Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើខ្ញុំគួរសម្អាតបរិវេណនោះញឹកញាប់ប៉ុណ្ណា? ហើយប្រើអ្វីដើម្បីសម្អាតទើបស្អាត?តើអ្វីដែលមិនគួរប្រើ និងអ្វីដែលខ្ញុំមិនគួរធ្វើ? ជាការពិតណាស់ ដែលថាសុខភាពទា្វរមាសគឺមានសារសំខាន់ដូចទៅនឹងសុខភាពទូទៅផងដែរ ដូច្នេះ​ អ្វីដែលល្អនោះគឺការសម្អាតទ្វារមាសដោយខ្លួនឯង តាមបែបធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការមានកំហុសទូទៅមួយចំនួនដែលស្រី្តធ្វើជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ចុះ និង​អាចឈានទៅរកជំងឺរលាកទ្វារមាស ដោយសារបាក់តេរី ឬមេរោគផ្សិតទៀតផងដូចជា៖ • ការសម្អាតពីខាងក្រោយមកខាងមុខ អ្នកមិនត្រូវសម្អាតពីខាងក្រោយមកមុខនោះទេ ពីព្រោះ មានមេរោគផ្សេងៗគ្នាដែលនៅបរិវេណរន្ធគូទអាចមានឱកាសចូលទៅក្នុងទ្វារមាសបាន។ តួយ៉ាងដូចជា មេរោគអឺកូលី (E-Coli) អាចចូលទៅដល់រន្ធនោម និងបណ្តាលឲ្យមានជំងឺរលាកតម្រងនោម (UTI) ដែលធ្វើឲ្យអ្នកបត់ជើងតូចមកឈឺ និងក្រហាយ។ ដូច្នេះ អ្នកមិនត្រូវសម្អាតពីក្រោយមកខាងមុខនោះទេ។ • ការប្រើប្រាស់សាប៊ូក្រអូប ខណៈដែលអ្នកតែងតែសម្អាតទ្វារមាស ពេលខ្លះ អ្នកចង់បន្ថែមជំនួយដល់វា មិនថ្វីទេប្រសិនបើអ្នកសម្អាតផ្នែកខាងក្រៅនៃទ្វារមាសរបស់អ្នក នៅពេលដែលអ្នកងូតទឹកនោះ ប៉ុន្តែអ្នកត្រូវប្រាកដថាកុំប្រើប្រាស់សាប៊ូក្រអូប។ សាប៊ូ ឬគ្រឿងសម្អាងផ្សេងទៀតដែលមានក្លិនក្រអូប អាចធ្វើឲ្យទ្វារមាស ដែលមានសុខភាពល្អ ទៅជាខូចខាតបាន។ • ការសម្អាតផ្នែកខាងក្នុង ហាមសម្អាតផ្នែកខាងក្នុងជាដាច់ខាត ព្រោះការសម្អាតផ្នែកខាងក្នុងគឺធ្វើឲ្យកម្រិតជាតិអាស៊ីត (PH)នៅនឹងទ្វារមាសបាត់បង់តុល្យភាព និងបញ្ចេញចោល នូវមេរោគល្អៗ (Lactobacilus) នៅតំបន់នោះ ដែលវាមានតួនាទីថែរក្សាសុខភាពរបស់ទ្វារមាសឲ្យប្រសើរ។ ប្រសិនបើអ្នកជួបបញ្ហាធ្លាក់ស ដែលមានផលរំខាន ហើយអ្នកចង់បំបាត់ក្លិននោះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកពីមូលហេតុពិតរបស់វា។ • ការទទួលទានអាហារដែលគ្មានតុល្យភាព អាហារដែលអ្នកទទួលទានរាល់ថ្ងៃ គឺមានផលប៉ះពាល់ណាស់ដល់សុខភាពទា្វរមាសរបស់អ្នក។ ដូច្នេះ វាសំខាន់ណាស់ដែលអ្នកត្រូវមានអនាម័យក្នុងការទទួលទាន និងតុល្យភាពនូវសារជាតិដែលមានក្នុងចំណីអាហារ។ លើសពីនេះទៀត អ្នកគួរទទួលទានអាហារមួយចំនួនដែលអាចជួយឲ្យសុខភាពទ្វារមាសរបស់អ្នកប្រសើរ ដូចជា ទឹកផ្លែបឺរី ទឹកដោះគោជូរ ខ្ទឹមសស្រស់ និងទឹកផ្លែប៉ោមជាដើម។ សារធាតុទាំងអស់នេះអាចជួយឲ្យទា្វរមាសមានសុខភាពល្អ និងអាចការពារពីការឆ្លង នៃពពួកមេរោគផ្សិតទៀតផង។ បន្ថែមពីលើនេះ ទឹកសណ្តែកក៏អាចជួយអ្នកដែលមានបញ្ហាទ្វារមាសស្ងួតឲ្យមកមានសំណើមវិញបានថែមទៀតផង។ ប្រសិនបើអ្នកមិនចូលចិត្ត ឬពិបាកក្នុងការញ៉ាំ អ្នកអាចប្រើប្រាស់ផលិតផល ១ប្រភេទ ដែលវាជាប្រភេទ ប៊្រីបាយ៉ូទិច។ ប៊្រីបាយ៉ូទិចប្រៀបបានដូចជាទឹក ដែលវាជួយឲ្យទា្វរមាសមានសំណើម និងអាចសម្លាប់មេរោគតាមបែបធម្មជាតិបានទៀតផង។ កាន់តែពិសេសជាងនេះទៅទៀត មានការសិក្សាមួយ នៅក្នុងឆ្នាំ២០១៣ បានរកឃើញថា ចំពោះអ្នកជំងឺដែលប្រើប៊្រីបាយ៉ូទិចបន្ទាប់ពីថ្នាំផ្សះអត្រានៃការជាពីដំបៅនៅមាត់ស្បូនមានរហូតដល់៧៤% ។ ម៉្យាងវិញទៀត ការប្រើប៊្រីបាយ៉ូទិចនេះផងដែរ គឺវាបង្កើននូវកម្រិតឡាក់តិចអាស៊ីតនៅទ្វារមាសដែល​អាចទប់ការវិវឌ្ឍនៃទា្វរមាសដែលមានដំបៅទៅជាមហារីកបាន។ • ការស្លៀកខោទ្រនាប់តឹងពេក ឬសើម ជាការប្រាកដណាស់ ទ្វារមាសរបស់អ្នកចង់បានភាពស្ងួត និងអាចមានខ្យល់ចេញចូលបាន ប៉ុន្តែ មេរោគមិនចង់បាននោះទេ វាចង់បានភាពក្តៅ និងមានសំណើមទៅវិញ។ ជាក់ស្តែង អ្នកអាចការពារទ្វារមាសរបស់អ្នកបានដោយការទ្រាប់សំឡីអនាម័យ និងចៀសវាងស្លៀករឹបតឹងពេក។ សំខាន់ជាងនេះទៀត អ្នកគួរចៀសឲ្យផុតពីការបែកញើស ការសើម ឬត្រូវប្តូរសម្លៀកបំពាក់ដែលហែលទឹកចេញ កាន់តែឆាប់កាន់តែប្រសើរ ដើម្បីឲ្យតំបន់ពិសេសនោះឆាប់ស្ងួត។ • ការប្រើតាំប៉ុង ឬសំឡីអនាម័យូរពេក និយាយពីការរក្សាតំបន់នោះឲ្យបានល្អ គឺត្រូវប្តូរតាំប៉ុង ឬសំឡីអនាម័យឲ្យបានទៀងទាត់ល្អ ដូច្នេះ វាមិនអាចក្លាយជាកន្លែងដែលមេរោគអាក្រក់រស់នៅនោះទេ។ ការទុកតាំប៉ុង ឬសំឡីអនាម័យមិនល្អនៅតំបន់នោះយូរពេកអាចបណ្តាលឲ្យក្តៅ និងសើម ដែលមេរោគចូលចិត្តរស់នៅបំផុត។ លើសពីនេះ អ្នកមិនត្រូវ ប្រើប្រាស់សំឡីអនាម័យ ដើម្បីគ្រាន់តែការពារការធ្លាក់សតិចតួចធម្មតានោះទេ តែវាអាចធ្វើឲ្យទ្វារមាសឡើងកម្តៅបានផងដែរ។ ប្រសិនបើអ្នកធ្វើតាមការណែនាំទាំងអស់ខាងលើនេះបាន  វាអាចជួយឲ្យអ្នកចៀសវាងផុតពីមេរោគ អាក្រក់ៗមួយចំនួនបាន។ តួយ៉ាង បើមិនបាន ១០០% ក៏ជួយបានខ្លះផងដែរ  ជាពិសេស មេរោគ​ដែលបណ្តាលឲ្យមានការរលាកទ្វារមាសដោយ បាក់តេរី ឬមេរោគផ្សិត និងការរលាកផ្លូវនោម (UTI) ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បន្ទប់ពិគ្រោះជំងឺម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិក ក្បាលថ្នល់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Amenorrhea ជាអវត្តមានការមករដូវ ឬនិយាយឲ្យខ្លី គឺការបាត់រដូវប្រចាំខែរបស់ស្ត្រី និងនារីគ្រប់វ័យនៃការបន្តពូជ។ តាមធម្មជាតិនៃស្រ្តី ការបាត់រដូវតងតែកើតឡើងជាទូទៅ អំឡុងពេលមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន នៅវ័យកុមារមិនទាន់ពេញវ័យ និងវ័យចំណាស់អស់រដូវ។ បញ្ហានៃការមិនមានរដូវនេះ កើតឡើងច្រើនលើនារី និងស្រ្តីគ្រប់វ័យ នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យពួកគាត់ទៅពិគ្រោះ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី និងក្រពេញអ័រម៉ូន។ ជាក់ស្តែង ការអវត្តមាននូវរដូវរបស់ស្ត្រីចែកចេញជា ពីរផ្នែក៖ •    ផ្នែកទី១ (Primary amenorrhea)៖  គឺការមិនមករដូវដំបូងដែលចាប់គិតពីកុមារនៅអាយុ ១៣ឆ្នាំឡើងទៅ ដោយសារកត្តារីកលូតលាស់មិនប្រក្រតីពីកំណើតនៃអវយវៈស្បូន ឬមេជីវិតបន្តពូជ និងការពន្យារពេលនៃការមករដូវ (ឧទាហរណ៍ ១៨ឆ្នាំ ហើយមិនមានរដូវសោះ)។ •    ផ្នែកទី២ (Secondary amenorrhea)៖  គឺបណ្តាលមកពីការរំខានពីផ្នែកខួរក្បាល (hypothalamus and pituitary gland) ដែលការបាត់រដូវនេះ អាចរាប់បានចាប់ពី៣ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវពីមុនធម្មតាមក ឬក៏ចាប់ពី៩ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវដែរ តែបន្តិចបន្តួចប៉ុណ្ណោះ ឬមកមិនទៀងទាត់។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យអវត្តមាននៃរដូវ គឺ៖ •    ស្រកទម្ងន់ ឬទម្ងន់ចុះថយ •    ការប្រើប្រាស់ថ្នាំពន្យារកំណើត ឬអ័រម៉ូនឡើងដោយសារការចាក់ថ្នាំ និងការចាក់ថ្នាំប្រព័ន្ធប្រសាទ ( Antipsychotic drug) •    ការបំបៅដោះ •    ជំងឺខ្សោយពោះវៀន (Celiac Disease) •    ជំងឺពីកំណើត (Mayer-Rokitansky-KüsterHauser syndrome) •    ស្ត្រេស •    ការមានផ្ទៃពោះជាដើម។ ចំពោះបងប្អូននារី គឺមានការប្រឈមខ្ពស់អាចកើតមាននៅត្រង់អាយុចាប់ពីពេញវ័យ រហូតដល់វ័យនៃការអស់រដូវ ឬជុំវិញនៃការអស់រដូវ។    រោគសញ្ញាជាក់ស្តែង សញ្ញាដែលលេចឡើង នៅពេលស្រ្តីអវត្តមាននៃវដ្តរដូវមាន៖ •    ការបាត់រដូវ •    ការជ្រុះសក់ •    