Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ត្រីវ័យចំណាស់ ឬស្ត្រីដែលស្ថិតក្នុងវ័យក្រោយពេលអស់រដូវ ជាទូទៅត្រូវប្រឈមមុខនឹងជំងឺ ឬក៏ការប្រែប្រួលជាច្រើន ក្នុងនោះបញ្ហាពុកឆ្អឹង ឬឆ្អឹងស្ពោត ដែលតែងតែកើតមាន ហើយក៏ជាការបារម្ភដ៏ធំមួយរបស់ពួកគាត់ ពីព្រោះវាជាមូលហេតុចម្បងនៃការវិវឌ្ឍទៅកាន់ ភាពទ្រុឌទ្រោម និងបាក់បែកឆ្អឹង។ មានសំណួរជាច្រើនទាក់ទងនឹងជំងឺនេះត្រូវបានលើកឡើង ហើយដើម្បីស្រាយចម្ងល់ទាំងនេះ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា វេជ្ជបណ្ឌិតឯកទេស ខាងឆ្អឹងពីប្រទេសបារាំង បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ឆ្អឹងបាក់ និងជាអនុប្រធានក្រុមវប្រឹក្សាភិបាលសម្ពន្ធ គ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា នឹងធ្វើការបកស្រាយជូនដល់ប្រិយមិត្តដើម្បីយល់ដឹង និងអាចការពារខ្លួនពីជំងឺនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានសុខភាពឆ្អឹងល្អរឹងមាំ។ និយមន័យនៃជំងឺស្ពោតឆ្អឹង ជំងឺស្ពោតឆ្អឹង ជាការថយចុះនៃកំហាប់ជាតិរ៉ែ​របស់ឆ្អឹង ពោលគឺការថយចុះទាំងចំនួន និងបរិមាណនៃសរសៃឆ្អឹង ក៏ដូចជាការថយចុះនៃកម្រាស់សម្បកឆ្អឹង ដែលជាធម្មតាសរសៃឆ្អឹងយើងគឺមានសភាពក្រាស់ មាំ និងហាប់ណែន តែករណីមានជំងឺស្ពោតឆ្អឹង ចំនួនសរសៃឆ្អឹងមិនត្រឹមតែថយចុះទេ តែចំនួនដែល នៅសល់ក៏តូចស្តើងផងដែរ។ មូលហេតុនៃជំងឺស្ពោតឆ្អឹង     មូលហេតុបង្កគឺអាស្រ័យនឹងប្រភេទនៃជំងឺស្ពោតឆ្អឹងផ្ទាល់ ដែលមាន២ប្រភេទធំៗ ៖ • Ostéoporose primaire (ជំងឺស្ពោធឆ្អឹង ប្រភេទទីមួយ) ប្រភេទទីមួយនេះទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូនក្នុងខ្លួនជាពិសេសចំពោះស្រ្តី និងការថយចុះនៃសារធាតុរ៉ែចាំបាច់របស់ឆ្អឹងដែលមាន៣សំខាន់ៗគឺ កាល់ស្យូម(calcium) ម៉ាញេស្យូម (magnesium) និងវីតាមីនដេ( vitamin D)។ ជំងឺស្ពោតឆ្អឹងប្រភេទនេះកើតលើស្ត្រីប្រហែល ៩៥% និងអាចកើត លើបុរសចំនួន៨០% ផងដែរ ដោយហេតុថាស្ត្រីម្នាក់ៗត្រូវឆ្លងកាត់នូវបម្រែបម្រួលអ័រម៉ូនជាច្រើនដំណាក់កាលចាប់តាំងពី ពេលពេញវ័យ មានគ្រួសារ មានគភ៌ បំបៅដោះកូន និងរហូតឈានដល់វ័យអស់រដូវ រួមផ្សំនឹងការថយចុះនូវសារធាតុរ៉ែចម្បងនៃឆ្អឹងផង ទាំងអស់នេះហើយដែលបង្កឲ្យមានកើត ជាជំងឺស្ពោតឆ្អឹង។ •  Ostéoporose Secondaire (ជំងឺស្ពោតឆ្អឹង ប្រភេទទីពីរ) ប្រភេទទី២នេះមានសភាពធ្ងន់ធ្ងរនិងពិបាកព្យាបាលជាងប្រភេទទីមួយ ដោយសារតែអ្នកជំងឺមិនត្រឹមតែមានមូលហេតុបង្កនៅក្នុងប្រភេទទី១ទេ ថែមទាំងមានកត្តាជំងឺប្រចាំកាយផ្សេងៗ ឧទាហរណ៍ដូចជា ជំងឺមហារីក (myélome mutiple) ជំងឺតម្រងនោមរ៉ាំរ៉ៃ អ្នកជំងឺដែលប្រើប្រាស់ប្រភេទថ្នាំ corticoide ជាប្រចាំ អ្នកពិសាជាតិអាល់កុល ឬស្រា និងជក់បារីជាដើម។ រោគសញ្ញានៃជំងឺ ពុំមានរោគសញ្ញាច្បាស់លាស់ដែលអាចឲ្យកំណត់បានថាជាជំងឺស្ពោតឆ្អឹងទេ តែជាទូទៅអ្នកជំងឺនេះអាចស្តែងចេញនូវអាការៈឈឺចុកចាប់ រួយតាមឆ្អឹង​ និងសន្លាក់ឆ្អឹងដៃជើងម្តងម្កាល ដែលយើងមិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេ តែវានឹងស្តែងចេញកាន់តែញឹកញាប់នូវអាការៈរបៀប នេះ រហូតដល់កើតមានជាប្រចាំ ដែលជាហេតុធ្វើឲ្យមានការថយចុះនូវសកម្មភាពប្រចាំថ្ងៃគួរឲ្យកត់សម្គាល់ ព្រមទាំងអាចចំណាំបានផងដែរតាម ការសង្កេតឃើញនូវភាពកោងខ្នង និងកម្ពស់ទាបជាងមុនរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អ្នកជំងឺអាចទទួលរងការខូចខាតយ៉ាងងាយដូចជា ប្រេះឬ បាក់ឆ្អឹង ដោយគ្រាន់តែមានការដួលប៉ះទង្គិចតែបន្តិចបន្តួចប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺស្ពោតឆ្អឹងអាចផ្អែកលើកត្តាជាច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្តទំនើបឡើង គេច្រើនប្រើម៉ាស៊ីន DXA scan (Dual Xray Absorptiometry) សម្រាប់ធ្វើរោគវិនិច្ឆ័យ ដោយវាអាចបញ្ជាក់យ៉ាងច្បាស់នូវកំហាប់ជាតិរ៉ែក្នុងឆ្អឹងរបស់យើងម្នាក់ៗ ដែលលទ្ធផលត្រូវបាន គិតជាក្រាមក្នុង១សង់ទីម៉ែត្រការេ ។ ចំពោះលទ្ធផលត្រូវបានបង្ហាញចេញជា T-score ដែលក្នុងនោះ •​ បើ T-score > -1 បញ្ជាក់ថាកំហាប់ជាតិរ៉ែក្នុងឆ្អឹងស្ថិតក្នុងកម្រិតធម្មតា • បើនៅចន្លោះពី -1 ដល់ -2,5 ( -1≥ T.score > -2.5) មានន័យថា កំហាប់ឆ្អឹងចុះខ្សោយ (osteopenia) • បើT.score ≤ -2.5 បញ្ជាក់ថាឆ្អឹងស្ពោត ឬពុកហើយ (osteoporosis) ។ ការព្យាបាល ការព្យាបាល គឺចាំបាច់ត្រូវការកែសម្រួលនិងបំពេញនូវកង្វះខាតជាតិរ៉ែរបស់ឆ្អឹងក្រោយពីបានវាស់ដោយម៉ាស៊ីន DXA scan រួច។ តាមការស្រាវជ្រាវ បច្ចុប្បន្នបានបង្ហាញថា ស្រ្តីដែលមានអាយុក្រោម៥០ឆ្នាំ ត្រូវការសារធាតុកាល់ស្យូម ១០០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣១០ ទៅ ៣២០ ម.ក ក្នុងមួយថ្ងៃ ព្រមទាំងវីតាមីនដេ៣ (D³)ចំនួន ៦០០ IU ក្នុងមួយថ្ងៃ។ ដោយឡែក ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅនាំឲ្យមានការកើនឡើងនូវតម្រូវការដោយកាល់ស្យូម កើនឡើងទៅដល់ ១២០០ ម.ក ក្នុងមួយថ្ងៃ ម៉ាញេស្យូម ៣២០ ម.ក ក្នុងមួយថ្ងៃ និងវីតាមីនដេ៣ ៨០០ IU ក្នុងមួយថ្ងៃ។ គួររំលឹកថា សារធាតុទាំងនេះមាន ទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះមិនអាចឲ្យខ្វះសារធាតុណាមួយបានឡើយ។ លើសពីនេះ យើងអាចប្រើប្រាស់ថ្នាំដែលជំរុញឲ្យមានការស្រូបឡើងវិញ នូវសារធាតុរ៉ែដែលចេញពីឆ្អឹងក្រោយ ពេលអស់រដូវ ឬពេលវ័យចំណាស់ ហៅថាពពួក Antiresorption គឺ bisphosphonate (Alendronate) ផងដែរ ក្នុងគោលបំណងការពារកុំឲ្យមានការពុកឆ្អឹងលឿននិងធ្ងន់ធ្ងរ ដោយប្រើក្នុងកម្រិត ១០ មក្រ ក្នុងមួយថ្ងៃ ឬ ៧០ មក្រ ក្នុងមួយអាទិត្យ ឬក៏អាច ១៥០ មក្រ ក្នុងមួយខែតែម្តង។ វិធីសាស្ត្រការពារ មានគោលការណ៍៥ចំណុច ដែលគួរអនុវត្តដើម្បីការពារឆ្អឹងពុកដោយមានប្រសិទ្ធភាពគឺ៖ • ជ្រើសរើសទទួលទានចំណីអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ត្រីសាឌីន សាម៉ុង ទឹកដោះគោ ឬផលិតផលពីទឹកដោះគោ តៅហ៊ូ បន្លែបៃតង • ទទួលទានផងដែរនូវចំណីដែលសម្បូរវីតាមីនដេដូចជា ត្រីធូណា សាម៉ុង ស៊ុតក្រហម ខ្លាញ់ត្រី ថ្លើមសត្វ និងទឹកដោះគោឆៅជាដើម • ការហាលសំដិលខ្លួននឹងពន្លឺថ្ងៃក៏ជាគន្លឹះសំខាន់មួយផងដែរ ដោយសារវាជួយសម្រួលក្នុងការផលិតវីតាមីនដេ៣នៅក្រោមស្បែក។ ដូចនេះ​ គួរចំណាយ ពេលយ៉ាងតិច ៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ ដើម្បីសំដិលខ្លួនក្រោមពន្លឺថ្ងៃ។ • ធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ដូចជា ការដើរ រត់យឺតៗ ឬរាំជាដើម និងចៀសវាងការដួល ឬប៉ះទង្គិចដដែលៗ ដែលធ្វើអោយឆ្អឹងខ្សោយ និងងាយបាក់។ • ចុងក្រោយ យើងអាចប្រើប្រាស់នូវឱសថបំប៉នឆ្អឹង ករណីអ្នកជំងឺមិនអាចបរិភោគអាហារគ្រប់គ្រាន់បាន ឬមានជំងឺប្រចាំកាយណាមួយ ឬមិនសូវ មានទម្លាប់ចេញក្រៅឲ្យត្រូវពន្លឺថ្ងៃជាដើម។ ទាក់ទងនឹងឱសថដែលមានជាតិកាល់ស្យូមលើទីផ្សាសព្វថ្ងៃមាន ២ ប្រភេទគឺ calcium carbonate និង calcium citrate​។ ចំពោះcalcium citrate គឺជាម៉ូលេគុលដែល ងាយស្រួលស្រូបតាមប្រព័ន្ធរំលាយអាហារនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែល មានបញ្ហាក្រពះពោះវៀន ឬមានការវះកាត់ក្រពះពោះវៀនជាដើម។ លោកវេជ្ជបណ្ឌិត ឌុក គុណសេណា "សូមធ្វើការការពារខ្លួនពីជំងឺនេះដោយអនុវត្តតាមគោលការណ៍ខាងលើដែលយើងគួរអនុវត្តវាជាប្រចាំ និងឲ្យបានត្រឹមត្រូវដើម្បីសុខមាលភាពក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមផងដែរ"។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

រាងកាយរបស់ស្រ្តី ជាមួយនឹងរចនាសម្ព័ន្ធដ៏ស្មុគស្មាញ អាចធ្វើឲ្យស្រ្តីផ្ទាល់ជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន ដោយពេលខ្លះ​ គេមិនអាចសូម្បីកំណត់មូលហេតុ នៃការបង្កនោះឲ្យច្បាស់លាស់បានទៀតផង។ ដូចនេះ ការត្រៀមខ្លួនឲ្យបានល្អនៅគ្រប់ដំណាក់កាលដែលស្រ្តីត្រូវឆ្លងកាត់ក្នុងជីវិត ពិតជាសំខាន់ មុនពេលដែលពួកគេត្រូវប្រឈម និងបង្ខំទទួលយកបញ្ហាណាមួយ នៅថ្ងៃក្រោយ។  ជាក់ស្តែង ផលិតផលធម្មជាតិជាច្រើននៅលើទីផ្សារ ត្រូវបានជ្រើសរើស ជាវិធីសាស្រ្តសម្រាប់ជាជំនួយដល់ស្រ្តី និងសព្វថ្ងៃវាត្រូវបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃអាហារប្រចាំថ្ងៃរបស់ស្ត្រីជាច្រើនផងដែរ។ ក្នុងនោះ ពពួកតែបៃតង ផលិតផលសណ្តែកសៀង (មានផ្ទុក Isoflavone) ព្រមទាំងអាស៊ីត ហ្វូលិក (វីតាមីនបេ៩) ត្រូវបានដឹងថាជាប្រភេទអាហារបំប៉ន ដែលមានឥទ្ធិពលយ៉ាងល្អប្រសើរទៅលើសុខភាពស្ត្រីទាំងមុនពេល និងអំឡុងពេលពេញវ័យ រហូតដល់វ័យអស់រដូវផងដែរ។ ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃសារធាតុទាំងអស់នេះ ក៏ដូចជាការប្រើប្រាស់របស់វា ត្រូវបានលើកមកបង្ហាញជាបន្តបន្ទាប់។ ដោយសារតែសារធាតុ Isoflavone ពីសណ្តែកសៀង ត្រូវបានលើកមកលម្អិតក្នុងអត្ថបទមុនរួចមកហើយ ដោយលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃគ្លីនិកលុច្ស ដូចនេះ សូមតាមដានយល់ដឹងបន្តជាមួយលោកស្រីវេជ្ជបណ្ឌិត ទាក់ទិននឹងសារធាតុពីរទៀតគឺ តែបៃតង និងអាស៊ីត ហ្វូលិក។ អ្វីជាឥទ្ធិពលនៃតែបៃតង និងអាស៊ីត ហ្វូលិក (វីតាមីន បេ៩)? • តែបៃតង៖ សារធាតុជាច្រើនដែលមាននៅក្នុងតែបៃតងដូចជា Caffeine, Theanine,Theaflavins, Theobromine, Theophyllineនិងសារធាតុដទៃទៀត  សុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាពដោយឡែកពីគ្នា តួយ៉ាងវាអាចការពារនិងព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ជាពិសេសគឺឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកផងដែរ។ • អាស៊ីត ហ្វូលិក៖ ជាប្រភេទវីតាមីន ដែលរលាយក្នុងទឹក វាមិនមានផលិតនៅក្នុងខ្លួនរបស់មនុស្សឡើយ ដូចនេះ វាទាមទារឲ្យយើងទទួលយកពីចំណីអាហារ ខាងក្រៅ ដូចជា រុក្ខជាតិ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គោ សាច់មាន់ ថ្លើមជ្រូកជាដើម។ ក្រៅពីនោះ វាក៏មានក្នុងផលិតផលអាហារដូចជា ម្សៅនំ នំបុ័ង ឬអាហារបំប៉ននានាផងដែរ។ អាស៊ីត ហ្វូលិក មានមុខងារសម្រាប់ការលូតលាស់កោសិកា និងជួយបង្កើនការចងចាំ ព្រមទាំងចាំបាច់យ៉ាងខ្លាំងចំពោះ សុខភាពស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន រួមទាំងក្មេង និងក្មេងជំទង់ ។ តែបៃតង និងអាស៊ីត ហ្វូលិក ត្រូវបានប្រើប្រាស់ដើម្បីអ្វី? • តែបៃតង អាចជាជម្រើសដ៏ល្អសម្រាប់សុខភាពដោយវាអាចទប់ស្កាត់នូវជំងឺមួយចំនួនដូចជា៖   - ជំងឺពុកឆ្អឹង៖ ដែលជាជំងឺកើតឡើងជាញឹកញាប់ចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ។ ឥទ្ធិពលរបស់តែបៃតង អាចជួយពង្រឹងនូវភាពរឹងមាំរបស់ឆ្អឹង និងសាច់ដុំរបស់ស្រ្តីយ៉ាងមានប្រសិទ្ធភាព។    - គ្រប់គ្រងទម្ងន់៖ សារធាតុ  Catechins នៅក្នុងតែបៃតង មានឥទ្ធិពលក្នុងការសម្រក និងគ្រប់គ្រងទម្ងន់ តាមរយៈការកាត់បន្ថយបានយ៉ាងល្អ នូវទម្ងន់ខ្លួន និងទម្ងន់សារធាតុខ្លាញ់ក្នុងខ្លួន។    - ដុំមហារីកក្នុងស្បូន៖ ជាប្រភេទមហារីក (Leiomyoma) កើតមានលើស្រ្តីដល់ទៅជាង ៧០ ដែលនៅមិនទាន់មានវិធីសាស្រ្តព្យាបាល ជាក់លាក់ណាមួយសម្រាប់រោគសញ្ញានៃដុំមហារីកនេះនៅឡើយទេ។ យ៉ាងណាមិញ សារធាតុដែលមាននៅក្នុងតែបៃតងអាចជួយប្រឆាំងនូវការរលាក ប្រឆាំងការលូតលាស់ និង ប្រឆាំងនឹងការធ្វើអុកស៊ីតកម្ម ដែលជាមូលហេតុមួយនៃការបង្កជំងឺមហារីក។   - ជំងឺមហារីក៖ តាមការពិសោធ សារធាតុ Polyphenols ដែលមានក្នុងតែបៃតង មានលទ្ធភាពការពារ និងកាត់បន្ថយការរីករាលដាលនៃជំងឺ មហារីកក្រពេញអូវែ និងមហារីកស្រទាប់ស្បូន។   - ជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ៖ ជំងឺទឹកនោមផ្អែមរបស់ស្ត្រីមានផ្ទៃពោះអាចបង្កការប្រឈមជាច្រើន សម្រាប់ទារកក្នុងផ្ទៃ រីឯតែបៃតងមានឥទ្ធិពលកាត់បន្ថយនូវបញ្ហាមួយចំនួនលើទារកដែលបង្កដោយការលើស ជាតិស្ករ ក្នុងឈាមនោះ។   - ការដកជាតិពុលពីក្នុងខ្លួន៖ តែបៃតងមានសមត្ថភាពក្នុងការការពារ និងកាត់បន្ថយឥទ្ធិពលអាក្រក់ នៃរ៉ាឌីកាល់សេរី ដែលជាកត្តាបង្កជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ការខូចខាតនៃប្រព័ន្ធប្រសាទជាដើម (Neurodegenerative disorders)។ ការសិក្សាក៏បង្ហាញផងដែរថាតែបៃតង អាចកាត់បន្ថយផលរំខាននៃសារធាតុសំណក្នុងបរិស្ថានដែលជាមូលហេតុនៃភាពអន់ថយសមត្ថភាពក្នុងការ បន្តពូជចំពោះបុរស។   - ជំងឺឆ្លង៖ សារធាតុ Catechins និង Caffeineនៃតែបៃតងមានសមត្ថភាពប្រឆាំងនឹងសកម្មភាព របស់ពពួកមីក្រុបបានយ៉ាងល្អ ដូចជា បាក់តេរី P.mirabilis និងS.pyogenesរួមនឹងពពួកផ្សិត C.albicanជាដើម។    • អាស៊ីត ហ្វូលិក (វីតាមីន បេ៩)៖   -  