Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រលាកថ្លើមប្រភេទ បេ (Hepatitis B) !   ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយ នៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជម្ងឺគឺបានមកពិនិត្យ ពិគ្រោះ និង ជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំក្នុងតំណាក់កាលក្រិន ឫក៏មានលផលំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។   1/- រោគសញ្ញា៖ រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជម្ងឺផងដែរ ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី 70% ឡើងទៅ) :  - ការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់ - ឡើងលឿងភ្នែក និងស្បែក - មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ - ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន - មានការហើមជើងជាដើម...។   ខ) ការធ្វើរោគវិនិច្ឆ័យ៖ មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និង ស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែជាពត៍មានសំខាន់ៗសំរាប់វេជ្ជបណ្ឌិតឯកទេស យើងខ្ញុំក្នុងការកំណត់ និង វាយតំលៃតំណាក់កាលនៃជម្ងឺនេះមុននឹងឈានទៅដល់ការព្យាបាលនោះ ។   គ) ការចម្លងរោគ៖ មេរោគនេះអាចឆ្លងតាមរយៈ - ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ - ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល) - ការរួមភេទ - ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...) *** ជាការរំលឹកដាស់តឿនដល់បងប្អូនយើងផងដែរថា ប្រសិនជាមានសមាជិកណាម្នាក់នៅក្នុងផ្ទះដែលមានផ្ទុក ឫ ឈឺជម្ងឺរលាកថ្លើមប្រភេទ បេ នេះសូមធ្វើការពិនិត្យឈាម និង ចាក់ថ្នាំវ៉ាក់សាំងបង្ការ ជាមុនដល់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកជម្ងឺដើម្បីផ្តល់ការការពារអំពីការចម្លងមេរោគនេះ ។   ឃ) វិធីការពារ៖ ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។   ង) វិធីព្យាបាល៖ ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (3-5ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។   សូមរួសរាន់មកជួបវេជ្ជបណ្ឌិត ឯកទេស ជំនាញ ដើម្បីការពារលោកអ្នកពីមេរោគថ្លើមប្រភេទ បេ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងផលវិបាកនៃជំងឺនេះ(ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។   ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ !   សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ៖ Ekip specialist clinic (Tel: 017/070/069-553317).

Share

ស្វែងយល់ថា តើធ្វើយ៉ាងណាទើបយើងអាចដឹងច្បាស់ពីបញ្ហាសុខភាពក្រពះនិង ពោះវៀន? ជាមួយវេជ្ជបណ្ឌិតឯកទេស ស៊ង សុភីរម្យ ផ្នែកថ្លើម ក្រពះ ពោះវៀន ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង លីយ៉ុង(ប្រទេសបារាំង)។ យើងសង្កេតឃើញថាប្រជាជនខ្មែរយើងមានបញ្ហាសុខភាពទាក់ទងនឹងក្រពះ ពោះវៀនជាច្រើនរៀងរាល់ថ្ងៃ… ១- តើមានជំងឺណាខ្លះដែលលោកវេជ្ជបណ្ឌិតសង្កេតឃើញញឹកញាប់នៅប្រទេសកម្ពុជាយើងនេះ? ចំ៖ ជំងឺវិបត្តិរំលាយអាហារ ជំងឺខ្សោយពោះវៀន ជំងឺរលាក ឬដំដៅក្រពះពោះវៀន  និង បញ្ហាដុំសាច់ក្នុងក្រពះពោះវៀនជាដើម។ ២- តើធ្វើយ៉ាងដូចម្តេច ទើបអាចដឹងច្បាស់ថាយើងមានបញ្ហាណាមួយឲ្យច្បាស់លាស់ទៅ? ចំ៖ ដើម្បីឲ្យដឹងថាគាត់មានជំងឺណាមួយអោយច្បាស់នោះ ជាដំបូង អ្នកជំងឺត្រូវការពិគ្រោះជាមួយវេជ្ជបណ្ឌិតនឹងរៀបរាប់ពីអាការ:របស់គាត់ ពេលនោះគ្រូពេទ្យនឹងពិនិត្យរាងកាយទូទៅ ដើម្បីរកមូលហេតុ និង សរីរាង្គណាមួយដែលអាចពាក់ពន្ធ័នឹងរោគសញ្ញាគាត់ មុននឹងធ្វើការសន្និដ្ឋានថាគាត់មានជំងឺណាមួយពិតប្រាកដ។ ពេលខ្លះទៀត ក៏ទាមទារឲ្យមានការពិនិត្យឈាម ឬអេកូសាស្រ្តបន្ថែម ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ ហើយពេលខ្លះទៀតអាចឈានដល់ការតម្រូវឲ្យឆ្លុះក្រពះ ឬពោះវៀនក្នុងគោលបំណងអោយមើលឃើញមូលហេតុដូចជារលាក ដំបៅ ឬដុំសាច់ តែម្តង។ ៣-តើការឆ្លុះក្រពះពោះវៀននេះ គេធ្វើឡើងយ៉ាងដូចម្តេចទៅ? ហើយវាចាំបាច់ត្រូវធ្វើសម្រាប់អ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់ឬយ៉ាងណា? ចំ៖ ការឆ្លុះក្រពះពោះវៀន ជាមធ្យោបាយដែលគេប្រើទូទៅនៅលើសកលោកយើងនេះ ដើម្បីមើលឃើញពីរូបរាង ក្រពះពោះវៀនច្បាស់តែម្តង ដោយការប្រើបំពង់តូចមួយបំពាក់ដោយកាមេរ៉ាដែលមានសភាពទន់ និងអាចបត់បែនតាមប្រដាប់រំលាយអាហាររបស់មនុស្សយើង ដែលវាមានសុវត្ថិភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពយើងនោះទេ។ ជាទូទៅ គេមិនតម្រូវឲ្យធ្វើការឆ្លុះក្រពះពោះវៀនលើអ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀនទាំងអស់នោះទេ លើកលែងតែអ្នកជំងឺនោះគាត់មាន - ការចុកពោះរ៉ាំរ៉ៃ ហើយមិនធូរស្រាល បន្ទាប់ពីការប្រើថ្នាំព្យាបាល - ការក្អួតចង្អោរលើសពី២ថ្ងៃជាប់គ្នា - អ្នកជំងឺមានបញ្ហាប្រដាប់រំលាយអាហារដែលមានអាយុលើសពី៤៥ឆ្នាំ - អ្នកជំងឺដែលមានស្រកគីឡូច្រើន - អ្នកជំងឺដែលសង្ស័យថាមានហូរឈាមតាមប្រដាប់រំលាយអាហារដូចជា បត់ជើងធំពណ៌ខ្មៅ ឬឈាមក្រហម ស្រស់តែម្តង ព្រោះវាជារោគសញ្ញាបញ្ជាក់ថា អ្នកជំងឺគាត់មានសញ្ញាគ្រោះថ្នាក់ដែលអាចមានជំងឺដំបៅ ឬដុំសាច់ក្រពះពោះវៀន ដែលទាមទារការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យទាន់ពេលវេលា។ ៤-តើការឆ្លុះក្រពះពោះវៀនមានការលំបាកទេ? តាមការលឺតៗគ្នា គេថាប្រជាជនយើងខ្លាចការឆ្លុះ និងបារម្ភខ្លាចវាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ចំ៖ ជាការពិតណាស់ គឺពួកគាត់ខ្លាចឈឺចាប់ ខ្លាចប៉ះពាល់ដល់សុខភាព ខ្លាចពិបាកខ្លាំងពេកទ្រាំពុំបាន ខ្លាចធ្វើឲ្យចុះខ្សោយកម្លាំង ខ្លាចធ្វើឲ្យគាត់រលាកកាន់តែខ្លាំង ឬធ្លាយក្រពះពោះវៀនជាដើម .....។ល។ គ្លីនិកឯកទេស អេគីប យើងខ្ញុំសូមធ្វើការបកស្រាយជូនដល់អ៊ំ ពូមីង និងបងប្អូនទាំងអស់គ្នាថា ៖ «ការឆ្លុះពិនិត្យ ក្រពះពោះវៀនអាចធ្វើជូនបានគ្រប់វ័យ និង អាយុ អ្វីដែលលើសពីនេះ គឺវាមិនបណ្តាលឲ្យមានការស្ទះដង្ហើម ការចុះខ្សោយកម្លាំង ឬប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបណ្តាលឲ្យមានការរលាក ឬធ្លាយក្រពះពោះវៀននោះដែរ ព្រោះបំពង់នោះតូច និងទាន់ហើយយើងអាចមើលឃើញផ្លូវចូលក្នុងប្រដាប់រំលាយអាហារដោយងាយស្រួល និងមិនគ្រោះថ្នាក់។ ការឆ្លុះនេះ គឺមានផលរំខានបន្តិចបន្តួចដូចជា ការក្អួតចង្អោរ ឬការឈឺអួលៗក្នុងពោះតិចតួចប៉ុណ្ណោះ។» តែនាពេលបច្ចុប្បន្ននេះ ដោយសារតែមាននូវបច្ចេកទេសទំនើប ពេលនេះយើងក៏អាចប្រើប្រាស់ថ្នាំគេងជូនអ្នកជំងឺដែលមិនមានផលប៉ះពាល់ដល់សុខភាពគាត់ ព្រមទាំងអាចបញ្ចៀសនូវការពិបាកដែលរៀបរាប់ខាងលើនេះបានហើយអ្នកជំងឺនឹងដឹងខ្លួនភ្លាម បន្ទាប់ពីឆ្លុះរួច។ ការធ្វើបែបនេះធ្វើឲ្យការឆ្លុះពិនិត្យរបស់យើងកាន់តែងាយស្រួល និងច្បាស់លាស់ ព្រមទាំងអាចកាត់ដុំសាច់ក្រពះ ពោះវៀនដែលតូចជាង៣cm ជូនពួកគាត់ដោយមិនចាំបាច់ធ្វើការវះកាត់បើកពោះនោះទេ។ ខ្ញុំក៍សូមសម្រាបជូនដែរថា «វាជាមធ្យោបាយដែលគេប្រើទូទៅនៅប្រទេសជឿនលឿនដូចជាបារាំង និងជប៉ុនដែលក្រុមវេជ្ជបណ្ឌិតយើងខ្ញុំបានទៅសិក្សានិងបណ្តុះបណ្តាលបន្តនៅទីនោះ ហើយមានសុវត្ថិភាពតាមកម្រិតស្តង់ដារអន្តរជាតិផងដែរ។»  រក្សាសិទ្ធិដោយ ៖ គ្លីនិកអេគីប Tel: 017 55 33 17 /070 55 33 17/066 55 33 17 ការសម្ភាសផ្ទាល់នឹងមកដល់ក្នុងពេលឆាប់ៗនេះ... Video interview will be coming soon...