ការឈឺក្បាល •    ស្រវាំងភ្នែក •    មុខមានដុះរោមប្លែក •    ឈឺចាប់ក្នុងពោះ •    កើតមុន •    មានភាពមួម៉ៅ តានតឹង និងឆេវឆាវ •    មានអារម្មណ៍ថា មានកម្តៅភាយចេញពីខ្លួន។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល វាមិនមែនជាការងាយស្រួលទេ ក្នុងការធ្វើរោគវិនិច្ឆ័យវិបត្តិនៃការមិនមករដូវនេះ។ ដំបូង គ្រូពេទ្យនឹងសាកសួរព័ត៌មានផ្សេងៗពីអ្នកជំងឺ និងធ្វើតេស្ត ដើម្បីពិនិត្យរកនូវមូលហេតុនៃការមិនមានរដូវ តាមរយៈការបូមឈាមយកទៅពិនិត្យ ការពិនិត្យមាត់ស្បូន និងការពិនិត្យរូបសាស្រ្ត (Echography, CT Scans, X-ray, MRI) ជាដើម។ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយ អ្នកជំងឺនឹងត្រូវព្យាបាលតាមសភាពជំងឺ ដោយការប្រើថ្នាំលេប និងធ្វើការតាមដានជាចំាបាច់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនបានទទួលការព្យាបាលបានទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយផលវិបាកនានាដូចជា៖ •    វិបត្តិអត់កូន •    ការពុកឆ្អឹង (Osteoporosis) •    ផលរំខានផ្សេងៗលើផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ តាមការសិក្សាស្រាវជ្រាវ មិនទាន់មានវិធីសាស្រ្ត ដើម្បីការពារពីបញ្ហានៃការមិនមករដូវនោះនៅឡើយទេ។ ម៉្យាងវិញទៀត គ្រូពេទ្យជំនាញតែងតែជួបអ្នកជំងឺ នៅពេលដែលពួកគាត់មានបញ្ហាផ្សេងៗដូចជា វិបត្តិអត់កូន និងវិបត្តិមិនមករដូវ។ សូមបងប្អូននារី និងស្រ្តីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិភាក្សាពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ  និងព្យាបាលតាមដានសភាពជំងឺទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន  ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ី ស៊ីថាច យូម៉ូលីន និងគ្លីនិកក្បាលថ្នល់ ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការអស់រដូវ គឺជាដំណើរធម្មជាតិរបស់ស្ត្រីដែលអាចមានរយៈពេលជាច្រើនឆ្នាំ ដោយនាំមកជាមួយនូវអាការៈរំខានជាច្រើន ការផ្លាស់ប្តូរទាំងសរីរាង្គកាយ និងផ្លូវចិត្ត ក៏ដូចជាហានិភ័យនៃជំងឺមួយចំនួនផងដែរ។ នៅអំឡុងពេលនេះ ស្ត្រីអស់រដូវជាទូទៅអាចត្រូវបានទទួលការព្យាបាលដោយការប្រើប្រាស់ឱសថអ័រម៉ូនជំនួស ដោយក្នុងនោះរួមមានសារធាតុសកម្មជាអឺស្ត្រូសែន ឬការរួមបញ្ចូលនៃអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនដទៃទៀត។ទោះជាការព្យាបាលដោយអ័រម៉ូននេះត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយអស់រយៈពេលលើសពី ៧០ជាងឆ្នាំមកហើយក៏ដោយ ក៏ប៉ុន្តែស្របជាមួយនឹងប្រសិទ្ធភាពក្នុងការព្យាបាលរបស់វា ឥទ្ធិពលអវិជ្ជមានមួយចំនួនរបស់វាក៏ត្រូវបានសង្កេតឃើញផងដែរ ដោយក្នុងនោះរួមមានទាំងការផ្តល់ជាហានិភ័យនៃជំងឺមហារីកទៀតផង។ បច្ចុប្បន្នការព្យាបាលដោយសារធាតុចម្រាញ់ពីរុក្ខជាតិក្រោមទម្រង់ជា Isoflavones ត្រូវបានសង្កេតឃើញថាមានការនិយមប្រើប្រាស់សម្រាប់ឆ្លាស់ជាមួយការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែន ក្នុងការគ្រប់គ្រងរោគសញ្ញានៃការអស់រដូវរបស់ស្ត្រី។   នៅក្នុងអត្ថបទនេះ អ្នកទាំងអស់គ្នានឹងអាចធ្វើការស្វែងយល់បានកាន់តែច្បាស់អំពីការព្យាបាលទាំង ២យ៉ាងគឺ ការព្យាបាលដោយអឺស្ត្រូសែន និងការព្យាបាលដោយ Isoflavones ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលដោយអឺស្ត្រូសែន (HRT) ដោយសារអាការៈរំខាននៃការអស់រដូវកើតមានឡើងពីការថយចុះនៃអ័រម៉ូនអឺស្ត្រូសែនដែលកើតមានទៅតាមអាយុ ដូចនេះ ការព្យាបាលដោយជំនួសមកវិញនូវអ័រម៉ូនសំយោគពីខាងក្រៅ គឺជាវិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ស្ថានភាពនេះ។ ការព្យាបាលនេះត្រូវបានហៅកាត់ថា HRT (Hormone Replacement Therapy) ដែលក្នុងនោះរួមមានពីរប្រភេទគឺ អ័រម៉ូនអឺស្ត្រូសែនសុទ្ធ ឬតែឯង និងការរួមបញ្ចូលរវាងអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនប្រូសេស្តេរ៉ូន។ HRT អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការព្យាបាលរួមមានដូចជា៖ •   ការថយចុះនូវអាការៈរំខាននៃការអស់រដូវ •   ការថយចុះនៃហានិភ័យទៅនឹងបញ្ហាបាក់បែកឆ្អឹងដោយជំងឺស្ពោតឆ្អឹង ជំងឺភ្លេចភ្លាំងនិងវង្វេងវង្វាន់ (Dementia) ព្រមទាំងមហារីកចុងពោះវៀនធំ •   ភាពប្រសើរឡើងនៃប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងការថយចុះនៃជំងឺស្ទះសរសៃឈាមបេះដូង និងអត្រាការស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង។   ទោះយ៉ាងណាក៏ដោយ HRT ក៏អាចនាំមកនូវផលប៉ះពាល់មួយចំនួនផងដែរជាឧទាហរណ៍ឱសថ HRT អាចធ្វើឲ្យការប្រឈមនឹងហានិភ័យនៃឈាមកកក្នុងសរសៃឈាមឡើងទ្វេដង ព្រមទាំងអាចជំរុញការលូតលាស់នៃកោសិកាសុដន់ត្រៀមមហារីក។ ក្រៅពីនោះ HRT ក៏ត្រូវបានដឹងថាអាចបង្កការប្រឈមនឹងជំងឺស្ទះសរសៃឈាមខួរក្បាល ព្រមទាំងជំងឺស្ទះសរសៃឈាមបេះដូងផងដែរ។ ការព្យាបាលដោយសារធាតុ Isoflavones Isoflavones គឺជាប្រភេទអឺស្ត្រូសែនរបស់រុក្ខជាតិ(Phytoestrogens) ដែលមានសកម្មភាពដូចនឹងអឺស្ត្រូសែនក្នុងរាងកាយរបស់យើង។ Isoflavones អាចភ្ជាប់ទៅនឹងសរីរាង្គទទួលរបស់អឺស្ត្រូសែន និងបញ្ចេញសកម្មភាពក្រោមទម្រង់២យ៉ាងគឺ សកម្មភាពអឺស្ត្រូសែន និងសកម្មភាពប្រឆាំងនឹងអឺស្ត្រូសែនដោយអាស្រ័យទៅលើស្ថានភាពអ័រម៉ូនរបស់បុគ្គល ដើម្បីបង្កើតបានជាតុល្យភាពជីវសាស្ត្រក្នុងរាងកាយ។   The North American Menopause Society បានផ្តល់ការណែនាំអំពី Isoflavones ចម្រាញ់ពីសណ្តែកសៀងដែលអាចប្រើប្រាស់ជាការព្យាបាលឆ្លាស់ជាមួយនឹងការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែនបានសម្រាប់អាការៈនៃការអស់រដូវកម្រិតស្រាល។ ស្ត្រីជាច្រើនបានរាយការណ៍អំពីប្រសិទ្ធភាពនៃ Isoflavones ក្នុងការបន្ថយអាការៈក្តៅក្រហល់ក្រហាយ និងបែកញើសពេលយប់ នៅពេលដែលពួកគេបរិភោគជាទៀងទាត់នូវអាហារជាសណ្តែកសៀង។ ក្រៅពីនោះ Isoflavones ក៏អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែររួមមាន៖ •   វាដើរតួយ៉ាងសំខាន់ក្នុងការការពារ ព្រមទាំងទ្រទ្រង់ឆ្អឹងឲ្យបានរឹងមាំ និងសុខភាពល្អ •   វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារប្រព័ន្ធសរសៃឈាមបេះដូងពីអុកស៊ីតកម្មទៅលើ LDL (ខ្លាញ់អាក្រក់)ការប្រមូលផ្តុំនៃកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាមអាទែរដោយបង្កើតជាបន្ទះស្រទាប់ខ្លាញ់ដែលអាចធ្វើឲ្យរាំងស្ទះលំហូរឈាម និងជាលទ្ធផលបង្កឲ្យមានបញ្ហារឹងសរសៃឈាម •   វាអាចទប់ស្កាត់អង់ស៊ីមដែលជំរុញការលូតលាស់នៃដុំសាច់ ការពារការកើតឡើងនូវសរសៃឈាមដែលចិញ្ចឹមដុំសាច់មហារីក និងការពារការកើតឡើងនៃរ៉ាឌីកាល់សេរីដែលប៉ះពាល់លើកោសិកាធម្មតាព្រមទាំងបន្ថយអត្រាប្រឈមនឹងមហារីកសុដន់ដោយទប់ស្កាត់ឥទ្ធិពលអាក្រក់នៃអឺស្ត្រូសែនក្នុងរាងកាយក្នុងការបង្កជាជំងឺមហារីក •   វាអាចកាត់បន្ថយអាការៈគេងមិនលក់ ដែលត្រូវបានបញ្ជាក់ដោយការអង្កេតការវិភាគលក្ខណៈ polysomnographic •   វាអាចបង្កើនការសំយោគវីតាមីនដេ និងជំរុញការភ្ញោចការស្រូបយកកាល់ស្យូមទៅក្នុង ឆ្អឹង