Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។ តាមរយៈអត្ថបទនេះ អ្នកនឹងបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមហារីកសុដន់ដោយមានការសម្ភាសរវាងហេលស៍ថាមជាមួយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី។ សូមបញ្ជាក់ផងដែរ ថាលោកវេជ្ជបណ្ឌិតជាអតីតនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រនៅឆ្នាំ  2006 ។ ក្រោយមកលោកបានបន្តការសិក្សានៅប្រទេសបារាំង   រយៈពេល១ឆ្នាំកន្លះ និងបានត្រលប់មកវិញក្នុងឆ្នាំ 2007 ហើយលោកវេជ្ជបណ្ឌិត ជា ចាន់ឌី បានបន្តការសិក្សានៅប្រទេសបារាំងម្តងទៀតអំពីថ្នាក់ឯកទេសនេះដែលមានរយៈពេល ១ឆ្នាំ និងបានបញ្ចប់នៅឆ្នាំ 2011។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិតជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន។ ជំងឺមហារីកសុដន់ គឺជាបណ្តុំនៃកោសិកាដែលមានការប្រែប្រួល DNA ហើយកោសិកាទាំងនេះធ្វើការលូតលាស់ខុសប្រក្រតីដែលខ្លួនយើងមិនអាចគ្រប់គ្រងវាបាន។ ជំងឺមហារីកនេះបង្កឡើងដោយកត្តាផ្សេងៗរួមបញ្ចូលគ្នាហើយកត្តាជម្រុញទាំងនោះរូមមាន៖ -តំណពូជ៖ ចំពោះស្ត្រីដែលក្រុមគ្រួសារគាត់ធ្លាប់មានប្រវត្តិនៃជំងឺមហារីកសុដន់នោះការប្រឈមមុខរបស់គាត់ចំពោះជំងឺនេះនឹងកើនឡើង ជាពិសេសស្ត្រីដែលមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2 -ការប្រើប្រាស់អ័រម៉ូនពីខាងក្រៅ -ភាពធាត់លើសទម្ងន់ -ការជក់បារី និងពិសាស្រា -ការមិនសូវធ្វើលំហាត់ប្រាណ -អ័រម៉ូនស្ត្រីអឺស្ត្រូសែនដើរតួយ៉ាងសំខាន់ក្នុងការជម្រុញឲ្យមានជំងឺមហារីកសុដន់។  ហេតុដូចនេះហើយមានស្ត្រីជាច្រើនដែលប្រឈមមុខនឹងការកើតមានជំងឺមួយនេះហើយមនុស្សប្រុសក៏អាចកើតមានជំងឺនេះផងដែរប៉ុន្តែភាគរយនៃការកើតមានកម្រិតទាបណាស់។ រោគសញ្ញានៃជំងឺមហារីកសុដន់មានច្រើនបែប និងសណ្ឋានខុសៗគ្នាអាស្រ័យទៅតាមដំណាក់កាលនៃជំងឺនេះ៖ -មានដុំនៅនឹងសុដន់ដែលអាចស្ទាបប៉ះ -មានការឡើងក្រាស់នៃស្បែកនៅជិតសុដន់ ឬក្រោមក្លៀក -ការប្រែប្រួលនៃទំហំ រូបរាង ឬគែមនៃសុដន់ -ការឡើងនៃកូនកណ្តុរនៅក្រោមក្លៀក ឬជុំវិញសុដន់ -មានការប្រែប្រួលនៃស្បែកជុំវិញសុដន់ ឬនៅចុងដោះដូចជា មានការឡើងក្រាស់ដូចសម្បកក្រូច ខួច ប៉ោង ក្រមរ ឬរលាក -មានដំបៅ និងមានទឹក ឬឈាមហូរចេញពីចុងសុដន់ -មានចំណុចមួយដែលមានលក្ខណៈខុសប្លែកពីសុដន់ម្ខាងទៀត។ ជាទូទៅ ដំណាក់កាលនៃជំងឺមហារីកមាន៤កម្រិតអាស្រ័យទៅតាមទំហំចំនួនកូនកណ្តុរដែលប៉ះពាល់និងការរីករាលដាលនៃជំងឺមហារីកទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយ៖ -ដំណាក់កាល 0 ៖ ជាដំណាក់កាលដំបូង ហើយជាធម្មតាដុំដែលកើតមានស្ទាបមិនដឹងទេ -ដំណាក់កាលទី 1 ៖ ជាដំណាក់កាលដែលដុំ       មហារីកមានទំហំតូចជាង 1អ៊ីញ -ដំណាក់កាលទី 2 ៖ ដុំមហារីកមានទំហំតូចជាង 2អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក -ដំណាក់កាលទី 3 ៖ ដុំមហារីកមានទំហំធំជាង 2 អ៊ីញ និងមានឡើងកូនកណ្តុរនៅក្រោមក្លៀក និងជុំវិញសុដន់ -ដំណាក់កាលទី 4 ៖ ជាដំណាក់កាលដែលជំងឺមហារីករាលដាលទៅកាន់សរីរាង្គផ្សេងៗទៀត។ ការព្យាបាលនៃជំងឺមហារីកសុដន់អាស្រ័យទៅតាមដំណាក់កាលទាំងនេះ ហើយជំងឺមហារីកសុដន់នឹងអាចព្យាបាលជាប្រសិនជាវាមិនទាន់រាលដាលទៅកាន់កន្លែងផ្សេងៗ។ ដើម្បីកាត់បន្ថយការប្រឈមនឹងការកើតមាននៃជំងឺមហារីកសុដន់លោកអ្នកគួរតែ៖ -សម្រកទម្ងន់ -ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ -បញ្ឈប់ការជក់បារី និងការពិសាគ្រឿងស្រវឹង -បញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់អ័រម៉ូន -ស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងដែលការអនុវត្តន៍នេះបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ថ្ងៃជារៀងរាល់ខែ -កាត់សុដន់ចេញប្រសិនជារកឃើញមានការប្រែប្រួលនៃ DNA BRCA1 និង BRCA2 ឬធ្លាប់មានប្រវត្តិគ្រួសារដែលស្លាប់ដោយជំងឺមហារីកសុដន់នៅវ័យក្មេង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទម្លាប់ជាច្រើនហាក់ដូចជាមិនមានអ្វីដែលមានប្រយោជន៍ដល់យើងសោះ តែយើងកំពុងតែអនុវត្តវាដោយខានមិនបាន។ ជាក់ស្តែង ដូចជាការប្រើប្រាស់ទូរស័ព្ទដៃត្រូវប្រឈមនឹងជាតិវិទ្យុសកម្ម ទូរទស្សន៍ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ហើយអាហារជាច្រើនត្រូវបានផលិតឡើងដោយមានផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់។ល។  ដែលជាហេតុធ្វើឲ្យយើងគិតថាយើងនឹងឆាប់ស្លាប់។ ទាំងនេះសុទ្ធតែជាការគិតបែបទុទិដ្ឋិនិយម ដែលបាន និងកំពុងលងបន្លាចបុគ្គលជាច្រើនរូបប្រៀបដូចជាសម្រោលអន្ទោលតាមប្រាណ រហូតដល់ពេលខ្លះខណៈពេលដែលបម្រុងនឹងធ្វើអ្វីមួយ ក៏ត្រូវផ្អាកវិញដោយសារតែនឹកឃើញនឹកពាក្យទាំងនោះ។ សាកគិតម្តងទៀតទៅមើលថា តើមានរបស់អ្វីដែលមានតែគុណប្រយោជន៍ ហើយល្អគ្រប់ដប់ដែរឬទេ? បើយើងគង់នឹងស្លាប់ទៅដូចគ្នា ហេតុអ្វីមិនព្យាយាមគិតក្នុងផ្លូវវិជ្ជមានវិញ? ពេលក្រោយ បើមានអ្នកណារអ៊ូរទាំដាក់អ្នកអំពីទម្លាប់នៃការលេងហ្គេមកុំព្យូទ័រ ការមើលទូរទស្សន៍ការគេងសម្រន់ពេលថ្ងៃនោះ សូមយកអត្ថបទនេះឲ្យពួកគេមើល ហើយចាំមើលថាគេមានប្រតិកម្មបែបណាដែរ?     