Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ គេបានរកឃើញសារធាតុប្រមាណជា4000ប្រភេទដែលមាននៅក្នុងផ្សែងបារី ហើយសាធាតុមួយចំនួនជាសារធាតុពុល (toxin) និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ (carcinogens)។ ដោយសារការញៀន(depen-dance)ភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ( active smoking) ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល (passive  smoking)នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី.ខាងក្រោមជាការពណ៌នាខ្លីៗអំពីជំងឺផ្លូវដង្ហើមដែលបណ្ដាលពីការជក់បារី ។ -ជំងឺមហារីកសួត ជំងឺមហារីកសួត ជាជំងឺដែលពិបាកទាំងក្នុងការធ្វើរោគវិនិច្ឆ័យទាំងក្នុងការព្យាបាល។អ្នកជក់បារីមានហានិភ័យកើតជំងឺមហារីកសួត ពី15ទៅ30ដងលើសមនុស្សធម្មតា(non smoker) ហើយតាមការសិក្សាបញ្ជាក់ថា90%នៃអ្នកជំងឺមហារីកសួត គឺអ្នកជក់បារី។យ៉ាងណាមិញការឈប់រឺការកាត់បន្ថយការជកបារីអាចកាត់បន្ថយហានិភ័យក្នុងការបង្កឲ្យមានជំងឺមហារីកសួតបាន។ -ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (COPD)​ បារី គឺជាមូលហេតុទី1 ដែលបង្កឲ្យមានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។ នៅក្នុងផ្សែងបារី គេឃើញមានសារធាតុម៉្យាង(Acrolein) ដែលបណ្ដាលឲ្យមានការរលាកទងសួត ហើយការរលាករាំុរ៉ៃនឹងធ្វើឲ្យទងសួតត្បៀតបន្តិចម្ដងបន្តិចម្ដង។ ជាទូទៅ វាអាចស្ដែងចេញជា4 ដំណាក់កាល៖ ដំបូង គឺការក្អកមានកំហាករ៉ាំរ៉ៃ បន្ទាប់មកហត់​ បន្ទាប់មកទៀត គឺជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ​ និងចុងក្រោយឈាន ដល់ការបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា «ការឈប់ជក់បារី​ អាចបន្ថយល្បឿន​ នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជាការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើម​បាន»។ -ជំងឺហឺត(Asthma)​ ត្បិតថាការជក់បារីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឲ្យមានជំងឺហឺត ប៉ុន្តែគេបានសង្កេតឃើញថា អ្នកជំងឺហឺតដែលជាអ្នកជក់បារី ឬជាអ្នកដែលរស់នៅក្បែរអ្នកជក់បារី​ ច្រើនមានវិបត្តិជំងឺហឺត​(Asthma exacerbation)ញឹកញាប់ សញ្ញាគ្លីនិកធ្ងន់ធ្ងរ និងមានការឆ្លើយតបមិនសូវល្អទៅលើការព្យាបាលដោយថ្នាំ។ ក្រៅពីផលប៉ះពាល់ទៅលើប្រពន្ធ័ដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសសៃឈាមបេះដូង​ និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះ បងប្អូនគួរបោះបង់ការជក់បារី និង​ ជៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់​ និងអ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព៕ បកស្រាយដោយ ៖  វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានច្រើនបំផុតចំពោះស្រ្តី។ វាគឺជាជំងឺដែល កោសិកាមហារីកត្រូវបានរកឃើញដំបូងនៅក្នុងជាលិកាសុដន់ និងបន្ទាប់មកទៅកាន់ផ្នែក ផ្សេងៗទៀតនៃរាងកាយ។ មហារីកសុដន់ អាចចាត់ទុកបានថាជាបញ្ហា សកលតាមរយៈទិន្នន័យខាងក្រោម៖ - មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី ១ ដែលកើតមានចំពោះស្រ្តីទូទាំងពិភពលោកក្នុងអត្រា ២៥% (ទិន្នន័យពី GLOBOCAN 2012) - មហារីកសុដន់ជាជំងឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដែលកើតមានលើស្ត្រីកម្ពុជាក្នុងអត្រា ១៥% (ទិន្នន័យពី GLOBOCAN 2012) មហារីកសុដន់ក៏ត្រូវបានដឹងផងដែរថាស្ថិតក្នុងលំដាប់ទី ២ ក្នុងចំណោមមូលហេតុនៃការស្លាប់ របស់ស្ត្រីនាពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ការស្វែងរកនូវសញ្ញាដំបូងនៃមហារីកសុដន់ និង ការចាប់ផ្តើមព្យាបាលឲ្យបានឆាប់រហ័សពិតជាមានសារសំខាន់។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ ឬការត្រួតពិនិត្យសុដន់ដោយខ្លួនឯង (Breast self-examination) គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតដែលអាចជួយស្ត្រីក្នុងការស្វែងរកមហារីកសុដន់នៅដំណាក់កាលដំបូង។ ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជាទៀងទាត់ អាចជួយបង្កើនការប្រុងប្រយ័ត្ន និងធ្វើឲ្យស្ត្រីខ្លួនឯងផ្ទាល់ស្គាល់ពីសភាពនៃដើមទ្រូងរបស់ខ្លួនក៏ដូចជាបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពក្នុងការកត់សម្គាល់ឃើញនូវសញ្ញាមិនប្រក្រតីដំបូងនៃមហារីកសុដន់ដូចជា ដុំពក ឬ lumps (masses) ជាដើម។ ដូចនេះហើយ ស្ត្រីគ្រប់រូបគួរធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែដើម្បីតាមដានរកបំលាស់ប្តូរមិនប្រក្រតីនៃសុដន់របស់ខ្លួនដែលរួមមាន ដូចជា ដុំពកៗ កន្ទួល ឬការហៀរសារធាតុរាវចេញ ពីចុងសុដន់ជាដើម។ គួរឲ្យដឹងផងដែរថា ពេលវេលាល្អបំផុតនៃខែនីមួយៗសម្រាប់ធ្វើស្វ័យត្រួតពិនិត្យលើសុដន់គឺ ក្រោយពីបញ្ចប់ការធ្លាក់ឈាម រដូវប្រចាំខែ ដោយសារនេះជាពេលដែលសុដន់មិនសូវមានភាពរីកធំ ឬតឹងណែន។ សម្រាប់ស្ត្រីដែលស្ថិតនៅវ័យអស់រដូវវិញចាំបាច់គួរតែកំណតពេលវេលាមួយជាក់លាក់ប្រចាំខែសម្រាប់ការត្រួតពិនិត្យនេះ ដើម្បីងាយស្រួលចងចាំ។ ជំហាននៃការធ្វើស្វ័យត្រួតពិនិត្យលើសុដន់៖ * ជំហានទី ១៖ ស្ត្រីត្រូវចាប់ផ្តើមតាមរយៈការមើលសុដន់ខ្លួនឯងនៅក្នុងកញ្ចក់ ដោយដាក់ស្មាឲ្យត្រង់ និងច្រត់ដៃទាំងពីរលើចង្កេះ។ អ្វីដែលស្ត្រីគួរកត់សម្គាល់នៅជំហាននេះគឺ៖ ទំហំ ទម្រង់និងពណ៌នៃសុដន់។  * ជំហានទី ២៖ ស្ត្រីត្រូវលើកដៃទាំងពីរឡើង និងធ្វើការកត់សម្គាល់លើការផ្លាស់ប្តូរដូចជំហាន ទី ១ ដែរ។ ក្រៅពីនោះ ពេលនៅពីមុខកញ្ចក់ ស្ត្រីក៏ត្រូវរកមើលផងដែរនូវសញ្ញានៃការហូរចេញមកក្រៅនៃសារធាតុរាវពីចុងសុដន់ម្ខាង ឬទាំងសងខាង (អាចរាវដូចទឹក ឬទឹកដោះ ឬធាតុរាវពណ៌ លឿង ឬឈាម)។ *  ជំហានទី ៣៖ ស្ត្រីត្រូវស្ទាបសុដន់នៅពេលផ្តេកខ្លួនត្រង់ និងធ្វើការត្រួតពិនិត្យដោយ៖ - ដាក់ដៃស្តាំស្ទាបលើសុដន់ខាងឆ្វេង និងដាក់ដៃឆ្វេងស្ទាបលើសុដន់ខាងស្តាំ - ដាក់ម្រាមដៃឲ្យលាត និងផ្អឹបចូលគ្នា - ស្ទាបតាមចលនាជារង្វង់ទំហំប្រហែល ១/៤ នៃសុដន់ម្ខាងៗ (ចាប់ផ្តើមស្ទាបពីចុងសុដន់)។ * ជំហានទី ៤៖ ស្ត្រីត្រូវស្ទាបសុដន់របស់ខ្លួន នៅពេលដែលឈរ ឬអង្គុយ ដោយប្រើប្រាស់ ចលនាដៃដដែល (ដូចជំហានទី ៣)។ ស្ត្រីជាច្រើនសង្កេតឃើញថាផ្លូវដែលងាយស្រួលជាងគេក្នុងការស្ទាបសុដន់របស់គេគឺនៅពេលស្បែកសើម ឬរអិល។ ដូចនេះ ពួកគេចូលចិត្តអនុវត្ត ជំហាននេះនៅពេលងូតទឹក។  ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ នឹងកាន់តែមានភាពងាយស្រួលដោយការប្រើប្រាស់សម្ភារៈជំនួ យ​ដូចជា បន្ទះAware™ ដែលបង្កើតឡើងមកដោយបន្ទះប្លាស្ទិកចំនួន២ស្រោបសារធាតុរាវ​(ធាតុរំអិល)នៅកណ្តាល។ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងគួរតែត្រូវបានធ្វើឡើងដោយដៃជាមុនសិន និងបន្ទាប់មកទើបធ្វើឡើងជាមួយនឹង បន្ទះ Aware™ តាមជំហាននីមួយៗ (ពី១ដល់៤)។ ដោយសារស្រទាប់ខាងលើនៃបន្ទះAware™អាចរំកិលបានយ៉ាងងាយលើស្រទាប់ខាងក្រោមធ្វើឲ្យការត្រួតពិនិត្យលើសុដន់កាន់តែមានផាសុកភាពឡើង។ បន្ទះ Aware™ អាចបង្កើនការដឹងរបស់អ្នកតាម រយៈការ​ស្ទាប (វាមានអារម្មណ៍ថាដូចជាប្រើសាប៊ូ និងទឹកប៉ុន្តែអ្នកមិនចាំបាច់ត្រូវនៅក្នុងបន្ទប់ងូតទឹកទៀតទេ)ហើយការណែនាំក្នុងការប្រើប្រាស់ពិតជាមានភាពងាយស្រួលក្នុងការធ្វើតាម។ បន្ទះ Aware™ អាចបង្កើនអារម្មណ៍ដឹង និងឱកាសនៅក្នុងការស្ទាបដឹងថាជាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងច្រើនត្រូវបានមើលរំលងនៅពេលធ្វើការពិនិត្យដោយម្រាមដៃទទេ។ដោយឡែកបន្ទះAware™ក៏អាចចាត់ទុកថាជាសម្ភារៈតឿនរំលឹកសម្រាប់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ជារៀងរាល់ខែផងដែរ។ គួរបញ្ជាក់ថា ក្នុងឈុតសម្ភារៈសម្រាប់ធ្វើស្វ័យ ត្រួតពិនិត្យលើសុដន់នេះរួមមានបន្ទះ Aware™និង DVD សម្រាប់ណែនាំ ព្រមទាំងសម្ភារៈអប់រំ ផ្សេងៗទៀត ដែលរួមគ្នាផ្តល់នូវការជឿជាក់ និងភាពធូរស្រាលក្នុងការធ្វើការត្រួតពិនិត្យជារៀងរាល់ខែរបស់ស្ត្រី។ លើសពីនោះ ឈុតសម្ភារៈនេះត្រូវ បានឆ្លងកាត់ការអនុញ្ញាតឲ្យប្រើប្រាស់ពីរដ្ឋបាលនៃចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកទៀតផង។ ទោះបីជាបន្ទះ Aware™ ត្រូវបានប្រើប្រាស់ជា​ ជំនួយដល់ការធ្វើស្វ័យត្រួតពិនិត្យលើសុដន់ក៏ដោយ ក៏មិនមានការលើកឡើងថា រាល់ភាពខុសប្រក្រតីទាំងអស់នៃសុដន់ នឹងត្រូវបានរកឃើញដោយការប្រើប្រាស់សម្ភារៈនេះតែម្យ៉ាងឡើយ។ ផ្ទុយទៅវិញ បន្ទះ Aware™ គួរតែត្រូវបានប្រើប្រាស់ទន្ទឹមនឹងការទៅត្រួតពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតក៏ដូចជាការទទួលការថតសុដន់ជាទៀងទាត់ផងដែរ ដែលជំហានទាំង ៤ នេះ សុទ្ធតែមានសារសំខាន់ ក្នុងការតាមដានរកជំងឺមហារីកសុដន់តាំងពីដំណាក់កាលដំបូង។ ក្នុងករណីដែលអ្នករកឃើញនូវដុំសាច់នៅសុដន់(lumps)ការប្រែប្រួលនៅលើស្បែកការឈឺចាប់នៅតំបន់ណាមួយការហៀរចេញនៃសារធាតុរាវ ឬបញ្ហាផ្សេងៗទៀតនៅអំឡុងពេលត្រួតពិនិត្យសុដន់ដោយខ្លួនឯង អ្នកចាំបាច់ត្រូវទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។សូមចងចាំថាការរកឃើញនូវរោគសញ្ញាតាំងពីដំបូងគឺជាការការពារនៃមហារីកសុដន់ដែលល្អបំផុត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សម្រស់ផ្ទៃមុខជាមួយផ្នែកអាចជាប់ទាក់ទិនជាមួយនឹងសុខភាពមាត់ធ្មេញដូច្នេះទើបការព្យាបាលបែបពត់ធ្មេញកំពុងតែមាប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសនៅអាស៊ីអាគ្នេយ៍ ដោយសាប្រជាជននៅតំបន់នេះមានទំនោរច្រើនទៅលើនិន្នាការនៃសម្រស់ដែលអាចនិយាយបានថាការពត់ធ្មេញជាម៉ូតពេញនិយមមួយ។ បើទោះបីនៅតំបន់អាស៊ីអាគ្នេយ៍ ការយល់ដឹងពីការពត់ធ្មេញមានសភាពយឺតជាង ២០ឆ្នាំពីប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក ឬប្រទេសអង់គ្លេសក៏ដោយ ប៉ុន្តែវិធីសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើនៅតែមានប្រសិទ្ធភាព និងលេចធ្លោដូចគ្នា។ និយមន័យការពត់ធ្មេញ (Orthodontic) ការពត់ធ្មេញជាការព្យាបាលកែប្រែទម្រង់ឆ្អឹងថ្គាមធ្មេញនិងទម្រង់មុខដែលមានបញ្ហាខុសប្លែកពីគ្នាតាមរយៈការប្រើប្រាស់វិធីសាស្រ្តព្យាបាលជាក់លាក់មួយដែលស័ក្ដិសមទៅនឹងអ្នកជំងឺរៀងៗខ្លួន។ តែយ៉ាងណាមិញការពត់ធ្មេញគួរតែធ្វើឡើងដោយសារការណែនាំពីគ្រូពេទ្យជំនាញដោយសារនៅលើទីផ្សារបច្ចុប្បន្នក៏មានផងដែរនូវដង្កៀបពត់ (Brace)​ ក្លែងក្លាយដែលអាចបង្កជាបញ្ហានានាចំពោះសុខភាពមាត់ធ្មេញដោយមិនដឹងខ្លួន។ អ្នកណាស័ក្តិសមនឹងការពត់ធ្មេញ? កាលពី ១០ឆ្នាំមុន ការពត់ធ្មេញមិនអាចធ្វើបានគ្រប់មនុស្សទាំងអស់នៅឡើយ ដោយគេសង្កេតឃើញមានក្រុមមនុស្សក្នុងវ័យតែក្រោម ៣៥ឆ្នាំឬ៤០ឆ្នាំប៉ុណ្ណោះដែលអាចទទួលបានការព្យាបាលនេះ។ ប៉ុន្តែនាយុគសម័យបច្ចុប្បន្ននេះគួបផ្សំជាមួយនឹងការវិវឌ្ឍនៃវិស័យបច្ចេកវិទ្យានិងការរីកចម្រើននៃបច្ចេកទេសនិងការយល់ដឹងរបស់អ្នកជំងឺក្នុងការធ្វើការពត់ធ្មេញអាចអនុវត្តបានចំពោះបុគ្គលគ្រប់វ័យទាំងអស់ ដែលអាចឈានដល់អាយុ ៦០ឆ្នាំ។ ជាទូទៅ ការពត់ធ្មេញមានប្រជាប្រិយភាពបំផុតចំពោះក្រុមយុវវ័យដែលស្ថិតក្នុងវ័យចន្លោះ ១៥ឆ្នាំទៅ៣០ឆ្នាំ តែសម្រាប់វ័យដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការពត់ធ្មេញ គឺស្ថិតក្នុងអាយុចន្លោះពី ៧ឆ្នាំទៅ ១៥ឆ្នាំ។   ប្រភេទការព្យាបាលបែបពត់ធ្មេញ ការព្យាបាលបែបពត់ធ្មេញអាចចែកចេញជាបីប្រភេទដូចជា៖ •ប្រភេទLabial ៖ជាការពត់ធ្មេញតាមរយៈការពាក់សរសៃដែកលើធ្មេញផ្នែកខាងក្រៅដែលសង្កេតឃើញភាគច្រើនតែងត្រូវបានជ្រើសរើសពីសំណាក់យុវវ័យ •ប្រភេទLingual ៖ការប្រើប្រាស់គឺពពួកសរសៃដែកបំពាក់នៅផ្នែកធ្មេញខាងក្នុងដែលមានភាពពេញនិយមចំពោះអ្នកមានវ័យចំណាស់ អាចការពារមិនឲ្យឃើញជាសារធារណៈ •ប្រភេទ Aligner ៖ មានសភាពខុសពីពីរប្រភេទខាងលើ ដោយការពត់គឺប្រើប្រាស់ជាប្រភេទប្លាស្ទិកថ្លាដែលអាចដោះចេញបានប្រែប្រួលតាមកាលៈទេសៈរបស់អ្នកប្រើប្រាស់។ ចំណែកភាពខុសគ្នានៃប្រភេទទាំងនោះ គឺប្រភេទ Labial និង Lingual មានសមត្ថភាពអាចកែប្រែ ព្យាបាលទម្រង់មុខ ឬធ្មេញដែលមានបញ្ហាខ្លាំង ដោយឡែកសម្រាប់ប្រភេទ Alignerអាចធ្វើបានសម្រាប់តែការពត់ធ្មេញឲ្យត្រង់តែមួយមុខតែប៉ុណ្ណោះ។ ជារួមការប្រើប្រាស់ប្រភេទណាមួយនៃការពត់ធ្មេញគឺអាស្រ័យលើការចង់បានរបស់អតិថិជនប៉ុន្តែប្រសិនក្រឡេកមើលភាពពេញនិយមបំផុតនៃការប្រើប្រាស់គឺប្រភេទAlignerដែលវាមានសភាពថ្លាអ្នកដទៃមិនអាចមើលដឹងហើយវាមានភាពបត់បែនអាចដោះចេញបាន។ ដំណើរការនៃការពត់ធ្មេញ ដំណើរការទាំងមូលនៃការពត់ធ្មេញទាមទាររយៈពេល ១ឆ្នាំ កន្លះដែលអាចច្រើន ឬតិចជាងនេះ ហើយវាត្រូវបានចែកចេញជា ៤ដំណាក់កាល៖ •ដំណាក់កាលទី១៖ជាជំហានសម្រាប់ធ្វើការតម្រង់ធ្មេញឲ្យបានត្រង់។ ចំពោះរយៈពេលនៃដំណើរការគឺប្រែប្រួលទៅតាមសភាពមាត់ធ្មេញរបស់អតិថិជន  ប៉ុន្តែភាគច្រើនប្រើពេលដល់ទៅ ៣ខែ និងយ៉ាងយូរបំផុតអាចឈានដល់ ៦ខែ •ដំណាក់កាលទី ២៖ សម្រាប់បិតនូវចន្លោះប្រហោងទាំងអស់នៃធ្មេញ ដែលទាមទាររយៈពេល៨ខែក្នុងការធ្វើ •ដំណាក់កាលទី ៣៖ អាចហៅថាជាដំណាក់កាលបញ្ចប់ដែលទាមទារឲ្យមានការពាក់ Braceហើយត្រូវប្រាកដថាវាត្រូវងាំគ្នាជាមួយធ្មេញ ចំណែកការអនុវត្តទាមទាររយៈពេល ៣ខែ •ដំណាក់កាលទី ៤៖ ជាការពាក់សរសៃដែក ឬប្លាស្ទិកថ្លា (Retainer) ដើម្បីរក្សាទម្រង់ធ្មេញដែលបានព្យាបាលរួចរាល់។ ជាទូទៅ ការពាក់អាចមានរយៈពេល ៣ឆ្នាំទៅ៤ឆ្នាំ ចំណែកក្នុងករណីមួយចំនួនអាចតម្រូវឲ្យអ្នកប្រើប្រាស់ពាក់អស់ពេញមួយជីវិត។ ផលរំខាននៃការពត់ធ្មេញ ជាការពិត ដោយសារតែមានវត្តមានសរសៃដែក ឬប្លាស្ទិកក្នុងមាត់ នោះការឈឺចាប់ ឬផលរំខាននានាពិតជាមិនអាចចៀសផុតបានទេ ជាពិសេសក្នុងដំណាក់កាល ២អាទិត្យដំបូង ដែលបង្កឡើងដោយសារតែសម្ពាធ ធ្វើឲ្យធ្មេញមានចលនាពេលទំពារនាំឲ្យមានការឈឺចាប់។ ប៉ុន្តែបន្ទាប់ពីរយៈពេល ២អាទិត្យដំបូង រាងកាយនឹងចាប់ផ្តើមស៊ាំទៅនឹងការពាក់ ដូច្នេះ ភាពរំខានអាចកាត់បន្ថយទៅតាមនោះដែរ។ ការថែរក្សាបន្ទាប់ពីការពត់ធ្មេញ •ចៀសវាងខាំ ឬទំពារអាហាររឹង ដែលជំនួសមកវិញដោយអាហារទន់ ឬមានជាតិទឹក •សម្អាតធ្មេញជាមួយប្រភេទច្រាសដែលមានប្រសិទ្ធភាពសម្រាប់អ្នកពត់ធ្មេញព្រោះវាអាចដុសបានយ៉ាងល្អទោះបីអ្នកពាក់សរសៃដែកក៏ដោយ •ប្រើសរសៃអំបោះសម្អាតធ្មេញ (Floss) •អ្វីដែលសំខាន់់គឺត្រូវមានការប្រុងប្រយ័ត្ន និងតាមដានជានិច្ច ដោយសារអ្នកមានរបស់ដែលនៅក្នុងមាត់ដែលជាសរសៃដែក ឬ ប្លាស្ទិកនោះ។ អ្នកណាគួរចៀសវាងពីការពត់ធ្មេញ? ការពត់ធ្មេញមិនបង្កជាផលវិបាកឬផលរំខានខ្លាំងក្លាដែលរាំងស្ទះដល់ដំណើរការនៃការធ្វើនោះទេប៉ុន្តែក្នុងលក្ខខណ្ឌខ្លះការពត់ធ្មេញមិនគួរត្រូវបានអនុវត្តលើបុគ្គលមួយចំនួនដូចជា៖ •អ្នកមានឆ្អឹងស្ពោតខ្លាំង •ស្រ្តីក្នុងវ័យអស់រដូវ •ស្រ្តីកំឡុងពេលមានផ្ទៃពោះជាដើម។ ដោយសារការពត់ធ្មេញជាការព្យាបាលដែលទាមទារវិធីសាស្រ្តច្រើនក្នុងការធ្វើពីសំណាក់អ្នកឯកទេសដែលមានគុណភាព និង បទពិសោធន៍ច្បាស់លាស់ទើបអ្នកត្រូវយកចិត្តទុកដាក់ជ្រើសរើសរកមន្ទីរព្យាបាលដែលជាទំនុកចិត្ត ដូចជាមន្ទីរព្យាបាលបស្ចិមដែលយើងផ្តោតសំខាន់បំផុតទៅលើស្តង់ដារនិងគុណភាពជាចម្បងទាំងសេវាកម្មនិងធនធានមនុស្ស។ម៉្យាងវិញទៀត បើទោះបីជាមាត់ធ្មេញរបស់អ្នកមើលទៅ ដូចជាមានសុខភាពល្អវាក៏នៅមានបញ្ហាខ្លះដែលអ្នកមិនបានដឹងទើបការពិនិត្យព្យាបាលជាប្រចាំមិនគួរត្រូវបានមើលរំលងនោះទេដើម្បីចាប់បានបញ្ហាឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖​ ទន្តបណ្ឌិត Adith Venugopal ទន្តបណ្ឌិតឯកទេសផ្នែកពត់ធ្មេញនៅមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ(lipoprotein)ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (fat)និងប្រូតេអ៊ីន (protein)។ និយាយឲ្យងាយយល់ គឺសារធាតុខ្លាញ់(fat)មិនអាចនៅស្មេីសាច់ក្នុងឈាមបានទេ បើមិនមានជាតិប្រូតេអ៊ីន(protein) រុំពទ័្ធពីក្រៅ។ វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។ ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វ ទឹកដោះគោ ស៊ុត ខ្លាញ់សត្វនិងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរ កូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីន ដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។    អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់?  កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprotein (LDL-cholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ ក៏ប៉ុន្តែគុណវិបត្តិរបស់វា គឺវាទៅកកជាប់នៅតាមសរសៃឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(atherosclerosis) និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូង និងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖   • ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង   • ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។ អ្វីទៅជាកូឡេស្តេរ៉ុលល្អ?  កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein (HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសំអាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោសសំអាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។   អ្វីទៅជា ទ្រីគ្លីសេរីដ?  ទ្រីគ្លីសេរីដ (Triglyceride) គឺជាបណ្តុំនៃសារធាតុខ្លាញ់ (fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់ (adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើមនិងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា steatosis ដែលប្រជាជានខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើកម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាមនិងបេះដូងផងដែរ៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង(Diabetes Care Center) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដោយសារតែភាពសម្បូរបែបនៃការរស់នៅបច្ចុប្បន្ន ចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជំងឺនេះទៀតសោត ក៏អាចបណ្តាលឲ្យសរីរាង្គមួយចំនួន ក្នុងនោះសរីរាង្គភ្នែកក៏អាចទទួលរងផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមផងដែរ។វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក  ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ និយមន័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាម ធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗ ជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖ •Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។ •Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។ •Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។ ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុ បញ្ហាភ្នែកដែលកើតលើអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ •កត្តាជាតិស្ករក្នុងឈាម •កត្តាជាតិខ្លាញ់ក្នុងឈាម •កត្តាលើសសម្ពាធឈាម។ អ្នកជំងឺដែលមិនអាចគ្រប់គ្រងកត្តាទាំងបីនេះឲ្យបានល្អទេនោះ ផលវិបាកដែលកើតលើភ្នែកនឹងលេចឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំក្រោយជំងឺទឹកនោមផ្អែម។ តាមការសិក្សា គេបានរកឃើញថាអ្នកជំងឺទឹកនោមផ្អែម ១៨ទៅ២០នាក់ក្នុង១០០ នាក់មានលេចចេញនូវផលវិបាកនៅនឹងភ្នែក។ រោគសញ្ញា ក្នុងកម្រិត Mild NPDR និង Moderate NPDR អ្នកជំងឺមិនមានលេចចេញនូវរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំងឺនឹងចាប់ផ្តើមសម្គាល់ថាមានអាការៈខុសប្រក្រតីនៅពេលខ្លួនឯងឈានដល់ដំណាក់កាល Severe NPDR (Non Proliferative Diabetic Retinopathy)ទៅហើយដូចជា៖ •ស្រវាំងភ្នែក •ឃើញរូបភាពវៀច •អាចមានឈាមនៅនឹងភ្នែក។ រោគវិនិច្ឆ័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ •ការឆ្លុះមើលបាតភ្នែក •Fundus photography ការថតបាតភ្នែកដើម្បីដឹងថាមានសរសៃតូចៗបែកឬអត់ •OCT (Optical coherence tomography) ការស្កែនបាតភ្នែកដើម្បីដឹងថាមានបាតភ្នែកហើម  ឬត្បៀតសរសៃឈាមឬយ៉ាងណា។ ការព្យាបាល •អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់ គឺយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ •ចំពោះអ្នកដែលរកឃើញថាមានផលវិបាកភ្នែកកម្រិត Mild NPDR និង Moderate NPDR ត្រូវពិនិត្យភ្នែកឲ្យបានកាន់តែញឹកញាប់គឺអាច៣ខែទៅ៦ខែម្តង។ •ចំពោះអ្នកមានបញ្ហាកម្រិត Severe NPDR ត្រូវទទួលការព្យាបាលដោយ -ដំបូង បាញ់កាំរស្មី ដើម្បីទប់ការវិវឌ្ឍរបស់បញ្ហាភ្នែក ព្រោះសរសៃឈាមតូចៗនៅភ្នែកត្រូវបានត្បៀត ដូចនេះគេត្រូវបាញ់កាំរស្មីជុំវិញដើម្បីឲ្យសរសៃឈាមទៅចិញ្ចឹមតែMacular។ ចំនួននៃការបាញ់កាំរស្មីគឺប្រែប្រួលទៅតាមការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ។ -ករណីមានហើម ឬមានដុះសរសៃឈាមថ្មី ក្រៅពីបាញ់កាំរស្មី គេប្រើប្រាស់ថ្នាំចាក់ប្រភេទ anti-VEGF (Avastin) ដើម្បីបញ្ឈប់ការលូតលាស់របស់សរសៃឈាមថ្មីដែលមិនល្អនោះ។ -ករណីមានឈាមនៅក្នុងបាតភ្នែក គឺគេធ្វើការវះកាត់លាងឈាមចេញនិងបាញ់កាំរស្មី។ វិធីការពារ ដើម្បីការពារ អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការតាមដានកត្តាទាំងបីឲ្យបានទៀងទាត់ •HbA1c •កម្រិតជាតិខ្លាញ់ក្នុងឈាម •រក្សាសម្ពាធឈាមឲ្យបានល្អ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«តើមនុស្សម្នាក់ក្នុងពេលតែមួយ អាចកើតជំងឺទឹកនោមផ្អែមផង ជំងឺទឹកនោមប្រៃផងដែរឬទេ?» ជាសំណួរ ក៏ដូចជាចម្ងល់ដែលត្រូវបានចោទឡើងដោយប្រជាជនជាច្រើន... វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមទេ។» លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះ រយៈពេលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃដូចជា៖ •លើសឈាម •រលាកតម្រងនោមរ៉ាំរ៉ៃ •គីសតម្រងនោម (Cystic kidney)។ ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា ប្រមាណពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។ ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការៈស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ឯដំណាក់កាលចុងក្រោយ គឺលាងឈាម។ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យរកទឹកនោមប្រៃ និងមុខងារតម្រងនោមតើនៅពេលណា? •អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance) •អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។ តើអ្នកជំងឺទឹកនោមផ្អែមមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចម្តេចខ្លះ? •ត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ •ត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ •បញ្ឈប់ការជក់បារី •កាត់បន្ថយការបរិភោគជាតិខ្លាញ់។ អ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូង គួរទទួលទានអាហារូបត្ថម្ភអ្វីខ្លះ? •កាត់បន្ថយចំនួនប្រូតេអុីន (Proteine) ដែលអ្នកបរិភោគ •កាត់បន្ថយចំនួនផូស្វ័រ •កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យ កាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាករណីពិការភ្នែកដោយសារជំងឺទឹកដក់ក្នុងភ្នែកមានរហូតដល់ទៅជាង ១២.២% ត្រូវនឹងលំដាប់ទី២ ក្នុងចំណោមមូលហេតុនៃភាពពិការភ្នែកបន្ទាប់ពីជំងឺភ្នែកឡើងបាយ។  ព្រមជាមួយនឹងការកើតមានជាញឹកញាប់នេះ សភាពធ្ងន់ធ្ងរនៃជំងឺដែលអាចបណ្តាលឲ្យឈានដល់ការបាត់បង់គំហើញ ធ្វើឲ្យជំងឺទឹកដក់ក្នុងភ្នែកកាន់តែទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ដូចម្តេចដែលហៅថា ជំងឺទឹកដក់ក្នុងភ្នែក? ជាទូទៅ សម្ពាធភ្នែករបស់មនុស្សយើងមានក្រោម២១មីលីម៉ែត្របារ៉ត។ ដោយឡែក ទឹកដក់ក្នុងភ្នែក (Glaucoma)មានន័យថាសម្ពាធនៅក្នុងភ្នែកមានលើសពី ២១ មីលីម៉ែត្របារ៉ត និងមានជំងឺសរសៃអុបទិកឌីសខូចខាត កើនឡើង (Progressive optic neurophathy) ដែលទាំងនេះបង្កឲ្យគំហើញ និងទំហំនៃគំហើញថយចុះ។ ជំងឺទឹកដក់ក្នុងភ្នែក មានមូលហេតុបណ្តាលមកពីអ្វី? ធម្មតា ការផលិតទឹកក្នុងភ្នែករបស់យើង (Aqueous humour) ចាប់ផ្តើមចេញពីគល់ប្រស្រីភ្នែក (Ciliary body) ដែលជាកន្លែងផលិត បន្ទាប់មកវាហូរមកបន្ទប់ផ្នែកខាងក្រោយ រួចបន្តមកបន្ទប់ភ្នែកខាងមុខ  ហើយត្រូវបានស្រូបចេញតាមចម្រោះ Trabecular Meshwork និងបន្តចេញមកតាម បំពង់តូច (Schlemm's canal) ហើយចុងបញ្ចប់ជ្រាបតាមសរសៃវ៉ែន (Episcleral  vein) ដំណើរការនេះបង្កើតជាតុល្យភាពរវាងការផលិតនិងការស្រូបចេញដែលធ្វើឲ្យសម្ពាធទឹកធម្មតាក្នុងភ្នែករបស់យើងមាក្រោម២១មីលីម៉ែត្របារ៉ត។  ដោយឡែក ជំងឺទឹកដក់ក្នុងភ្នែក បណ្តាលមកពីការបាត់តុល្យភាពរវាងការផលិត