Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំអាយុ 28 ឆ្នាំ កម្ពស់ 1,62 ម ទម្ងន់ 56 គក និងកំពុងមានទម្ងន់កូនទី 2ជាង 6ខែ។ គួរបញ្ជាក់ថា ដោយសារកាលពី កូនទី1 ខ្ញុំធ្លាប់មានបញ្ហាស្ងួតទឹកភ្លោះ ដោយឡែកសម្រាប់កូនទី 2 នេះតើខ្ញុំអាចនឹងមាន បញ្ហានេះម្តងទៀតឬទេ? តើខ្ញុំគួរធ្វើយ៉ាងណា? តើការបរិភោគទឹកដូងច្រើនអាចមានប្រយោជន៍ ឬប៉ះពាល់ដល់ទារកឬទេ? ចម្លើយ៖  ជាង 8%នៃស្ត្រីមានផ្ទៃពោះអាច មានកម្រិតទឹកភ្លោះទាប និងប្រហែល 4%ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហា oligohydramnios (ស្ងួតទឹកភ្លោះ)។ ទឹកភ្លោះជាផ្នែកមួយនៃប្រព័ន្ធទ្រទ្រង់ជីវិតរបស់ទារក ហើយវាត្រូវបានបង្កើតឡើងក្រោយពីថង់ទឹកភ្លោះលេចចេញជារូបរាងនៅប្រហែលអំឡុងថ្ងៃទី12 នៃការបង្កកំណើត។ នៅពេលដែលទារកធ្វើការលូតលាស់ គេនឹងមានចលនានៅក្នុងស្បូនរបស់ម្តាយដោយមានជំនួយពីទឹកភ្លោះនេះហើយ។ ប្រសិនបើកម្រិតទឹកភ្លោះតិចពេកនោះ វាត្រូវបានហៅថា oligohydramnios (ការស្ងួតទឹកភ្លោះ)។ Oligohydramnios អាចសង្កេតឃើញនៅក្នុងអំឡុងពាក់កណ្តាលត្រីមាសទី 2 និងអាចបង្កឲ្យមានផលវិបាកមួយចំ-នួនរួមមាន Intrauterine Growth Restriction (ការរារាំងការលូតលាស់របស់ទារកនៅក្នុងស្បូន) ការសម្រាលកូនមុនខែ ព្រមទាំងផល-វិបាកផ្សេងៗនៅពេលសម្រាលកូន ដូចជាការសង្កត់លើទងសុក ការឆ្លងចូលនៃកាកសំណល់លាមករបស់ទារកចូលក្នុងទឹកភ្លោះ និងការសម្រាលកូនតម្រូវឲ្យវះកាត់។  ការមានបញ្ហាស្ងួតទឹកភ្លោះនេះកើតឡើងនៅក្នុងការពពោះលើកទីមួយ មិនបានបង្កើនឱកាសក្នុងការមានបញ្ហានេះជាថ្មីឡើយ។  ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួននៃការមានកម្រិតទឹកភ្លោះតិច៖ 1.    កំហុសកំណពីកំណើត៖ បញ្ហាជាមួយនឹង ការលូតលាស់នៃតម្រងនោម ឬបំពង់បង្ហូរ នោមដែលអាចបង្កឲ្យការផលិតទឹកនោមបានតិច និងនាំឲ្យកម្រិតនៃទឹកភ្លោះក៏មានតិចផងដែរ។ 2.    មានបញ្ហាសុក៖ បើសុកមិនអាចផ្តល់នូវឈាមនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់ទារកទេ នោះទារកនឹងអាចបញ្ឈប់ចរន្តនៃលំ-ហូរនោះ។ 3.    ការលេច និងការរហែកនៃស្រទាប់ទឹក ភ្លោះ៖ វាអាចជាការស្រក់ ឬការជ្រាបក្នុង ល្បឿនយឺតនៃទឹកភ្លោះ។ ការរហែកស្រទាប់ នេះមុនពេលកំណត់  អាចបង្កឲ្យមានកម្រិតទាបនៃទឹកភ្លោះផងដែរ។ 4.    ការពពោះលើសការកំណត់ (លើសពី 42សប្តាហ៍)៖ អាចមានបរិមាណទឹកភ្លោះតិច ដែលជាលទ្ធផលនៃការថយចុះមុខងាររបស់សុក។ 5.    ផលវិបាកពីម្តាយ៖ កត្តាទាក់ទងនឹងម្តាយមួយចំនួនដូចជា ម្តាយខ្វះជាតិទឹក លើសសម្ពាធ-ឈាម ត្រៀមក្រឡាភ្លើង ទឹកនោមផ្អែម និងខ្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ សុទ្ធតែអាចមានឥទ្ធិពលលើកម្រិតនៃទឹកភ្លោះ។ អ្នកអាចពិសាសារធាតុរាវដូចជាទឹក ឬទឹកដូង ដើម្បីជួយក្នុងការបង្កើនកម្រិតទឹកភ្លោះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការរក្សារបបអាហារឲ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះគឺជារឿងសំខាន់។ ក្នុងអំឡុងពេលនេះ រាងកាយរបស់ស្ត្រីត្រូវការអាហារូបត្ថម្ភបន្ថែម ជាពិសេសពពួកវីតាមីន និងសារធាតុរ៉ែជាដើម។ ជាការពិត នៅអំឡុងត្រីមាសទី ២ និងទី៣ ស្រ្តីត្រូវការថាមពលបន្ថែមរហូតដល់៣៥០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ ដែលនេះអាចធ្វើឲ្យស្រ្តីបរិភោគច្រើនលើសកម្រិត។  ការបរិភោគលើស ឬខ្វះសារធាតុចិញ្ចឹមសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ ការលូតលាស់របស់ទារក។ លើសពីនេះ ការបរិភោគលើសតម្រូវការ ក៏បង្កជាផលវិបាកដល់មាតាដូចជា ការលើសទម្ងន់ ការកើតមានជំងឺទឹកនោមផ្អែម ដែលវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរនៅពេលសម្រាល។ ផ្ទុយទៅវិញ ការបរិភោគអាហារឲ្យបានសមស្រប នឹងធានាដល់សុខភាពមាតា និងទារក។ ខាងក្រោមនេះជាអាហារ ១៣ប្រភេទដែលស្រ្តីមានផ្ទៃពោះគួរបរិភោគ ដើម្បីទទួលបានសុខភាពល្អទាំងម្តាយនិងទារក៖ 1 ពពួកសណ្តែក៖ វាជាប្រភពអាហារដ៏សំខាន់ ព្រោះវាសម្បូរវីតាមីន B9 ,ហ្វាយប័រ (Fiber) និងសារធាតុចិញ្ចឹមជាច្រើនទៀត។ វីតាមីន B9 ជួយដល់ការលូតលាស់ ប្រព័ន្ធប្រសាទរបស់ទារក។ កង្វះវីតាមីនB9អាចធ្វើឲ្យទារកងាយឆ្លងជំងឺនៅពេលក្រោយ។ 2 ស៊ុត៖ ស៊ុតសម្បូរសារធាតុចិញ្ចឹមច្រើនប្រភេទ។ ការបរិភោគស៊ុតជាជម្រើសមួយដ៏ប្រសើរក្នុងការបង្កើនសារធាតុចិញ្ចឹមដល់រាងកាយ។ លើសពីនេះ ស៊ុតមានផ្ទុក សារធាតុ choline ដែលជាសារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ខួរក្បាល។  3 Broccoli និងបន្លែបៃតង៖ Broccoli និងបន្លែបៃតងសម្បូរ សារធាតុចិញ្ចឹមដែលស្រ្តីមានផ្ទៃពោះត្រូវការ។ វាក៏សម្បូរនូវពពួក Antioxidant ដែលជួយឲ្យសម្រស់ក្មេងជាងវ័យ និង ការពារពីជំងឺមួយចំនួន។  សារធាតុ Fiber ដែលវាផ្ទុកជួយបង្ការនិងការពារអាការៈទល់លាមកផងដែរ។ 4 សាច់គ្មានខ្លាញ់៖ សាច់គ្មានខ្លាញ់ជាប្រភពប្រូតេអុីនដ៏សម្បូរបែប។ សាច់ ជ្រូក និងសាច់គោសម្បូរជាតិដែក, choline និង vitamin B ដែលជាសារធាតុចាំបាច់សម្រាប់ ស្ត្រីមានផ្ទៃពោះ។ 5 សាច់ត្រី Salmon៖ សាច់ត្រីនេះសម្បូរ omega-3, EPA និង DHA ដែលសុទ្ធតែមានសារប្រយោជន៍ដល់ការលូត-លាស់ខួរក្បាល និងភ្នែក។ វាក៏ជាប្រភពនៃវីតាមីនDផងដែរ។ 6 គ្រាប់ធញ្ញជាតិ៖ ពួកវាសម្បូរដោយ Fiber  និងវីតាមីន ដែលសុទ្ធតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ 7 ដំឡូងជ្វា៖ វាជាប្រភពនៃ Beta-carotene ដែលរាងកាយនឹងបំលែងទៅជា វីតាមីន A ។ វីតាមីននេះជួយដល់ការលូតលាស់កោសិកា របស់ទារក។ 8 ទឹក៖ ទឹក ជួយបង្កើនបរិមាណឈាម នៅពេលមានផ្ទៃពោះ។ ខ្វះជាតិទឹកអាចធ្វើឲ្យទល់លាមក និងរលាកតម្រងនោម។ ស្រ្តីគប្បីពិសាទឹកឲ្យបានច្រើន ក្នុងអំឡុងពេលនេះ យ៉ាងតិចឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ 9 ប្រេងថ្លើមត្រី៖ ប្រេងប្រភេទនេះ សម្បូរ Omega-3, Vitamin D និងVitamin A។ ជាទូទៅវាល្អសម្រាប់អ្នកដែលមិនពិសាគ្រឿងសមុទ្រ។ 10 ផលិតផលទឹកដោះគោ៖ ផលិតផលទឹកដោះគោ ជាពិសេសយ៉ាអួ គឺជាជម្រើសដ៏ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។ វាសម្បូរប្រូតេអុីន និងកាល់ស្យូម។ សារធាតុប្រូប្យូទិកក្នុងយ៉ាអួ ក៏ជួយកាត់បន្ថយបញ្ហាមួយចំនួនដូចជា កាត់បន្ថយឱកាសកើតទឹកនោមផ្អែម ការពារការរលាកប្រដាប់ភេទ និង ប្រតិកម្មអាល្លែកហ្ស៊ី។ 11 ផ្លែប៊័រ៖ ផ្លែនេះសម្បូរ Monounsaturated fatty acid, Fiber ,Folate និង Potassium។ វាជួយកាត់បន្ថយអាការៈស្ពឹកស្រពន់ជើងដែលច្រើនជួបប្រទះនៅ ពេលមានផ្ទៃពោះ។ 12 ផ្លែប័ររី៖ វា ជាផ្លែឈើដែលសម្បូរជាតិទឹក vitamin C, Fiber និងសារធាតុ Antioxidant។ បរិភោគផ្លែនេះនៅពេលមានផ្ទៃពោះ ជួយបង្កើនសារធាតុចិញ្ចឹម និងជាតិទឹកក្នុងរាងកាយ។ 13 ដំណាប់ផ្លែឈើ៖ វាមានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ ដោយសារវាសម្បូរសារធាតុចិញ្ចឹម។ វាមានទំហំតូចធ្វើឲ្យបរិភោគបានច្រើន ជួយឲ្យទទួលបានសារធាតុ ចិញ្ចឹមច្រើន។ តែមិនត្រូវបរិភោគច្រើនពេកទេ ព្រោះវាមានជាតិស្ករខ្ពស់។ ចែករំលែកដោយ ៖ ឱសថការីឧត្តម ចាប ច័ន្ទរតនា អ្នកត្រួតពិនិត្យគុណភាពឱសថនៃសហគ្រាសផលិតឱសថ ជា ចំណាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

Share

ការប្រែប្រួលជាច្រើននឹងអាចកើតមានឡើង កំឡុងពេលដ៏សប្បាយរីករាយនៃការពពោះ។ ក្នុងនោះដែរ ការឡើងទម្ងន់ជាកង្វល់ចម្បងមួយ ក្នុងចំណោមបញ្ហា ផ្សេងទៀតនៃការមានផ្ទៃពោះ ហើយប្រសិនអ្នកមានបញ្ហាលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកកាន់តែត្រូវទាមទារឲ្យមានការគ្រប់គ្រងបញ្ហាទម្ងន់នោះឲ្យបានល្អ ដើម្បីទទួលបានការពពោះ ដែលមានសុខភាពរឹងមាំ។ តើក្នុងលក្ខខណ្ឌណាដែលអ្នកមានបញ្ហាលើសទម្ងន់? ជាទូទៅអ្នកនឹងអាចឡើងទម្ងន់ ពី ១១ ទៅ ១៧គីឡូក្រាម ក្នុងពេលពពោះ ប្រសិនអ្នកមិនមានបញ្ហាលើសទម្ងន់ ហើយសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់ស្រាប់ ជាទូទៅអ្នកអាចឡើងទម្ងន់ត្រឹម ៧ ទៅ ១១គីឡូក្រាមប៉ុណ្ណោះ ពេលមានផ្ទៃពោះ។ ដូច្នេះ ការលើស ឬខ្វះ គឺវាប្រែប្រួលទៅនឹងទម្ងន់ធម្មតារបស់អ្នក ជាហេតុទាមទារឲ្យមានការយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងទម្ងន់ឲ្យមានស្ថេរភាព ដែលក្នុងនោះ ការហាត់ប្រាណ ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អ ក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយវារួមបញ្ចូលនូវប្រភេទកីឡាជាច្រើនដែលអ្នកអាចធ្វើការហាត់នៅក្នុងផ្ទះ ឬតាមក្លឹបហាត់ប្រាណនានា។ លំហាត់ប្រាណ សម្រាប់អ្នកមានផ្ទៃពោះ អ្នកឯកទេសផ្នែកសម្ភព តែងតែណែនាំឲ្យស្រ្តីមានផ្ទៃពោះ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ចន្លោះពី ១៥នាទី ទៅ ៣០នាទី រៀងរាល់ថ្ងៃ ឬ ៥ថ្ងៃក្នុងមួយអាទិត្យ ចំណែកជម្រើសលំហាត់ប្រាណដែលត្រូវបានណែនាំ មានដូចជា៖ • កីឡាហែលទឹក៖ ការហែលទឹក ជាជម្រើសដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ ពីព្រោះនៅក្នុងទឹក អាចជួយទប់ទម្ងន់របស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រាលខ្លួន ដែលនឹងធ្វើឲ្យដំណើរការនៃលំហាត់ប្រាណប្រព្រឹត្តទៅបានរលូន។​ លំហាត់ប្រាណនេះផងដែរក៏ជួយសម្រួលនូវអាការៈក្អួតចង្អោរ និងកាត់បន្ថយការហើមកជើង។   • លំហាត់ប្រាណបែបរាំ៖ អ្នកអាចចាក់ភ្លេងតិចៗដើម្បីធ្វើចលនាជាការរាំក្នុងផ្ទះ ឬចូលរួមថ្នាក់រាំជាមួយអ្នកម្តាយដទៃទៀត ដែលមិនត្រឹមតែជួយថែរក្សាទម្ងន់ វាក៏អាចធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរបានស្រួលផងដែរ។ • ធាក់កង់ក្នុងផ្ទះ៖ ប្រសិនបើមានកង់ចាស់ៗនៅផ្ទះ អ្នកគួរតែកែច្នៃវាឲ្យអស់ពីលទ្ធភាព ដែលជាឧបករណ៍សម្រាប់ហាត់ប្រាណស័ក្ដិសមបំផុត ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងការធ្វើលំហាត់ប្រាណ ដោយគ្រាន់តែធ្វើចលនាជើងធាក់  ហើយមិនចាំបាច់បារម្ភពីការមានគ្រោះថ្នាក់ ដូចទៅនឹងការជិះកង់ នៅខាងក្រៅតាមទីសារធារណៈនោះទេ។ • កីឡាយោគៈ៖ ក្រៅពីចលនាលំហាត់ប្រាណដែលនឹងអាចជួយអ្នកគ្រប់គ្រងការលើសទម្ងន់នោះ កីឡាយោគៈក៏អាចឲ្យអ្នកហ្វឹកហាត់ពីរបៀបដកដង្ហើម ដែលត្រូវការចាំបាច់ខ្លាំងបំផុតនៅពេលសម្រាលផងដែរ។ អត្ថប្រយោជន៍នៃលំហាត់ប្រាណលំហាត់ប្រាណ ជាចំណែកជួយពង្រឹងនូវកម្លាំងសាច់ដុំ ដើម្បីទ្រាំទ្រ ទៅនឹងទម្ងន់របស់កូន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង អាចជួយសម្រួលដល់អ្នក ក្នុងការបំពេញការងារប្រចាំថ្ងៃ នៅត្រីមាសទី ៣ នៃការមានផ្ទៃពោះ។ ការហាត់ប្រាណ ធ្វើឲ្យអ្នកមានភាពរហ័សរហួន ដែលអ្នកនឹងអាចមានភាពងាយស្រួលក្នុងការរក្សា និងគ្រប់គ្រងទម្ងន់របស់អ្នកឲ្យមានស្ថេរភាព ជាពិសេស វាក៏អាចជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមផងដែរ។ ត្រូវចាំថា អ្នកត្រូវជ្រើសរើសអ្វីដែលអ្នកចូលចិត្តធ្វើ នោះវានឹងជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់ការហាត់ប្រាណកំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតមើលពីសុខភាពខ្លួនឯង ក្នុងករណី ប្រទះនឹងបញ្ហាផ្សេងៗកំឡុងពេលហាត់ ឬក៏អាចសុំយោបល់ពីអ្នកជំនាញ ដើម្បីទទួលបានការហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