Share

ជំងឺរលាកថ្លើមប្រភេទEជាជំងឺមួយប្រភេទដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ។ វាមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។ និយមន័យ ជំងឺរលាកថ្លើមប្រភេទ E ជាជំងឺដែលបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទE ដែលវីរុសនេះត្រូវបានគេចែកចេញជា៤ប្រភេទ ឬពូជ(Genotypes)ទៅតាមពូជសាសន៍និងតំបន់នីមួយៗ៖ • ពូជ(Genotype)ទី១ ៖ មានច្រើននៅតំបន់ត្រូពិច ដូចជាអាស៊ី និងអាហ្រ្វិច • ពូជ (Genotype)ទី២ ៖ មាននៅប្រទេស Kenya និង Nigeria ជាដើម • ពូជ (Genotype)ទី៣ ៖ ស្ទើរតែកើតមានពាសពេញពិភពលោក • ពូជ (Genotype)ទី៤ ៖ មិនទាន់អាចកត់សម្គាល់ទីតាំងជាក់នៅឡើយទេ។ ពូជទី១ និងទី២ត្រូវបានគេសងេ្កតឃើញថាវាអាចបង្កជាជំងឺរលាកថ្លើមនៅលើខ្លួនមនុស្ស ហើយមានការចម្លងពាសពេញផ្ទៃប្រទេសទៅលើប្រទេសកំពុងអភិវឌ្ឍដោយសារកង្វះអនាម័យ រីឯពូជទី៣និងទី៤វិញ វាបង្កជាជំងឺនៅលើទាំងខ្លួនមនុស្ស និងសត្វ ជាពិសេសកើតលើសត្វជ្រូក ហើយវាមិនមែនកើតមាននៅតែប្រទេសកំពុងអភិវឌ្ឍនោះទេ វាក៏ត្រូវបានរកឃើញនៅប្រទេសជឿនលឿនផងដែរ។ រយៈពេលនៃការបង្កជំងឺក៏បានបែងចែកជំងឺនេះជា២ទម្រង់ផ្សេងគ្នាផងដែរ គឺរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ ប៉ុន្តែជាទូទៅការរលាកថ្លើមស្រួចស្រាវតែងជួបប្រទះជាញឹកញាប់ក្នុងជំងឺរលាកថ្លើមប្រភេទ E បន្ទាប់មកវានឹងជាទៅវិញដោយឯកឯង។ ដោយឡែក ជំងឺរលាកថ្លើមប្រភេទ E រ៉ាំរ៉ៃ ឃើញមានចំពោះតែបុគ្គលណាដែលមានប្រពន័្ធភាពស៊ាំចុះខ្សោយប៉ុណ្ណោះ តួយ៉ាងចំពោះអ្នកជំងឺដែលបានធ្វើការដាំសរីរាង្គដូចជាថ្លើម បេះដូង តម្រងនោម ឬ ខួរឆ្អឹង ជាដើម។ ការចម្លងរោគ ការចម្លងជំងឺនេះ ត្រូវបានគេហៅថា “Orofecal” ពោលគឺចម្លងពីចំណីអាហារដូចជា៖ • បរិភោគទឹកមិនស្អាត • បរិភោគសាច់សត្វដោយពុំបានចម្អិនឲ្យឆ្អិនល្អ គួរបញ្ជាក់ផងដែរថា វីរុសនេះមិនអាចធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ឬការរស់នៅជាមួយគ្នានោះទេ។      ការចេញរោគសញ្ញា ពុំមានឃើញនូវរោគសញ្ញាជាក់លាក់ណាមួយដែលបញ្ជាក់ថាជាជំងឺរលាកថ្លើមប្រភេទEប្រាកដទេ។ ក្នុងអំឡុងពេល២ទៅ៧សប្ដាហ៍បន្ទាប់ពីឆ្លងរួចអ្នកជំងឺភាគច្រើនពុំមានចេញនូវរោគសញ្ញាអ្វីទាំងអស់ ឬអាចនិយាយថាមានសុខភាពធម្មតា ព្រោះវាជារយៈពេលសម្ងំរបស់វីរុសដែលគេហៅថា ”Incubation period”។ បន្ទាប់ពីនោះទើបយើងឃើញមានចេញនូវរោគសញ្ញាមួយចំនួនដូចការឆ្លងវីរុសធម្មតាដូចជា ក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំង ស្រកទម្ងន់ដែលអាចច្រឡំទៅនឹងជំងឺផ្ដាសាយ។ ក្រៅពីនេះអ្នកជំងឺក៏អាចលេចចេញនូវរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើម ដោយមានការឈឺចាប់នៅចំទីតាំងនៃថ្លើម (ក្រោមឆ្អឹងជំនីរស្ដាំ) កើតលឿងលើស្បែក ភ្នែក ហើយទឹកនោមមានពណ៌លឿងខុសធម្មតានិងលាមកមានពណ៌ស្លេកខុសធម្មតាដែលជាហេតុនាំឲ្យយើងមានការសង្ស័យឈានទៅរកការធ្វើរោគវិនិច្ឆ័យទៅលើជំងឺរលាកថ្លើមប្រភេទE។ ការធ្វើរោគវិនិច្ឆ័យ បន្ទាប់ពីមានលេចឡើងនូវរោគសញ្ញាខាងលើ ត្រូវធ្វើការសាកសួរពីរបបអាហារក្នុងមួយរយៈពេលខ្លីចុងក្រោយដែលវាជាកត្តាចម្លងដ៏សំខាន់ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាក់លាក់គឺត្រូវពឹងផ្អែកទៅលើការធ្វើតេស្តឈាមរកអង្គបដិបក្ខវីរុសរលាកថ្លើមប្រភេទ E (anti-HEV, Ig M) និង PCR តេស្ត។ ការព្យាបាល និងវិធីបង្ការ ចំពោះតែអ្នកជំងឺដែលបានធ្វើការផ្លាស់ប្ដូរ ឬផ្សាំសរីរាង្គ ត្រូវព្យាបាលដោយថ្នាំគ្រាប់ Ribavirin  ឬថ្នាំចាក់Interferon។ ចំពោះអ្នកជំងឺដែលមានសុខភាពធម្មតាយើងត្រូវធ្វើការព្យាបាលទៅតាមរោគសញ្ញា និងធ្វើការណែនាំអ្នកជំងឺផឹកទឹកឲ្យបានច្រើន បរិភោគឲ្យបានគ្រប់គ្រាន់ និងចៀសវាងការផឹកស្រា ឬថ្នាំណាដែលនាំឲ្យមានការខូចខាតនូវកោសិកាថ្លើម។   ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវបង្ការការចម្លងជំងឺនេះដោយរស់នៅឲ្យមានអនាម័យខ្ពស់ ឬធ្វើការចាក់ថ្នាំបង្ការតែម្ដង។ បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល

Share

មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។ ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្កឲ្យមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកម្រិតតធម្មតានៃតម្រូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលឲ្យមានការលើសជាតិអាស៊ីតក្នុងក្រពះ វិបត្តិនៃការរំលាយអាហារ ជំងឺរលាកសាច់ក្រពះរាំរ៉ៃ ជំងឺដំបៅក្រពះ និង ជំងឺមហារីកក្រពះផងដែរ ។  ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជំងឺក្រពះឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជំងឺ ដើម្បីការពារការវិវត្តរាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហាក្រពះបាន ។ គ)  រោគសញ្ញា និង ផលវិបាកដែលអាចកើតមាននៅលើអ្នកជំងឺដែលមានផ្ទុកមេរោគ ក្រពះនេះមានដូចជា ៖    + វិបត្តិនៃការរំលាយអាហារ    + រលាកក្រពះ រាំរៃ និង មិនជាដាច់ក្រោយការព្យាបាល    + ដំបៅក្រពះរាំរៃ ហើយអាចបង្កការហូរធ្លាក់ឈាមពីប្រដាប់រំលាយអាហារ    + ការបាត់បង់ និង ខ្វះគ្រាប់ឈាមក្រហម    + ដុំមហារីកក្នុង ក្រពះ ។ល។ ឃ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:     + ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយៈ Fibroscopie gastrique (Anapath),     + ធ្វើការវិភាគសាច់ក្រពះតាមរយៈ Test rapide à l'Uréase    + ធ្វើការពិនិត្យលាមក (Stool Antigen test)    + វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13 និង C14)     + ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។ ង) ការព្យាបាល សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ។ ***** គួរកត់សម្គាល់ដែរថា ការសំលាប់មេរោគក្រពះ បានជោគជ័យអាចកាត់បន្ថយអត្រាប្រឈម និង ជំងឺមហារីកក្រពះបានប្រមាណជា 40% យ៉ាងងាយស្រួល ។