និងការស្រូបចេញនៃទឹកក្នុងភ្នែក   ដែលកើតឡើងជាពិសេសដោយសារការបិទផ្លូវទឹកនៅកន្លែងស្រូបចេញ(Trabecular Meshwork)  នាំឲ្យទឹកដែលផលិតក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះបណ្តាលឲ្យសម្ពាធកើនរហូតលើសពី ២១ មីលីម៉ែត្របារ៉ត។ កត្តាអ្វីខ្លះអាចនាំឲ្យមានការប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក? ជំងឺនេះចែកចេញជាពីរប្រភេទគឺ ប្រភេទមុំបិទ និងមុំបើក   ដែលអាចកើតមានជាញឹកញាប់លើមនុស្សទាំងពីរភេទ ដោយក្នុងនោះក៏រួមមានកត្តាប្រឈមមួយចំនួនទៀតដូចជា៖ - មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ -  ប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក (អាចបង្កើនការប្រឈមរហូតដល់ ១០%) -  ជំងឺមួយចំនួនដែលអាចបង្កើនការប្រឈមនេះរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមនៅបាតភ្នែក ( CRVO )ដែលអាចបង្កើតជាសរសៃឈាមថ្មីតូចៗពាសលើកន្លែងចម្រោះ ធ្វើឲ្យបិទផ្លូវទឹកចេញ, ភ្នែក Hyperopia (ប្រស្រីភ្នែក ឬបន្ទប់ផ្នែកខាងមុខរាក់ដែលបង្កើតជាមុំបិទ) ភ្នែកម្ញ៉ូបខ្ពស់ (ប្រស្រីភ្នែកជ្រៅឬបន្ទប់ផ្នែកខាងមុខជ្រៅ) ជាដើម - ជំងឺផ្សេងៗទៀតទាក់ទងនឹងការលូតលាស់ខុសប្រក្រតីពីកំណើត  ដែលមានន័យថាអាចមានការវិវឌ្ឍជាជំងឺទឹកដក់ក្នុងភ្នែក តាំង ពីកំណើតផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចផ្តល់ជារោគសញ្ញាអ្វីខ្លះ? យើងអាចបែងចែករោគសញ្ញាទៅតាមប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែកនីមួយៗ៖ ១.ប្រភេទមុំបិទ ជាទូទៅផ្តល់ជារោគសញ្ញាស្រួចស្រាវ (ភ្លាមៗ) និងរ៉ាំរ៉ៃ ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហម - ឈឺចុកចាប់នៅក្នុងភ្នែកខ្លាំង -  គំហើញមានការចុះថយយ៉ាងគំហុក -  ប្រស្រីភ្នែករីកធំ -  កញ្ចក់ភ្នែកហើម -  សម្ពាធទឹកឡើងខ្ពស់ដែលធ្វើឲ្យអ្នកជំងឺឈឺចុកចាប់មួយចំហៀងក្បាល និងមានអាការៈដូចជាក្អួតចង្អោរ ឡេះឡះនៅក្នុងភ្នែកស្ទើរទ្រាំមិនបាន។ គួរបញ្ជាក់ថា ចំពោះទឹកដក់ក្នុងភ្នែកប្រភេទមុំបិទនេះ ច្រើនតែកើតនៅពេលអ្នកជំងឺមានអារម្មណ៍ក្តុកក្តួល សោកសៅ  ឬកើតទុក្ខ ហើយបង្កឲ្យមានការឈឺចាប់  ស្រវាំភ្នែក  និងរោគសញ្ញាផ្សេងទៀត ដែលនាំឲ្យអ្នកជំងឺត្រូវតែស្វែងរកជំនួយពីគ្រូពេទ្យ។ ២.ប្រភេទមុំបើក ជាទូទៅច្រើនឲ្យសញ្ញារ៉ាំរ៉ៃ (កើតបន្តិចម្តងៗ) ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហមតិចតួច   ឬពេលខ្លះភ្នាសភ្នែកសធម្មតា - មានការចុកអួលភ្នែកបន្តិចបន្តួច ដែលធ្វើឲ្យអ្នកជំងឺមិនមានការចាប់អារម្មណ៍ - គំហើញ និងទំហំគំហើញមានការថយចុះបន្តិចម្តងៗដោយមិនដឹងខ្លួន។ ដោយសារតែរោគសញ្ញារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ ទើបអ្នកជំងឺច្រើនតែទៅជួបគ្រូពេទ្យនៅពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចនឹងហួសពេលក្នុងការទប់ស្កាត់ភាពពិការភ្នែកទៅហើយ។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច? តាមរយៈរោគសញ្ញាដែលបានរៀបរាប់ដូចខាងលើ រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យផ្សេងៗទៀតដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ទើបអាចនាំឲ្យឈានដល់ការសន្និដ្ឋានថាជាជំងឺទឹកដក់ក្នុងភ្នែប្រភេទណាមួយ ដោយក្នុងនោះរួមមាន៖ • ការវាស់គំហើញ៖ គំហើញថយចុះ និងទំហំដែនគំហើញរួមតូច • ការវាស់សម្ពាធទឹកក្នុងភ្នែក៖ សម្ពាធទឹកកើនឡើងលើសពី ២១ មីលីម៉ែត្របារ៉ត • ការពិនិត្យសរសៃបាតភ្នែក៖ សរសៃអុបទិក ឌីសពីខួរក្បាលខូងដូចបាតខ្ទះ (ទំហំធំចាប់ពី០.៧%) • ការពិនិត្យប្រភេទមុំ  (បិទ ឬបើក) និងការពិនិត្យដោយឧបករណ៍ផ្សេងៗទៀត។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវព្យាបាលយ៉ាងដូចម្តេច? ការព្យាបាលចំបាច់ត្រូវធ្វើឡើងដើម្បីរក្សាគំហើញដែលនៅសេសសល់ឲ្យនៅគង់វង្ស ជាមួយនឹងគោលបំណងដើម្បីទាញឲ្យសម្ពាធទឹកថយចុះក្រោម ២១ មីលីម៉ែត្របារ៉ត។ ជាទូទៅ ការព្យាបាលមាន ៣ ដំណាក់កាល៖ ១ ការព្យាបាលដោយឱសថ៖ ការប្រើប្រាស់ថ្នាំបន្តក់ដែលមានសកម្មភាពទប់កុំឲ្យផលិតទឹកនៅក្នុងភ្នែកច្រើនពេកនិងប្រភេទមួយទៀតសម្រាប់បង្កើនការស្រូបទឹកចេញពីក្នុងភ្នែកដើម្បីឲ្យសម្ពាធទឹកថយចុះ។ អ្នកជំងឺត្រូវបន្តការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់   និងទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។ ២ ការព្យាបាលដោយកាំរស្មីឡេស័រ៖ - ប្រភេទមុំបិទ៖ កាំរស្មីត្រូវបានបាញ់ដើម្បីឲ្យគល់ប្រស្រីមានប្រហោង (L-PI)។ ក្នុងករណីនេះ កាលណាគល់ប្រស្រីបិទ ទឹកនឹងឡើងទៅតាមប្រហោងនោះទៅសង្កត់ប្រស្រីឲ្យចុះមក និងធ្វើឲ្យមុំបើកមកវិញ។ - ប្រភេទមុំបើក៖ កាំរស្មីត្រូវបានបាញ់ត្រង់កន្លែងចម្រោះ  (Laser Trabeculoplasty)ដើម្បីឲ្យចម្រោះនោះបើក និងធ្វើការឡើងវិញក្នុងការស្រូបទឹកចេញ។ - សរសៃបាតភ្នែក៖ ឡេស័រក៏ត្រូវបានបាញ់ទៅលើសរសៃបាតភ្នែក ជាពិសេសចំពោះអ្នកដែលមានការស្ទះសរសៃបាតភ្នែក(ដោយសារមានការបែកសរសៃឈាម ដែលបន្ទាប់មកនាំឲ្យមានការកកើតជាសរសៃឈាមថ្មីៗទៅពាសនៅត្រង់កន្លែងចម្រោះចេញ និងធ្វើឲ្យស្ទះ)។ ៣ ការព្យាបាលដោយការវះកាត់ (Glaucoma Filtration Surgery)៖ ជាការបង្កើតផ្លូវទឹក (Trabeculectomy) ដើម្បីឲ្យមានផ្លូវចេញ។ នេះជាជម្រើសចុងក្រោយនៃការព្យាបាលដើម្បីទប់ស្កាត់ការឡើងសម្ពាធទឹកក្នុងភ្នែក និងរក្សាគំហើញកុំឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរឬពិការភ្នែកទាំងស្រុង។ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកអស់មួយជីវិត  ដោយសារតែសរសៃបាតភ្នែក និងដែនគំហើញត្រូវបានខូចខាតទាំងស្រុង និងមិនអាចស្តារឡើងវិញបាន។ ដោយឡែក សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ អាចរក្សាគំហើញដែលនៅសេសសល់ឲ្យបានគង់វង្សរយៈពេលយូរ កុំឲ្យវិវឌ្ឍទៅរកការខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ គំហើញដែលបានបាត់បង់ដោយសារជំងឺទឹកដក់ក្នុងភ្នែកហើយក៏មិនអាចស្តារឲ្យមកដូចធម្មតាវិញដែរ។ តើគួរធ្វើការតាមដាន និងការថែទាំយ៉ាងណាខ្លះបន្ទាប់ពីព្យាបាល? ដោយសារជំងឺទឹកដក់ក្នុងភ្នែកទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ដូចនេះ ក្រោយពីបានទទួលការព្យាបាលរួច ក៏តម្រូវឲ្យអ្នកជំងឺធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យភ្នែកផងដែរ (រៀងរាល់មួយទៅពីរខែម្តងទៅតាមការណាត់)។   ជាទូទៅ ការតាមដានរួមមានការពិនិត្យសំខាន់ៗដូចជា  សម្ពាធទឹក  ដែនគំហើញ និងភាពខូងនៃសរសៃបាតភ្នែកអុបទិកឌីស។ការតាមដាននេះធ្វើឡើងដើម្បីប្រាកដថាថ្នាំដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺ ឬត្រូវធ្វើការកែតម្រូវផ្សេងៗ។ ចំពោះការព្យាបាលដោយឡេស័រ  និងវះកាត់ក៏តម្រូវឲ្យមានការតាមដានដូចគ្នា ដើម្បីចៀសវាងការវិវឌ្ឍណាមួយដូចជា ការបិទជិតទៅវិញនៃផ្លូវទឹកដែលបានវះកាត់ ឬបាញ់ឡេស័ររួចហើយ ដែលក្នុងករណីនេះ ការព្យាបាលនឹងឈានដល់ដំណាក់កាលមួយទៀតគឺ Tubing ដែលជាការប្រើប្រាស់ Tube implant ដើម្បីបឺតស្រូបទឹកចេញ។   ដោយឡែក ចំពោះការថែទាំអំឡុងពេល  និងក្រោយពេលព្យាបាលតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការបន្តក់ថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ធ្វើការតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ ភ្នែក  និងអាចប្រើប្រាស់ឱសថជំនួយសរសៃបាតភ្នែកបន្ថែមដើម្បីទប់ស្កាត់ការវិវឌ្ឍ និងការខូចខាតរបស់សរសៃបាតភ្នែកផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចការពារបានតាមរបៀបណា? ការការពារអាចធ្វើទៅបានចំពោះតែជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទប៉ុណ្ណោះ ដោយជាទូទៅការបាញ់កាំរស្មីឡេស័រត្រូវបានប្រើប្រាស់ ដើម្បី ការពារចំពោះអ្នកដែលមានភ្នែក Hyperopi(ប្រស្រីភ្នែករាក់ឬមុំត្បៀត)។ ចំពោះប្រភេទមុំបើកជាទូទៅអាចទាក់ទងនឹងតំណពូជដែលមិនអាចធ្វើការការពារបានឡើយ ក៏ប៉ុន្តែវាអាចទប់ស្កាត់កុំឲ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបានដោយការព្យាបាលតាំងពីដំណាក់កាលដំបូង។   ដូចនេះ ចំពោះអ្នកមានកត្តាប្រឈម   ឬរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ  ឬមិនទាន់មានរោគសញ្ញាដំបូង  ពិសេសអ្នកមានប្រវត្តិគ្រួសារទាក់ទងនឹងជំងឺភ្នែក   គួរមកពិនិត្យភ្នែក ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានរៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្តងដើម្បីទប់ស្កាត់និងចៀសវាងភាពពិការភ្នែកឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត  គង់ ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានដេប៉ាតឺម៉ង់អគារចក្ខុរោគ ព្រមទាំងជានាយកមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើម្បីឲ្យបានយល់កាន់តែច្បាស់អំពីជំងឺមួយនេះ យើងខ្ញុំក៏បានធ្វើការប្រមូលផ្តុំនូវអត្ថបទដែលពាក់ព័ន្ធទាំងអស់មកចងក្រងជាកម្រងអត្ថបទមួយដែលលោកអ្នកអាចស្វែងយល់នូវសេចក្តីសង្ខេបនៃអត្ថបទនីមួយៗខាងក្រោម និងស្វែងយល់លម្អិតដោយការអានបន្ថែមនូវអត្ថបទដើមដោយគ្រាន់តែចុចលើចំណងជើងនៃអត្ថបទដែលអ្នកចង់អាន… ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង «ជំងឺមហារីកសុដន់ គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក(២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺ ដែលកើតមានលើស្រ្តីកម្ពុជា(១៥%)  បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជាក់ស្តែង   នៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ជំងឺមហារីកសុដន់ឈរនៅលំដាប់ទីមួយ(១៤,៦%) ដែលកើតចំពោះអ្នកជំងឺមហារីកជាស្រ្តីភេទ។   គួរឲ្យដឹងផងដែរថា ជំងឺមហារីកសុដន់ គឺជាមូលហេតុចម្បងទីពីរដែលបណ្តាលឲ្យស្រ្តីទទួលមរណភាពនាពេលបច្ចុប្បន្ន» ទាំងនេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅមកពីប្រទេសរុស្សី និងជាសមាជិករបស់ American Society of Clinical Oncology, Russian Society of Pediatric Oncologists and Hematologists, European Society for Medical Oncology ហើយបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខផងដែរ(តាំងពីឆ្នាំ២០១០)… កត្តាត្រូវយល់ដឹង ដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកសុដន់ លោកវេជ្ជបណ្ឌិត ជា ចាន់ឌី បានលើកឡើងថា«ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា»។ លោកក៏បានបញ្ជាក់ផងដែថា វា គឺជាបណ្តុំនៃកោសិកាដែលមានការប្រែប្រួល DNA ហើយកោសិកាទាំងនេះធ្វើការលូតលាស់ខុសប្រក្រតីដែលខ្លួនយើងមិនអាចគ្រប់គ្រងវាបាន។ ជំងឺមហារីកនេះបង្កឡើងដោយកត្តាផ្សេងៗរួមបញ្ចូលគ្នាហើយកត្តាជម្រុញទាំងនោះរូមមាន… [ករណីសិក្សា] បុរសក៏អាចកើតជំងឺមហារីកសុដន់ដែរ? សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ ខ្ញុំធ្លាប់លឺគេនិយាយពីជំងឺមហារីកសុដន់លើមនុស្សស្រី។ តើជំងឺនេះអាចមានលើបុរសទេ បើមនុស្សប្រុសក៏មានសរីរាង្គនេះដែរ? លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឆ្លើយតបនឹងសំណួរខាងលើនេះថា «បុរសក៏អាចមានជំងឺមហារីកសុដន់ដែរ តែមហារីកសុដន់លើមនុស្សប្រុសមានត្រឹមតែ…» (វីដេអូ) ដឹងថាខ្លួនអ្នកមានដុំមហារីកសុដន់ឬអត់ដោយខ្លួនឯង... ការសិក្សាបង្ហាញថា «ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ មកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ»។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា ហើយលោកអ្នកក៏អាចរៀនអំពីវិធីអនុវត្តត្រឹមត្រូវ ដែលអ្នកអាចយកទៅអនុវត្តដោយខ្លួនឯងក្នុងការស្វែងរកដុំមហារីកតាមរយៈវីដេអូនេះផងដែរ។ ៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ «ពេលវេលាដែលគួរចាប់ផ្តើមការពារមហារីកសុដន់វិធីសាស្រ្តការពារ គួរត្រូវបានចាប់ផ្តើមឲ្យបានឆាប់រហ័សដោយសារ២៥%នៃជំងឺមហារីកសុដន់ ត្រូវបានគេរកឃើញចំពោះស្រ្តីដែលមានអាយុ ៥០ឆ្នាំនៅក្នុងប្រទេសអភិវឌ្ឍ ម៉្យាងវិញទៀតចំនួន២២%នៃជំងឺមហារីកសុដន់បានកើតឡើងចំពោះស្រ្តី ដែលស្ថិតក្នុងវ័យមុនពេលអស់រដូវ និងភាគច្រើនមានសភាពធ្ងន់ធ្ងរជាងស្រ្តីដែលមានវ័យក្រោយអស់រដូវទៀតផង…» [ករណីសិក្សា] ធ្វើយ៉ាងណាទើបការពារខ្លួនពីជំងឺមហារីកសុដន់បាន? សំណួរ ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានបងស្រីកើតជំងឺមហារីកសុដន់។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអាចការពារខ្លួនពីជំងឺនេះ? លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត «មកទល់នឹងពេលនេះ យើងនៅមិនទាន់មានវិធានការណាច្បាស់លាស់ក្នុងការទប់ស្កាត់ កុំឲ្យកើតជំងឺមហារីកសុដន់នៅឡើយទេ តែអ្វីដែលគ្រូពេទ្យណែនាំដល់អ្នកជំងឺ គឺការតាមដានរកមើលវត្តមាននៃដុំដោះឲ្យបានទៀងទាត់ ដើម្បីអាចរកឃើញជំងឺនេះក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលបាន…» ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរបេងជាជំងឺឆ្លង និងបង្កដោយមេរោគឈ្មោះ mycobacterium tuberculosis (complex)។ ក្នុងប្រទេសកម្ពុជាផងដែរ ជាប្រទេសដែលមានអត្រាកើតជំងឺនេះខ្ពស់នៅទ្បើយ គឺលើសពី 300នាក់ ក្នុងចំណោមប្រជាជន100 000នាក់ក្នុង1 ឆ្នាំ។ ការចម្លងរោគរបស់ជំងឺរបេង ជំងឺរបេងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការដកដង្ហើមស្រូបយកកំហាកមានផ្ទុកមេរោគរបេង ដែលក្អកចេញពីអ្នកជំងឺរបេងសួត។ រោគសញ្ញារបស់ជំងឺរបេង  អ្នកជំងឺរបេងសួតអាចមានរោគសញ្ញារ៉ាំរ៉ៃច្រើនអាទិត្យទៅរហូតដល់រាប់ខែដូចជា៖  •ក្អកមានកំហាក  •ក្ដៅខ្លួនស្រៀវស្រាញ  •បែកញើសពេលយប់  •ឬចុះស្គមរីងរៃជាដើម មេរោគរបេងភាគច្រើនងាយបង្កលើមនុស្សមួយចំនួនដូចជាៈ •អ្នកមានជំងឺរីងរៃប្រចាំកាយ •អ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ •អ្នកមានជីវភាពរស់នៅខ្សត់ខ្សោយ ការប្រឈមរបស់អ្នកជំងឺទឹកនោមផ្អែម គេបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យក្នុងការប្រឈមនឹងជំងឺរបេង 3 ទៅ 6 ដងលើសមនុស្សមិនមានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយអ្នកជំងឺទឹកនោមផ្អែមគួរមានការប្រុងប្រយ័ត្ន និងស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យក្នុងករណីសង្ស័យ(ក្អកមានកំហាក រ៉ាំរ៉ៃក្ដៅខ្លួនស្រៀវស្រាញ បែកញើសពេលយប់ ចុះស្គមរីងរៃ)។ ការការពារចៀសផុតពីការឆ្លងជំងឺរបេង  វិធីសាស្រ្តការពារសាមញ្ញគឺ ឲ្យអ្នកជំងឺរបេងសួតដែលពុំទាន់បានទទួលការព្យាបាលត្រឹមត្រូវ និងគ្រប់គ្រាន់ រស់នៅក្នុងបន្ទប់ដាច់ដោយឡែក និង ប្រើប្រាស់ mask ឬកន្សែងខ្ទប់មាត់ពេលក្អក ហើយអ្នកដែលនៅជុំវិញក៏ចាំបាច់ត្រូវប្រើប្រាស់mask ដើម្បីការពារផងដែរ។ លើសពីនេះសំរាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺ និងកាត់បន្ថយផងដែរនូវហានិភ័យក្នុងការបង្កឲ្យមានជំងឺរបេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារ និងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។  ១.និយមន័យ ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque) ។ ២.រោគសញ្ញា រោគសញ្ញាដែលគេសង្កេតឃើញជាញឹកញាប់បំផុតគឺ៖ •ការហើមអញ្ចាញធ្មេញ មានសភាពប៉ោង និងហូរឈាមនៅតាមអញ្ចាញធ្មេញ •ជូនកាល មានការឈឺចាប់នៅពេលអ្នកជំងឺទំពារពីលើអញ្ចាញធ្មេញដែលរលាកនោះ •មានការហូរឈាមនៅពេលអ្នកជំងឺសម្អាតធ្មេញជាប្រចាំថ្ងៃ (ការដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត) •មានបញ្ហាធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ ៣.មូលហេតុ មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញនេះមានដូចខាងក្រោម៖ •មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque) •ការសម្អាតធ្មេញមិនបានត្រឹមត្រូវ •ការរលាកលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus) (ដោយសារតែសារធាតុ Enzyme Toxin ដូចជា Lipopolysaccharide ឬ Lipoteichoic Acid ដែលបណ្តាលឲ្យមានការរលាកកាន់តែខ្លាំងនៅលើអញ្ចាញធ្មេញ) ។ •មូលហេតុបណ្តាលមកពីធ្មេញផ្ទាល់៖ ដោយសារធ្មេញមានភាពចង្អៀត (Crowding) ដែលមានការលំបាកក្នុងការសម្អាត។ ៤.កាធ្វើរោគវិនិច្ឆ័យ •ការធុំក្លិនមាត់ ដោយសារការហូរឈាម និងទំពារពីលើអញ្ចាញធ្មេញដែលរលាក •ជាទូទៅ គេពិនិត្យឃើញមានសំអេក ឬកំណកំបោរ (Plaque ឬ Tartar) នៅជុំវិញជើងធ្មេញ •ការត្អួញត្អែរពីសំណាក់អ្នកជំងឺផ្ទាល់តែម្តង ៥.ការធ្វើចំណាត់ថ្នាក់នៃជំងឺរលាកអញ្ចាញធ្មេញ 1. ទាក់ទង នឹងការរលាកអញ្ចាញ (Dental Plaque-included gingivitis disease) - ការរលាកដោយសារប្រពន្ធ័ឈាមរត់មិនដិតដល់ (Gingivitis disease modified by systemic factors) - ការរលាកដោយសារការប្រើប្រាស់ថ្នាំ (Gingivitis disease modified by medications) - ការរលាកដោយសារកង្វះអាហារូបត្ថម្ភ (Gingivitis disease modified by malnutrition)     2. ការមិនបានសំអាតធ្មេញ បញ្ចូល ឬតំបន់កន្លែងរលាក(Non-Plaque-Included gingivitis lesion) -ការរលាកដោយសារពពួកបាក់តេរី (Gingivitis disease of specific bacterial origin)  - ការរលាកដោយសារពពួកវីរុស (Gingivitis disease of viral origin)  - ការរលាកដោយសារពពួកផ្សិត (Gingivitis of fungal origin)  - ការរលាកដោយសារតំណពូជ (Gingivitis genetic origin)  - ការរលាកដែលស្តែងចេញពីប្រព័ន្ធរបត់ឈាមរត់ (Gingivitis manifestations of system conditions)  - ការប៉ះទង្គិច (Traumatic lesions)  - ប្រតិកម្មរាងកាយជាមួយសារធាតុផ្សេងៗ (Foreign body reaction)  - Nonspecified  ៦. ការព្យាបាល 1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖ •ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale) •ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning) •ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) 2.ការព្យាបាលដោយវះកាត់៖ •ការបកអញ្ចាញ (Flap design) •ការតអញ្ញាញ (Soft tissue grafts) •ការតឆ្អឹង (Bone grafts) •បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration)  •បណ្តុះដោយ (enamel matrix Enamel matrix derivative application  ) ៧. ផលវិបាកនៃជំងឺនេះ  ប្រសិនបើមិនបានទទួលបានការព្យាបាលបានត្រឹមត្រូវនោះទេ វាអាចវិវត្តន៍ទៅជាការរលាកជាលិកាជុំវិញធ្មេញ ( Periodontitis) ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អញ្ចាញឆ្អឹងទ្រទ្រង់ធ្មេញ កោសិកា និងធ្មេញ (អង្គើ) វាមានដូចជា៖ •ការរលាកជាលិកាជុំវិញធ្មេញ រ៉ាំរៃ (Chronic periodontitis: Pocket and gum) •ការរលាកជាលិកាជុំវិញធ្មេញ កាចសាហាវ (Aggressive periodontitis: rapid gum recession and bone lost)  •ការរលាកអញ្ចាញ ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម បេះដូង និងប្រព័ន្ធដកដង្ហើម (Periodontitis as a manifestation of system disease: Necrotizing periodontal disease) ៨. វិធីសាស្ត្រការពារ វិធីការពារកុំឲ្យមាន (Gingivitis and Periodontitis): •ដុសធ្មេញឲ្យបានត្រឹមត្រូវ និងស្អាតល្អ •ទៅជួបទន្តបណ្ឌិតជារៀងរាល់ ៦ខែម្តង ដើម្បីសម្អាត និងត្រួតពិនិត្យ បកស្រាយដោយ  ៖ លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 

