Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំអាយុ២៤ឆ្នាំ ទម្ងន់៤៨គីឡូក្រាម និងកម្ពស់ ១ម៉ែត្រ៥៩។ ខ្ញុំជាបុគ្គលិកគណនេយ្យនៃក្រុមហ៊ុនឯកជនមួយ។ ខ្ញុំត្រូវអង្គុយមុខកុំព្យូទ័រស្ទើរពេញ ៨ម៉ោងដើម្បីធ្វើការ។ មិនតែប៉ុណ្ណោះ ផ្លូវពីផ្ទះមកកន្លែងធ្វើការរបស់ខ្ញុំ ឆ្ងាយនិងសម្បូរទៅដោយធូលីដី ដូចនេះ ធូលីតែងតែមកតោងលើផ្ទៃមុខរបស់ខ្ញុំ ដែលធ្វើឲ្យផ្ទៃមុខខ្ញុំចាប់ផ្តើមខ្មៅ និងឡើងក្រហម មានមុនធំៗ ហើយបន្ទាប់ពីញេចចេញវាតែងតែបន្សល់ស្នាមខ្មៅនិងរូងសាច់ផ្ទៃមុខ។ រាល់ពេលកើតមុនបែបនេះ ខ្ញុំចូលចិត្តប្រើម៉ាស់បិទមុខ និងលាបម្សៅបំបាត់មុន និងស្នាម បន្ទាប់ពីធ្វើបែបនេះរយៈពេលពីមួយអាទិត្យទៅពីរអាទិត្យវាក៏បាត់មុន។ ប៉ុន្តែខ្ញុំសង្កេតឃើញថា វានៅតែមិនបាត់ស្នាមខ្មៅ  និងរូងសាច់មុខសោះ។ តើអាចប្រាប់បានទេថាវាបណ្តាលមកពីអ្វី? ចុះពេលកើតមុនបែបនេះ ខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីកុំឲ្យមានស្នាម និងរូងសាច់មុខទៀត ពេលញេចចេញ? និងធ្វើបែបណាឲ្យផ្ទៃមុខសម៉ដ្ឋរលោង? ចម្លើយ ៖ តាមការរៀបរាប់ មុនរបស់ប្អូនស្រីមានសភាពជ្រៅ និងខ្ទុះ។ ការញេចមុនបែបនេះត្រូវមានជំនាញច្បាស់លាស់ ព្រោះការញេចដោយខ្វះបច្ចេកទេសអាចនាំឲ្យមានការខ្ទាំជ្រៅហើយក្រោយខ្ទាំ វានឹងបន្សល់ទុកនូវស្នាមខ្មៅដែលអាចមានរយៈពេលយូរ។ លើសពីនេះ ការលាបម្សៅផ្សេងៗដើម្បីព្យាបាលមុនដោយខ្លួនឯងគួរតែចៀសវាងព្រោះម្សៅខ្លះធ្វើឲ្យមុខស ព្រោះវាមានផ្ទុកនូវសារធាតុ Steroid ដែលនាំឲ្យមុខទៅជាស្តើង កើតមុន និងទៅថ្ងៃក្រោយអាចឲ្យទៅជាជាំ។ ប្អូនស្រីមិនគួរញេចមុនដោយខ្លួនឯង ដែលនាំឲ្យបន្សល់នូវស្នាមពណ៌ខ្មៅ ដូច្នេះប្អូនស្រីគួរទៅជួបពិភាក្សាជាមួយអ្នកជំនាញឯកទេសពិតប្រាកដ ដើម្បីពិនិត្យថាតើប្អូនស្រីត្រូវការការព្យាបាលបែបណា ទើបទទួលបានមុខស និងម៉ដ្ឋ តែលុះត្រាតែមុខរបស់ប្អូនស្រីលែងមានមុនជាមុនសិន។ ពេលដែលមុខជាសះស្បើយពីជំងឺមុនហើយ យើងប្រើថ្នាំផ្សេងដែលអាចឲ្យស្បែកមុខភ្លឺជាងមុន និងរលោងជាងមុន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្លាកស្នាម គឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់រូបបន្ទាប់ពីពួកគាត់ជាសះពីរបួសការរលាក ឬបន្ទាប់ពីជំងឺនៅលើស្បែកផ្សេងៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ហាស្នាមនៅលើមុខដែលបណ្តាលមកពីបញ្ហាមុន រលាក ឬជាំ អាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ការរស់នៅ និងអារម្មណ៍របស់មនុស្សគ្រប់គ្នា។ ជាក់ស្តែងមានវិធីជាច្រើនដែលអាចជួយបំបាត់ស្លាកស្នាមលើមុខបានដែលក្នុងនោះរួមមាន៖ •ការលាបថ្នាំ •ការភៀលមុខ (Clinical Peeling) •ការអ៊ុតមុខ •ការប្រើប្រាស់ឡេស៊ែ ជាដើម។ ក្នុងចំណោមវិធីទាំងអស់ខាងលើ ការភៀលមុខគឺជាវិធីសាស្ត្រមួយត្រូវបានចាប់អារម្មណ៍  និងពេញនិយមស្ទើរតែជុំវិញពិភពលោក។ តើអ្វីជាការភៀលមុខ? ការភៀលមុខ គឺជាការប្រើប្រាស់នូវប្រភេទទឹកថ្នាំម៉្យាង ក្នុងគោលបំណងដើម្បីបណ្តុះ និងជម្រុះចោលនូវស្លាកស្នាម និងកម្ទេចកម្ទីកោសិកាចាស់ៗនៅលើផ្ទៃមុខ ដោយបង្កើតឲ្យមានការផលិតកូឡាជែននិងភាពរលាស់នៃស្បែក ជាលទ្ធផលស្បែកមានសភាពភ្លឺរលោង និងក្មេងជាងវ័យ។ តើការភៀលមុខមានតួនាទីអ្វីខ្លះ? ការប្រើប្រាស់វិធីសាស្ត្រភៀលមុខ គឺផ្តោតសំខាន់លើការព្យាបាល៖ •ស្លាកស្នាមក្រោយពីជំងឺមុន •ស្លាកស្នាមនៃជំងឺផ្សេងៗដូចជា ជាំ អាចម៍រុយLentigen, Periorbital, Hyperpigmentation, Facial Melanosis។ •ស្លាកស្នាមដែលបណ្តាលមកពី ការប៉ះជាមួយពន្លឺព្រះអាទិត្យ ភាពជ្រីវជ្រួញ និងការរីកនៃរន្ធរោម។ តើការភៀលមុខមានប៉ុន្មានប្រភេទ? ជាទូទៅការភៀលមុខ ត្រូវបានបែងចែកជា៣ប្រភេទដោយផ្អែកទៅតាមកម្រិតនៃការលាក៖ •ការភៀលមុខកម្រិតស្រាល (Superficial Peel) •ការភៀលមុខកម្រិតមធ្យម (Medium-depthPeel) •ការភៀលមុខកម្រិតខ្លាំង (Deep Peel)។ ទឹកថ្នាំដែលត្រូវបានប្រើដើម្បីភៀលមុខអាចមានដូចខាងក្រោម៖ •Glycolic acid •TCA (Trichloroactic acid) •Phenol •α-hydroxy acid •Pyruvic acid។ ក្រោយភៀលមុខត្រូវធ្វើដូចម្តេច? ស្បែកដែលភៀលរួច គួរត្រូវបានថែរក្សាឲ្យបានដិតដល់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំនាញរួមមាន៖ •ហាមប៉ះពន្លឺថ្ងៃក្តៅខ្លាំង២-៣ថ្ងៃ •ហាមអេះឬបកស្លាកស្នាមដែលរបក •និងគួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញក្រៅ។ ការភៀលមុខ ទាមទារត្រូវការគ្រូពេទ្យជំនាញត្រឹមត្រូវ និងប្រុងប្រយ័ត្នខ្ពស់ដើម្បីអាចចៀសផុតនូវផលវិបាកដូចជាការរលាកជ្រុល ឬយូរ ការឆ្លងមេរោគ និងមិនជាសះស្បើយ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គា ហង្សសុវណ្ណ ឯកទេសផ្នែកស្បែក នៃអេសវី គ្លីនិកនិងឡេស៊ែ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នរណាក៏ប្រាថ្នាឲ្យស្បែករបស់ខ្លួនមានភាពស្រស់ស្អាត និងភាពទាក់ទាញដែរហើយក៏មនុស្សជាច្រើននាក់បានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីឲ្យស្បែករបស់ខ្លួនមានសុខភាពល្អដូចជាការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ក្រែមការពារពន្លឺព្រះអាទិត្យ  ឬក្រែមប្រឆាំងភាពជ្រីវជ្រួញជាដើម។ ជឿជាក់ថា លោកអ្នកក៏បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយ ប៉ុន្តែតើលោកអ្នកបានដឹងឬនៅថា តើធ្វើបែបណាទើបដឹងថាស្បែករបស់អ្នកមានសុខភាពល្អ?