Share

សំណួរ៖ នាងខ្ញុំ អាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។  រាល់ពេលខ្ញុំបាយរួច មិនដឹងថាយ៉ាងម៉េចទេ ចេះតែត្អើកអត់ឈប់ ទោះជាខ្ញុំខំផឹកទឹកច្រើនយ៉ាងណាក៏ដោយ ក៏មិនបាត់សោះ។ តើខ្ញុំកើតជំងឺអីដែរ? ចម្លើយ៖ ត្អើក អាចជាបញ្ហាធម្មជាតិ ឬជំងឺ។ ករណីធម្មជាតិ វាអាចកើតឡើងដោយសារតែការបរិភោគអាហារលឿនពេក ឬអាហារដែលហិលពេក ការផឹកស្រា បញ្ហាប្រព័ន្ធប្រសាទ (ជំងឺស្រ្តូកចំពោះមនុស្សចាស់ ឬអ្នកគ្រោះថ្នាក់ចរាចរ) ឬបញ្ហាផ្លូវចិត្ត។ ឯតើ្អកដោយសារជំងឺវិញ វាអាចបណ្តាលមកពីជំងឺនៅនឹងក្រពះ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

មហារីកថ្លើមជាមហារីកដែលកើតមានច្រើនជាងគេនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់និងជាប់ចំណាត់ថ្នាក់ទី២លើការសម្លាប់ជីវិតប្រជាជនក្នុងប្រទេសនៃសមាគមនេះ។ ក្នុងនោះផងដែរប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់ទី១ជាប្រទេសដែលមានកើតករណីជំងឺមហារីកថ្លើមច្រើនជាងគេលើបុរស។ តាមការសិក្សាមួយបានឲ្យដឹងថាក្រាបនៃអ្នកជំងឺមហារីកថ្លើមឡើងខ្ពស់ជាងគេនៅត្រង់ចំណុចអាយុ៥៣ឆ្នាំចំពោះប្រទេសកម្ពុជា។ លើសពីនេះទៀតនោះជំងឺនេះមិនមែនកើតតែលើមនុស្សចាស់នោះទេ មន្ទីរពេទ្យក្នុងប្រទេសយើងបានជួបករណីជំងឺនេះលើអ្នកជំងឺដែលមានអាយុទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។ ដោយហេតុថាជំងឺនេះមានកើតច្រើនក្នុងប្រទេសយើង ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវចំណេះដឹងស្តីពីជំងឺមួយនេះតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិតឯកទេស អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតនិងជាគ្រូពេទ្យជំនាញផ្នែកមហារីកដំបូងគេរបស់ប្រទេសកម្ពុជាបន្ទាប់ពីសម័យសង្គ្រាមត្រូវបានបញ្ចប់។ និយមន័យ ថ្លើមគឺជាសរីរាង្គសំខាន់នៅក្រោមឆ្អឹងជំនីខាងស្តាំនិងមានតួនាទីសំខាន់ជាងសរីរាង្គផ្សេងទៀតព្រោះរាល់មេតាបូលីសការសំយោគទាំងឡាយរបស់ចំណីអាហារសារធាតុទាំងអស់ដែលអ្នកហូបចូលរួមទាំងជាតិពុលផ្សេងៗត្រូវរងមេតាលីសនៅនឹងថ្លើមទាំងអស់មុននឹងត្រូវបានចែកចាយតាមឈាមទៅកាន់សរីរាង្គផ្សេងៗ។ ឯជំងឺមហារីកវិញមិនមែនជាជំងឺដែលកើតឡើងដោយសារមេរោគអ្វីនោះទេតែវាជាកោសិកាមិនធម្មតាដែលបំលែងមកពីកោសិកាធម្មតាហើយវាមានជីវិតអមតៈខុសពីកោសិកាធម្មតាថែមទាំងមានមុខងារឈ្លានពានសរីរាង្គសំខាន់ៗទាំងអស់ឲ្យខូចមុខងារ និងបង្កើតជាមុខងារមួយសម្លាប់យើងវិញ។ ដូចនេះហើយជំងឺមហារីកថើ្លមជាមហារីកដែលកើតលើថ្លើមដោយកោសិកាថើ្លមផ្លាស់ប្តូរហ្សែនរបស់វាហើយវិវឌ្ឍខុសធម្មតានិងមិនបំពេញមុខងារទ្រទ្រង់ជីវិតរបស់មនុស្សតែបែរជាបំផ្លាញជីវិតមនុស្សវិញ។ មូលហេតុបង្ក មូលហេតុនៃជំងឺមហារីកថ្លើមតាមការសិក្សាមួយបានបង្ហាញថាក្នុងចំណោមអ្នកជំងឺមហារីកថ្លើមក្នុងប្រទេសកម្ពុជាចំនួន ៥៥៣នាក់ដែលទទួលការព្យាបាលពីខែ ឧសភា ឆ្នាំ២០១៣ ដល់ខែឧសភា ឆ្នាំ២០១៥ មាន៤៤% មានមេរោគរលាកថ្លើមប្រភេទបេ និង៤៣%មានមេរោគរលាកថ្លើមប្រភេទសេ។ យ៉ាងណាមិញកត្តាដែលជំរុញឲ្យកើតជំងឺមហារីកថ្លើមនេះ មាន៤គឺ៖ •    ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) •    ជំងឺរលាកថ្លើមប្រភេទសេ (Hepatitis C) •    ការសេពគ្រឿងស្រវឹង៖ក្នុងមួយថ្ងៃប្រជាជនកម្ពុជាផឹកស្រាបៀរ ១លានលីត្រ។ •    ប៉ាស៊ីត (Opisthorchis viverrini, Schistosoma mekongi) ក្នុងទឹកទន្លេមេគង្គនៅតំបន់កាពីនិងស្ទឹងត្រែងដែលចូលតាមចន្លោះម្រាមជើង និងផ្សិតមួយប្រភេទទៀត(Beta aflatoxins) ដែលមាននៅក្នុងជ្រក់ក្តិបត្រសក់ជ្រក់មមាញទឹកហ៊ូយូ។ រោគសញ្ញា រោគសញ្ញាដែលបង្កឡើងដោយជំងឺមហារីកថ្លើមរោគសញ្ញាចម្បងនៃជំងឺមហារីកថ្លើមមានដូចជាទាចទឹកចុកពោះ និងចេញលឿង។ ឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានហូបអាហារ មានអារម្មណ៍ច្អល់ៗ ចង់ក្អួត សម្រាន្តមិនលក់ ស្រកទម្ងន់ ហើយអាចក្អួតចេញឈាមថែមទៀតដោយសារតែបែកសរសៃឈាមនៅបំពង់អាហារ។ ជាទូទៅ ជំងឺមហារីកថ្លើមចែកចេញជាពីរគឺជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិការថ្លើមផ្ទាល់ (Hepatocellular carcinoma) មានរហូតដល់៩២% និងជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់ដែលមានត្រឹមតែ៨%ប៉ុណ្ណោះ។ ជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិកាថ្លើមផ្ទាល់ឲ្យរោគសញ្ញា ៨០% ជាទាចទឹកឬ/និងចុកពោះ និង២០%ទៀតគឺលឿងភ្នែក ស្រកទម្ងន់ មិនចង់ញ៉ាំអាហារជាដើម។ ចំណែកជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់វិញ ៧០% ឲ្យលឿងភ្នែកដូចរមៀត និងរមាស់ស្បែកហើយគ្រូពេទ្យរកាឃើញមានចាល់ទឹកប្រម៉ាត់ក្នុងថ្លើម និងមានដុំសាច់។ វិធីព្យាបាល ការព្យាបាលជំងឺមហារីកថ្លើមជំងឺនេះមិនអាចព្យាបាលជាទេតែអាចពន្យឺតការវិវឌ្ឍរបស់វាបាន។ អ្នកជំងឺមហារីកថ្លើមអាចស្លាប់ដោយសារជំងឺមហារីកនេះ ឬក៏ជំងឺក្រិនថ្លើម។  ដូចនេះគ្រូពេទ្យត្រូវវាយតម្លៃលើកម្រិតនៃមហារីករបស់គាត់ និងកម្រិតនៃការក្រិនថ្លើមរបស់គាត់។ ការព្យាបាលក៏បូកបញ្ចូលទាំងការគាំទ្រលើផ្លូវចិត្តរបស់គាត់ដើម្បីឲ្យគុណភាពជីវិតរបស់អ្នកជំងឺក្នុងដំណាក់កាលចុងក្រោយបានល្អឡើងក្នុងគោលបំណងបន្ថយការឈឺចាប់ និងបង្កើនការហូបអាហាររបស់គាត់។ សរុបមក ការព្យាបាលជំងឺនេះមានគោលបំណងពីរគឺទី១ ពន្យាជីវិតរបស់អ្នកជំងឺឲ្យបានយូរជាងនេះ ឬទី២បង្កើនគុណភាពជីវិតរបស់គាត់ក្នុងគ្រាចុងក្រោយនៃជីវិត។ ការព្យាបាលជំងឺនេះមិនផ្អែកលើការព្យាបាលដោយការចាក់ថ្នាំគីមីប្រើរលកសំឡេងបាញ់បំបែកដុំនៅនឹងថ្លើម ឬការវះកាត់យកដុំនោះចេញទេ។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺមានតែការប្រើប្រាស់ថ្នាំតែមួយមុខគត់។ ឱសថដែលយកមកប្រើប្រាស់ក្នុង •    ជួរទី១គឺ Nexavar® (Sorafenib) និងឱសថ •    ជួរទី២គឺ Stivarga® (Regorafenib) ដែលសុទ្ធតែជាប្រភេទថ្នាំលេប។ ក្រៅពីនេះមានការព្យាបាលដោយការលើកទឹកចិត្តអ្នកជំងឺ (Supportive Care)ដើម្បីឲ្យពួកគាត់អាចសម្រាន្តបានលក់ស្រួល  និងហូបអាហារបានច្រើន។ វិធីបង្ការ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីវិធីបង្ការជំងឺមួយនេះ។ ដើម្បីបង្ការជំងឺនេះបានគឺអ្នកត្រូវចៀសវាងពីមូលហេតុទាំងបួនខាងលើគឺ៖ •ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេតាំងពីក្មេង។ •ត្រូវការពារខ្លួនពីជំងឺរលាកថ្លើមប្រភេទសេដោយជំងឺនេះអាចឆ្លងតាមរបៀបដូចនឹងជំងឺអេដស៍ដែរហើយត្រូវព្យាបាលជំងឺនេះឲ្យបានទាន់ពេលប្រសិនបើអ្នកមានជំងឺមួយនេះ • ត្រូវបញ្ឈប់ ឬបន្ថយការផឹកគ្រឿងស្រវឹង •ត្រូវការពារជើងរបស់អ្នកដោយពាក់ស្បែកជើងកវែងនៅពេលលេងទឹកនៅតំបន់ដែលមានប៉ារាស៊ីតបង្កជំងឺ និងត្រូវចៀសវាងការហូបអាហារដែលបង្កជំងឺនេះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពត។ រាល់ព្រឹក ពេលខ្ញុំដុសធ្មេញ ខ្ញុំតែងតែមានអារម្មណ៍ចង់ក្អួតជានិច្ច ហើយអាការៈនេះកើតមានប្រមាណ ៦ខែ។ តើនេះជាបញ្ហាអ្វីដែរ? ចម្លើយ ៖ ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