ព្រមទាំងរារាំងសកម្មភាពនៃការរសាត់ឆ្អឹងតាមរយៈការបន្ថយកោសិកា osteoclasts ដែលមានន័យថាបន្ថយការប្រឈមនឹងជំងឺពុកឆឹ្អងនៅវ័យអស់រដូវ •   វាអាចបង្កើនកម្រាស់កោសិកា epidermal និង dermal ព្រមទាំងបង្កើតសន្ទស្សន៍ សរសៃឈាមតូចៗ បង្កើនបរិមាណកូឡាជែន និងកោសិកាយឺត ក៏ដូចជាសរសៃឈាមនៅស្រទាប់ dermal ផងដែរ ដែលមានន័យថា វាអាចជួយបន្ថយភាពជ្រីវជ្រួញនៅវ័យអស់រដូវ •   វាអាចជំរុញការលូតលាស់នៃសរសៃសក់ និងការពារការជ្រុះសក់ ដោយបង្កើនការផលិតភ្នាក់ងារ insulin-like growth factor (IGF-I) នៅក្នុងរន្ធឫសសរសៃសក់ •   ការសិក្សាមួយចំនួនបានបញ្ជាក់ផងដែរអំពីតួនាទីដ៏សំខាន់នៅក្នុងអាការៈស្ងួតទ្វារមាស ក្រោយពីអស់រដូវ •   វាមាននាទីជួយដល់ការចងចាំ ការផ្ចង់អារម្មណ៍ មុខងារខួរក្បាលផ្នែកខាងមុខ ក៏ដូចជាមុខងារក្នុងការគិតផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការថែទាំជាក់លាក់ជាពិសេស គឺពិតជាចាំបាច់ក្នុងការទ្រទ្រង់ការរស់នៅរបស់ស្ត្រីក្នុងវ័យអស់រដូវ ដោយសារតែវាជាដំណាក់កាលនៃការប្រែប្រួលដ៏ធំមួយចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ហើយក៏ជាឱកាសប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺជាច្រើនផងដែរ។ ទោះបីពុំមានការព្យាបាលណាមួយអាចជំនួសការប្រើប្រាស់ឱសថអ័រម៉ូនដែលផ្តល់ដោយគ្រូពេទ្យក៏ដោយ ការទ្រទ្រង់ផ្នែកស្មារតី និងដំបូន្មានលើរបបអាហាររួមជាមួយសារធាតុចិញ្ចឹមសំខាន់ៗគឺពិតជាមិនអាចខ្វះបានឡើយក្នុងការសម្របសម្រួលរោគសញ្ញារំខានផ្សេងៗចំពោះស្ត្រី។ តាមរយៈអត្ថបទនេះ អ្នកនឹងអាចស្វែងយល់អំពីសកម្មភាពរបស់សារជាតិចិញ្ចឹមចម្បងមួយចំនួនដែលអាចទ្រទ្រង់ដល់ការរស់នៅរបស់ស្ត្រីអស់រដូវ។ សារធាតុចម្រាញ់ពីតែបៃតង តែបៃតង មានផ្ទុកដោយបរិមាណយ៉ាងច្រើននៃ Catechins (សម្បូរជាងគេគឺ EGCG) ដែលជាធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ។ តែបៃតងក៏ផ្ទុកនូវធាតុជាច្រើនទៀតដែលអាចជួយបង្កើនអានុភាពប្រឆាំងអុកស៊ីតកម្មរបស់ Cathechins ។ ធាតុចម្រាញ់នៃតែបៃតង ត្រូវបានបង្ហាញថាអាចបន្ថយភាពធន់ទៅនឹងអាំងស៊ុយលីន និងធ្វើឲ្យការគ្រប់គ្រងជាតិស្ករប្រសើរឡើង ព្រមទាំងធ្វើឲ្យខ្លាញ់មានសកម្មភាព បន្ថយការស្តុកទុកជាតិខ្លាញ់ ភ្ញោចប្រតិកម្មកម្តៅ បង្កើនការដុតកាល់ឡូរី និងរារាំងការស្រូបចូលនៃខ្លាញ់ផងដែរ។ លើសពីនោះ វាអាចជួយឲ្យឆាប់មានការប្រសើរឡើងវិញ បន្ទាប់ពីការអស់កម្លាំងពីការខូចខាតដោយប្រតិកម្មអុកស៊ីតកម្ម និងជាពិសេសវាមានសកម្មភាពប្រឆាំងនឹងមហារីក ដោយការកាត់ផ្តាច់ការបញ្ជូនសញ្ញាទៅកាន់កោសិកា ឲ្យកើនឡើងចំនួនបង្កជាជំងឺ បង្កើនសរសៃឈាមដើម្បីចិញ្ចឹមកោសិកាមហារីក និងឲ្យរីករាលដាលទៅសរីរាង្គផ្សេងទៀត។ ជាមួយនឹងសកម្មភាពទាំងនេះ ធាតុចម្រាញ់ពីតែបៃតងត្រូវបានបង្ហាញថាអាចការពារជំងឺមហារីកជំងឺសរសៃឈាមបេះដូង ជំងឺរាក់ស៊ីធ្មេញ បញ្ហាធាត់លើសទម្ងន់ ទឹកនោមផ្អែម និងបង្កើនប្រព័ន្ធការពាររាងកាយផងដែរ។ Isoflavones ពីសណ្តែកសៀង អាហារសណ្តែកសៀងសម្បូរទៅដោយ Isoflavones ដែលមានរចនាសម្ព័ន្ធគីមីប្រហែលនឹងអ័រម៉ូនអឺស្ត្រូសែនរបស់យើង ដែលធ្វើឲ្យវាអាចភ្ជាប់ទៅនឹងសរីរាង្គទទួលអឺស្ត្រូសែនរបស់រាងកាយបាន (ទាំង ERα និង ERß) និងអាចបញ្ចេញសកម្មភាពដូចទៅនឹងអឺស្ត្រូសែនបានក្រោមស្ថានភាពនៃការពិសោធន៍។ Daidzein (ប្រភេទមួយនៃ Isoflavones) ត្រូវបានដឹងថាអាចមានឥទ្ធិពលសម្របសម្រួលផ្នែកជីវសាស្ត្រនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ ជាមួយនឹងសកម្មភាពទាំងនេះ Isoflavones ពីសណ្តែកសៀងត្រូវបានណែនាំថាមិនត្រឹមអាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ តែក៏មានអត្ថប្រយោជន៍ផងដែរចំពោះរោគសញ្ញានៃការអស់រដូវជាពិសេសគឺការឡើងកម្តៅក្នុងខ្លួនព្រមទាំងទ្រទ្រង់ដល់សុខភាពសុដន់ ស្បូន ប្រព័ន្ធសរសៃឈាមបេះដូង និងឆ្អឹងទៀតផង។ លីកូប៉ែន លីកូប៉ែន គឺធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពហើយសកម្មភាពរបស់វាលើទំនាក់ទំនងក្នុងកោសិកា បម្រែបម្រួលអ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ក៏ដូចជាភាពខូចខាតនៃដំណើរមេតាបូលិកក៏ត្រូវបានរាយការណ៍ផងដែរ។ លីកូប៉ែន ជាធាតុប្រឆាំងនឹងសារធាតុបង្កជំងឺមហារីក និងការផ្តុំនៃជាតិខ្លាញ់ក្នុងសរសៃឈាម តាមរយៈការការពារពីជីវម៉ូលេគុលដែលប៉ះពាល់ដល់កោសិកា (លីពីតលីប៉ូប្រូតេអ៊ីន ប្រូតេអ៊ីន និង DNA) ។ លីកូប៉ែន ហាក់ដូចជាមានសកម្មភាពរារាំងការសំយោគកូឡេស្តេរ៉ុល និងជំរុញការបំបែក LDL ដែលជាខ្លាញ់អាក្រក់ក្នុងរាងកាយទៀតផង។ ជាមួយសកម្មភាពទាំងនេះ លីកូប៉ែនត្រូវបានបង្ហាញថាអាចកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន ២៦% ការស្លាប់ ៣៧% និងជំងឺសរសៃឈាមបេះដូងបាន ១៤%។លីកូប៉ែនអាចកាត់បន្ថយនូវកម្រាស់នៃស្រទាប់ក្នុងរបស់សរសៃឈាម និងហានិភ័យនៃជំងឺខូចសាច់បេះដូង។ ការសិក្សាថ្មីៗបានបញ្ជាក់ទៀតថាបរិមាណលីកូប៉ែនក្នុងឈាម និងជាលិកា អាចប្រឆាំងនឹងហានិភ័យនៃជំងឺមហារីកសុដន់ និងប្រូស្តាត។ វីតាមីនសេ វីតាមីនសេ ជាធាតុភ្ញោច Procollagen ដែលជំរុញការសំយោគរបស់កូឡាជែន និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់សម្រាប់កោសិកាបង្កើតឆ្អឹង។ ភាពប្រសើរឡើងនៃមុខងារស្រទាប់សរសៃឈាមបេះដូងដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វីតាមីនសេក៏ត្រូវបានរាយការណ៍ផងដែរ។ ការប្រើប្រាស់វីតាមីនសេត្រូវបានដឹងថាមានទំនាក់ទំនងនឹងឥទ្ធិពលការពារចំពោះឆ្អឹងតាមរយៈ ការការពារការរសាត់យ៉ាងឆាប់រហ័សនៃឆ្អឹង។ ឥទ្ធិពលរបស់វីតាមីនសេក៏មានសារសំខាន់ជាពិសេសផងដែរចំពោះស្ត្រីដែលប្រឈមមុខខ្ពស់នឹងជំងឺសរសៃឈាមបេះដូង។ កាល់ស្យូម បរិមាណកាល់ស្យូមប្រមាណ ០,៩% ត្រូវបានស្តុកទុកនៅក្នុងកោសិកានៃជាលិកាទន់ និងប្រមាណ០,១% មានក្នុងឈាម ព្រមទាំងនៅក្នុងសារធាតុរាវក្រៅកោសិកា ដែលទាំងនេះជាកន្លែងដែលកាល់ស្យូមបញ្ចេញឥទ្ធិពលលើប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ កាល់ស្យូមមានសកម្មភាពបង្កើនប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណទៅលើដង់ស៊ីតេរ៉ែក្នុងឆ្អឹង(BMD) ចំពោះស្ត្រីក្រោយអស់រដូវ។ ក្រៅពីនោះកាល់ស្យូមក៏អាចធ្វើឲ្យមានការប្រសើរឡើងជាលំដាប់នូវប្រសិទ្ធភាពនៃការប្រើប្រាស់ឱសថ Estrogen ទាំងដាច់ដោយឡែក (ET)  និងរួមផ្សំជាមួយ Progestogen (EPT) calcitonin ឬការព្យាបាលដោយ Bisphosphonate សម្រាប់បន្ថយហានិភ័យនៃការពុកឆ្អឹងផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones    ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង   ត្រូវបានដឹងថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្ត្រី ជាពិសេសក្នុងវ័យអស់រដូវ។ ការបង្ហាញអំពី Isoflavones Isoflavones ជាសារធាតុពីរុក្ខជាតិជាមួយនឹងរចនាសម្ព័ន្ធប្រហែលទៅនឹងអ័រម៉ូន 17-ß-estradiol របស់ស្ត្រី ដែលអាចភ្ជាប់ទៅនឹងរេសិបទ័រអឺស្ត្រូសែនទាំង២ទម្រង់ (Alpha និង Beta) ជាពិសេស វាអាចកំណត់សរីរាង្គគោលដៅបាន។ តាមរយៈការស្រាវជ្រាវ Isoflavone ត្រូវបានដឹងថាធ្វើសកម្មភាពតាមរយៈយន្តការ ៤យ៉ាងគឺ ការប្រឆាំងនឹងអឺស្ត្រូសែន ការរារាំងអង់ស៊ីមមហារីក ការប្រឆាំងអុកស៊ីតកម្ម និងការជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ អត្ថប្រយោជន៍ទៅលើសុខភាព 1.    