Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

  ប្រជាជនកម្ពុជាបច្ចុប្បន្នមួយចំនួនធំ បានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួនតាមបែបអឺរ៉ុប ជាហេតុធ្វើឲ្យបញ្ហាធាត់ និងការមានជំងឺទឹកនោមផ្អែមកើនឡើង នេះបង្ហាញថា អត្រានៃអ្នកជំងឺខ្លាញ់រុំថ្លើមក៏មានកាន់តែច្រើន។ អ្វីទៅជាជំងឺខ្លាញ់រុំថ្លើម? ជំងឺខ្លាញ់រុំថ្លើមជាការច្រាល់ ឬលើសនូវកម្រិតជាតិខ្លាញ់ប្រភេទទ្រីគ្លីសេរីត (Triglyceride) ច្រើន ក្នុងកោសិកាថ្លើមខុសពីធម្មតា ធ្វើឲ្យថ្លើមរីកធំ។ ដោយឡែក ជំងឺខ្លាញ់រុំថ្លើមត្រូវបានបែងចែកជា៤កម្រិត៖ •Simple Steatosis៖ ជាខ្លាញ់រុំថ្លើមបណ្តាលមកពីការបរិភោគអាហារមានជាតិខ្លាញ់ច្រើនដែលវាមិនពាក់ព័ន្ធនឹងការពិសាស្រានោះទេ។កម្រិតទីមួយនេះ មិនទាន់ធ្វើឲ្យមានការខូចខាតទៅលើកោសិកាទេ។ •Non alcoholic Steatohepatitis៖ ដំណាក់កាលដែលមានការរលាកទៅលើកោសិកាថ្លើមក្នុងពេលជាមួយគ្នានេះដែរ ការធ្វើវិភាគឈាម នឹងរកឃើញថាអង់ស៊ីមថ្លើមមួយចំនួន ដូចជាTransaminase មានការកើនឡើង។ ករណីនេះបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាក្រិនថ្លើម។ •Alcoholic Steatohepatitis៖  ជាជំងឺខ្លាញ់រុំថ្លើមដែលបណ្តាលមកពីការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ ធ្វើឲ្យខ្លាញ់ដែលបំលែងមកពីអាល់កុល ទៅស្តុកទុកក្នុងថ្លើមច្រើន។ •Diffuse Steatohepatitis៖  ដំណាក់កាលដែលមានផលប៉ះពាល់លើសាច់ថ្លើមទាំងមូលបណ្តាលមកពីការពិសាស្រាលើសកម្រិតរយៈពេលយូរធ្វើឲ្យថ្លើមកាន់តែរីកធំប្រសិនបើព្យាបាលមិនទាន់ពេលអាចវិវឌ្ឍទៅជាក្រិនថ្លើមដូចករណីទី២ដែរ។ រោគសញ្ញា     ភាគច្រើនអ្នកជំងឺពុំមានលេចចេញជារោគសញ្ញាអ្វីទាំងអស់ ករណីតិចតួចបំផុតអ្នកជំងឺអាចមានអាការៈឈឺចាប់ ឬមានអារម្មណ៍សៀតក្រោមឆ្អឹងជំនី និងមានក្អួតចង្អោរជាដើម។ ជួនកាលអ្នកជំងឺអាចរកឃើញថាមានសញ្ញាថ្លើមរីកធំ នៅពេលពិនិត្យរាងកាយជាមួយគ្រូពេទ្យ។ មូលហេតុ និងកត្តាហានិភ័យ     ជាទូទៅជំងឺខ្លាញ់រុំថ្លើមមានមូលហេតុនិងកត្តាហានិភ័យជាច្រើនរួមមាន៖ •ការធាត់ជ្រុល •អ្នកជំងឺទឹកនោមផ្អែម •ការលើសជាតិខ្លាញ់ •ការពិសាស្រាលើសកម្រិតក្នុងរយៈពេលយូរ •ការមានផ្ទៃពោះ •ជំងឺមេតាបូលីស គឺអ្នកជំងឺដែលមានជំងឺ៣រួមគ្នា លើសសម្ពាធឈាម ទឹកនោមផ្អែម និងលើសជាតិខ្លាញ់ •ការប្រើប្រាស់ឱសថមួយចំនួនដូចជា Cor-ticoid(ឱសថប្រឆាំងការរលាក) ARV (ថ្នាំប្រឆាំងនឹងជំងឺអេដស៍)និងប្រភេទថ្នាំផ្សេងៗទៀតដែលធ្វើឲ្យ Triglyceride ស្តុកក្នុងថ្លើមកាន់តែច្រើន •អ្នកធ្វើការងារផ្នែកកសិកម្ម ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតស្ថិតក្នុងក្រុម DDT •អ្នកជំងឺកង្វះប្រូតេអ៊ីន •ការស្រកទម្ងន់លឿនពេក។ ការធ្វើរោគវិនិច្ឆ័យ     ដើម្បីរកឲ្យឃើញថាអ្នកជំងឺកំពុងប្រឈមជាមួយ     ខ្លាញ់រុំថ្លើម ត្រូវធ្វើការត្រួតពិនិត្យរាងកាយជាមួយគ្រូពេទ្យជំនាញ រួមជាមួយការត្រួតពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រមួយចំនួន ដូចជា អេកូសាស្ត្រ ដើម្បីមើលសភាពរបស់ថ្លើម និងការពិនិត្យឈាម មើលមុខងាររបស់ថ្លើម ដឹងពីកម្រិតនៃការប៉ះពាល់នៅថ្លើមប៉ុណ្ណា។ករណីការធ្វើអេកូសាស្ត្រពិបាកមើលគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើCTស្កេនក្នុងគោលបំណងវាស់ពីកម្រិតជាតិខ្លាញ់ក្នុងសាច់ថ្លើម។ ការព្យាបាល     ចំពោះការព្យាបាលជំងឺខ្លាញ់រុំថ្លើម គឺតម្រូវឲ្យព្យាបាលទៅតាមមូលហេតុរបស់អ្នកជំងឺ៖ •ចំពោះអ្នកជំងឺធាត់ ត្រូវប្តូររបបអាហារត្រឹមត្រូវបន្ថយអាហារផ្តល់ថាមពលច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ •ចំពោះអ្នកជំងឺមេតាបូលីស ត្រូវព្យាបាលជំងឺទាំង៣នេះជាមុនសិន •ចំពោះអ្នកជំងឺលើសជាតិខ្លាញ់ ត្រូវប្រើថ្នាំបញ្ចុះជាតិខ្លាញ់តាមប្រភេទខ្លាញ់ដែលលើស •បន្ថយឬបញ្ឈប់ការពិសាស្រា ចំពោះអ្នកញៀនស្រា •ចៀសវាងការប្រើថ្នាំប្រភេទ Corticoid   •ការពារខ្លួនពេលប្រើថ្នាំសម្លាប់សត្វល្អិត •ចំពោះស្ត្រីមានផ្ទៃពោះជំងឺខ្លាញ់រុំថ្លើម នឹងជាវិញដោយខ្លួនឯងពេលសម្រាលរួច។គួរបញ្ជាក់ផងដែរថា ជំងឺខ្លាញ់រុំថ្លើមនឹងអាចព្យាបាលឲ្យជាសះស្បើយ ដរាបណាអ្នកជំងឺលុបបំបាត់នូវមូលហេតុនានាដូចបានរៀបរាប់ខាងលើនិងធ្វើតាមការណែនាំរបស់អ្នកជំនាញបានត្រឹមត្រូវ។ ផលវិបាក     ក្នុងករណីអ្នកជំងឺមិនទទួលការព្យាបាលទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ទាចទឹក និងមហារីកថ្លើម ទៅថ្ងៃមុខ។ ការការពារ     ការរស់នៅប្រកបដោយអនាម័យ របបអាហារប្រកបដោយតុល្យភាព បន្ថយអាហារខ្លាញ់បញ្ឈប់ការ   ​ ពិសាស្រា ហាត់ប្រាណជាប្រចាំ និងចៀសវាងការប្រើថ្នាំ Corticoid ដោយគ្មានវេជ្ជបញ្ជា អាចការពារពីជំងឺខ្លាញ់រុំថ្លើមបាន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត វង ច័ន្ទលីណា  ឯកទេសក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត និងជសាស្ត្រាចារ្យនៃសាកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងតែជួបបញ្ហាសុខភាពភ្នែក ដែលតម្រូវឲ្យពួកគាត់ទៅទទួលការព្យាបាលពីសំណាក់គ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្ត្រ។ ក្នុងនោះផងដែរ ជំងឺកន្ទុយថ្លែនជាជំងឺភ្នែកស្រាលមួយ ប៉ុន្តែបើលោកអ្នកមិនបានទៅព្យាបាលនោះទេ វាអាចជះឥទ្ធិពលអាក្រក់ច្រើនដល់ការមើលរបស់អ្នក។ ជាការពិតណាស់ វិធីសាស្ត្រនៃការព្យាបាលជំងឺនេះ គឺការទទួលយកការវះកាត់ទើបមានប្រសិទិ្ធភាពខ្ពស់។ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែក ម៉ារ អមរិន្ទ បានបញ្ចាក់ថា “ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់” ។  ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖ •ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។ •ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។   ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក៕ ស្វែងយល់បន្ថែម៖   ជំងឺកន្ទុយថ្លែន មិនមែនជាជំងឺធ្ងន់តែកកើតច្រើន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ថ្លើមគឺជាសរីរាង្គដែលមានមុខងារច្រើននិងចាំបាច់យ៉ាងខ្លាំងចំពោះរាងកាយហើយក៏ជាសរីរាង្គចម្បងមួយសម្រាប់ ធ្វើការសម្អាតជាតិពុលនៅក្នុងខ្លួនរបស់យើងផងដែរ។ ជាមួយនឹងមុខងារដ៏សំខាន់ទាំងនេះ តើនឹងមានអ្វីកើត ឡើងនៅពេលមានការពុលលើសរីរាង្គថ្លើមផ្ទាល់?  តើអ្វីខ្លះជាដើមចមនៃការបង្កជាតិពុលទៅលើថ្លើម?   និយមន័យនៃការពុលថ្លើមសរីរាង្គថ្លើមដែលទទួលរងការវាយប្រហារដោយជាតិពុល គឺជាថ្លើមខូច គុណភាព (Liver damage ឬ Liver injury) ខ្សោយ និងមិនអាចបំពេញមុខងារបានល្អ។   ជាទូទៅ ការពុលថ្លើមសំដៅដល់ការខូចខាតនៃកោសិកា និងជាលិកាថ្លើម (Damage) ដែលអាចបែងចែកជា ២យ៉ាង៖ •    ការពុលស្រួចស្រាវ ឬទាន់ហន់ (Acute toxicity)៖ ការពុលដែល បង្ហាញឡើង និងបំផ្លាញថ្លើមភ្លាមៗ •    ការពុលរ៉ាំរ៉ៃ (Chronic toxicity)៖ ការពុលដែលកើតឡើង បន្តិចម្តងៗ ធ្វើឲ្យថ្លើមចុះខ្សោយក្នុងរយៈពេលយូរ ដោយមិនធ្វើឲ្យអ្នកជំងឺដឹងខ្លួន។   ដោយឡែក កម្រិតនៃការពុលថ្លើម ត្រូវបានបែងចែកទៅតាមប្រទេស ឬវេជ្ជសាស្ត្រនីមួយៗដោយផ្អែកលើលក្ខខណ្ឌខុសគ្នា តែជាទូទៅវាត្រូវបានបែងចែកជា ៣កម្រិតគឺ កម្រិតស្រាល កម្រិតធ្ងន់ និងចុងក្រោយគឺ កម្រិតដែលសាច់ថ្លើមរលួយដែលហៅថា Fulminant Hepatitis។ ចំពោះការពុលថ្លើមកម្រិត Fulminant Hepatitis ដែលឋិតក្នុងទម្រង់ទាន់ហន់ មានន័យថា អ្នកជំងឺអាចឈានដល់ការស្លាប់បានបើមិនបានទទួលការសង្គ្រោះជាបន្ទាន់ ជាពិសេសបើមានការបន្ថែមនូវកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ដល់ថ្លើមបន្ថែមទៀត (ឧទាហរណ៍ដូចជាការពិសាសុ​រា ឬឱសថនានាដែលប៉ះពាល់ដល់ថ្លើមរាប់បញ្ចូលទាំងឱសថបុរាណខ្មែរ ថ្នាំចិនសែ -ល-​នៅពេលថ្លើមកំពុងខូច ឬពុលហើយនោះ)។   មូលហេតុដែលអាចបង្កឲ្យមានការពុលថ្លើមការខូចថ្លើម អាចបង្កមកពីមូលហេតុជាច្រើនរួមមាន ការទទួលទានស្រា ឱសថមួយចំនួន ថ្នាំខ្មែរ ថ្នាំចិនសែ ឫសឈើ សារធាតុគីមី និងការមានសារធាតុពុលរបស់មេរោគ (toxin)  ឬសកម្មភាពរបស់មេរោគដែលចូលទៅបំផ្លាញកោសិការបស់ថ្លើមតែម្តង -ល-។   រោគសញ្ញានៃការពុលថ្លើម ការពុលថ្លើមអាចបង្ហាញជារោគសញ្ញាក្រោមទម្រង់ទាន់ហន់  និងរ៉ាំរ៉ៃបានដូចតែគ្នាទេ៖       ក្នុងករណីរ៉ាំរ៉ៃ៖ ជាធម្មតាពុំមានផ្តល់ជាសញ្ញាណាមួយច្បាស់លាស់ឡើយ ហើយអ្នកជំងឺខ្លះអាចមិនដឹងខ្លួនថាថ្លើមកំពុងមានការវាយប្រហារដោយជាតិពុលទៀតផង (ស្ថិតក្នុងសភាពស្ងាត់ស្ងៀម)។     ក្នុងករណីទាន់ហន់៖ អ្នកជំងឺអាចមានអាការៈមួយចំនួនដែលជាទូទៅទាក់ទងនឹងមុខងារមិនប្រក្រតីរបស់ថ្លើមនោះតែម្តងដូចជា៖ • ប្រព័ន្ធរំលាយអាហារ៖ ការរំលាយអាហារដំណើរការមិនបានល្អ ដែលនាំឲ្យមានសញ្ញាដូចជា មិនឃ្លានបាយ តឹងពោះខ្លាំង និងឆ្អែតជាប្រចាំជាដើម។ • ការចម្រោះទឹកប្រមាត់៖ ថ្លើមមានសភាពខ្សោយមិនអាចចម្រោះទឹកប្រមាត់ចេញពីក្នុងឈាមបាន (Bilirubin Conjugation) នាំឲ្យឡើងលឿងខ្លាំងពេញខ្លួនរួមមានស្បែក ក្រចក គ្រាប់ភ្នែក ទឹកនោមនិងលាមក (ខាន់លឿង)។ • គ្រប់គ្រងជាតិស្ករ៖ ថ្លើមមិនអាចបំពេញមុខងារគ្រប់គ្រងជាតិស្ករឲ្យបាននឹងនរ នាំឲ្យមានវិបត្តិលើជាតិស្ករក្នុងឈាម  និងជួនកាលអាចឲ្យខ្វះស្ករក្នុងឈាមខ្លាំង ដែលបណ្តាលឲ្យអស់កម្លាំង បែកញើសស្អិត រហេងរហាងដៃជើង ឬរហូតទៅដល់សន្លប់ បាត់បង់ស្មារតី។ • តួនាទីផលិតប្រូតេអុីន និង Albumin ក្នុងខ្លួន៖ កាលណាថ្លើមខ្សោយ វាមិនអាចផលិត Albumin និងប្រូតេអុីនទៅក្នុងឈាមឲ្យបានគ្រប់គ្រាន់ដែលនាំឲ្យអ្នកជំងឺអាចហើមពេញខ្លួន និងបង្កជាវិបត្តិលើកំណកឈាម (ឈាមមិនងាយកក) ព្រមទាំងអាចមានកន្ទួលលើស្បែកដូចសំបុកពីងពាង (Spider angiomas) និងបណ្តាលឲ្យកើតទាចទឹក ផងដែរក្នុងករណីខ្វះ Albumin ឬថ្លើមខូចខ្លាំង ដោយសារថ្លើមមិនអាចរុញឈាមទៅកាន់បេះដូងបាន។   ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើម ការធ្វើរោគវិនិច្ឆ័យចំពោះពុលថ្លើមអាចធ្វើតាមរយៈវិធីសាស្ត្រមួយចំនួនរួមមាន៖     តាមរយៈការសាកសួរ៖ ការស្វែងរកមូលហេតុបង្ក (ឧ. អ្នកជំងឺផឹកស្រា) ប្រវត្តិជំងឺ (ឧ. រលាកថ្លើម អា បេ សេ ជាដើម)។     តាមសញ្ញាគ្លីនិក៖ ទាចទឹក លឿងពេញខ្លួន កន្ទួលលើស្បែកឈាមក្រកក អស់កម្លាំង បែកញើសស្អិត មិនរំលាយអាហារជាដើម។ ក្នុងករណីដែលថ្លើមរីកខ្លាំង ឬរលាកខ្លាំង នាំឲ្យមានការឈឺចាប់ត្រង់ពោះខាងលើ ផ្នែកខាងស្តាំ (Right upper quadrant pain)។     តេស្តផ្សេងៗក្នុងមន្ទីរពិសោធន៍ដែលបង្ហាញពីមុខងារខ្សោយរបស់ថ្លើម៖ • Transaminase កើនឡើង • Gama GT កើនឡើង • BS ថយចុះ • AFP (Alpha-fetoprotein) អាចឡើង • Alkaline Phosphatase កើនឡើង • កត្តាឈាមកក៖ PTT (Partial thromboplastin time) និង aPTT (Activated partial thromboplastin time) កើនឡើង • Direct Bilirubin ឬ Total bilirubin កើនឡើង • Albumin និង Proteins ថយចុះ • Platelet ថយចុះ។     ការថតអេកូ៖ ជាទូទៅមិនសូវថតឃើញរូបភាពខុសប្រក្រតីច្រើនឡើយចំពោះករណីពុលថ្លើម តែអាចឃើញថ្លើមរីកធំជាងធម្មតា (Hepatomegaly) ឬថ្លើមស្វិតតូច ករណីក្រិនថ្លើម។   ការព្យាបាលបញ្ហាពុលថ្លើម ការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុបង្កឲ្យមានការពុល និងផលវិបាកដែលអាចកើតឡើងក្រោយការពុលដូចជា៖     ការព្យាបាលបំបាត់សភាពរលាក ករណីដែលមានបញ្ហារលាកថ្លើម     ករណីមានមេរោគទៅបំផ្លាញជាលិកាថ្លើម ត្រូវប្រើប្រាស់ថ្នាំ Antibiotics  ឬ Antivirals ដែលអាចសម្លាប់មេរោគនោះបាន     ករណីឱសថដែលនាំឲ្យពុលដល់ថ្លើម ជាចាំបាច់ត្រូវផ្អាកការប្រើ-ប្រាស់ឱសថនោះ និងប្រើឱសថបន្សាបឥទ្ធិពលរបស់វាវិញ      ការព្យាបាលក៏ត្រូវធ្វើឡើងយោងតាមលទ្ធផលនៃមន្ទីរពិសោធន៍ផងដែរ ឧទាហរណ៍ ការបង្គ្រប់សារធាតុ Albumin ករណីខ្វះAlbumin  ការ ប្រើប្រាស់ថ្នាំជំនួយកំណកឈាម ករណីមានវិបត្តិឈាមកកយឺត និងកាលណា Platelet  ដែលជាគ្រាប់ឈាមសម្រាប់ឃាត់ឈាម(វាអាចបញ្ជាក់ពីកម្រិតខ្សោយនៃថ្លើមបាន) ធ្លាក់ចុះខ្លាំងពេក ការសង្គ្រោះតម្រូវឲ្យប្រើឈាមដែលមាន Platelet ឬ Platelet  តែម្តងបញ្ចូលឲ្យអ្នកជំងឺ។     ក្រៅពីនោះ ដោយសារវីតាមីនបេមួយចំនួនក្នុងខ្លួនភាគច្រើននឹងថយចុះពេលថ្លើមមានការខូចខាត ដូចនេះអ្នកជំងឺនឹងត្រូវបានណែនាំផងដែរឲ្យប្រើប្រាស់វីតាមីន បេកំផ្លេចដើម្បីបង្គ្រប់មកវិញ។   គួរបញ្ជាក់ថា លទ្ធភាពនៃការប្រសើរឡើងនៃអ្នកជំងឺ គឺអាស្រ័យនឹងភាគរយនៃការខូចខាតរបស់ថ្លើមដោយសារការពុល។  កាលណាអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ និងភ្លាមៗ (ថ្លើមនៅល្អចាប់ពី ២០%) នោះលទ្ធភាពក្នុងការរស់នៅតាមធម្មតានឹងកើនឡើង ។ ផ្ទុយទៅវិញ ករណីពុលថ្លើមនៅកម្រិតធ្ងន់ធ្ងរខ្លាំង (Fulminant hepatitis) អ្នកជំងឺអាចមានឱកាសប្រឈមនឹងការស្លាប់កាន់តែខ្ពស់។   ផលវិបាកបន្ទាប់ពីការពុលថ្លើម ផលវិបាកមួយចំនួនដែលច្រើនកើតមានចំពោះអ្នកជំងឺពុលថ្លើម ដែលមានថ្លើមខ្សោយខ្លាំងរួមមាន៖     Hepatic Encephalopathy (HE) ដែលបណ្តាលឲ្យអ្នកជំងឺសន្លប់ វង្វេងស្វារតី និងអាចរហូតដល់ស្លាប់ទៀតផង ដោយសារសារធាតុអាម៉ូញាក់នៅក្នុងខ្លួនពុលទៅដល់ខួរក្បាល និងភាពអសមតុល្យនៃប្រភាគរបស់អាស៊ីតអាមីនេ (Amino acid)។Hepatorenal syndrome ច្រើនជួបនៅដំណាក់កាលចុងក្រោយដែលថ្លើមពុលក្នុងកម្រិតធ្ងន់ធ្ងរ នាំឲ្យខូចខាត និងខ្សោយដល់តម្រងនោម ជាលទ្ធផលធ្វើឲ្យមានការកើនឡើងនៃ Urea និង Creatinine ។     ងាយឆ្លងរោគផ្សេងៗ (Infections) បន្ថែមទៀត ដោយសារពោះវៀនដើរមិនល្អ មានទឹកក្នុងពោះច្រើន និងប្រូតេអុីនក្នុងខ្លួនទាប ដែលនាំឲ្យអង្គការពាររាងកាយថយចុះ។   ករណីដែលមានបញ្ហា ឬការសង្ស័យណាមួយទាក់ទងនឹងការពុលថ្លើមឬសុខភាព អ្នកត្រូវចាំបាច់ស្វែងរកជំនួយពីវេជ្ជបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងធ្វើការសហការជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។   បកស្រាយដោយ ៖ លោកឧកញ៉ាសាស្ត្រាចារ្យវេជ្ជបណ្ឌិត  តាន់ គីមមេងវេជ្ជបណ្ឌិតឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យព្រះសីហនុនិងជានាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្រ្ត HOPE   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះជំងឺឫសដូងបាតនេះផងដែរ ប្រភព និងកត្តាដែលបង្កឲ្យកើតមានជំងឺនេះរួមមានដូចជា ៖ ១- កត្តាបន្តពូជ ៖  កាលណាឪពុក ឬម្តាយមានជំងឺឫសដូងបាត អាចចម្លងជំងឺឫសដូងបាតទៅកូនតាំងពីនៅក្នុងផ្ទៃដោយស្វ័យប្រវត្តិ។ ២-កត្តាការងារ ៖  មនុស្សដែលអង្គុយច្រើន គឺច្រើនឆាប់កើតមុនគេ។ ៣-កត្តាចំណីអាហារ ៖  អ្នកចូលចិត្តញុាំផ្លែឈើលេបគ្រាប់ ដូចជា គ្រាប់ត្របែក ព្រីង កំពីងរាជ។ គ្រាប់ឈើទាំងអស់នេះ ក្រពះពោះវៀនមិនអាចរំលាយបានទេ ហេតុដូចនេះ ហើយពេលយើងបត់ជើងធំវាចេញទាំងមូលមកវិញ ហើយធ្វើការប្រមូលផ្តុំគ្នាបង្កឲ្យដាច់ស្បែកការពារសរសៃឈាម(វែន)ក្នុងទ្វាលាមក។ ដរាបណាអស់ស្បែកការពារ វានឹងធ្វើឲ្យសរសៃឈាមវារីកធំម្តងបន្តិចៗ ហើយវិវឌ្ឍទៅជាជំងឺឫសដូងបាតដោយស្វ័យប្រវត្តិ ។ ៤-កត្តាអនាម័យ ៖  គ្រួសារដែលពុំទាន់មានបង្គន់អនាម័យក៏បណ្តាលឲ្យងាយកើតជំងឺឫសដូងបាតនេះដែរ។ គេតែងតែជូត កិតក្រដាស ស្មៅ ស្លឹកឈើ មែកឈើ ដែលអាចបណ្តាលឲ្យដាច់ស្បែកការពារសរសៃឈាម វារីកធំ ហើយជាលទ្ធផលក៏វិវឌ្ឍទៅជាជំងឺឫសដូងបាត។ ៥-កត្តាបន្ទោរបង់ ៖ អ្នកដែលមានបញ្ហាលាមករឹង ក្តៀន រាគរូសយូរថ្ងៃ មិនបានព្យាបាលក៏បង្កឲ្យកើតជំងឺឫសដូងបាតនេះដែរ។ ៦-កត្តាស្រ្តីរក្សាគភ៌ និងសំរាលកូន ៖ ក៏អាចប្រឈមនឹងជំងឺឫសដូងបាតមុនគេ។ ៧- កត្តាធម្មជាតិ ៖ គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំដូចគ្នាទាំងអស់ ដែលប្រឈមនឹងការកើតជំងឺឫសដូងបាតដូចគ្នា ប៉ុន្តែគ្រាន់តែយូរឬឆាប់។ ៨-កត្តារួមភេទ ៖ ខុសធម្មជាតិ តាមរន្ធគូថ ។   បើលោក លោកស្រីមានជំងឺឫសដូងបាត សូមកុំបារម្ភសូមអញ្ជើញមកកាន់ គ្លីនិក តូច យ៉ាន យើងខ្ញុំមានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាតធានាព្យាបាលជាគ្រប់ប្រភេទនិង គ្រប់ដំណាក់កាលនៃជំងឺឫសដូងបាតបានគ្រប់សាខាយើងខ្ញុំ។   លោក លោកស្រី អាចទូរស័ព្ទពិភាក្សាពិគ្រោះជំងឺជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈ ៖ ទូរស័ព្ទលេខ ០១២ ៨៥៥ ៩២២ , ០១៦ ៩៥៥ ៨២២ , ០៩៧ ៩៧ ៩៧ ៨៨២,០៧០ ៨៥៥ ៩២២។

Share

