Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ជំងឺមុន គឺជាជំងឺសើស្បែកដែលកើតឡើងដោយការរលាកក្រពេញ​​ គល់រោមដែលជួបញឹកញាប់បំផុតក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុពី១៥ឆ្នាំ(អាចមុន១៥)ទៅ២៥ឆ្នាំ(ឬលើសនេះ)។ គេសង្កេតឃើញថា បុរសកើតមុនធ្ងន់ធ្ងរជាងស្ត្រី។ នេះបញ្ជាក់ថា វាមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងអ័រម៉ូនភេទបុរស គឺអង់ដ្រូហ្សែនដែលមានឥទ្ធិពលលើការបញ្ចេញសេបូម(ខ្លាញ់)នៃ ក្រពេញខ្លាញ់គល់រោម។​​ វាអាចមានលក្ខណៈគ្រួសារបើឪពុកឬម្តាយកើតមុនពីក្មេងកូនៗ​ ក៏អាចកើតមុនដូចឪពុកម្តាយដែរ។  ក្រៅពីនេះ មានកត្តាផ្សេងៗទៀត ជាច្រើនដែលអាចបង្កជាមុនផងដែរ ដូចជាថ្នាំលេប ថ្នាំចាក់ ថ្នាំលាប ផលិតផលលាបលើស្បែកមុខ គ្រឿងសំអាង និងកត្តាបរិស្ថាន ជាដើម។ ជំងឺមុន មិនកើតឡើងដោយសារចំណីអាហារទេ។ ជំងឺមុនកើតឡើងនៅលើមុខ ទ្រូង ខ្នង ដើមដៃ និងអាចកើតនៅកំប៉េះគូថ។ វាអាចជាគ្រាប់មុនតូចៗ(មុនខ្សាច់) កជាខ្ទុះតូច ធំដែលអាចបង្កជាសម្លាកនៅពេលវាជាទៅវិញ។ កាលណាមិនបានព្យាបាលទាន់ពេល វាបន្សល់ទុកនូវផលវិបាក ធ្ងន់ធ្ងរដែលពិបាកព្យាបាលគឺ សម្លាក-មុខខ្មូត។ ការព្យាបាល គឺការលាងសម្អាតខ្លាញ់ដោយសាប៊ូ (Cleanser) លាបអាស៊ីតវិតាមីនអា(Vitamin A acid) លាបឬលេបអង់ទីប៊ីយ៉ូទិក (សម្រាប់សម្លាប់មេរោគមុន)។ល។  រីឯការញេចមុនវិញ មិនមែនជាជម្រើសល្អទេ គួរតែត្រូវបានធ្វើឡើងដោយ វេជ្ជបណ្ឌិតជំនាញ ឬដោយគិលានុប្បដ្ឋាកដែលបាន ឆ្លងកាត់ការ សិក្សាផ្នែកនេះ។ បើពុំនោះទេ វាអាចបង្កនូវផលវិបាកផ្សេងៗដូចជា ដំបៅក្លាយ ជាពិសេស គឺសម្លាក។ ក្រៅពីនេះ គេក៏អាចព្យាបាល ជំងឺមុនបាន ដោយម៉ាស៊ីនឡាស៊ែររៀង១ខែ១ដង។ គេអាចព្យាបាលមុខសម្លាក-មុខខ្មូតដោយសារជំងឺមុន ដោយប្រើ ថ្នាំលាប និងឡាស៊ែរ Fractional CO2 (សូមមើលឯកសារមុនៗ)។ សម្រាប់ចម្ងល់ផ្សេងៗរាល់ជំងឺសើស្បែក សូមសរសេរក្នុងខំមិន ឬទាក់ទងតាមទូរស័ព្ទ012 533 355 យើងខ្ញុំនឹងបកស្រាយជូនគ្រប់សំនួរ ឬមកកាន់គ្លីនិកយើងខ្ញុំដែលមានអស័យដ្ឋាន ផ្ទះលេខ៧៤អឺអូ ផ្លូវមុនីរ៉េត(ផ្លូវ២១៧) សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ( ក្បែរគ្លីនិកវិសាលសុខផ្លូវទៅផ្សារដើមគ)

Share

ពណ៍សម្បុរស្បែករបស់មនុស្សមានច្រើនប្រភេទតាមពូជសាសន៍ ប៉ុន្តែប្រសិនមានការប្រែប្រួលពណ៍នៃស្បែកខុសពីធម្មតា​អាចបង្ហាញថាស្បែករបស់អ្នកកំពុងមានបញ្ហា។ គួរបញ្ជាក់ថា មូលហេតុមួយនេះអាចបណ្តាលមកពីជំងឺស្បែកម៉្យាងហៅថា ឃ្លង់ល្ពៅ។ ឃ្លង់ល្ពៅជាជំងឺដែលធ្វើឲ្យស្បែកប្រែទៅជាពណ៍សខុសធម្មតាហើយវាមកពីការស្លាប់នៃកោសិកាផលិតពណ៍។ ជំងឺស្បែកនេះអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យអាចកើតមាននៅលើផ្ទៃមុខដងខ្លួនចុងដៃចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់។   តាមរយៈ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា “ជំងឺនេះមិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេ ដោយសារវាកើតឡើងដោយប្រព័ន្ធការពាររបស់ខ្លួនយើងផ្ទាល់ប្រឆាំងនឹងខ្លួនឯង(Auto Immune)។ ឯកត្តាសេនេទិចក៏មិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់ផងដែរដោយគ្រាន់តែអាចដឹងថាបើគ្រួសារមួយមានជំងឺឃ្លង់ល្ពៅនេះកូនចៅ ឬចៅទួតអាចមានកើតជំងឺនេះប៉ុន្តែអាចនឹងអត់កើតផងដែរ។       ជាចុងក្រោយប្រសិនបើបងប្អូនប្រិយមិត្តអានទាំងឡាយបានជួបប្រទះ ឬមានការសង្ស័យថាខ្លួនមានស្បែកខុសធម្មតាគួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចៀសវាងការយល់ខុស និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ស្វែងយល់បន្ថែម ជំងឺឃ្លង់ល្ពៅ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ជំងឺថប់បារម្ភ អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្កើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? រោគសញ្ញាស្តែងមាននៅលើរាងកាយ -បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ -វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក -ស្ងួតមាត់ -បែកញើសហួសប្រមាណ -ត្រជាក់ចុងដៃ ជើង -រសេះរសោះ អស់កំលាំងល្ហិតល្ហៃ -ចុកចាប់ តឹងណែនសាច់ដុំ -ចង្អោរ ក្អួត -នោមញឹក -ឧស្សាហ៍កោសខ្យល់ -ស្រឺត -ពិបាកគេង គេងមិនលក់ រោគសញ្ញាស្តែងមានលើផ្លូវចិត្ត -ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល -ភ័យខ្លាចស្លាប់ដោយគាំងបេះដូង -អន្ទះសារពិបាកក្នុងការរង់ចាំ -ពិបាកក្នុងការផ្ចង់អារម្មណ៍ -មិនហ៊ានធ្វើដំណើរ ឬនៅតែឯង   ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តីភេទ។ មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។   ការព្យាបាល -ការព្យាបាលតាមបែបចិត្តសាស្រ្ត -ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ -ការសម្រាកកាយ​ចិត្ត -ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត   ការការពារ -ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ -បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន -អនុវត្តតាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ -ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក -អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?  

