-
Aug 16, 2019
|
-
5 years ago
|
-
5K views
តើកាហ្វេជាភេសជ្ជៈដែលអ្នកចូលចិត្តមែនឬ? បើមែនមានដំណឹងល្អសម្រាប់អ្នក។ ដោយហេតុថាកាហ្វេមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយអាចជួយបង្កើនសុខភាព ពិសេសសុខភាពរបស់កោសិកាថ្លើម និងបន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៦ របស់កាហ្វេដែលត្រូវបានបញ្ជាក់នៅក្នុងការសិក្សាខាងក្រោម៖
1. អត្ថប្រយោជន៍ទៅលើសុខភាពរបស់ថ្លើម
ថ្លើមគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលនាំមកនូវមុខងារសំខាន់រាប់រយនៅក្នុងខ្លួន។ យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេគឺល្អប្រសើរចំពោះសុខភាពថ្លើម ដោយហេតុថាកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួនពាក់ព័ន្ធនឹងថ្លើមដូចជាជំងឺមហារីកថ្លើម ជំងឺក្រិនថ្លើម ពិសេសទៀតនោះវាជួយទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើមបានផងដែរ។ បើយោងតាមការសិក្សារបស់អាមេរិកទៅលើប្រជាជន ១ ភាគ៣នៃប្រជាជនទាំងអស់ បានបង្ហាញថាកាហ្វេអាចជួយកាត់បន្ថយជំងឺខ្លាញ់រុំថ្លើម និងខួរក្បាលដល់ទៅ ៤៤ភាគរយឯណោះ។ ដូច្នោះដើម្បីទទួលបានសុខភាពថ្លើមឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។
2. ជួយបង្ការពីជំងឺវង្វេង
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថាសមាសធាតុកាហ្វេអុីនដែលមានក្នុងកាហ្វេអាចជួយបង្កើតអង់ស៊ីមម៉្យាងដែលជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានការសិក្សាមួយកាលពីឆ្នាំ២០១៦ បានធ្វើទៅលើស្រ្តីជាង ៦ពាន់នាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅដោយសបញ្ជាក់ថា ការទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺភ្លេចភ្លាំងបានដល់ទៅ ៣៦ភាគរយ។ ដូច្នោះដើម្បីទទួលបានផលប្រយោជន៍ពីកាហ្វេអ្នកត្រូវទទួលទានកាហ្វេពី ២ទៅ៣ពែងក្នុងមួយថ្ងៃ។
3. ប្រឆាំងនឹងជំងឺមហារីក
ដូចដែលអ្នកបានដឹងខ្លះៗហើយពីអត្ថប្រយោជន៍របស់កាហ្វេ។ ពេលនេះរឹតតែពិសេសទៅទៀតវាអាចប្រឆាំង និងទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីក។ បើយោងតាមអង្គការសុខភាពពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៦ បានបង្ហាញថាកាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺមហារីកដូចជាមហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃកើតជំងឺឡើងវិញបានផងដែរ។
4. ធ្វើឲ្យមានអាយុវែង
អ្នកប្រាកដជាមិនចង់ជឿទេថាកាហ្វេពិតជាអាចឲ្យអ្នកអាយុវែងបាន។ ពិតណាស់! ដោយមានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលទទួលទានកាហ្វេ ៤ ទៅ ៦ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១០ភាគរយ រីឯស្រ្តីអាចថយចុះដល់ទៅ ១៥ភាគរយ។ លើសពីនេះវាក៏អាចបង្ការការកើតជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងនឹងការរលាកបានផងដែរ។
5. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យគុណភាពជីវិតធ្លាក់ចុះ។ វាជារឿងដែលមិនគួរឲ្យជឿដែលប្រហែល ៤.១ភាគរយនៃប្រជាជនអាមេរិកបច្ចុប្បន្នកំពុងជួបវិបត្តិនៃជំងឺធ្លាក់ទឹកចិត្ត។ នៅក្នុងការសិក្សារបស់សាកលវិទ្យាល័យ Harvard ដែលបានចេញផ្សាយក្នុងឆ្នាំ២០១១ ថាស្ត្រីដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃអាចមានការថយចុះហានិភ័យនៃការធ្លាក់ទឹកចិត្តដល់ទៅ ២០ភាគរយ។ ជាក់ស្តែង ការសិក្សាមួយផ្សេងទៀតជាមួយមនុស្សប្រហែល ២ពាន់នាក់បានរកឃើញថាប្រសិនបើអ្នកដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃគឺទំនងជាមិនប្រឈមនឹងការធ្វើអត្តឃាតដល់ទៅ ៥៣ភាគរយ។
6. បង្កើនចំណង់ផ្លូវភេទ
អ្នកពិតជាមានចម្ងល់មែនទេ? វាជាការពិតណាស់ដោយមានការសិក្សាស្រាវជ្រាវមួយបានសបញ្ជាក់ឲ្យឃើញថាបុរសដែលបានទទួលទានកាហ្វេពី ២ ទៅ៣ពែងក្នុងមួយថ្ងៃអាចបង្កើនផ្លូវភេទបានដល់ទៅ ៤២ភាគរយឯណោះ។ ស្របពេលនេះផងដែរ កាហ្វេក៏អាចជួយទប់ស្កាត់ការឡើងទម្ងន់ បញ្ចៀសបញ្ហាលើសសម្ពាធឈាម ពិសេសជួយបង្ការការស្លាប់លិង្គរបស់បុរសបានផងដែរ។
គួរឲ្យកត់សម្គាល់ផងដែរប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពទៅលើសុខភាពថ្លើមក៏ដូចជារាងកាយឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការញុំាអាហារ និងធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share