សំណួរ៖ នាងខ្ញុំអាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។ រាល់ពេលជិតដល់ម៉ោងបាយម្តងៗ ខ្ញុំចេះតែក្រហាយត្រង់ចុងដង្ហើម តែពេលបានញ៉ាំបាយរួចស្រាប់តែបាត់ទៅវិញ។ តើនេះមកពីមូលហេតុអ្វីដែរ?ហើយត្រូវព្យាបាលដូចម្តេចដែរ? ចម្លើយ៖ ចំពោះករណីរបស់ប្អូន គេហៅថាការឈឺដោយសារឃ្លាន (painful hunger) ដែលវាជាសញ្ញាទាក់ទងនឹងក្រពះ។ វាអាចបណ្តាលមកពីជំងឺរលាកក្រពះ ដំបៅក្រពះឬក្រពះខ្សោយ។ វាអាចបាត់ទៅវិញនៅពេលប្អូនបរិភោគអាហារ ឬអាចបាត់ពេលប្អូនប្រើថ្នាំក្រពះប្រភេទកញ្ចប់សម្រាប់បឺត នោះបញ្ជាក់ច្បាស់ថាប្អូនមានបញ្ហាក្រពះហើយ។ ហេតុដូចនេះហើយ ចូរប្អូនមកជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះនិងព្យាបាល។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