តើដឹងឬទេថាតើមានសញ្ញាណអ្វីខ្លះដែលសរបញ្ជាក់ថាស្បែកអ្នកមិនមានបញ្ហាអ្វីនោះ? ខាងក្រោមនេះ ជាសញ្ញាណទាំង៦នៃស្បែកដែលអ្នកគួរចាប់អារម្មណ៍ ដើម្បីប្រាកដចិត្តថាលទ្ធផលនៃការប្រឹងប្រែងទាំងនោះបានដូចចិត្តប្រាថ្នាដែរឬទេ… ១. ស្បែកមានសំណើម៖  ស្បែកដែលមានសុខភាពល្អ គឺជាស្បែកមានសំណើមគ្រប់គ្រាន់ ដែលគ្រាន់តែក្រលេកមើលទៅ ប្រៀបដូចជាមានជីវិត និងដង្ហើមស្រស់បស់ ឬក៏និយាយម្យ៉ាងទៀតថា មើលហើយក៏មិនចង់បែរចេញ និងចង់ប៉ះ ដែលផ្ទុយពីស្បែកស្ងួត មើលទៅប្រៀបបាននឹងរុក្ខជាតិដែលរៀបនឹងបាត់បង់ជីវិតទៅនោះ។ ប៉ុន្តែ ប្រសិន បើអ្នកមានស្បែកស្ងួត សូមទទួលទានទឹកបន្ថែមឲ្យបានគ្រប់គ្រាន់ (៤ទៅ៨កែវ ឬ១ទៅ២លីត្រក្នុងមួយថ្ងៃ) ព្រោះថាទឹកបានជួយរក្សាស្បែកឲ្យមានសុខភាពល្អ តាមរយៈការផ្តល់សំណើមពីខាងក្នុង ដើម្បីឲ្យស្បែកចៀសផុតពីភាពស្ងួត និងភាពស្តើង។ ២. ស្បែកមិនឡើងក្រហម ឬរលាក៖ គ្រាន់តែមើលពីខាងក្រៅទៅ ក៏អាចនិយាយបានថាស្បែកនេះប្រាកដជាមិនប្រក្រតីមិនខាន ប្រសិនបើស្បែករបស់អ្នកមានសភាពឡើងពណ៌ក្រហមបែបស្រដៀងនឹងការរលាក។ ហើយការស្រាវជ្រាវក៏បានបង្ហាញថា ស្បែកមុខដែលងាយនឹងឡើងក្រហម អាចជារោគសញ្ញានៃការរលាកស្បែក (ការឡើងសរសៃក្រហមតូចៗនៅច្រមុះ ថ្ពាល់...) ហើយស្ថានភាពផ្សេងទៀតនៃការរលាកមានដូចជា ការឡើងកន្ទួលតូចៗលើស្បែកមុខ បូករួមសភាពក្រហមផងដែរ។ ៣. ស្បែកមានភាពតឹងណែន៖  មានកត្តាជាច្រើនដែលបណ្តាលឲ្យស្បែករបស់អ្នកក្លាយជាយឺតឬយារ និងបាត់បង់ភាពតឹងណែន ព្រមទាំងមិនមានសុខភាពល្អ រួមមានដូចជាការឈានចូល វ័យចំណាស់ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រើប្រាស់មួយចំនួន បរិស្ថានជុំវិញ។ល។ដូចនេះហើយ សូមមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសផលិតផលថែរក្សាស្បែកយកមកប្រើប្រាស់ និងពិតជាមិនអាចភ្លេចបាននូវការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់  និងត្រឹមត្រូវ  ទៅតាមប្រភេទ  ព្រមទាំងសភាពស្បែករបស់អ្នក។ ៤. ស្បែកគ្មានស្នាមអុជខ្មៅ៖  ការចំណាយពេលច្រើនក្រោមពន្លឺព្រះអាទិត្យដោយមិនបានការ-ពារនោះ  ធ្វើឲ្យស្បែករបស់អ្នកប្រឈមការកើតមានស្នាមអុជខ្មៅ នេះជាអ្វីដែលគ្មាននរណាម្នាក់ ប្រាថ្នាចង់កើតមានឡើយ។ ហេតុនេះហើយរាល់ពេលដែលអ្នកចេញទៅក្រៅក្រោមកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរ សូមការពារស្បែករបស់អ្នកពីការប៉ះពាល់ផ្ទាល់ខ្លាំងតាមរយៈការបិទបាំងដោយក្រែមការពារកម្តៅថ្ងៃរៀងរាល់២ទៅ៣ម៉ោងម្តង ឬសម្លៀកបំពាក់វែងៗ និងមួក ជាដើម។ ៥. ស្បែកគ្មានភាពជ្រីវជ្រួញ៖  រឿងជ្រីវជ្រួញ មិនថានរណាៗក៏មិនអាចចៀសផុតដែរ នៅពេលវ័យកាន់តែចាស់។ ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តនូវទង្វើ ឬសកម្មភាពខ្លះដែលជះឥទ្ធិពលអវិជ្ជមាន ដល់ស្បែកនោះ សភាពជ្រីវជ្រួញនឹងឆាប់កើតមានលើអ្នកជាងអ្នកដទៃ ជាក់ស្តែង ប្រសិនបើអ្នកជក់បារីជាប្រចាំ នោះនឹងមានការថយចុះនៃចរន្តឈាមទៅចិញ្ចឹមស្បែក ហើយក៏ជាហេតុបង្កឲ្យស្បែកឆាប់ជ្រួញផងដែរ។ ៦. ស្បែកមិនមានមុន៖  មិនមាននរណាចង់ឲ្យមុនកើតមានលើស្បែក ជាពិសេសនៅលើមុខរបស់ខ្លួនឡើយ ហើយមូលហេតុបង្ករបស់វានោះគឺពេលដែលរន្ធញើសស្ទះដោយវត្តមាននៃខ្លាញ់។ប្រសិនបើចង់ឲ្យស្បែកស្អាត   និងមានសុខភាពល្អជានិច្ចនោះ ពិតជាមិនអាចរំលងនូវការធ្វើឲ្យស្បែកអ្នកមានភាពស្អាតបាត និងអនាម័យល្អនោះទេ។ ករណីដែលស្បែករបស់អ្នកមានបញ្ហាអ្វីមួយ អ្នកក៏មិនគួរមើលរំលងនោះដែរ អ្នកគួរគប្បីជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសស្បែក ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។ នៅពេលស្បែករបស់អ្នកមានសុខភាពល្អស្រាប់ អ្នកនឹងមានភាពរីករាយ ហើយក៏រីករាយជាងការដែលតុបតែងបន្ថែមច្រើន ដើម្បីបិទបាំងការពិតនៃស្បែកដែរ។ កុំភ្លេចមើលថែទាំសុខភាពស្បែករបស់ខ្លួនឲ្យបានល្អ!!! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ក្រុមវីតាមីន B រួមមានវីតាមីន B1 (ធ្យ៉ាមីន) B2 (រីបូហ្វ្លាវីន) B3 (នីយ៉ាស៊ីន) B5 (អាស៊ីតប៉ង់តូតេនីក) B6(ពីរីអុកស៊ីន) B7 (ប៊ីយ៉ូទីន) B9 (ហ្វូឡាត) និងB12 (កូបាឡាមីន)។ ខ្លូនប្រាណយើងត្រូវផ្គត់ផ្គង់ដោយវីតាមីនចាំបាច់ទាំងនោះតាមរយៈចំណីអាហារដែលយើងបរិភោគចូល។ សារធាតុភាគច្រើនក្នុងអាហារសម្បូរដោយវីតាមីនទាំងនោះ។ វីតាមីនក្រុមនេះ ដើរតួសំខាន់ក្នុងការទ្រទ្រង់ដំណើរការលូតលាស់របស់កោសិកា និងចាំបាច់សម្រាប់មុខងារក្នុងខ្លួន។ ក្រុមវីតាមីនសំខាន់ក្នុងការបង្កើត ATPដែលជាថាមពលស្តុកទុកប្រើប្រាស់ក្នុងខ្លួន។ វីតាមីនក្រុមនេះក៏មានមុខងារចាំបាច់ក្នុងការរក្សាសុខភាពថ្លើម