Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ… ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា«គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!

Share

គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ… គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់… គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត… គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ… ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា«គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!

Share

សំណួរ៖ ខ្ញុំបាទអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១។ ខ្ញុំឧស្សាហ៍ទល់លាមកណាស់។ ពេលខ្លះខ្ញុំមិនអាចបន្ទោរបង់ដល់ទៅ៤ថ្ងៃជាប់គ្នា បន្ទាប់មកទៅជារាកវិញ។ តើនេះជាបញ្ហាអ្វីដែរ? តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ ករណីនេះ គ្រូពេទ្យត្រូវការដឹងថា បញ្ហារបស់ប្អូនកើតមានពីពេលណា ហើយសភាពលាមករបស់ប្អូនដូចម្តេចដែរ។ តើវារឹង ទន់ មានសំបោរឬឈាមទេ ពេលបន្ទោរបង់មានការឈឺចាប់នៅបាតឬអត់ ព្រោះថាការក្របន្ទោរបង់ អាចបណ្តាលមកពីលាមករឹងពេក ឬមានដំបៅនៅនឹងបាត ឬមានជំងឺផ្សេងៗនៅបាត ឬក៏អាចដោយសារតែប្អូនអង្គុយយូរដោយមិនសូវបានដើរ។ បញ្ហាទល់លាមកនេះ គេចែកជាពីរក្រុម គឺក្រុមមនុស្សចាស់ និងក្មេង។ បញ្ហាដែលចោទឡើងខ្លាំងគឺលើក្រុមមនុស្សចាស់។ តែប្អូនគួរតែមកជួបនឹងគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យអាចរកមើលពីសញ្ញាប្រកាសអាសន្នដូចជា ស្លេកស្លាំង ស្គមខុសប្រក្រតី លាមកមានឈាមឬសំបោរ ឬមានគ្រួសារធ្លាប់សម្រាន្តពេទ្យដោយសារជំងឺមហារីកពោះវៀន និងគ្រូពេទ្យអាចធ្វើការពិនិត្យមើលសភាពបាតរបស់ប្អូនថាតើមានដុំសាច់ឬដំបៅនៅនឹងបាតឬអត់។ មួយវិញទៀត បើជាករណីទល់លាមកដោយសារចំណីអាហារ ខ្ញុំសូមណែនាំឲ្យប្អូនបរិភោគបន្លែឲ្យបានច្រើន ផឹកទឹកច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំគឺការដើរឲ្យបានញាប់ឬរត់។

Share

ការគ្រប់គ្រងស្ត្រេស នៅក្នុងកម្មវិធីគីស៊ូណា នាងខ្ញុំមានសំណាងបានជួបកញ្ញាស្រស់ស្អាតម្នាក់ឈ្មោះកញ្ញាណាណា។ ដោយភាពរហ័សរហួន ឆ្លាតវៃនិងប៉ិនប្រសប់ក្នុងការនិយាយធ្វើអោយខ្ញុំសើចនិងយល់បានច្រើននៅការគ្រប់គ្រងស្ត្រេសដោយផ្ទាល់ប្តូរបែបផែននៃការរស់នៅ។ យើងរស់ក្នុងសង្គមណាគឺសង្គមនោះ ជាមានឥទ្ធិពលក្នុងការសំរេចចិត្តរបស់អ្នក។ ការគិតសំរេចចិត្តរបស់អ្នកដទៃក៏មានធ្វើការគិតរបស់យើងមានការប្រែប្រួលដែរ  ឧទាហរណ៍យ៉ាងសម្មញ្ញ ការស្លៀកពាក់របស់តារាគឺតាមចំណង់ចំណូលចិត្តរបស់សង្គមតាមសម័យកាល។ ប៉ុន្តែរឿងខ្លះយើងមិនអាចបត់បែនតាមឬបញ្ជៀសព្រឹត្តិការណ៏ណាមួយបានយើងត្រូវតែបណ្តោយអោយរឿងនោះកន្លងទៅដូចជាយើងមិនអាចបញ្ជៀសភ្លៀងធ្លាក់បាន។ បើដឹងថាកន្លែងណា រឿងណានាំអោយកើតស្រ្តេសមកយើងគឺយើងត្រូវបង្វែរស្ថានភាពនោះមុនវាកើតឡើង គឺត្រូវគេចចេញពីបញ្ហានោះរហូតបាត់បញ្ហាដែលនឹងនាំអោយយើងកើតភាពតានតឹងស្មុគស្មាញក្នុងចិត្ត។  ការនិយាយរបស់គេមានអំណាចលើអារម្មណ៌របស់យើងតិចឬច្រើនអាស្រ័យលើយើងអោយវាមានអំណាចធំឬតូច បើយើងមិនខ្វល់ការនិយាយនោះវានឹងគ្មានអំណាចអ្វីមករំខានក៏គិតរបស់យើងទេ។ It's all how you think. Flexible ភាសាលេងសើចប្រែថាក្រិចក្រឡុច គឺមានន័យថាយើងត្រូវបត់បែនតាមកាលៈទេសៈមិនអោយតានតឹង គឺត្រូវលៃលកទៅណាមស្ថានការណ៌។ មានន័យថាបើងយើងខ្វះអ្វីពេលចាំបាច់សូមបណ្តោយថា អ្វីដែលយើងមា នគឺគ្រប់គ្រាន់សមល្មមហើយទោះយើងខកខានមិនបានធ្វើអ្វីដូចដែលគ្រោងទុក។ Out of Control គឺមានន័យថាអ្វីៗដែលកើតឡើងវាខុសពីអ្វីដែលយើងព្រៀងទុក ដូចនេះកុំទាមទារវានាំអោយយើងបាត់បង់ទំនុកចិត្តក្នុងការបំពេញការងារចំពោះមុន។ ដូចជាជំរើសនៃជីវិត ថាកើតមកជាកូនអ្នកក្រគួរច្រណែនគេគឺត្រូវទទួលស្គាល់ការពិត? ត្រូវពិចារណាថាអ្នកមាននិងអ្នកក្រមានផលលំបាកខុសគ្នា។ ការប្រៀបធៀបធ្វើអោយមនុស្សមានមហិច្ជិតាតែមិនត្រូវបាត់ទឹកចិត្តនៅអ្វីដែលធំហួសពីការធ្វើបានរបស់យើង។  មើលពីរូបខ្លួនឯងក្នុងតាមកញ្ចក់ត្រង់ចំនុចណាមួយដែលបង្ហាញថាយើងមកពីប្រភពណា