Share

សំណួរ៖ ខ្ញុំបាទអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១។ ខ្ញុំឧស្សាហ៍ទល់លាមកណាស់។ ពេលខ្លះខ្ញុំមិនអាចបន្ទោរបង់ដល់ទៅ៤ថ្ងៃជាប់គ្នា បន្ទាប់មកទៅជារាកវិញ។ តើនេះជាបញ្ហាអ្វីដែរ? តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ ករណីនេះ គ្រូពេទ្យត្រូវការដឹងថា បញ្ហារបស់ប្អូនកើតមានពីពេលណា ហើយសភាពលាមករបស់ប្អូនដូចម្តេចដែរ។ តើវារឹង ទន់ មានសំបោរឬឈាមទេ ពេលបន្ទោរបង់មានការឈឺចាប់នៅបាតឬអត់ ព្រោះថាការក្របន្ទោរបង់ អាចបណ្តាលមកពីលាមករឹងពេក ឬមានដំបៅនៅនឹងបាត ឬមានជំងឺផ្សេងៗនៅបាត ឬក៏អាចដោយសារតែប្អូនអង្គុយយូរដោយមិនសូវបានដើរ។ បញ្ហាទល់លាមកនេះ គេចែកជាពីរក្រុម គឺក្រុមមនុស្សចាស់ និងក្មេង។ បញ្ហាដែលចោទឡើងខ្លាំងគឺលើក្រុមមនុស្សចាស់។ តែប្អូនគួរតែមកជួបនឹងគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យអាចរកមើលពីសញ្ញាប្រកាសអាសន្នដូចជា ស្លេកស្លាំង ស្គមខុសប្រក្រតី លាមកមានឈាមឬសំបោរ ឬមានគ្រួសារធ្លាប់សម្រាន្តពេទ្យដោយសារជំងឺមហារីកពោះវៀន និងគ្រូពេទ្យអាចធ្វើការពិនិត្យមើលសភាពបាតរបស់ប្អូនថាតើមានដុំសាច់ឬដំបៅនៅនឹងបាតឬអត់។ មួយវិញទៀត បើជាករណីទល់លាមកដោយសារចំណីអាហារ ខ្ញុំសូមណែនាំឲ្យប្អូនបរិភោគបន្លែឲ្យបានច្រើន ផឹកទឹកច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំគឺការដើរឲ្យបានញាប់ឬរត់។