ក្រចក សក់និងស្បែក។ ក្រុមវីតាមីន B ដ(B6 B12ជាអាស៊ីតហ្វូលីក)ក៏ចូលរូមក្នុងការបង្កើតគ្រាប់ឈាមក្រហម។ ការបំពេញមុខងាររបស់ប្រព័ន្ធសរសៃប្រសាទដំណើរការនៃគំហើញ និងមេតាបូលីសសុទ្ធតែត្រូវការជាចំបាច់នូវវីតាមីន B។ សរុបមក វីតាមីនក្រុមនេះចូលរួមដំណើរការមុខងារធម្មតាក្នុងខ្លួន។ សុខភាពសក់អាស្រ័យលើបរិមាណវីតាមីន Bដែលផ្គត់ផ្គងក្នុងរបបអាហារប្រចាំថ្ងៃ។ សក់ក្រាស់រលើបរលោងពឹងផ្អែកលើការបរិភោគចូលវីតាមីន B ដែលមាននៅក្នុងអាហារ។  វីតាមីន B1៖ មាននាទីក្នុងមេតាបូលីសក្នុងខ្លួន និងចែកចាយភាគល្អិតនៃអាហារដែលស្រូបចូលទៅក្នុងខ្លួន។ កង្វះវីតាមីនB1ធ្វើឲ្យការចិញ្ចឹមហ្វូលីគុលសក់មិនបានគ្រប់គ្រាន់នាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់សក់។ ជាមួយនឹងការថយចុះនៃអត្រាលូតលាស់សក់អាចចាប់ផ្ដើមស្ដើងទៅៗរហូតដល់ទំពែក។ អាហារបំប៉នលើវីតាមីន B1 ជួយការពារមិនឲ្យសក់ជ្រុះដែលបណ្ដាលមកពីស្ត្រេស។   វីតាមីន B2៖ ជួយបំលែងកាបូអ៊ីដ្រាតខ្សែវែងឲ្យទៅជាគ្លុយកូស។ ហ្វូលីគុលរបស់សក់ត្រូវការគ្លុយកូសដើម្បីលូតលាស់។ វីតាមីនB2 ក៏ត្រូវបានចាំបាច់សម្រាប់ការបង្កើតប្រូតេអ៊ីនដែលជួយរក្សាការចាប់ចូលគ្នានៃរចនាសម្ព័ន្ធរបស់សក់។ វាក៏មានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ដែលការពារហ្វូលីគុលសក់ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ រីបូហ្វាវីន ជួយការពារការស្រូបចូលសារធាតុរ៉ែ និងវីតាមីន B1 B3 និងB6 ដែលសារធាតុទាំងនេះដើរតួសំខាន់ក្នុងការរក្សាសុខភាពសក់ឲ្យនៅធម្មតា។ ដោយសារតែមានគុណភាពក្នុងការព្យាបាលវីតាមីន B2ក៏បានជួយក្នុងការជួសជុលហ្វូលីគុលដែលខូចខាតឲ្យល្អឡើងវិញ និងបំលែងវីតាមីន​B6ឲ្យស្ថិតក្នុងទម្រង់សកម្មក្នុងខ្លួន។ វីតាមីន​​ B3៖ ជួយក្នុងការរក្សាសុខភាពសក់ដោយធ្វើឲ្យស្បែកក្បាលកាន់តែរឹងមាំ។ វាក៏ជួយជម្រុញធ្វើឲ្យចរន្តឈាមហូរទៅហ្វូលីគុលរបស់សក់បានល្អជាងមុខ ដើម្បីផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដោយការពារមិនឲ្យស្បែកក្បាលស្ងួតវីតាមីននេះវីតាមីនB3ការពារសក់អ្នកពីភាពស្ងួត ភាពស្រអាប់ និងកើតអង្គែ។ វីតាមីន B5៖ ត្រូវការចាំបាច់ ដើម្បីបំលែងកាបូអ៊ីដ្រាតខ្លាញ់ និងប្រូតេអ៊ីន ទៅជាទម្រង់ដែលអាចប្រើប្រាស់ជាថាមពលក្នុងខ្លួន។ កង្វះវីតាមីននេះអាចបណ្ដាលឲ្យការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកោសិកាមិនគ្រប់គ្រាន់ រួមទាំងហ្វូលីគុលរបស់សក់។ ដូចនេះហើយ នាំឲ្យកើតមានការជ្រុះសក់។ វីតាមីន B6៖ ក្រៅពីការស្គាល់ថាវានៅក្នុងវីតាមីន B កំផ្លិច វីតាមីន​ B6 មាននាទីសំខាន់ណាស់ក្នុងសុខភាពសក់។ ការសិក្សាជាច្រើនបានបង្ហាញពីគុណប្រយោជន៍របស់វីតាមីនមួយនេះក្នុងការពង្រឹងសុខភាពសក់។ ការសិក្សាមួយដែលបានចេញផ្សាយក្នុង Polish Journal Wiadomosci Lekarskie ក្នុងឆ្នាំ ២០០១ ពីគុណប្រយោជន៏នៃការចាក់ វីតាមីន B6 ​ទៅក្នុងខ្លួនអ្នកជ្រុះសក់ជាពិសេសមនុស្សស្រី។ ការសិក្សាមួយទៀតបានចេញផ្សាយក្នុងឆ្នាំ ១៩៩៨និយាយថា វីតាមីន B6 រួមជាមួយសារធាតុរ៉ែផ្សេងទៀតជួយក្នុងការបញ្ឈប់សកម្មភាពរបស់អង់ស៊ីម៥ អាល់ហ្វារេដុកតាស។ អង់ស៊ីមនេះ មាននាទីបំលែងអ័រម៉ូនភេទប្រុស តេសតូស្តេរ៉ូន ទៅជាឌីអ៊ីដ្រូតេសតូស្តេរ៉ូន (DHT)។ DHTបន្ថយការលូតលាស់របស់ហ្វូលីគុលសក់ដោយបង្រួញរយៈពេលលូតលាស់របស់កោសិកាសក់ហើយឲ្យជ្រុះសក់។ ដូចនេះហើយ វីតាមីន B6 ជួយពង្រឹងសុខភាពសក់ដោយបង្អាក់សកម្មភាពរបស់៥អាល់ហ្វា រេដុកតាស។ វីតាមីន B6ជាវត្ថុធាតុដើមក្នុងការផលិតមេឡានីនដែលជាសារធាតុកំណត់ពណ៍ឲ្យស្បែក ភ្នែក និងសក់ឲ្យមានពណ៍តាមបែបធម្មជាតិ។ ដោយវីតាមីននេះចូលរួមក្នុងការបង្កើតកោសិកាឈាមក្រហម វាក៏ដើរតួសំខាន់ក្នុងការផ្គត់ផ្គង់សារធាតុចិញ្ចឹង និងអុកស៊ីសែនដល់ហ្វូលីគុលសក់។ មុខងារមួយនេះក៏ការពារស្បែកក្បាលពីការរលាកផងដែរ។ វីតាមីន B7៖ ដូចទៅនឹងវីតាមីន B5 ដែរ វីតាមីនB7 ត្រូវការចំាំបាច់ក្នុងការបំលែងកាបូអ៊ីដ្រាតខ្សែវែង ខ្លាញ់ និងប្រូតេអ៊ីនទៅជាទម្រង់សាមញ្ញ ដើម្បីអាចប្រើប្រាស់បង្កើតជាថាមពលបាន។ អាហារបំប៉ន វីតាមីនB7 ត្រូវបានគេបង្ហាញពីមុខងារការពារសក់មិនឲ្យផុយស្រួយ និងធ្វើឲ្យសក់រឹងមាំភ្លឺរលោង។ វីតាមីន B9៖ ចូលរួមក្នុងមេតាបូលីស និងការរំលាយពពួក កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីននៅក្នុងខ្លួន ដូច្នេះហើយ វាមាននាទីផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ហ្វូលីគុលរបស់សក់។ វាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងវីតាមីន B6 និង B12 ដើម្បីរក្សាសុខភាពសក់។ វាក៏មាននាទីក្នុងការផលិត  DNA និងការលូតលាស់របស់កោសិកាធម្មតា ។   វីតាមីន B12៖ ក្នុងចំណោមមុខងារយ៉ាងច្រើននៅក្នុងខ្លួន វីតាមីន B12 ត្រូវការជាចាំបាច់ក្នុងការផលិតគោលិកាឈាមក្រហម និង DNA។ ដើម្បីឲ្យហ្វូលីគុលសក់ទទួលបានសារធាតុចិញ្ចឹម និងអុកស៊ីសែនគ្រប់គ្រាន់វីតាមីន B12 ធានាក្នុងការរក្សាសុខភាពសក់ឲ្យរឹងមាំ។ ការផលិត​ DNA តាមធម្មតារក្សាការចាប់ភ្ជាប់គ្នានៃរចនាសម្ព័ន្ធរបស់វា​។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត  ANNA ROSLYAKOVA  វេជ្ជបណ្ឌិតនៃ Anna Women-Baby's Center  ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អាចដោយសារតែអ្នកមានអារម្មណ៍មិនល្អ ឈឺមិនសូវស្រួលខ្លួន ស្បែកប្រែប្រួលមិនស្រស់ថ្លា ឬមានមុនលើមុខខុសធម្មតា ដែលធ្វើឲ្យអ្នកតែងតែសំងំក្នុងផ្ទះរាល់ពេលមករដូវមែនទេ? ការពិតទៅអ្នកក៏មានការងារដែលត្រូវទទួលខុសត្រូវជាប្រចាំ ដែលវាអាចនឹងសំខាន់ជាងអ្វីដែលកើតមានក្នុងខ្លួនអ្នក។ មិនមែនមានន័យថាឲ្យអ្នកទ្រាំជាមួយភាពមិនប្រក្រតីនោះទេ ប៉ុន្តែអ្នកត្រូវដោះស្រាយវា។    ដូច្នេះ ហេលស៍ថាម នឹងបង្ហាញមិត្តនារីនូវដំណោះស្រាយខ្លីៗ ប្រកបដោយប្រសិទ្ធភាពខាងក្រោម៖ ផ្តល់សំណើមស្បែក ការរក្សាស្បែកអំឡុងពេលអ្នកមករដូវ គឺរក្សាឲ្យស្បែករបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ជាមួយនឹងប្រភេទផលិតផលផ្តល់សំណើមល្អនិងស័ក្តិសមតាមប្រភេទស្បែក។  អ្នកជំនាញបាននិយាយថា ស្បែករបស់អ្នកងាយនឹងប្រែប្រួល ហើយទៅជាស្ងួតជាងធម្មតាហើយស្បែករបស់អ្នកមានតម្រូវការចាំបាច់នូវប្រភេទផ្តល់សំណើមដែលមានបញ្ជាក់ថា oil-free ឬ comedogenic   ដើម្បីរក្សាតុល្យភាពស្បែកក្នុងពេលវេលាស្ត្រេសនេះ។ បិតម៉ាស់ធម្មជាតិ ព្យាយាមឲ្យស្បែកមុខអ្នកកាន់តែល្អប្រសើរដោយការបិតម៉ាស់ ជាមួយនឹងផ្លែឈើ ដ៏មានគុណប្រយោជន៍ជួយស្បែកមុខ។ ដោយហេតុថា ការបិតម៉ាស់ជួយឲ្យស្បែកមុខត្រជាក់ និងជួយដោះស្រាយភាពប្រែប្រួលខ្លាំងរបស់ស្បែកបានយ៉ាងប្រសើរ ដែលវាតែងកើតមានឡើងអំឡុងពេលមករដូវ។  មួយប្រភេទនៃផ្លែឈើទាំងនោះត្រសក់ក៏មានប្រសិទ្ធភាពដូចដែលអ្នកធ្លាប់ដឹង  ចិតត្រសក់ស្តើងៗបិតឲ្យសព្វលើផ្ទៃមុខទាំងមូលរបស់អ្នក ត្រឹម១៥ទៅ៣០នាទី ធ្វើឲ្យស្បែកមុខទន់រលោង។ សម្អាតកោសិកាស្បែកចាស់ៗ ស្បែករបស់អ្នកនឹងក្លាយជាចាស់ហើយស្រអាប់ជាងធម្មតាក្នុងរយៈពេលនេះ ដូច្នេះ ដើម្បីឲ្យស្បែកត្រឡប់មកជាភ្លឺថ្លាវិញ អ្នកត្រូវធ្វើការកម្ចាត់កោសិកាស្បែកដែលចាស់នោះក្នុងកម្រិតស្រាល។ អ្នកអាចប្រើជាប្រភេទស្ក្រាប់ពីធម្មជាតិ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកលាបវាថ្នមៗលើផ្ទៃមុខ។ ការប្រើស្ក្រាប់ អ្នកក៏អាចកម្ចាត់ចេញនូវប្រេង ធូលី ដី និង កោសិកាស្បែកងាប់បានផងដែរ ជាពិសេសវាជួយសម្អាតរន្ធញើសនិងជួយឲ្យស្បែកភ្លឺរលោង។ បង្កើនជាតិទឹកក្នុងរាងកាយ ជាតិទឹកជួយរក្សាឲ្យស្បែកនៅភ្លឺថ្លាល្អ ហើយហេតុផលដែលវាពិតជាសំខាន់សម្រាប់ស្ត្រី គឺរក្សាស្បែកឲ្យមានជាតិទឹកច្រើនបំផុតអំឡុងពេលមករដូវ។ មានការប្រែប្រួលជាច្រើនដែលកើតឡើងលើស្បែកអំឡុងពេលនេះ ហើយការផ្លាស់ប្តូរនេះអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព ដោយគ្រាន់តែបង្កើនបរិមាណជាតិទឹកក្នុងរាងកាយតាមគ្រប់រូបភាព។  ជាក់ស្តែងទឹកប្រៀបដូចជាឱសថទិព្វសម្រាប់ស្បែក ដូចនេះ អ្នកត្រូវញ៉ាំទឹកឲ្យបានច្រើនបំផុត។ ញ៉ាំអាហារសមស្រប អំឡុងពេលមករដូវជារៀងរាល់ខែស្ត្រីគ្រប់រូបមានទំនោរចូលចិត្តញ៉ាំអាហារមិនសូវល្អ រួមជាមួយអាហារដែលមានរសជាតិប្រៃ ខ្លាញ់ និងស្ករ។ អាហារទាំងនេះរឹតតែធ្វើឲ្យសញ្ញានៃការមករដូវកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យស្បែករឹតតែស្រអាប់  ឬរិល។ បង្កើនការញ៉ាំអាហារសុខភាព ដូចជាបន្លែបៃតង ផ្លែឈើ សណ្តែក និងប្រភេទទឹកដោះគោ ដោយសារវាជាសារធាតុបង្កើនកម្រិតជាតិដែកដល់រាងកាយរបស់អ្នក ដែលបានបាត់បង់យ៉ាងច្រើនតាម ការមករដូវ។ ម៉ាស្សារាងកាយ ធ្វើការម៉ាស្សារាងកាយជាវិធីសាស្រ្តល្អបំផុត ដើម្បីឲ្យប្រព័ន្ធប្រសាទនានារបស់អ្នកបានសម្រាក។ ដូចគ្នាផងដែរ វាក៏ជួយអ្នកបន្ថយនូវការឈឺចាប់ផ្សេងៗ និងការឈឺពោះនូវរាល់ពេលមករដូវរបស់អ្នក។ ដូច្នេះហើយ ការម៉ាស្សារាងកាយអ្នកទាំងមូលអាចបង្កើនលំហូរឈាមរដូវ ក៏ដូចជាដំណើរឈាមក្នុងរាងកាយផងដែរ ប៉ុន្តែអ្នកអាចនឹងសម្គាល់ឃើញថា អារម្មណ៍របស់អ្នកកាន់តែស្ងប់ និងស្រស់ស្រាយជាងធម្មតា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រប់គ្នាសុទ្ធតែធ្លាប់ញ៉ាំផ្លែចេកព្រោះថានរណាក៏ដឹងថាវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ និងសម្រស់ពិសេសចំពោះស្បែក។ ក្រៅពីនេះ ខ្លះក៏ប្រើវាជាល្បាយលាបលើស្បែកមុខក្នុងគោលបំណងខុសៗពីគ្ នាប៉ុន្តែតើអ្នកប្រាកដទេថាវាពិតជាត្រឹមត្រូវតាមការចង់បានរបស់អ្នកឬយ៉ាងណា?តាមដានជាមួយហេលស៍ថាមនូវគុណសម្បត្តិនៃល្បាយផ្លែចេកផ្សេងៗពីគ្ នាដើម្បីបំពេញតម្រូវការ និងបញ្ហាស្បែកបានត្រឹមត្រូវដូចខាងក្រោម៖ ព្យាបាលមុន ពិតជាអស្ចារ្យផ្លែចេក និងសម្បករបស់វាអាចរួមផ្សំជាល្បាយដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមុនដែលអ្នកប្រហែលមិនធ្លាប់បានដឹង។ អ្នកអាចបកស្រទាប់ខាងក្នុងនៃសម្បកចេក​ បិតនៅលើមុនដោយផ្ទាល់​ បន្ទាប់ពីសម្អាតមុខរួច ដើម្បីបន្ថយការរលាក និងសម្លាប់បាក់តេរី។ដូចគ្នាផងដែរ អ្នកក៏អាចលាយផ្លែចេកទុំទាំងមូលជាមួយទឹកឃ្ មុំនិងម្សៅរមៀតក្នុងកម្រិតសមល្មមអាចជួយកាត់បន្ថយបញ្ហាមុនបង្កើនពន្លឺស្បែក និងផ្តល់សំណើមក្នុងពេលជាមួយគ្នា។លាបល្បាយនេះបន្ទាប់ពីលាងមុខរួចទុក១៥នាទីទើបលាងសម្អាតជាមួយទឹកត្រជាក់ និងជូតមុខជាមួយនឹងកន្សែងឲ្យស្ងួត។ គ្រប់គ្រងជាតិប្រេង ប្រសិនបើអ្នកស្ថិតនៅក្នុងប្រភេទដែលមានស្បែកខ្លាញ់ ការប្រើម៉ាស់បិតមុខដែលចេញពីផ្លែចេកទុំលាយទឹកក្រូចឆ្មារ​ និងទឹកឃ្មុំ គឺពិតជាអស្ចារ្យ។ ដោយសារក្នុងផ្លែចេកមានឥទ្ធិពលកំចាត់កោសិកាចាស់ និងប្រេងលើមុខថែមទាំងជួយបិទរន្ធញើសធំៗលើផ្ទៃមុខ។​ ម៉្យាង វាក៏មានផ្ទុកនូវជាតិទឹកប៉ូតាស្យូម វីតាមីន E និងវីតាមីន Cធ្វើឲ្យស្បែកទន់ភ្លឺរលោង។​ អ្នកអាចចាប់ផ្តើមដោយការលាយចេកមួយផ្លែ ជាមួយទឹកឃ្មុំមួយស្លាបព្រា និងទឹកក្រូចឆ្មារកន្លះស្លាបព្រា ដើម្បីបានជាម៉ាស់​បិ​តមុខដ៏អស្ចារ្យ។ ដំបូង លាងមុខឲ្យស្អាត រួចលាបល្បាយនេះឲ្យសព្វលើផ្ទៃមុខ៥ទៅ១០នាទីក្រោយលាងសម្អាតជាមួយនឹងទឹក​ត្រជាក់។ ដើម្បីរក្សាប្រសិទ្ធភាពថេរអ្នកគួរអនុវត្តយ៉ាង ហោ​ច​ណាស់ម្តង ក្នុងមួយសប្តាហ៍។ ផ្តល់សំណើម ភាពសម្បូរដោយប៉ូតាស្យូម និងជាតិសំណើមនឹងបង្កើនជាតិទឹកលើស្បែកស្ងួតព្រមទាំងជួយឲ្យទន់រលោងស្រស់ថ្លា។ ករណីស្បែ​កមុខស្ងួតអ្នកអាចបិតម៉ាស់មុខរបស់អ្នកដោយផ្លែចេក ទុំមួយផ្លែ។​ ល្អបំផុតអ្នកគួរប្រើចេកទុំកិនឲ្យម៉ត់បានទម្រង់អន្ធិលៗ បន្ទាប់មកលាបវាលើផ្ទៃមុខរបស់អ្នកឲ្យសព្វលើក​លែងរង្វង់ភ្នែក និងមាត់។ ប្រហែលជា១០ទៅ១៥នាទីក្រោយអ្នកអាចលាងជាមួយនឹងទឹកត្រជាក់ នោះអ្នកនឹងមានអារ​ម្មណ៍ដឹងថាស្បែកមុខរបស់អ្នកទន់ និងមានសំណើមជាងធម្មតា។ ប្រឆាំងភាពជ្រីវជ្រួញ នរណាក៏ដឹងថាផ្លែចេកមានផ្ទុកនូវសមាសធាតុកាត់បន្ថយស្នាមជ្រីវជ្រួញក្នុងកម្រិតខ្ពស់ជួយបន្ថយចំណុច ឬស្នាមជ្រួញដែលតែងកើតមានតាមអាយុនិងការពារស្នាមឆូតនៃស្បែក។ លាបលើស្នាមទាំងនោះនូវល្បាយដែលមានរួមផ្សំរវាងផ្លែចេក ទុំមួយផ្លែបូកនឹងទឹកក្រូចពោធិ៍សាត់មួយស្លាបព្រា និងយ៉ាអួរមួយស្លាបព្រា។ ចាប់ផ្តើមដោយការលាងសម្អាតមុខឲ្យស្អាត បន្ទាប់មកលាបល្បាយខាងលើ ត្រង់ស្បែកដែលមានស្នាមជ្រួញរយៈពេល១៥ទៅ២០នាទីក្រោយសឹមលាងមុខជាមួយទឹកស្អាត។ បន្ថយស្នាមអុជខ្មៅទោះជាសម្លាកមុន​ តូច អុជខ្មៅដែលតែងកើតតាមអាយុ ឬស្នាមស្រអាប់ដែលធ្វើឲ្យមុខចាស់ក៏ពិតមែន ​អ្នកអាចបន្ថយវាដោយគ្រាន់តែលាបម៉ាស់ចេកទុំជាប្រចាំយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថាអ្នកត្រូវលាបវាបន្ទាប់ពីសម្អាតមុខរួចទុករយៈពេល១៥ ទៅ ៣០នាទីទើបលាងជាមួយទឹកស្អាត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សក់ប្រមាណពី 50 ទៅ 100 សរសៃ ត្រូវបានជ្រុះជារៀងរាល់ថ្ងៃ ហើយត្រូវបានគេចាត់ទុកជាធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ស្ត្រីជាញឹកញាប់អាចមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភចំពោះការជ្រុះសក់នេះជាងបុរស។ យ៉ាងណាមិញ សក់របស់អ្នកមានការដុះលូតលាស់ជា៣ដំណាក់កាលផ្សេងគ្នារួមមាន៖ ដំណាក់កាលលូតលាស់មានប្រហែលជា៩០% និងមានរយៈពេលច្រើនឆ្នាំ ហើយនៅដំណាក់កាលសម្រាកដែលជាទូទៅ មានរយៈពេលពី២ ទៅ ៣ខែ និងដំណាក់កាលចុងក្រោយ គឺការជ្រុះសក់ពីឫស ហើយក៏មានការដុះសក់ថ្មីជាបន្តបន្ទាប់។ បញ្ហាជ្រុះសក់នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់ បូករួមនឹងកត្តាចម្បងដែលបណ្ដាលឲ្យសក់ជ្រុះជាច្រើនទៀតមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីន ដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖ ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖ ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា អាស្ពឺរីន(Aspirin) អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ (Betablocker) ក៏ជាមូលហេតុមួយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុ៨ ទៅ១៣ ឬ១៤ឆ្នាំដោយអ្នកជំងឺចូលចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន (Polycystic ovarian) ។  -ការតុបតែងសក់៖ ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ជាចុងក្រោយនេះ លោកសាស្ត្រាចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក បានមានប្រសាសន៍ថា «ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញ ព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក»៕ ស្វែងយល់បន្ថែម៖ ដោះស្រាយបញ្ហាជ្រុះសក់ជាមួយសាស្ត្រចារ្យ ម៉ី ស៊ីថាច ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បញ្ហាជ្រុះសក់ នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយវាកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ សូម្បីទារកអាយុក៣ទៅ៤ខែក៏ជួបបញ្ហានេះដែរ តែមូលហេតុនៃការជ្រុះសក់របស់ពួកគាត់បណ្ដាលមកពីទទួលអ័រម៉ូនពីម្ដាយតាំងពីគាត់នៅក្នុងផ្ទៃ។ យ៉ាងណាមិញ ចំណុចគួរកត់សម្គាល់នោះ គឺមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់។  