Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថាជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។   1.មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី  កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ។  •កត្តាខាងក្នុងមាន៖ ធូលីតាមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ ចំណីអាហារ ដូចជាគ្រឿងសមុទ្រជាដើម។  •កត្តាខាងក្រៅមាន៖ ធូលីដីតាមផ្លូវ ផ្សែងរថយន្ត លំអងផ្កា ភាគល្អិតទាំងអស់ដែល ហោះហើរក្នុងខ្យល់។ 2.រោគសញ្ញា ប្រព័ន្ធភាពស៊ាំប្រឆាំងទៅភាគល្អិតដែលចូលក្នុងរាងកាយអ្នកនឹងបង្កឲ្យមានរោគសញ្ញាដូចជា៖  •កណ្តាស់  •ហៀរសំបោរទឹកភ្នែក  •រមាស់ តឹងច្រមុះ  •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន  3.ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកថាអ្នកមានជំងឺអាល្លែកហ្ស៊ីនេះ គឺមានការសួរពីរោគសញ្ញារបស់អ្នកជំងឺ និងធ្វើការត្រួតពិនិត្យមួយចំនួន។ ការដឹងពីរោគសញ្ញា និងកត្តាបង្កហេតុ អាចជួយឲ្យដឹងថា តើអ្នកពិតជាមានការអាល្លែកហ្ស៊ី ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកអាចតម្រូវឲ្យមានការធ្វើតេស្តប្រតិកម្មអាល្លែកហ្ស៊ី ដើម្បីរកឃើញថាអ្នកមានប្រតិកម្មទៅនឹងអ្វី។  4.ការព្យាបាល ការព្យាបាលសំខាន់ជាងគេនៃជំងឺអាល្លែកហ្ស៊ីគឺ •ដំបូងបំផុតត្រូវចៀសពីសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី  •គ្រប់គ្រងរោគសញ្ញាដោយប្រើថ្នាំ  •ការព្យាបាលនៅផ្ទះមួយចំនួន។  5.ផលប៉ះពាល់  បើមិនមានការព្យាបាលបានត្រឹមត្រូវទេ វាអាចវិវត្តិទៅជាជំងឺផ្សេងទៀត ដូចជាជំងឺត្រចៀក ជំងឺសួត ឬស្បែកជាដើម។  6.ការការពារ  គួរគប្បីមានការយល់ដឹងពីបញ្ហាអាល្លែកហ្ស៊ីនេះឲ្យបានច្បាស់លាស់ ជាពិសេសពីមូលហេតុបង្ក។ ពេលមានបញ្ហា គួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។  ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រជាជនទូទៅតែងតែខ្លាចរអាជាមួយជំងឺរបេង ហើយចាស់ៗតែងតែនិយាយតគ្នាថា ជំងឺរបេងជាជំងឺតពូជ។ ចំពោះប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ជំងឺរបេងជាជំងឺងាយឆ្លងណាស់ ពោលគឺប្រជាជនក្នុងតំបន់មានការអប់រំពីសុខភាពនៅមានកម្រិត។ យ៉ាងណាវិញ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រីឯជំងឺរបេងមានវិធានការការពារខ្ពស់ចំពោះប្រជាជនផងដែរ ជាលទ្ធផលនាពេលបច្ចុប្បន្ន អត្រានៃជំងឺរបេងមានកម្រិតទាបមួយ។ បើតាមប្រសាសន៍របស់គ្រូពេទ្យឯកទេស ជំងឺរបេងលែងជាជំងឺតពូជទៀតឡើយ មានន័យថាបើអ្នកដែលរស់នៅជាមួយអ្នកជំងឺផ្ទុកមេរោគរបេងនេះ មានការការពារខ្ពស់នោះការឆ្លងមានតួលេខទាប។ របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺរបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។  វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជំងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន។ ខាងលើនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន។ លោកវេជ្ជបណ្ឌិតក៏ផ្តែផ្តាំបន្តថា ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដែលសង្ស័យជាជំងឺរបេង លោកអ្នកគួរគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ក៏ដូចជាការពារការឆ្លងទៅមនុស្សជុំវិញខ្លួនលោកអ្នកផងដែរ៕ ស្វែងយល់បន្ថែម៖ ជំងឺរបេងមិនមែនជាជំងឺតពូជទេ ! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ដោយហេតុថា«អាល្លែកហ្ស៊ីច្រមុះ»​ជាបញ្ហាមួយដែលច្រើនកើតមាននៅក្នុងប្រទេសកម្ពុជាយើង ទើបលោកវេជ្ជបណ្ឌិត​ ថុង ម៉េងឡុង ជាប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង បានផ្តល់កិត្តិយសធ្វើការបកស្រាយអំពីជំងឺមួយនេះ ដោយធ្វើការឆ្លើយតបនូវសំណួររួមមានដូចខាងក្រោម ៖  -នរណាខ្លះអាចកើតមានជំងឺនេះ? -តើវាអាចបង្កជាផលវិបាកអ្វីខ្លះ? -ហេតុអ្វីបានជាជំងឺនេះកើតមានញឹកញាប់? -តើការធ្វើរោគវិនិច្ឆ័យធ្វើបានដោយរបៀបណាខ្លះ? -តើប្រជាជនគួរមានការយល់ដឹងអ្វីខ្លះអំពីជំងឺនេះ? -តើជំងឺនេះអាចព្យាបាលដោយវិធីណាខ្លះ? នៅទីណា? ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមទស្សនាវីដេអូខាងក្រោម... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

១/ បរិភោគអាហារដែលអ្នកចូលចិត្ត លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។ ២/ គ្រប់គ្រងចានបាយ វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។ ៣/ រក្សាកំណត់ត្រា ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។ ៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។ ៥/ គ្រប់គ្រងថង់ថ្នាំ បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត  ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។ ៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។ ៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង  គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។ ៨/ សាកល្បងកម្លាំងហាត់ប្រាណ អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។ ៩/ ពិនិត្យជើង រៀងរាល់យប់ ប្រើកញ្ចក់ឆ្លុះ​ឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។ ១០/ ផ្ដាច់បារី ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។ ១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ​ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។ សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖​ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម  គាំងបេះដូងស្លាប់​ ខូចមួយចំហៀងខ្លួន  ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល​ មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។ បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh) លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម តាមរយៈ  តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម​

Share

និយមន័យនៃ Hepatic Encephalopathy Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖ • ខ្សោយថ្លើមស្រួចស្រាវ ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។ • ខ្សោយថ្លើមរ៉ាំរ៉ៃ ៖  ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។   អាការៈអាចស្តែងឡើងចំពោះអ្នកជំងឺ ប្រសិនអ្នកជំងឺមានបញ្ហា Hepatic Encephalopathy អាចឲ្យមានការប្រែប្រួលអាការៈដែលអាចសម្គាល់បានដូចជា៖ ការផ្លាស់ប្តូរនូវស្មារតី ឥរិយាបទ បុគ្គលិកលក្ខណៈ មានសញ្ញាសរសៃប្រសាទ និងផ្លាស់ប្តូរសញ្ញាប្រព័ន្ធចរន្តភ្លើងនៃខួរក្បាល។ អ្នកជំងឺអាចប្រឈមនឹងការវង្វេង ឬឈានដល់សន្លប់ រួមនឹងការមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ។  យន្តការបណ្តាលឲ្យមាន Hepatic Encephalopathy  យន្តការដែលបង្កឲ្យមានបញ្ហានេះ មានភាពសាំញ៉ាំ និងស្គាល់មិនបានច្បាស់លាស់នៅឡើយ។ ប៉ុន្តែ គេអាចសន្និដ្ឋានបានថា វាធ្វើឲ្យមានការកើនឡើងនៃការជ្រាបតាមរបាំង