- Jun 15, 2017 |
- 7 years ago |
- 3.2K views
ការសិក្សាបង្ហាញថា «ការទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ចេញពីគោអាចធ្វើឲ្យកុមារមានកម្ពស់ទាប»
ការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយក្នុង the American Journal of Clinical Nutrition បានរកឃើញថា «កុមារដែលទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ (Non-cow’s milk) ជារៀងរាល់ថ្ងៃ អាចមានកម្ពស់0.4សង់ទីម៉ែត្រទាបជាងកម្ពស់មធ្យម បើធៀបនឹងកម្ពស់ស្ដង់ដារបស់កុមារ»។ លោកវេជ្ជបណ្ឌិត Jonathon Maguire ជាគ្រូពេទ្យឯកទេសផ្នែកកុមារ និងជាអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ St. Michael ក្នុងទីក្រុង Toronto និង ជាអ្នកដឹកនាំការសិក្សានេះ ហើយលោក បាននិយាយថា “យើងបានរកឃើញថា កុមារដែលបានទទួលទានទឹកដោះគោដែលចម្រាញ់ពីអង្ករ គ្រាប់អាល់ម៉ុង និងសណ្ដែក គឺអាចមានកម្ពស់ទាបជាងកុមារដែលទទួលទានទឹកដោះរបស់គោ”។ វាខុសគ្នារហូតដល់ទៅកន្លះអ៊ីញ ហើយវាមិនមែនជាការខុសគ្នាបន្ដិចបន្ដួចទេចំពោះកុមារដែលមានអាយុ៣ឆ្នាំ”។ អ្វីដែលធ្វើឲ្យការរកឃើញនេះកាន់តែភ្ញាក់ផ្អើលនោះគឺ កម្រិតនៃការទាបរបស់កុមារ គឺអាស្រ័យលើបរិមាណនៃទឹកដោះគោដែលពួកគេទទួលទាន ប៉ុន្តែមិនមានន័យថា បើអ្នកមិនបានទទួលទានទឹកដោះរបស់គោ អ្នកអាចមានកម្ពស់ទាបនោះទេ តែវាមានន័យថាបើអ្នកទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ ជាមធ្យមអាចធ្វើឲ្យអ្នកមានរាងតូចបន្តិច និងទាបបន្តិច។ តើវាមានទំនាក់ទំនងនឹងការលូតលាស់កម្ពស់ពេលពេញវ័យទេ? លោកវេជ្ជបណ្ឌិតបានឆ្លើយថា វាមិនទាន់មានការបង្ហាញជាក់លាក់មួយនោះទេ។ ក្នុងនាមជាគ្រូពេទ្យឯកទេសផ្នែកកុមារ យើងគ្រាន់តែដឹងថាជាទូទៅកុមារដែលមានការលូតលាស់កម្ពស់ស្របតាមអាយុត្រឹមត្រូវក្នុងវ័យកុមារហើយនោះ ការលូតលាស់របស់ពួកគេនឹងបន្តត្រឹមត្រូវរហូតដល់ពេញវ័យ។ លោកស្រី Amy Joy Lanou ជាសាស្ត្រាចារ្យផ្នែកសុខភាពនៃសាកលវិទ្យាល័យNorth Carolina នៃទីក្រុង Asheville បាននិយាយថា ការលូតលាស់កម្ពស់និងសុខភាពរបស់កុមារមិនមែនកំណត់ដោយទឹកដោះគោតែមួយមុខទេ ហើយយើងគួរតែមើលទៅលើរបបអាហាររបស់កុមារវិញទើបត្រឹមត្រូវ ហើយការជ្រើសយកកម្ពស់មកធ្វើជាកត្តាវាស់ស្ទង់សុខភាពនេះ គឺមិនត្រឹមត្រូវទេ ព្រោះថាកុមារដែលមានកម្ពស់ខ្ពស់ និងមានមាឌធំមិនប្រាកដថាពួកគេមានសុខភាពល្អនោះទេ។ ចំណែកឯលោកស្រី Connie Weaver ដែលលោកស្រីជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅឯសាកលវិទ្យាល័យ Purdue បាននិយាយថា ការសិក្សានេះបានធ្វើការប្រៀបធៀបអំពីអត្ថប្រយោជន៍ដែលផ្ដល់ឲ្យសារពាង្គកាយយើងតាមរយៈទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិ និងទឹកដោះរបស់គោ។ យើងដឹងថាភេសជ្ជៈដែលចម្រាញ់ពីរុក្ខជាតិមួយចំនួន គឺមានប្រូតេអ៊ីនទាប ដូច្នេះការស្រូបយកកាល់ស្យូមក៏អាចមានលក្ខណៈទាបដែរ។ ការសិក្សាបានបង្ហាញថា កត្តាដែលធ្វើឲ្យមានភាពខុសគ្នាចំពោះកម្ពស់អាចបណ្ដាលមកពីទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិមិនបានទៅភ្ញោចឲ្យមានការបញេ្ចញនូវ Insulin-like Growth Factor (IGF) ដូចទឹកដោះរបស់គោទេ។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលមានកម្រិត IGFs ច្រើនអាចមានហានិភ័យខ្ពស់ទៅក្នុងជំងឺមហារីកប្រព័ន្ធបន្តពូជ។ លោកស្រីបានបន្តថា កាលដែលមាន IGF តិចអាចធ្វើឲ្យមានភាពខុសគ្នានៃកម្ពស់ ប៉ុន្តែវាអាចកាត់បន្ថយការបាក់ឆ្អឹង និងជំងឺមហារីកបាន។ ទោះបីជាយ៉ាងណាក៏ដោយលោក Maguire បាននិយាយថា ក្នុងនាមអ្នកជាមាតាបិតា និងជាអ្នកទទួលទានវា អ្នកគួរតែមានការយល់ដឹងនិងបទពិសោធន៍ខ្លះៗជុំវិញបញ្ហាទាំងនេះ ហើយអ្នកគួរជ្រើសរើសយកទឹកដោះគោដែលចម្រាញ់ចេញពីវត្ថុធាតុដើមណាដែលមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះរបស់គោដែរ ព្រោះថាមានភេសជ្ជៈជាច្រើនបានដាក់លក់នៅលើទីផ្សារ ហើយអះអាងថាមានអត្ថប្រយោជន៍ដូចទឹកដោះរបស់គោ ប៉ុន្តែធាតុពិតនោះ គឺគ្មានទេ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share