កាហ្វេ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដាស់ស្មារតី ហើយមនុស្សមួយចំនួនតែងតែទទួលទានវាជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ កាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា វាអាចប៉ះពាល់ដល់សុខភាពទារក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។   អ្នកអាចញ៉ាំទឹកដោះគោ ទឹកដូង ទឹកផ្លែឈើស្រស់ជំនួសវិញ ប៉ុន្តែ​ក៏មិនត្រូវច្រើន ឬញឹកញាប់ពេកដែរ ពីព្រោះវាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹង ជំងឺទឹកនោមផ្អែមផងដែរ។   យ៉ាងណាមិញ នៅក្នុងកាហ្វេ ឬតែមួយចំនួន គេបានដកយកជាតិកាហ្វេអ៊ីនចេញហើយ ដូច្នេះ អ្នកអាចញ៉ាំវាបាន ប៉ុន្តែត្រូវប្រាកដថា អ្នកបានឆែកមើលវាបានត្រឹមត្រូវច្បាស់លាស់ហើយ។   ខាងក្រោមនេះ គឺជាបរិមាណសារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងអាហារមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ គួរតែចៀសវាង ៖   1.   កាហ្វេឆុងធម្មតា មានជាតិកាហ្វេអ៊ីនប្រហែលជា ២០០ មីល្លីក្រាម 2.   អ៊ីប្រេសសូ (Espresso) មានជាតិកាហ្វេអ៊ីនប្រហែលជា  ៩០ មីល្លីក្រាម 3.   កាហ្វេឆុងភ្លាមៗ មានជាតិកាហ្វេអ៊ីនប្រហែលជា ១៧៣ មីល្លីក្រាម 4.   កាហ្វេគ្មានជាតិកាហ្វេអ៊ីន មានជាតិកាហ្វេអ៊ីនប្រហែលជា ១២ មីល្លីក្រាម 5.   តែឆុង មានជាតិកាហ្វេអ៊ីនប្រហែលជា ៧៥ មីល្លីក្រាម 6.   តែទឹកកក មានជាតិកាហ្វេអ៊ីនប្រហែលជា ៤០ មីល្លីក្រាម 7.   តែកញ្ចប់ មានជាតិកាហ្វេអ៊ីនប្រមាណ ៣០ មីល្លីក្រាម 8.   កូកាកូឡា មានជាតិកាហ្វេអ៊ីនប្រហែល ៥៦ មីល្លីក្រាម 9. Diet Cola មានជាតិកាហ្វេអ៊ីនប្រហែលជា ៦៤ មីល្លីក្រាម 10. សូកូឡា មានជាតិកាហ្វេអ៊ីនប្រហែលជា ៥០ មីល្លីក្រាម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

តើអ្នកកំពុងតែចង់បានកូនមួយទៀតមែនទេ? តើអ្នកគិតថា អ្នកត្រៀមខ្លួនរួចរាល់ហើយមែនទេក្នុងការយកកូនលើកទីពីរនេះ? ប្រសិនបើគ្រួសារអ្នកមានគម្រោងយកកូនច្រើន វាជារឿងធម្មតាទេ ដែលអ្នកត្រូវការយកកូនឲ្យបានឆាប់នោះ។ ប៉ុន្តែមុននឹងសម្រេចចិត្ត យកកូនលើកទីពីរ ឬបន្តបន្ទាប់ទៀត យើងខ្ញុំសូមណែនាំអ្នកឲ្យត្រៀមខ្លួនជាមុនសិន ដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។   គ្រួសារខ្មែរភាគច្រើនជំរុញឲ្យកូនៗប្រញាប់យកកូន ដើម្បីបំបែកគ្រួសារ បន្ថែមសមាជិក និងបង្កើនភាពរីករាយ។ គេក៏គិតផងដែរថា ម្តាយយកកូនអាយុក្មេងៗមានផលល្អ ច្រើនជាងយកកូននៅអាយុច្រើន។ ដូច្នេះ ចាស់ទៅ គេអាចស្រណុក ឬមានពេលច្រើនរកស៊ីបន្តទៀត។   បើយោងទៅតាមក្រុមគ្រូពេទ្យជំនាញ «អ្នកគួរតែរក្សាគម្លៀតឲ្យបាន ១៨ខែមុននឹងយកកូនលើកទីពីរ ដើម្បីការពារការរលូត និងកើតមុនកំណត់»។ វាក៏អាចជួយឲ្យកុមារមានសុខភាពល្អ ទម្ងន់សមស្រប ហើយម្តាយក៏ចៀសផុតពីជំងឺនានាដូចជា ជំងឺស្លេកស្លាំង ការឆ្លងមេរោគ និងត្រៀមក្រឡាភ្លើង ជាដើម។   ប្រសិនបើអ្នករង់ចាំ ៥ ឆ្នាំទៀតទើបយកកូន អ្នកអាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង កូនកើតមុនកំណត់ កូនរលូត ឬមិនគ្រប់គីឡូ។  អ្នកម្តាយត្រូវការពេលវេលាសមស្រប ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយទាំងស្រុង ក្រោយពេសម្រាលកូនរួច ពីព្រោះការមានផ្ទៃពោះ ការសម្រាលកូន និងការបំបៅដោះកូន បានធ្វើឲ្យសុខភាពស្រ្តីចុះខ្សោយជាលំដាប់ ហើយវារឹតតែធ្ងន់ធ្ងរ ប្រសិនបើម្តាយមិនសូវញ៉ាំអាហារ ឬមានភាពតានតឹងច្រើនក្នុងអារម្មណ៍។   យកល្អបំផុត ទុកពេលវេលាឲ្យបាន ៣ ឆ្នាំ ទើបយកកូនមួយទៀតសម្រាប់កូនទីបី ពីព្រោះ ក្នុងដំណាក់កាលនេះ កូនបងរបស់អ្នកអាចនឹងធំល្មម និយាយស្តាប់គ្នាបាន ហើយអាចជួយមើលប្អូនបានខ្លះទៀតផង។ គម្លៀតបែបនេះក៏អាចធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ និងចិញ្ចឹមកូនបានល្អបំផុត តាមដែលអាចធ្វើទៅបាន។   កត្តាសំខាន់បំផុតមុនសម្រេចចិត្តយកកូន ៖ ·  សុខភាព ·  លុយកាក់ ·  ពេលវេលាសម្រាប់ចិញ្ចឹមកូនឲ្យបានល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

និយមន័យ កូនក្រៅស្បូន គឺជាការតាំងទី និងការលូតលាស់របស់គភ៌ ដែលនៅខាងក្រៅស្បូន ដូចជានៅដៃស្បូន នៅលើកន្សោមកូននៅក្នុងប្រហោងពោះ នៅមាត់ស្បូន និងនៅចំណុចតំណរវាងតួស្បូន និងដៃស្បូន ដែលជាទូទៅត្រូវបានបង្ហាញឡើងនៅត្រីមាសទី១នៃគភ៌។  មូលហេតុ និងកត្តាជំរុញ ការបង្កឲ្យមានកូនក្រៅស្បូននេះ មានមូលហេតុចម្បង ៨ចំណុចសំខាន់ៗខាងក្រោម៖ •  ជំងឺរលាកនៅតំបន់អាងត្រគាក (Pelvic inflammation disease)៖ ជំងឺនេះ ភាគច្រើនបង្ករោគដោយមេរោគម៉្យាងហៅថា Chlamydia trachomatis ពិសេសនោះវាអាចធ្វើឲ្យរលាកនៅមាត់ស្បូន និងដៃស្បូន។ •  ស្ត្រីដែលធ្លាប់មានប្រវត្តិមានកូនក្រៅស្បូនម្តងរួចមកហើយ៖ ពួកគាត់អាចប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺកូនក្រៅស្បូនជាលើកទី២ ក្នុង ចន្លោះពី ១០% ទៅ ១៥%។ •  ស្ត្រីដែលធ្លាប់វះកាត់លើដៃស្បូនពីមុន៖ មានដូចជាការកាត់លើដៃស្បូន ការតដៃស្បូនឡើងវិញមួយទៀតគឺបញ្ហាដែលស្អិតលើកន្សោមពង។ ក្រៅពីនេះ ក៏មានទាក់ទងនឹងការចងដៃស្បូនផងដែរ។ •  ការប្រើថ្នាំជំនួយឲ្យមានកូន៖ ករណីស្ត្រីគាត់ពុំមានមេជីវិត ដូច្នេះគាត់ត្រូវប្រើថ្នាំមួយប្រភេទដែលមានឈ្មោះថា Clomiphene citrate ដែលជំរុញឲ្យមានការបញ្ចេញមេជីវិតជារៀងរាល់ខែចំពោះស្ត្រី។ ស្ត្រីមួយចំនួនទៀតដែលគ្មានលទ្ធ-ភាពក្នុងការមានកូនជាលក្ខណៈធម្មជាតិត្រូវធ្វើ ការផ្សាំមេជីវិតនៅខាងក្រៅ រួចដាក់ចូលទៅខាងក្នុងស្បូនឬហៅថាជាការប្រើបច្ចេកទេសបង្កាត់កូន (In vitro fertility)។ •  ការប្រើថ្នាំពន្យារកំណើត៖ ជាទូទៅការប្រើថ្នាំពន្យារកំណើតច្រើន បណ្តាលឲ្យដៃស្បូនធ្វើចលនាមិនបានត្រឹមត្រូវដែលធ្វើឲ្យគភ៌បង្កកំណើតនៅ ១/៣ នៃដៃស្បូន ធ្វើដំណើរមកក្នុងស្បូនយឺតពេលដូច្នេះហើយវាក៏តាំងទីនៅខាងក្រៅស្បូន។ •  ស្ត្រីមានផ្ទៃពោះនៅវ័យចំណាស់ (ពី ៣៥ឆ្នាំទៅ ៤៤ឆ្នាំ)៖ ដោយហេតុថាស្ត្រីវ័យកាន់តែចាស់ កម្លាំងនៃចលនា (Myoelectrical activity) របស់ ដៃស្បូនមានការថយចុះនូវឥទ្ធិពលរបស់វា ដែលជំរុញឲ្យដៃស្បូនដំណើរការខុសប្រក្រតី។ •  ស្ត្រីចូលចិត្តជក់បារី៖ សារធាតុក្នុងបារីធ្វើឲ្យការបញ្ចេញមេជីវិតយឺតពេល ហើយធ្វើឲ្យមានការខូចខាតទៅលើដៃស្បូនទៅលើកម្លាំងនៃស្បូន មួយវិញទៀតធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលទាំងអស់នេះជាមូលហេតុបង្កឲ្យមានកូនក្រៅស្បូន។ •  ដៃស្បូនមានការបង្កើតជាក្រឡុកដោយឯកឯង៖នៅពេលគាត់បង្កកំណើតហើយកូនធ្វើដំណើរតាមដៃស្បូនក៏ធ្លាក់ចូលក្នុងក្រឡុកនៃដៃស្បូននោះ រួចក៏តាំងទីនៅទីនោះបង្កើតបានជាកូនក្រៅស្បូន។ រោគសញ្ញា សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖ •  អវត្តមាននូវរដូវ •  ការធ្លាក់ឈាមពីស្បូនតាមប្រហោងស្បូន •  ឈឺត្រង់តំបន់អាងត្រគាក •  ពោះឡើងរឹងពេលស្ទាបក្នុងករណីមានការធ្លាក់ឈាមទៅក្នុងប្រហោងពោះ។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖ •  ពិនិត្យរកសារធាតុβHCG ជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌។ ការរក βHCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម។ •  ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើកូននៅខាងក្រៅស្បូនពិតប្រាកដមែន ហើយវាបែក ឬមិនបែក យើងមើលតាមរយៈអេកូសាស្ត្រ។ ជួនកាល ការពិនិត្យនេះអាចឲ្យយើងបែងចែកជា២៖ ទី១គឺយើងមើលមិនឃើញវត្តមានកូននោះទេ ប៉ុន្តែយើងឃើញមានវត្តមានឈាមដែលដក់នៅក្នុងពោះ ទី២ គឺជួនកាលមើលទៅឃើញមានឈាមផងនិងឃើញមានវត្តមានកូននៅនឹងដៃស្បូនតែម្តង។ ការធ្វើរោគវិនិច្ឆ័យទាំង២ខាងលើ រួមជាមួយនឹងអវត្តមាន ឈាមរដូវ នោះយើងអាចសន្និដ្ឋានបានថាជាកូនក្រៅស្បូន។ ការព្យាបាល ស្ត្រីដែលមានបញ្ហាកូនក្រៅស្បូននេះ ត្រូវបានព្យាបាលតាមវិធីសាស្ត្រ២បែប យោងទៅតាមស្ថានភាព៖ •  ការព្យាបាលដោយប្រើថ្នាំដែលតម្រូវឲ្យអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖ វិធីសាស្ត្រនេះធ្វើឡើងក្នុងលក្ខខណ្ឌដែលអ្នកជំងឺមានទំហំកូនក្រៅស្បូនតូចជាង ៣,៥សង់ទីម៉ែត្រ កូននៅដៃស្បូនមិនទាន់បែក គ្មានការធ្លាក់ឈាម គ្មានឈាមពេញពោះនិងគ្មានការធ្លាក់ចុះនូវសម្ពាធឈាមរបស់ម្តាយ។ ពេលនោះ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ Methotrexate ប្រភេទចាក់(1mg/Kg) រួមជាមួយការតាមដានសារធាតុβHCG។ ប្រសិនបើក្រោយរយៈពេល ២៤ម៉ោងទៅ ៤៨ម៉ោងនៃការព្យាបាល បរិមាណនៃ βHCG មានការធ្លាក់ចុះ នោះមានន័យថាការព្យាបាលមានប្រសិទ្ធភាព។ •  ការព្យាបាលដោយវះកាត់៖ ករណីនេះធ្វើឡើងចំពោះកូនក្រៅស្បូនដែលមានការបែកហូរឈាម ហើយសម្ពាធឈាមរបស់ម្តាយមានការប្រែប្រួល ឬធ្លាក់ចុះ។ ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការវះកាត់ ដែលការវះកាត់នេះចែកចេញជា ២ទៀត គឺវះកាត់ដោយបើកពោះតែម្តង ឬវះកាត់ ដោយការចោះតាមរយៈមាស៊ីនទំនើបហៅថាEndoscopy។ ផលវិបាកចំពោះម្តាយ បញ្ហាកូនក្រៅស្បូនអាចនឹងមានហានិភ័យចំពោះសុខភាពស្ត្រីជាម្តាយដូចជា៖ •  ករណីមានការព្យាបាលយឺតយ៉ាវ ធ្វើឲ្យស្ត្រីបាត់បង់ឈាមច្រើន រហូតដល់ជួនកាលគាត់ត្រូវទាមទារឲ្យមានការព្យាបាលដោយការបញ្ចូលឈាម។ •  ស្ត្រីអាចប្រឈមមុខជាមួយនឹងការកើតកូនក្រៅស្បូនលើកក្រោយទៀត។ •  ស្ត្រីអាចប្រឈមជាមួយនឹងការគ្មានកូនតែម្តង។ វិធីសាស្ត្របង្ការ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្រ្តខ្លះៗដែលស្ត្រីគួរដឹង ដើម្បីបង្ការការមានកូនក្រៅស្បូននេះ ដោយយោងតាមមូលហេតុបង្ក ដូចបាន រៀបរាប់ខាងលើដូចជា៖ •  បង្ការកុំឲ្យឆ្លងមេរោគពពួក Chlamydia trachomatis ចូលក្នុងប្រដាប់បន្តពូជស្ត្រី •  ចៀសវាងការវះកាត់តំបន់ដៃស្បូន •  ចៀសវាងប្រើថ្នាំជំរុញឲ្យមានកូន ឬបច្ចេកទេសផ្សាំកូនក្រៅស្បូន •  ចៀសវាងការប្រើថ្នាំពន្យារកំណើត •  កុំឲ្យមានកូននៅវ័យចំណាស់ពេក •  កុំជក់បារី។ ដើម្បីសុវត្ថិភាព ស្ត្រីគ្រប់រូបដែលស្ថិតក្នុងវ័យបន្តពូជ ដែលមានដៃគូទាំងអស់ ត្រូវប្រញាប់មកពិនិត្យអេកូសាស្ត្រ ក្រោយពេលបាត់រដូវភ្លាមៗ ដើម្បីអាច ដឹងទាន់ពេលវេលាថាកូននៅក្នុងស្បូន ឬក្រៅស្បូន។ បកស្រាយដោយសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឌុក កុសល  ឯកទេសរោគស្ត្រី និងសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ការកែប្រែរបបអាហារជាវិធីងាយបំផុតក្នុងការដោះស្រាយបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះ។ ការកែតម្រូវរបបអាហារដែលមានភាពសមរម្យ អាចព្យាបាលទម្លាប់នៃការបន្ទោបង់មិនទៀងទាត់។ របបអាហារដែលល្អ អាចលុបបំបាត់បញ្ហាទល់លាមកបាននោះគឺ៖ • សម្បូរអាហារសរសៃ៖  ការបរិភោគអាហារដែលសម្បូរដោយសរសៃ អាចធ្វើឲ្យអ្នកបន្ទោបង់បានស្រួល ព្រោះថាសរសៃទាំងនោះ នឹងបង្កើនចលនា របស់ពោះវៀន។ ដោយសារតែចលនាកន្ត្រាក់របស់ពោះវៀនបានត្រឡប់មកធម្មតាវិញនោះ បញ្ហាទល់លាមកក៏ត្រូវបានដោះស្រាយ។ សរសៃទាំងនោះ គឺជាកាបូអ៊ីដ្រាតខ្សែវែងដែលមិនងាយនឹងបំបែក ហើយបង្កើនបរិមាណអាហារក្នុងពោះអ្នក។ ជាតិសរសៃដែលគេស្គាល់ច្រើន គឺ សេលឡុយឡូស អេមីសេលឡុយឡូស លីញីន បេតាគ្លុយកង់ ប៉ិចទីន ហ្គាម និងមុយស៊ីឡាច បាយម៉ាន អូលីហ្គូសាក់ការីត និងសារធាតុតូចៗផ្សេងទៀតដូចជាក្រមួន ខាត់ធីន និងសាប់បឺរីន។ តម្រូវការអាហារសរសៃប្រចាំថ្ងៃសម្រាប់អ្នកដែលគ្មានផ្ទៃពោះគឺ ២៥ក្រាម តែវានឹងកើនឡើងចំពោះអ្នកមានផ្ទៃពោះ។ អាហារដែលសម្បូរដោយសរសៃមានដូចជាកន្ទក់ ស្ពៃក្រោប ផ្លែបឺរី ផ្កាខាត់ណា សឺលឺរី(Celery) ផ្លែឈើស្រស់ បន្លែបៃតង ផ្សិត គ្រឿងក្នុង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាលីគ្រាប់រុក្ខជាតិ ដំឡូង សារ៉ាយសមុទ្រខ្ទឹមបារាំង។ល។ ចៀសវាងការបរិភោគគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃរួចដូចជា នំប៉័ងធ្វើពីម្សៅ បាយស