Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វគ្គសិក្សាខ្លីស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ នឹងប្រារព្ធធ្វើឡើងក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល ក្នុងបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនហេលស៍ថាម ខបភើរេសិនបានរៀបចំនូវវគ្គសិក្សាខ្លីនេះឡើងក្នុងគោលបំណងជួយដល់សិក្ខាកាមដែលជាម្ចាស់អាជីវកម្ម ឬសហគ្រិនក្នុងវិស័យគ្លីនិក មន្ទីរពេទ្យ សិស្សនិស្សិត ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាល ក្នុងការពង្រឹងគម្រោង និងប្រតិបត្តិការក្នុងដំណើរការគ្លីនិក/មន្ទីរពេទ្យរបស់ខ្លួនតាមរយៈ គម្រូអាជីវកម្ម Canvas។  ក្នុងវគ្គសិក្សានេះសិក្ខាកាមទាំងអស់នឹងស្វែងយល់កាន់តែស៊ីជម្រៅនូវអត្ថប្រយោជន៍នៃគម្រូអាជីវកម្ម Canvas ក្នុងអាជីវកម្មរបស់ខ្លួន រួមបញ្ចូលទាំងធាតុនីមួយៗដែលមានក្នុងគម្រូអាជីវកម្ម ព្រមទាំងការបង្ហាញនូវឧទាហរណ៏ផ្សេងៗពីគម្រូនេះក្នុងវិស័យសុខាភិបាល ដោយលោកបណ្ឌិត សុខ ស៊ាង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងជាសាស្ត្រាចារ្យផ្នែកសហគ្រិនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រៅពីការសិក្សាស្វែងយល់ពីគម្រូអាជីវកម្ម Canvas សិក្ខាកាមទាំងអស់ក៏បានទទួលនូវការចែករំលែកបទពិសោធន៍ពីសំណាក់វាគ្មិនកិត្តិយសរបស់យើងរួមមានលោកស្រីអនុបណ្ឌិត ប៊ូ មល្លិកា ស្ថានិកក្រុមហ៊ុនវិសារហ៊ែលឃែរគ្រុប និងវាគ្មិនផ្សេងៗទៀត លើគម្រូអាជីវកម្មផ្សេងៗគ្នា ការចាប់ផ្តើមថ្មី ឧបសគ្គដែលពួកគាត់បានជម្នះកន្លងមក រួមជាមួយនឹងទស្សនៈវិស័យរបស់ពួកគាត់លើការប្រឡូកក្នុងអាជីវកម្មគ្លីនិក/មន្ទីរពេទ្យនេះ។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់នឹងតម្រូវឲ្យធ្វើការអនុវត្តដោយផ្ទាល់ទៅលើការបង្កើតគម្រូអាជីវកម្ម Canvas របស់ខ្លួន ជាមួយនឹងការវាយតម្លៃពីសំណាក់គ្រូបង្គោលរបស់យើង។ ឆ្លៀតក្នុងពេលតែមួយ លោកអ្នកក៏អាចបង្កើតឱកាសក្នុងការបង្កើនបណ្តាញ និងទំនាក់ទំនងរវាងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដូចគ្នាដែលអាចជាដៃគូសហការ ឬអាចជាភាគហ៊ុនក្នុងអាជីវកម្មនាពេលអនាគតផងដែរ។ សម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ លោកអ្នកអាចធ្វើការជាវសំបុត្រតាមរយៈការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងតាមលេខទូរស័ព្ទ ០៧៧ ៨៨៨ ០៧៥ ឬតាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនយើងផ្ទាល់ https://www.facebook.com/healthtimepro/។ តម្លៃសំបុត្រធម្មតាគឺ ២០ដុល្លាក្នុងមួយសំបុត្រ ឬលោកអ្នកអាចជាវជាគូក្នុងតម្លៃ ៣៥ដុល្លា ឬជាវជាក្រុម៥នាក់ក្នុងតម្លៃត្រឹមតែ ៨៥ដុល្លាប៉ុណ្ណោះ។  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភ្នំពេញ — TEDxRUPP ជាព្រឹត្តិការណ៍ TEDx បែបសាកលវិទ្យាល័យដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៩ ខែមិថុនា វេលាម៉ោង ១ ដល់ម៉ោង ៥ រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវាគ្មិនចំនួន ១០រូប បានធ្វើបទបង្ហាញជុំវិញប្រធានបទរួមមួយគឺ “ជ្រែកដែនកំណត់”។ TEDxRUPP ត្រូវបានរៀបចំឡើងដោយឯករាជ្យ ដែលផ្អែកទៅលើទម្រង់ និងវិន័យរបស់ TED ដោយចូលរួមដោយវាគ្មិនកិត្តិយសជាច្រើនដែលនិយាយទៅលើប្រធានបទផ្សេងៗគ្នា។ ចំពោះព្រឹត្តិការណ៍ដំបូងនេះ មានគោលបំណងចង់បង្កើតសហគមន៍មួយសម្រាប់សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនិកជនមកពីសាកលវិទ្យាល័យផ្សេងៗ។ TEDxRUPP ផ្តោតទៅលើប្រធានបទផ្សេងៗជាច្រើនដូចជាលើវិស័យអប់រំ វិស័យសិល្បៈ វិស័យបច្ចេកវិទ្យាជាដើម។ ទោះបីជាមានគោលការណ៍ចម្រុះ និងការផ្តោតសំខាន់ផ្សេងៗគ្នាក៏ដោយ ពាក្យតំណាងរបស់ TEDxRUPP នៅតែជាជ្រែកដែនកំណត់។ យោងតាម កញ្ញា កែវ ម៉ាលីស ដែលជាអ្នករៀបចំមួយរូបបានឲ្យដឹងថា “មនុស្សគ្រប់គ្នា មិនថាជាតិសាសន៍ ឬប្រទេសអ្វីឡើយ សុទ្ធតែមានឧត្តមគតិរបស់ខ្លួន គ្រាន់តែត្រូវការការជំរុញពីក្រោយប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលប្រធានបទ "ជ្រែកដែនកំណត់" ត្រូវបានបង្កើតដើម្បីលើកកម្ពស់ការយល់ដឹង ការរួមចំណែកធ្វើការងារសង្គម ដែលអាចរួមចំណែកក្នុងការធ្វើឲ្យសង្គមខ្មែររីកចម្រើន។” បើតាមប្រសាសន៍លោក ជា សុខហ៊ី ជានាយកនៃ TEDxRUPP បានឲ្យដឹងថាមូលហេតុដែល RUPP ត្រូវបានជ្រើសរើសដើម្បីចាប់ផ្តើមសហគមន៍មួយនេះ គឺដោយសារអ្នករៀបចំជឿជាក់ថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ និងមានកិត្យានុភាពបំផុតមួយក្នុងប្រទេសកម្ពុជា ហើយមានធនធាន និងសក្តានុពលជាច្រើនដែលមិនទាន់បានប្រើប្រាស់ដើម្បីជួយកសាង និងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយឯករាជ្យ និងស័្មគ្រចិត្តដោយយុវជនមួយក្រុម ដែលដំណើរការក្រោមអាជ្ញាប័ណ្ណពី TED ហើយមានគោលបំណងបង្កើតការសន្ទនាផ្សេងៗ ក៏ដូចជាផ្តល់នូវវេទិកាមួយដើម្បីចែករំលែកគំនិត និងបទពិសោធន៍សម្រាប់ជនគ្រប់គ្នា ជាពិសេសគឺយុវជនខ្មែរ។ ព្រឹត្តិការណ៍នេះបានចូលរួមគាំទ្រ និងឧបត្ថម្ភធំ ពី ធនាគារ PPCBank, វិទ្យាស្ថាន CamEd, ក្រុមហ៊ុនធានារ៉ាប់រង Prudential, ក្រុមហ៊ុន PARAS, និងក្រុមហ៊ុន Customy។ វាគ្មិនកិត្តិយស និងប្រធានបទទាំងដប់រួមមាន៖  • បិន ដាវីស — អ្នកអភិរក្សធម្មជាតិ និងស្ថាបនិក នៃ អង្គការផ្សងព្រេង ប៊ីទ្រីត • Catherine V. HARRY — អ្នកនិពន្ធ និងអ្នកថតវ្លុក នៃ A Dose of Cath • ឆេង សុភ័ក្រ្ត — អ្នកថតរូប និងអ្នកបង្កើតវីដេអូ នៃ រៀនថត • ឌី ម៉ាលីណែត — អ្នកគ្រប់គ្រងកម្មវិធី នៃ Oppo Cambodia • កែវ ឡង់ឌី — សហស្ថាបនិក នៃ ក្រុមហ៊ុនបេប៊ីអោតឡេត និង ស្រមោច  • គូ សុភាព — សាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យបញ្ញាសាស្រ្ត • អ៊ុង សុឆិកា — ប្រធានផ្នែកលក់ នៃ សុវណ្ណាភូមិ ឡាយហ្វ៍ • សិទ្ធី រត្នដារាវុធ — គ្រូបង្រៀន នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ • ថៃ វ៉ាន់ថា — អ្នកថតរូប និងអ្នកបណ្តុះបណ្តាលផ្នែកទ្រឹស្តី នៃ Inspired.Cambodia • ហ៊ីងភិត វង្សរដ្ឋាយុទ្ធ — អ្នកអប់រំ អំពី TEDx, x (ព្រឹត្តិការណ៍រៀបចំដោយឯករាជ្យ) ក្នុងស្មារតីនៃគំនិតដែលគួរតែចែករំលែក TEDx គឺជាកម្មវិធីនៃព្រឹត្តិការណ៍រៀបចំដោយខ្លួនឯង ដែលនាំឲ្យមនុស្សរួបរួមគ្នាដើម្បីចែករំលែកបទពិសោធន៏ដូចគ្នានឹងTEDដែរ ។ នៅក្នុងព្រឹត្តិការណ៍ TEDx វីដេអូ TED Talks និងវាគ្មិនដែលនិយាយផ្ទាល់បានរួមគ្នាដើម្បីបង្កើតឲ្យមានការពិភាក្សា និងការទាក់ទងគ្នាយ៉ាងស៊ីជម្រៅ។ ព្រឹត្តិការណ៍ក្នុងតំបន់ដែលរៀបចំដោយខ្លួនឯងនេះត្រូវបានដាក់ឈ្មោះថា TEDx ដែល x = ការរៀបចំព្រឹត្តិការណ៍ TED ដោយឯករាជ្យ។ សន្និសីទ TED ផ្តល់ការណែនាំទូទៅសម្រាប់កម្មវិធី TEDx ប៉ុន្តែព្រឹត្តិការណ៍ TEDx នីមួយៗត្រូវបានរៀបចំដោយខ្លួនឯង។ (ដោយយោងទៅតាមច្បាប់និងបទបញ្ញត្តិមួយចំនួន។ ) អំពី TED TED គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតទៅលើការចែកចាយគំនិតក្នុងទម្រង់កិច្ចសន្ទនាខ្លី (18 នាទីឬតិចជាងនេះ) ដែលផ្តល់ដោយអ្នកគិតនិងអ្នកដឹកនាំឈានមុខនាពេលបច្ចុប្បន្ននេះ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើងនៅសន្និសីទប្រចាំឆ្នាំរបស់ TED នៅ Vancouver, British Columbia ហើយអាចរកបានដោយឥតគិតថ្លៃនៅលើ TED.com ។ វាគ្មិន TED រួមមានលោក Bill Gates, Jane Goodall, Elizabeth Gilbert, Sir Richard Branson, Nandan Nilekani, Philippe Starck, Ngozi Okonjo-Iweala, Sal Khan និង Daniel Kahneman។

Share