រោគសញ្ញានៃការអស់រដូវ Isoflavone ពីសណ្តែកសៀង អាចប្រើប្រាស់ដើម្បីជួយសម្រួលអាការៈនៃការអស់រដូវជាពិសេសគឺការក្តៅក្រហល់ក្រហាយជាមួយប្រសិទ្ធភាពបន្ថយភាពធ្ងន់ធ្ងរនៃអាការៈ ក៏ដូចជាភាពញឹកញាប់ក្នុងការកើតមានផងដែរ។ 2.    ជំងឺទឹកនោមផ្អែម Isoflavone ត្រូវបានរកឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ក្នុងការជំរុញមេតាបូលីសនៃគ្លុយកូស។ ការពិសោធន៍គ្លីនិកមួយត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិបត្រព័ត៌មាន Clinical Nutrition នៅឆ្នាំ ២០១៧  អំពីអត្ថប្រយោជន៍នៃការបរិភោគអាហារពីសណ្តែកសៀងក្នុងការបន្ថយជំងឺទឹកនោមផ្អែមប្រភេទ២។ 3.    ភាពធាត់លើសទម្ងន់ តាមរយៈការសិក្សាបង្ហាញថា ថ្វីត្បិតសណ្តែកសៀងជាប្រភពចម្បងនៃ Isoflavone ក៏ប៉ុន្តែវាមានឥទ្ធិពលខុសពីគ្នាទៅលើការស្រកទម្ងន់  ដោយក្នុងនោះ មានតែសារធាតុចម្រាញ់ Isoflavone ផ្ទាល់ប៉ុណ្ណោះដែលផ្តល់នូវលទ្ធផលគួរឲ្យកត់សម្គាល់លើការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI)។ 4.    ជំងឺដុំសាច់ក្នុងអូវែ (PCOS) ការសិក្សាលើការប្រើប្រាស់ Isoflavone រយៈពេល ១២សប្តាហ៍ទៅតាមកម្រិតប្រើប្រាស់ដែលណែនាំសម្រាប់ស្ត្រីមានជំងឺដុំសាច់ក្នុងអូវែបានបង្ហាញលទ្ធផលទៅលើការប្រសើរឡើងនូវធាតុសម្គាល់នៃភាពធន់ទៅនឹងអ័រម៉ូនអាំងស៊ុយលីនស្ថានភាពអ័រម៉ូន ខ្លាញ់ទ្រីគ្លីសេរីត និងធាតុសម្គាល់នៃសម្ពាធពីប្រតិកម្មអុកស៊ីតកម្ម។ 5.    ជំងឺពុកឆ្អឹង ការវិភាគជាច្រើនបានបង្ហាញថាអាហារដែលមាន Isoflavone អាចជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងបានតាមរយៈការបង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង (BMD) និងការបន្ថយការរសាត់ឆ្អឹងដោយបន្ថយ Deoxypyridinoline ដែលជាធាតុសម្គាល់ធ្វើឲ្យមានការស្រូបចូលនៃឆ្អឹងចូលទៅក្នុងឈាមវិញ។ 6.    ជំងឺមហារីក ការសិក្សាបង្ហាញថា Isoflavone អាចជំរុញសមត្ថភាពប្រឆាំងមហារីករបស់ TAM ដែលជាធាតុទប់អឺស្ត្រូសែន (Antagonist) ចំពោះកោសិកាមហារីកសុដន់ប្រភេទ ERapositive។ Isoflavone ក៏មានទំនាក់ទំនងនឹងការថយចុះនៃការប្រឈមនឹងមហារីកផ្សេងៗផងដែរដូចជាមហារីកក្រពេញទីរ៉ូអុីត មហារីកអូវែ និងមហារីកសួត។ សមត្ថភាពការពារកាំរស្មីរបស់ Isoflavone ក៏ត្រូវបានរកឃើញផងដែរក្នុងការព្យាបាលជំងឺមហារីកសួតដោយកាំរស្មី។ 7.    ជំងឺសរសៃឈាមបេះដូង ការស្រាវជ្រាវបានបង្ហាញថា អាហារសណ្តែកសៀងអាចបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានដែលជួយឲ្យកូឡេស្តេរ៉ុលស្ថិតក្នុងអត្រាទាបជាងអ្នកដែលមិនសូវបរិភោគរហូតដល់  ១០ភាគរយ។ តាមរយៈសម្មតិកម្មនេះ Isoflavone ក៏ត្រូវបានប្រើផងដែរក្នុងការជំរុញសមត្ថភាពរបស់សរសៃឈាមអាកទែរ។ 8.    ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ការសិក្សាជាច្រើនបង្ហាញថា ស្ត្រីក្រោយវ័យអស់រដូវនឹងមានការថយចុះនៃកោសិកា Lymphocytes ដែលជាលទ្ធផលធ្វើឲ្យថយចុះនូវអង់ទីករ និង Cytokine។ Isoflavone អាចជំរុញការឆ្លើយតបរបស់កោសិកា NK និងកោសិកា T cells ដែលអាចមានប្រយោជន៍ផងដែរក្នុងការកាត់បន្ថយការប្រឈមនឹងមហារីក។ 9.    បញ្ហាស្ងួតមាត់ បម្រែបម្រួលនៃអឺស្ត្រូសែនដែលកើតមានចំពោះស្ត្រីវ័យកណ្តាល អាចជាមូលហេតុមួយបង្កឲ្យមានការថយចុះនៃការបញ្ចេញទឹកមាត់ដែលនាំឲ្យមានបញ្ហាស្ងួតមាត់។ ក្នុងករណីនេះ Isoflavones ត្រូវបានណែនាំឲ្យប្រើ ដោយសារសមត្ថភាពជំរុញមុខងារនៃក្រពេញទឹកមាត់ដែលមិនសូវដំណើរការ (Hypofunction)។ 10.    បញ្ហាជរាមុនវ័យ ស្ត្រីក្រោយអស់រដូវ ច្រើនងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដែលកើនឡើងជាមួយអាយុ និងស្ថានភាពនៃអ័រម៉ូន។ Isoflavones មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម  និងប្រឆាំងការរាតត្បាតនៃកោសិកា ដើម្បីទប់ទល់នឹងជំងឺរ៉ាំរ៉ៃ ជាច្រើន ជាពិសេសជំងឺដែលបង្កដោយការខូចខាតនៃកោសិកាដោយសារសម្ពាធនៃអុកស៊ីតកម្ម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Isoflavones អាចរក្សាកម្រិតរបស់អឺស្ត្រូសែនឲ្យនៅក្រោមការគ្រប់គ្រងបានដោយវាអាចបញ្ចេញសកម្មភាពជាអឺស្ត្រូសែនខ្សោយនៅពេលអឺស្ត្រូសែនរាងកាយចុះទាប និងអាចរារាំងទៅវិញនូវឥទ្ធិពលរបស់អឺស្ត្រូសែននៅពេលអឺស្ត្រូសែនរបស់រាងកាយយើងមានកម្រិតខ្ពស់។ ក្នុងករណីរបស់ស្ត្រីត្រៀមអស់រដូវ ដែលជាទូទៅមានការកើនឡើងនូវកម្រិតអឺស្ត្រូសែនក្នុងរាងកាយ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលរបស់វាទៅលើកោសិកា។ រីឯក្នុងករណីស្ត្រីក្រោយពីអស់រដូវ ដែលជាទូទៅមានការថយចុះនៃអឺស្ត្រូសែនក្នុងខ្លួន នោះ Isoflavones ដើរតួដូចជាអឺស្ត្រូសែន ជាមួយនឹងឥទ្ធិពលស្រាលអឺស្ត្រូសែនក្នុងរាងកាយ។ គួរបញ្ជាក់ថា Isoflavones ២ប្រភេទដែលរកឃើញច្រើនបំផុតនៅក្នុងផលិតផលពីសណ្តែកសៀងគឺ Genistein និង Daidzein  ដែលអត្ថប្រយោជន៍របស់វានឹងត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម៖ 1. ឥទ្ធិពលធ្វើឲ្យឆ្អឹងរឹងមាំ ការសិក្សាលើប្រជាជានអាស៊ី បានរកឃើញថា ស្ត្រីក្រោយអស់រដូវដែលបានទទួលទានអាហារសម្បូរដោយ Isoflavone មានដង់ស៊ីតេរ៉ែក្នុងឆ្អឹងខ្ពស់បើធៀបនឹងអ្នកដែលមិនសូវបានទទួលទាន។ក្រៅពីនោះ ការសិក្សារយៈពេលខ្លីលើរាងកាយមនុស្ស បានបង្ហាញថា Isoflavones អាចបន្ថយការបាត់បង់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលជាទូទៅអាចបាត់បង់ឆ្អឹងជារៀងរាល់ឆ្នាំក្នុងអត្រាពី ១,៥ ទៅ ៣%។ ឥទ្ធិពលក្នុងការការពារនេះក្នុងរយៈពេលច្រើនឆ្នាំ អាចបន្ថយនូវការប្រឈមមុខនឹងជំងឺពុកឆ្អឹង និងអត្រានៃការបែកបាក់ឆ្អឹងបាន។ 2. សកម្មភាពប្រឆាំងអុកស៊ីតកម្ម សកម្មភាពប្រឆាំង អុកស៊ីតកម្មរបស់ Isoflavoneពីសណ្តែកសៀងត្រូវបានសង្កេតឃើញនៅក្នុងមន្ទីរពិសោធន៍ភាគច្រើនថាអាចបង្កើនភាពធន់នៃLDL ទៅនឹងប្រតិកម្មអុកស៊ីតកម្មដែលកើតមានក្នុងខ្លួន និងការការពារកោសិកាខួរក្បាល បើតាមការពិសោធណ៍លើកណ្តុរឈ្មោលដែលមានបញ្ហាស្ទះសរសៃឈាមខួរក្បាល   និងកណ្តុរញីដែលបានកាត់យកអូវែចេញ។ ម្យ៉ាងទៀត ការការពារការបាត់បង់ម៉ាស់សាច់ដុំក៏ត្រូវបានបង្ហាញផងដែរពីការប្រឆាំងអុកស៊ីតកម្ម ការពារការងាប់របស់កោសិកាសាច់ដុំ ស្របពេលដែលការស្វិតសាច់ដុំជាបញ្ហាដែលកើនឡើងជាបន្តបន្ទាប់ចំពោះមនុស្សវ័យចំណាស់ មានជីវិតមិនសូវសកម្ម ឬអ្នកដែលមានរបួសរយៈពេលយូរ។ 3. សកម្មភាពប្រឆាំងនឹងការធាត់លើសទម្ងន់ ការធាត់លើសទម្ងន់ និងជំងឺទឹកនោមផ្អែម ជាបញ្ហាខុសប្រក្រតីទាក់ទងនឹងសារធាតុចិញ្ចឹមក្នុងរាងកាយរបស់យើង និងភាគច្រើនមានទំនាក់ទំនងទៅនឹងការប្រឈមនឹងជំងឺសរសៃឈាមបេះដូងមួយចំនួនដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិត។ Isoflavoneត្រូវបានជឿថាអាចមានសកម្មភាពលើរេសិបទ័ររបស់អឺស្ត្រូសែន ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយរបស់ជាលិកាខ្លាញ់។ ការសិក្សាមួយដែលបានបោះពុម្ពលើព្រឹត្តិបត្រព័ត៌មាន Nutrition នៅឆ្នាំ ២០១៣  ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍របស់Isoflavone ក្នុងការសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ 4. សកម្មភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones  ពីសណ្តែកសៀងអាចមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់វា និងការការពារការបង្កើតជាគ្លុយកូសដោយសារការធ្វើប្រតិកម្មរបស់ជាតិខ្លាញ់ ក៏ដូចជាការរារាំងការស្រូបយកជាតិស្ករពីពោះវៀនផងដែរ ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនៃជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច។ 5. សកម្មភាពលើប្រព័ន្ធសរសៃឈាមនិងបេះដូង Isoflavone មានលក្ខណៈជីវសាស្ត្រយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានការរីកឡើងនៃសរសៃឈាមអាកទែរ បន្ថយកូឡេស្តេរ៉ូលក្នុងឈាម និងរារាំងការកករឹងនៃសរសៃ ឈាមលើសត្វស្វាញីដែលអស់រដូវ។ Isoflavones អាចរារាំងផងដែរលើការស្អិតជាប់នៃកោសិកា និងបំផ្លាញសកម្មភាពនៃសារធាតុមួយចំនួនក្នុងរាងកាយដូចជា cytokines និង platelet derived growth factor ដែលជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ម្យ៉ាងទៀត សមត្ថភាពក្នុងការប្រឆាំងអុកស៊ីតកម្មរបស់វាក៏អាចបន្ថយរាលដាលនៃប្រតិកម្ម peroxidation របស់ជាតិខ្លាញ់ផងដែរ។ 6. សកម្មភាពលើស្បែក បញ្ហាស្បែកជាច្រើនត្រូវបានសង្កេតឃើញថាអាចកើតមានឡើងចំពោះស្ត្រីអស់រដូវដែលក្នុងនោះមានមួយចំនួនហាក់ដូចជាមានទំនាក់ទំនងជាចម្បងទៅនឹងភាពចាស់ជរា  និងការប៉ះពាល់ជាមួយពន្លឺថ្ងៃ ព្រមទាំងខ្លះទៀតគឺជាលទ្ធផលនៃការថយចុះអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយ។ Isoflavone ត្រូវបានបង្ហាញមានប្រសិទ្ធភាពបន្ថយភាពជ្រីវជ្រួញ ក៏ដូចជាអាចការការពារស្បែកប្រឆាំងនឹងមហារីក និងជំងឺរលាកស្បែក Erythremia ដែលបង្កដោយកាំរស្មី UV។ 7. សកម្មភាពលើការរួមនៃទ្វារមាស ការរួមនៃទ្វារមាស ជាបញ្ហារួមមួយក្នុងចំណោមស្រ្តីអស់រដូវជាច្រើន ដោយវានាំមកជាមួយនូវរោគសញ្ញារួមមានដូចជា ភាពស្ងួត រមាស់ ធ្លាក់ស រលាក និងឈឺចាប់ពេលរួមភេទ។ ក្នុងការសិក្សាដែលបានចុះផ្សាយក្នុង Journal of Obstetrics & Gynaecology នៅឆ្នាំ ២០១៦ បានបង្ហាញថា Isoflavones  ពីសណ្តែកសៀងអាចជួយសម្រួលអាការៈនៃការរួមរបស់ទ្វារមាសបាន។ 8. សកម្មភាពលើមុខងារនៃការគិត ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មាន Menopause នៅក្នុងឆ្នាំ ២០១៥បានបង្ហាញអំពីឥទ្ធិពលវិជ្ជមាននៃ Isoflavones របស់សណ្តែកសៀង លើមុខងារក្នុងការរៀនសូត្រ ការគិត ក៏ដូចជាការចងចាំ ចំពោះស្រ្តីក្រោយអស់រដូវ។ Isoflavone ពីសណ្តែកសៀងដែលត្រូវបានប្រើប្រាស់ដោយប្រជាជនអាស៊ីជាច្រើនជំនាន់មកហើយនោះគឺជាសមាសធាតុថ្មីមួយចំពោះពិភពលោក ហើយត្រូវបានលើកយកមកពិភាក្សា  និងសិក្សាលើសត្វ និងមនុស្សជាបន្តបន្ទាប់ ដើម្បីធ្វើការស្វែងរកឥទ្ធិពលវិជ្ជមានផ្សេងៗទៀតរបស់វាទៅលើសុខភាព។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សណ្តែកសៀងគឺជាគ្រឿងផ្សំគោលនៃអាហារប្រពៃណីរបស់ប្រជាជនអាស៊ីមករាប់ពាន់ឆ្នាំ ហើយក៏ត្រូវបានណែនាំទៅកាន់ប្រទេសប៉ែកខាងលិចរាប់រយឆ្នាំមកហើយដែរ។ បច្ចុប្បន្ន សណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងផលិតផលអាហារជាច្រើន និងត្រូវបានស្គាល់យ៉ាងទូលំទូលាយជាមួយនឹងសារជាតិបំប៉នរបស់វា ជាពិសេសគឺ  Isoflavone ដែលមានអត្ថប្រយោជន៍យ៉ាងសន្ធឹកទៅលើសុខភាព។ បរិមាណ Isoflavone នៅក្នុងអាហារពីសណ្តែកសៀង សណ្តែកសៀង មានផ្ទុកនូវ Isoflavone ច្រើនជាងគេ តែសណ្តែកសៀងផ្អាប់ ឬកែច្នៃមួយចំនួនអាចបាត់បង់នូវបរិមាណ Isoflavones រហូតដល់ ៨០ ទៅ ៩០%។ អត្ថប្រយោជន៍នៃ Isoflavone ចំពោះសុខភាព 1.   អាការៈរបស់ស្ត្រីអស់រដូវ ក្នុងឆ្នាំ ២០១៥ Isoflavone ពីសណ្តែកសៀងត្រូវបានបង្ហាញថាជាការព្យាបាលក្នុងលំដាប់ដំបូងគេទៅលើអាការៈនៃការអស់រដូវរបស់ស្ត្រី។ការសិក្សាបានបង្ហាញផងដែរដោយ CochraneLibrary នៅឆ្នាំ ២០១១បានលើកឡើងអំពីការបន្ថយការរសាត់ចេញរបស់ឆ្អឹងចំពោះស្ត្រីអស់រដូវដែលបរិភោគ  Isoflavoneពីសណ្តែកសៀង។ សារធាតុនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងការប្រើប្រាស់ថ្នាំអ័រម៉ូនក្នុងការគ្រប់គ្រងអាការៈរបស់ស្ត្រីអស់រដូវ។ 2.   ប្រព័ន្ធសរសៃឈាមបេះដូង រដ្ឋបាលនៃចំណីអាហារនិងឱសថរបស់អាមេរិកក៏ដូចជាកាណាដា អង់គ្លេស ប្រេស៊ីល ឥណ្ឌូនេស៊ីនិងភីលីពីនបានបង្ហាញអំពី ការថយចុះនូវការប្រឈមនៃជំងឺសរសៃឈាមបេះដូង និងឥទ្ធិពលក្នុងការការពារជំងឺសរសៃឈាមបេះដូងដោយប្រូតេអ៊ីនសណ្តែកសៀង ក្នុងបរិមាណ ២៥ ក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមួយចំនួនទៀត នៅឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavone អាចជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាមក្នុងកម្រិតទាប    (Baseline) ព្រមទាំងធ្វើឲ្យប្រសើរឡើងពីភាពរឹងស្ទក់នៃសរសៃឈាមអាកទែរចំពោះស្ត្រីក្រោយអស់រដូវផងដែរ។ 3.   ការគ្រប់គ្រងទម្ងន់ ការលើសទម្ងន់ជាបញ្ហាគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក។ Isoflavone មានឥទ្ធិពលសម្របសម្រួលមេតាបូលីស និងរក្សាលំនឹងនៅក្នុងរាងកាយ ដែលធ្វើឲ្យវាមានអានុភាពក្នុងការការពារ  និងព្យាបាលការលើសទម្ងន់។ 4.   សុខភាពផ្លូវចិត្ត ការសិក្សាមួយដោយជនជាតិជប៉ុនទៅលើស្ត្រីក្រោយអស់រដូវបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតសមរម្យមួយ  (២៥មីលីក្រាមក្នុងមួយថ្ងៃ)នូវIsoflavone ក្រោមទម្រង់Aglycone អាចកាត់បន្ថយអាការៈនៃការធ្លាក់ទឹកចិត្ត  និងការបារម្ភ។ការសិក្សាពីឆ្នាំ ២០១៤ បានបង្ហាញថាការប្រើលើសពី ៣ខែក្នុងកម្រិត ១០០មីលីក្រាមក្នុង១ថ្ងៃនៃ Isoflavone អាចបន្ថយរោគសញ្ញានៃការបាក់ទឹកចិត្តរបស់ស្ត្រីក្រោយអស់រដូវ   ដោយប្រសិទ្ធភាពគឺប្រហែលនឹងឱសថ Zoloft (៥០mg/ថ្ងៃ) និង Prozac (១០ mg/ថ្ងៃ)។ 5.   សុខភាពស្បែក តាមរយៈការសិក្សាដែលបានធ្វើឡើងលើក្រុមស្ត្រីអស់រដូវបានបង្ហាញអំពីការប្រសើរឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃការកាត់បន្ថយភាពជ្រីវជ្រួញការប្រែប្រួលនៃពណ៌ស្បែក និងរូបសម្រស់ទូទៅចំពោះស្ត្រីអាយុចន្លោះពី ៥០ ទៅ ៦៥ ឆ្នាំដែលបានប្រើប្រាស់ Isoflavone ពីសណ្តែកសៀង ២០ក្រាមក្នុងមួយថ្ងៃរយៈពេល ៣ខែ។ 6.   ជំងឺមហារីក សកម្មភាពប្រឆាំងនឹងជំងឺមហារីករបស់សណ្តែកសៀងត្រូវបានភ្ជាប់ទៅនឹងវត្តមានរបស់ Isoflavone ដែលធ្វើការការពារនៅវគ្គនៃការរីកលូតលាស់នៃដុំមហារីក ក៏ដូចជាកាត់បន្ថយការប្រឈម   និងការកើតឡើងវិញនៃដុំសាច់ផងដែរ។សេចក្តីវិភាគចេញពីការសិក្សាចំនួន ១៤៣ ក៏បង្ហាញអំពីលទ្ធផលគួរឲ្យកត់សម្គាល់លើទំនាក់ទំនងរវាង Isoflavone និងការថយចុះនៃការប្រឈមនឹងមហារីកក្រពះ និងសួតទៀតផង។   7.   ការឆ្លងរោគ Isoflavone គឺជាសារធាតុធម្មជាតិដែលបង្កើតឡើងដោយរុក្ខជាតិក្នុងការប្រឆាំងទប់ទល់នឹងការឆ្លងរោគពីផ្សិត  និងបាក់តេរី   ដូចនេះវាក៏អាចប្រឆាំងនឹងមេរោគ  និងជួយឲ្យមេរោគល្អក្នុងពោះវៀនកាន់តែប្រសើរផងដែរ។ 8.   ឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ឥទ្ធិពលនេះជួយការពារពីការវិវឌ្ឍនៃជំងឺមហារីកដែលបង្កដោយរ៉ាឌីកាល់សេរី។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថាប្រភេទមួយរបស់Isoflavone (genistein) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងអុកស៊ីតកម្មផ្សេងៗ។សកម្មភាពនេះអាចប្រៀបបានទៅនឹងឥទ្ធិពលរបស់វីតាមីនE។ សុវត្ថិភាពរបស់ Isoflavone នៅឆ្នាំ ២០១៥ EFSA បានសរុបសេចក្តីថា កម្រិតប្រើពី ៣៥ ទៅ ១៥០mgក្នុងមួយថ្ងៃនៃ Isoflavone ពីអាហារ ឬអាហារបំប៉ន មិនមានចោទជាផលអវិជ្ជមានលើជាលិកាដែលរងឥទ្ធិពលពីអ័រម៉ូនភេទដូចជាសុដន់ ស្បូន ក្រពេញទីរ៉ូអ៊ីត រហូតដល់ ២ឆ្នាំកន្លះ។ ការប្រើប្រាស់ Isoflavone ពីសណ្តែកសៀងដោយស្ត្រីមានជំងឺមហារីកសុដន់មានទំនាក់ទំនងនឹងការថយចុះនៃអត្រាការស្លាប់ និងការរើឡើងវិញនៃមហារីកផងដែរ។ ម្យ៉ាងទៀត ពុំមានការហាមឃាត់ចំពោះការប្រើប្រាស់ Isoflavone លើស្រ្តីដែលព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole ឡើយហើយវាបែរជំរុញប្រសិទ្ធភាពនៃការព្យាបាលទៅវិញ។ ថ្មីៗនេះផងដែរ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង បានបញ្ជាក់ថាគ្មានការកើនឡើងនៃការប្រឈមទៅនឹងមហារីកសុដន់ ឬស្រទាប់ស្បូនដោយសារ Isoflavone ឡើយ។ ឯកសារយោង៖ (1) Gianluca Rizzo and Luciana Baroni : Nutrients. 2018 Jan;10(1): 43. (2) Mark Messina :Nutrients. 2016 Dec; 8(12):754.] ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកក្រពេញអូវែ អាចនឹងត្រូវរកឃើញអំឡុងពេលទទួលបានការពិនិត្យសុខភាពជាប្រចាំ ដែលលទ្ធផលនៃការពិនិត្យបានបង្ហាញពីដុំសាច់នៅតំបន់ត្រគាក ឬគេអាចធ្វើការសន្និដ្ឋានតាមរយៈរោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួនដែលបានបកស្រាយរួចមកហើយនៅក្នុងអត្ថបទ«“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី» ។ ចំណែកការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យជំងឺមហារីកក្រពេញអូវែអាចធ្វើឡើងតាមរយៈវិធីសាស្រ្តពិនិត្យដូចខាងក្រោម៖ 1.    ការពិនិត្យគ្លីនិក (Clinical examination) a ការពិនិត្យបែបគ្លីនិកនៅតំបន់ត្រគាក (អនុវត្តដោយវេជ្ជបណ្ឌិតផ្នែករោគស្រ្តី) ៖ ជាផ្នែកមួយនៃការធ្វើរោគវិនិច្ឆ័យផ្នែករោគស្រ្តី ដោយគ្រូពេទ្យនឹងធ្វើការពិនិត្យនៅតំបន់អាងត្រគាក ដើម្បីស្វែងរកពីវត្តមាននៃដុំសាច់ (Mass) ក៏ដូចជាហានិភ័យដែលវាអាចធ្វើការភ្ជាប់ខ្លួនទៅនឹងកោសិកាដែលនៅជុំវិញ។ អំឡុងពេលនៃការពិនិត្យ អ្នកជំនាញនឹងធ្វើការប៉ះផ្ទាល់លើតំបន់ក្រពេញអូវែតាមរយៈពោះ និងមាត់ស្បូន (អាចតាមចុងពោះវៀនធំចំពោះក្មេងស្រី) ដែលអាចអនុវត្តបានសម្រាប់ការពិនិត្យរោគស្រ្តីជាប្រចាំ ឬក្នុងករណីលេចឡើង នូវផលរំខាននានា។ b ការពិនិត្យរាងកាយទូទៅ (អនុវត្តដោយអ្នកជំនាញផ្នែកមហារីក) ៖ ចំពោះស្ថានភាពជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរ គ្រូពេទ្យនឹងពិនិត្យរកមើលសញ្ញា Ascites (ជាការប្រមូលផ្តុំជាតិទឹក ក្នុងប្រហោងពោះ) ការស្ទះចលនាពោះវៀន មានទឹកក្នុងស្រោមសួត និងការកើនឡើងទំហំ នៃក្រពេញទឹករងៃ ឬមានដុំសាច់ក្នុងសរីរាង្គផ្សេង (ដូចជា ដុំមហារីក Metastases ក្នុងថ្លើម)។ ការពិនិត្យបែបគ្លីនិកជាវិធីសាស្រ្តមានតមៃ្លថោក និងងាយស្រួលក្នុងករណីមានការសង្ស័យពីជំងឺមហារីកក្រពេញអូវែ ប៉ុន្តែវាមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងអ្នកជំងឺដែលមានដុំសាច់នៅក្នុងក្រពេញអូវែ ឬតំបន់អាងត្រគាកនៅឡើយទេ។ 2.    ការពិនិត្យដោយវិទ្យុសកម្ម (Radiological Investigations) a ការថតឆ្លុះពោះដោយប្រើប្រាស់សំឡេង Ultrasonography (សម្រាប់ស្រ្តី និងក្មេងស្រី) និងការថតឆ្លុះមាត់ស្បូន Transvaginal ultrasonography (សម្រាប់ស្រ្តី)។ សម្រាប់ Transvaginal ultrasonography៖ គ្រូពេទ្យនឹងធ្វើការចាប់បានជារូបភាពនៃសរីរាង្គនៅតំបន់ត្រគាកថតដោយប្រើប្រាស់សំឡេង ultrasound តាមរយៈការស៊កបំពង់ចូលទៅក្នុងមាត់ស្បូន ដើម្បីរកមើលដុំមហារីកនៅក្រពេញអូវែ។ ការពិនិត្យបែបនេះមានភាពទ្រាំទ្របាន និងពុំសូវ មានតម្លៃថ្លៃ ដែលអាចប្រើក្នុងការធ្វើរោគវិនិច្ឆ័យដំបូង ប៉ុន្តែវាអាចមានភាពពិបាកក្នុងការ កំណត់បានពីស្ថានភាពដុំសាច់កម្រិតស្រាល (Benign) ឬធ្ងន់ធ្ងរ (malignant)។ ការពិនិត្យបែប Ultrasonography អាចបង្ហាញពីរោគសញ្ញាទឹកដក់ (Ascites) ឬមហារីកស្រោមពោះ (Peritoneal metastases) ដែលកោសិកាមហារីក ភ្ជាប់ទៅនឹងប្រហោងពោះ។   b វិធីសាស្រ្ត Magnetic Resonance Imaging (MRI) ឬវិធីសាស្រ្ត Computed tomography (CT-scan) ៖ ចំពោះការពិនិត្យតាមបែប MRI អាចផ្តល់ជាព័ត៌មានបន្ថែមពីលក្ខណៈនៃដុំសាច់ក្រពេញអូវែ ចំណែក CT-scan អាចផ្តល់ជាការកំណត់ពីប្រភេទនៃមហារីកក្រពេញអូវែ។ វិធីសាស្រ្តទាំងពីរបានជួយក្នុងការកំណត់ដំណាក់កាលនៃជំងឺ  ផែនការក្នុងការព្យាបាល និងគ្រប់គ្រងលទ្ធផលនៃ ការព្យាបាល ប៉ុន្តែវាមានតម្លៃថ្លៃជាងវិធីសាស្រ្តបែប Ultrasonography។ c ការថតឆ្លុះ X-ray (Chest X-ray)៖  ការពិនិត្យបែបនេះមានសារសំខាន់ក្នុងការកំណត់បាន នូវផ្នែករាងកាយណាមួយដែលត្រូវបានរងឥទ្ធិពលដូចជា សួត ជាដើម។ d វិធីសាស្រ្ត Positron-emission tomography – computed tomography (PET-CT)៖ ជាការពិនិត្យដោយធ្វើការបង្ហាញ ឲ្យកាន់តែច្បាស់ពីរូបភាពរចនាសម្ព័ន្ធ និងសកម្មភាពមេតាបូលីសរបស់កោសិកា។ PET-CT មានភាពជាក់លាក់ និងមានតម្លៃថ្លៃ ដែលពុំសូវត្រូវបានណែនាំសម្រាប់ការពិនិត្យដំបូងនោះទេ តែវាមានប្រយោជន៍ចំពោះដុំមហារីកដែលស្ថិតក្នុងដំណាក់កាលមានសកម្មភាពមេតាបូលីសខ្លាំង(ដូចជា ជំងឺមហារីកកោសិកាតូចនៃក្រពេញអូវែ)។ 3.    ការពិនិត្យសញ្ញាសម្គាល់ដុំមហារីក (ការធ្វើតេស្តឈាម) អង់ទីហ្សែន ១២៥ (CA 125) ដែលជាប្រូតេអ៊ីននៅលើផ្ទៃខាងលើនៃកោសិកាមហារីកក្រពេញអូវែ អាចនឹងមានការកើនឡើង ក្នុងកម្រិត ៨០% ចំពោះប្រភេទជំងឺមហារីក epithelial។ យ៉ាងណាមិញ សញ្ញាសម្គាល់នេះ នៅមិនទាន់មានភាពច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញអូវែនោះទេដោយវាអាចបង្កភាពភាន់ច្រឡំទៅលក្ខខណ្ឌជំងឺមិនមែនជាមហារីក (ដូចជា ជំងឺស្បូន Endometriosis)។ ប្រតេអុីន CA 125 ត្រូវបានវាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺដុំសាច់ក្នុងដៃស្បូន បន្ទាប់ពីទទួលបានការពិនិត្យតាមUltrasonography ដែលតេស្តនេះអាចប្រើបាន ដើម្បីគ្រប់គ្រងលទ្ធផលនៃការព្យាបាលបែបគីមី (Chemotherapy) និងសម្រាប់ការតាមដានបន្ទាប់ពីការព្យាបាល។  4.    