ចំពោះស្រ្តីមានផ្ទៃពោះ៖ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់អាស៊ីត ហ្វូលិក ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ អំឡុងពេលពពោះ អាចជួយការពារកូនក្នុងផ្ទៃ ពីបញ្ហាពីរយ៉ាងគឺ ការលូតលាស់ខុសប្រក្រតីនៃឆ្អឹងកងខ្នង (Spina bifida) និងខួរក្បាលតូច (Anencephaly)។ ស្រ្តីត្រូវចៀសវាងកង្វះអាស៊ីតហ្វូលិក នៅគ្រប់ដំណាក់កាលក្នុងវ័យបន្តពូជ ពីព្រោះបញ្ហាទាំងនេះ អាចចាប់ផ្តើមតាំងពី ៣ ទៅ ៤ សប្តាហ៍ដំបូងដែលស្ត្រី ភាគច្រើននៅមិនទាន់ដឹងផងថាខ្លួនមានផ្ទៃពោះ។   -  ចំពោះជំងឺទាក់ទងនឹងបេះដូង៖ ការប្រើប្រាស់អាស៊ីត ហ្វូលិកអាចកាត់បន្ថយនូវអាមីណូអាស៊ីតមួយប្រភេទ​ ដែលប៉ះពាល់ដល់សរសៃឈាម និងអាចបណ្តាលឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។      -  ចំពោះសុខភាពស្បែក៖ អាស៊ីត ហ្វូលិកអាចជួយទៅលើភាពតឹងណែន មានសំណើម និងភ្លឺរលោងរបស់ស្បែក។ វាក៏ជួយរក្សានូវភាព វ័យក្មេង និងកាត់បន្ថយភាពចាស់របស់ស្បែកតាមរយៈការកម្ចាត់ចោលនូវជាតិពុលដែល ជាមូលហេតុមួយផងដែរនៃជំងឺមុន។  - ចំពោះបញ្ហាសក់៖ អាស៊ីត ហ្វូលិក អាចផ្តល់ផលល្អចំពោះកោសិកាសក់ដោយវាជួយក្នុងការបង្កើតកោសិកាថ្មីសម្រាប់ ការលូតលាស់របស់សក់។ កង្វះខាតនូវអាស៊ីត ហ្វូលិក មិនត្រឹម មានផលប៉ះពាល់ចំពោះការលូតលាស់របស់សក់ វាក៏អាចបង្កឲ្យមានសក់ស្កូវមុនអាយុ និងជ្រុះសក់ទៀតផង។  - ចំពោះជំងឺបាក់ទឹកចិត្ត៖ កម្រិតគ្រប់គ្រាន់នៃអាស៊ីត ហ្វូលិកនៅក្នុងខ្លួនអាចជួយទៅដល់មុខងាររបស់ខួរក្បាលឲ្យ បានល្អ ជំរុញអារម្មណ៍ឲ្យប្រសើរឡើង និងជាជំនួយកំឡុងពេលបាក់ទឹកចិត្ត។     - ចំពោះអាការៈទូទៅ៖ ភាពអស់កម្លាំង ខ្សោយ រាក មិនសូវចង់ញ៉ាំអាហារ ការស្រកទម្ងន់ ឈឺក្បាលជាដើម អាចបណ្តាលមកពីកង្វះអាស៊ីតហ្វូលិក ដែលទាមទារឲ្យធ្វើការបង្គ្រប់វិញឲ្យបានត្រឹមត្រូវ។  - ចំពោះបញ្ហាសុខភាពទាក់ទងនឹងអាស៊ីត ហ្វូលិក៖ កង្វះនៃសារធាតុនេះក្នុងរបបអាហារ អាចធ្វើឲ្យមានជំងឺខ្វះឈាម ខ្សោយការចងចាំ ភាពវង្វេងវង្វាន់ ដង្ហើមខ្លីជាដើម។ ដោយសារតែមុខងារដ៏ច្រើនលើសលប់របស់សារធាតុខាងលើចំពោះសុខភាព ការប្រើប្រាស់ និងការបញ្ចូលវាទៅក្នុង របបអាហារប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវជាពិសេសសម្រាប់ស្ត្រីគឺពិតជាសំខាន់ដែលអ្នកគ្រប់គ្នា មិនគួរមើលរំលង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ស្រ្តីគ្រប់រូបសុទ្ធតែបានជួបប្រទះនូវការឈឺចាប់ត្រង់ផ្នែកពោះ ឬចុករោយខ្នងជារៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះឈឺចាប់ខ្លាំង រហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ ​វានឹងបាត់បង់ទៅវិញក្នុងរយៈពេល ២ឬ៣ថ្ងៃបន្ទាប់។​ គ្មានវិធីសាស្រ្តណាដែលអាចលុបបំបាត់ការឈឺចាប់នេះបានទាំងស្រុងទេ​ មានតែវិធីសម្រាលការឈឺចាប់តែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវការឈឺចាប់ទាំងនោះ ហេលស៍ថាម នឹងបង្ហាញវិធីសាស្រ្ត៤យ៉ាងដូចខាងក្រោម៖ ១. ប្រើប្រាស់ថង់កំដៅ  ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក​ អាចប្រសើរជាងការប្រើប្រាស់ថ្នាំ។​ អ្នកអាចប្រើប្រាស់ថង់ទឹកក្តៅ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់នៃស្បែកនៅលើខ្នង និងពោះផ្នែកខាងក្រោម។​ បច្ចុប្បន្ន ថង់ទឹកក្តៅដែលលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចលោកអ្នកអាចជ្រើសរើសតាមតម្រូវការ ដែលប្រភេទខ្លះអ្នកអាចពាក់វាបានតាមខ្លួនទៀងផង។ ២. ផឹកទឹកក្តៅ វិធីមួយទៀត គឺបរិភោគទឹកក្តៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្តៅ ឬទឹកក្តៅឧណ្ហៗ ធ្វើឲ្យចលនារត់របស់ឈាមបានល្អទៅកាន់កន្លែងសាច់ដុំរមួល​ ដើម្បីបន្ថយការឈឺចាប់។ ៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបាន​ ដោយធ្វើការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកនៅលើពោះ ឬខ្នង បន្ទាប់មកសង្កត់  ហើយច្របាច់តិចៗនៅកន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែលមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវបា្រកដថាកុំសង្កត់ខ្លាំងពេក។ ៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំ មានអារម្មណ៍ថាការឈឺចាប់ថយចុះ នៅពេលពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ នេះក៏ជាហេតុផលមួយទៀត ដែលអ្នកចាំបាត់ត្រូវចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត​ បើមានការឈឺចាប់ខ្លាំង។ ម៉្យាងវិញទៀត អ្នកក៏អាចជំនួសកាហ្វេរបស់អ្នកបាន ដោយការផឹកតែខ្មៅ។ គ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ​ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត​ ដោយហេតុ​ថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង... ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

វាអាចជាប្រធានបទគូរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ការព្យាបាលស្តង់ដាគឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃបុ៉ណ្ណោះ។ ដើម្បីគ្រប់គ្រងកុំឲ្យជំងឺនេះលាប់ឡើងវិញ ស្ត្រីគួរប្រើ  LadyBalance®ដែលអាចជួយឲ្យអ្នកជាសះ ស្បើយ ផុតពីមេរោគនេះ ដោយវាទៅជួយមេរោគល្អ (សតិសុខុមប្រាណ) ដើម្បីប្រឆាំងពីការយាយីនៃមេរោគអាក្រក់នេះពេលក្រោយ។ ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រី ជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ដោយហេតុថាជំងឺមហារីកសុដន់អាចមានឱកាសកើតឡើងចំពោះគ្រប់ស្រ្តីទាំងអស់ហើយការការពារខ្លួនពីជំងឺមហារីកសុដន់តាមវ័យនីមួយៗ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ដូចនេះហើយវាពិតជាមានសារសំខាន់ចំពោះស្ត្រីគ្រប់រូប និងគ្រប់វ័យ។ ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹងតាមរយៈអត្ថបទខាងក្រោម។ ពេលវេលាដែលគួរចាប់ផ្តើមការពារមហារីកសុដន់វិធីសាស្រ្តការពារ គួរត្រូវបានចាប់ផ្តើមឲ្យបានឆាប់រហ័សដោយសារ២៥%នៃជំងឺមហារីកសុដន់ ត្រូវបានគេរកឃើញចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំនៅក្នុងប្រទេសអភិវឌ្ឍ ម៉្យាងវិញទៀតចំនួន២២%នៃជំងឺមហារីកសុដន់បានកើតឡើងចំពោះស្រ្តី ដែលស្ថិតក្នុងវ័យមុនពេលអស់រដូវ និងភាគច្រើនមានសភាពធ្ងន់ធ្ងរជាងស្រ្តីដែលមានវ័យក្រោយអស់រដូវទៀតផង។ ការសិក្សាខាងលើជាមូលហេតុចម្បង ដែលការការពារមហារីកសុដន់គឺតម្រូវឲ្យគ្រប់ស្រ្តីត្រូវតែចាប់អារម្មណ៍ឲ្យបានខ្លាំងលើកត្តាហានិភ័យនានា ដែលអាចជួបនៅក្នុងអំឡុងពេលជាក់លាក់នីមួយៗនៃជីវិតរបស់ស្ត្រីដូចជា៖ • នៅក្នុងវ័យកុមារ៖ ត្រូវតាមដានកត្តាហានិភ័យនៅមុនពេល និងកំឡុងពេលលូតលាស់នៃសុដន់ • សម្រាប់មនុស្សពេញវ័យ៖ ត្រូវចាប់អារម្មណ៍នៅពេលសុដន់មិនទាន់លូតលាស់បានពេញលេញ និងពេលផ្តល់កំណើតកូនជាលើកដំបូង។ តាមការស្រាវជ្រាវបានបង្ហាញផងដែរថា ក្មេងស្រីដែលបរិភោគអាហារដែលមានកាឡូរីខ្ពស់ តែមានសារធាតុចិញ្ចឹមតិច ដោយសារតែជាអាហារដែលមិនសូវមានបន្លែ ផ្លែឈើ ព្រមទាំងមិនសូវធ្វើលំហាត់ប្រាណអាចធ្វើឲ្យពួកគេឆាប់ចាប់ផ្តើមមានរដូវហើយរាងកាយពួកគេក៏ឆាប់ចាប់ផ្តើមផលិតអ័រម៉ូនអឺស្រ្តូសែន ដែលមានន័យថាក្មេងស្រីទាំងនោះនឹងរងឥទ្ធិពលដោយអ័រម៉ូននេះបានកាន់តែច្រើនក្នុងជីវិតរបស់គេ។  ដោយសារតែអ័រម៉ូនអឺស្ត្រូសែននេះ អាចធ្វើឲ្យមានការវិវឌ្ឍទៅជាមហារីកសុដន់ ក្មេងស្រីទាំងនោះអាចប្រឈមនឹងមហារីកសុដន់បាននៅពេលក្រោយ។ ការចាប់ផ្តើមការការពារតាំងពីវ័យក្មេង បន្តរហូតដល់វ័យជំទង់ និងពេលពេញវ័យអាចជួយកាត់បន្ថយការលូតលាស់នៃកោសិកាត្រៀមមហារីក ឬក៏ដំបៅដែលកំពុងក្លាយខ្លួនជាកោសិកាមហារីកសុដន់។ ដូចនេះពេលវេលាក្នុង ការចាប់ផ្តើមពិតជាមានឥទ្ធិពលដល់ការការពារនៃជំងឺមហារីកសុដន់យ៉ាងខ្លាំង។ វិធីសាស្រ្តការពារពីជំងឺមហារីកសុដន់ 1. ញ៉ាំអាហារសុខភាព បន្លែ ផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងផលិតផលចម្រាញ់ចេញពីសណ្តែក ក៏ដូចជាទឹកដោះគោ ឬយ៉ាអួ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ គួរទទួលទានរបបអាហារនេះចាប់តាំងពីវ័យក្មេង និងបន្តរហូតពេញមួយជីវិត នោះវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បាន ៣%។ ហើយត្រូវចាំបាច់ចៀសវាងបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ ចំណីអាហារដែលបានកែច្នៃ និងពពួកសាច់ក្រហម។ 2. ចៀសវាង ឬកាត់បន្ថយជាតិអាល់កុល • កាត់បន្ថយ ឬចៀសវាងការទទួលទានសារជាតិអាល់កុលនៅពេលចាប់ផ្តើមមករដូវលើកទី ១និងក្នុងពេលផ្តល់កំណើតកូនដំបូង អាចកាត់បន្ថយជំងឺមហារីកសុដន់បានអត្រា ៣%។ • ការកាត់បន្ថយ ឬចៀសវាងពីការប្រើប្រាស់អាល់កុលពេញមួយជីវិតអាចការពារខ្លួនពីជំងឺមហារីកសុដន់ បានចំនួន ៣%។ 3.    ឈប់ជក់បារី 4.    ចៀសវាងការលើសទម្ងន់គួរថែរក្សាខ្លួនពីការលើសទម្ងន់ ជាពិសេសចំពោះស្រ្តីក្នុងវ័យក្រោយអស់រដូវ ដោយវាអាចការពារខ្លួនអ្នកពីជំងឺមហារីកសុដន់បានដល់ទៅ ២៥% ទៅ ៣២%។ 5.    របៀបរស់នៅដែលសកម្មការធ្វើលំហាត់ប្រាណជាទៀងទាត់ ៥ដងក្នុងមួយអាទិត្យ ជាជម្រើសល្អសម្រាប់ផ្តល់នូវថាមពល និងគួរមានជីវភាពរស់នៅដ៏រស់រវើកមួយ។ ចាប់ផ្តើមធ្វើលំហាត់ប្រាណតាំងពីវ័យក្មេង និងបន្តរហូត អាចការពារខ្លួនពីជំងឺមហារីកសុដន់បានដល់ទៅ ១១%។ 6.    ប្រើប្រាស់ថ្នាំអ័រម៉ូនរាល់ការប្រើប្រាស់ថ្នាំអ័រម៉ូនជំនួស ឬថ្នាំពន្យារកំណើតត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិត។ ការចៀសវាងការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនដែលមានផ្ទុក Estrogen និង progesterone អាចការពារអ្នកពីជំងឺមហារីកសុដន់បាន ៣%។ សូមធ្វើអ្វីដែលអ្នកធ្វើបានដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺមហារីកសុដន់ហើយការអនុវត្តនូវវិធីសាស្រ្តខាងលើឲ្យបាន គឺជាជំហានក្នុងការការពារខ្លួនពីកត្តាប្រឈមនានានៃជំងឺ។ អ្នកត្រូវចងចាំផងដែរថាជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះឡើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ភាពមិនប្រក្រតីនៃការមករដួវបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ជីវិតស្ត្រី​ ពិសេសក្មេងស្រីជំទង់ និងស្ត្រីពេញវ័យ។ មានកត្តាជាច្រើនដែលធ្វើឲ្យស្ត្រីមានការឈឺចាប់ នៅពេលមករដូវ​ដំបូង​ (primary dysmenorrhea) ក្នុងនោះមាន អាយុ​ ការជក់បារី ភាពយឺតយាវ ឬ មិន​ប្រក្រតីនៃការធ្លាក់ស រលាកអាងត្រកៀក​ កត្តាតំណពូជ (សែន) ប្រវត្តិនៃការរួមភេទ រាងកាយស្គម ការមករដូវលឿនពេក និង​ បញ្ញាផ្លូវចិត្តជាដើម។ ការឈឺចាប់នៅពេលមករដូវ​ជាបញ្ហាដែលកើតឡើងញឹកញាប់ ក្នុងចំណោមបញ្ហាដែលទាក់ទងនឹងរោគស្ត្រី ហើយបញ្ហានេះបានកើតឡើងលើស 50% ទៅលើស្ត្រីដែលមានរដូវ។ ការឈឺចាប់នេះកើតឡើងដោយសារ​ការបញ្ចេញប្រូស្តាហ្ក្លង់ឌីន (prostaglandins) ទៅក្នុងជាលិកាស្បូន ដែលជាហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំរបស់ស្បូន និងនាំឲ្យមានការឈឺចាប់។ ចំពោះរោគសញ្ញាដែលអាចកើតឡើង រួមមាន​ ឈឺក្បាល​ វិលមុខ រាគ ក្អួត ចង្អោរ ឈឺខ្នង ឬជើង។ ពពួកថ្នាំ Non-steroidal anti-inflammatory drug(NSAID) ត្រូវបានប្រើប្រាស់ សម្រាប់ការព្យាបាលដំបូងទៅលើការឈឺចាប់ដោយសារការមករដូវនេះ។ ក្នុងករណីខ្លះទៀត គេក៏អាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់បានដែរ។ ម៉្យាងវិញទៀត ប្រសិនបើការឈឺចាប់នៅពេលមករដូវមានក្នុងអំឡុងពេល២ទៅ៣ឆ្នាំហើយនៅតែបន្តទៅមុខប៉ុន្មានឆ្នាំទៀត នោះវានឹងអាចធ្វើឲ្យមានបញ្ហាទៅលើអាងត្រកៀក។ ក្នុងការសិក្សាមួយបានបង្ហាញថា 98% នៃក្មេងស្រីជំទង់មិនបានប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់ ដោយគ្រាន់តែប្រើប្រាស់ការស្អំ ឬការសម្រាកប៉ុណ្ណោះ ហើយមានការសិក្សាផ្សេងៗទៀតទៅលើប្រជាជនជាច្រើនក្រុមបានបង្ហាញថាពី 30% ទៅ 70% បានប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជា (over-the-counter pain medication)។ វិធីសាស្រ្ត ការសិក្សាគឺធ្វើឡើងតាមរយៈការស្ទង់មតិទៅលើក្មេងស្រីពី 10 ទៅ 24 ឆ្នាំចំនួន 1025នាក់ ដែលការបង្កើតជាកម្រងសំនួរ ផ្អែកលើឯកសារកម្រងសំណួររបស់អង្គការសុខភាពពិភពលោក (WHO)។​ ទីតាំងសម្រាប់ធ្វើការស្ទង់មតិប្រព្រឹត្តទៅនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យបញ្ញាសាស្ត្រ សកលវិទ្យាល័យកម្ពុជា សកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង​ សាលារៀនជ័យថាវី។ លទ្ធផល ក្នុងចំណោមស្ត្រីចំនួន 1025 នាក់ដែលស្ម័គ្រចិត្តចូលរួមក្នុងការស្ទង់មតិ មានក្មេងស្រីជំទង់ ពី 10  ទៅ 19 ឆ្នាំចំនួន 448 នាក់ និងស្ត្រីពី 20 ទៅ 24 ឆ្នាំចំនួន 557នាក់។​ ក្នុងការសិក្សានេះបង្ហាញថាស្ត្រីចំនួន ៩៥៨នាក់ (៩៣%) មានការឈឺចាប់ពេលមករដូវដោយមូលហេតុផ្សេងៗពីគ្នា។ ក្នុងនោះស្ត្រីប្រមាណ 75% ដែលមានអាការៈ ឈឺពោះឬចង្កេះខ្លាំងនៅពេលមករដូវដំបូង និងប្រមាណជាង 50% មានអារម្មណ៍និងឆេវឆាវ ហើយមានស្ត្រីចំនួនតិចតួចប៉ុណ្ណោះដែលមានអាការៈក្អួត ឬចង្អោរ។ ចំពោះយន្តការនៃការព្យាបាល ភាគច្រើនដែលគាត់ប្រើប្រាស់ថ្នាំខ្លួនឯងដោយគ្មានវេជ្ជបញ្ជា និង១ភាគ៤ដែលទៅឱសថស្ថានទិញថ្នាំ ហើយស្ត្រីភាគតិចបំផុតដែលទៅមន្ទីរពេទ្យ ឬមិនព្យាបាលតែម្ដង។ គួរកត់សម្គាល់ផងដែរថា មានស្ត្រីដែលគាត់មានការឈឺចាប់ពេលមករដូវដំបូងមាន40% បានជ្រើសយកការប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុលជាមួយកាហ្វេអ៊ីន (Paracetamol + Caffeine)ដោយមិនគិតពីផលប៉ះពាល់ នៅពេលប្រើប្រាស់ថ្នាំប្រភេទនេះច្រើន។ យ៉ាងណាមិញ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងពពួកថ្នាំ Non-steroidal anti-inflammatory drug (NSAID)ដែលជាថ្នាំត្រឹមត្រូវក្នុងការព្យាបាល នៅមានកម្រិតទាបប្រហែល២០%ប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងប្រទេសជីតខាង ការប្រើប្រាស់ថ្នាំដោយខ្លួនឯងក្នុងការព្យាបាលការឈឺចាប់ពេលមករដូវមានអត្រា 75% ក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសថៃមានអត្រា 82%  និងប្រទេសអូស្ត្រាលីមាន 57%។ សេចក្ដីសន្និដ្ឋាន ការឈឺចាប់ពេលមករដូវ (dysmenorrhea) ទៅលើស្ត្រីក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងអត្រាមួយប្រហាក់ប្រហែលនឹងប្រទេស​មួយចំនួនដូចជាប្រទេស Turky និង​​ Malaysiaប៉ុន្តែស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ។​ ម៉្យាងវិញទៀត អត្រានៃការប្រើប្រាស់ថ្នាំដោយខ្លួនឯងរបស់ស្ត្រីនៅកម្ពុជាក៏ស្ថិតនៅក្នុងកម្រិតខ្ពស់ ដែលគួរឲ្យព្រួយបារម្ភផងដែរ។​ ​កត្តាទាំងនេះកើតមានឡើងដោយសារនៅពេលដែលគាត់មានការឈឺចាប់ពេលមករដូវ​​ ថ្នាំដែលគាត់បានទិញយកមកប្រើប្រាស់ ភាគច្រើនសុទ្ធតែអាចបន្ថយរោគសញ្ញនៃការឈឺចាប់បាន​។​ ដោយសារមូលហេតុនេះ​ គាត់នៅតែបន្តរបៀបព្យាបាលរបស់គាត់ ដោយមិនបានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញឡើយ។  ដូចនេះ ការអប់រំអំពីសុខភាពបន្តពូជដែលទាក់ទងនឹងអាការៈការព្យាបាល និងការកាត់បន្ថយការឈឺចាប់ពេលមករដូវគួរតែដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំដើម្បីឲ្យក្មេងស្រីជំទង់និងស្ត្រីគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ក្នុងការត្រៀមទាំងផ្លូវកាយនិងផ្លូវចិត្ត​ ព្រមទាំងអាចជ្រើសរើសយកវិធីសាស្ត្រសមស្របក្នុងការព្យាបាលនៃការឈឺចាប់ដំបូងពេលមករដូវ។​   អ្នកនិពន្ធ៖ ពេញសឺឌី1, ពេញ សាក់ក្តូ2, យ៉ែង សុវត្ថិនា2, ម៉ាក់​ ហ៊ាងលីណា2, ខូវ ហ្កិចជូ2 1: និស្សិតឯកទេសផ្នែករូបភាពវេជ្ជសាស្រ្ត ​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2: និស្សិតឱសថសាស្រ្តឆ្នាំទី4 សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សំណួរ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានបងស្រីកើតជំងឺមហារីកសុដន់។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអាចការពារខ្លួនពីជំងឺនេះ? ចម្លើយ៖ មកទល់នឹងពេលនេះ យើងនៅមិនទាន់មានវិធានការណាច្បាស់លាស់ក្នុងការទប់ស្កាត់ កុំឲ្យកើតជំងឺមហារីកសុដន់នៅឡើយទេ តែអ្វីដែលគ្រូពេទ្យណែនាំដល់អ្នកជំងឺ គឺការតាមដានរកមើលវត្តមាននៃដុំដោះឲ្យបានទៀងទាត់ ដើម្បីអាចរកឃើញជំងឺនេះក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលបាន។  ដូចនេះ អ្នកត្រូវ៖ • ពិនិត្យសភាពសុដន់ដោយខ្លួនឯង (Autopalpation) ពោលគឺការស្ទាបសុដន់ខ្លួនឯងថាតើមានដុំអ្វីប្លែកឬទេ ឬអាចមានការកត់សម្គាល់ ពីភាពប្លែករបស់សុដន់។ • ធ្វើការតាមដានជាមួយគ្រូពេទ្យឯកទេសរោគស្រ្តី និងរូបភាពសាស្រ្ត ដោយធ្វើការថតសុដន់ (Mammography)និងការថតអេកូសុដន់ (Ultrasound) បន្ទាប់មកអាចមានការច្រឹបសាច់ បើមានករណីសង្ស័យ។ • ចំពោះស្រ្តីអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ គួរធ្វើការពិនិត្យសុដន់ម្តងក្នុងមួយឆ្នាំ តែបើរកឃើញថាមានវត្តមានដុំសាច់ដែលមានការសង្ស័យ ការពិនិត្យនេះ អាចនឹងត្រូវធ្វើក្នុងរយៈពេលកាន់តែឆាប់ជាងធម្មតា ដើម្បីតាមដានមើលស្ថានភាពរបស់ដុំសាច់នោះ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

អាយុសង្ឃឹមរស់ របស់មនុស្សទូទៅលើពិភពលោក គឺ ៧៣.៨ ឆ្នាំ សម្រាប់ស្រី្ត   និង៦៩.១ ឆ្នាំសម្រាប់បុរស។ ចំណែកអាយុសង្ឃឹមរស់ក្នុងប្រទេសកម្ពុជា គឺ ៧១ ឆ្នាំសម្រាប់ស្រី្ត និង ៦៧ ឆ្នាំសម្រាប់បុរស បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ យើងឃើញថាអាយុសង្ឃឹមរស់របស់ស្រ្តីវែងជាងបុរស៥ភាគរយ។ មូលហេតុដែលធ្វើឲ្យបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តីគឺមានកត្តាចូលរួមជាច្រើនដូចជា កត្តាហ្សែន កត្តាការថែទាំសុខភាព កត្តាបរិស្ថានជុំវិញ និងកត្តាទំនាក់ទំនងសង្គម។ កត្តាហ្សែន ការបកស្រាយចំពោះ កត្តាហ្សែនគឺត្រូវបានផ្តោតទៅលើ ក្រូម៉ូសូមភេទដែលជាធាតុបង្ករបស់ADN។ ការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទស្រ្តី(XX) បានរក្សាក្រូម៉ូសូមកូន Xដដែល ផ្ទុយពីការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទប្រុស(XY) ដែលបំបែកជាក្រូម៉ូសូមកូនX,Y។ ចំនុចនេះហើយដែលធ្វើឲ្យការរក្សាតួនាទីរបស់ក្រូម៉ូសូមកំណត់ភេទបុរសមិនបានល្អ ដែលធ្វើឲ្យបុរសងាយប្រឈមនឹងជំងឺជាងស្រ្តី។ ការថែទាំសុខភាព បុរសភាគច្រើនមិនសូវបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អនៅឡើយទេ។ ការបរិភោគបរិមាណអាហារមិនបានត្រឹមត្រូវ ការជក់បារី និងការសេពគ្រឿងស្រវឹង សុទ្ធតែជាកត្តាបង្កបញ្ហាទាំងអស់។ តាមការសិក្សារបស់ Agency for Healthcare Research and Quality បង្ហាញឲ្យឃើញថា បុរស ២៤ភាគរយ មិនបានទៅជួបពិគ្រោះ និងពិនិត្យជំងឺជាទៀងទាត់ជាមួយគ្រូពេទ្យទេ។ កត្តាបរិស្ថានជុំវិញ លក្ខខណ្ឌការងារដូចជា អ្នកធ្វើការងារសំណង់ អ្នកបើកបររថយន្ត កសិករ អ្នកធ្វើការនៅរោងចក្រឧស្សាហកម្ម ជួបគ្រោះថ្នាក់អំឡុងពេលធ្វើការ ដែលជាកត្តាចម្បងដែលធ្វើឲ្យអាយុសង្ឃឹមរស់របស់បុរសខ្លីជាងស្រ្តី។ បើយោងតាមទិន្នន័យរបស់សហភាពអឺរុ៉ប បង្ហាញថាមនុស្ស១៩នាក់ ក្នុងចំណោម ២០នាក់(៩៥.