ហ្វេសប៊ុក វាហាក់ដូចជាចម្លែកបន្តិចមែនទេ? ប៉ុន្តែចិត្តវិទូ Tracy Alloway បានបញ្ជាក់ថាវាជាការពិត។ វាជាការសិក្សាថ្មីស្រឡាងមួយ ដែលទាមទារនូវការអង្កេតមើលច្រើនទៀត មុននឹងបញ្ជាក់ថាវាជាការពិតមួយដែលមិនអាចគេចវេសបាន។ លោកបានបញ្ជាក់ថា បណ្តាញសង្គមមួយនេះនឹងជួយបង្កើនការចងចាំនៃការប្រកបការងាររបស់មនុស្ស( សមត្ថភាពនៃការចងចាំពត៌មាន ហើយប្រើប្រាស់វាពេលក្រោយ)។ នេះហាក់ដូចជាត្រឹមត្រូវពិតមែន។ ជាក់ស្តែង ពេលដែលអ្នកតាមដានមើលគណនីរបស់នរណាម្នាក់ក្នុងហ្វេសប៊ុក អ្នកនឹងចងចាំរាល់ចំណង់ចំណូលចិត្តរបស់គេ ដូច្នេះហើយ នៅពេលដែលបានជួបគេដោយចៃដន្យនៅខាងក្រៅ  អ្នកអាចនឹងក្លែងធ្វើជាមានចំណូលចិត្តដូចគ្នាហើយក៏ភ្ជាប់ទំនាក់ទំនងគ្នាភ្លាមៗ។ អ្នកប្រហែលជាមិនអាចសម្តែងបានល្អមើលយ៉ាងនេះទេ ប្រសិនបើគ្មានហ្វេសប៊ុកនោះ។      វីដេអូហ្គេម វាស្រដៀងនឹងហ្វេសប៊ុកដែរ កិច្ចការទាក់ទិននឹងសមត្ថភាពចងចាំជាច្រើនដែលពាក់ព័ន្ធនឹងវីដេអូហ្គេម មានហ្គេមជាច្រើនដែលទាមទារអ្នកលេងឲ្យចងចាំអំពីគោលបំណងនៃឧបករណ៍ និងវត្ថុជាច្រើនផ្សេងៗពីគ្នា លក្ខណៈពិសេសនៃវត្ថុបំណងមួយចំនួន និងទីតាំងច្បាស់លាស់ជាច្រើនក្នុងពេលតែមួយ។ លើសពីនេះទៅទៀត ល្បឿន និងជម្រៅនៃវីដេអូហ្គេម ជម្រុញឲ្យខួរក្បាលរបស់អ្នកលេងអាចដំណើរការ និងវិភាគស្ថានភាពនិម្មិតបានលឿនជាងពេលដែលគេនៅមជ្ឈដ្ឋានធម្មតា។ ប្រសិនបើអ្នកមិនទាន់ជឿទេ អ្នកអាចតាមដានជាមួយវីដេអូ Major League Gaming នៅលើ YouTube។    ការគេងសម្រាករយៈពេលខ្លី ថ្មីៗនេះ សៀវភៅមួយក្បាលដែលនិយាយអំពីការអភិវឌ្ឍសមត្ថភាពរបស់ខួរក្បាល ដែលត្រូវបានបោះពុម្ពផ្សាយដោយសរសៃប្រសាទវិទូ Richard Restak បានបើកបង្ហាញពីអាថ៌កំបាំងនឹកស្មានមិនដល់ជាច្រើន។ ក្នុងនោះក៏មានឥទ្ធិពលនៃការគេងសម្រាកពេលខ្លីផងដែរ ជាពិសេសការគេងពេលថ្ងៃត្រង់ ដែលផលិតផលនូវ “ការបង្កើនការចងចាំក្រៅបណ្តាញ (off-linememory enhancement) ” បានច្រើនដូចជាការគេងគ្រប់គ្រាន់ពេលយប់ផងដែរ។ Brain Rules (សៀវភៅថ្មីមួយទៀតដែលផ្តោតសំខាន់លើការទាញយកផលប្រយោជន៍ពីសមត្ថភាពនៃខួរក្បាល) ត្រូវបានចេញផ្សាយដោយណាសា(NASA) បានបង្ហាញថា ការគេងសម្រាកក្នុងពេលពី 30-45នាទី បានបង្កើនស្មារតីរបស់នាវិករហូតដល់33%។ ការសិក្សាបានបង្ហាញថាការគេងសម្រាកបែបនេះជួយស្រោចស្រង់រាងកាយរបស់អ្នក ដោយបញ្ចូលថាមពល  និងធ្វើឲ្យអ្នកស្រស់ស្រាយ ព្រមទាំងអាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំពេញកិច្ចការជាមួយថាមពលដ៏ខ្លាំងក្លា។     តន្រ្តី មិត្តអ្នកអានប្រហែលជាធ្លាប់បានលឺហើយថា ការស្តាប់តន្រ្តីបែបក្លាស៊ិកអាចនឹងជួយដល់អ្នកស្តាប់ក្នុងការរៀន និងការទន្ទេញ ឬចងចាំ។ ម្យ៉ាងទៀត តើការចេះលេងឧបករណ៍តន្រ្តីមានអ្វីទាក់ទងនឹងសមត្ថភាពខួរក្បាល? សមត្ថភាពក្នុងការលេខឧបករណ៍តន្រ្តី ធ្វើការផ្លាស់ប្តូរផ្នែកមួយនៃខួរក្បាលដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ទម្លាប់អឆន្ទៈ(ការដកដង្ហើម ចង្វាក់បេះដូងលោត) ទៅត្រង់ចំណុចមួយដែលចិត្តមានការលូតលាស់ និងវិវឌ្ឍសមត្ថភាពក្នុងការចាត់យក ក៏ដូចជាកត់ចំណាំតុងផ្សេងៗពីគ្នា មិនថាស្របពេលកំពុងតែផ្តោតលើអ្វីផ្សេងនោះទេ។ មួយវិញទៀត ក្នុងបរិយាកាសដែលមានសម្លេងរំខានច្រើន អ្នកដែលអាចលេងតន្រ្តីបានងាយនឹងចាប់សម្លេងបានជាងគេ។      លំហាត់ប្រាណ ជំនឿដែលគេនិយាយតគ្នាថា អ្នកដែលហាត់ប្រាណច្រើនតែងមានសុខភាពផ្លូវចិត្តកាយខ្លាំងក្លា តែផ្លូវចិត្តខ្សោយ។ គុណប្រយោជន៍នៃការធ្វើលំហាត់ប្រាណដែលរួមមាន ជំនួយដល់លំហូរឈាម បង្កើនកម្រិតនៃសារធាតុនៅក្នុងប្រព័ន្ធរបត់ឈាម ព្រមទាំងការបង្កើនរំញោចនៃណឺរ៉ូន នឹងចូលរួមចំណែកក្នុងការវិវឌ្ឍរបស់ផ្នែកប្រាជ្ញាស្មារតី(ទាំងក្រោយពេលឈប់ហាត់ប្រាណភ្លាមៗ និងរយៈពេលក្រោយទៀត)។  ការហាត់ប្រាណជាប្រចាំក៏ជួយដល់សមត្ថភាពក្នុងការរៀនសូត្ររបស់បុគ្គលម្នាក់ៗផងដែរ មិនថាអ្នកស្ថិតក្នុងវ័យជំទង់ ឬវ័យកុមារនោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកចង់ឲ្យនរណាម្នាក់ចូលចិត្តអ្នកក្នុងរយៈពេលខ្លីដែរ ឬទេ? ជួនកាលអ្នកអាចជួបនរណាម្នាក់ដោយចៃដន្យហើយស្រាប់តែមានចិត្តទៅលើរូបគេ ប៉ុន្តែក្នុងរយៈពេលភ្លាមៗអ្នកប្រាដកជានឹកមិនឃើញវិធីធ្វើយ៉ាងណាដើម្បីឲ្យគេចូលចិត្តអ្នកវិញនោះទេ។ ដូច្នេះ ប្រសិនជាអ្នកចង់ស្វែងយល់ពីរបៀបទាំងនោះ សូមតាមដានអត្ថបទខាងក្រោម ដែលបង្ហាញពីអ្វីដែលអ្នកគួរចាប់ធ្វើពីដំបូង។     ថ្ងៃទី១ នៅថ្ងៃដំបូង ត្រូវធ្វើយ៉ាងណាដើម្បីឲ្យម្នាក់នោះនិយាយតបជាមួយអ្នក។ មិនត្រូវបញ្ចេញអាការៈដូចជាចង់ចែចង់គេខ្លាំងពេកទេ ព្រោះនេះគ្រាន់តែជាថ្ងៃដំបូងដែលអ្នកត្រូវធ្វើឲ្យគាត់ស្គាល់តែ​ប៉ុណ្ណោះ។     ថ្ងៃទី២ ត្រូវរកឱកាសល្អដើម្បីជួបគេ ព្រមទាំងមិត្តភក្តិរបស់គេ។ នៅពេលដែលជួបជុំគ្នាអ្នកអាចនិយាយលេងជាមួយពួកគេទាំងអស់ ជាពិសេសគឺនិយាយឌឺដងលេងសើចឲ្យបានច្រើនជាមួយ ម្នាក់នោះ។     ថ្ងៃទី៣ ពេលនេះអ្នកអាចធ្វើឲ្យគេ ចាប់អារម្មណ៍កាន់តែខ្លាំងដោយនិយាយរឿងកំប្លែង ឬកោតសរសើរគេនៅចំពោះមុខមិត្តភក្តិទាំងអស់។     ថ្ងៃទី៤ នៅពេលដែលទំនាក់ទំនងកាន់តែស្និទ្ធស្នាល សូមធ្វើវាបន្តទៀតដើម្បីឲ្យចំណងកាន់តែរឹងមាំ។ តែប្រសិនជាអាចសូមសាកល្បងនិយាយបញ្ឆិតបញ្ឆៀង ជាមួយម្នាក់នោះក្នុងចំណោមមិត្តភក្តិទាំងនោះ ដើម្បីចង់ដឹងថា តើម្នាក់នោះចូលចិត្តអ្នកឬអត់? ។     ថ្ងៃទី៥ អ្នកគួរតែស្លៀកពាក់ឲ្យឆើតបន្តិច រួចប្រាប់គេថាអ្នកចូលចិត្តគេខ្លាំងណាស់។ ប្រសិនបើមុខរបស់គេឡើងក្រហម ឬនិយាយថាខ្ញុំក៏ចូលចិត្តអ្នកដែរនោះជារឿងដ៏ប្រសើរដែលអ្នកអាចធ្វើការអភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យក្លាយទៅជាស្នេហាបាន៕