ដើម្បីចង់ដឹងថាអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រាន់តែជាការជ្រុះសក់ធម្មជាតិនោះ ជាដំបូង ត្រូវយល់ដឹងពីវដ្តជីវិតសក់ជាមុនសិន៖  ១. វគ្គ Anagen មានរយៈពេល១ ទៅ៥ឆ្នាំជាដំណាក់កាលដែលសក់លូតលាស់។ ប្រសិនបើអ្នកមានសក់ជ្រុះនៅដំណាក់កាលនេះត្រឹម៥ទៅ១០សរសៃពេលច្បូតសក់ម្ដងនោះ អ្នកត្រូវទៅជូបនឹងគ្រូពេទ្យហើយ ព្រោះការជ្រុះសក់នៅដំណាក់កាលនេះ សក់ពិបាកនិងដុះឡើងវិញប្រសិនបើគ្មានការព្យាបាល។ ២. វគ្គ Catagen មានរយៈពេល៤ ទៅ៦សប្ដាហ៍ជាដំណាក់កាលដែលសក់អ្នកនៅហ្នឹង។  ៣. វគ្គ Telogen ជាដំណាក់កាលដែលសក់ជ្រុះ។ ដំណាក់កាលនេះសក់អ្នកអាចនឹងជ្រុះពី៥០ទៅ១០០សរសៃក្នុងមូយថ្ងៃជារឿងធម្មតា បើអ្នកច្បូតសក់ឃើញសក់របស់អ្នកជ្រុះប្រមាណត្រឹម៧ទៅ៨សរសៃក៏ជាការធម្មតាដែរ។ ប៉ុន្តែ បើអ្នកសង្កេតឃើញថាវាជ្រុះច្រើនជាងនេះអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវព្រួយបារម្ភហើយ។ បញ្ហាដែលបណ្ដាលឲ្យសក់ជ្រុះមានច្រើន ប៉ុន្តែកត្តាចំបងដែលបណ្ដាលឲ្យសក់ជ្រុះមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យាកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីនដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖  ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖  ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា ​អាស្ពឺរីន(Aspirin) ​អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ( Betabloc​-ker)ក៏ជាមូលហេតុមូយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុក៨ទៅ១៣ឬ១៤ឆ្នាំដោយអ្នកជំងឺចូល​ចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន(Polycystic ovarian)។  -ការតុបតែងសក់៖  ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យលើសក់ជ្រុះនេះមានច្រើន ដូចជាការពិនិត្យលើស្បែកក្បាលពិនិត្យឈាម ពិនិត្យសក់ ឆ្លុះអេកូ និងថតកាំរស្មី។ ប៉ុន្តែ ករណីសក់ជ្រុះរបស់មនុស្សប្រុសដោយសារតែអ័រម៉ូនមិនចាំបាច់ធ្វើការពិនិត្យទេ។ ចំពោះការពិនិត្យស្បែកក្បាល៖  ១.រកមើលពីវត្តមានអង្គែ -បើអង្គែរាយប៉ាយត្រូវរកមើលរកមើលនៅតាមត្រចៀក និងមុខទៀត នេះជាសញ្ញានៃជំងឺស្ត្រេស និងSeborrehic dermatitis -បើអង្គែនៅជ្ដុំៗគ្នាគេត្រូវរកវត្តមានរបស់ផ្សិតដោយការធ្វើតេស្តរហ័ស និងបណ្តុះផ្សិតនោះដើម្បីរកថា ថ្នាំប្រភេទណាអាចសម្លាប់វាបាន។  -រកមើលដំបៅព្រោះវាអាចជាជំងឺលុយពីស(Lupus) ជំងឺផ្សិតរុំារៃ ឬបូស។  ២. ចំពោះការពិនិត្យសក់ -ធ្វើTricogramaគឺ គ្រូពេទ្យនឹងដកសក់អ្នកប្រមាណ៥០សរសៃទៅពិនិត្យថាតើអ្នកមានសក់ចំនួនប៉ុន្មានខ្លះក្នុងដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់សក់  -ដកសក់យកទៅបណ្តុះរកផ្សិត។ ចំពោះការពិនិត្យរកមើលគ្រាប់ឈាមមានថាតើមានខ្វះឈាមទេរកបរិមាណអ័រម៉ូន ពិសេសអ័រម៉ូនទីរ៉ូអ៊ីត រាប់ចំនួនស័ង្កសី ដែក វត្តមាននៃអង់ទីករ និងវត្តមានមេរោគជំងឺស្វាយ។ ៣. ចំពោះការពិនិត្យអេកូ - មនុស្សស្រី ៖ រកមើលពីដុំពកនៃដៃស្បូន (Polycystic ovarian) -មនុស្សប្រុស ៖ រកមើលពីសភាពប្រូស្តាតរបស់អ្នក។ ៤. ចំពោះការពិនិត្យកាំរស្មី គឺរកមើលពីសុខភាពសួតរបស់អ្នកជំងឺ។ ការព្យាបាល បញ្ហាភាគច្រើនត្រូវធ្វើការព្យាបាលមូលហេតុដើមដែលបណ្ដាលឲ្យសក់ជ្រុះនោះដូចជាស្ត្រេស ជំងឺ លុយពីស (Lupus) ជំងឺផ្សិតបញ្ហាខ្វះប្រូតេអ៊ីន ខ្វះវីតាមីនខ្វះគ្រាប់ឈាម ជំងឺក្រពេញដូចជា ជំងឺទឹកនោមផ្អែម ជំងឺពកក។  បញ្ហាជ្រុះសក់របស់មនុស្សប្រុស (Androgenic alopecia) ការព្យាបាលត្រូវការរយៈពេលប្រហែល១ឆ្នាំ ហើយគ្រូពេទ្យណែនាំឲ្យប្រើថ្នាំបាញ់ដូចជា Minoxidil ព្រមទាំងអាចឲ្យប្រើផ្គួបជាមួយថ្នាំលេច Finasteride ហើយក៏អាចមានវិធីផ្សេងៗទៀត ដូចជាការដាំសក់ជាដើម។  បញ្ហាជ្រុះសក់លើស្ត្រី ករណីជ្រុះសក់ដោយសារបម្រែបម្រួលអ័រម៉ូនខុសធម្មតាពីវ័យក្មេងគ្រូពេទ្យនឹងធ្វើការព្យាបាលអ័រម៉ូនទៅក្នុងកម្រិតធម្មតាវិញ។ ករណីស្ត្រីអស់រដូវគ្រូពេទ្យនឹងព្យាបាលដោយបន្ថែមអ័រម៉ូន​ឲ្យគាត់វិញ។ រីឯស្ត្រីដែលជ្រុះសក់ដោយសារតែការប្រើប្រាស់ថ្នាំពន្យាកំណើតពួកគាត់ត្រូវទៅជួបជាមួយគ្រូពេទ្យសម្ភព ដើម្បីផ្លាស់ប្ដូរថ្នាំប្រើវិញ។ ករណីជ្រុះសក់ក្រោយសម្រាលវាជារឿងធម្មតា និងមិនត្រូវការព្យាបាលទេព្រោះសក់នឹងឈប់ជ្រុះហើយដុះវិញក្នុងរយៈពេល៣ខែក្រោយពេលសម្រាល។  វិធីបង្ការ ការរក្សាអនាម័យខ្លួនប្រាណជាការសំខាន់ក្នុងការការពារពីការឆ្លងពីពពួកមេរោគផ្សិត ជាពិសេសកុមារដែលមិនទាន់ចេះរក្សាអនាម័យខ្លួនឯង។ មួយវិញទៀត ចំពោះអ្នកសម័យថ្មីដែលចូលចិត្តតុបតែងសក់នោះគួរជ្រើសរើសការតុបតែងបែបណាមិនផ្ដល់សម្ពាធដល់សក់ខ្លាំងពេកដូចជាការទាញសក់ជាដើម ឯការសម្ងួតសក់ក៏គួរកាត់បន្ថយខ្លះដែរ ព្រោះវាក៏ជាកត្តាដែលបណ្ដាលឲ្យជ្រុះសក់ផងដែរ។ លើសពីនេះ ការប្ដូរពណ៌សក់បើទោះជាលាបពណ៌សក់ខ្មៅក៏ដោយ អ្នកគួរជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងការប្ដូរម៉ាកផលិតផលតាមគ្នា