យើងដើរដល់ចំនុចណាហើយ? រៀនធ្វើទង្វើល្អ ធ្វើមនុស្សល្អ រឿងល្អនិងកើតឡើងចំពោះអ្នកនៅថ្ងៃណាមួួយយ៉ាងប្រាកដ កុំពិបាកចិត្តនិងការធ្វើទៅមានកំហុស កំហុសត្រូវកែប្រែ កំហុសជាបទពិសោធន៍។ Life Style  វិជ្ជមាននាំអោយក្លាយជាមនុស្សល្អ មិនប្រព្រឹត្តិខុស។ ការបញ្ចេញកំលាំងខួរក្បាលនិងកំលាំងកាយនាំយើងគេងលក់ស្រួលមានជួបបញ្ហាគេងមិនលក់ នេះជាចំលើយដែលកញ្ញាណាណាផ្តល់អោយសិក្ខាកាមដែលសួរថាពិបាកគេងលក់តើត្រូវធ្វើដូចម្តេច? តាមការស្រាវជា្រវរបស់អ្នកវិទ្យាសាស្រ្តប្រាប់ថាមនុស្សយើងជាទូទៅប្រើប្រាស់ខួរក្បាលបានតែ១ភាគរយទេ ដូចចូរព្យាយាមប្រើសមត្ថភាពខួរក្បាលអោយបានច្រើនដើម្បីជួបបញ្ហាប្លែកនិងរបកគំហើញថ្មីល្អៗ។ នៅពេលយើងមិនចេះធ្វើអ្វីមួយនាំអោយយើងស្រ្តេស ដូច្នេះត្រូវបន្សាំខ្លួនយើងបន្តិចម្តងៗទៅនិងរឿងនេោះរហូតដល់យើងអាចធ្វើរឿងនោះបានដោយស្ទាត់និងងាយស្រួស។ ដូចថាមនុស្សភាគច្រើនមានការភ័យខ្លាចក្នុងការនិយាយ ការនិយាយជាមួយមេក្រូចំពោះមហាជន គឺថានោះមុខកាមេរ៉ាគឺយើងប្តូរចរិតដើមគឺចេញចរិតតួឯកអញ្ចឹង បែបនេះគឺយើងត្រូវសាកនិយាយម្តងហើយម្តងទៀត កុំខ្លាចនិយាយខុស និយាយខុសម្តង ខុសពីរដងថ្ងៃក្រោយនិយាយបានល្អតែបើយើងមិននិយាយគឺយើងនិងខ្លាចជារៀងរហូត។ ភាសាលេងសើចគឺទ្រាំមុខក្រាស់ បើខុសខ្មាស់គេតែចំពោះមនុស្ស២០នាក់នេះទេ ហើយគាត់ជាក្រុមតួសំដែងដែលនាំអោយយើងសម្រេចបំណងរបស់យើង។ បើយើងថ្នឹកលើរឿងតូចឬរឿងធំវាហ្នឹងក្លាយជារឿងធម្មតាទៅវិញ។ យើងត្រូវសាកធ្វើគ្រប់ការងារដើម្បីអោយដឹងថាយើងពូកែខាងណា។ ការស្តាប់ ការនិយាយ ការមើល តើយើងពូកែលើផ្នែកណា? អ្នកខ្លះរៀនតាមរយៈការស្តាប់ចេះជាងការអាន។ ចំពោះណាណានាងមានទេពកោសល្យក្នុងនិយាននេះជារបស់នាង។ សួរថាទេពកោសល្យការចូលចិត្តរបស់យើងគឺជាអ្វី? មើលទីផ្សាររបស់ខ្លួនថាខ្លួនពូកែរកស៊ីតាមអ្វី?មាត់ ភ្នែក ត្រចៀក?         កាត់បន្ថយស្រ្តេសគឺកាត់បន្ថយកុំឈ ្នានីសច្រណែណគេ ចង់ប្តូខ្លួនឯងពីការអត់ចេះហែលទឹកត្រូវចុុះទឹកបន្តិចម្តងៗរហូតចេះហែលទឹក។ ចង់កុំខ្វល់អ្នកដទៃកុំសូវទៅដឹងលឺរឿងគេពេក។ ពេលខ្លះទេពកោសល្យអាថ៌កំបាំងរបស់យើងគឺយើងក៏មិនដឹងដែរ ត្រូវសាកធ្វើទើបលេចទេពកោសល្យនេោះដោយមិនដឹងខ្លួន។ គឺត្រូវភ្លក់គ្រប់រសជាតិការងារ សិល្បៈ បកប្រែ ពិធីករ សាកធ្វើទើបដឹង តែកុំសាករឿងខុសច្បាប់។ ចូលរួមគ្រប់ឱកាសដើម្បីដឹងថាត្រវល័ក្ខខ័ណ្ឌទេ បន្ទាប់មកយើងនិងដឹងថាយើងចូលចិត្តអ្វីមួយច្បាស់ហើយ។ ដូចជាយើងសាកអានសៀវភៅណាប្រធានបទណាបានច្រើនទំព័រជាងគេគឺមានន័យថាយើងចូលចិត្តវាជាងគេ ប្រភេទសៀវភៅវិទ្យាសាស្ត្រ សៀវភៅអប់រំ តើមួយណាយើងអានបានច្រើនជាងគេ? នេះជាការធ្វើតេស្តលើចំនូលចិត្តរបស់ខ្លួនឯង។ ទេពកោសល្យនីមួយៗរកឃើញក្នុងដំណាក់កាលខុសៗគ្នាហើយយើងក្លាហានទទួលយកឱកាសនោះ។ ដូចជាការចូលរួលសម្តែង ឆ្លើយចំលើយទោះយើងដឹងថាមិនដឹងធ្វើអ្វីតែត្រូវក្លាហានចូលរួម។ មនុស្សជោរនិងភាពជោគជ័យ តែពិបាកឆ្លងដំណាក់កាលដំបូង គឺត្រូវបំបែកបន្តិចម្តងៗ នាំអោយមិនមានស្ត្រេស។ យើងកុំទទួលខុសត្រូវលើជីវិតរបស់អ្នកដទៃ យើងគ្មានបេសកម្មបញ្ជាគេអោយក្លាយជាមនុស្សល្អដូចនេះកុំពិបាកចិត្តបើគេធ្វើអ្វីខុសពីការគិតរបស់យើង យើងមានសិទ្ធិប្រាប់ណែនាំគេ តែការសម្រេចចិត្តគឺនោះលើគេ សូមកុំកើតស្ត្រេសពីរឿងគេ គឺយើងត្រូវធ្វើទង្វើល្អអោយគេមើល អោយគេដើរតាមវាគ្រប់គ្រាន់ហើយ ព្រោះមនុស្សកាន់តែហាមគឺកាន់តែធ្វើ។ ដូច្នេះធាតុត្រជាក់ទៅកាន់អ្នកដទៃ តែបើយើងខឹងវាជាភ្លើងក្តៅដែលធ្វើអោយគេគេចចេញ។ ពេលដែលយើងត្រជាក់ និងមានតម្លៃគេនិងដេញតាមរកសុំជំនួយការពិភាក្សាពីយើង។ រឿងខ្លះគេបានសំរេចខ្លួនគេហើយគេគ្រាន់សុំយោបល់យោអោយបញ្ជាក់ដូចការគិតរបស់គេទេ តែបើយោបល់យើងមិនដូចការគិតរបស់គេក៏នៅតែធ្វើតាមការគិតរបស់គេច្រើនជាងយោបល់របស់យើង។ បទពិសោធន៌របស់ខ្ញុំ សុគន្ធអមរាពីមុនគឺខ្ញុំខ្លាចក្នុងការនិយាយតែខ្ញុំបានឆ្លងកាត់ដូចកញ្ញាាណាណាលើកឡើងគឹខ្ញុំអាចធ្វើបាននៅពេលនិយាយគ្រប់ស្ថានការណ៌។ ចំពោះរឿងអ្នកដទៃគឺខ្ញុំទុកថាជារឿងគេ ការប្រព្រឹត្តិរបស់ខ្ញុំក៏មិនស្មុគស្មាញតាមការរិះគន់របស់អ្នកដទៃដូច្នេះរាល់បញ្ហាកើតមកវាឆាប់បាត់ទៅវិញ ហើយខ្ញុំមានមានសិក្សាបន្ថែមនិងរីករាយក្នុងជីវិតដែលទទួលបានទោះស្ថានភាពលំបាកឬស្ថានល្អប្រសើរ។         អរគុណកញ្ញាណាណាដែលបានផ្តល់គំនិតថ្មីងាយយលញ់និងមានឥទ្ធិពលក្នុងការគំនិតរបស់មនុស្សជាតិ។                                                                                   ស្មេរ                                                                                សុគន្ធអមរា

