Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដុំពកតូចៗដែលច្រើនសង្កេតឃើញនៅលើផ្ទៃមុខរបស់អ្នកជាពិសេសគឺនៅជុំវិញភ្នែក និងត្របកភ្នែកតែងតែជាកង្វល់ និងភាពរំខានមួយរបស់មនុស្សជាច្រើនដោយសារវា មិនត្រឹមតែបន្ថយភាពស្រស់ស្អាតនៅលើផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ តែវាក៏មានរឿងពាក់ព័ន្ធមួយចំនួនដែលអ្នកមិនធ្លាប់បានដឹងផងដែរ។ ចង់ដឹងដែរឬទេថា ដុំពកតូចៗទាំងនេះកើតឡើងដោយសារអ្វី? តើអ្នកអាចបំបាត់វាបានដែរឬទេ? ស្រាយចម្ងល់របស់អស់លោកអ្នកជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន អតីតនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ ជាមួយនឹងសញ្ញាប័ត្រជំនាញសើស្បែក និងកាមរោគពីប្រទេសថៃដែលក្រៅពីបម្រើការងារនៅគ្លីនិកជាតិសើស្បែកនិងកាមរោគបច្ចុប្បន្ន លោកក៏មានតួនាទីជាសាស្រ្តាចារ្យមួយរូបផងដែរ។ ១.    អ្វីជាជំងឺផ្កាស្បូន? ផ្កាស្បូន ឬហៅថា Syringoma ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែកជាពិសេសគឺផ្ទៃមុខហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាសឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។ ២.    តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន? ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថាDown syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។ ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះគឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេគ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។ ៣.    អ្នកណាខ្លះប្រឈមមុខនឹងការកើតមានផ្កាស្បូននេះ? ការពិតផ្កាស្បូនអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វ័យតែម្តង ក៏ប៉ុន្តែគេសង្កេតឃើញថាវាកើតជាពិសេសទៅលើស្ត្រីជាងបុរស និងជាទូទៅ គឺកើតនៅពេលមនុស្សជិតពេញវ័យឬក៏នៅដំណាក់កាលពេញវ័យ ដោយវាទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូន។ ៤.    ការធ្វើរោគវិនិច្ឆ័យត្រូវធ្វើដូចម្តេច? ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងតាមវិធីសាស្ត្រពីរ គឺរបៀបគ្លីនិកដែលជាការត្រួតពិនិត្យមើលផ្ទាល់នឹងភ្នែកទៅលើលក្ខណៈរបស់ដុំពកដោយផ្អែក លើលក្ខណៈចំណាំក្រោមរូបភាពជាគ្រាប់ពណ៌ដូចស្បែក ឬក៏ពណ៌លឿងដែលមានទំហំតូចៗហើយច្រើនកើតនៅតំបន់ជុំវិញភ្នែកឬក៏ត្របកភ្នែក។ ឯវិធីសាស្ត្រមួយទៀតគឺប៉ារ៉ាគ្លីនិកដែលផ្អែកទៅលើការយកស្បែកទៅវិភាគ (ជាលិកាសាស្ត្រ)ដើម្បីអាចបញ្ជាក់បន្ថែមថាវាពិតជាជំងឺផ្កាស្បូន ដោយសារការលេចឡើងនូវភាពមិនធម្មតានៃ ក្រពេញញើស។ ៥.    ផ្កាស្បូនត្រូវព្យាបាលតាមរបៀបណា? មានវិធីមួយចំនួនក្នុងការព្យាបាលជំងឺផ្កាស្បូនដែលទីមួយគឺ ការវះកាត់ ដើម្បីយកដុំតូចៗនោះចេញ។ វិធីទីពីរគឺ Cauterisation ដែលជាការដុតបំបាត់ដុំពកនោះ ឬធ្វើការព្យាបាលដែលពេញនិយមដោយកាំរស្មីឡាស៊ែរដោយប្រើប្រាស់នូវចរន្តភ្លើងដូចគ្នា។ ក្រៅពីនោះក៏អាចធ្វើការព្យាបាលតាមរយៈ Dermabrasion ដែលជាវិធីសាស្ត្រ​ ក្នុងការខាត់ជម្រុះដុំពកៗនោះតែម្តង។ សូមបញ្ជាក់ផងដែរថា ការព្យាបាលតាមវិធីខាងលើទាមទារនូវពេលវេលាមួយសមរម្យ និងតម្រូវឲ្យធ្វើច្រើនដង ម្យ៉ាងទៀត ការព្យាបាលទៀតសោតក៏អាចបន្សល់នូវសម្លាកឬផ្លែ និងអាចមានការលាប់ឡើងវិញផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនទទួលការព្យាបាល ត្រឹមត្រូវជាពិសេសគឺការញេចដោយខ្លួនឯងអាចបណ្តាលឲ្យមានផលវិបាកជាច្រើនដូចជាធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ រីករាលដាលច្រើន ឬកើតជាបញ្ហាផ្សេងៗទៀតជាបន្តបន្ទាប់។ ដូចនេះ អ្នកជំងឺដែលមានបញ្ហានេះត្រូវណែនាំឲ្យចៀសវាងការញេចកេះ និងអេះជាដាច់ខាត។ ៦.    មានវិធីអ្វីអាចការពារកុំឲ្យកើតមានជំងឺផ្កាស្បូន? ក្នុងករណីដែលជំងឺមានទាក់ទងនឹងបញ្ហាតំណពូជនោះការការពារមានការពិបាកខ្លាំង។ ទោះយ៉ាងណាក៏ដោយមានវិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្ការផ្កាស្បូនបានរួមមានការសម្អាតស្បែកឲ្យបានស្អាតជារៀងរាល់ថ្ងៃ ចៀសវាងការរលាកផ្សេងៗជាពិសេសគឺការរលាកដោយសារកម្តៅថ្ងៃ ចៀសវាងការពិសាស្រា បារី និងគួរត្រួតពិនិត្យ តាមដានកម្រិតជាតិស្ករនៅក្នុងខ្លួនជាប្រចាំដោយសារវាអាចពាក់ព័ន្ធនឹងការកើតជំងឺទឹកនោមផ្អែមដែលជាកត្តាជម្រុញមួយនៃជំងឺផ្កាស្បូន កាត់បន្ថយការហូបប្រៃ កុំប្រឈម ឬនៅកៀកទៅនឹងបរិយាកាសដែលមានជាតិពុលឬជាតិគីមីច្រើនព្រោះវាអាចជាមូលហេតុនៃការកើតជំងឺផ្កាស្បូននៅថ្ងៃក្រោយ។  “ប្រសិនបើអ្នកមានបញ្ហាស្បែក ឬក៏មានរោគសញ្ញាណាមួយនៅលើស្បែកគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសើស្បែកឲ្យបានឆាប់រហ័ស និងសូមរំលឹកម្តងទៀតថាអ្នកជំងឺទាំងអស់ គប្បីចៀសវាងការញេច និងកេះផ្តេសផ្តាសដោយខ្លួនឯង ក៏ដូចជាប្រើប្រាស់ផលិតផលផ្សេងៗដែលគ្មានការជឿទុកចិត្តច្បាស់លាស់ដែលទាំងនេះជាករណីដែលតែងជួបប្រទះជាញឹកញាប់ ហើយវាអាចឲ្យលោកអ្នកប្រឈមមុខនឹងហានិភ័យនៃការរលាកស្បែកក៏ដូចជាធ្វើឲ្យមានជំងឺផ្កាស្បូននេះកើតឡើងផងដែរ”  នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទថន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។ ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្កឲ្យមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកម្រិតតធម្មតានៃតម្រូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលឲ្យមានការលើសជាតិអាស៊ីតក្នុងក្រពះ វិបត្តិនៃការរំលាយអាហារ ជំងឺរលាកសាច់ក្រពះរាំរ៉ៃ ជំងឺដំបៅក្រពះ និង ជំងឺមហារីកក្រពះផងដែរ ។  ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជំងឺក្រពះឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជំងឺ ដើម្បីការពារការវិវត្តរាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហាក្រពះបាន ។ គ)  រោគសញ្ញា និង