ជំងឺរលាកកស្បូន ជាជំងឺដែលអាចបណ្តាលមកពីការក្រហល់ក្រហាយ ការឆ្លងមេរោគ និងការរបួសកោសិកានៅបរិវេណកស្បូន។ កោសិការលាក​ ឬកោសិកាឆ្លងរោគទាំងនេះ អាចប្រែទៅជាក្រហម ហើម និងមានការធ្លាក់ស ហើយម៉្យាងទៀតវាអាចងាយហូរឈាមនៅពេលប៉ះទង្គិច។ ដើម្បីជាការចែករំលែកនូវចំណេះដឹង​ដល់ស្ត្រីគ្រប់រូបទាក់ទិននឹងជំងឺរលាកកស្បូន លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ឯកទេសសម្ភព និងរោគស្ត្រី និងនាយកអគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ ចូលរួមចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងស្ថានភាពទូទៅនៃជំងឺជំងឺរលាកស្បូនមានដូចខាងក្រោម៖   មូលហេតុបង្ក មូលហេតុដែលបណ្តាលឲ្យមានជំងឺរលាកកស្បូនមាន​ ៤យ៉ាងគឺ៖  .រលាកដោយសារមេរោគ ដែលអាចមានពពួកបាក់តេរី ប៉ារ៉ាស៊ីដ ផ្សិត និង វីរុស . អាចរលាកដោយសារវិបត្តិ នៃការចិញ្ចឹមកោសិកា .  ករណីរលាកដំបៅមុន មហារីក .  រលាកដោយសារប្រតិកម្ម។   រោគសញ្ញា រោគសញ្ញាជាទូទៅ វាបង្ហាញឲ្យឃើញ ក្នុងកម្រិតតិចតួចណាស់ ហើយវាអាចបង្ហាញឲ្យរោគសញ្ញាច្រើនក្នុងករណីមានផលវិបាក ប្រសិនបើគ្មានផលវិបាកអ្វីទេ វាបង្ហាញឲ្យឃើញរោគសញ្ញាតិចតួចមែនទែន។ រោគសញ្ញាដែលអាចបង្ហាញឲ្យឃើញ មានដូចជា៖ . ការធ្លាក់សហើយការធ្លាក់សនោះមានលក្ខណៈផ្សេងៗគ្នា អាស្រ័យទៅតាមមេរោគ ដែលបង្កជំងឺ . មានអាការៈរមាស់ទ្វារមាស​ ហើមទ្វារមាស .  ឈឺចាប់ពេលរួមភេទ . ពិបាកបត់ជើងតូច ឬបត់ជើងតូចញាប់ . ហើយអាចមានអាការៈគ្រុនក្តៅ ប្រសិនបើមានការរលាកនោះរាលដានដល់ប្រដាប់បន្តពូជផ្នែកខាងលើ។   ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យឃើញថា ស្ត្រីមាននូវជំងឺរលាកកស្បូន គ្រូពេទ្យត្រូវប្រើវិធីបច្ចេកទេសមួយចំនួនដូចជា៖ .  ត្រូវពិនិត្យកស្បូនជាចាំបាច់ នៅពេលដែលយើងពិនិត្យឃើញសភាពនៅលើកស្បូន យើងអាចស្គាល់នូវមេរោគ ដែលបង្កជំងឺបាន . នៅក្នុងករណីចាំបាច់ គេអាចត្បារយកមេរោគហ្នឹង ទៅមើលដើម្បីឲ្យដឹងថានៅលើកស្បូននេះ មានមេរោគ ប្លែក ឬអត់និងអាចយកវាទៅបណ្តុះដើម្បី ឲ្យដឹងថាតើថ្នាំអ្វីដែលអាចសម្លាប់មេរោគនេះបាន។   ការព្យាបាល គេអាចព្យាបាលជំងឺរលាកកស្បូននេះ ឲ្យជាសះស្បើយបានដោយសារប្រើថ្នាំ និងប្រើវិធីដុត។ ការប្រើថ្នាំហ្នឹង គេប្រើដើម្បីកម្ចាត់ប្រភេទមេរោគដែលបង្កជាជំងឺ ដូច្នេះប្រសិនបើយើងប្រើថ្នាំព្យាបាលមិនអាចជាសះស្បើយបានដែរ។ ក្នុងករណីធ្ងន់ធ្ងរប្រសិនបើមានការព្យាបាល ដោយប្រើថ្នាំជាច្រើនដង ហើយមិនទទួលបានប្រសិទ្ធិភាពមានន័យថា ដំបៅហើយកើតឡើងវិញទៀត គឺត្រូវប្រើវិធីដុត។ វិធីដុតនេះមានពីរយ៉ាង គឺដុតមានកម្តៅ ឬត្រជាក់។ ម៉្យាងទៀត អ្នកជំងឺត្រូវអនុវត្តតាមវេជ្ជបញ្ចា ដើម្បីឲ្យការព្យាបាល ទទួលបានប្រសិទ្ធិភាពខ្ពស់ព្រោះប្រសិនបើព្យាបាលមិនបានត្រឹមត្រូវតេ ជំងឺរលាកកស្បូននេះនឹងអាចវិវឌ្ឍទៅរកសភាពរ៉ាំរ៉ៃ ព្យាបាលមិនជា។ ចំពោះសេវាព្យាបាលអ្នកជំងឺអាចទទួលយកការព្យាបាល ពីមន្ទីរពេទ្យសាធារណៈ និងឯកជន ជាពិសេសគឺការទទួលការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសរោគស្រ្តី។         ការបង្ការ ដើម្បីការពារកុំឲ្យកើតជំងឺរលាកកស្បូននេះ ស្ត្រីត្រូវអនុវត្តនូវវិធីមួយចំនួនដូចជា៖ .  ស្ត្រីត្រូវចេះអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ និងជាប្រចាំ ជាពិសេសនៅក្រោយពេលបន្ទោរបង់ និងមុន និងក្រោយពេលរួមភេទ .  ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺពីខាងក្រៅ .  ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន . ទទួលការពិនិត្យតាមដានជាប្រចាំ ពីគ្រូពេទ្យឯកទេស យ៉ាងហាចឲ្យបានម្តងក្នុងមួយឆ្នាំ ទោះបីស្ត្រីមិនមានជំងឺអ្វីក៏ដោយ។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​ ​​

Share

 ជំងឺរលាកសន្លាក់ បង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ជាពិសេសនៅត្រង់គន្លាក់ឆ្អឹង។ ជំងឺរលាកសន្លាក់នេះ គឺជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សពិការអវៈយវៈដៃជើង​ ក្នុងចំណោមមនុស្សវ័យជាង​ ៥០ឆ្នាំនៅក្នុងបណ្តាលប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម។ ជំងឺរលាកសន្លាក់ ជះឥទ្ធិពលដល់គុណភាពជីវិតរបស់មនុស្ស បណ្តាលឲ្យមានការលំបាកក្នុងការប្រកបការងារចិញ្ចឹមជីវិត និងបង្កការរំខានដល់សតិអារម្មណ៏។ លោកសាស្ត្រចារ្យ លី ជាតិតា វេជ្ជបណ្ឌិតឯកទេស ជំងឺរលាកសន្លាក់ និងសាច់ដុំ និងជាប្រធានផ្នែកជំងឺទូទៅ និងសន្លាក់នៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ផ្តល់កិត្តិយសដើម្បីបកស្រាយ បំភ្លឺពីស្ថានភាពទូទៅ នៃជំងឺរលាកសន្លាក់ដូចខាងក្រោម៖ អ្វីជាជំងឺរលាកសន្លាក់?      ជំងឺរលាកសន្លាក់ ជាការរលាកត្រង់គន្លាក់ឆ្អឹង (ចំណុចប្រសព្វនៃឆ្អឹង)​ មួយផ្នែក ឬបរិវេណជាច្រើនទៀតនៃសរីរាង្គកាយមនុស្ស។ ជំងឺរលាកសន្លាក់មានជាង ១០០ប្រភេទ ដែលមួយប្រភេទៗបណ្តាលមកពីមូលហេតុ និងមានវិធីសាស្ត្រព្យាបាលខុសៗគ្នា។ រោគសញ្ញានៃជំងឺរលាកសន្លាក់ អាចកើតឡើងសន្សឹមៗ ប៉ុន្តែវាក៏អាចកើតឡើងមួយរំពេចផងដែរ។ ជំងឺរលាកសន្លាក់នេះ គេឃើញមានភាគច្រើនចំពោះមនុស្សវ័យខ្ទង់ ៥០ឆ្នាំជាង ឬជាង៦៥ឆ្នាំ ប៉ុន្តែវាក៏អាចវិវត្តន៍ នៅក្នុងខ្លួនកុមារ​ និងមនុស្សវ័យជំទង់ដែរ។​ យោងតាមការសិក្សាស្រាវជ្រាវ ជំងឺនេះកើតចំពោះមនុស្សស្រីច្រើនជាងបុរស និងចំពោះមនុស្សណា​ ដែលមានទម្ងន់ធាត់គីឡូ។   មូលហេតុបង្ក         មូលហេតុដែលបណ្តាលឲ្យកើតជំងឹរលាកសន្លាក់ គឺមានការបកស្រាយផ្សេងៗគ្នាអាស្រ័យទៅលើប្រភេទនៃជំងឺរលាកសន្លាក់ ហើយក្នុងនេះ យើងសូមលើកយកតែជំងឺរលាកសន្លាក់ ៥ប្រភេទ និងមូលហេតុផ្សេងៗគ្នា​របស់វាមកបកស្រាយ។ -ទាក់ទងនឹងវ័របស់មនុស្ស និងសភាពធាត់លើសគីឡូ ៖ កាលណាមនុស្សាមានវ័យកាន់តែចាស់ ឬមនុស្សដែលធាត់លើសគីឡូ សភាពនៃសន្លាក់ក៏កាន់តែទ្រុឌទ្រោម និងសឹករេចរិលដែរ។  - រលាកសន្លាក់គ្មានមូលហេតុ៖ គឹជាប្រភេទរលាកសន្លាក់រ៉ាំរ៉ៃ ដែលមិនត្រឹមតែប៉ះពាល់់ដល់សន្លាក់ប៉ុណ្តោះ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់សរីរាង្គខាងក្នុងដូចជា បេះដូង​ សួត តម្រងនោម និងគ្រាប់ឈាមជាដើម។ វាមានសភាពរលាកសន្លាក់ច្រើនកន្លែង នៅក្នុងខ្លួនអ្នកជំងឺដែលធ្វើឲ្យអ្នកជំងឺមានការលំបាកច្រើន​ ហើយផលពិបាក នៃជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិត ឬធ្វើឲ្យសន្លាក់មានការខូចខាតខ្លាំង រហូតធ្វើឲ្យអ្នកជំងឺមានភាពពិការ។ -រលាកសន្លាក់បណ្តាលមកពីមេរោគ ៖ មេរោគធម្មតា មេរោគសង្គម ឬមេរោគរបេងជាដើម​ អាចបណ្តាលឲ្យមនុស្សកើតជំងឺរលាកសន្លាក់។ ជំងឺរលាកសន្លាក់ប្រភេទនេះ គឺជាការរលាកសន្លាក់មួយ ដែលមានសភាពខ្លាំងក្លា ហើម មានផលពិបាកដល់ជីវិត ធ្ងន់ធ្ងរជាងការរលាកសន្លាក់ប្រភេទទី២ទៅទៀត ពីព្រោះមេរោគអាចជ្រាបចូលដល់ចរន្តឈាមរហូតធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់អាយុជីវិត។ -រលាកសន្លាក់បណ្តាលមកពីការគ្រាប់គ្រីស្តាល់៖ ប្រភេទរលាកសន្លាក់នេះ បណ្តាលមកពីលើសជាតិអាស៊ីដ ពីព្រោះជាតិអាស៊ីដឡើងខ្ពស់ អាចបង្កើតបានជាគ្រាប់ស្តាល់តូចៗដែលអាចមើលឃើញឧបករណ៏ Microscope ។ -រលាកសន្លាក់ពីប្រភេទជំងឺដទៃទៀត៖ រលាកសន្លាក់មួយនេះ បណ្តាលមកពីជំងឺមួយចំនួនដូចជាជំងឺក្នុងឈាម និងជំងឺលើសជាតិខ្លា្ញញ់ជាដើម។ រោគសញ្ញានៃជំងឺរលាកសន្លាក់ រោគសញ្ញាជាចម្បង គឺអ្នកជំងឺមានការឈឺចាប់ត្រង់សន្លាក់ បើសិនរលាកសន្លាក់មានលក្ខណៈ ហើមត្រង់កន្លែងនោះ ឈឺចាប់ខ្លាំង មានសភាពក្រហម ហើយមានកម្តៅក្តៅ។ ការធ្វើរោគវិនិច្ឆ័យ         ជំងឺរលាកសន្លាក់មួយចំនួន អាចធស្វើរោគវិនិច្ឆ័យតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ ហើយជំងឺរលាកសន្លាក់ដទៃទៀត​ អាចធ្វើរោគវិនិច្ឆ័យតាមរយៈ​ សាកសួរដូចគ្នា បូករួមទាំងការវិភាគឈាម ការថតដោយប្រើឧបករណ៏វិទ្យុសកម្ម CT Scans ឬ X-ray ។ ការព្យាបាល         ជំងឺរលាកសន្លាក់មួយចំនួន មិនអាចព្យាបាលឲ្យជាដាច់នោះទេ ដោយសារវាមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមួយចំនួនទៀតដូចជា ប្រភេទរលាកសន្លាក់ដែលបណ្តាលមកពីមេរោគ អាចព្យាបាលឲ្យជាដាច់ មិនរើឡើងវិញ ដោយប្រើប្រភេទថ្នាំផ្សះអង់ទីប៊ូទិក។ ដោយឡែកជំងឺរលាកសន្លាក់មួយចំនួនទៀតដូចជា ប្រភេទរលាកសន្លាក់រ៉ាំរ៉ៃ រលាកសន្លាក់ដោយសារគ្រីស្តាល់ មិនអាចព្យាបាលឲ្យជាដាច់នោះទេ ប៉ុន្តែអាចធ្វើឲ្យអ្នកជំងឺធូរស្រាលបាន រហូតដល់​ ៧០% ទៅ ៨០% ដោយអ្នកជំងឺត្រូវប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

  ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។ មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។ ដើម្បីស្រាយបំភ្លឺ និងផ្តល់ជាចំណេះដឹង ទាក់ទិននឹងជំងឺរលាកថ្លើមប្រភេទសេ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់កិត្តិយសដល់ហេលស៍ថាម ដើម្បីបកស្រាយពីស្ថានភាពទូទៅនៃជំងឺនេះដូចខាងក្រោម ៖ ហេតុអ្វីត្រូវព្យាបាល?មានហេតុផលចំនួន៣ ដែលត្រូវព្យាបាលអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ 1. ការពារថ្លើមរបស់អ្នក 2. ការពារសុខភាពរបស់អ្នក 3. ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួន។ ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក។ ទោះបីការព្យាបាលមានរយៈពេលយូរ និងមានផលវិបាកខ្លះក៏ប៉ុន្តែវាឆ្លើយតបនឹងហេតុផលសំខាន់ខាងលើនេះ ៖ ១. ការពារថ្លើមរបស់អ្នក       វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនទៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ ឬជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។ ២.ការពារសុខភាពអ្នក      ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេ នឹងធ្វើឲ្យអ្នកមានសុខភាពមិនល្អ និងបាត់បង់គុណភាពជីវិត បើសិនថ្លើមវិវត្តន៍ទៅរកជំងឺក្រិន ឬមហារីកថ្លើមខាងមុខ។ ការព្យាបាលជំងឺរលាកថ្លើមសេ គឺងាចកម្ចាត់វីរុសបានអស់ និងជាសះស្បើយ។ ឱកាសនៃការជាសះស្បើយពឹងផ្អែកទៅលើ៖ ·ប្រភេទមេរោគ ·ចំនួនមេរោគ ·សភាពថ្លើមមុនពេលព្យាបាល ·អាយុ ឬរយៈពេលឆ្លង ·កត្តាដែលបង្កនូវគ្រោះថ្នាក់ នៃការវិវត្តន៍ជំងឺរបស់អ្នកជំងឺម្នាក់ៗ (ដូចជា​ផឹកស្រា អ្នកផ្ទុកវីរុសរលាកថ្លើមបេ ឬអេដស៍ ជាមួយ ។ល។) ។ ៣.ដើម្បីក្រុមគ្រួសាររបស់អ្នក និងមនុស្សជុំវិញខ្លួនអ្នក       បើសិនគ្មានការព្យាបាល អ្នកនៅតែជាអ្នកផ្ទុកវីរុសហើយអ្នក នឹងអាចបន្តគ្រោះថ្នាក់ចម្លងមេរោគនេះទៅអ្នកដទៃ។ គ្រោះថ្នាក់នេះវាមានក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលជួនកាលវាបង្កឡើងដោយសារប៉ះពាល់សំភារៈ ដែលមានប្រឡាក់ដោយឈាមដូចជា ច្រាសដុសធ្មេញ ឡាមកោរពុកមាត់ កន្រ្តៃកាត់ក្រចក ម្ចុល កន្ត្រៃ ឬរបយសពេលគ្រោះថ្នាក់ផ្សេងៗ។         ជាមួយការព្យាបាល អ្នកអាចកម្ចាត់មេរោគពីរាងកាយអ្នក​និងជាសះស្បើយ ហើយអ្នកមិនមែនជាអ្នកចម្លងមេរោគទៀតឡើយ។ បើសិនគ្រូពេទ្យរបស់អ្នកសំណូមពរនូវការព្យាបាលដល់អ្នក ពេលវេលាសម្រាប់ពិចារណា គឺចាំបាច់បំផុតសម្រាប់រៀបចំខ្លួនឲ្យបានល្អ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែម មិនមែនសុទ្ធតែមិនអាចព្យាបាលជាសះស្បើយនោះទេ! នៅក្នុងស្រទាប់មហាជនបងប្អូនប្រជាជន តែងមានការយល់ឃើញថារាល់អ្នកជំងឺទឹកនោមផ្អែម ដែលមានដំបៅជើងសុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយ ហើយអាចប្រឈមនឹងការកាត់ជើងទៀតផង។ តើការយល់ឃើញខាងលើនេះជាការពិតដែរឬទេ? ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើន ដូចជា៖ ក) ដំបៅជើងប្រភេទទីមួយ៖ ជាដំបៅដែលកើតដោយសារការប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៅនឹងជើងរបស់អ្នកជំងឺ (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរឆ្នាំ ពួកគាត់អាចមានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់អាចមានសភាពស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចមានស្រមោចវារលើ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងកើតដំបៅ ជាពិសេសប្រសិនបើមានការប៉ះទង្គិចណាមួយ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬរឹបដោយស្បែកជើងដែលចង្អៀត ដែលបណ្តាលអោយមានការកកិត។ ដោយសារតែមានការប៉ះពាល់លើប្រព័ន្ធវិញ្ញាណ អ្នកជំងឺមិនដឹងពីការឈឺចាប់នោះទេ ដែលជាហេតុធ្វើអោយគាត់ធ្វេសប្រហែស មិនបានចាប់អារម្មណ៍ ឬមិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ។ នៅពេលដែលមិនមានការថែទាំត្រឹមត្រូវ ដំបៅទាំងនោះអាចនឹងមានការបង្កជាការក្លាយរោគ (Infection)។ ខ) ដំបៅប្រភេទទីពីរ៖ ជាដំបៅដែលបណ្តាលមកពីការស្ទះសរសៃឈាមដែលចិញ្ចឹមជើងទៅសងខាង។ នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍន៍រ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះក្រិន ដូច្នេះហើយ កម្រិតអុកស៊ីហ្ស៊ែន និងចំណីអាហារដែលរត់ ទៅតាម សរសៃឈាមទាំងនោះមានការថយចុះ វាមិនអាចទៅចិញ្ចឹមកោសិកានៅតាមចុងជើងរបស់អ្នកជំងឺបានឡើយ។ កោសិកាដែល ខ្វះចំណីអាហារ វានឹងខូចខាត ដែលជាហេតុអាចធ្វើអោយអ្នកជំងឺមានដំបៅ (Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺវាបង្កអោយមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក បន្តិចម្តងៗ ជើងរបស់គាត់ចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ប្រែពណ៌ទៅជាពណ៌ខ្មៅ។ ដំបៅអាចចេញលើម្រាមមួយ ឬច្រើន ទៅតាមស្ថានភាពនៃការស្ទះសរសៃឈាម។ ប្រសិនណាបើគាត់មិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការថែទាំត្រឹមត្រូវនោះទេ ដំបៅនោះក៏អាចមានការក្លាយរោគ (Infection)ផងដែរ។ គ) ប្រភេទដំបៅទីបី៖ កើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។  រាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុដែលបណ្តាលអោយមានដំបៅនោះ ថាតើវាមកពី Neuropathy ឬមួយ Arteriopathy ឬក៏បណ្តាលមកពីការលាយគ្នារវាង Neuropathy និង Arteriopathy ។ ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុដែលបង្កអោយមានដំបៅទាំងនោះ ព្រមទាំងឆាប់ព្យាបាលអោយបានទាន់ពេលវេលា។ ការយឺតយ៉ាវណាមួយ ក្នុងការស្វែងរកការព្យាបាល រឺក៏ព្យាបាលមិនបានត្រឹមត្រូវ ឧទាហរណ៍ការប្រើឱសថបុរាណ រឺមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុអោយបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចវិវឌ្ឍឈានទៅរកការព្យាបាលមិនជា ឬអាចឈានដល់ការកាត់អវយវៈ។  បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​  

Share

នៅលើដែលគេនិយាយពីជំងឺពុកឆ្អឹង ពួកគាត់តែងតែផ្តោតសំខាន់លើស្រ្តី ពិសេសគឺស្រ្តីអស់រដូវ។ ប៉ុន្តែជាការពិតជំងឺពុកឆ្អឹងអាចកើតបានទាំងបុរស និងស្ត្រី ហើយក៏អាស្រ័យតាមវ័យដែរ។ ថ្ងៃនេះ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត លឹម តាំង ជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានមន្ទីរសម្រាកព្យាបាល លឹម តាំង បានចូលរួមបកស្រាយពីក្រុមមនុស្សដែលមានហានិភ័យចំពោះជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញអោយអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើអោយឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគៀក និងកដៃ។ តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលអោយពុកឆ្អឹង? មូលហេតុបណ្តាលអោយពុកឆ្អឹងមានដូចជា • ការជក់បារី • ផឹកស្រា • កង្វះអាហាររូបត្ថម្ភ (កាល់ស្យូម, វីតាមីន D និងប្រូតេអ៊ីន) • ស្គមពេក • មិនហាត់កីឡា ឬធ្វើចលនាអោយបានច្រើន • ស្រ្តីអស់រដូវ រឺស្រ្តីវះកាត់ស្បូន និងដៃស្បូន • ភាពចាស់ • អ្នកមានជំងឺសន្លាក់រាំរៃ រឺប្រើថ្នាំប្រភេទសសៃយូរ • អ្នកមានជំងឺអ័រម៉ូន (Thyroid Glande) ជាចុងក្រោយនេះ លោកវេជ្ជបណ្ឌិតសូមអោយប្រជាជនគ្រប់រូបគួរប្រុងយ័ត្នចំពោះជំងឺមួយនេះនៅពេលមានរោគសញ្ញាមិនធម្មតា និងមកទទួលការព្យាបាល បង្ការឲ្យបានត្រឹមត្រូវដើម្បីចៀសវាងអោយបាននូវភាពប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៕ ស្វែងយល់បន្ថែម ជំងឺពុកឆ្អឹង  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ការក្លាយជាម្តាយជារឿងក៏ប្រសើរសម្រាប់មនុស្សគ្រប់រូប។ កត្តាដែលនៅតែមានតាំងពីបុរាណដល់សម័យទំនើបគឺ ការមានផ្ទៃពោះ និងការបង្កើតកូន។ ប្តីប្រពន្ធជាច្រើនគូនៅពេលដែលសម្រចចិត្តថាត្រូវមានកូនសុទ្ធតែយល់ថា វាជាធម្មជាតិនៃមនុស្ស និងពួកគេអាចមានកូនគ្រប់ពេលវេលា។ នេះប្រហែលជាត្រឹមត្រូវចំពោះមនុស្សភាគច្រើន តែវាអាចជារឿងអកុសលចំពោះប្តីប្រពន្ធរាប់លានគូ។ ប្តីប្រពន្ធមួយគូក្នុងចំណោមប្តីប្រពន្ធ ៧គូ មានបញ្ហាមិនអាចមានផ្ទៃពោះ ទោះបីជាពួកគាត់ព្យាយាមយកកូនក្នុងរយៈពេលមួយឆ្នាំក៏ដោយ។ ដូចនេះ ការពិបាកក្នុងការមានផ្ទៃពោះពិតជាមានមែនសម្រាប់ប្តីប្រពន្ធជាច្រើនគូ។ មួយវិញទៀត ការអសមត្ថភាពមានផ្ទៃពោះបន្ទាប់ពីប្តីប្រពន្ធមួយគូក្នុងរយៈពេលលើសពីមួយឆ្នាំ ឬ៦ខែសម្រាប់ស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំ នោះប្តីប្រពន្ធនេះត្រូវចាត់ទុកថាមានបញ្ហាអា។ ការបរាជ័យក្នុងការមានផ្ទៃពោះអាចជាឥទ្ធិពលទៅលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្រ្តី តាមគ្រូពេទ្យបានបញ្ជាក់ថា ពួកគាត់បានរកឃើញថាអាចមានបញ្ហាសុខភាពតិចតួច ដែលអាចបណ្តាលឲ្យមានការឈឺចាប់ និងតប់ប្រមល់ដោយសារការចង់បានកូនតែមិនបាន។ វាជារឿងសំខាន់ផងដែរ ដែលថាអាមិនមែនជាបញ្ហារបស់មនុស្សស្រីទេ។ ការសិក្សាផ្សេងៗ បានបង្ហា្ថញថាភាពអា អាចបណ្តាលមកពីកត្តាមនុស្សស្រីមាន៤៥% ក្នុងករណីទាំងអស់ កត្តាមនុស្សប្រុសមាន ៣០% ឯ ២៥%ទៀត បណ្តាលមកពីរួមគ្នានៃកត្តាមនុស្សស្រី និងមនុស្សប្រុស។ ៤០%នៃករណីដែលកើតឡើងមិនអាចរកឃើញមូលហេតុពិតប្រាកដទេ ទោះជាមានការធ្វើតេស្តគ្រប់ប្រភេទ និងមានការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យក៏ដោយ។ នេះជាភាពអាដែលមិនអាចពន្យល់បាន។ មូលហេតុខាងក្រោមនេះជាការចូលរួមបកស្រាយដោយវេជ្ជបណ្ឌិត Anna Roslyakova។​  មូលហេតុចម្បងនៃការអសមត្ថភាពផ្លូវភេទ គឺ៖ មូលហេតុបណ្តាលមកពីមនុស្សស្រី មានជំងឺដុំពកច្រើនក្នុងអូវែ៖ ចំពោះដុំពកច្រើនក្នុងប្រព័ន្ធអ័រម៉ូនក្នុងខ្លួនមនុស្សស្រីមិនមានតុល្យភាព ដែលធ្វើឲ្យការផលិតពងអូវែដែលចាំបាច់សម្រាប់ការបង្កកំណើតនោះខូច។ ជំងឺដុំពកច្រើនក្នុងអូវែបណ្តាលឲ្យអូវែផលិតអ័រម៉ូនភេទប្រុសច្រើនគឺ តេសតូស្តេរ៉ូន។ តេសតូស្តេរ៉ូនច្រើនអាចធ្វើឲ្យមានដុះរោមខុសធម្មតាដូចជាពុកមាត់ សុដន់រួមតូច មានមុន ​និងសក់ស្តើងជាងមុន។ ការធាត់ខ្លាំង ក៏ជាសញ្ញានៃជំងឺដុំពកច្រើនក្នុងអូវែ។ នេះជាមូលហេតុដែលដំបូន្មានដំបូង​ និងសំខាន់ជាងគេសម្រាប់មនុស្សស្រីដែលមានជំងឺនេះ ហើយចង់បានកូនហើយគឺត្រូវបញ្ចុះទម្ងន់ និងផ្លាស់ប្តូររស់នៅ។ ជំងឺដែលត្របកក្នុងស្បូននៅខុសកន្លែង (Endometriosis)៖​ វាជាលក្ខណៈមួយដែលបណ្តាលឲ្យមានការស្ទះបំពង់ដៃស្បូន និងបញ្ហានៃការបញ្ចេញអូវុល។ រោគសញ្ញាដែលអាចកើតឡើងមានដូចជា មានការឈឺចាប់ពេលមានរដូវ ឈឺចាប់ខ្លាំងពេលរួមរ័ក្ស ឈឺនៅត្រគាករ៉ាំរ៉ៃ ឈឺពេលពោះវៀនមានចលនាពេលបន្ទោរបង់។ ពេលខ្លះរោគសញ្ញាតែមួយគត់ដែលជួបប្រទះគឺការពិបាកមានផ្ទៃពោះ។ បំពង់ដៃស្បូនត្រូវបានបំផ្លាញ​ ឬស្ទះ៖ ជំងឺឆ្លងតាមការរួមភេទ គឺជាជំងឺដែលត្រូវចៀសវាង និងត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺដែលឆ្លងតាមមេរោគហ្គោណូរេ និងក្លាមីដ្យា អាចការបង្កើនការធ្វើឲ្យស្ទះបំពង់ដៃស្បូន ដែលបណ្តាលឲ្យមានបញ្ហាអា។ ជំងឺឆ្លងផ្សេងទៀតដូចជារបេង និងការមានកូនក្រៅស្បូន ក៏អាចស្ទះ ឬបាត់បង់ដៃស្បូនម្ខាង។ មូលហេតុបណ្តាលមកពីមនុស្សប្រុស ៖ ចំនួនស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) ទាប ទម្រង់ខុសធម្មតា និងគ្មានចលនា ជាមូលហេតុចម្បងនៃភាពអារបស់មនុស្សប្រុស។ លក្ខខណ្ឌផ្សេងទៀតដូចជា ជំងឺរីកសរសៃវ៉ែននៅត្រង់ស្រោមពងស្វាស បានរកឃើញចំពោះ ៤០នៃបុរសដែលអា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

  ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយកើតលើមនុស្សចាប់ពីអាយុ២០ឆ្នាំឡើងទៅ​ តែមូលហេតុរបស់ជាំ​ មិនត្រូវបានបញ្ជាក់ ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសម្គាល់ឃើញថា វាមានទំនាក់ទំនង និងបម្រែបម្រួលរបស់អ័រម៉ូន និងកម្តៅថ្ងៃ។  សម្រាប់ការព្យាបាលបញ្ហាមុខជាំនេះ បើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា គឺមានដូចខាងក្រោម ៖ 1.    ការព្យាបាលមួយផ្នែកត្រូវធ្វើឡើងទៅតាមកត្តាមូលហេតុដែលបង្កជាបញ្ហាមុខជាំនេះផ្ទាល់ ដែលមានន័យថា៖ • ប្រសិនបើស្ត្រីកំពុងតែពិសាថ្នាំពន្យារកំណើត គាត់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំនោះសិន • ចំពោះស្រ្តីទើបនឹងសម្រាលកូន ត្រូវរង់ចាំមើលរយៈពេល ៦ខែក្រោយសម្រាល • ចំពោះស្ត្រីមានផ្ទៃពោះក៏ត្រូវរង់ចាំសម្រាលកូនរួចរយៈពេល៦ខែក្រោយសម្រាលដូចគ្នា។ តែទោះជាក្នុងករណីណាក៏ដោយ   ការប្រើប្រាស់នូវមធ្យោបាយការពារកម្តៅថ្ងៃនានាក៏ត្រូវបានណែនាំទាំងចំពោះបុរស និងស្ត្រីដដែល ទៅតាមទម្រង់នៃប្រភេទរបស់ស្បែកដែលត្រូវបានបែងចែកជា៦ក្រុម។ 2.    ចំពោះការប្រើថ្នាំលាបផ្សេងទៀត  ដើម្បីកាត់បន្ថយនូវការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក (Hyperpigmentation) ក៏ត្រូវប្រើតាមដំណាក់កាលផងដែរគឺចាប់ផ្តើមពី Kliment I, Kliment II, Kliment III និងបន្តការពារការឡើងពណ៌ស្បែកឡើងវិញដោយពពួក Alpha  Albutine ។ ចំពោះ Hydroquinone នៅតែមានការណែនាំឲ្យប្រើដដែលរួមជាមួយ Retine A និងពពួក Steroide ទៅតាមកម្រិតនៃការរលាករបស់ស្បែក។ បច្ចុប្បន្ន មានការព្យាបាលបន្ថែមឬ ទៅតាមកម្រិតនៃការឡើងពណ៌របស់ស្បែកដោយពពួក AHA ផងដែរ។ 3.    ចំពោះការព្យាបាលដោយថ្នាំលេបវិញ ការប្រើប្រាស់ Tranxamic acid (500mg) ពេលព្រឹក នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់ការព្យាបាលដូចគ្នា។ ស្វែងយល់បន្ថែម៖ ជាំមុខមិនមែនជាជំងឺ តែប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