ព្រោះវាក៏អាចបំផ្លាញសក់អ្នកដែរ។  ជាចុងក្រោយ លោកសាស្ត្រចារ្យសូមផ្ដាំផ្ញើទៅអ្នកដែលមានសក់ជ្រុះទាំងអស់ថា ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក។    បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក។  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ពន្លឺព្រះអាទិត្យមិនត្រឹមផ្តល់នូវគុណសម្បត្តិ​ តែក៏អាចផ្តល់ឲ្យអ្នករួមជាមួយនឹងគុណវិបត្តិដូចគ្នា។ផលមិនល្អដែលស្តែង​ឡើងភ្លាមៗគឺការរលាកដែលធ្វើឲ្យស្បែកឡើងជាពណ៌ក្រហមជាំខ្មៅនិងមានអារម្មណ៍ថាឈឺចាប់។ប្រសិនបើជួបបញ្ហា​នេះតើអ្នកនឹងធ្វើដូចម្តេច? ជាដំបូង និងភ្លាមៗ អ្នកត្រូវផ្តល់ជាតិទឹកដល់រាងកាយ ព្រោះការរលាកមិនត្រឹមផ្តល់ឲ្យមានការឈឺចាប់ប៉ុណ្ណោះទេ វាក៏​​​​​ បឺត​ ជាតិទឹកចេញពីរាងកាយថែមទៀតផង។ ម៉្យាងអ្នកត្រូវប្រាកដ  ថាបានញ៉ាំទឹកច្រើនបន្ថែម ទឹកផ្លែឈើ ឬពពួក​ភេសជ្ជៈកីឡា ផ្សេងទៀត ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងការពារការលេចចេញនូវសញ្ញាខ្សោះជាតិទឹក។ក្នុងពេលជាមួយគ្នានេះដែរ អ្នកចាំបាច់ត្រូវងូតជាមួយនឹងទឹកត្រជាក់ដើម្បីបន្ថយការកើនឡើងនូវកម្តៅរាងកាយ និងលាបក្រែមផ្តល់សំណើមដែល​មានផ្ទុកនូវជាតិប្រទាលកន្ទុយក្រពើឬសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។មិនត្រឹមតែប៉ុណ្ណោះរាងកាយរបស់អ្នកក្នុងពេលនេះពិតជាត្រូវការនូវសារធាតុមួយចំនួនដើម្បីប៉ះប៉ូវនូវការខូចខាតរួមនឹងការពារផលវិបាកនានាដែលនឹងអាចកើតមានឡើង។ដូច្នេះហេលស៍ថាមសូមណែនាំនូវសារធាតុ២យ៉ាងងាយៗដែលនឹងជួយបន្ថយហានិភ័យហើយធ្វើឲ្យអ្នកឆាប់ជាសះស្បើយ៖ ទឹកដោះគោ ទឹកដោះគោជាសារធាតុមួយដែលអ្នកអាចប្រើក្នុងការព្យាបាលការរលាកដោយពន្លឺថ្ងៃកម្រិតស្រាលជួយឲ្យស្បែកលោកអ្នក​ទន់ពេលប្រើប្រាស់ដោយផ្ទាល់លុះត្រាតែមានអាល្លែកហ្ស៊ីខ្លាំងទើបមិនឲ្យប្រើប្រាស់។លាបទឹកដោះគោជាមួយក្រណាត់ស្អាតនៅត្រង់កន្លែងស្បែកដែលរលាក ព្រោះទឹកដោះគោនឹងបង្កើតស្រទាប់ប្រូតេអីុនដែលជួយបន្ធូរបន្ថយភាពមិនស្រួល ដោយសារការលាកកម្តៅថ្ងៃ។ របៀបធ្វើ៖ លាងសម្អាតផ្ទៃមុខ ដៃនិងផ្នែកនៃរាងកាយដែលរលាកជាមួយនឹងទឹកធម្មតា បន្ទាប់មកជូតឲ្យស្ងួត។ យកទឹកដោះគោចាក់ចូលក្នុងចានគោម ហើយទុកចោល៥នាទី។ ប្រសិនបើអ្នកមិនចូលចិត្តក្លិនទឹកដោះគោ អ្នកអាចបន្ថែមប្រេងឡាវិនដឺរ ៣ទៅ៥តំណក់បាន។ជ្រលក់បន្ទះសំឡីឬក្រណាត់ស្អាតដែលអ្នកប្រើសម្រាប់ជូតមុខទៅក្នុងទឹកដោះគោរួចលាបថ្នមៗនៅទីតាំងរលាកហើយទុកឲ្យស្ងួតវានឹងបង្កើតជាស្រទាប់ស្តើងដែលទប់សំណើម។ រយៈពេលប្រហែលជា២ទៅ៣ម៉ោងក្រោយសឹម​លាងសម្អាតដោយទឹកស្អាត។ តែ ជាតិពណ៌របស់តែមានផ្ទុកនូវសមាសធាតុ polyphenolic ដូចជា tannins, catechins និង epiatechin ដែលវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងការរលាក។ ពួកវាត្រូវបានដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងមហារីកស្ទើរគ្រប់ប្រភេទរួមទាំងមហារីកស្បែកផងដែរ។ របៀបធ្វើ៖  វាល់ទឹកចំនួន៤ពែងដាក់ដាំឲ្យពុះបន្ថែមតែ៥ស្លាប ព្រាឬ៥ កញ្ចប់  ទុកចោលមួយអន្លើរ។ ប្រហែល៣០នាទីក្រោយច្រោះ តែចេញបន្ទាប់មកលាយទឹកតែខាប់នោះជាមួយទឹកត្រជាក់ ៤ពែង។ ត្រាំក្រណាត់ ឬកន្សែងស្អាត ទៅក្នុងល្បាយនោះ រួច ជូតលើមុខ ដៃ និងស្មារបស់អ្នក ឬកន្លែងដែលរលាក។   អ្នកក៏អាចដាក់វាក្នុងដប សម្រាប់ប្រើវាជាស្ព្រៃយន៍បាញ់ នៅផ្នែកដែលរលាកបានដូចគ្នា។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមុខក្រហម គឺជាជំងឺរលាកសើស្បែកម្យ៉ាងដែលស្បែកមុខឡើងក្រហមចំណុចកន្ទួលក្រហម និងកន្ទួលក្រហមមានខ្ទុះ  និងមានឃើញនូវសរសៃឈាមតូចឆ្មារៗលើមុខជាពិសេសលើថ្ពាល់  ថ្ងាស  ច្រមុះ ចង្កា ករណីខ្លះអាចមានលើសែ្បកក្បាល ត្រចៀកកនិងផ្នែកខាងលើនៃដងខ្លួន។ ជំងឺនេះអាចច្រឡំនឹងជំងឺមុនជំងឺប្រតិកម្មអាលែ្លកហ្ស៊ីស្បែកឬជំងឺស្បែកផ្សេងៗ ទៀត។ ជំងឺមុខក្រហមកើតលើអាយុចន្លោះពី៣០ឆ្នាំទៅ​៥០ឆ្នាំ​ភាគច្រើនកើតលើស្រ្តីជាងបុរសតែបើកើតលើបុរសជាទូទៅមានដុំពករលាក និងការរីកប៉ោងធំនៃក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ មូលហេតុ មូលហេតុនៃការរកឃើញនេះមិនត្រូវបានគេដឹងនោះទេប៉ុន្តែវាអាចដោយសារតែការរួមបញ្ចូលគ្នានៃកត្តាតំណពូជ និងបរិស្ថាន។កត្តាមួយចំនួនអាចបង្កឬធ្វើឲ្យជំងឺមុខក្រហមធ្ងន់ធ្ងរដោយការបង្កើនលំហូរឈាមទៅលើផ្ទៃនៃស្បែករបស់ អ្នក។ កត្តាមួយចំនួននេះរួមមាន៖ • ភេសជ្ជៈក្តៅ និងហឹរ • ជាតិអាល់កុល • សីតុណ្ហភាពត្រជាក់ ឬក្តៅខ្លាំង • ពន្លឺព្រះអាទិត្យ ឬខ្យល់ • ការរំជួលអារម្មណ៍ • ថ្នាំដែលពង្រីកសរសៃឈាម រួមទាំងថ្នាំសម្ពាធឈាមមួយចំនួន • ការលាបថ្នាំ ឬគ្រឿងសម្អាងដែលមានជាតិគ័រទីកូអ៊ីតរយៈពេលយូរ ក្នុងហេតុផលព្យាបាលជំងឺឬកែសម្ផស្ស ឬមួយការចាក់ឬលេបថ្នាំជាតិសេ្តរ៉យ(Steroid) ម្តងហើយម្តងទៀត។ សញ្ញា និងរោគសញ្ញា ដោយសារជំងឺមុខក្រហមមានសញ្ញានិងរោគសញ្ញាជាច្រើនអ្នកវិទ្យាសាស្ត្របានកំណត់ជំងឺមុខក្រហមជាបួនប្រភេទ។  ១ ប្រភេទErythematotelangiectatic