Hematoencephalic និងមានសារធាតុដែលធ្វើឲ្យពុលដល់ខួរក្បាលដូចជាពពួកអាម៉ូ-ញ៉ាក់។ ក្រៅពីនោះ គេសង្កេតឃើញមានផងដែរនូវការប្រែប្រួលប្រព័ន្ធចម្លងនៃខួរក្បាល និងការឆ្លងមេរោគជាវីរុស ឬបាក់តេរីរួមជាមួយបាតុភូតរលាក នេះបើយោងតាមការស្រាវជ្រាវថ្មីៗ។  រោគសញ្ញានៃ Hepatic Encephalopathyរោគសញ្ញានៃបញ្ហានេះ ត្រូវបានចែកចេញជាពីរធំៗ៖ • មិនស្តែងចេញរោគសញ្ញា(Minimal hepaic encephalopahy)៖ ជំងឺមិនមានរោគសញ្ញា តែអាចកំណត់បានដោយការធ្វើតេស្តពីសំណាក់គ្រូពេទ្យ។ ក្នុងលក្ខខណ្ឌការធ្វើតេស្តបែបនេះ គឺដើម្បីកំណត់មើលសមត្ថភាព និងល្បឿននៃការគិតដោយវាប្រែប្រួលទៅតាមវ័យរបស់អ្នកជំងឺ និងប្រភេទតេស្តនីមួយៗ។  • ស្តែងចេញជារោគសញ្ញា ៖  បានបែងចែកជា ៤ដំណាក់កាលបន្ទាប់បន្សំ៖ - កម្រិតទី ១ ៖ អ្នកជំងឺបាត់បង់ការប្រុងប្រយ័ត្នភ្លេចភ្លាំង គិតយឺត និងមានវិបត្តិក្នុងការទទួលទានដំណេក - កម្រិតទី ២ ៖ អាការៈសន្លឹមៗ (Somndence) អត្តចរិតផ្លាស់ប្តូរ និងមិនអាចបែងចែកពេលវេលាបានត្រឹមត្រូវ ដែលស្តែងចេញម្តងម្កាល ពុំសូវជាញឹកញាប់ - កម្រិតទី ៣ ៖ អាការៈសន្លឹមៗ (Somndence)មានសភាពកាន់តែធ្ងន់ធ្ងរជាងមុន ការគិត និងឆ្លើយមិនត្រឹមត្រូវ  - កម្រិតទី ៤ ៖ អ្នកជំងឺឈានដល់ដំណាក់កាលសន្លប់។ ការធ្វើរោគវិនិច្ឆ័យ Hepatic Encephalopathyការធ្វើរោគវិនិច្ឆ័យជាចម្បងពឹងផ្អែកលើ៖ • ការសួរពីប្រវត្តិ និងការពិនិត្យលើប្រព័ន្ធខួរក្បាល  • រកមូលហេតុដែលប៉ះពាល់ដល់ខួរក្បាលបង្កឡើងពីបញ្ហាផ្សេងដែលមិនជាប់ពាក់ព័ន្ធនឹងជំងឺថ្លើម • ការពិនិត្យឈាមរកសារធាតុអាម៉ូញាក់ • ការថតឆ្លុះខួរក្បាល ដើម្បីរកមើលស្ថានភាពមិនប្រក្រតីនៃខួរក្បាលដែលបណ្តាលមកពីបញ្ហារលាកថ្លើមខ្លាំង ដូចជាការហើមនៃខួរក្បាល • រកមូលហេតុដែលជំរុញឲ្យអ្នកជំងឺមានបញ្ហា Hepatic Encephalopathy បន្ថែមពីជំងឺថ្លើមដែលមានរួចជាស្រេច ដូចជាការប្រើប្រាស់ថ្នាំ ការឆ្លងមេរោគ ការហូរឈាមក្រពះ ឬក្អួតឈាម។  ការព្យាបាលបញ្ហា Hepatic Encephalopathy ការព្យាបាលត្រូវបានចែកចេញជាពីរ៖  • ការព្យាបាលបែប Non-specific ៖ ជាការព្យាបាលលើកត្តាដែលធ្វើឲ្យមាន Hepatic Encephalopathy ដូចជា - កម្ចាត់មេរោគ ដែលអាចចម្លងតាមរយៈការកើតទាចទឹក រលាកសួត ឬរលាកផ្លូវទឹកនោម - ព្យាបាលមូលហេតុដែលធ្វើឲ្យមានការហូរឈាម - បញ្ឈប់ការលេបថ្នាំដែលអាចបណ្តាលឲវង្វេង ដូចជាថ្នាំងងុយដេក - បញ្ឈប់ការប្រើប្រាស់ថ្នាំច្រើន (ថ្នាំបញ្ចុះទឹកនោម)។ • ការព្យាបាលបែប specific ៖ សំដៅដល់ការព្យាបាលតម្រង់រកមូលហេតុដើមដែលធ្វើឲ្យមានជំងឺ៖ - ប្រឆាំងជាតិអាម៉ូញាក់ ដែលអាចប្រើប្រាស់ថ្នាំពពួក Duphalac, Antibiotic, L ornithine L aspartae - កែតម្រូវនៃការខូចខាតប្រព័ន្ធចម្លងសរសៃខួរក្បាល  - លាងជាតិពុលថ្លើមដោយប្រើប្រាស់ម៉ាស៊ីន (MARS= molecular adsorbents recirculating system) - ដូរថ្លើម (Transplantation)។ វិធីសាស្រ្តការពារពី Hepatic Encephalopathy  • ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម • សម្រាប់អ្នកជំងឺក្រិនថ្លើម៖  គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង • សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។ Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។ បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