Share

ក្នុងនាមជាគ្រូពេទ្យ អ្នកនឹងជួបអ្នកជំងឺជាច្រើនហើយពួកគេសុទ្ធតែមានលក្ខណៈខុសៗគ្នា ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងគ្រូពេទ្យ និងអ្នកជំងឺ។ ខាងក្រោមនេះ គឺជាប្រភេទនៃអ្នកជំងឺ និងវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែស្វែងយល់ ដើម្បីដោះស្រាយជាមួយពួកគេ។   ១· អ្នកជំងឺដែលរួសរាយ៖ ជាទូទៅ អ្នកជំងឺប្រភេទនេះមានភាពងាយស្រួលក្នុងការថែទាំ។ អ្នកជំងឺភាគច្រើនស្ថិតនៅក្នុងប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាមួយចំនួនដែលអាចនឹងកើតមាន។ អ្នកត្រូវតែប្រុងប្រយ័ត្នហើយមិនត្រូវធ្វើតាមចិត្តរបស់ពួកគេពេកទេ ព្រោះថាវាអាចកាត់បន្ថយនូវគោលដៅក្នុងការព្យាបាលរបស់អ្នក។ អ្នកប្រហែលជាចង់បាននូវការធានា និងភាពសុទិដ្ឋិនិយមជាជាងកាលដែលអ្នកអនុវត្តនូវភាពប្រាកដនិយម។ បន្ថែមពីនេះទៅទៀត អ្នកប្រហែលជាត្រូវបានល្បូងឲ្យធ្វើតាមសំណូមពរនានាដែលមិនមែនជាប្រយោជន៍សម្រាប់ការថែទាំសុខភាពដ៏ល្អ។ ២· អ្នកជំងឺដែលក្លាហាន៖ អ្នកជំងឺប្រភេទនេះមានស្មារតីមុតមាំ ចិត្តរឹងប៉ឹង ចេះទទួលយកការពិត និងមានការយល់ដឹងនៅពេលប្រឈមនឹងស្ថានភាពលំបាក។ យើងកោតសរសើរយ៉ាងជ្រាលជ្រៅដល់អ្នកជំងឺទាំងនេះហើយសង្ឃឹមថាយើងអាចប្រមូលផ្ដុំនូវស្មារតីដូចជាពួកគេដែរ នៅពេលដែលយើងត្រូវការវា។ ៣· អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺដែលមានភាពក្រោធខឹង៖ ពួកគេអាចធ្វើឲ្យយើងខឹង និងមានប្រតិកម្មតបទៅនឹងកំហឹងរបស់យើង។ ការឆ្លើយតបទៅនឹងកំហឹងតែងតែធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើងសម្រាប់អ្នក និងអ្នកជំងឺ។ អ្នកគួរតែព្យាយាមស្វែងយល់ពីភាពខឹងច្រឡោតរបស់អ្នកជំងឺ និងព្យាយាមនៅខាងពួកគេក្នុងការជួយដោះស្រាយនូវប្រភពនៃបញ្ហាទាំងនោះ ប្រសិនបើវាសមហេតុសមផលក្នុងការធ្វើដូច្នេះមែន។ អ្នកគួរតែឲ្យពួកគេបញ្ចេញនូវការយល់ឃើញរបស់ពួកគេ បន្ទាប់មកព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះភ្លាមៗ។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានោះបានទេអ្នកគួរតែព្យាយាមពន្យល់នូវមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនោះកើតឡើងឲ្យបានសមរម្យ។ ឧទាហរណ៍ដោយបង្ហាញពីវិធីសាស្ត្រក្នុងការព្យាបាល ឬវិធីកាត់បន្ថយហានិភ័យជាដើម។ អ្នកត្រូវចងចាំថាភាពខឹងច្រឡោតអាចជាវិធីសាស្ត្រក្នុងការការពាររបស់អ្នកជំងឺពីអារម្មណ៍ដូចជាការភ័យខ្លាចការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្តជាដើម។ កំហឹងក៏អាចជាការព្យាយាមបង្គាប់ឲ្យអ្នកដទៃធ្វើអ្វីមួយដែលជាធម្មតាពួកគេមិនអាចធ្វើបាន។ ប្រសិនបើអ្នកជាប់គាំងក្នុងការដោះស្រាយបញ្ហា ឬអ្នកមានអារម្មណ៍ថាអ្នកកំពុងតែអស់ម្ចាស់ការលើខ្លួនឯងហើយនោះ អ្នកគួរតែព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង និងកែតម្រូវស្ថានភាពនោះ។ ជាទូទៅ ប្រសិនបើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ហើយព្យាយាមផ្ដល់នូវការព្រួយបារម្ភចំពោះសុខុមាលភាពរបស់អ្នកជំងឺនោះបញ្ហានឹងត្រូវបានដោះស្រាយ។ ៤· អ្នកជំងឺដែលចូលចិត្តទាមទារ៖ ពួកគេទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើន ហើយទទូចឲ្យអ្នកធ្វើនេះ ធ្វើនោះដែលពុំចាំបាច់ ឬធ្វើរឿងមួយចំនួនដែលពួកគេអាចធ្វើបានដោយខ្លួនឯង។ ពេលខ្លះអ្នកត្រូវតែកំណត់នូវព្រំដែនការងាររបស់អ្នកចំពោះអ្វីដែលអ្នកអាចធ្វើ និងអ្វីដែលអ្នកមិនអាចធ្វើបានសម្រាប់ពួកគេ។ ៥· អ្នកជំងឺញៀនថ្នាំ៖ អ្នកជំងឺប្រភេទនេះ ពេលខ្លះពិតជាពិបាកក្នុងការកត់សម្គាល់ណាស់។ សញ្ញាណមួយចំនួនដែលយើងគួរតែពិចារណានោះ គឺការទាមទារជាប់ជានិច្ចនូវថ្នាំ Opioids (សារធាតុញៀនម្យ៉ាងដែលប្រើ ដើម្បីបំបាត់ការឈឺចាប់) ក្នុងកម្រិតមួយខ្ពស់ដែលមិនសមស្របនឹងរោគសញ្ញារបស់ពួកគេ។ ពួកគេគឺមានសភាពល្អនៅពេលដំបូង ប៉ុន្តែប្រសិនបើអ្នកបន្ថយនូវបរិមាណថ្នាំរបស់ពួកគេនោះ ពួកគេអាចខឹងនឹងអ្នក ឬព្យាយាមបញ្ចុះបញ្ចូលអ្នក។ វាជាការសំខាន់ក្នុងការរក្សានូវគោលជំហររបស់អ្នកក្នុងនាមជាគ្រូពេទ្យ ហើយត្រូវលើកទឹកចិត្តឲ្យពួកគេទទួលយកការប្រឹក្សាសម្រាប់ការញៀនថ្នាំរបស់ពួកគេ។ ៦· អ្នកជំងឺដែលចូលចិត្តដឹកនាំ៖ ពួកគេចូលចិត្តឲ្យអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយពួកគេនឹងប្រាប់អ្នកនូវអ្វីដែលពួកគេមិនចង់បាន និងបដិសេធចំពោះអ្នកដោយគ្មានការស្ទាក់ស្ទើរឡើយ ប្រសិនបើពួកគេមិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយឬកំពុងធ្វើ ឬអ្វីដែលពួកគេបានធ្វើ ឬពួកគេមិនធ្វើតាមដំបូន្មានរបស់អ្នកតែម្ដង។ ៧· អ្នកជំងឺដែលដឹងនូវអ្វីៗទាំងអស់៖ អ្នកជំងឺប្រភេទនេះមានទំនោរជឿជាក់ថាពួកគេមានចំណេះដឹងច្រើនអំពីវិជ្ជាវេជ្ជសាស្ត្រនេះ ហើយ រឿងខ្លះពួកគេយល់ថាពួកគេចេះស្មើ ឬចេះច្រើនជាងអ្នកទៅទៀត។ ចំណេះដឹងរបស់ពួកគេអាចនឹងមានកម្រិត ប៉ុន្តែពួកគេជារឿយៗ មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការវិភាគឲ្យបានត្រឹមត្រូវទេ។ ពួកគេចូលចិត្តអានអត្ថបទទាក់ទងនឹងវេជ្ជសាស្ត្រនៅក្នុងកាសែត ឬតាមរយៈអ៊ីនធើណែត ហើយអ្នកអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗពីពួកគេវិញក៏ថាបានដែរ។ ដូច្នេះអ្នកត្រូវមានភាពអត់ធ្មត់បន្តិច និងយល់ពីពួកគេហើយមិនត្រូវព្យាយាមប្រកួតប្រជែងជាមួយពួកគេឡើយ។​ ៨· អ្នកជំងឺដែលមិនសហការជាមួយគ្រូពេទ្យ៖ ពួកគេអាចនឹងមិនពេញចិត្ត ព្រោះថាពួកគេហាក់បីដូចជាមិនចង់ធ្វើតាមការព្យាបាល ឬវេជ្ជបញ្ជារបស់អ្នក ហើយបន្តការត្អូញត្អែរអំពីរោគសញ្ញាដែលនាំឲ្យពួកគេមកជួបអ្នកពីដំបូង។ ឧទាហរណ៍ អ្នកជក់បារីដែលមានបញ្ហា សួតធ្ងន់ធ្ងរ គាត់នៅតែជក់បារីបើទោះបីជាអ្នកបានឲ្យដំបូន្មានគាត់ឲ្យឈប់ជក់ក៏ដោយ ឬអ្នកជំងឺលើសសម្ពាធឈាមដែលមិនព្រមញ៉ាំ ថ្នាំ ហើយថែមទាំងមិនព្រមមកជួបអ្នក ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេជាដើម។ ប៉ុន្តែពេលខ្លះអ្នកអាចនឹងស្វែងយល់ពីមូល ហេតុទាំងនោះដែលមានដូចជា ពួកគេមិនយល់ពីសារៈសំខាន់នៃការព្យាបាល ឬករណីខ្លះពួកគេពុំមានលទ្ធភាពទិញថ្នាំញ៉ាំហើយពួកគេ មានភាពអៀនខ្មាសនឹងឲ្យអ្នកបានដឹងពីរឿងនេះ។ ៩· អ្នកជំងឺដែលមានបញ្ហាថប់អារម្មណ៍៖ ពួកគេត្រូវការពេលវេលាបន្តិច ហើយតែងតែទាមទារនូវការលើកទឹកចិត្ត និងបញ្ជាក់ម្ដងហើយម្ដងទៀត។ ជាងនេះទៅទៀតនោះ គឺចំពោះអ្នកជំងឺ Hypochondria (អ្នកជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរឬអ្នកជំងឺដែលមានការព្រួយបារម្ភជ្រុលហើយខ្លាចថាជំងឺរបស់គាត់ចេះតែវិវឌ្ឍទៅជាធ្ងន់ធ្ងរ) ពួកគេអាចនឹងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់រាល់ពេលដែលគាត់គ្រាន់តែឈឺខ្នង ឬមានការព្រួយបារម្ភថាតម្រងនោមរបស់គាត់លែងដំណើរការ ឬពួកគាត់ភ័យថាគាត់មានជំងឺមហារីកជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ វាមានហានិភ័យខ្លាំង ប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យខុសចំពោះអ្នកជំងឺនេះព្រោះថាពេលខ្លះអ្នកបានបញ្ជាក់ពួកគេពីរោគសញ្ញាមួយដែលអាចជាសញ្ញាណនៃអ្វីមួយដែលធ្ងន់ធ្ងរ។ អ្នកត្រូវចងចាំថា ពួកគេក៏អាចឈឺដែរ។ ១០· អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត៖ អ្នកជំងឺប្រភេទនេះច្រើនមានភាពច្របូកច្របល់ក្នុងចិត្ត។ រោគសញ្ញារបស់ពួកគេ គឺពិតប្រាកដមែន តែការធ្វើរោគវិនិច្ឆ័យមិនសមហេតុផល។ អ្នកមានការព្រួយបារម្ភថាអ្នកប្រហែលជាកំពុងភ្លេចនូវអ្វីម្យ៉ាង ហើយអ្នកជំងឺក៏ជឿថាមានអ្វីមួយមិនប្រក្រតី។ នៅពេលដែលការវាយតម្លៃចេញមកបានបង្ហាញថា អ្វីគ្រប់យ៉ាងគឺប្រក្រតីហើយអ្នកព្យាយាមបញ្ចុះបញ្ចូលអ្នកជំងឺថា