Share

ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១។ ក្នុងនោះដែរ ជំងឺនេះអាចកើតលើមនុស្សមានអាយុចាប់ពី ១២​ឆ្នាំឡើងទៅ ។ និយមន័យ ជំងឺពក ក ជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក។ មូលហេតុបង្ក ជំងឺពក ក បង្កឡើងដោយមូលហេតុជាច្រើន តែ៨០%បង្កឡើងដោយកង្វះជាតិអ៊ីយ៉ូត និងកត្តាផ្សេងៗទៀតដូចជា៖ •តំណពូជ  •ការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបេះដូង ឬថ្នាំជំងឺផ្លូវចិត្តជាដើម •ពពួកជំងឺមួយចំនួនដូចជា Hashimoto's disease ឬGrave's disease ជាដើម •ការរីកធំនៃក្រពេញទីរ៉ូអ៊ីត ដែលមានលក្ខណៈ  physiology ចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីទើបពេញវ័យ ឬស្រ្តីអស់រដូវជាដើម •ចំណីអាហារខ្លះដូចជា ស្ពៃក្តោប ផ្កាខាត់ណា ផ្កាស្ពៃ ជាដើម ក៏ជាមូលហេតុបង្កឲ្យមានការរីកធំនៃក្រពេញទីរ៉ូអ៊ីតដែរ ត្រូវចងចាំថាមូលចម្បងបំផុត ៨០% គឺកង្វះជាតិអ៊ីយ៉ូត។ រោគសញ្ញារបស់ជំងឺពក ក  រោគសញ្ញារបស់ជំងឺនេះមិនមានភាពដូចៗគ្នាទាំងអស់ទេ៖ •អ្នកជំងឺខ្លះមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងក •អ្នកជំងឺខ្លះមានអារម្មណ៏ពិបាកលេបចំណីអាហារ •អ្នកជំងឺខ្លះពិបាកដកដង្ហើម ឬស្អក  •មួយចំនួនធំ គឺមានដុំនៅហ្នឹងក ផ្នែកខាងក្រោម និងខាងមុខតែម្តង។ រោគវិនិច្ឆ័យ ដើម្បីកំណត់រោគវិនិច្ឆ័យច្បាស់លាស់ ចាំបាច់ត្រូវពិនិត្យបន្ថែមដោយ៖ •អេកូសាស្ត្រលើផ្នែក ក •ពិនិត្យមើល អ័រម៉ូននៃក្រពេញទីរ៉ូអ៊ីត •Antibody test •Thyroid scan •FNA (biopsy)។ ការព្យាបាល ចំពោះការព្យាបាល យើងសិក្សាទៅលើប្រភេទ ទំហំ និង ការវិវឌ្ឍរបស់ជំងឺនេះ៖ •បើពកមានទំហំតូច យើងទុកតាមដានសិន បើសិនជាដុំមិនបង្ហាញលក្ខណៈថាជាដុំមហារីក •បើជាពកប្រភេទស្មើសាច់ (diffuse)យើងតាមដានដោយប្រើប្រាស់ថ្នាំ •បើជាពកប្រភេទ ដុំ (nodule) ហើយធំ យើងវះកាត់យកចេញព្រោះវាអាច សង្កត់ទៅលើបំពង់ខ្យល់ បំពង់អាហារ និងប៉ះពាល់ដល់រូបសម្រស់អ្នកជំងឺ •ករណីជាដុំមហារីក ឬមានប្រវត្តិគ្រួសារកើតជំងឺពកកជាដុំមហារីក ក៏ត្រូវវះយកចេញដែរ។ ផលវិបាកនៃជំងឺពក ក ជំងឺពក ក ផ្តល់ផលវិបាកទៅតាមការវិវឌ្ឍរបស់វា៖ •បើដុំពករីកធំ វាអាចសង្កត់លើបំពង់អាហារ ធ្វើឲ្យពិបាកលេបអាហារ និងសង្កត់លើបំពង់ខ្យល់ធ្វើឲ្យលំបាកដកដង្ហើម ម្យ៉ាងទៀតប៉ះដល់រូបសម្បត្តិអ្នកជំងឺ។ •បម្រែបម្រួលអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យអ្នកជំងឺលេចចេញរោគសញ្ញាផ្សេងៗ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ​ ការវិវឌ្ឍនៃជំងឺ ឬការកកើតជាដុំមហារីក ជាបញ្ហាធំបំផុតសម្រាប់អ្នកជំងឺពក ក។  ការការពារ ដើម្បីចៀសវាងពីជំងឺនេះ យើងគប្បីនាំគ្នា៖ •ប្រើប្រាស់អំបិលអ៊ីយ៉ូតគ្រប់ៗគ្នា  •ហូបអាហារសមុទ្រ បានញឹកញាប់ ឬហូបបន្លែ ផ្លែឈើ ដែលដុះតាមឆ្នេរ ឲ្យបានច្រើន  •កាត់បន្ថយហូបអាហារណាដែលធ្វើឲ្យជាតិអ៊ីយ៉ូតក្នុងខ្លួនថយចុះ។ សំណូមពរឲ្យប្រជាពលរដ្ឋដែលមានជំងឺពក ក ទាំងអស់មកទទួលការពិនិត្យ តាមដាន និងព្យាបាល ឲ្យបានរួសរាន់ កុំទុកឲ្យជំងឺនេះវិវឌ្ឍរហូតដល់មានផលវិបាកធ្ងន់ធ្ងរ  ពិបាកក្នុងការព្យាបាល។ មួយវិញទៀត ប្រជាជនទាំងអស់ត្រូវទម្លាប់ប្រើប្រាស់អំបិលអ៊ីយ៉ូតឲ្យបានគ្រប់ៗគ្នា។ ជំងឺពក ក នេះមិនអាចព្យាបាលបានដោយការអុច ប៉ុយ និងភ្លើងធូបបានទេ ដូចនេះ សូមបងប្អូនអញ្ជើញមកជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ បកស្រាយដោយ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា អនុប្រធាន សមាគមជាតិ ត្រចៀក ច្រមុះ បំពង់ ក វះកាត់ ក្បាលក កម្ពុជា ប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល ក នៃមន្ទីរពេទ្យ ព្រះអង្គឌួង និងជាអនុប្រធាន មន្ទីរសំរាកព្យាបាល លុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ 

Share

    ក្រួសក្នុងទឹកប្រមាត់ជាជំងឺដែលត្រូវបានជួបប្រទះច្រើនបំផុតមិនថានៅកម្ពុជាផ្ទាល់ឬបណ្តាប្រទេសផ្សេងទៀតជាមួយនឹងអត្រាជាង ១៥% នៃប្រជាជនទូទាំងសកលលោក។ធម្មតាវានឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។  រោគសញ្ញាដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។ ក្នុងករណីដែលក្រួសរំកិលចេញពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោមឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចតែម្យ៉ាងក្នុងករណីនេះមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ជាទូទៅការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាមវិធី២យ៉ាងគឺការវះកាត់និងការចាប់យកក្រួសចេញដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopy Retrograde Cholangiopancreatography (ERCP)។ ដោយឡែក នៅកម្ពុជា ERCP ទើបនឹងត្រូវបានយកមកអនុវត្តនៅអំឡុងចុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដោយមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ពេលនេះបច្ចេកទេសនេះត្រូវបានបានអនុត្តយ៉ាងជោគជ័យលើការព្យាបាលអ្នកជំងឺកម្ពុជាជាច្រើនរូបរួចមកហើយផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែកក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត         ស្វែងយល់បន្ថែម៖ មធ្យោបាយទីមួយក្នុងការព្យាបាល ជំងឺក្រួសស្ទះនៅផ្លូវទឹកប្រមាត់ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top