Share

ជំងឺច្រាលទឹកអាស៊ីតក្រពះ ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើតមានច្រើនណាស់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ តាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត និងបានបញ្ចប់ការសិក្សាជំនាញក្រពះពោះវៀននៅប្រទេសបារាំង ថា«សព្វថ្ងៃនេះ មានអ្នកជំងឺដែលមានបញ្ហាច្រាលទឹកអាស៊ីតក្រពះនេះ មកជួបពិគ្រោះជំងឺ និងទទួលការព្យាបាលជារៀងរាល់ថ្ងៃ»។ ដូចនេះហើយ ហេលស៍ថាម នឹងនាំមកជូនមិត្តអ្នកអាននូវចំណេះដឹងថ្មីស្តីអំពី «ជំងឺច្រាលទឹកអាស៊ីតក្រពះ» ក្រោមការបកស្រាយដោយលោកសាស្រ្តាចារ្យផ្ទាល់... លក្ខណៈទូទៅ ជំងឺច្រាលទឹកអាស៊ីតក្រពះអាចកើតមានជាករណីធម្មតាដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ទៅ៧ដងក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ទៅ៧ដងក្នុងមួយថ្ងៃ។ រោគសញ្ញា -ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេស ដូចជាភើជូដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក -រោគសញ្ញាមិនពិសេសមានដូចជា ឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក មានស្លេស្មច្រើននៅបំពង់ក ឈឺបំពង់ក ក្អក និងដំបៅមាត់។ ការធ្វើរោគវិនិច្ឆ័យ -ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាពិសេស តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជា ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។ -ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនពិសេសវិញ ការឆ្លុះក្រពះត្រូវធ្វើដោយផ្អែកលើកត្តាអាយុ (លើសពី៤០ឆ្នាំ) ប្រវត្តិគ្រួសារមានអ្នកកើតបញ្ហាក្រពះពោះវៀន ពិសាស្រា ឬអ្នកជំងឺស្រកទម្ងន់ខុសធម្មតា។ ការព្យាបាល ទាក់ទងទៅនឹងការព្យាបាល មាន២យ៉ាងគឺ ៖ អ្នកជំងឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ៖ -គ្រូពេទ្យនឹងឲ្យអ្នកជំងឺដែលធាត់បញ្ចុះទម្ងន់របស់គាត់ ព្រោះកត្តាធាត់ជាការជម្រុញឲ្យកើតបញ្ហាច្រាលអាស៊ីតនេះដែរ -ត្រូវបរិភោគទាំងអាហារ និងទឹកតិចនៅពេលយប់ហើយ -ត្រូវពិសាអាហារពេលល្ងាចឲ្យបាន៤ម៉ោងមុនពេលចូលគេង -បរិភោគសាច់តិច តែបន្លែ និងផ្លែឈើច្រើន -បញ្ឈប់ការពិសាស្រា និងបារី ព្រមទាំងកាត់បន្ថយកាហ្វេ -ចៀសវាងការប្រើថ្នាំមួយចំនួនដែលឲ្យអាស៊ីតក្រពះកើនឡើង ដូចជាថ្នាំលើសឈាម (ស្នើរឲ្យគ្រូពេទ្យគាត់ប្តូរថ្នាំ) និងថ្នាំវីយ៉ាក្រាជាដើម -ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីចៀសវាងការឡើងទម្ងន់ ជាពិសេសដុះពោះ -ចំពោះទម្លាប់នៃការគេង គ្រូពេទ្យស្នើសុំឲ្យអ្នកជំងឺកល់ជើងគ្រែ ដើម្បីលើកក្បាលដំណេកគាត់ឲ្យខ្ពស់ដល់ ៣០ ស.ម.។ ការប្រើប្រាស់ថ្នាំ៖ សម្រាប់ការព្យាបាលដោយថ្នាំវិញ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបន្សាបជាតិអាស៊ីត រយៈពេល២ខែ ឬយូរជាងនេះទៅតាមស្ថានភាពរបស់អ្នកជំងឺ។ យ៉ាងណាមិញ ការព្យាបាលជំងឺនេះ មិនអាចព្យាបាលឲ្យជានោះទេ តែគ្រូពេទ្យអាចព្យាបាលឲ្យបាត់នូវរោគសញ្ញាដែលលេចឡើង ដើម្បីមិនឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ ដូចនេះ ការព្យាបាលអាចនឹងមានពេលយូរ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំរយៈពេលយូរបែបនេះ អាចនឹងប៉ះពាល់អ្នកជំងឺមួយចំនួនដូចជា បើអ្នកជំងឺមានមេរោគនៅក្នុងក្រពះ នោះពួកគាត់ត្រូវធ្វើការព្យាបាលមេរោគនេះសិន ទើបប្រសើរ។ ជាចុងក្រោយ លោកសាស្រ្តាចារ្យសូមផ្តែផ្តាំដល់មិត្តអ្នកអានទាំងអស់ថា រាល់បញ្ហាទាំងអស់ដែលកើតមានចំពោះសុខភាព លោកអ្នកគួរតែមកស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះការឆាប់មកទទួលការព្យាបាល នោះការចំណាយធនធានក៏តិចផងដែរ ហើយងាយនឹងការពារពីការកើតឡើងវិញ និងពីផលវិបាកផ្សេងៗ តួយ៉ាងដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជាពិសេសជំងឺច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើលោកអ្នកអាចធ្វើបានតាមវិធីបង្ការដែលបានរៀបរាប់ខាងលើ នោះការប្រឈមទៅនឹងជំងឺនេះនឹងត្រូវបានកាត់បន្ថយដល់ទៅ ៩០%។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ។ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ សញ្ញារោគដូច្នេះក្រៅពីបញ្ហាក្រពះវាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជា ផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង។ ដូចនេះហើយ មានតែគ្រូពេទ្យទេដែលអាចវិភាគបែងចែករោគទាំងនេះបាន។ យើងខ្ញុំសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្ត្រាចារ្យ តាន់ តេកស្រេង លើប្រធានបទជំងឺក្រពះ។ •ឈឺក្រពះ និយាយពីបញ្ហាក្រពះចំពោះគ្រូពេទ្យអាការៈនេះពុំសំដៅលើជំងឺអ្វីមួយរបស់ក្រពះឡើយ។ •រលាកក្រពះ រលាកក្រពះមានន័យថាស្រទាប់ភ្នាស (the mucosa  lining) មានរលាក (inflammation) ហើយមូលហេតុរបស់វាមានច្រើនដែលគ្រូពេទ្យគឺជាអ្នកត្រូវស្រាវជ្រាវរក។ •ដំបៅក្រពះ ដំបៅក្រពះ (ulcer) បង្ហាញខ្លួនដូចដំបៅ។ Helicobacter pylori (Hp) ក៏ជាមូលហេតុបង្កដំបៅនេះដែរក្នុងអត្រាមួយខ្ពស់។ មូលហេតុចម្បងមួយទៀត គឺការប្រើថ្នាំឈឺសន្លាក់ប្រភេទ AINS។ ក្រៅពីនោះមានស្រា បារី។ល។ Hp ត្រូវបានគេសិក្សា និងស្គាល់ច្រើនជាងប្រភេទមីក្រុបផ្សេងៗទៀត។ វានៅតែក្នុងក្រពះទេហើយវាឲ្យរលាកក្រពះតាមបែបផែនដោយឡែកមួយដែលយូរទៅអាចបង្កដំបៅ(ulcer) ឫឈានដល់មហារីកតែម្តង ដោយសារវាបញ្ចេញជាតិពុលម៉្យាង។ រលាកក្រពះដោយសារ Hp និងមូលហេតុផ្សេងទៀតអាចដឹងបានដោយការច្រិបស្រទាប់ភ្នាសក្រពះយកទៅវិភាគ។ •មហារីកក្រពះ គ្រូពេទ្យត្រូវគិតដល់ជំងឺនេះមុនជំងឺផ្សេងៗទៀត ព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ តើមហារីកក្រពះបណ្តាលពីអ្វី? មកដល់សព្វថ្ងៃនេះគេនៅមិនទាន់ច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺមួយនេះប៉ុន្តែក្នុងចំណោមមូលហេតុច្រើនដែលគេសង្ស័យហើយមានអំណះអំណាងរឹងមាំជាងគេនោះ គឺការមានវត្តមានមេរោគឈ្មោះ helicobacter  pylori (Hp) ក្នុងក្រពះ។ Hp គ្រាន់តែជាមីក្រុបមួយប្រភេទប៉ុណ្ណោះរបស់ក្រុមមីក្រុប Helicobacter។ សព្វថ្ងៃគេរកឃើញមានរហូតដល់ជាង ៣០ ប្រភេទនៃក្រុមមីក្រុបនេះដែលគេឲ្យឈ្មោះថាNPHS (Non Pylori Helicobacter Species)។ វាបោះទីតាំងរស់នៅខុសៗគ្នាក្នុងខ្លួនមនុស្សខ្លះនៅពោះវៀនតូច-ធំ ផ្លូវប្រម៉ាត់ ឬថ្លើម ។ល។ បច្ចុប្បន្ន គេកំពុងសិក្សារកបែបបទបង្ករោគរបស់ពួកវាទាំងនេះ។ ក្នុងន័យទប់ស្កាត់ការពារមហារីកក្រពះគ្រូពេទ្យឯកទេសផ្នែកផ្លូវអាហារគ្រប់ប្រទេសសំណូមពរធ្វើការសុងឆ្លុះក្រពះ(gastroscopy) ព្រោះចំណេញច្រើនចំណុច គឺ៖ •    បានឃើញរូបភាពស្រទាប់ភ្នាសក្រពះផ្ទាល់។ •    បានយកសាច់ភ្នាសក្រពះទៅវិភាគរកមេរោគHp ផង និងសិក្សាពីភាពធ្ងន់ស្រាលនៃរលាកផង។ •    បានឃើញផ្ទាល់នូវចលនាលឿន ឫយឺតនៃបំពង់អាហារ ឫវត្តមានទឹកប្រម៉ាត់នៅក្នុងក្រពះ។ (ឧទា. ច្រាលទឹកប្រម៉ាត់)។   កត់ចំណាំ៖ កុំប្រើឱសថ១ចំនួនពិសេសប្រភេទថ្នាំផ្សះមុនពេលឆ្លុះសុងព្រោះធ្វើបែបនេះអាចបិទបាំងនិងធ្វើឲ្យពិបាករក Hp។ ជាចុងក្រោយលោកសាស្ត្រចារ្យក៏បានផ្តាំផ្ញើផងដែរថា ប្រជាជនគួរបញ្ឈប់ទម្លាប់អវិជ្ជមានដែលប្រើប្រាស់ឱសថមុនឆ្លុះសុងដូចជាអ្នកខ្លះកំពុងលេបថ្នាំហើយពេលទៅលេងបរទេសក៏ឆ្លៀតឆ្លុះសុង។ ការធ្វើបែបនេះនាំឲ្យខាតថវិកាដោយសារលទ្ធផល ដែលទទួលបានមិនពេញលក្ខណ:បច្ចេកទេសហើយ ពេលនៅឈឺទៀតធ្វើឲ្យគ្រូពេទ្យលំបាកនឹងសម្រេចថាធ្វើការឆ្លុះសុងម្តងទៀតឬយ៉ាងណា។ ម្យ៉ាងទៀត សូមកុំរួញរាក្នុងការឆ្លុះសុងក្រពះបើអ្នកមានអាយុលើសពី៤៥ ឆ្នាំ។ បកស្រាយដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យ ថ្លើម ក្រពះ ពោះវៀន កម្ពុជា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

