាមលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត   ឯក ម៉េងលីវេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព  និងរោគស្រ្តីនៃគ្លីនិកលុច្សបានឲ្យដឹងថា សារធាតុ Isoflavones ត្រូវបានរកឃើញប្រើប្រាស់ក្នុងការព្យាបាលជាច្រើនដែលក្នុងនោះរួមមាន៖ រោគសញ្ញាក្រោយការអស់រដូវរបស់ស្រ្តី រោគសញ្ញារបស់ស្រ្តីអស់រដូវដែលរួមមាន ភាពក្តៅក្រហល់ក្រហាយ និងបែកញើសនៅពេលយប់ អាចប៉ះពាល់ទៅលើស្ត្រីវ័យកណ្តាលនៅសហរដ្ឋអាមេរិកលើសពី៧៥%។ ទោះយ៉ាងណា គេបានសង្កេតឃើញថាការបង្កើននូវការបរិភោគសារធាតុ isoflavone ពីសណ្តែកសៀងអាចកាត់បន្ថយនូវភាពញឹកញាប់ ក៏ដូចជាភាពធ្ងន់ធ្ងរនៃរោគសញ្ញាទាំងនេះបាន។ ក្នុងនោះ សហគមសម្រាប់ស្ត្រីអស់រដូវនៅអាមេរិកខាងជើង (The North American Menopause Society) បានណែនាំផងដែរថា isoflavones អាចជាការព្យាបាលដោយធម្មជាតិមួយសម្រាប់ជំនួសការព្យាបាលដោយអ័រម៉ូន(estrogens ឬការរួមគ្នានៃ estrogen និងprogestin) ក្នុងការកាត់បន្ថយរោគសញ្ញាកម្រិតស្រាលនៃការអស់រដូវបាន។ ក្រៅពីនោះ វាអាចជួយសម្រួលដល់ការឡើងចុះនៃកម្រិតរបស់ estrogen ដែលកើតឡើងនៅពេលអស់រដូវផងដែរ។ ជំងឺពុកឆ្អឹង Isoflavones ដើរតួយ៉ាងសំខាន់ក្នុងការការពារ និងរក្សាលំនឹងនៃឆ្អឹងឲ្យរឹងមាំ និងសុខភាពល្អ។ បើប្រៀបទៅនឹងស្ត្រីអឺរ៉ុប លទ្ធភាពនៃការបាក់ឆ្អឹងហាក់ដូចជានៅទាបក្នុងចំណោមស្ត្រីអាស៊ី ដែលជាទូទៅមានទម្លាប់បរិភោគអាហារ សម្បូរដោយសណ្តែកសៀង។ ការវិភាគជាច្រើនដោយយោងទៅលើករណីរួមគ្នានៃស្ត្រីអឺរ៉ុប និងអាស៊ីដែលស្ថិតក្នុងវ័យអស់រដូវ ក៏បានបង្ហាញ ផងដែរអំពីសមត្ថភាពក្នុងការការពារការរសាត់នៃឆ្អឹង និងការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃដង់ស៊ីតែសារធាតុរ៉ែរបស់ឆ្អឹងដែលបានពីការប្រើប្រាស់សារធាតុបំប៉នដែលមានផ្ទុក isoflavones ពីសណ្តែកសៀងនេះក្នុងរយៈពេលវែង។ ការសិក្សាពីសាកលវិទ្យាល័យ Texas បានណែនាំដូចគ្នាថា isoflavones អាចភ្ញោចការកកើតនៃឆ្អឹងបានផងដែរ។ ដោយសមត្ថភាពក្នុងការថែរក្សាសុខភាពឆ្អឹង ការបង្កើនម៉ាស់ និងការជម្រុញការស្រូបយករបស់ឆ្អឹងទាំងនេះហើយ ទើបតួនាទីរបស់ isoflavone ពីសណ្តែកសៀងក្នុងការការពារ និងធ្វើឲ្យមានការត្រឡប់ដូចដើមវិញនៃជំងឺពុកឆ្អឹងត្រូវបានកត់សម្គាល់។   បញ្ហាសុខភាពសរសៃឈាមបេះដូង ការប្រើប្រាស់ Isoflavones ពីសណ្តែកសៀងចាប់ពីមួយខែទៅមួយឆ្នាំអាចធ្វើឲ្យមានការប្រសើរឡើងនៃកម្រិតសារធាតុខ្លាញ់ក្នុងឈាមសម្រាប់អ្នកមានសុខភាពល្អធម្មតា ក៏ដូចជាអ្នកដែលលើសកូលេស្តេរ៉ូលផងដែរតាមរយៈការកើនឡើងនៃ HDL- cholesterol ដែលជាប្រភេទខ្លាញ់ល្អ។  គួរឲ្យដឹងផងដែរថា ការប្រមូលផ្តុំនៃពពួក LDL cholesterol (ប្រភេទខ្លាញ់មិនល្អ) នៅក្នុងសរសៃឈាមអាកទែជាបន្ទះ ឬដុំខ្លាញ់ដែលធ្វើឲ្យស្ទះដល់លំហូររបស់ឈាម ជាលទ្ធផលធ្វើឲ្យកើតជាជំងឺរឹងសរសៃឈាម។ ដោយឡែក សសៃឈាមអាកទែតូចៗដែលត្រូវបានបំផ្លាញដោយការរឹងនៃសរសៃឈាម ជាទូទៅនឹងក្លាយទៅជាដុំរាំងស្ទះដល់ដំណើរក្នុងឈាមដែលនេះអាចបង្កឲ្យមានការគាំងបេះដូង ឬក៏ដាច់សសៃឈាមខួរក្បាល(stroke)។ ការរីករបស់សរសៃឈាមអាចនឹងកើតមានផងដែរជាពិសេសសម្រាប់អ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺសរសៃឈាម ដែលជួបយ៉ាងញឹកញាប់នៅក្នុងវគ្គនៃការអស់រដូវ។ Isoflavone នៅពេលនេះអាចធ្វើឲ្យត្រឡប់នូវស្ថានភាពការរីកនៃសរសៃឈាមនេះបាន នេះបើយោងតាមករណីគ្លីនិកជាច្រើន។ ជំងឺទឹកនោមផ្អែម យោងតាមអត្ថបទមួយដែលបានចុះផ្សាយក្នុង European Journal of Clinical Nutrition បង្ហាញថាការបរិភោគ isoflavonesត្រូវបានមានទំនាក់ទំនងនឹងការកាត់បន្ថយជាមធ្យមនូវការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ចំពោះបុរស និងស្ត្រីនៅសហរដ្ឋអាមេរិកដែលជាទូទៅបរិភោគនូវកម្រិតទាបទៅមធ្យមនូវអាហារដែលមានសណ្តែកសៀង។ ជំងឺមហារីក ការសិក្សាបានបញ្ជាក់ថាប្រជាជនដែលបរិភោគអាហារពីសណ្តែកសៀងដូចជានៅប្រទេសចិន ជប៉ុន និងបណ្តាប្រទេសនៅអាស៊ីមួយចំនួនទៀត មានការប្រឈមមុខទាបជាមួយនឹងជំងឺមហារីកសុដន់ ប្រូស្តាត ពោះវៀនធំនិងមហារីកស្បូន។ ការសិក្សាមួយទៀត ក៏បានលើកឡើងផងដែរថា ការបរិភោគផលិតផលពីសណ្តែកសៀងច្រើនតាំងពីវ័យក្មេងមានទំនាក់ទំនងទៅនឹងការថយចុះនៃការប្រឈមនឹងមហារីកសុដន់នៅក្នុងវ័យកណ្តាល។   ការវិភាគទៅលើទិន្នន័យបានពីជាង ៦០០០ នាក់នៃស្ត្រីជនជាតិអាមេរិក និងកាណាដាដែលមានជំងឺមហារីកសុដន់ បានរកឃើញថា ការបរិភោគអាហារដែលមានផ្ទុក Isoflavones