Share

កញ្ញា ម៉ុញ សេងហ៊ាង មូលហេតុដែលកញ្ញាជ្រើសរើសយកមុខជំនាញមួយនេះ ព្រោះកញ្ញាស្រលាញ់មុខជំនាញមួយនេះ និងមានបំណងអប់រំ ផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ហាសុខភាពរបស់ស្រ្តី ជូនដល់ស្ត្រីគ្រប់រូបហើយដោយសារកញ្ញាឃើញមានកង្វះខាតគ្រូពេទ្យឯកទេសនេះនៅតាមបណ្តាខេត្ត។ កញ្ញាក៏បានបញ្ជាក់ផងដែរថា ការសិក្សាឯកទេសសម្ភព និងរោគស្រ្តីនេះ ទាមទារឲ្យនិស្សិតត្រូវមានកាយសម្បទាគ្រប់គ្រាន់ សុខភាពមាំមួន អាចអត់ធន់នឹងការលំបាកបាន និងមានចរិតឧស្សាហ៍ព្យាយាម។ កញ្ញាក៏បានលើកឡើងការលំបាកដែលកញ្ញាជួបក្នុងការសិក្សាដូចជា មេរៀនត្រូវរៀនមានច្រើន ដែលជាហេតុធ្វើ ឲ្យកញ្ញាត្រូវចំណាយពេលច្រើនក្នុងការយល់មេរៀន ប៉ុន្តែកញ្ញាត្រូវទទួលការហ្វឹកហាត់នៅតាមមន្ទីរពេទ្យ ហើយត្រូវយាមនៅពេលយប់ថែមទៀត ធ្វើឲ្យពេលវេលារំលឹកមេរៀនកាន់តែខ្លី និងមិនសូវមានពេលសម្រាកគ្រប់គ្រាន់។ ក្រៅពីការសិក្សា កញ្ញាបានចូលរួមក្នុងសកម្មភាពផ្សេងៗទៀតដើម្បីបង្កើនចំណេះដឹងជំនាញរោគស្រ្តីនេះដូចជា ការស្ម័គ្រចិត្តចុះទៅតាមមូលដ្ឋានជាមួយអង្គការនានា ក្នុងការអប់រំក្មេងស្រីដែលទើបពេញវ័យឲ្យយល់ថា ត្រូវធ្វើអ្វីខ្លះដើម្បីថែទាំសុខភាព ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនឲ្យដឹងពីការរក្សាអនាម័យ និងអាហារបំប៉នដែលគាត់ត្រូវបរិភោគ ហើយក៏បានស្រង់យកយោបល់របស់ប្រជាជនដូចជាការលំបាករបស់គាត់ និងស្វែងយល់ពីកម្រិតចំណេះដឹងរបស់គាត់ ពីបញ្ហារោគស្រ្តី។ ចំពោះចំណេះដឹងរបស់ប្រជាជនយើងទាក់ទងនឹងរោគស្រ្តីនេះ កញ្ញាយល់ថាប្រជាជននៅទីក្រុង និងទីប្រជុំជនមានការយល់ដឹងច្រើននិង ចេះថែទាំសុខភាពនិងអនាម័យផ្ទាល់ខ្លួនបានល្អ ប៉ុន្តែស្រ្តីនៅតាមជនបទវិញ ចំណេះដឹងរបស់គាត់នៅមានកម្រិតនៅឡើយ ហើយពួកគាត់ដូចជាមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវភេទរបស់ខ្លួនទោះជាមានមណ្ឌលសុខភាពគ្រប់គ្រាន់ក៏ដោយ និងមិនសូវចាប់អារម្មណ៍ចូលរួមនៅពេលដែលក្រុមអ្នកជំនាញចុះទៅអប់រំពួកគាត់។ ងាកទៅលើសមាហរណកម្មអាស៊ាន  សេងហ៊ាង  យល់ថាវានឹងជួយក្នុងការលើកកម្ពស់ ការផ្តល់សេវាកម្មសុខភាពរោគស្ត្រី រួមជាមួយការទទួលបានចំណេះដឹងបន្ថែមដោយមានការចែករំលែកចំណេះដឹងជាមួយគ្រូពេទ្យបរទេស។ ជាចុងក្រោយ កញ្ញាសូមផ្តាំផ្ញើស្រ្តីគ្រប់រូប សូមកុំបន្តការខ្មាសអៀនទៀតគួរតែទៅទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវប្រសិនបើមានបញ្ហា និងរាល់ការអប់រំពីសុខភាពផ្លូវភេទ សូមឲ្យបងប្អូនទាំងអស់ចូលរួមឲ្យបានច្រើនដើម្បីយល់ដឹងពីការថែទាំសុខភាព និងវិធីបង្ការរោគ៕ លោកស្រី រ៉ាវុឌ្ឍ សោភារចនា មូលហេតុដែលលោកស្រីជ្រើសរើសយកមុខជំនាញមួយនេះ ដោយសារតែចំណូលចិត្តផ្ទាល់ខ្លួន គួបផ្សំនឹងការកង្វះខាតគ្រូពេទ្យផ្នែកនេះនៅតាមបណ្តាខេត្តនានា។ ដូចនេះ លោកស្រីយល់ថា ពេលលោកស្រីបញ្ចប់ការសិក្សាជំនាញនេះហើយ លោកស្រីអាចទៅបម្រើការ និងផ្តល់សេវាផ្នែករោគស្ត្រីនេះជូនដល់ប្រជាជននៅតាមខេត្ត។ ការសិក្សាផ្នែកសម្ភព និងរោគស្រ្តីតម្រូវឲ្យនិស្សិតសិក្សារយៈពេល ៣ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វេជ្ជសាស្រ្តទូទៅដែលមានរយៈពេល ៦ឆ្នាំ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានិស្សិតឯកទេសសម្ផព និងរោគស្រ្តីមួយរូប លោកស្រីត្រូវមានការអត់ធ្មត់ខ្ពស់ដោយសារការងារក្នុងពេលចុះកម្មសិក្សាភាគច្រើនដូចជាការសម្រាល ឬវះ-កាត់ជាដើមច្រើនធ្វើនៅពេលយប់ ដែលធ្វើឲ្យលោកស្រីត្រូវស៊ូទ្រាំនឹងការមិនបានគេង។ មួយវិញទៀត និស្សិតត្រូវមានការព្យាយាមខ្ពស់ទាំងចំណេះដឹង និងចំណេះធ្វើព្រោះជំនាញនេះបូកបញ្ចូលរួមគ្នាទាំងការព្យាបាលដោយប្រើឱសថ និងការព្យាបាលដោយវះកាត់។ រីឯការលំបាកដែលលោកស្រីបានជួបក្នុងការសិក្សាកន្លងមកមានដូចជាការខ្វះខាតឯកសារសម្រាប់ការសិក្សានិងសម្រាប់ស្រាវជ្រាវដោយប្រភពឯកសារនៅមានកម្រិតនិងការពិបាកជ្រើសរើសប្រភពឯកសារណាមួយ ដែលជឿទុកចិត្តបាន។ លោកស្រីបានបង្ហាញផងដែរថា លោកស្រីស្វែងរកឯកសារនៅតាមប្រព័ន្ធអ៊ីនធលើណេត   ហើយបានសាកសួរយោបល់ពីលោកគ្រូអ្នកគ្រូរបស់លោកស្រីដើម្បីប្រាកដថា ព័ត៌មានដែលលោកស្រីស្វែងរកបានពិតជាត្រឹមត្រូវអាចជឿទុកចិត្តបាន។ ថែមពីលើនេះទៀត លោកស្រីក៏បានឆ្លៀតពេលទំនេរ ទៅបណ្ណាល័យរបស់សាកលវិទ្យាល័យដើម្បីស្វែងរកបន្ថែមនូវសៀវភៅដែលទាក់ទងទៅនឹងការសិក្សារបស់លោកស្រី។ លោកស្រី រចនាក៏បានប្រាប់ហេលស៍ថាមយើងផងដែរថា ចំពោះឯកទេសផ្នែកសម្ភព និងរោគស្រ្តីនេះ លោកស្រីចូលចិត្តផ្នែកសម្ភពជាង ព្រោះថាពេលដែលការសម្រាលកូនទទួល បានជោគជ័យដោយទារក និងម្តាយសុទ្ធតែមានសុខភាពល្អ ហើយឃើញគ្រួសាររបស់អ្នកជំងឺមានភាពរីករាយ និងទទួលបានសុភមង្គល នោះលោកស្រីក៏សប្បាយរីករាយជាមួយគ្នាផងដែរ។ ក្រៅពីការសិក្សា លោកស្រីបានចូលរួមសកម្មភាពសង្គមមួយចំនួនដូចជាចុះទៅតាមមូលដ្ឋាន នៅតាមខេត្តឆ្ងាយៗ ដើម្បីទៅណែនាំប្រជាជនពីចំណេះដឹងទាក់ទងនឹងបញ្ហាសម្ផព និងរោគស្ត្រី។ ថែមលើនេះ លោកស្រីក៏បានស្វែងរកចំណេះបន្ថែមតាមរយៈការចូលរួមសិក្ខាសាលានានា។ ទាក់ទងទៅលើចំណេះដឹងរបស់ប្រជាជនចំពោះបញ្ហាសម្ផព និងរោគស្ត្រី​ លោកស្រីយល់ថា ទោះបីប្រជាជនបច្ចុប្បន្នបានទៅសម្រាលនៅតាមមណ្ឌល សុខភាពក៏ដោយតែពួកគាត់នៅតែមានទម្លាប់ជឿតាមគ្នាមិនសូវជឿការណែនាំរបស់គ្រូពេទ្យ ប្រកាន់នូវគំនិតបុរាណ ឯការរក្សាអនាម័យ ក៏នៅមិនទាន់បានល្អត្រឹមត្រូវនៅឡើយ។ មួយវិញទៀត ការផ្សព្វផ្សាយទាក់ទងទៅនឹងសេវាថែទាំសុខភាពរបស់ស្រ្តីក៏មិនទាន់បានទូលំទូលាយនៅឡើយ ទោះជាមានការផ្សព្វផ្សាយពីការពន្យាកំណើតនៅតាមទូរទស្សន៍ក៏ដោយ ។ ប៉ុន្តែបើយើងក្រឡេកមើលប្រជាជននៅតាមខេត្តឆ្ងាយៗវិញ ពួកគាត់ចាប់អារម្មណ៍លើការទស្សនារឿងភាគដែលចាក់ផ្សាយ ជៀសជាងការទស្សនា ការផ្សព្វផ្សាយរបស់រដ្ឋាភិបាល។ ជាចុងក្រោយ លោកស្រី សោភារចនា សូមសំណូមពរដល់ប្រជាជនខ្មែរយើងឲ្យមានការជឿជាក់លើគ្រូពេទ្យខ្មែរ ទទួលយកការពន្យល់របស់គ្រូពេទ្យ ព្រមទាំងកែប្រែទម្លាប់ជឿតាមគ្នា។ លោកស្រីក៏បានស្នើរសុំដល់ក្រសួងសុខាភិបាលសូមឲ្យមានការផ្សព្វផ្សាយទូលំទូលាយជាងនេះលើការផ្តល់ចំណេះដឹងទាក់ទងនឹងផ្នែកសម្ភព និងរោគស្រ្តី៕ កញ្ញា ម៉ាកហ៊ាង សុវណ្ណា ដោយសារតែមានការខ្វះខាតច្រើនទៅលើគ្រូពេទ្យជំនាញនេះ និងសព្វថ្ងៃ ពេទ្យផ្តល់សេវាកម្មនេះភាគច្រើនជាឆ្មបដូចនេះការផ្តល់សេវាកម្ម ក៏មិនទាន់មានភាពស៊ីជម្រៅខ្លាំងនៅឡើយ។ ផ្ទុយទៅវិញ ជំងឺរោគស្រ្តីមួយចំនួនទាមទារ ឲ្យមានការព្យាបាលពីគ្រូពេទ្យឯកទេស ដូចនេះហើយកញ្ញាបានសម្រេចចិត្តជ្រើសរើសយកឯកទេសនេះ ក្នុងបំណងបំពេញតម្រូវការការផ្តល់សេវាសុខភាពសាធារណៈ។ សុវណ្ណា ក៏បានបង្ហាញផងដែរថា ក្នុងនាមជានិស្សិតឯកទេសសម្ភព និងរោគស្ត្រី និស្សិតគ្រប់រូបត្រូវមានទាំងកម្លាំងកាយនិងកម្លាំងចិត្ត រួមផ្សំជាមួយនិងការគាំទ្រពីក្រុមគ្រួសារ និងញាតិមិត្តដែលនៅជុំវិញខ្លួនទាំងអស់ ព្រោះថាការសិក្សាឯកទេសវេជ្ជសាស្រ្តសម្ផព និងរោគស្ត្រីនេះមានការមមាញឹកខ្លាំង ព្រោះត្រូវសិក្សាទាំងផ្នែកទ្រឹស្តីនិងអនុវត្តនៅតាមមន្ទីរពេទ្យ ហើយត្រូវចំណាយពេលយូរក្នុងការសិក្សានិងត្រូវការចំណាយថវិកាក៏ច្រើនថែមទៀត។ កញ្ញាក៏បានប្រាប់ផងដែរនូវការលំបាកដែលកញ្ញាបានជួបក្នុងការសិក្សាមានដូចជា ការប្រលងម្តងៗ មានមុខវិជ្ជាច្រើនដែលជាហេតុត្រូវឲ្យកញ្ញាត្រូវរំលឹកមេរៀនច្រើនក្នុងពេលតែមួយ  ឯការអនុវត្តនៅតាមមន្ទីរពេទ្យវិញ ដើម្បីមានការងារអនុវត្តច្រើនកញ្ញាត្រូវមានទំនាក់ទំនងល្អជាមួយនឹងគ្រូពេទ្យនិងឆ្មបនៅទីនោះ ហើយក៏គ្មានពេលទំនេរអាចជួយសម្រាលបន្ទុកគ្រួសារដែរ។ ម្យ៉ាងទៀត កញ្ញាបានបន្ថែមទៀតថា កញ្ញាត្រូវព្យាយាមយកឲ្យបាននូវលទ្ធផលល្អទាំងផ្នែកទ្រឹស្តី