និងផាស្តាជាដើម។ • បំពេញជាតិទឹកឲ្យខ្លួនឯង៖  ការខ្វះជាតិទឹកអាចបណ្តាលឲ្យទល់លាមក។ នៅពេលដែលខ្លួនប្រាណអ្នកខ្វះទឹក យន្តការនៃការរក្សាជាតិទឹកនឹង ធ្វើឡើងដោយធ្វើការស្រូបទឹកកាន់តែច្រើនពីកាកសំណល់ដែលមានក្នុងពោះវៀនធំរបស់អ្នក ហើយលាមកនឹងក្លាយទៅជារឹងជាងមុន។ ដូចនេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ទឹកផ្លែឈើមួយចំនួនដូចជាទឹកផ្លែព្រូនមាន សមត្ថភាពបញ្ចុះលាមក និងអាចជួយបន្ទន់លាមក។ ទឹកក្រូចឆ្មារ អាចជួយបង្កើនចលនារបស់ពោះវៀន។ ការផឹកទឹក ៨កែវក្នុងមួយថ្ងៃត្រូវបាន ចាត់ទុកថាជាបរិមាណដែលអាចឲ្យខ្លួនប្រាណយើងបាន។ • ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាវិធីល្អបំផុតក្នុងការធ្វើឲ្យចលនាពោះវៀនដើរធម្មតាវិញ និងដោះស្រាយបញ្ហាទល់លាមក។​ វាជួយឲ្យ ចលនាកន្ត្រាក់ចុះក្រោមរបស់ពោះវៀនមកធម្មតាវិញ នោះបញ្ហាទល់លាមកត្រូវបានដោះស្រាយ។ ការធ្វើសកម្មភាពរាងកាយ ធ្វើឲ្យសរីរាង្គខាងក្នុង មានសុខភាពល្អ បង្កើនការធ្វើមេតាបូលីស និងព្យាបាលបញ្ហាទល់លាមក។ • ធ្វើតាមបែបធម្មជាតិ៖ ចៀសវាងការប្រើថ្នាំបញ្ចុះលាមកប្រសិនបើអាច។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសនឹងការប្រើថ្នាំសំយោគបានទេ អ្នកត្រូវ ទៅពិគ្រោះជាមួយគ្រូពេទ្យដាច់ខាតមុននឹងប្រើវា។ ភាគច្រើននៃថ្នាំបញ្ចុះលាមកដែលសំយោគជួយដោះស្រាយបញ្ហាទល់លាមកតិចតួចណាស់។ កាន់តែសំខាន់លើនេះទៅទៀតនោះ វាអាចនឹងមិនមានសុវត្ថិភាពទេចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចនឹងមានឥទ្ធិពលឲ្យស្បូនកន្ត្រាក់ថែមទៀត។ ប្រើប្រាស់វិធីបញ្ចុះលាមកបែបធម្មជាតិ និងព្យាយាមដោះស្រាយបញ្ហាទល់លាមកតាមរបៀបធម្មជាតិប្រសើរជាង។ បើទោះបីជាអ្នកសម្រេចចិត្តលេប ថ្នាំរុក្ខជាតិដែលព្យាបាលទល់លាមកក៏ដោយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិនពីផលរំខានដែលនឹងអាចកើតមាន និងសុវត្ថិភាព ដល់អ្នកដែលជាស្រី្តមានផ្ទៃពោះ។ • បរិភោគពពួកប្រូប៊ីយ៉ូទិច៖ បរិភោគពពួកប្រូប៊ីយ៉ូទិចក៏ជាវិធីល្អមួយក្នុងការធ្វើឲ្យសរីរាង្គខាងក្នុងមានសុខភាពល្អ និងលុបបំបាត់បញ្ហាទល់លាមក ផងដែរ។ ពពួកបាក់តេរីដែលមានក្នុងប្រហោងពោះវៀន គឺល្អសម្រាប់មុខងាធម្មតារបស់ពោះវៀន ហើយការបង្កើនចំនួនវាទៅតាមអាហារដូចជា យ៉ាអួ ជ្រក់ សូកូឡាខ្មៅ មានភាពប្រសើរក្នុងការធ្វើឲ្យសុខភាពនៃប្រព័ន្ធរំលាយអាហារទាំងមូលកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាទល់លាមក។ • បរិភោគសារធាតុរ៉ែឲ្យច្រើន៖ កាល់ស្យូម និងសូដ្យូមជាសារធាតុដែលសំខាន់សម្រាប់ការធ្វើឲ្យមានភាពទៀងទាត់នៃការបញ្ជាខួរក្បាលទៅលើចលនា របស់ពោះវៀន។ វិធីមួយដែលអាចដោះស្រាយបញ្ហាទល់លាមកបាន គឺបង្កើនបរិមាណកាល់ស្យូមក្នុងរបបអាហាររបស់អ្នកដូចជា ទឹកដោះគោ ផលិតផល ដែលធ្វើពីទឹកដោះគោ យ៉ាអួ រុក្ខជាតិរុយបាប (rhubarb)។ សូដ្យូម ជាធម្មតាមាននៅក្នុងអំបិលសម្ល ប៉ុន្តែមិនគួរបរិភោគអាហារប្រៃច្រើនពេក ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមប្រែប្រួល(សូដ្យូមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់)។ • បរិភោគប្រេង៖ ប្រេងល្អ គឺសំខាន់សម្រាប់ការរក្សាទម្លាប់នៃការបន្ទោរបង់។ ប្រេងម៉ូណូ និងប៉ូលីសាក់ការីតដែលមាននៅក្នុងប្រេងផ្លែប៊័រ ប្រេងអូលីវ ប្រេងគ្រាប់ផ្លែឈើ ប្រេងនៃថ្លើមត្រីម័ររុយ ប្រេងធ្មៃ ប្រេងផ្កាព្រីមរ៉ូស(evening primrose) ប្រេងប្លេកខឺរ៉េន (blackcurrant) ឬប្រេងបូរ៉េក (borage oil) អាចជួយក្នុងពេលអ្នកទល់លាមក ដោយវាបង្កើនចលនារុញចុះក្រោមរបស់ពោះវៀន។ ប៉ុន្តែ អ្នកគួរចៀសវាងប្រភេទប្រេងឆ្អែត ព្រោះវាអាចនឹងផ្តល់ផលអាក្រក់ដល់បេះដូង និងអាចបណ្តាលឲ្យមានផលវិបាកទាក់ទងនឹងបញ្ហាបេះដូង និងសរសៃឈាម។ ចំណុចសំខាន់ចុងក្រោយក្រៅពីការបរិភោគអាហារដែលសម្បូរសរសៃ និងផឹកទឹកច្រើន អ្នកត្រូវបង្កើនការបរិភាគផ្លែឈើ និងបន្លែដើម្បីប៉ះប៉ូវឡើងវិញ នូវសារធាតុចិញ្ចឹមដែលបាត់បង់។ ចៀសវាងបរិភោគច្រើនពេក ព្រោះវាអាចនាំឲ្យអ្នកទៅជារាកវិញដែលជាអាការៈអាក្រក់ជាងការទល់លាមកទៅទៀត ដោយសារតែការរាកនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកនិងអេឡិចត្រូលីតពីក្នុងខ្លួន ហើយនាំឲ្យមានស្ថានភាពកាន់តែស្មុគស្មាញទៀត។  យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នកនៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចជួយបង្ការអ្នកពីផលវិបាកនៃការទល់លាមក។  ត្រូវ​គិតគូរយ៉ាងម៉ត់ចត់ទៅលើអាហាររបស់អ្នក ទើបបញ្ហាទល់លាមកអាចនឹងដោះស្រាយបានឆាប់រហ័ស។ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាប្រចាំ មុនពេលអ្នកចាប់ផ្តើមផ្លាស់ប្តូររបបអាហារណាមួយ ឬប្រើប្រាស់ថ្នាំណាមួយ។ ដោយមានវិធានការថែទាំនិងបម្រុងប្រយ័ត្នទៅលើសុខភាពអ្នក នោះអ្នកនឹងមិនមានការព្រួយបារម្ភថាបញ្ហាទល់លាមកអាចរើឡើងវិញហើយក្លាយជាបញ្ហាធំសម្រាប់អ្នកទេក្នុងពេលមានផ្ទៃពោះ៕ អត្ថបទដោយ Dr. Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ខណៈពេលដែលអ្នកមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ចំពោះរបបអាហារប្រចាំថ្ងៃ ហើយប្រសិនបើអ្នកមិនច្បាស់ទេចូរសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ពីព្រោះចំណីអាហារ ឬភេសជ្ជៈមួយចំនួនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទូទៅរបស់អ្នក និងទារកក្នុងផ្ទៃ។ អ្នកម្តាយគ្រប់រូបគួរដឹងថា អ្វីដែលអ្នកម្តាយញ៉ាំ កូនរបស់អ្នកក៏នឹងទទួលដូចគ្នា។   កាហ្វេត្រូវបានគេចាត់ទុកថា ជាអាហារដាស់ស្មារតី ហើយមនុស្សមួយចំនួន តែងតែទទួលទានវាមួយ ឬពីរកែវជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញកាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា «វាអាចប៉ះពាល់ដល់សុខទារករបស់អ្នក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន»។   សម្រាប់ឪពុកម្តាយភាគច្រើន តែ ឬកាហ្វេមួយពែង អាចជួយឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើងខណៈពេលដែលពួកគេកំពុងមានភាពតានតឹង ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ចូរជ្រើសរើសវិធីផ្សេងវិញទៅ។ កាហ្វេ អាចប៉ះពាលដល់កូនរបស់អ្នកតាមរបៀបណា? ជាតិកាហ្វេអ៊ីន មានឥទ្ធិពលខុសៗគ្នាទៅតាមក្មេងនីមួយៗ។ ទារកខ្លះ មិនសូវមានប្រតិកម្មនោះទេ ប៉ុន្តែ សម្រាប់ទារកខ្លះវិញ សូម្បីតែបន្តិច ក៏វាអាចធ្វើឲ្យគេគ្រោះថ្នាក់ដែរ។ ជាទូទៅ រាងកាយរបស់ទារក មិនទាន់លូតលាស់គ្រប់គ្រាន់ ដើម្បីចៀសផុតពីសារធាតុកាហ្វេអ៊ីននោះទេ។ កាហ្វេអ៊ីននឹងទៅដាស់ទារក រំខាន ហើយធ្វើឲ្យទារកមិនមានផាសុកភាព។ ទារកក៏នឹងមានភាពសកម្មលើសកម្រិត ហើយសម្រាកបានតិចបំផុត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖ បញ្ហាប្រឈម វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖ ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖ • ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។ • មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។ • ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។ ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។ បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។  ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។ ការតាមដាន ការពិនិត្យ និងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។ ការត្រៀមខ្លួន វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។ គុណសម្បត្តិ ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ វាបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥%។   អ្វីទៅជាការសម្រាលកូនមិនគ្រប់ខែ? ផ្អែកតាមវេជ្ជសាស្រ្ត គេបានបែងចែកបញ្ហានេះជាពីរករណី៖ • ការសម្រាលកូនមិនគ្រប់ខែ៖ ជាការសម្រាលកូនភ្លាមៗ មិនអាចឃាត់បាន កើតឡើងមុន ៣៧សប្តាហ៍នៃអាយុគភ៌ (ចន្លោះពី ២៦សប្តាហ៍ ទៅ តិចជាង ៣៧សប្តាហ៍) ដើម្បីឲ្យការកំណត់អាយុកាន់តែប្រាកដ ត្រូវទាមទារឲ្យស្រ្តីចងចាំឲ្យបានច្បាស់លាស់ ​ពី ថ្ងៃ ខែនៃវដ្តរដូវ។ • គំរាមសម្រាលកូនមិនគ្រប់ខែ៖ ជាបញ្ហាដែលស្រ្តីមានផ្ទៃពោះ អាចមានរោគសញ្ញាព្រមានដោយសារស្បូនកន្រ្តាក់ខ្លាំងបណ្តាលឲ្យឈឺពោះខ្លាំង ញឹកញាប់ និងជាប់រហូត មានបម្រែបម្រួលនៃមាត់ស្បូន ដែលអាចបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែ ប្រសិនបើគ្មានអន្តរាគមន៍ ឬអន្តរាគមន៍មិនទាន់ពេល​ ពីសំណាក់គ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញ អាចធ្វើការគ្រប់គ្រងបញ្ហានេះបាន ដើម្បីឲ្យកូនអាចរស់រានមានជីវិតបន្ត និងអាចកើតរស់ ឬអាចបន្តរស់ ដល់គ្រប់ខែបាន (៣៧ សប្តាហ៍) ។   មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ​ (Cause of spontaneous prematurity) មានកត្តាផ្សេងៗជាច្រើន ដែលបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ មូលហេតុមកពីម្តាយ •​មានកត្តាអំណោយផលជាច្រើនដូចជា៖ -    មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ -    ធ្លាប់ធ្វើការរំលូតកូន ឬរលូតកូនដោយឯកឯង -    អាយុម្តាយតិចជាង ១៨ឆ្នាំ ឬលើសពី ៣៥ឆ្នាំ -    ស្ត្រីដែលធ្វើការធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ -    មានផ្ទៃពោះជាប់ៗគ្នា -    មានកម្រិតជីវភាពរស់នៅទាប -    ស្រ្តីដែលប្រើប្រាស់ថ្នាំជក់ ឬជាតិពុល។ •ក្រៅពីកត្តាអំណោយផលខាងលើ ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា៖ -    មានការក្លាយរោគនៅផ្លូវនោម ទ្វារមាស មាត់ស្បូន ក្នុងស្រោមទឹកភ្លោះ និងទឹកភ្លោះ ក៏ដូចជាមានការក្លាយរោគផ្សេងៗជាច្រើនទៀត ឬមានការឡើងកម្តៅដោយឯកឯង -    ម្តាយមានភាពស្លេកស្លាំង -    ស្រ្តីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលពពោះ -    មានការប៉ះទង្គិចទៅលើពោះ។ •លើសពីនេះអាចមានមូលហេតុនៅនឹងកន្លែងរួមមាន៖ -    ស្បូនមានរូបរាងមិនធម្មតា -    កស្បូនផ្នែកខាងក្នុងចំហ -    មានដុំសាច់នៅក្នុងស្បូន។ មូលហេតុមកពីកូន • មានកូនភ្លោះ ២ឬ ៣ក្នុងពេលតែមួយ • មានទឹកភ្លោះច្រើន • បែកទឹកភ្លោះមុនពេលឈឺពោះ • រលាកស្រោមទឹកភ្លោះ និងទឹកភ្លោះ • មានភាពមិនធម្មតានៃសុក៖ សុកពាំងមាត់ស្បូន ឬសុករបើកចេញពីស្បូនមុនពេលកំណត់។ គ្មានមូលហេតុពិតប្រាកដ៖ គេឃើញមានកើតឡើងក្នុងអត្រា ៤០%។   រោគសញ្ញានៃការគំរាមសម្រាលកូនមិនគ្រប់ខែ ជាទូទៅវាកើតលើស្រ្តីដែលមានផ្ទៃពោះតិចជាង៣៧សប្តាហ៍ ដោយរោគសញ្ញាអាចស្តែងចេញជាការកន្ត្រាក់នៃស្បូនទៀងទាត់ បណ្តាលឲ្យមានការឈឺចាប់ និងមានបម្រែបម្រួលនៅមាត់ស្បូន ដែលអាចដឹងបានដោយការលូកទ្វារមាស។ ត្រូវរកមើលថាតើមាន ការធ្លាក់ឈាម បែកទឹកភ្លោះ ឬមានក្លាយរោគផ្សេងៗឬទេ។   ការធ្វើរោគវិនិច្ឆ័យ ការសម្រាលកូនមិនគ្រប់ខែ គឺត្រូវធ្វើរោគវិនិច្ឆ័យដោយការវិភាគបន្ថែមដូចជា៖ • ការប្រើម៉ាស៊ីនសម្រាប់វាស់ការកន្រ្តាក់នៃស្បូន​(CTG) ដែលវិធីសាស្រ្តនេះគឺធ្វើឡើងក្នុងគោលបំណង វិភាគទៅលើប្រភេទនៃការកន្ត្រាក់របស់ស្បូន។ • ធ្វើការឆ្លុះអេកូតាមទ្វារមាស ដើម្បីវាស់ប្រវែងនៃកស្បូន • ម្យ៉ាងវិញទៀត គេអាចធ្វើការវិភាគទឹករំអិលក្នុងទ្វារមាសដើម្បីរកមើលថា តើមានវត្តមាន នៃហ្វីប្រូនិចទីន (fibronectin) ឬទេ (ក្នុងករណីកូនមានអាយុ តិចជាង ៣៤សប្តាហ៍)។     វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលត្រូវបានគេអនុវត្តជាចាំបាច់ទៅលើការគំរាមសម្រាលកូនមិនគ្រប់ខែ ដែលកូនមានអាយុតិចជាង ៣៤សប្តាហ៍ (ចន្លោះ ២៦ ទៅ ៣៤សប្តាហ៍) ពីព្រោះវាមានហានិភ័យច្រើនជាងកូនដែលកើតមានអាយុលើសពី ៣៤សប្តាហ៍ ដែលការព្យាបាលរួមបញ្ចូលដូចជា៖ • ឲ្យស្រ្តីសម្រាកពេទ្យ ដោយមានការថែទាំពីសំណាក់គ្រូពេទ្យជំនាញ ក្នុងការជួយសង្រ្គោះទារកមុន និងក្រោយពេលសម្រាល ចំណែកការសម្រាកនោះទៀតសោត ស្រ្តីត្រូវសម្រាកដោយផ្អៀងទៅខាងឆ្វេង • ព្យាបាលមូលហេតុ ដែលបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ ដូចជា ការក្លាយរោគផ្សេងៗនៅលើម្តាយ • ព្យាបាលការកន្ត្រាក់នៃស្បូន ដោយប្រើប្រាស់ថ្នាំដើម្បីបំបាត់ការកន្ត្រាក់ស្បូន ដែលមានប្រសិទ្ធភាពរយៈពេល ៤៨ម៉ោងយ៉ាងតិច ដើម្បីឲ្យកូនអាចមានលទ្ធភាព រស់បានដោយខ្លួនឯងបន្ទាប់ពីសម្រាល • ប្រើប្រាស់ថ្នាំប្រភេទ Corticoid មុនពេលសម្រាល ចំពោះគ្រប់ករណីដែលកូនកើតមិនគ្រប់ខែតិចជាង ៣៤សប្តាហ៍ • តាមដានម្តាយ និងកូន៖ ចំពោះម្តាយ -    ការកន្ត្រាក់នៃស្បូនដោយប្រើម៉ាស៊ីន (CTG) -    វាស់ប្រវែងកស្បូន ដោយប្រើអេកូតាមទ្វារមាស -    ស្រាវជ្រាវរកកត្តាបង្កឲ្យមានការក្លាយរោគ -    ផលវិបាកនៃថ្នាំបញ្ឈប់ការកន្រ្តាក់ស្បូន។ ចំពោះកូន -    ចលនារបស់ទារក -    ចង្វាក់បេះដូងកូនដោយប្រើម៉ាស៊ីន​(CTG)     ផលវិបាកនៃការសម្រាលកូនមិនគ្រប់ខែ • កំពុងសម្រាល៖ -    ​ ក្នុងករណី ដែលកូនមានអាយុលើសពី ៣៤សប្តាហ៍ ឬលើសពី ២គីឡូក្រាម គឺពុំមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ ដោយទារកអាចរស់ដោយខ្លួនឯងបាន គ្រាន់តែទាមទារការថែទាំឲ្យបានដិតដល់ និងរក្សាកម្តៅខ្លួនប្រាណទារកឲ្យបានល្អ។ -    ក្នុងករណីដែលកូនមានអាយុក្រោម ៣៤សប្តាហ៍ ឬតិចជាង ២គីឡូក្រាម ជាទូទៅកំឡុងពេលសម្រាល អាចប៉ះទង្គិចដល់ខួរក្បាលរបស់ទារក (ដោយសារឆ្អឹងលលាដ៍ក្បាលទារកនៅទន់)។ •​ ក្រោយពេលសម្រាល៖ -    ការសម្រាលកូនមិនគ្រប់ខែ វាអាចបណ្តាលឲ្យសរីរាង្គរបស់ទារក (សួត ប្រព័ន្ធរំលាយអាហារ ថ្លើម និងប្រព័ន្ធភាពស៊ាំ) លូតលាស់មិនបានពេញលេញល្អ -    កូនកើតមិនគ្រប់ខែដែលមានទម្ងន់តិច អាចប្រឈមទៅនឹងអត្រាកើនឡើងនៃការឈឺ និងស្លាប់ជុំវិញកំណើត និងអាចមានផលវិបាកលើ ប្រព័ន្ធប្រសាទ-ផ្លូវចិត្ត (Neuro-psychic sequelae) -    ស្រ្តីអាចប្រឈមទៅនឹងការមានផ្ទៃពោះមិនគ្រប់ខែនៅពេលក្រោយទៀត ប្រសិនបើពុំបានរកមូលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវ។   វិធីការពារការសម្រាលកូនមិនគ្រប់ខែ ការការពារ ត្រូវបានបែងចែកជា បីដំណាក់កាល៖ ដំណាក់កាលទី ១៖ ជាដំណាក់កាលបឋមដែលត្រូវរិះរកគ្រប់មធ្យោបាយក្នុងការការពារមុនពេលមានផ្ទៃពោះ និងពេលកំពុងពពោះ ដោយរកកត្តាអំណោយផល ដល់ការសម្រាលកូនមិនគ្រប់ខែ ក្នុងនោះរួមមាន៖ -    ការសម្រួលលក្ខខណ្ឌការងារ -    ចៀសវាងការធ្វើការងារធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយ -    គោរពពេលវេលាសម្រាកមុនសម្រាល -    ហាមធ្វើលំហាត់ប្រាណខ្លាំងក្លា -    ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំជក់។ ដំណាក់កាលទី ២៖ ជាដំណាក់កាលត្រូវព្យាបាលកត្តាអំណោយផល ដែលធ្វើឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ -    ព្យាបាលឲ្យទាន់ពេលរាល់គ្រប់ការបង្ករោគនៅផ្លួវទឹកនោម និងទ្វារមាស -    ធ្វើការចងកស្បូននៅមុន ១៥សប្តាហ៍នៃគភ៌ ក្នុងករណីស្រ្តីមានចំហកស្បូនខាងក្នុង -    ព្យាបាលមូលហេតុផ្សេងទៀតដែលអាចបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ។ ដំណាក់កាលទី ៣៖ គឺជាការព្យាបាល ដែលអ្នកជំនាញត្រូវប្រើឱសថសម្រាប់បញ្ឈប់ការកន្ត្រាក់នៃស្បូន។ ដូច្នេះ គ្រប់ស្រ្តីទាំងអស់ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងចង់បានកូន។ ជាពិសេសស្រ្តីដែលធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ ត្រូវតែស្វែងរកសេវាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាចាំបាច់បំផុត ដើម្បីឲ្យគ្រូពេទ្យមានលទ្ធភាពស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានបញ្ហាពីពេលមុន និងចៀសវាងកុំឲ្យកើតមានឡើងវិញទៀត នៅពេលមានផ្ទៃពោះលើកក្រោយ រួចបន្តតាមដានកំឡុងពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាលបានគ្រប់ខែ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអាគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យ ព្រះកុសុមៈ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

ភាពអន្ទះអន្ទែង លាយឡំជាមួយនឹងភាពសប្បាយរីករាយ តែងតែកើតមានឡើងចំពោះអ្នកម្តាយគ្រប់រូប ដែលកំពុងតែរង់ចាំនូវវត្តមានរបស់កូនតូចៗ នឹងមកដល់ឆាប់ៗនេះ។ តើគួរមានការរៀបចំខ្លួនយ៉ាងណា? តើធ្វើដូចម្តេចដើម្បីទ្រាំទ្រនឹងភាពឈឺចាប់នៅពេលសម្រាល? សំណួរទាំងនេះ ស្រ្តីមានផ្ទៃពោះភាគច្រើន ប្រហែលជាត្រូវបានសួរខ្លួនឯងជាញឹកញាប់ ដោយហេតុថា ពេលវេលានៃការសម្រាលនោះ កាន់តែជិតចូលមកដល់។   ពិតណាស់ វាជារឿងដែលអ្នកប្រាកដជាត្រូវឆ្លងកាត់នូវពេលវេលាមួយ ពោរពេញដោយភាពឈឺចាប់ និងគ្មានឡើយនូវផាសុកភាពកំឡុងពេលសម្រាល វាជាហេតុផលមួយដែលទាមទារឲ្យអ្នកគួរមានការហ្វឹកហាត់ខ្លួនឯង ទាំងផ្លូវកាយនិងចិត្ត ទទួលយកនូវពេលវេលាទាំងនោះ។ ប្រសិនអ្នកពុំទាន់ច្បាស់ថា អ្វីដែលអ្នកគួរមានការរៀបចំនោះ អត្ថបទខាងក្រោម នឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួន អាចឲ្យអ្នកអាចរៀបចំខ្លួនបានល្អ និងទទួលយកពេលវេលានោះ ដោយសុវត្ថិភាព។   ១.  