Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សេចក្តីជូនដំណឹងថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ Medi Well Pharma គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយកំពុងចែកចាយឱសថឈ្មោះ CEFIXIM 100 (Cefixime 100mg Power for Oral Suspension) បិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។ អាស្រ័យដូចបានជម្រាមខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលមានវិធានការដូចតទៅ៖ ភ្នាក់ងារត្រួតពិនិត្យឱសថត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានស្វែងរកម្ចាស់ក្រុមហ៊ុនខុសច្បាប់ខាងលើមកផ្តន្ទាទោសស្របតាមច្បាប់ និងប្រមូលឱសថឈ្មោះ Cefixim 100 មកកម្ទេចចោល និងត្រូវបញ្ឈប់ការចែកចាយ ប្រើប្រាស់ និងលក់ឱសថឈ្មោះ Cefixim 100 នេះជាបន្តទៀត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញមានជនណាកំពុងចែកចាយ និងតាំងលក់ឱសថខុសច្បាប់ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ១២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាមួយសន្ទុះនៃការកើនឡើងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងនូវភាពជឿនលឿន ទំនើប និងស្ដង់ដារទៅលើវិធីសាស្រ្តថែទាំ និងព្យាបាលសម្រាប់ប្រជាជនក្នុងយុគសម័យបច្ចុប្បន្ននេះ។ ជាក់ស្ដែង SGMC គឺជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរីថ្មីមួយដែលមានទីតាំងនៅចំបេះដូងនៃរាជធានី ស្ថិតនៅជាន់ទី 3A នៃផ្សារទំនើប Bridge Mall។ ទន្ទឹមនឹងការលេចរូបរាងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តថ្មីនេះ SGMC ក៏បាននាំយកកិច្ចពិភាក្សាអប់រំស្ដីពី “ដឹងពីសុខភាពរបស់លោកអ្នក” ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១០:៤៥ នាទីព្រឹក ដល់ ២:៣០ នាទីរសៀល និងត្រូវបានចាត់ចែងដោយ DrMap មកពីប្រទេសសឹង្ហបុរីផ្ទាល់។  សម្រាប់កិច្ចពិភាក្សានេះមានការចូលរួមដោយវេជ្ជបណ្ឌិតមកពីសឹង្ហបុរី ថៃ និងកម្ពុជា ដែលបានមកធ្វើបទបង្ហាញយ៉ាងពិស្ដារអំពី សុខភាពប្រព័ន្ធរំលាយអាហារ និងសារសំខាន់នៃការសុងពោះវៀនធំ ដោយ Dr. Jonathan Foo ព្រមទាំងមានកិច្ចពិភាក្សាវាគ្មិនស្តីពី សុខុមាលភាពគ្រប់ជ្រុងជ្រោយ និងហេតុអ្វីវាសំខាន់ ដឹកនាំសម្របសម្រួលដោយ Mr. Anthony Jude Tan អគ្គនាយកនៃ DrMap Singapore និងវេជ្ជបណ្ឌិតវាគ្មិន Dr. Terence Tan; Dr. Veasna Mean; Dr Setheka Yin និងDr. Nuchtarat Srelertros។ លោក Anthony បានបញ្ជាក់ថា “ចក្ខុវិស័យរបស់ SGMC គឺចូលរួមចំណែកទៅនឹងកំណើន និងការអប់រំថែទាំសុខភាពប្រជាជន ដូច្នេះហើយបានជា SGMC ជាមួយនឹងគណៈគ្រប់គ្រង DrMap តែងតែរៀបចំកិច្ចពិភាក្សាអប់រំបែបនេះជាញឹកញយ”។ ចំណែក Dr. Jonathan Foo ដែលជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំមកពីសឹង្ហបុរីក៏បានពន្យល់ដោយសង្កត់ធ្ងន់ទៅលើ “អត្ថប្រយោជន៍នៃការត្រួតពិនិត្យដោយសុងពោះវៀនធំឲ្យបានទៀងទាត់ ដោយវាអាចជួយឲ្យយើងដឹងអំពីវត្តមានជំងឺមហារីកពោះវៀនធំ ក៏ដូចជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធភាពនៃការបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលដល់អ្នកជំងឺឲ្យបានទាន់ពេលវេលា”។ ហើយសម្រាប់វគ្គពិភាក្សាវាគ្មិននាពេលរសៀលក៏បានផ្ដោតសំខាន់លើអភិក្រមសុខុមាលភាពគ្រប់ជ្រុងជ្រោយ និងតួនាទីរបស់អភិក្រមនេះនៅក្នុងការបង្ការថែទាំសុខភាព និងស្ដារសុខភាពឲ្យរឹងមាំឡើងវិញដែលចូលរួមពីសំណាក់វេជ្ជបណ្ឌិតប្រចាំការក្នុងស្រុករបស់ SGMC ពីររូបក៏ដូចជាវេជ្ជបណ្ឌិតអញ្ជើញមកពីប្រទេសសឹង្ហបុរី និងប្រទេសថៃទៀតផង។  គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) មានគោលបំណងរៀបចំកិច្ចពិភាក្សាបែបនេះបន្ថែមទៀតនៅពេលមជ្ឈមណ្ឌលបើកទ្វារជាវេទិកាសហគមន៍ដូចជាការរៀបចំនៅតាមសាលារៀនជាដើម។ SGMC ចង់ផ្ដល់សេចក្ដីសង្ឃឹមដល់សហគមន៍តាមរយៈធ្វើខ្លួនឲ្យក្លាយជាអ្នកផ្ដល់សេវាថែទាំសុខភាពមួយឈានមុខគេនៅកម្ពុជា ដោយអនុវត្តស្ដង់ដារថែទាំវេជ្ជសាស្រ្តដ៏ល្អបំផុតរបស់សឹង្ហបុរីជាមួយនឹងអ្នកជំនាញ។  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទិវាលើកកម្ពស់សុខភាព Healthtime Festival បានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលហៅកាត់ថា CKCC ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជនដែលជាយុវជនវ័យក្មេងជាពិសេសចូលរួមជាលក្ខណៈគ្រួសារ ដែលនេះសរបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាយើងបានងាកមកចាប់អារម្មណ៍លើការថែទាំសុខភាពរបស់ខ្លួនដូចដែលពាក្យថា "ការពារប្រសើរជាងព្យាបាល"។ សាធារណជនដែលបានចូលរួមក្នុងវេទិការបស់យើងបានទទួលនូវការពិនិត្យសុខភាពបឋមរបស់ខ្លួនរួមជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយនិងរាក់ទាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យនិងគ្លីនិកជាដៃគូចំនួន ៦ ដែលមានឯកទេសផ្សេងៗគ្នា ដូចជាមន្ទីរពេទ្យពហុព្យាបាលជាតិខេមានិងគ្លីនិកខេមា បានផ្តល់នូវការពិនិត្យបឋមនិងប្រឹក្សាទូទៅលើបញ្ហាសុខភាពជាមួយនឹងការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេសលើការថតចង្វាក់បេះដូង ការថ្លឹងដង់ស៊ីតេឆ្អឹង ការពិនិត្យជាតិខ្លាញ់ក្នុងខ្លួនជាដើម  មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានផ្តល់នូវការប្រឹក្សាលើបញ្ហាមាត់ធ្មេញ ព្រមទាំងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើសេវាកម្មលាងធ្មេញ និងធ្វើឲ្យធ្មេញសនៅមន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យភ្នែកដុកទ័រ គង់ពិសិដ្ឋ បានផ្តល់នូវការពិនិត្យឌឺក្រេភ្នែកនិងបាតភ្នែក មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមបានផ្តល់នូវការពិនិត្យជាតិស្ករក្នុងឈាមរួមជាមួយនឹងការប្រឹក្សាស្តីពីបញ្ហាទឹកនោមផ្អែមនិងការការពារ គ្លីនិកឯកទេសអេគីបបានផ្តល់នូវការប្រឹក្សាយោបល់ស្តីពីបញ្ហាក្រពះពោះវៀននិងការផ្តល់ជូនតម្លៃពិសេសលើការធ្វើតេស្តរកមេរោគក្នុងក្រពះ និងគ្លីនិកសើស្បែកប៊ីស៊ី បានផ្តល់នូវការធ្វើតេស្តផ្ទៃមុខរួមជាមួយនឹងការប្រឹក្សាពីបញ្ហាស្បែកមុខនិងការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០%ចំពោះសេវាកម្មមួយចំនួនដែលតម្រូវឲ្យធ្វើនៅគ្លីនិកផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមរបស់យើងក៏បានក្រេបជញ្ជក់យកនូវចំណេះដឹងល្អៗសម្រាប់សុខភាពពីសំណាក់វាគ្មិនដែលជាវេជ្ជបណ្ឌិតឯកទេសល្បីឈ្មោះស្តីពីជំងឺកាចសាហាវនៅកម្ពុជា ដូចជាជំងឺមហារីកក្រពះពោះវៀនបកស្រាយដោយ លោកវេជ្ជបណ្ឌិត លី គីមឈុន ឯកទេសផ្នេកក្រពះ ពោះវៀន ថ្លើមនិងឫសដូងបាតនៃគ្លីនិកឯកទេសអេគីប ជំងឺគ្រុនឈាមបកស្រាយដោយ លោកវេជ្ជបណ្ឌិត មិញ ចាន់ភក្តី នៃមន្ទីរពហុព្យាបាលជាតិខេមា និងគ្លីនិកខេមា បញ្ហាតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបកស្រាយដោយ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែមនៃមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមសរសៃបាតភ្នែកបកស្រាយដោយ លោកវេជ្ជបណ្ឌិត សេង សិរី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែក ដុកទ័រគង់ ពិសិដ្ឋ។ ទិវាលើកកម្ពស់សុខភាព នេះប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូដែលជាអ្នកឧបត្ថម្ភធំរបស់យើងគឺ ក្រុមហ៊ុន Prudential Cambodia និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន សហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុន Mega Wecare ក្រុមហ៊ុន Brain Scan ក្រុមហ៊ុន Cocane ក្រុមហ៊ុន VIPASSA ក្រុមហ៊ុន Grab ក្រុមហ៊ុនអរុណរស្មី អង្គការ Helen Keller និងអង្គការ Japan Heart។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មានគម្រោងទៅណាទេថ្ងៃអាទិត្យនេះ? បើមិនទាន់ដឹងត្រូវទៅណាទេ នាំគ្រួសារឬមិត្តភក្តិមក CKCC មក ចូលរួម ទិវាលើកកម្ពស់សុខភាព Healthtime Festival ដែលរៀបចំឡើងដោយក្រុមហ៊ុន ហេលស៍ថាម ទាំងអស់គ្នាណា ព្រោះបានទាំងសប្បាយ បានទាំងចំណេះ បានទាំងសុខភាពល្អទៀត។ រកណាមាន? ក្រៅពីសិក្ខាសាលាដែលពោរពេញដោយប្រធានបទល្អៗ និងគួរឲ្យចាប់អារម្មណ៍ពីសំណាក់វាគ្មិនល្បីៗរបស់យើងហើយនោះ លោកអ្នកក៏អាចរីករាយជាមួយនឹងសកម្មភាពនៅតាមស្តង់ពិពណ៌នៅក្នុងទិវានេះផងដែរ ដូចជាការលេងហ្គេមសប្បាយៗជាមួយនឹងការឈ្នះរង្វាន់អនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសផ្សេងៗទៀតពីក្រុមហ៊ុន Grab ការផ្តល់ជូនការបញ្ចុះតម្លៃ ៥០%លើកញ្ចប់ Pre-Scan ពីក្រុមហ៊ុន Brain Scan ការធ្វើតេស្តកម្រិតចងចាំរបស់អ្នកពីក្រុមហ៊ុន Mega ផ្តល់នូវសៀវភៅស្តីពីអាហារូបត្ថម្ភជាពីអង្គការ Hellen Keller និងការផ្តល់ជូនជាច្រើនទៀតពីដៃគូដទៃទៀតរបស់យើងដូចជាក្រុមហ៊ុន Prudential ផលិតផល Co-Plaster ផលិតផល Coxil ផលិតផល One Q Gummy ក្រុមហ៊ុន Cocane ក្រុមហ៊ុន VIPASSA ក្រុមហ៊ុន Khmer Organic។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានផងដែរនូវការបញ្ចុះតម្លៃពិសេសលើកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេសពីសំណាក់គ្លីនិកជាដៃគូ ដូចជា គ្លីនិកឯកទេសអេគីប បញ្ចុះតម្លៃលើការពិនិត្យរកមេរោគក្នុងក្រពះ គ្លីនិកសើស្បែកប៊ីស៊ី ផ្តល់ជូនតម្លៃពិសេសលើការម៉ាស្សា និងព្យាបាលផ្ទៃមុខ មន្ទីរពហុព្យាបាលជាតិខេមានិងគ្លីនិកខេមាផ្តល់ជូនកញ្ចប់ពិនិត្យពិសេសត្រឹមតែ១៥ដុល្លារ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ផ្តល់ជូនបណ្ណបញ្ចុះតម្លៃ ១០%ចំពោះសេវាកម្មសម្អាតធ្មេញនិងធ្វើឲ្យធ្មេញសនៅមន្ទីរពេទ្យផ្ទាល់ រួមជាមួយនឹងការផ្តល់ជូនផ្សេងៗទៀតពីមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម។ កុំភ្លេចចូលរួមទាំងអស់គ្នាណា! បើមិនបានចូលរួម ស្តាយស្លាប់ហើយបើការផ្តល់ជូនច្រើនអីច្រើនយ៉ាងនេះនោះ! តោះ! លើកទូរស័ព្ទហើយហៅមកកាន់លេខ 0៧៧ ៨៨៨ ០៧៥ ដើម្បីកក់សំបុត្រជាមុនទាន់មានតម្លៃពិសេសណា។ ជួបគ្នាថ្ងៃអាទិត្យ ទី២១ កក្កដា ឆ្នាំ២០១៩នេះ នៅសាលពហុបំណងរបស់ CKCC ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដើម្បីសុខភាពយើង និងគ្រួសារយើង។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់អគ្គនាយកគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឿងសម្អាងព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ ក្រសួងសុខាភិបាលនឹងអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញចាប់ពីខែសីហា ឆ្នាំ២០១៩ នេះតទៅ។ ការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ (Online) នេះមានគោលបំណង៖  • ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាពនៃការចុះទិដ្ឋាការ បញ្ជិកា និងប្រវេទន៍  • បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវាជូនអតិថិជន  • ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេលា  • កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អតិថិជន  • គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាព  • អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។ ម៉្យាងទៀត ក្រសួងសុខាភិបាលនឹងអនុវត្តប្រើប្រព័ន្ធ QR Code នៅលើប្រអប់ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងដែលប្រព័ន្ធនេះធានាបាននូវព័ត៌មានជាក់លាក់របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ជិកា ឬប្រវេទន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដែលនាំចូល និងចែកចាយ ហើយប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក៏ដូចជាអ្នកប្រើប្រាស់អាចតាមដាននូវផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ឬក្លែងបន្លំ ឬគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រព័ន្ធ QR Code ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយវិស័យឯកជនបន្ថែម និងកំណត់ពេលវេលាជាក់លាក់សម្រាប់អនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកណាមិនចង់បានសុខភាពល្អ? ចម្លើយគឺគ្មានទេ។ មានតែអ្នកចង់បានសុខភាពល្អព្រោះវាជាកត្តាចម្បងមួយដែលនាំគ្រប់គ្នាទៅកាន់សុខសុភមង្គលក្នុងគ្រួសារទាំងមូល។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានអ្នកដឹងថាតើដើម្បីទទួលបានសុខភាពល្អ ត្រូវធ្វើអ្វីខ្លះ? ឬដឹងត្រឹមថាផឹកស្អាត ហូបស្អាត និងរស់នៅស្អាតគឺគ្រប់គ្រាន់ហើយ? តែតើផឹកយ៉ាងម៉េចទើបគេហៅថាផឹកស្អាត? ហូបបែបណាទើបគេហៅថាហូបស្អាត? ហើយរស់នៅដូចម្តេចទើបគេហៅថារស់នៅស្អាតនោះ?  ចង់ដឹងចម្លើយទាំងនេះណាស់មែនទេ? តោះៗ! ទៅ CKCC នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩នេះ ហេលស៍ថាមនឹងស្រាយចម្ងល់ទាំងនេះជូនអ្នកទាំងអស់គ្នាពេញមួយថ្ងៃតែម្តងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥រសៀល ក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival។ តែឥលូវមកយល់ត្រួសៗថាទិវានេះគេធ្វើអីខ្លះសិនណា... ទិវាលើកកម្ពស់សុខភាព Healthtime Festival របស់ក្រុមហ៊ុន Healthtime Corporation ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងបណ្តុះនូវធាតុផ្សំចម្បងនៃជីវិតប្រកបដោយភាពរីករាយ និងសុខភាពល្អ តាមរយៈការរស់នៅប្រកបដោយសុខភាពល្អ ការវិនិច្ឆ័យរោគបានក្នុងដំណាក់កាលដំបូងៗនិងការទទួលបាននូវចំណេះដឹងត្រឹមត្រូវស្តីពីសុខភាពជូនដល់សាធារណជនជាពិសេសអ្នកដែលមានអាយុចន្លោះពី ២០ ទៅ៣៥ឆ្នាំដែលសុទ្ធសឹងតែជាយុវជនពេញកម្លាំងក្នុងការអភិវឌ្ឍសង្គម។  ចូលរួមក្នុងទិវាលើកកម្ពស់សុខភាព Healthtime Festival លោកអ្នកនឹងរីករាយជាមួយនឹងសកម្មភាពសប្បាយជាច្រើនដែលរៀបចំឡើងដោយក្រុមការងាររបស់យើងរួមជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតទៅលើសុខភាពរបស់លោកអ្នក ដូចជា៖ • ការហាត់យោគៈជាមួយគ្រូជំនាញល្បីឈ្មោះពី Angkor Yoga • ការពិគ្រោះ និងពិនិត្យសុខភាពជាមួយគ្លីនិកកំពូលៗនៅកម្ពុជា ដូចជាគ្លីនិកឯកទេសអេគីប គ្លីនិកស្បែកប៊ីស៊ីជាដើម • តេស្តឧបនិស្ស័យ និងអត្តចរិតរបស់អ្នកជាមួយ Brain Scan Test • កម្មវិធីពង្រឹងសុខភាពផ្លូវចិត្ត ដោយលោក នឹម ឈុន្នី សហស្ថាបនិក ក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA • ការចែករំលែកពីការថែទាំសុខភាព និងអាហារូបត្ថម្ភ ដោយវាគ្មិនល្បីឈ្មោះ • សិក្ខាសាលាពីជំងឺកាចសាហាវនៅកម្ពុជា និងការពិភាក្សាជាក្រុមជាមួយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេស។ ចាប់អារម្មណ៍ជាមួយសកម្មភាពដែលបានរៀបរាប់មកទេ? ម៉ោះ! ទូរស័ព្ទមកកាន់លេខ ០៧៧ ៨៨៨ ០៧៥ ដើម្បីធ្វើការកក់សំបុត្ររបស់លោកអ្នកជាមុនដើម្បីទទួលបានតម្លៃពិសេស ឬបើមិនទាន់ប្រាកដចិត្ត អាចសួរព័ត៌មានសិនក៏បាន។ អូ! ភ្លេច! ឆាតមកផេក Healthogo by Healthtime ក៏បានដែរណា! ជួបគ្នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ នៅCKCC ណា អ្នកស្រលាញ់សុខភាពទាំងអស់គ្នា! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្នជំងឺគ្រុនឈាមបាននឹងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះជំងឺគ្រុនឈាមហាក់ដូចជាមានការថយចុះនៅតាមបណ្តាលខេត្តចំនួន១១ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនគីរី ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគីរី ហើយខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃវែង និងខេត្តកែបដែលមានស្ថានភាពនៅមិនទាន់កើនឡើងករណីឈឺនេះឡើយ។ ដោយឡែក ក្រសួងសុខាភិបាលបានរកឃើញថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាបានចាប់ផ្តើមកើនឡើងពីដើមខែឧសភារហូតដល់បច្ចុប្បន្នដោយរាយប៉ាយដុំៗតាមភូមិសាស្រ្តនៃរាជធានី ខេត្តនីមួយៗចំនួនករណីសរុប ១៥០០០នាក់ និងស្លាប់ចំនួន២៥នាក់ គិតមកដល់ដើមខែកក្តដាឆ្នាំ២០១៩នេះ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺគ្រុនឈាម ចុះថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះផងដែរ ក្រសូងសុខាភិបាល សូមអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ងាធរគ្រប់លំដាប់ថ្នាក់សូមចូលរួមយ៉ាងសកម្មអនុវត្តវិធានការការពារជំងឺគ្រុនឈាមតាមរយៈការអនុវត្តវិធានការចំនួន ៤ចំណុចរួមមាន៖  • វិធានការទី១៖ ត្រូវកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ជាដើម។ ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតប្រចាំឲ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬត្រូវគ្របគំរបឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងៗទៀតដែលមិនប្រើប្រាស់ទុកចោលដូចជាសំបកកង់ សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងត្រូវកប់ ឬដុតកំទេចចោល ឬដាក់ឲ្យមានរបៀបចៀសវាងការដក់ទឹក។ • វិធានការទី២៖ សំបកកង់ពិសេសំបកកង់ឡាន និងសំបកកង់ម៉ូតូទាំងអស់«សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក»។ ចំពោះ វិធីសាស្រ្តគ្រប់គ្រងសំបកកង់ ដោយសុវត្ថិភាពគ្មានសត្វមូសកកើតគឺត្រូវ៖ ដាក់គរត្រួតលើគ្នាគ្របដោយបន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់ក្រោមដំបូលដើម្បីការពារកុំឲ្យមានដក់ទឹក ដែលបង្កទៅជាប្រភពកកើតនិងជម្រកមូលខ្លា។ • វិធានការទី៣៖ ត្រូវសម្អាតការដា្ឋនសំណង់កុំឲ្យមានកន្លែងទឹកដក់ ដែលជាជម្រកមូសខ្លា និងរក្សាអនាម័យល្អជានិច្ច។ • វិធានការទី៤៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាថែទាំសុខភាពរដ្ឋ ឬសេវាសាធារណៈដែលនៅជិតបំផុតជាបន្ទាន់ (មិនឲ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឲ្យសោះ។ ជំងឺគ្រុនឈាមអាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេលប្រសិនបើមិនទៅទទួលព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា ឬព្យាបាលមិនមានជំនាញវិជ្ជាជីវៈ ឬបើមានប្រើប្រាស់ប្រភេទថ្នាំអាស្ពីរីន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញឱសថឈ្មោះ Ketosteril® tablets គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសូងសុខាភិបាល ហើយដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរូបភាពស្រដៀងនឹងឱសថពិតឈ្មោះ Ketosteril® tablets ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ មេហ្គា ឡាយសាយអិនស៍ ភីធីវ៉ាយ លីមីធីត មានលេខបញ្ជិកា CAM N0477IP-16 ពីក្រសួងសុខាភិបាល។ ក្រសួងក៏បានបង្ហាញនូវរូបភាពឱសថ Ketosteril® tablets ពិត និងឱសថ Ketosteril® tablets ក្លែងក្លាយដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការបែងចែក និងចំណាំឱសថពិតបាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ P.V.B PHARMA គ្មានច្បាប់អនុញ្ញាតពីក្រសួង