និងការអនុវត្តទើបអាចទទួលបានជោគជ័យក្នុងវិជ្ជាជីវៈមួយនេះ។ ដោយឯកទេសនេះមាន២ផ្នែកគឺ ផ្នែកសម្ភព និងផ្នែករោគស្រ្តី សុវណ្ណាបានប្រាប់ថាខ្លួនចូលចិត្តទាំងអស់ គ្រាន់តែពេញចិត្តផ្នែកសម្ភពជាង ព្រោះថាអ្នកជំងឺផ្នែកនេះមានច្រើន ហើយករណីធ្ងន់ក៏មានច្រើនផងដែរ។ ដូចនេះ កញ្ញាយល់ថាខ្លួនអាចជួយសង្គ្រោះម្តាយនិងទារកដែលមានគ្រោះថ្នាក់បានច្រើន ហើយក៏បានចូលរួមក្នុងចំណែកតូចមួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈផងដែរ។ ក្រៅពីការសិក្សា សុវណ្ណាបានចូលរួមក្នុងសកម្មភាពមួយចំនួនដូចជា ការចុះបេសកម្ម ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំងក្នុងបំណងជួយផ្សព្វផ្សាយនិងផ្តល់ចំណេះដឹងពីសុខភាពរបស់ស្រ្តីដល់ប្រជាជនខ្មែរ ហើយនៅពេលទំនេរ កញ្ញាក៏នៅតែទៅមន្ទីរពេទ្យដើម្បីធ្វើការហាត់ការរបស់ខ្លួនបើទោះជាគ្មានការចាត់តាំងពីសាកលវិទ្យាល័យក៏ដោយ។ ចំពោះសមាហរណកម្មអាស៊ាន សុវណ្ណា យល់ថាជារឿងល្អសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ព្រោះថាការរួមគ្នានៃប្រទេសទាំង១០ អាចឲ្យគ្រូពេទ្យមានឱកាសច្រើនក្នុងការចែករំលែកបទពិសោធជាមួយនឹងការឆ្លៀតឱកាសអភិវឌ្ឍខ្លួនរបស់កម្ពុជាលើសេវាកម្មសុខភាពស្រ្តីនេះ ដោយសារតែសព្វថ្ងៃនេះវិធីសាស្ត្រដែលអនុវត្ត នៅតាមមន្ទីរពេទ្យនៅមិនទាន់មានភាពទាន់សម័យខ្លាំងនៅឡើយ រួមជាមួយឧបករណ៍ប្រើប្រាស់ក៏នៅប្រើឧបករណ៍ចាស់ៗផងដែរ។ នៅពេលសាកសួរពីការយល់ដឹងរបស់ប្រជាជនទាក់ទងនឹងបញ្ហារោគស្រ្តីនេះ សុវណ្ណា បាននិយាយថា ចំពោះប្រជាជននៅក្នុងទីក្រុងភ្នំពេញ មានការយល់ដឹងច្រើន ដោយឃើញមានការមកពិគ្រោះជំងឺនៅពេលដែលជំងឺរបស់ពួកគាត់នៅដំណាក់កាលស្រាលនៅឡើយ ផ្ទុយពីប្រជាជននៅតាមជនបទ ដែលបងប្អូនស្រ្តីខ្លះមិនដែលធ្វើការត្រួតពិនិត្យលើសុខភាពផ្លូវភេទរបស់គាត់ទាល់តែសោះ។ ជាចុងក្រោយ កញ្ញាក៏សូមផ្តាំដល់មិត្តអ្នកអានដែលជាស្ត្រីគ្រប់រូបគួតែឧស្សាហណ៍ទៅពិនិត្យសុខភាពរបស់ខ្លួននៅតាមមន្ទីរពេទ្យ ហើយការពិនិត្យសុខភាពមិនចំណាយថវិកាច្រើនទេ។ កញ្ញា ឆេង ហាក់ងង់ កញ្ញាបានជ្រើសរើសមុខវិជ្ជាមួយនេះ ដោយសារតែខ្លួនមានទឹកចិត្តស្រលាញ់ចូលចិត្តតាំងពីកុមារភាពមក ហើយម្យ៉ាងទៀតខ្លួនយល់ឃើញថា  ផ្នែកមួយនេះមានជាប់ទាក់ទងនឹងជំងឺរបស់ស្រ្តី ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការរួមចំណែកបង្កនូវភាពងាយស្រួលដល់អ្នកជំងឺក្នុងការពិគ្រោះយោបល់ ព្រោះពួកគេនឹងមានភាពអៀនខ្មាសច្រើនក្នុងការជួបពិគ្រោះជាមួយនឹងគ្រូពេទ្យប្រុស។ ការសិក្សាផ្នែកសម្ភព និងរោគស្រ្តីនេះដែរ ក៏មិនមានលក្ខណៈខុសគ្នាអ្វីច្រើនអំពីការសិក្សាផ្នែកផ្សេង នៃវិស័យសុខាភិបាលដែរ គឺចាំបាច់ត្រូវទាមទារឲ្យនិស្សិតជាមនុស្ស ដែលពូកែព្យាយាមរៀនសូត្រហើយអ្វីដែលសំខាន់នោះ គឺត្រូវមានភាពវ័យឆ្លាត រហ័សរហួន និងសុខភាពមាំមួន ព្រោះវាក៏មានជាប់ពាក់ព័ន្ធនឹងការវះកាត់ផងដែរ។ ម្យ៉ាងវិញទៀត ការងារផ្នែកសម្ភពមិនកំណត់ពេលវេលាធ្វើការច្បាស់លាស់នោះទេ ជួនកាលមានទាំងពាក់កណ្តាលយប់ក៏មាន ដូច្នេះហើយបញ្ហាដំណេកជាបញ្ហាធំបំផុតសម្រាប់និស្សិតផ្នែកនេះ។ យប់ខ្លះត្រូវធ្វើការបង្កើតកូនពេលយប់ ហើយត្រូវជាប់វេនយាមទៀតរួចត្រូវទៅរៀនពេលព្រឹកទៀត ដែលជាហេតុធ្វើឲ្យអត់ងងុយជាប្រចាំ។ ដើម្បីប៉ះប៉ូវសងនូវការគេងមិនគ្រប់ មានតែការទទួលទានអាហារឲ្យបានទៀងពេល និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ព្រោះថាក្នុងនាមគ្រូពេទ្យមួយរូបត្រូវប្រាកដថាខ្លួនមានភាពរឹងមាំ និងផ្តល់នូវទំនុកចិត្តដល់អ្នកជំងឺជានិច្ច។ ចំពោះរយៈពេលនៃការសិក្សាវិញ និស្សិតត្រូវចំណាយពេលសរុបចំនួន៩ឆ្នាំដោយមានការសិក្សាថ្នាក់វេជ្ជសាស្រ្តទូទៅរយៈពេល ៦ឆ្នាំសិនទើបសាកវិទ្យាល័យធ្វើការជ្រើសរើសនិស្សិតចូលរៀនថា្នក់ឯកទេសដែលមានរយៈពេលសិក្សាចំនួន ៣ឆ្នាំ។ហាក់ងង់បានប្រាប់ ហេលស៍ថាម ថា ខ្លួនចូលចិត្តគ្រប់មុខវិជ្ជាទាំងអស់ដែលខ្លួនបាន និងកំពុងរៀន ព្រោះតែចិត្តស្រលាញ់តាំងពីតូចមក។ ពេលទំនេរពីកិច្ចការងារ ដើម្បីបន្ថែមចំណេះដឹងដល់ខ្លួនឯងពីលើអ្វីដែលខ្លួនបានសិក្សានៅក្នុងសាលា កញ្ញាមានទម្លាប់អាននូវទស្សនាវដ្តីដែលទាក់ទងនឹងសុខភាព។ ចំពោះកញ្ញាផ្ទាល់ យល់ឃើញថាប្រជាជនកម្ពុជាដែលនៅតាមទីប្រជុំជនក៏ដូចជាទីរួមខេត្តមានការយល់ដឹងច្រើនគ្រាន់អំពីបញ្ហារោគស្រ្តី ប៉ុន្តែសម្រាប់អ្នកដែលនៅដាច់ស្រយាល ចំណេះដឹងរបស់ពួកគេហាក់នៅមានកម្រិត    ហើយភាគច្រើនបានទុកឲ្យជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាចុងក្រោយ ក្នុងនាមជានិស្សិតផ្នែកសម្ភព និងរោគស្រ្តីមួយរូប កញ្ញាសូមធ្វើការសំណូមពរដល់ស្រ្តីកម្ពុជាទាំងអស់ដែលជួបប្រទះនឹងបញ្ហា ក៏ដូចជាភាពមិនប្រក្រតីផ្សេងៗ សូមកុំមានភាពខ្មាស-អៀនជាមួយនឹងគ្រូពេទ្យ ព្រោះថាជំងឺទាំងនោះនឹងមានការវិវឌ្ឍន៍ទៅមុខរហូត ដរាបណាមិនមានវិធីទប់ស្កាត់ការរីករាលដាល ឬព្យាបាលទេ វានឹងវិវឌ្ឍទៅកាន់កម្រិតមួយដែលកាន់តែធ្ងន់ ហើយមានភាពលំបាកក្នុងការព្យាបាលក៏ដូចជាសង្រ្គោះ។ កញ្ញា ថុល វណ្ណនីដា   កញ្ញាបានរៀបរាប់ប្រាប់ ហេលស៍ថាម ថាកាលកំណើតរបស់កញ្ញា ម្តាយរបស់កញ្ញាបានជួបនឹងបញ្ហាពិបាកសម្រាលដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ទាំងម្តាយនិងទារក ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងជួយសង្គ្រោះ របស់វេជ្ជបណ្ឌិតផ្នែកសម្ផព និងរោគស្រ្តីទើបម្តាយកញ្ញាអាចសម្រាលកញ្ញាបានដោយសុវត្ថិភាព។ នេះជាមូលហេតុចម្បងដែលកញ្ញាចាប់យកឯកទេសនេះ ជាអាជីពរបស់ខ្លួន។ ឯមូលហេតុដទៃទៀតដែលធ្វើឲ្យកញ្ញាជ្រើសរើសយកអាជីពនេះ គឺដោយសារតែចំណូលចិត្តផ្ទាល់ខ្លួនរួមជាមួយ នឹងឱកាសនិងសកម្មភាពដែលកញ្ញាបានជួយស្រី្តមានផ្ទៃពោះជាច្រើននៅពេលចុះហ្វឹកហាត់នៅតាមមន្ទីរពេទ្យ។ កញ្ញាបានបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិរបស់និស្សិតផែ្នកនេះ គឺត្រូវមានការតស៊ូ ព្យាយាម អំណត់ក្នុងការតាមដានរាល់ស្ថានភាពរបស់ស្រ្តីមានផ្ទៃពោះ និងត្រូវត្រៀមខ្លួនទុកជាមុន ហើយព្រមទទួលយកភាពលំបាកក្នុងការសិក្សា ទាំងទ្រឹស្តីនិងការអនុវត្ត។ មួយវិញទៀត និស្សិតផ្នែកនេះត្រូវរៀនចេះសន្សំចំណេះគ្រប់មុខវិជ្ជា ព្រោះថាចំណេះដឹងទាំងអស់មានការបន្ថែមថ្មីៗ ជាច្រើនហើយបច្ចេកវិទ្យា និងវិធីសាស្ត្រនៃការព្យាបាលក៏ចេះតែរីកចំរើនទៅមុខផងដែរ។ កញ្ញាក៏បាននិយាយថា ចំណេះដឹងផ្នែកភាសាបារាំងជាឧបសគ្គមួយរបស់កញ្ញា ព្រោះការសិក្សាជំនាញនេះត្រូវធ្វើឡើងដោយប្រើប្រាស់ភាសាបារាំងទាំងមេរៀននៅក្នុងថ្នាក់ និងឯកសារសម្រាប់ស្រាវជ្រាវបន្ថែម។ មួយវិញទៀត ការខ្វះបទពិសោធក្នុងជំនាញនេះ និងការត្រូវចូលប្រឡូកក្នុងសង្គមការងារដោយសារនិស្សិតឯកទេសត្រូវធ្វើការនៅតាមមន្ទីរពេទ្យដូចជាបុគ្គលិកពេទ្យដែរនោះ ធ្វើឲ្យកញ្ញានៅមិនទាន់អាចសម្របខ្លួនទៅតាមរបត់ជីវិតមួយនេះបាននៅឡើយ។ ដើម្បីជំនះឧបសគ្គទាំងនេះបាន កញ្ញាបានឆ្លៀតយកពេលទំនេររបស់កញ្ញាទៅរៀនភាសាបារាំងបន្ថែម និងខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងគ្នាជាមួយបុគ្គលិកដទៃទៀត។ ក្រៅពីការសិក្សា កញ្ញាបានអានទស្សាវដ្តី កាសែត ស្តាប់វិទ្យុ មើលទូរទស្សន៍ និងប្រើប្រាស់អ៊ីនធឺណេតដើម្បីទទួលបានពត៌មានដែលទាក់ទងទៅនឹងជំនាញរបស់ខ្លួន។ កញ្ញាយល់ឃើញថា ប្រជាជនខ្មែរយើង នៅមិនទាន់យល់ច្បាស់ពីចំណេះដឹងផ្នែកសម្ផព និងរោគស្រ្តីនេះនៅឡើយទេ ជាពិសេសប្រជាជននៅតាមទីជនបទ ប៉ុន្តែពួកគាត់អាចទទួលបានសេវាកម្មល្អប្រសិនបើគាត់មករកសេវាថែទាំសុខភាពនៅតាមមណ្ឌលសុខភាព។ ជាចុងក្រោយ កញ្ញាសូមសំណូមពរឲ្យមានការលើកកម្ពស់កម្រិតវប្បធម៌រួម នឹងចំណេះដឹងផ្នែករោគស្ត្រីរបស់ប្រជាជនទាំងប្រជាជននៅតាមទីក្រុង និងប្រជាជននៅទីជនបទ។

Share

ក្រុមហ៊ុន RMA Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នមានបុគ្គលិករហូតដល់ទៅ ១៦០០នាក់។ RMACambodia បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ទៅ ៤០សាខាសម្រាប់សេវាកម្មចំណីអាហារ ហើយក៏មានសាខាជាច្រើនទៀតសម្រាប់សេវាកម្មរថយន្ត។ លោក ងន សាំង អគ្គនាយកនៃ RMA Group Cambodia បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកបានទទួលអាហារូបករណ៍ទៅសិក្សាថា្នក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថាន-បច្ចេកវិទ្យាអាស៊ីនៅប្រទេសថៃ ហើយលោកក៏បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យហាវើត សហរដ្ឋអាមេរិក។ លោកបានចូលបម្រើការនៅក្នុង RMA Group តាំងពីឆ្នាំ ១៩៩៨ និងចាប់ផ្តើមពីមុខតំណែងជាអនុប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកលោកបានទទួលតំណែងជានាយកផ្នែកហិរញ្ញវត្ថុ។ បន្ទាប់មកទៀត តំណែងរបស់លោកបានបន្តផ្លាស់ប្តូរ ទៅជាអគ្គនាយករង និងប្រធានផ្នែកហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន លោកបានទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ កត្តាដែលធ្វើឲ្យលោកទទួលបានជោគជ័យដូចបច្ចុប្បន្នមាន ៣កត្តា។ ទី១ គឺស្មោះត្រង់នឹងការងារ ពោលគឺមានទំនួលខុសត្រូវក្នុងការងារ អាចបំពេញការងារបានចប់សព្វគ្រប់ ដោយមិនចាំបាច់មានការត្រួតពិនិត្យ ឬតាមដាន ឬបញ្ជាពីថ្នាក់លើ។ ទី២ ការប្រឹងប្រែងក្នុងការងារ គឺត្រូវចេះរកវិធីសាស្ត្រដោះស្រាយរាល់ការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងជោគជ័យដោយមិនបោះបង់ការងាររបស់ខ្លួនពាក់កណ្តាលទី និង ទី ៣ភាពវៃឆ្លាតគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលមា្នក់ៗ ដោយបុគ្គលខ្លះមានភាពឆ្លាតពីកំណើតឯអ្នកខ្លះទៀតត្រូវបង្កើតសមត្ថភាពនេះដោយខ្លួនឯង ដោយព្យាយាមអានសៀវភៅដែលទាក់ទងទៅនឹងការគ្រប់គ្រង អានសៀវភៅដែលបោះពុម្ពដោយអ្នកគ្រប់គ្រងល្បីៗក្នុងសកលលោក ជាមួយនឹងការរៀនពីបទពិសោធការងារកន្លងមក។ ចំពោះការគ្រប់គ្រងវិញ លោកយល់ថាដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប លុះត្រាតែបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងាររបស់ខ្លួនដោយឯករាជ្យ ហើយដើម្បីធ្វើបែបនេះបានអ្នកគ្រប់គ្រងត្រូវបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនឲ្យយល់ច្បាស់ពីការងារ និងមានភាពស្ទាត់ជំនាញក្នុងការងារដោយមិនបារម្ភថាអ្នកក្រោមឱវាទមានសមត្ថភាពពូកែជាងខ្លួននោះទេ។ មួយវិញទៀត អ្នកគ្រប់គ្រងល្អមួយរូប ជាអ្នកដែលចេះគោរព ឲ្យតម្លៃ និងមានសហការល្អជាមួយបុគ្គលិករបស់ខ្លួន។ លោកបាននិយាយថា “Train the people well that they can do their job or they can lead to do other job, but treat them well for them not to leave us ” (បង្ហាត់បង្រៀនមនុស្សឲ្យចេះធ្វើការ ឬពួកគាត់អាចបង្កើតការងារដោយខ្លួនឯងបាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ ដើម្បីកុំឲ្យពួកគាត់ចាកចេញពីយើង)។ កត្តាមួយទៀតគឺការមានលំដាប់លំដោយច្បាស់លាស់នៃដំណើរក្នុងការបំពេញការងារ ពោល គឺដឹងច្បាស់ថាត្រូវធ្វើអ្វីមុនអ្វីត្រូវធ្វើក្រោយ។ កត្តាចុងក្រោយ គឺត្រូវមានរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឲ្យបានច្បាស់លាស់នាំឲ្យមានភាពងាយស្រួលក្នុងការទាក់ទងបុគ្គលិកក្នុងក្រុមហ៊ុនគ្រប់កម្រិតថា្នក់និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងជាមួយអ្នកផ្គត់ផ្គង់។ មូលហេតុដែលលោកសម្រេចចិត្តជ្រើសរើសយកអាជីវកម្មចំណីអាហារដែលទិញសិទ្ធិធ្វើអាជីវកម្មដូចជា The Pizza Company, Swensen’s, BBQ Chicken, Dairy Queen, Costa Coffee, Foreign Correspondents Club of Cambodia(FCC) restaurants and hotel ដោយសារលោកយល់ឃើញថា យើងគួររៀនពីប្រទេសជិតខាង ដើម្បីអភិវឌ្ឍខ្លួនឯងព្រោះយើងឃើញថាអាជីវកម្មប្រភេទនេះទទួលបានការជោគជ័យច្រើននៅតាមបណ្តាប្រទេសនានា។   មួយវិញទៀត យោងតាមកំណើនប្រជាជនកម្ពុជារួមជាមួយការរីកចំរើនយ៉ាងឆាប់រហ័សនូវចំណេះដឹង និងការគិតគូរខ្ពស់ទៅលើសុខភាពរបស់ប្រជាជន អាជីវកម្មអាហារបែបនេះឆ្លើយតបទៅនឹងរាល់តម្រូវការរបស់ប្រជាជនគឺគុណភាព និងសុវត្ថិភាព។ ទោះបីជាអាជីវកម្មនេះ មានការទាមទារខ្ពស់ក្នុងការរក្សាឲ្យបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាជន តែក្រុមហ៊ុន RMAមិនបានជួបប្រទះនូវការលំបាកណាគួរកត់សម្គាល់ទេដោយសារមុននឹងចាប់ផ្តើមផ្តល់សេវាជូនអតិថិជន បុគ្គលិកគ្រប់រូបបានទទួលការហ្វឹកហាត់ដោយម្ចាស់ម៉ាកផលិតផលផ្ទាល់។ ក្នុងការគ្រប់គ្រងបុគ្គលិកដល់ទៅ ១៦០០នាក់ពិតជាមានការការលំបាកកើតឡើងចំពោះលោក ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ការគ្រប់គ្រងដោយមានគោលការណ៍ច្បាស់លាស់មានការកំណត់សង្វាក់ដំណើរការ របស់ការងារបានច្បាស់លាស់ និងបុគ្គលិកស្គាល់ច្បាស់ពីការងាររបស់ខ្លួន ព្រមទាំងមានទទួលខុសត្រូវលើការងារអាចសម្រួលក្នុងការងារគ្រប់គ្រងរបស់លោកបានច្រើន។ ក្រៅពីនេះ ក្រុមហ៊ុនរបស់លោកក៏បានលើកទឹកចិត្តដល់បុគ្គលិកដោយការផ្តល់ជាប្រាក់លើកទឹកចិត្ត លើការបំពេញការងារបានល្អ ការបញ្ជូនបុគ្គលិកទៅសិក្សានៅក្រៅប្រទេស ការជួលគ្រូជំនាញមកបង្រៀនដើម្បីបង្កើនចំណេះដឹងដល់ពួកគាត់ និងការផ្តល់ធានារ៉ាប់រងសុខភាពជាដើម។ លោកងន សាំងក៏បានបញ្ជាក់ផងដែរថា តួនាទីជាអ្នកគ្រប់គ្រងគឺជៀសមិនផុតទេពីការជួបរឿងលំបាកស្មុគស្មាញ ហើយលោកបាននិយាយថាអារម្មណ៍ស្មុគស្មាញនេះនឹងមិនអាចធូស្បើយឡើយបើលោកមិនអាចដោះស្រាយបញ្ហានៅចំពោះមុខបាន។ ក្រៅពីការងារដ៏មមាញឹក លោក ងន សាំង ក៏មិនភ្លេចផងដែរនូវការថែទាំសុខភាពរបស់លោក។ លោកតែងតែធ្វើកីឡាជាប្រចាំនៅពេលព្រឹកដូចជាការជិះកង់ រត់តិចៗឬដើរជាដើម ឯពេលល្ងាចលោកតែងឆ្លៀតលេងកីឡាបាល់ទាត់។ រីឯអាហារវិញ លោកបរិភោគអាហារគ្រប់ប្រភេទ ប៉ុន្តែលោកបានបញ្ជាក់ថា បរិមាណអាហារដែលលោកបរិភោគត្រូវសមាមាត្រទៅនឹងសកម្មភាពដែលលោកបានធ្វើ ដោយលោកបានប្រើប្រាស់កម្មវិធីគណនាពីបរិមាណថាមពលដែលលោកបានពីអាហារជាមួយ នឹងថាមពលដែល លោកបានប្រើប្រាស់លើសកម្មភាពរបស់លោក៕