Share

អ្វីទៅដែលជាភាពទាក់ទាញលើផ្ទៃមុខនៅពេលញញឹម? តើអ្នកធ្លាប់យល់ដឹងអំពីធ្មេញមុខដែរឬទេ?  ហេលស៍ថាម នឹងនាំអារម្មណ៍អ្នកអានទាំងអស់មកជាប់នឹងការជួបសំភាសជាមួយទន្តបណ្ឌិតជំនាញ ទាក់ទងទៅនឹងប្រធានបទ   «សិល្បៈ និងវិធីសាស្ត្រនៃការដាក់ធ្មេញមុខ»។ ធ្មេញមុខមានសារៈសំខាន់អ្វីខ្លះ? ធ្មេញមុខពិតជាសំខាន់ដោយសារវាផ្តល់ជាសោភ័ណភាពនៅលើផ្ទៃមុខនៅពេលញញឹម ហើយវាមានតួនាទីខាំផ្តាច់ចំណីអាហារឲ្យបានល្អមុនពេលទំពា និងផ្តល់នូវការបញ្ចេញសំឡេង ប្រសិនបើមិនមានធ្មេញមុខ ឬការដាក់ ធ្មេញមុខមានសភាពវែងពេកឬក៏ខ្លីពេក វាអាចនឹងធ្វើឲ្យអ្នកជំងឺបញ្ចេញសំឡេងមិនច្បាស់។ មូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអញ្ចាញធ្មេញខាងមុខឡើងខ្មៅបន្ទាប់ពីធ្វើការដាក់ធ្មេញ? តើមានដំណោះស្រាយអ្វីខ្លះ? បញ្ហានេះអាចបណ្តាលមកពី ធ្មេញដែលមានការព្យាបាលរន្ធឬសរួច រយៈពេលយូរឆ្នាំ ធ្វើឲ្យមានការប្រែប្រួលពណ៌របស់ធ្មេញ។ មូលហេតុមួយទៀតនោះគឺដោយសារបង្គោលលោហៈ(metal post core)ដែលដាក់ចូលទៅក្នុងធ្មេញ នឹងឆ្លុះពណ៌ខ្មៅចេញមកក្រៅ។  ម្យ៉ាងវិញទៀតការដាក់ធ្មេញប្រភេទ សេរាមិកដែលមានសារធាតុលោហៈនៅខាងក្នុង (PFM)ធ្វើឲ្យឆ្លុះពណ៌លោហៈតាមគល់ធ្មេញមកលើអញ្ចាញ។ ការដាក់ធ្មេញមិនជិតល្អធ្វើឲ្យមានការជ្រៀបទឹក និងការជាប់កំណកកំបោរផ្សេងៗ ក៏ជាមូលហេតុធ្វើឲ្យអញ្ចាញឡើងពណ៌ខ្មៅដូចគ្នា។ ដើម្បីដោះស្រាយបញ្ហាធ្មេញដែលព្យាបាលរន្ធឬសរួច ទន្តបណ្ឌិតអាចធ្វើការបាញ់កាំរស្មីធ្វើឲ្យធ្មេញសឬធ្វើ internal bleaching។ ចំពោះការដាក់បង្គោលលោហៈ អាចប្តូរទៅជាបង្គោលព័រសឺឡែន(Porcelain) ពណ៌ស។ ការដាក់ធ្មេញប្រភេទ all Ceramic ដែលជាព័រសឺឡែនសុទ្ធ ជៀសវាងការដាក់ប្រភេទCeramic PFM អាចជួយអញ្ចាញមិនអោយឡើងខ្មៅបាន។ ចំណែកឯការដាក់ធ្មេញមិនបានជិតល្អធ្វើឲ្យមានការជ្រៀបទឹកនោះ មានតែការគាស់ចេញរួចដាក់សារជាថ្មីតែប៉ុណ្ណោះ។ តើធ្មេញមុខគួរតែដាក់ធ្មេញប្រភេទអ្វី ទើបមើលទៅមានភាពស្រស់ស្អាត?ហេតុអ្វី? ការដាក់ធ្មេញប្រភេទអ្វីទើបមើលទៅស្រស់ស្អាត វាអាស្រ័យលើបុគ្គលម្នាក់ៗ។ អ្នកជំងឺខ្លះមានធ្មេញស្អាតស្រាប់ប៉ុន្តែគាត់ចង់កែនូវទម្រង់ ប្រវែង និងពណ៌ នោះគាត់អាចទទួលការដាក់ជាប្រភេទ Veneers។ ប៉ុន្តែប្រសិនបើធ្មេញគាត់ធ្លាប់ដាក់ពីមុនមក ឬមានការបែកបាក់ខ្លាំងដែលតម្រូវឲ្យធ្វើការដាក់ធ្មេញ អ្នកជំងឺអាចទទួលយកធ្មេញប្រភេទ all Ceramic (Empress, EMax, Zirconia…) ឬប្រភេទporcelain ផ្សេងៗទៀតដែលមិនមានលោហៈនៅខាងក្នុង ព្រោះវាមិនចាំងឆ្លុះនូវពណ៌ឬក៏ស្រមោលមកខាងក្រៅ និងមើលទៅមានសភាពដូចធម្មជាតិ។ តើអ្នកជំងឺគួរតែថែរក្សាធ្មេញមុខដែលដាក់ហើយយ៉ាងដូចម្តេចខ្លះ? ការថែរក្សាធ្មេញដាក់ក៏ដូចជាការថែរក្សាធ្មេញធម្មជាតិដូចគ្នា អ្នកជំងឺគួរតែមកពិនិត្យធ្មេញនិងសម្អាតធ្មេញជាមួយទន្តបណ្ឌិតជំនាញឲ្យបានទៀងទាត់។ សម្អាតធ្មេញដោយខ្លួនឯងឲ្យបានត្រឹមត្រូវនិងមួយថ្ងៃយ៉ាងតិច២ដង ជាមួយថ្នាំដុសធ្មេញនិងខ្សែទាក់ធ្មេញ(dental floss)។ ចំពោះករណីដែលមិនមានធ្មេញមុខ រវាងការដាំបង្គោលអុីមផ្លេននិងការដាក់ធ្មេញជាប់គ្នា តើវិធីណាមួយប្រសើរជាង?ហេតុអ្វី? ប្រសិនបើអ្នកជំងឺបាត់បង់ធ្មេញមុខ ការដាំបង្គោលអ៊ីមផ្លេនប្រាកដជាជម្រើសដែលល្អជាងគេ ប្រសិនបើគាត់មានបរិមាណឆ្អឹងគ្រប់គ្រាន់និងគុណភាពឆ្អឹងល្អ ពីព្រោះវាផ្តល់នូវសោភ័ណភាពដូចធ្មេញធម្មជាតិ និងមិនត្រូវការឆាបធ្មេញដែលល្អសងខាងធ្វើជាបង្គោល។ ក៏ប៉ុន្តែ ការដាក់ធ្មេញដោយបង្គោលអ៊ីមផ្លេនមានតម្លៃថ្លៃ ត្រូវធ្វើការវះកាត់ ហើយត្រូវធ្វើដោយទន្តបណ្ឌិតមានជំ-នាញដោយសារធ្មេញខាងមុខស្ថិតនៅតំបន់សោភ័ណភាព។ តើការយល់ដឹងអំពីងាំធ្មេញមុខមានសារៈសំខាន់អ្វីខ្លះចំពោះទន្តបណ្ឌិត និងអ្នកជំងឺ? វាពិតជាមានសារៈសំខាន់ណាស់ចំពោះទន្តបណ្ឌិតគ្រប់រូប ព្រោះប្រសិនបើងាំធ្មេញខាងមុខរបស់អ្នកជំងឺមិនល្អ ដូចជាកល់ នោះនៅពេលដែលគាត់ប្រើប្រាស់វានឹងងាយបែកបាក់ និងពិបាកប្រើ។ រីឯចំពោះអ្នកជំងឺវិញ មិនមានអ្វីពិបាកនោះទេដោយសារបញ្ហារបស់គាត់នឹងត្រូវបានពិនិត្យនិងកែតម្រូវឡើងវិញដោយទន្តបណ្ឌិត។