Share

១. នាងខ្ញុំឈ្មោះ ស.ស.ណ អាយុ៤៥ឆ្នាំ ទម្ងន់៧៦គីឡូក្រាម កម្ពស់១ម៉ែត្រ៤៨។ សព្វថ្ងៃ ខ្ញុំជាកសិករ។ ខ្ញុំធ្លាប់មានបញ្ហាភ្នែកឡើងលឿង ហើមជើង ទឹកនោមពណ៌លឿង និងក្តៅខ្លួនស្ទីងៗ។ សញ្ញាទាំងនេះបានបាត់ទៅវិញ ក្រោយពេលខ្ញុំប្រើប្រាស់ថ្នាំលេប។ ខ្ញុំចង់ដឹងថា ប្រសិនប្រើខ្ញុំប្រើថ្នាំពេទ្យបានជាង១ឆ្នាំ ហើយប្តូរទៅប្រើថ្នាំខ្មែរវិញបានទេ? វេជ្ជបណ្ឌិត សុខ ហ៊ាង៖ ការប្រើប្រាស់ថ្នាំបុរាណជំនួសឲ្យថ្នាំពេទ្យ គឺមិនត្រូវបានណែនាំទេតាមបែបវិទ្យាសាស្ត្រ។ ម្យ៉ាងទៀត ការព្យាបាលដោយថ្នាំពេទ្យនេះទៀតសោត គឺត្រូវបន្តរហូតដល់អ្នកជំងឺមានប្រព័ន្ធការពារខ្លួនពីជំងឺនេះទើបអាចឈប់បាន។ ២. ខ្ញុំបាទឈ្មោះ ង.ស.ស អាយុ៦០ឆ្នាំ ទម្ងន់៤៩គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥ ហើយខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមានរោគសញ្ញាស្បែកលឿង ភ្នែកលឿង   កន្ទួលរមាស់ខ្មៅ      ហត់    បត់ជើងតូចតិច  និង ហើមខ្លួន។ ខ្ញុំចង់ដឹងថាតើរោគសញ្ញានេះទាក់ទងនឹងបញ្ហាថ្លើមទេ? ហើយក្មួយស្រីរបស់ខ្ញុំឥលូវ ពោះរីកធំ និងស្រកទម្ងន់រហូត តើអាចទាក់ទងនឹងបញ្ហាថ្លើមនេះដែរឬទេ? លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា៖ តាមរយៈរោគសញ្ញាស្បែកលឿង ភ្នែកលឿង ដែលបានរៀបរាប់ខាងលើ គឺអាចសន្និដ្ឋានថាជាជំងឺទាក់ទងនឹងបញ្ហាថ្លើម រលាកថ្លើម បញ្ហាក្រិនថ្លើម ក្នុងនោះក៏អាចទាក់ទងនឹងក្រួសក្នុងថង់ទឹកប្រមាត់ កាលណាវាស្ទះផ្លូវទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់ហូរចេញមិនបាន។ ម៉្យាងទៀត លោកជាមនុស្សចាស់ អញ្ចឹងវាក៏អាចជាមហារីកលំពែង ឬមហារីកនៅផ្លូវទឹកប្រមាត់ ព្រោះជាមូលហេតុមួយនៃបញ្ហាស្ទះថង់ទឹកប្រមាត់ដែរ។ មួយវិញទៀត អាការៈក្តៅខ្លួនអាចបង្ហាញថាជាបញ្ហានៃបង្ករោគនៅក្នុងឈាម។ ចំពោះក្មួយស្រីរបស់លោកដែលមានពោះរីកធំនោះហើយស្រកទម្ងន់ទៀត កាលណាពោះតឹងធំត្រូវរកឲ្យឃើញថាតើធំដោយសារខ្យល់ ឬដោយសារទឹក។ ដំណោះស្រាយដ៏ល្អបំផុត គួរទៅជួបគ្រូពេទ្យ ដើម្បីឲ្យប្រាកដថាជាជំងឺណាមួយ ព្រោះថាករណីគាត់មានអាយុក្រោម៤០ឆ្នាំ ហើយពោះចេះតែធំទៅៗ វាក៏អាចមានបញ្ហាលើការស្ទះពោះវៀន និង បញ្ហាស្បូនដែរ។ ៣. ខ្ញុំបាទឈ្មោះ ភ.ឃ អាយុ៥២ឆ្នាំ ទម្ងន់៦៥គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥។ ខ្ញុំជាអ្នកលក់ដូរ។ ខ្ញុំធ្លាប់ពិនិត្យឃើញថាមានមេរោគថ្លើមប្រភេទB ហើយក៏បានរាប់មេរោគដែរ។ គ្រូពេទ្យបានឲ្យខ្ញុំប្រើថ្នាំសម្លាប់មេរោគ ក្រោយមកក៏ពិនិត្យម្តងទៀត គាត់ថាមេរោគខ្ញុំថយអស់ហើយ តែឲ្យខ្ញុំបន្តប្រើថ្នាំនោះរយៈពេល១ឆ្នាំទៀត។ ខ្ញុំបានបញ្ឈប់ការប្រើប្រាស់ថ្នាំប្រហែល២ឆ្នាំហើយ។ ខ្ញុំចង់ដឹងថា តើមេរោគខ្ញុំអាចកើនឡើងទៀតទេ? ហើយខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតទេ? លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ៖ មុននឹងសម្រេចចិត្តព្យាបាលជំងឺរលាកថ្លើមប្រភេទB ត្រូវដឹងថាថ្លើមខូចខាតដល់កម្រិតណា។បើថ្លើមខូចខាត លើសកម្រិតទីមួយ ដែលមានមេរោគយ៉ាងតិចលើសពី១០០០០copies ហើយលើសពី កម្រិតទីពីរ គឺមានការរលាកលើសពីមួយដង ដែលរលាកជាងធម្មតា( ឬហៅថាជាតិពុលឡើង)។ បើលោកចូលដល់កម្រិតនេះហើយ គឺលោកត្រូវលេបថ្នាំមួយជីវិត។ ករណីខ្លះ ក្រោយពេលឈប់ប្រើថ្នាំ ក្នុងចំណោមអ្នកជំងឺ១០០នាក់ មាន៦០ ទៅ៦៥នាក់ ជំងឺនេះអាចរើឡើងវិញ។ ដូចនេះ លោកគួរតែត្រឡប់ទៅរកគ្រូពេទ្យវិញ ព្រោះក្នុងករណីនេះ បើថ្លើមរបស់លោកមិនទាន់ក្រិន ឬក្រិនដំបូងៗ ថ្លើមរបស់គាត់អាចមានសំណាងនៅល្អ។ ផ្ទុយមកវិញ ក្នុងករណីថ្លើមបានក្រិនដំបូងដោយគ្មានរោគសញ្ញា ហើយលោកឈប់រយៈពេលពីរឆ្នាំ ដូចនេះ ជំងឺរបស់លោកអាចរើមកវិញ ហើយអ្វីដែលគួរឲ្យភ័យបារម្ភនោះគឺវាអាចឈានទៅដល់មហារីកថ្លើមបាន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top