៦ភាគរយ)   បានស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពួកគេជាបុរស។ កត្តាទំនាក់ទំនងសង្គម តាមការសិក្សារបស់សាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមបានល្អ អត្រានៃការស្លាប់របស់ពួកគេគឺមាន៥០ភាគរយទាបជាង អ្នកមិនមានទំនាក់ទំនងសង្គមល្អ។  ភ្ជាប់ជាមួយគ្នានេះដែរ ជនជាតិអឺរ៉ុបច្រើនជាង៥៥ពាន់នាក់ បានធ្វើអត្តឃាត ជារៀងរាល់ឆ្នាំដែលក្នុងនោះ មានបុរស២៥.១នាក់ ក្នុងចំណោម១០០ពាន់នាក់ ដែលនៅចន្លោះអាយុ  ៤៥និង ៥៩ឆ្នាំ។ មូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពី ភាពក្រីក្រ ការរើសអើង ភាពអត់ការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ មានជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំញៀនជាដើម។ កត្តាទាំងនេះហើយដែលធ្វើឲ្យបុរសភាគច្រើនមានភាពតានតឹង ស្មុគស្មាញ និងតប់ប្រមល់ ដោយពួកគេមិនបានព្យាយាមរកដំណោះស្រាយ ខណៈពេលដែល ស្ត្រីភាគច្រើនបានចំណាយពេលទំនេររបស់ពួកគេជាមួយមិត្តភក្តិ ដើម្បីជួយកិច្ចការសង្គម ជជែកពិភាក្សាដោះ-ស្រាយបញ្ហានានាក៏ដូចបញ្ហាផ្ទាល់ខ្លួនដែរ។ទាំងនេះហើយទើបស្រ្តីមានគុណភាពជីវិតល្អជាងបុរស។ ដើម្បីចូលរួមចំណែកក្នុងការការពារ និងបន្ថយករណីធ្វើអត្តឃាតនេះ អង្គការសុខភាពពិភពលោក បានដាក់ករណីធ្វើអត្តឃាតជាផ្នែកមួយនៃសុខភាពសាធារណៈ ដោយបង្កើតជាកម្មវិធីមួយគឺ  WHO World Suicide Report “Preventing suicide: a global imperative” ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណង ផ្តល់ចំណេះដឹង និងកាត់បន្ថយករណីធ្វើអត្តឃាតឲ្យបាន១០ភាគរយ ក្នុងឆ្នាំ២០២០។

Share

វដ្តរដូវជាអ្វីដែលមិត្តស្រ្តីគ្រប់រូបមិនអាចចៀសបាន ហើយស្រ្តីខ្លះក៏ត្រូវជួបប្រទះនឹងអាការៈមួយចំនួនដែលមានការរំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ។  ក្រោយពីឆ្លងកាត់នូវដំណាក់កាលមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ ពួកគេក៏ត្រូវឈានចូលដល់វ័យអស់រដូវ ដែលជាវ័យមួយស្រ្តីអាចប្រឈមនឹងជំងឺមួយចំនួន ។ ហេលស៍ថាមបានធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត ជាសាស្រ្តាចារ្យផ្នែកសម្ភព និងរោគស្រ្ដីនៅសាកលវិទ្យល័យសុខាភិបាលភ្នំពេញ និងជាគ្រូបង្គោលនៅមជ្ឈមណ្ឌលជាតិគាំពារមាតា  និងទារកភ្នំពេញសម្រាប់សិក្ខាកាមតាមបណ្ដាខេត្តក្នុងវគ្គវិក្រិតការផ្សេងៗ។  គួរបញ្ជាក់ផងដែរថាលោកជាអតីតនិស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្ត្រនិងទន្តវទនសាស្រ្ត និងធ្លាប់បម្រើការនៅមន្ទីរពេទ្យ២ធ្នូ និងមន្ទីរពេទ្យ៧មករា ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនប្រទេសហ្វីលីពីនប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង។   ជាទូទៅ «ជំងឺក្រោយអស់រដូវ»ជាជំងឺទាំងឡាយណាដែលកើតមានក្រោយពីការបញ្ឈប់ជាអចិន្ត្រៃយ៍នៃមុខងាររបស់អូវែនៃស្រ្តីតាមធម្មជាតិ(WHO1996) ដែលគេអាចកត់សម្គាល់បាន លុះត្រាតែអំឡុងពេល១២ខែ ដែលស្រ្តីគ្មានមករដូវសោះ(ជាធម្មតា ស្រី្តអស់រដូវនៅជុំវិញអាយុ៤៥-៥៥ឆ្នាំ)។ គេថាស្រី្តម្នាក់អស់រដូវឆាប់ នៅពេលស្រ្តីនោះអស់រដូវមុនអាយុ៤០ឆ្នាំ។ ស្រ្តីទាំងឡាយក្រោយពីអស់រដូវ ពួកគេតែងតែប្រឈមនឹងជំងឺមួយចំនួនដូចជា៖ ១. ជំងឺទាក់ទងនឹងការរីករួមរបស់សរសៃឈាមមាន៖ ការភាយកម្ដៅ ដែលវាចាប់ផ្ដើមភ្លាមៗសព្វពេញខ្លួនរហូតទៅដល់ផ្ទៃមុខ រួចបន្តដោយការបែកញើសយ៉ាងខ្លាំងជាពិសេសនៅពេលយប់ (ហេតុការណ៍នេះអាចកើតមានមួយភ្លែតៗហើយបាត់ទៅវិញតែអាចមានច្រើនដង)។ ២. ជំងឺទាក់ទងនឹងប្រដាប់បន្តពូជ៖ ភាពរួញស្វិត និងស្ងួតនៃទ្វារមាស និងភាពពិបាកនោម។ ៣. ជំងឺផ្សេងៗដែលបណ្ដាលមកពីការបញ្ឈប់ការបញ្ចេញអឺស្រ្តូសែន៖ មានភាពរសឹបៗដូចស្រមោចវារលើស្បែក ឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ឈឺក្បាលវិលមុខ ពិបាកសម្រាន្ត ហត់ៗ ឆាប់ខឹង មួម៉ៅ និងជួនកាលអស់ជំនឿលើខ្លួនឯង ។ល។ ៤. មានជំងឺដទៃទៀតដែលអាចកើតមានបន្ទាប់ពីអស់រដូវក្នុងរយៈពេលវែងដូចជា៖ ជំងឺពុកឆ្អឹង ជំងឺបេះដូង និងសរសៃឈាម។ ជំងឺដែលសម្បូរជួបជាងគេ គឺការភាយកម្តៅ និងបែកញើសពេលយប់។ ចំពោះស្រ្ដីដែលអស់រដូវយូរ ស្រ្តីច្រើនកើតជំងឺពុកឆ្អឹង ជំងឺបេះដូង និងសរសៃឈាម។ ជំងឺទាំងអស់នេះសុទ្ធតែកើតឡើងដោយសារការបាត់បង់ទាំងស្រុងនូវការផ្ដល់អឺស្រ្តូសែន និងប្រូសេសស្តេរ៉ូន ដែលក្នុងនោះអឺស្រ្តូសែនមានតួនាទីខ្លាំងជាងគេ។  ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទាំងនោះ ស្រ្តីត្រូវ៖ + ចំពោះការឡើងភាយកម្តៅ និង បែកញើសពេលយប់ ៖ - ស្លៀកសម្លៀកបំពាក់ស្ដើងៗធ្វើអំពីអំបោះ - ញ៉ាំទឹក ភេសជ្ជៈ ឬអាហារត្រជាក់ៗ - បន្ថយការជក់បារី កាហ្វេ ស្រា - បើអាច ធ្វើបន្ទប់ឲ្យត្រជាក់ និងមានផាសុកភាព - បន្ថយអាការៈស្រេ្តស ធ្វើចលនា ធ្វើការងារធម្មតា ឬហាត់កីឡាឲ្យបានជាប្រចាំយ៉ាងហោចណាស់ឲ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍ - បន្ថយ ឬបញ្ចុះទម្ងន់ + ចំពោះជំងឺពុកឆ្អឹង ៖ - ប្រយ័ត្នកុំឲ្យដួល បុកទង្គិច ឬរអិល ព្រោះវាបណ្ដាលឲ្យបាក់ឆ្អឹង - ឲ្យស្រ្តីឧស្សាហ៍ត្រូវកម្តៅថ្ងៃ ពិសេសនៅពេលព្រឹក ពេលថ្ងៃចាប់ផ្ដើមរះ - ប្រើប្រាស់ចំណីអាហារបន្ថែមដែលមានជាតិកាល់ស្យូម និងវីតាមីនដេពេញមួយជីវិត បន្ទាប់ពីអស់រដូវភ្លាម (Calcium 1500mg + Vitamine D 800U.I each day) - ធ្វើលំហាត់សាច់ដុំ ហាត់ប្រាណ ដើម្បីឲ្យឆ្អឹងរឹងមាំល្អ - ឧស្សាហ៍ពិនិត្យមើលកំហាប់ឆ្អឹង + ចំពោះជំងឺបេះដូង និងសរសៃឈាម ៖ - បញ្ឈប់ការជក់បារី ប្រសិនបើចេះជក់ - រក្សាទម្ងន់រាងកាយឲ្យបានថេរ - ធ្វើឲ្យមានតុល្យភាពនៃការទទួលទានអាហារ មានន័យថាបន្ថយអាហារដែលមានជាតិខ្លាញ់ច្រើនបន្ថយពពួកសាច់ក្រហម បន្ថយការទទួលទានស្រា និងអាហារដែលមានរសជាតិផ្អែមពេក ឬប្រៃពេក។ ជំនួសដោយអាហារដែលជាបន្លែ ផ្លែឈើ និងត្រី។ - ហាត់កីឡា ឬធ្វើចលនា យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ - បន្ថយអាការៈស្ដ្រេស។   ក្រៅពីវិធីសាស្រ្តការពារ ស្រ្តីគួរមានវិធីថែទាំសុខភាពក្រោយអស់រដូវដូចជា៖ -    ទទួលទានអាហារដែលមានបន្លែ ផ្លែឈើ ត្រី និងសាច់មិនសូវមានខ្លាញ់។ -    ឧស្សាហ៍ញ៉ាំទឹកដោះគោ ឬផលិតផលដែលផលិតពីទឹកដោះគោ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម។ ចៀសវាងការញ៉ាំសុរាព្រោះការបន្ថយ ការញ៉ាំសុរាអាចចៀសផុតគ្រោះនៃការបាត់បង់កាល់ស្យូម។ -    គួរឈប់ជក់បារី ព្រោះវាបង្កឲ្យមានជំងឺបេះដូង និងសរសៃឈាម ហើយស្រ្ដីជក់បារីងាយនឹងឆាប់អស់រដូវមុនអាយុកំណត់ -    ឧស្សាហ៍ទទួលទានពួកសណ្ដែកសៀង ព្រោះវាសម្បូរ Isoflavane ដែលស្រដៀងនឹងអ័រម៉ូនស្រ្ដី។ សូមជម្រាបដល់ស្រី្តទាំងអស់ថា គ្រប់ស្ដ្រីត្រូវតែឆ្លងកាត់ដំណាក់កាលនេះទោះជាស្រ្តីនោះជានរណាក៏ដោយ។ ស្រ្តីទាំងអស់គួរត្រៀមខ្លួនជាស្រេចពេលឈានចូលវ័យ៤៥ឆ្នាំឡើងទៅ ព្រោះថាយើងម្នាក់ៗចេះតែរង់ចាំពេលវេលាថាឆ្នាំនេះ ឬឆ្នាំក្រោយ សឹមត្រៀមខ្លួន តែពេលវេលាមិនរង់ចាំនរណាម្នាក់នោះទេ។មានមធ្យោបាយ២យ៉ាងក្នុងការថែទាំ និងព្យាបាលស្រ្តី គឺអ័រម៉ូនជំនួស និងការព្យាបាលដោយមិនប្រើអ័រម៉ូន។ មធ្យោបាយទាំង២នេះធ្វើឲ្យមានភាពប្រសើរ ចំពោះគុណភាពនៃជីវិតរបស់ស្រ្ដី។ ការព្យាបាលដោយអ័រម៉ូនជំនួសមិនមែនសម្រាប់អនុវត្តដល់គ្រប់ស្ដ្រីនោះទេ ហើយវាក៏មិនមែនជាមធ្យោបាយសម្រាប់ការពារការអស់រដូវដែរ។ វាប្រើសម្រាប់ស្រ្តីដែលអស់រដូវហើយមានបញ្ហាហើយគុណភាពនៃជីវិតក៏មានភាពទ្រុឌទ្រោមខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាជាមួយគ្រូពេទ្យជំនាញជាការចាំបាច់ដែលលោកអ្នកមិនអាចរំលងបាន។

Share

ដុំពកតូចៗដែលច្រើនសង្កេតឃើញនៅលើផ្ទៃមុខរបស់អ្នកជាពិសេសគឺនៅជុំវិញភ្នែក និងត្របកភ្នែកតែងតែជាកង្វល់ និងភាពរំខានមួយរបស់មនុស្សជាច្រើនដោយសារវា មិនត្រឹមតែបន្ថយភាពស្រស់ស្អាតនៅលើផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ តែវាក៏មានរឿងពាក់ព័ន្ធមួយចំនួនដែលអ្នកមិនធ្លាប់បានដឹងផងដែរ។ ចង់ដឹងដែរឬទេថា ដុំពកតូចៗទាំងនេះកើតឡើងដោយសារអ្វី? តើអ្នកអាចបំបាត់វាបានដែរឬទេ? ស្រាយចម្ងល់របស់អស់លោកអ្នកជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន អតីតនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ ជាមួយនឹងសញ្ញាប័ត្រជំនាញសើស្បែក និងកាមរោគពីប្រទេសថៃដែលក្រៅពីបម្រើការងារនៅគ្លីនិកជាតិសើស្បែកនិងកាមរោគបច្ចុប្បន្ន លោកក៏មានតួនាទីជាសាស្រ្តាចារ្យមួយរូបផងដែរ។ ១.    អ្វីជាជំងឺផ្កាស្បូន? ផ្កាស្បូន ឬហៅថា Syringoma ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែកជាពិសេសគឺផ្ទៃមុខហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាសឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។ ២.    តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន? ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថាDown syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។ ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះគឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេគ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។ ៣.    អ្នកណាខ្លះប្រឈមមុខនឹងការកើតមានផ្កាស្បូននេះ? ការពិតផ្កាស្បូនអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វ័យតែម្តង ក៏ប៉ុន្តែគេសង្កេតឃើញថាវាកើតជាពិសេសទៅលើស្ត្រីជាងបុរស និងជាទូទៅ គឺកើតនៅពេលមនុស្សជិតពេញវ័យឬក៏នៅដំណាក់កាលពេញវ័យ ដោយវាទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូន។ ៤.    ការធ្វើរោគវិនិច្ឆ័យត្រូវធ្វើដូចម្តេច? ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងតាមវិធីសាស្ត្រពីរ គឺរបៀបគ្លីនិកដែលជាការត្រួតពិនិត្យមើលផ្ទាល់នឹងភ្នែកទៅលើលក្ខណៈរបស់ដុំពកដោយផ្អែក លើលក្ខណៈចំណាំក្រោមរូបភាពជាគ្រាប់ពណ៌ដូចស្បែក ឬក៏ពណ៌លឿងដែលមានទំហំតូចៗហើយច្រើនកើតនៅតំបន់ជុំវិញភ្នែកឬក៏ត្របកភ្នែក។ ឯវិធីសាស្ត្រមួយទៀតគឺប៉ារ៉ាគ្លីនិកដែលផ្អែកទៅលើការយកស្បែកទៅវិភាគ (ជាលិកាសាស្ត្រ)ដើម្បីអាចបញ្ជាក់បន្ថែមថាវាពិតជាជំងឺផ្កាស្បូន ដោយសារការលេចឡើងនូវភាពមិនធម្មតានៃ ក្រពេញញើស។ ៥.    ផ្កាស្បូនត្រូវព្យាបាលតាមរបៀបណា? មានវិធីមួយចំនួនក្នុងការព្យាបាលជំងឺផ្កាស្បូនដែលទីមួយគឺ ការវះកាត់ ដើម្បីយកដុំតូចៗនោះចេញ។ វិធីទីពីរគឺ Cauterisation ដែលជាការដុតបំបាត់ដុំពកនោះ ឬធ្វើការព្យាបាលដែលពេញនិយមដោយកាំរស្មីឡាស៊ែរដោយប្រើប្រាស់នូវចរន្តភ្លើងដូចគ្នា។ ក្រៅពីនោះក៏អាចធ្វើការព្យាបាលតាមរយៈ Dermabrasion ដែលជាវិធីសាស្ត្រ​ ក្នុងការខាត់ជម្រុះដុំពកៗនោះតែម្តង។ សូមបញ្ជាក់ផងដែរថា ការព្យាបាលតាមវិធីខាងលើទាមទារនូវពេលវេលាមួយសមរម្យ និងតម្រូវឲ្យធ្វើច្រើនដង ម្យ៉ាងទៀត ការព្យាបាលទៀតសោតក៏អាចបន្សល់នូវសម្លាកឬផ្លែ និងអាចមានការលាប់ឡើងវិញផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនទទួលការព្យាបាល ត្រឹមត្រូវជាពិសេសគឺការញេចដោយខ្លួនឯងអាចបណ្តាលឲ្យមានផលវិបាកជាច្រើនដូចជាធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ រីករាលដាលច្រើន ឬកើតជាបញ្ហាផ្សេងៗទៀតជាបន្តបន្ទាប់។ ដូចនេះ អ្នកជំងឺដែលមានបញ្ហានេះត្រូវណែនាំឲ្យចៀសវាងការញេចកេះ និងអេះជាដាច់ខាត។ ៦.    មានវិធីអ្វីអាចការពារកុំឲ្យកើតមានជំងឺផ្កាស្បូន? ក្នុងករណីដែលជំងឺមានទាក់ទងនឹងបញ្ហាតំណពូជនោះការការពារមានការពិបាកខ្លាំង។ ទោះយ៉ាងណាក៏ដោយមានវិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្ការផ្កាស្បូនបានរួមមានការសម្អាតស្បែកឲ្យបានស្អាតជារៀងរាល់ថ្ងៃ ចៀសវាងការរលាកផ្សេងៗជាពិសេសគឺការរលាកដោយសារកម្តៅថ្ងៃ ចៀសវាងការពិសាស្រា បារី និងគួរត្រួតពិនិត្យ តាមដានកម្រិតជាតិស្ករនៅក្នុងខ្លួនជាប្រចាំដោយសារវាអាចពាក់ព័ន្ធនឹងការកើតជំងឺទឹកនោមផ្អែមដែលជាកត្តាជម្រុញមួយនៃជំងឺផ្កាស្បូន កាត់បន្ថយការហូបប្រៃ កុំប្រឈម ឬនៅកៀកទៅនឹងបរិយាកាសដែលមានជាតិពុលឬជាតិគីមីច្រើនព្រោះវាអាចជាមូលហេតុនៃការកើតជំងឺផ្កាស្បូននៅថ្ងៃក្រោយ។  “ប្រសិនបើអ្នកមានបញ្ហាស្បែក ឬក៏មានរោគសញ្ញាណាមួយនៅលើស្បែកគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសើស្បែកឲ្យបានឆាប់រហ័ស និងសូមរំលឹកម្តងទៀតថាអ្នកជំងឺទាំងអស់ គប្បីចៀសវាងការញេច និងកេះផ្តេសផ្តាសដោយខ្លួនឯង ក៏ដូចជាប្រើប្រាស់ផលិតផលផ្សេងៗដែលគ្មានការជឿទុកចិត្តច្បាស់លាស់ដែលទាំងនេះជាករណីដែលតែងជួបប្រទះជាញឹកញាប់ ហើយវាអាចឲ្យលោកអ្នកប្រឈមមុខនឹងហានិភ័យនៃការរលាកស្បែកក៏ដូចជាធ្វើឲ្យមានជំងឺផ្កាស្បូននេះកើតឡើងផងដែរ”  នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទថន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសិក្សាបានបង្ហាញថា ការពិនិត្យសុដន់(Breast Cancer Screening)ជាវិធីសាស្រ្តក្នុងការរកឲ្យឃើញនូវសញ្ញាណដំបូងនៃជំងឺមហារីក មុនពេលដែលជំងឺនេះរាលដាលដល់សរីរាង្គផ្សេងៗ និងវិវឌ្ឍទៅរកភាពកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ក៏ដូចជាចូលរួមចំណែកកាត់បន្ថយអត្រាមរណៈផងដែរ។  កុំរង់ចាំទាល់តែហួសពេល ស្វែងយល់ជាមួយអត្ថបទខាងក្រោមដែលនឹងបង្ហាញអ្នកអំពីវិធីសាស្រ្តក្នុងការពិនិត្យសុដន់ដោយខ្លួនឯង និងបច្ចេកទេសផ្សេងទៀតដែលអ្នកគួរយល់ដឹងតាមរយៈលោកស្រីវេជ្ជបណ្ឌិតTurobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ។ ១. ការពិនិត្យសុដន់ដោយខ្លួនឯង៖ ការពិនិត្យសុដន់ជាទៀងទាត់ដោយខ្លួនឯងមិនត្រឹមតែអាចឲ្យអ្នកស្គាល់ច្បាស់ពីរូបរាងសុដន់របស់អ្នកនោះទេថែមទាំងអាចកំណត់បាននូវសញ្ញាណនានាដែលអាចជាដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ទៀតផង។ប៉ុន្តែវិធីសាស្រ្តនេះមិនអាចសន្មតបានជាក់លាក់ពីជំងឺមហារីកសុដន់បានច្បាស់លាស់នៅឡើយ ដែលត្រូវទាមទារឲ្យអ្នកទទួលការពិនិត្យតាមវិធីសាស្រ្តផ្សេងទៀតពីអ្នកដែលមានជំនាញត្រឹមត្រូវ។ សម្រាប់ការពិនិត្យសុដន់ដោយខ្លួនឯងអ្នកអាចអនុវត្តនូវជំហានខាងក្រោម៖ ជំហានទី ១៖ ធ្វើការពិនិត្យមើលតាមកញ្ចក់ ដោយពន្លាស្មារបស់អ្នកឲ្យត្រង់ រួចដាក់ដៃលើចង្កេះ ហើយធ្វើការពិនិត្យមើលលើទំហំ រូបរាង និងពណ៌នៃសុដន់របស់អ្នក។ ជំហានទី ២៖ លើកដៃទាំងពីរឡើងទៅលើ រួចពិនិត្យមើលរកភាពមិនប្រក្រតី។ សម្រាប់ជំហាននេះ  អ្នកអាចសង្កេតមើលផងដែរថាមានទឹកដែលមានពណ៌ដូចទឹកដោះគោ ពណ៌លឿង ឬឈាមហូរចេញពីចុងសុដន់ម្ខាង ឬទាំងពីររបស់អ្នកដែរឬទេ។ ជំហានទី ៣៖  ជាការពិនិត្យដោយការផ្តេកខ្លួនឲ្យត្រង់៖ • ប្រើដៃស្តាំស្ទាបមើលសុដន់ខាងឆ្វេង និងដៃឆ្វេងសម្រាប់ការពិនិត្យសុដន់ស្តាំ • ធ្វើការពិនិត្យដោយប្រើម្រាមដៃទាំងអស់របស់អ្នក ដោយលាម្រាមដៃឲ្យត្រង់ • ធ្វើចលនាម្រាមដៃជារង្វង់ដើម្បីពិនិត្យ(ការពិនិត្យគួរចាប់ផ្តើមពីចុងសុដន់) ជំហានទី ៤៖ កំឡុងពេលដែលអ្នកអង្គុយ ឬឈរ ក៏អាចពិនិត្យមើលសភាពសុដន់របស់អ្នកផងដែរ ដោយអនុវត្តដូចទៅនឹងជំហានទី ៣។   ម៉្យាងវិញទៀតអ្នកអាចធ្វើការពិនិត្យនៅពេលកំពុងងូតទឹកដោយវាផ្តល់ជាភាពងាយស្រួលអាចចាប់បាននូវភាពមិនប្រក្រតី នៅពេលស្បែករបស់អ្នកស្ថិតក្នុងសភាពសើម។ គ្រប់ស្រី្តគួរតែអនុវត្តការពិនិត្យសុដន់ជារៀងរាល់ខែដើម្បីអាចឲ្យរកឃើញនូវការផ្លាស់ប្តូរដូចជាមានដុំ កន្ទួល ឬការហូរសារធាតុរាវពីចុងសុដន់។ ការពិនិត្យនេះគួរតែធ្វើឡើងក្រោយពីការមករដូវប្រចាំខែបានបញ្ចប់ ដែលជាពេលដែលសុដន់មានភាពប្រក្រតី(មិនសូវមានដុំ)។ ចំណែកស្រ្តីក្នុងវ័យអស់រដូវ ចាំបាច់ត្រូវកំណត់ថ្ងៃជាក់លាក់ណាមួយសម្រាប់ការពិនិត្យជារៀងរាល់ខែ។ ២. ការធ្វើតេស្តគ្លីនិកលើសុដន់ (Clinical Breast Examination) តេស្តគ្លីនិកលើសុដន់ត្រូវធ្វើឡើងក្នុងគ្លីនិក ឬមន្ទីរពេទ្យ និងក្រោមការពិនិត្យដោយវេជ្ជបណ្ឌិតដែលមានជំនាញ ហើយវាជាតេស្តមួយដែលអនុវត្តបន្ថែមពីលើបច្ចេកទេសmammography ដោយហេតុថាគេក៏មិនអាចទទួលបានលទ្ធផលដែលច្បាស់នោះទេប្រសិនបើជ្រើសរើសតេស្តគ្លីនិកតែមួយមុខសម្រាប់ការពិនិត្យ។ គួរបញ្ជាក់ថា ស្រ្តីគួរតែចាប់ផ្តើមទទួលការពិនិត្យនេះតាមការបង្ហាញខាងក្រោម៖ • អាយុចាប់ពី ២០ឆ្នាំ- ៣៩ឆ្នាំ៖ គួរទទួលការពិនិត្យរៀងរាល់ ៣ឆ្នាំម្តង • អាយុចាប់ពី ៤០ឆ្នាំ-៥០ឆ្នាំ៖ ពិនិត្យជារៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ គួរទទួលការពិនិត្យរៀងរាល់ ២ឆ្នាំម្តង។ ៣. តេស្ត mammography តេស្ត mammography ជាវិធីសាស្ត្រក្នុងការថតឆ្លុះសុដន់ដោយប្រើប្រាស់កាំរស្មីអ៊ិច(X-ray) សម្រាប់ការពិនិត្យរកមើលជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈយ៉ាងមានប្រសិទ្ធភាព។ ចំណែកការថតឆ្លុះ គឺត្រូវធ្វើឡើងពីរដង ដោយចាប់ផ្តើមពីលើទៅក្រោម និងពីឆ្វេង ទៅស្តាំ  តាមរយៈការប្រើប្រាស់បន្ទះប្លាស្ទិកគៀបទៅលើសុដន់។ វិធីសាស្រ្តនេះ អាចបង្កការឈឺចាប់បន្តិចបន្តួច តែក្នុងរយៈពេលតែ ២-៣ វិនាទីតែប៉ុណ្ណោះ។ ចំពោះផលវិបាកនៃកាំរស្មីគឺមានតិចតួច ម្យ៉ាងវិញទៀតប្រសិនបើ ទទួលការពិនិត្យបានឆាប់រហ័ស និងទាន់ពេលវេលានោះ ផលវិបាកនៃកាំរស្មីនោះមិនមានចោទជាបញ្ហានោះទេ។ Mammography គួរត្រូវបានធ្វើការពិនិត្យចំពោះស្រ្តីដែលមានអាយុចាប់ពី៤០ឆ្នាំឡើង៖ • អាយុ ៤០-៥០ឆ្នាំ៖ ស្វែងរកការពិនិត្យរៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ អាចទទួលបានការពិនិត្យ ម្តងរៀងរាល់រយៈពេលពីរឆ្នាំ។ ៤. បច្ចេកទេស ម៉ាញេទិច (Magnetic Resonance Imaging: MRI) វាជាវិធីសាស្រ្តប្រើប្រាស់នូវម៉ាញេទិច ដើម្បីចាប់បាននូវរូបភាពនៃសុដន់ឲ្យបានកាន់តែច្បាស់។ វាត្រូវបានណែនាំចំពោះស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខទៅនឹងជំងឺមហារីក ឬចំពោះស្រ្តីដែលធ្លាប់ធ្វើការវះកាត់កែប្រែសុដន់។ តេស្ត MRI អាចផ្តល់អត្ថប្រយោជន៍ចំពោះអ្នកដែលមានផ្ទុកនូវBRCA1 និង BRCA2 mutation ស្រ្តីដែលធ្លាប់ទទួលបានការព្យាបាលដោយកាំរស្មី ចាប់ពីអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ និងស្រ្តីដែលមានសមាជិកគ្រួសារ ឬសាច់ញាតិដែលមានប្រវត្តិជំងឺមហារីកសុដន់ ឬមហារីកអូវែ។ សារសំខាន់នៃការពិនិត្យរកមហារីកសុដន់៖ • មហារីកសុដន់អាចត្រូវបានរកឃើញនៅដំណាក់កាលដំបូងៗមុនពេលកោសិកាមហារីករាលដាល • អត្រានៃការព្យាបាលមហារីកសុដន់កាន់តែប្រសើរ • ករណីមហារីកត្រូវបានរកឃើញនៅដំណាក់កាលដំបូងនោះការព្យាបាលដែលពុលដល់កោសិកាក៏មិនសូវត្រូវការដែរ • ការពិនិត្យរកមើលមហារីកសុដន់ អាចជួយសង្គ្រោះជីវិតបាន។

Share

ការសិក្សាបង្ហាញថា ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ មកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា។ វីដេអូខាងក្រោមនេះ នឹងបង្ហាញពីការអនុវត្តដែលត្រឹមត្រូវ ដែលអ្នកអាចយកទៅអនុវត្តដោយខ្លួនឯងក្នុងការស្វែងរកដុំមហារីក។ កែប្រែពីការភ័យខ្លាច មកជាចំណេះដែលផ្តើមចេញខ្លួនអ្នកផ្ទាល់... Credit : Aware Breast Self Exam Pad

Share
Top