អាចកាត់បន្ថយបាន២១%នៃករណីស្លាប់ដោយគ្រប់មូលហេតុក្រោយពីរកឃើញថាមានជំងឺនេះ។ ការថយចុះនេះ ត្រូវបានបង្ហាញថាកើតមានឡើងចំពោះតែស្ត្រីដែលដុំមហារីកមាន hormone-receptor-negative និងស្រ្តីដែលមិនបានទទួលការព្យាបាលដោយអ័រម៉ូនដូចជា tamoxifen ប៉ុណ្ណោះ។ សុខភាពស្បែក ក្រោយពីអស់រដូវ ស្បែកនឹងត្រូវរងបម្រែបម្រួលយ៉ាងខ្លាំង រួមទាំងការថយចុះនៃ កម្រាស់ ភាពយឺតរបស់ស្បែក ព្រមទាំងការកើតឡើងនៃភាពជ្រីវជ្រួញ។ ភាពចាស់ឡើងនៃស្បែក គឺជាលទ្ធផលនៃការថយចុះក្នុងការផលិតកូឡាជែន និងអេឡាស្ទីន ដែលជាប្រូតេអ៊ីនទ្រទ្រង់ និងធានាភាពយឺតរបស់ស្បែក។ Isoflavone ជាសារធាតុដែលបានប្រើក្នុងផលិតផលប្រឆាំងនឹងការរលាកកោសិកា(ភាពមិនស្មើសាច់នៃស្បែក)   ដោយសារវាអាចបង្កើនភាពហាប់ណែន និងលក្ខណៈយឺតល្អរបស់វា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

រាល់ការរំលឹកដល់ការព្យាបាលអាការៈនៃការអស់រដូវរបស់ស្រ្តី  ការប្រើប្រាស់អ័រម៉ូនជំនួសដែលជាEstrogen ឬក៏ការរួមផ្សំ Estrogenជាមួយនឹងអ័រម៉ូនដទៃទៀតនឹងត្រូវបានលើកឡើង។ដោយឡែក  សព្វថ្ងៃ   សារធាតុមួយចំនួនដូចជា  Isoflavones ត្រូវបានចម្រាញ់ចេញមក     ក្នុងគោលបំណងជំនួសអ័រម៉ូន Estrogen  ដើម្បីចៀសវាងក៏ដូចជាកាត់បន្ថយនូវអត្រាប្រឈមទៅនឹងផលរំខានដែលអាចកើតឡើង ដោយការប្រើប្រាស់អ័រម៉ូន។ ១ ការព្យាបាលដោយប្រើប្រាស់អ័រម៉ូន Estrogen ការព្យាបាលដោយប្រើប្រាស់អ័រម៉ូន Estrogenសំយោគ ស័ក្តិសមបំផុត  និងត្រូវបានប្រើប្រាស់ដោយស្ត្រីក្នុងវ័យអស់រដូវជាង   ៧០ឆ្នាំមកហើយសម្រាប់ព្យាបាលរោគសញ្ញា និងផលវិបាកផ្សេងៗ នៃការអស់រដូវ ពីព្រោះការថយចុះនៃបរិមាណ Estrogen ដោយសារតែភាពចាស់ គឺជាមូលហេតុបណ្ដាលឲ្យអស់រដូវ។   វិធីសាស្រ្តនេះរួមមានការប្រើប្រាស់ Estrogen តែឯង និងការប្រើប្រាស់ Estrogen រួមជាមួយនឹងProgestogen ដែលការព្យាបាលនេះត្រូវធ្វើឡើងក្នុងគោលបំណងជាច្រើនរួមមាន៖ •    ជួយកាត់បន្ថយរោគសញ្ញាគ្រោះថ្នាក់ដែលបណ្ដាលមកពីការអស់រដូវ •    កាត់បន្ថយការប្រឈមនឹងការពុកឆ្អឹង  ការវង្វេង និងជំងឺមហារីកពោះវៀនធំ •    ជួយធ្វើឲ្យប្រសើរឡើងនៃសុខុមាលភាព និងគុណភាពនៃជីវិតតាមរយៈការធ្វើឲ្យប្រសើរឡើងនៃស្រទាប់ស្បូន ការរួមភេទ និងសមត្ថភាពរបស់ប្លោកនោម •    ជួយសម្រួលប្រព័ន្ធសរសៃឈាម និងបេះដូងដោយកាត់បន្ថយការខូចខាតសាច់ដុំបេះដូងនិងសរសៃឈាមបេះដូង   ព្រមទាំងបង្កើនអាយុទៀតផង។   ដោយឡែក ការព្យាបាលដោយប្រើប្រាស់ Estrogen ក៏បង្កឲ្យមានឥទ្ធិពលមិនចង់បានមួយចំនួនផងដែរ ឧទាហរណ៍ចំពោះការប្រើប្រាស់ Estrogen តាមការលេបដែលអាចបង្កើនពីរដង នៃការប្រឈមទៅនឹងការស្ទះសរសៃឈាមដោយកំណកឈាម និងការលូតលាស់នៃជំងឺមហារីកសុដន់។  វិធីសាស្រ្តនេះក៏អាចបង្កើនការប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល   និងការខូចខាតកោសិកាសាច់ដុំបេះដូងផងដែរ។   ២ ការព្យាបាលដោយប្រើប្រាស់ Isoflavones​ Isoflavones ស្ថិតនៅក្នុងថ្នាក់ Phytoestrogens ដែលជាសមាសធាតុដែលមានខ្សែស្រឡាយមកពីរុក្ខជាតិហើយមានសកម្មភាពដូចទៅនឹងអ័រម៉ូន Estrogen ។ Isoflavones មានទាំងសកម្មភាពជាអ្នកបង្កើនឥទ្ធិពល Estrogen និងអ្នករារាំងឥទ្ធិពល Estrogen ហើយតាមរយៈសកម្មភាពទាំង២នេះរួមជាមួយគ្នា វាអាចបង្កើតបានជាតុល្យភាពជីវសាស្រ្តនៅក្នុងខ្លួន។ តាមរយៈ The North American Menopause Society បានបង្ហាញថា    Isoflavonesដែលមាននៅក្នុងសណ្តែកសៀងមានប្រភពមកពីធម្មជាតិ អាចប្រើប្រាស់សម្រាប់កាត់បន្ថយរោគសញ្ញានៃការ អស់រដូវក្នុងកម្រិតមធ្យមបាន។ Isoflavonesក៏អាចជួយបំពេញឡើងវិញនូវការថយចុះនៃបរិមាណEstrogen និងសម្រួលការឡើងចុះរបស់អ័រម៉ូននេះនៅពេលអស់រដូវផងដែរ។   មានការរាយការណ៍ពីស្រ្តីមួយចំនួនអំពីការបរិភោគជាប្រចាំនូវអាហារដែលមានសណ្ដែកសៀងដែលធ្វើឲ្យពួកគេអាចកាត់បន្ថយនូវអាការៈនៃការអស់រដូវ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ •    Isoflavonesការពារ និងទ្រទ្រង់ភាពរឹងមាំ ព្រមទាំងសុខភាពល្អរបស់ឆ្អឹង   តាមរយៈការបង្កើនការសំយោគវីតាមីន D និងភ្ញោចការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹង    ក៏ដូចជាបញ្ឈប់សកម្មភាពរបស់កោសិកាឆ្អឹងដែលទទួលខុសត្រូវក្នុងការធ្វើឲ្យឆ្អឹងរសាត់ និងខូចខាត។ •    Isoflavones មានសកម្មភាពការពារប្រព័ន្ធសរសៃឈាមបេះដូងពីការធ្វើអុកស៊ីតកម្មរបស់កូឡេស្តេរ៉ុលមិនល្អ (LDL) ។ •    Isoflavones អាចការពារការកកើតសរសៃឈាមដែលចិញ្ចឹមកោសិកាមហារីក និងការពារការកកើតរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលបំផ្លាញកោសិកាល្អ។ •    Isoflavones ក៏អាចជួយកាត់បន្ថយជំងឺម-ហារីកសុដន់ផងដែរ តាមរយៈការបំបិទឥទ្ធិពលដែលធ្វើឲ្យកើតមានមហារីករបស់អ័រម៉ូន Estrogen។ •    Isoflavones មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការគេងមិនលក់ •    ការកើនឡើងនៃភាពក្រាស់នៃស្រទាប់របស់ស្បែក បន្ទាប់ពីប្រើប្រាស់ Isoflavones អស់រយៈពេល៦ខែ និងការកើននូវបរិមាណកូឡាជែន សរសៃធ្វើឲ្យមានភាពយឺត    និងចំនួននៃសរសៃឈាមក្រោមស្បែក នឹងជួយកាត់បន្ថយការវិវឌ្ឍនៃភាពចាស់ជ្រីវជ្រួញបន្ទាប់ពីអស់រដូវ។ •    Isoflavones ជួយធ្វើឲ្យសក់ដុះលូតលាស់ និងជួយការពារការជ្រុះសក់បន្ទាប់ពីអស់រដូវ •   Isoflavonesអាចកាត់បន្ថយការមានអារម្មណ៍ថាក្តៅចំពោះស្រ្តីអស់រដូវបានដល់ទៅ ៥៤% •     Phytoestrogen (Isoflavones)អាចជួយក្នុងបញ្ហាស្ងួតទ្វារមាសរបស់ស្រ្តីបន្ទាប់ពីអស់រដូវ • Phytoestrogen ក៏មាននាទីធ្វើឲ្យមានការប្រសើរឡើងនូវការចងចាំផងដែរ។   ការអស់រដូវគឺជាធម្មជាតិដែលមិនអាចរារាំងបាន ក៏ប៉ុន្តែរោគសញ្ញា ក៏ដូចជាផលវិបាកនៃការអស់រដូវពិតជាអាចកាត់បន្ថយ និងធ្វើឲ្យអ្នកនៅតែទទួលបានផាសុកភាពក្នុងការរស់នៅបាន តាមរយៈការព្យាបាលដោយអ័រម៉ូន Estrogen ឬជំនួសដោយរុក្ខជាតិធម្មជាតិក្រោមទម្រង់ជា Isoflavones។ បកស្រាយដោយលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស និងប្រធានផ្នែកសម្ភពនិងរោគស្រ្តីនៃគ្លីនិកលុច្ស។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ      

Share

Tacrolimus Ointment មានផ្ទុកសារធាតុសកម្មជា Tacrolimus ជាអង់ទីប៊ីយ៉ូទិកស្ថិតនៅក្នុងក្រុម Macrolide ដែលកាត់បន្ថយភាពស៊ាំការពាររាងកាយ និងត្រូវបានផលិតដោយ Streptomyces tsukubaensis។ ទម្រង់នៃការលាបលើស្បែកនេះ ប្រើសម្រាប់តែក្នុងករណីមានបញ្ហារលាកស្បែកប៉ុណ្ណោះ ពិសេសសម្រាប់ព្យាបាលឃ្លង់ល្ពៅនិងតាអកជាដើម។ សកម្មភាពឱសថ T-lymphocytes ត្រូវបានជំរុញឲ្យមានសកម្មភាព ដើម្បីបញ្ចេញ Cytokines និងមានប្រតិកម្មទូលាយជាមួយប្រភេទកោសិកាផ្សេងទៀតនៅលើស្បែក។ នៅពេលប្រើ Tacrolimus Ointment លើស្បែកវាមានសកម្មភាពដោយផ្ទាល់ទៅលើ T-lymphocytesជាពិសេសកោសិកា CD4+​ តាមរយៈការភ្ជាប់នឹងប្រូតេអ៊ីន FKBP(FK-binding protein)។ ទម្រង់សាំញ៉ាំ Tacrolimus-FKBP ភ្ជាប់គ្នា និងរារាំងដោយប្រជែងជាមួយនឹង calcineurin, phosphatase ដែលមានសកម្មភាពតែនៅពេលភ្ជាប់ជាមួយនឹង Calcium និងCalmodulin។ បែបផែននៃការភ្ជាប់នេះ រារាំងទៅដល់សមត្ថភាពរបស់ Calcineurin ក្នុងការដកបង្គុំផូស្វាត និងកត្តានៃការចម្លងក្រម NFAT (nuclear factor of activated T-cells)(កត្តានៃការចម្លងក្រមដែលធ្វើឲ្យតំបន់នៃហ្សែនដែលមានការរលាករបស់ Cytokines ដែលចូលរួមក្នុងការឆ្លើយតបនឹងភាពស៊ាំភ្លាមៗ និងត្រូវបានស្នើឡើងដើម្បីដើរតួនាទីក្នុងការបង្កជំងឺលើស្បែក)។ ម៉្យាងវិញទៀត Tacrolimus ក៏ត្រូវបានបង្ហាញថា រារាំងការបញ្ចេញ Mast cells និង Basophilsដែលជាអ្នកសម្របសម្រួល (mediators បន្ថយការភ្ញោចជាទៀងទាត់នៃរ៉េស៊ិបទ័រIL-8 បន្ថយការភ្ជាប់មូលេគុលក្នុងកោសិកា និង E-selection ព្រមទាំងបន្ថយការបញ្ចេញ FcεRI នៃកោសិកា Langerhans)។ យន្តការទាំងអស់នេះ កាត់បន្ថយការរលាកតាមរយៈការថយចុះអង់ទីហ្សែន។ កម្រិតប្រើប្រាស់ និងរបៀបប្រើ ជាទូទៅ Tacrolimus Ointment  ប្រើដោយលាបផ្ទាល់លើស្បែក ២ដងក្នុងមួយថ្ងៃ និងឈប់លាបពេលបាត់រោគសញ្ញា ចៀសវាងប្រើក្នុងរយៈពេលយូរ។ ការប្រើ Tacrolimus Ointment ត្រូវបានបែងចែកជា២កម្រិត ដែលតម្រូវឲ្យប្រើតាមអាយុដូចខាងក្រោម៖ • សម្រាប់មនុស្សពេញវ័យ អាចប្រើ Tacrolimus Ointment ទាំងកម្រិត០.០៣% និងកម្រិត០.១% • សម្រាប់ក្មេងមានអាយុពី ២ ទៅ១៥ឆ្នាំ អាចប្រើត្រឹម Tacrolimus Ointment ០.