Share

ការយកចិត្តទុកដាក់អំឡុងពេលហាត់ប្រាណ ដូចជាការជ្រើសរើសប្រភេទកីឡា ឬកំណត់រយៈពេលនៃការហាត់ប្រាណ ពិតជាសំខាន់⁣⁣⁣តែដើម្បីសម្រេចបំណងក្នុងការសម្រកទម្ងន់⁣ មានរឿងដែលអ្នកត្រូវធ្វើមុន⁣ និងក្រោយពេលហាត់ប្រាណកាន់តែសំខាន់ និងមិនគួរមើលរំលងឡើយ⁣ ដើម្បីឲ្យប្រសិទ្ធភាពនៃការហាត់ប្រាណ⁣⁣ និងលទ្ធផលដែលទទួលបានកាន់តែប្រសើរ។ មុនពេលហាត់ប្រាណ ១.អាហារសម្រន់ បើអ្នកហាត់ប្រាណទាំងពោះទទេរ នោះកោសិកានឹងទាញយកប្រូតេអ៊ីនពីសាច់ដុំមកប្រើប្រាស់    ដែលបង្កឲ្យការធ្វើមេតាបូលីសរបស់អ្នកធ្លាក់ចុះ   និងធ្វើឲ្យអ្នកពិបាកក្នុងការសម្រកទម្ងន់។   អ្នកគួរញ៉ាំអាហារដែលមានកាបូអ៊ីដ្រាត និងប្រូតេអ៊ីនយ៉ាងហោចណាស់ឲ្យបាន១៥០កាឡូរីដែរមុនពេលហាត់ប្រាណ ហើយអាហារទាំងនោះអាចមានដូចជា៖  បាយលាយគ្រាប់សណ្តែក ផ្លែឈើ (ផ្លែចេក ផ្លែប៉ោម ឬឪឡឹក) ដំឡូងបារាំង ប្រូកូលីនិង គ្រាប់ធញ្ញជាតិជាដើម។ ២.ការគេង អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ និងយ៉ាងហោចណាស់បាន៨ម៉ោង ទើបការហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាព។   ការគេងលក់ស្រួល និងស្ងប់មិនត្រឹមតែជួយបង្កើនថាមពលទេ  ថែមទាំងអាចជួយឲ្យសាច់ដុំបានសម្រាក និងអ័រម៉ូនដំណើរការល្អទៀតផង។ •ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ អ្នកគួរញ៉ាំទឹកពី២០០ ទៅ៣០០មីលីលីត្រ ២០នាទីមុនពេលហាត់ប្រាណ ព្រោះពេលហាត់ប្រាណ  អ្នកនឹងត្រូវប្រើប្រាស់ជាតិទឹកជាច្រើន។  ខ្លួនរបស់អ្នកប្រៀបដូចជាឡានដែរ បើមិនមានសាំង ឡានក៏មិនអាចរត់បាន ចំណែកខ្លួនអ្នកបើមិនមានទឹកគ្រប់គ្រាន់ ក៏មិនអាចដំណើរការដុតកាឡូរីបានដែរ។ •ការកម្តៅសាច់ដុំ អត្ថប្រយោជន៍នោះគឺ ជួយឲ្យខ្លួនរបស់អ្នក បង្កើនកម្តៅរបស់សាច់ដុំ ពង្រីកសរសៃឈាម និងរៀបចំទាំងអារម្មណ៍⁣ និងស្មារតីឲ្យបានល្អសម្រាប់ការហាត់ប្រាណ។  លើសពីនេះ  អ្នកគួរកម្តៅសាច់ដុំដោយគ្រាន់តែពត់ដៃជើងយ៉ាងហោចណាស់ ៥ នាទីមុនពេលហាត់ប្រាណ   ដើម្បីកាត់បន្ថយឱកាសនៃការឈឺចាប់អំឡុងពេលហាត់ប្រាណផងដែរ។ ក្រោយការហាត់ប្រាណ ១.ការបន្ថយកម្តៅសាច់ដុំ បន្ទាប់ពីហាត់ប្រាណ អ្នកមិនគួរបញ្ចប់វាភ្លាមៗទេ។ ព្យាយាមបន្ថយកម្លាំងរបស់អ្នកបន្តិចម្តងៗ ដោយធ្វើចលនាយោគៈ ឬហែលទឹកក៏បាន។ អ្នកគួរធ្វើឲ្យសាច់ដុំអ្នកសម្រាកបន្តិចម្តងៗ យ៉ាងហោចណាស់ ១០ ទៅ១៥នាទីក្រោយពីការហាត់ប្រាណ។ ២. អាហារសម្រន់ ក្រោយពីបានហាត់ប្រាណហើយ ខ្លួនរបស់អ្នកត្រូវការ កាបូអីុដ្រាត និងប្រូតេអីុនកាន់តែខ្លាំងដើម្បីផ្តល់ថាមពលឲ្យសាច់ដុំឡើងវិញ ក៏ដូចជាស្តុកទុកក្រោមទម្រង់ជាគ្លីកូសែន   សម្រាប់ប្រើប្រាស់នៅពេលក្រោយ។ ការសិក្សាបង្ហាញឲ្យឃើញថា សមត្ថភាពសាច់ដុំរបស់អ្នកនឹងថយចុះអស់ ៥០ភាគរយ   ប្រសិនបើអ្នកញ៉ាំអាហារនៅរយៈពេល ២ម៉ោងក្រោយហាត់ប្រាណ ដូចនេះអ្នកគួរញ៉ាំអាហារឲ្យបានពី៣០ ទៅ៤០នាទីក្រោយពីហាត់ប្រាណហើយ។ អាហារដែលអ្នកគួរញ៉ាំអំឡុងពេលនេះមានដូចជា៖បន្លែស្រស់ (អាចចម្អិនក៏បាននិងសាច់ដែលមិនសូវមានជាតិខ្លាញ់។ •ការញ៉ាំទឹក ដោយឡែក បន្ទាប់ពីហាត់ប្រាណអ្នកនឹងឃ្លាន   និងស្រេកទឹកខ្លាំង   ដែលជាកត្តាអាចឲ្យអ្នកញ៉ាំអាហារក្នុងចំនួនច្រើន។   ដូចនេះអ្នកគួរព្យាយាមញ៉ាំទឹកឲ្យបាន២០០មីលីលីត្រ និងមិនឲ្យលើសពី៣០នាទី បន្ទាប់ពីហាត់ប្រាណរួច ដើម្បីកាត់បន្ថយចំណង់អាហារបានមួយចំណែក។ ៣.