Rosacea ៖  មានការរលាកក្រហមនៃស្បែកជាប្រចាំរួមជាមួយការកើតឡើងនូវសរសៃឈាមតូចឆ្មារៗលើស្បែក។ ២ ប្រភេទPapulopustular Rosacea ៖ មានកន្ទួលពងៗ ឬខ្ទុះត្រង់គល់រោម តែគ្មានគ្រាប់-មុនដូចជំងឺមុនទេ។ ៣ ប្រភេទPhymatous Rosacea ៖ ជាទូទៅមានដុំពករលាក និងការរីកប៉ោងធំក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ ៤ Ocular Rosacea ៖ ភ្នែក និងត្របកភ្នែក ក្រហម ស្ងួតរោលជួនកាលរមាស់ រលាក និងមានអារម្មណ៍ថាមានអ្វីមួយក្នុងភ្នែក។   រោគវិនិច្ឆ័យ(គ្លីនិក) -ផ្អែកលើសញ្ញាគ្លីនិក និងប្រវត្តិជំងឺ៖ កន្លែងស្បែកមានបញ្ហាកាន់តែធ្ងន់នៅពេលរងពន្លឺថ្ងៃ ពេលញុាំកាហ្វេ ស្រា និង គ្រឿងហឹរ។ ការព្យាបាល -ត្រូវការពារមុខពីពន្លឺថ្ងៃដូចជាពាក់មួកការពារ ឬប្រើឆ័ត្រពេលប៉ះនឹងកំដៅថ្ងៃ ឬ ប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ -ចៀសវាងហូបកាហេ្វក្តៅ ស្រា គ្រឿងហឹរ -ចៀសវាងប្រើថ្នាំមានជាតិសេ្តរ៉យ(Steroid) ដោយគ្មានការណែនាំពីគ្រូពេទ្យ -ប្រើឱសថប្រភេទលាប និងលេប។ ចំពោះប្រភេទជំងឺមុខក្រហម ដែលពិបាកព្យាបាលអាចព្យាបាលដោយវិធីវះកាត់ឬដោយប្រើម៉ាស៊ីនឡេសែ។  ក្នុងករណីចាំបាច់គួរទៅទទួលសេវាពិគ្រោះ  និងព្យាបាលជំងឺពីគ្រូពេទ្យជំនាញឬមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកជំងឺសើស្បែកផ្ទាល់ ដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើបទាន់សម័យ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក និងកាមរោគ  និងជានាយផ្នែក​​រងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការទម្លាក់សក់បានក្លាយជាស្ទីលដ៏ពេញនិយមមួយរបស់មិត្តនារីជាពិសេសក្នុងវ័យជំទង់នាពេលបច្ចប្បន្ននេះ។​ប៉ុន្តែក៏មានមិត្តនារីខ្លះដែលនិយមលើកសក់ចងព្រោះតែមិនចូលចិត្តទុកឲ្យសក់របស់ខ្លួនប៉ើងចុះឡើងទៅតាមទិសដៅនៃខ្យល់ ឬធ្លាក់ចុះគ្មានរបៀប ជួនក៏ចូលក្នុងចានអាហារ ឬកែវទឹកផងដែរ។ ​​​​ ម្យ៉ាងទៀតដោយសារអាកាសធាតុក្ដៅផងទើបមិត្តនារីមួយចំនួនជ្រើសរើសការចងសក់ជំនួសទម្លាក់។ អ្នកជំនាញផ្នែកសរសៃសក់បានបង្ហាញថាការចងសក់ជាប្រចាំនឹងបំផ្លាញ​ឫស​សក់និងធ្វើឲ្យសរសៃសក់ប្រឈមនឹងការជ្រុះជាពិសេសត្រង់កន្លែង​សក់ត្រូវបានចងនោះ។ ប្រសិនបើអ្នកមិនចង់ទម្លាក់​សក់ទេ​ លោកអ្នកក៏អាចអនុវត្តតាមវិធីខាងក្រោមនេះផងដែរ៖ ចងឲ្យរាងធូរ៖ ប្រសិនបើថាមិនចងសក់មិនបានទេត្រូវចងឲ្យរាងធូរបន្តិចកុំតឹងពេកហើយកៅស៊ូដែលចងក៏ត្រូវមានភាពយឺតផងដែរ។ក្នុងករណីដែលមិនមានកៅស៊ូទេអ្នកក៏អាចធ្វើការក្របួចសក់ឡើងហើយសឹមប្រើដង្កៀបតូចដើម្បីទប់លំនឹងក៏បាន។   ជ្រើសរើសកៅស៊ូចងឲ្យបានត្រឹមត្រូវ៖ ចៀសវាងប្រើកៅស៊ូដែលមានដែក ឬបន្ទះអ្វីដែលអាចបង្កជាសម្ពាធ និងប៉ះពាន់ដល់សក់។ មិនត្រូវចងសក់ពេលសក់កំពុងសើម ៖ ចៀសវាងការចងសក់ឬការប្រើដង្កៀបនៅលើសក់ដែលសើមព្រោះសក់សើមបានបាត់បង់ភាពរឹងមាំរបស់ខ្លូនហើយប្រសិនបើអ្នកដាក់សម្អាធលើវាទៀតនោះវាប្រៀបបាននឹងការកាត់ផ្ដាច់វាចេញពីគ្នាដែរ។ ប្រើស្ព្រាយ៏បាញ់សក់ឲ្យរលោង៖ មុននឹងលើកសក់ចងឡើងអ្នកគួរប្រើស្ព្រាយ៏បាញ់សក់ដែលធ្វើឲ្យសក់រលោង ដើម្បីឲ្យសក់របស់អ្នកសម្របខ្លួនទៅនឹងសម្ពាធដែលកើតមានពីការចងសក់ក៏ដូចជាចៀសវាងការខូចទ្រង់ទ្រាយឬប៉ះពាល់ដល់សុខភាពរបស់សក់។ ផ្លាស់ប្តូរម៉ូតសក់ថ្មីៗ៖ ការចងសក់ត្រង់កន្លែងដដែលនឹងធ្វើឲ្យសរសៃសក់របស់អ្នកចុះខ្សោយហើយងាយប្រឈមនឹងការដាច់ជ្រុះ។ព្យាយាមធ្វើការឆ្លាស់ម៉ូតសក់ឲ្យបានញឹកញាប់ដោយធ្វើការចងទាបមួយថ្ងៃហើយសឹមធ្វើការចងឡើងឲ្យខ្ពស់បន្តិចថ្ងៃបន្ទាប់រួចក្រងសក់មួយថ្ងៃ​ ឬលើកសក់បួងឡើងលើ។ល។ ផ្ដល់សេរីភាពដល់សក់៖ នៅពេលដែលអ្នកសម្រាកនៅផ្ទះ អ្នកគួរតែឬផ្ដល់ឱកាសឲ្យសក់របស់អ្នកបានសម្រាកខ្លះ។ ធ្វើការទម្លាក់សក់ចុះដើម្បីឲ្យស្បែកក្បាលរបស់អ្នកបានដកដង្ហើមស្រួល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ គឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោក តែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។ ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទ និងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូច ដូចជាលើផ្ទៃមុខ ៖ ព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃ ដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើត ដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) ៖ ព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួន ៖ ព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើ គេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀត គឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោអាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោ ហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។ ស្វែងយល់បន្ថែម៖ យល់ដឹងពីជំងឺឃ្លង់ល្ពៅ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top