ការពិនិត្យដុំមហារីក (Histopathological examination) ជាការពិនិត្យកោសិកាដុំមហារីកក្នុងមន្ទីរពិសោធន៍ ដែលដុំសាច់ត្រូវ បានយកមកតាមរយៈការកាត់ចេញ (Biopsy) ឬតាមការវះកាត់ (Radical surgery)។ វិធីសាស្រ្តនេះអាចផ្តល់ភាពច្បាស់លាស់ដល់ការធ្វើរោគវិនិច្ឆ័យ និងកំណត់បានពីលក្ខណៈរបស់ដុំមហា-រីកក្រពេញអូវែ អនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចដឹងពីប្រភេទរបស់មហារីក ដែលនាំឲ្យមានការកំណត់ពីវិធីសាស្រ្តព្យាបាលសម្រាប់អ្នកជំងឺនីមួយៗ។ ការប្រឹក្សាពីដំណាក់កាលនៃមហារីក ការរៀបចំផែនការព្យាបាល ទាមទារឲ្យធ្វើឡើងពីសំណាក់ វេជ្ជបណ្ឌិតផ្នែករោគស្រ្តី និងផ្នែកជំងឺមហារីក ដើម្បីធានាឲ្យបានពីការកំណត់ឲ្យបានច្បាស់ពីសា្ថនភាពជំងឺមហារីកក្រពេញអូវែ។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីក និងជាអនុប្រធាននៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ត្រីគ្រប់រូបសុទ្ធតែបានជួបប្រទះនៅការឈឺចាប់ពោះឬចុករោយខ្នងរៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះមានការឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ វានឹងបាត់ទៅវិញនៅក្នុង២ឬ៣ថ្ងៃបន្ទាប់។ គ្មានវិធីសាស្ត្រណាដែរអាចបំបាត់ការឈឺចាប់នេះទាំងស្រុងនោះទេ ។ មានតែវីធីសម្រាលការឈឺចាប់តែប៉ណ្ណោះ។ ដើម្បីកាត់បន្ថយការឈឺចាប់ទាំងនោះ ហេលស៍ថាមនឹងបង្ហាញវីធីមួយចំនួន៖  ១. ប្រើប្រាស់ថង់កំដៅ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធខ្លាំងក្នុងការបំបាត់ការឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក អាចប្រសើរជាងការប្រើប្រាស់ថ្នាំទៀតផង។ អ្នកអាចប្រើប្រាស់ថង់ទឹកក្ដៅ ដែរវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំលើនៅលើសម្លៀកបំពាក់ ឬផ្ទាល់លើស្បែក នៅលើខ្នង និងពោះផ្នែកខាងក្រោយ។ ថង់ទឹកក្ដៅលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចទៅតាមយើងត្រូវការ ដែរប្រភេទខ្លះអ្នកអាចពាក់វាទៅតាមខ្លួន។  ២. ផឹកទឹកក្ដៅ វិធីមួយទៀតគឺបរិភោគទឹកក្ដៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗធ្វើឲ្យចលនារត់របស់ ឈាមបានល្អហើយទៅកាន់កន្លែងសាច់ដុំរមួលដើម្បីបន្ថយការឈឺចាប់។  ៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបានដោយធើ្វការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកលើពោះ ឬខ្នង បន្ទាប់មកសង្កត់ហើយច្របាច់តិចៗនៅត្រង់កន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែរមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវប្រាកដថាកុំសង្កត់ខ្លាំងពេក។  ៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំមានអារម្មណ៍ថាការឈឺចាប់មានការអន់ថយ ប្រសិនបើពួកគាត់កាត់បន្ថយប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ ចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត បើមានការឈឺចាប់ខ្លាំង។ អ្នកអាចជំនូសកាហ្វេបានដោយផឹកតែខ្មៅជំនួសវិញ ព្រោះវាក៏មានជាតិកាហ្វេអ៊ីនខ្លះដែរសម្រាប់ដាស់ស្មារតីនៅពេលព្រឹក។  ៥. ធ្វើលំហាត់ប្រាណ ការសិក្សាបានបង្ហាញថាលំហាត់ប្រាណអាចសម្រួលដល់សាច់ដុំកុំអោយឈឺចាប់។ អ្នកអាចដើរឬ ធ្វើយោគៈនៅពេលមានការឈឺចាប់។ សកម្មភាពទាំងនេះពិតជាអាចជួយស្ត្រីបានច្រើន។  ៦. បរិភោគខ្ញី វិធីសាស្ត្រមួយទៀត គឺការបរិភោគ ឬផឹកទឹកខ្ញី។ ខ្ញីជាឱសថបំបាត់ភាពឈឺចាប់ពេលមានរដូវ ថែមទាំងលុបបំបាត់ភាពនឿយហត់ និងអាចជួយឲ្យរដូវមកទៀង។ ចិតខ្ញី២ទៅ៣ចំណិត ដាំជាមួយទឹកមួយពែង រយៈពេល៥នាទីបន្ទាប់មកលាយជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំ។ ផឹក៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចបៀមស្ករ រស់ជាតិខ្ញីផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វាអាចជាប្រធានបទគួរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ ការព្យាបាលស្តង់ដា គឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។  ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រីជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកក្រពេញអូវែ ជាជំងឺកើតមានជាញឹកញាប់ក្នុងលំដាប់ទី ៨ ដែលជាមូលហេតុនៃការស្លាប់របស់ស្រ្តីក្នុងពិភពលោកក្នុងកម្រិត ៣.៧% នេះបើយោងទៅតាមប្រភព GLOBOCAN ឆ្នាំ ២០១២ ដោយឡែកចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជា ក៏កំពុងប្រឈមទៅនឹងជំងឺស្ថិតក្នុងលេខរៀងទី ៨ ផងដែរ ជាមួយអត្រាការស្លាប់គឺ ៣.៦%។   អ្វីជាមហារីកក្រពេញអូវែ? អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។ ចំពោះជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian  carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត(germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)។  មូលហេតុ និងកត្តាប្រឈម សព្វថ្ងៃមូលហេតុជំងឺមហារីកក្រពេញអូវែនៅមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយ ដោយគេអាចត្រឹមធ្វើការសន្និដ្ឋានលើកត្តាប្រឈមមួយចំនួនតែប៉ុណ្ណោះ យ៉ាងណា មិញកត្តាប្រឈមនោះនៅមិនមែនជាមូលហេតុពិតប្រាកដជាក់លាក់នោះទេ។ គ្រប់ស្រ្តីទាំងអស់ តែងមានហានិភ័យប្រឈមទៅនឹងជំងឺមហារីកក្រពេញអូវែក្នុងអំឡុងពេលជីវិតរស់នៅហើយចំពោះវត្តមានកត្តាប្រឈមតិចឬច្រើនសុទ្ធតែអាចបង្កើនឱកាសក្នុងការកកើតជាជំងឺ ប៉ុន្តែមិនមែនមានន័យថាជំងឺត្រូវតែកើតមានឡើងនោះទេ ដែលជាហេតុស្រ្តីគ្រប់រូបគួរធ្វើការកត់សម្គាល់ពីរោគសញ្ញាឲ្យបានឆាប់រហ័ស និងឲ្យបានទាន់ពេលវេលា។ •ចំពោះជំងឺមហារីកប្រភេទ Epithelial  តែងកើតលើស្រ្តីក្នុងវ័យចំណាស់ក្នុងអត្រាប្រហែល៥០% នៅអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ប៉ុន្តែស្រ្តីក្នុងវ័យក្មេងក៏អាចរងប៉ះពាល់បានដែរ។ •ចំពោះដុំមហារីកបង្កពីស៊ុត (Germ cell tumors) តែងកើតមានជាញឹកញាប់លើស្រ្តីក្នុងវ័យក្មេង។ កត្តាប្រឈមដែលអាចគ្រប់គ្រងបាន 1. ការមានផ្ទៃពោះយឺត 2. ចំនួនកូនដែលស្ត្រីបានផ្តល់កំណើត។ ចំពោះស្រ្តីដែលមិនធ្លាប់ធ្វើការសម្រាលកូនអាចប្រឈមទៅនឹងការកើតជំងឺមហារីកក្រពេញអូវែខ្ពស់ជាង ២ដងបើប្រៀបធៀបទៅនឹងស្រ្តីដែលធ្លាប់ផ្តល់កំណើត។ កត្តាប្រឈមដែលមិនអាចគ្រប់គ្រងបាន 1. កត្តាហ្សែន៖ ប្រវត្តិគ្រួសារដែលមានជំងឺមហារីកក្រពេញអូវែ ឬមហារីកសុដន់ ដោយអ្នកជំងឺ ១០% ត្រូវបានរកឃើញមានវត្តមានការប្រែប្រួលហ្សែនពីកំណើតដែលជាដើមចមនៃជំងឺមហារីកក្រពេញអូវែ។ 2. មានប្រវត្តិផ្ទាល់ខ្លួនចំពោះជំងឺមហារីកសុដន់ក្រពេញអូវែ ស្បូន ឬមហារីកពោះវៀនធំ 3. វ័យចំណាស់ 4. ការចាប់ផ្តើមវដ្តរដូវក្នុងវ័យក្មេងពេក 5. វ័យក្រោយអស់រដូវយឺត 6. មិនអាចបង្កកំណើតបាន 7. កោសិកាស្បូនដុះមិនធម្មតា (Endometriosis) 8. ជាតិសាសន៍៖ ស្រ្តីស្បែកសមានហានិភ័យខ្ពស់ប្រឈមទៅនឹងជំងឺក្នុងកម្រិត ៣០% ទៅ៤០% ច្រើនជាងស្រ្តីដែលមានស្បែកខ្មៅ។ ដំណាក់កាលនៃជំងឺ ជំងឺមហារីកក្រពេញអូវែត្រូវបានចែកចេញជា ៤ដំណាក់កាល៖ •ដំណាក់កាលទី I៖ មហារីក ស្ថិតក្នុងសភាពមានកម្រិតលើក្រពេញអូវែម្ខាង ឬសងខាង •ដំណាក់កាលទី II៖ មហារីកបានរាលដាលចេញក្រៅក្រពេញអូវែ និងលូតលាស់ទៅកាន់អាងត្រគាក •ដំណាក់កាលទី III៖ មហារីកបានរាលដាលចេញពីអាងត្រគាក និងអាចស្តែងចេញនៅក្នុងប្រព័ន្ធទឹករងៃផ្នែកខាងលើនៃពោះ •ដំណាក់កាលទី IV៖ មហារីកបានរាលដាលដល់សរីរាង្គដែលនៅឆ្ងាយ ដូចជានៅក្នុងថ្លើម និងសួត។ រោគសញ្ញានៃជំងឺ ជំងឺមហារីកក្រពេញអូវែក្នុងកម្រិតដំបូង កម្រនឹងស្តែងចេញជារោគសញ្ញា ដែលរោគសញ្ញាទាំងនោះតែងកើតឡើងនៅពេលជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ រោគសញ្ញា និងសញ្ញាណនៃជំងឺមហារីកក្រពេញអូវែ   អាចបង្កភាពភ័ន្តច្រឡំទៅនឹងបម្រែបម្រួលនៃរាងកាយ (ការប្រែប្រួល ដោយសារវ័យចំណាស់ របបអាហារ ឥទ្ធិពលនៃវ័យក្រោយអស់រដូវ ។ល។) ដែលធ្វើឲ្យការពិនិត្យនៅដំណាក់កាលដំបូងអាចនឹងមានភាពពិបាក។ រោគសញ្ញានៃជំងឺមហារីកក្រពេញអូវែរួមមាន៖ 1. សម្ពាធនៅពោះ ហើម ឬតឹងពោះ 2. ឈឺចាប់នៅតំបន់អាងត្រគាក 3. ពិបាករំលាយអាហារជាប្រចាំ បញ្ហាក្រពះ មានខ្យល់ ឬចង្អោរ 4. ប្រែប្រួលការបន្ទោរបង់ (ទល់លាមក) 5. បត់ជើងតូចញឹកញាប់ 6. មិនសូវឃ្លាន ឬឆាប់ឆ្អែត 7. ស្រកទម្ងន់ 8. វដ្តរដូវប្រែប្រួល 9. ឈឺខ្នង 10. ចុះខ្សោយ។ ក្នុងករណីរោគសញ្ញាដែលមិនអាចពន្យល់បានកើតមានសឹងតែរៀងរាល់ថ្ងៃអស់រយៈពេល ២ទៅ ៣សប្តាហ៍ វាអាចជាប់ពាក់ព័ន្ធទៅនឹងមូលហេតុដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្របពេលជាមួយនឹងបម្រែបម្រួលផ្នែកសរីរៈជាច្រើនដែលអាចកើតមាននៅអំឡុងពេលអស់រដូវរបស់ស្ត្រី ការផ្លាស់ប្តូរដែលកើតឡើងដោយសារតែការវិវឌ្ឍនៃភាពចាស់ជរា ក៏ចូលរួមធ្វើឲ្យជីវិតរបស់ស្ត្រីអស់រដូវទទួលរងការផ្លាស់ប្តូរកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង ស្ត្រីប្រហែល ៧៣%បានរាយការណ៍អំពីរោគសញ្ញាកង្វល់មួយចំនួនដែលកើតមានក្នុងអំទ្បុងពេលអស់រដូវ ដោយក្នុងនោះរោគសញ្ញាដែលកើតទ្បើងញឹកញាប់បំផុតគឺ ការក្តៅក្រហាយនិងរលាកទ្វារមាស។ រោគសញ្ញាដទៃទៀតរួមមានឆាប់ខឹង ទុក្ខព្រួយ បែកញើសពេលយប់ ញ័របេះដូងរវើរវាយ ស្បែកជ្រីវជ្រួញ ពុកឆ្អឹង ថយប្រព័ន្ធភាពសុំា និងខ្សោយសាច់ដុំ។ ចំពោះផលវិបាករយៈពេលយូរអាចជាការបង្កឲ្យស្ទះសរសៃឈាមបេះដូងបញ្ហាសន្លាក់ឆ្អឹង កោសិកាភ្ជាប់ និងបញ្ហាប្រព័ន្ធសរសៃប្រសាទ។ ដោយឡែក ផលរំខានជាច្រើននៃអ័រម៉ូនជំនួសដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអាការៈរោគរបស់ស្ត្រីអស់រដូវ ធ្វើឲ្យតម្រូវការនៃអាហារបំប៉នមានការកើនទ្បើង។ ក្នុងនោះផងដែរ ជាមួយនឹងមុខងារជាច្រើនរបស់ isoflavones ក្នុងសណ្តែកសៀង Lycopene ធាតុចម្រាញ់ពីតែបៃតង និងវីតាមីន C  ធ្វើឲ្យសារធាតុទាំងនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីអស់រដូវ។ 1. Isoflavones ពីសណ្តែកសៀង Isoflavones គឺជា flavonoids ដ៏សំខាន់ដែលបានរកឃើញនៅក្នុងបន្លែ ជាពិសេសនៅក្នុងសណ្តែកសៀង។ សកម្មភាពប្រឆាំងអ័រម៉ូន estrogen របស់ Isoflavones នៅក្នុងកោសិកាបន្តពូជជាលទ្ធផលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកដែលបង្កឡើងដោយអ័រម៉ូន (សុដន់ ស្បូន ក្រពេញប្រូស្តាត) ស្របពេលដែលសកម្មភាពដូចនឹងអ័រម៉ូនestrogen របស់វាទៅលើកោសិកាដទៃទៀតអាចជួយរក្សាលំនឹងឆ្អឹង ព្រមទាំងទម្រង់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ ការប្រើប្រាស់សណ្តែក Isoflavones ត្រូវបានគេរកឃើញក្នុងការកាត់បន្ថយភាពញឹកញាប់នៃអាការៈក្តៅក្រហាយ ក៏ដូចជាភាពធ្ងន់ធ្ងរនៃអាការៈក្តៅក្រហាយខ្លាំងផងដែរ។ សណ្តែកIsoflavones ក៏អាចជួយផងដែរ ក្នុងការពង្រីកសរសៃឈាមដែលសម្របសម្រួលដល់អ្នកជំងឺគ្រោះថ្នាក់ដោយសារសរសៃឈាមបេះដូង។ 2. ធាតុចម្រាញ់ពីតែបៃតង ធាតុចម្រាញ់តែបៃតងសម្បូរទៅ epigallocatechin-3- gallate (EGCG) ដែលមានសកម្មភាពជាធាតុប្រឆាំងអុកស៊ីតកម្មប្រហែល ២៥-១០០ដង ល្អជាងវីតាមីនE និង C ។ តែបៃតងត្រូវបានយកមកសិក្សាយ៉ាងទូលំទូលាយលើមនុស្សសត្វ និង មន្ទីរពិសោធន៍។ លទ្ធផលគឺ តែបៃតងអាចជួយដល់ការព្យាបាលជំងឺរឹងសរសៃឈាមកូឡេស្តេរ៉ុលខ្ពស់ មហារីក ទឹកនោមផ្អែម និងថ្លើម។អ្នកស្រាវជ្រាវគ្លីនិកបង្ហាញថា តែបៃតងជួយបង្កើនមេតាប៉ូលីស និង ជួយបំផ្លាញជាតិខ្លាញ់ ថែមទាំងជួយសម្រកទម្ងន់ទៀតផង។ តែបៃតង ក៏អាចជួយក្នុងការការពារជំងឺ Parkinson ការថយចុះការយល់ដឹង និងជំងឺពុកឆ្អឹងផងដែរ។  ក្រៅពីនោះEGCG ក៏អាចការពារ ភាពខុសប្រក្រតី ដែលបង្កឡើងដោយការកាត់ក្រពេញអូវែ (ovariectomyinduced bladder dysfunction) ផងដែរ។ 3. កាល់ស្យូម តម្រូវការនៃកាល់ស្យូមនឹងកើនឡើងនៅពេលស្ត្រីឈានចូលវ័យអស់រដូវ។ កាល់ស្យូមផ្តល់ផលប្រយោជន៍ជាច្រើនចំពោះជំងឺលើសឈាម មហារីកពោះវៀនធំ លើសទម្ងន់ និងក្រួសក្នុងតម្រងនោមបើទោះបីជាឥទ្ធិពល និងយន្តការទាំងនោះមិនទាន់ត្រូវបានគេរកឃើញយ៉ាងពេញលេញក៏ដោយ។ដូច្នេះ ការទទួលទានជាតិកាល់ស្យូមពី ១២០០ទៅ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃចំពោះស្ត្រីអស់រដូវត្រូវបានណែនាំ។ ទោះជាយ៉ាងណា ស្ត្រីអាចទទួលទានកាល់ស្យូមជារៀងរាល់ថ្ងៃក្រោយពីអស់រដូវ ក្នុងចន្លោះពី ៧០០ ទៅ ១២០០ មីលីក្រាមអាស្រ័យលើសង្គមរស់នៅរបស់ពួកគេផ្ទាល់។ កាល់ស្យូម ក៏ជួយបង្កើនឥទ្ធិពលនៃការធ្វើលំហាត់ប្រាណលើ BMD ចំពោះស្ត្រីក្រោយអស់រដូវផងដែរ ក៏ប៉ុន្តែ អត្ថប្រយោជន៍នេះអាចសង្កេតឃើញមានតែចំពោះអ្នកដែលទទួលទានកាល់ស្យូមប្រចាំថ្ងៃលើសពី ១000 មីលីក្រាមតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរធំបំផុតទាក់ទងនឹងការថយចុះនៃដង់ស៊ីតេឆ្អឹងខ្នង និងកាល់ស្យូមឆ្អឹងសរុប កើតមានឡើងក្នុងរយៈពេល ៥ ឆ្នាំដំបូងបន្ទាប់ពីអស់រដូវ។ ដូច្នេះ៥ ឆ្នាំដំបូងបន្ទាប់ពីការរាំងរដូវគឺមានសារសំខាន់ក្នុងការប្រើប្រាស់ផលិតផលកាល់ស្យូមបន្ថែម។ 4.Lycopene ស្ត្រីរាំងរដូវងាយរងឥទ្ធិពលពីសកម្មភាពរបស់រ៉ាឌីកាល់សេរីយ៉ាងខ្លាំង ហេតុនេះ ពួកគេត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីអាចកាត់បន្ថយប្រតិកម្មអុកស៊ីតកម្ម និងកាត់បន្ថយជំងឺដែលទាក់ទងទៅនឹងភាពចាស់ជរា។ ក្រៅពីជាសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ក៏មានសកម្មភាពជីវសាស្រ្តផ្សេងទៀតដូចជា ការគ្រប់គ្រងការរីកសាយនៃដុំមហារីក កាត់បន្ថយការខូចខាតនៃ DNA របស់កោសិកា និងរក្សាគម្លាតទំនាក់ទំនងរវាងកោសិកា។ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយដំណើរនៃការរលាកផងដែរ។ ការទទួលទាន Lycopene ប្រចាំថ្ងៃ អាចកាត់បន្ថយការឈឺឆ្អឹង បង្កើនជាតិកាល់ស្យូម B3 និងវីតាមីន A D និង K ចំពោះស្ត្រីក្រោយអស់រដូវ។ដូច្នេះ Lycopene អាចបន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានទៀតផង។ Lycopene ក៏មានប្រយោជន៍ផងដែរចំពោះជំងឺមហារីកក៏ដូចជាអាចការពារស្បែកប្រឆាំងនឹង UV ដែលជួយកាត់បន្ថយការវិវឌ្ឍនៃភាពជ្រីវជ្រួញរបស់ស្បែកទៀតផង។ 5.  វីតាមីនC សារជាតិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យសុខមាលភាពទូទៅកាន់តែប្រសើរឡើង។ ធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនCអាចជួយបង្កើនមុខងារផ្នែកសរសៃឈាមចំពោះស្ត្រីក្រោយអស់រដូវដែលមានកង្វះអ័រម៉ូនអឺស្ត្រូសែន។ វីតាមីនC ក៏ដើរតួនាទីក្នុងការសំយោគកូឡេស្តេរ៉ុល ការស្រូបជាតិដែក និងបង្កើនការដឹកនាំរបស់សេលេនីញ៉ូមនៅក្នុងឈាម។ លទ្ធផលលើស្បែកទាក់ទងនឹងកង្វះវីតាមីនC គឺការផលិតមិនបានល្អនៃសារធាតុកូឡាជែនរបស់ស្បែក ដែលច្រើនបង្ហាញឡើងជាដំណើររីកធំ (Enlargement) និងងាប់នៃកោសិកាស្បែកស្រទាប់ខាងលើ (keratosis) របស់គល់រោមដែលជាទូទៅកើតមាននៅលើដើមដៃ ព្រមទាំងភាពរួញនៃរោមដែលត្រូវបានហៅថា corkscrew hairs។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top