ក្រសួងសុខាភិបាលមានកត្តិយសសូមជម្រាបជូនលោក-លោកស្រីវេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ASEAN POST-MARKETING ALERT SYSTEM ដែលរាយការណ៍ដោយ Health Sciences Authority របស់សាធារណរដ្ឋសិង្ហបុរី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងរាយការណ៍ដោយ Food and Drug Administration របស់ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានតម្រូវឲ្យប្រមូលពីទីផ្សារវិញនូវឱសថព្យាបាលជំងឺលើសសម្ពាធឈាមឈ្មោះ Losartan មានផ្ទុកសារជាតិគីមី Nitrosamine Impurity (N-Nitroso-N-methyl-4-am-inobutyric acid “NMBA”) លើសកម្រិតស្តង់ដារដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។ ឱសថ Losartan ដែលតម្រូវឲ្យប្រមូលពីទីផ្សារវិញនៅសាធារណរដ្ឋសិង្ហបុរី និងព្រះរាជាណាចក្រថៃមានដូចខាងក្រោម៖ ១. HYPERTEN Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស MACLEODS Pharmaceuticals Ltd., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ២. Losagen Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស HETERO LABS LIMITED, India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ៣. LOSARTAS  Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស INTAS PHARMACETICALS LTD., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា ៤. LANZAAR Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស Berlin Pharmaceutical Industry Co., Ltd., Thailand គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយពិនិត្យឃើញថាក្នុងចំណោមឱសថ Losartan ទាំងអស់ដែលផលិតដោយគ្រឹះស្ថានផលិតផលឱសថទាំងបួនខាងលើនេះពុំមានចុះបញ្ជិកានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះមានចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៩ នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅ ដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាល អំពីព័ត៌មានស្តីពីការជ្រើសរើសមន្ត្រីរាជការចំនួន ១៣០០នាក់ដើម្បីដាក់ឲ្យចូលបម្រើការតាមអង្គភាពនានានៃក្របខណ្ឌសុខាភិបាល។ ការប្រឡងប្រជែង នឹងត្រូវធ្វើឡើងរយៈពេល ២ម៉ោងដោយមានវិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ដាក់ពាក់ចូលប្រឡងឲ្យបានមុនថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សេចក្តីជូនដំណឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខ ដែលមានឈ្មោះដូចខាងក្រោម៖ ១-WeightUp៖ បាយបាន សម្រានលក់ឡើងគីឡូ ២-Gaint Plus៖ វីតាមីនជំនួយឲ្យធាត់ឡើងគីឡូ ៣-Osteo Plus៖ វីតាមីនជំនួយឆ្អឹងពន្លូតកម្ពស់ ៤-Garcinia Cambogia៖ វីតាមីនសម្រកទម្ងន់ ៥-Anti Ulcere៖ ថ្នាំព្យាបាលរោគក្រពះពោះវៀន ៦-TEA NATURAL៖ តែធម្មជាតិសម្រកទម្ងន់ ៧-Milk Thistle Extract៖ វីតាមីនជំនួយសុខភាពថ្លើម។ ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខខាងលើនេះ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតនាំចូល និងផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ឱសថ និងឱសថបំប៉នសុខភាពខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយឱសថ និងឱសថបំប៉នសុខភាពខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០,០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៧គឺ ១-បុរសខ្លាំងពិត ២-កន្និដ្ឋា លក់ផលិតផល មកពីបារាំង ៣-Resistance បុរសខ្លាំង ៤-សុខភាពរបស់បុរស ៥-ស្តេច ថ្នាំជំនួយសុខភាព ៦-បុរសខ្លាំង ៧-Sovavann healthy shops បានកំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ១ កំប៉ុងមាន ៩០គ្រាប់ ផលិតផលប្រទេសបារាំង គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព  និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់ប្រជាពលរដ្ឋកុំជឿការឃោសនាភូតកុហកបោកប្រាស់ និងឈប់ឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ដែលផ្សព្វផ្សាយតាមគណនីទាំងអស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីមួយចំនួនខាងលើដែលនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ខុសច្បាប់ខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រៅពីសេរីភាព  និងសិទ្ធិនៃការទទួលបានសេវាថែទាំព្យាបាល អតិថិជនក៏មានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងការអប់រំសុខភាពដោយស្មើភាពមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។ តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? អតិថិជនមានសិទ្ធិទទួលព័ត៌មានអំពី៖ • ម៉ោងពេលធ្វើការចរាចរអតិថិជន • តម្លៃសេវា របៀបរបបនៃការបង់ថ្លៃ • ការលើកលែងបង់ថ្លៃ។ - មានសិទ្ធិទទួលព័ត៌មានអំពី៖ • ស្ថានភាពសុខភាព • រោគវិនិច្ឆ័យសភាពជំងឺ ការវិវឌ្ឍនៃការព្យាបាល និងតើត្រូវធ្វើអ្វីខ្លះនៅពេលមានអាសន្ន • វិធានការនានាព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិ។ - អតិថិជនមានសិទិ្ធជ្រើសរើសអ្នកតំណាងរបស់ ពួកគេក្នុងការទទួលព័ត៌មាន - អតិថិជនត្រូវមានលទ្ធភាពទទួលបាននូវមតិយោបល់ និងព័ត៌មានបន្ថែម - នៅពេលចូលមកសម្រាកនៅមូលដ្ឋានសុខាភិបាលអតិថិជនគប្បីដឹងអំពី៖ • អត្តសញ្ញាណ ស្ថានភាពអាជីពរបស់អ្នកផ្តល់សេវា • ច្បាប់ បទបញ្ជានានា និងការថែទាំព្យាបាល។ - អតិថិជនមានសិទ្ធិក្នុង៖ • ការស្នើសុំនូវឯកសារសង្ខេបអំពីរោគវិនិច្ឆ័យ ការថែទាំព្យាបាល និងលទ្ធផលនៃការវិភាគអមវេជ្ជសាស្រ្ត (ឧ.តើហ្វីលអាចផ្តល់ឲ្យបាន ឬអត់? ឧ.អំពីគ្រោះថ្នាក់ចរាចរណ៍ តើអាចប្រឈមមុខក្នុងការប្ដឹងផ្ដល់ ឬជួនកាលគេសុំក្នុងលក្ខណៈ ធម្មតាតែគេយកទៅប្តឹង) • ការទទួលបាននូវការអប់រំសុខភាព (ការកាពារ និងការលើកកម្ពស់សុខភាព)។ តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលត្រូវ៖ • ផ្តល់ព័ត៌មានអំពីសេវាថែទាំព្យាបាល ពេលម៉ោងធ្វើការ និងតារាងតម្លៃសេវាឲ្យឃើញជាសាធារណៈ • អនុវត្តប្រព័ន្ធបង់ថ្លៃដែលមានតម្លាភាព ស្របតាមបញ្ញត្តិហិរញ្ញប្បទានសុខាភិបាល។ - អ្នកផ្តល់សេវាសុខភាពត្រូវប្រាកដថា រាល់អតិថិជនទាំងអស់ដែលចូលមកសម្រាកពេទ្យ ត្រូវដឹងអំពី៖ • បុគ្គលិកពេទ្យដែលមើលថែទាំ • តើត្រូវធ្វើដូចម្តេចនៅពេលមានអាសន្ន • ការប្រើប្រាស់ បង្គន់ ទឹក ភ្លើង និងការហូបចុក • បទបញ្ជា និងសារាចរនានា របៀបនៃការបង់ថ្លៃ។ - អ្នកផ្តល់សេវាសុខភាពត្រូវធានាថា រាល់អតិថិជនទាំងអស់មុនចាកចេញពីមូលដ្ឋានសុខាភិបាលបានដឹងអំពី៖ • ស្ថានភាពសុខភាព វិធានការព្យាបាល និងការពារ • ត្រូវធ្វើដូចម្តេចនៅពេលដែលជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើពាក្យសាមញ្ញ ងាយស្រួលយល់ និងស្តាប់ • ផ្តល់ឱកាសដល់អតិថិជន ក្នុងការបញ្ជាក់បំភ្លឺនូវបញ្ហាអ្វីមួយដែលគេចង់ដឹង • មានអ្នកបកប្រែភាសា។ - អ្នកផ្តល់សេវាសុខភាពត្រូវ៖ • ប្រើប្រាស់គ្រប់ឱកាសទាំងអស់ក្នុងការបញ្ជូនព័ត៌មានសុខភាព • ធានាថារាល់សម្ភារសម្រាប់អប់រំសុខភាព ធ្វើ  យ៉ាងណាចែកចាយឲ្យបានដល់ដៃអតិថិជនគ្រប់រូប។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? - ការទទួលខុសត្រូវមាន៖ • អតិថិជនមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តនូវរាល់វិធានការការពារ និងលើកកម្ពស់សុខភាពដែលបានផ្តល់ដោយអ្នកផ្តល់សេវាសុខភាព • អតិថិជន ឬអ្នកតំណាងទទួលខុសត្រូវក្នុងការសាកសួរទៅអ្នកផ្តល់សេវាសុខភាពដើម្បីបញ្ជាក់បំភ្លឺឲ្យបានយល់ច្បាស់នូវការណែនាំ ឬព័ត៌មានផ្សេងៗ។ បកស្រាយដោយ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៥ គឺ ១-នីតា ២-សន្លាក់ និងសរសៃ ៣-ស្តេចថ្នាំសរសៃ ខ្មែរសុរិន្ទ ៤-Ameerah Online Shop 016 322 551/089 966 695 ៥-ថ្នាំខ្មែរសូរន្ទរ៍ បានកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបុរាណឈ្មោះឱសថខ្មែរសុរិន្ទជាច្រើនប្រភេទផលិតនៅប្រទេសថៃ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព គ្មានការអនុញ្ញាត និងផ្សព្វផ្សាយដោយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ព្យាបាលសរសៃ និងសន្លាក់រុំារ៉ៃ ដើរមិនរួចយូរឆ្នាំ ពូកែលេខមួយឈឺចង្កេះ ឈឺជង្គង់ ឈឺខ្នង ឈឺស្មា ឈឺក្រញាំដៃឈឺសាច់ដុំ កប់សរសៃ រមួលក្រពើ ចុក ហើមអាការៈជិតស្លាប់មួយចំហៀងខ្លួន។ល។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ ឬចែកចាយផលិតផលឱសថបុរាណខាងលើ បើមិនដូច្នោះក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបានជួបប្រទះឃើញជនណាកំពុងលក់ចែកចាយ ផលិតផលឱសថបុរាណខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយបានពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ១0 ឈ្មោះ ១-សុធារ៉ា ២- CamboHealth ៣-VT Store-CAMBODIA ៤-Van Thou ៥-Ah Mey ៦-Briya Store ៧-NA RA ៨-NARA SKIN CATE Battambong ៩-Sann Thearith ១០-Health Product Online, Com បានកំពុងផ្សព្វផ្សាយលក់ឱសថបំប៉នសុខភាពឈ្មោះ GlutaQ10 ផលិតនៅប្រទេសកូរ៉េ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាល ហើយថែមទាំងផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ធ្វើឲ្យស្បែកសបែបធម្មជាតិ បំបាត់ស្នាមអុជខ្មៅ ផ្តល់សំណើមឲ្យស្បែកភ្លឺរលោង ជួយឲ្យ Collagen មានភាពរឹងមាំ បន្តឹងស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថបំប៉នសុខភាពឈ្មោះ GlutaQ10 ហើយក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះគណនីទាំងអស់ខាងលើទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

រាជធានីភ្នំពេញ ថ្ងៃទី ១៥  ខែមីនា ឆ្នាំ២០១៩ មានសនិ្នសីទសារព័ត៌មានស្តីពីការបើកដាក់ឲ្យដំណើរការមន្ទីរពេទ្យសម្រាកព្យាបាល អុិនដ្រា។ ដោយមើលឃើញនូវការវិវត្តន៍ដ៏លេចធ្លោក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលធានាឲ្យមាន សុខសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេសបានធ្វើឲ្យវិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង តាមរយៈការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះផងដែរក៏មានការសហការចាប់ដៃគូគ្នារវាងគ្លីនិក យីគក់ នៅខេត្តបាត់ដំបង គ្លីនិក សេតេ នៅខេត្តព្រះសីហនុ និងវេជ្ជបណ្ឌិតឯកទេស ចាន់ ប៊ុនថា ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅភ្នំពេញបានបង្កើតជាមន្ទីរសម្រាកព្យាបាល អុិនដ្រា ឡើងដើម្បីជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ។  ក្នុងនោះផងដែរ សន្និសីទសារព័ត៌មានរយៈពេលកន្លះថ្ងៃនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងភ្ញៀវកិត្តិយសប្រមាណជា ៦០នាក់។ ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា បានមានប្រសាសន៍ថា« ការបើកដាក់ដំណើរការមន្ទីរសម្រាកព្យាបាល អុិនដ្រា នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីចង់បង្ហាញអំពីការផ្តល់នូវសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺទូទៅ ហើយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការផ្តល់សេវាកម្មប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈដែលឈរលើទស្សនវិស័យពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាល ការផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការទទួលបានសេវាកម្មដ៏ល្អប្រសើរ ជាពិសេសកាត់បន្ថយការធ្វើដំណើរចេញទៅព្យាបាលនៅក្រៅប្រទេស។ បន្ថែមលើនេះមន្ទីរសម្រាកព្យាបាល អុិនដ្រា យើងខ្ញុំក៏មានឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យដូចជា ម៉ាស៊ីនវះកាត់ទំនើបចុងក្រោយដោយការចោះ (Laparoscopic) ម៉ាស៊ីនស៊ីធីស្កែន (CT-Scan) ម៉ាស៊ីនបាញ់ក្រួសតម្រងនោម (Laser Lithotripsy) ម៉ាស៊ីនអ៊ុលដ្រាសោន (Ultrasound) ម៉ាស៊ីនអ៊ិចរ៉េ (X-ray) ដែលកាន់តែមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ។ ជាមួយគ្នានេះដែរ មន្ទីរសម្រាកព្យាបាល អុិនដ្រា ក៏មានការពិនិត្យ និងវះកាត់ជំងឺក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កុប វះកាត់ទូទៅ វះកាត់ខួរក្បាល វះកាត់ឆ្អឹងកងខ្នង បំបែកក្រួសក្នុងតម្រងនោមដោយកាំរស្មីឡាស៊ែរសេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង ព្យាបាលជំងឺទូទៅ ជំនាញកូនក្មេង និងរោគស្រ្តី។ ដោយឡែក លោកវេជ្ជបណ្ឌិត យី គក់ បានមានចំណាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មានថា« ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមបើកដាក់ឲ្យដំណើរការ មន្ទីរសម្រាកព្យាបាល អុិនដ្រា ដែលមានសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការរួមលើកកម្ពស់វិស័យសុខាភិបាល និងពង្រឹងការផ្តល់សេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីនេះ គ្លីនិក ក៏ខិតខំពង្រឹងគុណភាព ការផ្តល់នូវសេវាកម្មក៏ដូចជាជំនាញផ្នែកវេជ្ជសាស្រ្តនេះកាន់តែរឹងមាំបន្ថែមទៀត ក្នុងការផ្តល់នូវទំនុកចិត្តជូនប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយចំណាយ និងសន្សំពេលវេលាដោយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសឡើយ លើសពីនេះ ដោយឃើញថាប្រទេសកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងអត្រា ៧,៥ភាគរយ ក្នុងនោះជីវភាពរបស់ប្រជាជនកាន់តែធូរធារ និងមានកម្រិតរស់នៅកាន់តែខ្ពស់ផងដែរនោះបានធ្វើឲ្យតម្រូវការផ្នែកវិស័យសុខាភិបាលសាធារណៈក៏កាន់តែមានការកើនឡើងខ្ពស់ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា ការបើកមន្ទីរសម្រាកព្យាបាល អុិនដ្រា ក៏ជាការផ្តល់ឱកាសក្នុងការប្រកួតប្រជែងលើការផ្តល់សេវាកម្មផ្នែកសុខាភិបាលជូនអតិថិជន ព្រមទាំងរួមចំណែកជួយពង្រឹង និងលើកកម្ពស់ដល់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានគុណភាពខ្ពស់ និងមានស្តង់ដារស្របតាមប្រទេសក្នុងតំបន់ និងអន្តរជាតិ ជាពិសេសវេជ្ជបណ្ឌិតជំនាញៗ រួមទាំងឧបករណ៍ និងម៉ាស៊ីនវះកាត់ទំនើបៗ។

Share

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន (HEALTHTIME CORPORATION) បានរៀបចំកម្មវិធីសម្ពោធ សៀវភៅ មគ្គុទេ្ទសក៍ជំងឺ ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Coxil, Fix DERMA, CYSTONE, LIV.52 DS, SNACKING COFFEE and Catering  និងមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ដែលប្រារព្ធរៀបចំឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក។  កម្មវិធីសម្ពោធជាផ្លូវការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗបីគឺ៖ ១-ដើម្បីដាក់សម្ពោធជាផ្លូវការនូវសៀវភៅមគ្គុទេ្ទសក៍ជំងឺរបស់ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ដើម្បីយកថវិកានៃការលក់សៀវភៅ ១០ភាគរយបង្កើតកម្មវិធីសប្បុរធម៌ ២-ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្រ្តាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឹឡើង ៣-ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅដល់សាធារណជន។ កម្មវិធីទាំងមូលក៏ទទួលបានកិត្តិយស ចូលរួមពីសំណាក់ លោក លោកស្រី សាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនដៃគូសហការ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល    ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុក ពីសំណាក់បងប្អូនសិស្សានុសិស្សសុខាភិបាល និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលប្រមាណជិត ២០០នាក់ផងដែរ។ ជាក់ស្តែង មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្តុំទៅដោយជំងឺជិត១០០ប្រភេទដែលមាន ការបកស្រាយ យ៉ាងក្បោះក្បាយ ពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្តោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នានោះផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលមានការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញ លើបញ្ហាសុខភាពរបស់អ្នកជំងឺផ្ទាល់ផងដែរ។ ដោយឡែក ចំណុចសំខាន់ដែលគួរឲ្យចាប់អារម្មណ៍នោះសម្រាប់ការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺនេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់សាធារណជនក៏ដូចជា អ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើតចំណេះដឹង និងលើកកម្ពស់ ការអប់រំផ្នែកសុខាភិបាល ក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីជាផ្នែកមួយជំរុញដល់ ការបន្ត បោះពុម្ពផ្សាយ ជាភាសាខ្មែរថែមទៀតផងដែរ។ នាឱកាសនេះសម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅមគ្គុទេ្ទសក៍ជំងឺ នេះក៏មានការថ្លែងសន្ទរកថា ស្វាគមន៍ពីសំណាក់នាយកប្រតិបត្តិ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ក៏ដូចជាការបង្ហាញចំណាប់អារម្មណ៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលបានចូលរួមចែករំលែកអត្ថបទ ក្នុងសៀវភៅមគ្គុទេ្ទសក៍ជំងឺ ។ មិនតែប៉ុណ្ណោះក្នុងវិធីនេះផងដែរ ក៏មានការបង្ហាញចំណាប់អារម្មណ៍ពី កញ្ញា វួន បញ្ញា ប្រធានគម្រោងនៃ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ព្រមទាំងបញ្ចប់ទៅជាមួយនឹង ការចូលរួមនៅក្នុង វេទិកាសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ក៏ដូចជាការសម្ដែងរឿងខ្លី ពីក្រុមនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ ជាការបូកសរុប យើងឃើញថាកម្មវិធីប្រព្រឹត្តដោយជោគជ័យ នឹងប្រកបដោយ លទ្ធផលដ៏ល្អគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខបភើរេសិន ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ ពីសេវាកម្មសុខភាព សម្រាប់ជាតម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ សម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្តើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាត ដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុនទៀត ដែលជាគួរទុកចិត្តបំផុត។     សម្រាប់ព៌ត័មានបន្ថែម និងទំនាក់ទំនងជាវសៀវភៅ៖ ០៧៧ ៨៨៨ ០៧៥     ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                                                                 

Share

ជាមួយវត្តមានត្រឹមតែ ៣ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ កំពុងបន្តបេសកកម្មផ្តល់ជូនសេវាកម្មផ្នែកសុខាភិបាលដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោម និងកំពុងត្រូវបានគេទទួលស្គាល់ពីគុណភាព ប្រសិទ្ធភាព និងជាទំនុកចិត្តទៅតាមស្តង់ដារបស់ប្រទេសជប៉ុនសម្រាប់អ្នកជំងឺទាំងអស់។ ខ្លះៗអំពីជប៉ុន ឡាយហ្វ៍ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ជាមន្ទីរសម្រាកព្យាបាលបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការសម្រេចចិត្តដែលទទួលបានពីបទពិសោធន៍កើតមានឡើងចំពោះអ្នកម្តាយផ្ទាល់របស់ អគ្គនាយិកា ខេង  កណ្ណិការ ដែលអ្នកម្តាយរបស់ លោកជំទាវត្រូវតម្រូវឲ្យធ្វើការលាងឈាម ដោយសារតែជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៥ តាំងពីឆ្នាំ ២០០២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញនៅមន្ទីរពេទ្យកាលម៉ែត និងមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម។ ជាមួយប្រវត្តិដែលកើតឡើងចំពោះក្រុមគ្រួសារនេះហើយ ទើបលោកជំទាវ ចាប់ផ្តើមស្វែងរកដៃគូសហការក្នុងការជួយជីវិតរបស់អ្នកម្តាយផ្ទាល់ និងប្រជាជនផ្សេងទៀត។ ចំណែកការសម្រេចចិត្តក្នុងការដាក់ឈ្មោះថា ជប៉ុន ឡាយហ្វ៍ គឺក្នុងគោលបំណងចង់បង្ហាញពីទំនាក់ទំនង និងជាតំណាងសម្រាប់ដៃគូជប៉ុន ម៉្យាងទៀតពាក្យថាឡាយហ្វ៍សំដៅលើជីវិតដែលមានភាពអស្ចារ្យលើសពីជីវិតធម្មតា ជាមួយនឹងក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ ដើម្បីទទួលបានគុណភាពនៃជីវិត និងជីវភាពធូរធារដូចទៅនឹងប្រជាជនជប៉ុនដែលមានភាពល្បីល្បាញខាងផ្នែកសុខភាព។ ក្រៅពីការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជប៉ុន មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ក៏មានការចូលរួមពីភាគីផ្សេងទៀតដូចជា សិង្ហបុរី ចិន ថៃ និងភូមា ដែលមានចំណែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពហុព្យាបាល បន្ថែមពីនោះដៃគូទាំងអស់ក៏ជាប្រភពមិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលគុណភាពធនធានមនុស្ស នៅក្នុងមន្ទីរពហុព្យាបាលទៅតាមជំនាញ និងមុខងារតួនាទីនីមួយៗឲ្យបានច្បាស់លាស់ ព្រមទាំងផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណ:សំខាន់ៗដូចជា ត្រូវរួសរាយរាក់ទាក់ មានភាពអត់ធ្មត់ យកចិត្តទុកដាក់ទៅលើអ្នកជំងឺ  គ្រូពេទ្យមានជំនាញច្បាស់លាស់  និងមានឯកទេសពិតប្រាកដ រួមគ្នាថែរក្សាសុខភាព និងរក្សាការសម្ងាត់ និងឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ។ ចក្ខុវិស័យចម្បង