០៣%ប៉ុណ្ណោះទោះបីគ្មានការសិក្សាណាមួយបង្ហាញពីផលប៉ះពាល់នៃការប្រើ Tacrolimus Ointment ក្នុងរយៈពេលយូរក៏ដោយ ក៏ថ្នាំលាបនេះត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់យូរដែរ។ របៀបលាប៖ ត្រូវលាងដៃឲ្យស្អាតរួចលាបក្នុងកម្រិតសមល្មមលើស្បែក ក្រោយពេលលាបរួចអ្នកមិនគួរងូតទឹក ឬហែលទឹកនិងប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យភ្លាមៗទេ។ ផលរំខានឱសថ • ផលរំខានដែលគេតែងជួបជាញឹកញាប់៖ រលាក និងរមាស់ស្បែកពីកម្រិតតិចតួច ទៅមធ្យម ពិសេសនៅក្នុងអំឡុងប៉ុន្មានថ្ងៃដំបូងនៃការប្រើប្រាស់ហើយវានឹងបាត់ទៅវិញពេលស្បែកជា។ • ផលវិបាកផ្សេងទៀត៖ អាចមានលេចចេញមុន រលាក ឬឆ្លងរោគនៅឫសសក់ ឈឺក្បាល ស្បែកងាយមានប្រតិកម្មទាំងពេលក្តៅ និងពេលត្រជាក់ ផ្តាសាយ ឈឺពោះ ឈឺសាច់ដុំ មានដំបៅ ឬឆ្លងរោគលើស្បែក និងកើតរើម។ ក្នុងពេលប្រើ Tacrolimus ប្រសិនបើអ្នកញ៉ាំសារធាតុអាល់កុល វាអាចបង្កឲ្យស្បែក និងមុខរបស់អ្នកឡើងក្រហមរួមទាំងមានអារម្មណ៍ថាក្តៅ។ គួរបញ្ជាក់ផងដែរថា ប្រសិនលោកអ្នកមានបញ្ហាណាមួយកើតឡើងខុសប្រក្រតីត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យរបស់អ្នកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

Hydroquinone គឺជាឱសថដែលត្រូវបានប្រើប្រាស់ជាយូរមកហើយសម្រាប់ការព្យាបាលបញ្ហាមុខជាំ មិនថាតែឯង ឬរួមផ្សំជាមួយនឹងឱសថផ្សេងទៀតដែលទោះបីជាមានការសន្និដ្ឋាននានាអំពីផលរំខានជាច្រើនរបស់វា ជាពិសេសការប្រើរយៈពេលវែង ក៏វានៅតែត្រូវបានជ្រើសរើសមកប្រើប្រាស់រហូតដល់សព្វថ្ងៃដដែល។ ឱសថជាច្រើនប្រភេទក៏ត្រូវបានប្រើផងដែរសម្រាប់ព្យាបាលបញ្ហាមុខជាំ ក៏ដូចជាជំនួស Hydroquinone ក៏ប៉ុន្តែសារធាតុនេះនៅតែត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត និងជ្រើសរើសដោយអ្នកជំងឺ ព្រមទាំងអ្នកជំនាញដោយសារតែប្រសិទ្ធភាពរបស់វា។ ទោះយ៉ាងណា ការយល់ដឹងអំពីមុខឱសថនេះ ជាមួយនឹងការប្រើប្រាស់ដ៏ត្រឹមត្រូវ ត្រូវតែបានអនុវត្តដើម្បីចៀសវាង ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗ។ ភាពទូទៅនៃ Hydroquinone Hydroquinone ត្រូវបានប្រើប្រាស់ជាទូទៅក្នុងការព្យាបាលការកើនឡើងនៃជាតិពណ៌ដ៏ខ្លាំងនៅលើស្បែក (hyperpigmentation) ឬហៅថាជាំ (Melasma) ក្រោមទម្រង់ជាផលិតផលលាបផ្ទាល់នៅលើស្បែក (ក្រែម ជែល ឡូសិន សូលុយស្យុងរាវ)។ Hydroquinoneត្រូវបានរកឃើញមានវត្តមានរួមផ្សំនឹងសារធាតុផ្សេងៗទៀតនៅក្នុងផលិតផលជាច្រើនដែលក្នុងនោះជួបញឹកញាប់ជាងគេគឺការរួមផ្សំជាមួយនឹង ពពួក Retine A ដើម្បីជំរុញឥទ្ធិពលដែលធ្វើឲ្យស្បែកភ្លឺ និង Steroid ដើម្បីជួយកាត់បន្ថយការរលាកឲ្យនៅតិចបំផុត ។ ជាទូទៅ អ្នកអាចរកបានដោយមិនបាច់ត្រូវការវេជ្ជបញ្ជាបានលុះត្រាតែវាជាប្រភេទក្រែម ដែលមានកម្រិតសារធាតុសកម្មមិនលើសពី 2% ប៉ុណ្ណោះ ករណីបរិមាណលើសពីនេះ តម្រូវឲ្យចេញវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ដោយសារផលរំខានរបស់វាក៏កើនឡើងជាមួយនឹងកម្រិតរបស់វាផងដែរ។ ការព្យាបាលដោយ Hydroquinone ក្រៅពីបញ្ហាមុខជាំ ជាទូទៅគេក៏ឃើញមានការប្រើប្រាស់ Hydroquinone ចំពោះការព្យាបាល ស្នាមអុជខ្មៅ (ពីកម្តៅថ្ងៃជាពិសេស) និងស្នាមមុនជាដើម។ ការធ្វើតេស្តរកប្រតិកម្មទៅនឹងសារធាតុ Hydroquinone ត្រូវធ្វើឡើងមុនពេលព្យាបាល ហើយសង្កេតលើភាពឡើងក្រហម និងរមាស់ត្រង់កន្លែងលាប។ បើសិនមិនមានប្រតិកម្មណាមួយកើតឡើងនៅ 24ម៉ោងក្រោយការធ្វើតេស្ត នោះការព្យាបាលដោយ Hydroquinone អាចត្រូវបានចាប់ផ្តើម។ ត្រូវប្រាកដផងដែរថា កន្លែងដែលមានភាពជាំ ត្រូវតែស្អាត និងស្ងួត មុនពេលលាបស្រទាប់ស្តើងមួយនៃថ្នាំនេះលើ និងលាងដៃ បន្ទាប់ពីការលាប។ដើម្បីធានាបាននូវប្រសិទ្ធភាព និងការពារការត្រឡប់មកវិញនៃភាពជាំ Hydroquinone  គួរតែត្រូវបានប្រើប្រាស់រួមជាមួយនឹងឡេការពារកម្តៅថ្ងៃកម្រិតសមរម្យមួយជានិច្ច ឬរួមផ្សំគ្នាក្នុងផលិតផលតែមួយតែម្តង។ សកម្មភាពរបស់ Hydroquinone Hydroquinone ធ្វើការរំខានដល់ការផលិតសារធាតុពណ៌របស់ស្បែក (Melanin) ដោយកោសិកា Melanocyte ដែលដំណើរនេះប្រព្រឹត្តទៅដោយការរារាំងទៅលើការបំលែងនៃ tyrosineទៅជា DOPA (dihydroxyphenyla-lanine)។ ដំណើរការនេះនាំឲ្យមានការបន្ថយតម្រូវការសារធាតុពណ៌ ដែលបណ្តាលឲ្យមានការថយចុះនៃចំនួន melanocyte និង melaninជាលទ្ធផលផ្តល់ឲ្យស្បែកនូវភាពភ្លឺជាងមុន។ ផលរំខាននៃ Hydroquinone ក្រោមទម្រង់ជាឱសថលាបផ្ទាល់នៅនឹងកន្លែងធម្មតាវាមិនបង្កជាប្រតិកម្មណាមួយឡើយប៉ុន្តែក្នុងករណីខ្លះវាអាចបង្កឲ្យមានផលរំខានមួយចំនួនរួមមាន ស្បែកស្ងួត រលាក រមាស់ ឡើងក្រហមផ្ទាំងៗ ការឡើងកន្ទួលជាដើម។ដោយឡែកចៀសវាងការប៉ះពាល់នៃសារធាតុថ្នាំចំពោះភ្នែក និងប្រើប្រាស់ញឹកញាប់ពេកនៅលើស្បែកមុខ ហើយក៏មិនត្រូវប្រើប្រាស់នៅក្នុងកម្រិតខ្ពស់រយៈពេលយូរឡើយ ដោយសារវាអាចមានទំនាក់ទំនងនឹងជំងឺ Ochronosis  (ការប្រែប្រួលពណ៌ខុសប្រក្រតី ជាមួយការឡើងជាពងៗលើស្បែក)។ គួរបញ្ជាក់ថា ចំពោះការប្រើប្រាស់លើសពី 