ហើយកំពុងចែកចាយឱសថចំនួន ៣មុខមានបិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយគឺ៖ ១.Cadinutrivit  ២.Vitamin B1,B6,B12-HV  ៣.HV CALCI-D។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ទិញ និងតាំងលក់ឱសថខុសច្បាប់ទាំង ៣មុខខាងលើសូមផ្តល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២  ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់អំពីករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាថ្មីម្តងទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ ក្នុងករណីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសឲ្យកម្លាំងជំនាញចាត់វិធានការបន្ទាន់។ រាជធានីភ្នំពេញថ្ងៃទី ០២ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានកើតឡើងចំនួនពីរកន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដោយឡែក យោងតាមរយៈលិខិតនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសបញ្ជាឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកទាំងពីរដែលបានចែងក្នុងប្រការ ១ខាងលើ និងអនុលោមតាមមាត្រា១៤ ចំនួន ៣ចំណុច៖ • បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល • ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង ៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន • សិក្សាស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍បញ្ជាក់ផងដែរថាការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវផ្អាកជាបណ្តោះអាសន្ន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ ដូច្នេះ ហាមផ្សព្វផ្សាយព័ត៌មានផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើជនណាប្រព្រឹត្តល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ការអនុញ្ញាតឲ្យចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកឡើងវិញ និងការរំសាយតំបន់ជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវកំណត់ដោយប្រកាសជាថ្មី។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលាក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ដើម្បីលើកទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ លើកកម្ពស់ និងអភិរក្សស៊ីក្លូក្នុងវិស័យទេសចរណ៍ដោយសំដៅការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «អភិរក្សស៊ីក្លូដើម្បីទេសចរណ៍» ដែលប្រារព្ធទៅនាថ្ងៃទី ២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយរៀបចំឡើងនៅសួនច្បារព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាផងដែរ។ នាឱកាសនោះ លោក ថោង ខុន បានថ្លែងក្នុងកម្មពិធីថាស៊ីក្លូមិនត្រឹមតែបានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះពាល់បរិស្ថាន និងអាចបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែវាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តល់បទពិសោធន៍ថ្មីៗនៃទេសចរណ៍ទីក្រុង តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍។ ក្នុងនោះផងដែរ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចំាងពីការលើកទឹកចិត្តគាំទ្រ និងចូលរួមអភិរក្សដល់អ្នកប្រកបរបរស៊ីក្លូ ពិសេសដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្សត្រីចក្រក្រយានកម្ពុជាស៊ីក្លូក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លើសពីនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថាដោយមើលឃើញពីបញ្ហាប្រឈមនេះទើបជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ស៊ីក្លូ និងចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។ គួរបញ្ជាក់ផងដែរថា អ្នកជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៣២ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ២៤ ម៉ឺនរៀល។ ដោយឡែក អ្នកចូលរួមដែលមិនទទួលបានជ័យលាភីក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩  សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA (Cambodia Association of Travel Agents) ជាសមាគមថ្នាក់ជាតិដែលមានវ័យចំណាស់ជាងគេនៅក្នុងការប្រត្តិបត្តិវិស័យទេសចរណ៍ផ្នែកឯកជនក្នុងព្រះរាជាណាចក្រកម្ពុជាជាងពីរទសវត្សរ៍មកនេះ។ បន្ថែមពីនេះ សមាគមមានសេចក្តីសោមនស្សសូមជម្រាបជូនទៅដល់សាធារណជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្ថាប័នជំនាញ និងវិជ្ជាជីវៈ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្តយុត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធក្នុងការជំរុញពង្រីកគោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យទេសចរណ៍ និងទទួលបានព័ត៌មានដែលមានក្នុងបច្ចុប្បន្នភាពនៃទេសចរណ៍។ ជាក់ស្តែង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានសហការជាមួយក្រសួងទេសចរណ៍ និងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលា​ក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិចកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ក្រោមប្រធានបទអភិរក្សស៊ីក្លូដើម្បីទេសចរណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ដល់២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់នៅសួនព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) រាជធានីភ្នំពេញ។ ដោយឡែក នេះជាលើកទី៣ សម្រាប់ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូដែលការប្រណាំងស៊ីក្លូជាលើកចុងក្រោយតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ  ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមបានបង្ហាញថាកាលពីទសវត្សរ៍ទី៩០ចំនួនស៊ីក្លូមានប្រមាណ ១០០០គ្រឿងឯណោះ ក៏ប៉ុន្តែចំនួនស៊ីក្លូនាពេលបច្ចុប្បន្នមានប្រមាណប្រហែល ៣០០គ្រឿងតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីការបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀតបាន។ យ៉ាងណាមិញ ដោយសារការមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងទើបជំរុញឲ្យមានការព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ ពិសេសជួយបង្កើនប្រាក់ចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំទ្រគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងមានឱកាសចូលរួមទស្សនាការប្រណាំងស៊ីក្លូដ៏កម្រដោយមានការចូលរួមប្រកួតប្រជែងស៊ីក្លូប្រមាណ ១៣៦គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមកម្មវិធីនេះអាចទស្សនា និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀតដូចជា ការជិះស៊ីក្លូកម្សាន្តក្នុងបរិវេណសួនព្រះនាងប្រាជ្ញាបរមី ដោយសបញ្ជាក់ការបង្ហាញពីប្រវត្តិ និងរបៀបនៃការបង្កើតស៊ីក្លូ ព្រមជាមួយការលក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនផងដែរ។ លើសពីនេះ ក៏មានការប្រគំតន្ត្រី Acoustic ផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទយ៉ាងពិសេសថែមទៀតផង។ គួរបញ្ជាក់ជាថ្មីម្តងទៀតថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមដោយសេរីក្នុងព្រឹត្កិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្នុងថ្ងៃទី២២ និង២៣ មិថុនានេះ ឲ្យបានច្រើនកុះករ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top