Share

ជាទូទៅ ជំងឺខាន់ស្លាក់ កើតជាចម្បងទៅលើកុមារអាយុចន្លោះពី៣ទៅ៧ឆ្នាំដោយសារតែប្រព័ន្ធការពាររបស់កុមារនៅខ្សោយនៅឡើយ។ ម្យ៉ាងទៀត ជំងឺនេះ ភាគច្រើនត្រូវបានរកឃើញថាកើតមាននៅក្នុងប្រទេសអន់ថយ និងប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក កម្រមានករណីជំងឺនេះលេចឡើងលើកុមារកម្ពុជាយើងណាស់ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុក សំអាត អតីតប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។ ជំងឺខាន់ស្លាក់នេះ ត្រូវបានគេឲ្យនិយមន័យថាជាជំងឺឆ្លងមួយប្រភេទដែលមានសភាពធ្ងន់ធ្ងរ ហើយវាបណ្តាលមកពីបាក់តេរីមួយប្រភេទដែលមានឈ្មោះថា Corynebacterium diphtherae។ មេរោគនេះ ចម្លងជំងឺដោយបញ្ចេញជាតិពុល (Exotoxin) ដែលនាំឲ្យកោសិកាខូចឬរលាកនៅកន្លែងណាមួយដូចជា បំពង់ក បំពង់សំឡេង ច្រមុះឬក៏អាចមាននៅលើស្បែកផងដែរ។ ជំងឺនេះឆ្លងពីមនុស្សឈឺទៅមនុស្សជាព្រមទាំងតាមរយៈរបស់ប្រើប្រាស់ និងចំណីអាហារចំពោះខាន់ស្លាក់ប្រភេទផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះ អាចលេចចេញក្នុងរយៈពេលពី ២ទៅ៥ថ្ងៃក្រោយឆ្លងជំងឺ។ វាស្តែងឡើងនូវរោគសញ្ញាមួយចំនួនដែលស្រដៀងទៅនឹងជំងឺរលាកបំពង់កធម្មតាដូចជា ក្តៅខ្លួន ឈឺបំពង់ក ហើមកូនកណ្តុរ ឬពិបាកលេបជាដើម។ ប៉ុន្តែអ្វីដែលគេអាចញែកជំងឺនេះពីជំងឺឈឺបំពង់ក នោះគឺមានលេចឡើងនូវភ្នាសសមួយបាំងទៅលើបំពង់ក ជាពិសេសនៅលើអាមីដាល់ហើយមិនអាចជូតវាចេញបានទេ តែបើនៅតែព្យាយាមជូតវានោះនឹងមានឈាមហូរនៅកន្លែងនោះ ព្រមទាំងមានដុះដុំសាច់ផងដែរ។ រោគវិនិច្ឆ័យ គឺផ្អែកទៅលើការកាត់យកសាច់ដែលដុះមួយផ្នែកទៅមើលនិងធ្វើការបណ្តុះមេរោគ។ មួយវិញទៀត យើងអាចធ្វើតេស្តមួយដែលមានឈ្មោះថា Mononucleoinfectious ដើម្បីទាត់ចោលនូវការចម្លងពីពួកវីរុសឈ្មោះថា Epstine barr virus ដែលវាមានលក្ខណៈស្រដៀងទៅនឹងជំងឺខាន់ស្លាក់។ យ៉ាងណាមិញ ខាន់ស្លាក់អាចព្យាបាលជាឬមិនជា អាស្រ័យទៅលើកន្លែងកើតជំងឺ និងស្ថានភាពរបស់អ្នកជំងឺពេលមកជួបគ្រូពេទ្យ។ ការព្យាបាលជំងឺនេះ ត្រូវប្រើប្រាស់ថ្នាំផ្សះរួមជាមួយនឹងសេរ៉ូមប្រឆាំងជាតិពុលទប់ទល់នឹងបាក់តេរី Diphtherae នេះ។ ប្រសិនបើជំងឺនេះកើតលើប្រព័ន្ធប្រសាទឬសាច់ដុំ នោះការព្យាបាលអាចនឹងពិបាកព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺពិបាកដកដង្ហើម និងត្រូវការការសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីចៀស-វាងការប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ គួបផ្សំជាមួយការព្យាបាលដោយថ្នាំផ្សះ និងសេរ៉ូមប្រឆាំងជាតិពុល។ ចំពោះការការពារជំងឺខាន់ស្លាក់នេះវិញ យើងត្រូវ៖ •ចៀសវាងការប៉ះពាល់អ្នកជំងឺខាន់ស្លាក់ •ដាក់អ្នកជំងឺឲ្យនៅដាច់ពីគេ •ចាក់វ៉ាក់សាំង ក្រោយព្យាបាលជំងឺនេះជា •ចាក់វ៉ាក់សាំងលើទារក។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋថា ជំងឺនេះកម្រតែមានសភាពធ្ងន់ធ្ងរ ដូចនេះប្រសិនបើកូនលោកអ្នកមានបញ្ហាពិបាកដកដង្ហើម ត្រូវប្រញាប់នាំកូនៗរបស់លោកអ្នកទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា ព្រោះបំពង់ករបស់ក្មេងតូចហើយបើមានដុះដុំសាច់នៅទីនោះ អាចនឹងងាយស្ទះដង្ហើមដែលជាហេតុបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ពួកគាត់។

Share

មុខស្រស់ស្អាតមួយម៉ាត់ តើអ្នកមើលទៅលើអ្វីខ្លះ? ទម្រង់មុខ ឬផ្ទៃមុខ? បើសិនជាមិនច្បាស់ទេ មកមើលទាំងអស់គ្នា…ពេញវ័យពេលណា សម្រស់ក្លាយជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់គ្រប់ស្រទាប់មនុស្ស។ សំខាន់ ត្រឹមតែមានទម្រង់មុខ និងស្បែកមុខស្រស់ស្អាត មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះទើប យើងខ្ញុំសូមលើកយក ៥ចំណុចពិសេសដែលជាផ្នែកដ៏ទាក់ទាញសម្រាប់ផ្ទៃមុខរបស់អ្នក ដើម្បីឲ្យអ្នកយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងនេះបានល្អផងដែរ។ ភ្នែក៖ ផ្នែកសំខាន់បំផុតនៅលើមុខ ហើយភ្នែកស្រស់ស្អាត គឺមើលទៅភ្លឺថ្លាព្រមទាំងមានស្បែកជុំវិញភ្នែកស្អាតមិនរូងខ្មៅ។ ដើម្បីបានបែបនេះអ្នកត្រូវផ្តល់ឲ្យភ្នែកនូវការសម្រាកគ្រប់គ្រាន់។ ប្រសិនការងាររបស់អ្នកតម្រូវឲ្យនៅមុខកុំព្យូទ័រជាប្រចាំ អ្នកត្រូវឧស្សាហ៍ងើបដើរចេញមើលអ្វីផ្សេងខ្លះ និងព្រិចភ្នែកឲ្យបានញឹក កុំឲ្យភ្នែកអ្នកឆាប់ស្ងួត។ គួរប្រើទឹកភ្នែកសិប្បនិមិ្មតជាប្រចាំនូវរាល់ពេលអ្នកមានអារម្មណ៍ថាស្ងួតភ្នែក និងដើម្បីលាងភ្នែកពីធូលីដី។  ពាក់វ៉ែនតាខ្មៅគ្រប់ពេលអ្នកចេញក្រៅ ព្រោះវាអាចជួយការពារពីកាំរស្មីUV និងកុំឲ្យស្បែកកន្ទុយភ្នែកឆាប់ជ្រួញផងដែរ។ ទំនេរៗ អ្នកអាចឆ្លៀតចិតត្រសក់ជាចំណិតស្តើងៗ បិតលើរង្វង់ភ្នែករយៈពេលត្រឹមតែ១០នាទី ដើម្បីផ្តល់សំណើមដល់ស្បែកជុំវិញភ្នែករបស់អ្នក និងជួយបំបាត់រង្វង់ភ្នែកខ្មៅបានយ៉ាងប្រសើរ។ ច្រមុះ៖ ច្រមុះដែលស្អាតគឺសំដៅដល់ច្រមុះមានរាងតូច និងស្រួចដែលភាគច្រើនអ្នកអាចផាត់មុខឲ្យចេញជារូបរាងដែលអ្នកចូលចិត្ត។ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចម៉ាស្សាដើម្បីបានរូបរាងច្រមុះដ៏តូចខ្ពស់នេះបានដោយគ្រាន់តែប្រើដៃទាំងពីររបស់អ្នកម៉ាស្សាថ្នមៗ ឬរុញទៅសងខាងច្រមុះរបស់អ្នកពីលើចុះក្រោម ម្តង៥នាទី ដោយអនុវត្តជារៀងរាល់ថ្ងៃប្រសើរបំផុតគឺនៅពេលព្រឹកព្រលឹម ក្នុងរយៈពេលត្រឹមតែ២ទៅ៣ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ ថ្ពាល់៖ ស្បែកថ្ពាល់ គឺជាផ្នែកសំខាន់បង្ហាញអំពីទិដ្ឋភាពនៃស្បែកទាំងមូលរបស់អ្នកមានន័យថាមើលតែស្បែកថ្ពាល់ក៏ដឹងថាស្បែកទាំងមូលរបស់អ្នកមានសុខភាពល្អកម្រិតណាដែរ។ ដើម្បីបានថ្ពាល់ស្រស់ថ្លាជាប្រចាំគួរលាបប្រទាលកន្ទុយក្រពើផ្ទាល់លើថ្ពាល់ ទុក៣០នាទី ជាប្រចាំនៅមុនពេលអ្នកងូតទឹកឬលាងសម្អាតមុខ ព្រោះវាជួយឲ្យថ្ពាល់អ្នកមើលទៅម៉ត់និងភ្លឺរលោង។ ត្រូវចៀសវាងទម្លាប់អាក្រក់ដែលអ្នកចូលគេងទាំងមិនលាងមុខ ដោយសារការទុកគ្រឿងសម្អាងនៅលើមុខយូរពេកធ្វើឲ្យស្បែកមុខឆាប់ចាស់ និងយារហើយយកល្អអ្នកគួរតែគេងផ្ងារជាជាងគេងចំហៀងឬផ្កាប់មុខ។ ម៉្យាងទៀតត្រូវលាបក្រែមផ្តល់សំណើមលើផ្ទៃមុខទាំងមូលជាប្រចាំបន្ទាប់ពីសម្អាតមុខរួច ហើយអ្នកក៏អាចម៉ាស្សាថ្ពាល់តាមចលនាជារង្វង់ទាញទៅសៀតផ្កា ព្រមទាំងទះថ្ពាល់តិចៗដើម្បីឲ្យវាមានភាពហាប់ណែនផងដែរ។ បបូរមាត់៖ បបូរមាត់ស្រស់ស្អាតអាចជាផ្នែកមួយដែលធ្វើឲ្យពាក្យពេចន៍អ្នកមានឥទ្ធិពល ដែលវាមើលទៅមិនស្លេក មិនខ្មៅ មិនស្ងួត ហើយក៏មិនប្រេះ។ ដោយសារតែស្បែកបបូរមាត់អ្នកជាប្រភេទស្បែកស្តើង ដែលទាមទារឲ្យអ្នកថែរក្សាជាប្រចាំ  ដោយជ្រើសរើសប្រេងលាបបបូរមាត់ប្រភេទគ្មានអាល់កុល។ រឹតតែទាក់ទាញ គឺជ្រើសរើសក្រែមឲ្យសមនឹងអ្នកដូចជា បើសរសៃឈាមកដៃអ្នកបង្ហាញពណ៌បៃតង អ្នកគួរលាបក្រែមពណ៌ក្រហមត្នោត ឬពណ៌ទឹកក្រូច តែបើសរសៃកដៃអ្នកពណ៌ខៀវវិញ អ្នកគួរលាបក្រែមពណ៌ផ្កាឈូក  ឬស្វាយ  ប៉ុន្តែអ្នកក៏អាចជ្រើសរើសឲ្យស្របនឹងកម្មវិធីដែលចូលរួម និងសម្លៀកបំពាក់ដែលអ្នកស្លៀកបានផងដែរ។ ធ្មេញ៖ ឲ្យតែពេលអ្នកសើច នោះវាក៏ជាពេលវេលាដែលអ្នកបញ្ចេញនូវសម្រស់ធ្មេញរបស់អ្នកដែរ ដូចនេះ វាអាចចាត់ទុកជាផ្នែកមួយដ៏ទាក់ទាញ មិនត្រឹមតែស ត្រង់ជួរ តែក៏ត្រូវមានសុខភាពល្អផងដែរ។ ដើម្បីឲ្យបានទាំងព្រមបែបនេះ អ្នកត្រូវចងចាំដំបូងគឺ ការសម្អាតដូចជាអ្នកត្រូវប្រាកដថាអ្នកបានដុសធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬបន្ទាប់ពីញ៉ាំអាហាររួច ព្រមទាំងអាចប្រើអំបោះទាក់ធ្មេញ និងទឹកខ្ពុរមាត់បន្ថែមផងដែរដើម្បីសម្អាតបានកាន់តែស្អាត។  គួរមានទម្លាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ពី៦ខែ ឬ១ឆ្នាំម្តង។ ជំនួសប្រភេទអាហារ ឬភេសជ្ជៈផ្អែម មកជាតែព្រោះវាអាចកាត់បន្ថយការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបន្ថែមការញ៉ាំពពួកអាហារដែលសម្បូរដោយកាល់ស្យូម  ដោយសារវាមានអត្ថប្រយោជន៍ដល់ឆ្អឹង  រួមទាំងធ្វើឲ្យឆ្អឹងថ្គាមរឹងមាំផងដែរ។ បញ្ឈប់ការជក់បារីជាដាច់ខាត ព្រោះវាមិនត្រឹមតែបំផ្លាញធ្មេញរបស់អ្នកទេ ថែមទាំងបំផ្លាញសុខភាពមាត់របស់អ្នកទៀតផង។ លោកអ្នកក៏អាចបង្កើនសោភ័ណភាពធ្មេញរបស់អ្នកបាន ដោយការតម្រង់ធ្មេញ ដែលបច្ចុប្បន្ន វិធីនេះមានការពេញនិយម និងមានវិធីសាស្រ្តច្រើនទៅតាមគ្លីនិក ឬមន្ទីរពេទ្យធ្មេញនានា។  