3ខែដោយមិនឃើញមានលទ្ធផល អ្នកត្រូវត្រឡប់ទៅជួបនឹងអ្នកជំនាញដើម្បីសុំការណែនាំ។មានការព្រួយបារម្ភជាច្រើនទៅលើអនុភាពនៃការបង្កើតជាមហារីកនៃ Hydroquinone ដោយមានទំនាក់ទំនងនឹងការធ្វើមេតាលីសនៅក្នុងថ្លើមរបស់វា ក៏ប៉ុន្តែ ការប្រើប្រាស់នៅក្នុងទម្រង់សម្រាប់លាបផ្ទាល់លើស្បែក មិនគួរត្រូវបានបារម្ភឡើយ ដោយសារការធ្វើមេតាបូលីសរបស់វាមួយភាគធំគឺធ្វើនៅក្នុងសរសៃឈាម និងបន្ទាប់មកត្រូវបានបញ្ចេញចោលតាមតម្រងនោម។ បម្រុងប្រយ័ត្ន អ្នកត្រូវប្រាប់វេជ្ជបណ្ឌិត ឬអ្នកជំនាញមុនទទួលការព្យាបាលដោយ Hydroquinone នេះប្រសិនបើអ្នកមានស្ថានភាពណាមួយដូចខាងក្រោម៖ • បើអ្នកមានផ្ទៃពោះ ឬមានគម្រោងក្នុងការមានផ្ទៃពោះ ឬនៅបំបៅដោះកូន • បើអ្នកមានប្រើប្រាស់ថ្នាំប្រភេទណាមួយ រួមបញ្ចូលទាំងថ្នាំបុរាណ ឬអាហារបំប៉នផងដែរ • បើអ្នកប្រតិកម្មនឹងថ្នាំ អាហារ ឬសារធាតុណាមួយ • បើអ្នកមានបញ្ហាទាក់ទងនឹងតម្រងនោម ឬថ្លើម។ ក្រៅពីនោះ អ្នកត្រូវចៀសវាងប្រើប្រាស់ជាមួយនឹងផលិតផលឱសថដទៃទៀត (ជាពិសេសផលិតផលដែលជាស្រឡាយនៃ peroxide) អំឡុងពេលប្រើប្រាស់ Hydroquinone រហូតមានការណែនាំពីអ្នកជំនាញប៉ុណ្ណោះ។បើទោះជាមានផលរំខាន និងការបារម្ភទៅលើហានិភ័យនៃការប្រើប្រាស់ Hydroquinone រហូតមកដល់សព្វថ្ងៃ ក៏ប៉ុន្តែជាក់ស្តែង Hydroquinone (ទម្រង់លាបផ្ទាល់) មានប្រវត្តិនៃការព្យាបាលប្រកបដោយសុវត្ថិភាពតាំងពីយូរមកហើយ ប្រសិនបើគោរពតាមការណែនាំក្នុងការប្រើប្រាស់បានត្រឹមត្រូវ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អាការៈគេងមិនលក់ត្រូវបានទទួលស្គាល់ថាជាបញ្ហាចោទមួយរបស់មនុស្សសឹងតែគ្រប់វ័យ ហើយផ្តល់នូវផលរំខានជាច្រើនដល់ជីវិតរស់នៅ សុខភាព ការសិក្សារ ការងារ អារម្មណ៍ជាដើម ដែលជាមូលហេតុនៃហានិភ័យផ្សេងៗទៀត។ មានមូលហេតុជាច្រើននៅពីក្រោយបញ្ហានេះដែលក្នុងនោះ មួយចំនួនមិនមានអ្វីគួរឲ្យបារម្ភ តែខ្លះទៀតក៏អាចទាក់ទងនឹង បញ្ហាធ្ងន់ធ្ងរផងដែរ។ ចំពោះបញ្ហានេះ ការព្យាបាលដំបូង រួមមាន ការផ្លាស់ប្តូរបរិយាកាសឬរបៀបរស់នៅ ការព្យាបាលមូលហេតុបង្កបញ្ហានេះ និងចុងក្រោយគឺការប្រើប្រាស់ថ្នាំងងុយគេងផងដែរ។ និយាយអំពីថ្នាំងងុយគេង ភាគច្រើនយើងនឹងនឹកទៅដល់ថ្នាំងងុយគេង ប្រភេទញៀន ឬប្រភេទដែលត្រូវការវេជ្ជបញ្ជាយ៉ាងតឹងរឹង ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ជាច្រើនរបស់វា។ ដោយឡែក ថ្នាំសម្រាប់ជាជំនួយក្នុងការគេងក៏មានផងដែរនូវប្រភេទថ្នាំដែលមិនទាមទារវេជ្ជបញ្ជាដោយអ្នកអាចប្រើប្រាស់បានក្រោមការណែនាំនិងតាមដានរបស់ឱសថការីត្រឹមត្រូវ ក្នុងករណីគេងមិនលក់មានលក្ខណៈស្រាល និងកើតមានម្តងម្កាល ខណៈពេលដែលការព្យាយាមមធ្យោបាយផ្សេងៗគ្មានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាសារធាតុសកម្មនៅក្នុងឱសថប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា សំខាន់ៗដែល​ត្រូវបាននិយមប្រើប្រាស់សម្រាប់ជាជំនួយក្នុងការគេង៖ •Diphenhydramine/Dimenhydrinate: ជាថ្នាំប្រភេទ antihistamine ដែលមានសកម្មភាពទប់ស្កាត់សកម្មភាពរបស់ histamine នៅនឹងរេសិបទ័រ histaminergic-H1 ហើយក៏ជា anticholinergic ផងដែរ។ សារធាតុទាំងនេះ ត្រូវបានទទួលស្គាល់ថាប្រើប្រាស់សម្រាប់ ប្រឆាំងការអាល្លែកហ្ស៊ី និងការពុលឡានផងដែរ។ ជាទូទៅឱសថនេះផ្តល់ប្រសិទ្ធភាពសម្រាប់ការងងុយគេងនៅកម្រិត 50មក្រ តែភាគច្រើន យើងអាចទទួលបានប្រសិទ្ធភាព​នេះនៅកម្រិតត្រឹម 25មក្រ ប៉ុណ្ណោះ ដោយការប្រើ 30ទៅ 60 នាទីមុនពេលចូលគេង តែមិនត្រូវប្រើលើសពី 7 ទៅ 10ថ្ងៃទេ ដរាបណាគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ សារធាតុទាំងនេះមានក្រោមពាណិជ្ជនាមដូចជា Benadryl, Nautamine, Dramamine, Antimo ANAK ជាដើម។ •Doxylamine succinate: ក៏ជាពពួក antihistamine មួយផងដែរ តែប្រសិទ្ធភាពរបស់វាផ្តោតទៅលើការទប់ស្កាត់ការក្អួត និងជា ជំនួយសម្រាប់ការគេងតែម្តង។ ដោយឡែក ឱសថនេះក៏មានការប្រើប្រាស់ចំពោះ ការអាល្លែកហ្ស៊ី និងផ្តាសាយផងដែរ។ ចំពោះការប្រើប្រាស់ សម្រាប់ការងងុយគេងត្រូវបានប្រើក្នុងកម្រិតពី 7,5 ឬយ៉ាងច្រើន 25 មក្រ ចំពោះមនុស្ស ពេញវ័យ និងក្មេងអាយុចាប់ពី១២ឆ្នាំ 30នាទីមុន ចូលគេង។ ផលិតផលឱសថដែលពេញនិយមគឺ Unisom SleepTabs (25 mg), Donormil ជាដើម។ •Melatonine​: ជាប្រភេទ អ័រម៉ូនដែលសំយោគនៅក្នុងក្រពេញ Pineal ស្ថិតនៅក្នុងខួរក្បាល និងមាននាទីទទួលខុសត្រូវ ឬក៏គ្រប់គ្រង​វដ្តនៃដំណេក និងការភ្ញាក់។​ ជាធម្មតា melatonine ចាប់ផ្តើមកើនឡើងនៅនៅពេលព្រលប់ទៅដល់យប់ជ្រៅ និងរក្សាកម្រិតខ្ពស់នេះ ពេញមួយយប់ រួចទើបធ្លាក់ចុះមកវិញនៅពេលព្រឹកព្រហាម។ ពន្លឺគឺជាកត្តាចំបងមួយដែលនាំឲ្យការផលិត melatonine ក្នុងខ្លួនថយចុះ ដូចនេះវាត្រូវបានប្រើប្រាស់ក្នុងបញ្ហាដំណេកដោយសារការផ្លាស់ប្តូរពេលវេលាឬ jet-lag, ការគេងមិនលក់,គ្រប់គ្រងការគេងចំពោះអ្នកដែល ធ្វើការវេនយប់ជាដើម។ សារធាតុនេះអាចមានក្នុងបរិមាណតិចតួចផងដែរក្នុង សាច់ បន្លែ ផ្លែឈើ និងធញ្ញជាតិមួយចំនួន។ ដោយឡែក អ្នកក៏អាចរកវាបានយ៉ាងងាយក្រោមទម្រង់ជាឱសថបំប៉នក្នុងកម្រិតពី 1ទៅ 5មក្រ។ •Herbal combination products: សារធាតុមួយចំនួនដែលមានក្នុងរុក្ខជាតិឱសថត្រូវបានទទួលស្គាល់ពីប្រសិទ្ធិភាពក្នុងការជួយឲ្យ ងងុយគេង និងរំងាប់អារម្មណ៍ និងត្រូវបានចម្រាញ់រួមគ្នាចេញជាឱសថ។ ក្នុងនោះរួមមានផលិតផលមួយចំនួនលើទីផ្សារដូចជា Alluna Sleep, Hyland's Insomnia, Nature Made Sleep Natural Sleep Aid, Rapid Sleep PM, Schiff Knock-Out, Sleep MD Tablets ជាដើម។ •​​​Antihistamine–analgesic combination products: ចំពោះប្រភេទឱសថដែលមានការរួមផ្សំរវាងសារធាតុឱសថបំបាត់ការ ឈឺចាប់ និងពពួកប្រឆាំងនឹង histamine ដែលផ្តល់នូវឥទ្ធិពលងងុយគេង។ ប៉ុន្តែ ឱសថប្រភេទនេះត្រូវបានប្រើប្រាស់តែក្នុងករណីដែល មូលហេតុនៃការគេងមិនលក់នោះទាក់ទងនឹងការឈឺចាប់ប៉ុណ្ណោះ។ ឱសថដែលមានលើទីផ្សារមានដូចជា Advil PM (ibuprofen 200 mg/diphenhydramine citrate 38mg), Tylenol PM Simply Sleep (acetaminophen 500mg/diphenyhydramine HCl 25mg) ជាដើម។ យ៉ាងណាមិញ ការប្រើប្រាស់ឱសថទាំងនេះ ក៏ត្រូវមានការប្រុងប្រយ័ត្ន និងស្ថិតក្រោមការវាយតម្លៃ និងតាមដានរបស់ឱសថការីយ៉ាងម៉ត់ចត់ ដោយឆ្លងកាត់ការសាកសួរអំពីអាការៈ និងព័ត៌មានទាក់ទងផ្សេងៗ មុននឹងសម្រេចចិត្តពីឱសថការីក្នុងការផ្តល់ឱសថដល់ពួកគាត់ ជាពិសេស ក៏មានការណែនាំអំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងប្រាប់ពីផលរំខានផ្សេងៗទាក់ទងនឹងឱសថនេះជាកំហិតផងដែរ។ ក្នុងអំឡុងពេល ប្រើប្រាស់ឱសថទាំងនេះ ត្រូវប្រុងប្រយ័ត្ននូវសកម្មភាពមួយចំនួនដូចជា ការពិសារគ្រឿងស្រវឹង ការប្រើប្រាស់យានយន្ត ការប្រើប្រាស់ឱសថដែល មានសារធាតុប្រឆាំងអាល្លែកហ្ស៊ី ឬថ្នាំផ្តាសាយមួយចំនួនដែលមានសារធាតុទាំងអស់នោះជាដើម។​ ត្រូវចងចាំម្តងទៀតថា ឱសថប្រភេទនេះ អាចប្រើប្រាស់តែក្នុងរយៈពេលមួយខ្លី​ប៉ុណ្ណោះ ដូចនេះក្នុងករណីអាការៈនៅតែមិនធូរស្រាល ឬក៏កាន់តែធ្ងន់ធ្ងរត្រូវបញ្ឈប់ការ ប្រើប្រាស់ និងទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

RETINOID គឺជាប្រភេទឱសថ ស្ថិតនៅក្នុងថ្នាក់មានសមាសធាតុគីមីជាពពួកវីតាមីន A ដែលត្រូវបានគេធ្វើឡើងក្រោមទម្រង់ជាក្រែម សម្រាប់ព្យាបាលបញ្ហានៅលើស្បែកមុខ ដូចជា មុន កន្ទួល ខ្មៅ ភាពជ្រីវជ្រួញ និងបញ្ហានានាផ្សេងទៀតដែលកើតលើផ្ទៃមុខ។ សមាសធាតុជាវីតាមីនAបាន ជួយជំរុញការផលិតកោសិកាថ្មីនៃស្បែក ដែលធ្វើឲ្យស្បែកមានសភាពទន់ និងភ្លឺរលោង។ ពពួក Retinoid ដែលគេតែងប្រើប្រាស់មានដូចជា៖ • Retinols • Tretinoin (Retin A®, Avita®, Renova®) • Adapalene (Differen®) • Tazarotene (Tazorac®) សកម្មភាពរបស់ឱសថ៖ ឱសថប្រភេទ Retinoid មានសកម្មភាពដូចជា៖ • វាជួយពន្លឿនមុខងារស្បែកឲ្យផលិតនូវកោសិកាថ្មីបានឆាប់រហ័ស ជាជាងការលូតលាស់តាមធម្មជាតិ ដោយជាទូទៅការលូតលាស់កោសិកាថ្មីទាមទាររយៈពេល ២៨ថ្ងៃ ប៉ុន្តែឱសថ Retinoid អាចកាត់បន្ថយត្រឹម ១៤ ទៅ ១៦ថ្ងៃ ប៉ុណ្ណោះក្នុងការបង្កើតកោសិកាស្បែកថ្មី។ បន្ថែមពីេនោះវាក៏ចូលរួមចំណែកជំរុញ ការផលិត កូឡាជែននិងសរសៃឈាម ដែលធ្វើឲ្យស្បែកមានសភាពតឹងណែន។ • វាក៏មានសកម្មភាពផងដែរ ក្នុងការជម្រុះកោសិកាដែលខូច ឬកន្ទួលខ្មៅដែលនៅលើផ្ទៃមុខបានឆាប់រហ័ស។ ការប្រើប្រាស់៖ ដោយសារឱសថមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃដូច្នេះគួរលាបក្រែម នៅពេលយប់ ដោយចាំរយៈពេលពី ២០ ទៅ៣០នាទីបន្ទាប់ពីលាងសម្អាតមុខរួច ហើយចៀសវាងប្រើប្រាស់ថ្នាំប៉ះពាល់ដល់ភ្នែក ឬជាលិកាដែលស្តើង។      ផលរំខានរបស់ឱសថ៖ មានផលរំខានដែលតែងកើតជាញឹកញាប់ដូចជា៖ • រលាកស្បែក • ស្បែកឡើងក្រហម • ស្បែកស្ងួត • មានប្រតិកម្មជាមួយពន្លឺថ្ងៃ។ សម្រាប់មធ្យោបាយក្នុងការចៀសវាងពីផលរំខានខាងលើ អ្នកត្រូវប្រើប្រាស់ថ្នាំដោយមានការអត់ធ្មត់ គួរលាបក្រែមក្នុងបរិមាណតិចតួច