ចក្ខុវិស័យរបស់មន្ទីរពហុព្យាបាល គឺចង់ឃើញអ្នកជំងឺនៅប្រទេសកម្ពុជាមានសុខភាពល្អដូចអ្នកជំងឺនៅប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើសេវាកម្មលាងឈាម និងធានាឲ្យបាននូវលទ្ធភាពការងាររបស់អ្នកជំងឺដូចទៅនឹងប្រជាជនទូទៅ។ បន្ថែមពីនោះ មន្ទីរពហុព្យាបាលគឺមានកាតព្វកិច្ចរក្សាឲ្យបាននូវស្តង់ដា ទៅតាមប្រទេសជប៉ុនឲ្យបាន ១០០ភាគរយ ដោយអនុវត្តជាបុគ្គលគឺ អ្នកជំងឺម្នាក់ត្រូវបានទទួលសេវាកម្ម ដោយប្រើប្រាស់ម៉ាស៊ីនមួយ គ្រែមួយ សម្លៀកបំពាក់មួយឈុត កម្រាលពូកខ្នើយមួយឈុត ទូដាក់ស្បែក ជើងមួយ និងទូសម្លៀកបំពាក់មួយ រួមទាំងគិលានុបដ្ឋាកថែទាំដាច់ដោយឡែករៀងៗខ្លួន។ ចំណែកសម្ភារប្រើប្រាស់ និងម៉ាស៊ីនត្រូវបាននាំចូលមកពីប្រទេសជប៉ុន ដោយផ្ទាល់រួមមាន ម៉ាស៊ីនលាងឈាមថ្មីទំនើប និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ឆ្នាំ២០១៨ រួមមានម៉ាក JMS  Blood Line, JMS AVF, JMS Truss, JMS Hemo set, Original Solution. A & B Original, Dialyzer High Flux JMS។ ក្រៅពីផ្តល់សេវាព្យាបាលដ៏មានទំនុកចិត្ត មន្ទីរពហុព្យាបាល ក៏មានការជួយពីសម្បុរសធម៌ប្រទេសជប៉ុន និងជំនួយឧបត្ថម្ភពីដៃគូជប៉ុន ក្នុងគោលដៅជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។ អំពីសេវាកម្ម មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍   រួមមានសេវាកម្មដូចជា៖    ១. ពិគ្រោះជំងឺទូទៅ  ២. ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ  ៣. ឱសថស្ថាន                                              ៤. ពិនិត្យអេកូសាស្រ្ត        ៥. មន្ទីរពិសោធន៍    ៦. សង្គ្រោះបន្ទាន់    ៧. វះកាត់    ៨. លាងឈាម    ៩. សម្រាកព្យាបាល។     ដើម្បីធានាបាននូវគុណភាពរបស់  មន្ទីរពហុព្យាបាលអ្នកគ្រប់គ្រងនិងបុគ្គលគ្រប់ស្រទាប់ថ្នាក់នឹងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ សាមគ្គីភាពផ្ទៃក្នុងគោរពវិន័យ និងពង្រឹងសមត្ថភាព”។ ការសម្រេចបាននូវសមិទ្ធិផល ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ និងក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ក៏ដូចជាអភិវឌ្ឍមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានតម្លើងនូវសម្ភារដែលរួមមាន គ្រែអ្នកជំងឺចំនួន ២០ និងម៉ាស៊ីនលាងឈាមចំនួន ១០ រួមទាំងការបន្ថែមបុគ្គលិកសរុប ៤០នាក់។ ថ្មីៗនេះ មន្ទីរពហុព្យាបាលក៏បាននាំចូលម៉ាស៊ីនវិភាគរាងកាយដើម្បីការពារ និងរក្សាសុខភាពផងដែរ។ នៅពីក្រោយភាពជោគជ័យ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  ក៏បានជួបផលវិបាកមួយចំនួន  ដូចជា ការពង្រឹងស្តង់ដាគុណភាព  ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំណែនាំអ្នកជំងឺឲ្យទទួលយកស្តង់ដាដែលថ្មី ។   ការរំពឹងទុកនាពេលអនាគត ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅតែជាចក្ខុវិស័យដ៏ចម្បងក្នុងការបន្តដំណើរការរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ បន្ថែមពីនោះដើម្បីបំពេញតម្រូវការឲ្យបានកាន់តែសម្បូរបែបយើងនឹងបំពាក់ឧបករណ៍ទំនើបទាន់សម័យសម្រាប់ប្រើប្រាស់ និងខិតខំស្វែងរកដៃគូជំនួយផ្សេងទៀតដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងការទទួលបានការព្យាបាល និងសេវាកម្មថែទាំសុខភាព។ គ្រប់ដំណើរការទាំងអស់របស់ មន្ទីរពហុព្យាបាល យើងក៏មិនអាចភ្លេចបានពីការគាំទ្រទាំងគ្រប់ផ្នែក និងសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម និងមន្ទីរពេទ្យកាល់ម៉ែតព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារ។ ម៉្យាងទៀតការថែរក្សាសុខភាព តាមរយៈការហូបចំណីអាហារ ភេសជ្ជៈដែលមានអនាម័យ និងប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗគួរអនុវត្តឡើងដើម្បីធានាបានសុខភាពល្អ និងសុភមង្គល។ បកស្រាយដោយ៖ អគ្គនាយិកា ខេង  កណ្ណិការ ប្រចាំមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  និងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top