ផលវិបាកដែលអាចកើតមាននៅលើអ្នកជំងឺដែលមានផ្ទុកមេរោគ ក្រពះនេះមានដូចជា ៖    + វិបត្តិនៃការរំលាយអាហារ    + រលាកក្រពះ រាំរៃ និង មិនជាដាច់ក្រោយការព្យាបាល    + ដំបៅក្រពះរាំរៃ ហើយអាចបង្កការហូរធ្លាក់ឈាមពីប្រដាប់រំលាយអាហារ    + ការបាត់បង់ និង ខ្វះគ្រាប់ឈាមក្រហម    + ដុំមហារីកក្នុង ក្រពះ ។ល។ ឃ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:     + ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយៈ Fibroscopie gastrique (Anapath),     + ធ្វើការវិភាគសាច់ក្រពះតាមរយៈ Test rapide à l'Uréase    + ធ្វើការពិនិត្យលាមក (Stool Antigen test)    + វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13 និង C14)     + ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។ ង) ការព្យាបាល សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ។ ***** គួរកត់សម្គាល់ដែរថា ការសំលាប់មេរោគក្រពះ បានជោគជ័យអាចកាត់បន្ថយអត្រាប្រឈម និង ជំងឺមហារីកក្រពះបានប្រមាណជា 40% យ៉ាងងាយស្រួល ។

Share

ការសិក្សាបានបង្ហាញថា ការពិនិត្យសុដន់(Breast Cancer Screening)ជាវិធីសាស្រ្តក្នុងការរកឲ្យឃើញនូវសញ្ញាណដំបូងនៃជំងឺមហារីក មុនពេលដែលជំងឺនេះរាលដាលដល់សរីរាង្គផ្សេងៗ និងវិវឌ្ឍទៅរកភាពកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ក៏ដូចជាចូលរួមចំណែកកាត់បន្ថយអត្រាមរណៈផងដែរ។  កុំរង់ចាំទាល់តែហួសពេល ស្វែងយល់ជាមួយអត្ថបទខាងក្រោមដែលនឹងបង្ហាញអ្នកអំពីវិធីសាស្រ្តក្នុងការពិនិត្យសុដន់ដោយខ្លួនឯង និងបច្ចេកទេសផ្សេងទៀតដែលអ្នកគួរយល់ដឹងតាមរយៈលោកស្រីវេជ្ជបណ្ឌិតTurobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ។ ១. ការពិនិត្យសុដន់ដោយខ្លួនឯង៖ ការពិនិត្យសុដន់ជាទៀងទាត់ដោយខ្លួនឯងមិនត្រឹមតែអាចឲ្យអ្នកស្គាល់ច្បាស់ពីរូបរាងសុដន់របស់អ្នកនោះទេថែមទាំងអាចកំណត់បាននូវសញ្ញាណនានាដែលអាចជាដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ទៀតផង។ប៉ុន្តែវិធីសាស្រ្តនេះមិនអាចសន្មតបានជាក់លាក់ពីជំងឺមហារីកសុដន់បានច្បាស់លាស់នៅឡើយ ដែលត្រូវទាមទារឲ្យអ្នកទទួលការពិនិត្យតាមវិធីសាស្រ្តផ្សេងទៀតពីអ្នកដែលមានជំនាញត្រឹមត្រូវ។ សម្រាប់ការពិនិត្យសុដន់ដោយខ្លួនឯងអ្នកអាចអនុវត្តនូវជំហានខាងក្រោម៖ ជំហានទី ១៖ ធ្វើការពិនិត្យមើលតាមកញ្ចក់ ដោយពន្លាស្មារបស់អ្នកឲ្យត្រង់ រួចដាក់ដៃលើចង្កេះ ហើយធ្វើការពិនិត្យមើលលើទំហំ រូបរាង និងពណ៌នៃសុដន់របស់អ្នក។ ជំហានទី ២៖ លើកដៃទាំងពីរឡើងទៅលើ រួចពិនិត្យមើលរកភាពមិនប្រក្រតី។ សម្រាប់ជំហាននេះ  អ្នកអាចសង្កេតមើលផងដែរថាមានទឹកដែលមានពណ៌ដូចទឹកដោះគោ ពណ៌លឿង ឬឈាមហូរចេញពីចុងសុដន់ម្ខាង ឬទាំងពីររបស់អ្នកដែរឬទេ។ ជំហានទី ៣៖  ជាការពិនិត្យដោយការផ្តេកខ្លួនឲ្យត្រង់៖ • ប្រើដៃស្តាំស្ទាបមើលសុដន់ខាងឆ្វេង និងដៃឆ្វេងសម្រាប់ការពិនិត្យសុដន់ស្តាំ • ធ្វើការពិនិត្យដោយប្រើម្រាមដៃទាំងអស់របស់អ្នក ដោយលាម្រាមដៃឲ្យត្រង់ • ធ្វើចលនាម្រាមដៃជារង្វង់ដើម្បីពិនិត្យ(ការពិនិត្យគួរចាប់ផ្តើមពីចុងសុដន់) ជំហានទី ៤៖ កំឡុងពេលដែលអ្នកអង្គុយ ឬឈរ ក៏អាចពិនិត្យមើលសភាពសុដន់របស់អ្នកផងដែរ ដោយអនុវត្តដូចទៅនឹងជំហានទី ៣។   ម៉្យាងវិញទៀតអ្នកអាចធ្វើការពិនិត្យនៅពេលកំពុងងូតទឹកដោយវាផ្តល់ជាភាពងាយស្រួលអាចចាប់បាននូវភាពមិនប្រក្រតី នៅពេលស្បែករបស់អ្នកស្ថិតក្នុងសភាពសើម។ គ្រប់ស្រី្តគួរតែអនុវត្តការពិនិត្យសុដន់ជារៀងរាល់ខែដើម្បីអាចឲ្យរកឃើញនូវការផ្លាស់ប្តូរដូចជាមានដុំ កន្ទួល ឬការហូរសារធាតុរាវពីចុងសុដន់។ ការពិនិត្យនេះគួរតែធ្វើឡើងក្រោយពីការមករដូវប្រចាំខែបានបញ្ចប់ ដែលជាពេលដែលសុដន់មានភាពប្រក្រតី(មិនសូវមានដុំ)។ ចំណែកស្រ្តីក្នុងវ័យអស់រដូវ ចាំបាច់ត្រូវកំណត់ថ្ងៃជាក់លាក់ណាមួយសម្រាប់ការពិនិត្យជារៀងរាល់ខែ។ ២. ការធ្វើតេស្តគ្លីនិកលើសុដន់ (Clinical Breast Examination) តេស្តគ្លីនិកលើសុដន់ត្រូវធ្វើឡើងក្នុងគ្លីនិក ឬមន្ទីរពេទ្យ និងក្រោមការពិនិត្យដោយវេជ្ជបណ្ឌិតដែលមានជំនាញ ហើយវាជាតេស្តមួយដែលអនុវត្តបន្ថែមពីលើបច្ចេកទេសmammography ដោយហេតុថាគេក៏មិនអាចទទួលបានលទ្ធផលដែលច្បាស់នោះទេប្រសិនបើជ្រើសរើសតេស្តគ្លីនិកតែមួយមុខសម្រាប់ការពិនិត្យ។ គួរបញ្ជាក់ថា ស្រ្តីគួរតែចាប់ផ្តើមទទួលការពិនិត្យនេះតាមការបង្ហាញខាងក្រោម៖ • អាយុចាប់ពី ២០ឆ្នាំ- ៣៩ឆ្នាំ៖ គួរទទួលការពិនិត្យរៀងរាល់ ៣ឆ្នាំម្តង • អាយុចាប់ពី ៤០ឆ្នាំ-៥០ឆ្នាំ៖ ពិនិត្យជារៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ គួរទទួលការពិនិត្យរៀងរាល់ ២ឆ្នាំម្តង។ ៣. តេស្ត mammography តេស្ត mammography ជាវិធីសាស្ត្រក្នុងការថតឆ្លុះសុដន់ដោយប្រើប្រាស់កាំរស្មីអ៊ិច(X-ray) សម្រាប់ការពិនិត្យរកមើលជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈយ៉ាងមានប្រសិទ្ធភាព។ ចំណែកការថតឆ្លុះ គឺត្រូវធ្វើឡើងពីរដង ដោយចាប់ផ្តើមពីលើទៅក្រោម និងពីឆ្វេង ទៅស្តាំ  តាមរយៈការប្រើប្រាស់បន្ទះប្លាស្ទិកគៀបទៅលើសុដន់។ វិធីសាស្រ្តនេះ អាចបង្កការឈឺចាប់បន្តិចបន្តួច តែក្នុងរយៈពេលតែ ២-៣ វិនាទីតែប៉ុណ្ណោះ។ ចំពោះផលវិបាកនៃកាំរស្មីគឺមានតិចតួច ម្យ៉ាងវិញទៀតប្រសិនបើ ទទួលការពិនិត្យបានឆាប់រហ័ស និងទាន់ពេលវេលានោះ ផលវិបាកនៃកាំរស្មីនោះមិនមានចោទជាបញ្ហានោះទេ។ Mammography គួរត្រូវបានធ្វើការពិនិត្យចំពោះស្រ្តីដែលមានអាយុចាប់ពី៤០ឆ្នាំឡើង៖ • អាយុ ៤០-៥០ឆ្នាំ៖ ស្វែងរកការពិនិត្យរៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ អាចទទួលបានការពិនិត្យ ម្តងរៀងរាល់រយៈពេលពីរឆ្នាំ។ ៤. បច្ចេកទេស ម៉ាញេទិច (Magnetic Resonance Imaging: MRI) វាជាវិធីសាស្រ្តប្រើប្រាស់នូវម៉ាញេទិច ដើម្បីចាប់បាននូវរូបភាពនៃសុដន់ឲ្យបានកាន់តែច្បាស់។ វាត្រូវបានណែនាំចំពោះស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខទៅនឹងជំងឺមហារីក ឬចំពោះស្រ្តីដែលធ្លាប់ធ្វើការវះកាត់កែប្រែសុដន់។ តេស្ត MRI អាចផ្តល់អត្ថប្រយោជន៍ចំពោះអ្នកដែលមានផ្ទុកនូវBRCA1 និង BRCA2 mutation ស្រ្តីដែលធ្លាប់ទទួលបានការព្យាបាលដោយកាំរស្មី ចាប់ពីអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ និងស្រ្តីដែលមានសមាជិកគ្រួសារ ឬសាច់ញាតិដែលមានប្រវត្តិជំងឺមហារីកសុដន់ ឬមហារីកអូវែ។ សារសំខាន់នៃការពិនិត្យរកមហារីកសុដន់៖ • មហារីកសុដន់អាចត្រូវបានរកឃើញនៅដំណាក់កាលដំបូងៗមុនពេលកោសិកាមហារីករាលដាល • អត្រានៃការព្យាបាលមហារីកសុដន់កាន់តែប្រសើរ • ករណីមហារីកត្រូវបានរកឃើញនៅដំណាក់កាលដំបូងនោះការព្យាបាលដែលពុលដល់កោសិកាក៏មិនសូវត្រូវការដែរ • ការពិនិត្យរកមើលមហារីកសុដន់ អាចជួយសង្គ្រោះជីវិតបាន។