និងរង់ចាំទាល់តែស្បែកអាចទទួលយកនូវសារធាតុថ្នាំនោះទើបចាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ប្រសិនបើនៅតែមានបញ្ហាទាំងនោះ អ្នកគួរផ្អាកនូវការ ប្រើប្រាស់ថ្នាំមួយរយៈពេលសិន មុននឹងចាប់ផ្តើមសារជាថ្មី។      ការប្រុងប្រយ័ត្ន៖ • មិនត្រូវប្រើឱសថកំឡុងពេលមានផ្ទៃពោះ ឬពេលបំបៅដោះកូននោះទេ ដោយសារតែសារជាតិថ្នាំអាចជ្រាបតាមស្បែកចូលទៅក្នុងចរន្តឈាមបង្កជាហានិភ័យដល់ទារក។ បើទោះបីការបង្កបញ្ហាដល់ទារកនោះ មិនទាន់ត្រូវបានគេកំណត់ច្បាស់នៅឡើយ ក៏គួរតែមានការប្រុងប្រយ័ត្នដើម្បីជាសុវត្ថិភាព។ • កំឡុងពេលប្រើប្រាស់ ហាមប្រើប្រាស់ផលិតផលផ្សេងដែលមានសារជាតិអាចកាត់ស្បែកដោយសារវាអាចឲ្យស្បែកមុខកាន់តែមានប្រតិកម្ម និងរលាក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

  ថ្នាំអង់ទីប៊ីយ៉ូទិកដែលជាទូទៅត្រូវបានគេហៅថាថ្នាំផ្សះគឺជាថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាល និងការពារការបង្ករោគបណ្ដាលមកពីបាក់តេរី ផ្សេងៗ។  ថ្នាំផ្សះមានច្រើនប្រភេទណាស់ដែលមានសកម្មភាពខុសៗគ្នា ដោយខ្លះមានសកម្មភាពរារាំងការលូតលាស់របស់បាក់តេរី និងខ្លះ មានសកម្មភាពសម្លាប់បាក់តេរីតែម្ដង។ ដូច្នេះវាត្រូវបានគេប្រើប្រាស់អាស្រ័យទៅតាមប្រភេទជំងឺ និងប្រភេទបាក់់តេរីដែលបង្ករោគ។  ខាងក្រោមនេះនឹងរៀបរាប់អំពីអង់ទីប៊ីយ៉ូទិកមួយចំនួន ដែលត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះកុមារដើម្បីព្យាបាលជំងឺផ្សេងៗ។ 1.Amoxicillin (Clamoxyl@) Amoxicillin គឺជាអង់ទីប៊ីយ៉ូទិកពពួក Amino-penicillin ដែលស្ថិតនៅក្នុងក្រុម Betalactamin។ វាត្រូវបានគេប្រើប្រាស់ញឹកញាប់ ចំពោះកុមារ ដោយសារតែវាមានការស្រូបចូលទៅក្នុងខ្លួនបានល្អបន្ទាប់ពីលេប និងមាន spectrum of activities ធំទូលាយដែលអាច សម្លាប់បាក់តេរីបានច្រើនប្រភេទទាំង Gram-positive និង Gram-negative ព្រមទាំងមានតម្លៃសមរម្យ។ សកម្មភាពចម្បងរបស់វាគឺ ទៅរារាំងការសំយោគភ្នាសកោសិការបស់បាក់តេរី តាមរយៈការរារាំងសកម្មភាពរបស់អង់ស៊ីម transpeptidases,carboxypeptidases, endopeptidasesដែលស្ថិតនៅជញ្ជាំងខាងក្នុងនៃភ្នាសកោសិការបស់បាក់តេរី និងមាននាទីសម្រាប់សំយោគភ្នាសកោសិការបស់បាក់តេរី ធ្វើឲ្យបាក់តេរីមិនអាចរស់បាន។ ភាគច្រើនគេប្រើប្រាស់វាដើម្បីព្យាបាលការរបង្ករោគនៅត្រចៀក ច្រមុះ បំពង់ក ស្បែកផ្លូវដង្ហើម និង តម្រងនោម។ 2.Augmentin Augmentin គឺជាការរួមបញ្ចូលគ្នានៃ Amoxicillin ជាមួយនឹង Clavulanic acid ក្នុងគោលបំណងកាត់បន្ថយភាពស៊ាំរបស់បាក់តេរី ជាមួយនឹងអង់ទីប៊ីយ៉ូទិក។ Clavulanic acid មាននាទីទៅបំបិទសកម្មភាពរបស់អង់ស៊ីម  Betalatamaseដែលជាអង់ស៊ីមរបស់បាក់តេរី មួយចំនួនមាននាទីធ្វើឲ្យបាក់តេរីស៊ាំជាមួយនឹងពួក Penicillin និង Cephalosporin។ ដូច្នេះ Clavulanic acid ការពារ Amoxicilline ពីការបំបែកនៃអង់ស៊ីម Betalactamase របស់បាក់តេរី និងពង្រីក Spectrum of activities របស់ Amoxicillin ដោយអាចសម្លាប់បានទាំងបាក់តេរីណាដែលស៊ាំជាមួយនឹង Amoxicillin ។ 3.Cephalexin (pms-Opxil@) Cephalexin ស្ថិតនៅក្នុងក្រុម Cephalosporin របស់ពពួក Beta-lactaminដែរ ហើយវាមាននាទីរារាំងការសំយោគភ្នាសកោសិកា របស់បាក់តេរី តាមរយៈបំបិទការសំយោគស្រទាប់ Peptidoglycaneរបស់ភ្នាសកោសិកាបាក់តេរី។ ដោយសារវាមានរចនាសម្ព័ន្ធស្រដៀង ទៅនឹង  D-alanyl-D-alanine ដែលជា Amino acid ចុងក្រោយរបស់ស្រទាប់ Peptidoglycane ធ្វើឲ្យ  Cephalosporin អាចចូលទៅភ្ជាប់តាមលក្ខណៈមិនត្រឡប់ ជាមួយនឹងផ្នែកសកម្មរបស់ Penicillin-binding proteins ដែលជាកន្លែងដ៏សំខាន់ សម្រាប់ធ្វើការសំយោគភ្នាសកោសិកាបាក់តេរីដែលជាហេតុធ្វើឲ្យបាក់តេរីមិនអាចសំយោគភ្នាសកោសិកាបាន។ ជាទូទៅវាកបជាមួយនឹងជំងឺ ដែលបង្កដោយ Gram-positive cocci និង Gram-negative bacilli ដូចជា រលាកផ្លូវដង្ហើម សួត បំពង់ក ផ្លូវនោម និងស្បែក។ 4.Ceftriaxone (Triacef) Ceftriaxone គឺជាជំនាន់ទី៣នៃពពួក Cephalosporin របស់ក្រុម Beta-lactamin។ ដោយសារតែវាមានលក្ខណៈសម្បត្តិជាច្រើន ដូចជាមាន Spectrum of activities ធំអាចព្យាបាលជំងឺផ្សេងៗដែលកើតញឹកញាប់លើកុមារ និងមានរយៈពេលនៅក្នុងខ្លួនបានយូរ (long haft life) ព្រមទាំងងាយស្រួលប្រើប្រាស់ បូករួមទាំងមានឥទ្ធិពលដែលមិនចង់បានតិចតួច ធ្វើឲ្យ Ceftriaxone ត្រូវបានគេ ប្រើប្រាស់ជាញឹកញាប់ដើម្បីព្យាបាល