-
Jun 08, 2017
|
-
7 years ago
|
-
4.1K views
ការសម្លាប់មេរោគ គឺជាដំណើរការទាំងរូបសាស្រ្តនិងគីមី ដែលធ្វើឡើងដើម្បីសម្លាប់រាល់មេរោគមានជីវិតទាំងអស់(យោងតាម MIMS-PLAYFAIR)។ហើយតាមអង្គការសុខភាពពិភពលោកការគ្រប់គ្រងមេរោគមានគោលដៅការពារអ្នកដែលនឹងអាចឆ្លងមេរោគទាំងនៅក្នុងសហគមន៍និងនៅមជ្ឈមណ្ឌលសុខភាពនិងច្បាប់ចម្បងនៃការគ្រប់គ្រងមេរោគគឺ អនាម័យ។ដូច្នេះការកម្ចាត់និងសម្លាប់មេរោគពិតជាសំខាន់សម្រាប់និស្សិតទន្តសាស្រ្តទន្តពេទ្យទាំងអស់ដើម្បីយល់ដឹងនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនសម្រាប់ការព្យាបាលប្រចាំថ្ងៃ។
៦ជំហានខាងក្រោមនេះនឹងជួយការពារអ្នកជំងឺ បុគ្គលិកនិងខ្លួនអ្នកផ្ទាល់ពីការឆ្លងមេរោគ៖
◊ ការពារមុនពេលព្យាបាល៖ អ្វីដែលបុគ្គលទាំងអស់គួរតែធ្វើមុនពេលអនុវត្តនូវរាល់ការងារទាំងអស់
• ចាក់វ៉ាក់សាំងប្រឆាំងនឹង ថ្លើមប្រភេទ B
• សាកសួរពីប្រវត្តិជំងឺទូទៅរបស់អ្នកជំងឺ ថាតើពួកគាត់មានជំងឺដែលគួរឲ្យកត់សម្គាល់ឬទេ
• ត្រូវប្រាកដថាសម្ភារៈទាំងអស់ត្រូវវេចខ្ចប់នៅក្នុងថង់ប្លាស្ទីក និងសម្លាប់មេរោគរួច ហើយឧបករណ៍ទាំងអស់ត្រូវជូតសម្អាតដោយក្រដាស់សម្លាប់មេរោគ។
◊ ការលាងសំអាតដៃ៖ ការលាងសម្អាតដៃមានសារៈសំខាន់ណាស់ក្នុងការការពារការឆ្លងមេរោគនៅរង្វង់អ្នកជំងឺ គ្រូពេទ្យនិងបុគ្គលិក។ រាល់អ្នកអនុវត្តផ្នែកទន្តសាស្ត្រទាំងអស់មានតួនាទីសំអាតដៃមុននិងក្រោយពេលប៉ះពាល់ជាមួយអ្នកជំងឺដោយមិនមានស្រោមដៃ។ ហើយយើងក៏អាចប្រើសម្ភារៈកម្ចាត់មេរោគដើម្បីលាងដៃបន្ថែម។
◊ ស្រោមដៃ៖ ដៃរបស់អ្នកត្រូវតែលាងសំអាតមុននឹងពាក់ស្រោមដៃ និងស្រោមដៃទាំងអស់ប្រើបានតែម្តងរួចបោះចោល។ ចំពោះករណីក្នុងការព្យាបាលអ្នកជំងឺ HIV, HBV, HCV អ្នកគួរតែពាក់ស្រោមដៃពីរជាន់ដើម្បីការពារការឆ្លងមេរោគ។
◊ ម៉ាសនិងវ៉ែនតា៖ ស្រោមមុខត្រូវតែមានលក្ខណៈតាមស្តង់ដានៃទំហំ កម្រាស់ និងវត្ថុដែលយកមកផលិត ហើយអាចការពារបាន៩៥%នៃមេរោគ។ ប្រសិនបើអ្នកជំងឺមានជំងឺរបេង អ្នកគួរតែពាក់ម៉ាស់ដែលទន់អាចបត់បែនបានល្អ។ ចំពោះសម្ភារៈការពារភ្នែកវិញមានជាប្រភេទកែវ ជ័រ ឬក៏សម្ភារៈថ្លាៗដែលវែងគ្រប់គ្រាន់ដើម្បីការពារភ្នែករបស់អ្នកពីការខ្ទាតសម្ភារៈ ទឹកមាត់និងឈាមបានល្អ។
◊ សម្លៀកបំពាក់ និងការគ្របនូវសម្ភារៈផ្សេងៗ៖ ទន្តបណ្ឌិត និងជំនួយការត្រូវតែស្លៀកពាក់វែងៗនិងជិតដៃ ហើយសម្ភារៈផ្សេងៗដែលមិនអាចដាក់ស្ងោរកម្ចាត់មេរោគបានត្រូវតែគ្របដោយប្លាស្ទិក និងជូតសម្អាតដោយកន្សែងសម្លាប់មេរោគ។
◊ ការលាងសម្អាតសម្ភារៈ និងស្ងោរសម្លាប់មេរោគ៖ គ្រប់សម្ភារៈទាំងអស់ដែលប្រើរួចត្រូវតែលាងសម្អាតតាមក្បួនខ្នាត និងវេចខ្ចប់ឲ្យបានត្រឹមត្រូវមុនយកទៅអូតូក្លៅ (Autoclave)ដើម្បីស្ងោរសម្លាប់មេរោគ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share