Share

ការសិក្សាបង្ហាញថា ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ មកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា។ វីដេអូខាងក្រោមនេះ នឹងបង្ហាញពីការអនុវត្តដែលត្រឹមត្រូវ ដែលអ្នកអាចយកទៅអនុវត្តដោយខ្លួនឯងក្នុងការស្វែងរកដុំមហារីក។ កែប្រែពីការភ័យខ្លាច មកជាចំណេះដែលផ្តើមចេញខ្លួនអ្នកផ្ទាល់... Credit : Aware Breast Self Exam Pad

Share

វិធីធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកដែលគេប្រើប្រាស់ទូទៅ មានដូចជាការថតស្កេនជាច្រើនប្រភេទ និងវិធីសាស្ត្រចាក់បញ្ចូលផ្សេងទៀតដូចជាការច្រិបយកជាលិកាទៅពិនិត្យ។ ប៉ុន្តែ វិធីថ្មីមួយដែលអាចរកឃើញជំងឺនេះបានដោយគ្រាន់តែជួសម្រាមដៃ។អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យយូមា(Umeå University)ក្នុងប្រទេសស៊ុយអែត បានបង្កើតវិធីវិភាគ RNA នៃផ្លាកែតរបស់ឈាមដែលអាចរកឃើញ    បែងចែក    និងកំណត់ទីតាំងនៃជំងឺមហារីកនៅលើខ្លួនយើងបានដោយប្រើប្រាស់សំណាកឈាមមួយដំណក់ប៉ុណ្ណោះ។ លោក Jonas Nilsson បាននិយាយថា ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងជារឿងសំខាន់ណាស់។ ពួកយើងបានសិក្សាពីវិធីសាស្ត្រដែលរកជំងឺមហារីកដោយប្រើប្រាស់សំណាកឈាម ដើម្បីជំនួសឲ្យការច្រិបយកសំណាកជាលិកាក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកសួត។ បើទោះបីជាវិធីនេះ នៅមិនទាន់ល ្អ១០០% ក៏ដោយវាក៏បានបង្ហាញពីក្តីសង្ឃឹមដល់យើងដែរ។ តេស្តវិភាគ RNA នេះឲ្យអ្នកស្រាវជ្រាវអាចរកឃើញជំងឺមហារីកដែលផ្តល់ភាពត្រឹមត្រូវដល់ទៅ ៩៦%ដែលនេះ  ជាជោគជ័យមួយសម្រាប់ការស្វែងរកវិធីវិភាគដែលប្រើប្រាស់សំណាកជាជាលិការាវដែមិនចាំបាច់ចាក់ចូលទៅក្នុងរាងកាយមនុស្ស។ ដើម្បីសាកល្បងតេស្តរបស់ពួកគេ អ្នកស្រាវជ្រាវបានប្រមូលយកសំណាកឈាមពីមនុស្សចំនួន ២៨៣នាក់។ ក្នុងចំណោមនោះ មនុស្សចំនួន ២២៨នាក់មានជំងឺមហារីកផ្សេងៗគ្នា ឯ ៥៥នាក់ទៀតមិនមានជំងឺនេះទេ។ ដោយវិភាគ និងប្រៀបធៀប RNA ក្នុងសំណាកឈាមទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញវត្តមានជំងឺមហារីកក្នុងចំណោមអ្នកជំងឺទាំងនោះជាមួយនឹងកម្រិតជាក់លាក់ផ្សេងៗគ្នា។ តេស្តថ្មីនេះ បានកំណត់ពីវត្តមានជំងឺនិងដឹងពីប្រភេទមហារីកដោយមានភាពជាក់លាក់ដល់ទៅ១០០% ចំពោះអ្នកជំងឺចំនួន៣៩រូប ដែលបានដឹងថាមានជំងឺមហារីកក្នុងកម្រិតដំបូង។ យោងតាមការតាមដាន តេស្តនេះ នៅមិនទាន់ផ្តល់ប្រសិទ្ធភាពបានដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែវានៅតែផ្តល់នូវលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍។អ្នកស្រាវជ្រាវ អាចរកកំណត់ប្រភពនៃដុំសាច់មហារីកបានលើសពី៧១% ចំពោះអ្នកជំងឺដែលមានជំងឺមហារីសួត មហារីកសុដន់ មហារីកលំពែងមហារីកខួរក្បាល មហារីកថ្លើម មហារីកពោះវៀនធំនិងមហារីកថង់លាមក។ ក្នុងការសិក្សានេះក៏មិនបានបញ្ជាក់ថាវិធីមួយនេះគួរតែប្រើជំនួសឲ្យវិធីរកជំងឺមហារីកដែលកំពុងប្រើប្រាស់សព្វថ្ងៃដែរ ប៉ុន្តែវាច្បាស់ណាស់ថាប្រសិនបើវិធីនេះផ្តល់លទ្ធផលល្អ១០០% វាអាចជាការសន្យាមួយយ៉ាងធំចំពោះគ្រូពេទ្យនិងអ្នកជំងឺជាពិសេសជាមួយនឹងវិធីងាយក្នុងការរកឃើញជំងឺបានតាំងពីដំបូង។ លោក នីលស៊ុន(Nilsson) បាននិយាយថា ក្នុងការសិក្សានេះ ស្ទើរតែគ្រប់ទម្រង់ទាំងអស់នៃជំងឺមហារីកត្រូវបានរកឃើញ ដែលនេះបង្ហាញថាតេស្តប្រើសំណាកឈាមមានសក្តានុពលខ្ពស់ក្នុងការបង្កើនការរកឃើញជំងឺមហារីកក្នុងដំណាក់-កាលដំបូងៗ៕

Share

ជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) គឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)។ កោសិកាទាំងនេះ គឺជាប្រភេទមួយនៃកោសិកាឈាមស។ ជាធម្មតាពួកវា គឺជាអ្នកផលិតអង់ទីករ (Immunoglobulin) ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ក្នុងករណីជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma)នេះ ពពួកកោសិកា cancerous plasma cells ទាំងនេះកើតកូនចៅយ៉ាងឆាប់រហ័សនៅក្នុងខួរឆ្អឹង និងលុកលុយស្រទាប់ឆ្អឹង ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា៖ - ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ - កើនឡើងខុសប្រក្រតីនៃបរិមាណ immunoglobulins នៅក្នុងឈាម អាចបណ្តាលអោយឈាមអ្នកជំងឺ ក្លាយទៅជាខាប់ស្អិត និងងាយមានកំណកក្នុងសសៃឈាម - កម្រិតនៃអង់ទីករល្អៗផ្សេងទៀតបានធ្លាក់ចុះធ្វើឱ្យអ្នកជំងឺងាយកើតរោគឆ្លងផ្សេងៗ ដូចជារលាកសួត រលាកប្លោកនោមជាដើម ។ល។ - កម្រិតកាល់ស្យូមក្នុងឈាមកើនខ្ពស់ដែលអាចនាំឱ្យខ្សោះជាតិទឹក ទល់លាមក ចង្អោរ និងក្អួត បាត់បង់ចំណង់អាហារ និងវង្វេងស្មារតី - ស្លេកស្លាំង អស់កម្លាំងគួរឱ្យកត់សម្គាល់ ដោយសារខ្វះគ្រាប់ឈាមក្រហម - ងាយមានស្នាមជាំក្រហមលើស្បែក ដោយសារកោសិកាឈាមផ្លាកែតធ្លាក់ចុះខ្លាំង - ខ្សោយមុខងារតម្រងនោម ។ល។ ជំងឺមហារីកឈាមក្នុងឆ្អឹងប្រភេទនេះ អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង។ ក) កត្តាហានិភ័យដែលអាចអោយកើតជំងឺនេះរួមមានការប៉ះពាល់ទៅនឹង៖ - ឧស្ម័នបង់ហ្សែន - ថ្នាំសម្លាប់សត្វល្អិត ។ល។ ខ) ការធ្វើរោគវិនិច្ឆ័យ៖ គ្រូពេទ្យឯកទេសជំងឺឈាមរបស់លោកអ្នកនឹងបញ្ជាឱ្យ៖     ១) ធ្វើតេស្តឈាមដើម្បីរកមើល៖ - ខ្វះឈាមក្រហម - កម្រិតខ្ពស់នៃប្រូតេអ៊ីន - បរិមាណ immunoglobulin ក្នុងឈាម - វាស់មុខងារតំរងនោម ។ល។     ២) ធ្វើតេស្តទឹកនោមដើម្បីរកជាតិប្រូតេអ៊ីន (Bence Jones Proteines)     ៣) ថតកាំរស្មី X នៃឆ្អឹងលលាដ៍ក្បាល ឆ្អឹងទ្រូង ឆ្អឹងដៃ ឆ្អឹងកំភ្លៅ និងឆ្អឹងត្រគៀក ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនិងពិនិត្យរកមើលសញ្ញាស៊ីឆ្អឹង ឆ្អឹងស្ពោត ឬ ឆ្អឹងបាក់ ។ល។     ៤) វិភាគខួរឆ្អឹងដោយប្រើមីក្រូទស្សន និង Flowcytometry ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងពីកម្រិតខ្ពស់ខុសប្រក្រតីនៃកោសិកា cancerous plasma cells។ គ) ចំណាត់ថ្នាក់នៃជំងឺ៖ ជំងឺមហារីកឈាមក្នុងឆ្អឹង ចែកជា ៣ដំណាក់កាល៖ - ដំណាក់កាលទី១ ៖ កោសិកាមហារីកតិចតួចប៉ុណ្ណោះ ដែលបានរីករាលដាលក្នុងរាងកាយអ្នកជំងឺ ដូចនេះវាមិនទាន់មានរោគសញ្ញានៃជំងឺនោះទេ។ - ដំណាក់កាលទី ២ ៖ ចំនួនមធ្យមនៃកោសិកាមហារីកបានរីករាលដាលក្នុងរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺអាចមានរោគសញ្ញាខ្លះៗរួមមាន ឈឺឆ្អឹងតិចតួច អស់កំលាំងម្តងម្កាល។ - ដំណាក់កាលទី៣ ៖ មួយចំនួនធំនៃកោសិកាមហារីកបានរីករាលដាលពេញរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺមានរោគសញ្ញាច្រើនរួមគ្នាដូចជា ឈឺឆ្អឹងឆ្អែង ស្លេកស្លាំង អស់កំលាំង កម្រិតខ្ពស់នៃប្រូតេអ៊ីន និងកាល់ស្យូមនៅក្នុងឈាម និងអាចមានខ្សោយតំរងនោម ។ល។ ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកនៅក្នុងឆ្អឹងរួមមានការបញ្ចូលគ្នារវាង៖ - ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីក (cancerous plasma cells) ដែលស្ថិតក្នុងដំណាក់កាលទី២ និងទី៣។ - ការព្យាបាលដោយប្តូរខួរឆ្អឹងផលិតឈាមថ្មី (Stem Cell Transplantation) សំរាប់រាល់ករណីមហារីកឈាមក្នុងឆ្អឹង ដែលវិវត្តន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និងកំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។ - ការចាក់ថ្នាំ Bisphosphonates តាមសសៃឈាមវ៉ែនម្តងក្នុងមួយខែ ដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង និងពន្យាការរស់រានមានជីវិត។ - ការចាក់ថ្នាំ Immunoglobulins ចូលទៅក្នុងសរសៃឈាមវ៉ែនដើម្បីការពារការឆ្លងមេរោគធ្ងន់ធ្ងរ។ - ការព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយអោយសម្លាប់កោសិកាមហារីក។ - ការព្យាបាលបំបាត់ការឈឺចាប់ក្នុងឆ្អឹងដោយថ្នាំ Morphine ឬ កាំរស្មីវិទ្យុសកម្ម ។ល។ ង) ការព្យាករណ៍ ៖  ករណីភាគច្រើន ជំងឺនេះវិវត្តន៍យឺតៗពី២ទៅ៥ឆ្នាំ បន្ទាប់មកវាមានរោគសញ្ញាកាន់តែអាក្រក់ឡើងៗយ៉ាងឆាប់រហ័ស ប្រសិនមិនមានការព្យាបាល។ ប្រហែលមួយភាគបីនៃអ្នកជំងឺមហារីកឈាមប្រភេទនេះ រស់នៅបានលើសពី៥ឆ្នាំ ប្រសិនទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួន។ អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូងៗ ហើយទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប គឺអាចរស់នៅបានយូរជាងនេះ។ បើមានករណីលាប់ឡើងវិញនៃជំងឺនេះ ក៏នៅមានថ្នាំនិងវិធីព្យាបាលបន្តទៀតដែរ។ បើលោកអ្នកមានឈឺឆ្អឹងរ៉ាំរ៉ៃ ឬឆ្អឹងស្ពោត ឬឆ្អឹងផុយងាយបាក់ គួរគិតដល់ជំងឺដ៏កាចសាហាវនេះ ហើយគួរប្រញាប់ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគអោយប្រាកដថា ការឈឺឆ្អឹងរបស់លោកអ្នកមានទាក់ទងនឹងមហារីកឈាមប្រភេទនេះ រឺអត់ និងដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ។ Photo Credit : Calmette Hospital Page

Share

ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី (Abnormal mitosis) និង លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀត។ កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែង ផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជាៈ ស្បែក, ខួរក្បាល, ក្រពះ ពោះវៀន ។-ល-។ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ។ ក) ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទសំខាន់ៗគឺ ៖     ១) មហារីកកូនកណ្តុរ ប្រភេទHodgkin ៖  កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់ អាយុ ជាង៥០ ឆ្នាំ និង បុរសកើតជំងឺនេះច្រើនជាងស្ត្រី។     ២) មហារីកកូនកណ្តុរ ប្រភេទ Non Hodgkin ៖  មានប្រមាណ ៣០ប្រភេទផ្សេងគ្នា និង ច្រើនកើតលើៈ     - មនុស្សពេញវ័យ ៖ បុរស កើតជំងឺនេះច្រើនជាងស្ត្រី     - មនុស្សវយ័ចំណាស់ អាយុចន្លោះពី៤០ ទៅ៧០ ឆ្នាំ     - មនុស្សវ័យចំណាស់ មហារីកកូនកណ្តុរ Non Hodgkinមានការវិវឌ្ឍយឺតៗ បុន្តែ វា មានការវិវត្តន៍លឿន និង កាចខ្លាំង លើ មនុស្សពេញវយ័ និង កុមារតូចៗ ។ ខ) រោគសញ្ញានៃជំងឺ ៖ រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជាៈ ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក។ល។ រោគសញ្ញាផ្សេងទៀតរួមផ្សំមាន     - ក្តៅខ្លួន     - បែកញើសពេលយប់     - អស់កម្លាំងខ្លាំង     - ស្រកទម្ងន់ដោយមិនមានមូលហេតុ គ) ការធ្វើរោគវិនិច្ឆ័យ ៖ គេអាចដឹងបានថាមានជំងឺមហារីកកូនកណ្តុរដោយ ៖     -ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយស្បែក សង្សយ័ថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។     - ការវិភាគរកមើលស៊ែន ដោយបច្ចេកវិទ្យាថ្មី អាចអោយយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។     - ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតំរៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។     - ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។     - ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។ ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន៖     - ការព្យាបាលដោយកាំរស្មីសំរាប់ជំងឺមហារីកកួនកណ្តុរ Hodgkin ដំណាក់កាលដំបូង។     - ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។     - Stem cell transplant: ព្យាបាលដោយប្តូរខួរឆ្អឹងក្រហមរឺដោយប្តូរកោសិកាពូជថ្មីៗ (Stem cell) សំរាប់ករណីមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង។     - ព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងអោយសម្លាប់កោសិកាមហារីកដោយខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth)     - ការព្យាបាលដោយប្រើអង្គបដិបក្ខពិសេសៗបែបជីវសាស្ត្រទំនើប ដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរយ៉ាងជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និងមិនប៉ះពាល់ដល់កោសិកាធម្មតា។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និង កំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។ ង) ការព្យាករណ៍៖ លទ្ធផលនៃការព្យាបាលជំងឺមហារីកកូនកណ្តុរអាស្រ័យលើកត្តាជាច្រើនដូចជា ៖       - ប្រភេទមហារីកកូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)។ ប្រភេទវិវត្តន៍យឺតៗ ជាសះស្បើយ បានច្រើនជាង ប្រភេទ កាចៗ ដែលវិវត្តលឿន។     - ដំណាក់កាលរបស់ជំងឺមហារីក (cancer’s stage)។ ដំណាក់កាលដំបូងៗ ជាសះស្បើយ បានច្រើនជាង ដំណាក់កាលធ្ងន់ធ្ងរ ទី៣ ឬ ទី៤។     - អាយុរបស់អ្នកជំងឺនិងសុខភាពទូទៅ (patient’s age and general health)។ ចាស់ជរា មានជម្ងឺប្រចាំកាយដ៏ទៃទៀតច្រើន ប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។     - តើមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗ ឆ្លើយតបទៅនឹងការព្យាបាលដំបូង ឬបានលាប់ឡើងវិញ (whether the cancer is newly diagnosed, responds to initial treatment, or has come back)។ ការលាប់មកវិញ នៃ ជម្ងឺនេះ មានហានិភយ័គ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុត។ «សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់យើង ប្រសិនបើលោកអ្នកសម្គាល់ឃើញមានហើមកូនកណ្តុរមួយឬច្រើនហើយដែលនៅតែបន្តកើនទំហំនិងចំនួន និង/ឬ លោកអ្នកមានរោគសញ្ញាផ្សេងទៀតនៃមហារីកកូនកណ្តុរដូចជាគ្រុនក្តៅរ៉ាំរ៉ៃ ការស្រកទម្ងន់ និងការបែកញើសពេលយប់ច្រើនខុសធម្មតា»

Share

ស្ត្រីវ័យចំណាស់ ឬស្ត្រីដែលស្ថិតក្នុងវ័យក្រោយពេលអស់រដូវ ជាទូទៅត្រូវប្រឈមមុខនឹងជំងឺ ឬក៏ការប្រែប្រួលជាច្រើន ក្នុងនោះបញ្ហាពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលតែងតែកើត មានហើយក៏ជាការ បារម្ភដ៏ធំមួយរបស់ពួកគាត់ ពីព្រោះវាជាមូលហេតុមួយដ៏ចម្បងនៃការវិវឌ្ឍទៅកាន់ ភាពទ្រុឌទ្រោម និងបាក់បែកឆ្អឹង។ មានសំណួរជាច្រើនទាក់ទងនឹង ជំងឺនេះត្រូវបានលើកឡើង ហើយដើម្បី ស្រាយចម្ងល់ទាំងនេះ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា វេជ្ជបណ្ឌិតឯកទេសខាងឆ្អឹងពីប្រទេសបារាំង បម្រើការនៅមន្ទីរពេទ្យ កាល់ម៉ែត ផ្នែកវះកាត់ឆ្អឹងបាក់និងជាអនុប្រធានក្រុមប្រឹក្សា ភិបាលសម្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើការបកស្រាយជូនដល់ប្រិយមិត្តដើម្បីយល់ដឹង និងអាចការពារខ្លួនពីជំងឺនេះបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពដើម្បី ទទួលបានសុខភាពឆ្អឹងល្អរឹងមាំ។ និយមន័យនៃជំងឺស្ពោតឆ្អឹង ជំងឺស្ពោតឆ្អឹង ជាការថយចុះនៃកំហាប់ជាតិរ៉ែ​របស់ឆ្អឹង ពោលគឺការថយចុះទាំងចំនួន និងបរិមាណនៃសរសៃឆ្អឹង ក៏ដូចជាការថយចុះនៃកម្រាស់សម្បកឆ្អឹង ដែលជាធម្មតាសរសៃឆ្អឹងយើងគឺមាន សភាពក្រាស់ មាំ និងហាប់ណែន តែករណីមានជំងឺស្ពោតឆ្អឹង ចំនួនសរសៃឆ្អឹងមិនត្រឹមតែថយចុះទេ តែចំនួនដែលនៅសល់ក៏តូចស្តើងផងដែរ។ មូលហេតុនៃជំងឺស្ពោតឆ្អឹង    មូលហេតុបង្កគឺអាស្រ័យនឹងប្រភេទនៃជំងឺស្ពោតឆ្អឹងផ្ទាល់ ដែលមាន២ប្រភេទធំៗ ៖ • Ostéoporose primaire (ជំងឺស្ពោធឆ្អឹង ប្រភេទទីមួយ) ប្រភេទទីមួយនេះទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនជាពិសេសចំពោះស្រ្តី និងការថយចុះនៃសារធាតុរ៉ែចាំបាច់របស់ឆ្អឹងដែល មាន៣សំខាន់ៗគឺ កាល់ស្យូម(calcium) ម៉ាញេ ស្យូម(magnesium) និងវីតាមីនដេ( vitamin D)។ ជំងឺស្ពោតឆ្អឹងប្រភេទនេះកើតលើស្ត្រីប្រហែល៩៥% និងអាចកើតលើបុរសចំនួន៨០%ផងដែរ ដោយហេតុថាស្ត្រីម្នាក់ៗត្រូវឆ្លងកាត់នូវបម្រែបម្រួលអ័រម៉ូនជាច្រើនដំណាក់កាលចាប់តាំងពីពេលពេញវ័យ មានគ្រួសារ មានគភ៌ បំបៅដោះកូន និងរហូតឈានដល់វ័យអស់រដូវ រួមផ្សំនឹងការ ថយចុះនូវសារធាតុរ៉ែចម្បងនៃឆ្អឹងផងទាំងអស់នេះហើយដែលបង្កឲ្យមានកើតជាជំងឺស្ពោតឆ្អឹង។ •  Ostéoporose Secondaire (ជំងឺស្ពោតឆ្អឹង ប្រភេទទីពីរ) ប្រភេទទី២នេះមានសភាពធ្ងន់ធ្ងរនិងពិបាកព្យាបាលជាងប្រភេទទីមួយដោយសារតែអ្នកជំងឺមិនត្រឹមតែមានមូលហេតុបង្កនៅក្នុងប្រភេទទី១ទេថែមទាំងមានកត្តាជំងឺប្រចាំកាយផ្សេងៗឧទាហរណ៍ដូចជា ជំងឺមហារីក (myélome mutiple) ជំងឺតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺដែលប្រើប្រាស់ប្រភេទថ្នាំ corticoide ជាប្រចាំ អ្នកពិសាជាតិអាល់កុល ឬស្រា និងជក់បារីជាដើម។ រោគសញ្ញានៃជំងឺ ពុំមានរោគសញ្ញាច្បាស់លាស់ដែលអាចឲ្យកំណត់បានថាជាជំងឺស្ពោតឆ្អឹងទេ តែជាទូទៅអ្នកជំងឺនេះអាចស្តែងចេញនូវអាការៈឈឺចុកចាប់ រោយតាមឆ្អឹងនិងសន្លាក់ឆ្អឹងដៃជើងម្តងម្កាល ដែល យើងមិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេ តែវានឹងស្តែងចេញកាន់តែញឹកញាប់នូវអាការៈរបៀបនេះ រហូតដល់កើតមានជាប្រចាំ ដែលជាហេតុធ្វើឲ្យមានការថយចុះនូវសកម្មភាពប្រចាំ ថ្ងៃគួរឲ្យកត់សម្គាល់ ព្រមទាំងអាចចំណាំបានផងដែរតាមការសង្កេតឃើញនូវភាពកោងខ្នង និងកម្ពស់ទាបជាងមុនរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺអាចទទួលរងការខូចខាតយ៉ាងងាយដូចជា ប្រេះឬ បាក់ឆ្អឹង