និងការពារកុមារពីការបង្ករោគដោយបាក់តេរី ដូចជា ជំងឺរលាកស្រោមខួរ រលាកផ្លូវដង្ហើមផ្នែកខាងក្រោម  ការបង្ករោគនៅស្បែក និងនៅជាលិកាទន់ផ្សេងៗ។ 5.Ciprofloxacin (Beuflox@TM) Ciprofloxacin គឺជាអង់ទីប៊ីយ៉ូទិកស្ថិតក្នុងគ្រួសារ Quinolone ដែលមានសកម្មភាពធំទូលាយខ្លាំង និងជ្រៀតចូលទៅក្នុងជាលិកាបានល្អ បើធៀបទៅនឹងក្រុមអង់ទីប៊ីយ៉ូទិកដទៃទៀត។ វាអាចសម្លាប់បាក់តេរីដែលបង្កជំងឺបាន តាមរយៈការបង្អាក់សកម្មភាពរបស់អង់ស៊ីម DNA gyrase និងអង់ស៊ីម Topoisomerase ដែលជាហេតុធ្វើឲ្យបាក់តេរីទាំងនោះមិនអាចសំយោគ DNA បាន។ Ciprofloxacinមាន ប្រសិទ្ធភាពប្រឆាំងនឹងពពួកបាក់តេរី Gram-negative ដូចជា Pseudomonas aeruginosa, Acinetobacter, Campylobacter, Haemophilus, Salmonella, Shigella និងចំពោះពពួកបាក់តេរី Gram-positive ដូចជា Staphylococcus,Streptococcus និងពួកបាក់តេរីមួយចំនួនទៀតដែលស៊ាំជាមួយនឹងក្រុម Beta-lactam។ ប៉ុន្តែជាទូទៅវាមិនមានសកម្មភាពប្រឆាំងនឹងពួកបាក់តេរី anaerobes ទេ។ 6.Clarithromycin (ClaritexTM) Clarithromycin ស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទិក Macrolide ហើយវាអាចសម្លាប់បាក់តេរីបានតាមរយៈបញ្ឈប់ការសំយោគប្រូតេអ៊ីន របស់បាក់តេរីនៅដំណាក់កាលបំណកប្រែក្រម។ Clarithromycin ក៏ត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះកុមារផងដែរដោយសារតែវាអាច ជ្រាបចូលក្នុងខ្លួនបានបរិមាណច្រើនធ្វើឲ្យវាស្ថិតនៅក្នុងខ្លួនបានយូរ ដែលជួយកាត់បន្ថយចំនួនដងនៃការប្រើប្រាស់ក្នុងមួយថ្ងៃរួមទាំងមាន ឥទ្ធិពលមិនចង់បានតិចតួចនិងមាន Spectrum of activities ធំ។ វាមានប្រសិទ្ធល្អប្រឆាំងនឹងបាក់តេរី Streptococcus, Streptococcus pneumoniae, Mycoplasma pneumoniae, Bordetella pertussis, Legionella pneumophila, Chlamydia pneumoniae និង Helicobacter pylori ដែលជាបាក់តេរីបង្កជំងឺដូចជារលាកសួត រលាកត្រចៀកកណ្ដាល  និងស្បែក។ 7.Metronidazole Metronidazole គឺជាអង់ទីប៊ីយ៉ូទិកដែលត្រូវបានចំណាត់ថ្នាក់ក្នុងពពួក Nitroimidazole។ សកម្មភាពរបស់វាគឺវាទៅបញ្ឈប់ការសំយោគ អាស៊ីតនុយក្លេអ៊ិច តាមរយៈការកាត់ផ្ដាច់នូវខ្សែ DNA របស់បាក់តេរី។ គេចូលចិត្តប្រើវាដោយសារតែវាមានច្រើនទម្រង់ដូចជាទម្រង់ Suspention ដែលងាយស្រួលប្រើប្រាស់ចំពោះកុមារ និងមិនត្រឹមតែមានតួនាទីជាអង់ទីប៊ីយ៉ូទិកប៉ុននោះទេប៉ុន្តែថែមទាំងមាននាទីជា Antifungal ថែមទៀតផង ហើយភាគច្រើនគេប្រើប្រាស់វាដើម្បីព្យាបាលការបង្ករោគនៅនឹងប្រព័ន្ធរំលាយអាហារចំពោះកុមារ ដូចជា ការបង្ករោគនៅក្រពះដែលបណ្ដាលមកពីបាក់តេរី Helicobacter pylori។ 8.Trimethoprim-sulfamethoxazole(Suprim) គេប្រើប្រាស់អង់ទីប៊ីយ៉ូទិកទាំងពីរនេះបញ្ចូលគ្នាដោយសារតែវាមានប្រសិទ្ធភាពជាងការប្រើប្រាស់ដាច់ដោយឡែកពីគ្នាពីព្រោះវាបំបិទផ្លូវនៃ ការសំយោគ  Folate ទាំងស្រុង ដែលធ្វើឲ្យកើនឡើងនូវសកម្មភាពរបស់វាប្រឆាំងនឹងបាក់តេរី និងបន្ថយភាពស៊ាំរបស់បាក់តេរីជាមួយ នឹងថ្នាំ។ Sulfamethoxazole មានសកម្មភាពទៅបំបិទការសំយោគ Dihydrofolic acid តាមរយៈការទៅជំនួស Para- aminobenzoic acid (PABA) ហើយ Trimethoprim មានសកម្មភាពបញ្ឈប់ការផលិត Tetrahydrofolic acid ពី Dihydrofolic acid ដោយភ្ជាប់តាមរបៀបមិនត្រឡប់ទៅនឹងអង់ស៊ីម Dihydrofolate reductase។ ដូច្នេះ Sulfamethoxazole និង Trimethoprim ធ្វើការរារាំងទាំងពីរដំណាក់កាលបន្តបន្ទាប់គ្នា ក្នុងដំណើរការសំយោគអាស៊ីតនុយក្លេអ៊ិច និងប្រូតេអ៊ីនសំខាន់ សម្រាប់បាក់តេរី។ ភាគច្រើនគេ ប្រើប្រាស់វាដើម្បីព្យាបាលការបង្ករោគនៅនឹងផ្លូវនោម ត្រចៀកកណ្ដាល និងសួត។ ទោះបីជាថ្នាំអង់ទីប៊ីយ៉ូទិក ខាងលើត្រូវបានប្រើប្រាស់ញឹកញាប់ ចំពោះកុមារក៏ដោយប៉ុន្តែគួរគប្បីមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វាចំពោះកុមារដោយត្រូវទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិតនិងធ្វើការវិភាគ រកអត្តសញ្ញាណរបស់បាក់តេរីដែលបង្ករោគជាមុនសិន មុននឹងធ្វើការប្រើប្រាស់អង់ទីប៊ីយ៉ូទិក ព្រមទាំង គោរពនូវកម្រិតប្រើ និងរយៈពេល ប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយ និងចៀសវាងបញ្ហាស៊ាំរបស់បាក់តេរីទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយ ចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share
Top