-
Oct 31, 2018
|
-
6 years ago
|
-
4.5K views
ការគ្រប់គ្រងជាតិស្ករបានល្អ និងអនុវត្តការរស់នៅប្រចាំថ្ងៃទៅតាមការណែនាំ ជាគោលការណ៍ដ៏ស័កិ្តសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមយ៉ាងណាមិញ បើទោះបីស្ថានភាពជំងឺអាចគ្រប់គ្រងបានអ្នកក៏មិនគួរមើលរំលងចំពោះអា-ការៈមិនធម្មតាមួយចំនួនដែលវាអាចជាផលវិបាករបស់ជំងឺទឹកនោមផ្អែមផ្ទាល់។
សំណួរ៖ ខ្ញុំអាយុ ៦៥ឆ្នាំ ភេទប្រុស កម្ពស់១,៧៦ ម៉ែត្រ ទម្ងន់ ៧០ គីឡូក្រាម បច្ចុប្បន្នបានចូលនិវត្តន៍ហើយ។ ខ្ញុំទើបនឹងត្រូវបានប្រាប់ថាមានជំងឺទឹកនោមផ្អែមនៅរយៈពេល ១ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នស្ថានភាពជាតិស្កររបស់ខ្ញុំមានលំនឹងល្អ ហើយខ្ញុំក៏តែងតែប្រើប្រាស់ថ្នាំបានទៀងទាត់ និងបរិភោគអាហារមានកម្រិត ក៏ដូចជាដើរហាត់ប្រាណសឹងតែរៀងរាល់ព្រឹកផងដែរ។ ដោយឡែក បច្ចុប្បន្នខ្ញុំក៏ត្រូវបានគ្រូពេទ្យឲ្យប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ផងដែរ។ តែមួយរយៈនេះ ខ្ញុំមានអារម្មណ៍ចុកទ្រូងជាញឹកញាប់ ជាពិសេស នៅពេលគេងផ្អៀងទៅខាងឆ្វេង ហើយពេលខ្លះក៏មានអារម្មណ៍អស់កម្លាំងផងដែរ។ តើរោគសញ្ញានេះបណ្តាលមកពីហេតុអ្វី? ប្រសិនបើជាតិស្ករខ្ញុំមានលំនឹងល្អរហូត តើខ្ញុំអាចបញ្ឈប់ការប្រើប្រាស់ថ្នាំបានដែរឬទេ? តើមានវិធីណាមួយដែលអាចព្យាបាលទឹកនោមផ្អែមឲ្យជាវិញបានឬទេ?
ចម្លើយ៖ ការធ្វើរោគវិនិច្ឆ័យដែលរកឃើញវត្តមានជំងឺទឹកនោមផ្អែម អាចមានពីរករណី ទីមួយអ្នកជំងឺអាចរកឃើញជំងឺតាមរយៈការពិនិត្យសុខភាពជាចៃដន្យ និងម៉្យាងទៀតអ្នកជំងឺដឹងពីវត្តមាននៃជំងឺនៅពេលដែលលេចចេញរោគសញ្ញាដែលនោះបង្ហាញការកើនឡើងនូវកម្រិតជាតិស្ករក្នុងខ្លួនមានរយៈពេលយូរឆ្នាំមកហើយ (យ៉ាងហោចណាស់ ១០ឆ្នាំ)។ ក្នុងករណីខាងលើអ្នកជំងឺទើបតែមានជំងឺទឹកនោមផ្អែមអស់រយៈពេល ១ឆ្នាំហើយចំណែកការប្រតិបត្តិជាប្រចាំថ្ងៃដូចជាការប្រើប្រាស់ថ្នាំ របបអាហារមានកម្រិត និងលំហាត់ប្រាណទៀងទាត់គឺស័ក្តិសមជាមួយនឹងគោលការណ៍នៃការព្យាបាល ប៉ុន្តែអ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់ដែរនោះ បង្ហាញថាជាតិខ្លាញ់គឺមានសភាពលើស ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែម ពីព្រោះអាចប្រ-ឈមទៅនឹងបញ្ហាសរសៃឈាមបេះដូង ដែលអាចលេចចេញជារោគសញ្ញាចុកទ្រូងតាមការរៀបរាប់ខាងលើ ដូច្នេះលោកគួរកុំបណ្តែតបណ្តោយ ហើយត្រូវស្វែងរកការពិនិត្យជាបន្ទាន់ពីសំណាក់គ្រូពេទ្យមានជំនាញ។ សូមបញ្ជាក់ថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដែលទាមទារឲ្យមានការព្យាបាលរហូតពេញមួយជីវិត ដោយសារមិនទាន់មានវិទ្យាសាស្រ្តណាសម្រាប់ការព្យាបាលជំងឺឲ្យជាសះស្បើយឡើយ ចំណែកការគ្រប់គ្រងស្ថានភាពជាតិស្ករបានល្អនោះវាអាចបញ្ចៀសពីផលវិបាកផ្សេងៗ។
បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម នាយករងមន្ទីរពេទ្យព្រះកុសុមៈ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share