ការងូតទឹកត្រជាក់ បន្ទាប់ពីហាត់ប្រាណ  អ្នកប្រាកដជាត្រូវងូតទឹកសម្អាតខ្លួន។   វាជាការប្រសើរបើអ្នកងូតទឹកដែលមានសីតុណ្ហភាពត្រជាក់ជាងធម្មតាបន្តិច ដើម្បីសម្រួលការរលាក  ឬឈឺសាច់ដុំក្រោយពីការហាត់ប្រាណ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ៖ ខ្ញុំអាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល។ គេថា ពពែឆ្កែ កើតឡើងដោយសារយើងលួចមើលឆ្កែរួមសង្វាស។ តើនេះជាការពិតទេ? ហើយតើជំងឺនេះឆ្លងដែរឬទេ? និងត្រូវព្យាបាលដូចម្តេច? ចម្លើយ៖ ពពែឆ្កែ កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ជំងឺនេះ អាចហៅថាអាប់សែនៅលើត្របកភ្នែក។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក។ ករណីទើបនឹងឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាងគឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ។ បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ ខ្ញុំធ្លាប់លឺគេនិយាយពីជំងឺមហារីកសុដន់លើមនុស្សស្រី។ តើជំងឺនេះអាចមានលើបុរសទេ បើមនុស្សប្រុសក៏មានសរីរាង្គនេះដែរ? ចម្លើយ៖ បុរសក៏អាចមានជំងឺមហារីកសុដន់ដែរ តែមហារីកសុដន់លើមនុស្សប្រុសមានត្រឹមតែ ១%ប៉ុណ្ណោះក្នុងចំនួនអ្នកជំងឺទាំងអស់។ ជាទូទៅសុដន់របស់ស្រ្តីផ្សំឡើងដោយជាលិកាខ្លាញ់ និងប្រព័ន្ធបញ្ចេញទឹកដោះដែលមានភាពស្មុគស្មាញ ឯសុដន់បុរសវិញ មានត្រឹមតែជាលិកាខ្លាញ់និងសាច់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះហើយ បានជាសុដន់របស់ស្រ្តីប្រឈមមុខនឹងការបម្រែបម្រួលកោសិកាទៅរកភាពមិនប្រក្រតី ឬក៏មានការរលាករ៉ាំរៃ ដែលងាយនឹងវិវឌ្ឍទៅជាកោសិកាមិនល្អ ឬដុំដែលអាចក្លាយជាមហារីកបាន។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ អាយុ១៩ឆ្នាំ រស់នៅភ្នំពេញ។ ខ្ញុំចូលចិត្តលេងបាល់ទាត់ ហើយខ្ញុំដួលជាញឹកញាប់ តែមិនធ្ងន់ធ្ងរទេ។ ពេលនេះខ្ញុំមានអារម្មណ៍ថារត់មិនបានយូរ និងឆាប់ឈឺជើងពិសេសត្រង់ជង្គង់។ តើនេះបណ្តាលមកពីអ្វីខ្លះដែរ? ចម្លើយ៖ នេះជាបញ្ហាធំដែលតែងជួបប្រទះនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ។ ជាទូទៅ មុនពេលលេងកីឡាគេតែងជួបប្រឹក្សាជាមួយគ្រូពេទ្យ ពីប្រភេទកីឡាដែលត្រូវលេង និងពេលមានបញ្ហាតែងតែទៅប្រឹក្សាជាមួយគ្រូពេទ្យវិញ។ បញ្ហារបស់ប្អូនមិនធំដុំទេ គ្រាន់តែគ្រេចនៅត្រង់ជង្គង់ញឹកញាប់ និងមិនបានធ្វើការព្យាបាល។ ជាធម្មតា មានវិធីងាយៗដែលប្អូនធ្វើបាន គឺគ្រាន់តែសម្រាកជង្គង់ពី១សប្តាហ៍បើក្នុងករណីស្រាល និង៣សប្តាហ៍ប្រសិនបើករណីធ្ងន់ធ្ងរ ដោយធ្វើការពាក់ទ្រនាប់ជង្គង់ជាការស្រេច។ យ៉ាងណាមិញ បើមិនធ្វើការព្យាបាលវាទេ វាអាចបណ្តាលឲ្យឈឺជង្គង់ និងប្រើការមិនបានដូចប្រក្រតី។ ជង្គង់របស់យើងមានលំនឹងដោយសារខ្សែពីរខាងក្រៅ ពីរខាងក្នុង និងខ្សែមួយខាងមុខ។ ហេតុដូចនេះហើយ ប្រសិនបើខ្សែណាមួយដាច់ ឬធូរនោះ នឹងធ្វើឲ្យជង្គង់បាត់លំនឹង ឬយោល ហើយការយោល ឬបាត់លំនឹងបណ្តាលឲ្យកកិតឆ្អឹងខ្ចី។ យូរៗទៅវានឹងក្លាយជាសឹក កាលណាឆ្អឹងខ្ចីសឹក វានឹងធ្វើឲ្យចលនាឆ្អឹងនិងឆ្អឹងប៉ះគ្នា (គ្មានឆ្អឹងខ្ចី) ជាហេតុបណ្តាលឲ្យឈឺ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត លឹម តាំង សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឯកទេសវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក  

Share

ដឹងទេថានិន្នាការនៃការធ្វើដំណើរកម្សាន្តបានដើរដល់ណាហើយ?   ជាទូទៅគេចូលចិត្តទៅណា? ដើរលេងលក្ខណៈបែបណា? យករបស់បែបណាខ្លះជាប់ខ្លួន? ជាពិសេស ផ្នត់គំនិតទៅលើការធ្វើដំណើរកម្សាន្តមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ? ពោរពេញដោយបទពិសោធន៍ និងចំណាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្ត កញ្ញា ស្រុង ចាន់រតនា (ណាណា) នាយកផ្នែកទីផ្សារនៃហាងCentral Mall ដែលជាហាងលក់ផលិតផលសុទ្ធ និងនាំចូលផ្តាច់មុខលើផលិតផលម៉ាកយីហោល្បីៗជាច្រើន និងផ្តោតលើការធ្វើដំណើរផ្ទាល់តែម្តងនោះ នឹងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអំពីនិន្នាការ ឬក៏ទំនោរនៃការធ្វើដំណើរដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ សឹងតែគ្រប់គ្នាចូលចិត្តដើរលេងជាងមុន… និយាយដល់ការដើរលេង អ្នកណាមិនញញឹម?ដូចគ្នានឹងកញ្ញា ណាណា ដែលញញឹមបណ្តើរ និយាយបណ្តើរថា «និន្នាការនៃការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ហាក់បង្វែរមករកការធ្វើដំណើរកម្សាន្តយ៉ាងគួរឲ្យកត់សម្គាល់ នេះអាចមកពីការចេះបារម្ភអំពីសុខភាពផ្លូវកាយ  និងផ្លូវចិត្តរបស់ខ្លួន វឌ្ឍនភាពនៃតំបន់ទេសចរណ៍ ក៏ដូចជាការជម្រុញផ្លូវចិត្តតាមរយៈរូបភាពផ្សេងៗ មិនថាពីបុគ្គលជោគជ័យ ឬសង្គមជុំវិញខ្លួន និងប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយជាដើម»។ ភាគច្រើនចូលចិត្តដើរលេងលក្ខណៈ… «ដំណើរកំសាន្តមានច្រើនប្រភេទដូចជាការដើរលេងស្ពាយសាកាដូ បែបលំហែកាយ បែបផ្សងព្រេង   និងការដើរលេងលក្ខណៈការងារជាដើម។ ដោយឡែក     ប្រជាជននៅកម្ពុជាយើងភាគច្រើន និយមចូលចិត្តដំណើរកម្សាន្តបែបកូនកាត់ គឺបែបលំហែ និងការផ្សងព្រេង ដោយយើងឃើញមានជាការបោះតង់ត្រឹម២ ទៅ៣យប់ នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា។ ចំណែកដំណើរកម្សាន្តរបស់នារីៗវិញ   ច្រើនតែជាការទិញទំនិញ  (shopping)ជាពិសេស គឺនៅក្រៅប្រទេស»។ និយាយដល់សកម្មភាពពេញនិយមវិញគឺ… «ភាគច្រើនឃើញថា មិនថាគេ មិនថាខ្ញុំគឺចូលចិត្តសាកអ្វីដែលថ្មីៗ ជាពិសេសគឺទៅភ្លក្សម្ហូបដែលល្បីតាមតំបន់ ហើយដែលខានមិនបាននោះ គឺការផ្តិតយករូបភាពស្អាតៗ ឬការថតជាវីដេអូបន្តផ្ទាល់ ឬមិនផ្ទាល់ចែកចាយទៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជាសកម្មភាពទៅតាមតំបន់តែម្តងដូចជាតំបន់ដងព្រែកត្រូវជិះទូកKayakជាដើម» ។ កន្លែងទេសចរណ៍ដែលពេញនិយម… «៣តំបន់រួមមាន តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់ធម្មជាតិគឺជាគោលដៅទេសចរណ៍ដែលកំពុងមានសក្តានុភាព ដោយតំបន់អភិវឌ្ឍជាកន្លែងដែលគ្រប់គ្នាចង់ទៅដល់មុនគេ និងចង់ដឹងអំពីការផ្លាស់ប្តូររបស់វា ហើយតំបន់អភិរក្ស គឺជាកន្លែងដែលបង្កប់ដោយប្រវត្តិសាស្រ្ត អាថ៌កំបាំង និងភាពអស្ចារ្យដ៏គួរឲ្យចង់ស្វែងយល់ និង ចុងក្រោយគឺតំបន់ធម្មជាតិដែលមានភាពទាក់ទាញដោយអ្វីៗដែលកើតឡើងដោយខ្លួនឯង»។ ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏ពេញនិយម… «ទីកន្លែងដែលចង់ទៅ ពេលវេលាដែលត្រូវទៅ រយៈពេលចំណាយនៅទីនោះ កញ្ចប់ថវិកាគួរមាន និងជាពិសេស គឺការរៀបចំសម្ភារៈដោយឆ្លាតវៃសម្រាប់ការធ្វើដំណើរតែម្តង សុទ្ធតែជាអ្វីដែលយើងត្រូវគិតដល់នៅពេលរៀបចំដំណើរកម្សាន្តណាមួយ»។ ជាក់ស្តែង ចំពោះការត្រៀមសម្ភារៈចម្បងៗត្រូវគិតលើគន្លឹះមួយចំនួនដែលអ្នកមិនសូវចាប់អារម្មណ៍ដូចជា៖ វ៉ាលិស វ៉ាលិសមានសារសំខាន់ខ្លាំងណាស់ចំពោះដំណើរកម្សាន្ត ដោយវាជាអ្នកផ្ទុកនូវសម្ភារៈតូចធំដែលអ្នកត្រូវការជាចាំបាច់ ដោយធានាថាសម្ភារៈទាំងនោះមានសុវត្ថិភាព និងរក្សាបាននូវគុណភាព។ ដូចនេះ គុណភាពវ៉ាលិសផ្ទាល់ គឺជាអ្វីដែលត្រូវគិតដល់មុនគេ ដោយសារពេលធ្វើដំណើរ វ៉ាលិសរបស់អ្នកចៀសមិនផុតពីការប៉ះទង្គិចដោយការបោះបោកបន្តិចបន្តួច ជាពិសេសប្រសិនអ្នកធ្វើដំណើរឆ្ងាយៗ ដែលអាចនាំផលប៉ះពាល់ដល់សម្ភារៈនៅខាងក្នុង។ ក្រៅពីនោះ វ៉ាលិសដែលល្អនឹងធ្វើឲ្យអ្នកមានទំនុកចិត្ត មិនថាធ្វើដំណើរទៅទីណា និងផ្តល់ឲ្យអ្នកនូវរូបភាពជាអ្នកអាជីព មិនផ្តល់ការរំខានពេលធ្វើដំណើរដូចជាបែកបាក់ លឺសម្លេងខូចរូត ឬដៃអូសជាដើម ជាពិសេស គឺវាផ្តល់នូវការសន្សំសំចៃទៅវិញ ពីព្រោះវាធន់ និងអាចប្រើប្រាស់បានយូរជាវ៉ាលិសធម្មតាបានដល់៣ ទៅ៥ដង   និងមានការធានារយៈពេលច្រើនឆ្នាំទៀតផង។ ស្បែកជើង ការធ្វើដំណើរកម្សាន្តនីមួយៗ  គឺត្រូវការដើរ ហើយដើរច្រើនទៀតផង ឬក៏អ្នកអាចចំណាយពេលមួយថ្ងៃពេញពាក់វា  ដូចនេះស្បែកជើងរបស់អ្នកត្រូវតែប្រាកដថាអាចផ្តល់ផាសុកភាពដល់ជើងរបស់អ្នក មិនឲ្យក្លិនរំខាន មិនឲ្យឈឺ ឬពិបាកដើរ និងផ្តល់ភាពរហ័សរហួន ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល   និងមិនសូវនឿយហត់។ សម្លៀកបំពាក់ សម្លៀកបំពាក់មិនសូវចោទជាបញ្ហានោះទេ ចំពោះការដើរលេងធម្មតា។   ផ្ទុយទៅវិញ ដំណើរកម្សាន្តបែបផ្សងព្រេង ទាមទារនូវសម្លៀកបំពាក់ដែលមានលក្ខណៈពិសេសជាមួយនឹងគុណភាពល្អ  ដើម្បីធានាថាការពាក់រយៈពេលយូរ   នឹងមិនផ្តល់ភាពស្អុះស្អាប់ ឬស្កៀបរមាស់ ហើយជាទូទៅគួរប្រើជាសាច់ក្រណាត់ដែលអាចធន់នឹងទឹក ឬការប្រឡាក់ផ្សេងៗ។ សម្ភារៈបន្ទាប់បន្សំ វាអាចខុសគ្នាទៅតាមប្រភេទដំណើរកម្សាន្តសកម្មភាព និងតំបន់ដែលគ្រោងនឹងទៅ។ ឧទាហរណ៍ ក្នុងករណីប្រភេទដំណើរកម្សាន្តបោះតង់ អ្នកគួរមានតង់ ពិល កូនភួយ  និងខ្នើយជាដើម។ «និយាយរួមទៅ អ្នកធ្វើដំណើរសម័យថ្មីគួរតែដឹងពីការនិយមថ្មីៗ ហើយបើធ្វើដំណើរកម្សាន្ត គឺត្រូវធ្វើដំណើរជាមួយនឹងគុណភាព ទើបគេហៅថាជាអ្នកដើរលេងអាជីព!» បញ្ចប់ដោយខ្លី តែមានន័យពីកញ្ញា ណាណា...

