- Jul 14, 2017 |
- 7 years ago |
- 8.3K views
ផលប៉ះពាល់នៃការរួមទ្វារមាសរបស់ស្ត្រីអស់រដូវ
ការរួមទ្វារមាស ជាស្ថានភាពមួយនៃភាពស្តើង និងស្ងួតនៃសន្ទះ ឬជញ្ជាំងទ្វារមាស បណ្តាលមកពីការថយចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូហែ្សន ដែលអាច កើតនៅក្នុងវ័យអស់រដូវ (Menopause) និងក្រោយអស់រដូវ (Post - Menopause) (អត្រាជាង 50%)។ តើរោគសញ្ញានៃការរួមទ្វារមាសមានអ្វីខ្លះ? ស្ត្រីម្នាក់ៗអាចជួបនឹងរោគសញ្ញាណាមួយ ឬច្រើនដូចខាងក្រោមក្នុងពេលតែមួយ ឬកើតឡើងជាបន្តបន្ទាប់៖ • ភាពស្ងួត ឬរមាស់ឆៀបៗនៅនឹងទ្វារមាស ភាពតឹង ឬខ្លីជាងមុននៃបំពង់យោនី • ការធ្លាក់ស ការរលាក ក្តៅ ឬភាពឈឺចាប់នៅនឹងទ្វារមាស • ការនោមញឹក ភាពក្តៅឬក្រហាយនៅពេលបញ្ចេញទឹកនោម • ការបាត់បង់ចំណង់រួមភេទ ការធ្លាក់ឈាម ការឈឺចាប់ ឬគ្មានផាសុកភាពនៅអំឡុង ឬក្រោយពី ការរួមភេទ ការថយចុះនៃទឹករំអិលធម្មជាតិជាដើម។ តើការរួមនៃទ្វារមាសអាចផ្តល់នូវផលវិបាកអ្វីខ្លះ? ការថយចុះនូវកម្រិតអាស៊ីតធម្មជាតិ នៅអំឡុងពេលនេះ អាចធ្វើឲ្យស្ត្រីងាយប្រឈមនឹងការឆ្លងរោគពីបាក់តេរី នៅទ្វារមាស។ ស្ថានភាពនេះក៏ជំរុញ ឲ្យទ្វារមាសស្ត្រីអាចរងការប៉ះពាល់ដោយការរលាកផ្សេងៗ ក៏ដូចជារងរបួសបានយ៉ាងងាយ។ ក្រៅពីនោះ ការប្រឈមនឹងការរួមស្វិតនៃប្រព័ន្ធបង្ហូរនោម (genitourinary atrophy) ឬបញ្ហាមុខងារនៃប្រព័ន្ធបង្ហូរនោមក៏អាចកើតមានផងដែរ។ អ្វីជាមូលហេតុបង្កឲ្យមានការរួមនៃទ្វារមាសចំពោះស្ត្រីអស់រដូវ? នៅជុំវិញវ័យអស់រដូវ អូវែរបស់ស្ត្រីចាប់ផ្តើមកាត់បន្ថយការផលិតនូវ អ័រម៉ូនអឺស្ត្រូហែ្សន ដែលជាអ្នកដើរតួសំខាន់ក្នុងការរក្សាជាលិការបស់ទ្វារមាសឲ្យ មានភាពរអិល និងសុខភាពល្អ។ ជាលទ្ធផល ការថយចុះនៃបរិមាណនៃអ័រម៉ូនអឺស្ត្រូហែ្សន ធ្វើឲ្យមានការកាត់បន្ថយចរន្តឈាមនៅនឹងជាលិកាទ្វារមាស និងនាំឲ្យមានការរួម ស្តើង ស្ងួត ព្រមទាំងការបាត់បង់ភាពយឺតនៃជាលិកា។ ដោយឡែក ក្រៅពីការអស់រដូវ មានមូលហេតុជាច្រើនទៀត អាចបង្កឲ្យមាន ការថយចុះនូវអឺស្ត្រូហែ្សន (ការព្យាបាលមហារីក ការវះកាត់អូវែ ព្រមទាំងជំងឺមួយចំនួនដូចជាទឹកនោមផ្អែមជាដើម)។ តើអ្វីខ្លះជាកត្តាជំរុញឲ្យមានបញ្ហារួមទ្វារមាសនៅពេលអស់រដូវ? ស្ត្រីមួយចំនួនអាចមានឱកាសប្រឈមនឹងបញ្ហានេះងាយជាងអ្នកដទៃប្រសិនបើពួកគេ មិនដែលបង្កើត កូនតាមបែបធម្មជាតិ មិនសូវរួមភេទ និងជាពិសេសជាអ្នកជក់បារី។ តើការរួមនៃទ្វារមាសត្រូវធ្វើរោគវិនិច្ឆ័យដោយរបៀបណា? ការធ្វើរោគវិនិច្ឆ័យនឹងត្រូវធ្វើឡើងដោយ៖ ការរកសញ្ញាគ្លីនិក៖ ការរួមនៃបបូរធំ និងបបូរតូចនៃទ្វារមាស ការបាត់នូវផ្នត់នៃយោនី ស្រទាប់រំអិលនៃទ្វារមាសមានពណ៌ស្លេក ស្តើង ភ្លឺ ស្ងួត និង បាត់បង់ភាពយឺតជាដើម។ តេស្តផ្សេងៗទៀត៖ ការវាស់កម្រិត pH នៃទ្វារមាស(vaginal pH) ព្រមទាំងការពិនិត្យឈាម ដើម្បីរកអ័រម៉ូនអឺស្ត្រូហែ្សន។ តើការរួមនៃទ្វារមាសត្រូវបានព្យាបាលយ៉ាងដូចម្តេច? ជម្រើសដំបូងនៃការព្យាបាលគឺ ការប្រើប្រាស់ទឹករំអិល (អំឡុងពេលរួមភេទ) ប្រភេទក្រែម ឬជែលផ្តល់សំណើមដល់ទ្វារមាស។ ជម្រើសបន្ទាប់គឺ ថ្នាំប្រភេទអ័រម៉ូនអឺស្ត្រូហែ្សន ក្រោមទម្រង់ដូចជា ក្រែមលាបផ្ទាល់នៅទ្វារមាស ថ្នាំស៊ុលនៅទ្វារមាស កងដាក់នៅទ្វារមាស ថ្នាំលេប បន្ទះបិទលើស្បែក និងកងដាក់នៅក្រោមស្បែកជាដើម។ គួរបញ្ជាក់ថា ជាមួយនឹងការព្យាបាលដោយប្រើប្រាស់នូវអ័រម៉ូន ទាមទារឲ្យធ្វើឡើងក្រោមការណែនាំ និងតាមដាន របស់វេជ្ជបណ្ឌិតប៉ុណ្ណោះ ដោយសារតែឥទ្ធិពលមិនល្អមួយចំនួន ក៏ដូចជាការប្រុងប្រយ័ត្ន និងការហាមឃាត់ក្នុងការប្រើប្រាស់នៃ អឺស្ត្រូហែ្សន (ជាពិសេស អ្នកជំងឺមហារីកសុដន់ ឬមានកត្តាហានិភ័យណាមួយ)។ ដំបូន្មានមួយចំនួន ចំពោះការផ្លាស់ប្តូរ នូវរបៀបក្នុងការរស់នៅក៏អាចចូលរួមចំណែកសម្រួលដល់អាការៈរំខាននៃបញ្ហានេះផងដែរ ដែលក្នុងនោះរួមមាន ការប្រើខោទ្រនាប់ធ្វើពីសំឡីកូតុង (cotton)និងសម្លៀកបំពាក់រលុងៗ ដើម្បីបង្កើតឲ្យមានខ្យល់ចេញចូលបានល្អ កាត់បន្ថយការចម្លងរោគដោយ ពពួកបាក់តេរី។ តើការរួមនៃទ្វារមាសចំពោះស្ត្រីអស់រដូវអាចការពារបានដែរឬទេ? បញ្ហានេះមិនអាចការពារបានទាំងស្រុងឡើយ តែស្ត្រីអាចធ្វើការកាត់បន្ថយការប្រឈមបានតាមរយៈ៖ ការរួមភេទទៀងទាត់ (អាចបង្កើននៃលំហូរឈាម ទៅចិញ្ចឹមជាលិកាទ្វារមាសបានល្អ) បញ្ឈប់ការជក់បារី (ដែលប៉ះពាល់ដល់លំហូរឈាមនិងអាចប៉ះពាល់ដល់កម្រិតអឺស្ត្រូហែ្សនរបស់ស្ត្រី) និងវីតាមីនជំនួយ (វីតាមីន អឺ អាចជាសារធាតុរំអិល រីឯវីតាមីន ដេ អាចបង្កើនសំណើមនៅទ្វារមាស)។ ថ្វីត្បិតស្ត្រីនៅវ័យអស់រដូវមានឱកាសច្រើនក្នុងការប្រឈមនឹងបញ្ហារួមទ្វារមាស ក៏ប៉ុន្តែមិនមានន័យថាពួកគាត់ត្រូវរស់នៅដោយគ្មានផាសុកភាព ជាមួយបញ្ហានេះឡើយ ប្រសិនបើបានទទួលការព្យាបាលត្រឹមត្រូវដែលផ្តល់ដោយវេជ្ជបណ្ឌិត និងចៀសវាងការពន្យារពេលដោយសារមានភាព អៀនខ្មាសនឹងបញ្ហាខាងលើ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ឌុក កុសល ឯកទេសផ្នែករោគស្ត្រី និងសម្ភព នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមន្ទីរសម្រាកព្យាបាល និងសម្ភពវនីដា ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share