អត្រាធ្វើអត្តឃាតចំពោះមនុស្សវ័យក្មេងមានកើនឡើងខ្ពស់ជាងមនុស្សធម្មតា​ ព្រោះពួកគេច្រើនតែរស់នៅជាមួយនឹងបញ្ហាផ្លូវចិត្ត ដូច្នេះ ពួកគេគួរតែដឹង​អំពីរោគសញ្ញាប្រកាសអាសន្នរបស់វា និងអ្វីដែលត្រូវធ្វើ។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្រ្ត បានផ្តល់កិតិ្តយស ដើម្បីបកស្រាយនូវសញ្ញាទូទៅ និងដំណោះស្រាយចំពោះការធ្វើអត្តឃាតដូចខាងក្រោម៖ អត្តឃាតកម្ម និងវ័យរបស់មនុស្សអាចប្រឈម អត្តឃាតកម្មមានន័យថា គឺជា«ទង្វើទាំងឡាយណាដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បុគ្គលខ្លួនឯងដោយចេតនារហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានអន្តរាគមន៍ពីក្រុមគ្រួសារ ឬមិត្តភក្តិ»។ តាមការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាយើង គេរកឃើញថា មនុស្សដែលប្រឈមនឹងការធ្វើអត្តឃាត ក្នុងកម្រិតច្រើនជាងគេគឺ​  វ័យមនុស្សជំទង់មានអត្រាច្រើនជាងមនុស្សចាស់។ ប្រសិនបើស្ថិតនៅប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដូចជា ប៉ែកអឺរ៉ុប ជាដើម អត្រានៃការធ្វើអត្តឃាតខ្ពស់ភាគច្រើនជាមនុស្សចាស់។​ ដោយឡែក នៅក្នុងបរិបទប្រទេសកម្ពុជាយើងរកឃើញមនុស្សវ័យកណ្តាលចាប់ពីអាយុ ២០ឆ្នាំជាង រហូតដល់អាយុជាង៤០ឆ្នាំជាអត្រាដែលធ្វើអត្តឃាតខ្ពស់។ អាកប្បកិរិយាគួរកត់សម្គាល់នៃការធ្វើអត្តឃាត មនុស្សដែលងាយនឹងមានទំនោរចិត្តធ្វើអត្តឃាតបំផុត គឺមនុស្សដែលមានការធ្លាក់ទឹកចិត្ត នៅពេលរងសម្ពាធផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ។ ម៉្យាងទៀត យើងមើលតាមការស្វែងយល់ពីលក្ខណៈនៃការធ្លាក់ទឹកចិត្តរបស់មនុស្សនោះ ដើម្បីឲ្យអាចដឹងថា គាត់មានអាកប្បកិរិយាបែបណាដែលងាយនឹងធ្វើអត្តឃាត។ មនុស្សមានការធ្លាក់ទឹកចិត្ត អាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា មានបញ្ហាទុក្ខកង្វល់អ្វីមួយក្នុងគ្រួសារ ជួបឧបសគ្គមួយធ្ងន់ធ្ងរក្នុងឆាកជីវិត ហើយ ពេលជួនបញ្ហា ដូច្នោះ គឺគាត់បង្ហាញឃើញអាការៈធ្លាក់ទឹកចិត្តមួយចំនួនដូចជា៖ · មានអារម្មណ៍ស្រុតចុះជាមួយនឹងភាពក្រៀមក្រំ សោកសៅ និងបង្ហាញពីភាពអស់សង្ឃឹម ដោយគិតថាជីវិតគ្មានន័យ · ពុំចាប់អារម្មណ៍ ពុំសប្បាយរីករាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត · ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន · ចូលចិត្តនៅឯកោ ជួនកាលមិនសូវចាប់អារម្មណ៍ក្នុងការថែទាំខ្លួនប្រាណ · អសកម្មក្នុងការសិក្សា ឬការងារផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ · ករណីធ្ងន់ធ្ងរបំផុតចំពោះអ្នកធ្លាក់ទឹកចិត្ត គឺច្រើនមានអារម្មណ៍ទុទិដ្ឋិនិយម អស់សង្ឃឹមក្នុងជីវិត ហើយប៉ុនប៉ងធ្វើអត្តឃាត។ មនុស្សមានទំនោរអត្តឃាតជាង ៧០%បង្ហាញអាកប្បកិរិយាឲ្យយើងដឹងមុន ដូច្នេះ យើងអាចការពារបានតាមរយៈការបង្ហាញខាងលើនោះ។ ហើយម៉្យាងទៀត គេអាចបង្ហាញឲ្យដឹងតាមរយៈពាក្យសម្តីថ្លោយមកកាន់យើង។ ផលប៉ះពាល់នៃមនុស្សធ្វើអត្តឃាតចំពោះកូនៗ យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា មិនត្រឹមតែការធ្វើអត្តឃាតប៉ុណ្ណោះទេដែលជះឥទ្ធិពលដល់កូនៗ សូម្បីតែអំពើហឹង្សាក្នុងគ្រួសារក៏មានឥទ្ធិពលដែរ។ បើសិនជានៅក្នុងគ្រួសារមានសមាជិកណាម្នាក់ ធ្លាប់ធ្វើអត្តឃាត អ្នកជំនាន់ក្រោយក្នុងគ្រួសារ​ គឺមានទំនោរចិត្តក្នុងការធ្វើអត្តឃាតខ្ពស់។ ចំណុចនេះមិនមែនជាតំណពូជនោះទេ ប៉ុន្តែវាជាគំរូមិនល្អក្នុងគ្រួសារ។ វាហាក់ដូចជា អំពើហឹង្សាក្នុងគ្រួសារដែរ បើសិននៅក្នុងគ្រួសារហ្នឹង មានអ្នកណាម្នាក់ចូលចិត្ត​ ប្រើអំពើហឹង្សាក្នុងគ្រួសារ អ្នកជំនាន់ក្រោយក៏មានទំនោរចិត្តទៅរកអំពើហឹង្សាដែរ។ មូលហេតុនៃការធ្វើអត្តឃាត វាអាស្រ័យទៅលើបរិបទវប្បធម៌នៃប្រទេសនីមួយៗ។ ក្នុងន័យទូលំទូលាយ នៅក្នុងបរិបទប្រទេសមួយចំនួន ដូចជា ប្រទេស ជប៉ុន និងកូរ៉េ អត្រាធ្វើអត្តឃាត​ខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែមូលហេតុមានខុសៗគ្នា។ អ្នកដែលធ្វើអត្តឃាតភាគច្រើននៅប្រទេសជប៉ុន និងកូរ៉េ គឹទាក់ទងទៅនឹងកិតិ្តយស មុខមាត់​នៅក្នុងសង្គម មានន័យថាវប្បធម៌នៃប្រទេសទាំងពីរនេះឲ្យតម្លៃទៅលើកិតិ្តយស មុខមាត់ជាធំ។ ប្រសិនបើបានធ្វើអ្វីមួយដែលនាំឲ្យអាប់ឱនខ្លាំងដល់កិត្តិយសគ្រួសារ គេងាយ​នឹងធ្វើអត្តឃាត ដើម្បីបញ្ជាក់ថា គេមានទំនួលខុសត្រូវ។ ដោយឡែក នៅស្រុកខ្មែរយើង អ្នកដែលងាយធ្វើអត្តឃាតភាគច្រើន គឹដោយសារសម្ពាធគ្រួសារ និងកត្តាជីវភាព។ ម៉្យាងទៀត ក្នុងរយៈពេលចុងក្រោយនេះ យើងឃើញថាមានស្ត្រីមួយចំនួន​បានធ្វើអត្តឃាត ដោយសារស្វាមីរបស់ខ្លួនបង្កើតទំនាក់ទំនងស្នេហាជាមួយនារីដទៃ(ផិតក្បត់នាង)។ ប្រតិកម្មផ្លូវចិត្ត នៅពេលឃើញមនុស្សជាទីស្រឡាញ់ធ្វើអត្តឃាត បើយោងតាមបទពិសោធន៍នៃការសិក្សាយោបល់ផ្នែកផ្លូវចិត្ត លោកក៏បានមានប្រសាសន៍បន្ថែមថា «នៅពេលមនុស្សម្នាក់ បានឃើញមនុស្សជាទីស្រឡាញ់​របស់ខ្លួនបានធ្វើអត្តឃាតនៅនឹងមុខ មនុស្សនោះនឹងប្រឈមមុខការប៉ះពាល់ផ្លូវចិត្ត»។ ការប៉ះពាល់ផ្លូវចិត្ត អាចធ្វើឲ្យគាត់មានអារម្មណ៍បាក់ស្បាតទៅជាខ្លាច ទៅជាភ័យ។​​ ម៉្យាងទៀត គាត់ក៏អាចមានអារម្មណ៍សោកសង្រែង មានអារម្មណ៍ថាបាត់បង់អ្វីគ្រប់យ៉ាង ក្នុងជីវិតរបស់គាត់ ក៏ចាប់ផ្តើមដកថយក្នុងសង្គម៕ អត្ថបទដោយ៖​ ​លោក ​ហឿ សេថុល អ្នកឯកទេស ពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្ត្រ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top