Share

កន្លងមកដោយសារតែជំងឺរលាកសន្លាក់ឆ្អឹង (ជំងឺសឹកសន្លាក់ឆ្អឹង)គឺជាកង្វល់របស់អ្នកជំងឺជាច្រើនក៏ប៉ុន្តែជឿជាក់ថាមិនមានប៉ុន្មានអ្នកទេដែលបានយល់ច្បាស់និងយកចិត្តទុកដាក់លើជំងឺនេះដោយយល់ច្រឡំថាវាជាជំងឺធម្មតារបស់មនុស្សចាស់ប៉ុណ្ណោះដែលតាមពិតមានរឿងជាច្រើនដែលអ្នកអាចនឹងមិនទាន់បានដឹងនៅឡើយ។ ហេតុនេះលោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសសន្លាក់ឆ្អឹង សាច់ដុំ និងជានាយផ្នែកខាងជំងឺសន្លាក់ឆ្អឹង សាច់ដុំ ទឹកនោមផ្អែម តម្រងនោម និងជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏ជាសាស្ត្រាចារ្យផ្នែកសន្លាក់ឆ្អឹងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឆ្លៀតឱកាសចូលរួមចែករំលែកក៏ដូចជាលាតត្រដាងការពិតទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះតែម្តង។ និយមន័យ ទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះលោកសាស្ត្រាចារ្យបានរៀបរាប់ថាវាជាជំងឺដែលកើតមានជាញឹកញាប់ពិសេសចំពោះមនុស្សចាប់ពីវ័យកណ្តាលទៅដោយវាទាក់ទង នឹងការសឹករេចរឹលនៃសន្លាក់ ដោយសារការប្រើប្រាស់នាពេលកន្លងមក។ យ៉ាងណាមិញចំពោះបុគ្គលដែលមានវ័យក្មេងក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរប៉ុន្តែជាទូទៅច្រើនទាក់ទងតំណពូជ ឬភាពមិនធម្មតានៃសន្លាក់ឆ្អឹង ឧទាហរណ៍ដូចជា ភាពស្តើងពេកនៃទ្រនាប់សន្លាក់ភាពកោង ឬវៀចនៃឆ្អឹងក្បាលឆ្អឹងនិងប្រហោងសន្លាក់មានទម្រង់មិនស៊ីគ្នាជាមួយនឹងសន្លាក់ដែលជាទូទៅកើតឡើងត្រង់តំបន់អាងត្រគាក។ មូលហេតុបង្កជំងឺ ជំងឺរលាកសន្លាក់ឆ្អឹងកកើតឡើងទាក់ទងនឹងវ័យរបស់អ្នកជំងឺ។ ជាទូទៅសន្លាក់ឆ្អឹងរបស់មនុស្សមានការលូតលាស់ល្អពីក្មេងមកដល់ពេលពេញវ័យ តែហួសពីនោះទៅសន្លាក់នឹងចាប់ផ្តើមទ្រុឌទ្រោម និងសឹករេចរឹលបន្តិចម្តងៗរហូតដល់វ័យប្រហែល៤០ទៅ៥០ឆ្នាំអ្នកជំងឺនឹងអាចចាប់ផ្តើមមានជំងឺនេះតែម្តង។ ដោយឡែកកតា្តជម្រុញផ្សេងៗទៀតដូចជាការលើសទម្ងន់ ការធ្វើការងារធ្ងន់ ឬធ្វើការច្រើន ប្រវត្តិធ្លាប់រងគ្រោះថ្នាក់ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ ការមានជំងឺសន្លាក់រ៉ាំរ៉ៃ ឬរលាកសន្លាក់ដោយមេរោគផ្សេងៗទៀតកាន់តែធ្វើឲ្យអ្នកជំងឺងាយប្រឈមមុខនឹងជំងឺនេះផងដែរ។ រោគសញ្ញានៃជំងឺ បើតាមលោកវេជ្ជបណ្ឌិតបានឲ្យដឹងថាជាទូទៅជំងឺនេះបង្ហាញនូវអាការៈដូចជាការឈឺចាប់នៅពេលដើរនិងពេលឈរ ការហើមសន្លាក់ មានអារម្មណ៍តឹងត្រង់សន្លាក់ ពិបាកបត់ ពិបាកលា និងអាចឈានដល់មានសម្លេងពេលធ្វើចលនាត្រង់សន្លាក់ទៀតផង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើការសន្និដ្ឋានថាជាជំងឺរលាកសន្លាក់ឆ្អឹង សំខាន់គឺត្រូវសួរនាំលម្អិតពីរោគសញ្ញារបស់អ្នកជំងឺដែលអាចឲ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងរហ័ស។ ម្យ៉ាងទៀត គេអាចធ្វើការថតវិទ្យុសាស្ត្រ និងពិនិត្យឈាមបន្ថែមផងដែរតែជាទូទៅការប្រមូលព័ត៌មានពីរោគសញ្ញារួមជាមួយការថតវិទ្យុសាស្ត្រ គឺគ្រប់គ្រាន់ក្នុងការសន្និដ្ឋានបានហើយ។ ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង លោកវេជ្ជបណ្ឌិត លី ជាតិតា បានបញ្ជាក់ថាចំពោះការព្យាបាលគឺអាស្រ័យនឹងមូលហេតុដែលបង្កជំងឺផ្ទាល់។ ជាក់ស្តែង ករណីដែលអ្នកជំងឺកំពុងមានអាការៈឈឺចាប់ខ្លាំងត្រូវឲ្យគាត់សម្រាកមួយរយៈពីការងារ ឬគួរផ្លាស់ប្តូរការងារតែម្តង ប្រសិនបើនោះជាការងារប្រភេទប្រើកម្លាំងធ្ងន់ធ្ងរ។ ដោយឡែក ករណីអ្នកជំងឺលើសទម្ងន់ទាមទារឲ្យគាត់ធ្វើការបន្ថយទម្ងន់ជាចាំបាច់។ ម្យ៉ាងទៀត ត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស និងត្រឹមត្រូវករណីដែលមានជំងឺសន្លាក់ឆ្អឹងផ្សេងៗក៏ដូចជាមានគ្រោះថ្នាក់ ឬប៉ះទង្គិចនានាត្រង់សន្លាក់ឆ្អឹងដើម្បីចៀសវាងការវិវឌ្ឍឈានទៅរកការរលាកសន្លាក់ឆ្អឹង និងកាត់បន្ថយផលវិបាកនៃជំងឺ។ ផ្ទុយទៅវិញ បើមិនទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវនោះទេអ្នកជំងឺអាចនឹងចៀសមិនផុតពីការកកើតនៃជំងឺរលាកសន្លាក់ឆ្អឹងទេដោយហេតុថាជាធម្មជាតិមនុស្សគ្រប់រូបគឺមានឱកាសប្រឈម នឹងជំងឺនេះស្រាប់ទៅហើយបូកផ្សំជាមួយកត្តាជម្រុញខាងលើ នឹងរិតតែងាយឲ្យកកើតជាជំងឺរលាកសន្លាក់ឆ្អឹងនេះឡើង។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាសម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាក់ឆ្អឹងពីកំណើតត្រូវឆាប់ទៅពិនិត្យក៏ដូចជាព្យាបាលជាមួយអ្នកជំនាញពីវ័យក្មេងតែម្តងដោយមិនត្រូវរងចាំដល់ពេលពេញវ័យ ឬដល់ពេលលេចចេញជារោគសញ្ញាច្បាស់ ហើយទើបស្វែងរកការព្យាបាលនោះទេព្រោះដំណាក់នេះគឺការព្យាបាលមិនសូវទទួលបានលទ្ធផល និងអាចបណ្តាលឲ្យមានផលអវិជ្ជមានដល់ការរស់នៅរបស់អ្នកជំងឺទៅថ្ងៃក្រោយ។ ទន្ទឹមនឹងនេះក៏មានការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដូចជាថ្នាំបំបាត់ការឈឺចាប់បំបាត់ការរលាក និងថ្នាំជំនួយដល់ការលូតលាស់កោសិកាសន្លាក់ឆ្អឹង និងឆ្អឹងខ្ចីដើម្បីឲ្យវាបំពេញតួនាទីបានល្អឡើងវិញ។ លើសពីនេះទៀត ករណីដែលអ្នកជំងឺមានឆ្អឹងស្ពោត ឬពុកតម្រូវឲ្យមានការព្យាបាលឆ្អឹងបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធភាពនៃការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនេះ។ ជម្រើសចុងក្រោយ គឺធ្វើការវះកាត់ប្តូរសន្លាក់ឆ្អឹងក្នុងករណីដែលការព្យាបាលដោយប្រើប្រាស់ថ្នាំមិនទទួលបានជោគជ័យ។ ការការពារ ឬកាត់បន្ថយការប្រឈមមុខនឹងជំងឺ ដូចដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ពីខាងលើរួចមកហើយថា ប្រសិនបើអ្នកជំងឺធាត់ពេក ត្រូវតែបន្ថយទម្ងន់មកវិញព្រោះវាមិនត្រឹមតែកាត់បន្ថយអត្រាប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹងទេ ថែមទាំងជួយបន្ថយឱកាសប្រឈមនឹងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាដើម។ រួមជាមួយគ្នានេះដែរ អ្នកដែលមានជំងឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬមិនរ៉ាំរ៉ៃក្តី ដោយគ្រោះថ្នាក់ ឬមូលហេតុផ្សេងៗទៀត គប្បីរកការព្យាបាលឲ្យបានត្រឹមត្រូវចៀសវាងបណ្តោយឲ្យមានការខូចខាតនៃសន្លាក់ឆ្អឹងដែលពិបាកក្នុងការកែកុន រីឯការព្យាបាលទៀតសោត ក៏មិនសូវបានលទ្ធផលដែរ។ ផលវិបាកនៃជំងឺ ត្រឹមចំណុចនេះលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីមិនមានការព្យាបាលត្រឹមត្រូវនោះជំងឺនឹងវិវឌ្ឍកាន់តែធ្ងន់ធ្ងរបើទោះបីជាវាមិនប៉ះពាល់ផ្ទាល់ដល់ជីវិតក៏ដោយតែវារំខានដល់ការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកជំងឺយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះ ក៏ប៉ះពាល់ផងដែរដល់ក្រុមគ្រួសារ និងជីវភាពរស់នៅក្នុងសង្គមទៀតផង។ មុននឹងបញ្ចប់លោកវេជ្ជបណ្ឌិត លី ជាតិតា បានផ្ញើជាសារខ្លះៗក្នុងអត្តន័យសំណូមពរដល់សាធារណជន និងអ្នកជំងឺទាំងអស់សូមទទួលការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមិនថាករណីមានជំងឺសន្លាក់ប្រភេទណាមួយទេដើម្បីចៀសផុតពីផលវិបាកទៅថ្ងៃក្រោយពិសេសគឺឱកាសបង្កទៅជាជំងឺមួយផ្សេងទៀត។ លើសពីនេះ សូមកុំព្រងើយកន្តើយនឹងជំងឺប្រភេទនេះទោះវាមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយតែពិតណាស់វានឹងបង្កផលលំបាកជាច្រើនដោយប្រយោលដល់ការរស់នៅ។ ដូចគ្នាផងដែរ សូមថែរក្សាសុខភាពទូទៅរបស់អ្នកដោយផ្លាស់ប្តូរការហូបចុកក៏ដូចជាការរស់នៅឲ្យបានសមរម្យពោលគឺចៀសវាងអាហារមិនត្រឹមត្រូវ បញ្ឈប់ការជក់បារី ផឹកស្រា និងចាប់ផ្តើមរបបអាហារដែលមានអត្ថប្រយោជន៍ដូចជាបន្លែ ផ្លែឈើត្រី គ្រាប់ធញ្ញជាតិដែលមិនត្រឹមតែជួយដល់សុខភាពសន្លាក់ឆ្អឹងទេថែមទាំងសុខភាពទូទៅផងដែរ។ «ការមានសុខភាពល្អគឺហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង» នេះជាអនុសាសន៍ដ៏មានតម្លៃរបស់លោកវេជ្ជបណ្ឌិត លី ជាតិតា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការមិនរីកធំធាត់ គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ចំពោះកុមារ ហើយជាទូទៅមិនសូវមានការចាប់អារម្មណ៍ពីឪពុកម្ដាយទេ។ និយមន័យ កុមារដែលមិនមានការរីកធំធាត់ មានន័យថាកុមារនោះមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់។ មូលហេតុ មូលហេតុដែលបណ្ដាលឲ្យកុមារមិនឡើងទម្ងន់និងមិនរីកលូតលាស់មាន ដូចជា៖ -កុមាររើសចំណី -កុមារមានជំងឺពីកំណើត ជំងឺរ៉ាំរ៉ៃ ឬជំងឺសត្វល្អិតក្នុងពោះវៀន -កុមាររស់ក្នុងគ្រួសារមានជីវភាពក្រីក្រ ឬក៏រស់នៅក្នុងប្រទេសមានសង្គ្រាម។ កត្តាដែលបង្ក និងកុមារដែលប្រឈម មានកត្តាមួយចំនួនដែលធ្វើឲ្យកុមារប្រឈមទៅនឹងការមិនរីកលូតលាស់នេះគឺ -គ្រួសារដែលមានជីវភាពក្រីក្រ -កុមារដែលរស់នៅខ្វះអនាម័យ -កុមារមានជំងឺរ៉ាំរ៉ៃ (ជំងឺរបេង ជំងឺតម្រងនោម ជំងឺអេដស៍) -កុមារដែលរស់នៅក្នុងប្រទេសមានសង្គ្រាម -កុមារដែលមានជំងឺពីកំណើត -កុមារដែលមានសុខភាពមិនល្អ ឈឺញឹកញាប់មានប្រព័ន្ធការពារខ្សោយ។ រោគសញ្ញា នៅពេលកុមារមិនមានការរីកលូតលាស់មានស្តែងចេញជារោគសញ្ញាដូចជា កុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី   កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យកុមារអាចជាជំងឺកង្វះអាហារូបត្ថម្ភ ជំងឺបេះដូងពីកំណើត ជំងឺរ៉ាំរ៉ៃ (របេង អេដស៍)។ ការព្យាបាល ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ ឪពុកម្តាយគ្រប់រូបត្រូវព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ ហើយត្រូវព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត ឬព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលជំងឺនេះផងដែរ។ លើសពីនេះទៅទៀត មាតាបិតាត្រូវចេះពីវិធីសាស្រ្តថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ ហើយត្រូវជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនកុមារ។ ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើនិងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ (សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ) ផលវិបាក កុមារនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងមានជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងអាចរហូតដល់បាត់បង់ជីវិត។ ការបង្ការ ដើម្បីចៀសវាងកុំឲ្យកុមារមានជំងឺនេះ ឬកុំឲ្យវាវិវឌ្ឍកាន់តែធ្ងន់ធ្ងរ គឺត្រូវនាំកុមារទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញខាងកុមារ ឬខាងកង្វះអាហារូបត្ថម្ភ ម៉្យាងទៀត ឪពុកម្តាយគ្រប់រូបគួរតាមដានសុខភាពរបស់កូនឲ្យបានដិតដល់ និងទទួលការរៀនសូត្រអប់រំអំពីការថែទាំសុខភាពកុមារឲ្យបានល្អ។ លើសពីនេះទៅទៀត ប្រសិនបើកុមារមានជំងឺពីកំណើត គួរតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ការចិញ្ចឹមបុត្រធីតាមិនមែនជាការងាយស្រួលនោះឡើយ ជាពិសេសចំពោះឪពុកម្ដាយដែលមានវ័យក្មេងខ្ចី ដែលពុំទាន់មានបទពិសោធន៍ក្នុងជីវិត។ ដូច្នេះ សូមយកចិត្តទុកដាក់ថែទាំបុត្រធីតារបស់លោកអ្នក ទាំងសុខភាព និងការរៀនសូត្រឲ្យបានល្អនោះ ទើបអនាគតរបស់ពួកគាត់បានរុងរឿង។ បកស្រាយជូនដោយ ៖ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិ និងជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព​ ឈួ អ៊ីសេង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top