- Oct 14, 2017 |
- 7 years ago |
- 3.3K views
គ្រប់គ្រងបញ្ហាស្បែករបស់អ្នកជំងឺទឹកនោមផ្អែម
ជាទូទៅ អ្នកជំងឺទឹកនោមផ្អែម តែងមានផលប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃសារពាង្គកាយ រួមទាំងស្បែកផងដែរ។ យ៉ាងហោចណាស់១ភាគ៣នៃអ្នកជំងឺ មានបញ្ហាស្បែកស្ងួត ដែលមានន័យថាស្បែកងាយនឹងមានរបួស ឬឆាប់ឆ្លងរោគ និងមិនងាយជាសះស្បើយ។ ដូចនេះ គោលការណ៍នៃការណែនាំខ្លីៗខាងក្រោមអាចនឹងកាត់បន្ថយបញ្ហាស្បែកខាងលើ ព្រមទាំងជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ៖ •គ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានល្អដោយសារ អ្នកជំងឺដែលមានកម្រិតជាតិស្ករក្នុងឈាមកើនឡើង មានទំនោរធ្វើឲ្យស្បែកស្ងួតជាងធម្មតា និងមានសមត្ថភាពតិចក្នុងការបង្ក្រាបបាក់តេរីបង្ករោគលើស្បែក។ លក្ខខណ្ឌទាំងពីរនេះបង្កើនហានិភ័យនៃការបង្ករោគជាពិសេសនៅលើស្បែក។ •នៅពេលអាកាសធាតុត្រជាក់ ត្រូវរក្សាសំណើមក្នុងផ្ទះអ្នកបន្ថែម និងកាត់បន្ថយការងូតទឹកបើអាច។ ការពារស្បែករបស់អ្នកពីអាកាសធាតុត្រជាក់ ឬខ្យល់ ដោយប្រើកន្សែងគ្រប ឬបិតត្រចៀក មុខ រួមទាំងច្រមុះ ពាក់មួកជាប្រចាំ ពាក់ស្រោមដៃ ស្រោមជើង និងស្បែកជើង ឬស្បែកជើងកវែង ជាការប្រសើរ។ •រក្សាឲ្យស្បែកអ្នកស្អាតជានិច្ច ប្រសិនអ្នកមានអារម្មណ៍ថាស្បែកស្ងួត សូមកុំជូតវាបន្ថែមទៀត ប៉ុន្តែគួរលាបផលិតផលផ្តល់សំណើមជំនួសវិញ។ ម៉្យាងទៀត អ្នកត្រូវកំណត់ចំនួនផលិតផលដែលអ្នកប្រើលើស្បែក ដើម្បីបន្ថយឱកាសក្នុងការមាន ប្រតិកម្ម។ •គួរងូតទឹកក្តៅឧណ្ហៗ (មិនមែនទឹកក្តៅខ្លាំងទេ) និងប្រើសាប៊ូដុសខ្លួនប្រភេទស្រាល ដែលមានប្រសិទ្ធភាពអាចផ្តល់សំណើមបាន និងចៀសវាងកុំងូតទឹកយូរពេក។ បន្ទាប់មកប្រើឡូសិន លាបលើស្បែក ប៉ុន្តែកុំប្រើវាលើម្រាមជើងរបស់អ្នក ដោយសារការផ្តល់សំណើមច្រើនពេកនៅទីតាំងនោះអាចបង្កើនការលូតលាស់នៃផ្សិតបាន។ •ព្យាបាលការមុត ឬរបួសតូចៗលើស្បែក ដោយសម្អាតមុខរបួសជាមួយសាប៊ូដុំ និងទឹក។ ម៉្យាង អ្នកអាចប្រើត្រឹមក្រែម ឬក្រមួនសម្លាប់បាក់តេរី ប្រសិនមានការណែនាំពីគ្រូពេទ្យថាប្រើបាន និងរុំជាមួយបង់ស្តេរីល។ ជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការមុត រលាក ឬមានការបង្ករោគកម្រិតធ្ងន់។ •បន្ទាប់ពីលាង និងសម្ងួតដៃរបស់អ្នករួច គួរប្រើឡូសិនកម្រិតស្រាល ដើម្បីការពារស្បែកស្ងួត។ ដូចនេះ អ្នកត្រូវដាក់ឡូសិនលាបដៃនៅក្បែរកន្លែងលាងដៃរបស់អ្នក ដែលអាចប្រើវាលាបលើដៃភ្លាមៗ បន្ទាប់ពីលាងដៃរួច។ •ត្រូវបង្កើនការថែរក្សាប្រអប់ជើងរបស់អ្នកដោយពិនិត្យជាប្រចាំ ខ្លាចក្រែងមានឈឺចាប់ ឬមានរបួសស្នាម។ ពាក់ស្បែកជើងទូលាយៗ ឬស្បែកជើងផ្ទាត់ដែលល្មមនឹងជើងបានល្អ និងត្រូវពិនិត្យស្បែកជើងមុននឹងពាក់។ •ប្រសិនបើស្បែកអ្នកមានមុន អ្នកគួរពិភាក្សាជាមួយអ្នកជំនាញសើស្បែក មុននឹងជ្រើសរើសផលិតផលផ្តល់សំណើមលើមុខព្រោះផលិតផលខ្លះអាចបង្កជាមុន ឬធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ។ •គួរប្រើក្រែម ឬក្រមួនរលោង ដើម្បីការពារការរបកស្បែកបបូរមាត់។ •គួរប្រើសាប៊ូកក់សក់ ដែលមានកម្រិតស្រាលដូចជាប្រភេទសាប៊ូសម្រាប់កូនក្មេងជាដើម។ •ហាមប្រើទឹកអនាម័យស្ត្រីប្រភេទជាស្ព្រៃយន៍។ •ជ្រើសរើសផលិតផលថែស្បែកដែលមានបញ្ជាក់ថា «noncomedogenic» ឬ «nonacnegenic»។ •ប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញសើស្បែក ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាស្បែករបស់អ្នកបាន។ រក្សានូវការអនុវត្តល្អខាងលើនៅថ្ងៃនេះ ដើម្បី បញ្ចៀសនូវហានិភ័យលើស្បែកទៅថ្ងៃក្រោយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share