បញ្ហាអាចមានជាប់ពាក់ព័ន្ធនឹងការស្ត្រេស ប៉ុន្តែពួកគេតែងតែមិនសប្បាយចិត្ត និងអស់ជំនឿ។ ពេលខ្លះពួកគេគិតថាអ្នកមិនយល់ពីពួកគេ ឬមិនបានយកចិត្តទុកដាក់លើពួកគេ។ ១១· អ្នកជំងឺដែលមានបញ្ហាធ្លាក់ទឹកចិត្ត៖ អ្នកខ្លះដឹងថាពួកគេមានជំងឺធ្លាក់ទឹកចិត្តហើយពួកគេអាចនឹងប្រាប់អ្នកនូវបញ្ហានេះប៉ុន្តែមានអ្នកខ្លះទៀតនឹងមករកអ្នកជាមួយនឹងរោគសញ្ញាដូចជាល្ហិតល្ហៃអស់កម្លាំង មិនងងុយគេងនៅពេលយប់ និងហត់នឿយនៅពេលថ្ងៃ ឬបាត់បង់ចំណាប់អារម្មណ៍ទៅលើវត្ថុ ឬរឿងផ្សេងៗ។ ពួកគេអាចគិតថាការធ្លាក់ទឹកចិត្ត គឺជាសញ្ញានៃភាពអន់ខ្សោយ។ វាពិតជាមានសារៈសំខាន់ក្នុងស្វែងរកថាពួកគេមានគំនិតគិតចង់ធ្វើអត្តឃាតខ្លួនឯងឬអត់ តែបើពួកគេធ្វើដូច្នេះមែននោះ អ្នកគួរតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនៅឯផ្នែកវិលកវិជ្ជា។ ១២· អ្នកជំងឺដែលវង្វេង ឬវិកលចរិក៖ ពួកគេទាមទារឲ្យមានការអត់ធ្មត់ខ្លាំង ជាពិសេសនៅពេលដែលពួកគេសួរសំណួរដូចៗគ្នា ឬនិយាយប្រាប់ពីរឿងដដែលៗជាច្រើនលើកច្រើនសារ។ ពេលខ្លះវាពិបាកក្នុងការគ្រប់គ្រងនៅពេលដែលអាការៈរបស់ពួកគេកើតឡើងម្ដងៗសភាពបែបនេះកើតឡើងជារឿយៗ ព្រោះថាពួកគេភ័យខ្លាច និងមានអារម្មណ៍ថាពួកគេបានបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ពួកគេជាញឹកញាប់មិនយល់ពីតម្រូវការសម្រាប់ការធ្វើតេស្ត ឬវិធីសាស្ត្រក្នុងការព្យាបាលឡើយ ដូច្នេះ អ្នកប្រហែលជាត្រូវពន្យល់ និងបកស្រាយឡើងវិញជាច្រើនសារ។ ជាការពិតណាស់ ក្នុងស្ថានភាពដូចនេះ ក្រុមគ្រួសារគួរតែចូលរួមក្នុងការសម្រេចចិត្តផ្សេងៗ។ ១៣· អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ហើយគ្មានវីធីព្យាបាល៖ ពួកគេ គឺជាអ្នកជំងឺមួយប្រភេទដែលយើងច្រើនតែជួបប្រទះជាញឹកញាប់ និងមានការលំបាកក្នុងការប្រឈមនឹងពួកគេ។ សូមប្រយ័ត្នចំពោះហានិភ័យដែលមានចំពោះអ្នក និងអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យក្នុងការប្រើប្រាស់ថ្នាំលើសចំណុះ ហើយអាចស្លាប់ដោយចៃដន្យចំពោះស្ថានភាពមិនប្រក្រតីណាមួយ។ រីឯគ្រូពេទ្យវិញក៏មានគ្រោះថ្នាក់ទាំងផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អាជ្ញាប័ណ្ឌអាចត្រូវបានដកហូតហើយបាត់បង់អាជីពដោយសារតែបំណងចង់ជួយអ្នកជំងឺដែលមានរងការឈឺចាប់ខ្លាំង។ ហេតុផលទាំងនេះហើយ ដែលគ្រូពេទ្យជាច្រើនចៀសវាងអ្នកជំងឺប្រភេទនេះឲ្យបានច្រើនតាមដែលអាចធ្វើបានដែលជាអកុសលពួកគេភាគច្រើនត្រូវបានទទួលរងការឈឺចាប់ខ្លាំង ពិការភាព និងមុខងារនៃសារពាង្គកាយលែងដំណើរការដោយសារតែការព្យាបាលមិនបានគ្រប់គ្រាន់។ ១៤· អ្នកជំងឺដែលនឹងស្លាប់៖ ពេលខ្លះយើងមានការលំបាកក្នុងការមើលថែពួកគេ ព្រោះថាភាពក្រៀមក្រំបានរុំព័ទ្ធជីវិតរបស់ពួកគេហើយពេលខ្លះទៀតសេចក្ដីក្រៀមក្រំនោះក៏អាចនឹងដិតជាប់នៅនឹងអារម្មណ៍របស់អ្នក។ មានគ្រូពេទ្យមួយចំនួនបានដកខ្លួនចេញពីអ្នកជំងឺទាំងនេះ ព្រោះជំងឺរបស់ពួកគេបានបង្ខំឲ្យពួកគេទទួលស្គាល់នូវសេចក្ដីស្លាប់របស់ពួកគេ ឬពួកគេគិតថាគ្មានអ្វីដែលពួកគេអាចធ្វើបានទៀតទេ ពួកគេមិនដឹងថាគួរតែនិយាយអ្វី ឬពួកគេភ័យខ្លាចថាពួកគេអាចនឹងនិយាយខុស។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាពេលវេលាដែលអ្នកជំងឺត្រូវការអ្នកបំផុត។ ពួកគេត្រូវការភាពស្មោះត្រង់ មេត្តាករុណា និងការពន្យល់ពីអ្វីដែលកំពុងកើតឡើង និងហេតុអ្វីបានជាវាកើតឡើង។ ពួកគេក៏ត្រូវតែដឹងថាអ្នកនឹងមិនអនុញ្ញាតឲ្យពួកគេរងទុក្ខដោយមិនចាំបាច់ឡើយ។ ថ្វីត្បិតតែវាជាការសោកសៅក៏ដោយ ប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃមួយ ប្រសិនបើអ្នកអាចផ្តល់ការលួងលោមលើកទឹកចិត្តដល់អ្នកជំងឺនិងក្រុមគ្រួសារនៅក្នុងគ្រាដែលពួកគេត្រូវការជំនួយដ៏អស្ចារ្យពីអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Trichotillomania