និយមន័យ Hepatorenal Syndromes គឺជាស្ថានភាពនៃការធ្លាក់ចុះបន្តបន្ទាប់នៃលំហូរឈាមចូលក្នុង តម្រងនោម ដែលបង្កឡើងដោយការខូចខាតធ្ងន់ធ្ងរ និងកាន់តែខ្លាំងនៃសរីរាង្គថ្លើម។ មូលហេតុ មូលហេតុដែលធ្វើឲ្យមាន Hepatorenal Syndromes គឺការមាននូវជំងឺមួយចំនួន ពិសេសជំងឺក្រិនថ្លើម ដែលវិវឌ្ឍទៅជាមានការរីកធំនៃវ៉ែនប៉ក (Portal vein) ហើយការរីកនៃសរសៃវ៉ែនប៉កនេះ ធ្វើឲ្យមានការរីកសរសៃឈាមអាក់ទែរ នៅតំបន់ពោះ (Splanchnic Circulation)។ ក្រៅពីនេះ ក៏មានកត្តាជំរុញផ្សេងៗទៀត ដូចជាការបង្ករោគដោយបាក់តេរី និងការហូរឈាមតាមក្រពះពោះវៀន។ រោគសញ្ញា ភាគច្រើនអ្នកជំងឺត្រូវបានរកឃើញថា៖ •មានការកើនឡើងនូវក្រេអាទីនីន (Creatinine) ក្នុងឈាម •កំហាប់សូដ្យូមតិចក្នុងទឹកនោម​(

Share

ការព្យាបាលរន្ធឫសធ្មេញ តើអ្វីទៅជាការ​ព្យាបាលរន្ធឫសធ្មេញ? ​​​​      ការព្យាបាលរន្ធឫសធ្មេញ គឺជាការយកចេញនៃសរសៃ (pulp) ធ្មេញ ទំហំតូច ជាជាលិកាខ្សែសរសៃ នៅកណ្តាលប្រអប់ធ្មេញ។ នៅពេលដែលវាបានរងការខូចខាតដោយជំងឺធ្មេញ ឬការស្លាប់សរសៃ(pulp) ត្រូវបានយកចេញហើយចន្លោះដែលនៅសេសសល់ត្រូវបានសម្អាតចេញ និងបិទបំពេញវិញ។ មូលហេតុទូទៅបំផុតនៃការខូចខាត pulp ឬការស្លាប់គឺ: ​​​     ការប្រេះធ្មេញ ​​     ធ្មេញពុកជ្រៅ      ការរងរបួសមួយនៃធ្មេញមួយដូចជា ការគោះ ឬទង្គិចធ្ងន់ធ្ងរដល់ធ្មេញទាំងពេលថ្មីៗ ឬក្នុងពេលកន្លងមក។ នៅពេល pulp នេះត្រូវបានឆ្លងមេរោគ ឬការស្លាប់ ប្រសិនបើមិនបានព្យាបាលខ្ទុះអាចកសាងឡើងនៅចុងឫសក្នុងការឆ្អឹងបង្កើតអាប់សែ។ អាប់សែអាចបំផ្លាញឆ្អឹងជុំវិញធ្មេញ និងបង្កឲ្យមានការឈឺចាប់។ ការព្យាបាលរន្ធឫសធ្មេញពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់មាន៧ដំណាក់កាល: ១. ការឆ្លងមេរោគជ្រៅ ​​​    ការព្យាបាល គឺត្រូវចាំបាច់នៅពេលដែលមានការ រងរបួសឬពេលមានប្រហោងធំដែលប៉ះទង្គិច ឫសធ្មេញ។ ឫសធ្មេញបានឆ្លងមេរោគ ឬរលាក។ ២. ផ្លូវទៅរករន្ធឫសធ្មេញ      ពេទ្យធ្មេញប្រើថ្នាំស្ពឹកអាចត្រូវការ ឬមិនត្រូវការ ការបើកឆាបធ្មេញត្រូវបានធ្វើឡើងតាមរយៈក្បាលធ្មេញចុះទៅបន្ទប់សរសៃធ្មេញ( pulp)។   ៣. ការយកចេញនូវជាលិកាដែលឆ្លងរោគ ឬរលាក ​​គេប្រើសម្ភារៈ (Files ពិសេសសម្រាប់សំអាតសរសៃធ្មេញដែលឆ្លងរោគ និងសរសៃដែលមានសុខភាពមិនល្អចេញពីរន្ធឫសធ្មេញ។ បន្ទាប់មក គេពង្រីករន្ធឫសសម្រាប់សម្ភារ:ប៉ះបិទ ហើយ​ការលាងសំអាត គឺត្រូវបានប្រើ ដើម្បីលាងសំអាតរន្ធឫស និងកំទេចចេញ។   ៤. ការបិទបំពេញរន្ធឫសធ្មេញ ​​​        រន្ធឫសធ្មេញ គឺត្រូវបានបំពេញដោយសម្ភារៈអចិន្ត្រៃយ៍ជាធម្មតាត្រូវបានធ្វើជាមួយនឹងសម្ភារៈគេស្គាល់ថាជា gutta-perchaនេះអាចជួយ ដើម្បីរក្សារន្ធឫសធ្មេញដោយមិនមានការឆ្លងមេរោគ ឬការចម្លងរោគ។   ៥. ការកសាងធ្មេញឡើងវិញ     សម្ភារៈបំពេញបណ្តោះអាសន្នត្រូវបានដាក់នៅលើកំពូលនៃ gutta-percha ដើម្បីបិទចន្លោះ។ ការប៉ះបំពេញធ្មេញដែលនៅសល់ទទួលបានការបំពេញអចិន្រ្តៃយ៍ ឬស្រោបក្បាលធ្មេញ។ ការស្រោបក្បាលធ្មេញ ពេលខ្លះគេហៅថាមួកមួយដែលមើលទៅដូចជាធ្មេញធម្មជាតិ។  វាត្រូវបានគេដាក់នៅលើកំពូលនៃក្បាលធ្មេញ។ ៦. ការគាំទ្របន្ថែម     ក្នុងករណីមួយចំនួន ការដាក់បង្គោលមួយដែលត្រូវបានដាក់ចូលទៅក្នុងឫសជាប់ gutta-percha គឺដើម្បីផ្តល់នូវការគាំទ្រដល់ការស្រោបធ្មេញ(Crown) បន្ថែមទៀត។ ៧. ការស្រោបធ្មេញឲ្យជាប់ ​    ការស្រោបធ្មេញ(Crown)ត្រូវបានពង្រឹងចូលទៅក្នុងកន្លែង។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic  

Share

យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយ ព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។  ដូចម្ដេចដែលហៅថាការខ្សោយថ្លើម? ការខ្សោយថ្លើមមានន័យថា មុខងារថ្លើមមានការថយចុះ ដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។  កត្តាបង្កនិងកត្តាប្រឈម ថ្លើមខ្សោយអាចបង្កឡើងដោយកត្តាជាច្រើន ប៉ុន្តែកត្តាដែលជួបប្រទះញឹកញាប់មានដូចជា៖ • ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A) • វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B,C virus) • ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម • ជំងឺខ្លាញ់រុំថ្លើម • អ្នកផឹកស្រាច្រើន • និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease  និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease)។   រោគសញ្ញាទូទៅ ជាធម្មតាអ្នកដែលមានការខ្សោយថ្លើមដំណាក់កាលដំបូង មិនមានចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ដោយអ្នកជំងឺគ្រាន់តែមានអាការៈហេវហត់ អស់កម្លាំង ទទួលទានអាហារពុំសូវបាន ឬឡើងកន្ទួលលើស្បែកតែប៉ុណ្ណោះ ដោយសារអាការៈនេះមិនអាកំណត់បានថា ជាសញ្ញានៃការខ្សោយថ្លើមនោះទេ ព្រោះវាងាយច្រឡំនឹងជំងឺដទៃទៀត។ ដោយឡែក ចំពោះអ្នកជំងឺណាដែលបានវិវឌ្ឍទៅជាជំងឺថ្លើមរ៉ាំរ៉ៃ គាត់អាចកើតមានដូចជា ទាចទឹក ខាន់លឿង វង្វេងវង្វាន់ ឬអាចឈានដល់ការសន្លប់បាត់ស្មារតី ដែលទាំងនេះសុទ្ធសឹងតែជារោគសញ្ញាដែលបញ្ជាក់ថា អ្នកជំងឺមានការខ្សោយថ្លើមធ្ងន់ធ្ងរ ហើយក៏បញ្ជាក់ថាវាមានការយឺតយ៉ាវក្នុងការព្យាបាលដើម្បីឲ្យថ្លើមត្រឡប់មកដូចដើមវិញទៅហើយ។ ការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញាគ្លីនិក រួមបញ្ចូលជាមួយនឹងលទ្ធផលមន្ទីរពិសោធន៍ ដែលរួមមានដូចជា ការធ្វើតេស្តរកវីរុសរលាកថ្លើមប្រភេទ A,B,C (HAV, HBV and HCV) និងការធ្វើតេស្តទៅលើមុខងារថ្លើម (Liver Function Test) ហើយបន្ថែមពីលើនេះទៀត រូបភាពវិទ្យុសាស្រ្ដ ក៏ត្រូវបានចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ។ ប៉ុន្តែ ចំពោះដំណាក់កាលដំបូងនៃអ្នកជំងឺខ្សោយថ្លើម យើងពិបាកនឹងធ្វើរោគវិនិច្ឆ័យណាស់ ព្រោះថាលុះត្រាតែសាច់ថ្លើមវិវឌ្ឍទៅជារឹង ឬក្រិន ទើបវាមានលេចចេញនូវសញ្ញាគ្លីនិកច្បាស់លាស់ សម្រាប់ធ្វើការវិនិច្ឆ័យរោគ ដូច្នេះពេលខ្លះការពិនិត្យសុខភាព និងការធ្វើតេស្តឈាមជាប្រចាំ វាអាចជួយឲ្យយើងរកឃើញការខ្សោយនៃមុខងារថ្លើមទាន់ពេលវេលា។ ការព្យាបាល ដោយសារតែជំងឺនេះអាចបង្កឡើងដោយកត្តាជាច្រើនផ្សេងៗគ្នា ដូច្នេះហើយការព្យាបាលត្រូវអនុវត្តទៅតាមមូលហេតុដែលបង្កវា ឧទាហរណ៍ ប្រសិនបើវាបណ្ដាលមកពីវីរុសរលាកថ្លើម គឺត្រូវព្យាបាលទៅតាមប្រភេទនៃវីរុសនោះ ក្នុងករណីដែលសាច់ថ្លើមឈានទៅដល់ដំណាក់កាលក្រិនទៅហើយ យើងនឹងធ្វើការព្យាបាលទៅលើផលវិបាកផ្សេងៗដែលកើតឡើងពីការបាត់បង់មុខងារថ្លើម និងការក្រិននៃថ្លើម។ ជាទូទៅ បន្ទាប់ពីទទួលបានការព្យាបាលត្រឹមត្រូវ កោសិកាថ្លើមនឹងវិវឌ្ឍមករកសភាពធម្មតាវិញ ប្រសិនបើវាស្ថិតក្នុងដំណាក់កាលដំបូង តែចំពោះកោសិកាថ្លើមណាដែលត្រូវបានខូចខាតទៅហើយ វាមិនអាចត្រឡប់មកសភាពដើមវិញបានទេ។ ក្នុងករណីដែលថ្លើមក្រិនទៅហើយ វាមិនអាចត្រលប់មកដូចដើមទាំងស្រុងនោះទេ ប៉ុន្តែបើគាត់ទទួលបាននូវការព្យាបាលត្រឹមត្រូវ និងទៀងទាត់ វាអាចជួយឲ្យកោសិកាថ្លើមដែលមិនទាន់ខូច បំពេញមុខងារឲ្យបានល្អ ក៏ដូចជាទប់ស្កាត់មិនឲ្យមានការវិវឌ្ឍបន្តទៅមុខទៀត ដូចជា បើមិនទាន់មានទាចទឹក ឬការរីកប៉ោងសរសៃឈាមបំពង់អាហារ យើងអាចបង្ការកុំឲ្យវាកើតមានបាន។  វិធីបង្ការ ការពារការខ្សោយថ្លើមគឺដូចជាការពារមិនឲ្យរលាកថ្លើមយ៉ាងដូច្នេះដែរ ដូចនេះដើម្បីបង្ការជំងឺរលាកថ្លើមយើងគួរគប្បី៖ • ចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (Hep.B Vaccine)  • ចៀសវាងការប្រើប្រាស់ម្ជុល ឬវត្ថុមុតស្រួចរួមគ្នា  • ប្រើប្រាស់ស្រោមអនាម័យ  • ចៀសវាងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា • កាត់បន្ថយការសេពគ្រឿងស្រវឹង។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទB និង C ដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយ ដូចនេះបើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់ យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលា មុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀននៃមន្ទីរសម្រាកព្យាបាលអេគីប ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្លើមគឺ ជាសរីរាង្គពិសេសមួយ ដែលមានតួនាទី៧យ៉ាងសំខាន់ៗ ដូចជា៖ •កម្ចាត់ជាតិពុលដែលមាននៅក្នុងខ្លួន បានពីចំណីអាហារ និងឱសថបុរាណ-សម័យមួយចំនួន •ធ្វើមេតាបូលីសបំលែង អាហារទៅជាថាមពល •ការបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយឲ្យខ្លាំង ប្រឆាំងនឹងមេរោគដែលឆ្លងតាមឈាម •ផលិតសារធាតុបានពីអាហារហើយបំលែងយកមកប្រើប្រាស់ក្នុងឈាម •បង្គ្រប់តម្រូវការភ្លាមៗក្នុងរយៈពេលខ្លី ពីការស្តុកទុកនូវវីតាមីន ជាតិរ៉ែ និងស្ករ  •ផលិតប្រូតេអុីនសម្រាប់រាងកាយត្រូវការ •ផលិតទឹកប្រមាត់ និងសមាសធាតុផ្សេងទៀតដែលចូលរួមរំលាយជាតិខ្លាញ់ អាហារ និងស្រូបវីតាមីនវិញ។ តើជំងឺក្រិនថ្លើមមានអត្ថន័យដូចម្តេច? ស្វែងយល់ ជាមួយគ្រូពេទ្យជំនាញខាងក្រោម៖ តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើម ជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិន ប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ មានន័យម៉្យាងទៀត គឺជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។ គួរបញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺក្រិនថ្លើម នៅឆ្នាំ២០១៥ គឺប្រហែល១,៣លាននាក់ (២%) នៃអ្នកស្លាប់ទូទាំងពិភពលោក ទិន្នន័យនេះវាប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៦ដែរ។ តើជំងឺក្រិនថ្លើមមានមូលហេតុអ្វីខ្លះ? ជំងឺក្រិនថ្លើមមានមូលហេតុដូចតទៅ៖ •ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរានិងប្រភេទឱសថបុរាណ-សម័យច្រើន ក្នុងរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់មុខងារនិងកោសិការបស់ថ្លើម។ •អ្នកជំងឺរលាកថ្លើមប្រភេទ B និងC (យោងតាមEASL 2016 បានបង្ហាញពីអត្រានៃអ្នកជំងឺរលាក ថ្លើមប្រភេទ Bមានប្រមាណ៣៥០លាននាក់ និងC ប្រមាណពី១៣០ទៅ១៥០លាននាក់ ដែលវិវឌ្ឍទៅជាក្រិនថ្លើម)។ •ថ្លើមត្រូវបានពុលដោយសារការកើនឡើងនូវជាតិដែកច្រើន។ •អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង (Autoimmune disease) ដែលវាទៅបំផ្លាញសាច់ថ្លើម។ •អ្នកដែលខ្សោយកម្លាំង បាត់បង់ចំណង់ អាហារ។ •អ្នកធាត់ដែលអាចបង្កឲ្យមានខ្លាញ់រុំថ្លើម ហើយឲ្យក្រិនក្នុងកម្រិតប្រមាណ៣០%។ •កត្តាជំរុញផ្សេងទៀត មានដូចជា  លើសគីឡូអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។ សញ្ញាណាខ្លះដែលបញ្ជាក់ថាគាត់កំពុងប្រឈមជាមួយជំងឺក្រិនថ្លើម? ជាទូទៅអ្នកជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង ពុំមានស្តែងជាសញ្ញាណាមួយច្បាស់លាស់ទេ នៅពេលមានរោគសញ្ញា គឺជាដំណាក់កាលចុងក្រោយនៃជំងឺក្រិនថ្លើមដែលមានផលវិបាកទៅហើយ។ សញ្ញាទាំងនោះរួមមាន សញ្ញាលើស្បែក ដូចជា លឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម អាចរហូតដល់សន្លប់ រូបរាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង ដៃជើងស្វិតសាច់ដុំ ពោះធំ ផ្ចិតប៉ោង ទឹកនោមតិច និងហើមជើង។ ជំងឺក្រិនថ្លើមអាចធ្វើរោគវិនិច្ឆ័យដោយរបៀបណា? ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើម អាចធ្វើឡើងតាម​រយៈការសាកសួរពីប្រវត្តិអ្នកជំងឺ ការពិនិត្យរាងកាយ រោគសញ្ញានានា ការពិនិត្យឈាម និងធ្វើការបញ្ជាក់បន្ថែមដោយ ច្រិបសាច់ថ្លើម​យកទៅពិនិត្យនិងវិភាគ។  តើជំងឺក្រិនថ្លើមត្រូវព្យាបាលដោយវិធីសាស្ត្របែបណាខ្លះ? ជាទូទៅអ្នកជំងឺក្រិនថ្លើមត្រូវបានព្យាបាល ក្នុង-គោលបំណងការពារទប់ស្កាត់កុំឲ្យខូចខាតសាច់ថ្លើមបន្ថែមទៀត ព្យាបាលនូវផលវិបាកនានា ដែលនឹងកើតមានឡើង និងបង្ការកុំឲ្យវិវឌ្ឍទៅរកមហារីកលឿន។ ម៉្យាងទៀត អ្នកជំងឺអាចនឹងត្រូវ ព្យាបាលដោយវះកាត់ប្តូរថ្លើមតែម្តង ដែលនេះជាជម្រើសចុងក្រោយ។ អ្វីខ្លះជាផលវិបាកនៃអ្នកជំងឺក្រិនថ្លើម? ជំងឺក្រិនថ្លើម ករណីមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ ការវិវឌ្ឍនៃជំងឺនេះនឹងឈានទៅដល់ផលវិបាកជាច្រើន រួមមាន៖ •ហើមជើង •ទាចទឹក (ទឹកដក់ក្នុងស្រោមពោះ) •ការឆ្លងបាក់តេរីទៅក្នុងស្រោមពោះ (បណ្តាលឲ្យរលាកស្រោមពោះ ការហូរឈាមពីសរសៃឈាមពីការធ្លាយសរសៃឈាមដែលឡើងប៉ោងក្នុងបំពង់អាហារ) •មានការប៉ះពាល់ដល់ខួរក្បាល (រវើរវាយ សន្លប់) ដោយសារជាតិពុលបានពីមុខងារថ្លើមចុះខ្សោយ (Hepatic Encephalopathy) •ផលប៉ះពាល់លើតម្រងនោមបណ្តាលមកពីមុខងារថ្លើមខ្សោយ (Hepatorenal Syndrome)  •ផលប៉ះពាល់លើសួតបណ្តាលមកពីមុខងារថ្លើមខ្សោយ (Hepatopulmonary Syndrome) •អណ្តើករីកធំ (Hypersplenism) •និងមហារីកថ្លើម។ តើយើងត្រូវធ្វើបែបណាដើម្បីការពារពីជំងឺ ក្រិនថ្លើម? ដើម្បីការពារជំងឺក្រិនថ្លើមយើងត្រូវដឹងពីមូលហេតុបង្កដូចខាងលើនិងបង្ការចៀសវាងពីមូលហេតុទាំងនោះ។ ជាឧទាហរណ៍ប្រសិនបើពុំទាន់មានជំងឺរលាកថ្លើមប្រភេទB ត្រូវចាក់វ៉ាក់សាំងការពារ ប្រសិនបើមានជំងឺរលាកថ្លើមB-C ត្រូវព្យាបាលឲ្យបានជាសះស្បើយ​និងតាមដានឲ្យបានទៀងទាត់។  ទាក់ទងនឹងការប្រើប្រាស់ឱសថបុរាណសម័យ ត្រូវប្រាកដថាមានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវ​ និងរយៈពេលកំណត់ច្បាស់លាស់។ ក្រៅពីនេះ លោកអ្នកគួរហាត់ប្រាណឲ្យបានទៀងទាត់ និងកុំឲ្យលើសទម្ងន់។ ថ្វីត្បិតតែ ជំងឺក្រិនថ្លើមជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ដែលការព្យាបាលមិនអាចត្រឡប់មកល្អដូចដើមវិញក៏ដោយ គេនៅតែអាចកាត់បន្ថយការវិវឌ្ឍរបស់វាបានប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយលោកអ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវាយតម្លៃរាល់ដំណាក់កាលនៃការវិវឌ្ឍរបស់ជំងឺក្រិនថ្លើម និងទទួលបានការព្យាបាលមួយដែលសមស្របនិងមានប្រសិទ្ធភាព។ បកស្រាយដោយ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

   ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។        ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះគ្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖ • ជំងឺរលាកថង់ទឹកប្រមាត់ (CHOLESISITIS)៖   ជាបញ្ហាជួបញឹកញាប់ជាងគេ ដែលកើតឡើងដោយសារក្រួសធ្លាក់ចុះមកដល់មាត់ច្រករបស់ថង់ទឹកប្រមាត់ នាំឲ្យថង់ទឹកប្រមាត់ស្ទះមិនអាចច្របាច់ទឹកប្រមាត់ចេញបាន។ ផលវិបាកនេះអាចលេចចេញជាបាតុភូតពីរគឺ ទី១ ការរីកធំនៃថង់ទឹកប្រមាត់ ដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ ទី ២ការរលាកនៃថង់ទឹកប្រមាត់ដែលធ្វើឲ្យហើមជុំវិញបរិវេណនៃថង់ទឹកប្រមាត់ដែលងាយស្រួលធ្វើឲ្យមេរោគជ្រៀតចូល។ • ជំងឺរលាកផ្លូវទឹកប្រមាត់ (ANGIOCHOLITIS) ៖    ជាផលវិបាកដែលធ្ងន់ធ្ងរជាងគេនៃជំងឺក្រួសក្នុងប្រមាត់។អត្រាស្លាប់ស្ទើរតែ១00%បើមិនមានការព្យាបាលទាន់ពេលវេលា។វាកើតឡើងនៅពេលដែលក្រួសតូចៗរបូតធ្លាក់មកស្ទះក្នុងផ្លូវទឹកប្រមាត់។ បាតុភូតនេះនឹងបង្កើតបានជារោគសញ្ញាដូចជា ខាន់លឿង ការឈឺចាប់ក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម និងការឡើងកម្តៅ ឬញាក់។ • រលាកលំពែងស្រួចស្រាវ (PANCREATITISAIGUE)៖    កើតឡើងក្នុងករណីគ្រួសបន្តធ្លាក់ទៅក្រោម និងស្ទះដល់ផ្លូវចេញមកក្រៅរួម (ចេញមកក្នុងពោះវៀន) រវាងផ្លូវទឹកប្រមាត់ និងផ្លូវចេញនៃសារធាតុរបស់លំពែងដែលអាចបង្កជាបាតុភូតពីរទៀតគឺ ការបិទផ្លូវលំពែង ដែលធ្វើឲ្យចេញជារោគសញ្ញានៃការរលាកលំពែង និងជួនកាលវាអាចស្ទះទាំងផ្លូវលំពែងនិងផ្លូវទឹកប្រមាត់រួមគ្នាតែម្តង។ក្នុងករណីរលាកលំពែងគឺតម្រូវឲ្យមានការព្យាបាលដោយថ្នាំនិងការតាមដានព្រោះគ្រួសមាន ទំហំតូច និងអាចរបូតធ្លាក់ចេញមកដោយមិនបាច់មានការព្យាបាលដោយ Endoscopy។ក្នុងករណីចាំបាច់ បើរោគសញ្ញានៅតែមិនធូរស្រាល ឬគ្រួសនៅតែមិនរបូតចេញ ការព្យាបាលដោយ Endoscopy នឹងត្រូវធ្វើឡើង។        លោកវេជ្ជបណ្ឌិតបានរំលឹកជាចុងក្រោយថា បើលោកអ្នកមានការសង្ស័យរោគសញ្ញាមួយចំនួននៃជំងឺគ្រួសថង់ទឹកប្រមាត់ ជាពិសេសសម្រាប់អ្នកមានជំងឺនេះផ្ទាល់ គួរឧស្សាហ៍ជួបពិគ្រោះ ។ ស្វែងយល់បន្ថែម៖ ជំងឺក្រួសថង់ទឹកប្រមាត់  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។  កត្តាខ្លះបណ្តាលឲ្យអ្នកកំពុងប្រឈមុខនឹងបញ្ហាអញ្ចាញធ្មេញ៖ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ,ជំងឺទឹកនោមផ្អែម,ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូ -អ្នកមានអាយុច្រើន។   ស្របពេលនោះផងដែរ បញ្ហាជំងឺធ្មេញនេះមានរោគសញ្ញាជាក់លាក់មួយ ជាហេតុដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញ៖ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហមឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អនិងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ៕ ស្វែងយល់បន្ថែម៖​   បញ្ហាអញ្ចាញធ្មេញ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះស្រ្តីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺមានអត្រាខ្ពស់ជាងស្រ្តីដទៃទៀត។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រ្តីបានជះឥទ្ធិផលអាក្រក់ដល់សុខភាពដោយមិនបានចាប់អារម្មណ៍ជាមុន ពោលគឺការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី3 បន្ទាប់ពីមហារីកដោះ និងពោះវៀនសម្រាប់ស្រ្តីទូទាំងពិភពលោក។ ជំងឺមហារីកមាត់ស្បូនគឺ ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖  - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ  -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ  -ការជក់បារី​​​​  -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ  -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។ ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។  ស្វែងយល់បន្ថែម៖ មហារីកមាត់ស្បូន  បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ជាវេជ្ជបណ្ឌិតជំនាញសម្ភព និង រោគស្រ្តី និងជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top