ដោយគ្រាន់តែមានការដួលប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺស្ពោតឆ្អឹងអាចផ្អែកលើកត្តាជាច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្តទំនើបឡើង គេច្រើនប្រើម៉ាស៊ីន DXA scan( Dual X-ray Absorptiometry) សម្រាប់ធ្វើរោគវិនិច្ឆ័យ ដោយវាអាចបញ្ជាក់យ៉ាងច្បាស់នូវកំហាប់ជាតិរ៉ែក្នុងឆ្អឹងរបស់យើងម្នាក់ៗ ដែលលទ្ធផលត្រូវបានគិតជា ក្រាមក្នុង១សង់ទីម៉ែត្រការេ ។ ចំពោះលទ្ធផលត្រូវបានបង្ហាញចេញជា T-score ដែលក្នុងនោះ •​    បើ T-score > -1 បញ្ជាក់ថាកំហាប់ជាតិរ៉ែក្នុងឆ្អឹងស្ថិតក្នុងកម្រិតធម្មតា •  បើនៅចន្លោះពី -1 ដល់ -2,5 ( -1≥T.score > -2.5) មានន័យថា កំហាប់ឆ្អឹងចុះខ្សោយ(osteopenia) • និងបើT.score ≤ -2.5 បញ្ជាក់ថាឆ្អឹងស្ពោតឬពុកហើយ (osteoporosis) ។ ការព្យាបាល ការព្យាបាល គឺចាំបាច់ត្រូវការកែសម្រួលនិងបំពេញនូវកង្វះខាតជាតិរ៉ែរបស់ឆ្អឹងក្រោយពីបានវាស់ដោយម៉ាស៊ីន DXA scan រួច។ តាមការស្រាវជ្រាវបច្ចុប្បន្នបានបង្ហាញថា ស្រ្តីដែលមានអាយុ ក្រោម៥០ឆ្នាំ ត្រូវការសារធាតុកាល់ស្យូម ១០០០មក្រ ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣១០ទៅ ៣២០មក្រ ក្នុងមួយថ្ងៃ ព្រមទាំងវីតាមីនដេ៣(D³)ចំនួន ៦០០IU ក្នុងមួយថ្ងៃ។ ដោយឡែកចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនាំឲ្យមានការកើន-ឡើងនូវតម្រូវការ ដោយកាល់ស្យូមកើនឡើងទៅដល់ ១២០០មក្រក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣២០មក្រក្នុងមួយថ្ងៃ និងវីតាមីនដេ៣ ៨០០IUក្នុងមួយថ្ងៃ។ គួររំលឹកថា សារធាតុទាំងនេះមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះមិនអាចឲ្យខ្វះសារធាតុណាមួយបានឡើយ។ លើសពីនេះយើងអាចប្រើប្រាស់ថ្នាំដែលជម្រុញឲ្យមានការស្រូបឡើងវិញ នូវសារធាតុរ៉ែដែលចេញពីឆ្អឹងក្រោយពេលអស់រដូវឬពេលវ័យ ចំណាស់ ហៅថាពពួក Antiresorption គឺ bisphosphonate (Alendronate) ផងដែរក្នុងគោលបំណងការពារ កុំឲ្យមានការពុកឆ្អឹង លឿននិងធ្ងន់ធ្ងរ ដោយប្រើក្នុងកម្រិត ១០មក្រក្នុងមួយថ្ងៃ ឬ៧០មក្រក្នុងមួយអាទិត្យ ឬក៏អាច១៥០មក្រក្នុងមួយខែតែម្តង។ វិធីសាស្ត្រការពារ មានគោលការណ៍៥ចំណុច ដែលគួរអនុវត្តដើម្បីការពារឆ្អឹងពុកដោយមានប្រសិទ្ធភាពគឺ៖ •  ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ត្រីសាឌីន សាម៉ុង ទឹកដោះគោ ឬផលិតផលពីទឹកដោះគោ តៅហ៊ូ បន្លែបៃតង • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេដូចជា ត្រីធូណា សាម៉ុង ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ និងទឹកដោះគោឆៅជាដើម • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​គួរចំណាយពេលយ៉ាងតិច៥ ទៅ៣០នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួលឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយនិងងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង ករណីអ្នកជំងឺមិនអាចបរិភោគអាហារគ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវមានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។ ទាក់ទងនឹងឱសថដែលមានជាតិកាល់ស្យូមលើទីផ្សាសព្វថ្ងៃមាន២ប្រភេទគឺ calcium carbonate និង​calcium citrate​។ ចំពោះcalcium citrate គឺជាម៉ូលេគុលដែល ងាយស្រួលស្រូបតាម ប្រព័ន្ធរំលាយអាហារនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាក្រពះពោះវៀន ឬមានការវះកាត់ក្រពះពោះវៀនជាដើម។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ឌុក គុណសេណាក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ទស្សនាវដ្តីហេលស៍ថាម ដែលបានធ្វើបទសម្ភាសន៍ទាក់ទងនឹងប្រធានបទដ៏មានសារៈប្រយោជន៍នេះ និងផ្តាំផ្ញើរផងដែរដល់ប្រជាជនយើង សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំនិងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្វីជាជំងឺដុះកន្ទុយថ្លែន? ជំងឺដុះកន្ទុយថ្លែនជាការដុះលូតលាស់ខុសធម្មតារបស់ភ្នាសព័ណ៌សនៃភ្នែកមកលើកញ្ចក់ភ្នែកដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។ តើជំងឺនេះកើតឡើងដោយសារអ្វី? ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។ តើអ្នកណាខ្លះដែលអាចកើតមានជំងឺនេះ? ជំងឺនេះជាជំងឺដែលតែងតែកើតមានឡើងទៅលើប្រជាជនរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួតហើយក្ដៅ និង តំបន់ត្រូពិចដូចជាប្រទេសកម្ពុជាជាដើម។ ចំពោះប្រជាជនដែលរស់នៅ និងប្រកបមុខរបរស្ថិតនៅក្រោមពន្លឺថ្ងៃច្រើន នឹងអាចប្រឈមមុខកើតនូវជំងឺនេះច្រើនជាងមនុស្សធម្មតា។ តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ? អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ស្ងួតភ្នែក មានភាពរកាំ មានអារម្មណ៍ថាក្ដៅក្រហាយដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែកបើកភ្នែកមិនរួចពេលត្រូវកម្ដៅថ្ងៃ និងមានអាការៈភ្នែកក្រហមជាប្រចាំ។ តើជំងឺនេះអាចធ្វើឲ្យមើលមិនឃើញ ឬទេ? ជាទូទៅបើសិនជាជំងឺនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម និងមានទំហំតូចនោះមិនធ្វើឲ្យមានការប៉ះពាល់ដល់គំហើញនោះឡើយ ប៉ុន្ដែនៅក្នុងករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់ដល់ការមើលឃើញ។ តើជំងឺនេះអាចព្យាបាលដោយវិធីអ្វីខ្លះ? ការព្យាបាលដាច់ស្រឡះតែមួយគត់របស់ជំងឺដុះកន្ទុយថ្លែន គឺការវះកាត់ព្រោះថាជំងឺនេះមិនអាចមានថ្នាំណាអាចព្យាបាលបានឡើយដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួនដែលអះអាងថាមានថ្នាំព្យាបាលដាច់។ ចំពោះជំងឺដុះកន្ទុយថ្លែនស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមានសិទ្ធិជ្រើសរើសមិនបាច់ទទួលយកការវះកាត់បើសិនជាមិនមានផ្ដល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លាំង។ ប៉ុន្ដែក្នុងករណីវាផ្ដល់ផលវិបាកដោយបញ្ចេញរោគសញ្ញាដូចបានបញ្ជាក់ខាងលើ ឬបង្ករាអាក់ស្ទីម៉ាត (Astigmatism) ឬដុះបាំងជិតប្រស្រីភ្នែកដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញ នោះអ្នកជំងឺគួរតែស្វះស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ តើការវះកាត់អាចមានផលប៉ះពាល់អ្វីខ្លះ? ការវះកាត់កន្ទុយថ្លែនជាទូទៅមិនមានផ្ដល់ផលប៉ះពាល់អ្វីធំដុំដល់អ្នកជំងឺឡើយ។ ការវះកាត់ ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំនួនរបស់សាច់ដុះហើយមានការឈឺចាប់តិចតួចបំផុតដែលមិនចាំបាច់ឲ្យអ្នកជំងឺសម្រាកពេទ្យ និងអាចប្រកបការងារមួយចំនួនធំបានធម្មតាក្រោយការវះកាត់។ ក៏ប៉ុន្តែយ៉ាងណាក្ដីជំងឺកន្ទុយថ្លែននេះអាចដុះមកវិញនៅលើអ្នកជំងឺមួយចំនួនតូចបើសិនជាមិនបានកាត់បន្ថយការត្រូវពន្លឺថ្ងៃ។ បើសិនជាមិនធ្វើការព្យាបាលតើជំងឺនេះអាចវិវឌ្ឍទៅជាយ៉ាងណា? បើសិនជាគ្មានការព្យាបាលជំងឺនេះអាចប្រឈមមុខនឹងការវិវឌ្ឍន៍ទៅមុខដែលធ្វើឲ្យសាច់ដុះកាន់តែធំភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទាំងប្រឈមមុខនឹងលទ្ធផលមិនល្អក្រោយការវះកាត់បើសិនជាកន្ទុយថ្លែនមានភាពធំជ្រុល។ តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺនេះ? គោលដៅចម្បងក្នុងការបង្ការជំងឺនេះគឺការការពារភ្នែកពីកាំរស្មីព្រះអាទិត្យដោយការពាក់វ៉ែនតាការពារ និង ពាក់មួកការពារពេលចេញត្រូវពន្លឺថ្ងៃឬពេលធ្វើដំណើរក្រោមពន្លឺថ្ងៃ។ ការលុបមុខជាមួយទឹកត្រជាក់ ការបន្តក់ទឹកភ្នែកសិប្បនិម្មិតសុទ្ធតែជាមធ្យោបាយបន្ថយអាការៈរំខាន និងបង្កើនផាសុកភាពចំពោះភ្នែក។ ប៉ុន្ដែក្នុងករណីមានភ្នែកក្រហមខ្លាំង ឬឈឺចាប់ខុសធម្មតាត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការទិញថ្នាំដាក់ដោយខ្លួនឯង។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ងី ម៉េង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហារីកថ្លើមជាមហារីកដែលកើតមានច្រើនជាងគេនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់និងជាប់ចំណាត់ថ្នាក់ទី២លើការសម្លាប់ជីវិតប្រជាជនក្នុងប្រទេសនៃសមាគមនេះ។ ក្នុងនោះផងដែរប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់ទី១ជាប្រទេសដែលមានកើតករណីជំងឺមហារីកថ្លើមច្រើនជាងគេលើបុរស។ តាមការសិក្សាមួយបានឲ្យដឹងថាក្រាបនៃអ្នកជំងឺមហារីកថ្លើមឡើងខ្ពស់ជាងគេនៅត្រង់ចំណុចអាយុ៥៣ឆ្នាំចំពោះប្រទេសកម្ពុជា។ លើសពីនេះទៀតនោះជំងឺនេះមិនមែនកើតតែលើមនុស្សចាស់នោះទេ មន្ទីរពេទ្យក្នុងប្រទេសយើងបានជួបករណីជំងឺនេះលើអ្នកជំងឺដែលមានអាយុទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។ ដោយហេតុថាជំងឺនេះមានកើតច្រើនក្នុងប្រទេសយើង ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវចំណេះដឹងស្តីពីជំងឺមួយនេះតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិតឯកទេស អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតនិងជាគ្រូពេទ្យជំនាញផ្នែកមហារីកដំបូងគេរបស់ប្រទេសកម្ពុជាបន្ទាប់ពីសម័យសង្គ្រាមត្រូវបានបញ្ចប់។ និយមន័យ ថ្លើមគឺជាសរីរាង្គសំខាន់នៅក្រោមឆ្អឹងជំនីខាងស្តាំនិងមានតួនាទីសំខាន់ជាងសរីរាង្គផ្សេងទៀតព្រោះរាល់មេតាបូលីសការសំយោគទាំងឡាយរបស់ចំណីអាហារសារធាតុទាំងអស់ដែលអ្នកហូបចូលរួមទាំងជាតិពុលផ្សេងៗត្រូវរងមេតាលីសនៅនឹងថ្លើមទាំងអស់មុននឹងត្រូវបានចែកចាយតាមឈាមទៅកាន់សរីរាង្គផ្សេងៗ។ ឯជំងឺមហារីកវិញមិនមែនជាជំងឺដែលកើតឡើងដោយសារមេរោគអ្វីនោះទេតែវាជាកោសិកាមិនធម្មតាដែលបំលែងមកពីកោសិកាធម្មតាហើយវាមានជីវិតអមតៈខុសពីកោសិកាធម្មតាថែមទាំងមានមុខងារឈ្លានពានសរីរាង្គសំខាន់ៗទាំងអស់ឲ្យខូចមុខងារ និងបង្កើតជាមុខងារមួយសម្លាប់យើងវិញ។ ដូចនេះហើយជំងឺមហារីកថើ្លមជាមហារីកដែលកើតលើថ្លើមដោយកោសិកាថើ្លមផ្លាស់ប្តូរហ្សែនរបស់វាហើយវិវឌ្ឍខុសធម្មតានិងមិនបំពេញមុខងារទ្រទ្រង់ជីវិតរបស់មនុស្សតែបែរជាបំផ្លាញជីវិតមនុស្សវិញ។ មូលហេតុបង្ក មូលហេតុនៃជំងឺមហារីកថ្លើមតាមការសិក្សាមួយបានបង្ហាញថាក្នុងចំណោមអ្នកជំងឺមហារីកថ្លើមក្នុងប្រទេសកម្ពុជាចំនួន ៥៥៣នាក់ដែលទទួលការព្យាបាលពីខែ ឧសភា ឆ្នាំ២០១៣ ដល់ខែឧសភា ឆ្នាំ២០១៥ មាន៤៤% មានមេរោគរលាកថ្លើមប្រភេទបេ និង៤៣%មានមេរោគរលាកថ្លើមប្រភេទសេ។ យ៉ាងណាមិញកត្តាដែលជំរុញឲ្យកើតជំងឺមហារីកថ្លើមនេះ មាន៤គឺ៖ •    ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) •    ជំងឺរលាកថ្លើមប្រភេទសេ (Hepatitis C) •    ការសេពគ្រឿងស្រវឹង៖ក្នុងមួយថ្ងៃប្រជាជនកម្ពុជាផឹកស្រាបៀរ ១លានលីត្រ។ •    ប៉ាស៊ីត (Opisthorchis viverrini, Schistosoma mekongi) ក្នុងទឹកទន្លេមេគង្គនៅតំបន់កាពីនិងស្ទឹងត្រែងដែលចូលតាមចន្លោះម្រាមជើង និងផ្សិតមួយប្រភេទទៀត(Beta aflatoxins) ដែលមាននៅក្នុងជ្រក់ក្តិបត្រសក់ជ្រក់មមាញទឹកហ៊ូយូ។ រោគសញ្ញា រោគសញ្ញាដែលបង្កឡើងដោយជំងឺមហារីកថ្លើមរោគសញ្ញាចម្បងនៃជំងឺមហារីកថ្លើមមានដូចជាទាចទឹកចុកពោះ និងចេញលឿង។ ឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានហូបអាហារ មានអារម្មណ៍ច្អល់ៗ ចង់ក្អួត សម្រាន្តមិនលក់ ស្រកទម្ងន់ ហើយអាចក្អួតចេញឈាមថែមទៀតដោយសារតែបែកសរសៃឈាមនៅបំពង់អាហារ។ ជាទូទៅ ជំងឺមហារីកថ្លើមចែកចេញជាពីរគឺជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិការថ្លើមផ្ទាល់ (Hepatocellular carcinoma) មានរហូតដល់៩២% និងជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់ដែលមានត្រឹមតែ៨%ប៉ុណ្ណោះ។ ជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិកាថ្លើមផ្ទាល់ឲ្យរោគសញ្ញា ៨០% ជាទាចទឹកឬ/និងចុកពោះ និង២០%ទៀតគឺលឿងភ្នែក ស្រកទម្ងន់ មិនចង់ញ៉ាំអាហារជាដើម។ ចំណែកជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់វិញ ៧០% ឲ្យលឿងភ្នែកដូចរមៀត និងរមាស់ស្បែកហើយគ្រូពេទ្យរកាឃើញមានចាល់ទឹកប្រម៉ាត់ក្នុងថ្លើម និងមានដុំសាច់។ វិធីព្យាបាល ការព្យាបាលជំងឺមហារីកថ្លើមជំងឺនេះមិនអាចព្យាបាលជាទេតែអាចពន្យឺតការវិវឌ្ឍរបស់វាបាន។ អ្នកជំងឺមហារីកថ្លើមអាចស្លាប់ដោយសារជំងឺមហារីកនេះ ឬក៏ជំងឺក្រិនថ្លើម។  ដូចនេះគ្រូពេទ្យត្រូវវាយតម្លៃលើកម្រិតនៃមហារីករបស់គាត់ និងកម្រិតនៃការក្រិនថ្លើមរបស់គាត់។ ការព្យាបាលក៏បូកបញ្ចូលទាំងការគាំទ្រលើផ្លូវចិត្តរបស់គាត់ដើម្បីឲ្យគុណភាពជីវិតរបស់អ្នកជំងឺក្នុងដំណាក់កាលចុងក្រោយបានល្អឡើងក្នុងគោលបំណងបន្ថយការឈឺចាប់ និងបង្កើនការហូបអាហាររបស់គាត់។ សរុបមក ការព្យាបាលជំងឺនេះមានគោលបំណងពីរគឺទី១ ពន្យាជីវិតរបស់អ្នកជំងឺឲ្យបានយូរជាងនេះ ឬទី២បង្កើនគុណភាពជីវិតរបស់គាត់ក្នុងគ្រាចុងក្រោយនៃជីវិត។ ការព្យាបាលជំងឺនេះមិនផ្អែកលើការព្យាបាលដោយការចាក់ថ្នាំគីមីប្រើរលកសំឡេងបាញ់បំបែកដុំនៅនឹងថ្លើម ឬការវះកាត់យកដុំនោះចេញទេ។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺមានតែការប្រើប្រាស់ថ្នាំតែមួយមុខគត់។ ឱសថដែលយកមកប្រើប្រាស់ក្នុង •    ជួរទី១គឺ Nexavar® (Sorafenib) និងឱសថ •    ជួរទី២គឺ Stivarga® (Regorafenib) ដែលសុទ្ធតែជាប្រភេទថ្នាំលេប។ ក្រៅពីនេះមានការព្យាបាលដោយការលើកទឹកចិត្តអ្នកជំងឺ (Supportive Care)ដើម្បីឲ្យពួកគាត់អាចសម្រាន្តបានលក់ស្រួល  និងហូបអាហារបានច្រើន។ វិធីបង្ការ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីវិធីបង្ការជំងឺមួយនេះ។ ដើម្បីបង្ការជំងឺនេះបានគឺអ្នកត្រូវចៀសវាងពីមូលហេតុទាំងបួនខាងលើគឺ៖ •ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេតាំងពីក្មេង។ •ត្រូវការពារខ្លួនពីជំងឺរលាកថ្លើមប្រភេទសេដោយជំងឺនេះអាចឆ្លងតាមរបៀបដូចនឹងជំងឺអេដស៍ដែរហើយត្រូវព្យាបាលជំងឺនេះឲ្យបានទាន់ពេលប្រសិនបើអ្នកមានជំងឺមួយនេះ • ត្រូវបញ្ឈប់ ឬបន្ថយការផឹកគ្រឿងស្រវឹង •ត្រូវការពារជើងរបស់អ្នកដោយពាក់ស្បែកជើងកវែងនៅពេលលេងទឹកនៅតំបន់ដែលមានប៉ារាស៊ីតបង្កជំងឺ និងត្រូវចៀសវាងការហូបអាហារដែលបង្កជំងឺនេះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។ តាមរយៈអត្ថបទនេះ អ្នកនឹងបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមហារីកសុដន់ដោយមានការសម្ភាសរវាងហេលស៍ថាមជាមួយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី។ សូមបញ្ជាក់ផងដែរ ថាលោកវេជ្ជបណ្ឌិតជាអតីតនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រនៅឆ្នាំ  2006 ។ ក្រោយមកលោកបានបន្តការសិក្សានៅប្រទេសបារាំង   រយៈពេល១ឆ្នាំកន្លះ និងបានត្រលប់មកវិញក្នុងឆ្នាំ 2007 ហើយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី បានបន្តការសិក្សានៅប្រទេសបារាំងម្តងទៀតអំពីថ្នាក់ឯកទេសនេះដែលមានរយៈពេល ១ឆ្នាំ និងបានបញ្ចប់នៅឆ្នាំ 2011។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិតជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន។ ជំងឺមហារីកសុដន់ គឺជាបណ្តុំនៃកោសិកាដែលមានការប្រែប្រួល DNA ហើយកោសិកាទាំងនេះធ្វើការលូតលាស់ខុសប្រក្រតីដែលខ្លួនយើងមិនអាចគ្រប់គ្រងវាបាន។ ជំងឺមហារីកនេះបង្កឡើងដោយកត្តាផ្សេងៗរួមបញ្ចូលគ្នាហើយកត្តាជម្រុញទាំងនោះរូមមាន៖ -តំណពូជ៖ ចំពោះស្ត្រីដែលក្រុមគ្រួសារគាត់ធ្លាប់មានប្រវត្តិនៃជំងឺមហារីកសុដន់នោះការប្រឈមមុខរបស់គាត់ចំពោះជំងឺនេះនឹងកើនឡើង ជាពិសេសស្ត្រីដែលមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2 -ការប្រើប្រាស់អ័រម៉ូនពីខាងក្រៅ -ភាពធាត់លើសទម្ងន់ -ការជក់បារី និងពិសាស្រា -ការមិនសូវធ្វើលំហាត់ប្រាណ -អ័រម៉ូនស្ត្រីអឺស្ត្រូសែនដើរតួយ៉ាងសំខាន់ក្នុងការជម្រុញឲ្យមានជំងឺមហារីកសុដន់។  ហេតុដូចនេះហើយមានស្ត្រីជាច្រើនដែលប្រឈមមុខនឹងការកើតមានជំងឺមួយនេះហើយមនុស្សប្រុសក៏អាចកើតមានជំងឺនេះផងដែរប៉ុន្តែភាគរយនៃការកើតមានកម្រិតទាបណាស់។ រោគសញ្ញានៃជំងឺមហារីកសុដន់មានច្រើនបែប និងសណ្ឋានខុសៗគ្នាអាស្រ័យទៅតាមដំណាក់កាលនៃជំងឺនេះ៖ -មានដុំនៅនឹងសុដន់ដែលអាចស្ទាបប៉ះ -មានការឡើងក្រាស់នៃស្បែកនៅជិតសុដន់ ឬក្រោមក្លៀក -ការប្រែប្រួលនៃទំហំ រូបរាង ឬគែមនៃសុដន់ -ការឡើងនៃកូនកណ្តុរនៅក្រោមក្លៀក ឬជុំវិញសុដន់ -មានការប្រែប្រួលនៃស្បែកជុំវិញសុដន់ ឬនៅចុងដោះដូចជា មានការឡើងក្រាស់ដូចសម្បកក្រូច ខួច ប៉ោង ក្រមរ ឬរលាក -មានដំបៅ និងមានទឹក ឬឈាមហូរចេញពីចុងសុដន់ -មានចំណុចមួយដែលមានលក្ខណៈខុសប្លែកពីសុដន់ម្ខាងទៀត។ ជាទូទៅ ដំណាក់កាលនៃជំងឺមហារីកមាន៤កម្រិតអាស្រ័យទៅតាមទំហំចំនួនកូនកណ្តុរដែលប៉ះពាល់និងការរីករាលដាលនៃជំងឺមហារីកទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយ៖ -ដំណាក់កាល 0 ៖ ជាដំណាក់កាលដំបូង ហើយជាធម្មតាដុំដែលកើតមានស្ទាបមិនដឹងទេ -ដំណាក់កាលទី 1 ៖ ជាដំណាក់កាលដែលដុំ       មហារីកមានទំហំតូចជាង 1អ៊ីញ -ដំណាក់កាលទី 2 ៖ ដុំមហារីកមានទំហំតូចជាង 2អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក -ដំណាក់កាលទី 3 ៖ ដុំមហារីកមានទំហំធំជាង 2 អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក និងជុំវិញសុដន់ -ដំណាក់កាលទី 4 ៖ ជាដំណាក់កាលដែលជំងឺមហារីករាលដាលទៅកាន់សរីរាង្គផ្សេងៗទៀត។ ការព្យាបាលនៃជំងឺមហារីកសុដន់អាស្រ័យទៅតាមដំណាក់កាលទាំងនេះ ហើយជំងឺមហារីកសុដន់នឹងអាចព្យាបាលជាប្រសិនជាវាមិនទាន់រាលដាលទៅកាន់កន្លែងផ្សេងៗ។ ដើម្បីកាត់បន្ថយការប្រឈមនឹងការកើតមាននៃជំងឺមហារីកសុដន់លោកអ្នកគួរតែ៖ -សម្រកទម្ងន់ -ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ -បញ្ឈប់ការជក់បារី និងការពិសាគ្រឿងស្រវឹង -បញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់អ័រម៉ូន -ស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងដែលការអនុវត្តន៍នេះបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ថ្ងៃជារៀងរាល់ខែ -កាត់សុដន់ចេញប្រសិនជារកឃើញមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2 ឬធ្លាប់មានប្រវត្តិគ្រួសារដែលស្លាប់ដោយជំងឺមហារីកសុដន់នៅវ័យក្មេង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top