ជាជំងឺជ្រុះសក់មួយប្រភេទដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯង ដោយការញៀន ហើយបន្តការដកជាប្រចាំ។ វាមិនមែនជាជម្ងឺតំណពូជនោះ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ ប៉ុន្តែវាអាចបណ្តាលមកពី បញ្ហាផ្នែកចិត្តសាស្ត្រ ឬវិបត្តិផ្លូវចិត្ត និងភាពតានតឹង អារម្មណ៍ រហូតធ្វើបែបនេះដោយមិនដឹងខ្លួន។  ជាទូទៅ គេសំដៅទៅលើក្បាលជាងកន្លែងផ្សេងៗទៀតនៃរាងកាយ ព្រោះជាកន្លែងអាចមើលឃើញ។ បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរ ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថា​ ពិតជាជំងឺ Trichotillomaniaមែន ឬអត់ បន្ទាប់មក ទើបវេជ្ជបណ្ឌិត នឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកជំងឺមានបញ្ហាតឹងតែង ក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្ត ហើយចៀសវាង ការបន្តទម្លាប់នេះតទៀត៕   ស្វែងយល់បន្ថែមជាមួយ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ អំពី ទម្លាប់នៃការសក់​ និងបញ្ហាផ្លូវចិត្ត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកថ្លើមប្រភេទ B​ ជាជំងឺបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B​ ហើយជាប្រភេទវីរុសផ្តុំឡើងពីខ្សែ DNAដែលវាប្រហាក់ប្រហែល​ ជាមួយនឹងមេរោគអេដស៍​ រីឯអត្រាការឆ្លងវិញ ខ្ពស់ជាងមេរោគអេដស៍ដល់ទៅ 100% ។             មួយវិញទៀត ការវិវឌ្ឍនៃជំងឺនេះក៏អាស្រ័យទៅលើចំនួនមេរោគផងដែរ។ បើមេរោគមានចំនួនកាន់តែច្រើន នោះការវិវឌ្ឍនេះក៏កាន់តែលឿនផងដែរ។ ម្យ៉ាងទៀត​ អត្រាស្លាប់ដោយជំងឺនេះ គឺកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ៖ • អ្នកផ្ទុកមេរោគដែលមានអាយុតិចជាង១៩ឆ្នាំ នៅមិនទាន់មានរបាយការណ៍បង្ហាញពីករណីស្លាប់នៅឡើយទេ។ • អ្នកផ្ទុកមេរោគដែលមានអាយុពី ២០ទៅ២៩ឆ្នាំ មានអត្រាមរណៈតិចតួច។ • អ្នកផ្ទុកមេរោគដែលមានអាយុពី៣០ទៅ៦៤ឆ្នាំ មានអត្រាមរណៈកើនឡើងតាមអាយុ។ • អ្នកផ្ទុកមេរោគដែលមានអាយុច្រើនជាង៦៤ឆ្នាំ មានអត្រាមរណៈខ្ពស់រហូតដល់៦៥%។   ស្វែងយល់បន្ថែមពីជំងឺរលាកថ្លើម​ B បកស្រាយដោយវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

«ជំងឺរលាកថ្លើម»​ ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុស មានដូចជា វីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែ ក្នុងចំណោម វីរុសទាំងអស់នេះ ពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ រលាកថ្លើមA​ ជាប្រភេទមួយនៃជំងឺរលាកថ្លើម ដែលបង្កឡើងដោយ វីរុសរលាកថ្លើមប្រភេទ A (HAV)។ ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាប ដែលយើងសង្កេតឃើញជំងឺនេះ តែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ ក៏ដូចជាកម្រិតអនាម័យខ្ពស់ មិនត្រូវបានកត់សម្គាល់ ក្នុងការចម្លងជំងឺនេះច្រើនទេ។ ដោយឡែក ក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះ គ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវ វាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទ A នេះ។ គួរបញ្ជាក់ផងដែរថា កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ។    ស្វែងយល់បន្ថែមពីជំងឺរលាកថ្លើមប្រភេទ A បកស្រាយដោយ​ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សាស្រ្តាចារ្យវេជ្ជ. ឯក ម៉េងលី «ជំងឺរលាកដៃស្បូន ជាក្តីបារម្ភរបស់ស្រ្តី ហើយជំងឺនេះ គឺសំដៅលើការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)»។ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ 85% បណ្តាលមកពីការឆ្លងតាមរយៈការរួមភេទ និង​ 15%​ មកពីឆ្លងពីមូលហេតុវេជ្ជសាស្រ្ត។ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺមានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល។   ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •រយៈពេលខ្លី៖  អាចមានជា ការរលាកស្រោមអាងត្រគាក ការកកើតខ្ទុះក្នុងដៃស្បូន និងមេរោគក្នុងឈាម ។ •រយៈពេលវែង៖  មានទឹកដក់ក្នុងដៃស្បូន ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន វិបត្តិនៃការមិនមានកូន ៧០%ការកកើតឡើងវិញនៃជំងឺជាដើម៕ ស្វែងយល់បន្ថែមពីការរលាកដៃស្បូន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តាមការរាយការណ៍បង្ហាញថា ជំងឺផ្លូវដង្ហើមគឺជាមូលហេតុសំខាន់ ធ្វើឲ្យមានការកើនឡើងនូវការមានជំងឺ និងការស្លាប់ចំពោះស្រ្តីមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធផ្លូវដង្ហើមរបស់ស្រ្តីមានការផ្លាស់ប្តូរទាំង សរីរវិទ្យា និងកាយវិភាគវិទ្យាយ៉ាងខ្លាំង រួមជាមួយការផ្លាស់ប្តូរផ្នែករូបរាងកាយ និងផ្លូវចិត្តផង អាចរំខានដល់ដំណើរការនៃប្រព័ន្ធផ្លូវដង្ហើមដែលប៉ះពាល់ មិនត្រឹមទៅលើសុខភាពរបស់ស្រ្តី តែក៏គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ។  តើអំឡុងពេលមានផ្ទៃពោះមានការផ្លាស់ប្តូរអ្វីខ្លះលើផ្លូវដង្ហើម? បម្រែបម្រួលអ័រម៉ូន ជានិច្ចកាលអាចប៉ះពាល់ទៅដល់ផ្លូវដង្ហើមផ្នែកខាងលើរបស់ស្រ្តី នេះដោយសារតែការពង្រីកខ្លួនរបស់ស្បូន ជាមួយនឹងការលូតលាស់ របស់ទារក ព្រមទាំងសកម្មភាពអ័រម៉ូនផងនោះ ធ្វើឲ្យទីតាំងប្រអប់ទ្រូងរបស់ស្ត្រីត្រូវបានផ្លាស់ប្តូរ។ ខ្យល់ដកដង្ហើមចេញចូលរបស់ស្រ្តី ត្រូវបានកើនឡើង ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ បន្ទាប់មកវានឹងក្លាយជាធម្មតាវិញ។ ការកើនឡើងនូវខ្យល់ចេញចូលនេះ (hyperventilation)  បណ្តាលឲ្យចង្វាក់បេះដូងរបស់ស្រ្តីអាចត្រូវបានកើនឡើង ហើយប្រសិនបើវានៅតែបន្តកើនឡើងរហូតដល់ពេលសម្រាល វានឹងធ្វើឲ្យមានការពិបាក ក្នុងការសម្រាលកូន និងអាចជាមូលហេតុនៃជំងឺព្រាយក្រឡាភ្លើង ដែលជាការឡើងសម្ពាធឈាមក្នុងពេលសម្រាលផងដែរ។ តើជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃណាខ្លះ ដែលច្រើនកើតចំពោះស្រ្តីមានផ្ទៃពោះ? រោគសញ្ញានៃជំងឺផ្លូវដង្ហើមធម្មតាដែលតែងកើតឡើងញឹកញាប់់បំផុតលើស្ត្រី ភាគច្រើន ធ្វើឲ្យស្ត្រីខ្លួនឯងមិនចាប់អារម្មណ៍ ហើយធ្វើការងារជាធម្មតា ដែលទង្វើនេះ ពិតជាមានឥទ្ធិពលមិនល្អដល់ស្រ្តី  និងកូន។ ជំងឺរ៉ាំរ៉ៃដែលអាចជួបប្រទះរួមមាន៖ • ជំងឺពិបាកដកដង្ហើម អំឡុងពេលមានផ្ទៃពោះ ការពិបាកដកដង្ហើមគឺជារឿងទូទៅមួយ  ដែលប្រហែលជា៦០% នៃស្ត្រីធ្លាប់មានអាការៈនេះ ដោយសារការប្រឹង ក្រៅពីនេះគឺជាករណី ពិបាកដកដង្ហើមនៅពេលសម្រាក។ ករណីទាំងនេះគឺត្រូវបានដឹងដែរថា ជាការពិបាកដកដង្ហើមធម្មតារបស់ស្ត្រីមានផ្ទៃពោះ ដែលអាការៈនេះ នឹងថយចុះទៅវិញ តាមពេលវេលា និងមិនរំខានដល់ជីវិតឡើយ ក៏ប៉ុន្តែ ប្រសិនបើស្រ្តីជួបវិបត្តិនេះញឹកញាប់  គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ • ជំងឺហឺត ជំងឺហឺត ត្រូវបានរាយការណ៍ថា ជាជំងឺដែលកើតឡើងញឹកញាប់បំផុតចំពោះស្ត្រីមានផ្ទៃពោះ។ បើមានរោគសញ្ញាណាមួយនៃជំងឺហឺតអំឡុងពេលមានផ្ទៃពោះ ពិសេសនៅសប្តាហ៍ទី២៤ ដល់ទី៣៦ វាអាចនឹងកាន់តែពិបាក។ ការមានផ្ទៃពោះ គឺជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺហឺតរឹតតែវិវឌ្ឍ ហើយទារកដែលកើតមក នឹងមានជំងឺនេះកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ការតឹងទ្រូង ពិបាកដកដង្ហើម ដកដង្ហើម‌ឮសូរ ក្អកញឹកញាប់ និងពិបាកគេង គឺជាសញ្ញាបញ្ជាក់ថា ជាជំងឺហឺត។ ការគ្រប់គ្រងជំងឺហឺតក្នុងពេលមានផ្ទៃពោះ គឺការចៀសវាងនូវមូលហេតុបង្កមួយចំនួន បញ្ឈប់ការជក់បារី និងចៀសវាងការក្អួតចង្អោរញឹកញាប់ ដោយការញ៉ាំអាហារតិច ហើយយឺតៗ។ • Cystic Fibrosis Cystic Fibrosis ជាជំងឺទាក់ទងនឹងហ្សែន ដែលវាមានផលប៉ះពាល់បំផុតទៅលើសួត និងលំពែង។ ប្រសិនបើមានជំងឺនេះក្នុងកម្រិតស្រាល  របបអាហារគ្រប់គ្រាន់ អាចជួយស្ត្រីឲ្យធន់បាននៅអំឡុងពេលមានផ្ទៃពោះ។ បើស្ត្រីមានផ្ទៃពោះដែលកំពុងមានជំងឺ Cystic Fibrosis គួរតែត្រូវបានសង្កេត និងតាមដានឲ្យបានល្អបំផុត។ • ជំងឺរលាកទងសួត កាលណារលាកទងសួតពេលមានផ្ទៃពោះ វានឹងឲ្យទៅជារលាកសួត ព្រោះតម្រូវការបរិមាណឧស្ម័នអុកស៊ីហ្សែនមិនអាចនាំទៅដល់ទារកក្នុងផ្ទៃបាន ជាហេតុ​ អាចឲ្យទារក សម្រាលមុនកំណត់ និងមិនគ្រប់គីឡូក្នុងអត្រាខ្ពស់បំផុត។ ករណីគ្រុនក្តៅ រួមជាមួយរលាកទងសួតពេលមានផ្ទៃពោះ អាចបង្កើននូវឱកាស វិវឌ្ឍជា Spina bifida អាចឲ្យទារកស្លាប់បាន។ • ខ្សោយផ្លូវដង្ហើម មិនញឹកញាប់ ប៉ុន្តែ អ្នកជក់បារីមានអត្រាខ្ពស់បំផុត ចំពោះបញ្ហាខ្សោយផ្លូវដង្ហើមនេះ ដែលជាការពិបាកផ្លាស់ប្តូរឧស្ម័នក្នុងសរសៃឈាមតូចៗនៃសួត។ ការពិគ្រោះយោបល់ និងការត្រួតពិនិត្យ មានសារសំខាន់យ៉ាងខ្លាំងពីព្រោះ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ពិតជាពិបាកដោះស្រាយក្នុងពេលមានផ្ទៃពោះ  ហើយជាទូទៅ ការពិនិត្យសុខភាពអ្នក  មុន និងក្នុងពេលមានផ្ទៃពោះ ជាជម្រើសល្អបំផុត។ បន្ថែមពីលើនេះទៀត  ចំពោះស្ត្រីមានជំងឺហឺត  ឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតស្រាប់  គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើស្ថានភាពរបស់ខ្លួន ដើម្បីអាចរកវិធានការក្នុងការព្យាបាលយ៉ាងមានប្រសិទ្ធភាព។ អត្ថបទនេះនាំមកជូនដោយ Dr. Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ​ Anna Women and Baby's Center។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញគឺ កត្តាខាងក្នុង​ (តំណពូជ អាយុច្រើន)​ និង កត្តាខាងក្រៅ (កម្តៅថ្ងៃ គេងមិនគ្រប់គ្រាន់ ជក់បារី)។​ ទាក់ទងនឹងការព្យាបាល បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញវានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ ការប្រើថ្នាំលាប ការប្រើថ្នាំចាក់ ការភៀលមុខ Face lifting with laser, Botox, Thread lift, ការប្រើម៉ាស៊ីនបន្តឹងស្បែកមុខ និង Surgery. នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមាន ការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។   ស្វែងយល់បន្ថែម ការប្រឆាំងនឹងភាពជ្រីវជ្រួញ ពីលោកវេជ្ជបណ្ឌិត យិន​ វុឌ្ឍី ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ករណីកំហុសកំនុំភ្នែកមិនអាចមើលឃើញរូបភាពឆ្ងាយ និងជិតបានទេ ដោយសារកំណុំរូបភាពមិនធ្លាក់លើសរសៃបាតភ្នែកទេ។   បញ្ហាកំនុំភ្នែកចែកចេញជាបីប្រភេទ ប៉ុន្តែការព្យាបាលពុំសូវមានភាពខុសគ្នាប៉ុន្មានទេ។ · ភ្នែកម៉្ញូប៖ ការព្យាបាលដែលប្រសើរបំផុត គឺ ការពាក់វ៉ែនតាប្រភេទដក ឬការប្រើ Contact lenses ។ ការព្យាបាលដោយកាំរស្មី (LASIK) ​​​​   និងការវះកាត់ត្រូវបានពិចារណា ក្នុងករណីម៉្ញូបជ្រៅ។ · ភ្នែកខ្លី៖  ត្រូវជ្រើសរើសការប្រើវ៉ែនតាប្រភេទបូក ឬអាចធ្វើ (LASIK) បានដូចភ្នែកម៉្ញូប។ · ភ្នែកអាស្ទីម៉ាត៖  ភ្នែកប្រភេទនេះអាចពាក់វ៉ែនតាប្រភេទបូក​ ឬប្រភេទដកក៏បាន និងការព្យាបាលដោយកាំរស្មីបានដូចគ្នា។ លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ក៏សូមជម្រាបដល់អ្នកជំងឺដែលមានបញ្ហាភ្នែក គួរតែមកជួបជាមួយនឹងគ្រូពេទ្យភ្នែក ជាពិសេសអ្នកដែលមានបញ្ហាភ្នែក ខុសកំនុំ។ សព្វថ្ងៃ ការព្យាបាលបញ្ហាភ្នែកខុសកំនុំដោយកាំរស្មី មានធ្វើហើយនៅប្រទេសកម្ពុជាយើង។ ដូចនេះ លោកអ្នកអាចមកជួបពិភាក្សា និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ដើម្បីអាចធ្វើការព្យាបាលដោយបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ពាក់វ៉ែនតា៕   ស្វែងយល់បន្ថែមពីបញ្ហាភ្នែកខុសកំនុំ    