Share

តើអ្នកមានបញ្ហាដំណេកមែនឬទេ? តើអ្នកតែងតែជួបប្រទះនឹងភាពលំបាកក្នុងការទទួលទានដំណេកមែនទេ? វាអាចបណ្តាលមកពីកត្តាជាច្រើនដែលលោកអ្នកអាចនឹងមិនបានចាប់អារម្មណ៍ ឬបានចាប់អារម្មណ៍ទទួលដឹងលឺហើយ តែមិនអាចចៀសវាងបាន។ ក្រៅពីរបបអាហារ និងទម្លាប់ប្រចាំថ្ងៃដែលអ្នកគួរផ្លាស់ប្តូរ យោគៈក៏អាចជាដំណោះស្រាយដ៏ល្អមួយសម្រាប់បញ្ហានេះផងដែរ។ ចង់ដឹងទេថា តើវាពិតជាមានប្រសិទ្ធភាពយ៉ាងណានោះ សូមធ្វើការសាកល្បងដោយផ្ទាល់ជាមួយនឹងចលនាយោគៈដូចខាងក្រោម ៖ ការតាំងសមាធិរយៈពេលខ្លីអង្គុយសម្រាកលើគ្រែ ដោយធ្វើការបត់ជើង ឬពន្លាតជើងឲ្យត្រង់ពីមុខ(បែបណាក៏បាន ឲ្យតែគិតថាស្រួល)។ អង្គុយចុះ ហើយផ្អែកខ្នងលើខ្នើយបន្តិច។ បិទភ្នែក ដោយដាក់ដៃលើភ្លៅ ហើយធ្វើការដកដង្ហើមឲ្យបានវែងៗ។ Savasana ពន្លាតជើងចេញទៅក្រៅ នៅស្ងៀមមួយសន្ទុះ។ ប្រសិនបើអ្នកចូលចិត្តគេងក្នុងរូបភាពមួយនេះ អ្នកក៏គេងលក់ស្កប់ស្កល់តែម្តង។ទៅដៃមួយនោះ។ ធ្វើដូចគ្នាចំពោះមួយចំហៀងខ្លួនទៀត។ Bend Knee Lying Down Twist ពត់ជង្គង់ទៅកាន់ដើមទ្រូង ហើយដាក់ជើងខ្វែងនឹងដងខ្លួន។ បង្វែរក្បាលទៅទិសផ្ទុយ ហើយដាក់ដៃឲ្យចេញជារាងអក្សរ T។ Half Happy Baby ពត់ជង្គង់ម្តងទៀត ដោយព្យាយាមទាញជើងឲ្យបែរទៅរកដំបូលខាងលើ។ ហើយព្យាយាមបន្ទន់ជង្គង់ទៅកាន់ក្លៀក។ Hamstring Stretch ពន្លាតជើងឲ្យត្រង់ឆ្ពោះទៅរកដំបូល។ ប្រើដៃចាប់ផ្នែកខាងក្រោយជង្គង់ ឬនៅក្បែរកជើង។ ដាក់ជើងឲ្យត្រង់ ហើយទាញវាតិចៗមកជិតក្បាលម្តងៗបន្តិច រាល់ពេលដកដង្ហើមចេញម្តងៗ។ ធ្វើដូចគ្នាចំពោះមួយចំហៀងទៀត។ ត្រូវធ្វើចលនានេះដោយថ្នមៗ ដោយកុំប្រឹងអស់ពីកម្លាំងពេក។ វានឹងជួយបន្ថយភាពតានតឹងដែលមាននៅសេសសល់ក្នុងខ្លួនរបស់អ្នក មុនពេលចូលគេង។ ពន្លាតជើងនៅចំពីមុខដងខ្លួន ហើយបន្ទន់ខ្លួនថ្នមៗមកកាន់ជើងនោះ។ ពន្លាជើងទៅមុខ ហើយខ្នងត្រង់ ស្រដៀងនឹងចលនាខាងលើដែរ ប៉ុន្តែបន្ទាប់ពីធ្វើការពន្លាតជើងយឺតៗទៅមុខ អ្នកអាចបន្ទន់ជង្គង់ម្តងបន្តិចៗរហូតដល់អ្នកអាចចាប់កាន់ជើងរបស់ខ្លួនឯងបាន ហើយសឹមធ្វើការបន្ទន់ជង្គង់យ៉ាងណាឲ្យខ្នងរបស់អ្នកនៅត្រង់។  បន្ទន់ខ្លួនទៅមុខ អង្គុយពែនភ្នែនឲ្យស្រួលរួចបន្ទន់ត្រគាកទៅមុខ ដោយដាក់ដៃត្រដាងទៅមុខ។ បង្វិលខ្លួនដោយអង្គុយ អង្គុយពែនភ្នែនធម្មតា ហើយបង្វិលដងខ្លួនបន្តិចទៅចំហៀង ឬទៅក្រោយ រួចធ្វើបង្វិលដូចគ្នាទៅមួយចំហៀងទៀត។ គេង បង្វែរខ្លួនទៅចំហៀង ហើយរីករាយជាមួយនឹងដំណេកដ៏ស្កប់ស្កល់ពេញមួយយប់របស់អ្នក។ «អ្នកគួរចងចាំថា យោគៈទាំងប៉ុន្មានខាងលើនេះនឹងជួយសម្រួលដល់ដំណេករបស់លោកអ្នក ហេតុនេះហើយអ្នកមិនគួរអនុវត្តវាខ្លាំងក្លាពេកឲ្យដូចជាលំហាត់ប្រាណ ឬយោគៈដែលជួយបន្ថែមភាពរឹងមាំ ឬភាពរហ័សរហួន ដល់ថ្នាក់ឈឺចុកចាប់លើដងខ្លួននោះទេ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលឈឺឆ្អាល និងស្រលាញ់សុខភាពរបស់ខ្លួនឯងនោះ អ្នកចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយដំណេកនោះទៀតសោតក៏គួរតែជាដំណេកដែលស្កប់ស្កល់យ៉ាងពិតប្រាកដដែរ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភ្នែកជាផ្នែកដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវថែរក្សាជាប្រចាំដើម្បីចៀសវាងនូវបញ្ហាជាច្រើនក្នុងនោះបញ្ហាភ្នែកដែលគេតែងតែជួបប្រទះញឹកញាប់ជាងគេ គឺបញ្ហាភ្នែកម៉្ញូប។ក្នុងនោះ ភ្នែកម៉្ញូបមានច្រើនប្រភេទ និងកម្រិតផ្សេងៗពីគ្នាដែលអាចកើតលើមនុស្សគ្រប់វ័យ ដូច្នេះហើយ ហេលស៍ថាម បានលើកយកប្រធានបទទាក់ទងនឹងភ្នែកម៉្ញូបមួយប្រភេទហៅថា «ម៉្ញូបក្លែងក្លាយ»។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរពេទ្យព្រះអង្គឌួង និងជាសាស្រ្តាចារ្យផ្នែកចក្ខុសាស្ត្រ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ «ម៉្ញូបក្លែងក្លាយ» ឬដែលពាក្យបច្ចេកទេសហៅថា « Pseudomyopia » មកពីពាក្យថា «Pseudo» មានន័យថាមិនពិតប្រាកដ ឬក្លែងក្លាយ រីឯ « Myopia » គឺសំដៅទៅភ្នែកស្រវាំងឆ្ងាយដូចនេះម៉្ញូបក្លែងក្លាយ (Pseudomyopia) មានន័យថាភ្នែកស្រវាំងឆ្ងាយមិនពិតប្រាកដ ឬម៉្ញូបមិនពិតប្រាកដ។ ដោយឡែកម៉្ញូបក្លែងក្លាយខុសពីម៉្ញូបផ្សេងទៀតដោយសារវាមានលក្ខណៈជាបណ្តោះអាសន្នមិនមានលេខម៉្ញូបខ្លាំងដូចលេខម៉្ញូបធម្មតា និងជាទូទៅមានរយៈពេលខ្លីហើយអាចបាត់ទៅវិញ។ រីឯរោគសញ្ញាដែលស្តែងចេញជាម៉្ញូបក្លែងក្លាយនេះក៏មិនខុសពីម៉្ញូបធម្មតាដែរ មានការមើយឆ្ងាយស្រវាំង រោយភ្នែក ចុកគ្រាប់ភ្នែក ហួលគ្រាប់ភ្នែកប៉ុន្តែនៅពេលគាត់បានសម្រាក ពិសេសសម្រាកពីការមើលជិតដូចជាទូរស័ព្ទ កុំព្យូទ័រ នោះអាការៈវានឹងធូរវិញ។ លោកវេជ្ជបណ្ឌិតបានបន្តថាភ្នែកម៉្ញូបក្លែងក្លាយនេះបណ្តាលមកពីមូលហេតុចម្បងបី៖ •ទីមួយ គឺទាក់ទងនឹងការមើលជិតច្រើនដែលភាសាបច្ចេកទេស ហៅថា Excessive Near Working គឺការមើលវត្ថុជិតរយៈពេលយូរច្រើនម៉ោងលើសពី៨ឬលើសពី១២ម៉ោងធ្វើឲ្យភ្នែកមានលក្ខណៈម៉្ញូបដែលពាក្យបច្ចេកទេសមួយហៅថា Accommodation Spam មានន័យថានៅពេលដែលយើងប្រើភ្នែកជិតច្រើនធ្វើឲ្យសាច់ដុំក្នុងភ្នែកហៅថា Ciliary Muscle កន្រ្តាក់រយៈពេលយូរម៉ោងបណ្តាលឲ្យកែវភ្នែកប៉ោងមានលក្ខណៈម៉្ញូបរយៈពេលខ្លីហើយក៏បាត់ទៅវិញ។ •ទីពីរ គឺទាក់ទងទៅនឹងភ្នែកមួយចំនួនដែលមានលក្ខណៈរលាកក្នុងភ្នែកហៅថា Uveitisធ្វើឲ្យភ្នែកមានការរលាកក្រហម ហើយមានលក្ខណៈដូចម៉្ញូបក្លែងក្លាយផងដែរ។ •ទីបី គឺទាក់ទងទៅនឹងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួនភ្នែកចាប់ផ្តើមឡើងបាយ ឬគាត់មានបញ្ហាសរសៃប្រសាទឬក៏មានគ្រោះថ្នាក់ខួរក្បាលជាដើមក៏បណ្តាយឲ្យមានអាការៈស្រវាំងឆ្ងាយ និងរោយគ្រាប់ភ្នែកផងដែរ។ ថ្វីត្បិតតែវាជាម៉្ញូបក្លែងក្លាយក៏ពិតមែន ចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកនៅពេលលោកអ្នកមានអាការៈស្រវាំងភ្នែកពិសេសពេលមើលឆ្ងាយ ឬចុករោយគ្រាប់ភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យនេះទៀតសោតវាអាស្រ័យទៅតាមមូលហេតុនៃម៉្ញូបក្លែងក្លាយដោយដំបូងឡើយនឹងសាកសួររកមូលហេតុថាតើគាត់មានសម្លឹងច្រើនម៉ោងឬទេគាត់មានការរលាកក្នុងភ្នែកឬទេ? គាត់មានជំងឺប្រព័ន្ធប្រសាទឬរបួសផ្នែកក្បាល ឬទេ។ បន្ទាប់មកសួរអំពីអាការៈរបស់គាត់រួមជាមួយនឹងការវាស់គំហើញភ្នែកទាំងសងខាងរបស់គាត់ ដើម្បីដឹងថាមានថយចុះ ឬស្រវាំង ឬទេដោយប្រើឧបករណ៍សម្រាប់វាស់ភ្នែកដូចឧបករណ៍វាស់វ៉ែនតាទូទៅឈ្មោះថា Auto Refractometer វាផ្តល់លទ្ធផលជាលេខម៉្ញូប ក៏ប៉ុន្តែលេខម៉្ញូបនេះអាចមានលក្ខណៈប្រែប្រួល គឺថាបើបានសម្រាកភ្នែក ឬក៏បានព្យាបាលពេលយើងវាស់ម្តងទៀតទៅ គឺយើងឃើញលេខនោះថយចុះ ឬក៏បាត់។ ចំពោះការព្យាបាលបញ្ហាម៉្ញូបក្លែងក្លាយនេះមិនមានអ្វីជាពិសេសនោះទេ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានបញ្ហាម៉្ញូបក្លែងក្លាយហើយ គាត់នឹងណែនាំឲ្យអ្នកប្រើប្រាស់ភ្នែកបានត្រឹមត្រូវមិនលើសពី៨ម៉ោង ឬ១២ម៉ោងព្រមទាំងបរិភោគអាហារមានវីតាមីនគ្រប់គ្រាន់។ ប្រសិនបើមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវទេនោះភ្នែកម៉្ញូបក្លែងក្លាយរបស់អ្នកនឹងវិវឌ្ឍទៅជាភ្នែកម៉្ញូបពិតប្រាកដដែលទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាជាប្រចាំនិងការព្យាបាលច្បាស់លាស់។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់នូវដំបូន្មានថាគួរតែថែរក្សាភ្នែក និងអនាម័យវាឲ្យបានជាប្រចាំព្រោះវាអាចជួយលោកអ្នកបានរហូតដល់៥០%ឲ្យរួចផុតពីបញ្ហាភ្នែកនានា។ ការធ្វើអនាម័យខ្លួនប្រាណ និងលើផ្ទៃមុខក៏ជាផ្នែកមួយនៃការថែរក្សាភ្នែកដែរ។ ម៉្យាងទៀត ការប្រើប្រាស់វ៉ែនតាត្រឹមត្រូវនៅពេលយើងប្រឈមមុខនឹងបរិស្ថានមិនល្អខ្យល់ពន្លឺថ្ងៃ ផ្សែង ដីហុយ ឬប្រើកុំព្យូទ័រយូរក៏ជាការថែទាំភ្នែកអ្នកដែរ។ បើអ្នកសម្លឹងជិតរយៈពេលយូរត្រូវចេះសម្រាកភ្នែកខ្លះ តាមគោលការណ៍២០ ២០ ២០ មានន័យថាសម្លឹង ២០នាទី សម្រាក២០ វិនាទីហើយសម្លឹងទៅឆ្ងាយ ២០ហ្វីត(ប្រហែល៦ម៉ែត្រ) ឬប្រើវ៉ែនតាជំនួយពេលស្រវាំងឆ្ងាយ។ ការថែទាំភ្នែកនេះត្រូវគិតតាំងពីក្មេងតាំងពីកើតមករហូតដល់ចាស់នៅពេលមានបញ្ហាតិចតួច មិនស្រួលយើងត្រូវរួតរះប្រញាប់ទៅជួបគ្រូពេទ្យឯកទេសភ្នែក ដើម្បីពិនិត្យថាតើភ្នែកយើងមានជំងឺអ្វីឬអត់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាងខ្ញុំឈ្មោះ ក.ស.គ អាយុ២៣ឆ្នាំ ទម្ងន់៤៨ កម្ពស់១ម៉ែត្រ៥៦ ជានិស្សិត។ ខ្ញុំធ្លាប់ជ្រុះសក់ពីមុន តែក្រោយពេល ប្រើប្រាស់ថ្នាំនិងផលិតផលតាមការណែនាំរបស់គ្រូពេទ្យ បញ្ហានេះក៏បានស្បើយជាងមុន។ ប៉ុន្តែបច្ចុប្បន្ននេះ សក់របស់ខ្ញុំ ចាប់ផ្តើមជ្រុះច្រើនទៀតរហូតច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ ហើយសមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែជ្រុះសក់។ តើបញ្ហាជ្រុះសក់នេះអាចព្យាបាលដូចម្តេច? តើកូឡាជែនមានប្រយោជន៍អ្វីសម្រាប់សុខភាពសក់? ចម្លើយ៖ ការជ្រុះសក់លើសពី 100 សរសៃក្នុង1ថ្ងៃនេះអាចចាត់ទុកជាបញ្ហាដែលត្រូវទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវបំផុត និងឲ្យបានឆាប់រហ័ស។ រីឯបញ្ហាដែលសមាជិកទាំងអស់ក្នុងគ្រួសារសុទ្ធតែជ្រុះសក់អាចទាក់ទងនឹងតំណពូជ ឬជីវភាព និងការរស់នៅក្នុងគ្រួសារទាំងមូល ដែលតម្រូវឲ្យគ្រូពេទ្យ ត្រូវស្រាវជ្រាវពីបញ្ហានេះឲ្យបានច្បាស់លាស់ និងត្រូវព្យាបាលជាបន្ទាន់ទៅតាមមូលហេតុនៃការជ្រុះសក់។ ចំពោះសារធាតុ កូឡាជែន ជាប្រូតេអុីនដែលមាន២៥%នៃប្រូតេអុីនដែលស្រាប់នៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពហាប់ណែនរបស់ស្បែក ធ្វើឲ្យមានភាពស្រស់ស្អាតនិងរក្សាភាពក្រាស់របស់ស្បែក  ក៏ដូចជាចូលរួមក្នុងការលូតលាស់របស់សក់ផងដែរ។ ដោយឡែកបរិមាណរបស់កូឡាជែននឹងថយចុះទៅតាមអាយុ នាំឲ្យស្បែកមានភាពជ្រីវជ្រួញ បាត់បង់ភាពយឺត សក់ស្តើង សក់ស សក់លែងសូវដុះជាដើម។ ដូចនេះការប្រើប្រាស់កូឡាជែនពីខាងក្រៅតាមការលេបឬលាបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយចំពោះសក់ផ្ទាល់អាចមានដូចជា ចិញ្ចឹមគល់សក់ សរសៃសក់ក្រាស់ កាត់បន្ថយការជ្រុះសក់ ធ្វើឲ្យសក់ខ្មៅ កាត់បន្ថយសក់បែកចុង និងសក់មានសំណើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ម្ចាស់គ្លីនិកសើស្បែក ប៊ីស៊ី I (បឹងកេងកង) និង II (ទួលគោក)

Share

នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងមានការឈឺចាប់ភ្លាមៗ នៅពេលដែលពាក់ស្បែកជើងកែង។ គេគ្រប់គ្នានិយាយថា មកពីឆ្អឹងខ្ញុំមានបញ្ហាតាំងពីកំណើត។ តើនេះជាការពិតទេ? តើអាចធ្វើការកែខៃដោយវិធីណាមួយឬទេ? ចម្លើយ៖ ចំពោះស្ថានភាពរបស់ប្អូន ត្រង់ដែលគេនិយាយថាវាបណ្តាលមកពីឆ្អឹងជើង ក៏ជាបញ្ហាមួយត្រូវគិតដែរ។ ដូច្នេះហើយ ប្អូនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឯកទេស និងធ្វើការថតដោយកាំរស្មីX ដើម្បីធ្វើការពិនិត្យមើលទម្រង់ឆ្អឹងជើងជាមុនសិន បើទម្រង់ឆ្អឹងជើងសំប៉ែត គ្រូពេទ្យនឹងផ្តល់ដំបូន្មានឲ្យកាត់ស្បែកជើងតម្រូវទៅនឹងទម្រង់ជើង នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត ប្អូនត្រូវគិតគូរដល់បាតស្បែកជើង ធ្វើយ៉ាងណាកុំឲ្យរឹងពេក ហើយកែងទៀតសោតក៏មិនគួរខ្ពស់ពេកដែរ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

Share

សំណួរ៖ នាងខ្ញុំអាយុ 23 ឆ្នាំរស់នៅរាជធានីភ្នំពេញ។ ខ្ញុំមានកូនប្រុសអាយុ ៣ខែ។ ខ្ញុំ និងប្តីចេះតែស្តាប់ឮសំឡេងកូនខ្ញុំស្រមុកដូចសំឡេងឆ្មា។ ខ្ញុំឆ្ងល់ណាស់ថាក្មេងតូច ក៏អាចស្រមុកដែរ។ តើវាជារឿងធម្មតាឬក៏ជាបញ្ហាដែលត្រូវទៅជួបគ្រូពេទ្យ? ចម្លើយ៖ កូនរបស់លោកស្រីប្រហែលជាមានបញ្ហានៅអាមីដាល់ ឬរលាកច្រមុះ។ នៅពេលគេង អាមីដាល់អាចរីកធំ ឬអាល្លែកហ្ស៊ីច្រមុះរ៉ាំរ៉ៃដែលធ្វើឲ្យមានសំបោរ និងតឹងច្រមុះ ធ្វើឲ្យត្បៀតផ្លូវដង្ហើមដែលនាំឲ្យឮសំឡេង។ ដូចនេះ ដំណោះស្រាយ គឺត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យច្រមុះថាតើមានបញ្ហាអាល្លែកហ្ស៊ីឬក៏អត់ និងមើលសាច់អាមីដាល់ថាធំកម្រិតណា ត្រូវកាត់ចេញឬក៏អត់ និងកាត់នៅពេលណា ព្រមទាំងវាយតម្លៃថាវាអាចប៉ះពាល់ដល់ការលូតលាស់និងការរៀនសូត្ររបស់ក្មេងឬទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ

Share
Top