បន្តរបបអាហារឲ្យបានគ្រប់គ្រាន់៖ នៅពេលសម្រាលអ្នកមិនអាចទទួលបាននូវអាហារនោះទេ ដោយរង់ចាំទាល់តែការសម្រាលបានបញ្ចប់ ដែលប្រហែលជាទាមទារនូវពេលវេលាច្រើនម៉ោង ឬតិច អាស្រ័យលើស្ថានភាពខុសៗគ្នានៃការសម្រាលរបស់បុគ្គលម្នាក់ៗ។ អ្នកគួរតែផ្តល់ជាតិទឹក របបអាហារ និងថ្នាំវីតាមីនដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់ នៅពេលដែលការសម្រាលកាន់តែខិតជិតមកដល់ ដើម្បីផ្តល់កម្លាំងដល់ខ្លួនឯងឲ្យបានបរិបូណ៍ សម្រាប់ពេលវេលាដ៏ អស្ចារ្យនោះ។   ២.  ធ្វើលំហាត់ប្រាណបែបយោគៈ៖ លំហាត់ប្រាណយោគៈ អាចហ្វឹកហាត់អ្នក​ ពីវិធីសាស្រ្តក្នុងការដកដង្ហើមឲ្យបានល្អ។ តាមរយៈកីឡាប្រភេទនេះ អ្នកអាចរៀន និងសម្របខ្លួនបានច្រើនក្នុងការធ្វើចលនាដង្ហើម ដែលជាជំនួយ នៅពេលដល់ពេលសម្រាល។ ការអនុវត្តជារៀងរាល់ថ្ងៃមុនពេលសម្រាល អ្នកក៏នឹងអាច បន្ថយនូវភាពតានតឹងនៅនឹងខ្នង ដើមទ្រូង ស្មា និងត្រគាកជាដើម។   ៣.  ចំណាយពេលខ្លះដើម្បីសម្មាធិ៖ ការសម្មាធិអាចបង្រៀនផ្លូវកាយ និងចិត្តរបស់អ្នក ក្នុងការគ្រងគ្រងអារម្មណ៍របស់ខ្លួន ក្នុងស្ថានភាពលំបាក។ វាអាចនាំឲ្យអ្នកទទួលយក និងប្រឈមមុខ ជាមួយអ្វីដែលប្រាកដជាកើតឡើង ព្រោះវាជាឥរិយាបទល្អមួយ ជាជាងមានអារម្មណ៍ប្រឆាំង មិនទទួលយក និងចង់រត់គេច ដែលជាដើមចមធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការឆ្លងកាត់ការសម្រាលនោះ។   ៤.  រៀបចំអាហារទុកឲ្យបានគ្រប់គ្រាន់៖ មុនពេលសម្រាល អ្នក ឬក្រុមគ្រួសាររបស់អ្នក គួរតែបំពេញទូរទឹកកក នូវអាហារដែលមានជីវជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់ងាយស្រួលក្នុងការបំពេញបន្ថែមថាមពល បន្ទាប់ពីធ្វើការសម្រាលរួច និងចៀសវាងនូវការខ្វះខាតនានា។   ៥.  រៀនពីការសម្រាលកូន៖ មានរឿងជាច្រើនទាក់ទងនឹងការពពោះ ដែលជាចម្ងល់ ជាពិសេសសម្រាប់អ្នកដែលមានផ្ទៃពោះជាលើកដំបូង។ អ្នកអាចចាប់ផ្តើម ចូលរួមរៀននៅតាមថ្នាក់បណ្តុះបណ្តាលនានា ដែលនឹងបង្រៀនអ្នកពីចំណេះដឹងទូទៅនៃការរៀបចំខ្លួនមុនពេលសម្រាល និងការថែរក្សាកូនដំបូងរបស់អ្នក។ ៦.  ស្វែងរកអ្នកគាំទ្រ៖ យកល្អអ្នកគួរមានអ្នកនៅជុំវិញខ្លួន សម្រាប់ជាជំនួយក្នុងការគាំទ្រ និងផ្តល់កម្លាំងចិត្តមុន និងកំឡុងពេលសម្រាល ដូច្នេះ គួរកុំមានការស្ទាក់ស្ទើរ ក្នុងការស្វែងរកអ្នកដែលនឹងអាចពឹងពាក់បាន ក្នុងការដោះស្រាយចម្ងល់របស់អ្នកផ្សេងៗ។   ៧.  ជ្រើសរើសអ្នកឯកទេស៖ កំណត់ទីតាំង និងអ្នកឯកទេសសម្រាប់ពេលវេលាក្នុងការសម្រាល ជាមួយគ្នាផងដែរ អ្នកក៏នឹងអាចធ្វើការពិភាក្សាជាមុន និងស្តាប់យោបល់ពីជម្រើសផ្សេងៗនៃការសម្រាល ក៏ដូចជាការគ្រប់គ្រងការឈឺចាប់ ពីសំណាក់អ្នកឯកទេសបានផងដែរ។ ចាប់ផ្តើមរៀបចំខ្លួនជាមុន បើទោះជាមិនបានគ្រប់ចំណុចខាងលើទាំងអស់ ក៏ប្រសើរជាងមិនបានធ្វើអ្វីទាល់តែសោះ ព្រោះថាការសម្រាលកូនជាបន្ទុកមួយរួចទៅហើយ កុំបណ្តាយឲ្យ បញ្ហាបន្ទាប់បន្សំ បន្តកើតឡើងបន្ថែមទៀត នោះមិនមែនជារឿងល្អទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

និយមន័យ នៃភាពខុសគ្នារវាងការរលូត និងការរំលូតកូន ការរលូតកូន គឺជាការខ្ជាក់ចេញដោយឯកឯង (Spontaneous Expulsion) នូវធាតុបង្កកូន (Product of conception) ហើយកូនដែលធ្លាក់នោះមិនអាចរស់បានទេ ទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយ។ ករណីនេះ ទារកក្នុងផ្ទៃត្រូវមានអាយុជុំវិញ ២៤អាទិត្យ និងមានទម្ងន់តិចជាង ៥០០ក្រាម។ ចំណែកឯ ការរំលូតវិញ គឺជាការធ្វើឲ្យធ្លាក់ធាតុបង្កកូន ដោយកោស ឬកាយ ឬដាក់ថ្នាំ។   សញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ ការរលូតកូននឹងបង្ហាញលោកអ្នកតាមរយៈសញ្ញានានាខាងក្រោម៖ • ស្ត្រីមានសញ្ញាណនៃការបាត់រដូវ ឬរដូវមិនទៀងទាត់ • មានធ្លាក់ឈាមតិច ឬច្រើន • ឈឺពោះ ម្តងឈឺម្តងអត់ ហើយចេះតែខ្លាំងទៅៗ • ការកន្ត្រាក់នៃស្បូន • ស្បូនរីកទំហំ ហើយទន់ • មាត់ស្បូនបើក • ករណីធ្វើការពិនិត្យដោយចំពុះទា (Speculum) ឃើញមានឈាមហូរចេញពីក្នុងស្បូន។ ដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ អ្នកជំងឺតម្រូវឲ្យពិនិត្យអេកូរូបភាពវេជ្ជសាស្ត្រ ដោយបង្ហាញនូវលទ្ធផលដូចខាងក្រោម៖ • ទារកក្នុងផ្ទៃគ្មានចង្វាក់បេះដូង ឬចលនា • ទារកធ្លាក់ទៅក្រោមកន្សោមកូន (Ovular bag) • ជួនកាលមើលឃើញតែពងថ្លាៗ (Clair Egg)។   មូលហេតុនៃការរលូតកូនញឹកញាប់ ស្រ្តីខ្លះធ្លាប់បានប្រឈមជាមួយការរលូតកូន ដោយសារការធ្វេសប្រហែស ប៉ុន្តែចំពោះស្ត្រីដែលចេះតែមានការលូតកូនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុនោះ ស្ត្រីត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញព្រោះវាអាចដោយសារតែមាត់ស្បូនចំហរ ឬបញ្ហាក្រូម៉ូសូម ជាដើម ដែលអ្នកជំងឺអាចធ្វើការព្យាបាលបាន។ ហានិភ័យនៃការរំលូតកូនដោយមានការបង្ករោគ (Septic Abortion) ស្ត្រីមួយចំនួនបានទៅធ្វើការរំលូតកូនខាងក្រៅដែលគ្មានសុវត្ថិភាព ដោយសារមានការប្រើប្រាស់នូវសម្ភារ:មិនស្អាត មិនបានសម្លាប់មេរោគត្រឹមត្រូវ (មិនស្តេរីល) ភាគច្រើនជាការរំលូតដោយខុសច្បាប់។ ករណីនេះស្ត្រីនឹងប្រឈមជាមួយនឹងការក្តៅខ្លួនខ្លាំង ញាក់ ធ្លាក់ឈាមមានធុំក្លិនស្អុយ ជួនកាល ពោះឡើងរឹងដោយរលាកស្រោមពោះ បន្ទាប់ពីស្ត្រីទទួលការរំលូតមិនស្អាត ២៤ទៅ ៤៨ម៉ោង ដែលក្នុងនោះជួនកាលមានការសល់កូន ឬកំទេចសុក ឬអាចមានការធ្លាយស្បូនទៀតផង។ ស្ត្រីក៏អាចធ្លាក់ចូលក្នុងសភាព Shockដែលស្តែងឡើងតាមរយៈ ថ្ងាសត្រជាក់ស្រេប មានបែកញើសស្អិត សម្ពាធឈាមចុះ ជីពចរញាប់ អាចលើសពី១០០ក្នុងមួយនាទី អត់មានទឹកនោម និងមានវិបតិ្តនៃការដកដង្ហើម។ ពេលនោះ ស្ត្រីត្រូវតែសម្រាកពេទ្យរយៈពេលយូរជាដាច់ខាត ដែលការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតខ្ពស់ ហើយប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលាទេនោះ អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានទៀតផងក៏មាន។ បកស្រាយដោយ លោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top