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រភពនៃជំងឺ៖ មិនដឹង   វ័យដែលកើតជំងឺនេះ៖  យុវវ័យ។ ការសិក្សាថ្មីៗនេះបានបង្ហាញថាជំងឺនេះអាចប៉ះពាល់មនុស្សដល់អាយុ២៥ឆ្នាំ។   កត្តាហានិភ័យ៖ អាយុគឺជា កត្តាហានិភ័យដ៏ចម្បងមួយ។ កត្តាផ្សេងៗទៀតមានដូចជា៖ ·  ការសិក្សាក្នុងថ្នាក់តែមួយដែលមានប្រុស និងស្រីរួមគ្នា ·  ទូរស័ព្ទដៃ ·  ភាពយន្ត ·  អ៊ីនធើណែត   រោគសាស្ត្រ៖ ធ្វើឲ្យប្រព័ន្ធសរីរាង្គជាច្រើនមានបញ្ហា។   លក្ខណៈគ្លីនិក៖ រោគសញ្ញា 1. លក្ខណៈទូទៅដែលច្រើនកើតមានលើជំងឺនេះ គឺការឈឺចាប់នៅក្នុងបេះដូងដែលជារឿយៗត្រូវបានពណ៌នាដោយអ្នកជំងឺថាជាការឈឺចាប់តែ    ធ្វើឲ្យមានអារម្មណ៍ល្អ (Sweet Pain)។ 2. ការបាត់បង់ចំណង់អាហារ 3. ភាពមិនងងុយគេង 4. យល់សប្តិទាំងថ្ងៃ 5. បាត់បង់ចំណូលចិត្តក្នុងការងារ។ អ្នកជំងឺអាចមានគ្រោះថ្នាក់ក្នុងការវិវឌ្ឍទៅជាករីនិពន្ធ។   សញ្ញាដែលគ្រូពេទ្យរកឃើញ៖ 1. ប្រស្រីភ្នែករីកធំ (ពេលស្វែងរកអ្នកជាទីស្រឡាញ់របស់ពួកគេ) 2. ឡើងក្រហមនៅលើថ្ពាល់ទាំងសងខាង (ជាទូទៅ ច្រើនកើតមានចំពោះស្រ្តី) 3. ពេលស្ដាប់បេះដូង ៖ សម្លេងទីមួយនៃបេះដូងលឺ LOVE ជំនួសឲ្យការលឺ  LUB 4. ញញឹមដាក់ខ្លួនឯង/ញញឹមម្នាក់ឯង។   ការបង្កជំងឺ និងសញ្ញាគ្លីនិក៖ ជំងឺមានការប្រែប្រួលបន្តិចម្ដងៗក្នុងដំណាក់កាលចាប់ផ្តើមដំបូង។ អ្នកជំងឺមានរោគសញ្ញាមិនច្បាស់លាស់ដូចជាការបាត់បង់ចំណង់អាហារ លែងងងុយគេងជាដើម។ ក្រោយមកទៀត មានការវិវឌ្ឍជាបញ្ហាទៅលើប្រព័ន្ធសរីរាង្គជាច្រើនបានកើតឡើងជាមួយនឹងរោគសញ្ញាផ្សេងៗគ្នា។ រោគសញ្ញាមានសភាពកាន់តែអាក្រក់នៅពេលដែលអ្នកជំងឺបានឃើញអ្នកជាទីស្រឡាញ់របស់ពួកគេ។  ការមើលឃើញនៃសេចក្ដីស្រឡាញ់របស់អ្នកជំងឺធ្វើឲ្យមានការកន្ត្រាក់នៃ Radial fibers នៃសាច់ដុំ Iris ដែលនាំឲ្យមានការរីកនៃប្រស្រីភ្នែក។ ភ្នែករបស់អ្នកជំងឺបើកធំៗ ហើយមិនព្រិចភ្នែកទេ។ សាច់ដុំ Zygomaticus major កន្ត្រាក់ដោយស្វ័យប្រវត្តិធ្វើឲ្យអ្នកជំងឺញញឹមដោយមិនដឹងខ្លួន។   នៅពេលដែលអ្នកជំងឺចូលទៅជិតអ្នកជាទីស្រឡាញ់របស់ពួកគេ Action Potential ត្រូវបានបង្កើតឡើងក្នុងចង្វាក់មួយដែលមិនទៀងទាត់នៅក្នុង បេះដូង ហើយបាត់បង់ចង្វាក់បេះដូងធម្មតា។ ការពិនិត្យមើលតាមមីក្រូទស្សន៍ទៅលើសាច់ដុំបេះដូងបានបង្ហាញថាមានវត្តមាននៃជាលិកា Pacemaker មិនប្រក្រតីនៅកន្លែងមួយដែលគេហៅថា Romantic Spots ដែលវាទទួលខុសត្រូវចំពោះការបាត់បង់ចង្វាក់បេះដូង។ អ្នកជំងឺមានអារម្មណ៍តប់ប្រមល់ ហើយក្រោយមកមានការឈឺចាប់ក្នុងបេះដូង។ វាគឺជាលក្ខណៈនៃការឈឺចាប់មួយប្រភេទដែលអ្នកជំងឺចង់បាន កាន់តែច្រើនឡើងៗ។ នៅដំណាក់កាលធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ខួរក្បាល។ ប្រសិនបើអ្នកមិនត្រូវបានព្យាបាលត្រឹមត្រូវនោះទេស្ថានភាពអាច នឹងកាន់តែអាក្រក់។    ការព្យាបាល៖ ការព្យាបាលដោយការរៀបអាពាហ៍ពិពាហ៍ (Marriage Therapy) គឺអាចមានប្រសិទ្ធភាពជាសះស្បើយរហូតដល់ ១០០%។ ជាទូទៅ វាមានប្រសិទ្ធភាពតែចំពោះអ្នកជំងឺដែលមានអាយុចាប់ពី២២ឆ្នាំឡើងទៅ។ ប្រសិនបើព្យាបាលមុនអាយុនេះ វាអាចមានផលប៉ះពាល់ជាច្រើន។   វិធានការក្នុងការបង្ការជំងឺ៖ ការខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជំងឺនេះ។ អង្គការស្នេហាពិភពលោក (The World Love Organization ឬWLO) គណៈកម្មាធិការអ្នកជំនាញបានប្រកាសថាជំងឺនេះមិនអាចចៀសវាងបានទេក្នុងក្រុមអាយុដែលបានរៀបរាប់ខាងលើ ហើយការបង្ការ គឺមិនអាចធ្វើទៅរួចនោះទេ។ ការព្យាយាមរារាំងភាពធម្មតានៃជំងឺនេះអាចធ្វើឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះវិធានការក្នុងការជួយអន្តរាគមន៍ក្នុងជំងឺនេះត្រូវបានហាមឃាត់យ៉ាងដាច់ខាត។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top